images/articles/1052/Untitled-1-Recovered.jpg
Public date : 19, Aug 2026 (13,841 Read)
ពិចារណាអានិសង្សរបស់មេត្តា
ធម៌ដែលផ្ទុយគ្នាពីសេចក្តីក្រោធ គឺ មេត្តា ។ សេចក្តីក្រោធមានទោសបង្កផលអាក្រក់ដ៏ក្រៃលែង យ៉ាងណាមេត្តាក៏មានគុណ បង្កផលល្អច្រើនក្រៃលែងដូច្នោះដែរ ។ កាលបើដូចនេះទើបគួររម្ងាប់សេចក្តីក្រោធ ហើយតាំងចិត្តមេត្តាមកជំនួសវិញ ឲ្យមេត្តាហ្នឹងឯង ជួយកម្ចាត់កម្ចាយ និងការពាររារាំងសេចក្តីក្រោធ រហូតដល់បានឈ្នះជាស្ថាពរ ។
អ្នកមានមេត្តាអាចយកឈ្នះចិត្តអ្នកដទៃបាន ជាជ័យជម្នះដ៏ប្រសើរ អ្នកដែលតាំងនៅក្នុងមេត្តា ឈ្មោះថាធ្វើនូវប្រយោជន៍អ្នកដទៃ ។ មេត្តាបានធ្វើចិត្តឲ្យស្រស់ថ្លា ស្អាតផូរផង់ មានសេចក្តីសុខ ។ ព្រះសម្មសម្ពុទ្ធត្រាស់សម្តែងអានិសង្សរបស់មេត្តាមាន ១១ ប្រការៈ
១- ដេកលក់ជាសុខ បើយើងក្រោធជាមួយអ្នកដទៃយើងបីដូចជាត្រូវថ្នាំពិស មិនបានដេកនៅជាសុខឡើយ ដូច្នេះទើបត្រូវចម្រើននូវមេត្តា រស់នៅជាមួយនឹងមេត្តាធម៌ ព្រមទាំងគុណធម៌ផ្សេងៗ ទៀតផង ។
២- ភ្ញាក់ឡើងក៏ជាសុខ សុខសប្បាយក្នុងចិត្តដោយពីថ្ងៃមុនមិនបានធ្វើអាក្រក់ព្រោះក្រោធឡើយ និងដោយនឹកឃើញដល់អំពើល្អដែលខ្លួនបានឡើយ ។
៣- មិនយល់សប្តិអាក្រក់ សូម្បីតែយល់សប្តិក៏ឃើញតែអារម្មណ៍ល្អ ៗ ដូចជា ថ្វាយបង្គំព្រះពោធិព្រឹក្ស ហែកឋិន និងឃើញធ្វើបុណ្យផ្សេងៗទៀត ដោយមិនបានយល់សប្តិឃើញកាប់ចាក់ឈ្លោះប្រកែកគ្នាជាដើមឡើយ ។
៤- ជាទីស្រឡាញ់នៃមនុស្សទាំងឡាយ បើយើងត្រូវការឲ្យមនុស្សទាំងឡាយស្រឡាញ់យើង គឺយើងត្រូវរៀនឲ្យចេះស្រឡាញ់អ្នកដទៃជាមុនសិន គឺរៀនឲ្យមានមេត្តា ។
៥-ជាទីស្រឡាញ់នៃអមនុស្សទាំងឡាយ យើងត្រូវទុកអមនុស្សទាំងឡាយ ទេវតាទាំងឡាយជាមិត្តរួមកើតរួមចាស់ រួមឈើ រួមស្លាប់ជាមួយនឹងយើង ។ នៅពេលដែលយើងធ្វើកុសលអ្វីមួយរួចហើយ យើងត្រូវឧទ្ទិសកុសលនោះឲ្យដល់អមនុស្សនឹងទេវតាទាំងឡាយផង ។
៦- ទេវតាទាំងឡាយជួយថែរក្សា ទោះជាទេវតារក្សាក៏មិនអាចរក្សាចិត្តយើងបានដែរ គឺមានតែគុណធម៌ មានមេត្តាជាដើមប៉ុណ្ណោះទេ ដែលអាចរក្សាចិត្តយើងបាន ។
៧- មិនត្រូវដោយសាស្ត្រាវុធជាដើម ដែលជាអន្តរាយខាងក្រៅឡើយ មេត្តាជាធម៌រម្ងាប់នូវពៀរ អ្នកចម្រើននូវមេត្តាជាអ្នកស្លូតបូត រហូតដល់បានសម្រេចអប្បនាសមាធិជាគុណជាតិដ៏ប្រសើរដែលអាចការពារអន្តរាយបាន ។
៨- មានចិត្តតាំងមាំបានដោយឆាប់ មេត្តាធម៌ ជាធម៌មានឧបការៈដល់កុសលធម៌ដទៃទៀតខ្លាំងក្លាណាស់ ទោះជាទានក្តី សីលក្តី សមថភាវនាក្តី វិបស្សនាភាវនាក្តី ។
៩- សម្បុរមុខស្រស់ថ្លា ព្រោះដោយអំណាចនៃមេត្តាបានញ៉ាំងឲ្យរូបស្រស់បស់ទឹកមុខគួរឲ្យរាប់អាន ។ ទោះបីអ្នកស្អាតពីកំណើតមកក៏ដោយ ក៏ព្រោះមកអំពីមានបុណ្យដែលបានធ្វើហើយនោះប្រកបដោយមេត្តាដែរ ។
១០- មិនវង្វេងនៅពេលជិតស្លាប់ មនុស្សដែលវង្វេងនៅពេលជិតស្លាប់ ព្រោះបាត់បង់ស្មារតី ឯធម៌មេត្តាជាគុណជាតិញ៉ាំងស្មារតីឲ្យចម្រើន មិនសន្សំការខឹងក្រោធដែលជាបាបនាំឲ្យវង្វេង នោះឡើយ ។
១១- កាលបើមិនទាន់ត្រាស់ដឹងនូវគុណធម៌ជាន់ខ្ពស់ គឺ ព្រះអរហត្តទេ រមែងចូលទៅកាន់ ព្រហ្មលោកដោយអំណាចនៃមេត្តាចេតោវិមុត្ត ។
បើជាអ្នកនៅច្រើនទៅដោយសេចក្តីក្រោធ ឈ្មោះថា ជាអ្នកនៅឆ្ងាយអំពីការបានអានិសង្សទាំងនេះ ដូច្នេះទើបគួរព្យាយាមចម្រើនមេត្តា ឲ្យជាធម៌ប្រចាំចិត្ត ប្រចាំជីវិត ហ្វឹកហាត់អប់រំឲ្យមានមេត្តាជាប្រក្រតីរៀងរាល់ថ្ងៃព្រោះថា បើមេត្តាចិត្តនៅមិនទាន់បានមាំទាំទេ គឺមិនអាចយកឈ្នះសេចក្តីក្រោធបានឡើយ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ វិធីរម្ងាប់សេចក្តីក្រោធ
រៀបរៀងដោយ អគ្គ បណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស ។
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1053/Untitled-1-Recovered.jpg
Public date : 19, Aug 2026 (12,375 Read)
អ្វីៗដែលជាអតីត បានកន្លងទៅហើយ ហៅឲ្យត្រឡប់មកវិញមិនបានឡើយ ទោះជាខំស្រែកយំអង្វរសូមដោយទុក្ខទោមនស្សយ៉ាងណាក៏ដោយ អតីតក៏គង់នៅតែជាអតីតដដែល ។ តាមពិត អ្វីដែលថាធ្វើសាជាថ្មីនោះ គឺបានត្រឹមតែជាការកែខៃប៉ុណ្ណោះ ដូចជាការធ្វើខុសទៅហើយត្រូវធ្វើសាថ្មីគឺកែខៃឲ្យបានត្រឹមត្រូវ និយាយខុសហួសទៅហើយ ខំប្រឹងនិយាយសាថ្មីដើម្បីឲ្យបានត្រឹមត្រូវនេះជាការកែខៃ ប៉ុន្តែអ្វីដែលខុសព្រោះការធ្វើ ឬព្រោះការនិយាយនោះ វាបានកន្លងទៅហើយ នឹងចាប់ទាញវាយកមកវិញដើម្បីកុំឲ្យវាយ៉ាងហ្នឹង គឺមិនបានជាដាច់ខាត ព្រោះអតីតមិនអាចត្រឡប់មកជាបច្ចុប្បន្នឡើយ ។
មនុស្សដែលធ្លាប់មានដំបៅហើយ តើនឹងថាមិនធ្លាប់មានដំបៅយ៉ាងម៉េចកើតទៅ វាត្រូវតែជាដំបៅដែលបានកើតហើយនោះឯង ប៉ុន្តែស្នាមដំបៅមានឬមិនមាន ស្រេចហើយតែនៅលើការរក្សា ។ ស្នាមខាងផ្លូវចិត្តក៏ដូចគ្នា អ្វីដែលបានធ្វើហើយ វាជាការធ្វើហើយ សុខឬទុក្ខវាក៏បានកន្លងទៅហើយដែរ ។ នៅពេលនឹកត្រឡប់ទៅរករឿងរ៉ាវដែលកន្លងទៅហើយនោះ សុខឬទុក្ខក៏បានកើតឡើងសាជាថ្មីទៀត ប៉ុន្តែហេតុការណ៍ផ្សេងៗនោះបានកន្លងទៅហើយ ប្រៀបដូចជាទឹកដែលហូរចុះទៅក្រោម គឺវាចេះតែហូរទៅ និងឆ្ងាយទៅជានិច្ច ។
ព្រោះហេតុដូច្នេះ ការដែលយើងបានធ្វើអ្វីមួយខុសនិងបានបាត់បង់សាបសូន្យនូវអ្វីមួយនោះ ក៏សូមឲ្យវាកន្លងទៅចុះ កុំទុកដាក់រឿងដែលកន្លងទៅហើយ ឲ្យនៅដុតរោលខ្លួនឯងឥតប្រយោជន៍ កុំព្រមជាទាសៈ របស់អតីត កុំឲ្យអតីតមកក្តិចខ្ញាំបេះដូង និងកុំអង្គុយជាមួយអតីតដោយចិត្តសៅហ្មងឲ្យសោះ ។ ចូរកុំឃាំងឬដាក់គុកខ្លួនឯងទុកជាមួយនឹងអតីតដោយចិត្តក្តៅក្រហាយឡើយ ព្រោះវាជាការធ្វើទារុណកម្មខ្លួនឯងឥតប្រយោជន៍ ។ អតីតកាលទោះជាយ៉ាងណាក៏តាមតែវាចុះប៉ុន្តែបច្ចុប្បន្ន និងអនាគត វានៅជារបស់យើង សូមឲ្យផ្តើមធ្វើជាថ្មី សាងថ្មី ធ្វើបច្ចុប្បន្នឲ្យល្អជាទីបំផុត ដូច្នេះអានាគត នឹងបានល្អជាប្រាកដ ។ បច្ចុប្បន្ននឹងក្លាយជាអតីតរបស់អនាគតទើបត្រូវសាងអនាគតដោយបច្ចុប្បន្នហ្នឹងឯង ។ មនុស្សខ្លះលិចចូលក្នុងអតីតដោយចិត្តសៅហ្មង រហូតដល់ខូចអស់នូវបច្ចុប្បន្ន ចំណែកអនាគតក៏ងងឹតស្លុបឥតរស្មីព្រោះដូច្នេះ ចូរកុំជាទាសៈរបស់អតីត ពោលគឺកុំយកអតីតជាចៅហ្វាយនាយឡើយ ។
