images/articles/890/2026-07-28_07_52_30-New_Text_Document_txt_-_Notepad.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២៦ (អាន: ១៩,០៥៥ ដង)
រឿងចូឡកសេដ្ឋី
( ចាក អ. ចូ. )
( អ្នកមានប្រាជ្ញានិងមានវាសនា អាចរកទ្រព្យបានងាយ )
ក្នុងកាលកន្លងទៅហើយ ព្រះពោធិសត្វបានកើតជាសេដ្ឋីឈ្មោះចូឡកៈ នៅក្នុងក្រុងពារាណសី ជាអ្នកចេះពូកែខាងការទស្សន៍ទាយ ។ ថ្ងៃមួយសេដ្ឋីបានទៅគាល់ព្រះរាជាឃើញកណ្តុរស្លាប់កណ្តាលថ្នល់ក៏ចាប់គន់គូរទាយឃើញថា បើអ្នកណាអាចយកកណ្តុរនោះទៅធ្វើជំនួញ នឹងមានទ្រព្យច្រើន ។
មានបុរសកំសត់ម្នាក់ ជាសិស្សរបស់សេដ្ឋី បានឮហើយ រើសកណ្តុរនោះទៅលក់ឲ្យអ្នកចិញ្ចឹមឆ្មានៅផ្សារបាន ១ កាកណិក ( ១ សេន ) ហើយទិញស្ករអំពៅ ដងទឹក១ ក្អមទៅឲ្យដល់ពួកមាលាការ ដែលទើបមកអំពីព្រៃ ។ ពួកមាលាការ (អ្នកក្រងផ្កា) បានឲ្យកម្រងផ្កាម្នាក់មួយៗ ដល់គាត់ៗ លក់ហើយទិញស្ករអំពៅដងទឹក១ ក្អម យកទៅឲ្យពួកមាលាការក្នុងថ្ងៃព្រឹកឡើងទៀត ។ ពួកមាលាការ បានឲ្យឈើតូចៗ ដែលមានផ្កា ដល់គាត់ពាក់កណ្តាល មិនយូរប៉ុន្មាន គាត់ក៏បានប្រាក់ចំនួន ៨ កហាបណៈ ។
ក្នុងថ្ងៃមួយទៀត មានភ្លៀងខ្យល់ព្យុះខ្លាំង ឈើក្នុងសួនរបស់ស្តេចបាក់ជ្រុះគរជាគំនរ ឧទ្យានបានរើសចោលមិនអស់ បុរសកំសត់ ទៅសុំស៊ីឈ្នួលរើសយកកំទេចឈើនោះ ។ ឧទ្យានបាលព្រមឲ្យ គាត់ក៏យកលុយ ទៅទិញស្ករអំពៅ ជួលក្មេងដែលកំពុងលេងល្បែងផ្សេងៗ ក្មេងក៏មកជួយជញ្ជូនដាក់គរក្បែរសួនអស់ ១ រំពេច ។
ក្នុងកាលនោះស្មូនឆ្នាំងរបស់ស្តេច បានទិញម៉ៅគំនរឈើនោះចំនួន ១៦ កហាបណៈ និងឲ្យភាជនៈ មានពាងជាដើមយ៉ាងច្រើន ព្រោះគំនរកំទេចឈើនោះគួរដល់ការដុតឆ្នាំង ។ រួមទឹកលុយតាំងពីកណ្តុរមួយ មកទល់ត្រឹមនេះបាន ២៤ កហាបណៈហើយ ។ គាត់ក៏បានប្រកបមុខរបរតទៅទៀត គឺយកពាងទៅដាក់ជិតទ្វារនគរ ដងទឹកដាក់ពេញសម្រាប់ឲ្យពួកអ្នកនាំស្មៅ ៥០០ នាក់ មិនតែប៉ុណ្ណោះគាត់បានទៅជួយយកអាសារផ្សេងៗ ជាមួយនឹងឈ្មួញខាងផ្លូវទឹក និងផ្លូវគោគទៀត ។
ថ្ងៃមួយមានឈ្មួញម្នាក់ប្រាប់គាត់ថា ស្អែកមានឈ្មួញសេះម្នាក់ នឹងនាំសេះ ៥០០មកក្នុងទីនេះ ។ គាត់បានដឹងហើយ ទៅនិយាយនឹងអ្នកនាំស្មៅ សុំស្មៅគេមួយបាច់ ៗ ម្នាក់បាន ៥០០ បាច់ហើយប្រាប់គេតាមដំណើរ គេក៏ជួយសង្រ្គោះគាត់ ទុកឲ្យគាត់លក់ស្មៅឲ្យឈ្មួញសេះអស់ ទើបគេលក់ស្មៅគេខាងក្រោយ ព្រោះគាត់មានគុណបានដងទឹកទុកឲ្យគេផឹក ។ ដល់ឈ្មួ្ញសេះមកដល់ គាត់លក់ស្មៅ ៥០០ បាច់បាន១ ពាន់កហាបណៈ ។
ថ្ងៃក្រោយមក ឈ្មួញជើងទឹក ប្រាប់ដល់គាត់ថា ពីរ បីថ្ងៃទៀតមានសំពៅចូលមក គាត់ទៅរកជួលរទះសម្រាប់ដឹក មកទុកចាំនៅកំពង់សំពៅអស់ថ្លៃឈ្នួល ៨កហាបណៈ ហើយគាត់បានជាម្ចាស់កំពង់ចំណត លុះសំពៅមកដល់ គាត់ម៉ៅឥវ៉ាន់ក្នុងសំពៅទាំងអស់ ឲ្យចិញ្ចៀន១វង់ទៅម្ចាស់សំពៅដើម្បីបញ្ចាំចិត្ត ។ ក្នុងពេលនោះមានឈ្មួញ ១រយនាក់មកដណ្តើមគ្នាទិញឥវ៉ាន់ក្នុងសំពៅនោះ បានឲ្យគាត់ ១ សែនកហាបណៈ គឺម្នាក់ឲ្យ ១ ពាន់ៗ សុំអង្វរគាត់ឲ្យលក់ឲ្យគាត់ក៏លក់ចែកឲ្យទាំង ១រយនាក់ គាត់ក៏បានចំនេញពីតម្លៃឥវ៉ាន់ ១សែនកហាបណៈទៀត រួមជា ២ សែន ។
បុរសកំសត់កាលបើបានប្រាក់ ២ សែនកហាបណៈ ហើយក៏រឭកដល់គុណសេដ្ឋីដែលចេះទាយ ក៏យក ១សែនកហាបណៈ ទៅជូនសេដ្ឋី សេដ្ឋីត្រេកអរណាស់បានរៀបផ្សំផ្គុំជាមួយបុត្រីរបស់ខ្លួន លុះឥតអំពីសេដ្ឋី ទៅគាត់ក៏បានទទួលងារជាសេដ្ឋីតទៅ ។
បានដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក
ដោយ៥០០០ឆ្នាំ
images/articles/946/Untitled-1.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២៦ (អាន: ១៧,៤៩៥ ដង)
កូនជាទីស្រឡាញ់! ពាក្យថា គ្រួសារជាពាក្យដែលមានសេចក្តីឬអត្ថន័យច្រើន គឺសំដៅដល់ការស្រឡាញ់ ភាពកក់ក្តៅ ភាពនៃត្រកូលតែមួយជាមួយគ្នា ។ល។ ហើយតែងហៅគ្នាថា " អ្នកផ្ទះខ្ញុំ " ឬគ្រួសារខ្ញុំជាដើម ។ សម័យដែលនៅក្មេងៗ យើងនៅរួមគ្នាជាគ្រួសារ មានសម្លេងសើចសប្បាយមានសម្លេងរត់ប្រឡែងគ្នា បរិភោគអាហាររួមគ្នា និងធ្វើអ្វីៗជាមួយគ្នា មានភាពរស់រវើក ។ ឪពុកម្តាយ សូម្បីធ្វើការហត់នឿយអស់កម្លាំងយ៉ាងណាក៏ដោយ លុះមកដល់ផ្ទះហើយគ្រាន់តែឃើញមុខកូនៗ រត់មកទទួល ជួយកាន់ជួយទទួលរបស់របរ និងសាកសួរពីការហត់នឿយប៉ុណ្ណឹង ម៉ែឪក៏បាត់អស់នូវការហត់នឿយទៅហើយ ។ មាតាបិតាឃើញកូនញ៉ាំបាន គេងបានលក់ក៏សប្បាយចិត្ត ទាំងអស់នេះឯងណ៎ាកូន ដែលគេថា គ្រួសារមានភាពកក់ក្តៅនោះ ។
ឥឡូវនេះកូនក៏បានធំៗអស់ហើយ កូនអើយធ្វើជាបងជាប្អូនគ្នា កូនត្រូវចេះស្រឡាញ់គ្នា ។ សាច់ឈាមជាមួយគ្នា យ៉ាងណាៗក៏កាត់មិនបាន ពាក្យចាស់ពោលថា " កាត់ទឹកមិនដាច់ កាត់សាច់មិនបាន " ដូច្នេះចូរកូនកុំស្អប់ខ្ពើម កុំកំណាញ់ កុំច្រណែន ឬខឹងក្រោធគំនុំគុំកួនអ្វីដល់គ្នាឡើយ កូនត្រូវជួយគ្នា និងមើលថែគ្នាវិញទើបបានល្អ ។ បានមកធ្វើជាបងប្អូននឹងគ្នាហើយ ស្រាប់តែមកឈ្លោះទាស់ទែងគ្នា វាជារឿងដែលគួរឲ្យខ្មាសអៀនណាស់ កូនអើយ មនុស្សល្អគេមិនឈ្លោះទាស់ទែងគ្នាដូច្នេះឡើយ ម៉្យាងទៀត កូនត្រូវគិតដល់ទ្រូងម្តាយឪពុកផងណ៎ា កូនណ៎ា ។
