images/articles/3550/2026-09-10_19_08_31-Untitled_-_Notepad.jpg
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ១៥៨ ដង)
វត្តរាជបូណ៌ ឬ វត្តបូព៌ (អង់គ្លេស : Wat Bo) គឺជាបូជនីយដ្ឋាននិងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងក្រុងសៀមរាបដែលបានកសាងឡើងនៅរវាងឆ្នាំ ១៦៥០ បើគិតមកដល់ពេលនេះមានអាយុកាលជាង ៤០០ ឆ្នាំមកហើយ។វត្តរាជបូណ៌មានទីតាំងស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ព្រះវិហារវត្តបូព៌គឺជាមរតកវប្បធម៌ដ៏ល្អឯកមួយដែលមានក្បូរក្បាច់រចនានិងស្នាដៃសិល្បៈខ្មែរពិតៗទាំងដំបូល តួព្រះវិហារ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌គឺសុទ្ធតែជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិរួមទាំងអ្នកមកសិក្សាស្រាវជ្រាវផងដែរ។នៅលើជញ្ជាំងព្រះវិហារផ្នែកខាងក្នុងមានសិល្បៈដ៏រស់រវើកល្អវិចិត្រនិងមានគំនូរបុរាណរឿងរាមកេរ្តិ៍ដែលជារឿងដ៏ល្បីល្បាញនៅក្នុងផ្នែកវប្បធម៌ខ្មែរ។ចំណែកនៅផ្នែកខាងក្រៅមានចម្លាក់លៀនយ៉ាងរស់រវើកនៅលើទ្វារនិងបង្អួច។
វត្តរាជបូណ៌កសាងឡើងនៅរវាងឆ្នាំ ១៦៥០ ហើយព្រះវិហារកសាងនាសម័យកាលក្រោយនៅក្នុងរជ្ជកាលព្រះបាទនរោត្តម។វត្តរាជបូណ៌គឺជាបូជនីយដ្ឋានដ៏ល្បីមួយដែលសម្បូរទៅដោយអ្នកប្រាជ្ញនិងមន្រ្តីសង្ឈដែលមានឋានានុក្រមខ្ពស់ៗគង់នៅ។និយាយអំពីការអប់រំនៅក្នុងវត្តរាជបូណ៌មានសាលាពុទ្ធកវិទ្យាល័យដែលផ្តល់ឲ្យព្រះសង្ឃនៅក្នុងខេត្តដ៏ដូចជាព្រះសង្ឃមកពីបណ្តាខេត្តនានាមានឱកាសរៀននូវចំណេះដឹងទាំងខាងពុទ្ធចក្រនិងអាណាចក្ររួមទាំងមានស្ថានីយវិទ្យុពុទ្ធសាសនា នៅក្នុងវត្តនេះទៀតផង។ជាមួយគ្នានេះផងដែរវត្តរាជបូណ៌ក៏មានមជ្ឈមណ្ឌលវប្បធម៌និងសិល្បៈដែលមានបង្រៀននូវចំណេះដឹងខាងផ្នែករបាំ ផ្នែកដាប់ឆ្លាក់ ផ្នែកគំនូរ ផ្នែកភ្លេងបុរាណមានទាំងស្បែកតូច ស្បែកធំ ភ្លេងពិណពាទ្យ ភ្លេងប្រពៃណីជាពិសេសក៏មានវត្តុបុរាណរាប់រយមុខដែលតាំងនៅក្នុងកុដិប្រៀបដូចជាសារៈមន្ទីរតូចមួយសម្រាប់ឲ្យភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនា និងស្វែងយល់ដែលញ៉ាំងចិត្តឲ្យជ្រះថ្លាពន់ពេក។
ភាពអស្ចារ្យនៃក្បូរក្បាច់រចនាដ៏ល្អវិចិត្រនៃព្រះវិហារបុរាណអាយុកាលប្រមាណជិត ៤០០ ឆ្នាំនេះទាំងសំណង់ ចម្លាក់ គំនូរទាំងនោះត្រូវបានខូចខាតនិងបាត់បង់សោភ័ណដើមដោយអន្លើនៅកន្លែងខ្លះដោយសារអាកាសធាតុ អាយុកាល ការធ្វើថ្មី ការប្រេះស្រាំ ធូលី ផ្សែងធូបទៀន ការលាបពណ៌ថ្មី និង ការជួសជុលផ្សេងៗពីមួយជំនាន់ទៅមួយជំនាន់ជាដើម។ប៉ុន្តែសម្បត្តិបេតិកភ័ណ្ឌខេត្តសៀមរាបមួយនេះត្រូវបានគេយកចិត្តទុកដាក់សង្គ្រោះនិងអភិរក្សដោយអាជ្ញាធរជាតិអប្សរាបានសហការជាមួយអ្នកជំនាញអ៊ីតាលីដើម្បីជួសជុលព្រះវិហារនេះនៅក្នុងបំណងអភិរក្សនិងលើកតម្កើងតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរនាសម័យបុរាណកាលឲ្យរស់រវើកនាពេលបច្ចុប្បន្នឡើងវិញ។
នៅតាមជញ្ជាំង សសររូបចម្លាក់នៅលើស៊ុមបង្អួចមានស្រទាប់ថ្នាំខុសៗគ្នា ចន្លោះពី ០៧ ទៅ ០៣ ស្រទាប់ហើយរាល់ការសម្អាតឬជួសជុល ទាមទារខ្លាំងណាស់នូវការអត់ធ្មត់និងប្រិតព្រៀងបំផុតពិសេសត្រូវមានជំនាញលាយគ្រឿងផ្សំឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីកុំឲ្យមានប្រតិកម្មនឹងថ្នាំចាស់។រយៈពេល ០២ ឆ្នាំមកនេះ ក្រុមការងារសម្រេចបានការសម្អាតជើងសសរ ព្រះពុទ្ធបដិមា បល្ល័ង្ក រូបចម្លាក់មួយចំនួន សន្លឹកបង្អួច ០៩ ផ្ទាំង រូបគំនូរ ០៣ ផ្ទាំងនៅក្នុងចំណោម ១៥៧ ផ្ទាំងខ្លះគូរត្រេលើរូបដែលបាត់មុខ ហើយបិទម្នាងសិលាលើកន្លែងចន្លោះប្រហោងធំៗជាដើម។នៅលើជញ្ជាំងព្រះវិហារផ្នែកខាងក្នុងមានសិល្បៈដ៏រស់រវើកល្អវិចិត្រគឺគំនូរបុរាណរឿងរាមកេរ្តិ៍ដែលជារឿងដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍គូរនៅរវាងឆ្នាំ ១៩២០-១៩២៤ ដោយជាងឈ្មោះប៉ិលនិងក្មួយរបស់គាត់ឈ្មោះឌិត។ជាងគំនូរទាំង ០២ នាក់នេះគឺជាជាងធ្វើណាំងសម្រាប់ល្ខោនស្បែកធំទើបគំនូរមានទម្រង់កាយវិការបែបដូចស្បែកធំ។ចំណែកនៅផ្នែកខាងក្រៅមានចម្លាក់លៀនយ៉ាងរស់រវើកនៅលើទ្វារនិងបង្អួចដោយលោកកុសលបានបញ្ជាក់ថាព្រះវិហារដ៏ចំណាស់មួយនេះធ្លាប់មានការជួសជុលតាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះ។
ប្រភពៈ វិគីភីឌា
ដោយ៥០០០ឆ្នាំ
images/articles/3549/2026-09-10_18_57_11-Untitled_-_Notepad.jpg
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០២៦ (អាន: ១៦៧ ដង)
ព្រះវិហារវត្តរាជបូណ៌និងគំនូរបុរាណរឿងរាមកេរ្តិ៍
ស្ថិតនៅតាមបណ្តោយដងស្ទឹង ចំកណ្តាលក្រុងសៀមរាប មានវត្តជាច្រើនកសាងឡើងប្រកបដោយទឹកដៃសិល្បៈយ៉ាងវិសេសក្រៃលែង។ ក្នុងបណ្តាវត្តទាំងអស់នោះ វត្តរាជបូណ៌ (ឬវត្តបូណ៌) ជាវត្តដែលមានព្រះវិហារដ៏ចំណាស់មួយស្ថិតនៅត្រើយខាងកើតនៃដងស្ទឹង។ អ្នកស្រាវជ្រាវទូទៅយល់ថា ព្រះវិហារវត្តរាជបូណ៌កសាងឡើងតាំងពីដើមសតវត្សទី២០ ហើយជាព្រះវិហារដែលមានគំនូរបុរាណរឿងរាមកេរ្តិ៍ គូរលើជញ្ជាំងច្រើនឈុតជាងគេនៅកម្ពុជា។ ដោយមើលឃើញតម្លៃនៃសំណង់ខាងលើ ចាប់ពីឆ្នាំ២០១៧ ពុទ្ធបរិស័ទនិងព្រះសង្ឃ សហការជាមួយអាជ្ញាធរជាតិអប្សរា បានរៀបចំជួសជុលលើកតម្លៃជាសំណង់បេតិកភណ្ឌស្របតាមគោលការណ៍អភិរក្សរបស់រាជរដ្ឋាភិបាលរហូតបញ្ចប់នៅឆ្នាំ២០២១។
ជាការពិត វត្តរាជបូណ៌ជាអតីតវត្តដែល សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់គង់នៅ។ តាមឯកសារបញ្ជាក់ថា ព្រះអង្គគង់នៅផ្ទាល់ក្នុងព្រះវិហារ ហើយក្នុងសម័យសង្គមរាស្រ្តនិយម វត្តនេះមានព្រះសង្ឃប្រមាណជា៨០ ទៅ១០០អង្គ និងជាវត្តធំជាងគេបង្អស់នៅក្នុងទីរួមខេត្ត។ ចំពោះព្រះវិហារ កសាងឡើងអំពីឥដ្ឋបូកកំបោរបាយអ និងមានគ្រឿងបង្គំឈើ។ អ្នកស្រាវជ្រាវបានចាត់ទុកថា ព្រះវិហារវត្តរាជបូណ៌គឺជាប្រភេទព្រះវិហារព្រះវិហារជហ្វា៦។ មិនតែប៉ុណ្ណោះ នៅតាមសន្លឹកទ្វារបង្អួច និងក្បាច់ស៊ុមទ្វារបង្អួចជុំវិញ សុទ្ធតែឆ្លាក់លម្អដោយក្បាច់រចនាយ៉ាងវិចិត្រគួរឱ្យកោតសរសើរ។
គេសង្កេតឃើញថា ព្រះវិហារវត្តរាជបូណ៌ គឺជាលំនាំស្ថាបត្យកម្មទំនើបនិងបុរាណបញ្ចូលគ្នា ពោលគឺតួព្រះវិហារកសាងឡើងអំពីឥដ្ឋនិងកំបោរបាយអ រចនាក្នុងរបៀបជាសំណង់ទទួលឥទ្ធិពលសិល្បៈសំណង់សម័យបារាំង ហើយដំបូលខាងលើ កសាងឡើងជាបែបដំបូលព្រះវិហារបុរាណ។ ព្រះវិហារនេះកសាងឡើងនៅលើខឿនពីរថ្នាក់ ដែលតួព្រះវិហារមានបណ្តោយប្រហែលជាង២០ម៉ែត្រ និងទទឹងប្រហែល១៦ម៉ែត្រ។ ដំបូលព្រះវិហារជាដំបូលកិង ខ្ពស់ស្រឡះ ប្រក់ក្បឿងស្រកាលេញ ជ្រាលចុះម្ខាង៤ថ្នាក់ ហើយនៅចុងព្រំដំបូលខាងមុខបំពាក់ជហ្វា៣ ចុងព្រំដំបូលខាងក្រោយបំពាក់ជហ្វា៣។ នៅលើព្រំដំបូលមានលម្អដោយក្បាច់មួយខ្សែ (នាងច្រាល?) ភ្ជាប់ពីចុងម្ខាងទៅម្ខាងយ៉ាងល្អប្លែក។ រីឯនៅតាមចែងដំបូលនីមួយៗ គេឃើញមានលម្អនាគចែង ទេពប្រណម និងរូបផ្សេងៗទៀតប្លែកពីព្រះវិហារទីទៃ។ មិនតែប៉ុណ្ណោះ ជហ្វានីមួយៗគេសង្កេតឃើញមាត់ ពុកមាត់ ចង្កូម (ពាំកែវ?) និងភ្នែក ហើយគល់ជហ្វាគេឆ្លាក់ជារូបស្រដៀងនឹងមុខរាហូ ឬព្រះកាល។ លក្ខណៈជហ្វានេះ ប្រហាក់ប្រហែលនឹងជហ្វាឈើនៃព្រះវិហារបុរាណវត្តល្អក់ ដែលស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាបដែរ។
ចំពោះការលម្អលើហោជាងទាំងពីរនៃព្រះវិហារវត្តរាជបូណ៌ គឺជាចំណុចពិសេសបំផុតដែលអ្នកសិក្សាស្រាវជ្រាវតែងចាប់អារម្មណ៍។ ហោជាងទាំងពីរ ឆ្លាក់អំពីឈើ ដាំកញ្ចក់លម្អ មានក្បាច់លម្អគល់ហោជាង និងមានចម្លាក់ព្រះនារាយណ៍គង់គ្រុឌស្ថិតនៅចំកណ្តាលក្បាច់ភ្ញីទេស។ ប៉ុន្តែនៅលើហោជាងខាងកើត គេឆ្លាក់រូបព្រះនារាយណ៍ឈរលើស្មាគ្រុឌ មានព្រះហស្តពីរច្រត់លើភ្លៅ និងព្រះហស្តពីរទៀតលើកឡើងលើ។ ចំណែកឯហោជាងខាងលិច គេឆ្លាក់រូបព្រះនារាយណ៍គង់គ្រុឌដែរ តែបង្ហាញចំហៀងខ្លួន ដោយមានព្រះហស្តពីរច្រត់ចង្កេះ និងព្រះហស្តពីរទៀតចង្អុលទៅមុខមួយ និងមួយទៀតកាន់កេតនភណ្ឌ (ធ្នូ?)។ សូមបញ្ជាក់ដែរថា រូបគ្រុឌនៅលើហោជាងទាំងពីរនេះ គេឆ្លាក់ឈរជាន់កនាគម្ខាងមួយ ហើយដៃទាំងសងខាងចាប់កាន់កន្ទុយនាគឡើងលើយ៉ាងអង់អាចក្រៃលែង។
ដោយឡែក ការលម្អលើជញ្ជាំង ទ្វារ និងបង្អួច គេសង្កេតឃើញមានក្បាច់រចនាឆ្លាក់អំពីស៊ីម៉ងត៍យ៉ាងរស់រវើក។ លើសពីនេះ ការលម្អនៅតាមស៊ុមទ្វារនិងបង្អួចនីមួយៗ គេឆ្លាក់ជារូបតួអង្គផ្សេងៗក្នុងរឿងរាមកេរ្តិ៍ ដែលឈុតខ្លះហាក់ដូចជាបង្ហាញពីការប្រយុទ្ធតតាំងគ្នា។ អ្វីដែលកាន់តែពិសេសជាងនេះ នៅលើស៊ុមទ្វារគេសង្កេតឃើញមានឆ្លាក់រូបព្រះលញ្ជករ មានលក្ខណៈស្រដៀងទៅនឹងការឆ្លាក់នៅវត្តដំរីស ក្នុងខេត្តបាត់ដំបង ដែលអ្នកខ្លះយល់ថាតំណាងឱ្យស្តេចសៀម។ ក្បាច់ និងចម្លាក់លម្អទាំងអស់នេះ គេលាបពណ៌ទឹកប្រាក់។ រីឯការលម្អលើសន្លឹកទ្វារ និងបង្អួចនីមួយៗ គេឆ្លាក់ជារូបក្បាច់រចនា ព្រមទាំងរូបយក្ស សត្វ និងទេពនិករផ្សេងៗ។ ប៉ុន្តែក្រោយជួសជុលរួចរាល់ ក្បាច់លម្អតាមស៊ុមទ្វារ និងបង្អួចនីមួយៗបានលាបពណ៌ទឹកមាសជំនួសវិញ។ សូមបញ្ជាក់ថា ព្រះវិហារវត្តរាជបូណ៌នេះមានទ្វារខាងមុខ៣ ទ្វារខាងក្រោយ២ និងបង្អួចនៅចំហៀងសងខាងសរុបចំនួន១៨។