នៅក្នុងព្រះពុទ្ធសាសនា ព្រះអង្គទ្រង់បានទូន្មានថាកិលេសជាតិណា ដែលមានអារម្មណ៍ជាអតីត កិលេសជាតិ នោះចូររីឯស្ងួតទៅ កង្វល់ក្នុងអនាគតចូរកុំមានដល់អ្នកឡើយបើអ្នកមិនប្រកាន់ក្នុងខន្ធជាបច្ចុប្បន្ននេះ ទេ អ្នកនឹងជាបុគ្គលស្ងប់ហើយត្រាច់ទៅ ។ មិនខ្វាយខ្វល់ក្នុងរឿងអនាគត មិនសោកសៅចំពោះអតីត ជាអ្នកឃើញស្ងាត់សូន្យចាកសត្វក្នុងផស្សៈ តាមទ្វារទាំង៦ យ៉ាងនេះ អត់នរណានាំទៅដោយការយល់ខុសឡើយ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ សុខចិត្ត
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1054/2026-08-19_18_59_31-Greenshot.jpg
Public date : 19, Aug 2026 (11,597 Read)
ក្នុងជីវិតមនុស្សយើងម្នាក់ៗ រមែងមាននូវសេចក្តីទុក្ខជាពិតប្រាកដ ។ សេចក្តីទុក្ខដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហៅថាជាសភាវទុក្ខ គឺ ជរាទុក្ខ ព្យាធិទុក្ខ និងមរណទុក្ខ ។ សភាវទុក្ខនេះ សូម្បីតែព្រះអរហន្តក៏នៅតែធ្លាក់ចូលក្នុងអំណាចផងដែរ ដូច្នេះ ពិតជាមិនមានបុគ្គលណាក្នុងលោកនេះ អាចគេចពីសភាវទុក្ខបានឡើយ ឲ្យតែមានជាតិកើតមកហើយ ។
មនុស្សលោកយើងដែលនៅមានឧបាទានគឺសេចក្តីប្រកាន់មាំ មិនមែនតែសភាវៈទុក្ខ ប៉ុណ្ណឹងនោះទេ គឺនៅមានសេចក្តីទុក្ខច្រើនបែបច្រើនយ៉ាងទៀតណាស់ ដែលបានចូលមកបន្ថែមលើសភាវទុក្ខ ឲ្យទៅជាទុក្ខដ៏ខ្លាំងក្លា ។ បើមិនមានឧបាទានទេ សេចក្តីទុក្ខក៏នៅត្រឹមតែជាសភាវៈទុក្ខសុទ្ធ ៗ ប៉ុណ្ណោះ ដូចជាសភាពចាស់ជរាជាដើម បើព្រមឲ្យចាស់ទៅតាមធម្មតារបស់សង្ខារ ក៏ជារឿងធម្មតានៃការចាស់ជរា មិនមានរឿងអ្វីដែលត្រូវកើតទុក្ខតាមផ្លូវចិត្តឡើយ ប៉ុន្តែដល់ទៅមានឧបាទាន ក៏បានទៅជារឿងភ័យខ្លាចចាស់ មិនចង់ចាស់ ព្រោះចាស់ទៅវាត្រូវអស់ស្អាត អស់សង្ហា ដូច្នេះសេចក្តីទុក្ខក៏កើតឡើងភា្លមទាន់ពេលដែរ ។
ក្រៅអំពីនេះ នៅមានសេចក្តីទុក្ខដែលកើតពីឧបាទានសុទ្ធៗ ទៀត ដូចជាការប្រកាន់ថា គេជេរយើង គេនិយាយអាក្រក់ពីយើង គេធ្លាប់លើកតម្កើងសរសើរយើង ឥឡូវដូចម្តេចបានជាព្រងើយកន្តើយទៅវិញ យ៉ាងនេះជាដើម ហើយក៏កើតទុក្ខតាមផ្លូវចិត្តទៅ ។ សេចក្តីទុក្ខបែបនេះ បើមិនគិតប្រកាន់ទេ វាពិតជាមិនមានឡើយ តែបើគិតប្រកាន់ វាក៏មកដល់ រឹតតែប្រកាន់រឹតតែទុក្ខ យ៉ាងនេះ ហៅថា ទុក្ខព្រោះឧបាទាន ។ កាលដែលយើងវិគ្រោះវែកញែក យើងក៏បានដឹងថាសេចក្តីទុក្ខណាកើតព្រោះឧបាទាន ដល់លះឧបាទាន ឬដកឧបាទានបានហើយ សេចក្តីទុក្ខនោះក៏រលត់ទៅភ្លាមដែរ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ សុខចិត្ត
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1055/Untitled-1-Recovered.jpg
Public date : 19, Aug 2026 (12,588 Read)
យើងត្រូវស្វែងរកហេតុនៃសេចក្តីទុក្ខ សេចក្តីនេះចូលក្នុងគោលនៃអរិយសច្ច គឺទុក្ខអរិយសច្ច ដោយសេចក្តីថាកាលមានទុក្ខយ៉ាងណាមួយកើតឡើង យើងត្រូវស្រាវជ្រាវរាវរកហេតុ បើបានជួបប្រទះហើយត្រូវកម្ចាត់បង់នូវហេតុនោះចោល ។ ទុក្ខខ្លះកើតមកពីការមិនបានសម្រេចដូចក្តីប្រាថ្នា ជាការខកចិត្តអស់សង្ឃឹម ។ មនុស្សដែលមានការខកចិត្តក្នុងរឿងសេ្នហា ភាគច្រើនតែបន្ទោសគេតែម្ខាងប៉ុណ្ណោះបន្ទោសថាគេមិនស្មោះត្រង់នឹងខ្លួនគេបោកប្រាស់ខ្លួនជាដើមម្ល៉ោះហើយក៏ទុក្ខទោមនស្ស និងខឹងក្រោធរហូតដល់ថ្នាក់សម្លាប់ជីវិតគេ ឬសងសឹកគេដោយប្រការណាមួយ ដើម្បីរំសាយកំហឹងរបស់ខ្លួន ។
កាលសម្លាប់គេឬព្យាបាទគេបានសមតាមប្រាថ្នាហើយ សេចក្តីទុក្ខមិនមែនរលត់ទៅនោះឡើយ មានតែចម្រើនឡើងថែមទៀត ព្រោះជាការបង្កនូវហេតុនៃសេចក្តីទុក្ខ ដូចជាការបន្ថែមឧសឲ្យដល់ភ្លើងដូច្នោះឯង ។ ដោះស្រាយបញ្ហាមិនចំណុច វាប្រៀបបីដូចជាការលេបរបស់ស្លែងដើម្បីព្យាបាលរោគដូច្នេះដែរ សូម្បីសមតាមបំណងក៏ពិតហើយ ប៉ុន្តែរោគមិនបានរម្ងាប់ទៅឡើយមានតែរើឡើងហើយធ្វើទុក្ខខ្លាំងលើសដើម ។
តាមពិតហេតុនៃសេចក្តីទុក្ខនេះ គឺសេចក្តីស្រឡាញ់ដែលនៅក្នុងចិត្តរបស់ខ្លួនហ្នឹងឯង តើយើងគួរសំកុកកើតទុក្ខ រង់ចាំឲ្យអ្នកដទៃត្រឡប់មកស្រឡាញ់យើងវិញ ទើបយើងបាត់កើតទុក្ខឬយ៉ាងម៉េច ? តើបើយើងប្រើបញ្ញាពិចារណាការពិត យើងនឹងទទួលយកការពិត ហើយអប់រំចិត្តដើម្បីលះកាត់នូវសេចក្តីស្រឡាញ់ចោលចេញ សេចក្តីទុក្ខរមែងមិនមានឡើយ ។
មនុស្សប្រុសស្រីភាគច្រើន គឺច្រើនតែចាប់ហេតុខុសទើបមិនអាចដោះបញ្ហាបាន ។ រឿងដទៃៗ ផ្សេងទៀត ក្រៅពីរឿងសេ្នហានេះ ក៏មានទំងដូចគ្នាត្រូវព្យាយាមស្រាវជ្រាវរាវរកដើមហេតុឲ្យបានត្រឹមត្រូវ ហើយគប្បីកម្ចាត់នូវដើមហេតុនេះឲ្យអស់រលីងទៅ ទើបសេចក្តីទុក្ខវារលត់ទៅបាន ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ សុខចិត្ត
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1057/Untitled-1-Recovered.jpg
Public date : 19, Aug 2026 (13,312 Read)
