ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ធម៌ជំនួយស្មារតី
១,៥៧៣ អត្ថបទ
images/articles/1052/Untitled-1-Recovered.jpg
ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ១៣,៨៤០ ដង)
ពិចារណា​អានិសង្ស​របស់​មេត្តា ធម៌​ដែល​ផ្ទុយ​គ្នា​ពី​សេចក្តី​ក្រោធ គឺ មេត្តា ។ សេចក្តី​ក្រោធ​មាន​ទោសបង្ក​ផល​អាក្រក់ដ៏​ក្រៃ​លែង យ៉ាង​ណា​មេត្តា​ក៏​មាន​គុណ បង្ក​ផល​ល្អ​ច្រើន​ក្រៃ​លែ​ង​ដូច្នោះ​ដែរ ។ កាល​បើ​ដូច​នេះ​ទើប​គួរ​រម្ងាប់​សេចក្តី​ក្រោធ ហើយ​តាំង​ចិត្ត​មេត្តា​មក​ជំនួសវិញ ឲ្យ​មេត្តា​ហ្នឹង​ឯង​ ជួយ​កម្ចាត់​កម្ចាយ​ និង​ការ​ពារ​រារាំង​សេចក្តី​ក្រោធ រហូត​ដល់​បាន​ឈ្នះ​ជា​ស្ថាពរ ។ អ្នក​មាន​មេត្តា​អាច​យក​ឈ្នះ​ចិត្ត​អ្នក​ដទៃ​បាន ជា​ជ័យ​ជម្នះ​ដ៏​ប្រសើរ អ្នក​ដែល​តាំង​នៅ​ក្នុង​មេត្តា ឈ្មោះ​ថា​ធ្វើ​នូវ​ប្រយោជន៍​អ្នក​ដទៃ ។ មេត្តា​បាន​ធ្វើ​ចិត្ត​ឲ្យ​ស្រស់​ថ្លា ស្អាត​ផូរ​ផង់ មាន​សេចក្តី​សុខ ។ ព្រះ​សម្មសម្ពុទ្ធ​ត្រាស់​សម្តែង​អានិសង្ស​របស់​មេត្តា​មាន ១១ ប្រការៈ ១- ដេក​លក់​ជា​សុខ បើ​យើង​ក្រោធ​ជា​មួយ​អ្នក​ដទៃ​យើង​បី​ដូច​ជា​ត្រូវ​ថ្នាំ​ពិស មិន​បាន​ដេក​នៅ​ជាសុខឡើយ ​ដូច្នេះទើប​ត្រូវ​ចម្រើន​នូវមេត្តា រស់​នៅ​ជា​មួយ​នឹង​មេត្តា​ធម៌ ព្រម​ទាំង​គុណ​ធម៌​ផ្សេង​ៗ ទៀត​ផង ។ ២- ភ្ញាក់​ឡើង​ក៏​ជា​សុខ សុខ​សប្បាយ​ក្នុង​ចិត្ត​ដោយ​ពី​ថ្ងៃ​មុន​មិន​បាន​ធ្វើ​អាក្រក់​ព្រោះ​ក្រោធ​ឡើយ​ និង​ដោយ​នឹក​ឃើញ​ដល់​អំពើ​ល្អ​ដែល​ខ្លួន​បាន​ឡើយ ។ ៣- មិន​យល់​សប្តិ​អាក្រក់ សូម្បី​តែ​យល់​សប្តិ​ក៏​ឃើញ​តែ​អារម្មណ៍​ល្អ ៗ ដូច​ជា ថ្វាយ​បង្គំ​ព្រះ​ពោធិព្រឹក្ស ហែ​កឋិន និង​ឃើញ​ធ្វើ​បុណ្យ​ផ្សេង​ៗ​ទៀត ដោយ​មិន​បាន​យល់​សប្តិ​ឃើញ​កាប់​ចាក់​ឈ្លោះ​ប្រកែក​គ្នា​ជា​ដើម​ឡើយ ។ ៤- ជា​ទី​ស្រឡាញ់​នៃ​មនុស្ស​ទាំង​ឡាយ បើ​យើង​ត្រូវ​ការ​ឲ្យ​មនុស្ស​ទាំង​ឡាយ​ស្រឡាញ់​យើង