images/articles/1507/2026-07-27_15_36_33-_New_Text_Document____txt_-_Notepad.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ២៨,៤៩៩ ដង)
ការសម្រេចនូវការត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់បានត្រាស់ដឹងជាក់ច្បាស់នូវអរិយសច្ចៈទាំង ៤ ប្រការ គឺៈ
១- សព្វសត្វទាំងអស់ជាប្រធាននៃសេចក្ដីទុក្ខ
ទុក្ខ ជាធម្មតាប្រែថា សេចក្ដីលំបាក ប៉ុន្តែតាមពិតទៅវាស្ថិតនៅព័ទ្ធជុំវិញនៃអារម្មណ៍អវិជ្ជមាន ភាពតប់ប្រមល់ ការចង្អៀតចង្អល់ និងទុក្ខលំបាកផ្នែកខាងរាងកាយ។ សេចក្ដីទុក្ខមានពិតប្រាកដព្រោះមនុស្សសត្វគ្រប់រូបក្នុងសាកលលោកនេះ គឺជាប្រធាននៃការចាស់ឈឺ ការប្រាសព្រាត់ពីបុគ្គលជាទីស្រលាញ់ ការមិនបាននូវអ្វីដែលជាទីប្រាថ្នា ចាស់ជរា និងមរណៈ។
២- សេចក្ដីទុក្ខកើតឡើងពីលោភៈ និងតណ្ហា
មនុស្សសត្វទាំងអស់ ប្រាថ្នាចង់បាននូវសេចក្ដីលំបាករីករាយ ហើយចង់គេចឲ្យផុតពីអារម្មណ៍មិនជាទីសប្បាយ។ វេទនាទាំងនេះអាចកើតតាមផ្លូវកាយនិងផ្លូវចិត្ត ហើយសេចក្ដីទុក្ខកើតឡើងនៅពេលណាសេចក្ដីលោភ និងសេចក្ដីប្រាថ្នាមិនបានដូចបំណង។
៣- សម្មាវាចា វៀរចាកការនិយាយកុហក និយាយញុះញង់គេ និយាយចាក់ចុចគេ និយាយពាក្យរោយរាយឥតប្រយោជន៍។ ចូរចម្រើនព្យាយាមនិយាយពាក្យសច្ចៈ ពាក្យមានសន្តិភាព ពាក្យល្អ និងពាក្យមានប្រយោជន៍។
៤- សម្មាកម្មន្តៈ វៀរចាកការកាប់សម្លាប់ ការលួចឆក់ប្លន់ និងការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។ ចូលព្យាយាមចម្រើនអភ័យបង្កើននូវសេចក្ដីស្មោះត្រង់ និងភាពជឿជាក់ដល់ខ្លួនឯង និងអ្នកដទៃ។
៥- សម្មាអាជីវៈ វៀរចាកការងារណាដែលទាក់ទងការកាប់សម្លាប់ (ទាំងមនុស្ស និងសត្វ) ការលក់សាច់សត្វ ការជួញដូរមនុស្ស សព្វាវុធយុទ្ធភណ្ឌ ថ្នាំពុល និងគ្រឿងញៀនផ្សេងៗ។ ការងារទាំងឡាយណាដែលប្រាសចាកសីលធម៌ និងខុសច្បាប់ក៏គប្បីចៀសវាងផងដែរ។
៦- សម្មាវាយាមៈ ព្យាយាមទប់ស្កាត់នូវអំពើអកុសលដែលមិនទាន់កើត កុំឲ្យកើតឡើងបាន ព្យាយាមកម្ចាត់ចោលនូវគំនិតអកុសលដែលកើតឡើងហើយឲ្យអស់ពីសន្ដាន ព្យាយាមបំពេញនូវកុសលដែលមិនទាន់បំពេញឲ្យបានច្រើនឡើង ព្យាយាមរក្សានូវកុសលដែលបានចម្រើនឡើងហើយ ឲ្យគង់វង្ស ថែមទាំងព្យាយាមចម្រើនឲ្យកាន់តែច្រើនឡើងៗ។
៧- សម្មាសតិ ការកំណត់ដឹងនូវកាយ ឥរិយាបទនៃកាយ និងវេតនា។ ការកំណត់ដឹងនូវចិត្ត និងអារម្មណ៍របស់ចិត្ត បានដល់ចិត្ត និងវេទនារម្មណ៍។
៨- សម្មាសមាធិ ប្រតិបត្តិសមាធិដើម្បីអប់រំចិត្តឲ្យផ្ដោតនៅក្នុងអារម្មណ៍តែមួយ ហើយឲ្យមានវិន័យ ដើម្បីចម្រើននូវបញ្ញា។
ដកស្រង់ចេញពីសៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ
ដោយ៥០០០ឆ្នាំ
images/articles/1510/2026-07-27_15_33_55-_New_Text_Document____xt_-_Notepad.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ២១,១៧៤ ដង)
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលដែលប្រព្រឹត្តនូវអំពើទុច្ចរិតដោយកាយ ដោយវាចា ដោយចិត្ត លុះបែកធ្លាយរូបកាយស្លាប់ទៅ រមែងកើតក្នុងអបាយទុគ្គតិ វិនិបាតនរក។ម្នាលភិក្ខុទាំងឡាយ អ្វីដែលអ្នកផងមិនគួរប្រាថ្នា មិនគួរត្រេកអរ មិនគួរពេញចិត្តនោះគឺនរក។ម្នាលភិក្ខុទាំងឡាយ សេចក្ដីនេះមិនងាយនឹងធ្វើឧបមាឲ្យដល់កំរិតនរកដែលមានទុក្ខបានឡើយ។
កាលបើព្រះអង្គទ្រង់ត្រាស់យ៉ាងនេះហើយ មានភិក្ខុមួយរូបក្រាបបង្គំទូលសួរសេចក្ដីនុះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គអាចនឹងធ្វើសេចក្ដីឧបមាបានឬទេ? ព្រះមានព្រះភាគតបថា ម្នាលភិក្ខុតថាគតនឹងអាចធ្វើបាន រួចទ្រង់សម្ដែងថាៈ
ម្នាលភិក្ខុទាំងឡាយ ដូចពួករាជបុរសចាប់ចោរប្រព្រឹត្តអាក្រក់បានហើយនាំមកថ្វាយព្រះរាជារួចទូលថា បពិត្រព្រះសម្មតិទេព អ្នកនេះជាចោរ ប្រព្រឹត្តអាក្រក់នឹងព្រះអង្គ បើទ្រង់សព្វព្រះរាជហឬទ័យនិងដាក់អាជ្ញាណាដល់ចោរនោះ សូមទ្រង់ដាក់អាជ្ញានោះចុះ។
ព្រះរាជាមានរាជឱង្ការថា នែប្រស្ដែងចូរអ្នករាល់គ្នាទៅយកលំពែងមួយរយចាក់បុរសនោះ ក្នុងវេលាព្រឹកព្រហាម។ ពេលថ្ងៃត្រង់បើបុរសនោះមិនទាន់ស្លាប់ ចូរចាក់មួយរយលំពែងទៀត។ លុះពេលរសៀលបើបុរសនោះនៅតែមិនស្លាប់ ចូរអ្នករាល់គ្នាយកលំពែងមួយរយទៅចាក់បុរសនោះទៀត។
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់សេចក្ដីនោះថាដូចម្ដេច? បុរសនោះកាលបើគេចាក់ដោយលំពែង បីរយ តើនឹងទទួលរងទុក្ខទោមនស្សព្រោះលំពែងនោះជាហេតុដែរឬទេ?ពួកភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន បុរសនោះសូម្បីគេចាក់ដោយលំពែងតែមួយក៏ទទួលទុក្ខទោមនស្ស ព្រោះលំពែងនោះជាហេតុទៅហើយ ចាំបាច់និយាយថ្វីដល់ទៅចាក់ដោយលំពែងបីរយ។
គ្រានោះឯងព្រះមានព្រះភាគ ទ្រង់ចាប់យកនូវដុំថ្មតូចមួយប្រមាណប៉ុនបាតដៃហើយត្រាស់សួរភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់សេចក្ដីនោះថាដូចម្ដេច?ដុំថ្មប្រមាណប៉ុនបាតដៃ ដែលតថាគតកំពុងកាន់នេះនិងស្ដេចភ្នំហិមពាន្ត ណាធំជាង?
ភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ដុំថ្មប្រមាណប៉ុនបាតដៃដែលព្រះអង្គកំពុងកាន់នេះតូចពេកណាស់ ប្រៀបផ្ទឹមនឹងស្ដេចភ្នំហិមពាន្តនោះមិនដល់នូវការរាប់ផង មិនដល់មួយចំណិតផង មិនដល់នូវការប្រៀបធៀបផង។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយសេចក្ដីនេះមានឧមេយ្យដូចបុរសដែលគេចាក់ដោយលំពែងបីរយ រមែងរងទុក្ខទោមនស្សណាព្រោះលំពែងនោះជាហេតុ។ទុក្ខនោះឯង ប្រៀបផ្ទឹមនឹងទុក្ខរបស់នរកក៏មិនដល់នូវការរាប់ផង មិនដល់មួយចំណិតផង មិនដល់នូវការប្រៀបធៀបផង។
ដកស្រង់ចេញពីសៀវភៅ តើនរកមានដែរឬទេ
ដោយ៥០០០ឆ្នាំ
images/articles/1512/image.jpeg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ៥៣,១១១ ដង)
ម្នាលភិក្ខុ ទាំងឡាយ! យមរាជ ក្រោយពេលដែលបានចោទសួរបុរសនោះនូវទេវទូតទាំង ៥ ចប់ហើយ (តែបុរសនោះឆ្លើយមិនរួចសូម្បីមួយ ខ ណាសោះ ស្ដេចក៏បានធ្វើនូវឥរិយាបទស្ងៀមកន្តើយ។
ម្នាលភិក្ខុ ទាំងឡាយ! លំដាប់នោះឯង នាយនិរយបាលទាំងឡាយក៏ធ្វើកម្មករណ៍ឈ្មោះបញ្ចពិធមពន្ធន៍ (ចំណង៥ប្រការ) ចំពោះបុរសនោះ គឺផ្ដេកបុរសនោះ ហើយបោះដែកគោលក្ដៅត្រង់ដៃសងខាងនិងត្រង់ជើងទាំងសងខាង ហើយនិងចំពាក់កណ្ដាលទ្រូង។ បុរសនោះសោយទុក្ខវេទនាខ្លាំងក្លាខ្លោចផ្សា ដរាបណាបាបកម្មមិនទាន់អស់ ក៏ពុំទាន់ស្លាប់ដរាបនោះ។
ម្នាលភិក្ខុទាំងឡាយ ជួនកាលនាយនិរយបាលចាប់បុរសនោះផ្ដេកផ្ងារហើយច្រាសដោយពូថៅ ជួនកាលចាប់ជើងលើកឡើងលើ ដាក់ក្បាលសំយ៉ុងចុះ ហើយពន្លះដោយកាំបិត ជួនកាលទឹមបុរសនោះនឹងរទេះបរទៅមកលើផ្ទៃដែកក្ដៅដែកមានភ្លើងឆេះក្រហមច្រាល ជួនកាលប្រើបុរសនោះឲ្យរត់ចុះតាមភ្នំធំៗដែលមានភ្លើងកំពុងតែឆេះសន្ធោសន្ធៅ ជួនកាលចាប់ជើងក្របួចចោលទៅក្នុងខ្ទះទង់ដែងដែលមានទឹកក្ដៅកំពុងតែពុះកញ្ជ្រោលយ៉ាងខ្លាំងក្លា។ សត្វនរកដែលត្រូវស្ងោរក្នុងខ្ទះទង់ដែង មានចលនាស្ទុះស្ទាដូចពពុះទឹក ជួនការអណ្ដែតឡើង ជួនកាលលិចចុះជាសត្វមានសេចក្ដីទុក្ខក្លាខ្លាំងខ្លោចផ្សា បើបាបកម្មមិនទាន់អស់ដរាបណា ក៏មិនទាន់ស្លាប់ដរាបនោះ។
ម្នាលភិក្ខុទាំងឡាយ! ជួនកាលនាយនិរយបាល ចាប់បុរសនោះបោះចូលទៅក្នុងមហានរក។ មហានរកមានមុំ៤ មានទ្វារ ៤ ខាងក្នុងចែកចេញជាចំណែកតូច ចំណែកធំ មានកំពែងដែកព័ទ្ធជុំវិញ មានគ្របបិទពីលើធ្វើដោយដែក រណ្ដៅនៃមហានរកទាំងមូលមានភ្លើងឆេះសន្ធោសន្ធៅសព្វទាំងអស់ គឺអណ្ដាតភ្លើងឆាបឆេះពីជញ្ជាំងខាងកើតដល់ជញ្ជាំងខាងលិច ពីជញ្ជាំងខាងជើង ។ល។ ឆេះពីផ្ទៃខាងលើដល់បាតខាងក្រោម។
