អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៩៩៣ ដង)
ទឹកភ្នែកម៉ែស្រក់ធ្លាក់លើខ្លួនកូន

|
យប់យន់ត្រជាក់មេឃងងឹតឈឹង ពពកខ្មៅអួអ័ព្ទរសាត់បាំងបិទ ជិតដួងព្រះចន្ទ មិនឲ្យបញ្ចេញពន្លឺរស្មីបាន មេឃងងឹតគឺជាហេតុ ដែលភ្លៀងបម្រុងនឹងបង្អុរធ្លាក់ចុះមក ស្រោចស្រពលើផែនប្រឹថពីនេះ មួយសន្ទុះក្រោយមកភ្លៀងមួយមេយ៉ាងធំ ក៏ធ្លាក់ចុះមកមែន បណ្ដាលឲ្យផ្ទះខ្ទមជរាមួយ ដែលមានជញ្ជាំងពុកផុយដោយអន្លើៗដំបូងបាំងស្លឹក ធ្លុះធ្លាយស្ទើរតែគ្មានចន្លោះ មានការជ្រែងទប់នឹងទឹកភ្លៀងដែលសាចមកលើ ដោយសេចក្ដីលំបាកយ៉ាងក្រៃលែង។
ផ្ទះតូចចង្អៀតនេះហើយ ដែលកូនរស់នៅយ៉ាងសុខសាន្តជាមួយនឹងម៉ែ ព្រោះម៉ែបានផ្ដល់អ្វីៗគ្រប់យ៉ាង ដែលកូនត្រូវការ គឺព្រហ្មវិហារធម៌ ថ្វីត្បិតតែម៉ែមិនមានទ្រព្យសម្បត្តិវត្ថុសម្ភារៈខាងក្រៅឲ្យកូនក៏ពិតមែន ប៉ុន្តែម៉ែមានដួងហឫទ័យល្អ ទឹកចិត្តស្មោះសរ មាននូវសេចក្ដីស្រឡាញ់ប្រគល់ឲ្យកូន ម៉ែតែងផ្ដល់ភាពកក់ក្ដៅដល់កូនជានិច្ច។ កូនចាំមិនភ្លេចឡើយនៅយប់មួយនោះ គឺយប់ដែលភ្លៀងធ្លាក់សាចសើមជោកក្ដារ ធ្វើឲ្យម៉ែ និងកូនគ្មានកន្លែងដេក យប់នោះម៉ែស៊ូអង្គុយបីកូនទាល់ភ្លឺ ឲ្យកូនបានគេងលក់យ៉ាងស្កប់ស្កល់ នៅក្នុងរង្វង់ដៃទាំងទ្វេរបស់ម៉ែ។ យប់នោះថ្វីត្បិតកូននៅតូច តែកូនដឹងថាទឹកភ្នែករបស់ម៉ែកំពុងស្រក់ចុះតក់ៗ មកលើខ្លួនកូន ព្រោះម៉ែមានចិត្តនឹកអាណិតកូនដែលម៉ែគ្មានទីលំនៅឲ្យកូនរបស់នៅបានស្រួល ដូចកូនគេដទៃ។ ម៉ែអើយ! តាមការកូនលំបាកតែរូបរាងកាយខាងក្រៅប៉ុណ្ណោះ ប៉ុន្តែក្នុងចិត្តរបស់កូន គឺសែនកក់ក្ដៅណាស់ ហើយនឹងសុខស្រួលយ៉ាងក្រៃលែង ព្រោះកូនបានកើតក្នុងផ្ទៃនៃម៉ែចិត្តធម៌ ម៉ែស៊ូរ៉ាប់រងថែរក្សាការពារនូវឧបសគ្គគ្រប់បែបយ៉ាងជំនួសកូន ទោះបីម៉ែក្រូ ក៏ម៉ែខំប្រឹងចិញ្ចឹមកូនឲ្យរស់ធំដឹងក្ដីក្នុងលោក រហូតមកដល់ឥឡូវនេះ កូនដឹងថា ម៉ែពិតជាលំបាកខ្លាំងណាស់ក្នុងការចិញ្ចឹមកូន ព្រោះឃើញថ្ងៃណាក៏ម៉ែស្រក់ទឹកភ្នែក ម៉ែលំបាកវេទនា ក៏ដោយសារតែកូន ម៉ែខ្សត់ខ្សោយកម្លាំងសុខភាពមិនល្អ ក៏ដោយសារតែកូន រហូតម៉ែធ្លាក់ខ្លួនឈឺស្គមស្លេកស្លាំង ក៏ព្រោះតែកូនដែរ កូនធ្វើឲ្យម៉ែលំបាក ធ្វើឲ្យម៉ែរងទុក្ខគ្រប់បែបយ៉ាង។ ម៉ែអើយ! កូននឹងចងចាំនូវរាល់សេចក្ដីល្អរបស់ម៉ែទុកក្នុងចិត្តរបស់កូនជារៀងរហូតទៅ។
ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ៥០០០ឆ្នាំ |