ផ្នែកខាងក្នុងនៃព្រះវិហារ គេរៀបជាខឿនទាបមួយត្រង់ចន្លោះល្វែងគ្រឹះ ហើយនៅជុំវិញនោះមានដាំសន្លឹកសីមាតាមទិសសំខាន់ៗផង។ ចំណែកឯនៅចុងខាងលិចនៃល្វែងគ្រឹះ គឺជាបល្ល័ង្កព្រះជីរ៍ ដែលគេឃើញមានចំណារពុទ្ធសករាជ២៤៧៥ (ឆ្នាំ១៩៣២) តម្កល់ព្រះពុទ្ធបដិមាធំមួយគង់ក្នុងកាយវិការផ្ចាញ់មារដូចបណ្តាព្រះវិហារផ្សេងៗដែរ។
នៅផ្នែកខាងលើ គឺជាពិតានបេតុងលាត ពុំឃើញមានគំនូរ ឬក្បាច់លម្អអ្វីឡើយ។ ប៉ុន្តែនៅតាមផ្ទៃជញ្ជាំងជុំវិញគឺជាគំនូរបុរាណ រៀបរាប់រឿងរាមកេរ្តិ៍ ជាច្រើនផ្ទាំង។ ការគូរបង្ហាញសាច់រឿងទាំងអស់នោះ គេសង្កេតឃើញវិចិត្រករគូរតាមបែបគំនូរបុរាណ ហើយរបៀបចែកឈុតនីមួយៗគឺខុសគ្នាតាមពណ៌ដែលលាបធ្វើផ្ទៃខាងក្រោយ តែផ្ទាំងនីមួយៗពុំរត់ត្រង់បន្ទាត់គ្នាដូចគំនូរសព្វថ្ងៃឡើយ (រូបលេខ១៣-១៥)។ មិនតែប៉ុណ្ណោះគេពុំអាចកំណត់បានជាក់លាក់ថា ខ្លឹមសាររឿងដែលលើកយកមកគូរក្នុងព្រះវិហារនេះ ចាប់ផ្តើមពីត្រឹមណា ហើយបញ្ចប់ត្រឹមណាដូចក្នុងរឿងពុទ្ធប្រវត្តិទេ។ ប៉ុន្តែអ្វីដែលគេសង្កេតឃើញគួរឱ្យកត់សម្គាល់ គឺវិចិត្រករបានបញ្ចូលទិដ្ឋភាពអ្នកស្រុក ឬផ្សារលក់ដូរ ឬកងទ័ពបារាំងទៅក្នុងឈុតខ្លះ។ ចំពោះការលើកយករឿងរាមកេរ្តិ៍មកគូរលើជញ្ជាំងព្រះវិហារនេះ គេសម្អាងថាអ្នកស្រុកតំបន់អាស៊ីខ្លះចាត់ទុកព្រះរាមជាព្រះពោធិសត្វ។
សង្ខេបសេចក្តីមក ព្រះវិហារវត្តរាជបូណ៌គឺជាសំណង់ស្ថាបត្យកម្មព្រះពុទ្ធសាសនាដ៏ស្កឹមស្កៃមួយនាដើមសតវត្សទី២០។ ព្រះវិហារនេះ ជាមត៌កដែលអ្នកស្រាវជ្រាវចាត់ទុកថា ជាព្រះវិហារបុរាណដែលមានគំនូររឿងរាមកេរ្តិ៍ច្រើនឈុតដ៏កម្រ និងតែមួយគត់នៅកម្ពុជា។ ចំពោះលក្ខណៈនៃគំនូរទាំងនោះសោត គេសង្កេតឃើញប្រហាក់ប្រហែលគ្នានឹងសិល្បៈមួយបែបទៀតគឺ ការដាច់ឆ្លាក់តួអង្គល្ខោនស្បែក ដែលគួរតែមានការសិក្សាស្រាវជ្រាវលម្អិត៕
អត្ថបទដោយ៖ ហៀន សុវណ្ណមរកត
ប្រភពចម្លង៖ khmercivilization.ams.com.kh
ដោយ៥០០០ឆ្នាំ
images/articles/1692/Untitled-1-Recovered.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ៣១,៨៨៦ ដង)
ពិធីនេះភាគច្រើនគេនិយមធ្វើត្រឹមតែមួយយប់ និងមួយព្រឹកប៉ុណ្ណោះដោយមានការនិមន្តព្រះសង្ឃយ៉ាងតិច៤អង្គឡើងទៅ។ អត្ថន័យដែលធ្វើគឺដើម្បីគោរពចំពោះលោកអ្នកជា មាតាបិតា ជីដូនជីតា និងសូមពរជ័យពីលោកមានគុណទាំងឡាយ។ របៀបធ្វើគេពិភាក្សាជាមួយបងប្អូន សុំការឯកភាព តាមលទ្ធភាព អ្នកមានធូរធារ ក្រ និង មធ្យម ដើម្បីទិញសាដក និងវត្ថុផ្សេងៗសម្រាប់ធ្វើបុណ្យ។ ព្រលឹមឡើងថ្ងៃកំណត់គេនិមន្តព្រះសង្ឃឆាន់ទាំងព្រឹកទាំង-ថ្ងៃត្រង់ឬថ្ងៃត្រង់តែម្ដងក៏បានតាមលទ្ធភាព។បើព្រះសង្ឃវត្តជិតផ្ទះ លោកនិមន្តទៅវត្តវិញជាធម្មតា រីឯពិធីនេះដំបូងអាចារ្យចាប់ពិធីបួងសួងទេវតាប្រកាសពិធីដែលកូនចៅមាននាមជាអាទិ៍គឺ..... មានកតញ្ញូចំពោះ...... ប្រារព្ធធ្វើពិធីនេះឡើង។
បន្ទាប់មកអាចារ្យនិយាយចំពោះសាមីខ្លួនកូនចៅណាមួយអាចនិយាយផ្ទាល់ពីការសុំខមាទោសនូវរាល់ទោសកំហុស ដែលកូនចៅបានប្រព្រឹត្តមិនសមហេតុផលចំពោះលោកមានគុណក្នុងកាលជាកន្លងនិង សូមប្តេជ្ញាគោរពរាប់អានស្រលាញ់បងប្អូន មិនធ្វើអំពើអាក្រក់ណាមួយឲ្យ មាតាបិតា ជីដូនជីតា ព្រួយបារម្ភឡើយ។ រួចលុតជង្គង់ គោរពជូនវត្ថុទាំងអស់នោះទៅលោកអ្នកដែលយើងបម្រុងជូន។ ពេលកូនចៅជូនអ្នកមានគុណត្រូវជូនពរ ជ័យដល់កូនចៅផ្ទាល់មាត់បន្ទាប់មកអញ្ជើញគាត់ទៅផ្ងូតទឹក។ (ពិធីនេះមាននៅក្នុងពិធីស្រង់ព្រះ) បញ្ជាក់ ការធ្វើនេះមិនប្រកាន់ថាបង ប្អូនមាមីងទេ។ ដោយការធ្វើកតញ្ញូកតវេទីនេះទោះបី បុរស- ស្ត្រី- គ្រហស្ថ បព្វជិតណាមួយក៏ដោយ ដែលបានទទួលផលប្រយោជន៍ និងសេចក្ដីសុខ ចម្រើនជាដើម អំពីអ្នកដទៃដែលគេបានទំនុកបម្រុងដល់ខ្លួនឲ្យបានប្រយោជន៍ណាមួយហើយ យើងមិនគួរបំភ្លេចគុណបំណាច់គឺសេចក្ដីល្អដែលអ្នកទាំងនោះបានធ្វើនោះទេគួរធ្វើកតវេទីតបស្នងសងគុណគាត់វិញ។ ម្យ៉ាងទៀត អានិសង្សកតញ្ញូកតវេទីនេះមានកម្លាំងធំធេងណាស់ដូចមាននិទានក្នុងរឿងសុវណ្ណសាមស្រាប់។
រឿងព្រះសុវណ្ណសាម
ក្នុងកាលដ៏កន្លងទៅហើយនៅនគរមួយមាន អ្នកនេសាទពីរត្រកូលមានលំនៅឋានឆ្ងាយពីគ្នាម្នាក់នៅស្ទឹងម្ខាង ចំណែកម្នាក់ទៀតនៅស្ទឹងម្ខាងទៀតហើយអ្នកនេសាទទាំងពីរបានសន្យាគ្នាថា កាលបើយើងទាំងពីរបានកូនស្រីនិងកូនស្រីឲ្យធ្វើជាមិត្ត បើកូនប្រុសមួយនិងស្រីមួយយើងធ្វើជាដន្លងនឹងគ្នាមិនយូរប៉ុន្មានត្រកូលទាំងពីរក៏បានកូនស្រីមួយនិងប្រុសមួយ។
លុះធំពេញវ័យម្ដាយឪពុក ក៏បានផ្សំអ្នកទាំងពីរជាគូភរិយា។ ទោះបីគេបានជាភរិយានឹងគ្នាក៏ដោយតែគេមិនប្រាថ្នាក្នុងកាមទេ គឺចង់តែទៅបួសដើម្បីរួចចាកកាមទាំងឡាយ។ សេចក្ដីប្រាថ្នារបស់ជនទាំងពីរនោះ រឹតតែកើតមានខ្លាំងឡើងៗ រាល់ថ្ងៃទ្រាំមិនបានក៏នាំគ្នាសុំលាម្ដាយឪពុកសងខាងចេញទៅបួស។
ទោះបីម្ដាយឪពុកទាំងសងខាង យំសោកស្ដាយមិនបើកឲ្យបួសក៏ចេះតែទទូចលារឿយៗទាល់តែបាន។ លុះបានហើយម្ដាយឪពុក ក៏បានរៀបចំបរិក្ខាគ្រប់ប្រដាប់សម្រាប់ស្លៀកពាក់ជាឥសី ឲ្យកូនទាំងពីរដោយបំណងរៀងៗខ្លួនបានសម្រាចពេលអ្នកទាំងពីរបានបរិក្ខារគ្រប់គ្រាន់ហើយក៏ស្លៀកពាក់ជាឥសីលាម្ដាយឪពុក ធ្វើដំណើរចូលទៅក្នុងព្រៃហេមពាន្ត ដ៏ជាទីសែនស្ងាត់ចម្រើនមេត្តាភាវនាជាសុខសាន្ត។
វេលាមួយ ព្រះអមរិន្ទ្រាធិរាជ ស្ដេចបើកទិព្វចក្ខុមើលស្រាប់តែឃើញឥសីទាំងពីរនាក់ប្ដីប្រពន្ធត្រូវខ្វាក់ភ្នែកទាំងអស់គ្នានៅពេលខាងមុខ ដូច្នេះត្រូវតែមានកូនម្នាក់សម្រាប់បម្រើ។ ពេលនោះព្រះឥន្ទក៏និម្មិតខ្លួនមកប្រាប់ដល់ឥសីទាំងពីរថា ម្នាលឥសីទាំងពីរ មិនយូរប៉ុន្មានទៀតទេអ្នកត្រូវខ្វាក់ភ្នែក។
ដូច្នេះចូលអ្នករួមសំវាសទៅទើបយើង នឹងនិមន្តទេវបុត្រមួយអង្គមកបម្រើអ្នក ខណៈនោះឥសីប្ដីប្រពន្ធមិនព្រមសោះបន្ទាប់មកព្រះឥន្ទក៏ប្រាប់បន្តទៀតថាបើអ៊ីចឹង ចូលអ្នកយកដៃទៅស្ទាប អង្អែល លើផ្ទៃតាបសីនៅពេលអធ្រាត្រណា! តាបសទាំងពីរថា បើគ្រាន់តែប៉ុណ្ណោះបាន។ លុះឥសីទាំងពីរទទួលព្រម ដូច្នោះហើយព្រះឥន្ទក៏ធារាធនា សុវណ្ណសាមទេវបុត្រពោធិសត្វ ឲ្យស្ដេចចុះចាប់បដិសន្ធិក្នុងផ្ទះនាងបារិកាជាឥសី ដូចសេចក្ដីប្រាថ្នា។
សុវណ្ណសាមកុមារ វ័យធំឡើងម្ដាយឪពុកតែងទៅបេះផ្លែឈើជីកមើមឈើមកចិញ្ចឹមជារាល់ថ្ងៃ។ ថ្ងៃមួយជារដូវភ្លៀងមហាមេឃ បង្អុរភ្លៀង១មេយ៉ាងធំ តាបសទាំងពីររត់ជ្រកក្រោមដើមឈើមួយ ក្នុងដំបូកដែលមានពស់១ធំនៅក្នុងរូង។ តាបសទាំងពីរមិនដឹងថា មានពស់ក៏អង្គុយពីលើរូងនោះហើយញើសក្អែលស្រក់ទៅលើរូងនោះ។ ពស់នោះក៏បង្ហុយផ្សែងពិសវាមកត្រូវចំភ្នែក ហើយតាបសទាំងពីរនោះងងឹតភ្នែកទាំងពីរសូន្យឈឹងមើលគ្នាពុំឃើញអង្គុយយំនៅក្រោមដើមឈើនោះ រកផ្លូវទៅអាស្រមពុំរួច។
ព្រះសុវណ្ណាសាមកុមារ ចាំម្ដាយឪពុកនៅអាស្រមបាត់ពុំឃើញមកតាមកំណត់ដូចសព្វដងក៏រត់រកសព្វច្រកល្ហក។ លុះឃើញម្ដាយឪពុកងងឹតភ្នែកទាំងពីរនាក់ក៏ទួញយំហើយ ទ្រង់ដឹកដៃម្ដាយឪពុកចេញទៅកាន់អាស្រមហើយសុវណ្ណសាមកុមារ កាប់បំពង់កូនឈើមកចងខ្វាត់ខ្វែងពីអាស្រមទៅបង្គន់ពីបង្គន់ទៅកាន់កន្លែងសម្រាកជាដើម។ ខ្លួនតែងតែទៅក្នុងព្រៃដងទឹក និងបេះផ្លែឈើមកជូនម្ដាយឪពុករាល់ថ្ងៃ ក្នុងដំណើរទៅនោះ គឺតែងមានសត្វផ្សេងៗដើរអមហែទៅជាមួយ។ ថ្ងៃមួយពេលដែលសុវណ្ណសាមកុមារ ទៅដងទឹកដើម្បីលាងជម្រះកាយម្ដាយឪពុកដោយមានសត្វក្ដាន់ជាដើមបានដើរហែហមអមសឹងតែមើល សុវណ្ណសាមមិនឃើញឡើយ។ ថ្ងៃនោះចំពេលដែលកបិលយក្សមានបំណងចូលព្រៃបាញ់សត្វលេងកម្សាន្តព្រះទ័យ ទ្រង់ទតពីចម្ងាយទៅមិនឃើញព្រះពោធិសត្វឃើញតែក្ដាន់ដើរទន្ទឹមគ្នា ទ្រង់ក៏យឹតធ្នូបាញ់តម្រង់ទៅមិនត្រូវក្ដាន់បែរជាត្រូវព្រះពោធិសត្វទៅវិញ ចំកណ្ដៀតក្អមដួលទៅលើផែនដី។ ពេលនោះសុវណ្ណសាម សែនចុកចាប់ឈឺយ៉ាងខ្លាំងបានរៀបរាប់ថា អ្នកអ្ហើយបាញ់នេះមិនស្លាប់តែរូបខ្ញុំម្នាក់ទេ ស្លាប់ទាំងម្ដាយឪពុក ខ្ញុំទាំងពីររូបទៀតផង
ឱ! ខ្ញុំអាសូរម្ដាយឪពុកខ្ញុំណាស់ពីថ្ងៃនេះទៅ ឥតមាននរណាបម្រើអ្នកឡើយ។ ស្ដេចកបិលយក្សស្ដាប់ឮពាក្យនោះហើយក៏មានចិត្តអាណិតមេត្តាជាខ្លាំងចូលទៅសួរថា សូមអ្នកអត់ទោសឲ្យខ្ញុំផង! ខ្ញុំធានាទៅបម្រើម្ដាយឪពុកអ្នកជំនួសអស់មួយជីវិត។ ទូលហើយក៏លាព្រះពោធិសត្វទៅរកអាស្រមរបស់តាបសទាំងពីរ លុះទៅដល់ហើយ ស្ដេចកបិលយក្ស ឡើងកាន់អាស្រមដោយស្នូរព្រះបាទខ្លាំងៗ។ តាបសទាំងពីរសួរថា នរណាដើរអីក៏ឮសូរខ្លាំងម្ល៉េះអ្នកមកពីណា? ស្ដេចកបិលយក្សជម្រាបថា ខ្ញុំឈ្មោះកបិលយក្ស បានបាញ់ក្ដាន់ដែលអមព្រះសុវណ្ណសាមកុមារ ជាកូនរបស់អ្នកទាំងពីរកំពុងបណ្ដើរទៅដងទឹកស្រះតែមិនត្រូវក្ដាន់បែរជាត្រូវ ព្រះសុវណ្ណសាមទៅវិញ ឥឡូវកូនអ្នកក្ស័យជីវិតទៅហើយ ខ្ញុំមកនេះមកបម្រើលោកទាំងពីរជំនួសសុវណ្ណសាម។ និមិត្តតែឮសូរពាក្យទាំងនេះភ្លាមតាបសីទាំងពីររូបក៏បានយំសោកខ្សឹមខ្សួលគួរឲ្យអណិតអាសូរពេក។ ថ្លែងឯនាងមណីមេខលាទេពធីតា ដែលជាអ្នករក្សានៅព្រៃនោះទាំងប៉ុន្មាន មកធ្វើសច្ចាប្រណិធានជុំវិញព្រះពោធិសត្វក្នុងគម្ពីរបានបញ្ជាក់ថា កាលបើមើលឃើញដូច្នេះហើយ មិនជួយនោះប្រាកដជាបែកក្បាលជាបំណែកមិនខាន។ ពេលនោះក៏ធ្វើការប្រណិធាននៅជុំវិញពោធិសត្វ ដែលទ្រង់សន្លប់បាត់ស្មារតីឯតាបសទាំងពីររូបដែលជាម្ដាយឪពុកឲ្យស្ដេចកបិលយក្ស ក៏បាននាំមកជួបសុវណ្ណសាម ជាកូនដល់ហើយតាបសទាំងពីរ និងស្ដេចកបិលយក្សយំសោកសង្រេងហើយធ្វើសច្ចាប្រណិធានទាំងអស់គ្នានៅជុំវិញព្រះពោធិសត្វដោយអានុភាពនៃសច្ចវាចានោះផងដោយ អានិសង្សកតញ្ញូកតវេទិតាធម៌របស់ព្រះពោធិសត្វសុវណ្ណសាមក៏មានស្មារតីឡើងវិញបន្ទាប់មកក្រាបថ្វាយបង្គំតាបសទាំងពីរជាម្ដាយឪពុក ដោយគោរពហើយនាំម្ដាយឪពុកទៅកាន់អាស្រមវិញដោយសុវត្ថិភាព។