ម្នាលភិក្ខុទាំងឡាយ! ក្នុងសម័យខ្លះ គឺយូរៗមានម្ដង ទ្វាខាងមុខនៃមហានរកក៏បើកចេញមកបុរសនោះក៏រត់យ៉ាងលឿនកាលណាគេខំរត់លឿន សាច់ ស្បែក សសៃ ឆ្អឹង ខួរក្នុងឆ្អឹង ក៏ចេះខ្លោចក្លាយជាផេះអស់តែត្រឡប់កើតជាថ្មីទៀតដូចដើមវិញ ហើយពុំដែលបានចេញផុតពីទ្វារនរកនោះម្ដងណាឡើយ។ គេសោយទុក្ខក្លាខ្លាំង ខ្លោចផ្សា ដរាបណាបាបកម្មមិនទាន់អស់ ក៏មិនទាន់ស្លាប់ដរាបនោះ។
ម្នាលភិក្ខុទាំងឡាយ! ក្នុងពេលទ្វារខាងក្រោយ ខាងជើង ខាងត្បូងនៃមហានរកនោះក៏បើកចេញ បុរសនោះរត់យ៉ាងលឿន ដើម្បីចេញមកក្រៅ ក្នុងខណៈនោះ សាច់ ស្បែក សសៃ ឆ្អឹង ។ល។ ខួរក្នុងឆ្អឹង ក៏ឆេះទៅជាផេះ បុរសនោះបានរត់ទៅដល់ទ្វា តែពុំទាន់បានចេញផុតទ្វានៃមហានរកៗ ក៏បិទវិញ។ បុរសនោះ នៅសោយទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សា កាលណាបើបាបកម្មមិនទាន់អស់ ក្នុងកាលនោះក៏មិនទាន់ស្លាប់ឡើយ។
ម្នាលភិក្ខុទាំងឡាយ! មានពេលខ្លះ បុរសនោះចេញតាមទ្វារក្រោយនៃមហានរកនោះ ហើយក៏ធ្លាក់ទៅក្នុងនរកមួយទៀតឈ្មោះថា គូថនរក (នរកដែលពោរពេញទៅដោយលាមក) ទៀត។ ម្នាលភិក្ខុទាំងឡាយ! នៅក្នុងគូថនរកនោះ មានដង្កូវមានមាត់ស្រួចដូចម្ជុល សាច់ សាច់ ស្បែក ឆ្អឹង សសៃ ។ល។ ខួរក្នុងឆ្អឹងនៃបុរសនោះ សត្វដង្កូវទាំងនោះស៊ីអស់ពុំមានសល់ឡើយ។ បុរសនោះសោយទុក្ខក្លាខ្លាំងខ្លោចផ្សា តែបើបាបកម្មមិនទាន់អស់ក៏មិនទាន់ស្លាប់។
ម្នាលភិក្ខុទាំងឡាយ! ពេលបុរសនោះរួចពីគូថនរកទៅក៏ធ្លាក់ចុះក្នុងរណ្ដៅនរកមួយទៀតឈ្មោះថា កុក្កុលនរក (នរកផេះក្ដៅ) ពេលដែលធ្លាក់ទៅហើយ គេសោយទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សា ដរាបណាបាបកម្មនោះមិនទាន់អស់ ដរាបនោះក៏មិនទាន់ស្លាប់។
ម្នាលភិក្ខុទាំងឡាយ! មានព្រៃរកាដ៏ធំខ្ពស់ត្រដូចឡើងមួយយោជន៍ មានបន្លា ១៦ ធ្នាប់ ភ្លើងឆេះក្ដៅសព្វ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅតាំងពីបន្ទាប់គ្នានិងកុក្កុលនរកនោះឯង។ ពួកនាយនិរយបាល ក៏ប្រើបុរសនោះឲ្យឡើងចុះអំពីព្រៃរកានោះ។ បុរសនោះរងទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សាលើដើមរកានោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។
ម្នាលភិក្ខុទាំងឡាយ! ព្រៃស្មៅសសិតធំតាំងនៅបន្ទាប់គ្នានឹងព្រៃរកានោះឯង។ បុរសនោះចូលទៅក្នុងព្រៃស្មៅសសិតនោះ។ ខ្យល់បក់ស្លឹកស្មៅសសិតហើយមកកាត់ដៃកាត់ជើង កាត់ស្លឹកត្រចៀកទាំងច្រមុះ (របស់បុរសនោះ)។ បុរសនោះសោយទុក្ខវេទនាយ៉ាងក្លាខ្លាំងខ្លោចផ្សារក្នុងព្រះសសិតនោះ បើបាបកម្មមិនទាន់អស់ត្រឹមណាក៏មិនទាន់ស្លាប់ត្រឹមនោះ។
ម្នាលភិក្ខុទាំងឡាយ! មានស្ទឹងទឹកផ្សា(ប្រៃ) ដ៏ធំតាំងនៅបន្ទាប់នឹងព្រៃសសិតនោះឯង។ បុរសនោះក៏ធ្លាក់ទៅក្នុងស្ទឹងនោះទៀត។ បុរសនោះជួនកាលអណ្តែតបណ្ដោយខ្សែទឹក ជួនកាលអណ្តែតច្រាសខ្សែទឹកក្នុងស្ទឹងនោះ។ បុរសនោះរងទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សា បើបាបកម្មមិនទាន់អស់ដរាបណា ក៏មិនទាន់ស្លាប់ដរាបនោះ។
ម្នាលភិក្ខុទាំងឡាយ! ពួកនិរយបាលយកសន្ទូចស្ទូចវាត់ឡើងមកដាក់លើគោក ហើយសួរយ៉ាងនេះថា នែបុរស អ្នកឯងប្រាថ្នាអ្វី? បុរសនោះឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចម្រើនខ្ញុំឃ្លានបាយ។ ពួកនិរយបាល ក៏យកកង្វែរដែកក្ដៅដែលភ្លើងកំពុងឆេះសព្វ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅ មកបើកមាត់បុរសនោះ ហើយញាត់នូវដុំទង់ដែងដ៏ក្ដៅដែលភ្លើងកំពុងឆេះចូលទៅក្នុងមាត់ ដុំទង់ដែងនោះក៏ឆេះបបូរមាត់ ឆេះមាត់ ឆេះបំពង់ករ ឆេះពោះ នាំយកទាំងពោះវៀនធំ ពោះវៀនតូចរបស់បុរសនោះចេញមកខាងក្រមបុរសនោះរងទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សារក្នុងនរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។
ម្នាលភិក្ខុទាំងឡាយ! ពួកនិរយបាលសួរបុរសនោះទៀតថា នែបុរស អ្នកឯងប្រាថ្នាអ្វី? បុរសនោះឆ្លើយថា បពិត្រលោកដ៏ចម្រើន ខ្ញុំស្រេកទឹកណាស់។ និរយបាល ក៏យកកង្វេរដែកដ៏ក្ដៅដែលភ្លើងកំពុងឆេះសព្វ ភ្លឺច្រាលរន្ទាល មកបើកមាត់បុរសនោះហើយបង្អកទឹកទង់ដែងដ៏ក្ដៅ ដែលភ្លើងកំពុងឆេះសព្វភ្លឺច្រាលរន្ទាលសន្ធោសន្ធៅទៅក្នុងមាត់។ ទឹងទង់ដែងក៏ឆេះ បបូរមាត់ ឆេះមាត់ ឆេះបំពង់ករ ឆេះពោះ នាំយកទាំងពោះវៀនធំ ទាំងពោះវៀនតូច របស់បុរសនោះ ចេញមកខាងក្រៅ។ បុរសនោះសោយទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សា ក្នុងនរកនោះ បើបាបកម្មមិនទានអស់ដរាបណា ក៏មិនទាន់ស្លាប់ដដរាបនោះ។
ម្នាលភិក្ខុទាំងឡាយ (បន្ទាប់មក) ពួកនិរយបាលក៏បោះទំលាក់បុរសនោះទៅក្នុងមហានរកវិញ។
ដកស្រង់ចេញពីសៀវភៅ តើនរកមានដែរឬទេ
ដោយ៥០០០ឆ្នាំ
images/articles/1533/2026-07-27_15_28_52-_New____txt_-_Notepad.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ២០,០១៩ ដង)
សេចក្ដីនេះគួរឲ្យមានសេចក្ដីសង្ស័យណាស់ដែរ តាមដែលយើងបានអានពីខាងដើមមក យើងបានដឹងថា សេចក្ដីទុក្ខក្នុងនរកធ្ងន់ក្រៃពេកណាស់ មិនអាចនឹងពណ៌នាប្រៀបធៀបនឹងសេចក្ដីទុក្ខក្នុងមនុស្សបានឡើង ចុះហេតុអ្វីក៏សត្វនរកនៅតែមិនចេះស្លាប់? សេចក្ដីនេះខ្ញុំមិនបានបកស្រាយទេ តែសូមនិមន្តនិង អញ្ជើញមិត្តអ្នកអានទាំងឡាយសិក្សាអំពីការសន្ទនាសាកច្ឆារវាងព្រះបាទមិលិន្ទ្រាធិរាជ និងព្រះអរហន្តមួយព្រះអង្គព្រះនាម នាគសេនត្ថេរ ដូចតទៅៈ
ស្ដេចមិលិន្ទ្រៈ (បពិត្រលោកម្ចាស់ សេចក្ដីថា ភ្លើងនរកមានកម្ដៅក្ដៅជាទីបំផុត ជាងភ្លើងជាប្រក្រតីសព្វថ្ងៃនេះ ឯភ្លើងយើងជាប្រក្រតីនេះ ថាបើបុគ្គលនឹងយកដុំថ្មយ៉ាងតូចប្រមាណប៉ុនកុំភួនដៃឬ ប៉ុនកំភួនជើងទៅដាក់ដុតក្នុងគំនរភ្លើងយ៉ាងធំៗ អស់ពេលប្រហែលមួយថ្ងៃក៏ដោយ ឯដុំថ្មតូចនោះមិនអាចរលាយទៅបានឡើយ ចំណែកភ្លើងក្នុងស្ថាននរកនោះ ថាបើមានដុំថ្មយ៉ាងធំប៉ុនផ្ទះចុះទៅក្នុងនរកនោះ ដុំថ្មនោះឯងក៏នឹងរលាយសាបសូន្យទៅមួយរំពេចមិនខានឡើយ។ ពាក្យពោលយ៉ាងនេះខ្ញុំមិនជឿសោះឡើយ ម្យ៉ាងទៀតថា សត្វដែលកើតក្នុងស្ថាននរកនោះមានអាយុវែងរាប់ពាន់ឆ្នាំ។ បើភ្លើងនរកនោះមានកំដៅដល់ម្ល៉ោះ ហេតុអ្វីក៏មិនឆេះកំទេចសត្វនរកឲ្យស្លាប់មួយរំពេចទៅ? ម្ដេចក៏ឲ្យរស់នៅយូរម្លេះ? សេចក្ដីយ៉ាងនេះខ្ញុំរកជឿមិនបានសោះលោកម្ចាស់។
ព្រះនាគសេនត្ថេរៈ បពិត្រមហារាជ! ចុះមហាបពិត្រស្តេចជ្រាបដែរឬថា មេក្ដោក មេមាន់ មេក្រពើ និងមេអណ្ដើកទាំងឡាយនោះវាស៊ីទំពារស៊ី ឬតែងលេបនូវដុំថ្ម ឬដុំគ្រួស (ឬគ្រាប់ស្រូវ) ទាំងឡាយទៅក្នុងពោះវាមែនឬមិនមែនទេមហារាជ?
មៈ អាម ភន្តេ បពិត្រលោកម្ចាស់ដ៏ចម្រើន! ឯពាក្យនោះយ៉ាងហ្នឹងហើយ។
នៈ កឹ បន តានិ មហារាជ បពិត្រមហារាជ ចុះដុំថ្មឬដុំគ្រួស (គ្រាប់ស្រូវ) ដែលចូលទៅក្នុងផ្ទៃ ប្រហែលជារលួយដែរឬអ្វី មហារាជ?
មៈ អាម ភន្តេ បពិត្រលោកម្ចាស់ដ៏ចម្រើន! ឯដុំទាំងនោះតែងក្ដៅរលួយទៅមិនសេសសល់ទេ។
នៈ បពិត្រមហារាជ! ចុះគភ៌គឺពងឬ កូនដែរនៅក្នុងផ្ទះមេនៃសត្វទាំងនោះប្រហែលជារលួយរលាយអស់ដូចជាដុំថ្ម និង ដុំក្រួស (ឬគ្រាប់ស្រូវ) នោះឬដូចម្ដេច?
មៈ ន ហិ ភន្តេ បពិត្រលោកម្ចាស់ដ៏ចម្រើន! គម៌ ឬកូន របស់សត្វទាំងនោះមិនរលួយរលាយឡើយលោកម្ចាស់។
នៈ កេន ការណេន ព្រោះហេតុដូចម្ដេចមហាបពិត្រ ត្រង់ថ្មនិងដុំគ្រួស(ឬគ្រាប់ស្រូវ) ចេះឆេះរលួយទៅបាន ឯគក៌ដែលស្ថិតនៅក្នុងពោះនៃសត្វនោះដូចគ្នាដែរ បែរទៅជាមិនរលួយ សេចក្ដីនេះគួរឲ្យសង្ស័យដែរមហារាជ តើស្ដេចនឹងទ្រង់ជ្រាបយ៉ាងណា?
មៈ មញ្ញាមិ ភន្តេ បពិត្រលោកម្ចាស់ដ៏ចម្រើន! ឯគភ៌របស់សត្វដែលមិនរលួយ ដូចអាហារទាំងពួងនោះ ព្រោះគភ៌នោះអាស្រ័យនៅដោយកំលាំងនៃផលកុសល ឬ អកុសលដែលសត្វនោះបានធ្វើហើយនោះឯង សូមលោកម្ចាស់ជ្រាប។
នៈ ឯវមេវ ខោ មហារាជ បពិត្រស្ដេចមហារាជ! សេចក្ដីនេះប្រៀបដូចសត្វនរកដែលកើតក្នុងភ្លើងនរកៗ ឆេះកំដៅអស់មួយពាន់ឆ្នាំ ឬច្រើនជាងមួយពាន់ឆ្នាំ ហើយសត្វទាំងនោះមិនរលាយបាត់បង់ជីវិតទៅបាន ក៏មិនមែនដោយហេតុអ្វីឡើយ គឺដោយកំលាំងនៃអកុសលកម្មរបស់សត្វនោះឯង ហើយបានជាសត្វបានកើត បានចម្រើននៅក្នុងនរកនោះ វេលាដល់ស្លាប់ក៏ស្លាប់ក្នុងទីនោះផង បពិត្រមហារាជ! សេចក្ដីនេះត្រូវគ្នានឹងសុភាសិតរបស់ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ទេសនាទុកមកថា សោ ន ច តាវ កាលំ ករេយ្យ យាវ ន តំ បាបកម្មំ ព្យន្តី ហោតិ សេចក្ដីថា បើបាបកម្មមិនទាន់អស់ឬមិនទាន់វិនាសទៅដរាបណា សត្វ(នរក)នោះក៏មិនទាន់ធ្វើកាលកិរិយាទៅដរាបនោះសូមទ្រង់ជ្រាប។
ទ្រង់សម្ដែងអំពីការដែលសត្វនរកមិនងាយស្លាប់ នោះព្រះនាគសេនត្ថេរបានឧបមាដោយច្រើនទៀតដូចជា មេខ្លាធំ មេខ្លាដំបងជាដើម តែងទំពាស៊ីនូវសាច់និង ឆ្អឹងនៃសត្វម្រឹគទាំងឡាយ ហើយសាច់និងឆ្អឹងនៃម្រឹគទាំងអស់នោះតែងរលួយអស់គ្មានសេសសល់ តែកូនដែលនៅក្នុងផ្ទៃនៃមេខ្លាធំ ឬមេខ្លាដំបងនោះ តែងមិនស្លាប់ សេចក្ដីនេះយ៉ាងណា រីឯសត្វនរកថ្វីបើភ្លើងនរកក្ដៅដល់ម្លោះនៅតែមិនស្លាប់ ក៏ព្រោះតែកំលាំងនៃបាបកម្មដែលសត្វនរកនោះធ្វើនោះឯង។ ម្យ៉ាងទៀតដូចជាស្ត្រីដែលមានផ្ទៃពោះតែងបរិភោគនូវបង្អែម ឬចំអាប រឹងខ្លះ ទន់ខ្លះ ហើយអាហារទាំងនោះ ក៏រលួយក្លាយជាលាមកមូត្រអស់គ្មានសេសសល់ ប៉ុន្តែសត្វដែលអាស្រ័យនៅក្នុងផ្ទះនោះមិនបានរលាយស្លាប់បាត់បង់ជីវិតឡើយ នេះគឺបណ្ដាលមកពីកុសលនិងអកុសលជាអ្នកគាំទ្រ សេចក្ដីនេះយ៉ាងណា រីឯសត្វនរកថ្វីបើភ្លើងនរកក្ដៅយ៉ាងណាក៏ដោយ ក៏នៅតែមិនស្លាប់ ក៏ព្រោះតែបាបអកុសលរបស់សត្វនរកនោះមិនទាន់អស់ក៏យ៉ាងនោះដែរ។
ដកស្រង់ចេញពីសៀវភៅ តើនរកមានដែរឬទេ
ដោយ៥០០០ឆ្នាំ
images/articles/1617/2026-07-27_15_22_57-Greenshot.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ១៣,៩៣៩ ដង)
ថ្ងៃដែលកូនកើតចេញពីផ្ទៃរបស់ម៉ែ គឺជាថ្ងៃដែលម៉ែទទួលរងនូវទារុណកម្ម ដ៏យ៉ាងធ្ងន់ក្រៃលែង ជាថ្ងៃនៃសេចក្ដីទុក្ខដ៏ធំធេងរបស់ម៉ែ និងជាថ្ងៃដែលជីវិតរបស់ម៉ែស្ថិតនៅក្បែរមាត់នៃមច្ចុរាជ ម៉ែខំបម្រននាលនៅលើគ្រែ ខ្លួនប្រាណរបស់ម៉ែញ័រចំប្រប់ ដោយការឈឺចុកចាប់ផ្ទៃមុខម៉ែស្លេកស្លាំងអស់ ស្ទើរតែគ្មានឈាមមួយតំណក់ ទឹកភ្នែកម៉ែស្រក់ហូរមកមិនដាច់ ម៉ែយំស្រែកគួរឲ្យរន្ធត់ស្លុតយ៉ាងក្រៃលែង ព្រោះម៉ែឈឺណាស់ ឈឺខ្លាំងឥបមា ឈឺរកអ្វីប្រៀបពុំបានឡើយ។ ពេលដែលម៉ែកំពុងឈឺខ្លាំង ម៉ែគ្មានសង្ឃឹមឡើយថាជីវិតរបស់ម៉ែ បានរស់ឃើញមុខកូន ព្រោះម៉ែគ្មានកម្លាំង តតាំងជាមួយនឹងការឈឺចុកចាប់នេះទេ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏ម៉ែនៅតែខំព្យាយាម ប្រឹងប្រែងទប់ទល់ជាមួយនឹងមច្ចុរាជដើម្បីជួយចម្លងកូនឲ្យផុតពីសមុទ្រគ្រោះថ្នាក់នេះដែរ។ម៉ែបែកឃើញពេញខ្លួន ដោយសារម៉ែខំប្រឹងអត់ធ្មត់នឹងការឈឺចាប់ ព្រោះម៉ែចង់ឃើញមុខកូន ចង់ចិញ្ចឹមបីបាច់ថែរក្សា ថ្នាក់ថ្នមការពារកូនដោយផ្ទាល់ដៃរបស់ម៉ែ។
ទោះបីជាម៉ែរងនូវការឈឺចុកចាប់ ក្នុងថ្ងៃដែលកូនប្រសូតចេញចាកផ្ទៃក៏ដោយ ក៏ម៉ែមិនដែលស្អប់កូនដែលធ្វើឲ្យម៉ែឈឺឡើយ ក្នុងចិត្តរបស់ម៉ែមានមេត្តាចំពោះកូនជានិច្ច។ តើមានអ្នកណាទៅដែលល្អជាងម៉ែ? មានអ្នកណាទៅដែលស្រលាញ់កូនស្មើនឹងម៉ែ? គឺគ្មានសោះឡើយមានតែម៉ែម្នាក់ប៉ុណ្ណោះ ដែលព្រមធ្វើអ្វីៗ ដើម្បីកូន ព្រមលះបង់សព្វគ្រប់បែបយ៉ាង ដោយហោចទៅសូម្បីតែជីវិតក៏ម៉ែហ៊ានលះបង់ដើម្បីកូនដែរ។ ជីវិតរបស់ម៉ែស្លាប់ក៏ស្លាប់ទៅចុះ ឲ្យតែជីវិតរបស់កូន បានរស់រានមាននៅក្នុងលោក ប៉ុណ្ណឹងម៉ែសប្បាយចិត្តណាស់ ព្រោះកូនគឺជាវត្ថុដ៏មានតម្លៃ ដែលម៉ែស្រឡាញ់ ជាងដួងជីវិតរបស់ម៉ែទៅទៀត។
ម៉ែឈឺ...! សែនឈឺ...! ឈឺខ្លោចផ្សាយ៉ាងណាក៏ដោយតែពេលដែលម៉ែបានឃើញមុខកូន ដែលទើបតែកើតចេញចាកផ្ទៃរបស់ម៉ែ ការឈឺចុកចាប់ដែលមាន កន្លងមកត្រូវរលាយសូន្យ ដោយសារម៉ែបានឃើញកូននៅមានជីវិត ម៉ែខំប្រឹងញញឹមទៅរកកូនទាំងភ័ក្ត្រស្លេកស្លាំង ម៉ែស្រវាឱបកូនឲ្យបៅដោះ ដោយក្ដីស្រឡាញ់ពេញចិត្ត យ៉ាងក្រៃលែង សេចក្ដីទុក្ខចំបែងរបស់ម៉ែ ត្រូវបាត់បង់អស់បន្សល់ទុកតែភាពញញឹមស្រស់ស្រាយ សប្បាយរីករាយពេញក្នុងដួងហឫទ័យ ព្រោះកូនម៉ែបានឆ្លងផុតគ្រោះថ្នាក់ដោយសុវត្ថិភាព....។
ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក
ដោយ៥០០០ឆ្នាំ
images/articles/1627/2026-07-27_15_21_03-_New_Text_Document_s-_Notepad.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ១២,៣៦៧ ដង)
យប់យន់ត្រជាក់មេឃងងឹតឈឹង ពពកខ្មៅអួអ័ព្ទរសាត់បាំងបិទ ជិតដួងព្រះចន្ទ មិនឲ្យបញ្ចេញពន្លឺរស្មីបាន មេឃងងឹតគឺជាហេតុ ដែលភ្លៀងបម្រុងនឹងបង្អុរធ្លាក់ចុះមក ស្រោចស្រពលើផែនប្រឹថពីនេះ មួយសន្ទុះក្រោយមកភ្លៀងមួយមេយ៉ាងធំ ក៏ធ្លាក់ចុះមកមែន បណ្ដាលឲ្យផ្ទះខ្ទមជរាមួយ ដែលមានជញ្ជាំងពុកផុយដោយអន្លើៗដំបូងបាំងស្លឹក ធ្លុះធ្លាយស្ទើរតែគ្មានចន្លោះមានការជ្រែងទប់នឹងទឹកភ្លៀងដែលសាចមកលើ ដោយសេចក្ដីលំបាកយ៉ាងក្រៃលែង។
ផ្ទះតូចចង្អៀតនេះហើយ ដែលកូនរស់នៅយ៉ាងសុខសាន្តជាមួយនឹងម៉ែ ព្រោះម៉ែបានផ្ដល់អ្វីៗគ្រប់យ៉ាង ដែលកូនត្រូវការ គឺព្រហ្មវិហារធម៌ ថ្វីត្បិតតែម៉ែមិនមានទ្រព្យសម្បត្តិវត្ថុសម្ភារៈខាងក្រៅឲ្យកូនក៏ពិតមែន ប៉ុន្តែម៉ែមានដួងហឫទ័យល្អ ទឹកចិត្តស្មោះសរ មាននូវសេចក្ដីស្រឡាញ់ប្រគល់ឲ្យកូន ម៉ែតែងផ្ដល់ភាពកក់ក្ដៅដល់កូនជានិច្ច។
កូនចាំមិនភ្លេចឡើយនៅយប់មួយនោះ គឺយប់ដែលភ្លៀងធ្លាក់សាចសើមជោកក្ដារ ធ្វើឲ្យម៉ែ និងកូនគ្មានកន្លែងដេក យប់នោះម៉ែស៊ូអង្គុយបីកូនទាល់ភ្លឺ ឲ្យកូនបានគេងលក់យ៉ាងស្កប់ស្កល់ នៅក្នុងរង្វង់ដៃទាំងទ្វេរបស់ម៉ែ។ យប់នោះថ្វីត្បិតកូននៅតូច តែកូនដឹងថាទឹកភ្នែករបស់ម៉ែកំពុងស្រក់ចុះតក់ៗ មកលើខ្លួនកូន ព្រោះម៉ែមានចិត្តនឹកអាណិតកូនដែលម៉ែគ្មានទីលំនៅឲ្យកូនរបស់នៅបានស្រួល ដូចកូនគេដទៃ។
ម៉ែអើយ! តាមការកូនលំបាកតែរូបរាងកាយខាងក្រៅប៉ុណ្ណោះ ប៉ុន្តែក្នុងចិត្តរបស់កូន គឺសែនកក់ក្ដៅណាស់ ហើយនឹងសុខស្រួលយ៉ាងក្រៃលែង ព្រោះកូនបានកើតក្នុងផ្ទៃនៃម៉ែចិត្តធម៌ ម៉ែស៊ូរ៉ាប់រងថែរក្សាការពារនូវឧបសគ្គគ្រប់បែបយ៉ាងជំនួសកូន ទោះបីម៉ែក្រូ ក៏ម៉ែខំប្រឹងចិញ្ចឹមកូនឲ្យរស់ធំដឹងក្ដីក្នុងលោក រហូតមកដល់ឥឡូវនេះ កូនដឹងថា ម៉ែពិតជាលំបាកខ្លាំងណាស់ក្នុងការចិញ្ចឹមកូន ព្រោះឃើញថ្ងៃណាក៏ម៉ែស្រក់ទឹកភ្នែក ម៉ែលំបាកវេទនា ក៏ដោយសារតែកូន ម៉ែខ្សត់ខ្សោយកម្លាំងសុខភាពមិនល្អ ក៏ដោយសារតែកូន រហូតម៉ែធ្លាក់ខ្លួនឈឺស្គមស្លេកស្លាំង ក៏ព្រោះតែកូនដែរ កូនធ្វើឲ្យម៉ែលំបាក ធ្វើឲ្យម៉ែរងទុក្ខគ្រប់បែបយ៉ាង។ ម៉ែអើយ! កូននឹងចងចាំនូវរាល់សេចក្ដីល្អរបស់ម៉ែទុកក្នុងចិត្តរបស់កូនជារៀងរហូតទៅ។
ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក
ដោយ៥០០០ឆ្នាំ
images/articles/1612/2026-07-27_15_18_15-Greenshot.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ១៨,៦៨៦ ដង)
កូនៗទាំងឡាយ សូមកូនចងចាំថា សុខភាពជាកត្តាចម្បងសម្រាប់ជីវិតយើងណាកូន ដូច្នេះកូនត្រូវចេះថែរក្សាសុខភាពរបស់ខ្លួនឯងណាកូនមិនមាន នរណាអាចថែរក្សាសុខផាពយើងបានក្រៅអំពីខ្លួនយើងឡើយ ។យ៉ាងនេះហើយបានជាម៉ែ ចង់ប្រាប់កូនៗទាំងឡាយឲ្យចេះថែរក្សាសុខភាពខ្លួនឯង ព្រោះកូនបែកអំពីម៉ែឆ្ងាយ ពុកម៉ែបារម្ភ ខ្លាចកូនមានរោគច្រើនណាកូនម៉ែសូមកូនចង់ចាំពាក្យទូន្មានរបស់ព្រះសាស្ដាខ្លះៗ ក្រៅពីកូនសិក្សានៅសាលាណាកូន សូមកូនសិក្សាដូចតទៅ...