គិតដល់ពេលដែលកូននៅតូចៗ ឈ្លោះគ្នា ហើយក៏ល្អនឹងគ្នាវិញ លេងចូលគ្នាវិញដូចដើម ភ្លេចរឿងចាស់ដែលកន្លងទៅអស់ ហើយស្រឡាញ់គ្នា ព្រមព្រៀងគ្នា មានអ្វីធ្វើក៏ជួយធ្វើគ្នា ។ ល្អណាស់កូន មានរឿងខ្លះៗ កាលកូននៅពីតូចនោះ កូនគួរសិក្សាតាម បើកូនគិតថា កូនធំហើយ កូនមិនភ្លេចរឿងដែលទាស់ចិត្តដូចកាលកូននៅពីក្មេងទេ តែកូនត្រូវកុំប្រកាន់គ្នា ។ កូនអើយ ស្វាមី អាចរកថ្មីបាន ភរិយាអាចរកថ្មីបាន កូនក៏អាចរកថ្មីបានដែរ តែបងឬប្អូនរកមិនបានទៀតឡើយ មានប៉ុនណាក៏ប៉ុណ្ណឹង កាលកាត់បង កាត់ប្អូន ក៏ដូចគ្នានឹងការកាត់សាច់ កាត់ឈាមរបស់ម៉ែរបស់ឪដែរណ៎ាកូន ។
គ្រួសារកក់ក្តៅ ម៉ែឪកូនចៅ ត្រូវនៅក្នុងធម៌
មិនតាមកិលេស ចេះរស់ក្នុងពរ អាយុបវរ
គុណធម៌ក្នុងចិត្ត ។
ស្រុង-យូហេង, អ្នកម្តាយ, លោកឪពុក, ស្រុង-ចាន់ណា, ស្រុង-ចាន់រតនា, ម្តាយមីង
ដកស្រង់ចេញពី សៀវភៅ " ពាក្យពេចន៍ម៉ែឪ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/963/2026-07-28_07_43_50-New_Text_Document_txt_-_Notepad.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២៦ (អាន: ៤៤,៣១៩ ដង)
កូនជាទីស្រឡាញ់! ពាក្យនិយាយជាការសំខាន់ម៉្យាងរបស់មនុស្សយើង កូនត្រូវប្រយ័ត្ន ២ យ៉ាង៖
១. មុននិយាយ
២. និយាយរួចហើយ
មុននិយាយ កូនត្រូវគិតមុខគិតក្រោយឲ្យបានល្អ និងកាលនិយាយរួចហើយ កូនត្រូវរក្សាពាក្យនិយាយ ។ ពាក្យដែលយើងនិយាយចេញទៅហើយ គឺជាចៅហ្វាយរបស់យើងណា៎កូន នឹងបង្គាប់ឲ្យយើងត្រូវតែធ្វើតាម ដូចជាទទួលពាក្យអ្វីពីអ្នកដទៃ គឺត្រូវធ្វើឲ្យបានទៅតាមសន្យា ទោះបីជាត្រូវចុះទុនចេញកម្លាំងខ្លាំងក្លាយ៉ាងណាក៏ដោយ រហូតដល់ទៅស្លាប់ក៏ត្រូវព្រមដែរ ដើម្បីរក្សាសម្តី ។
កូនអើយ រឿងពាក្យសម្តីនេះ មនុស្សទាំងឡាយគេកាន់យកណាស់ បើបង់សម្តីទៅហើយ អ្វីៗដទៃទៀត សូម្បីល្អយ៉ាងណា ក៏រមែងខូចដោយទៅតាមដែរ ឬក៏ត្រូវអស់សម្រស់ ព្រោះហេតុតែខូចកេរ្តិ៍ឈ្មោះ ក្នុងការមិនរក្សាសម្តី ដូច្នេះហើយទើបបុរាណពោលថា "មនុស្សគេយកសម្តី ដំរីគេយកភ្លុក" ។
ព្រោះហេតុនេះ នៅពេលកូនគិតថា ខ្លួនឯងត្រូវលំបាកព្រោះហេតុតែត្រូវរក្សាសម្តី ហើយបើកូនមិនចង់លំបាក គឺកូនកុំចេះតែទទួលពាក្យគេដោយងាយៗនោះ ត្រូវពិចារណាឲ្យល្អជាមុនថា កាលទទួលពាក្យគេហើយ អាត្មាអញនឹងធ្វើបានយ៉ាងនោះដែរឬទេ គឺត្រូវគិតឲ្យបានល្អិតល្អន់ស្រួលបួលជាមុនសិន ។
មនុស្សយើង បើរក្សាពាក្យសម្តីខ្លួនឯង ទុកមិនបានទៅហើយ តើអាចរក្សាអ្វីបានទៅ ព្រោះអម្បាលពាក្យសម្តី ជាសម្បត្តិមានតម្លៃក្នុងខ្លួន រក្សាមិនបានផង ចំណង់បើរបស់ដទៃ ក្រៅខ្លួនធ្វើដូចម្តេចនឹងអាចរក្សាបា ។ ដូច្នេះទើបម៉ែឪតឿនឲ្យកូនពិចារណាឲ្យល្អមុននិយាយ មុនសន្យា អ្វីៗ ជាមួយអ្នកណាៗ ហើយត្រូវកូនកុំជាមនុស្សភ្លេចពាក្យសន្យាដោយងាយៗឡើយ ។
មនុស្សដែលបង់ពាក្យបង់សម្តី សូម្បីដោះស្រាយយករួចខ្លួនបានម្តងក៏ពិត តែលុះដល់តទៅ កាលបើមានហេតុការណ៍ចាំបាច់ត្រូវសន្យាធ្វើឲ្យបានយ៉ាងណានោះ ក៍គេដកសេចក្តីទុកចិត្តដែរ ។ ចូរកូនកុំជាមនុស្សនិយាយាឡេះឡោះ ឬនិយាយកុហកសូម្បីតែដើម្បីលេងសើចឡើយ និងចូរកូនចាំទុកថា ពាក្យសម្តីសំខាន់សម្រាប់មនុស្សយើងខ្លាំងណាស់ ។
ចូរកូនចាំពាក្យខាងក្រោមនេះ
- ពាក្យសម្តីជាការងារដ៏ធំ បណ្ឌិតរមែងរក្សាសច្ចៈ ។
- និយាយតិចតែបានការ ប្រសើរជាងនិយាយច្រើនឥតប្រយោជន៍ ។
- មិនមែនបណ្ឌិតព្រោះហេតុតែនិយាយច្រើនទេ ។
- គុណធម៌មិនមែននៅនឹងអណ្តាតទេ គឺឋិតនៅតែក្នុងចិត្តប៉ុណ្ណោះ ។
ដកស្រង់ចេញពី សៀវភៅ " ពាក្យពេចន៍ម៉ែឪ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស
ដោយ៥០០០ឆ្នាំ
images/articles/1011/323aweftd-1.gif
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២៦ (អាន: ២៣,៧៦៩ ដង)
ស្រឡាញ់ក៏ស្រឡាញ់ទៅចុះ
ប្រុសស្រីស្រួលស្រុះលុះសីលធម៌
កុំតែស្រឡាញ់ឲ្យវឹកវរ
បង្កអាស្រូវនៅក្នុងស្រុក ។
សីលធម៌សង្គមប្រពៃណី
យើងរួមសាមគ្គីរក្សាទុក
ខ្មែរស្រឡាញ់ខ្មែរខ្មែរមានមុខ
ខ្មែរយើងមានស្រុកមានវប្បធម៌ ។
ខ្មែរស្លៀកពាក់ខ្មែរនិយាយខ្មែរ
ខ្មែរមានឪម៉ែអ្នកអង្គរ
ខ្មែរមានអរិយធម៌ខ្ពស់បវរ
ខ្មែរមានអក្សររបស់ខ្លួន ។
ខ្មែរនាំគ្នាកាន់សាសនាពុទ្ធ
ខ្មែរចិត្តមោះមុតជាតិមាំមួន
ខ្មែរមានបិដកភាសាខ្លួន
ខ្មែរមានច្បាប់ក្បួនខ្មែរមានធម៌ ។
ខ្មែរមានព្រះសង្ឃខ្មែរមានវត្ត
ខ្មែរមានបែបបទរបស់ខ្មែរ
ខ្មែរទទួលស្គាល់គុណឪម៉ែ
ខ្មែរចេះធ្វើស្រែខ្មែរមានបាយ ។
ខ្មែរស្រឡាញ់ខ្មែរខ្មែរថែខ្លួន
ខ្មែរជាតិមាំមួនខ្មែរសប្បាយ
ខ្មែររួមប្រជុំជាតិទាំងឡាយ
ខ្មែរមានឧបាយកសាងជាតិ ។
ខ្មែរធ្វើខ្មែរគិតដល់ខ្លួនឯង
ខ្មែរគិតកោតក្រែងសន្តានញាតិ
ខ្មែរថែសាសនាប្រទេសជាតិ
ខ្មែរត្រូវមិនឃ្លាតពីសីលធម៌ ។
ដូច្នេះខ្មែរត្រូវតែលះបង់
ចំពោះចំណង់អន្លង់មរ
ច្រណែនឈ្នានីសនាំវឹកវរ
ចង់ឲ្យខ្លួនល្អកុំដៀលគេ ។