ជាធម្មតាមនុស្សយើងដោយទូទៅ ម្នាក់ៗ រមែងមានចំណុចល្អខ្លះ មានចំណុចអាក្រក់ខ្លះ នឹងរកមនុស្សល្អសុទ្ធ មិនឲ្យមានចំណុចខ្វះខាតសោះនោះមិនបានឡើយ ។ មានចំណុចខ្លះ យើងថាល្អ អ្នកដទៃថាមិនល្អចំណុចខ្លះទៀត យើងថាមិនល្អ តែអ្នកដទៃ គេថាល្អ។ រឿងរ៉ាវ លក្ខណៈ ឬ ការធ្វើរបស់អ្នកដទៃ ដែលធ្វើឲ្យយើងក្រោធនោះគឺជាចំណុចខ្សោយ ឬ ចំណុចខ្វះខាតរបស់គេម្យ៉ាង ឬ អាចជាផ្នែកដែលមិនត្រូវចិត្តយើង ។ កាលបើចំណុចមិនល្អរបស់គេ ឬផ្នែកណាមួយរបស់គេដែលមិនត្រូវចិត្តយើងនោះធ្វើឲ្យយើងក្រោធខឹង យើងកុំចេះតែនឹកដល់ចំណុចនោះ ផ្នែកនោះរហូតរបស់គេតែប៉ុណ្ណោះ គប្បីបែរទៅមើលឬរលឹកដល់សេចក្តីល្អរបស់គេផង សេចក្តីល្អមានដោយកាយ មានដោយវាចា និងមានដោយចិត្ត ។
ម្យ៉ាងទៀត ដែលថាគេមនុស្សមិនល្អ ហើយធ្វើឲ្យយើងក្រោធនោះ គឺដោយសារតែលោភៈ ទោសៈ មោហៈក្នុងខ្លួនរបស់គេហ្នឹងឯង ទើបធ្វើឲ្យគេទៅជាមនុស្សមិនល្អយ៉ាងនេះមួយ យ៉ាងនោះមួយ ។ ក្នុងមនុស្សម្នាក់ៗទោះជាអាក្រក់សាមាន្យ ឬសាហាវយង់ឃ្នងយ៉ាងណាក៏ដោយបើដកយកលោភៈ ទោសៈ និងមោហៈចេញអស់ហើយ ក៏គឺជាព្រះអរហន្តដែលគួរឲ្យយើងថ្វាយបង្គំគោរពបូជាពិតៗដូច្នេះ យើងត្រូវរៀនពិចារណា ឲ្យឃើញលោភៈថាជាលោភៈ ឃើញទោសៈថាជាទោសៈ ឃើញមោហៈថាជាមោហៈ តាមសភាវៈពិត គឺត្រូវឲ្យច្បាស់ថាវាជាកិលេសមារនៅជ្រែកក្នុងមនុស្សគ្រប់គ្នា ។
ការពិចារណា ឃើញយ៉ាងនេះនាំឲ្យយើងកាត់បន្ថយនូវការប្រកាន់ទោសរបស់មនុស្សផងគ្នា ហើយបន្ថែមការចម្រើនករុណាធម៌ទៅលើសត្វលោកទាំងអស់វិញ ព្រមទាំងខ្លួនយើងផង ព្រោះថា សត្វលោកទាំងអស់ព្រមទាំងខ្លួនយើង សុទ្ធតែជាត្រូវកិលេសមារបៀតបៀន ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ " វិធីរម្ងាប់សេចក្តីក្រោធ"
រៀបរៀងដោយ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស ។
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1058/2026-08-19_18_52_44-Greenshot.jpg
Public date : 19, Aug 2026 (12,332 Read)
គប្បីពិចារណាក្នុង ៧ ចំណុចនេះ
១- ប្រហារផ្លូវចិត្តខ្លួនឯងព្រោះសេចក្តីក្រោធ បើយើងត្រូវចោរបៀតបៀន ក៏ចំពោះតែផ្លូវកាយប៉ុណ្ណោះ ឯចំណែកខ្លួនឯងវិញ ព្រោះការខឹងក្រោធកើតឡើង បានប្រហារ បានបៀតបៀន បានដុតរោលដល់សន្តានចិត្តរបស់ខ្លួនឯង ព្រោះហេតុនេះ បើយើងគិតថា មេត្តាគេមិនបានទេ គឺសូមកុំភ្លេចមេត្តាខ្លួនឯងឲ្យសោះ កុំដុតចិត្តខ្លួនឯងដោយសេចក្តីក្រោធឡើយ ។
២- គាំទ្រសេចក្តីក្រោធ ដែលកាត់ឬសគល់នៃកុសលទាំងឡាយរបស់ខ្លួន សេចក្តីក្រោធឲ្យយើងវិនាសនូវកុសលគ្រប់យ៉ាង មានកុសលសីលជាដើម កាលបើយើងគាំទ្រសេចក្តីក្រោធ តើយើងហ្នឹងល្ងង់ប៉ុនណា ទៅ ?
៣- ធ្វើអំពើព្រៃផ្សៃឲ្យដល់ខ្លួនឯង ព្រោះសេចក្តីក្រោធយើងកើតទុក្ខមិនសុខចិត្ត ដោយគិតថា គេបានធ្វើអំពើព្រៃផ្សៃរំលោភបំពានមកលើយើង ចុះចំណែកខ្លួនយើងដែលដុតចិត្តខ្លួនឯង ឲ្យក្តៅរោលរាល និងដុតបំផ្លាញនូវគុណធម៌ផ្សេងៗ ទៀតជាច្រើនរបស់ខ្លួននោះ តើវាព្រៃផ្សៃប៉ុនណាដែរទៅ ។
៤- វាជាចំណុចខ្សោយរបស់យើង កាលបើអ្នកដទៃចង់បៀតបៀនយើង គេប្រើនូវល្បិចកលផ្សេងៗ ដើម្បីឲ្យយើងខឹងក្រោធ ដូច្នេះការខឹងក្រោធវាជាចំណុចខ្សោយមួយរបស់យើង ដែលធ្វើឲ្យបំណងរបស់គេបានសម្រេច ។
៥- គួរឲ្យតិះដៀលខ្លួនឯងណាស់ នៅពេលដែលយើងខឹង ទោះជាយើងប្រាថ្នាបៀនគេក្តី ឬមិនប្រាថ្នាក្តីតែ វាបានបៀតបៀនខ្លួនឯងរួចស្រេចទៅហើយ ។ តាមធម្មតាយើងស្រឡាញ់ខ្លួនឯងខ្លាំងណាស់ តែដល់ពេលខឹងក្រោធយើងល្ងង់ដល់ថ្នាក់បៀតបៀនខ្លួនឯង ។
៦- ឡើងកាន់ផ្លូវទៅរកគ្រោះថ្នាក់ បើយើងដឹងថាពួកអ្នកក្រោធទាំងឡាយ ឡើងកាន់ផ្លូវគ្រោះថ្នាក់ ផ្លូវមរណៈទៅហើយនោះ ហេតុអ្វីយើងត្រូវទៅតាមផ្លូវនោះដែរ ឬមួយយើងមិនដឹងថាសេចក្តីក្រោធជាផ្លូវនៃសេចក្តីវិនាសអន្តរាយទេ?
៧- ខន្ធ ៥ ជាទុក្ខ ឬ ព្រោះយើងកើតមកទើបយើងមានទុក្ខ មានសត្រូវណាមកធ្វើទុក្ខឲ្យយើងបាន បើយើងមិនកើតមកទេនោះ អធិប្បាយថា ព្រោះបញ្ចក្ខន្ធកើតឡើងទើបមានទុក្ខ ទុក្ខរមែងមិនមានកាលណាដែលអស់បញ្ចក្ខន្ធ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ វិធីរម្ងាប់សេចក្តីក្រោធ
រៀបរៀងដោយ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស ។
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1560/Untitled-1-Recovered.jpg
Public date : 19, Aug 2026 (11,589 Read)
គប្បីពិចារណាថា ទាំងយើងទាំងគេ សុទ្ធតែមានកម្មជារបស់ខ្លួន រៀងៗខ្លួន ធ្វើកម្មអ្វីទុកមកក៏បានទទួលផលនៃកម្មនោះ។ ផ្ដើមដោយការពិចារណាខ្លួនឯងថាបើយើងក្រោធហើយ ទោះជាធ្វើអ្វីក៏ដោយ ការធ្វើរបស់យើងនោះកើតពីទោសៈដែលជាអកុសលមូល កម្មរបស់យើងរមែងជាកម្មអាក្រក់ ដែលនឹងបង្កឲ្យកើតផលអាក្រក់ មានតែសេចក្ដីក្ដៅក្រហាយ មិនជាប្រយោជន៍ក្នុងលោកនេះ ហើយយើងនឹងទទួលផលរបស់កម្មនោះតទៅមុខវែងឆ្ងាយទៀត។
ម្យ៉ាងទៀត កាលបើយើងធ្វើកម្មអាក្រក់ដែលកើតអំពីទោសៈនោះ មុននឹងយើងបៀតបៀនបំផ្លាញអ្នកដទៃយើងបានប្រទូសរ៉ាយនឹងខ្លួនឯង ដុតរោលខ្លួនឯងជាមុនស្រេចទៅហើយ ដូចយកដៃ ទាំងពីរចាប់ដុំរងើកភ្លើង គប់គ្រវែងដាក់អ្នកដទៃ វាររមែងឆេះដៃខ្លួនឯងជាមុនឬដូចជាចាប់លាមកចោលដាក់ទៅគេ ក៏ធ្វើឲ្យខ្លួនឯងស្អុយជាមុនរួចស្រេចទៅហើយដែរ។
កាលពិចារណាអំពីកម្មដែលខ្លួនឯងបាន គឺកាលដែលគេក្រោធហើយ គេបានធ្វើនូវកម្មអាក្រក់ គេនឹងទទួលបានផលកម្មរបស់គេតទៅ កម្មអាក្រក់នោះ នឹងមិនជួយឲ្យគេបានទទួលផលល្អ មានសេចក្ដីសុខអ្វីឡើយ មានតែផលអាក្រក់ ចាប់ផ្ដើមតាំងអំពីដុតរោលចិត្តរបស់គេជាដើមទៅ។
ក្នុងកាលដែលមនុស្សយើងមានកម្មជារបស់ខ្លួនរៀងៗខ្លួន ទទួលផលកម្មរៀងៗខ្លួន ដូច្នេះ យើងមិនចាំបាច់គិតខ្វល់ខ្វាយឲ្យក្ដៅក្រហាយចិត្តនោះទេ តាំងចិត្តធ្វើតែអំពើល្អទៅបានហើយ។
ដកស្រង់ចេញពីសៀវភៅ វិធីរម្ងាប់សេចក្ដីក្រោធ
ដោយ៥០០០ឆ្នាំ
images/articles/1562/2026-08-19_09_45_24-Greenshot.jpg
Public date : 19, Aug 2026 (16,688 Read)