អាយុវឌ្ឍនធម៌គឺវិធីថែរក្សាសុខភាពល្អ និងចម្រើនអាយុឲ្យបានវែងផងណាកូនម៉ែ។ដោយសារអាយុវឌ្ឍធម៌នេះឯង ទើបព្រះអង្គអាចចម្រង់ព្រះជន្មបានរហូតដល់ ៨០ វស្សាទើបចូលនិព្វាន ឯការថែរក្សាអាយុនោះមិនមានអ្វីច្រើននោះទេ គឺមានតែ ៧ យ៉ាងប៉ុណ្ណោះ
១. សប្បាយការី ចេះធ្វើសេចក្ដីសប្បាយឲ្យដល់ខ្លួនឯង គឺអនុវត្តទៅតាមក្បួនអនាម័យ និងក្បួនសុខភាព ដូចជាឥរិយាបថទាំង ៤ គឺ ដេក ដើរ ឈរ អង្គុយ ត្រូវផ្លាស់ប្ដូរឲ្យបានសមរម្យ មានការហាត់ប្រាណបញ្ចេញកម្លាំង សម្អាតខ្លួនប្រាណកូន។
២. សប្បាយេ មតញ្ញូ មានប្រមាណ ស្គាល់ល្មម ស្គាល់ប្រមាណនៅក្នុងសប្បាយទាំងឡាយ ដូចជាបរិភោគរហូតទាល់តែហល់មើលសម្លឹងទូរទស្សន៍ រហូតដល់ទៅព្រិលភ្នែក ហៀរទឹកភ្នែក ផឹករហូតដល់ក្អែចេញមកវិញ។ ម្យ៉ាងវិញទៀត គឺចេះជ្រើសរើសរបស់ណាមិនហុចទោសយកមកបម្រើសេចក្ដីសប្បាយរបស់ខ្លួនដូចជាស្រា បារី កញ្ឆា ជាដើមនេះសុទ្ធតែជារបស់នាំឲ្យទោស សប្បាយត្រូវចេះស្គាល់ប្រមាណក្នុងការជ្រើសរើសរបស់ទាំងនេះ មកប្រើផងដែរ។
៣. បរិណតភោជី បរិភោគតែអាហារណាដែលរលាយងាយ ក្រពះស្រួលកិន មិននាំឲ្យខូចក្រពះ និងទំពាឲ្យបានម៉ដ្ឋល្អ។
៤. កាលចារី ស្គាល់ពេលវេលាក្នុងការធ្វើការ ធ្វើត្រូវសមពេលធ្វើមានពេល មានវេលា ស្គាល់ថាគួរធ្វើការប៉ុន្មានម៉ោង សម្រាកកាយប៉ុន្មានម៉ោង រៀនសូត្រប៉ុន្មានម៉ោងជាដើម។
៥. ព្រហ្មចារី ប្រព្រឹត្តព្រហ្មចរិយធម៌ អ្នកដែលជាគ្រហស្ថត្រូវចេះកំណត់កាមារម្មណ៍របស់ខ្លួន ត្រូវវៀរចាកនូវការសេពសន្ថវៈខ្លះ ព្រោះអ្នកល្មោភក្នុងកាមគុណ នឹងនាំឲ្យបាក់កម្លាំងថែមទាំងវិនាសទ្រព្យសម្បត្តិ។
៦. សីលវា មានសីល ប្រព្រឹត្តល្អ មិនធ្វើអ្វីដែលខុសច្បាប់ក្នុងប្រទេស ដែលសង្គមគេស្អប់ខ្ពើមណាកូន។
៧. កល្យាណមិត្ត មានកល្យាណមិត្ត មិត្តល្អ មិត្តដែលមិនបបួលទៅរកអបាយមុខទាំង ៤ គឺស្រី ស្រា ល្បែង អំពើពាលា។
ទាំងអស់នេះតើកូនអាចធ្វើបានទេ? ប្រសិនបើកូនធ្វើបាននោះល្អខ្លាំងណាស់ណាកូនម៉ែ តែបើកូនមិនអាចធ្វើបានទេ កូនត្រូវតែព្យាយាមណាទាំងនេះជាកត្តាសំខាន់ សម្រាប់ជីវិតកូនព្រមទាំងអ្នកដទៃណាកូនម៉ែ។
ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ៥០០០ឆ្នាំ
images/articles/1630/2026-07-27_15_14_59-_New_Text_Document____xt_-_Notepad.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ២៩,៣៥១ ដង)
ក្រឡេកមើលទៅថ្ងៃទៀបលិច នៅជើងមេឃដែលរំកិលខ្លួនបន្តិចម្ដងៗទៀបនឹងអស្ដង្គត រលត់ផុតពីភពផែនដីនេះទៅ ហើយស្បៃងងឹតនៃរាត្រីកាល ក៏ចូលមកជំនួសវិញ ធ្វើឲ្យផែនដីទាំងមូល ដែលធ្លាក់តែមានភាពស្រស់ឆើតឆាយ ប្រែក្លាយទៅជាងងឹត អួអ័ព្ទ បាត់បង់សម្រស់អស់គ្មានសល់ ប្រៀបបីដូចជាដួងហឫទ័យរបស់អ្នកម្ដាយថ្លៃនាពេលនេះដែលកំពុងតែខ្វាយខ្វល់រសាប់រសល់ចុកឆ្អល់ រកកល់នឹងសន្លប់ ថប់ពេញដើមទ្រូង ស្ទើរតែបាត់បង់ស្មារតីម្ដងៗ ព្រោះម៉ែខកបំណងនឹងកូន តែម៉ែខំប្រឹងទប់ទាំងខ្លោចផ្សា ទប់ទាំងទឹកនេត្រាមិនឈប់ឈរ ម៉ែរងទុក្ខវេទនាបែបនេះព្រោះអ្នកណា គឺព្រោះតែបុត្រាបុត្រីហេតុអ្វីក៏បុត្រថ្លៃ ធ្វើឲ្យទឹកភ្នែកម៉ែហូរមិនឈប់ឈរបែបនេះ។ ម៉ែតែងតែសង្ឃឹមញញឹមទុកក្នុងចិត្តជានិច្ចថា កូនរបស់ម៉ែពេលធំឡើង នឹងក្លាយខ្លួនជាកូនល្អ តែផ្ទុយខុសស្រឡះ ពីចិត្តគំនិតដែលម៉ែរំពឹងទុកព្រោះកូនមិនស្ដាប់ការទូន្មានរបស់ម៉ែ។
កាលកូននៅតូច ទឹកភ្នែកម៉ែ មិនសូវជាស្រក់ហូរមកប៉ុន្មានទេ តែដល់ពេលកូនធំឡើង ទឹកភ្នែករបស់ម៉ែស្រក់ឥតស្រាកស្រាន្ត ស្រក់គ្រប់ពេលវេលា ស្រក់រៀងរាល់រាត្រី ព្រោះកូនគ្មានមេត្តាត្រាប្រណីដល់ឱរារបស់អ្នកម្ដាយសោះឡើយ។ កូនមានដឹងទេថាពេលនេះទ្រូងរបស់ម៉ែស្ទើរបែកធ្លាយជាចំណែកៗទៅហើយ ពេលដែលកូនមិនបានដឹងគុណម៉ែ កូនមិនស្ដាប់តាមពាក្យទូន្មានរបស់ម៉ែ កូនធ្វើឲ្យម៉ែលំបាកចិត្តឥតល្ហែល្ហើយឡើយ។ឃើញឈាមម៉ែស្រក់ ក៏ព្រោះតែម៉ែប្រឹងប្រែងចិញ្ចឹមកូន ម៉ែធ្វើការគ្រប់បែបយ៉ាង គឺដើម្បីកូន ម៉ែទទួលរងនូវសេចក្ដីទុក្ខលំបាកគ្រប់យ៉ាងក៏ដើម្បីកូន ហើយទឹកភ្នែករយលានតំណក់ស្រក់លើថ្ពាល់ម៉ែ ក៏ព្រោះតែកូនដែរ អ្វីៗ ទាំងអស់ដែលម៉ែលះបង់ មិនមែនដើម្បីអ្នកណាដទៃឡើយគឺដើម្បីតែកូនម្នាក់ប៉ុណ្ណោះ តើហេតុអ្វីបានជាកូន មិនយល់ចិត្តម៉ែ? បើម៉ែបានលះបង់អ្វីៗ គ្រប់បែបយ៉ាងចំពោះកូនទៅហើយនោះ ម្ដេចក៏កូនចេះតែធ្វើឲ្យម៉ែស្រក់ទឹកភ្នែកមិនឈប់ឈរបែបនេះ? ហេតុអ្វីបានជាកូន មិនដែលធ្វើឲ្យម៉ែ សប្បាយចិត្តម្ដងណាអ៊ីចឹង? ថ្ងៃណាក៏ម៉ែយំ រាត្រីណាក៏ម៉ែស្រក់ទឹកភ្នែក គឺម៉ែយំយែកព្រោះតែកូនធ្វើបាបចិត្តម៉ែ។ ចិត្តម៉ែខ្ទេចខ្ទាំគ្រាំគ្រារងទុក្ខវេទនា គ្រប់ពេលវេលា ព្រោះតែរូបកូនប្រុសស្រីគ្រប់គ្នា សូមកូនមេត្តាដល់ទឹកនេត្រារបស់ម៉ែផង!!!.... ណា៎កូនណា៎.....! ។
ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក
ដោយ៥០០០ឆ្នាំ
images/articles/1640/2026-07-27_15_11_10-_New_T___txt_-_Notepad.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ១១,៣១៩ ដង)
កូនៗទាំងឡាយ ខ្លួនយើងជាស្រីដែលមានគូស្រករ ពោលគឺមានស្វាមីហើយ ត្រូវមានការរស់នៅបែកពីពុកម៉ែ ដូច្នេះកូនរស់នៅជាមួយប្ដីត្រូវតែមានសេចក្ដីអត់ធ្មត់ឲ្យបានច្រើនផងណាកូន។នៅពេលនេះ ពុកម៉ែសូមផ្ដាំផ្ញើពាក្យពេចន៍ខ្លះៗ ពេលដែលកូនត្រូវឃ្លាតទៅរស់នៅខាងស្វាមីណាកូនម៉ែ ធម្មតាចានដែលនៅក្នុងរាវ រមែងប៉ះទង្គិចគ្នាមិនខាន សំខាន់ជាងនេះទៅទៀតពេលដែលកូនត្រូវទៅរស់នៅខាងស្វាមី ចូរកូនស្រីម៉ែរក្សាធម៌ ៥ នេះឲ្យជាប់ណាកូន។
១- ពេលដែលកូនចូលដំណេក ត្រូវដេកក្រោយស្វាមី ឬឪពុកម្ដាយខាងស្វាមី តែកូនត្រូវភ្ញាក់មុនពួកគាត់ និងត្រូវបម្រើ យកចិត្តទុកដាក់ជាមួយពួកគាត់ ចេះប្រើពាក្យសម្ដីគួរជាទីស្រលាញ់។
២- ជនណាជាទីគោរពរបស់ភស្ដា ដូចជាមាតាបិតា សមណព្រាហ្មណ៍យើងត្រូវធ្វើសក្ការៈគោរពសំពះបូជាបុគ្គលនោះ ស្វាគមន៍អ្នកដែលមកផ្ទះដោយការឲ្យនូវទីកន្លែងអង្គុយ និងទឹកជាដើម។
៣- ការងារជាការងារក្នុងផ្ទះស្វាមី កូនត្រូវយកចិត្តទុកដាក់ធ្វើឲ្យបានល្អជានិច្ចមិនត្រូវធ្វេសប្រហែសឡើយ កូនត្រូវឆ្លាតឈ្លាសក្នុងកិច្ចការងារ។
៤- មនុស្សខាងក្នុងរបស់ស្វាមី ដូចជាទាសៈអ្នកបម្រើ ឬកូនជាងយើងត្រូវដឹងអ្វីៗ ដែលគេធ្វើហើយ និងអ្វីដែលមិនទាន់ធ្វើ ត្រូវដឹងអាការៈឈឺ ឬ ជារបស់អ្នកទាំងនោះត្រូវចែករបស់ទទួលទានឲ្យដល់ពួកគេ តាមចំណែកដែលគេគួរទទួលបាន។
៥- ទ្រព្យអ្វីៗ ដែលស្វាមីរកបានមកជាទ្រព្យ ឬមាសប្រាក់ យើងត្រូវឃុំគ្រងការពារទ្រព្យទាំងនោះ ទាំងជាអ្នកមិនលេងល្បែងភ្នាល់ ឆក់លួច មិនជាអ្នកផឹកស្រា មិនបំផ្លាញទ្រព្យសម្បត្តិ។
បើរូបកូន បានកាន់ជាប់នូវគោលការណ៍ទាំង ៥ យ៉ាងនេះហើយ ប្រាកដជាមានសេចក្ដីសុខក្នុងគ្រួសាររបស់កូនជានិច្ចណាកូនស្រីម៉ែ ប៉ុណ្ណឹងចុះពេលនេះរូបកូនបានយល់នូវសេចក្ដីដែលបានប្រាប់ពីថ្ងៃមុន ខ្លះហើយមើលទៅ ។សូមកូនចង់ចាំថា សេចក្ដីសុខរបស់គ្រួសារកូន មិនអាចនរណាម្នាក់ធ្វើឲ្យបានឡើយ ក្រៅអំពីរូបកូនចេះយោគយល់គ្នាទៅវិញទៅមកនោះណាកូន។
ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ៥០០០ឆ្នាំ
images/articles/2174/2026-07-27_15_01_37-_New_Text_D______-_Notepad.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ៧៥,៨១០ ដង)
១- ព្រះអង្គពិតជាបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ពិតប្រាកដ។
២- មគ្គប្រកបដោយអង្គ ៨ ដែលព្រះអង្គត្រាស់ដឹងហើយមនុស្ស និងទេវតាអាចប្រកាសដោយប្រពៃ។
៣- ពួកគ្រហស្ថស្លៀកពាក់ស នឹងដល់ព្រះអង្គជាសរណៈស្មើដោយជីវិត។
៤- វណ្ណៈទាំង ៤ គឺខត្តិយៈ ព្រហ្មណ៍ វេស្សៈ និងសូទ្រៈ ទាំង៤ វណ្ណៈនេះ ចេញចាកផ្ទះមកបួសក្នុងធម៌វិន័យ ដែលព្រះអង្គទ្រង់សម្ដែងហើយធ្វើឲ្យជាក់ច្បាស់នូវវិមុត្តិដ៏ប្រសើរ។