អក្សរសាស្រ្តវប្បធម៌ប្រពៃណី
នាទីកូនខ្មែរថែឲ្យថេរ
ជាតិគេស្រឡាញ់របស់គេ
ខ្មែរត្រូវរិះរេស្រឡាញ់ខ្មែរ ។
ដកស្រង់ចេញពីសៀវភៅ " បទពិចារណា "
រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/1167/2026-07-28_07_33_56-Greenshot.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២៦ (អាន: ៨៩,២៧៨ ដង)
មនុស្សដែលឈ្មោះថា មានចរិយាសម្បត្តិគឺ ជាអ្នកវៀរចាកអបាយមុខ ពោលគឺប្រធាននៃសេចក្ដីវិនាស៤ប្រការគឺ៖
១- លេងស្រី
២- លេងស្រា
៣- លេងល្បែង
៤- សេពគប់បាបមិត្ត។
យើងត្រូវដឹងថា ការលេងស្រី វាជាគ្រោះថ្នាក់មួយសម្រាប់យើងគ្រប់គ្នា ដែលជាទោសអាចបណ្ដាលឲ្យ មានជម្ងឺកាមរោគ មានជម្ងឺអេដស៍ ស្វាយ ជាដើម រហូតដល់ខ្លួនក្សិណក្ស័យចាកប្រពន្ធកូនជាទីស្រលាញ់។បើមិនមានជម្ងឺធ្ងន់ធ្ងរទេ ក៏ជាហេតុនាំឲ្យញៀនញាំមត្រេកត្រអាលដោយរាគៈ ត្រូវកាមដឹកមុខហ៊ានរហូតចាប់រំលោភកុមារីមិនទាន់គ្រប់អាយុ ឬចាប់រំលោភសេពសន្ថវៈ ទៅលើប្រពន្ធកូនអ្នកដទៃក៏អាចទៅបាន រហូតដល់ថ្នាក់ត្រូវជាប់គុក ជាប់ខ្នោះ ច្រវាក់យូខែ យូឆ្នាំទៅតាមទង្វើដែលខ្លួនបានធ្វើ។ នេះដោយសារការលេងស្រី វាជាហេតុនាំឲ្យរឿងញៀនញ៉ាមក្នុងកាមារម្មណ៍។ បើយើងមិនលេងស្រីនោះ តើរឿងហេតុទាំងអស់នោះកើតឡើងបានដែរឬទេ? យើងអាចយល់បាន ហើយឆ្លើយយ៉ាងងាយថា រឿងនោះមិនអាចកើតឡើងបានទាល់តែសោះ ព្រោះយើងបានប្រព្រឹត្តចរិយាដ៏ល្អគឺការមិនលេងស្រីនោះឯង។
ការលេងស្រាក៏ជាទោសមួយផងដែរ សម្រាប់បុរសស្ត្រីក្នុងលោកយើងនេះ ដោយថាមនុស្សពេញចិត្តស្រា យកស្រាជាទីពឹង ឃើញថា មានតែស្រាទេ ដែលជាមិត្តភក្តិជានិច្ចកាលគ្រប់ពេលមនុស្សនោះឈ្មោះថាខ្វះសតិ បាត់បង់ស្មារតី និងបញ្ញាយកទោសជាគុណ យកគុណជាទោស។ កាលណាសុរាជ្រាបចូលដល់ពោះភ្លាមឃើញថា អញអស្ចារ្យជាងគេ ខ្លាំងជាងគេក្លាយទៅជាអ្នកក្លាហានខាងផ្នែកកាប់ចាក់ ទាត់ធាក់កាចឃោរឃៅយង់ឃ្នង ហ៊ានប្លន់ ហ៊ានលួច ហ៊ានសម្លាប់ ហ៊ានចាប់រំលោភ សូម្បីឪពុកម្ដាយរបស់ខ្លួនក៏ហ៊ានគម្រាមកំហែង ប្រមាថ ឬហ៊ានសម្លាប់គាត់ទៀតផង។ មនុស្សដែលមានសតិបញ្ញាស្មារតីគ្រប់គ្រងខ្លួន ឈ្មោះថា ជាមនុស្សវិកលចរិកឬហៅថាវិបល្លាសខ្វះសតិក្នុងខ្លួន។ ព្រោះហេតុនោះ មនុស្សយើងត្រូវវៀរចាកការលេងសុរាឲ្យបានជាដាច់ខាត ទើបឈ្មោះថាជាមនុស្សមានចរិយាសម្បត្តិល្អ។
ការលេងភ្នាល់ក៏ជាទោសត្រូវវៀរចាកជាដាច់ខាតផងដែរ ព្រោះថា មនុស្សខ្លះដែរងប់វង្វេងក្នុងវង់ល្បែងភ្លេចអស់ពីការសិក្សាររៀនសូត្រ ការកសាងអំពើល្អ ជាពិសេសខ្លួនបានបង្ហាញខ្លួនថា ជាមនុស្សមិនត្រឹមត្រូវ។ ម្យ៉ាងទៀតអ្នកលេងល្បេងរមែងមិនជាទីសណ្ដាប់ ជឿទុកចិត្តអ្នកដទៃឡើយ ពេលនិយាយសំដីសាបដូចជាទឹក រហូតដល់ចូលទៅកាន់ទីជំនុំចំណោមខ្លួនមិនជាអ្នកក្លាហាន។ ល្បែងបៀរ ល្បែងស៊ីសង មានការចាក់បាល់ ជាដើមនេះសុទ្ធតែជាមេនៃសេចក្ដីវិនាសសម្រាប់យើង។ ព្រោះហេតុនោះ មនុស្សដែលត្រូវជាប្ដីប្រពន្ធគេត្រូវវៀវចាកឲ្យបាននូវល្បែងភ្នាល់គ្រប់ប្រការ កុំលូតលាស់ឲ្យសោះ។
ការសេពគប់នូវមិត្តក៏មានសារសំខាន់ផងដែរ នៅក្នុងជីវិតងរស់នៅប្រចាំថ្ងៃ បើមិត្តប្រកបដោយធម៌ (មិត្តសុចរិត) នោះនឹងនាំយើងទៅកាន់សេចក្ដីសុខ ប៉ុន្តែបើមិត្តនោះប្រកបដោយអធម៌ (មិត្តទុច្ចរិត) នោះ នឹងនាំយើងទៅកាន់សេចក្ដីវិនាសជាមិនខាន។
ដកស្រង់ចេញពី សៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ៥០០០ឆ្នាំ
images/articles/1243/2026-07-28_07_31_30-Greenshot.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២៦ (អាន: ៥០,៣២៩ ដង)
កូនជាទីស្រឡាញ់!ការដែលកូនលើកតម្កើង ឬព្រមទទួលអ្នកណាថាជាមនុស្សល្អនោះកូនត្រូវសម្លឹងមើលឲ្យបានសព្វគ្រប់ និងឲ្យជាក់ច្បាស់ជាមុនសិន ។ កូនត្រូវសម្លឹងមើលឲ្យបានយូរខែយូរឆ្នាំ កុំគិតតែចំពោះមុខកូនប៉ុណ្ណោះ ។ គេអាចល្អចំពោះកូនគឺគេជួយកូន គេនិយាយល្អរកកូនជាដើម ម្ល៉ោះហើយកូណមិនបានមើលឲ្យសព្វគ្រប់ កូនក៏គិតថា គេជាមនុស្សល្អអីចឹងទៅ ។
តាមពិតមនុស្សដែលល្អចំពោះកូនមិនទាន់ប្រាកដថា គេជាមនុស្សល្អពិតៗនោះទេ ព្រោះគេអាចសម្លឹងអ្វីពីកូន ឬកូនអាចធ្វើនូវអ្វីដែលគេត្រូវការឲ្យគេបាន ឬយ៉ាងហោចព្រោះកូនមិនបានទៅជំទាស់នូវផលប្រយោជន៍អ្វីរបស់គេ ទើបគេធ្វើល្អនឹងកូនទៅ ។ ពុំនោះសោតទេ គឺព្រោះកូនជាប្តីជាប្រពន្ធ ឬជាបងប្អូនជាមួយនឹងគេ ។
មនុស្សដែលល្អពិតៗ គឺល្អចំពោះកូនផង ល្អចំពោះអ្នកដទៃផង ។មានទំងគ្នាដែរ ដែលគេធ្វើល្អចំពោះអ្នកដទៃតែមិនបានធ្វើល្អនោះទេ ។ មនុស្សដែលមិនល្អនោះគឺត្រូវមិនល្អទាំងចំពោះកូនផង ទាំងចំពោះអ្នកដទៃផង ។ដែលម៉ែឪលើកយករឿងនេះមកប្រាប់ដល់កូន ក៏ដើម្បីឲ្យកូនដឹងទុកតទៅមុខ នឹងមិនបានជឿគេងាយៗមិនត្រូវបានគេបោកបញ្ឆោត ម្យ៉ាងទៀត កូននឹងមិនបានពោលរកអ្នកដទៃណាៗ ថាគេជាមនុស្សល្អឬមិនល្អដោយងាយៗ នោះឡើយ គឺម៉ែឪមិនចង់ឲ្យកូនសម្លឹងមើលមនុស្សក្នុងផ្នែកល្អ ឬផ្នែកអាក្រក់ ដោយចំណែកតែម្ខាងៗនោះឯង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1273/2026-07-28_07_29_36-Greenshot.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២៦ (អាន: ១១,៩៨០ ដង)