ព្រះពុទ្ធជាអង្គម្ចាស់មុននឹងបានត្រាស់ដឹង ទ្រង់បានបំពេញនូវព្រះបារមីទាំងឡាយ អស់កាលដ៏យូរអង្វែងរហូតមក ទ្រង់បានបំពេញនូវប្រយោជន៍ឲ្យដល់អ្នកដទៃ ដោយព្រះអង្គព្រមលះបង់សូម្បីតែព្រះជន្មរបស់ព្រះអង្គឯង។ព្រះអង្គកាលដែលត្រូវគេបៀតបៀន ដោយវិធីផ្សេងៗ ទ្រង់មិនក្រោធឡើយទ្រង់យកសេចក្ដីល្អចូលមកជំនួស។ ដល់ទៅថ្នាក់គេតាំងខ្លួនជាសត្រូវនឹងព្រះអង្គព្យាយាមសម្លាប់ព្រះអង្គ ទ្រង់ក៏មិនមានចិត្តគិតប្រទូសរ៉ាយដែរ។ ពេលខ្លះព្រះអង្គជួយគេដោយប្រឹងប្រែងជាទីបំផុតជំនួសអ្វីដែលគេត្រូវដឹងគុណ គេត្រឡប់បែរជាប្រទូសរ៉ាយមករកព្រះអង្គវិញ ទោះបីយ៉ាងនេះក៏ដោយ ក៏ព្រះអង្គមិនក្រោធដែរ ព្រះអង្គនៅតែធ្វើល្អដល់គេតទៅទៀត។
ពុទ្ធចរិយាដូចដែលពោលមកនេះ ជាគុណជាតិដែលមនុស្សទូទៅលំបាកនឹងបដិបត្តិបាន តែក៏ជាតួយ៉ាងដ៏ល្អ ដែលពុទ្ធបរិស័ទគួរនាំយកមករំលឹកដាស់តឿនខ្លួន ក្នុងកាលដែលបានជួបប្រសព្វនូវហេតុការណ៍ផ្សេងៗ។ ការនាំយកនូវពុទ្ធចរិយាជាតួយ៉ាងបែបនេះមករំលឹកដាស់តឿនខ្លួន នាំឲ្យយើងមានសេចក្ដីអត់ធន់ ព្រោះអ្វីដែលយើងបានទទួលដូចសព្វថ្ងៃនេះ កាលបើប្រៀបធៀបជាមួយនឹងព្រះពុទ្ធជាអង្គម្ចាស់ ដែលទ្រង់បានជួបប្រសព្វមកហើយនោះ រឿងរបស់យើងចាត់ថាបន្តិចបន្តួចណាស់ គឺមិនអាចប្រៀបធៀបនឹងព្រះអង្គបានទេ។
ក្នុងហេតុការណ៍ដែលព្រះពុទ្ធជាអង្គម្ចាស់ ទ្រង់បានជួបប្រសព្វមកហើយនោះ គឺធ្ងន់ធ្ងរក្រៃលែងណាស់ ព្រះអង្គនៅតែរម្ងាប់សេចក្ដីក្រោធបាន នៅតែមានមេត្តាតទៅទៀត ចុះវាជាអ្វីដែរ ចំពោះករណីបន្តិចបន្តួចរបស់យើងនេះ ដែលយើងជាសិស្សរបស់ព្រះអង្គថាមិនអាចរម្ងាប់បាន។ បើយើងមិនដើរតាមព្រះចរិយាវត្តរបស់ព្រះអង្គទេ គឺជាការមិនសមគួរឡើយ ត្រង់ដែលយើងយកព្រះអង្គជាព្រះសាស្ដានោះ។
ពុទ្ធចរិយាវត្ត ទាក់ទងនឹងសេចក្ដីអត់ធន់ ការលះបង់ ព្រមទាំងមេត្តាករុណារបស់ព្រះអង្គ លោកបានចងក្រងទុកក្នុងព្រះជាតក មានច្រើនរឿងណាស់ ហើយដោយច្រើនសុទ្ធតែវែងៗ ដែលមិនអាចនាំយកមកសម្ដែងទុកក្នុងទីនេះបាន គ្រាន់តែសូមលើកយកព្រះជាតក ជាតួយ៉ាងខ្លីៗ និងដោយសេចក្ដីសង្ខេបមកតែប៉ុណ្ណោះ
គ្រាមួយ ព្រះរបមពោធិសត្វកើតជាព្រះរាជាក្រុងពារាណសី មានព្រះនាមថា ព្រះបាទមហាសីលវៈ គ្រានោះអាមាត្យម្នាក់របស់ព្រះអង្គមានកំហុស ត្រូវនិរទេស។ អាមាត្យនោះឯងបានចូលទៅបម្រើការថ្វាយព្រះបាទកោសល។ ដោយអាមាត្យនោះមានគំនុំក៏បានឲ្យចោរចូលមកលួចប្លន់ នៅក្នុងដែនដីរបស់ព្រះបាទមហាសីលវៈជារឿយៗ។ កាលដែលរាជបុរសចាប់ចោរទាំងនោះបានព្រះមហាសីលវៈទ្រង់ទូន្មានអប់រំហើយ ក៏លែងឲ្យរួចខ្លួនទៅ ព្រមទាំងបានប្រទានទ្រព្យឲ្យខ្លះផង ដូចនេះជានិច្ច។
ក្នុងទីបំផុត អាមាត្រកំហូចនោះ ក៏យកហេតុការណ៍ទាំងអស់នេះ មកញុះញង់ព្រះបាទកោសលថា ព្រះបាទសីលវៈទន់ខ្សោយណាស់ បើលើកទ័ពទៅច្បាំងគង់នឹងដណ្ដើមយកនគរពារាណសីបានដោយងាយ។ ព្រះបាទកោសលទ្រង់ជឿ ទើបលើកទ័ពចូលមកច្បាំងដណ្ដើមយកនគរពារាណសី។ ព្រះមហាសីលវៈទ្រង់មិនឲ្យប្រជារាស្ដ្រក្ដៅក្រហាយដោយសង្គ្រាម ទើបព្រះអង្គមិនតប ត អ្វីឡើយ ព្រះអង្គបណ្ដោយឲ្យព្រះបាទកោសលដណ្ដើមយករាជសម្បត្តិហើយចាប់ព្រះអង្គបាន។ ព្រះបាទកោសលចាប់ព្រះបាទសីលវៈបានហើយ ក៏ឲ្យយកទៅកប់ទាំងរស់ត្រឹមក ក្នុងព្រៃស្មសាន រង់ចាំដល់ពេលយប់ជ្រៅនឹងឲ្យឆ្កែចចកមកស៊ីតាមវិធីប្រហារជីវិតក្នុងសម័យនោះ។
ដល់ពេលពាក់កណ្ដាលយប់ ឆ្កែចចកចូលមក ព្រះបាទសីលវៈទ្រង់ប្រើប្រាជ្ញានិងសេចក្ដីក្លាហាន បានយកចង្កាសង្កត់មាត់ឆ្កែចចកមួយ ដែលចូលមករកខាំករបស់ខ្លួនព្រះអង្គ កាលឆ្កែនោះភ្ញាក់ផ្អើលនិងខំប្រឹងរើបម្រះវីវក់នោះ ឆ្កែចចកផ្សេងៗទៀតក៏រត់ទៅ ហើយធ្វើឲ្យដីក្នុងបរិវេណរណ្ដៅកប់ព្រះអង្គ ខ្ចាត់ខ្ចាយរបើកចេញ រហូតដល់ធ្វើឲ្យទ្រង់កែខៃនាំខ្លួនព្រះអង្គចេញមកបាន។នៅក្នុងពេលយប់នោះឯង ទ្រង់បានលបចូលទៅរហូតដល់បន្ទប់ផ្ទំរបស់ព្រះបាទកោសល ព្រមដោយព្រះខ័ន ទ្រង់ទុកជីវិតព្រះបាទកោសល ទ្រង់ព្រះរាជទានអភ័យហើយទ្រង់យកព្រះនគររបស់ព្រះអង្គមកវិញ។ ព្រះបាទកោសលស្បថមិនឈ្លានពាននគរពារាណសីទៀតឡើយ។
ព្រះបាទសីលវមហារាជ ទ្រង់បានស្ថាបនាព្រះបាទកោសលឲ្យជាសម្លាញ់ ហើយទ្រង់ឲ្យត្រឡប់ទៅគ្រប់គ្រងដែលកោសលដូចដើមវិញ តរៀងទៅ។អាមាត្យកំហូចបានមកជាទេវទត្ត។ ឯចំណែក ព្រះបាទសីលវមហារាជបានមកជាព្រះតថាគត។(មហាសីលវជាតក ក្នុងឯកនិបាតជាតក ចប់ដោយសង្ខេប)
រឿងមួយទៀត គឺព្រះបរមពោធិសត្វ កើតជាមហាពានរនៅក្នុងព្រៃ។ គ្រានោះមានបុរសម្នាក់តាមរកគោរបស់ខ្លួន បានចូលមកកណ្ដាលព្រៃ ហើយភ្លាត់ជើងធ្លាក់ចូលទៅក្នុងជ្រោះ ឡើងមិនរួច អត់អាហារ អស់កម្លាំង ស្លេកស្លាំងនៅក្នុងជ្រោះហ្នឹងឯង។១០ ថ្ងៃកន្លងមក មហាពានរបានចុះទៅជួបកើតក្ដីអាណិត ទើបជួយឲ្យឡើងមកបាន។ កាលមហាពានរហត់នឿយទើបសម្រាកយកកម្លាំង ហើយក៏ដេកលក់ទៅ។ បុរសនោះបានកើតគំនិតអាក្រក់ ដោយគិតថា ស្វានេះ ក៏ជាអាហាររបស់មនុស្ស ដូចសត្វព្រៃដទៃៗផ្សេងដែរឥឡូវនេះអញឃ្លានខ្លាំងណាស់ អញនឹងសម្លាប់ស្វានេះស៊ីរួចហើយនៅសល់សាច់ អញនឹងយកទុកធ្វើស្បៀង ទៅតាមផ្លូវ។ គិតដូច្នេះហើយ ក៏បានរកដុំថ្មធំមួយដុំ យកមកគប់ក្បាលមហាពានរក្នុងពេលនោះឯង។ ដុំថ្មនោះបានធ្វើឲ្យមហាពានររបួសជាទម្ងន់ តែមិនដល់ស្លាប់ទេ ដោយសារកម្លាំងគប់នោះមានសភាពខ្សោយ។
មហាពានរភ្ញាក់ដឹងខ្លួន ប្រឹងគេចរត់ឡើងទៅលើងដើមឈើ សម្លឹងមើលមកមនុស្សអាក្រក់ដែលជាមនុស្សទ្រុស្ដមិត្តនោះទាំងឈាមកំពុងហូរស្រោចខ្លួន។ ដោយក្រែងថាបុរសនោះវង្វេងរកផ្លូវចេញពីព្រៃមិនបានដូច្នេះទាំងដែលខ្លួនកំពុងតែឈឺចាប់ដ៏ខ្លាំងក្លា ក៏នៅខំលោតទៅតាមមែកឈើ ដើម្បីជួយនាំផ្លូវបុរសនោះចេញផុតពីព្រៃទៀតផង។(មហាកបិជាតកក្នុងតឹសតិនិបាតចប់ដោយសង្ខេប)