៥- លាភសក្ការៈដែលកើតឡើងចំពោះព្រះអង្គហើយ ព្រះអង្គមិនបានជាប់ ដោយលោភសក្ការៈនោះឡើយ។
មហាបុរសទ្រង់ឃើញមហាសុបិន ៥ យ៉ាងនេះ ទ្រង់កែសុបិន ដោយព្រះអង្គឯងថា ថ្ងៃនេះយើងនឹងបានត្រាស់ដឹង ជាព្រះពុទ្ធពិតប្រាកដ ឥតមានអ្វីគួរឲ្យសង្ស័យឡើយ។ កាលអរុណរៈឡើង ក្នុងថ្ងៃ ១៥ កើត ពេញបូណ៌មី ព្រះអង្គយាងទៅគង់ក្រោមដើមអជបាលនិគ្រោធ រង់ចាំវេលា ត្រាចទៅបិណ្ឌបាត។
គ្រានោះ នាងសុជាតាជាម្ដាយយសកុលបុត្រ ដែលជាធីតារបស់លោកសេនានីកុដុម្ពី ក្នុងស្រុកសេនានិគម ត្រង់តំបន់ឧរុវេលា ធ្លាប់បានតាំងសេចក្ដីប្រាថ្នានូវត្រង់គល់និគ្រោធ(ដើមជ្រៃ)នោះ ហើយមានបំណងយកមធុបាយាសទៅសែន ទើបប្រើនាងបុណ្ណាទាសី ជាមេដោះរបស់ខ្លួនទៅសម្អាតក្រោមដើមជ្រៃនោះ។ កាលនាងបុណ្ណាទាសីទៅដល់ទីនោះបានឃើញព្រះពោធិសត្វ កំពុងគង់បែរព្រះភក្ត្រទៅទិសខាងកើត មានព្រះវរកាយរុងរឿងដោយពន្លឺ ទើបមានសេចក្ដីត្រិះរិះថា ទេវតារបស់ពួកយើង មករង់ចាំទទួលនូវពលីកម្មរបស់ពួកយើង ហើយត្រឡប់ទៅប្រាប់នាង សុជាតាតាមអ្វីដែលខ្លួនបានឃើញ។
លំដាប់នោះ នាងសុជាតាកើតសទ្ធាព្រមហើយ បានតាក់តែងនូវគ្រឿងប្រដាប់គ្រប់យ៉ាង ឲ្យមនុស្សដាក់មធុបាយាសដែលមានរសដ៏ត្រកាលក្នុងភាជនៈមាស ដែលមានតម្លៃ ១០០.០០០កហាបណៈ ហើយយកសជីមាសមកគ្របពីលើ ទូលតម្រង់ទៅគល់ដើមជ្រៃ។កាលនាងសុជាតាទៅដល់ដើមជ្រៃ ឃើញព្រះពោធិសត្វ មានពន្លឺល្អចេញពីព្រះវរកាយ ធ្វើឲ្យដើមឈើទាំងអសើ មានពណ៌ដូចជាមាសក៏មានការសម្គាល់ថាជារុក្ខទេវតា។ ពេលនោះនាងសុជាតាក៏បង្អោនមធុបាយាសទៅក្នុងព្រះហស្តព្រះពោធិសត្វហើយពោលថា យថា មម មនោរថោ និប្ផន្នោ ឯវំ តុម្ហាកម្បិ មនោរថោ និប្ផជ្ជតុ មនោរថរបស់ខ្ញុំបានសម្រេចហើយយ៉ាងណា សូម្បីលោកក៏សូមឲ្យបានសម្រេចតាមមនោរថយ៉ាងនោះដែរ គ្រាន់តែពោលយ៉ាងនេះ នាងសុជាតាក៏ជៀសចេញទៅ។
លំដាប់នោះព្រះបរមពោធិសត្វទ្រង់កាន់ភោជនៈមាស យាងទៅកាន់មាត់ស្ទឹងនេរញ្ជរា ព្រះអង្គទ្រង់ដាក់ភាជនៈមាស ត្រង់កំពុងទឹកឈ្មោះ សុប្បតិដ្ឋៈហើយនិមន្តចុះ។ កាលព្រះពោធិសត្វយាងចុះ ស្រង់ទឹករួច ហើយទ្រង់ឡើងមកវិញ យាងទៅគង់ក្រោមម្លប់ឈើមួយ ដ៏សែនត្រជាក់ គួរជាទីសប្បាយ។ ពេលនោះ ព្រះអង្គពូតមធុបាយាសជាដុំៗចំនួន ៤៩ ពំនូត ហើយទ្រង់ឆាន់មធូកបាយាសនូវត្រង់កំពង់ស្ទឹងនេរញ្ជរានោះឯង។កាលព្រះអង្គទ្រង់ឆាន់ស្រេចហើយ ទ្រង់លើកភាជន៍មាសឡើង ព្រមជាមួយនឹងការអធិដ្ឋានថា សច្ចាហំ អជ្ជ ពុទ្ធោ ភវិស្សាមិ អយំ សុវណ្ណបាតិ បដិសោតំ គច្ឆតុ ប្រសិនបើក្នុងថ្ងៃនេះ អាត្មាអញនឹងបានត្រាស់ជាព្រះពុទ្ធ សូមឲ្យភោជនៈមាសនេះ អណ្ដែតបញ្ច្រាសក្រសែទឹកហើយព្រះអង្គក៏បោះភោជន៍មាសចូលទៅក្នុងទឹកនេរញ្ជរា។ ភាជន៍មាសនោះ ក៏បានអណ្ដែតបញ្ច្រាសក្រសែទឹកមែន ហើយក៏បានលិចចុះទៅទីលំនៅរបស់កាលនាគរាជ។
គ្រានោះ ព្រះពោធិសត្វគង់សម្រាកក្នុងវេលាថ្ងៃ ក្នុងព្រៃសាលព្រឹក្សដែលគួរជាទីរីករាយមានពណ៌ខៀវស្រស់ មានក្លិនក្រអូបយ៉ាងក្រៃលែង ជិតមាត់ស្ទឹងនេរញ្ជរា ទ្រង់បំពេញព្យាយាមរហូតកើតសមាបត្តិ ៨ និង អភិញ្ញា ៦ ហើយព្រះអង្គក្រោកពីព្រៃសាលវ័ន យាងទៅតាមផ្លូវ ពួក ទេវតា នាគ និងគន្ធព្វជាដើមបាននាំគ្នាបូជាព្រះអង្គដោយផ្កាកម្រង និងគ្រឿងក្រអូប។
គ្រានោះសោត្ថិព្រហ្មណ៍ជាអ្នករកស្មៅ កាន់ស្បូវស្គា បានថ្វាយស្បូវស្គា ៨ ក្ដាប់ចំពោះព្រះអង្គ។ ព្រះពោធិសត្វទទួលយក ស្បូវស្គា ហើយស្ដេចយាងចូលទៅកាន់គល់អស្សត្ថព្រឹក្ស(ព្រះពោធិព្រឹក្ស) ដែលជាដើមឈើមានជ័យជម្នះ ដូចកំពូលភ្នំអសិតព្ជានៈបាំងរស្មីដួង ទិវាករ មានម្លប់ត្រជាក់ជាទីសប្បាយ ដូចព្រះទ័យព្រះអង្គត្រជាក់ទៅ ដោយករុណាប្រាសចាកជំនុំពួកវិហង្គផ្សេងៗ មានស្លឹកត្រសាយត្រសុំ ខ្យល់បក់មកប៉ះរវិចៗ ព្រះអង្គយាងទៅគង់ទិសទក្សិណ។ ស្ថានទីទិស ទក្សិណនោះញាប់ញ័រ ដូចជាតំណក់ទឹកនៅស្លឹកឈូក មហាបុរស ទ្រង់ត្រិះរិះថា ស្ថានទីនេះមិនអាចញ៉ាំងគុណវិសេសឲ្យកើតឡើង ដល់អាត្មាអញឡើយ ទើបយាងទៅទិសឧត្ដរ សូម្បីទិសឧត្ដរនោះក៏ញាប់ញ័រដូចគ្នា ពេលនោះព្រះអង្គយាង ទៅគង់ទិសបូព៌ ក្នុងទិសបូព៌នេះ មិនញាប់ញ័រអ្វីឡើយ។ មហាបុរសធ្ងន់ក្នុងចិត្តថា ទីនេះជាទីកម្ចាត់កិលេសពិតប្រាកដទើបទ្រង់ឈរទិសឦសានចាប់ចុងស្បូវស្គាអង្រួនដាក់លើដី។ ខណៈពេលនោះស្រាប់តែក្លាយទៅជារតនបល្ល័ង្កប្រមាណ ១៤ ហត្ថ។ ស្បូវស្គាទាំងនោះដូចគេវេញចូលគ្នាដ៏ស្អាតវិចិត្រ។ មហាបុរសគង់ពែនព្រះភ្នែនលើរតនបល្ល័ង្កនោះ ទ្រង់អធិដ្ឋានសេចក្ដីព្យាយាមមានអង្គ៤ ដោយទ្រង់ត្រិះរិះថា សាច់ ស្បែក សរសៃ ឆ្អឹង និងឈាមក្នុងរាងកាយ នឹងរីងស្ងួតទៅក៏ដោយ បើយើងមិនបានចាក់ធ្លុះនូវវត្ថុ ដែលបុគ្គលគប្បីចាក់ធ្លុះដោយកម្លាំងរបស់បុរស ដោយការព្យាយាមទ្រង់អធិដ្ឋានបន្តទៀតថា ទោះបីមហាប្រឹថពីនេះក្រឡាប់ក៏ដោយ សូម្បីមានគ្រឿងប្រហារ ១.០០០ ធ្លាក់ចុះមកក៏ដោយទោះផ្លូវក្នុងព្រៃនេះ បែកខ្ទេចខ្ទីក៏ដោយ ទោះបីជាដុំគំនរភ្នំធ្លាក់ចុះមកក៏ដោយ បើអាត្មាអញមិនទម្លុះនូវសម្មាសម្ពោធិញ្ញាណទេ អាត្មាអញនឹងមិនឈប់ព្យាយាមឡើង ហើយព្រះអង្គគង់ក្រោមគល់មហាពោធិព្រឹក្សមានព្រះភក្ត្របែរទៅទិសខាងកើត ព្រះបិដ្ឋិ(ខ្នង)ព្រះអង្គបែរទៅទិសបស្ចឹមនាដើមមហាពោធិព្រឹក្ស ដែលមានខ្នាតប្រមាណ ៥០ ហត្ថ ហាក់បីដូចជាមាស មានមែកដូចឆត្រកែវបាំងពីខាងលើបណ្ដូលពោធិ ធ្លាក់ចុះមកលើចីវរ ដែលមានពណ៌ដូចជាដុំមាស ទីនោះមានពន្លឺរុងរឿងដូចកែវ ប្រពាឡដែលគេដាក់ទុកក្នុងផែនមាស។
គ្រានោះ វសវត្តីមារអ្នកមានអំណាចលើសត្វលោកទាំងអស់ បានលះភាពជាធំលើពួកទេពរបស់ខ្លួនអស់វេលា ៦ ឆ្នាំ ប្រើចិត្តកំណត់ដឹងចិត្តរបស់មហាបុរស ដើម្បីឃ្លាំមើលមិនឃើញសេចក្ដីភ្លាំងភ្លាត់អ្វីតិចតួច ទើបគិតថាសិទ្ធត្ថនេះ មកអង្គុយក្រោមដើមពោធិ ដើម្បីត្រាស់ដឹងជាព្រះពុទ្ធត្រូវការកន្លងវិស័យរបស់យើង ពេលនេះយើងមិនឲ្យសិទ្ធត្ថនេះ កន្លងវិស័យយើងបានឡើយ។ កាលណោះ វសវត្តីមារត្រឡប់ទៅកាន់សត្តីទេវលោក ប្រជុំពលមាររបស់ខ្លួនហើយបញ្ជាថា ពួកលោកចូរនិម្មិតខ្លួនជាភេទប្លែកៗ គួរឲ្យខ្លាចកាន់អាវុធផ្សេងៗក្នុងដៃ ហើយនាំគ្នាចូលទៅរកសិទ្ធត្ថឲ្យដូច រលកហូរចូលទៅ។ ចំណែកកវសវត្តីមារខ្លួនឯង ជិះដំរីមេខលា ដែលមានកម្ពស់១៥០យោជន៍ និមិត្តដៃ ១.០០០ កាន់អាវុធនានា ហើយតម្រង់មករកព្រះពោធិសត្វ។ ចំណែកបរិស័ទរបស់ខ្លួនកាន់យកអាវុធផ្សេងៗគ្រប់ដៃមានដាវ កាំបិត ព្រួញ និងលំពែងជាដើម ពាក់ភួងពស់ យកមាត់បៀមពិស ផ្លុំភ្លើង ចេញពីមាត់ មានកាយអាក្រាត សម្បុរកខ្វក់និម្មិតភេទផ្សេងៗ ដូចជា ប្រេត មានតែគ្រោងឆ្អឹងជាដើម ធ្វើរូបប្លែកៗគួរឲ្យខ្លាចជាច្រើន ឡោមព័ទ្ធ ជុំវិញព្រះពោធិសត្វ។
កាលវសវត្តីមារចូលទៅជិតព្រះបរមពោធិសត្វយ៉ាងនេះ ទេវតាទាំងឡាយ មានសក្កទេវរាជជាដើម សូម្បីត្រឹម១អង្គដែលអាចស្ថិតនៅទីនោះមិនមានឡើយ នាំគ្នារត់ចេញទៅទីដទៃៗ។ ចំណែកសក្កទេវរាជបានយកសង្ខវិជយយុត្តដាក់ខាងក្រោយ រត់ទៅរហូតដល់មាត់ដណ្ដាប់ចក្កវាឡ។ មហាព្រហ្មកាន់ស្វេតច្ឆត្រទៅកាន់ព្រហ្មលោក។ កាលនាគរាជលះបង់ពួកនាគរបាំងទាំងឡាយ ក៏មុជចុះក្នុងផែនដីរហូតដល់ពិភពនាគដែលមានមណ្ឌប ៥០០ យោជន៍ ហើយដេកយកដៃបិទមុខ កាលណោះមានព្រះពោធិសត្វមួយអង្គឯងប៉ុណ្ណោះ មិនមានទេវតាឯណានីមួយ ស្ថិតនៅក្នុង ទីនោះឡើយដូចព្រហ្មក្នុងសុញ្ញវិមាន។
ទេវបុត្រមារនោះ ជាឱបបាតិកកំណើតជាទេវបុត្រធំក្នុងកាមាវចរ សួគ៌។ ពេលខ្លះអាចចូលសណ្ឋិត ក្នុងរាងកាយរបស់ពួកព្រហ្មបារិសជ្ជាបានមារនោះ ទើបសម្គាល់ខ្លួនថា យើងជាអ្នកធំជាងសត្វលោកទាំងពួង យើងជាអ្នកប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ព្រោះហេតុនោះ តិះដៀលព្រះអង្គថា សមណៈនេះកើតក្នុងកលលៈ ពោលគឺគ្រាប់ឈាម របស់មនុស្សស្រី ដូចជាដង្កូវកើតក្នុងសាច់ សមណៈនេះមិនដឹងប្រមាណ របស់ខ្លួនហ៊ានអង្គុយមុខអញមិនក្រោកចាកទីនេះ។