គឺ​យើង​ត្រូវ​រៀន​ឲ្យ​ចេះ​ស្រឡាញ់​អ្នក​ដទៃ​ជា​មុន​សិន គឺ​រៀន​ឲ្យ​មាន​មេត្តា ។ ៥-ជា​ទី​ស្រឡាញ់​នៃ​អមនុស្ស​ទាំង​ឡាយ យើង​ត្រូវ​ទុក​អមនុស្ស​ទាំង​ឡាយ ទេវតា​ទាំង​ឡាយ​ជា​មិត្ត​រួម​កើត​រួមចាស់ រួម​ឈើ រួម​ស្លាប់​ជា​មួយ​នឹង​យើង ។ នៅ​ពេល​ដែល​យើង​ធ្វើ​កុសល​អ្វី​មួយ​រួច​ហើយ យើង​ត្រូវ​ឧទ្ទិស​កុសល​នោះ​ឲ្យ​ដល់​អមនុស្ស​នឹង​ទេវតា​ទាំង​ឡាយ​ផង ។ ៦- ទេវតា​ទាំង​ឡាយ​ជួយ​ថែរក្សា ទោះ​ជា​ទេវតា​រក្សា​ក៏​មិន​អាច​រក្សា​ចិត្ត​យើង​បាន​ដែរ គឺ​មាន​តែ​គុណ​ធម៌ មាន​មេត្តា​ជា​ដើម​ប៉ុណ្ណោះ​ទេ ដែល​អាច​រក្សា​ចិត្ត​យើង​បាន ។ ៧- មិន​ត្រូវ​ដោយ​សាស្ត្រាវុធ​ជា​ដើម ដែល​ជា​អន្តរាយ​ខាង​ក្រៅ​ឡើយ មេត្តា​ជា​ធម៌​រម្ងាប់​នូវ​ពៀរ អ្នក​ចម្រើន​នូវ​មេត្តា​ជា​អ្នក​ស្លូត​បូត រហូត​ដល់​បាន​សម្រេច​អប្បនា​សមាធិ​ជា​គុណ​ជាតិ​ដ៏​ប្រសើរ​ដែល​អាច​ការពារ​អន្តរាយ​បាន ។ ៨- មាន​ចិត្ត​តាំង​មាំ​បាន​ដោយ​ឆាប់ មេត្តា​ធម៌ ជា​ធម៌​មាន​ឧបការៈ​ដល់​កុសល​ធម៌​ដទៃ​ទៀត​ខ្លាំង​ក្លា​ណាស់ ទោះ​ជា​ទាន​ក្តី សីល​ក្តី សមថភាវនា​ក្តី វិបស្សនាភាវនា​ក្តី ។ ៩- សម្បុរមុខ​ស្រស់​ថ្លា ព្រោះ​ដោយ​អំណាច​នៃ​មេត្តា​បាន​ញ៉ាំង​ឲ្យ​រូប​ស្រស់​បស់​ទឹក​មុខ​គួរ​ឲ្យ​រាប់​អាន ។ ទោះ​បី​អ្នក​ស្អាត​ពី​កំណើត​មក​ក៏​ដោយ ក៏​ព្រោះ​មក​អំពី​មាន​បុណ្យ​ដែល​បាន​ធ្វើ​ហើយ​នោះ​ប្រកប​ដោយ​មេត្តា​ដែរ ។ ១០- មិន​វង្វេង​នៅ​ពេល​ជិត​ស្លាប់ មនុស្ស​ដែល​វង្វេង​នៅ​ពេល​ជិត​ស្លាប់ ព្រោះ​បាត់​បង់​ស្មារតី ឯ​ធម៌​មេត្តា​ជា​គុណ​ជាតិ​ញ៉ាំង​ស្មារតី​ឲ្យ​ចម្រើន មិន​សន្សំ​ការ​ខឹង​ក្រោធ​ដែល​ជា​បាប​នាំ​ឲ្យ​វង្វេង នោះ​ឡើយ ។ ១១- កាល​បើ​មិន​ទាន់​ត្រាស់​ដឹង​នូវ​គុណ​ធម៌​ជាន់​ខ្ពស់ គឺ​ ព្រះ​អរហត្ត​ទេ រមែង​ចូល​​ទៅ​កាន់ ព្រហ្ម​លោក​ដោយ​អំណាច​នៃ​មេត្តា​ចេតោវិមុត្ត ។ បើ​ជា​អ្នក​នៅ​ច្រើន​ទៅ​ដោយ​សេចក្តី​ក្រោធ ឈ្មោះ​ថា ជាអ្នក​នៅ​ឆ្ងាយ​អំពី​ការ​បាន​អានិសង្ស​ទាំង​នេះ ដូច្នេះ​ទើប​គួរ​ព្យាយាម​ចម្រើន​មេត្តា ឲ្យ​ជា​ធម៌​ប្រចាំ​ចិត្ត ប្រចាំ​ជីវិត ហ្វឹក​ហាត់​អប់​រំ​ឲ្យ​មាន​មេត្តា​ជា​ប្រក្រតី​រៀង​រាល់​ថ្ងៃ​ព្រោះ​ថា បើ​មេត្តា​ចិត្ត​នៅ​មិន​ទាន់​បាន​មាំទាំ​ទេ គឺ​មិន​អាច​យក​ឈ្នះ​សេចក្តី​ក្រោធ​បាន​ឡើយ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ វិធីរម្ងាប់​សេចក្តី​ក្រោធ រៀបរៀង​ដោយ អគ្គ បណ្ឌិត​ធម្មាចារ្យ ប៊ុត​ សាវង្ស ។ វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1053/Untitled-1-Recovered.jpg
ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ១២,៣៧៥ ដង)
អ្វី​ៗ​ដែល​ជា​អតីត បាន​កន្លង​ទៅ​ហើយ ហៅ​ឲ្យ​ត្រឡប់​មក​វិញ​មិន​បាន​ឡើយ ទោះ​ជា​ខំស្រែក​យំ​អង្វរ​សូម​ដោយ​ទុក្ខ​ទោ​មនស្ស​យ៉ាង​ណា​ក៏​ដោយ អតីត​ក៏​គង់​នៅ​តែ​ជា​អតីត​ដដែល ។ តាម​ពិត អ្វី​ដែល​ថា​ធ្វើ​សា​ជា​ថ្មី​នោះ គឺ​បាន​ត្រឹម​តែ​ជា​ការ​កែ​ខៃ​ប៉ុណ្ណោះ ដូច​ជា​ការ​ធ្វើ​ខុស​ទៅ​ហើយ​ត្រូវ​ធ្វើ​សា​ថ្មី​គឺ​កែ​ខៃ​ឲ្យ​បាន​ត្រឹម​ត្រូវ និយាយ​ខុស​ហួស​ទៅ​ហើយ ខំ​ប្រឹង​និយាយ​សាថ្មី​ដើម្បី​ឲ្យ​បាន​ត្រឹម​ត្រូវនេះ​ជា​ការ​កែ​ខៃ ប៉ុន្តែ​អ្វី​ដែល​ខុស​ព្រោះ​ការ​ធ្វើ​ ឬ​ព្រោះ​ការ​និយាយ​នោះ វា​បាន​កន្លង​ទៅ​ហើយ នឹង​ចាប់​ទាញ​វា​យក​មក​វិញ​ដើម្បី​កុំ​ឲ្យ​វា​យ៉ាង​ហ្នឹង គឺ​មិន​បាន​ជា​ដាច់​ខាត ព្រោះ​អតីត​មិន​អាច​ត្រឡប់​មក​ជា​បច្ចុប្បន្ន​ឡើយ ។ មនុស្ស​ដែល​ធ្លាប់​មាន​ដំបៅ​ហើយ តើ​នឹង​ថា​មិន​ធ្លាប់​មាន​ដំបៅ​យ៉ាង​ម៉េច​កើត​ទៅ វា​ត្រូវ​តែ​ជា​ដំបៅ​ដែល​បាន​កើត​ហើយ​នោះ​ឯង ប៉ុន្តែ​ស្នាម​ដំបៅ​មាន​ឬ​មិន​មាន ស្រេច​ហើយ​តែ​នៅ​លើ​ការ​រក្សា ។ ស្នាម​ខាង​ផ្លូវ​ចិត្ត​ក៏​ដូច​គ្នា អ្វី​ដែល​បាន​ធ្វើ​​ហើយ វាជា​ការធ្វើ​ហើយ សុខ​ឬ​ទុក្ខ​វា​ក៏​បាន​កន្លង​ទៅ​ហើយ​ដែរ ។ នៅ​ពេល​នឹក​ត្រឡប់​ទៅ​រក​រឿង​រ៉ាវ​ដែល​កន្លង​ទៅ​ហើយ​នោះ សុខ​ឬ​ទុក្ខ​ក៏​បាន​កើត​ឡើង​​សាជា​ថ្មី​ទៀត