ពាក្យពិចារណាសម្រាប់កម្លាំងចិត្ត

|
ជួយខ្លួនឯងដោយខ្លួនឯង
នៅក្នុងជីវិតមនុស្សយើងនេះ នរណាជាសត្រូវក៏ដោយ ក៏មិនកាចអាក្រក់ឲ្យដូចជាខ្លួនឯងធ្វើជា សត្រូវនឹងខ្លួនឯងទេ។ អ្នកដទៃជាសត្រូវអាចមានផ្លូវនឹងគេចចៀសបាន ខ្លួនឯងត្រូវរត់គេចយ៉ាង ណា មានញាតិមិត្តជួយការពារផង ពឹងពាក់អាជ្ញាធរផង ក៏ល្មមផុតភ័យទៅបាន ទោះបីថាសត្រូវ នោះមកបៀតបៀនប្រទូសរ៉ាយបានយ៉ាងណាអស់ខ្លាំងត្រឹមស្លាប់ប៉ុណ្ណោះ បើយើងជាមនុស្ស ប្រព្រឹត្តល្អ ស្លាប់ហើយមិនបានទៅអបាយភូមិឡើយ។ ប៉ុន្តែ បើយើងជាសត្រូវនឹងខ្លួនឯង ដោយការប្រព្រឹត្តលះបង់អំពើល្អចោលដោយខ្លួនឯងហើយ គឺមិនមាននរណាអាចជួយបានឡើយ។ មានទំនងដូចគ្នាដែរក្នុងការដែលមានអ្នកដទៃទំនុកបម្រុង ជួយធ្វើអ្វីៗឲ្យយើង គឺមិនដូចជាយើង ធ្វើដោយខ្លួនឯងទេ ។ ឪពុកម្តាយ ញាតិមិត្តបងប្អូន លោកគ្រូអាចារ្យបានត្រឹមតែទូន្មាន ប្រៀន ប្រដៅអប់រំ ណែនាំប៉ុណ្ណោះ ចំណែកការចុះដៃធ្វើ ជារឿងរបស់យើង។ គុណធម៌ សេចក្តីល្អក្នុងខ្លួន មនុស្សយើងត្រូវសាងដោយខ្លួនឯង ក្នុងលោកនេះ មិនមានព្រះណា អាចសាងឲ្យបានឡើយ ។ ![]() អត់ធន់សិក្សានូវការពិត មនុស្សយើងដែលរស់នៅរួមគ្នាក្នុងសង្គម ត្រូវអប់រំចម្រើនខន្តី ព្រោះមនុស្សមានចិត្តមិនស្មើគ្នា ឧបនិស្ស័យមិនដូចគ្នា។ មនុស្សពួកខ្លះក្រាស់ដោយកិលេស ពួកខ្លះកិលេសស្រាលស្តើង ពួកខ្លះសុភាពរាបសា ឯពួកខ្លះទៀតកោងកាចខ្លាំងក្លាព្រហើនព្រៃផ្សៃ….។ សភាពរបស់មនុស្សក្នុងសង្គម មានការពិតជាក់ស្តែងយ៉ាងណាៗ រមែងប្រាកដគួរដល់ការ សិក្សា ត្រូវចាំថា «យើងកើតមកបានជួបនឹងព្រះពុទ្ធសាសនា មានប្រយោជន៍ក្នុងការសិក្សា នូវការពិត ដែលការពិតនោះមានក្នុងជីវិតខ្លួនឯង ជីវិតអ្នកដទៃ និងក្នុងធម្មជាតិទាំងពួង»។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងថា «អំណត់គឺសេចក្តីអត់ធន់ ជាតបធម៌ (តបៈ = ដុតនូវ អកុសលធម៌) ដ៏ឧត្តម» ដូច្នេះពុទ្ធបរិស័ទត្រូវចេះអត់ធន់ ដើម្បីសេចក្តីសុខត្រជាក់ក្នុងចិត្ត របស់ខ្លួនឯងផង ដើម្បីមិនក្តៅក្រហាយដល់អ្នកដទៃផង ជាពិសេសដើម្បីមិនឈ្លោះគ្នា។ សូមអនុមោទនា! ![]() មនុស្សប្រសើរជាងសត្វព្រោះគុណធម៌ គ្រប់សត្វមានជីវិត សុទ្ធតែមានចិត្តជាប្រធាន មានចិត្តជាធំ។ មនុស្សមានវិធីអប់រំចិត្ត តែសត្វ តិរច្ឆានមិនមានឡើយ ដូច្នេះជីវិតមនុស្ស និងជីវិតសត្វតិរច្ឆានទើបផ្សេងគ្នា ពោលគឺមនុស្ស បានប្រសើរត្រង់មានការចម្រើនផ្លូវចិត្ត ចម្រើនគុណធម៌ អប់រំរឿយៗ ។ ![]() តម្លៃមនុស្ស សាច់សត្វតិរច្ឆានមានតម្លៃ ប៉ុន្តែសាច់មនុស្សគ្មានអ្នកណាគេទិញទេ មនុស្សមានតម្លៃនៅត្រង់ ការប្រព្រឹត្តល្អទេតើ។
សទ្ធានិងបញ្ញាជាគូគុណធម៌
|