ឯស្ដេចកបិលយក្សនោះ ក៏ទទួលបញ្ចសីលតាមព្រះឱវាទព្រះសុវណ្ណសាមពោធិសត្វ ហើយត្រឡប់ទៅកាន់នគរវិញហោង។ នៅទីបំផុតជាតកនេះ ព្រះបរមសាស្ដាទ្រង់សម្ដែងថាកតញ្ញូគឺជនអ្នកដឹងឧបការគុណ និងធ្វើតបចំពោះលោកមានគុណ គឺកតវេទិតាធម៌ដែលមានអានិសង្សដូចពោលមកនេះហើយដែលតថាគតបានត្រាស់ជាព្រះពុទ្ធមកុដត្រៃភពក៏ដោយសារកតញ្ញូកតវេទិតាធម៌នោះឯង។
ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ
ដោយ៥០០០ឆ្នាំ
images/articles/1669/Untitled-1-Recovered.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ៥១,០៧៣ ដង)
កំណើតបុណ្យ៧ថ្ងៃ
ពរទាំងឡាយ៤ប្រការគឺ
អាយុ សូមឲ្យមានជន្មវស្សាយឺនយូរ
វណ្ណៈ សូមឲ្យមានសម្បុរកាយរូបឆោមល្អ
សុខៈ សូមឲ្យបានសុខកាយសប្បាយចិត្ត
ពលៈ សូមឲ្យមានកម្លាំងកាយនិងកម្លាំងសទ្ធា
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (៣ដង)
ខ្ញុំព្រះករុណា សូមនមស្ការចំពោះគុណកែវព្រះរតនត្រ័យទាំងបី ដោយសេចក្ដីគោរពជ្រះថ្លាយ៉ាងក្រៃលែង។ពិធីបុណ្យ៧ថ្ងៃនេះ ជាតិខ្មែរយើងតែងតែប្រារព្ធធ្វើមិនសូវខានពិសេសពេលក្រុមគ្រួសារណាមួយមានសមាជិតណាម្នាក់ស្លាប់ គឺមិនសូវចៀសរួចពីការប្រារព្ធធ្វើបុណ្យ៧ថ្ងៃនេះឡើយ។ យើងដឹងថា ព្រះពុទ្ធសាសនាមាននិយាយពីកម្មផលដែលបុគ្គលអ្នកស្លាប់ តែងស្ពាយទៅដោយអំពើជាកុសលនិងអកុសលជាប់ជាមួយប្រៀបនឹងប្រមោលអន្ទោលតាមប្រាណអ៊ីចឹង។
ដូច្នេះតើបុគ្គលអ្នកប្រព្រឹត្តនោះទីបំផុតនឹងបានទទួលទុក្ខឬសុខយ៉ាងណា? ព្រោះហេតុនេះទើបយើងឃើញថា ពិធីបុណ្យ៧ថ្ងៃ ញាតិមិត្តតែងធ្វើសឹងគ្រប់កន្លែង ដោយយោងតាមការបញ្ជាក់ទាក់ទងនឹងរឿងមានដូចតទៅ
រឿងភិក្ខុតិស្សត្ថេរ
កាលព្រះសម្មាសម្ពុទ្ធបរមគ្រូគង់ក្នុងវត្តជេតពនជាអារាមរបស់អនាថបណ្ឌិកសេដ្ឋីថ្វាយព្រះអង្គ ក្នុងគ្រានោះ មានភិក្ខុសង្ឃជាច្រើនដែលបានបួសក្នុងសាសនាតាមមាគ៌ាព្រះអង្គ។ ក្នុងនោះគឺមានត្រកូលជាច្រើនមកបួស មានទាំងត្រកូលអ្នកក្រ អ្នកមាន សេដ្ឋី គហបតី គ្រប់ស្រទាប់វណ្ណះទាំងអស់ ដែលលះបង់ផ្ទះចូលមកសាងផ្នួស បួសជាបព្វជិតក្នុងវត្តជេតពន ពោលគឺពួកគេទម្លាក់វណ្ណៈទាំងនោះចោល ក្នុងនោះមានភិក្ខុមួយអង្គព្រះនាម តិស្សត្ថេរ ចេញពីត្រកូលក្រីក្រលំបាកតែមានសទ្ធាបួសក្នុងព្រះពុទ្ធសាសនាដោយស្មោះពីចិត្ត។ លោកតែងតែតូចចិត្តខ្លួនឯងដែលកើតមកក្នុងត្រកូលក្រីក្រហើយមិនមានស្បង់ចីវរថ្មីដូចសង្ឃដទៃនោះ។ ក្នុងសម័យថ្ងៃមួយ មានញាតិញោមអ្នកមានសទ្ធាជ្រះថ្លាចំពោះព្រះរតនត្រ័យ ឃើញព្រះអង្គតិស្សត្ថេរ ប្រើចីវរចាស់គាត់ក៏បានជាវចីវរថ្មីមួយសម្រាប់ ប្រគេនដល់ព្រះអង្គ។ និយាយពីភិក្ខុតិស្សត្ថេរក្រោយពីបានទទួលស្បង់ចីវរថ្មីហើយលោកមានចិត្តត្រេកអររីករាយសប្បាយដោយគិតថារបស់ថ្មីដូចនេះកុំអាលស្លៀកពាក់ប្រើប្រាស់អីចាំពេលមានពិធីបុណ្យធំៗម្ដងទើបប្រើ។
ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា សត្វលោកមិនអាចកំណត់អាយុខ្លួនឯងថា ត្រូវស្លាប់អាយុប៉ុណ្ណេះប៉ុណ្ណោះបាននោះទេ វាមិនទៀងទាត់ទេ ដែលលោកសម្ដែងថាអនិច្ចំនេះឯង ភិក្ខុតិស្សត្ថេរក៏ដូចគ្នាក្រោយពីព្រះអង្គបានទទួលចីវរថ្មី មិនទាន់បានប៉ុន្មានផងស្រាប់តែសុគតបាត់ទៅ បណ្ដាលឲ្យចិត្តភ្នកបានកើតជាសត្វចៃធំមួយលើចីវរនោះទៅ។ និយាយពីពួកភិក្ខុទាំងឡាយដែលគង់ក្នុងវត្តបាត់មិនឃើញអង្គតិស្សត្ថេរនោះយូរថ្ងៃ មានការឆ្ងល់បានទៅមើលកន្លែងសិង ទើបដឹងថា ភិក្ខុតិស្សត្ថេរនោះបានសុគតបាត់ទៅហើយខណៈនោះ ភិក្ខុទាំងអស់ឃើញចីវរនៅក្បែរនោះបម្រុងយកមកចែកគ្នាប្រើប្រាស់ស្រាប់តែឃើញសត្វចៃមួយធំកំពុងវារចុះវារឡើងហាក់ដូចជាការពារ មិនចង់ឲ្យអ្នកណាយកចីវរនោះទេ ភិក្ខុទាំងឡាយមើលឃើញហេតុគួរឆ្ងល់យ៉ាងនោះ ទើបនាំគ្នាទៅចូលគាល់ព្រះដ៏មានព្រះភាគ ដែលគត់ក្នុងវត្តជេតពន ពេលនោះព្រះអង្គបានត្រាស់សម្ដែងព្រះធម៌ទេសនាប្រារព្ធពីរឿងភិក្ខុតិស្សត្ថេរនោះ ប្រាប់ដល់ភិក្ខុទាំងឡាយថា ម្នាលអ្នកទាំងឡាយ សត្វលោកទាំងអស់នៅពេលជិតស្លាប់ កាលបើជននោះរឭកយកអ្វីជាអារម្មណ៍ហើយអាចធ្វើឲ្យវិញ្ញាណជននោះទៅជាប់នឹងរបស់នោះបាន ដូចយ៉ាងភិក្ខុតិស្សត្ថេរអង្គនេះដែរ ដោយហេតុតែ ស្រលាញ់ពេញចិត្តនឹងចីវររបស់ខ្លួនដែលមិនទាន់បានប្រើប្រាស់ផងស្រាប់តែសុគតទៅទើបបានកើតជាសត្វចៃមួយ ដូចដែលភិក្ខុទាំងឡាយបានឃើញនោះឯង។
ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ
ដោយ៥០០០ឆ្នាំ
images/articles/1678/Untitled-1-Recovered.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ៥៩,៨៣៣ ដង)
បុណ្យផ្កាដែលធ្វើដោយមានផ្កាជាសក្ការៈនោះមានពីរបែបគឺ
១- បុណ្យផ្ការុក្ខជាតិ និងផ្កាវារីជាតិ គឺគេបេះតែផ្កាឈើ និងផ្កាឈូកថ្វាយព្រះពុទ្ធរូប។
២- បុណ្យផ្កាប្រាក់ គឺគេសន្មតប្រាក់ថាជាផ្កាបវារណាចំពោះព្រះដើម្បីសាងថាវរវត្ថុអ្វីមួយ។
ប្រទេសកម្ពុជាយើង សម័យបុរាណពុទ្ធបរិស័ទទាំងឡាយទាំងព្រះរាជាទាំងប្រជារាស្ត្រ ទ្រង់តែងតែប្រារព្ធធ្វើបុណ្យរុក្ខជាតិ និងផ្កាវារីជាតិដោយយកផ្កាចងក្រងហើយ ហែយកទៅថ្វាយព្រះពុទ្ធនៅព្រះវិហារវត្តណាមួយដែលនៅជិត។ ព្រះរាជាតែងទ្រង់ធ្វើនៅខែវស្សា គឺនៅថ្ងៃ១៥កើតខែស្រាពណ៍ដោយទ្រង់ស្ដេចយាងទៅក្រសាលតាមបឹងតាមព្រះទីន័ង នាវា ទ្រង់ព្រះរាជបញ្ជាឲ្យបេះផ្កាឈូកស ឈូកក្រហម ព្រលិត លំចង់ ស្បង្ក័ជ យកមកថ្វាយព្រះក្នុងព្រះរាជមន្ទីរហើយទ្រង់ចាត់ឲ្យហែហមដោយក្បួនហែដ៏មហោឡារិក យកទៅថ្វាយព្រះពុទ្ធរូបគ្រប់វត្តអារាម ដែលនៅជិតព្រះបរមរាជវាំង។
តែសព្វថ្ងៃដោយគេយល់ថា វត្តអារាមនីមួយៗតែងកសាងទីសេនាសនៈ ដូច្នេះទើបនិយមយកលុយមកចងក្រងជាផ្កា រួចបានវេរប្រគេនដល់ព្រះសង្ឃ ហើយបុណ្យផ្កាប្រាក់នេះគេទុកថា ជាបុណ្យធំមួយព្រះគេបានរួមបច្ច័យ កសាងថាវរវត្ថុផ្សេងៗ ទាំងខាងពុទ្ធចក្រ និងអាណាចក្រអាចធ្វើជាប្រយោជន៍ដ៏ធំធេងសម្រាប់ធ្វើជាទីសេនាសនៈផ្សេងៗបានឈ្មោះថាធ្វើឲ្យសាសនារុងរឿងតទៅទៀតផង។
រឿងព្រះបុទុមត្ថេរ
(គម្ពីរបាលីព្រះវិន័យ)
ត្រង់ភេសជ្ជករណាទិវិនិច្ឆ័យកថា ចែងពីប្រភពនៃបុណ្យផ្កាបានឮថាព្រះ មហាបទុមត្ថេរ នៅលង្កាទ្វីបកាលដែលរោគកើតឡើងដល់ព្រះរាជទេពី នៃព្រះមហាក្សត្រ ដែលស្និទ្ធស្នាលនឹងព្រះអង្គ ព្រះរាជាទ្រង់ចាត់ឲ្យស្ត្រីបម្រើម្នាក់មកសួរថ្នាំលោក ដោយសារលោកជាអ្នកកាន់វិន័យត្រឹមត្រូវមិនប្រាប់ថាចេះ ឬមិនចេះទេលោកធ្វើជាបែរទៅសួរពួកភិក្ខុថា ម្នាលអាវុសោ កាលដែលរោគដូច្នេះកើតឡើងដល់ភិក្ខុគេផ្សំថ្នាំនេះមួយៗ។
ស្ត្រីបម្រើបានឮក៏នាំដំណឹងនោះទៅទូលព្រះរាជា ព្រះរាជាបានជ្រាបក៏ចាត់ការឲ្យព្យាបាលរោគនោះដោយប្រើថ្នាំដូច្នោះក៏បានជាសះស្បើយទៅ។ កាលជាសះស្បើយហើយព្រះរាជាទ្រង់យកចីវរ១ត្រៃ និងរូបិយវត្ថុ៣០០កហាបណៈ ដាក់ក្នុងប្រអប់១ទៅតម្កល់ទុកជិតព្រះបាទាព្រះមហាបទុមត្ថេរ ហើយបវារណាថា ភន្តេ បុប្ផ បូជំ ករោថ បពិត្រព្រះករុណាម្ចាស់ដ៏ចម្រើន! ផ្កាទាំងអស់សូមព្រះករុណាម្ចាស់ចាត់ចែងផ្កាបូជាព្រះពុទ្ធរូបចុះ។
ព្រះមហាបទុមត្ថេរទទួលដោយតុណ្ហីភាពហើយគិតថា រូបិយវត្ថុមួយចំណែកនេះ ជាចំណែកអាចារ្យ លុះគិតហើយក៏ឲ្យអាចារ្យនោះទទួលយក ចំណែកនោះដោយកប្បិយវោហារសល់ពីរនោះលោកចាត់ចែងបូជាព្រះពុទ្ធរូប។
សម័យបុរាណប្រហែលជាពុទ្ធសាសនិកជនយកតម្រាប់តាមរឿងនេះហើយ បានជាគេធ្វើបុណ្យផ្ការុក្ខជាតិ និងផ្កាប្រាក់ ជាពុទ្ធបូជារួមជាមួយគ្នាជាប់ជាប្រពៃណីនៅក្នុងព្រះពុទ្ធសាសនាហើយសម័យតៗមកមានអ្នកមានសទ្ធាជ្រះថ្លាដែលត្រូវការកសាងថាវរវត្ថុផ្សេងៗ មានកុដិ ព្រះវិហារ សាលាបុណ្យ សាលារៀន ស្ពាន ស្រះជាដើមជារបស់ត្រូវចាយវាយប្រាក់ច្រើនតែបើគេមានធនធានតិចមិនអាចសាងម្នាក់ឯងបានក៏ផ្ដើមធ្វើជាបុណ្យផ្កាឡើង រួចរៃអង្គាសញាតិមិត្តឲ្យចូលប្រាក់ជួយកសាងថាវរវត្ថុនោះតាមកម្លាំងសទ្ធា។
តែតាមទម្លាប់ស្រុកខ្មែរនាសម័យបច្ចុប្បន្ន ទោះបីមានធនធានច្រើន ដែលអាចកសាងម្នាក់ឯងបានក៏ដោយតែមុននឹងធ្វើបុណ្យផ្កាគេផ្សាយដំណឹងបុណ្យនោះដល់ញាតិមិត្តជិតឆ្ងាយឲ្យជួយឧបត្ថម្ភគ្នាផង។
ជនអ្នកមានសទ្ធាជឿជាក់មុតមាំខ្លាំងក្លាប្រកបដោយអសង្ខារិកជ្រះថ្លាក៏តែងជួយចូលរួមកុសលជាច្រើន ទើបបានកំណត់បុណ្យនេះទៅ។
ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ
ដោយ៥០០០ឆ្នាំ
images/articles/1677/Untitled-1-Recovered.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ២៥,៩៧៦ ដង)
បើតាមក្នុងគម្ពីរមហាសំការសូត្របានបញ្ជាក់ថាពេលសង្ក្រាន្តថ្មីជិតមកដល់ព្រះបាទបសេនតិកោសលបានទូលសួរព្រះអង្គថាក្រោយពេលព្រះអង្គបរិនិព្វានទៅ កាលបើដល់សង្ក្រាន្តចូលឆ្នាំម្ដងៗ តើខ្ញុំព្រះអង្គគួរបំពេញកុសលអ្វីខ្លះ? ព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថា គួរសាងវាលុកចេតិយនៅឆ្នេរស្ទឹងទន្លេហើយនាំយកគ្រឿងសក្ការៈ ទៀន ធូប គ្រឿងក្រអូបផ្កាជាដើមមកបូជាចុះ ព្រះអង្គបានវិសេសណាស់ ដូចគ្នានឹងស្រង់ទឹកព្រះសង្ឃដែរ។