ក្នុងគ្រានោះ មារបានបណ្ដាលភ្លៀង ៩ ប្រការ ដើម្បីញ៉ាំងភ័យឲ្យកើងមានឡើង ចំពោះព្រះពោធិសត្វ។បណ្ដាលឲ្យកើតខ្យល់ព្យុះដែលមានសន្ទុះយ៉ាងខ្លាំង អាចបក់បោកដើមឈើឲ្យរលំ បក់ថ្មឲ្យប៉ើង អាចបណ្ដាលឲ្យរបើកដំបូលផ្ទះបាន តែមិនអាចធ្វើ សូម្បីត្រឹមតែជាយចីវរ ព្រះពោធិសត្វឲ្យកម្រើកបានឡើយ។បណ្ដាលឲ្យកើតធ្លាក់គ្រាប់ភ្លៀងធំៗ មកលើព្រះពោធិសត្វ តែមិនអាចធ្វើសូម្បីឲ្យទទឹកជាយចីវរ ព្រះពោធិសត្វបានឡើយ។បណ្ដាលឲ្យកើតភ្លៀងរភ្លើងថ្ម ដែលមានកម្ដៅក៏ក្ដៅធ្លាក់ចុះមកលើ ព្រះពោធិសត្វ តែរងើកភ្លើងថ្មនោះក្លាយទៅជាកម្រងផ្កាទៅវិញ។បណ្ដាលឲ្យកើតភ្លៀងអាវុធមុខមួយ អាវុធមុខពីរ មានសរ លំពែង និងដាវជាដើម ធ្លាក់ចុះពីព្ធដ៏អាកាស មកលើព្រះពោធិសត្វ តែក្លាយទៅជាភួងផ្កាម្លិះជាដើម រោយរាយធ្លាក់ចុះមកវិញ។បណ្ដាលឲ្យកើតភ្លៀងអណ្ដាតភ្លើង ធ្លាក់ចុះពីអាកាស មកលើព្រះពោធិសត្វ ស្រាប់តែក្លាយជាលម្អិតខ្លឹមចន្ទន៍ធ្លាក់ចុះមកវិញ។បណ្ដាលឲ្យកើតខ្សាច់ធ្លាក់ចុះមក ភ្លៀងខ្សាច់ក៏ក្ដៅគគុកនោះ ក៏ក្លាយទៅជាកេសរផ្កាធ្លាក់ចុះមកវិញ។បណ្ដាលឲ្យកើតភ្លៀងភក់ធ្លាក់ចុះមក ភ្លៀងភក់នោះមានកម្ដៅយ៉ាងខ្លាំងធ្លាក់ចុះមក ស្រាប់តែក្លាយទៅជាភក់មានក្លិនក្រអូបទៅវិញ។បណ្ដាលឲ្យកើតគប់ភ្លើងមានចំនួនច្រើនធ្លាក់ចុះមក កម្ទេចភ្លើង និងផ្សែងភ្លើងពាសពេញអាកាស រន្ទះបាញ់ចំនួនមួយពាន់ឮកក្រើករំពើក ញាប់ញ័រពេញអាកាសា។
កាលមារាធិរាជមិនអាចធ្វើអ្វីចំពោះព្រះពោធិសត្វបាន មានបំណងចូលទៅកាន់ព្រះសីសៈព្រះមហាបុរស ទើបចាប់ចក្រាវុធ បោះចូលទៅរកព្រះពោធិសត្វ ស្រាប់តែចក្រាវុធនោះធ្លាក់ចុះជិតព្រះបាទ ដូចជាសំពត់ជូតព្រះបាទព្រះអង្គទៅវិញ។ ព្រះពោធិសត្វសម្លឹងមើលមារ និងសេនារបស់មារដោយមេត្តាចិត្ត ប្រៀបដូចបិតាសម្លឹងមើលមុខបុត្រ។គ្រានោះព្រះពោធិសត្វពោលចំពោះមារថា ន ជានាតិ សយំ មយ្ហំ ទាសភវម្បយំ ខលោ ម្នាលមារល្ងង់អ្នកឯងមិនដឹងខ្លួនឯងជាទោសៈរបស់យើងសោះ។ អ្នកឯងជិះដំរីមេខលា មានសេនាដ៏ច្រើនមានបំណងចង់ឲ្យយើងឃ្លាតចាកទីនេះ អ្នកឯងមិនអាចធ្វើឲ្យយើងឃ្លាតចាកបល្ល័ង្កនេះបានឡើយ។ពេលនោះ វសវត្តីមារសួរព្រះពោធិសត្វថា នែ៎! សិទ្ធត្ថ ហេតុដូចម្ដេចលោកទើបមកអង្គុយលើបល្ល័ង្ករបស់យើង? ព្រះពោធិសត្វសួរអ្នកណាជាសាក្សីរបស់អ្នក? គ្រានោះ សេនាមារច្រើនសែនកោដិនាំគ្នាពោលព្រមគ្នាថាយើងជាសាក្សីៗ។ ព្រះពោធិសត្វក៏ពោលពីសាក្សីរបស់ព្រះអង្គថាៈ
បល្លង្កំ មម ភាវាយ កិមត្ថញ្ញេន សិក្ខនា
កម្បិតា មទ្ទិយា ទានា សក្ខិ ហោតិ អយំ មហិ។
បល្ល័ង្កនេះជារបស់យើង យើងនឹងអាងសាក្សីដទៃធ្វើអ្វី ផែនដីនេះធ្លាប់ញាប់ញ័រមកហើយ ព្រោះការឲ្យនាងមាទ្រី រមែងជាសាក្សីបាន។
អធិប្បាយថា ម្នាលមារមានចិត្តបាប យើងប្រាថ្នាបល្ល័ង្កនេះ ដោយជាអ្នកមិនបានឲ្យទាន មិនបានរក្សាសីល មិនបានធ្វើទុក្ករកិរិយា អស់ច្រើនប្រមាណក៏មិនទេ។ កាលយើងឲ្យទាន ៧ ដង រហូតដល់ឲ្យនាង មទ្រីទេវីជាទីចុងក្រោយក្នុងជាតិជាវេស្សន្តរ ផែនដីនេះកក្រើកញាប់ញ័រអស់ ៧ ដង។ ឥឡូវនេះ យើងអង្គុយលើអបរាជិតបល្ល័ង្ក ដើម្បីយកជ័យជម្នះ ដល់សត្វលោកទាំងអស់ ជាការតបជាមួយមារដែលមានសេនាដ៏ច្រើនយ៉ាងនេះ តើផែនដីដ៏ធំនេះ នឹងនៅស្ងៀមព្រងើយដូចម្ដេចកើត? មារឯងបានឲ្យសេនារបស់ខ្លួនជាសាក្សីកោង ឯផែនដីនេះវិញ ជាអ្នកស្មើដោយយើង និងអ្នក។ ផែនដីនេះ ទោះបីមិនមានចិត្ត ក៏អាចធ្វើជាសាក្សីរបស់យើងទាំងពីរបាន គ្រាតែព្រះបរមពោធិសត្វពោលត្រឹមប៉ុណ្ណោះ ក៏លាសណ្ដូកព្រះហស្ដចេញពីជាយចីវរចង្អុលទៅផែនដី។ខណៈនោះ ផែនដីដ៏ធំនេះក៏កក្រើករំពើកញាប់ញ័រ មានសំឡេងលាន់ឮកឹកកងពេញអាកាស ផ្គរក៏លាន់ឮឡើង ដូចជាគ្របសង្កត់ភ្នំទាំង៧។ ផ្ទៃចក្កវាឡទាំងអស់ក៏លាន់ឮឡើង ដូចជាភ្លើងឆេះព្រៃ។វសវត្តីមារស្ថិតនៅក្នុងរវាងផែនដី និងអាកាសមិនមានអ្វី ជ្រកពួនមិនមានអ្វីជាទីពឹងមិនមានអ្វីជាសរណៈ ក៏គ្រវែងអាវុធ ១.០០០ ចោល ក្នុងទីនោះ សូម្បីដំរីមេខលាក៏មិនសម្លឹងមើលបន្តិច ជៀសចេញបាត់ទៅ។
ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌
រៀបរៀងដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា
ដោយ៥០០០ឆ្នាំ
images/articles/391/te543xtpic.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០២៦ (អាន: ៣៧,២៨៤ ដង)
ការមានជីវិតរស់នៅរួមគ្នាក្នុងសង្គម តែងមានបញ្ហាកើតឡើង ជាពិសេសការប៉ះទង្កិចគ្នាដោយវាចា គឺការប្រើពាក្យសំដី ចិត្តគំនិតគិតខុសគ្នា និងការបៀតបៀនគ្នា។សង្គមដែលមានការបៀតបៀនគ្នា សង្គមនោះតែងរកសេចក្តីសុខបានដោយលំបាក។ ការបដិបត្តិខ្លួនដើម្បីអោយការរស់នៅរួមគ្នាក្នុងសង្គមទទួលបានមកនូវសេចក្តីសុខ ព្រះពុទ្ធសាសនាមានគោលធម៌ក្នុងការរស់នៅរួមគ្នាក្នុងសង្គមដូចខាងក្រោមនេះគឺ សង្គហវត្ថុ ៤ (Means of assistance) គឺវត្ថុសំរាប់ជួយសង្គ្រោះគ្នាទៅវិញទៅមក តាមសមគួរ និងលទ្ធភាព មិនថារស់នៅទីណានោះទេ សង្គមមនុស្ស មាននាទីក្នុងការបំពេញនិង បដិបត្តិដូចជាៈ
១.ទាន (Material donation) គឺការបែងចែកទ្រព្យសម្បត្តិធនធាន និងចំណេះដឹងរបស់ខ្លួនអោយដល់អ្នកដទៃ ដែលកំពុងខ្វះខាតដូចជា នៅពេលមានអគ្គីភ័យបាតុភូតធម្មជាតិកើតឡើង គិតមិនចេញ មិនមានគំនិតមិនមានចំណេះដឹងជាដើម។មនុស្សនៅក្នុងសង្គមតែងមានការអោយមិនអាចអត់បានទេ ទោះបីអ្នកមានឬអ្នកក្រក៏ដោយចាំបាច់ណាស់ តែការអោយខុសៗពីគ្នាបុណ្ណោះ ដូចជាអ្នកខ្លះអោយតិចអ្នកខ្លះអោយច្រើន មិនសំដៅត្រឹមតែនៅពេលមាន អគ្គីភ័យ បាតុភូតធម្មជាតិនោះទេ សម្បីការរស់នៅជាមួយគ្នាជាប្តីជាប្រពន្ធនិងបុត្តធីតាក៏មានការអោយដែររហូតដល់សង្គមទាំងមូល។
២.បិយវជ្ជំ (Verbal advice or kindly speech) ការពោលវាចា ពិរោះពិសារ ពាក្យសុភាព ផ្អែមល្ហែមទៅកាន់បុគ្គលដទៃ ដែលកំពុងជួប នូវ សេចក្តីទុក្ខ មានការ បាត់បង់បុគ្គលជាទីស្រឡាញ់ ជាដើម។ បុគ្គលគ្រប់រូប នៅពេលមាន សេចក្តីទុក្ខ រមែងបាត់បង់ស្មារតីតែនៅពេលទទួលពាក្យពិរោះពីអ្នកដទៃ រមែងរំសាយ សេចក្តីទុក្ខនោះបាន ។អស់លោកមិត្រអ្នកអានដឹងហើយថាពាក្យពីរោះពិសារ គ្រប់សង្គមមនុស្សតែងតែស្រឡាញ់ចង់បាននិងត្រូវការគ្រប់ក្រុមគ្រួសារ ព្រមទាំងមនុស្សក្នុងស្ថាប័នជាតិនិងអន្តរជាតិ ជួយសង្គ្រោះគ្នាដោយពាក្យសំដី។
៣.អត្ថចរិយា (Giving a helping hand or benefaction) ការប្រព្រឹត្តជាប្រយោជន៍ ជួយកិច្ចការងារ គឺការធ្វើនូវអំពើមានប្រយាជន៍សំរាប់ខ្លួនឯងផងសំរាប់អ្នកដទៃផង ដូចជាការសិក្សារៀនសូត្រ ផ្លូវលោកផ្លូវធម៌ រមែងធ្វើប្រយោជន៍សំរាប់គ្រួសារ សង្គម និងប្រទេសជាតិទាំងមូល។ ការប្រព្រឹត្តជាប្រយោជន៍វាបង្ហាញនូវតម្លៃរបស់មនុស្សនិងជាគំរូដ៏ល្អដល់អ្នកដទៃ។
៤.សមានត្តតា (Equality) ភាពជាបុគ្គលមានខ្លួនស្មោះស្មើមិនយកប្រៀបលើគ្នា ជួយគ្នាដោះស្រាយបញ្ហាដែលកើតឡើង ថែមទាំងមិនប្រកាន់ខ្លួន មិនលើកតំកើងខ្លួនឯង មិនមានមានៈ និងទិដ្ឋិ មើលងាយអ្នកដទៃថាអ្នកនេះមិនបានស្មើខ្លួនមិនសមឱ្យខ្លួនទៅសេពគប់ ថាអញជាអ្នកមានយសសក្តិធំ មិនគួរទៅនិយាយរកចំពោះអ្នកមានយសសក្តិតូចៗ ថាអញជាអ្នកចេះ មិនគួរទៅនិយាយជាមួយអ្នកល្ងង់ជាដើម ។បើនៅក្នុងប្រទេសទាំងមូល ប្រជាពលរដ្ឋមានសង្គហវត្ថុ គ្រប់ៗគ្នានោះពិតជាធ្វើឱ្យប្រទេសទាំងមូលមានសុខ សន្តិភាព។ សង្គហវត្ថុនេះ កើតពីសេចក្តីមេត្តា(loving kindness) ករុណា (compassion) របស់មនុស្សទាំងឡាយ។
សារាណីយធម៌ ៦គុណធម៌សម្រាប់ការរស់នៅរួមគ្នា គោលសម្របសម្រួល (Conditions leading to mutual recollection) នឹករលឹករកគ្នាហើយនឹងគិតដល់គ្នាគឺៈ
1.មេត្តាកាយកម្ម (Friendly action)អំពើដែលធ្វើដោយកាយប្រកបដោយមេត្តាគឺការសម្តែងកិរិយាសុភាពរាបសា គោរពរាប់អានគ្នា ដូចជា សំពះ ចាប់ដៃគ្នា ទឹកមុខញញឹម ជួយហុចនេះហុចនោះ រៀបចំទុកដាក់របស់របរជាដើម។
2. មេត្តាវចីកម្ម (Friendly speech) ជួយប្រាប់អ្វីដែលជាប្រយោជន៍ ដាស់តឿនក្រើនរំលឹកដោយបំណងល្អ ពោលវាចាសុភាពរាបសា សម្តែងសេចក្តី គោរពរាប់អានគ្នាពាក្យសំដីរីករាយរាក់ទាក់ទន់ភ្លន់ មិនទន់ជ្រាយ។
3.មេត្តាមនោកម្ម (Friendly thoughts) ផ្គងចិត្តគិតល្អ គឺ គិតអ្វីដែលជាប្រយោជន៍ដល់គ្នាទៅវិញទៅមក នឹកគិតរកគ្នាដោយសុទិដ្ឋិនិយម គិតក្នុងគោលបំណងរកវិធីសាស្ត្រល្អៗក្នុងនាមជាមនុស្សរស់នៅក្នុងសង្គមរួមគ្នា។
4. សាធារណភោគិតា ឬ អប្បដិវត្តភោគី (Sharing of gains) កាលបើបានវត្ថុណានីមួយមកដោយសុចរិត ទោះតិចតួចក្តីក៏យកមកចែករំលែកគ្នាបរិភោគតាមលទ្ធភាពនិងតាមសមគួរដល់កាលនិងបុគ្គល មិនហួងហែងទុកតែម្នាក់ឯង។
5. សីលសាមញ្ញតា (Equality in moral conduct) មានកិរិយាប្រព្រឹត្តសុចរិតត្រឹមត្រូវ គោរពច្បាប់ គោរពវិន័យស្មើគ្នាតាមនាទីដែលមានគោរពសិទ្ធិសេរីភាពគ្នាទៅវិញទៅមកដូចគ្នា មានសីលធម៌ប្រចាំជីវិតដូចគ្នា។
6. ទិដ្ឋិសាមញ្ញតា (Equality in view; unity in view) មានគំហើញត្រូវដូចគ្នាដែលជាគោលការណ៍ដ៏សំខាន់មានឆន្ទៈនិងឧត្តមគតិឆ្ពោះទៅរកការរំលត់ទុក្ខ ឬដោះស្រាយបញ្ហាដោយការយល់ឃើញដូចគ្នានិងស្របគ្នាពិតជានាំមកនូវសេចក្តីសុខ។
ដោយ ភិក្ខុ បាលីយុត្ត កល្យាណបាលិតោ
ដោយ៥០០០ឆ្នាំ
images/articles/421/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០២៦ (អាន: ៥៣,៦៥៦ ដង)
មន្ទិលមាន ៨ ប្រការ គឺ
១. មន្តទាំងឡាយ មានការមិនស្វាធ្យាយ ជាមន្ទិល
២. ផ្ទះទាំងឡាយ មានការមិនថែទាំជាមន្ទិល
៣. ការខ្ជិលច្រអូស ជាមន្ទិលនៃសម្បុរសរីរៈ
៤. ការប្រហែសធ្វេស ជាមន្ទិលនៃអ្នករក្សា
៥. ការប្រព្រឹត្តអាក្រក់ ( ចំពោះប្តី ) ជាមន្ទិលរបស់ស្ត្រី
៦. សេចក្តីកំណាញ់ ជាមន្ទិលរបស់អ្នកឲ្យ
៧. អកុសលធម៌ដ៏លាមក ជាមន្ទិលក្នុងលោកនេះ និងលោកខាងមុខ
៨. អវិជ្ជា ជាមន្ទិលក្រៃលែង ជាងមន្ទិលទាំងនោះទៀត
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា៖
អសជ្ឈាយមលា មន្តា អនុដ្ឋានមលា ឃរា
មលំ វណ្ណស្ស កោសជ្ជំ បមាទោ រក្ខតោ មលំ ។
មលិត្ថិយា ទុច្ចរិតំ មច្ឆេរំ ទទតោ មលំ
មលា វេ បាបកា ធម្មា អស្មឹ លោកេ បរម្ហិ ច
តតោ មលា មលតរំ អវិជ្ជា បរមំ មលំ ។
មន្តទាំងឡាយ មានការមិនស្វាធ្យាយ ជាមន្ទិល ផ្ទះទាំងឡាយមានការមិនថែទាំ ជាមន្ទិល ការខ្ជិលច្រអូស ជាមន្ទិលនៃពណ៌សម្បុរ ការប្រហែសធ្វេស ជាមន្ទិលនៃអ្នករក្សា ការប្រព្រឹត្តអាក្រក់ ( ចំពោះប្តី ) ជាមន្ទិលរបស់ស្ត្រី សេចក្តីកំណាញ់ ជាមន្ទិលរបស់អ្នកឲ្យ អកុសលធម៌ដ៏លាមក ជាមន្ទិលក្នុងលោកនេះ និងលោកខាងមុខ មន្ទិលដ៏លើសជាងមន្ទិលទាំងនោះ គឺអវិជ្ជា ជាមន្ទិលយ៉ាងក្រៃលែង ។ ( សុត្តន្តបិដក អង្គុត្តនិកាយ អដ្ឋកនិបាត និងគាថាធម្មបទ )
ដោយ ៥០០០ឆ្នាំ
images/articles/278/unn333amed.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០២៦ (អាន: ៥៨,៣៣៣ ដង)
១.សេពគប់ជាមួយសប្បុរស សប្បុរសជាមនុស្សស្ងប់ ប្រព្រឹត្តសុចរិតដោយកាយ វាចា ចិត្ត ជាអ្នកគោរពច្បាប់ មានភូមិធម៌ មានភូមិបញ្ញា គួរដល់ការគោរពរាប់អាន។មនុស្សដែលមិនរឹងត្អឹង មិនចចេសមុខរឹង បានជ្រើសរើសយកសប្បុរសជាកល្យាណមិត្ត សេពគប់ជិតដិត ។ មនុស្សមិនរឹងត្អឹងមានបំណងកសាងខ្លួនឲ្យបានជាមនុស្សល្អ រមែងស្វែងរកនូវសប្បុរសសម្រាប់រំលឹកដាស់តឿនខ្លួនរកទីប្រឹក្សាល្អ មិត្តល្អ សៀវភៅល្អ រហូតដល់បរិយាកាសសង្គមជុំវិញខ្លួនក៏ល្អទៀតផង ដើម្បីជាឧបការៈឲ្យមានបញ្ញាស្មារតី ។
២.ស្តាប់ធម៌របស់សប្បុរស ការសេពគប់ជាមួយសប្បុរសដើម្បីឲ្យបាននូវប្រយោជន៍ គឺត្រូវស្តាប់នូវព្រះធម៌ដោយការយកចិត្តទុកដាក់ ស្តាប់ក្រេបយកនូវអត្ថរសអំពីន័យសំខាន់ៗ ជាគ្រឿងដាស់ស្មារតីខ្លួនឲ្យភ្ញាក់រលឹក ទាំងស្តាប់អំពីបុគ្គលផ្ទាល់ ទាំងអានសៀវភៅ តាំងចិត្តរៀន ស្រាវជ្រាវសន្ទនាសាកសួរ ធ្វើឲ្យមានការចេះដឹងពិតប្រាកដ ។
៣.ធ្វើទុក្ខក្នុងចិត្តដោយឧបាយត្រូវទំនង បានឃើញបានឮ បានអាន បានស្តាប់ រួចហើយក៏ចេះគិតពិចារណាដោយខ្លួនឯង វែកញែករកហេតុផលថា នុ៎ះគឺអ្វី កើតឡើងបានយ៉ាងណា ដូចម្តេចបានជាយ៉ាងហ្នឹង តើហេតុផលនេះវាសមគ្នាដែរឬទេ ដូចនេះជាដើម ។
៤.បដិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ គឺបដិបត្តិត្រឹមត្រូវតាមគោលរបស់ព្រះធម៌ នាំយកធម៌ដែលបានស្តាប់បានរៀន និងបានត្រិះរិះឃើញច្បាស់ហើយ មកបដិបត្តិកម្ចាត់ភាពសៅហ្មងក្នុងសន្តាន។ ការបដិបត្តិជាការងារនាំមកនូវផល ដែលផលរមែងសមស្របទៅតាមការងារជាហេតុដោយពិត។
នេះគឺជាធម៌ដែលនាំឲ្យមានសេចក្តីចម្រើន ៤ ប្រការ (វុឌ្ឍិធម៌)
(អង្គុត្តរនិកាយ ចតុក្កនិបាត)
ពរ ៤ប្រការ
ដោយ៥០០០ឆ្នាំ
images/articles/389/2020-07-21_16_54_31-buddha_and_monk_painting_-_Google_Search.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០២៦ (អាន: ៥២,៩១៤ ដង)
បគ្គហោ សេចក្តីព្យាយាម [ បានដល់ សម្មាវាយាមៈ ]
អវិក្ខេបោ សេចក្តីមិនរាយមាយ [ បានដល់ សម្មាសមាធិ ]
អធិប្បាយ
បគ្គាហៈ ( បគ្គហៈ ) ក៏គឺសេចក្តីព្យាយាម ។ អវិក្ខេបៈ ក៏គឺការដែលមានចិត្តនឹងនរ ។
***បន្ទាប់ពីនោះ ធម៌ពួក ២ ទាំង ៦ គូ នេះ គឺ សតិ និងសម្បជញ្ញៈ ១ បដិសង្ខានពលៈ និងភាវនាពលៈ ១ សតិពលៈ និងសមាធិពលៈ ១ សមថៈ និងវិបស្សនា ១ សមថនិមិត្ត និងបគ្គាហនិមិត្ត ១ បគ្គាហៈ និងអវិក្ខេបៈ ១ ព្រះថេរៈបានពោលធម៌ទាំងលោកិយ និងលោកុត្តរលាយគ្នា គឺ សីលសម្បទា និងទិដ្ឋិសម្បទា មួយគូៗ ។
ដោយ៥០០០ឆ្នាំ
images/articles/412/2020-07-22_08_26_11-buddhist_couples_-_Google_Search.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០២៦ (អាន: ៦១,៦៦២ ដង)
ជួយខ្លួនឯងដោយខ្លួនឯង
នៅក្នុងជីវិតមនុស្សយើងនេះ នរណាជាសត្រូវក៏ដោយ ក៏មិនកាចអាក្រក់ឲ្យដូចជាខ្លួនឯងធ្វើជា សត្រូវនឹងខ្លួនឯងទេ។ អ្នកដទៃជាសត្រូវអាចមានផ្លូវនឹងគេចចៀសបាន ខ្លួនឯងត្រូវរត់គេចយ៉ាង ណា មានញាតិមិត្តជួយការពារផង ពឹងពាក់អាជ្ញាធរផង ក៏ល្មមផុតភ័យទៅបាន ទោះបីថាសត្រូវ នោះមកបៀតបៀនប្រទូសរ៉ាយបានយ៉ាងណាអស់ខ្លាំងត្រឹមស្លាប់ប៉ុណ្ណោះ បើយើងជាមនុស្ស ប្រព្រឹត្តល្អ ស្លាប់ហើយមិនបានទៅអបាយភូមិឡើយ។ ប៉ុន្តែ បើយើងជាសត្រូវនឹងខ្លួនឯង ដោយការប្រព្រឹត្តលះបង់អំពើល្អចោលដោយខ្លួនឯងហើយ គឺមិនមាននរណាអាចជួយបានឡើយ។ មានទំនងដូចគ្នាដែរក្នុងការដែលមានអ្នកដទៃទំនុកបម្រុង ជួយធ្វើអ្វីៗឲ្យយើង គឺមិនដូចជាយើង ធ្វើដោយខ្លួនឯងទេ ។ ឪពុកម្តាយ ញាតិមិត្តបងប្អូន លោកគ្រូអាចារ្យបានត្រឹមតែទូន្មាន ប្រៀន ប្រដៅអប់រំ ណែនាំប៉ុណ្ណោះ ចំណែកការចុះដៃធ្វើ ជារឿងរបស់យើង។ គុណធម៌ សេចក្តីល្អក្នុងខ្លួន មនុស្សយើងត្រូវសាងដោយខ្លួនឯង ក្នុងលោកនេះ មិនមានព្រះណា អាចសាងឲ្យបានឡើយ ។
អត់ធន់សិក្សានូវការពិត
មនុស្សយើងដែលរស់នៅរួមគ្នាក្នុងសង្គម ត្រូវអប់រំចម្រើនខន្តី ព្រោះមនុស្សមានចិត្តមិនស្មើគ្នា ឧបនិស្ស័យមិនដូចគ្នា។ មនុស្សពួកខ្លះក្រាស់ដោយកិលេស ពួកខ្លះកិលេសស្រាលស្តើង ពួកខ្លះសុភាពរាបសា ឯពួកខ្លះទៀតកោងកាចខ្លាំងក្លាព្រហើនព្រៃផ្សៃ….។ សភាពរបស់មនុស្សក្នុងសង្គម មានការពិតជាក់ស្តែងយ៉ាងណាៗ រមែងប្រាកដគួរដល់ការ សិក្សា ត្រូវចាំថា «យើងកើតមកបានជួបនឹងព្រះពុទ្ធសាសនា មានប្រយោជន៍ក្នុងការសិក្សា នូវការពិត ដែលការពិតនោះមានក្នុងជីវិតខ្លួនឯង ជីវិតអ្នកដទៃ និងក្នុងធម្មជាតិទាំងពួង»។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងថា «អំណត់គឺសេចក្តីអត់ធន់ ជាតបធម៌ (តបៈ = ដុតនូវ អកុសលធម៌) ដ៏ឧត្តម» ដូច្នេះពុទ្ធបរិស័ទត្រូវចេះអត់ធន់ ដើម្បីសេចក្តីសុខត្រជាក់ក្នុងចិត្ត របស់ខ្លួនឯងផង ដើម្បីមិនក្តៅក្រហាយដល់អ្នកដទៃផង ជាពិសេសដើម្បីមិនឈ្លោះគ្នា។ សូមអនុមោទនា!