កូនជាទីស្រឡាញ់ជីវិតនៃមនុស្សម្នាក់ៗនោះ រមែងជួបប្រទះនូវសេចក្តីក្រហាយ ខ្វាយខ្វល់ រចល់ក្នុងចិត្ត សន្ធឹកសន្ធាប់រាប់ដងមិនអស់ ច្រើនបែបច្រើនយ៉ាង។ ក្នុងបណ្តាសេចក្តីក្តៅក្រហាយនោះ មានសេចក្តីក្តៅក្រហាយព្រោះសេចក្តីប្រកាន់នៃខ្លួនឯងរួមជាមួយផង ។ សេចក្តីប្រកាន់ដែលពោលមកនេះ គឺការដែលមនុស្សយើងទៅចាប់យកមកហួងហែងនូវអ្វីណាមួយ រហូតទាល់តែខ្លាំងហួសដូចជាចាប់យកនូវមនុស្សទាំងឡាយណា របស់ទាំងឡាយណា ការងារទាំងឡាយណា ឋានះទាំងឡាយណាទាំងការចេះដឹង រហូតដល់គំនិតរបស់ខ្លួនជាដើមទាំងអស់នេះ មកហួងហែងប្រកាន់មាំខ្លាំងពេកទៅ គឺនៅក្នុងសេចក្តីប្រកាន់ថាជារបស់យើង ។ សេចក្តីប្រកាន់ដូចនេះឯងជាហេតុ ជាដើមចមនៃសេក្តីក្តៅក្រហាយ និងទុក្ខសោកក្រៀមក្រំ ដែលតែងតែមានក្នុងមនុស្សម្នាក់ៗ ។ ប្រកាន់ក្នុងអ្វីណា ក៏នឹងទុក្ខសោកក្តុកក្តួលក្នុងអ្វីនោះ ។
បើមិនប្រកាន់ក្នុងអ្វីណាទេ ក៏នឹងមិនទុក្ខសោក មិនក្តុកក្តួល និងមិនក្តៅក្រហាយក្នុងអ្វីនោះឡើយ ។បើកូនត្រូវការឲ្យមានជីវិតរស់នៅជាសុខពិតៗ កូនត្រូវព្យាយាមលះលែងក្នុងចិត្តនូវអ្វីៗនោះ ឲ្យថយចុះនូវសេចក្តីប្រកាន់ កូនត្រូវចាំទុកនូវពាក្យនេះគឺ (កុំចង់បានរបស់ដែលអត់ កុំជាប់ចិត្តនឹងរបស់ដែលមាន អ្វីៗសុទ្ធតែកើតពីហេតុ អ្វីៗ ដែលកើតឡើងហើយ សុទ្ធតែត្រូវប្រែប្រួលទាំងអស់) ។ កូនកុំទៅទូលដុំថ្ម កុំទទួលនូវការៈអ្វីឲ្យធ្ងនហួស ។ ជាធម្មតានៃភារៈដែលរែកទូល វារមែងធ្ងន់និងអស់ការនឿយហត់តទៅទៀតដែរ ។
ភារៈដែលចិត្តទទួលរែកពុន ឬប្រកាន់ទុកនេះវាមិនងាយនឹងដាក់ចុះបានដោយងាយឡើយ ដូច្នេះហើយទើបវាធ្វើឲ្យធ្ងន់នៅក្នុងចិត្ត និងក្តៅក្រហាយជានិច្ចកាល ។បើទោះបីថាមានភារះ ឬ ទូលរែកនូវអ្វីទៅនោះដោយមិនប្រកាន់ចំពោះភារះនោះខ្លាំងពេកទេ ពេលណាគួរដាក់ក៏ដាក់ ពេលណាគួរទូលរែកក៏ទូលរែកទៅ ធ្វើបានដូចនេះវាគ្រាន់ធូរទ្រូងខ្លះ អាចមានជីវិតជាសុខតាមសមគួរដែរល្អជាងរែកទូលគ្រប់គ្រាគ្រប់ពេលវេលា ។ចំពោះសេចក្តីប្រកាន់ក្នុងចិត្ត ដែលជាភារះធ្ងន់ដូចពោលហើយនេះ បើដាក់ចុះបានខ្លះ ក៏នឹងមានសេចក្តីសុខខ្លះ បើដាក់ចុះបានទាំងអស់ក៏នឹងមានសេចក្តីសុខទាំងអស់នេះជាសច្ចធម៌កូនណ៎ា ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1294/2026-07-28_07_28_02-Greenshot.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២៦ (អាន: ៨,២០១ ដង)
មានមនុស្សជាច្រើនក្នុងលោកនេះ បានបន្សល់ទុកនូវគម្រូអាក្រក់ឲ្យដល់កូន ធ្វើឲ្យកូនចងចាំក្នុងចិត្តជាប់ជានិច្ច រហូតក្លាយទៅជារឿងបន្ដគម្រូអាក្រក់មកកូនទៀត។ គម្រូអាក្រក់នោះគឺខ្លួនជាស្វាមីនិងជាឪពុករបស់គេ មានខាងស្រីក្រៅផ្ទះ ឬហៅប្រពន្ធចុង ហើយប្រើអំពើហិង្សាក្នុងគ្រួសារដូចជាវាយទាត់ធាក់ប្រពន្ធកូនដូចសត្វតិរច្ឆាន មិនមានភក្ដីស្រលាញ់ស្រណោះអាឡោះអាល័យចំពោះប្រពន្ធកូន មិនថាថ្ងៃណាជាថ្ងៃណាទេ ឃើញតែរឿងរ៉ាវ ឡូឡា គម្រាម កំហែង ប្រពន្ធកូន ឲ្យដល់នូវភាពភ័យរន្ធត់តក់ស្លុតភ្លេចភ្លាំង មិនមានបញ្ញាស្មារតីក្នុងខ្លួន។
ឪពុកកាលធ្វើអំពើឃោរឃៅក្នុងគ្រួសារមានការវាយប្រពន្ធដែលមិនដឹងអ្វីជាដើម នេះសុទ្ធតែជាគម្រូអាក្រក់ដែលយើងធ្វើចំពោះកូន។ ចំណែកម្ដាយខ្លះក្នុងលោកនេះមិនមែនមានចិត្តស្មោះចំពោះស្វាមីរបស់ខ្លួន ត្រឡប់ទៅជាត្រេកអរចំពោះបុរសដទៃ (ផិតប្ដី) ធ្វើឲ្យកូនអាប់ឱនក្នុងភូមិស្រុក ឮតែពាក្យគេថា កូនមេស្រីផិតប្ដី រាល់ពេលដែលកូនទៅកាន់ទីណា មានមនុស្សពេបជ្រាយមើលងាយមើលថោកថា កូនមេស្រីផិតប្ដី។ កូនទទួលការឈឺចាប់ក្នុងចិត្តគ្មានពេលស្រាកស្រាន នេះសុទ្ធតែជាគម្រូអាក្រក់របស់ម្ដាយផងដែរ។
កាលយើងទាំងពីរអ្នកប្ដីប្រពន្ធ មិនមានសេចក្ដីស្នេហ៍ស្មោះចំពោះគ្នានឹងគ្នា រហូតឲ្យខុសជ្រុលជ្រួសក្នុងផ្លូវលោកនិងផ្លូវធម៌ដែលជារឿងមិនល្អទាល់តែសោះ។ កូនយើងត្រូវគ្រាំគ្រាក្នុងចិត្តរាល់ថ្ងៃ ពេលកូនបើកភ្នែកពេលណា ឮតែរឿងឈ្មោះទាស់ទែងគ្នា វាយតប់គ្នារាល់ៗ ថ្ងៃ។ កូននោះទៅជាអ្នកមានសតិមិនប្រក្រតី ឈឺចុកចាប់ក្នុងចិត្តរហូតតូចចិត្តចំពោះវាសនាខ្លួនថា មិនគួរណាមកកើតជួបឪពុកម្ដាយ មិនមានធម៌ក្នុងខ្លួន។
កូននោះទៅជាអ្នកអាប់ប្រាជ្ញា រៀនសូត្រមិនចេះ ល្ងង់ខ្លៅរហូតកូននោះធំឡើង ក្លាយជាអ្នកខិលខូច ជើងកាង បងតូចបងធំ។ រឿងទាំងអស់នេះ ដោយសារតែឪពុកម្ដាយ ធ្វើគម្រូអាក្រក់បន្សល់ទុកឲ្យកូន។ គ្រួសារខ្លះឈ្មោះទាល់ទែងគ្នារហូតលែងលះគ្នាចែកកូនគ្នា ធ្វើឲ្យប្អូនៗបែកបង រហូតលែងមានសេចក្ដីស្រលាញ់ ចំពោះបងប្អូនទៀត នេះដោយសារការដោះស្រាយមិនមានសន្តិវិធី មិនមានមេត្តាចំពោះគ្នានឹងគ្នា។ តែខ្លួនយើងមិនគួរធ្វើអំពើបែបខាងលើនេះទេ ត្រូវមានធម៌អប់រំគ្នាទៅវិញទៅមករវាងប្ដីប្រពន្ធ ត្រូវដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី មិនប្រើអំពើហិង្សាក្នុងគ្រួសារ ហើយមិនក្បត់ប្រពន្ធរបស់ខ្លួន ត្រូវជាមនុស្សមានសតិសម្បជញ្ញៈហ៊ានទទួលខុសត្រូវថា ខ្លួនជាប្ដីគេឪពុកគេ ត្រូវធ្វើខ្លួនឲ្យសមជាប្ដីនិងជាឪពុកដ៏ល្អ។