ដោយមានសេចក្ដីអនុញ្ញាតយ៉ាងនេះហើយទើបបុណ្យពូនភ្នំខ្សាច់នេះបានបុណ្យកុសលច្រើនអនេក ដោយអាចសង្ឃឹម នឹងញញឹមទុកទៀតថា បុញ្ញកម្មដែលខ្លួនបានបំពេញនោះអាចសម្រាលបានកម្មរបស់ខ្លួនម្នាក់ៗបាននេះចំពោះកាលដែលព្រះពុទ្ធអង្គគង់ធរមានទើបមានបុណ្យកុសលដែលជននោះបានធ្វើ គឺអាចទទួលបានផលភ្លាមៗដូចមានរឿងមួយបញ្ជាក់ថា បន្ទាប់ពីមាណពបានប្រគេនបាយមួយដុំដល់ព្រះបច្ចេកពុទ្ធមាណពនោះបានទៅកាន់ឋានសួគ៌៧ថ្ងៃ គឺដោយសារតែព្រះបច្ចេកពុទ្ធនោះ ទើបចាកចេញពីនិរោធសមាបត្តិថ្មីៗផងដូច្នេះទើបបុណ្យកុសលនោះ អាចផ្ដល់ឲ្យភ្លាមៗយ៉ាងនេះ។ ផ្ទុយទៅវិញនៅពេលបច្ចុប្បន្ននេះយើងមិនអាចប្រៀបធៀបទៅនឹងសម័យព្រះពុទ្ធគង់នៅបានឡើយ ព្រោះយើងបានទាន់ត្រឹមតែសាសនាព្រះអង្គប៉ុណ្ណោះ។ ដូច្នេះនិទានទាក់ទងនឹងការពូកភ្នំខ្សាច់នេះមានដូចតទៅ
រឿងអន្នំលោកំទេវបុត្រ
កាលដែលកន្លងទៅហើយមានមាណពម្នាក់មិនចេះធ្វើបុណ្យ ដាក់ទានដល់សមណព្រាហ្មណ៍ណាមួយឡើយ ព្រោះមិនជឿទៅលើបុណ្យកុសលអ្នកធ្វើល្អបានល្អអ្នកធ្វើអាក្រក់បានផលអាក្រក់នោះទេហើយមាណពនោះជាមនុស្សចូលចិត្តធ្វើអំពើកាប់សម្លាប់សត្វផ្សេងៗដើម្បីចិញ្ចឹមជីវិតរបស់ខ្លួនជារៀងរាល់ថ្ងៃតាំងពីព្រឹកទល់ព្រលប់។ សម័យថ្ងៃមួយមាណពនោះបានក្រោកពីព្រលឹមរៀបចំខ្លួនប្រាណកាន់ស្នា និងបណ្ដើរឆ្កែសំដៅទៅក្នុងព្រៃជ្រៅដើម្បីបរបាញ់សត្វនៅថ្ងៃនោះ។ មាណពនោះ បាញ់សត្វមិនបានសោះមូលហេតុមកពីមានព្រះពុទ្ធមួយព្រះអង្គ ដែលទើបតែចេញពីនិរោធសមាបត្តិថ្មីៗ បាននិមន្តកាត់ជិតមាណព ធ្វើឲ្យសត្វទាំងអស់ភិតភ័យហើររត់បាត់ទៅហើយព្រះបច្ចេកពុទ្ធនោះចេះតែនិមន្តតាមមាណពនោះ។
រហូតទល់វេលាបាយថ្ងៃត្រង់ អស់កម្លាំងហេវហត់ មាណពក៏ចាប់ផ្ដើមរៀបបាយកញ្ចប់បម្រុង នឹងបរិភោគ ស្រាប់តែព្រះបច្ចេកពុទ្ធនោះ មកដល់ខាងមុខមិនព្រមនិមន្តទៅណាសោះ ខណៈនោះមាណពនោះកាន់តែខឹងទៅៗតែគិតក្នុងចិត្តថាបើអាត្មាអញឲ្យបាយទៅសមណៈ នេះបន្តិចប្រហែលជាគាត់មិននៅរំខាន់អញបរបាញ់ទៀតទេ។ ក្សិណនោះក៏បានយកបាយមួយដុំមកដាក់បាត្រ ប្រគេនដល់ព្រះបច្ចេកពុទ្ធនោះ ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាសព្វសត្វទាំងឡាយ ឲ្យតែកើតមកហើយលើលោកិយនេះតែងតែដល់នូវសេចក្ដីស្លាប់ជាទីបំផុតដូចៗគ្នា គ្រាន់តែមុន ឬក្រោយយូរឆាប់តែប៉ុណ្ណោះ។ តែការស្លាប់នេះគឺមានគ្រប់សត្វទាំងឡាយត្រូវតែវិលកើតវិលស្លាប់ក្នុងវដ្ដសង្សារមិនមានពេលស្រាកឡើយ។ កាលបើបុគ្គលនោះបានប្រព្រឹត្តតែអំពើល្អគ្រប់យ៉ាងសន្សំបុណ្យកុសលច្រើនពេលស្លាប់អាចជួយបុគ្គលនោះឯងទៅកើតឋានសួគ៌ទេវលោក សោយសម្បត្តិទិព្វ មានស្រីទេពអប្សរមកចោមរោបជាបរិវារប្រកបសុខសប្បាយគ្រប់ពេលវេលា។
តែផ្ទុយទៅវិញ បើបុគ្គលនោះបានធ្វើអាក្រក់ច្រើន នឹងទទួលរងទុក្ខវេទនាដោយមានទីកន្លែងមួយសម្រាប់រង់ចាំគឺឋាន នរក ប្រេត សត្វតិរច្ឆាន និង អសុរកាយ។ ដូច្នេះជីវិតរបស់មាណពនោះ ក៏ដូចគ្នាដែរទីបំផុត ត្រូវមច្ចុរាជមកផ្ដាច់អាយុរបស់មាណពនោះទៅដោយអកុសលដែលខ្លួនឯងបានកាប់សម្លាប់សត្វតូចធំរាប់មិនអស់ត្រូវធ្លាក់ទៅឋាន នរក សោយទុក្ខវេទនា ព្រោះកម្មរបស់ខ្លួនបានសាងកាលពីនៅរស់។
តែដោយបុណ្យកុសលអានិសង្ឃ ដែលបានប្រគេនបាយមួយដុំដល់ព្រះបច្ចេកពុទ្ធនោះអានិសង្សនោះគឺមិនបាត់ទៅណាឡើយ។ ហេតុដូច្នេះ គាត់បានទៅសោយសុខក្នុងឋានសួគ៌ចំនួន៧ថ្ងៃ ដែលជាឋានមានលម្អដោយរតនសម្បត្តិផ្សេងៗ មានស្រីទេពអប្សរ កំដរចោមរោមជាបរិវារយ៉ាងច្រើន ដោយអំណាចអានិសង្សបុណ្យដែលមាណពនោះបានបំពេញធ្វើពេលនោះទើបមាណពនោះមានឈ្មោះថា អន្នំលោកំទេវបុត្រ ពោលគឺបានប្រគេនបាយមួយដុំដល់ព្រះបច្ចេកពុទ្ធនោះឯង។
ផលបុណ្យទាំងឡាយអាចឲ្យផលនាបច្ចុប្បន្នកាលក៏មាន ឲ្យផលនាបរលោកក៏មានដោយទិដ្ឋធម្មិកត្ថប្រយោជន៍និងសម្បរាយិកត្ថប្រយោជន៍ឲ្យផលភ្លាមៗ ក្រោយពីបុគ្គលណាម្នាក់បានបំពេញធ្វើបុណ្យឲ្យទានរក្សាសីលចម្រើនមេត្តា ភាវនាជាដើម។ ព្រោះហេតុនេះហើយ ទើបមាណពនោះបានទៅសោយសម្បត្តិទិព្វចំនួនប្រាំពីរថ្ងៃតែប៉ុណ្ណោះ។
មាណពបានជាស្វាមីនៃនាង សុវណ្ណឱរ៉ៃ ជាទេពធីតាដែលមានប្រាជ្ញាឆ្លាតលើសស្រីនានាក្នុងឋានសួគ៌នោះ។ នៅពេលដែល អន្មំលោកំទេវបុត្រ បានជាស្វាមីនាងនោះ ហើយការសន្យាការពិភាក្សារវាងគ្នានឹងគ្នា រហូតដល់ធីតាបានដឹងហេតុ ដែលស្វាមីនាងបានមកកើតក្នុងឋានសួគ៌នេះដោយហេតុថាស្រលាញ់ស្វាមីមិនចង់ឲ្យបែកពីនាងក៏រកវិធីជួយស្វាមីគឺធ្វើពិធីពូនភ្នំខ្សាច់រួចអធិដ្ឋានជា វេលុកចេតិយ ដល់ថ្ងៃកំណត់ពួកយមរាជយមបាលនាំគ្នាមកដើម្បីនាមាណពទៅវិញ ពេលនោះ នាងដែលជាភរិយាបានប្រាប់ថា បើអ្នកចង់យកប្ដីខ្ញុំចូរអ្នករាប់គ្រាប់ខ្សាច់នេះឲ្យអស់បើរាប់មិនអស់ទេកុំយកប្ដីខ្ញុំអីបើរាប់អស់ចាំយកទៅចុះ! បន្ទាប់មកពួកយមរាជយមបាលទាំងអស់បាននាំគ្នារាប់គ្រាប់ខ្សាច់ដែលនាងបានអធិដ្ឋានរួចនោះទោះបីអ្នកទាំងអស់នោះព្យាយាមយ៉ាងណាក៏រាប់មិនអស់ចេះតែកើនឡើងៗ។
ទីបំផុតអ្នកទាំងនោះក៏ព្រមចុះចាញ់រួចនាំគ្នាត្រឡប់ទៅវិញអស់ទៅ។ រឿងនេះចង់បញ្ជាក់អំពី ពិធីបុណ្យពូនភ្នំខ្សាច់ គឺមានចាប់តាំងពីពេលនោះមក ទើបអ្នកកាន់ព្រះពុទ្ធសាសនា ខិតខំរក្សារហូតមកទល់បច្ចុប្បន្ននេះ។
ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ
ដោយ៥០០០ឆ្នាំ
images/articles/1712/Untitled-1-Recovered.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ៤៣,៩៣៣ ដង)
បុណ្យដែលទាយកទាយិកាធ្វើដោយនាំចីវរទៅប្រគេនចំពោះភិក្ខុសង្ឃដែលបានគង់ចាំវស្សាអស់រយៈវេលា៣ខែ ក្នុងអាវាសវត្តណាមួយហើយដើម្បីឲ្យលោកក្រាលគ្រងនោះហៅថាបុណ្យកឋិន ឬកឋិនទានចីវរដូចជាចីវរទានទាំងពួកដែរតែមានឈ្មោះវិសេសប្លែកជាងទានដទៃ ដែលធ្វើហៅថាកាលទាន ជាទានមានផលច្រើនជាងចីវរទានទាំងពួងព្រោះប្លែកពីចីវរទានឯទៀតដោយលក្ខណៈ៥យ៉ាងគឺ៖
១- ប្លែកដោយកាល ព្រោះមានពុទ្ធានុញ្ញាតថាកឋិនកាលមានតែ២៩ថ្ងៃគឺខែអស្សុជ១៤ថ្ងៃ ពីត្រឹម១រោច ដល់១៤រោច (ខែដាច់) ខែកត្តិក១៥ថ្ងៃពីត្រឹម១កើតដល់១៥កើត(ពេញបូណ៌មី)។ រយៈកាលនេះ ពាក្យសាមញ្ញហៅថារដូវកឋិន ក្នុងរដូវនេះទាយកចង់មកធ្វើថ្ងៃណាមួយក៏បានឲ្យតែស្ថិតក្នុងថ្ងៃ ទាំង២៩នេះហើយវត្តមួយធ្វើបានតែម្ដងប៉ុណ្ណោះ។
២- ប្លែកដោយវត្ថុ គឺសំពត់ដែលក្រាលកឋិននោះ បានតែស្បង់ឬចីពរឬក៏សង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិសំពត់ក្រៅពីនេះធ្វើពុំបានហើយសំពត់ទាំង៣មុខទៀតសោតនឹងយកទាំងអស់ជាអង្គកឋិនក៏ពុំបានគឺបានតែ១មុខ ទោះបីទាយកយកចីវរ១ត្រៃគឺ ចីពរ១ ស្បង់១ សង្ឃាដី១ ជាសំពត់កឋិនមកវេរប្រគេនក៏ភិក្ខុអ្នកក្រាលគ្រងលោករើសយកតែវត្ថុណាមួយធ្វើជាអង្គកឋិន គឺលោកចង់យកស្បង់ក៏បានចីពរក៏បាន សង្ឃាដីក៏បាន ស្រេចលើព្រះទ័យលោក ឲ្យតែវត្ថុនោះត្រឹមត្រូវតាមវិនយប្បញ្ញត្តិតែតាមធម្មតាលោកអ្នកក្រាលគ្រងច្រើនយកសង្ឃាដី ជាអង្គកឋិនដោយលោកយល់ថាបណ្ដាចីវរ ១ ត្រៃ សង្ឃាដីជាចីវរធំជាងគេ។
៣- ប្លែកដោយអំពើ គឺបុគ្គលអ្នកគប្បីធ្វើឲ្យត្រូវរបៀបតាមព្រះវិន័យ។
៤- ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិនបានតែភិក្ខុក្រៅពីភិក្ខុពុំបានឡើយហើយភិក្ខុនោះទៀត លុះតែបាននៅចាំវស្សាគ្រប់៣ខែក្នុងវត្តណាមួយទើបទទួលក្រាលគ្រងនិងអនុមោទនា កឋិនក្នុងវត្តនោះបានភិក្ខុដែលមិនបានចាំវស្សាឬបាននៅចាំវស្សាដែរតែឲ្យដាច់ក៏ទទួលពុំបាន។
៥- ប្លែកដោយអានិសង្ស គឺទាយកអ្នកធ្វើក៏បានអនិសង្ស៥យ៉ាងក្នុងរវាង៥ខែដូចមានក្នុងវិន័យបិដកភាគ៨ត្រង់កឋិនក្ខន្ធកៈ ថា៖
អនាមន្តចារោ ត្រាច់ទៅកាន់ទីដទៃ ដោយមិនបាច់លាភិក្ខុផងគ្នាដោយមិនមានទោស។
អសមាទានចារោ ត្រាច់ទៅដោយមិនបាច់យកត្រៃចីវរគ្រប់ប្រដាប់ទៅជាមួយបាន។
គណភោជនំ ឆាន់ភោជនបាន។
យាវទត្ថចីវរំ ទុកដាក់អតិរេកចីវរបានតាមត្រូវការ។
យោ ច តត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ ចីវរដែលកើតឡើងក្នុងអាវាសនោះចីវរនោះនឹងមានដល់ភិក្ខុនោះ។
ដោយកឋិនទានជាទាននាំឲ្យភិក្ខុសង្ឃជាអ្នកទទួលក្រាលគ្រង និងអនុមោទនា បានអានិសង្ស៥យ៉ាង ដូចពោលមកនេះហើយបានជាទាយកអ្នកធ្វើកឋិនត្រូវបានអានិសង្សច្រើនជាអនេកត្រារាប់ពុំបានឡើយ ព្រោះជាចីវរទានពិសេសប្លែកពីចីវរទាននានាដូចពោលមកនេះឯង។ ចីវរទានឲ្យហើយបានទទួលផលានិសង្ស៥យ៉ាង ដែលប្រកបដោយសេចក្ដីសុខស្រួលដល់ភិក្ខុសង្ឃជាអ្នកទទួលទានផង សមដូចព្រះពុទ្ធដីការថា សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ ជនអ្នកមានប្រាជ្ញាណាមួយបានឲ្យនូវសេចក្ដីសុខស្រួលដល់អ្នកដទៃ ជននោះឯងរមែងបានជួបប្រទះនឹងសេចក្ដីសុខស្រួលវិញពិតប្រាកដពុំខានឡើយ។
ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ
ដោយ៥០០០ឆ្នាំ
images/articles/1718/Untitled-1-Recovered.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ២៥,០៥៥ ដង)
មានប្រជាពុទ្ធបរិស័ទទាំងឡាយ នាំគ្នាប្រារព្ធរាល់ឆ្នាំដោយមានជំនឿឬរំលឹកខួបអង្គនៃព្រះសម្មាសម្ពុទ្ធបរមគ្រូកាលនៅជាពោធិសត្វ ។ កាលដែលព្រះអង្គយោនយកកំណើតកើតជាសត្វទន្សាយ ដល់ថ្ងៃពេញបូណ៌មីវេលារាត្រី ព្រះចន្ទពេញវង់មានពន្លឺល្អសោភា ព្រះអង្គក្រលេកមើលព្រះចន្ទហើយមានសេចក្ដីជ្រះថ្លាប្រកបដោយករុណាចិត្តព្រះអង្គនឹកគិតដូច្នេះថាបើអ្នកណាត្រូវការសាច់របស់អញ អាត្មាអញ នឹងបំពេញជីវិតជាទានក្នុងកាលឥឡូវនេះ ។
អស្ចារ្យណាស់គ្រាន់តែនឹកគិតប៉ុណ្ណោះ ក៏ក្ដៅដល់អាសនៈព្រះឥន្ទស្ដេចទ្រង់អាវជ្ជនាកា ឃើញទន្សាយព្រះពោធិសត្វ មានករុណាជ្រះថ្លាចង់បំពេញទាន ក៏ហោះចុះមកនិម្មិតធ្វើជា ព្រាហ្មណ៍ចាស់ជរាម្នាក់ហើយមកកាន់សំណាក់ទន្សាយពោធិសត្វរួចបានពោលថាខ្ញុំដើរផ្លូវឆ្ងាយអត់ឃ្លានគ្មានអាហារបរិភោគមកយូរថ្ងៃហើយជីវិតរបស់ខ្ញុំនឹងក្ស័យក្នុងថ្ងៃនេះហើយបើមិនបានអ្វីនោះ! ធ្វើដូចម្ដេចនឹងបានអាហារបរិភោគអ្ហេះ?