ដកស្រង់ចេញពីសៀវភៅ វិធីរម្ងាប់សេចក្ដីក្រោធ
ដោយ៥០០០ឆ្នាំ
images/articles/1564/Untitled-1-Recovered.jpg
Public date : 19, Aug 2026 (13,628 Read)
ធម៌ដែលផ្ទុយគ្នាពីសេចក្ដីក្រោធ គឺមេត្តា។ សេចក្ដីក្រោធមានទោស បង្កផលអាក្រក់ដ៏ក្រៃលែង យ៉ាងណាមេត្តាក៏មានគុណ បង្កផលល្អច្រើនក្រៃលែងដូច្នោះដែរ។ កាលបើដូចនេះ ទើបគួររម្ងាប់សេចក្ដីក្រោធ ហើយតាំងចិត្តមេត្តាមកជំនួសវិញ ឲ្យមេត្តាហ្នឹងឯង ជួយកម្ចាត់កម្ចាយ និងការពាររាំរាំងសេចក្ដីក្រោធ រហូតដល់បានឈ្នះជាស្នាពរ។អ្នកមានមេត្តាអាចយកឈ្នះចិត្តអ្នកដទៃបាន ជាជ័យជម្នះដ៏ប្រសើរ អ្នកដែលតាំងនៅក្នុងមេត្តា ឈ្មោះថាធ្វើនវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ខ្លួនឯង និង ប្រយោជន៍អ្នកដទៃ។មេត្តាបានធ្វើចិត្តឲ្យស្រស់ថ្លា ស្អាតផូរផង់ មានសេចក្ដីសុខ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងអានិសង្សរបស់មេត្តាមាន ១១ ប្រការ៖
១- ដេកលក់ជាសុខ បើយើងក្រោធជាមួយអ្នកដទៃយើងបីដូចជាត្រូវថ្នាំពិស មិនបានដេកនៅជាសុខឡើយដូច្នេះ ទើបត្រូវចម្រើននូវមេត្តា រស់នៅជាមួយនឹងមេត្តាធម៌ ព្រមទាំងគុណធម៌ផ្សេងៗទៀតផង។
២- ភ្ញាក់ឡើងក៏ជាសុខ សុខសប្បាយក្នុងចិត្តដោយពីថ្ងៃមុនមិនបានធ្វើអាក្រក់ព្រោះក្រោធឡើង និងដោយនឹកឃើញដល់អំពើល្អដែលខ្លួនបានធ្វើហើយ។
៣- មិនយល់សប្តិអាក្រក់ សូម្បីតែយល់សប្តិក៏ឃើញតែអារម្មណ៍ៗ ដូចជា ថ្វាយបង្គំព្រះពោធិព្រឹក្ស ហែកឋិន និងឃើញធ្វើបុណ្យផ្សេងៗទៀត ដោយមិនបានយល់សប្តិឃើញកាប់ចាក់ឈ្លោះប្រកែកគ្នាជាដើមឡើយ។
៤- ជាទីស្រលាញ់នៃមនុស្សទាំងឡាយ បើយើងត្រូវការឲ្យមនុស្សទាំងឡាយស្រឡាញ់យើង គឺយើងត្រូវរៀនឲ្យចេះស្រឡាញ់អ្នកដទៃជាមុនសិន គឺរៀនឲ្យមានមេត្តា។
៥- ជាទីស្រលាញ់នៃអមនុស្សទាំងឡាយ យើងត្រូវទុកអមនុស្សទាំងឡាយ ទេវតាទាំងឡាយជាមិត្តរួមកើត រួមចាស់ រួមឈឺ រួមស្លាប់ជាមួយនឹងយើង។ នៅពេលដែលយើងធ្វើកុសលអ្វីរួចហើយ យើងត្រូវឧទ្ទិសកុសលនោះឲ្យដល់អមនុស្សនិងទេវតាទាំងឡាយផង។
៦- ទេវតាទាំងឡាយជួយថែរក្សា ទោះជាទេវតារក្សាក៏មិនអាចរក្សាចិត្តយើងបានដែរ គឺមានតែគុណធម៌ មានមេត្តាជាដើមប៉ុណ្ណោះទេ ដែលអាចរក្សាចិត្តយើងបាន។
៧- មិនត្រូវសស្ត្រាវុធជាដើម ដែលជាអន្ដរាយខាងក្រៅឡើយ មេត្តាជាធម៌រម្ងាប់នូវពៀរ អ្នកចម្រើននូវមេត្តាជាអ្នកស្លូតបូត រហូតដល់បានសម្រេចអប្បនាសមាធិជាគុណជាតិដ៏ប្រសើរ ដែលអាចការពារអន្ដរាយបាន។
៨- មានចិត្តតាំងមាំបានដោយឆាប់ មេត្តាធម៌ ជាធម៌មានឧបការៈដល់កុសលធម៌ដទៃទៀតខ្លាំងក្លាណាស់ ទោះជាទានក្ដី សីលក្ដី សមថភាវនាក្ដី វិបស្សនាភាវនាក្ដី។
៩- សម្បុរមុខស្រស់ថ្លា ព្រោះដោយអំណាចនៃមេត្តាបានញ៉ាំងឲ្យរូបស្រស់បស់ ទឹកមុខគួរឲ្យរាប់អាន។ ទោះបីអ្នកស្អាតពីកំណើតមកក៏ដោយ ក៏ព្រោះមកអំពីមានបុណ្យដែលបានធ្វើនោះប្រកបដោយមេត្តាដែរ។
១០- មិនវង្វេងនៅពេលជិតស្លាប់ មនុស្សដែលវង្វេងនៅពេលជិតស្លាប់ ព្រោះបាត់បង់ស្មារតី ឯធម៌មេត្តាជាគុណជាតិញ៉ាំងស្មារតីឲ្យចម្រើន មិនសន្សំការខឹងក្រោធដែលជាបាបនាំឲ្យវង្វេងនោះឡើយ។
១១- កាលបើមិនទាន់ត្រាស់ដឹងនូវគុណធម៌ជាន់ខ្ពស់ គឺព្រះអរហត្តទេ រមែងចូលទៅកាន់ព្រហ្មលោកដោយអំណាចនៃមេត្តាចេតោវិមុត្ត។
បើជាអ្នកនៅច្រើនទៅដោយសេចក្ដីក្រោធ ឈ្មោះថា ជាអ្នកនៅឆ្ងាយអំពីការបានអានិសង្សទាំងនេះ ដូច្នេះទើបគួរព្យាយាមចម្រើនមេត្តា ឲ្យជាធម៌ប្រចាំចិត្ត ប្រចាំជីវិត ហ្វឹកហាត់អប់រំឲ្យមានមេត្តាជាប្រក្រតីរាល់ថ្ងៃព្រោះថា បើមេត្តាចិត្តនៅមិនទាន់បានមាំទាំទេ គឺមិនអាចយកឈ្នះសេចក្ដីក្រោធបានឡើយ។
ដកស្រង់ចេញពីសៀវភៅ វិធីរម្ងាប់សេចក្ដីក្រោធ
ដោយ៥០០០ឆ្នាំ
images/articles/1563/2026-08-19_09_49_30-Greenshot.jpg
Public date : 19, Aug 2026 (19,222 Read)
មានព្រះពុទ្ធវចនៈកន្លែងមួយបានសម្ដែងថា ក្នុងសង្សារវដ្ដ គឺកាលវិលវល់កើតស្លាប់ដែលកំណត់ទីបំផុតខាងដើមមិនបាននេះ សត្វណាដែលមិនធ្លាប់ជាមាតា មិនធ្លាប់ជាបិតា មិនធ្លាប់ជាបុត្រ មិនធ្លាប់ជាធីតានឹងគ្នា សត្វនោះមិនងាយរកបានទេ ដូច្នេះ កាលបើមានហេតុនាំឲ្យក្រោធកើតឡើងពីអ្នកណា គប្បីពិចារណាថា បុគ្គលនោះធ្លាប់ជាមាតារបស់យើង បុគ្គលនោះធ្លាប់ជាបិតារបស់យើង។
អ្នកដែលមានមាតានោះ រក្សាកូនទុកក្នុងពោះជាច្រើនខែ គ្រាកាលចាកផ្ទៃមកហើយ ក៏ចិញ្ចឹមថែរក្សាមិនខ្ពើមមូត្រលាមក ទឹកមាត់ទឹកសម្បោរជាដើម ចាប់កាន់ជូតលាងដោយដៃយ៉ាងស្និត ឱបកូន ពកូន បីកូនបំបៅដោះ ចិញ្ចឹមកូនឲ្យរស់ ឲ្យរៀន ។ល។ចំណែកលោកជាបិតា ត្រូវដើរផ្លូវលំបាក ផ្លូវឆ្ងាយជួបភ័យព្រួយក្នុងមុខរបរជួញដូរ បិតាខ្លះទៅធ្វើសង្គ្រាម បិតាខ្លះចុះទូកកណ្ដាលសមុទ្រ បិតាខ្លះធ្វើការលំបាកផ្សេងៗទៀត ដើម្បីប្រមូលទ្រព្យមក ដោយគិតថានឹងចិញ្ចឹមកូនតូច។ទោះជាមិនមែនមាតាបិតា ក៏អាចជាបង ជាប្អូន ជាញាតិ ជាមិត្ត ដែលធ្លាប់បានរួមសុខទុក្ខជាមួយគ្នា។ដូច្នេះ ការដែលមានចិត្តអាក្រក់ ខឹងក្រោធស្អប់ខ្ពើមដល់បុគ្គលទាំងនោះគឺការមិនសមគួរសោះឡើយ។
ព្រោះតែការហួងខែងកូនប្រុសស្រី សន្សំទ្រព្យទុកសម្រាប់កូន ទើបមិនបានធ្វើទាន មិនបានរក្សាសីល ភ្លាតគតិខ្លួនឯងទៅនរក ទើបមិនបានធ្វើទាន អស់កាលដ៏យូរអង្វែងទើបបានកើតមកជាមនុស្សកំសត់ក្រីក្រ ពិការខ្វាក់ខ្វិន លំបាកលំបិន ត្រាច់ចរសូមទាន ដូច្នេះ ទើបយើងមិនត្រូវញ៉ាំងចិត្តឲ្យប្រទូស្ដ ឬ ឲ្យស្អប់ខ្ពើមទៅលើអ្នកដែលធ្លាប់ពលីជីវិតចំពោះយើងឡើយ។
ដកស្រង់ចេញពីសៀវភៅ វិធីរម្ងាប់សេចក្ដីក្រោធ
ដោយ៥០០០ឆ្នាំ
images/articles/1392/2026-08-18_17_50_57-Untitled_-_Notepad.jpg
Public date : 18, Aug 2026 (45,518 Read)