កាលបើយើងល្អចំពោះគ្នានឹងគ្នា នឹងផ្ដល់ជម្រកដ៏ត្រជាក់ល្ហឹមឲ្យដល់កូន អាចធ្វើឲ្យកូនយើងបានទទួលភាពកក់ក្ដៅពីឪពុកម្ដាយ ហើយកូនយើងនិងឈ្លាសឆ្លាតអង់អាចគ្រប់កិច្ចការទាំងពួង មិនថា ផ្លូវលោកឬផ្លូវធម៌ឡើយ។ ព្រោះកូនយើងសប្បាយចិត្ត រីករាយ ស្រស់ថ្លាគ្រប់ពេលវេលា ដោយខ្លួនតែងតែគិត វាជាវាសនាល្អណាស់សម្រាប់ខ្លួនដែលបានជួបឪពុកម្ដាយជាអ្នកមានធម៌សប្បុរស។
ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ៥០០០ឆ្នាំ
images/articles/1307/2026-07-28_07_22_44-New_Text_Document_txt_-_Notepad.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២៦ (អាន: ១១,០៧៩ ដង)
ការចូលរៀនក្នុងសាលា ការលេងកីឡា ការសម្តែងសិល្បៈ ជាដើមទាំងអស់នេះ គឺត្រូវមានគ្រូ មានការគ្រប់គ្រង មានការបង្វឹកពីខាងដើមមក យ៉ាងណាមិញមនុស្សយើងតាំងពីតូចមករហូតដល់ធំ និងចេះមានការទទួលខុសត្រូវដោយខ្លួនឯងបាននោះ ក៏ត្រូវមានឪពុកមានម្តាយ មានគ្រូមានអ្នកមើលថែនិងមានអ្នកបង្វឹកបង្ហាត់បង្រៀន យ៉ាងនេះដែរ កាលបើកូនមានអ្នកបង្វឹកបង្ហាត់បង្រៀនយ៉ាងនោះដែរ កាលបើកូនមានការចេះដឹងល្អមានការប្រព្រឹត្តល្អហើយនោះ កូនរមែងមានសេចក្តីសុខក្នុងជីវិតរបស់កូនយ៉ាងពិតប្រាកដ ។
ឪពុកនិងម្តាយរបស់កូនមានសេចក្តីសុខណាស់កាលបើបានមើលថែនិងទូន្មានអប់រំកូនហើយ កូនជាមនុស្សប្រដៅងាយ ប្រព្រឹត្តល្អចម្រើនដោយគុណ និងមានសីលធម៌ប្រចាំខ្លួនជាប់ជាឧបនិស្ស័យ តាមការដែលម៉ែឪទូនា្មននោះ.... ឱសូមឲ្យពរ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1300/2026-07-28_07_25_38-Greenshot.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២៦ (អាន: ២០,៩៥២ ដង)
កូនត្រូវតែជាមនុស្សដូចតទៅៈ
១. ជាកូនដែលល្អរបស់ឪពុកម្តាយ
២. ជាសិស្សដែលល្អរបស់គ្រូអាចារ្យ
៣. ជាមិត្តដែលល្អរបស់គ្រូអាចារ្យ
៤. ជាប្រជាពលរដ្ឋល្អរបស់ប្រទេសជាតិ
៥. ជាសាវ័កល្អរបស់ព្រះសម្មាសម្ពុទ្ធ ។
ចូរកូនមានជីវិតត្រឹមត្រូវនៅក្នុងលោកនេះដោយខំប្រឹងសាងនូវសុចរិតពិតប្រាកដចូរកូនរស់នៅឲ្យបានជាក្តីសង្ឃឹមរបស់មនុស្សទាំងឡាយចូរកូនប្រាថ្នាឲ្យពិភពលោកបានជួមនូវសេចក្តីសុខស្ងប់ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1941/Untitled-1-Recovered.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ១១,៧០០ ដង)
រឿងក្នុងលោកនៃគំនិត
នៅពេលដឹងរឿងអ្វីមួយ ភ្លេចរលឹកដឹងការពិត នេះជាការ ភ្លេចរបស់អ្នកស្តាប់ធម៌ បដិបត្តិធម៌ មិនមែនជាការភ្លេចនៃអ្នកមិន បានស្តាប់ធម៌នោះទេ ព្រោះថា បុគ្គលដែលមិនបានស្តាប់ធម៌ គឺ មិនយល់ពីធម៌ពិតឡើយ ។អ្នកដែលស្តាប់ធម៌ យល់ធម៌ហើយ តែនៅតែភ្លេច ព្រោះ ការភ្លេចនេះ ជាធម៌ពិតមួយបែប ដែលមានបច្ច័យឱ្យកើតឡើង ។
ការស្តាប់ព្រះធម៌អំពីការពិតរឿយៗ ព្រមដោយកុសលធម៌ផ្សេងៗ ទៀត រមែងជួយជាឧបការៈឱ្យមានសតិរលឹកដឹងដល់ការពិត ។ ការពិតជាអារម្មណ៍នៃសេចក្តីសុខចិត្ត ។ក្នុងរឿងអ្វីក៏មានការពិតដែរ ការពិតគឺជាសច្ចធម៌ដែលមាន បច្ច័យឱ្យកើតក្នុងលោក ៦ លោកណាមួយ មានលោកភ្នែក ជាដើម ។ នេះគឺជាធម៌ល្អិតល្អន់ ដែលព្រះដ៏មានព្រះភាគទ្រង់ ត្រាស់សម្តែង សូម្បីគ្រាន់តែការឃើញរូប ដែលគ្រប់គ្នាមានរាល់ ថ្ងៃ ប៉ុន្តែដោយច្រើនគឺមិនធ្លាប់បានពិចារណាឱ្យដឹងសេចក្តីពិតនៃ សភាវធម៌ឡើយ រហូតដល់បាត់បង់ជីវិតទៅ ។
ចំពោះការឃើញ នេះ ត្រូវផ្តើមពិចារណាឱ្យយល់ច្បាស់តាមពិតថា ឃើញមានពិត ឯចំណែកលោកដែលត្រូវឃើញគឺរូបារម្មណ៍ ក៏មានពិតដែរ ។សភាវធម៌ជាធម៌ពិត ដែលកំពុងប្រាកដក្នុងខណៈនេះ សែន លំបាកនឹងដឹងការពិតថា មិនមែនជាសត្វបុគ្គលតួខ្លួន ព្រោះហេតុ តែការសម្គាល់ខុស ធ្លាប់មានអស់កាលដ៏យូរណាស់មកហើយ ។
រូបារម្មណ៍ដែលជាអារម្មណ៍នៃចក្ខុវិញ្ញាណ គ្រប់ពេលវេលា ទាំងអស់ មិនខុសពីរូបថតឬរូបក្នុងទូរទស្សន៍ឡើយ គឺជាលោក មួយដោយឡែកតែឯង ជាសភាវធម៌ម៉្យាងដែលមានពិត ជាបរមត្ថ មិនមែនសត្វ មិនមែនវត្ថុអ្វីទាំងអស់ ។ រូបារម្មណ៍ជាលោកក្នុង អរិយវិន័យ មិនមែនជាទីកន្លែងផ្ទះសំបែងភូមិស្រុកប្រទេសនគរ ឬ ផែនដីព្រៃភ្នំអ្វីៗដែលជារឿងក្នុងលោកនៃគំនិតនោះឡើយ បញ្ញា ចែកចិត្តឃើញ ដោយឡែកពីចិត្តគិតក្នុងមនោទ្វារ កំណត់ដឹងនូវ សភាវធម៌ដែលជាបរមត្ថមានពិតក្នុងលោក ។
ទាន់ពេលដែលឮសំឡេង ក៏នឹកគិតដល់សំឡេងអ្វីៗ មាន សេចក្តីថាដូចម្តេច ។ បញ្ញាកំណត់ដឹងសំឡេងជាធម៌ដែលមានពិត ប្រាកដត្រង់សោតប្បសាទ សំឡេងមិនមែនជារឿងអ្វីទាំងអស់ រឿងអ្វីៗ ស្រេចហើយតែចិត្តគិត ។ ពេលខ្លះយើងខឹងនឹងរឿង ដូចជា កូនចៅធ្វើសំឡេងខ្លាំងៗ រកសម្រាន្តមិនបាន ទាំងដែល ពេលនោះក៏មានធម៌ពិតកំពុងប្រាកដដែរ ព្រោះថា បើមិនមានធម៌ពិតទេ បានអ្វីឮ តែនេះទៅជាខឹងក្រោធក្នុងរឿង ដោយបោះបង់ ធម៌ពិតចោល ព្រោះមិនមានសតិរលឹកដឹងសភាវៈដែលមានពិត ។