ពោធិសត្វឆ្លើយថាបើអ្នកត្រូវការចូលរកឧសបង្កាត់ភ្លើងឲ្យឆេះទៅចុះ! ខ្ញុំនឹងលោតចូលក្នុងភ្លើងរួចអ្នកនឹងបានសាច់ខ្ញុំបរិភោគ។ ព្រាហ្មណ៍ចាស់តបថាខ្ញុំអរគុណណាស់ ហើយក៏រកឧសបង្កាត់ភ្លើងជាគំនរយ៉ាងធំរួចហើយ ទន្សាយពោធិសត្វ រលាស់ខ្លួនយ៉ាងស្អាតលោតចូលទៅក្នុងភ្លើង ស្រាប់តែភ្លើងនោះរលត់អស់ទៅសូម្បីតែរោមមួយសរសៃក៏មិនឆេះផង ។
ហេតុដ៏អស្ចារ្យនេះហើយដែលនាំព្រាហ្មណ៍ចាស់ ស្ងើចសរសើរហើយឥន្ទព្រាហ្មណ៍ ក៏ហោះទៅយកថ្មកែវសិលាមួយដុំទៅគូសវាសភ្ជាប់រូបទន្សាយពោធិសត្វក្នុងវង់ព្រះចន្ទនោះទៅ ។ អាស្រ័យហេតុនេះហើយទើបបានជាអ្នកខ្លះយល់ថាមើលទៅឃើញហាក់ដូចជារូបទន្សាយនៅរង្វង់ព្រះចន្ទ ។
ដោយមានហេតុដូចបានពោលមកនេះហើយបានជាអ្នកកាន់ព្រះពុទ្ធសាសនានាំគ្នាគោរពបូជាព្រះចន្ទសំពះព្រះខែជាប់តមកដល់សព្វថ្ងៃនេះ ។
ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ
ដោយ៥០០០ឆ្នាំ
images/articles/2931/5pic.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១១,០៦៥ ដង)
បុណ្យវិសាខបូជា តាមដែលចាស់ទុំអ្នកមុខ អ្នកការទាំងឡាយតំណាលតៗគ្នាបានឱ្យដឹងថា គេបានផ្ដើមធ្វើក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះ ហរិរក្សរាមាឥស្សរាធិបតី “ព្រះអង្គឌួង” ដែលគង់នៅក្នុងឧដុង្គ ជាដំបូងព្រោះថា កាលក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ១៨៥៤ សម្ដេចព្រះអង្គឌួង ទ្រង់សព្វព្រះរាជហឫទ័យ ស្នើសុំឲ្យធ្វើទូទៅក្នុងកម្ពុជរដ្ឋ ។
គម្ពីរទី៣ ហៅថា “បឋមសម្ពោធិកថា” គឺ បឋមសម្ពោធិវិត្ថារនោះឯងដែលព្រះឥន្ទមុនី “ប៉ែន” គង់នៅវត្ដបទុមវតី ក្រុងភ្នំពេញ ប្រែ និងរៀបរៀងចេញពីច្បាប់របស់សម្ដេចព្រះ មហាសង្ឃរាជ “សា” ក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះស៊ីសុវត្ថិ មាន៣០បរិច្ឆេទ ដូចច្បាប់ដើម ។ គម្ពីរនេះមានជាបែបបទសំរាប់ទេសនា ក្នុងថ្ងៃវិសាខបូជា ក្នុងវត្ដគណៈធម្មយុត្ដិកនិ កាយទូទាំងប្រទេសខ្មែរ ។ ការធ្វើវិសាខបូជា ក្នុងសម័យរជ្ជកាលទី២ នោះប្រហែលជាមានធ្វើតែក្នុងក្រុង មិនទាន់បាន ផ្សព្វផ្សាយទៅគ្រប់វត្ដអារាមនៅឡើយទេ ហើយក៏មិនទាន់មានភាពឱឡារិកអធិកអធមដែរ ។
(ព្រះមហា ប៉ាន)
ពុទ្ធសាសនិកប្រទេសថៃ បានអះអាងថា ប្រពៃណីធ្វើវិសាខបូជាដែលត្រឹមត្រូវតាម លក្ខណៈ កើតមានឡើងតាំងពីត្រឹមរជ្ជកាលទី ៤ ដោយព្រះរាជាអង្គនេះជាអ្នកប្រាជ្ញក្នុងផ្លូវ ព្រះពុទ្ធសាសនា ទ្រង់ចេះគម្ពីរព្រះត្រៃបិដក ជ្រៅជ្រះ ទ្រង់បានផ្ដើមធ្វើ វិសាខបូជា តាំងពី កាលទ្រង់ព្រះផ្នួសនៅឡើយ ។ លុះដល់ទ្រង់ ដាក់ព្រះផ្នួសមកទទួលរាជសម្បត្ដិក៏ទ្រង់នៅ តែបន្ដធ្វើវិសាខបូជារៀងដរាបមក រហូតដល់ ទ្រង់បញ្ជាឱ្យរៀបចំគម្ពីរសម្រាប់ ទេសនាក្នុង ពិធីបុណ្យនេះដូចបានពោលខាងលើ ។ ព្រះមហា ប៉ាន គឺសម្ដេចព្រះសុគន្ធាធិបតី ជាគណៈធម្ម យុត្ដិកនិកាយនៅក្រុងទេព “បាងកក” អំពីព្រះបាទសម្ដេចព្រះចមក្លៅ “រជ្ជកាលទី៤” ។
បន្ទាប់មកក្រោយនោះមួយឆ្នាំគឺក្នុងពុទ្ធ សករាជ២៣៩៨ ព្រះមហាប៉ាន ទើបនិមន្ដមក អំពីក្រុងទេព ព្រះបាទសម្ដេចព្រះហរិរក្សទ្រង់ មានព្រះរាជហឫទ័យសោមនស្សណាស់ ហើយ បាននិមន្ដឱ្យគង់នៅជាចៅអធិការវត្ដ សាលាគូ ហៅវត្ដអម្ពិលបី នៅក្រុងឧដុង្គ តរៀងមក ។ ដោយហេតុថា ព្រះមហាថេរអង្គនេះ កាលដែល លោកគង់នៅទីក្រុងទេពធ្លាប់ធ្វើវិសាខបូជា រួចមកហើយ ហើយកាល បានគង់នៅប្រទេស ខ្មែរ ព្រមទាំងបានធ្វើជាធំក្នុងគណៈធម្មយុត្ដិកនិកាយផង លោកក៏ផ្ដើមឡើងតាមដែលធ្លាប់ ធ្វើកន្លងមក។
ប៉ុន្ដែយើងពុំបានដឹងច្បាស់ថា នៅពេលដំបូងនោះ តើលោកចាប់ផ្ដើមធ្វើក្នុង ឆ្នាំណា សករាជ ប៉ុន្មាននោះទេ ព្រោះគ្មានឯកសារជាក់ស្ដែង គ្រាន់តែមានសេចក្ដីអះអាងពី អ្នកមុខអ្នកការ ទាំងឡាយថា ប្រាកដជាមាន ធ្វើវិសាខបូជា តាំងពីក្នុងពេលដែលលោកគង់ នៅក្រុងឧដុង្គមកម្ល៉េះ ។ លុះដល់ពេលលោកមក គង់នៅវត្ដបទុមវតី ក្រុងភ្នំពេញ ក្នុងពុទ្ធសករាជ ២៤០៨ ក៏បានប្រារឰវិសាខបូជារហូតដល់អស់ ព្រះជន្ម ។ ពិធីវិសាខបូជាត្រូវបានផ្សព្វផ្សាយ ទូទៅនៅគ្រប់វត្ដគណៈធម្មយុត្ដិកនិកាយ ជាប់ជាទំនៀមរហូតមក ។
ចំណែកវត្ដខាងមហានិកាយ ទើបមានធ្វើ ក្នុងសម័យក្រុងភ្នំពេញ ក្នុងរជ្ជកាលព្រះស៊ីសុវត្ថិ ។ តាមដែលសម្ដេចព្រះមហាសុមេធាធិ បតីព្រះសង្ឃរាជជួន ណាត “កាលនៅព្រះសង្ឃ នាយក” ដំណាលថា ក្នុងឆ្នាំមួយនោះលោកគ្រូ ព្រះវនរ័ត ចន្ទ គង់នៅវត្ដឧណ្ណាលោម បាននិមន្ដ ទៅក្រុងទេព ឃើញព្រះសង្ឃនៅក្រុងនោះ ទាំងគណៈធម្មយុត្ដិក និកាយ ទាំងគណៈមហា និកាយ ធ្វើវិសាខបូជា ក៏កើតជ្រះថ្លានៅពេល និមន្ដត្រឡប់មកវិញ បានក្រាបបង្គំទូលសម្ដេច ព្រះមហាសង្ឃរាជ “ព្រះនាមទៀង” សុំឱ្យធ្វើ វិសាខបូជា សម្ដេចព្រះមហាសង្ឃរាជទៀង ក៏ ទ្រង់បានព្រះរាជានុញាតតាមសំណូមពរ ទើប វិសាខបូជា ត្រូវបានធ្វើជាបន្ដបន្ទាប់រៀងដរាប មក ។ ប៉ុន្ដែពេលនោះក៏ពុំទាន់បានធ្វើគ្រប់វត្ដ នៅឡើយ គឺមានធ្វើចំពោះតែវត្ដនៅក្នុងក្រុង។ ឯវត្ដ នៅតាមខេត្ដក្រៅមានធ្វើតែវត្ដធំៗ វត្ដ តូចៗ ច្រើនពុំបានធ្វើនៅឡើយ ។
(ព្រះស៊ីសុវត្ថិ)
(សម្ដេចព្រះមហាសុមេធាធិ បតីព្រះសង្ឃរាជជួន ណាត)
ចំណែកព្រះមហាក្សត្រ តាំងពីរជ្ជកាលព្រះបាទសម្ដេចព្រះហរិរក្ស “ព្រះអង្គឌួង” មកសុទ្ធតែទ្រង់ជ្រះថ្លាបានទទួលធ្វើគ្រប់ៗព្រះអង្គ ។ តាមឯកសារបានលើកសរសើរព្រះគុណសម្បត្ដិ ព្រះបាទសម្ដេចព្រះហរិរក្ស ដែលជា អ្នកផ្ដួចផ្ដើមធ្វើវិសាខបូជាឡើងជាដំបូង ព្រោះ រាជាអង្គនេះទ្រង់ធ្លាប់ទៅគង់នៅក្រុងទេព “បាងកក” និងទ្រង់ធ្លាប់សាងព្រះផ្នួស នៅទី នោះ។ ទ្រង់បានសិក្សាព្រះបរិយត្ដិធម៌ជ្រួតជ្រាបគម្ពីរព្រះត្រៃបិដកជ្រៅជ្រះ ។ នៅពេល ដែលទ្រង់បានឡើងសោយរាជសម្បត្ដិ ក៏ទ្រង់ ផ្ដើមធ្វើពិធីបុណ្យនេះតាមដែលទ្រង់ ធ្លាប់បាន ជ្រួតជ្រាប និងធ្លាប់បានទតឃើញរបៀបបែប ផែន ដែលគេធ្វើនៅក្រុងទេព ទើបជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃ ។
វិសាខបូជានេះ បុរាណាចារ្យលោកសំដៅយកនក្ខត្តឫក្ស៣ យ៉ាងគឺកំណត់យកត្រង់ថ្ងៃដែល ព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូត១, ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ១, ទ្រង់ចូលកាន់ ព្រះនិព្វាន១ ។ អាស្រ័យហេតុនេះហើយ ទើបអ្នកប្រាជ្ញបុរាណលោកកំណត់យក ថ្ងៃពេញបូណ៌មី ខែពិសាខនេះ ទុកជាពិធីធ្វើសក្ការបូជាជាដរាបរៀងរាបមកទល់គ្នានឹងសម័យបច្ចុប្បន្ននេះ ។
ដោយ៥០០០ឆ្នាំ
images/articles/1158/texsdfasfawsdf34523d-1.gif
ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ៩១,១៣៩ ដង)
វត្តឧណ្ណាលោម ជាវត្តមួយស្ថិតនៅក្នុងទីក្រុងភ្នំពេញ ។ វត្តនេះស្ថិតនៅតាមបណ្ដោយមហាវិថីសុធារស ហើយក៏ជាវត្តមួយដ៏ចំណាស់ផងដែរ ។ បើតាមពាក្យ ឧណ្ណា (មានន័យថា 'ប្រជុំចិញ្ចើម') + លោម (មានន័យថា 'រោម') សរុបគឺ រោមប្រជុំចិញ្ចើម ។ នៅក្នុងវត្តនេះមានចេតិយដាក់ព្រះឧណ្ណាលោមរបស់ព្រះថេរមួយព្រះអង្គ វាបានពាក់ព័ន្ធក្នុងប្រវត្តិសាស្ត្រកាលពីជំនាន់ចម្បាំងស្ដេចកន និងចៅពញាចន្ទរាជា ។
តើអ្វីទៅដែលកើតមានដំបូងគេក្នុងរាជធានីភ្នំពេញ? ប្រហែលជាវត្តភ្នំដូនពេញហើយមើលទៅ ។ ប៉ុន្តែ តាមពិតគឺមិនមែនទេ ព្រោះចេតិយបុរាណមួយក្រោយវិហារវត្តឧណ្ណាលោម ប្រហែលជាមានអាយុកាលមុនវត្តភ្នំដូនពេញទៅទៀត ហើយមនុស្សម្នាហៅចេតិយនេះថា «ចេតិយឧណ្ណាលោម»។ ព្រះវិន័យធម៌ សំ ចាន់ ព្រះជន្ម ៥០ព្រះវស្សា បានឲ្យដឹងថា ចេតិយនេះមាននៅក្នុងវត្តឧណ្ណាលោមជាយូរយារណាស់មកហើយ។
នេះបើយោងតាមការស្រាវជ្រាវរបស់ព្រះអង្គ តាមរយឯកសារចាស់ៗជាច្រើនដែលបន្សល់ទុកពីព្រះសង្ឃមុនៗ ជាពិសេសសម្តេចសង្ឃរាជ ជួន ណាត ដែលជាស្ថាបនិកវចនានុក្រមខ្មែរ។ ព្រះអង្គ សំ ចាន់ មានសង្ឃដីកាថា ៖ «ចេតិយឧណ្ណាលោមមាននៅទីនេះមុនវត្តនេះបានកសាងឡើងមក ម្ល៉េះ ។ សម្តេចសង្ឃ ជួន ណាត មិន បានបញ្ជាក់ពិស្តារថា តើវាមានតាំងសតវត្សរ៍ណានោះទេ ប៉ុន្តែលោកគ្រាន់តែសន្និដ្ឋានថា វាអាចមានតាំងពីព្រះពុទ្ធសាសនាមកដល់ប្រទេសកម្ពុជាលើកដំបូងម្ល៉េះ»។
សៀវភៅដែលជាស្នាព្រះហស្ដ របស់សម្តេចសង្ឃ ជួន ណាត ដែលត្រូវបានគេចែកជូនដល់ពុទ្ធសាសនិកជន ពេលដែលវិហារថ្មីមួយត្រូវបានសម្ពោធក្នុងវត្តឧណ្ណាលោម ក្នុងឆ្នាំ១៩៣៦ បានពិពណ៌នាថា ស្តេចព្រះបរមរាជាពញាយ៉ាត បានធ្វើការប្តូរទីតាំងព្រះរាជវាំង ពីទួលបាសាណ ក្នុងខេត្តកំពង់ចាម មកទីក្រុងភ្នំពេញក្នុងឆ្នាំ ១៤៣៤ ហើយព្រះអង្គបានសាងសង់វិហារ ព្រះពុទ្ធសាសនា ចំនួន ៧ ដែលក្នុងនោះរួមមាន វត្តឧណ្ណាលោម ដែលអារាមទាំងអស់ត្រូវបានបញ្ចុះសីមាទាំងអស់ក្នុងឆ្នាំ ១៤៤២ ក្រោមស្នាព្រះហស្ត ព្រះបាទសម្តេចពញាយ៉ាត មួយផងក្នុងទីក្រុងថ្មីនេះ ។
ព្រះអង្គ សំ ចាន់ មានសង្ឃដីកាថា៖ «ឈ្មោះវត្តឧណ្ណាលោមនេះ គឺយកតាមឈ្មោះចេតិយឧណ្ណាលោម ដែលមានមុននឹងចាប់កកើតវត្តនេះមក ម្ល៉េះ»។ ព្រះអង្គមានសង្ឃដីកាបញ្ជាក់ទៀតថា៖ «ចេតិយនេះខុសគ្នាពីចេតិយទាំងអស់ក្នុងប្រទេសកម្ពុជា ពីព្រោះវាមានកំពូលប្រាំ ។ ក្រោយមកទៀតព្រះសង្ឃបានកសាងជញ្ជាំងដោយលាបពណ៌មាស តែក៏បានបន្សល់ទុកចន្លោះក្បែរជ្រុងនីមួយៗ ដែលយើងរាល់គ្នាអាចនៅមើលថ្មបុរាណនេះឃើញ»។
ផ្នែកខាងក្នុងចេតិយឧណ្ណាលោមនេះវិញ មានព្រះពុទ្ធរូប ៤ អង្គ ដាក់តំកល់តាមជ្រុងនីមួយៗ និងមានព្រះពុទ្ធរូបអង្គធំមួយអង្គទៀតតំកល់នៅចំកណ្តាល ដែលទម្រង់ព្រះភ័ក្ត្រនីមួយៗ គឺស្រដៀងគ្នានឹងព្រះពុទ្ធរូបនៅប្រាសាទអង្គរវត្តដែរ ។ ពាក្យថាឧណ្ណាលោមគឺជាពាក្យបាលី មានន័យថា រោមប្រជុំចិញ្ចើម គឺរោមដែលដុះពីគល់ចិញ្ចើមទាំងពីរស្ថិតត្រង់លើក្តោងច្រមុះ ។