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា កិរិយាសង្រួម គឺការមិនបៀតបៀនដល់សត្វទាំងឡាយ នាំមកនូវសេចក្ដីសុខក្នុងលោក ។សូម្បីយើងកំពុងឈឺដោយរោគផ្លូវកាយអ្វីមួយ ក៏យើងអាចសម្រេចបាននូវសេចក្ដីសុខផ្លូវចិត្តដែរ ព្រោះយើងឈឺតែម្នាក់យើង ដោយការឈឺនេះ មិនមែនជាអំពើបៀតបៀនដល់អ្នកណាៗឡើយ។ទោះបីយើងក្រលំបាកតោងយ៉ាង ឬទទួលអកុសលវិបាកផ្សេងៗយ៉ាងណាក៏ដោយ សម្រាប់យើងម្នាក់មិនជាអ្វីឡើយ កុំឲ្យតែមនុស្សដទៃមានសេចក្ដីទុក្ខដោយសារយើង។
យើងកើតមកក្នុងលោកនេះ បានត្រឹមតែមិនបៀតបៀនដល់មនុស្សសត្វដទៃ វាប្រពៃណាស់ហើយ បើបានបន្ថែមទឹកចិត្តមេត្តា ប្រាថ្នាឲ្យសព្វសត្វបានសេចក្ដីសុខទៀតនោះ គឺរឹតតែប្រពៃក្រៃលែង ជីវិតរមែងរស់នៅជាសុខ មានចិត្តស្ងប់។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1393/2026-08-18_17_46_44-Untitled_-_Notepad.jpg
Public date : 18, Aug 2026 (44,857 Read)
មនុស្សយើងដោយប្រក្រតី គឺមិនចូលចិត្តឲ្យអ្នកណាប្រដៅឡើយ រឹតតែមិនចូលចិត្តឲ្យអ្នកណាមកប្រាប់ថាខ្លួនធ្វើអ្វីខុសនោះទៅទៀត។ ព្រោះហេតុដូច្នោះ វិធីដែលល្អក្នុងការប្រដៅមនុស្ស គឺការប្រដៅដោយមិនឲ្យគេដឹងខ្លួនថាយើងទូន្មានប្រៀនប្រដៅគេ ម្យ៉ាងទៀតវិធីអប់រំទូន្មានដែលល្អជាទីបំផុត គឺការធ្វើខ្លួនជាគំរូល្អឲ្យគេមើល។
បណ្ឌិតគួរតម្កល់ខ្លួនឯងឲ្យតាំងនៅក្នុងគុណដ៏សមគួរជាមុនសិនចាំប្រដៅអ្នកដទៃជាខាងក្រោយ ទើបមិនលំបាក។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1396/Untitled-1-Recovered.jpg
Public date : 18, Aug 2026 (43,779 Read)
បុគ្គលដែលជាមិត្ត និយាយចាក់បណ្ដោយឲ្យតែគាប់ចិត្ត មានលក្ខណៈ៤យ៉ាងដូចនោះគឺៈ
១- បាបកម្មំបិស្ស អនុជានាតិ យល់ព្រមឲ្យមិត្តធ្វើបាបមនុស្សណាដែលអនុញ្ញាតឲ្យយើងធ្វើនូវបាប មានការសម្លាប់សត្វជាដើម ដើម្បីផ្គាប់ចិត្តយើង ក៏ដូចជាអនុញ្ញាតឲ្យយើងទៅកើតក្នុងឋានរក ប្រេតអ៊ីចឹងដែរ។ពាក្យសរសើរនៅក្នុងលោកមានច្រើនណាស់ ហើយវាជាគ្រឿងនាំឲ្យស្រវឹង នាំឲ្យវង្វេងដ៏ក្រៃលែងទៀតផង មានមនុស្សច្រើនណាស់ដែលស៊ីជោរ ទីបំផុតត្រូវបរាជ័យក្នុងការងាររបស់ខ្លួនព្រោះខ្លួនឯងមានចំណុចខ្សោយ។
តាមពិតមនុស្សយើងមិនមែនល្អបរិសុទ្ធដោយសារពាក្យសរសើរ ឬពាក្យបញ្ជោរទេ ពិតមែនតែមានពេលខ្លះ បានធ្វើឲ្យយើងមានកម្លាំងចិត្តខ្លាំងក្លាក្នុងការងារដោយសារពាក្យសរសើរក៏ដោយ ប៉ុន្តែដែលយើងជាមនុស្សល្អបរិសុទ្ធពិតនោះ គឺព្រោះយើងមានការងារប្រាសចាកទោសឯណេះទេតើ មិនមែនដោយសារគេថាយើងល្អ យើងក៏ល្អតាមគេថានោះទេ បើមនុស្សអាក្រក់ឬល្អតាមតែពាក្យរបស់អ្នកដទៃ សូម្បីព្រះសម្មាសម្ពុទ្ធក៏មិនផុតពីការសៅហ្មងដែរ តែនេះពុំមែនដូច្នោះឡើយ មានតែការងារប៉ុណ្ណោះដែលរៀបចំមនុស្សឲ្យជាបុគ្គលសៅហ្មង ឬបុគ្គុលបរិសុទ្ធ។
២- កល្យាណកម្មំបិស្ស អនុជានាតិ យល់ព្រមឲ្យមិត្តធ្វើនូវអំពើល្អ ការយល់ព្រមនេះមិនមែនជាចិត្តសប្បុរស ក្នុងនាមជាមិត្តចិត្តល្អនោះទេ បើជាមិត្តពិតជាអនុគ្រោះយើងមែនមិនមែនពេលខ្លះព្រមឲ្យយើងធ្វើបាប ដោយមិនបានហាមឃាតនោះឡើយ។
យើងត្រូវតែប្រយ័ត្នឲ្យណាស់ ចំពោះមនុស្សដែលនិយាយចាក់បណ្ដោយ គេមិនមានគំនិតឲ្យយើងចំរើននោះទេ គេមានតែត្រេកអរនៅពេលណាដែលយើងធ្លាក់ដុនដាប ចំពោះមិត្តប្លមគេមានចិត្តគិតប្រឡងប្រណាំងជាមួយយើងជានិច្ច នៅពេលដែលយើងមានលំនឹង ឬកំពុងរីកចម្រើនគេមិនចោលយើងទេ គេពឹងយើងលិទ្ធដៃលិទ្ធជើង នៅពេលណាដែលយើងចុះខ្សោយឬមានសេចក្ដីប្រមាទភ្លាំងភ្លាត់បន្តិចបន្តួចនៅក្នុងការងារ គេជួយច្រានយើងដោយពាក្យសរសើរ ក្នុងគោលបំណងកុំឲ្យយើងមើលឃើញនូវការប្រហែសធ្វេសរបស់យើង លុះដល់កំហុសយើងកាន់តែច្រើន ដើម្បីជ័យជំនះរបស់គេមកលើយើង គឺគេដើរខ្សឹបប្រាប់អ្នកដទៃ នូវអ្វីៗដែលជាសេចក្ដីប្រមាទធ្វេសប្រហែសរបស់យើងថែមទៀតប្រឌិតរឿងអាស្រូវមិនពិតផ្សំបញ្ចូលទៀតផង គឺដល់ពេលដែលគេធាក់យើងឲ្យខ្ទាត ដើម្បីគេបានកន្លែងនោះ ព្រោះគេឃ្លានយូហើយ។
មានបុគ្គុលខ្លះមិនហ៊ានហាមឃាត់យើងដែលធ្វើនូវអំពើឆ្គាំឆ្គង ប៉ុន្តែមិនប្រាកដជាយល់ព្រមឲ្យយើងប្រព្រឹត្តនោះឡើយ មកអំពីគេខ្លាចយើងខឹង ខ្លាចយើងស្អប់ បានជាគេមិនហ៊ានឃាត់ គេអាចធ្វើជាមិត្តល្អបាន បើគេព្យាយាមដឹកនាំឲ្យយើងស្ដាប់ធម៌រៀនធម៌ គេសរសើរយើងក្នុងផ្លូវល្អ ក្នុងគោលបំណងឲ្យយើងមាននូវស្មារតីវៀរចាកអំពើសៅហ្មងដោយខ្លួនឯង។
មនុស្សមានច្រើនប្រភេទណាស់ ប៉ុន្តែការជ្រើសរើសមិត្តមិនមែនជាការផ្សងព្រេងដូចចាក់ឆ្នោតទេ គឺត្រូវតែសិក្សាអំពីលក្ខណៈមនុស្សឲ្យបានច្បាស់ តាមដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែង តាមពិតព្រះសម្មាសម្ពុទ្ធជាកល្យាណមិត្តមួយព្រះអង្គដ៏កំពូលក្រៃលែង ជាមួយនឹងពុទ្ធបរិស័ទយើង ការប្រព្រឹត្តព្រហ្មចរិយធម៌បានសម្រេចទាំងមូល ដោយអាស្រ័យព្រះអង្គជាកល្យាណមិត្ត ប៉ុន្តែសេចក្ដីនេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សម្ដែងឲ្យយើងមាននូវកល្យាណមិត្ត តាមដានពិនិត្យការប្រព្រឹត្តរបស់យើងរាល់ថ្ងៃ ខុសឬត្រូវយ៉ាងណាៗឲ្យហ៊ានជួយប្រាប់ ព្រមទាំងនៅរួមសុខទុក្ខទៀតផង។
មនុស្សល្អកម្ររកបានណាស់ មនុស្សល្អធ្វើអាក្រក់បានដោយលំបាកក៏ពិតមែន ប៉ុន្តែមនុស្សអាក្រក់ធ្វើអាក្រក់បានដោយងាយ ថែមទាំងមិនចេះឆ្អែតក្នុងការធ្វើនូវអំពើអាក្រក់នោះទៀតផង ដូចជាមិត្តប្លមផ្នែកខាងនិយាយចាក់បណ្ដោយក្នុងលក្ខណៈប្រការទី៣ បានដល់ៈ
