ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ធម៌ជំនួយស្មារតី
១,៥៧៣ អត្ថបទ
images/articles/3565/2026-09-17_16_15_43-_New_Text_Document________-_Notepad.jpg
ថ្ងៃនេះ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២៦ (អាន: ៩២ ដង)
ក្នុងលោកនេះ វាមិនមានអ្នកណាចេះតែបាននូវរបស់ជាទីពេញចិត្តគ្រប់យ៉ាងនោះទេ គ្រប់គ្នាតែងចាស់ឈឺស្លាប់ និង អកុសលវិបាកផ្សេងៗហើយក៏មិនអាចឲ្យអ្នកណាបានគ្រប់គ្រាន់នោះឡើយប៉ុន្តែជីវិតដែលប្រកបដោយបញ្ញា ជាជីវិតគ្រប់គ្រាន់ ។ ស្រង់ចាកសៀវភៅជំនួយសតិ ភាគ២២ ដោយ៥០០០ឆ្នាំ
images/articles/3564/2026-09-17_16_08_16-_New_Text_Document_____________t_-_Notepad.jpg
ផ្សាយ : ១៨ កញ្ញា ឆ្នាំ២០២៦ (អាន: ១១៥ ដង)
អ្នកដទៃមើលងាយ មើលថោកយើងបាន ព្រោះចិត្តគេ មាត់គេក្រសែភ្នែកគេ ប៉ុន្តែបន្ថោកយើង ឬបញ្ចុះគុណតម្លៃយើងមិនបានឡើយ ។ សេចក្តីល្អរបស់យើង មិនមែននៅលើក្រសែភ្នែកនៃ អ្នកដទៃទេយើងកុំយកក្រសែភ្នែកអ្នកដទៃមកវាស់សេចក្តីល្អរបស់យើង ព្រោះសេចក្តីល្អនៅត្រង់អំពើល្អរបស់យើង កុំតែយើងមើល ថោកខ្លួនឯងទៅបានហើយ ។ ស្រង់ចាកសៀវភៅជំនួយសតិ ភាគ២២ ដោយ៥០០០ឆ្នាំ
images/articles/3557/2026-09-14_10_48_14-_New_Text_Document_cft_-_Notepad.jpg
ផ្សាយ : ១៧ កញ្ញា ឆ្នាំ២០២៦ (អាន: ១៥៥ ដង)
គុហដ្ឋកសូត្រ ជនជាប់ជំពាក់​ក្នុងគុហាគឺ​រាងកាយ ស្រោបដោយ កិលេសច្រើន​ប្រការ ធ្លាក់ចុះក្នុង​កាមគុណ ជា​គ្រឿងធ្វើចិត្ត​ឱ្យវង្វេង ជនមានសភាពដូច្នេះ ឈ្មោះថាឆ្ងាយ​អំពីវិវេក ព្រោះ ថា​កាម​ទាំង​ឡាយ​ក្នុង​លោក បុគ្គលមិនងាយ នឹងលះ​បង់បាន​ឡើយ។ កាមគុណ​ទាំងឡាយ​ មានសេចក្តីប្រាថ្នា​ជាហេតុជាប់ ជំពាក់​ដោយ​សេចក្តី​ត្រេកអរ​ក្នុង​ភព​ស្រាយ​រួច​បាន ដោយ​សេចក្តី​លំបាក ទាំងដែលអ្នក​ដទៃមិន​អាចស្រាយ​ឱ្យ បានឡើយ ពួកជន​ទាំងឡាយ ​សង្ឃឹម​ចំពោះ​កាមក្នុងអនាគត​សោកស្តាយ ចំពោះ​កាមក្នុងអតីត លិចលង់​ក្នុងកាម​ជា​បច្ចុប្បន្ន ជា​សត្វរួច​បានដោយ​កម្រ។ សត្វទាំងនោះ ជាប់ជំពាក់វិលវល់ ខ្វល់ខ្វក់ វង្វេង ក្នុងកាម​ទាំងឡាយ មិនកាន់​យកនូវ​ព្រះពុទ្ធ​វចនៈ តាំង​នៅ​មាំក្នុងធម៌មិនស្មើ ដល់នូវ​សេចក្តីទុក្ខ តែង​ខ្សឹក​ខ្សួលថា ឱហ្ន៎ អាត្មា​អញ​ចុតិអំពី​អត្តភាព​នេះនឹងទៅកើត​ក្នុងទីណា។ ព្រោះហេតុនោះឯង បុគ្គល​គប្បីសិក្សាត្រៃ​សិក្ខា ក្នុងសាសនា​នេះ គប្បីដឹង​ថារបស់​អ្វីៗ​ក្នុង​លោក​ ជារបស់មិន ស្ងប់ មិនគប្បីប្រព្រឹត្ត​នូវការ​មិនស្ងប់ ព្រោះ​ហេតុតែ​របស់ នោះឡើយ អ្នកប្រាជ្ញ​ទាំងឡាយ​តែងពោល​នូវជីវិតនោះ​ថាជា របស់មាន​ប្រមាណ​តិច។ តថាគតឃើញ​នូវពពួកសត្វនេះ លុះតាម​អំណាច នៃសេចក្តី​ប្រាថ្នាក្នុង​ភពទាំង​ឡាយ កំពុង​អន្ទះ​អន្ទែង​ក្នុង​លោក ពួកជន​អ្នកថោក​ថយ សូម្បីខ្សឹក​ខ្សួលនៅក្នុងមាត់​របស់​មច្ចុរាជក៏ដោយ ក៏នៅតែ​មិនប្រាស​ចាកសេចក្តីប្រាថ្នា​ចំពោះ ភពតូច​ភពធំឡើយ​។ អ្នកទាំងឡាយ ចូរមើល​ពពួកជនដែល​ប្រកាន់ថា របស់នោះៗ​ជារបស់យើង​កំពុង​អន្ទះអន្ទែង ដូច​ពួកមច្ឆាជាតិ ដែលកំពុងអន្ទះ​អន្ទែងក្នុង​ទីដែល​មាន​ទឹកតិច មានក្រសែ​​ទឹក រីងអស់​ហើយ​ដូច្នោះឯង អ្នកប្រាជ្ញ​បានឃើញ​ទោស​នុ៎ះហើយ ក៏មិនមាននូវសេចក្តី​ប្រកាន់ថា នុ៎ះ​ជារបស់​យើង​ឡើយ ហើយ​ក៏មិនបានធ្វើការជាប់ជំពាក់​នៅក្នុងភពទាំង​ឡាយផងដែរ។ អ្នកប្រាជ្ញកំណត់ដឹង​នូវផស្សៈ ហើយលះបង់នូវ សេចក្តីត្រេកអរ ពេញចិត្តក្នុង​ផស្សៈ​ទាំងពីរ​ប្រការ​គឺ ផស្សៈ ដែលកើត​ហើយ និង ហេតុដែល​នាំឱ្យ​កើតផស្សៈ អ្នកប្រាជ្ញ តិះដៀល​អាត្មាឯង​ដោយ​កម្មណា ក៏មិនបា​ន​ធ្វើនូវកម្មនោះ ហើយជាអ្នក​មិនជាប់នៅក្នុង​អារម្មណ៍ដែល​បាន​ឃើញ បាន​ឮជា​ដើម។ អ្នកប្រាជ្ញកំណត់​ដឹងនូវកាម​សញ្ញា ហើយ​ឆ្លងចាក​អន្លង់ មិនជាប់​នៅក្នុង​អារម្មណ៍​ជាគ្រឿង​ហួង​ហែង​ ដក​ចោល នូវព្រួញ​ពិស​គឺកិលេស មិនមាន​សេចក្តី​ប្រមាទ ត្រាច់​ទៅ​ទាំង មិន​មាន​សេចក្តី​ប្រា​ថ្នា​ក្នុង​លោកនេះ និង លោកខាងមុខ ។ ចប់គុហ​ដ្ឋកសូត្រ (សុត្តនិបាត) ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣ ធម្មទាន FB: សិរីអមតា- ពុទ្ធសាសនំ ចិរំ តិដ្ឋតុ ដោយ៥០០០ឆ្នាំ
images/articles/776/2026-09-16_12_21_45-_New_Tesst_-_Notepad.jpg
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ១១,៤៧៩ ដង)
ឧបាសកបទុម ឧបាសិកាបទុមា ផ្កាឈូកដែលរីកចេញពីភក់ ប៉ុន្តែមិនក្លាយជាភក់ ចណ្ឌាលសូត្រក្នុង អង្គុត្តរនិកាយ ផ្កាឈូកកើតចេញពីភក់ ប៉ុន្តែមិនដែលក្លាយជាភក់ឡើយ។ ឫសរបស់វាចាក់ជ្រៅនៅក្នុងភក់ ទទួលជីវជាតិពីទីងងឹតក្រោមទឹក ខណៈដើម និងស្លឹករបស់វាបែរឡើងឆ្ពោះទៅរកពន្លឺថ្ងៃ រហូតដល់អាចរីកស្រស់ស្អាតនៅលើផ្ទៃទឹក។ ជីវិតរបស់មនុស្សយើងក៏ដូច្នោះដែរ។ យើងមិនអាចជ្រើសរើសឱ្យជីវិតគ្មានការលំបាក គ្មានទុក្ខ ឬគ្មានឧបសគ្គបានឡើយ ប៉ុន្តែយើងអាចជ្រើសរើសថា តើយើងនឹងរស់នៅជាមួយអ្វីដែលកើតឡើងដោយរបៀបណា។ ដូច្នេះ កុំស្អប់ការលំបាកក្នុងជីវិត ហើយកុំរត់គេចពីទុក្ខដែលបានកើតឡើង ព្រោះ​ពេល​​ខ្លះ អ្វីដែលយើងគិតថាជា «ភក់» អាចជាដីដែលកំពុងចិញ្ចឹមឱ្យយើងលូតលាស់។ ទុក្ខអាចបង្រៀនឱ្យយើងមានប្រាជ្ញា ការលំបាកអាចធ្វើឱ្យយើងរឹងមាំ ឧបសគ្គអាច​ជួយ​ឱ្យយើងស្គាល់ខ្លួនឯងកាន់តែច្បាស់ ហើយអ្វីដែលធ្លាប់ធ្វើឱ្យយើងឈឺចាប់ ក៏អាចក្លាយជាមេរៀនដ៏មានតម្លៃសម្រាប់ជីវិតនៅថ្ងៃខាងមុខ។ ប៉ុន្តែ ការរៀនពីទុក្ខ មិនមែនមានន័យថា យើងត្រូវលិចកប់នៅក្នុងទុក្ខនោះទេ។ ចូររៀនឈរឡើងពីទុក្ខ រៀនឆ្លងផុតពីអ្វីដែលធ្លាប់ចងចិត្ត ហើយបែរចិត្តទៅរកពន្លឺនៃប្រាជ្ញា។ ផ្កាឈូកមិនចាំបាច់គេចចេញពីភក់ ទើបអាចរីកបានឡើយ។ វារស់នៅក្នុងភក់ ប៉ុន្តែវាមិនឱ្យភក់កំណត់ជីវិតរបស់វាទេ។ វាចេះលូតលាស់ឡើងពីភក់ បែរមុខទៅរកពន្លឺ ហើយរីកជាផ្កាដ៏ស្រស់ស្អាតនៅលើផ្ទៃទឹក។ មនុស្សមានប្រាជ្ញាក៏ដូច្នោះដែរ។ យើងរស់នៅក្នុងលោក ប៉ុន្តែមិនឱ្យលោកគ្រប់គ្រងចិត្ត។ យើងជួបទុក្ខ ប៉ុន្តែមិនឱ្យទុក្ខក្លាយជាជីវិតរបស់យើង។ យើងជួបភាពងងឹត ប៉ុន្តែមិនបោះបង់ការស្វែងរកពន្លឺ។ អ្នកប្រាជ្ញាមិនមែនជាអ្នកដែលមានជីវិតគ្មានបញ្ហានោះ​ទេ ប៉ុន្តែជាអ្នកដែលចេះយកបញ្ហាមកធ្វើជាគ្រូរបស់ខ្លួន ចេះយកទុក្ខធ្វើជាផ្លូវទៅ​រកប្រាជ្ញា ចេះយកការឈឺចាប់ធ្វើជាមេរៀន និងចេះយកឧបសគ្គធ្វើជាកម្លាំងសម្រាប់អភិវឌ្ឍចិត្ត។ ហេតុនេះហើយ កុំខ្លាចភក់នៃជីវិត ហើយកុំស្អប់ភាពងងឹតដែលយើងកំពុងឆ្លងកាត់។ ចូររៀនលូតលាស់ចេញពីវា ចូររៀនស្វែងរកពន្លឺនៅក្នុងវា ហើយចូរប្រែក្លាយអ្វីដែលធ្លាប់ធ្វើឱ្យយើងឈឺចាប់ ឱ្យក្លាយជាកម្លាំងសម្រាប់ការរីកចម្រើន។ ព្រោះដូចផ្កាឈូកដែលអាចរីកស្រស់ពីក្នុងភក់ មនុស្សយើងក៏អាចរីកចម្រើនពីទុក្ខបានដែរ។ ទីបំផុត ភក់មិនអាចរារាំងផ្កាឈូកមិនឱ្យរីកបានឡើយ ប្រសិនបើវានៅតែបន្តលូតឡើង​ឆ្ពោះទៅរកពន្លឺ។ ដូចគ្នានេះដែរ ប្រសិនបើចិត្តមានប្រាជ្ញា ទុក្ខក៏អាចក្លាយជាធម៌ ភាពងងឹតក៏អាចក្លាយជាប្រាជ្ញា ការឈឺចាប់ក៏អាចក្លាយជាមេរៀន ហើយជីវិតទាំង​មូល​ក៏អាចក្លាយជាមាគ៌ា ដែលនាំយើងឆ្ពោះទៅរកការភ្ញាក់រឭកបានដែរ។ ប្រភពៈ ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំ
images/articles/3546/2026-09-10_16_40_17-Untitled_-_Notepad.jpg
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០២៦ (អាន: ២២៨ ដង)
បណ្ឌិតទាំងឡាយ មានប្រាជ្ញាតែងតែទូន្មានចិត្ត ឲ្យប្រព្រឹត្តទៅតាមផ្លូវដ៏ប្រសើរ ហើយចេះតែបន្តដំណើរឆ្ពោះទៅមុខជាប់ជានិច្ច ទោះបីដឹងថា ផ្លូវនោះមានឧបសគ្គទុក្ខលំបាកច្រើនយ៉ាងណា ក៏មិនលះបង់ការព្យាយាមតស៊ូអត់ធ្មត់នោះឡើយ រឹតតែបន្ថែមឋាមពលផ្លូវចិត្ត កាន់តែខ្លាំងក្លា ដើម្បីទៅកាន់គោលដៅជោគជ័យរីករាយនៅរង់ចាំខាងមុខ ។ ពេលណាបានសម្រេចបំណងហើយ មានឱកាសជាច្រើន ដើម្បីជួយសង្គ្រោះអ្នកដទៃដោយក្តីមេត្តាប្រកបដោយប្រាជ្ញាឈ្លាសវៃ ជួយដោះស្រាយបញ្ហាដើម្បីបំពេញគុណធម៌ដ៏មានតម្លៃរបស់ខ្លួន ក្នុងភាពជាមនុស្សធម៌ពិតៗ នៅក្នុងក្របខ័ណ្ឌជាអ្នកជំនួយការផ្លូវចិត្ត ដល់ជនគ្រប់រូបទទួលបានភាពកក់ក្តៅ និងភាពជឿជាក់ស្ងប់សុខសាន្តរីករាយ ក្នុងដំណើរជីវិតប្រចាំថ្ងៃ ជាមួយមហាជន ក្នុងស្នាមញញឹមឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង អស់ទុក្ខ ភ័យខ្លាចឈឺចាប់ក្នុងវិថីជីវិត ដ៏សែនស្មុគស្មាញមួយនេះ ។ ព្រះភិក្ខុធម្មត្ថេរោ ប្រភពៈ ហ្វេសប៊ុកពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ដោយ៥០០០ឆ្នាំ
images/articles/2253/Untitled-1-Recovered.jpg
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០២៦ (អាន: ៣៣,៤៨១ ដង)
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំខ្លាចបុណ្យ​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា​បុណ្យនេះ ជា​​ឈ្មោះ​នៃ​​សេច​ក្តី​សុខ ។ម្នាល​ភិក្ខុទាំងឡាយ តថា​គតដឹងច្បាស់​ថា តថាគត​បាន​ចម្រើន​មេត្តា​ចិត្ត ដែល​ជាទី​ប្រាថ្នា ជាទី​ត្រេកអរ ជាទី​គាប់​ចិត្តដែលជា​ផល ដែល​បុគ្គល​ទទួលរឿយ ៗ អស់ ៧ ឆ្នាំជា​យូរអង្វែង លុះ​​តថា​គត​ចម្រើន​​មេត្តា​​ចិត្តអស់ ៧ ឆ្នាំហើយ ក៏បានមកកាន់ទីនេះទៀតអស់សំវដ្ដកប្ប និងវិវត្តកប្ប ៧ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ដែលលោក​វិនាស​ទៅ តថាគតបានទៅកើតក្នុងអាភស្សរព្រហ្ម ។ ល ។ ម្នាលភិក្ខុទាំងឡាយ ក្នុងព្រហ្មវិមាននោះ តថាកតជាមហាព្រហ្មគ្រប់សង្កត់លើព្រហ្មឯទៀត ។ ម្នាលភិក្ខុទាំងឡាយ រតន ៧ ប្រការកើតមានឡោះង រតន ៧ ប្រការគឺ ចក្ករតន ១ ហត្ថិរតន ១ អស្សរតន ១ មណិរតន ១ ឥត្ថីរតន ១ គហបតិរតន ១ បរិនាយករតន ១ ជាគម្រប់ ៧ ។ ម្នាលភិក្ខុទាំងឡាយ តថាគតបានឃើញនូវផលនៃបុណ្យ ជាកុសល ក៏បានប្រាប់ដល់ពួកសត្វអ្នកស្វែងរកសេចក្តីសុខ ហើយចម្រើននូវមេត្តាចិត្តអស់ ៧ ឆ្នាំ ប្រកបដោយធម៌ ហើយកើតក្នុងត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគច្រើន ដោយរតន ៧ ផង គប្បីចម្រើននូវបុណ្យនុ៎ះឲ្យបានរឿយ ៗ ចុះ ។( ស្រង់ចាកបិ.លេខ ៤៧ ខុទ្ទកនិកាយ ទំព័រ ១៦៤ ) ដកស្រង់ចេញពីសៀវភៅ បុញ្ញបទីប រៀបរៀងដោយៈ ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ​៥០០០​ឆ្នាំ
images/articles/2254/2026-08-22_19_40_45-Untitled_-_Notepad.jpg
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០២៦ (អាន: ១៨,២២១ ដង)
គ្រានោះ ឧគ្គតសរីរព្រាហ្មណ៍ បានក្រាបទូលព្រះមាន​ព្រះភាគ​ថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះ​អង្គ​​មាន​ប្រាថ្នា​នឹងសម្លាប់គោបូជាយញ្ញ ( បញ្ជាក់​នៅ​ក្រោយ ) សូមព្រះគោតមដ៏ចម្រើន ទូន្មាន​ប្រៀន​​ប្រដៅ​ខ្ញុំ​ព្រះ​អង្គ ​ដោយ​ពាក្យ​ដែល​ប្រ​ព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ខ្ញុំព្រះ​អង្គ​អស់​កាល​យូរ​អង្វែង។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បុគ្គលកាលតាំងទុកនូវវិធីបូជាដម្បូងនុ៎ះឯង រមែងលើកឡើងនូវគ្រឿងសស្រ្តា ៣ យ៉ាង ដែលជាអកុសល តែងមានសេចក្តីទុក្ខ មានទុក្ខជាផល ។ គ្រឿងសស្ត្រាគឺ កាយ ១ គ្រឿងសស្ត្រាគឺវាចា ១ គ្រឿងសស្ត្រាគឺចិត្ត ១ ។ ម្នាលព្រាហ្មណ៍ បុគ្គលកាលតាំងទុកនូវវិធីបូជា ជាដម្បូងនុ៎ះឯង រមែងញុំាងចិត្តឲ្យកើតឡើង យ៉ាងនេះថា ជនទាំងឡាយ ចូរសម្លាប់គោប៉ុណ្ណោះ ដើម្បីបូជា ចូរសម្លាប់ពពែប៉ុណ្ណោះ ដើម្បីបូជា ចូរសម្លាប់សត្វកែះប៉ុណ្ណោះ ដើម្បីបូជា បុគ្គលនោះធ្វើបាបដោយសម្គាល់ថា អញធ្វើបុណ្យ ធ្វើអំពើអកុសលដោយសម្គាល់ថា អញធ្វើអំពើកុសល ស្វែងរកផ្លូវទុគ្គតិ ដោយសម្គាល់ថា អញស្វែងរកសុគតិនេះ ជាគ្រឿងសស្រ្តាគឺ ចិត្ត ១ ។ ម៉្យាងទៀត បុគ្គលកាលតាំងទុកនូវវិធីបូជា ជាដម្បូងនុ៎ះឯង រមែងពោលនូវវាចាយ៉ាងនេះថា ជនទាំងឡាយ ចូរសម្លាប់គោប៉ុណ្ណោះ ។ ល ។ សត្វកែះប៉ុណ្ណោះ បុគ្គលនោះធ្វើបាបដោយសម្គាល់ថា អញធ្វើបុណ្យ ។ ល ។ នេះជាគ្រឿងសស្រ្តាគឺវាចា ១ ។ ម៉្យាងទៀតបុគ្គលទាំងទុកនូវវិធីបូជា ជាដម្បូងនុ៎ះឯង រមែងប្រុងប្រៀបខ្លួនទុកជាមុនថា ជនទាំងឡាយ ចូរសម្លាប់គោ ។ ល ។ នេះជាគ្រឿងសស្រ្តាគឺកាយទី ៣ ។ ម្នាលព្រាហ្មណ៍ ភ្លើង ៣ ប្រការនេះ បុគ្គលលះបង់ចេញ គួរចៀសវាងចេញ មិនគួរសេពគប់ឡើយ ។ ភ្លើង ៣ ដូចម្តេច? ភ្លើង ៣ គឺ រាគៈ ១ ទោសៈ ១ មោហ ១ ។ ចុះភ្លើង រាគៈ ទោសៈ មោហៈ បុគ្គលលះបង់ចេញ តើព្រោះហេតុអ្វី ? ព្រោះបុគ្គលជារាគចរិត ត្រូវរាគៈគ្រប់សង្កត់រួបរឹតចិត្តហើយ, បុគ្គលជាទោសចរិត ត្រូវទោសៈគ្រប់សង្កត់រួបរឹតចិត្តហើយ, បុគ្គលជាមោហចរិត ត្រូវមោហៈគ្រប់សង្កត់រួបរឹតហើយ រមែងប្រព្រឹត្តទុច្ចរិតដោយកាយ ដោយវាចា ដោយចិត្ត លុះដល់បុគ្គលនោះស្លាប់ទៅតែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ។ ភ្លើង ៣ ប្រការនេះ បុគ្គលគួរធ្វើសក្ការៈ គោរពរាប់អានបូជារក្សាបម្រើឲ្យល្អប្រពៃគឺ ១ . ភ្លើងគឺអាហុនេយ្យ បុគ្គលបានដល់ ជនទាំងឡាយនោះ ត្រូវមាតា ឬបិតា របស់បុគ្គលណាក្នុងលោកនេះ នេះហៅថា ភ្លើងអាហុនេយ្យបុគ្គល របស់បុគ្គលនោះ ដំណើរនោះ ព្រោះហេតុអ្វី ? ព្រោះបុគ្គលនោះ ដែលបានកើតមក ដោយសារមាតាបិតានោះ ។ ២ . ភ្លើងគឺបុគ្គលជាម្ចាស់ផ្ទះ បានដល់ជនទាំងឡាយនោះ ត្រូវជាកូនក្តី ប្រពន្ធក្តី ខ្ញុំក្តី ឬ ក៏អ្នកបម្រើក្តី របស់បុគ្គលណាក្នុងលោកនេះ នេះហៅថា ភ្លើងគឺ បុគ្គលជាផ្ទះ ( ត្រូវថែរក្សាឲ្យបានល្អ ) ។ ៣ . ភ្លើងគឺទក្ខិណេយ្យបុគ្គល បានដល់សមណៈ ឬព្រាហ្មណ៍ក្នុងលោកនេះ ជាអ្នកវៀរស្រឡះចាកសេចក្តីស្រវឹង និងសេចក្តីប្រមាទ ស្ថិតនៅ ក្នុងខន្តិ និងសោរច្ចៈ ទូន្មាននូវចិត្ត ១ រម្ងាប់នូវចិត្ត ១ រំលត់នូវចិត្ត ១ នេះហៅថា ភ្លើងគឺ ទក្ខិណេយ្យបុគ្គល ។( ស្រង់ចាកបិ.អង្គុត្តរនិកាយ លេខ ៤៧ ទំព័រ ៧៩ ) ដកស្រង់ចេញពីសៀវភៅ បុញ្ញបទីប រៀបរៀងដោយៈ ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ​៥០០០​ឆ្នាំ
images/articles/2260/2026-09-11_13_02_01-Greenshot.jpg
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០២៦ (អាន: ១៤,៤៤២ ដង)
មានពុទ្ធបរិស័ទ មួយ​ចំនួន​តែង​តែ​និយាយ​គ្នា​អំពី នមោ ហើយម៉្យាងទៀត មាន​ពុទ្ធ​បរិស័ទ​តែង​តែ​បាន​សូធ្យ​ធម៌ នមោ នេះជាញឹក​ញាប់តែនៅមិនបានដឹងថា នរណា​ជា​អ្នក​ពោលនូវពាក្យទាំងនេះ ។ម៉្យាងទៀត នមោ នេះបើ​សម្តែង​ឲ្យពិស្តារ​ទៅវែង​ឆ្ងាយ​ពេក​សូម​ពុទ្ធ​បរិស័ទ​ អាន​តែនាម​អ្នកដែល​បាន​ពោល​ដូច​ត​ទៅ…. ១ នមោសាតាគិរីយក្សអ្នកពោលនមស្ការ ២ តស្ស អសុរិន្ទរាហូអ្នកពោលនមស្ការ ៣ ភគវតោ ស្តេចចាតុម្មហារាជិកាអ្នកពោលនមស្ការ ៤ អរហតោ ស្តេចសក្កទេវរាជអ្នកពោលនមស្ការ ៥ សម្មាសម្ពុទ្ធស្ស ស្តេចមហាព្រាហ្ម ទេវតាទាំង ៥ អង្គនេះ ជាអ្នកពោលនមស្ការម្តងមួយបទ ៗ ព្រះកាថានេះមានប្រាកដនៅក្នុងដីកាមង្គល ព្រះអរហន្តបានប្រមូលចងក្រងទុកជាបទ ជាមយយគ្នាសម្រាប់នឹងបាននមស្ការដល់ព្រះគុណរបស់ព្រះសម្មាសម្ពុទ្ធទាំង ៣ ។ ១ បញ្ញាធិក ព្រះសម្មាសម្ពុទ្ធអ្នកក្រៃលែងដិយបញ្ញា ២ សទ្ធាធិក ព្រះសម្មាសម្ពុទ្ធអ្នកក្រៃលែងដោយសទ្ធា ៣ វីរិយាធិក ព្រះសម្មាសម្ពុទ្ធអ្នកក្រៃលែងដោយវីរិយៈ ( គឺសេចក្តីព្យាយាម ) យើងទាំងអស់គ្នា បានសិក្សាយល់ច្បាស់ហើយក្នុងការប្រតិបត្តិមិនយល់ខុស មានការជ្រះថ្លាពោលសរសើរគុណព្រះដ៏មានព្រះភាគមិនចេះនឿយហត់ ទីបំផុតនៃជីវិតរស់នៅមានតែសុខសន្តិភាពទាំងអស់គ្នា ។ ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឈឹមអ្នកមានគុណ រៀបរៀងដោយៈ ភិក្ខុ ចិន្ត កវី ទូច ចន្ថា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ​៥០០០​ឆ្នាំ
images/articles/2259/Untitled-1-Recovered.jpg
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០២៦ (អាន: ២២,០៤០ ដង)
១ ព្រះពុទ្ធប្រៀបដូចជាព្រះចន្ទពេញបូណ៌មី ព្រះធម៌ប្រៀបដូចជារស្មីនៃព្រះចន្ទ ព្រះសង្ឃ​ប្រៀប​ដូចជា​លោកដែលស្រស់បស់ដោយរស្មីនៃព្រះចន្ទពេញបូណ៌មីនោះ ។ ២ ព្រះពុទ្ធប្រៀប​ដូចជាដួងព្រះអាទិត្យ ព្រះធម៌ប្រៀបដូចជារស្មីនៃព្រះអាទិត្យ ព្រះសង្ឃ​ប្រៀប​ដូចជា​​លោក ដែលដួងអាទិត្យកម្ចាត់ភាពងងឹតហើយ។ ៣ ព្រះពុទ្ធប្រៀបដូចជាអ្នកដុតព្រៃ ព្រះធម៌ដុតព្រៃ គឺកិលេសប្រៀបដូចជាភ្លើងដុតព្រៃ ព្រះសង្ឃដែលជាបុញ្ញាក្ខេត្ត ព្រោះដុតកិលេសបានហើយ ប្រៀបដូចជាភូមិភាគដែលជាស្រែព្រោះដុតព្រៃអស់ហើយ ។ ៤ ព្រះពុទ្ធប្រៀបដូចជាមហាមេឃដែលឲ្យនូវភ្លៀង ព្រះធម៌ប្រៀបដូចជាទឹកភ្លៀង ព្រះសង្ឃអ្នករម្ងាប់នូវលំអងកិលេសប្រៀបដូចជាជនបទដែលរម្ងាប់នូវលំអងធូលី ព្រោះភ្លៀងធ្លាក់ ។ ៥ ព្រះពុទ្ធប្រៀបដូចជាសារថីដ៏ប្រសើរ ព្រះធម៌ប្រៀបដូចជាឧបាយសម្រាប់បង្វឹកសេះអាជានេយ្យ ព្រះសង្ឃប្រៀបដូចជាហ្វូងសេះអាជានេយ្យដែលហ្វឹកហាត់ល្អហើយ ។ ៦ ព្រះពុទ្ធប្រៀបដូចជាអ្នកដកព្រួញ ព្រោះទ្រង់ដកសរ គឺទិដ្ឋិបានអស់ ព្រះធម៌ប្រៀបដូចជាឧបាយដកសរចេញបាន ព្រះសង្ឃអ្នកដែលត្រូវដកសរគឺទិដ្ឋិបានហើយ ប្រៀបដូចជាជនដែលត្រូវដកសរចេញបាន ។ ៧ ព្រះពុទ្ធប្រៀបដូចជាពេទ្យភ្នែក ព្រោះទ្រង់បកស្រទាប់មោហៈចេញបានហើយ ព្រះធម៌ប្រៀបដូចជាឧបាយជាគ្រឿងបកភ្នែក ព្រះសង្ឃមានស្រទាប់ភ្នែកបកហើយ គឺញាណដ៏ភ្លែថ្លាប្រៀបដូចជាជនដែលបកភ្នែកហើយមានភ្នែកភ្លឺ ។ ៨ ព្រះពុទ្ធប្រៀបដូចជាពេទ្យដ៏ពូកែ ព្រោះទ្រង់អាចកម្ចាត់នូវព្យាធិ គឺកិលេស ព្រមទាំងអនុស័យចេញបាន ព្រះធម៌ប្រៀបដូចជាថ្នាំដែលផ្សំត្រឹមត្រូវហើយ ព្រះសង្ឃដែលមានព្យាធិរម្ងាប់ហើយ ព្រោះកបនឹងថ្នាំ ។ ៩ ព្រះពុទ្ធប្រៀបដូចជាអ្នកចង្អុលផ្លូវ ព្រះធម៌ប្រៀបដូចជាផ្លូវល្អ គឺផ្លូវសម្រាប់រួចផុតពីភ័យ ព្រះសង្ឃប្រៀបដូចជាអ្នកដើរផ្លូវដល់ទីដែលផុតភ័យ ។ ១០ ព្រះពុទ្ធប្រៀបដូចជាអ្នកអុំទូកដ៏ចំណាន ព្រះធម៌ប្រៀបដូចជាទូក ព្រះសង្ឃប្រៀបដូចជាអ្នកដើរផ្លូវបានដល់ត្រើយ ។ ១១ ព្រះពុទ្ធប្រៀបដូចជាព្រៃហិមពាន្ត ( ព្រៃដែលមានទឹកសន្សើម ) ព្រះធម៌ប្រៀបដូចជាឱសថដែលកើតនៅក្នុងព្រះហិមពាន្យនោះ ព្រះសង្ឃប្រៀបដូចជនអ្នកមិនមានរោគព្រោះប្រើថ្នាំ ។ ១២ ព្រះពុទ្ធប្រៀបដូចជាអ្នកប្រទានទ្រព្យ ព្រះធម៌ប្រៀបដូចជាទ្រព្យ ព្រះសង្ឃអ្នកបានអរិយទ្រព្យដោយប្រពៃ ប្រៀបដូចជាជនអ្នកបានទ្រព្យតាមបំណង ។ ១៣ ព្រះពុទ្ធប្រៀបដូចជាចង្អុលកំណប់ទ្រព្យ ព្រះធម៌ប្រៀបដូចជាកំណប់ទ្រព្យ ព្រះសង្ឃប្រៀបដូចជាជន អ្នកបានកំណប់ទ្រព្យ ។ ១៤ ព្រះសម្មាសម្ពុទ្ធជាវីរបុរស ប្រៀបដូចជាអ្នកប្រទាននូវការមិនមានភ័យ ព្រះធម៌ប្រៀបដូចជាការមិនភ័យ ព្រះសង្ឃដែលរួចពីភ័យគ្រប់យ៉ាង ប្រៀបដូចជាអ្នកដល់នូវការមិនមានភ័យ ។ ១៥ ព្រះពុទ្ធប្រៀបដូចជាអ្នកលួងលោម ព្រះធម៌ប្រៀបដូចជាការលួងលោម ព្រះសង្ឃប្រៀបដូចជាអ្នកត្រូវលួងលោម ។ ១៦ ព្រះពុទ្ធប្រៀបដូចជាមិត្តល្អ ព្រះធម៌ប្រៀបដូចជាពាក្យដាស់តឿនដែលជាពាក្យមានប្រយោជន៍ ព្រះសង្ឃប្រៀបដូចជាជនអ្នកជួបប្រសព្វនូវប្រយោជន៍ ព្រោះធ្វើតាមពាក្យរបស់មិត្តល្អ ។ ១៧ ព្រះពុទ្ធប្រៀបដូចជាអណ្តូងនាំឲ្យកើតទ្រព្យ ព្រះធម៌ប្រៀបដូចជាទ្រព្យដែលមានសារៈ ព្រះសង្ឃប្រៀបដូចជាអ្នកប្រើទ្រព្យដែលជាសារៈ ។ ១៨ ព្រះពុទ្ធប្រៀបដូចជា អ្នកស្រោចទឹកងូតឲ្យព្រះរាជកុមារ ព្រះធម៌ប្រៀបដូចជាទឹក ស្រោចស្រពលើព្រះរាជកុមារតាំងពីព្រះសីសៈចុះមក ព្រះសង្ឃអ្នកបានទទួលនូវការស្រោចស្រពទឹកល្អហើយ ដោយទឹកគឺព្រះសទ្ធម្ម ប្រៀបដូចជាក្រុមព្រះរាជកុមារដែលបានស្រង់ទឹកល្អហើយ ។ ១៩ ព្រះពុទ្ធប្រៀបដូចជាជាងធ្វើគ្រឿងប្រដាប់ ព្រះធម៌ប្រៀបដូចជាគ្រឿងប្រដាប់ ( អលង្កា ) ព្រះសង្ឃជាអ្នកប្រដាប់ដោយព្រះសទ្ធម្ម ប្រៀបដូចជាព្រះរាជឱរសទាំងឡាយដែលទ្រង់ប្រដាប់ហើយ ។ ២០ ព្រះពុទ្ធប្រៀបដូចជាដើមចន្ទន៍ ព្រះធម៌ប្រៀបដូចជាក្លិនដែលកើតអំពីខ្លឹមចន្ទន៍នោះ ព្រះសង្ឃបានរម្ងាប់នូវសេចក្តីក្រៅក្រហាយចិត្តដោយព្រះសទ្ធម្ម ប្រៀបដូចជាអ្នករម្ងាប់នូវភាពក្តៅផ្លូវកាយ ព្រោះប្រើលម្អិតខ្លឹមចន្ទន៍នោះឯង ។ ២១ ព្រះពុទ្ធប្រៀបដូចជាបិតា អ្នកចែកទ្រព្យមរតកប្រកបដោយធម៌ ព្រះធម៌ប្រៀបដូចជាទ្រព្យមរតក ព្រះសង្ឃអ្នកទទួលនូវទ្រព្យមរតកគឺព្រះសទ្ធម្ម ប្រៀបដូចជាបុត្រទាំងឡាយដែលជាអ្នកទទួលនូវទ្រព្យមរតក ។ ២២ ព្រះពុទ្ធប្រៀបដូចជាផ្កាឈូកដែលរីក ព្រះធម៌ប្រៀបដូចជាពួកភមរជាតិ ( មានសត្វឃ្មុំជាដើម ) ដែលក្រេបយកលះអកេសរ ក្នុងផ្កាឈូក ។ គប្បីប្រកាសព្រះរតនត្រ័យនោះ ដោយសេចក្តីឧបមាទាំងឡាយដូចពោលមកនេះឯង ។ ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឈឹមអ្នកមានគុណ រៀបរៀងដោយៈ ភិក្ខុ ចិន្ត កវី ទូច ចន្ថា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ​៥០០០​ឆ្នាំ
images/articles/2256/Untitled-1-Recovered.jpg
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០២៦ (អាន: ៣៤,៤២០ ដង)
ការ​ស្ដាប់​ព្រះធម៌​ គឺ​ជាការ​អប់រំ​ទូន្មាន​ចិត្ត ជា​ការ​ប្រដៅ​ចិត្ត គ្រប់គ្រង​ចិត្ត នាំ​ចិត្ត​ឲ្យ​រួច​អំពីបាប​អកុសល​ទាំង​ឡាយ។ព្រះធម៌​ជាឱសថដ៏​ឧត្ដម​សំរាប់​ព្យាបាល​ដួង​ចិត្ត ដែល​ពោរពេញ​ទៅ​ដោយ​រោគ គឺ សេចក្ដី​ច្រណែន ឈ្នានីស ព្យាបាទ លោភលន់ ដោយ​ដាក់​បញ្ចូល សេចក្ដី​មេត្តា ករុណា សណ្ដោស ខន្តី ឲ្យអភ័យ ជាដើម។ កាល​កុសលធម៌​ចម្រើន​ឡើង​អកុសល​ធម៌​រមែង​សាបសូន្យ​ទៅព្រោះ​បាន​ស្ដាប់​នូវ​ព្រះសទ្ធម្មរបស់​ព្រះសម្មាសម្ពុទ្ធ​ជាម្ចាស់ ។ បើលោភៈធាត់ សទ្ធាហាមាត់ បាក់ពោះសន្ធៃ តណ្ហាឡើងបុណ្យ កុសលទន់ដៃ ចិត្តស្គមរីងរៃ ព្រោះអវិជ្ជា។ អត្ថបទរៀបរៀងដោយ ឧបាសិកា ជូ-ស៊ូហៀង ដោយ​៥០០០​ឆ្នាំ
images/articles/2257/2026-09-11_12_55_00-Greenshot.jpg
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០២៦ (អាន: ២១,៣៥៦ ដង)
ការយកជា​ទីពឹងគឺជាកន្លែងមួយ ​ដែល​មនុស្ស​ដើរទៅរកពេល​ពួកគេកង្វល់ទុក្ខព្រួយ ឬ​ពេល​ពួក​គេ​ត្រូវ​ការ​ភាព​ជាសុខ និងប្រាសចាកការភិតភ័យ ។ មានការយកជា​ទីពឹងទីរលឹកច្រើនយ៉ាងណាស់ ។ ពេល​មនុស្ស​មិន​សប្បាយ​ចិត្ត ពួកគេយកមិត្តភក្តិជាទីពឹងទីរលឹក ពេលពួកគេព្រួយ​កង្វល់នឹងភ័យខ្លាច ពួក​គេ​អាច​នឹង​យក​ទីពឹងទី​រលឹកក្នុងក្តី​សង្ឃឹម និង​ជំនឿមិនពិត ។ ពេលគេចូលដល់ទីអវសាន ពួកគេអាចនឹងយកជំនឿនៅក្នុងឋានសួគ៌អមតៈជាទីពឹងទីរលឹក ។ តែតាមដែលព្រះពុទ្ធអង្គបរមគ្រូបានត្រាស់វត្ថុទាំងអស់នោះ មិនមែនជាទីពឹងទីរលឹកពិតប្រាកដឡើយ ពីព្រោះពួកគេមិនបានផ្តល់ឲ្យនូវភាពសុខស្រួលនិងទីជ្រកភ័យ ដែលអាស្រ័យលើសភាវៈពិត ។ ដោយពិត ទាំងអស់នេះ មិនមែនជាទីពឹង ទីរលឹកដ៏ប្រសើរឡើយ មិនមែន​ជាទីពឹង​ដ៏ឧត្តុង្គ​ឧត្តម​ជាទីពឹង​ទីរលឹក ដែលគ្មាននរណាម្នាក់អាចចេញចាកផុតពីសេចក្តីទុក្ខបានតែយកទីពឹងទីរលឹកក្នុង ព្រះពុទ្ធ ព្រះ​ធម៌ និងព្រះសង្ឃហើយចាក់ធ្លុះនូវធម៌ពិតប្រាកដ, នូវអរិយសច្ច ៤ នូវទុក្ខ, នូវ​ហេតុនៃ​ទុក្ខនូវការ​រលត់​ទុក្ខនិង​អរិយមគ្គប្រកបដោយអង្គ ៨ ដែលនាំទៅរកការរលត់នូវទុក្ខនេះគឺពិតជាទីពឹងដ៏ប្រសើរបំផុត វាជាទី​ពឹង​ដ៏ឧត្តុង្គឧត្តម វា​ជាទីពឹងដែល​មនុស្សម្នាក់អាច​ចេញចាក​ទុក្ខបាន ។ ការយកព្រះពុទ្ធជាទីពឹង គឺជាការទទួលយកដោយជឿទុកចិត្តនូវហេតុការណ៍ដែលមនុស្សម្នាក់​អាច​ក្លាយ​ជាអ្នកត្រាស់ដឹងនិងសុក្រឹតភាពយ៉ាងពេញលេញបានដូចគ្នា ដែល​ព្រះពុទ្ធ​បរមគ្រូធ្លាប់បានទទួល ។ ការ​យកព្រះធម៌ជាទីពឹងទីរលឹកមានន័យថាយល់នូវអរិសច្ច ៤ ហើយអាស្រ័យលើជីវិតមនុស្សម្នាក់ ដែលស្ថិតលើអរិយមគ្គប្រកបដោយអង្គ ៨ ។ ការយកព្រះសង្ឃជាទីពឹងទីរលឹក មានន័យថា សម្លឹងការជួយណែនាំការទាក់ទាញ និងការដឹងនាំរបស់ព្រះសង្ឃទាំងឡាយ ដែលបដិបត្តិទៅតាមមាគ៌ាអរិយមគ្គប្រកបដោយអង្គ ៨ ។ ការធ្វើ ដូច្នេះ មនុស្សម្នាក់ ៗ អាចក្លាយជាពុទ្ធសាសនិកជន ហើយបដិបត្តិតាមជំហានដម្បូងនៅលើមាគ៌ាឈានទៅរកព្រះនិព្វាន ។ ដកស្រង់ចេញពីសៀវភៅ បុញ្ញបទីប រៀបរៀងដោយៈ ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ​៥០០០​ឆ្នាំ
images/articles/2258/Untitled-1-Recovered.jpg
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០២៦ (អាន: ២១,៧០៤ ដង)
កំណើតបានមកជាមនុស្សគឺជាកំណើតមួយ ដែលមានភ័ព្វសំណាង ក្រាស់ក្រែលច្រើនពេកណាស់កន្លង ។ដូច្នេះ​​​ហើយ យើងគ្រប់គ្នា​គួរថែរក្សានូវតម្លៃដែលមានដោយ​កម្រ​នេះឲ្យបាន​ស្ថិតនៅ​គង់​វង្ស និង​កុំឲ្យ​ធ្លាក់​ទៅ​ក្នុង​សភាពដ៏ថោកទាបឲ្យសោះ នោះគឺបានដល់ការ​ចាប់​ផ្តើម​ជីវិត​រស់​នៅ​ ដោយ​ការ​ប្រតិ​បត្តិ​យក​ព្រះ​ធម៌​ធ្វើ​ជា​ម្លប់, ជាផ្ទះ, ជាស្បៀងអាហារ, ជាមិត្តសម្លាញ់, ជាទីពឹង និងជាគ្រឿងពិចារណាគ្រប់ពេលវេលាគ្រប់ដង្ហើមចេញចូលទាំងអស់ ។ ពាក្យថា ព្រះធម៌នេះ បានន័យជាភាសាសាមញ្ញថាៈ សភាវៈទ្រទ្រង់​សត្វលោកគឺបុណ្យ បាប, សុចរិត, ទុច្ចរិត, ហេតុ, សភាព, ធម្មតា, ប្រក្រតី, ប្រាជ្ញាញាណ, គុណ, សេចក្តីចម្រើន, អារម្មណ៍ខាងផ្លូវចិត្ត, ការរិះគិត, កិរិយាមារយាទ, ច្បាប់ជាធម៌ ។ តាមសេចក្តី ដែលខ្ញុំបានដកស្រង់ ចេញពីវចនានុក្រម របស់ សម្តេចព្រះ​សង្ឃរាជ ជួន ណាត មកប៉ុណ្ណេះ​អាចបញ្ជាក់ ឲ្យឃើញបានថា ព្រះធម៌ គឺជាកិច្ចការ សកម្មភាពទាំងឡាយ ដែលមនុស្សសត្វប្រព្រឹត្តធ្វើជាប្រក្រតីក្នុងជីវិតប្រចាំថ្ងៃរួមទាំងសភាពប្រក្រតីនៃចិត្តផងដែរ ។ តែនៅក្នុងនេះ ពាក្យថា ព្រះធម៌ សម្តៅយកតែសភាពដែលល្អ ដែលទ្រទ្រង់ឲ្យសត្វលោកប្រព្រឹត្តទៅបានសេចក្តីសុខចម្រើន ឬ គេអាចហៅម៉្យាងទៀតថា គុណធម៌នោះឯង ។ ការរស់នៅប្រចាំថ្ងៃមនុស្សយើង គួរតែជាអ្នកធ្ងន់ក្នុងហេតុផល និងជាអ្នកស្រឡាញ់យុត្តិធម៌, ស្រឡាញ់សីលធម៌, ស្រឡាញ់សុចរិតភាព, ស្រឡាញ់រាប់អានគ្នា, ស្រឡាញ់សម្មាជីវៈ, ស្រឡាញ់ការឲ្យទាន, ស្រឡាញ់ការជួយយកអាសាអ្នកដទៃ, ស្រឡាញ់ប្រិយវាចា និងចេះបន្ទាបឱនខ្លួនមិនប្រកាន់ឫកពាក្រអឺតក្រទមដាក់ញាតិមិត្ត ទាំងអស់នេះគឺជាអត្ថន័យពិតនៃពាក្យថា រស់នៅជាមួយព្រះធម៌ ឬ រស់នៅក្នុងម្លប់នៃព្រះធម៌ ។ ដកស្រង់ចេញពីសៀវភៅ សង្គមធម៌ព្រះពុទ្ធសាសនា រៀបរៀងដោយៈ ព្រះមហាមង្គលធម្មោ មត សុមឿន វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ​៥០០០​ឆ្នាំ
images/articles/2889/Phutthamonthon_Buddha.jpg
ផ្សាយ : ១០ កញ្ញា ឆ្នាំ២០២៦ (អាន: ៣០,៦១៧ ដង)
បដិបទា មានន័យថាការប្រព្រឹត្ត, កាន់, ធ្វើតាម; ច្រើននិយាយថា សេចក្ដីបដិបត្តិ, ការប្រតិបត្តិ ដូចគ្នានឹងបដិបត្តិ ឬ ប្រតិបត្តិ ដែរ ។ បដិបទា មាន ៤ យ៉ាង គឺ ៖ ១. ទុក្ខា បដិបទា ទន្ធាភិញ្ញា បដិបទាជាទុក្ខតែត្រាស់ដឹងបានដោយយឺតយូរ ២. ទុក្ខា បដិបទា ខិប្បាភិញ្ញា បដិបទាជាទុក្ខតែត្រាស់ដឹងបានដោយឆាប់រហ័ស ៣. សុខា បដិបទា ទន្ធាភិញ្ញា បដិបទាជាសុខតែត្រាស់ដឹងបានដោយយឺតយូរ ៤. សុខា បដិបទា ខិប្បាភិញ្ញា បដិបទាជាសុខតែត្រាស់ដឹងបានដោយឆាប់រហ័ស (សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ សង្គីតិសូត្រ បិដកលេខ ១៩ ទំព័រ ១៦៣) ម្នាលភិក្ខុទាំងឡាយ បដិបទា (ការប្រតិបត្តិ) នេះមាន ៤ ។ បដិបទា ៤ គឺ អ្វីខ្លះ ។ គឺប្រតិបត្តិលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ ១ ប្រតិបត្តិលំបាក តែត្រាស់ដឹងឆាប់ ១ ប្រតិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ ១ ប្រតិបត្តិស្រួល ទាំងត្រាស់ដឹងក៏ឆាប់ ១ ។ ម្នាលភិក្ខុទាំងឡាយ បដិបទាមាន ៤ យ៉ាងនេះឯង ។ (សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ បិដកលេខ ៤៣ ទំព័រ ១៩) បដិបទារបស់ព្រះសារីបុត្រ ១. បដិបទាឲ្យបានសម្រេចមគ្គ ៣ ខាងក្រោមរបស់ព្រះសារីបុត្រជា សុខា បដិបទា ទន្ធាភិញ្ញា (បដិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ) ។ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថ បណ្ណាសក បដិបទាវគ្គ សារិបុត្តសូត្រ) ២. បដិបទាឲ្យបានសម្រេចអរហត្តមគ្គរបស់ព្រះសារីបុត្រជា សុខា បដិបទា ខិប្បាភិញ្ញា (បដិបត្តិលំបាក តែត្រាស់ដឹងឆាប់រហ័ស) ដោយមានសូត្រជាសាធកៈថា ម្នាលអាវុសោ បណ្ដាបដិបទាទាំង ៤ នេះ ចិត្តខ្ញុំអាស្រ័យនូវបដិបទា ដែលជាប្រតិប័ទស្រួលទាំងត្រាស់ដឹងបានឆាប់នេះ ទើបរួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ។ (សុត្តន្តបិដក អង្គុត្តរនិកាយចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ សារិបុត្តសូត្រ បិដកលេខ ៤៣ ទំព័រ ៣៣) បដិបទារបស់ព្រះមហាមោគ្គល្លាន ១. បដិបទាឲ្យបានសម្រេចមគ្គ ៣ ខាងក្រោមរបស់ព្រះមហាមោគ្គល្លានជា សុខា បដិបទា ទន្ធាភិញ្ញា (បដិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ) ។ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ មហាមោគ្គល្លានសូត្រ) ២. បដិបទាឲ្យបានសម្រេចអរហត្តមគ្គរបស់ព្រះមហាមោគ្គល្លានជា