ចូរកុំភ្លេចថា ឮសំឡេងអ្វីក៏ដោយ ពេលណាក៏ដោយ គឺចិត្តឮជាធម៌ ដែលមានពិត ធ្វើកិច្ចជំនួសយើងក្នុងលោក ដូច្នេះ ពេលដែល សម្រាន្តមិនលក់ បានឱកាសសិក្សាធម៌ពិត រំដោះខ្លួនចេញចាក លោក ។កុំភ្លេចថា របស់ដែលមានពិតនោះ គឺមានត្រឹមតែជា ធម៌ពិត ជាសភាវៈផ្សេងៗគ្នាក្នុងទ្វារទាំង ៦ ឯរឿងក្នុងលោកនៃ គំនិត មិនមែនជាសភាវៈដែលមានពិតនោះទេ គ្រាន់តែជារឿង ទៅតាមការចាំ និង ទៅតាមការគិតប៉ុណ្ណោះ ។
ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគ១៦
រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/1447/d4f5365dde34d14f4a59f3b1cde9ff3f9a.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ៤៣,៨២៨ ដង)
មង្គល ៣៨ប្រការ
១- កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ។
២- កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ។
៣- កិរិយាបូជាដល់បុគ្គលគួរបូជាទាំងឡាយ។
៤- កិរិយានៅក្នុងប្រទេសក៏សមគួរ។
៥- ភារៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងការមុន។
៦- កិរិយាតម្កល់ខ្លួនដោយប្រពៃ។
៧- ភារៈនៃបុគ្គលបានស្ដាប់បានរៀនហើយដោយច្រើន។
images/articles/1469/2026-07-27_16_31_28-Home_-_File_Explorer.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ១១,៧២២ ដង)
បាបា និវារេតិ ហាមឃាត់មិត្តកុំឲ្យប្រព្រឹត្តធ្វើនូវអំពើអាក្រក់ ប្រៀបដូចជាជួយឃាត់ផ្លូវកុំឲ្យទៅតំបន់ខ្មាំងសត្រូវ ឬទៅកាន់ចំការមីន ដូច្នោះដែរ ។បុគ្គលគប្បីលះបង់នូវអំពើអាក្រក់ទាំងឡាយ ដូចជាពួកឈ្មួញដែលមានទ្រព្យច្រើន មានគ្នាតិច គេចវាងយ៉ាងឆ្ងាយអំពីផ្លូវដែលមានចោរប្លន់ ឬក៏ដូចជាបុគ្គលដែលស្រលាញ់ការរស់ចៀសវាងនូវថ្នាំពិស យ៉ាងនោះឯង។
បុគ្គលអ្នកចម្រើនបញ្ញា បានឃើញនូវភពបី ដូចជាព្រៃដែលមានចោរប្លន់ ក៏ប្រញាប់រូតរះជំរះផ្លូវទៅកាន់ព្រះនិព្វាន ដែលជាផ្លូវគេចចេញអំពីភពបី ។ការយកឈ្នះលើខ្លួនឯង ដែលជាអ្នកធ្វើអាក្រក់ សៅហ្មងដោយកិលេស មាយាពុតត្បុត ក្រេវក្រោធឃោរឃៅ ទើបជាការប្រសើរ ចំណែកការឈ្នះលើអ្នកដទៃ មានអ្វីនឹងប្រសើរទៅបាននុះព្រោះថា កាលបើបុគ្គលអប់រំខ្លួនបានល្អហើយ មានប្រក្រតីសង្រួមជាប់ជានិច្ច ដូច្នេះ សូម្បីទេវតា គន្ធព្វ មារ ព្រមទាំងព្រហ្ម ក៏មិនអាចធ្វើនូវជ័យជំនះនៃបុគ្គលនោះ ឲ្យត្រឡប់ទៅជាបរាជ័យវិញបានឡើយ។
អ្នកស្រែ អាចធ្វើប្រឡាយទឹកបង្ហូរទឹក អំពីទីទួលមកទីទាបតាមការពេញចិត្ត អ្នកធ្វើព្រួញ រមែងពត់ព្រួញឲ្យត្រង់ ជាងឈើធ្វើរទេះ រមែងដាប់ចាំងអារឈូសនូវឈើនោះៗ ឲ្យត្រង់ឬឲ្យកោងតាមដោយទព្វសម្ភារៈដែលត្រូវធ្វើ បណ្ឌិតកាន់យកនិមិត្តទាំងអស់នេះ មកជាអារម្មណ៍ក្នុងការពិចារណា ក៏ធ្វើការទូន្មានចិត្តឲ្យសម្រេចបាន ព្រោះថា ទឹកក្ដី ឈើធ្វើព្រួញក្ដី ឈើធ្វើរទេះក្ដី សុទ្ធតែមិនមានចិត្ត ប៉ុន្តែគេអាចបង្ហូរ ពត់ឲ្យត្រង់ និងចាំដាប់នូវវត្ថុនោះៗ បានតាមប្រាថ្នា ឯចំណែកមនុស្សមានទាំងកាយ មានទាំងចិត្តដោយពិត ដូចម្តេចមិនអាចធ្វើចិត្តរបស់ខ្លួន ឲ្យប្រព្រឹត្តទៅក្នុងអំណាច ហើយបំពេញនូវធម៌ស្ងប់បាននោះ ព្រោះហេតុដូច្នេះទើបបណ្ឌិតអាចទូន្មានខ្លួនឯងបាន ការទូន្មានខ្លួនឯងបាន ទើបជាមនុស្សប្រសើរ គឺប្រសើរក្រៃលែង។
ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ៥០០០ឆ្នាំ
images/articles/1476/2026-07-27_16_30_11-Home_-_File_Explorer.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ១៩,១១៥ ដង)
នរកប្រែថារណ្ដៅ បានដល់កាមគុណទាំងឡាយ ដែលមានសាមញ្ញជនទាំងពួងតែងឲ្យតម្លៃ និងតែងតែលិទ្ធភ្លក់មិនជិតណាយ ថ្វីបើគេដឹងថា ការព្រឹត្តិបែបនេះ លទ្ធផលគឺសំណើចលាយទឹកភ្នែក ស្រលាញ់លាយស្អប់ យ៉ាងណាក៏ដោយក៏ពួកគេនៅតែស៊ូទ្រាំ ព្រោះគេមិនបានស្គាល់ច្បាស់នូវគុណតម្លៃនៃព្រះសម្មាសម្ពុទ្ធ ប្រៀបបីដូចជាសត្វមមាចដែលសប្បាយភ្លើតភ្លើនជាមួយព្រះអគ្គីដូច្នោះដែរ។ សេចក្ដីសុខនៅក្នុងកាមគុណទាំងឡាយដែលអ្នកទាំងពួងគេប្រៀបប្រដូចទៅនឹងស្ថានសួគ៌លោកិយ៍នោះ ក្នុងទស្សនៈនៃព្រះសម្មាសម្ពុទ្ធទ្រង់ឃើញថាជាស្ថាននរកពិតៗ។
សូមពិចារណាន័យសេចក្ដីក្នុងរឿងសានុសាមណេរត្រង់ឃ្លាដែលសាមណេរមានប្រាថ្នាចង់លាចាកសិក្ខាបទ តែត្រូវមាតាឃាតថាសានុកូន! ម្ដាយបានស្រង់អ្នកឲ្យចាកនរកហើយ តើអ្នកចង់ធ្លាក់នរកទៀតឬ?ដូច្នេះកាមគុណក្នុងលោកគឺជាភ្លើងនរកដែលតែងតែដុតកំដៅឬកាប់ចិញ្ច្រាំសន្ដានចិត្តរបស់សត្វលោកដែលអវិជ្ជាគ្របសង្កត់។សូមនិមន្ត និងអញ្ជើញសិក្សានូវរឿង ១ ដូចតទៅៈ
សម័យមួយព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់ក្នុងវត្តវេឡុវ័នទៀបក្រុងរាជគ្រឹះ។ គ្រានោះប្រធានរបាំឈ្មោះ តាលបុត្រចូលទៅគាល់ព្រះអង្គ លុះចូលទៅដល់ហើយក៏ក្រាបបង្គំទូលព្រះអង្គថាៈ
បពិត្រព្រះអង្គដ៏មានជោគ ខ្ញុំព្រះអង្គបានឮគ្រូ របាំក្នុងគ្រាមុននិយាយគ្នាថា អ្នករបាំណាធ្វើឲ្យអ្នកមើលមានសេចក្ដីសប្បាយរីករាយនៅលើវេទិកានៃល្ខោនឬ នៅកណ្ដាលទីប្រជុំជន ដោយរឿងពិតខ្លះមិនពិតខ្លះ អ្នករបាំនោះ កាលណាធ្វើមរណកាលទៅហើយរមែងបានទៅកើតក្នុងស្ថានសួគ៌ បានជាសម្លាញ់នៃពួកទេវតាអ្នកមានសេចក្ដីរីករាយភ្លើតភ្លើន។ បពិតព្រះអង្គមានជោគក្នុងរឿងនេះ តើព្រះអង្គទ្រង់យល់ដូចម្តេចដែរ? ព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់តបថាៈ
កុំឲ្យនិយាយរឿងនេះឡើយ កុំសួរយើងរឿងនេះឡើយតាលបុត្រ!។ តាលបុត្រប្រធានអ្នករបាំ បានទទូចក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគជាលើកទី២ តែព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់បដិសេធដូចមុន។ កាលបើនាយតាលបុត្រ បានក្រាបបង្គំទូលសួរជាលើកទី ៣ ទើបព្រះអង្គទ្រង់ត្រាស់ថាៈ
កាលបើហាមមិនស្ដាប់ដូចនេះ ជាច្រើនដងហើយ យើងនឹងនិយាយឲ្យអ្នកស្ដាប់ ម្នាលតាលបុត្រ តាមធម្មតាសត្វទាំងឡាយសុទ្ធតែមានរាគៈ ត្រូវខ្ចប់ដោយសំណាញ់នៃរាគៈ ជាបុគ្គលមានទោសៈ ត្រូវខ្ចប់ដោយសំណាញ់នៃទោសៈ មានមោហៈ ត្រូវខ្ចប់ដោយសំណាញ់នៃមោហៈជាស្រេចហើយ វត្ថុធាតុណាដែលជានុយនៃរាឝៈ ទោសៈ មោហៈ នោះទៅព្យួរត្រដាងកណ្ដាលវេទិកានៃល្ខោនឬកណ្ដាលទីប្រជុំជន ឲ្យមនុស្សទាំងឡាយកើតរាគៈ ទោសៈ មោហៈ រឹងរិតតែច្រើនឡើងទៀត ខ្លួនឯងជាមនុស្សធ្លាក់ចុះទៅក្នុងសេចក្ដីប្រមាទ សេចក្ដីស្រវឹងទៅហើយថែមទាំងធ្វើឲ្យមនុស្សដទៃស្រវឹង ប្រមាទតាមខ្លួនច្រើនទៀត។ ម្នាលតាលបុត្រ នរកឈ្មោះ បហាសៈ មានប្រាកដ ដូច្នេះកាលគេធ្វើមរណកាលទៅហើយ អ្នករបាំនោះរមែងចូលទៅកើតក្នុងនរកមិនខាន។
ប្រសិនបើគេមានទិដ្ឋិយ៉ាងនេះថា អ្នករបាំរូបណាធ្វើឲ្យមនុស្សច្រើនសើចសប្បាយក្នុងទីប្រជុំជន ឬលើវេទិកានៃល្ខោនដោយរឿងពិតខ្លះរឿងមិនពិតខ្លះ អ្នករបាំរូបនោះ កាលណាធ្វើមរណកាលទៅ រមែងចូលទៅដល់ស្ថានសួគ៌ បានជាសម្លាញ់នៃពួកទេវតា អ្នកសម្បូណ៍សេចក្ដីសប្បាយរីករាយ។ គំហើញរបស់គេនោះឈ្មោះថាជាមិច្ឆាទិដ្ឋិ ម្នាលតាលបុត្រ សម្រាប់បុគ្គលមានចិត្តជាមិច្ឆាទិដ្ឋិយ៉ាងនេះ យើងពោលថា គេនឹងទៅកាន់គតិ ២ យ៉ាងៗណាមួយ គឺនរក ឬ សត្វតិរច្ឆាន។
ក្រោយពេលដែលព្រះបរមគ្រូទ្រង់ត្រាស់ដូច្នេះហើយ នាយតាលបុត្រប្រធានអ្នករបាំក៏ស្រែកទ្រហោយំ។ ព្រះអង្គទ្រង់ត្រាស់ថា យើងប្រាប់អ្នកហើយ ថាកុំសួរយើងក្នុងរឿងនេះ តែអ្នកមិនស្ដាប់យើងសោះ។ តាលបុត្រក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏មានជោគ ខ្ញុំព្រះអង្គមិនបានយំ ព្រោះហេតុដែលព្រះអង្គទ្រង់ត្រាស់ដូច្នេះឡើយ តែខ្ញុំព្រះអង្គយំព្រោះឈឺចិត្ត ដោយត្រូវគ្រូរបាំបោកបញ្ឆោតមកជាយូរហើយ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះធម្មទេសនារបស់ព្រះអង្គពិរោះណាស់ ដូចជាគេបើកភាជនៈដែលផ្កាប់ឲ្យផ្ងារឡើង ឬដូចជាគេប្រាប់ឲ្យស្គាល់នូវវត្ថុដែលត្រូវគេបិទបាំង ឬដូចជាប្រាប់ផ្លូវដល់មនុស្សដែលវង្វេងផ្លូវ ឬដូចជាទ្រោលប្រទីបក្នុងទីដែលងងឹង ដើម្បីឲ្យបុគ្គលមានភ្នែកល្អបានឃើញរបស់ផ្សេងៗ។ ខ្ញុំព្រះអង្គសូមដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាសរណៈ ខ្ញុំព្រះអង្គសូមបព្វជ្ជានិងឧបសម្បទាក្នុងសំណាក់នៃព្រះមានព្រះភាគ។
ក្រោយមកនាយតាលបុត្រប្រធានអ្នករបាំ ក៏បានបួសក្នុងសំណាក់នៃព្រះបរមសាស្ដាចារ្យ ហើយមិនយូប៉ុន្មាន ក៏បានសម្រេចព្រះអរហត្តផល បានជាព្រះអរហន្តមួយអង្គក្នុងព្រះពុទ្ធសាសនា។សូមយកបញ្ញាដ៏ស្អាតមកពិចារណានូវពុទ្ធភាសិតមួយកន្លែងទៀតដូចតទៅគួរ បើសប្បាយរីករាយ គួរបើសប្បាយភ្លើតភ្លើនអ្វីហ្ន៎! ក្នុងលោកជាទីអាស្រ័យដែលកំពុងត្រូវភ្លើងចេះសន្ធោសន្ធៅជាប្រក្រតីយ៉ាងនេះ តាមន័យនេះ បហាសនរក គឺមានទាំងក្នុងលោកនេះនិងលោកខាងមុខ។
បហាសនរក បច្ចុប្បន្នយើងអាចនិយាយដោយវាចាកំប្លែងគឺសំដៅយករោគភាពយន្ត រោងល្ខោន កន្លែងរាំរែក ដែលនាំឲ្យកើតភ្លើងកិលេស គឺ រាគៈ ទោសៈ និង មោហៈនោះឯង។ ប៉ុន្តែពពួកសាមញ្ញជនដែលប្រកបដោយសេចក្ដីត្រេកត្រអាល ស្ទើរទាំងពិភពលោកគេមិនយល់ថា ភារៈយ៉ាងនេះគឺជានរកទេ គេមិនព្រមទទួលស្គាល់ថាខ្លួនគេនៅក្នុងនរកឡើយ។ ចំណែកព្រះអរិយបុគ្គលទាំងឡាយលោកមើលឃើញយ៉ាងច្បាស់ថា កាមគុណគឺជានរក ចំណុចនេះសមទៅនឹងសេចក្ដីក្រាបទូលព្រះសម្ពុទ្ធបរមគ្រូ របស់ព្រះសារីបុត្តថាៈបពិត្រព្រះអង្គមានជោគ ព្រះខីណាស្រពទាំងឡាយរមែងមើលឃើញយ៉ាងជាក់ច្បាស់ដោយបញ្ញាថា កាមទាំងឡាយប្រៀបដូចជារណ្ដៅភ្លើងដែលកំពុងឆេះសន្ធោសន្ធៅ។
តាមន័យសុភាសិតខាងលើនេះស្ដែងឲ្យយើងឃើញថា ផ្អែកទៅលើសច្ចធម៌នៃធម្មជាតិ និងបុគ្គលដែលមានចិត្តខ្ពស់ តួយ៉ាងដូចជាព្រះអរិយបុគ្គល ទើបលោកមើលឃើញយ៉ាងច្បាស់ថាបុគ្គលដែលបណ្ដោយចិត្តឲ្យជ្រប់ងប់ក្នុងវត្ថុធាតុទាំងឡាយមាន បញ្ចកាមគុណជាដើម តែងបានទទួលផលក្ដៅក្រហាយដល់ថ្នាក់ត្រឹមណាៗនោះ។
