អានអត្ថបទ
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ៧១,៨៩១ ដង)
អត្ថន័យមហាសុបិន

|
អត្ថន័យមហាសុបិន
១- ព្រះអង្គពិតជាបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ពិតប្រាកដ។ ២- មគ្គប្រកបដោយអង្គ ៨ ដែលព្រះអង្គត្រាស់ដឹងហើយមនុស្ស និងទេវតាអាចប្រកាសដោយប្រពៃ។ ៣- ពួកគ្រហស្ថស្លៀកពាក់ស នឹងដល់ព្រះអង្គជាសរណៈស្មើដោយជីវិត។ ៤- វណ្ណៈទាំង ៤ គឺខត្តិយៈ ព្រហ្មណ៍ វេស្សៈ និងសូទ្រៈ ទាំង៤ វណ្ណៈនេះ ចេញចាកផ្ទះមកបួសក្នុងធម៌វិន័យ ដែលព្រះអង្គទ្រង់សម្ដែង ហើយធ្វើឲ្យជាក់ច្បាស់នូវវិមុត្តិដ៏ប្រសើរ។ ៥- លាភសក្ការៈដែលកើតឡើងចំពោះព្រះអង្គហើយ ព្រះអង្គមិនបានជាប់ ដោយលោភសក្ការៈនោះឡើយ។ មហាបុរសទ្រង់ឃើញមហាសុបិន ៥ យ៉ាងនេះ ទ្រង់កែសុបិន ដោយព្រះអង្គឯងថា ថ្ងៃនេះយើងនឹងបានត្រាស់ដឹង ជាព្រះពុទ្ធពិតប្រាកដ ឥតមានអ្វីគួរឲ្យសង្ស័យឡើយ។ កាលអរុណរៈឡើង ក្នុងថ្ងៃ ១៥ កើត ពេញបូណ៌មី ព្រះអង្គយាងទៅគង់ក្រោមដើមអជបាលនិគ្រោធ រង់ចាំវេលា ត្រាចទៅបិណ្ឌបាត។ គ្រានោះ នាងសុជាតាជាម្ដាយយសកុលបុត្រ ដែលជាធីតារបស់លោកសេនានីកុដុម្ពី ក្នុងស្រុកសេនានិគម ត្រង់តំបន់ឧរុវេលា ធ្លាប់បានតាំងសេចក្ដីប្រាថ្នានូវត្រង់គល់និគ្រោធ(ដើមជ្រៃ)នោះ ហើយមានបំណងយកមធុបាយាសទៅសែន ទើបប្រើនាងបុណ្ណាទាសី ជាមេដោះរបស់ខ្លួនទៅសម្អាតក្រោមដើមជ្រៃនោះ។ កាលនាងបុណ្ណាទាសីទៅដល់ទីនោះបានឃើញព្រះពោធិសត្វ កំពុងគង់បែរព្រះភក្ត្រទៅទិសខាងកើត មានព្រះវរកាយរុងរឿងដោយពន្លឺ ទើបមានសេចក្ដីត្រិះរិះថា ទេវតារបស់ពួកយើង មករង់ចាំទទួលនូវពលីកម្មរបស់ពួកយើង ហើយត្រឡប់ទៅប្រាប់នាង សុជាតាតាមអ្វីដែលខ្លួនបានឃើញ។ លំដាប់នោះ នាងសុជាតាកើតសទ្ធាព្រមហើយ បានតាក់តែងនូវគ្រឿងប្រដាប់គ្រប់យ៉ាង ឲ្យមនុស្សដាក់មធុបាយាសដែលមានរសដ៏ត្រកាលក្នុងភាជនៈមាស ដែលមានតម្លៃ ១០០.