ទុក្ខា បដិបទា ខិប្បាភិញ្ញា (បដិបត្តិលំបាក តែត្រាស់ដឹងឆាប់រហ័ស) ដោយមានសូត្រជាសាធកៈថា ម្នាលអាវុសោ បណ្ដាបដិបទាទាំង ៤ នេះ ចិត្តខ្ញុំអាស្រ័យនូវបដិបទាដែលជាប្រតិប័ទលំបាក តែត្រាស់ដឹងបានឆាប់នេះ ទើបរួចចាកអាសវៈព្រោះមិនប្រកាន់មាំ ។ (សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថ បណ្ណាសក បដិបទាវគ្គ មហាមោគ្គល្លានសូត្រ បិដកលេខ ៤៣ ទំព័រ ៣២) មហាមោគ្គល្លានសុត្តាទិវណ្ណនា ក្នុងសូត្រទី ៧ និង ទី ៨ នេះ មានវិនិច្ឆ័យដូចតទៅ ៖ ភាវៈជាសុខបដិបទទន្ធាភិញ្ញានៃមគ្គទាំងឡាយ ៣ ខាងក្រោម និង ភាវៈជាទុក្ខបដិបទ-ខិប្បាភិញ្ញានៃអរហត្តមគ្គ របស់ព្រះមហាមោគ្គល្លានត្ថេរ គឺព្រះអដ្ឋកថាចារ្យ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ មហាមោគ្គល្លានសូត្រ) ពោលហើយដោយបទជាដើមថា មហាមោគ្គល្លានស្ស, ភាវៈជាសុខបដិបទទន្ធាភិញ្ញានៃមគ្គទាំងឡាយ ៣ ខាងក្រោម និង ភាវៈជាសុខបដិបទខិប្បាភិញ្ញានៃអរហត្តមគ្គ របស់ព្រះសារិបុត្តត្ថេរ គឺព្រះអដ្ឋកថាចារ្យ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ សារិបុត្តសូត្រ) បានសម្ដែងហើយ ។ ចំណែកឯក្នុង វិសុទ្ធិមគ្គប្បករណ៍ លោកពោលថា មគ្គទាំងឡាយ សូម្បី ៤ របស់ព្រះសម្មាសម្ពុទ្ធទាំង​ឡាយ​ រមែងជាសុខបដិបទខិប្បាភិញ្ញាតែម្យ៉ាងប៉ុណ្ណោះ, មគ្គទាំងឡាយ សូម្បី ៤ របស់ព្រះធម្មសេនា​បតី​សារីបុត្រ រមែងជាសុខបដិបទខិប្បាភិញ្ញាតែម្យ៉ាងដូចគ្នា ។ ចំណែក បឋមមគ្គ (សោតាបត្តិមគ្គ) របស់ព្រះមហាមោគ្គល្លានត្ថេរ រមែងជាសុខបដិបទខិប្បាភិញ្ញា, មគ្គទាំងឡាយ ៣ ខាងលើ (របស់ព្រះមហាមោគ្គល្លានត្ថេរនោះ) រមែងជា ទុក្ខបដិបទទន្ធាភិញ្ញា ។ ចំណែកក្នុងគម្ពីរ អដ្ឋសាលិនី អដ្ឋកថាធម្មសង្គណី ពោលថា ពិតមែនហើយ មគ្គទាំងឡាយ សូម្បី ៤ របស់ព្រះតថាគត និង ព្រះសារីបុត្រ រមែងជាសុខបដិបទខិប្បាភិញ្ញាតែម្យ៉ាងប៉ុណ្ណោះ ។ ចំណែកឯបឋមមគ្គរបស់ព្រះមហាមោគ្គល្លានត្ថេរ រមែងជាសុខបដិបទខិប្បាភិញ្ញា ហើយមគ្គទាំង ៣ ខាងលើ របស់លោក រមែងជា ទុក្ខបដិបទខិប្បាភិញ្ញា ។ មគ្គទាំងអស់នោះ រមែងមិនអនុលោមដល់គ្នានឹងគ្នា ។ ព្រះបាលី (ព្រះត្រៃបិដក) និង អដ្ឋកថាទាំងឡាយនេះ រមែងមិនស្មើគ្នា (មិនដូចគ្នា)សូមសិក្ខាកាមទាំងឡាយ (អ្នកប្រាថ្នាក្នុងការសិក្សា) គប្បីពិចារណាតាមសមគួរចុះ ។ ពាក្យទាំងអស់នោះ គឺខ្ញុំព្រះករុណាគប្បីកាន់យកថា ជាមតិរបស់ព្រះភាណកាចារ្យទាំងឡាយនោះៗ ដែលលោកពោលយ៉ាងនោះៗ ក្នុងទីនោះៗ ។ មហាមោគ្គល្លានសុត្តាទិវណ្ណនា ចប់ ។ (សារត្ថមញ្ជូសា នាម អង្គុត្តរនិកាយដីកា ) ប្រែ និង ប្រមូលរៀបរៀងដោយ ខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/809/Untitled-1.jpg
ផ្សាយ : ១០ កញ្ញា ឆ្នាំ២០២៦ (អាន: ១៣,៣៩១ ដង)
ក្នុង​បិដក​លេខ​ ៤៨​ ទំព័រ​ ១៨០​ ព្រះ​សម្មា​សម្ពុទ្ធ​ ជា​ម្ចាស់​ ទ្រង់​ត្រាស់​សម្តែង​ថាៈ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បាណា​តិបាត​ ដែល​បុគ្គល​សេព​ថ្នឹក​ហើយ​ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​នរក​ប្រព្រឹត្ត​ទៅ​ដើម្បី​កំណើត​តិរច្ឆាន​ប្រព្រឹត្ត​ទៅ​ដើម្បី​បិត្តិ​វិស័យ​ ។​ ផល​នៃ​បាណាតិ​បាត​ ដែល​ស្រាល​ជាង​ផល​ទាំង​អស់​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​មាន​អាយុ​ខ្លី​ ដល់​កើត​ជា​មនុស្ស​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អទិន្នា​ទាន​​ ដែល​បុគ្គល​សេព​ថ្នឹក​ហើយ​ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​នរក​ប្រព្រឹត្ត​ទៅ​ដើម្បី​កំណើត​តិរច្ឆាន​ ប្រព្រឹត្ត​ទៅ​ដើម្បី​បិត្តិ​វិស័យ​ ។​ ផល​នៃ​អទិន្នា​ទាន​ ដែល​ស្រាល​ជាង​ផល​ទាំង​អស់​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​វិនាស​នៃ​ភោគៈ​ ដល់​កើត​ជា​មនុស្ស​ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កាមេ​សុមិ​ច្ឆា​ចារ​​ ដែល​បុគ្គល​សេព​ថ្នឹក​ហើយ​ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​នរក​ប្រព្រឹត្ត​ទៅ​ដើម្បី​កំណើត​តិរច្ឆាន​ ប្រព្រឹត្ត​ទៅ​ដើម្បី​បិត្តិ​វិស័យ​ ។​ ផល​នៃ​កាមេ​សុមិច្ឆាចារ​ ដែល​ស្រាល​ជាង​ផល​ទាំង​អស់​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​សត្រូវ​និង​ពៀរ​​ ដល់​កើត​ជា​មនុស្ស​ ។​ ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ មុសា​វាទ​​ ដែល​បុគ្គល​សេព​ថ្នឹក​ហើយ​ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​នរក​ប្រព្រឹត្ត​ទៅ​ដើម្បី​កំណើត​តិរច្ឆាន​ ប្រព្រឹត្ត​ទៅ​ដើម្បី​បិត្តិ​វិស័យ​ ។​ ផល​នៃ​មុសាវាទ​​ ដែល​ស្រាល​ជាង​ផល​ទាំង​អស់​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​គេ​ពោល​បង្កាច់​ដោយ​ពាក្យ​មិន​ពិត​ ដល់​កើត​ជា​មនុស្ស​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បិសុណា​វាចា​​ ដែល​បុគ្គល​សេព​ថ្នឹក​ហើយ​ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​នរក​ប្រព្រឹត្ត​ទៅ​ដើម្បី​កំណើត​តិរច្ឆាន​ ប្រព្រឹត្ត​ទៅ​ដើម្បី​បិត្តិ​វិស័យ​ ។​ ផល​នៃ​បិសុណា​វាចា​​ ដែល​ស្រាល​ជាង​ផល​ទាំង​អស់​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​បែក​បាក់​ចាក​មិត្ត​ ដល់​កើត​ជា​មនុស្ស​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ផរុស​វាចា​​ ដែល​បុគ្គល​សេព​ថ្នឹក​ហើយ​ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​នរក​ប្រព្រឹត្ត​ទៅ​ដើម្បី​កំណើត​តិរច្ឆាន​ ប្រព្រឹត្ត​ទៅ​ដើម្បី​បិត្តិ​វិស័យ​ ។​ ផល​នៃ​ផរុស​វាចា​​ ដែល​ស្រាល​ជាង​ផល​ទាំង​អស់​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​សម្លេង​មិន​ជា​ទី​គាប់​ចិត្ត​ ដល់​កើត​ជា​មនុស្ស​ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សម្ផ​ប្ប​លាបៈ​​ ដែល​បុគ្គល​សេព​ថ្នឹក​ហើយ​ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​នរក​ប្រព្រឹត្ត​ទៅ​ដើម្បី​កំណើត​តិរច្ឆាន​ ប្រព្រឹត្ត​ទៅ​ដើម្បី​បិត្តិ​វិស័យ​ ។​ ផល​នៃ​បាណាតិ​បាត​ ដែល​ស្រាល​ជាង​ផល​ទាំង​អស់​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​ពាក្យ​ដែល​មិន​គួរ​កាន់​យក​ ដល់​កើត​ជា​មនុស្ស​ ។​ ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ការ​ផឹក​នូវ​សុរា​ និង​មេរ័យ​​ ដែល​បុគ្គល​សេព​ថ្នឹក​ហើយ​ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​នរក​ប្រព្រឹត្ត​ទៅ​ដើម្បី​កំណើត​តិរច្ឆាន​ ប្រព្រឹត្ត​ទៅ​ដើម្បី​បិត្តិ​វិស័យ​ ។​ ផល​នៃ​បាណាតិ​បាត​ ដែល​ស្រាល​ជាង​ផល​ទាំង​អស់​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​ភាព​ជា​មនុស្ស​ឆ្កួត​ ដល់​កើត​ជា​មនុស្ស​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អានិសង្ស​នៃ​បុណ្យ​ អានិសង្ស​នៃ​កុសល​ ជា​អាហារ​នៃ​សេចក្តី​សុខ​ ជា​ធម៌​ឲ្យនូវ​អារម្មណ៍​ដ៏​ល្អ​លើស​ ជា​ផល​នៃ​សេចក្តី​សុខ​ ប្រព្រឹត្ត​ទៅ​ដើម្បី​សួគ៌​ ៨​ យ៉ាង​នេះ​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​ត្រេកអរ​ ដើម្បី​សេចក្តី​រីក​រាយ​ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេច​ក្តី​សុខ​ ។​ អានិសង្ស​នៃ​បុណ្យ​ អានិសង្ស​នៃ​កុសល​​ ៨​ យ៉ាង​ដូច​ម្តេច​ខ្លះ​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អរិ​យសាវក​ក្នុង​សាសនា​នេះ​ ជា​អ្នក​ដល់​នូវ​ព្រះ​ពុទ្ធ​ជា​ទី​ពឹង​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​នេះ​ ជា​អនិ​សង្ស​នៃ​បុណ្យ​អានិសង្ស​​នៃ​កុសល​ ជា​អាហារ​នៃ​សេចក្តី​សុខ​ ជា​ធម៌​ឲ្យ​នូវ​អារម្មណ៍​ដ៏​ល្អ​លើស​ ជា​ផល​នៃ​សេចក្តី​សុខ​ ជា​ធម៌​ឲ្យ​នូវ​អារម្មណ៍​ដ៏​ល្អ​លើស​ ជា​ផល​នៃ​សេចក្តី​សុខ​ ប្រព្រឹត្ត​ទៅ​ដើម្បី​សួគ៌​ទី​ ១​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​សេច​ក្តី​ត្រេក​អរ​ ដើម្បី​សេចក្តី​រីក​រាយ​ ដើម្បី​សេច​ក្តី​ពេញ​ចិត្ត​ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ មួយ​ទៀត​ អរិយ​សាវក​ ជាអ្នក​ដល់​នូវ​ព្រះ​ធម៌​ជា​ទី​ពឹង​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ជា​អនិ​សង្ស​ នៃ​បុណ្យ​ទី​ ២​ ។ល។​ រមែង​ប្រព្រឹត្ត​ទៅ​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ មួយ​ទៀត​ អរិយ​សាវក​ ជា​អ្នក​ដល់​នូ​វព្រះ​សង្ឃ​ជា​ទី​ពឹង​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ជា​អនិ​សង្ស​ នៃ​បុណ្យ​ អានិសង្ស​នៃ​​កុសល​ ជា​អា​ហារ​នៃ​សេចក្តី​សុខ​ ជា​ធម៌​ឲ្យ​នូវ​អារម្ម​ណ៍​ដ៏​ល្អ​លើស​ ជា​ផល​នៃ​សេចក្តី​សុខ​ ប្រព្រឹត្ត​ទៅ​ដើ​ម្បី​សួគ៌​ទី​ ៣​​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​ត្រេក​អរ​ ដើម្បី​សេចក្តី​រីក​រាយ​ ដើម្បី​សេច​ក្តី​ពេញ​ចិត្ត​ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ទាន​ទាំង​ ៥​ យ៉ាង​នេះ​ ចាត់​ជា​មហា​ទាន​ ដែ​ល​អ្នក​ប្រាជ្ញ​ដឹង​ថា​ ជា​របស់​ប្រសើរ​ ដឹង​ថា​ ជា​របស់​ប្រព្រឹត្ត​ទៅ​អស់​រាត្រី​យូរ​ ដឹង​ថា​ ជា​វង្ស​ (នៃ​កល្យាណ​ជន​)​ ជា​របស់​មាន​មក​ក្នុង​កាល​មុន​ ជា​របស់​មិន​ខ្ចាត់​ខ្ចាយ​ (​ក្នុង​អនាគត​) ពួក​សមណ​ព្រាហ្ម​ណ៍​ ជា​វិញ្ញូជន​ ក៏​មិន​ដែល​តិះ​ដៀល​ឡើយ​ ។​ ទាន​ ៥​ យ៉ាង​ តើ​ដូច​ម្តេច​ខ្លះ​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អរិយសាវក​ ក្នុង​សាសនា​នេះ​​ លះ​បង់​បាណា​តិបាត​ វៀរ​ចាក​បាណាតិបាត​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អរិយ​សាវក​ ជា​អ្នក​វៀរ​ចាក​បាណាតិ​បាត​ ឈ្មោះ​ថា​ ឲ្យ​នូវ​អភ័យ​ ឲ្យ​នូវ​អំពើ​មិន​មាន​ពៀរ​ ឲ្យ​នូវ​អំពើ​មិន​មាន​ទុក្ខ​ដល់​សត្វ​ទាំង​ឡាយ​ មាន​ប្រមាណ​មិន​បាន​ លុះ​ឲ្យ​នូវ​អភ័យ​ ឲ្យ​នូវ​អំពើ​មិន​មាន​ពៀរ​ ឲ្យ​នូវ​អំពើ​មិន​មាន​ទុក្ខ​ដល់​សត្វ​ទាំង​ឡាយ​ មា​ន​ប្រមាណ​មិន​បាន​ហើយ​ រមែង​ជា​អ្នក​មាន​​ចំណែក​នៃ​សេច​ក្តី​មិន​មាន​ភ័យ​ មិន​មាន​ពៀរ​ មិន​មាន​ទុក្ខ​ មាន​ប្រមាណ​មិន​បាន​វិញ​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ជា​ទាន​ទី ១​ ចាត់​ជា​មហា​ទាន​ដែល​អ្នក​ប្រាជ្ញ​ ដឹង​ថា​ ជា​របស់​ប្រសើរ​ ដឹង​ថា​ ជា​របស់​ប្រព្រឹត្ត​ទៅ​អស់​រាត្រី​យូរ​ ដឹង​ថា​ ជា​វង្ស​ (នៃ​កល្យាណ​ជន​)​ ជា​របស់​មាន​មក​ក្នុង​កាល​មុន​ ជារបស់​មិន​រោយ​រាយ​ មិន​ធ្លាប់​រោយ​រាយ​ហើយ​ រមែង​មិន​ខ្ចាត់​ខ្ចាយ​ និង​មិន​ខ្ចាត់​ខ្ចាយ​ ពួក​សមណ​ព្រាហ្ម​ណ៍​ ជា​វិញ្ញូជន​ ក៏​មិន​ដែល​តិះ​ដៀល​ឡើយ​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ជា​អនិសង្ស​នៃ​បុណ្យ​ អានិសង្ស​នៃ​កុសល​ ជា​ផល​នៃ​សេច​ក្តី​សុខ​ ជា​ធម៌​ឲ្យ​នូវ​អារម្មណ៍​ដ៏​ល្អ​លើស​ ជា​ផល​នៃ​សេច​ក្តី​សុខ​ ប្រព្រឹត្ត​ទៅ​ដើម្បី​សួគ៌​ទី​ ៤​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​ត្រេក​អរ​ ដើម្បី​សេច​ក្តី​រីក​រាយ​ ដើម្បី​សេច​ក្តី​ចម្រើន​ ដើម្បី​សេច​ក្តី​សុខ​ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អរិយ​សាវក​ លះ​បង់​នូវ​អទិន្នា​ទាន​ វៀរ​ចាក​អទិន្នាទាន​ ។ល។ លះ​បង់​ កាមេ​សុមិច្ឆាចារ​ វៀរ​ចាក​ កាមេ​សុមិច្ឆាចារ ។ល។​ លះ​បង់​ មុសាវាទ​ វៀរ​ចាក​ មុសា​វាទ​ ។ល។​ លះ​បង់​សុរា​មេរយមជ្ជប្បមាទដ្ឋាន​ វៀរ​ចាក​សុរា​មេរយមជ្ជ​ប្បមាទដ្ឋាន​ ឈ្មោះ​ថា​ឲ្យ​នូវ​អភ័យ​ ឲ្យ​នូវ​អំពើ​មិនមាន​ពៀរ​ ឲ្យ​នូវ​អំពើ​មិន​មាន​ទុក្ខ​ដល់​សត្វ​ទាំង​ឡាយ​ មាន​ប្រមាណ​មិន​បាន​ លុះ​ឲ្យ​នូវ​អភ័យ​ឲ្យ​នូវ​អំពើ​មិន​មាន​ពៀរ​ ឲ្យ​នូវ​អំពើ​មិន​មាន​ទុក្ខ​ ដល់​សត្វ​ទាំង​ឡាយ​ មាន​ប្រមាណ​មិន​បាន​ហើយ​ រមែង​ជា​អ្នកមាន​ចំណែក​នៃ​សេច​ក្តី​មិន​មាន​ភ័យ​ មិន​មាន​ពៀរ​ មិន​មាន​ទុក្ខ​ មាន​ប្រមាណ​មិន​បាន​វិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​នេះ​ជា​ទាន​ទី​ ៥​ ចាត់​មហា​ទាន​ ដែល​អ្នក​ប្រាជ្ញ​ដឹង​ថា​ ជា​របស់​ប្រ​សើរ​ ដឹង​ថា​ ជា​របស់​ប្រព្រឹត្ត​ទៅ​អស់​រា​ត្រី​យូរ​ ដឹង​ថា​ ជា​វង្ស​ (​នៃ​កល្យាណ​ជន​)​ ជា​របស់​មាន​មក​ក្នុង​កាល​មុន​ មិន​រោយ​រាយ​ មិន​ធ្លាប់​រោយ​រាយ​ហើយ​ រមែង​មិន​ខ្ចាត់​ខ្ចាយ​ នឹង​មិន​ខ្ចាត់​ខ្ចាយ ពួក​សមណ​ព្រាហ្ម​ណ៍​​ជា​វិញ្ញូ​ជន​ ក៏​មិន​ដែល​តិះ​ដៀល​ឡើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ជា​អានិសង្ស​នៃ​បុណ្យ​ អានិសង្ស​នៃ​កុសល​ ជា​អាហារ​នៃ​សេចក្តី​សុខ​ ជា​ធម៌​ឲ្យ​នូវ​អារម្មណ៍ដ៏​ល្អ​លើស​ ជា​ផល​នៃ​សេច​ក្តី​សុខ​ ប្រព្រឹត្ត​ទៅ​ដើម្បី​សួគ៌​ទី​ ៨ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​សេ​ចក្តី​ត្រេក​អរ​ ដើម្បី​សេចក្តី​រីករាយ​ ដើម្បី​សេច​ក្តី​ចម្រើន​ ដើម្បី​សេចក្តីសុខ​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡា​យ​ នេះ​ជា​អានិសង្សបុណ្យ​ ជា​អានិសង្ស​​នៃ​កុស​ល​ ជា​អា​ហារ​នៃ​សេចក្តី​សុខ​ ប្រព្រឹត្ត​ទៅ​ដើម្បី​សួគ៌​ទី​ ៨​ រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​សេច​ក្តី​ត្រេក​អរ​ ដើម្បី​សេចក្តី​រីក​រាយ​ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ​ ។​ ស្រង់​ចាក​ សៀវ​ភៅ​ ឃរាវាស​ធម៌​ ដោយ​៥០០០​ឆ្នាំ​
images/articles/288/Un322rqtitled-1.jpg
ផ្សាយ : ១០ កញ្ញា ឆ្នាំ២០២៦ (អាន: ៤៩,២២២ ដង)
ព្រះ​បរម​សាស្តា​កាល​ដែល​ទ្រង់​គង់​ប្រថាប់​ក្នុង​ព្រះ​គន្ធកុដិ នា​ដែន​ដី​នៃ​ព្រៃ​ហេមពាន្ត ព្រះ​អង្គ​ទ្រង់​ប្រារព្ធ​មារា​ធិរាជ​។ក្នុង​កាល​នោះ​មារ​បាន​មក​អារាធនា​សូម​ឲ្យ​ព្រះ​អង្គ​ត្រឡប់​ទៅ​គ្រប់​គ្រង​រាជ​សម្បត្តិ​វិញ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ទៅ​កាន់​មារ​ថា ភ្នំ​មាស​២​ ក៏​មិន​អាច​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​គ្រប់​គ្រាន់​បាន​ដែរ​ បុគ្គល​ជ្រាប​ដូច្នេះ​ហើយ​ គប្បី​ប្រព្រឹត្ត​ធម៌​សន្តោស​ ដូច្នេះ​ជា​ដើម។ ជា​បន្ត​ព្រះ​អង្គ​ទ្រង់​ត្រាស់​នូវ​គាថា​ដូច្នេះ​ថា៖ អត្ថម្ហិ ជាតម្ហិ សុខា សហាយា តុដ្ឋី សុខា យា ឥតរីតរេន បុញ្ញំ សុខំ ជីវិតសង្ខយម្ហិ សព្វស្ស ទុក្ខស្ស សុខំ បហានំ។ កាល​បើ​សេចក្តី​ត្រូវ​ការ​កើត​ឡើង​ហើយ​ សម្លាញ់​ទាំង​ឡាយ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ សេចក្តី​ត្រេក​អរ​ដោយ​បច្ច័យ​តាម​មាន​តាម​បាន​ ជា​ហេតុ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ បុណ្យ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ក្នុង​កាល​អស់​ជិវិត​ ការ​លះ​បង់​ទុក្ខ​ទាំង​អស់​បាន​ ជា​ហេតុ​នាំ​សេចក្តី​សុខ​មក​ឲ្យ​។ សុខា មត្តេយ្យតា លោកេ អថោ បេត្តេយ្យតា សុខា សុខា សាមញ្ញតា លោកេ អថោ ព្រហ្មញ្ញតា សុខា សុខំ យាវ ជរា សីលំ សុខា សទ្ធា បតិដ្ឋិតា សុខោ បញ្ញាបដិលោភោ បាបានំ អករណំ សុខំ។ ការ​ប្រតិបត្តិល្អដល់មាតា នាំសេចក្តីសុខមកឲ្យក្នុងលោក ម៉្យាងទៀត ការប្រតិបត្តិល្អដល់បិតា នាំសេចក្តីសុខមកឲ្យ។ ការ​ប្រតិបត្តិ​ល្អ​ដល់​សមណៈ​​នាំ​សេចក្តីសុខ​មក​ឲ្យក្នុង​លោក​ ម៉្យាងទៀត ការ​ប្រតិបត្តិល្អ​ដល់​ព្រាហ្មណ៍(អ្នក​ដែល​មាន​បាប​បណ្តែត​ចោល​ហើយ​) នាំ​សេចក្តី​សុខ​មក​ឲ្យ​។ សីល​នាំ​សេចក្តី​សុខ​មក​ឲ្យ​ដរាប​ដល់​ចាស់​ សទ្ធា​ដែល​បុគ្គល​តំកល់​ស៊ប់​ហើយ នាំ​សេចក្តី​សុខ​មក​ឲ្យ​ ការ​បាន​ចំពោះ​នូវ​បញ្ញា​ នាំ​សេចក្តី​សុខ​មក​ឲ្យ​ ការ​មិន​ធ្វើ​បាប​ទាំង​ឡាយ​នាំ​សេចក្តី​សុខ​មក​ឲ្យ​៕ [ស្រង់ចេញពីសៀវភៅ "ព្រះពុទ្ធភាសិត"​ រៀប​រៀង​ដោយ​ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស ដោយ ៥០០០ឆ្នាំ
images/articles/3544/2026-09-02_16_29_13-Untitled_-_Notepad.jpg
ផ្សាយ : ១០ កញ្ញា ឆ្នាំ២០២៦ (អាន: ២៦៩ ដង)
ជីវិតរបស់យេីងម្នាក់ៗមិនវែងទេ ។ កុំខំប្រឹងខ្ជះខ្ជាយចំណាយពេលវេលាដ៏តិចតួចនេះ យកទៅឈ្លោះប្រកែកគ្នា ខឹងស្អប់គ្នា ប្រកាន់មេីលងាយគ្នា និយាយតិះដៀលប្រមាថបៀតបៀនគ្នាច្រេីនពេក ។ ត្រូវឆ្លាតចេះចំណាយពេលឲ្យមានតម្លៃ ឲ្យស្មេីតម្លៃជីវិតយេីងត្រូវលះបង់គ្រប់វិនាទី ត្រូវដូរគុណធម៌ល្អៗយកមកវិញ ទាន់នៅមានជីវិត ។ ត្រូវចេះមេីលថែរក្សាគ្នា ស្រឡាញ់រាប់អានគ្នា ផ្តល់កិត្តិយស សេចក្តីសុខ សេចក្តីថ្លៃថ្នូរឲ្យគ្នា ។ - អ្វីអត់ធន់អត់អោនឲ្យបានគួរឲ្យ - អ្វីមេត្តាឲ្យបានគួរឲ្យ - អ្វីគួរសន្តោសបានគួរសន្តោស - អ្វីគួរយោគយល់គួរយោគយល់ - អ្វីល្អៗគួរធ្វេី គួរប្រាប់ គួរគិតគួរឲ្យគ្នាទាន់ពេល កុំចាំបាត់បង់ទេីបស្តាយក្រោយ សេចក្តីសុខចម្រេីនប្រយោជន៍ និងភាពស្មោះត្រង់ និងកម្លាំងចិត្តត្រូវចេះឲ្យគ្នា ។ តែកុំចង់ចាញ់ឈ្នះគ្នា ប្រឹងដណ្តេីមគ្នានូវរបស់គ្មានតម្លៃ គ្មានប្រយោជន៍ ត្រូវព្យាយាមរៀនរស់នៅជាមួយគុណធម៏មានតម្លៃគឺ ទាន សីល សមាធិ និងវិបស្សនា ទេីបទទួលបានសុខស្ងប់ប្រពៃ ។ ភិក្ខុធម្មត្ថេរោ ៕ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.79