មនុស្សគ្រប់គ្នា ហៅចេតិយនេះថា ចេតិយឧណ្ណាលោម ពីព្រោះក្នុងចេតិយនេះ មានបញ្ចុះឧណ្ណាលោម ឬរោមប្រជុំចិញ្ចើម។ ព្រះអង្គ សំ ចាន់ មានសង្ឃដីកាថា៖ «នៅខាងក្នុងចេតិយមានតំកល់រោមប្រជុំចិញ្ចើមរបស់ព្រះសង្ឃមួយអង្គ។ ប៉ុន្តែមិនមានឯកសារណាបញ្ជាក់ពីអត្តសញ្ញាណរបស់ព្រះសង្ឃអង្គ នោះបានច្បាស់លាស់ទេ ។រោមប្រជុំចិញ្ចើមទាំងនោះលាក់នៅខាងក្នុងនោះ តែមិនងាយរកឃើញនោះទេ»។ ព្រះអង្គ សំ ចាន់ បន្តថា ពុទ្ធបរិស័ទមានការគោរពបូជាដល់ចេតិយ ដែលបច្ចុប្បន្ននេះបានរុំព័ទ្ធទៅដោយកុដិជាច្រើននេះណាស់ ។
ពេលដែលពួកគេចង់ប្រារព្ធពិធីបុណ្យណាមួយនៅក្នុងវត្ត ពួកគេប្រាកដជានឹងត្រូវរៀបចំលេងភ្លេងពិណពាទ្យដើម្បីថ្វាយ ដល់ចេតិយនេះមិនខាន។ ជួនពេលខ្លះ ក៏មានពុទ្ធបរិស័ទមួយចំនួនបានមកបន់ស្រន់នៅទីនេះផង ។ ព្រះអង្គមានសង្ឃដីកាថា៖ «គេជឿថានៅច្រកចូលចេតិយនេះ មានបារមីដែលអាចនាំព្រះសង្ឃទៅកាន់ភ្នំនានាបាន។ ពេលដែលព្រះសង្ឃចង់ធ្វើសមាធិ ព្រះតេជគុណទាំងនោះគ្រាន់តែនិមន្តចូលក្នុងចេតិយនេះ និងផុះចេញនៅព្រៃស្ងាត់ ឬ ក៏ភ្នំនានា»។ វត្តឧណ្ណាលោម គឺជាវត្តដែល គណៈសង្ឃព្រឹទ្ធាចារ្យ ក្នុងប្រទេសកម្ពុជានិយមគង់ អាស្រ័យនៅ តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ។
ព្រះអង្គ សំ ចាន់ ដែលនិមន្តមកគង់នៅក្នុងវត្តនេះក្នុងឆ្នាំ១៩៩៣ បានឮថា មានកុដិមួយចំនួនត្រូវបានប្រើសម្រាប់ទុកដាក់អំបិលអំឡុងរបប ខ្មែរក្រហម ។ ចំណែកសៀវភៅវិញត្រូវរាយប៉ាយគ្រប់ទីកន្លែងលើដី ប៉ុន្តែចេតិយឧណ្ណាលោមនេះ មិនត្រូវបាននរណាមកប៉ះពាល់ ដូចកុដិដទៃនោះទេ ។
បន្ទាប់ពីវត្តអារាមមួយនេះ ត្រូវបានគេធ្វើឲ្យរស់រានមានជីវិតមកវិញ ក្រោយសង្គ្រាម វត្តនេះនៅតែដើរតួយ៉ាងសំខាន់ក្នុងព្រះពុទ្ធសាសនាដដែល ជាទីស្នាក់ការរបស់ព្រឹទ្ធាចារ្យរបស់ពុទ្ធសាសនិកជនកម្ពុជាផង និងជាទីស្នាក់អាស្រ័យរបស់ព្រះសង្ឃប្រមាណជាជាង៣០០អង្គ និងនិស្សិតជាង៦០០នាក់ផង ដែលកំពុងតែស្នាក់ និង គង់នៅដើម្បីស្វែងរកការរៀនសូត្រក្នុងរាជធានីភ្នំពេញ ៕ (ប្រភព)
អានបន្ថែមសេចក្តីនៅក្នុងសៀវភៅ ប្រវត្តិវត្តឧណ្ណាលោម រៀបរៀងដោយ សម្តេចព្រះសង្ឃរាជ ជួន ណាត ។ ចុចទីនេះ
រូបភាពនានា៖
ដោយ៥០០០ឆ្នាំ
images/articles/887/sdfgr342d-1.gif
ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ២៣,៦៤៦ ដង)
ប្រវត្តិវត្តនិគ្រោធវ័ន គល់ទទឹង (សង្ខេប) និងការសិក្សា ប្រតិបត្តិធម៌វិន័យ
អាស្រមនិគ្រោធវ័ន ហៅ គល់ទទឹង បានក្លាយមកជាវត្តអារាមពេញលក្ខណៈច្បាប់ និងប្រើប្រាស់ឈ្មោះ និគ្រោធវ័ន ហៅ គល់ទទឹង ជាផ្លូវការ នាកំឡុងពុទ្ធសករាជ ២៤៩៦ ក្នុងឆ្នាំ ១៩៥២ តាមសេចក្តីប្រកាសរបស់សម្តេចព្រះសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត ក្រោមការដឹកនាំពីព្រះសង្ឃព្រះនាម កូវ ឈន បានរក្សាទុកជាអាស្រមសម្រាប់ព្រះសង្ឃ ដូនជី តាជី រៀនធម៌ សមាធិកម្មដ្ឋាន ។ មានទំហំផ្ទៃដីប្រមាណតែ ១២០ ម៉ែត្រ គុណនឹង ៨០ ម៉ែត្រ (១២០ ម៉ែត្រ X ៨០ ម៉ែត្រ ) នៅចន្លោះបឹងពីរ នាពុទ្ធសករាជ ២៤៩៦ ក្នុងឆ្នាំ ១៩៥២ ជាកន្លែងបម្រើឲ្យវិស័យសាសនា សម្រាប់ព្រះសង្ឃ ដូនជី តាជី រៀនសូត្រព្រះធម៌ ធ្វើសមាធិកម្មដ្ឋាន បានរយ:ពេល ២៣ ឆ្នាំប៉ុណ្ណោះ ( ពីពុទ្ធសករាជ ២៤៩៦ ដល់ ពុទ្ធសករាជ ២៥១៩, ឆ្នាំ ១៩៥២ ដល់ឆ្នាំ ១៩៧៥ ) ។
- រវាងឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨២ អតីតទីតាំងវត្តនិគ្រោធវ័ន ហៅ គល់ទទឹង ពុំទាន់មានជនានុជនណានឹកនាដល់នោះទេ ។
- ពីឆ្នាំ ១៩៨២ ដល់ឆ្នាំ ១៩៩៣ ទើបមានយាយជី តាជី ដែលធ្លាប់ស្គាល់ទីនេះ មកសាងសង់តូបតូចៗ ដើម្បីប្រព្រឹត្តបដិបត្តិធម៌វិន័យជាបណ្តើរៗ និងជាបន្តបន្ទាប់ បានធ្វើឲ្យទីនេះក្លាយជាអាស្រមឡើងវិញ ។
- ពីឆ្នាំ ១៩៩២ អាស្រមនិគ្រោធវ័ន ហៅ គល់ទទឹង មានដូនជីមួយក្រុម បានមកសង់តូបតួចៗ បួនប្រាំតូប នៅធ្វើសំណាក់ធម៌ ។ ពេលនោះមានដូនជី យស់ ណា កាន់សីល ១០ ជាប្រធាន ដឹកនាំក្រុមអ្នកមកប្រតិបត្តិធម៌ សមាធិកម្មដ្ឋានទាំងនោះ ។
ដោយអាស្រមនិគ្រោធវ័ន ហៅ គល់ទទឹង នេះ ត្រូវបានរដ្ឋអំណាចរៀបចំឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់វត្តកោះក្របី ដូច្នេះ ព្រះគ្រូចៅអធិការ វត្តកោះក្របី ព្រះនាម យឺ ទិត ត្រូវទទួលភារកិច្ចឲ្យមកកសាងអាស្រម និគ្រោធវ័ន ហៅ គល់ទទឹង និងជួយបង្រៀនព្រះធម៌វិន័យ ដល់យាយជីនៅទីនោះ ។
- នៅថ្ងៃ ៩ កើត ខែពិសាខ ពុទ្ធសករាជ ២៥៣៨ / ក្នុងឆ្នាំ ១៩៩៥ គណ:កម្មការ អាចារ្យ យាយជី តាជី និងពុទ្ធបរិស័ទ បានធ្វើដំណើរទៅសុំនិមន្ត ភិក្ខុ ទឹម សឿត ពីព្រះចៅអធិការវត្តកំផែង ក្រុងបាត់ដំបង យកព្រះអង្គឲ្យមកគង់នៅចាំវស្សា ក្នុងអាស្រមនិគ្រោធវ័ន ហៅ គល់ទទឹង ។
- អាស្រមនិគ្រោធវ័ន ហៅ គល់ទទឹង ទៅជាទី ពុទ្ធមណ្ឌលមហាសតិប្បដ្ឋាន ក្រោមការដឹកនាំរបស់លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស តាមសេចក្តីប្រកាសលេខ ១៣.៩៩ ក.ស.រ.វ ចុះថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ១៩៩៩ ។
- អាស្រមនិគ្រោធវ័ន ហៅ គល់ទទឹង នេះ ទៅជា វត្តនិគ្រោធវ័ន គល់ទទឹង តាមសេចក្តីប្រកាសលេខ ៦៨ ក.ធ.ស.ស.រ ចុះថ្ងៃទី ២៤ ខែកុម្ភ: ឆ្នាំ២០០៣ របស់ក្រសួងធម្មការ និងសាសនាជាផ្លូវការ ។
- រហូតមកដល់ថ្ងៃ ០៥ រោច ខែកត្តិក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី 08 ខែវិច្ឆិកា ឆ្នាំ 2017 នេះ ព្រះគ្រូមេត្តាបាលោ ទឹម សឿត បានលាចាកសិក្ខាបទ ពីបព្វជិតទៅជាគ្រហស្ថ ជាឧបាសក (នៅសហរដ្ឋអាមេរិក) ។
- មកដល់រសៀលថ្ងៃ ពុធ ០៨ កើត ខែមាឃ ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី 24 ខែ មករា ឆ្នាំ 2018 ព្រះមន្រ្តីសង្ឃ និងមន្រ្តីរាជការ ខណ្ឌច្បារអំពៅ មួយចំនួន មានព្រះអង្គគ្រូ ញាណវង្ស សៅរ៍ មុនី ព្រះរាជាគណៈថ្នាក់ត្រី និងជាព្រះអនុគណ ខណ្ឌច្បារអំពៅ ជាដើម ជាប្រធាន ។ បានសម្រេចប្រកាសតែងតាំង ព្រះភិក្ខុ ភួង សុវណ្ណ នាមបញ្ញត្តិ សុណ្ណជោតោ ឲ្យឡើងទីជាព្រះចៅអធិការស្តីទី វត្តនិគ្រោធវ័ន គល់ទទឹង តទៅ ។ ព្រះភិក្ខុ គូ សុភាព នាមបញ្ញត្តិ វជិរប្បញ្ញោ ឲ្យឡើងទីជា ព្រះគ្រូសូត្រស្តាំ ព្រះភិក្ខុ តុន ប៊ុនសាយ នាមបញ្ញត្តិ វិនយធរោ ឲ្យឡើងទីជាព្រះគ្រូសូត្រឆ្វេង ។
- នៅរសៀលថ្ងៃ ០៧ កើត ខែជេស្ឋ ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី 21 ខែឧសភា ឆ្នាំ 2018 ព្រះចៅអធិការ និងគ្រូសូត្រ និងព្រះគ្រូ បានទទួលប្រកាសនីយប័ត្រ ព្រះចៅអធិការ និងព្រះគ្រូ ពី សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចសង្ឃនាយករង ទី២ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តចំពុះក្អែក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ គឺ ព្រះភិក្ខុ សុណ្ណជោតោ ភួង សុវណ្ណ ជាព្រះចៅអធិការស្តីទី វត្តនិគ្រោធវ័ន គល់ទទឹង ឲ្យឡើងទីជាព្រះចៅអធិការ វត្តនិគ្រោធវ័ន គល់ទទឹង ព្រះភិក្ខុ វជិរបញ្ញោ គូ សុភាព ឲ្យឡើងទីជាគ្រូសូត្រស្តាំ ព្រះភិក្ខុ វិនយធរោ តុន គីមសាយ ឲ្យឡើងទីជាគ្រូសូត្រឆ្វេង ។ ជាអ្នករម្ងាប់អធិករណ៍ និងសហការគ្រប់គ្រងគរុភណ្ឌសង្ឃ មានដីធ្លី វត្តអារាម និងអប់រំ ពុទ្ធសាសនិកជនឲ្យរៀនសូធ្យបដិបត្តិធម៌ វិន័យ មានបិដកជាគោល ។ តាមប្រកាសនីយប័ត្រ លេខ ២២៣ / ១៨ សនកជ.ប្រក ចុះថ្ងៃទី ២០ ខែមេសា ពុទ្ធសករាជ២៥៦១ ឆ្នាំ២០១៨ ។
- បច្ចុប្បន្ន (ពុទ្ធសករាជ ២៥៦៥ / ឆ្នាំ ២០២២) វត្តនិគ្រោធវ័ន គល់ទទឹង មានបរិវេណមួយយ៉ាងធំទូរលាយ ដែលមានទំហំរហូតដល់ទៅ 154191 ម៉ែត្រការ៉េ ។
- ចំពោះការសិក្សាធម៌វិន័យវត្តនិគ្រោធវ័ន គល់ទទឹង មានកម្មវិធីសិក្សាព្រះវិន័យបិដក ១៣ ក្បាល ព្រមទាំងអដ្ឋកថា និងដីកា ។ សិក្សាភាសាបាលី ប្រែគម្ពីរ ។ សិក្សាអភិធម្ម ៩ បរិច្ឆេទ និងធម្មសង្គណី ជាដើម ។ សិក្សាព្រះសូត្រ មានមហាសតិប្បដ្ឋានសូត្រ ជាដើម ។
- ចំពោះការប្រតិបត្តិធម៌វិន័យវត្តនិគ្រោធវ័ន គល់ទទឹង មានការប្រតិបត្តិតាមព្រះធម៌វិន័យ មានព្រះត្រៃបិដកជាគោល និងប្រតិបត្តិក្នុងសមាធិភាវនា ។រៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ មានកម្មវិធីប្រតិបត្តិក្នុងសមាធិភាវនា នៅខាងលើព្រះវិហារ ចាប់ពីម៉ោង ៤ រសៀល រហូតដល់ម៉ោង ៦ ល្ងាច ។ រៀងរាល់ថ្ងៃ ឧបោសថសីល និងថ្ងៃអាទិត្យ កម្មវិធីប្រតិបត្តិក្នុងសមាធិភាវនា នៅខាងលើព្រះវិហារ ចាប់ពីម៉ោង ៣ រសៀល រហូតដល់ម៉ោង ៥ ល្ងាច ។
- ម្យ៉ាងទៀត រៀងរាល់ថ្ងៃឧបោសថសីល មានកម្មវិធីសិក្សា សន្ទនាសតិប្បដ្ឋានបដិបត្តិ ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ១០ ព្រឹក នៅវេទិការឧបោសថសីល ។ ចាប់ពីម៉ោង ២ រសៀល រហូតដល់ម៉ោង ៥ ល្ងាច សិក្សាព្រះវិន័យ ព្រះសូត្រ និងព្រះអភិធម្ម ។
ប្រភពដកស្រង់អត្ថបទខាងលើៈ ហ្វេសប៊ុកវត្តនិគ្រោធវ័ន "គល់ទទឹង"
"គល់ទទឹង" មានព្រឹត្តិការណ៍យ៉ាងដូចមេ្តច? បើយោងប្រសាសន៍តាមការចងចាំរបស់ចាស់ៗ ដែលខ្ជិលកត់ត្រាទុកឲ្យដឹងថា បានជាហៅថា " គល់ទទឹង " ពីព្រោះកាលនោះ មានឈើមួយដើមធំរលំកាត់ទទឹងអូរមួយ ដែលនាំទឹកឆ្លងទៅមក រវាងបឹងខ្វែង និងបឹងអូរក្រហម ។ ឈើដ៏ធំនេះបានក្លាយទៅជាស្ពានសម្រាប់អ្នកមកធ្វើសំណាក់ធម៌ឆ្លងទួលម្ខាងទៅទួលម្ខាងទៀត ហើយក៏ជាស្ពាន ដែលអ្នកស្រុកធ្វើដំណើរឆ្លងកាត់ក្នុងការប្រាស័យទាក់ទងពីភូមិមួយទៅភូមិមួយដែរ ។...