០០០កហាបណៈ ហើយយកសជីមាសមកគ្របពីលើ ទូលតម្រង់ទៅគល់ដើមជ្រៃ។ កាលនាងសុជាតាទៅដល់ដើមជ្រៃ ឃើញព្រះពោធិសត្វ មានពន្លឺល្អចេញពីព្រះវរកាយ ធ្វើឲ្យដើមឈើទាំងអសើ មានពណ៌ដូចជាមាសក៏មានការសម្គាល់ថាជារុក្ខទេវតា។ ពេលនោះនាងសុជាតាក៏បង្អោនមធុបាយាសទៅក្នុងព្រះហស្តព្រះពោធិសត្វហើយពោលថា យថា មម មនោរថោ និប្ផន្នោ ឯវំ តុម្ហាកម្បិ មនោរថោ និប្ផជ្ជតុ មនោរថរបស់ខ្ញុំបានសម្រេចហើយយ៉ាងណា សូម្បីលោកក៏សូមឲ្យបានសម្រេចតាមមនោរថយ៉ាងនោះដែរ គ្រាន់តែពោលយ៉ាងនេះ នាងសុជាតាក៏ជៀសចេញទៅ។ លំដាប់នោះព្រះបរមពោធិសត្វទ្រង់កាន់ភោជនៈមាស យាងទៅកាន់មាត់ស្ទឹងនេរញ្ជរា ព្រះអង្គទ្រង់ដាក់ភាជនៈមាស ត្រង់កំពុងទឹកឈ្មោះ សុប្បតិដ្ឋៈហើយនិមន្តចុះ។ កាលព្រះពោធិសត្វយាងចុះ ស្រង់ទឹករួច ហើយទ្រង់ឡើងមកវិញ យាងទៅគង់ក្រោមម្លប់ឈើមួយ ដ៏សែនត្រជាក់ គួរជាទីសប្បាយ។ ពេលនោះ ព្រះអង្គពូតមធុបាយាសជាដុំៗចំនួន ៤៩ ពំនូត ហើយទ្រង់ឆាន់មធូកបាយាសនូវត្រង់កំពង់ស្ទឹងនេរញ្ជរានោះឯង។ កាលព្រះអង្គទ្រង់ឆាន់ស្រេចហើយ ទ្រង់លើកភាជន៍មាសឡើង ព្រមជាមួយនឹងការអធិដ្ឋានថា សច្ចាហំ អជ្ជ ពុទ្ធោ ភវិស្សាមិ អយំ សុវណ្ណបាតិ បដិសោតំ គច្ឆតុ ប្រសិនបើក្នុងថ្ងៃនេះ អាត្មាអញនឹងបានត្រាស់ជាព្រះពុទ្ធ សូមឲ្យភោជនៈមាសនេះ អណ្ដែតបញ្ច្រាសក្រសែទឹកហើយព្រះអង្គក៏បោះភោជន៍មាសចូលទៅក្នុងទឹកនេរញ្ជរា។ ភាជន៍មាសនោះ ក៏បានអណ្ដែតបញ្ច្រាសក្រសែទឹកមែន ហើយក៏បានលិចចុះទៅទីលំនៅរបស់កាលនាគរាជ។ គ្រានោះ ព្រះពោធិសត្វគង់សម្រាកក្នុងវេលាថ្ងៃ ក្នុងព្រៃសាលព្រឹក្សដែលគួរជាទីរីករាយមានពណ៌ខៀវស្រស់ មានក្លិនក្រអូបយ៉ាងក្រៃលែង ជិតមាត់ស្ទឹងនេរញ្ជរា ទ្រង់បំពេញព្យាយាមរហូតកើតសមាបត្តិ ៨ និង អភិញ្ញា ៦ ហើយព្រះអង្គក្រោកពីព្រៃសាលវ័ន យាងទៅតាមផ្លូវ ពួក ទេវតា នាគ និងគន្ធព្វជាដើមបាននាំគ្នាបូជាព្រះអង្គដោយផ្កាកម្រង និងគ្រឿងក្រអូប។ គ្រានោះសោត្ថិព្រហ្មណ៍ជាអ្នករកស្មៅ កាន់ស្បូវស្គា បានថ្វាយស្បូវស្គា ៨ ក្ដាប់ចំពោះព្រះអង្គ។ ព្រះពោធិសត្វទទួលយក ស្បូវស្គា ហើយស្ដេចយាងចូលទៅកាន់គល់អស្សត្ថព្រឹក្ស(ព្រះពោធិព្រឹក្ស) ដែលជាដើមឈើមានជ័យជម្នះ ដូចកំពូលភ្នំអសិតព្ជានៈបាំងរស្មីដួង ទិវាករ មានម្លប់ត្រជាក់ជាទីសប្បាយ ដូចព្រះទ័យព្រះអង្គត្រជាក់ទៅ ដោយករុណាប្រាសចាកជំនុំពួកវិហង្គផ្សេងៗ មានស្លឹកត្រសាយត្រសុំ ខ្យល់បក់មកប៉ះរវិចៗ ព្រះអង្គយាងទៅគង់ទិសទក្សិណ។ ស្ថានទីទិស ទក្សិណនោះញាប់ញ័រ ដូចជាតំណក់ទឹកនៅស្លឹកឈូក មហាបុរស ទ្រង់ត្រិះរិះថា ស្ថានទីនេះមិនអាចញ៉ាំងគុណវិសេសឲ្យកើតឡើង ដល់អាត្មាអញឡើយ ទើបយាងទៅទិសឧត្ដរ សូម្បីទិសឧត្ដរនោះក៏ញាប់ញ័រដូចគ្នា ពេលនោះព្រះអង្គយាង ទៅគង់ទិសបូព៌ ក្នុងទិសបូព៌នេះ មិនញាប់ញ័រអ្វីឡើយ។ មហាបុរសធ្ងន់ក្នុងចិត្តថា ទីនេះជាទីកម្ចាត់កិលេសពិតប្រាកដទើបទ្រង់ឈរទិសឦសានចាប់ចុងស្បូវស្គាអង្រួនដាក់លើដី។ ខណៈពេលនោះស្រាប់តែក្លាយទៅជារតនបល្ល័ង្កប្រមាណ ១៤ ហត្ថ។ ស្បូវស្គាទាំងនោះដូចគេវេញចូលគ្នាដ៏ស្អាតវិចិត្រ។ មហាបុរសគង់ពែនព្រះភ្នែនលើរតនបល្ល័ង្កនោះ ទ្រង់អធិដ្ឋានសេចក្ដីព្យាយាមមានអង្គ៤ ដោយទ្រង់ត្រិះរិះថា សាច់ ស្បែក សរសៃ ឆ្អឹង និងឈាមក្នុងរាងកាយ នឹងរីងស្ងួតទៅក៏ដោយ បើយើងមិនបានចាក់ធ្លុះនូវវត្ថុ ដែលបុគ្គលគប្បីចាក់ធ្លុះដោយកម្លាំងរបស់បុរស ដោយការព្យាយាមទ្រង់អធិដ្ឋានបន្តទៀតថា ទោះបីមហាប្រឹថពីនេះក្រឡាប់ក៏ដោយ សូម្បីមានគ្រឿងប្រហារ ១.០០០ ធ្លាក់ចុះមកក៏ដោយទោះផ្លូវក្នុងព្រៃនេះ បែកខ្ទេចខ្ទីក៏ដោយ ទោះបីជាដុំគំនរភ្នំធ្លាក់ចុះមកក៏ដោយ បើអាត្មាអញមិនទម្លុះនូវសម្មាសម្ពោធិញ្ញាណទេ អាត្មាអញនឹងមិនឈប់ព្យាយាមឡើង ហើយព្រះអង្គគង់ក្រោមគល់មហាពោធិព្រឹក្សមានព្រះភក្ត្របែរទៅទិសខាងកើត ព្រះបិដ្ឋិ(ខ្នង)ព្រះអង្គបែរទៅទិសបស្ចឹមនាដើមមហាពោធិព្រឹក្ស ដែលមានខ្នាតប្រមាណ ៥០ ហត្ថ ហាក់បីដូចជាមាស មានមែកដូចឆត្រកែវបាំងពីខាងលើបណ្ដូលពោធិ ធ្លាក់ចុះមកលើចីវរ ដែលមានពណ៌ដូចជាដុំមាស ទីនោះមានពន្លឺរុងរឿងដូចកែវ ប្រពាឡដែលគេដាក់ទុកក្នុងផែនមាស។ គ្រានោះ វសវត្តីមារអ្នកមានអំណាចលើសត្វលោកទាំងអស់ បានលះភាពជាធំលើពួកទេពរបស់ខ្លួនអស់វេលា ៦ ឆ្នាំ ប្រើចិត្តកំណត់ដឹងចិត្តរបស់មហាបុរស ដើម្បីឃ្លាំមើលមិនឃើញសេចក្ដីភ្លាំងភ្លាត់អ្វីតិចតួច