៣- សម្មុខស្ស វណ្ណំ ភាសតិ និយាយសរសើរមិត្តតែក្នុងទីចំពោះមុខ មនុស្សយើងបានដឹងអំពីចំណុចទន់ខ្សោយរបស់មនុស្សផងគ្នា ទើបនិយមយកពាក្យសរសើរមកធ្វើជាឧបករណ៍ប្រើប្រាស់ សម្រាប់ទាក់យកផលកម្រៃ ឬសម្រាប់ផ្ដួលរំលំគ្នាទៀតផង ដូចជាពាក្យសរសើរនៃមនុស្សដែលជាមិត្តប្លម ពាក្យសរសើរនោះវាជាគ្រឿងស្រវឹង ឬវាជាគ្រឿងបំពុលរបស់គេ មនុស្សយើងដែលមិនបានយកចិត្តទុកដាក់ពិចារណាឲ្យបានដិតដល់ ក៏រមែងបរិភោគនូវគ្រឿងស្រវឹង ឬគ្រឿងបំពុលនោះ ដោយពុំដឹងខ្លួន ពោលគឺវង្វេងភ្លេចសតិ។
មនុស្សយើងខំប្រឹងធ្វើល្អ ដោយការចំណាយធនធានឲ្យទៅជាទាន ឬក៏ការខ្នះខ្នែងផ្សេងៗជាដើម លុះដល់មានអ្នកដទៃរំលឹកឈ្មោះសរសើរ ក៏ភ្លេចនឹកជ្រះថ្លាចំពោះបុណ្យកុសលធម៌ ដែលជាកល្យាណមិត្រ ជាគុណដ៏ប្រសើរពិតៗ ដោយមកអំពីរវល់តែត្រេកអរពេញចិត្តនឹងខ្លួនឯងដែលគេសរសើរ ចំពោះមុខមហាជន មានពេលខ្លះទៀត គេសរសើរប៉ុណ្ណឹងមិនគ្រប់ល្មមទេ ចង់ឲ្យគេនឹកសរសើរបន្ថែមទៀត ក៏បានពោលថា <<កុំចាំបាច់សរសើរខ្ញុំអី>> គឺចង់ឲ្យគេស្ងើចថា ខ្លួនឯងមិនចេះស៊ីជោរឡើយ។
ការលិចលង់ផុងខ្លួនក្នុងពាក្យសរសើរ ត្រូវបានបាត់បង់នូវគំនរបុណ្យកុសលអស់ច្រើនណាស់ គឺកុសលគ្រប់កាលទៀតបី (មុនធ្វើ កំពុងធ្វើ ធ្វើរួចហើយ) ទាំងការតាំងចិត្តក៏មិនបានស្លុះចុះស៊ប់ឲ្យណែននៅក្នុងបុណ្យកុសលពិតប្រាកដទៀតផង វាមិនត្រឹមតែជាមេរោគបំផ្លាញសុខភាពផ្លូវចិត្ត បញ្ចុះកម្លាំងរបស់បុណ្យកុសលប៉ុណ្ណឹងទេ ការវង្វេងនឹងពាក្យសរសើរ នាំឲ្យមនុស្សលោកជួយខ្លួនឯងមិនរួចអំពីរណ្ដៅលាមកគឺអំពើទុច្ចរិតទៀតផង។
ភិក្ខុត្រូវទោសបារាជិកហើយ នៅហ៊ានបន្លំខ្លួនជាសង្ឃ ព្រោះខ្លាចបាត់បង់នូវពាក្យសរសើរនិងកិត្តិយសជាដើម មិត្តក្បត់មិត្ត សិស្សក្បត់គ្រូ ប្តីប្រពន្ធក្បត់គ្នា ។ល។ ព្រមដោយបាបកម្មផ្សេងៗទៀតមានបាណាតិបាត (សម្លាប់សត្វមានជីវិត) ជាដើម គឺមួយចំណែកធំព្រោះចង់បានមុខមាត់ មានកិត្តិយស កេរ្តិ៍ឈ្មោះ និងពាក្យសរសើរ មានខ្លះរហូតដល់ទៅបោកប្រាស់គេ ដើម្បីយកមកកសាងវត្តនៅស្រុករបស់ខ្លួនឯងក៏មានដែរ។
ពាក្យសរសើរគឺជាមាត់ជ្រោះក៏រអិលមួយកន្លែង វាងាយនឹងឲ្យធ្លាក់បាក់កស្លាប់ណាស់ ចំពោះបុគ្គលដែលគ្រាន់តែប្រយ័ត្នចំពោះមនុស្សដែលជាមិត្តប្លម គេសរសើរយើងរឿយៗនៅចំពោះមុខតែប៉ុណ្ណោះ។
៤- បរម្មុខស្ស អវណ្ណំ ភាសតិ ពោលទោសមិត្តក្នុងទីកំបាំងមុខ គេមិនមានចិត្តអាណិតមេត្តាយើងឡើយ គេបានផ្សែផ្សំរឿងនេះបន្តិចរឿងនោះបន្តិច ស្មានខ្លះប្រហែលខ្លះ ពិតខ្លះ មិនពិតខ្លះ ក្នុងការនិយាយអំពីយើងជាមួយនឹងអ្នកដទៃ។
គួរនឹករលឹកដល់ទឹកចិត្តឪពុកម្ដាយ គាត់ពោលស្ដីថាឲ្យកូនចៅ ទូន្មានប្រៀនប្រដៅរឿយៗជានិច្ច ប៉ុន្តែទោះគាត់ដឹងនូវកំហុសខុសឆ្គាំឆ្គងរបស់យើងជាកូនយ៉ាងណាៗ ការនេះគាត់មិនដើរនិយាយប្រាប់គេប្រាប់ឯង អំពីអ្វីដែលជារឿងមិនល្អរបស់កូនគាត់ទេ គាត់ពិតជាបិទបាំងណាស់ បើសិនជារឿងហ្នឹងវាធ្ងន់ធ្ងរពេកអ្នកដទៃក៏បានដឹងខ្លះដែរនោះ គាត់ក៏និយាយដែរ ប៉ុន្តែបន្តិចបន្តួចប៉ណ្ណោះ នៅពេលដែលមានគេសាកសួរបញ្ជាក់រឿងនោះៗថែមទាំងសម្ដែងទឹកចិត្តកង្វល់ ភ័យព្រួយចំពោះកូនរបស់គាត់ទៀតផង មិនមែននិយាយដោយសប្បាយរីករាយនូវទោសកំហុសរបស់យើងដែលជាងកូនរបៀបដូចមិត្តប្លមនោះទេ ដូច្នេះមាតាបិតាគែជាមិត្តជិតដិត ស្និតស្នាល ប្រកបដោយការតស៊ូនិងការលះបង់ដ៏ធំធេង ចំពោះបុត្តធីតា។
ការនិយាយអំពីទោសកំហុសរបស់អ្នកដទៃ មិនមែនសុទ្ធតែមិនល្អទាំងអស់នោះទេ បើយើងនិយាយដោយស្មារតី មិនបៀតបៀនអ្នកដទៃ មិនដើម្បីលើកដម្កើងខ្លួនឯង គឺនិយាយដោយកុសលចិត្តពិតៗ ក្នុងន័យដើម្បីឲ្យអ្នកស្ដាប់កុំធ្វើតម្រាប់តាម ការនិយាយដោយចិត្តគំនិតបែបនេះជាការប្រពៃ សេចក្ដីនេះ សូម្បីយើងនិយាយអំពីគុណអ្នកដទៃពិតៗក៏មិនប្រាកដសុទ្ធតែល្អនោះទេ ព្រោះវាអាចជាពិសពុល ដោយអំណាចចិត្តអកុសលនាំឲ្យនិយាយ ដូច្នេះរឿងនេះយើងគ្រាន់តែចាំទុកថា << បុគ្គលពាលមានការសំឡឹងទោសអ្នកដទៃជាកម្លាំង បណ្ឌិតមានការមិនសំឡឹងទោសអ្នកដទៃជាកម្លាំង អ្នករៀនច្រើនមានការពិចារណាជាកម្លាំង អ្នកស្ងប់រម្ងាប់មានសេចក្ដីអត់ធន់ជាកម្លាំង >>។
ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ៥០០០ឆ្នាំ
images/articles/1398/2026-08-18_17_42_50-Untitled_-_Notepad.jpg
Public date : 18, Aug 2026 (41,287 Read)
ការឲ្យអភ័យ ជាសេចក្ដីល្អមួយដ៏ចាំបាច់ណាស់ ក្នុងការសមាគមជាមួយនឹងមនុស្ស ព្រោះមនុស្សចំនួនច្រើនដែលតែងតែមានការខ្វះខាតនូវចំណុចនេះ ចំណុចនោះ ពោលគឺនៅមានកំហុស ដោយចំពោះមនុស្សដែលរស់នៅក្នុងកាមតណ្ហា គឺពិតជាមិនខ្វះនូវឱកាសនៃការភ្លាំងភ្លាត់ឡើយ។
បើយើងតាំងចិត្តសេពគប់សមាគមជាមួយនឹងអ្នកណាៗហើយនោះ យើងត្រូវត្រៀមខ្លួនជានិច្ចដើម្បីនឹងឲ្យអភ័យ បើមិនដូច្នោះទេ យើងមិនអាចសេពគប់ជាមួយអ្នកណាបានឡើយ។ មនុស្សខ្លះមានកំហុសត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ បើយើងកាន់យកជារឿងធំ យើងនឹងបែកមិត្ត សឹងជាមិត្តល្អទៀតផង។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1397/2026-07-27_16_39_25-Home_-_File_Explorer.jpg
Public date : 18, Aug 2026 (41,615 Read)
ការស្វែងរកសេចក្ដីសុខ ដែលគួរតិះដៀលក៏មាន ដែលគួរសសើរក៏មាន ។ការស្វែងរកសេចក្ដីសុខដើម្បីខ្លួនឯង ដោយការបង្កទុក្ខភ័យឲ្យដល់អ្នកដទៃ ជាការដែលគួរឲ្យតិះដៀល ។ ការស្វែងរកសេចក្ដីសុខដើម្បីខ្លួនឯង ដោយមិនបង្កទុក្ខភ័យឲ្យអ្នកដទៃ ជាកិច្ចដែលគួរឲ្យសរសើរ ។ ចំណែកការស្វែងរកសេចក្ដីសុខដើម្បីខ្លួនឯងដោយការឲ្យសុខដល់អ្នកដទៃ គឺគួរឲ្យសរសើរផងត្រេកអរផង និងគួរឲ្យគោរពផង ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1384/Untitled-1-Recovered.jpg
Public date : 07, Aug 2026 (20,518 Read)