សូមអានលម្អិតក្នុងសៀវភៅ "ប្រវត្តិវត្តនិគ្រោធវ័ន ហៅគល់ទទឹង" ដូចតទៅ៖
អានសៀវភៅនេះ ចុចទីនេះដើម្បីទាញយកសៀវភៅ
ដោយ៥០០០ឆ្នាំ
images/articles/3022/Unti443622tled-1.jpg
ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ៦,៨១៧ ដង)
វត្តឯកឧត្តមមានជ័យមានទីតាំងនៅក្នុងខេត្តតាកែវ ។ វត្តឯកឧត្តមមានជ័យនេះជាវត្តមួយដែលមានចំណាត់ថ្នាក់ថាគឺជាវត្តដែលស្អាតជាងគេនៅក្នុងខេត្តតាកែវ។ នៅក្នុងវត្តឯកឧត្តមមានជ័យព្រះវិហាដ៏ស្អាតគួរឱ្យចាប់អារម្មណ៍។ ព្រះវិហាដ៏ស្រស់ស្អាតនោះ ធ្វើការសាងសង់ឡើងដោយប្រើរចនាបទបន្ទាយស្រី។
ភាពទាក់ទាញរបស់ព្រះវិហា គឺព្រោះតែការប្រើក្បាច់ចម្លាក់ផុសអណ្តែតនៅតាមជញ្ជាំងព្រះវិហារ និងតាមសរសរនីមួយៗទាំងក្នុងនិង ក្រៅព្រះវិហារ។
វត្តឯកឧត្តមានជ័យ មានរូបចម្លាក់ធំៗ និងស្រស់ស្អាតជាច្រើន។
នៅពីមុខព្រះវិហារលោកអ្នកនឹងឃើញមានចម្លាក់ដំរីដ៏ធំមួយគូ ចម្លាក់នោះទាំងពណ៌និងទឹកដៃនៃការឆ្លាក់បង្ហាញពីភាពរស់រវើក មើលមួយក្រលែកភ្នែកដូចជាសត្វដែលកំពុងមានជីវិតពិតអ៊ីចឹង។
រីឯនៅខាងក្រោយចម្លាក់ដំរីនោះទៀត ក៏មានចម្លាក់ហង្សដ៏ធំមួយគូផងដែរ ដែលកំពុងឈរសំញែងបង្ហាញរិទ្ធិនៅលើឆ័ត្ររួតបីជាន់ បង្ហាញពីអំណាចបារមីរបស់ព្រះវិហា គួរជាទីគោរពបូជា។
នៅក្នុងបរិវេណវត្តដ៏ស្ងប់ស្ងាត់នេះ ក៏ដូចជានៅមុខទីធ្លារបស់ព្រះវិហាដ៏ស្រស់ស្អាតនេះដែរ មានដាំផ្កាផ្ញីអមលម្អរចម្លាក់ឆ្នាំទាំង១២ផងដែរ ចម្លាក់ទាំង១២នេះ ចម្លាក់នីមួយៗមានទំហំធំៗ ស្អាត និងរស់រវើក។
ឯចម្លាក់ទេពប្រណំធំៗប៉ុនមនុស្ស ដែលកំពុងឈរប្រណំសំពះនៅពីមុខព្រះវិហាជាច្រើននេះក៏កាន់តែស្រស់ស្អាត សម្រស់ចម្លាក់ប្រៀបបានដូចជាទេពអប្សចុះពីសួរគា។
ប្រសិនបើលោកអ្នកឈរនៅពីមុខព្រះវិហារ គន់មើលឱ្យចំទៅព្រះវិហារតែម្តង លោកអ្នកអាចចាប់អារម្មណ៍ឃើញក្លោងទ្វារធំនិងកំពូលព្រះវិហារ មិននៅរត់ជួរគ្នាដូចវិហារដ៏ទៃឡើយ រីដំបូលព្រះវិហារមានការប្រើម៉ូតប្លែកពីគេ ម្ខាងវែងហើយម្ខាងទៀតខ្លី ចំណែកនៅតាមជញ្ជាំងខាងក្រៅ និងសរសរនីមួយៗនៃព្រះវិហានេះមានរចនាទៅដោយចម្លាក់ផុសតាមក្បាច់នៃរចនាបទ ស្រស់ស្អាតគួរជាទីគាប់ភ្នែក នៅខាងក្នុងព្រះវិហាតាមជញ្ជាំងនិងដំបូលមានគំនូរជាច្រើន គំនូនីមួយៗសុទ្ធតែជារូបភាព និងអក្សរនិទានដំណាលរឿង តាំងពីសម័យព្រះពុទ្ធទ្រង់តាំងនៅ នៅក្នុងព្រះវិហារដ៏ស្រស់ស្អាតនេះក៏មានចម្លាក់ព្រះពុទ្ធរូបតម្តល់ សម្រាប់ជាទីគោរពបូជានៃពុទ្ធសាសនិកជនទាំងពួងផងដែរ។
លោកអ្នកដែលចាប់អារម្មណ៍ពីសម្រស់វត្តឯកឧត្តមមានជ័យអាចមកទស្សនា និងគោរពបូជាដោយផ្ទាល់បាន។ វត្តឯកឧត្តមានជ័យមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣ ជិតអង់តាសោម នៅក្នុងខេត្តតាកែវនេះតែម្តង។
ដោយ៥០០០ឆ្នាំ
images/articles/3493/2026-07-19_18_31_09-Untitled_-_Notepad.jpg
ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ១៨៣ ដង)
វត្តលង្កាព្រះកុសុមារាម(ហៅកាត់ថា វត្តលង្កា) គឺជាអារាមបូរាណដ៏វិសុទ្ធ និងជាទីសក្ការៈដ៏ចំណាស់ជាងគេបំផុតមួយក្នុងចំណោមវត្តទាំង ៥ ដែលត្រូវបានកសាងឡើងដំបូងគេបង្អស់នៅក្នុងរាជធានីភ្នំពេញ។ វត្តនេះមានប្រវត្តិសាស្ត្រដ៏យូរលង់ និងមានទំនាក់ទំនងយ៉ាងស្អិតល្មួតនឹងការកកើតរាជធានីភ្នំពេញ ក៏ដូចជាប្រវត្តិផ្សព្វផ្សាយព្រះពុទ្ធសាសនានៅកម្ពុជា។
១. ការកកើត និងប្រភពនៃនាម «វត្តលង្កា» (សតវត្សទី១៥)
ការកសាងឡើង៖វត្តលង្កាត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៤៤២ដោយ ព្រះបាទពញាយ៉ាត(ព្រះបរមរាជាទី១) នៅពេលដែលព្រះអង្គទ្រង់បានបោះបង់ចោលរាជធានីអង្គរ ហើយមកស្ថាបនារាជធានីថ្មីនៅចតុមុខ (ភ្នំពេញសព្វថ្ងៃ)។
មូលហេតុនៃការកសាង និងប្រភពឈ្មោះ៖ ឈ្មោះថា «លង្កា» នេះ គឺមានទំនាក់ទំនងផ្ទាល់ជាមួយ ប្រទេសស្រីលង្កា(កោះលង្កា) ដែលជាមជ្ឈមណ្ឌលផ្សព្វផ្សាយព្រះពុទ្ធសាសនាថេរវាទដ៏ធំនាសម័យនោះ។
វត្តនេះត្រូវបានកសាងឡើងដើម្បីធ្វើជា កន្លែងស្នាក់នៅ និងប្រជុំធម៌របស់ព្រះសង្ឃខ្មែរ និងព្រះសង្ឃ មកពីកោះលង្កាដែលបាននិមន្តធ្វើដំណើរទៅសិក្សារៀនសូត្រព្រះត្រៃបិដកនៅប្រទេសស្រីលង្កា រួចនាំយកព្រះពុទ្ធសាសនាផ្សាយចូលមកកម្ពុជាវិញ។
វត្តនេះក៏ជាកន្លែងតម្កល់ទុកនូវគម្ពីរក្បួនច្បាប់ធម៌អាថ៌ និងព្រះត្រៃបិដកដែលនាំមកពីកោះលង្កាផងដែរ។
២. វត្តលង្កាក្នុងសម័យអាណានិគមបារាំង
ការផ្លាស់ប្តូរទីតាំង៖កាលពីដើមឡើយ វត្តលង្កាមិនមែនស្ថិតនៅទីតាំងបច្ចុប្បន្នភ្លាមៗនោះទេ (មានឯកសារខ្លះលើកឡើងថា ទីតាំងដើមស្ថិតនៅក្បែរទន្លេ) ប៉ុន្តែត្រូវបានផ្លាស់ប្តូរទីតាំងជាបន្តបន្ទាប់រហូតមកដិតជាប់នឹងក្បែរវិមានឯករាជ្យបច្ចុប្បន្ន ដើម្បីសម្រួលដល់ការរៀបចំប្លង់នគរូបនីយកម្មទីក្រុងរបស់បារាំង។
មជ្ឈមណ្ឌលសិក្សាធម៌វិន័យ៖ក្នុងសម័យអាណានិគមបារាំង វត្តលង្កាបានក្លាយជាវិទ្យាស្ថាន ឬជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់ការបណ្តុះបណ្តាលវិជ្ជាព្រះពុទ្ធសាសនា និងភាសាបាលី។ ព្រះសង្ឃធំៗ និងបញ្ញវន្តខ្មែរជាច្រើនអង្គ/រូប ធ្លាប់បានមកសិក្សាក្រេបជញ្ជក់ចំណេះដឹងនៅទីនេះ។
៣. គ្រាដ៏ខ្មៅងងឹត (១៩៧៥ - ១៩៧៩)
* ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) វត្តលង្កាត្រូវបានរងការបំផ្លិចបំផ្លាញដូចគ្នានឹងវត្តអារាមដទៃទៀតទូទាំងប្រទេសដែរ៖
* ព្រះសង្ឃត្រូវបានបង្ខំឱ្យសឹក និងជម្លៀសចេញទៅធ្វើការជាទម្ងន់។
* ព្រះវិហារ និងកុដិត្រូវបានគេយកធ្វើជា ឃ្លាំងស្តុកឥវ៉ាន់ និងកន្លែងស្នាក់នៅរបស់កម្មាភិបាលខ្មែរក្រហម។
* គម្ពីរក្បួនច្បាប់ ព្រះត្រៃបិដកបុរាណៗជាច្រើនត្រូវបានដុតបំផ្លាញ និងបោះចោលទៅក្នុងទឹក។
* ទោះជាយ៉ាងណា ព្រះវិហារធំនៃវត្តលង្កា មិនត្រូវបានវាយកម្ទេចចោលទាំងស្រុងនោះទេ ដែលធ្វើឱ្យសំណង់ស្ថាបត្យកម្មដ៏ប្រណីតនេះនៅរក្សាបានរូបរាងរហូតដល់សព្វថ្ងៃ។
៤. ការស្តារឡើងវិញ និងការអភិវឌ្ឍន៍ក្រោយឆ្នាំ១៩៧៩
* ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ វត្តលង្កាត្រូវបានសម្អាត និងរៀបចំឱ្យមានព្រះសង្ឃគង់នៅឡើងវិញជាបណ្តើរៗ។
* វត្តនេះទទួលបានការជួសជុល និងអភិវឌ្ឍន៍យ៉ាងខ្លាំង ជាពិសេសក្រោមការដឹកនាំរបស់ សម្តេចព្រះមហាឃោសានន្ទនិងក្រោយមកគឺ សម្តេចព្រះធម្មលិខិត លាស់ ឡាយ(អតីតព្រះចៅអធិការវត្តលង្កា និងជាសម្តេចព្រះសង្ឃនាយកស្តីទី) ។
* វត្តលង្កាក៏ត្រូវបានប្រសិទ្ធនាមបន្ថែមជា «វត្តលង្កាព្រះកុសុមារាម» ដើម្បីជាការឧទ្ទិសថ្វាយព្រះរាជកុសលចំពោះសម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរត្នសិរីវឌ្ឍនា។
៥. វត្តលង្កានាពេលបច្ចុប្បន្នបច្ចុប្បន្ន វត្តលង្កាមានតួនាទីយ៉ាងសំខាន់លើផ្នែកសាសនា និងវប្បធម៌ក្នុងរាជធានីភ្នំពេញ៖
មណ្ឌលវិបស្សនាធុរៈ៖វត្តលង្កាល្បីល្បាញខ្លាំងខាងការបង្រៀន សមាធិ (វិបស្សនា)ដែលមានទាំងពុទ្ធបរិស័ទខ្មែរ និងជនបរទេសមកពីជុំវិញពិភពលោកចូលរួមរៀនសូត្រ និងអនុវត្តជាប្រចាំ។
ការអប់រំ៖ ជាកន្លែងស្នាក់នៅសិក្សារបស់សមណសិស្ស-និស្សិតយ៉ាងច្រើនកុះករមកពីតាមបណ្តាខេត្ត។
បេតិកភណ្ឌទេសចរណ៍៖ដោយសារទីតាំងស្ថិតនៅចំកណ្តាលបេះដូងរាជធានី ក្បែរវិមានឯករាជ្យ និងសួនច្បារសម្តេចសង្ឃរាជ ជួន ណាត វត្តលង្កាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាច្រើនឱ្យចូលមកទស្សនាស្ថាបត្យកម្មព្រះវិហារខ្មែរបុរាណ និងស្វែងយល់ពីជីវភាពរស់នៅបែបពុទ្ធសាសនារបស់ព្រះសង្ឃខ្មែរ។
ប្រភព៖ ហ្វេសប៊ុកSarun Chey
ដោយ៥០០០ឆ្នាំ
images/articles/3483/2026-07-13_12_37_43-Greenshot.jpg
ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ១៦៨ ដង)
សូមជូនអត្ថបទខ្លីស្តីពី វត្តកែវព្រះភ្លើងមុនឆ្នាំ១៩៧៥ វត្តកែវព្រះភ្លើង ហៅវត្តតាកែវ ឬវត្តកែវចាស់ ស្ថិតនៅជាប់មហាវិថីព្រះសុធារស សង្កាត់លេខ៦ ក្រុងភ្នំពេញ។ វត្តនេះស្ថាបនាឡើងនៅចុងសតវត្សរ៍ទី១៦ ដោយយកនាមតាមព្រះពុទ្ធរូបថ្មកែវ១ព្រះអង្គ មានពណ៌ក្រហមឆ្អិនឆ្អៅដូចភ្លើង ទើបប្រាកដនាមតាមសម្តីអ្នកស្រុកថា "ព្រះកែវភ្លើង" (ជាគូនឹងព្រះពុទ្ធរូប១អង្គ ព្រះនាម "ព្រះកែវមរកត") តែក្រោយមកអ្នកស្រុកក៏នាំគ្នាហៅក្លាយទៅជា "កែវព្រះភ្លើង" ទៅវិញ ស្ថិតក្នុងភូមិជ្រោយរលួស ភាគខាងត្បូងក្រុងភ្នំពេញ ដែលសម្បូរដោយព្រៃឈើស៊ុបទ្រុប បាំងបាត់ពន្លឺរស្មី និងសំម្បូរដោយសត្វសាហាវ មានខ្លា ឆ្កែចចក និងពស់ពិសជាដើម។
នៅដើមសតវត្សរ៍ទី១៧ មានមេបះបោរម្នាក់បានតាំងទីលំនៅក្បែរវត្តនេះ ក្រោយឡើងជាស្តេចត្រាញ់បានតាំងងារខ្លួនឯងថា "ព្រះរាមកែវព្រះភ្លើង" ក្រោយមកត្រូវស្តេចស្រីសុរិយោពណ៌បង្រ្កាបឱ្យខ្ចាត់ខ្ចាយទៅវិញ (សូមអានមហាបុរសខ្មែរ និងរឿងកែវព្រះភ្លើង របស់ គុយ-ឡូត) ។ល។
ជាប់ពីខាងជើងវត្តកែវព្រះភ្លើង គឺព្រះរាជដំណាក់ សម្តេចព្រះវរចក្រ នរោត្តម-សុធារស ហៅថាព្រះរាជដំណាក់កែវព្រះភ្លើង ឬវាំងកែវព្រះភ្លើង, សម្តេចព្រះនរោត្តម-សីហនុ កាលនៅជាព្រះរាជកុមារនៅឡើយទ្រង់គង់នៅព្រះរាជដំណាក់នេះ ក្រោមការមើលថែរបស់ចៅឃុនប្រយូរវង្ស ប៉ាត។ នៅឆ្នាំ១៨៧០ វត្តស្វាយពពែ (ធម្មយុត្ត) បានស្ថាបនានៅជាប់ពីខាងជើងព្រះរាជដំណាក់នេះ។ នៅឆ្នាំ១៩០៤ ចៅចមសុជាតិបុប្ផា នួន ហៅឃុនថាន់ បានស្ថាបនាវត្តនួនមណីរាម ហៅវត្តថាន់ (ធម្មយុត្តដែរ) នៅពីខាងត្បូងវត្តកែវព្រះភ្លើងនេះ។ អ្នកស្រុកតំបន់នេះនិយាយរត់មាត់ថា "កណ្តាលកែវព្រះភ្លើង ខាងជើងស្វាយពពែ ងាកលិចប្រយូរវង្ស បកមកត្បូងវត្តថាន់" ពីដើមគេធ្វើបុណ្យភូមិរួមគ្នាត្រង់ខាងក្រោយវត្តកែវព្រះភ្លើងរៀងរាល់ឆ្នាំពុំដែលលោះខានទេ...។