ទើបគិតថាសិទ្ធត្ថនេះ មកអង្គុយក្រោមដើមពោធិ ដើម្បីត្រាស់ដឹងជាព្រះពុទ្ធត្រូវការកន្លងវិស័យរបស់យើង ពេលនេះយើងមិនឲ្យសិទ្ធត្ថនេះ កន្លងវិស័យយើងបានឡើយ។ កាលណោះ វសវត្តីមារត្រឡប់ទៅកាន់សត្តីទេវលោក ប្រជុំពលមាររបស់ខ្លួនហើយបញ្ជាថា ពួកលោកចូរនិម្មិតខ្លួនជាភេទប្លែកៗ គួរឲ្យខ្លាចកាន់អាវុធផ្សេងៗក្នុងដៃ ហើយនាំគ្នាចូលទៅរកសិទ្ធត្ថឲ្យដូច រលកហូរចូលទៅ។ ចំណែកកវសវត្តីមារខ្លួនឯង ជិះដំរីមេខលា ដែលមានកម្ពស់១៥០យោជន៍ និមិត្តដៃ ១.០០០ កាន់អាវុធនានា ហើយតម្រង់មករកព្រះពោធិសត្វ។ ចំណែកបរិស័ទរបស់ខ្លួនកាន់យកអាវុធផ្សេងៗគ្រប់ដៃមានដាវ កាំបិត ព្រួញ និងលំពែងជាដើម ពាក់ភួងពស់ យកមាត់បៀមពិស ផ្លុំភ្លើង ចេញពីមាត់ មានកាយអាក្រាត សម្បុរកខ្វក់និម្មិតភេទផ្សេងៗ ដូចជា ប្រេត មានតែគ្រោងឆ្អឹងជាដើម ធ្វើរូបប្លែកៗគួរឲ្យខ្លាចជាច្រើន ឡោមព័ទ្ធ ជុំវិញព្រះពោធិសត្វ។ កាលវសវត្តីមារចូលទៅជិតព្រះបរមពោធិសត្វយ៉ាងនេះ ទេវតាទាំងឡាយ មានសក្កទេវរាជជាដើម សូម្បីត្រឹម១អង្គដែលអាចស្ថិតនៅទីនោះមិនមានឡើយ នាំគ្នារត់ចេញទៅទីដទៃៗ។ ចំណែកសក្កទេវរាជបានយកសង្ខវិជយយុត្តដាក់ខាងក្រោយ រត់ទៅរហូតដល់មាត់ដណ្ដាប់ចក្កវាឡ។ មហាព្រហ្មកាន់ស្វេតច្ឆត្រទៅកាន់ព្រហ្មលោក។ កាលនាគរាជលះបង់ពួកនាគរបាំងទាំងឡាយ ក៏មុជចុះក្នុងផែនដីរហូតដល់ពិភពនាគដែលមានមណ្ឌប ៥០០ យោជន៍ ហើយដេកយកដៃបិទមុខ កាលណោះមានព្រះពោធិសត្វមួយអង្គឯងប៉ុណ្ណោះ មិនមានទេវតាឯណានីមួយ ស្ថិតនៅក្នុង ទីនោះឡើយដូចព្រហ្មក្នុងសុញ្ញវិមាន។ ទេវបុត្រមារនោះ ជាឱបបាតិកកំណើតជាទេវបុត្រធំក្នុងកាមាវចរ សួគ៌។ ពេលខ្លះអាចចូលសណ្ឋិត ក្នុងរាងកាយរបស់ពួកព្រហ្មបារិសជ្ជាបានមារនោះ ទើបសម្គាល់ខ្លួនថា យើងជាអ្នកធំជាងសត្វលោកទាំងពួង យើងជាអ្នកប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ព្រោះហេតុនោះ តិះដៀលព្រះអង្គថា សមណៈនេះកើតក្នុងកលលៈ ពោលគឺគ្រាប់ឈាម របស់មនុស្សស្រី ដូចជាដង្កូវកើតក្នុងសាច់ សមណៈនេះមិនដឹងប្រមាណ របស់ខ្លួនហ៊ានអង្គុយមុខអញមិនក្រោកចាកទីនេះ។ ក្នុងគ្រានោះ មារបានបណ្ដាលភ្លៀង ៩ ប្រការ ដើម្បីញ៉ាំងភ័យឲ្យកើងមានឡើង ចំពោះព្រះពោធិសត្វ។ បណ្ដាលឲ្យកើតខ្យល់ព្យុះដែលមានសន្ទុះយ៉ាងខ្លាំង អាចបក់បោកដើមឈើឲ្យរលំ បក់ថ្មឲ្យប៉ើង អាចបណ្ដាលឲ្យរបើកដំបូលផ្ទះបាន តែមិនអាចធ្វើ សូម្បីត្រឹមតែជាយចីវរ ព្រះពោធិសត្វឲ្យកម្រើកបានឡើយ។ បណ្ដាលឲ្យកើតធ្លាក់គ្រាប់ភ្លៀងធំៗ មកលើព្រះពោធិសត្វ តែមិនអាចធ្វើសូម្បីឲ្យទទឹកជាយចីវរ ព្រះពោធិសត្វបានឡើយ។
បណ្ដាលឲ្យកើតភ្លៀងរភ្លើងថ្ម ដែលមានកម្ដៅក៏ក្ដៅធ្លាក់ចុះមកលើ ព្រះពោធិសត្វ តែរងើកភ្លើងថ្មនោះក្លាយទៅជាកម្រងផ្កាទៅវិញ។ បណ្ដាលឲ្យកើតភ្លៀងអាវុធមុខមួយ អាវុធមុខពីរ មានសរ លំពែង និងដាវជាដើម ធ្លាក់ចុះពីព្ធដ៏អាកាស មកលើព្រះពោធិសត្វ តែក្លាយទៅជាភួងផ្កាម្លិះជាដើម រោយរាយធ្លាក់ចុះមកវិញ។ បណ្ដាលឲ្យកើតភ្លៀងអណ្ដាតភ្លើង ធ្លាក់ចុះពីអាកាស មកលើព្រះពោធិសត្វ ស្រាប់តែក្លាយជាលម្អិតខ្លឹមចន្ទន៍ធ្លាក់ចុះមកវិញ។ បណ្ដាលឲ្យកើតខ្សាច់ធ្លាក់ចុះមក ភ្លៀងខ្សាច់ក៏ក្ដៅគគុកនោះ ក៏ក្លាយទៅជាកេសរផ្កាធ្លាក់ចុះមកវិញ។ បណ្ដាលឲ្យកើតភ្លៀងភក់ធ្លាក់ចុះមក ភ្លៀងភក់នោះមានកម្ដៅយ៉ាងខ្លាំងធ្លាក់ចុះមក ស្រាប់តែក្លាយទៅជាភក់មានក្លិនក្រអូបទៅវិញ។ បណ្ដាលឲ្យកើតគប់ភ្លើងមានចំនួនច្រើនធ្លាក់ចុះមក កម្ទេចភ្លើង និងផ្សែងភ្លើងពាសពេញអាកាស រន្ទះបាញ់ចំនួនមួយពាន់ឮកក្រើករំពើក ញាប់ញ័រពេញអាកាសា។ កាលមារាធិរាជមិនអាចធ្វើអ្វីចំពោះព្រះពោធិសត្វបាន មានបំណងចូលទៅកាន់ព្រះសីសៈព្រះមហាបុរស ទើបចាប់ចក្រាវុធ បោះចូលទៅរកព្រះពោធិសត្វ ស្រាប់តែចក្រាវុធនោះធ្លាក់ចុះជិតព្រះបាទ ដូចជាសំពត់ជូតព្រះបាទព្រះអង្គទៅវិញ។ ព្រះពោធិសត្វសម្លឹងមើលមារ និងសេនារបស់មារដោយមេត្តាចិត្ត ប្រៀបដូចបិតាសម្លឹងមើលមុខបុត្រ។ គ្រានោះព្រះពោធិសត្វពោលចំពោះមារថា ន ជានាតិ សយំ មយ្ហំ ទាសភវម្បយំ ខលោ ម្នាលមារល្ងង់អ្នកឯងមិនដឹងខ្លួនឯងជាទោសៈរបស់យើងសោះ។ អ្នកឯងជិះដំរីមេខលា មានសេនាដ៏ច្រើនមានបំណងចង់ឲ្យយើងឃ្លាតចាកទីនេះ អ្នកឯងមិនអាចធ្វើឲ្យយើងឃ្លាតចាកបល្ល័ង្កនេះបានឡើយ។ ពេលនោះ វសវត្តីមារសួរព្រះពោធិសត្វថា នែ៎! សិទ្ធត្ថ ហេតុដូចម្ដេចលោកទើបមកអង្គុយលើបល្ល័ង្ករបស់យើង? ព្រះពោធិសត្វសួរអ្នកណាជាសាក្សីរបស់អ្នក? គ្រានោះ សេនាមារច្រើនសែនកោដិនាំគ្នាពោលព្រមគ្នាថាយើងជាសាក្សីៗ។ ព្រះពោធិសត្វក៏ពោលពីសាក្សីរបស់ព្រះអង្គថា បល្លង្កំ មម ភាវាយ កិមត្ថញ្ញេន សិក្ខនា កម្បិតា មទ្ទិយា ទានា សក្ខិ ហោតិ អយំ មហិ។ បល្ល័ង្កនេះជារបស់យើង យើងនឹងអាងសាក្សីដទៃធ្វើអ្វី ផែនដីនេះធ្លាប់ញាប់ញ័រមកហើយ ព្រោះការឲ្យនាងមាទ្រី រមែងជាសាក្សីបាន។ អធិប្បាយថា ម្នាលមារមានចិត្តបាប យើងប្រាថ្នាបល្ល័ង្កនេះ ដោយជាអ្នកមិនបានឲ្យទាន មិនបានរក្សាសីល មិនបានធ្វើទុក្ករកិរិយា អស់ច្រើនប្រមាណក៏មិនទេ។ កាលយើងឲ្យទាន ៧ ដង រហូតដល់ឲ្យនាង មទ្រីទេវីជាទីចុងក្រោយក្នុងជាតិជាវេស្សន្តរ ផែនដីនេះកក្រើកញាប់ញ័រអស់ ៧ ដង។ ឥឡូវនេះ យើងអង្គុយលើអបរាជិតបល្ល័ង្ក ដើម្បីយកជ័យជម្នះ ដល់សត្វលោកទាំងអស់ ជាការតបជាមួយមារដែលមានសេនាដ៏ច្រើនយ៉ាងនេះ តើផែនដីដ៏ធំនេះ នឹងនៅស្ងៀមព្រងើយដូចម្ដេចកើត? មារឯងបានឲ្យសេនារបស់ខ្លួនជាសាក្សីកោង ឯផែនដីនេះវិញ ជាអ្នកស្មើដោយយើង និងអ្នក។ ផែនដីនេះ ទោះបីមិនមានចិត្ត ក៏អាចធ្វើជាសាក្សីរបស់យើងទាំងពីរបាន គ្រាតែព្រះបរមពោធិសត្វពោលត្រឹមប៉ុណ្ណោះ ក៏លាសណ្ដូកព្រះហស្ដចេញពីជាយចីវរចង្អុលទៅផែនដី។ ខណៈនោះ ផែនដីដ៏ធំនេះក៏កក្រើករំពើកញាប់ញ័រ មានសំឡេងលាន់ឮកឹកកងពេញអាកាស ផ្គរក៏លាន់ឮឡើង ដូចជាគ្របសង្កត់ភ្នំទាំង៧។ ផ្ទៃចក្កវាឡទាំងអស់ក៏លាន់ឮឡើង ដូចជាភ្លើងឆេះព្រៃ។ វសវត្តីមារស្ថិតនៅក្នុងរវាងផែនដី និងអាកាសមិនមានអ្វី ជ្រកពួនមិនមានអ្វីជាទីពឹងមិនមានអ្វីជាសរណៈ ក៏គ្រវែងអាវុធ ១.០០០ ចោល ក្នុងទីនោះ សូម្បីដំរីមេខលាក៏មិនសម្លឹងមើលបន្តិច ជៀសចេញបាត់ទៅ។ ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌ រៀបរៀងដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា ដោយ៥០០០ឆ្នាំ |