សូម្បីតែក្នុងបច្ចុប្បន្ននេះ ពួកសាមញ្ញជនទាំងនោះ បានធ្លាក់នរកជាស្រេចទៅហើយ បើដូច្នេះមិនចាំបាច់ត្រូវសង្ស័យថា តើពេលណាគេស្លាប់ទៅត្រូវទៅកើតក្នុងនរកបរលោកឬអត់នោះទេ។ អាស្រ័យហេតុនេះ ទើបព្រះជិនស្រីត្រង់ត្រាស់ថាៈសម្រាប់បុគ្គលដែលមានសេចក្ដីយល់ឃើញខុសបែបនេះក៏សម្រេចបានថា កាលណាគេធ្វើមរណកាលទៅ បើមិនទៅកាន់នរក ក៏គង់តិរិច្ឆាន។
ដកស្រង់ចេញពីសៀវភៅ តើនរកមានដែរឬទេ
ដោយ៥០០០ឆ្នាំ
images/articles/1500/2cf08abd3dd953353b4eee3ca74ac4f4sss.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ២០,៣១៧ ដង)
ការដែលបរិយាយមកទាំងប៉ុន្មានខាងដើម ភាគច្រើនគឺវិនិច្ឆ័យឲ្យឃើញថា នរកមាននៅក្នុងលោកនេះឯង។ លំដាប់តទៅនឹងស្ដីអំពីនរកបរលោក ថាតើមានមែនឬទេ? សេចក្ដីនេះខ្ញុំក៏មិនបង្ខំមិត្តអ្នកអានទាំងឡាយ ថាត្រូវតែជឿនោះទេ ព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ក៏ទ្រង់សំដែងក្នុងកាលាមសូត្រថា អ្នកទាំងឡាយកុំទាន់អាលជឿលើក្បួនតម្រា អ្នកទាំងឡាយកុំទាន់អាលជឿលើអ្វីដែលគ្រាន់តែបានឬមកអ្នកទាំងឡាយកុំទានអាលជឿថានេះជាសមណៈ នេះជាគ្រូរបស់អ្នកជាដើម។
ពាក្យថា កុំទាន់អាលជឿ មិនមែនបានន័យថា មិនឲ្យជឿ នោះទេ ដោយព្រះអង្គទ្រង់បញ្ជាក់ហេតុផលច្បាស់លាស់ថា បើអ្នកទាំងឡាយពិចារណាដោយបញ្ញាឃើញច្បាស់ថា ពាក្យនេះប្រព្រឹត្តទៅដើម្បី សេចក្ដីទុក្ខ មិនមែនជាប្រយោជន៍ អ្នកទាំងឡាយ គប្បីលះបង់ចោលចេញ (តែបើពាក្យនេះប្រព្រឹត្តទៅដើម្បីសេចក្ដីសុខ សេចក្ដីចម្រើន ដើម្បីជាប្រយោជន៍ អ្នកទាំងឡាយគប្បី សមាទានយក គប្បីប្រព្រឹត្តជឿតាម)។
កាលបើនិយាយអំពីនរកបរលោកនោះ មានមនុស្សតិចណាស់ដែលយកចិត្តទុកដាក់ស្ដាប់ ព្រោះសេចក្ដីទុក្ខក្នុងនរកវាធ្ងន់ហួសវស័យមនុស្សធម្មតានឹកស្មាន ម្យ៉ាងទៀត ហេតុតែសត្វលោកមិនងាយជឿ ព្រោះគេមិនបានឃើញផ្ទាល់នឹងភ្នែកនោះឯង។សូមយកបញ្ញាមកពិចារណាបន្តិចមើលថា មនុស្សខ្វាក់ពីកំណើតរមែងមិនធ្លាប់ស្គាល់ថា អ្វីទៅជាពណ៌ខៀវ ឬពណ៌ស ឬពណ៌លឿងនោះ បើទុកជាយើងខំព្យាយាមពន្យល់ថា ពណ៌នេះពណ៌នោះក្រហមឬសយ៉ាងណាក៏ដោយ ក៏មនុស្សខ្វាក់ពីកំណើតនោះមិនងាយយល់បានឡើយ ថែមទាំងបដិសេធថា ក្នុងលោកនេះគ្មានពណ៌ស ពណ៌ក្រហមអ្វីឡើយ។
មិត្តអ្នកអានទាំងឡាយ! កាលដែលមនុស្សខ្វាក់ពីកំណើតប្រកែកបដិសេធថា ក្នុងលោកនេះវាគ្មានពណ៌ខៀវ ពណ៌ក្រហមជាដើម តើគួរដែរឬទេ? សេចក្ដីនេះយ៉ាងណា ឯសត្វលោកភាគច្រើនក៏ខ្វាក់ដូចគ្នាដែរ ព្រោះថាធូលីដ៏ក្រាស់គឺរាគាទិក្កិលេសជាដើម បានហើរចូលទៅកំទេចភ្នែក គឺបញ្ញារបស់សត្វលោកឲ្យខ្វាក់តាំងពីកំណើតមកម្លេះ គេមិនងាយមើលឃើញថា អ្វីទៅជាបាប អ្វីទៅជាបុណ្យ អ្វីទៅជាសួគ៌ ឬ នរកបានទេ គេថែមទាំងបដិសេធថាក្នុងលោកនេះគ្មានបាប គ្មានបុណ្យ គ្មានសួគ៌ គ្មាននរក ក៏យ៉ាងនោះដែរ។ កាលបើភ្នេកគឺបញ្ញាត្រូវធូលីគឺកិលេស កំទេចអស់យ៉ាងនេះហើយ បើទុកជាយកវ៉ែនតា ម៉ាញ៉ូប មកពាក់ត្រួតគ្នាពីរឬបីក៏មិនមើលឃើញឋាននរកបានឡើយ។ ប៉ុន្តែចំពោះព្រះអរហន្តទាំងឡាយ ភ្នែកគឺបញ្ញារបស់លោកស្អាតបរិសុទ្ធ ប្រាសចាកធូលី គឺកិលេសហើយៗលោកប្រកបព្រមដោយ វិជ្ជានិងចរណៈជ្រាបច្បាស់នូវលោកនេះនិងលោកខាងមុខ ដូច្នេះ រឿងណាដែលបុថុជ្ជនមិនដឹង ព្រះអរហន្តទាំងឡាយលោកដឹង អ្វីដែលបុថុជ្ជនមើលមិនឃើញ ព្រះអរហន្តទាំងឡាយលោកមើលឃើញ ប្រៀបដូចជារបស់ណាដែលមនុស្សខ្វាក់ពីកំណើតមើលមិនឃើញ តែរបស់នោះមនុស្សដែលមានភ្នែកភ្លឺអាចមើលឃើញក៏ដូច្នោះដែរ។
ដកស្រង់ចេញពីសៀវភៅ តើនរកមានដែរឬទេ
ដោយ៥០០០ឆ្នាំ
images/articles/1505/2026-07-27_15_39_27-_New_Text_Document_etxt_-_Notepad.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ៣៦,៩០៧ ដង)
តើយើងអាចធ្វើយ៉ាងណា ដើម្បីជំនះនូវកម្មអាក្រក់ដែលយើងបានធ្វើរួចហើយ? យោងតាមច្បាប់កម្មផល កុសលកម្មមិនអាចកំចាត់ចោលនូវអកុសលកម្មបានដោយងាយៗទេ។ ប៉ុន្តែគ្រប់សកម្មភាពដែលយើងបានធ្វើរួចហើយ នឹងមានផលរបស់វា ទោះឆាប់ៗ ឬយូរ។
ព្រះសម្មាសម្ពុទ្ធទ្រង់បានយកអំបិលនៅក្នុងទន្លេ មកធ្វើការប្រៀបធៀប ពេលព្រះអង្គទ្រង់ផ្ដល់នូវឱវាទដល់បរិស័ទរបស់ព្រះអង្គដើម្បីកាត់បន្ថយនូវឥទ្ធិពលនៃកម្មអាក្រក់។ ព្រះអង្គទ្រង់បានសម្ដែងថា អំបិលមួយស្លាបព្រាអាចធ្វើឲ្យទឹកមួយកែវប្រៃបាន ប៉ុន្តែអំបិលមួយស្លាបព្រានេះមិនអាចមានឥទ្ធិពលធ្វើឲ្យទឹកទន្លេប្រៃទេ។ ចូរអនុវត្តកាត់បន្ថយនូវអកុសលកម្មដែលអ្នកបានធ្វើរួចហើយ ដោយព្យាយាមប្រឹងប្រែងធ្វើនូវអំពើល្អឲ្យបានច្រើនឡើងៗ។ ហើយការធ្វើកម្មល្អក្នុងទីនេះ គឺបានដល់ការធ្វើបុណ្យចែកទាន ការរក្សាសីល និងការចម្រើនភាវនា។
ចូរកុំប្រមាថនូវអំពើបុណ្យដោយនិយាយថា វាមានប្រមាណតិចនឹងមិនឲ្យផល។ តំណក់ទឹកភ្លៀងតែងបំពេញនូវពាងដែលបើកចំហ។យ៉ាងណាមិញ ជនជាបណ្ឌិតតែងតែសន្សំនូវអំពើបុណ្យ បន្តិចម្ដងៗយ៉ាងដូច្នោះឯង។
ដកស្រង់ចេញពីសៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ
ដោយ៥០០០ឆ្នាំ