សិក្ខាបទទី១ : ភរិយាគប្បីសិក្ខាថាអាត្មាអញត្រូវចាត់ចែងការងារឲ្យបានល្អ។ភរិយាត្រូវតម្កល់ខ្លួនឲ្យប្រពៃ ចាត់ចែងការងារឲ្យដល់ស្វាមីដោយសេចក្ដីមិនខ្ជីខ្ជា ទុកស្មើដូចម្ដាយ ឬ ប្អូនស្រី ពុំនោះសោតទេ ត្រូវទុកស្មើជាមិត្រសម្លាញ់ជាមួយនឹងស្វាមីរបស់ខ្លួន ហើយបើទុកដាក់ខ្លួនដល់ទៅថ្នាក់ស្មើដូចទាសីបំរើម្ចាស់ ក៏វាគ្មានថោកទាបអ្វីឡើយនេះគឺពោលចំពោះការចាត់ចែងក្នុងកិច្ចការងារនៃភរិយាល្អ ដែលជាភរិយាស្រលាញ់ការងារ។ពាក្យថា ប្រពន្ធ ប្រែថា ចំណងរួតរឹង ដូច្នេះប្រពន្ធ គឺជាស្ត្រីម្នាក់ដែលចងប្ដីដោយចរិយាមារយាទល្អសណ្ដាប់ធ្នាប់សីលធម៌ ឈ្លាសវៃ ស្មោះត្រង់ និង ចាត់ចែងការងារក្នុងផ្ទះដោយប្រពៃ។កុំខ្ជិល កុំទម្រន់ ព្រោះការខ្ជិលជាប្រធាននៃសេចក្ដីវិនាស បើធ្វើរឿយៗរាល់ថ្ងៃទៅជាទម្លាប់ដ៏ល្អការងារសព្វគ្រប់ បីដូចជាអលង្ការ ដូច្នេះ ឲ្យតែការងារប្រាសចាកទោស ធ្វើទៅទោះច្រើនយ៉ាងណា ត្រូវគិតថាជាសិរីសួស្ដី បានកើតមកជាស្រីហើយមានប្ដី ត្រូវតែជាភរិយាល្អឲ្យខានតែបាន។
សិក្ខាបទទី២ : ភរិយាគប្បីសិក្សាថា អាត្មាអញត្រូវសង្គ្រោះជនជាញាតិទាំងពីរខាង គឺទាំងខាងស្វាមី ទាំងខាងខ្លួនឯងដោយល្អ។តែងបានឮរឿយៗនូវពាក្យនេះថា << មានប្រាក់គឺមានអ្វីៗទាំងអស់ >> រួមទាំងគ្រោះថ្នាក់ទាំងការចង្អៀតចង្អល់ ព្រោះគេសុំ គេខ្ចី និង ទាំងអ្នកដទៃច្រណែនផងមែនទេ? ប៉ុន្តែបើពោលឲ្យត្រូវជាងហ្នឹង គួរពោលថា << មានបុណ្យគឺមានអ្វីៗទាំងអស់ >>។មនុស្សយើងមិនអាចមាននូវសេចក្ដីសុខគ្រប់យ៉ាង ដោយគ្រាន់តែមានប្រាក់នោះទេ វាត្រូវអាស្រ័យប្រាជ្ញាប្រើប្រាស់ចាត់ចែងនូវប្រាក់នោះឲ្យបានល្អជាការដ៏សំខាន់ ជៀសវាងការចាត់ចែងទៅក្នុងការងារដ៏សំខាន់ ជៀសវាងការចាត់ចែងទៅក្នុងការងារដែលមានទោស ជាពិសេសចងមិត្តឲ្យបានច្រើនដោយការបរិច្ចាគសង្គ្រោះ ព្រោះជីវិតមានតម្លៃបានច្រើនដោយការបរិច្ចាគសង្គ្រោះ ព្រោះជីវិតមានតម្លៃអាស្រ័យអ្នកដទៃរាប់អានពេញចិត្ត ទោះបីបើការខ្វះការរាប់អានស្រលាញ់ពេញចិត្តអំពីអ្នកដទៃ ទោះបីយើងជាសេដ្ឋីក៏ដោយ វាដូចជាចំណីក្រៀមក្រោះដែលខ្សោះរសជាតិអ៊ីចឹងឯង ជីវិតពិតជាគ្មានតម្លៃ អ្នកដទៃញាតិមិត្តគេចាត់ថាយើងស្លាប់បាត់ទៅហើយ ព្រោះយើងស្លាប់បាត់ទៅហើយ ព្រោះយើងខ្វះការសង្គ្រោះញាតិ។
សិក្ខាបទទី៣ : ភរិយាគប្បីសិក្សាថាអាត្មាអញមិនត្រូវប្រព្រឹត្តក្បត់ចិត្តស្វាមីឡើយ។ចិត្តមនុស្សមិនងាយមើលធ្លុះ សាំញ៉ាំស្រកេកស្រកាក ចិត្តសត្វតិរច្ឆានងាយសង្កេតឲ្យដឹងជាង។ ភរិយាស្វាមីមានក្ដីស្នេហា បានយល់ចិត្តគ្នាហើយព្រមរៀបការ រហូតមានបុត្រមានទាំងធីតា តែនៅក្បត់គ្នាអាពាហ៍ពិពាហ៍អស់ខ្យល់។ នៅថ្ងៃរៀបការហៅអស់ញាតិមិត្ត បងប្អូនជិតស្កាត់មកមិនសល់ ធ្វើខ្លួនស្អាតបាតដើម្បីមង្គល ម៉ែឪរវល់បួនប្រាំសប្ដាហ៍។ ម៉ែឪចងដៃមហាឲ្យពរ ព្រះសង្ឃសូត្រធម៌ អញ្ជើញទេវតាអញ្ជើញព្រះឥន្ទព្រះព្រហ្មផងណា ក្លាយជាឥតការព្រោះចិត្តមិនស្មោះ។ចិត្តស្មោះត្រង់នាំមកនូវកិត្តិយស ការសរសើរលើកតម្កើនអំពីអ្នកផងទាំងពួង ដូច្នេះ មានតែការតាំងចិត្តម៉ឺងម៉ាត់របស់ខ្លួននេះឯង ដែលអាចទទួលបាននូវមង្គលល្អប្រាកដប្រជាស័ក្កិសិទ្ធិជាងពរទេវតាឥន្ទព្រហ្មទៅទៀត។ ដើម្បីឲ្យបានត្រាស់ជាព្រះពុទ្ធ ព្រះបរមពោធិសត្វត្រូវមាននូវអធិដ្ឋានបារមី គឺការតាំងព្រះទ័យមាំក្នុងការងារ មិនមែនបានត្រាស់ដោយសារការឲ្យពរជ័យពីអ្នកណាដទៃនោះឡើយ ធ្វើជាមនុស្សត្រូវជឿលើការតាំងចិត្តរបស់ខ្លួនជាសំខាន់។
សិក្ខាបទទី៤ : ភរិយាគប្បីសិក្សាថាអាត្មាអញត្រូវថែទាំទ្រព្យសម្បត្តិដែលស្វាមីរកបាន។មិនមែនមិនឲ្យចាយទេប្រាក់នោះ ប៉ុន្តែចាយឲ្យមានរបៀប ដាច់ខាតកុំលេងល្បែងស៊ីសងមានបៀជាដើមឲ្យសោះ កុំឲ្យមានចិត្តលួចលាក់ទុកប្រាក់ប៉ុណ្ណេះប៉ុណ្ណោះ នាំឲ្យមានឈ្មោះថាភរិយាជាចោរ ត្រូវការប្រើប្រាស់ចាត់ចែងធំដុំ ត្រូវជំនុំជាមួយស្វាមី និង ម្យ៉ាងទៀតកុំចង់ហ៊ឺហាដោយសម្ភារៈហួសសមត្ថភាព ឬ ហួសប្រាក់ចំណូល ត្រូវរស់នៅឲ្យស្វាមីទុកចិត្ត។ស្វាមីមានកម្លាំងចិត្តធ្វើការដ៏ក្រៃលែង បើទ្រព្យសម្បត្តិនៅផ្ទះគង់វង្ស ព្រោះនាងជាភរិយាមានមារយាទចេះទុកដាក់ថែទាំដោយប្រពៃ។ ភរិយាជានារីថ្លៃមានពាក្យសម្ដីស្រទន់ពីរោះ ប្រកបដោយទឹកមុខស្រស់បស់ ទទួលស្វាមីមកពីធ្វើការ ដូច្នេះ សូមភរិយារៀបចំនូវកម្លាំងទាំងពីរឲ្យដល់ស្វាមី កុំធ្វេសប្រហែសផ្នែកខាងកម្លាំងចិត្តឲ្យសោះ លទ្ធផលជាទីគាប់ចិត្តវាត្រូវបានមកខ្លួនឯងជាភរិយាហ្នឹងហើយ។
សិក្ខាបទទី៥ : ភរិយាគប្បីសិក្សាថា អាត្មាអញត្រូវតែជាស្ត្រីឆ្លាតឈ្លាសមិនខ្ជិលច្រអូស ក្នុងកិច្ចការទាំងពួង។ភរិយាគប្បីពិចារណាខ្លួនឯងឲ្យបានរឿយៗថាកិច្ចការមេផ្ទះអញបានបំពេញល្អដែរទេ មានសេចក្ដីខ្ជិលមកច្របូកច្របល់ដែរឬអត់ទេ បើឃើញថា ខ្វះខាតគួរបំពេញ បើច្បាស់លាស់ពេញលេញល្អហើយក៏រក្សាឲ្យល្អតទៅ ការងារឆ្លាតវៃជាមង្គលដ៏ឧត្ដម។សម្ដីអាក្រក់លាមករបស់អ្នកដទៃ គឺទុកត្រឹមអ្នកដទៃចុះ កុំស្រវាប្រមូលមកឲ្យប្រឡាក់ដល់ខ្លួនឯង ទោះជាអំពើដោយកាយក៏ដោយ ត្រង់អ្នកដទៃធ្វើឬមិនធ្វើជាកិច្ចការងាររបស់គេ បើថាជាកូនចៅក៏អប់រំទូន្មានធ្វើជាកិច្ចការងាររបស់គេ បើថាជាកូនចៅក៏អប់រំទូន្មានប្រដៅទៅ ប៉ុន្តែចំពោះខ្លួនឯងវិញត្រូវតាំងស្មារតីកសាងស្នាដៃ កុំភ័យក្រែងល្អលើសគេពេកនោះ ពេលរស់នៅមិនយូប៉ុន្មានឡើយ ឱកាសសាងល្អមានតិចតួចណាស់។ឈ្នះសេចក្ដីល្ងង់របស់ខ្លួនឯងបាន ដោយការសិក្សាស្វែងយល់ ឈ្នះសេចក្ដីខ្ជិលបាន ដោយការព្យាយាម ឈ្នះសេចក្ដីក្រោធបាន ដោយការមិនក្រោធ ឈ្នះសេចក្ដីកំណាញ់ដោយការឲ្យទាន ឈ្នះការនិយាយឡេះឡោះដោយពាក្យបានការ។
ដកស្រង់ចេញពីសៀវភៅ សិក្ខាបទមនុស្សល្អ
ដោយ៥០០០ឆ្នាំ