មនុស្សប្រសើរជាងសត្វព្រោះគុណធម៌
គ្រប់សត្វមានជីវិត សុទ្ធតែមានចិត្តជាប្រធាន មានចិត្តជាធំ។ មនុស្សមានវិធីអប់រំចិត្ត តែសត្វ តិរច្ឆានមិនមានឡើយ ដូច្នេះជីវិតមនុស្ស និងជីវិតសត្វតិរច្ឆានទើបផ្សេងគ្នា ពោលគឺមនុស្ស បានប្រសើរត្រង់មានការចម្រើនផ្លូវចិត្ត ចម្រើនគុណធម៌ អប់រំរឿយៗ ។
តម្លៃមនុស្ស
សាច់សត្វតិរច្ឆានមានតម្លៃ ប៉ុន្តែសាច់មនុស្សគ្មានអ្នកណាគេទិញទេ មនុស្សមានតម្លៃនៅត្រង់ ការប្រព្រឹត្តល្អទេតើ។
សទ្ធានិងបញ្ញាជាគូគុណធម៌
ជំនឿជាមួយនឹងការឆ្លាតវៃ គឺត្រូវតែស្មើគ្នា។ មនុស្សដែលមានការជឿច្រើន តែបញ្ញាតិច ទន់ ខ្សោយក្នុងការសិក្សា រមែងចេះតែជឿ សូម្បីក្នុងរឿងដែលមិនគួរជឿ ឬចេះតែជឿដោយប្រាស ចាកហេតុផល ។ ចំណែកមនុស្សដែលឆ្លាតពេកទៅ ប៉ុន្តែខ្សោយសទ្ធា រមែងមិនជឿសូម្បីតែព្រះពុទ្ធសាសនា ជាមនុស្សតម្កើងខ្លួន រួចហើយក៏ធ្លាក់ចុះក្នុងផ្លូវនៃការយល់ខុស។ ព្រោះហេតុដូច្នេះ អ្នកដែលមានបញ្ញាតិច ត្រូវព្យាយាមសិក្សា ពិចារណាការពិត ស្រាវជ្រាវរក ហេតុរកផល ឧស្សាហ៍ស្តាប់ធម៌ ឆ្ងល់ហើយសាកសួរ។ ឯអ្នកដែលមានសទ្ធាទន់ខ្សោយ ដឹងខ្លួនថាមិនជឿក្នុងព្រះពុទ្ធសាសនា ជឿតែវិទ្យាសាស្ត្រនោះ ត្រូវពិចារណាកិលេសក្នុងខ្លួន ដូចជាលោភៈ ទោសៈ មោហៈ ទិដ្ឋិ មានះ កំណាញ់ និងច្រណែន ជាដើម។ គប្បីជ្រាបថា កិលេសទាំងនេះនៅមានព្រោះនៅល្ងង់ គឺគប្បីពិចារណាគុណព្រះសម្មាសម្ពុទ្ធឲ្យបានរឿយៗ៕
ដោយ៥០០០ឆ្នាំ
images/articles/805/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០២៦ (អាន: ៩៣,៤៨៧ ដង)
រឿងមល្លិកាបញ្ហា
(ចាក អ. ច.)
(ហេតុដែលនាំឲ្យមនុស្សមានរូបអាក្រក់ ល្អ មាន ក្រ ក្នុងលោក)
សម័យមួយព្រះសម្ពុទ្ធ គង់ក្នុងវត្តជេតពន ជិតក្រុងសាវត្ថី ។ ពេលនោះនាងមល្លិកាទេវី ជាអគ្គមហេសីព្រះបាទ បសេនទិកោសល បានចូលទៅគាល់ព្រះមានព្រះភាគ ក្រាបបង្គំទួលសួរប្រស្នា ៤ ខ ចំពោះព្រះអង្គថា ៖
១- បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុបច្ច័យ ដែលនាំឲ្យស្រ្តីខ្លះក្នុងលោកនេះ មានសម្បុរអាក្រក់ផង មានរូបរាងអាក្រក់ផង ក្រខ្សត់ផង មានស័ក្កិតូចផង ?
ព្រះសម្ពុទ្ធសំដែងថា ម្នាលនាងមល្លិកា ! ស្រ្តីនោះជាអ្នកក្រោធខឹងច្រើន មានចិត្តចង្អៀតចង្អល់ គេនិយាយប៉ះពាល់បន្តិចបន្តួច ក៏ចងចិត្តខឹងព្យាបាទ មានៈ រឹងរូស ក្រញែងក្រញូវ មិនដែលធ្វើទាន មិនមានឲ្យបាយ ទឹក សំពត់ យានជំនិះ ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីស្នាក់ និងគ្រឿងប្រទីបចំពោះសមណៈព្រាហ្មណ៍ផង ជាអ្នកមានចិត្តឬស្សា ច្រណែនប្រទូសចំពោះលាភសក្ការៈ សេចក្តីគោរពរាប់អាន សំពះបូជារបស់ជនទាំងឡាយដ៏ទៃផង ទើបស្ត្រីនោះមានរូបអាក្រក់ផង ក្រខ្សត់ផងមានស័ក្កិតូចផង ។
បញ្ហានេះមានន័យថា ទូទៅទាំងបុរសស្រ្តីគឺ ការគ្រោធខឹង ជាហេតុឲ្យមានរូបកាយ ពណ៍សម្បុរអាក្រក់ ការមិនធ្វើទាន ជាហេតុឲ្យក្រខ្សត់ភោគទ្រព្យ ការច្រណែនឬស្សាប្រទូស ចំពោះលាភសក្ការៈអ្នកដ៏ទៃ គឺមានចិត្តអាក្រក់មិនចង់ឲ្យអ្នកដ៏ទៃគ្រាន់បើជាងខ្លួន ជាហេតុឲ្យមានស័ក្កិតូច ត្រកូលថោកទាប ។
២- បព្រិតព្រះដ៏មានចម្រើន អ្វីជាហេតុបច្ច័យ ដែលនាំឲ្យស្ត្រីខ្លះក្នុងលោកនេះមានសម្បុរអាក្រក់ មានរូបអាក្រក់ តែជាអ្នកមានស្តុកស្តម្ភ មានទ្រព្យច្រើនផង មានស័ក្កិធំផង ?
ព្រះសម្ពុទ្ធសម្តែងថា ម្នាលនាងមល្លិកា ! ស្រី្តនោះជាអ្នកក្រោធខឹងច្រើន មានៈ រឹងរូស រអ៊ួរទាំឡូឡា តែជាអ្នកធ្លាប់ធ្វើទាន មានឲ្យបាយទឹកជាដើម ចំពោះសមណព្រាហ្មណ៏ផង ជាអ្នកមិនមានចិត្តច្រណែនឬស្សា ចំពោះអ្នកដ៏ទៃ ទើបស្ត្រីនោះមានរូបអាក្រក់ ប៉ុន្តែមានទ្រព្យសម្បត្តិ និងមានស័ក្កិធំផង ។
៣- បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុបច្ច័យដែលនាំឲ្យស្ត្រីខ្លះក្នុងលោកនេះ មានរូបល្អគួរឲ្យចង់មើល ចង់ឃើញផង ជាងអ្នកប្រកបដោយសម្បុរល្អ និងទ្រង់ទ្រាយដ៏ឧត្តមផង គួរជាទីជ្រះថ្លាផង ជាអ្នកក្រខ្សត់មានស័ក្កិតូច ?
ព្រះសម្ពុទ្ធសម្តែងថា ម្នាលនាងមល្លិកា ! ស្ត្រីនោះជាអ្នកមិនក្រោធ មិនមានចិត្តច្រើន ទុកជាគេនិយាយប៉ះពាល់ ក៏មិនខឹង មិនព្យាបាទ មិនបញ្ចេញសេចក្តីក្រោធឲ្យច្បាស់ នៅតែមានភាពស្រស់បស់ដដែល ប៉ុន្តែជាស្រ្តីមិនដែលធ្វើទាន មិនមានឲ្យបាយ ទឹកជាដើម ចំពោះសមណៈព្រាហ្មណ៏ផង ជាស្ត្រីមានចិត្តច្រណែនឬស្សាចំពោះអ្នកដទៃផង ទើបស្រ្តីនោះមានរូបល្អ សម្បុរល្អ ប៉ុន្តែក្រខ្សត់ មានស័ក្កិតូច ។
៤- បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុបច្ច័យដែលនាំឲ្យស្រ្តីខ្លះក្នុងលោកនេះ ជាអ្នកមានរូបល្អផង គួរជាទីពិតពិលរមិលមើលផង គួរជាទីជ្រះថ្លាផង ប្រកបដោយពណ៏សម្បុរ និងទ្រង់ទ្រាយដ៏ឧត្តមផង ជាអ្នកមានស្តុកស្តម្ភផង មានទ្រព្យច្រើនផង មានស័ក្កិធំផង ។
ព្រះសម្ពុទ្ធសម្តែងថា ម្នាលនាងមល្លិកា ! ស្រ្តីនោះជាអ្នកមិនក្រោធខឹង ទោះជាគេនិយាយប៉ះពាល់ក៏មិនខឹង មិនព្យាបាទ មិនបញ្ចេញសេចក្តីក្រោធខឹងច្បាស់ នៅមានទឹកមុខស្រស់ញញឹម ជាស្រ្តីធ្លាប់ធ្វើទាន មានឲ្យបាយទឹកជាដើម មិនមានសេចក្តីច្រណែនឬស្សាប្រទូស ចំពោះលាភសក្ការៈអ្នកដ៏ទៃ ទើបស្រ្តីនោះមានរូបល្អ មានសម្បុរល្អ មានទ្រទ្រាយដ៏ឧត្តម គួរឲ្យចង់មើលចងឃើញ ជាអ្នកមានទ្រព្យស្តុកស្តម្ភ មានស័ក្កិធំ ។
លុះចប់ប្រស្នាទាំង៤ ខ នេះហើយ ព្រះនាងមល្លិកាទេវី ក្រាបបង្គំទូលព្រះសម្ពុទ្ធថា បពិត្រព្រះអង្គដ៏ចម្រើន ពីជាតិមុនខ្ញុំព្រះអង្គមានរូបអាក្រក់ មានសម្បុរអាក្រក់ ប៉ុន្តែក្នុងជាតិមុន ខ្ញុំព្រះអង្គបានធ្វើទានផង មិនមានចិត្តច្រណែនឬស្សាអ្នកដ៏ទៃផង ទើបជាតិនេះខ្ញុំព្រះអង្គមានភោគទ្រព្យស្តុកស្តម្ភ មានស័ក្កិធំ ជាអធិបតីលើខក្តីយកញ្ញាខ្លះ ព្រាហ្មណកញ្ញាខ្លះ គហបតិកញ្ញាខ្លះ ដែលមានចំនួនច្រើនក្នុងរាជត្រកូលនេះ ។
បពិត្រព្រះអង្គដ៏ចម្រើន ចាប់តាំងពីថ្ងៃនេះទៅ ខ្ញុំព្រះអង្គមិនក្រោធខឹង ខំអត់សង្កត់ចិត្តនូវសេចក្តីក្រោធខឹង ខំធ្វើទានឲ្យបានច្រើនផង មិនឲ្យសេចក្តីច្រណែនឬស្សាចំពោះអ្នកដ៏ទៃ កើតឡើងបានទេ ។
បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានយល់ភ្លឺច្បាស់ណាស់ អស់សង្ស័យចំពោះរឿងនេះទៀតហើយ សូមព្រះមានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គថាជាឧបាសិកា អ្នកដល់នូវសរណៈ ស្មើដោយជីវិតតាំងអំពីថ្ងៃនេះតរៀងទៅ ។
អត្ថបទនេះវាយបញ្ចូលដោយ កញ្ញា ហេង សំដាណែត
ដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតិ ។
ដោយ៥០០០ឆ្នាំ