អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៧១៧ ដង)
ថ្ងៃឆ្លងទន្លេកូនដឹងទេម៉ែស្រក់ទឹកភ្នែក

|
ថ្ងៃឆ្លងទន្លេកូនដឹងទេម៉ែស្រក់ទឹកភ្នែក
ថ្ងៃដែលកូនកើតចេញពីផ្ទៃរបស់ម៉ែ គឺជាថ្ងៃដែលម៉ែទទួលរងនូវទារុណកម្ម ដ៏យ៉ាងធ្ងន់ក្រៃលែង ជាថ្ងៃនៃសេចក្ដីទុក្ខដ៏ធំធេងរបស់ម៉ែ និងជាថ្ងៃដែលជីវិតរបស់ម៉ែស្ថិតនៅក្បែរមាត់នៃមច្ចុរាជ ម៉ែខំបម្រននាលនៅលើគ្រែ ខ្លួនប្រាណរបស់ម៉ែញ័រចំប្រប់ ដោយការឈឺចុកចាប់ផ្ទៃមុខម៉ែស្លេកស្លាំងអស់ ស្ទើរតែគ្មានឈាមមួយតំណក់ ទឹកភ្នែកម៉ែស្រក់ហូរមកមិនដាច់ ម៉ែយំស្រែកគួរឲ្យរន្ធត់ស្លុតយ៉ាងក្រៃលែង ព្រោះម៉ែឈឺណាស់ ឈឺខ្លាំងឥបមា ឈឺរកអ្វីប្រៀបពុំបានឡើយ។ ពេលដែលម៉ែកំពុងឈឺខ្លាំង ម៉ែគ្មានសង្ឃឹមឡើយថាជីវិតរបស់ម៉ែ បានរស់ឃើញមុខកូន ព្រោះម៉ែគ្មានកម្លាំង តតាំងជាមួយនឹងការឈឺចុកចាប់នេះទេ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏ម៉ែនៅតែខំព្យាយាម ប្រឹងប្រែងទប់ទល់ជាមួយនឹងមច្ចុរាជដើម្បីជួយចម្លងកូនឲ្យផុតពីសមុទ្រគ្រោះថ្នាក់នេះដែរ។ ម៉ែបែកឃើញពេញខ្លួន ដោយសារម៉ែខំប្រឹងអត់ធ្មត់នឹងការឈឺចាប់ ព្រោះម៉ែចង់ឃើញមុខកូន ចង់ចិញ្ចឹមបីបាច់ថែរក្សា ថ្នាក់ថ្នមការពារកូនដោយផ្ទាល់ដៃរបស់ម៉ែ។ ទោះបីជាម៉ែរងនូវការឈឺចុកចាប់ ក្នុងថ្ងៃដែលកូនប្រសូតចេញចាកផ្ទៃក៏ដោយ ក៏ម៉ែមិនដែលស្អប់កូនដែលធ្វើឲ្យម៉ែឈឺឡើយ ក្នុងចិត្តរបស់ម៉ែមានមេត្តាចំពោះកូនជានិច្ច។ តើមានអ្នកណាទៅដែលល្អជាងម៉ែ? មានអ្នកណាទៅដែលស្រលាញ់កូនស្មើនឹងម៉ែ? គឺគ្មានសោះឡើយមានតែម៉ែម្នាក់ប៉ុណ្ណោះ ដែលព្រមធ្វើអ្វីៗ ដើម្បីកូន ព្រមលះបង់សព្វគ្រប់បែបយ៉ាង ដោយហោចទៅសូម្បីតែជីវិតក៏ម៉ែហ៊ានលះបង់ដើម្បីកូនដែរ។ ជីវិតរបស់ម៉ែស្លាប់ក៏ស្លាប់ទៅចុះ ឲ្យតែជីវិតរបស់កូន បានរស់រានមាននៅក្នុងលោក ប៉ុណ្ណឹងម៉ែសប្បាយចិត្តណាស់ ព្រោះកូនគឺជាវត្ថុដ៏មានតម្លៃ ដែលម៉ែស្រឡាញ់ ជាងដួងជីវិតរបស់ម៉ែទៅទៀត។ ម៉ែឈឺ...! សែនឈឺ...! ឈឺខ្លោចផ្សាយ៉ាងណាក៏ដោយតែពេលដែលម៉ែបានឃើញមុខកូន ដែលទើបតែកើតចេញចាកផ្ទៃរបស់ម៉ែ ការឈឺចុកចាប់ដែលមាន កន្លងមកត្រូវរលាយសូន្យ ដោយសារម៉ែបានឃើញកូននៅមានជីវិត ម៉ែខំប្រឹងញញឹមទៅរកកូនទាំងភ័ក្ត្រស្លេកស្លាំង ម៉ែស្រវាឱបកូនឲ្យបៅដោះ ដោយក្ដីស្រឡាញ់ពេញចិត្ត យ៉ាងក្រៃលែង សេចក្ដីទុក្ខចំបែងរបស់ម៉ែ ត្រូវបាត់បង់អស់បន្សល់ទុកតែភាពញញឹមស្រស់ស្រាយ សប្បាយរីករាយពេញក្នុងដួងហឫទ័យ ព្រោះកូនម៉ែបានឆ្លងផុតគ្រោះថ្នាក់ដោយសុវត្ថិភាព....។ ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ៥០០០ឆ្នាំ |