ព្រះចៅអធិការវត្តកែវព្រះភ្លើង ៦ជំនាន់ ចុងក្រោយបំផុតគឺ
១-ព្រះតេជព្រះគុណ រត់
២-ព្រះតេជព្រះគុណ ហ៊ុល-កែវ
៣-ព្រះសាក្យវង្ស សរ-ឃួន (ក្រុមជំនុំព្រះត្រៃបិដក)
៤-ព្រះវិភទ្ទញ្ញាណ ឡុង-បាន (អាចារ្យសាលាបាលីជាន់ខ្ពស់)
៥-ព្រះវិន័យធរ អ៊ុម-ស៊ុម (ចៅអធិការស្តីទីបាន១ឆ្នាំ)
៦-ព្រះឧបាលិវង្ស ហេង-លាងហោ (ចៅអធិការចុងក្រោយ)
ក្រោយឆ្នាំ១៩៧៩ វត្តនេះទទួលរងគ្រោះយ៉ាងដំណំ (ដោយសារស្ថិតនៅចំមុខសឹក)។ អ្វីដែលនៅសេសសល់គឺ កុដិឈើតូចៗ២ខ្នង ខ្លោងទ្វារ១ និងដើមពោធិ៍១ដើម ក្រៅពីនេះ ព្រះវិហារ កុដិថ្មច្រើនខ្នង សាលាបុណ្យ សាលាបាលី ចេតិយ... ត្រូវគ្រាប់ផ្លោងបំផ្លាញខ្ទេចគ្មានសល់។ ប្រជាជនមកពីជនបទបានចូលតាំងទីលំនៅលើទីតាំងនេះជាបន្តបន្ទាប់ និងផ្លាស់ប្តូរជាច្រើនជំនាន់ រហូតក្លាយជាផ្ទះអ្នកស្រុកដល់បច្ចុប្បន្ន។
ខ្លោងទ្វារមិនដឹងវាយចោលក្នុងឆ្នាំណាទេ? ឯដើមពោធិព្រឹក្ស១ដើម ត្រង់ទិសនិរតី នៅប្រឹងបន្តជីវិតរស់យ៉ាងត្រមង់ត្រមោចឯកោតែឯងកណ្តាលអធ្វារត្រង់ចន្លោះកន្លៀតផ្ទះអ្នកស្រុក ប្រឹងលូតខ្ពស់ផុតស្មើនឹងដំបូលផ្ទះ៥ជាន់ ហាក់ដូចជាតស៊ូរស់ដើម្បីបញ្ចើចបញ្ចើផ្សារទំនើបអុីអន១ ដែលនៅម្ខាងផ្លូវទល់មុខគ្នា ថាវាសនាយើងទាំងពីរខុសគ្នាស្រឡះតែម្តង..., នៅឆ្នាំ២០២២ថ្មីៗនេះ ពោធិព្រឹក្សនោះក៏រលាយបាត់រូបរាងទាំងស្រុងពីដែនពសុធា ទុកជាដំណឹងចុងក្រោយបញ្ជាក់ថា "វត្តកែវព្រះភ្លើង ដែលបានភ្ជាប់និស្ស័យជាមួយដែនកម្ពុជរដ្ឋជាង ៤០០ឆ្នាំ បានធ្វើដំណើរមកដល់ទីអស្តង្គតជានិរន្តរ៍ហើយ តទៅវត្តកែវព្រះភ្លើងនៅសល់ត្រឹមតែឈ្មោះប៉ុណ្ណោះ ហើយមិនយូរប៉ុន្មានទេមនុស្សម្នានឹងភ្លេចទាំងឈ្មោះនេះទៅទៀត"។
មុននឹងផុតដង្ហើម វត្តកែវព្រះភ្លើងងាកទៅខាងជើងឃើញស្វាយពពែនៅមានរូបរាងសមសួនល្អក៏ស្ងប់ចិត្តបន្តិច រួចងាកបន្តទៅខាងជើងបន្តិចទៀត ក៏ឃើញប្រយូរវង្សារាម ជាមិត្តកម្សត់កម្រជាមួយគ្នាជាង១០០ឆ្នាំ នៅសល់តែខ្លោងទ្វារ២ និងព្រះវិហារ១ខ្នង អមដោយផ្ទះអ្នកស្រុកដែលភ្ជាប់វាសនានៅលើខឿនព្រះវិហារយ៉ាងរដឹករដែរខេករខាកពេញវត្ត ខ្លះទៅភ្ជាប់និស្ស័យជាមួយខ្មោចក្នុងចេតិយតែម្តង... ក៏នឹកស្រណោះខ្លួនឯងក្រៃលែង ហាក់ចង់មានវាចាផ្តាំផ្ញើទៅមិត្តចាស់ឱ្យខំប្រឹងរស់បន្តរហូតដង្ហើមចុងក្រោយ ប្រសិនបើព្រះអាទិត្យមិនទាន់អស្តងគតក្រែងថ្ងៃណាមួយមិត្តនឹងបានប្រសើរឡើងវិញ...តែវត្តកែវព្រះភ្លើងមិនអាចវាចាបានឡើយ.....។
ប្រសិនបើមានពេលគ្រប់គ្រាន់ ខ្ញុំនឹងសរសេរប្រវត្តិពិស្តារនៃវត្តកែវព្រះភ្លើងទុកជាអនុស្សាវរីយ៍ ព្រោះមុនឆ្នាំ១៩៧៥ វត្តនេះជាជំរុំមួយនៃអ្នកប្រាជ្ញខាងព្រះពុទ្ធសាសនា មានក្រុមជំនុំព្រះត្រៃបិដក និងសាស្រ្តាចារ្យនៅសាលាបាលីជាន់ខ្ពស់ជាដើម ។
ប្រភពៈ ហ្វេសប៊ុកសាសនកិច្ចានុកិច្ច
ដោយ៥០០០ឆ្នាំ
images/articles/2071/354wt43323.jpg
ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ១៣,៦៣០ ដង)
វត្តធម្មវ័នគឺជាវត្តមួយនៅលើចង្កេះភ្នំក្រាំងដីមាស ស្ថិតនៅខាងជើងក្រុងកំពង់ឆ្នាំងប្រមាណជិត២គីឡូម៉ែត្រ ក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ គេអាចធ្វើដំណើរឡើងទៅលើទីធ្លាវត្តបានដោយថ្មើរជើង ម៉ូតូ ឬរថយន្ត ដែលគេអាចគយគន់ និងផ្តិតយករូបភាពទេសភាពចំការត្នោត ទេសភាពរុក្ខជាតិនៅលើកំពូលភ្នំ ទេសភាពដងទន្លេសាប ទេសភាពភ្នំនាងកង្រីជាដើម និងសំណង់ស្នាដៃគូប្លង់កសាងរបស់ព្រះចៅអធិការ។
វត្តធម្មវ័ននេះគឺជាវត្តមួយមានការរីកចំរើនជាងគេបំផុតនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ដោយពុទ្ធបរិស័ទគ្រប់ខេត្តក្រុងនៅទូទាំងប្រទេសបានចូលរួមកសាងសមិទ្ធិផលនានានៅក្នុងវត្ត ព្រោះតែព្រះចៅអធិការវត្ត និងព្រះសង្ឃកាន់ព្រះវិន័យបានយ៉ាងតឹងរឹងតាមគន្លងបញ្ញត្តិព្រះពុទ្ធសាសនា ដែលវត្តនេះស្ថិតនៅចង្កេះភ្នំក្រាំងដីមាស ខេត្តកំពង់ឆ្នាំង។
ព្រះចៅអធិការវត្តធម្មវ័ន ព្រះនាម យឹម ទូច ព្រះជន្មាយុ៤២វស្សានិងជាធម្មធរគណខេត្តកំពង់ឆ្នាំង បានមានសង្ឃដីការនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា នេះថា៖វត្តធម្មវ័នត្រូវបានក្រសួងធម្មការប្រកាសទទួលស្គាល់នៅឆ្នាំ២០០៤ ដែលនៅមុនឆ្នាំ២០០៤គ្រាន់តែជា អាស្រមតូចមួយប៉ុណ្ណោះ។
ចំណែកព្រះអង្គបានមកគង់ជាព្រះចៅអធិការក្នុងវត្តនេះ ចាប់ពីឆ្នាំ២០០៣មកដល់សព្វថ្ងៃមានរយៈពេលជាង១១ឆ្នាំហើយ ព្រះអង្គបានបួសជាសង្ឃតាំងព្រះជន្ម១៧ព្រះវស្សាមក។ព្រះសង្ឃគង់នៅក្នុងវត្តនេះមាន ចំនួនជាង៧០អង្គ បានចេញទៅរៀនជាង៥០អង្គ គង់នៅក្នុងវត្តបច្ចុប្បន្ន២៤អង្គ។
សមិទ្ធិផលដែលពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទមកពីខេត្តផ្សេងៗបានចូលរួមកសាងមាន ព្រះវិហារមួយបច្ចុប្បន្នកសាងបានជាង៨០%ហើយ,កសាងចេតី៥កន្លែង កសាងកុដិចំនួន៣១កុដិ,កសាងសាលាឆាន់ ៣កន្លែង សាលាឆាន់ធំជាងគេដែលកំពុងកសាងឈ្មោះតាវតឹងសភា និងកសាងបាន ៦០% ប៉ុណ្ណោះ ។ ចំណែកប្រាសាទតម្កល់ព្រះពុទ្ធរូប២៨អង្គជាកន្លែងដាំដើមពោធិព្រឹក្សយកមកពីប្រទេសឥណ្ឌាដែលបានកសាងរួចហើយ ។
ទន្ទឹមនេះដែរបច្ចុប្បន្នកំពុងសាងសង់សាលាពុទ្ធិកសិក្សាមួយកន្លែងដែលមានកំពស់៣ជាន់កសាងបាន២០%ហើយ និងមហាកុដិមួយកន្លែងទៀតកំពុងសាងសង់សំរាប់សង្ឃជាន់ខ្ពស់គង់នៅរៀនសូត្រ ដោយឡែកផ្លូវបេតុងប្រវែងជាង៤០០ម៉ែត្រក្នុងវត្តក៍កំពុងកសាងដែរ។សមិទ្ធិផលទាំងអស់ ដែលពុទ្ធបរិស័ទបានចូលរួមកសាងជាមួយព្រះចៅអធិការ គឺមានទឹកប្រាក់ចំណាយសរុបអស់ប្រមាណជាង១លានដុល្លាហើយ ។ ព្រះចៅអធិការ យឹម ទូច បានមានសង្ឃដីការអោយដឹងទៀតថា៖ការកសាងសមិទ្ធិផលទាំងអស់ខាងលើនេះ គឺជាការចូលរួមប្រគេនបច្ច័យរបស់ពុទ្ធបរិស័ទទាំងអស់ក្នុងពិធីបុណ្យផ្សេងៗ និងប្រាក់មួយចំនួនទៀតជា បច្ច័យផ្ទាល់ខ្លួនព្រះអង្គដែលបានមកពីការសំដែងធម៌ទេសនាតាមខេត្តនានា ព្រះអង្គបានយកមកបញ្ចូលក្នុងការកសាងនេះទាំងអស់។
វត្តធម្មវ័នក៍ត្រូវបានប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង និងក្រៅខេត្តចាត់ទុកថាជារមណីយដ្ឋានវប្បធម៌ធម្មជាតិ មួយ ព្រោះថាទីតាំងវត្តធម្មវ័នស្ថិតនៅលើចង្កេះភ្នំក្រាំងដីមាស មានខ្យល់ដ៍បរិសុទ្ធ មានដើមឈើខ្ពស់ៗមានម្លប់ត្រឈឹងត្រឈៃ ដែលអាចអោយអ្នកទេសចរណ៍ទៅកំសាន្តលេងយ៉ាងសប្បាយរីករាយ។ទន្ទឹមនោះដែរគេអាចមើលឃើញទេសភាពវាលស្រែ ចំការដើមត្នោត ទេសភាពដងទន្លេសាបនារដូវទឹកតំឡើង និងដងភ្នំនាងកង្រី និងទេសភាពផ្សេងៗជាច្រើនទៀតផង ដែលអាចធ្វើអោយអារម្មណ៍អ្នកទៅលេងកំសាន្តទីនោះបានស្រស់ស្រាយចិត្ត និងបំបាត់បាននូវទុកកង្វល់ផងទាំងឡាយ៕
ដកស្រង់ពី ខេមប៉ុស្តិ៍
ដោយ៥០០០ឆ្នាំ
images/articles/1498/safvsdf-dsg-sdfs-d.gif
ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ២២,៩២២ ដង)
វត្តស្វាយពពែ
វត្តស្វាយពពែជាវត្តមួយស្ថិតនៅក្នុងទីក្រុងភ្នំពេញ។ វត្តនេះស្ថិតនៅតាមបណ្ដោយមហាវិថីសុធារស ទល់មុខនឹងស្ថានទូតសហព័ន្ធរុស្សី។ វត្តនេះក៏មានពុទ្ធិកសកលវិទ្យាល័យមួយឈ្មោះថា ពុទ្ធិកសកលវិទ្យាល័យសីហមុនីរាជ។វត្តនេះស្ថិតនៅក្រោមព្រះរាជកិច្ចដឹកនាំ របស់សម្តេចព្រះអភិសេរី មហាសុគន្ធាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ។
ក្នុងបរិវេនមានចេតិយពណ៌លឿងដូចមាស និងមានរាងដូចជួង ស្ថិតនៅមួយជួរនៅខាងមុខព្រះវិហារដែលមានសំបុរស្រអាប់ណាស់ទៅហើយ។នៅខាងជើងជាប់ព្រះវិហារ មានអាគារពណ៌ក្រហមក្រម៉ៅថ្មី មានដំបូលបួនថ្នាក់ឈ្មោះថា៖ ព្រះវិមានធម្មយុត្តិកាធិបតី… គឺជារាជកុដិ ឬព្រះរាជដំណាក់កុដិរបស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលនៅមិនទាន់បានធ្វើពិធីបុណ្យឆ្លងសម្ភោធកាត់ខ្សែបូនៅឡើយ ដែលជាហេតុនាំអោយសម្តេចព្រះមហាសង្ឃរាជ នៅមិនទាន់យាងមកគង់នៅជាអចិន្រ្តៃយ៍ក្នុងទីអារាមវត្តស្វាយពពែនេះនៅឡើយដែរ។ នៅលើជញ្ជាំងហោជាងប៉ែកខាងក្រោយ នៃព្រះវិមានធម្មយុត្តិកាធិបតី មានសរសេរអក្សរចិន។នៅជាប់របងជិតច្រកផ្លូវចូលប៉ែកខាងជើង មានអាគារសិក្សាបណ្តោយថ្ងៃមួយឈ្មោះថា៖ ពុទ្ធិក សកលវិទ្យាល័យ ព្រះសីហមុនីរាជា…។ អាគាររបស់សកលវិទ្យាល័យនេះរាងចំឡែកបន្តិច ដោយសារតែនៅខាងមុខយ៉រដែលបែរចេញក្រៅនេះ ត្រូវបានបាំងដោយសំណាញ់ដែកគ្រប់ជាន់ទាំងអស់។
ចំណែកឯនៅកៀនរបងខាងក្រោយ ជ្រុងខាងជើងប៉ែកខាងលិច ឃើញមានអាគារសិក្សាមួយខ្នងធ្វើជិតហើយរួចរាល់ដែរ ដែលស្លាកប៉ាយនៅលើដំបូលដាក់ថា កសាងឧទ្ទិសចំពោះព្រះពុទ្ធសាសនា ដោយសម្តេចតេជោ និងលោកជំទាវផងដែរ…។ក្រៅពីនោះ នៅមានអាគារចាស់ៗមួយចំនួនទៀត ដូចជាបណ្ណាល័យ និងកុដិព្រះសង្ឃជាដើម។ រីឯសាលាឆាន់វិញ ហាក់ដូចជាសំងំលាក់ខ្លួនមិនចង់អោយភ្ញៀវជិតឆ្ងាយបានឃើញពីទិដ្ឋភាពខាងក្នុងសោះ។
ខ្លោងទ្វាចំពីមុខព្រះវិហារ
ព្រះវិហារវត្តស្វាយពពែមើលចំពីមុខ
ព្រះវិមានធម្មយុត្តិកាធិបតី មើលពីមុខក្រៅរបង
អាគាពុទ្ធិក សកលវិទ្យាល័យ
ដកស្រង់ចេញពី វិគីភីឌា
ដោយ៥០០០ឆ្នាំ