ប៉ុន្តែ​ហេតុការណ៍​ផ្សេង​ៗ​នោះ​បាន​កន្លង​ទៅ​ហើយ ប្រៀប​ដូច​ជា​ទឹក​ដែល​ហូរ​ចុះ​ទៅ​ក្រោម គឺ​វា​ចេះ​តែ​ហូរ​ទៅ និង​ឆ្ងាយ​ទៅ​ជានិច្ច ។ ព្រោះ​ហេតុ​ដូច្នេះ ការ​ដែល​យើង​បាន​ធ្វើ​អ្វី​មួយ​ខុស​និង​បាន​បាត់​បង់​សាប​សូន្យ​នូវ​អ្វី​មួយ​នោះ ក៏​សូម​ឲ្យ​វា​កន្លង​ទៅ​ចុះ កុំ​ទុក​ដាក់​រឿង​ដែល​កន្លង​ទៅ​ហើយ ឲ្យ​នៅ​ដុត​រោល​ខ្លួន​ឯង​ឥត​ប្រយោជន៍ កុំ​ព្រម​ជា​ទាសៈ របស់​អតីត កុំ​ឲ្យ​អតីត​មក​ក្តិច​ខ្ញាំ​បេះ​ដូង និង​កុំ​អង្គុយ​ជាមួយ​អតីត​ដោយ​ចិត្ត​សៅហ្មង​ឲ្យ​សោះ ។ ចូរ​កុំ​ឃាំង​ឬ​ដាក់​គុក​ខ្លួន​ឯង​ទុក​ជា​មួយ​នឹង​អតីត​ដោយ​ចិត្ត​ក្តៅ​ក្រហាយ​ឡើយ ព្រោះ​វា​ជាការ​ធ្វើ​ទារុណកម្ម​ខ្លួន​ឯង​ឥត​ប្រយោជន៍ ។ អតីត​កាល​ទោះ​ជា​យ៉ាង​ណា​ក៏​តាម​តែ​វាចុះ​ប៉ុន្តែបច្ចុប្បន្ន និង​អនាគត វា​នៅ​ជា​របស់​យើង សូម​ឲ្យ​ផ្តើម​ធ្វើ​ជា​ថ្មី សាង​ថ្មី ធ្វើ​បច្ចុប្បន្ន​ឲ្យ​ល្អ​ជា​ទី​បំផុត ដូច្នេះ​អានាគត នឹង​បាន​ល្អ​ជា​ប្រាកដ ។ បច្ចុប្បន្ន​នឹង​ក្លាយ​ជា​អតីត​របស់​អនាគត​ទើប​ត្រូវ​សាង​អនាគត​ដោយ​បច្ចុប្បន្ន​ហ្នឹង​ឯង ។ មនុស្ស​ខ្លះ​លិច​ចូល​ក្នុង​អតីត​ដោយ​ចិត្ត​សៅ​ហ្មង រហូត​ដល់​ខូច​អស់​នូវ​បច្ចុប្បន្ន ចំណែក​អនាគត​ក៏​ងងឹត​ស្លុប​ឥត​រស្មី​ព្រោះ​ដូច្នេះ ចូរ​កុំ​ជាទាសៈរបស់​អតីត ពោល​គឺ​កុំ​យក​អតីត​ជា​ចៅ​ហ្វាយ​នាយ​ឡើយ ។ នៅ​ក្នុង​​ព្រះ​ពុទ្ធ​សាសនា ព្រះ​អង្គ​ទ្រង់​បាន​ទូន្មាន​ថា​កិលេស​ជាតិ​ណា ដែល​មាន​អារម្មណ៍​ជា​អតីត កិលេស​ជាតិ នោះ​ចូរ​រី​ឯ​ស្ងួត​ទៅ កង្វល់​ក្នុង​អនាគត​ចូរ​កុំ​មាន​ដល់​អ្នក​ឡើយ​បើ​អ្នក​មិន​ប្រកាន់​ក្នុង​ខន្ធ​ជា​បច្ចុប្បន្ន​នេះ ទេ អ្នក​នឹង​ជា​បុគ្គល​ស្ងប់​ហើយ​ត្រាច់​ទៅ ។ មិនខ្វាយ​ខ្វល់​ក្នុងរឿង​អនាគត មិន​សោក​សៅ​ចំពោះ​អតីត ជា​អ្នក​ឃើញ​ស្ងាត់​សូន្យ​ចាក​សត្វ​ក្នុង​ផស្សៈ តាម​ទ្វារ​ទាំង​៦ យ៉ាង​នេះ អត់​នរណា​នាំ​ទៅ​ដោយ​ការ​យល់​ខុស​ឡើយ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ សុខចិត្ត​ វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1054/2026-08-19_18_59_31-Greenshot.jpg
ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ១១,៥៩៧ ដង)
ក្នុង​ជីវិត​មនុស្ស​យើង​ម្នាក់​ៗ រមែង​មាន​នូវ​សេចក្តី​ទុក្ខ​ជា​ពិត​ប្រាកដ ។ សេចក្តី​ទុក្ខ​ដែល​ព្រះដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ហៅ​ថា​ជា​សភាវ​ទុក្ខ គឺ ជរា​ទុក្ខ ព្យាធិទុក្ខ និង​មរណទុក្ខ ។ សភាវ​ទុក្ខ​នេះ សូម្បី​តែ​ព្រះ​អរហន្ត​ក៏​នៅ​តែ​ធ្លាក់​ចូល​ក្នុង​អំណាច​ផង​ដែរ ដូច្នេះ ពិត​ជា​មិន​មាន​បុគ្គល​ណា​ក្នុង​លោក​នេះ អាច​គេច​ពី​សភាវ​ទុក្ខ​បាន​ឡើយ ឲ្យ​តែ​មាន​ជាតិ​កើត​មក​ហើយ ។ មនុស្ស​លោក​យើង​ដែល​នៅ​មាន​ឧបាទាន​គឺ​សេចក្តី​ប្រកាន់​មាំ មិន​មែន​តែ​សភាវៈ​ទុក្ខ ប៉ុណ្ណឹង​នោះ​ទេ គឺ​នៅ​មាន​សេចក្តី​ទុក្ខ​ច្រើន​បែប​ច្រើន​យ៉ាង​ទៀត​ណាស់ ដែល​បាន​ចូល​មក​បន្ថែម​លើ​សភាវទុក្ខ ឲ្យ​ទៅ​ជា​ទុក្ខ​ដ៏​ខ្លាំង​ក្លា ។ បើ​មិន​មាន​ឧបាទាន​ទេ សេចក្តី​ទុក្ខ​ក៏​នៅ​ត្រឹម​តែ​ជា​សភាវៈ​ទុក្ខ​សុទ្ធ ៗ ប៉ុណ្ណោះ​ ដូច​ជា​សភាព​ចាស់​ជរា​ជា​ដើម បើ​ព្រម​ឲ្យ​ចាស់​ទៅ​តាម​ធម្មតា​របស់​សង្ខារ ក៏​ជារឿង​ធម្មតា​នៃ​ការ​ចាស់​ជរា មិន​មាន​រឿង​អ្វី​ដែល​ត្រូវ​កើត​ទុក្ខ​តាម​ផ្លូវ​ចិត្ត​ឡើយ ប៉ុន្តែ​ដល់​ទៅ​មាន​ឧបាទាន ក៏​បាន​ទៅ​ជា​រឿង​ភ័យ​ខ្លាច​ចាស់ មិន​ចង់​ចាស់ ព្រោះ​ចាស់​ទៅ​វា​ត្រូវ​អស់​ស្អាត អស់​សង្ហា ដូច្នេះ​សេចក្តី​ទុក្ខ​ក៏​កើត​ឡើង​ភា្លម​ទាន់​ពេល​ដែរ ។ ក្រៅ​អំពី​នេះ នៅ​មាន​សេចក្តី​ទុក្ខ​ដែល​កើត​ពី​ឧបាទាន​សុទ្ធ​ៗ ទៀត ដូច​ជា​ការ​ប្រកាន់​ថា គេ​ជេរ​យើង គេ​និយាយ​អាក្រក់​ពី​យើង​ គេ​ធ្លាប់​លើក​តម្កើង​សរសើរ​យើង ឥឡូវ​ដូច​ម្តេច​បាន​ជា​ព្រងើយ​កន្តើយ​ទៅ​វិញ យ៉ាង​នេះ​ជា​ដើម ហើយ​ក៏​កើត​ទុក្ខ​តាម​ផ្លូវ​ចិត្ត​ទៅ ។ សេចក្តី​ទុក្ខ​បែប​នេះ បើ​មិន​គិត​ប្រកាន់​ទេ វា​ពិត​ជា​មិន​មាន​ឡើយ តែ​បើ​គិត​ប្រកាន់ វា​ក៏​មក​ដល់​ រឹត​តែ​ប្រកាន់​រឹត​តែ​ទុក្ខ យ៉ាង​នេះ ហៅ​ថា ទុក្ខ​ព្រោះ​ឧបាទាន ។ កាល​ដែល​យើង​វិគ្រោះ​វែក​ញែក យើង​ក៏​បាន​ដឹង​ថា​សេចក្តី​ទុក្ខ​ណា​កើត​ព្រោះ​ឧបាទាន ដល់​លះ​ឧបាទាន ឬ​ដក​ឧបាទាន​បាន​ហើយ​ សេចក្តី​ទុក្ខ​នោះ​ក៏​រលត់​ទៅ​ភ្លាម​ដែរ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ សុខចិត្ត វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1055/Untitled-1-Recovered.jpg
ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ១២,៥៨៧ ដង)
យើង​ត្រូវ​ស្វែង​រក​ហេតុ​នៃ​សេចក្តី​ទុក្ខ សេចក្តី​នេះ​ចូល​ក្នុង​គោល​នៃ​អរិយសច្ច គឺ​ទុក្ខ​អរិយ​សច្ច ដោយ​សេចក្តី​ថា​កាល​មាន​ទុក្ខ​យ៉ាង​ណា​មួយ​កើត​ឡើង យើង​ត្រូវ​ស្រាវជ្រាវ​រាវរក​ហេតុ បើ​បាន​ជួប​ប្រទះ​ហើយ​ត្រូវកម្ចាត់​បង់​នូវ​ហេតុ​នោះចោល ។ ទុក្ខ​ខ្លះ​កើត​មក​ពី​ការ​មិន​បាន​សម្រេច​ដូច​ក្តី​ប្រាថ្នា ជា​ការ​ខក​ចិត្ត​អស់​សង្ឃឹម ។ មនុស្ស​ដែល​មាន​ការ​ខក​ចិត្ត​ក្នុង​រឿង​សេ្នហា​ ភាគ​ច្រើន​តែ​បន្ទោស​គេ​តែ​ម្ខាង​ប៉ុណ្ណោះ​បន្ទោស​ថា​គេ​មិន​ស្មោះ​ត្រង់​នឹង​ខ្លួន​គេ​បោក​ប្រាស់​ខ្លួន​ជា​ដើម​ម្ល៉ោះ​ហើយ​ក៏​ទុក្ខ​ទោមនស្ស និង​ខឹង​ក្រោធ​រហូត​ដល់​ថ្នាក់​សម្លាប់​ជីវិត​គេ ឬ​សងសឹក​គេ​ដោយ​ប្រការ​ណា​មួយ​ ដើម្បី​រំសាយ​កំហឹង​របស់​ខ្លួន ។ កាល​សម្លាប់​គេ​ឬ​ព្យាបាទ​គេ​បាន​សម​តាមប្រាថ្នា​ហើយ សេចក្តី​ទុក្ខ​មិន​មែន​រលត់​ទៅ​នោះឡើយ មាន​តែ​ចម្រើន​ឡើង​ថែម​ទៀត ព្រោះ​ជា​ការ​បង្ក​នូវ​ហេតុ​នៃ​សេចក្តី​ទុក្ខ ដូច​ជា​ការ​បន្ថែម​ឧស​ឲ្យ​ដល់​ភ្លើង​ដូច្នោះ​ឯង ។ ដោះ​ស្រាយ​បញ្ហា​មិន​ចំណុច វា​ប្រៀប​បី​ដូច​ជា​ការ​លេប​របស់​ស្លែង​ដើម្បី​ព្យាបាល​រោគ​ដូច្នេះ​ដែរ សូម្បី​សម​តាម​បំណង​ក៏​ពិត​ហើយ ប៉ុន្តែ​រោគ​មិន​បាន​រម្ងាប់​ទៅ​ឡើយ​មាន​តែ​រើ​ឡើង​ហើយ​ធ្វើ​ទុក្ខ​ខ្លាំង​លើស​ដើម ។ តាម​ពិត​ហេតុ​នៃ​សេចក្តី​ទុក្ខ​នេះ គឺ​សេចក្តី​ស្រឡាញ់​ដែល​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​ហ្នឹង​ឯង តើ​យើង​គួរ​សំកុក​កើត​ទុក្ខ រង់​ចាំ​ឲ្យ​អ្នក​ដទៃ​ត្រឡប់​មក​ស្រឡាញ់​យើង​វិញ ទើប​យើង​បាត់​កើត​ទុក្ខ​ឬ​យ៉ាង​ម៉េច ? តើ​បើ​យើង​ប្រើ​បញ្ញា​ពិចារណា​ការ​ពិត យើង​នឹង​ទទួល​យក​ការ​ពិត ហើយ​អប់​រំចិត្ត​ដើម្បី​លះ​កាត់​នូវ​សេចក្តី​ស្រឡាញ់​ចោលចេញ សេចក្តី​ទុក្ខ​រមែង​មិន​មាន​ឡើយ ។ មនុស្ស​ប្រុស​ស្រី​ភាគ​ច្រើន​ គឺ​ច្រើន​តែ​ចាប់​ហេតុ​ខុស​ទើប​មិន​អាច​ដោះ​បញ្ហា​បាន ។ រឿង​ដទៃ​ៗ ផ្សេង​ទៀត ក្រៅ​ពី​រឿង​សេ្នហា​នេះ ក៏​មាន​ទំង​ដូច​គ្នា​ត្រូវ​ព្យាយាម​ស្រាវជ្រាវ​រាវ​រក​ដើម​ហេតុ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ហើយ​គប្បី​កម្ចាត់​នូវ​ដើម​ហេតុ​នេះ​ឲ្យ​អស់​រលីង​ទៅ ទើប​សេចក្តី​ទុក្ខ​វា​រលត់​ទៅ​បាន ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ សុខចិត្ត វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1057/Untitled-1-Recovered.jpg
ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ១៣,៣១២ ដង)
ជា​ធម្មតា​មនុស្ស​យើង​ដោយ​ទូ​ទៅ ម្នាក់​ៗ រមែង​មាន​ចំណុច​ល្អ​ខ្លះ មានចំណុច​អាក្រក់​ខ្លះ​ នឹង​រក​មនុស្ស​ល្អ​សុទ្ធ មិន​ឲ្យ​មាន​ចំណុច​ខ្វះ​ខាត​សោះ​នោះ​មិន​បាន​ឡើយ ។ មាន​ចំណុច​ខ្លះ យើង​ថា​ល្អ អ្នក​ដទៃ​ថា​មិន​ល្អ​ចំណុច​ខ្លះ​ទៀត យើង​ថា​មិន​ល្អ តែ​អ្នក​ដទៃ គេ​ថា​ល្អ​។ រឿង​រ៉ាវ​ លក្ខណៈ​ ឬ ការ​ធ្វើ​របស់​អ្នក​ដទៃ​ ដែល​ធ្វើ​ឲ្យ​យើង​ក្រោធ​នោះ​គឺ​ជា​ចំណុច​ខ្សោយ ឬ ចំណុច​ខ្វះ​ខាត​របស់​គេ​ម្យ៉ាង ឬ អាច​ជា​ផ្នែក​ដែល​មិន​ត្រូវ​ចិត្ត​យើង ។ កាល​បើ​ចំណុច​មិន​ល្អ​របស់​គេ ឬ​ផ្នែ​កណា​មួយ​របស់​គេ​ដែល​មិន​ត្រូវ​ចិត្ត​យើង​នោះ​ធ្វើ​ឲ្យ​យើង​ក្រោធ​ខឹង យើង​កុំ​ចេះ​តែ​នឹក​ដល់​ចំណុច​នោះ ផ្នែក​នោះ​រហូត​របស់​គេ​តែ​ប៉ុណ្ណោះ គប្បី​បែរ​ទៅ​មើល​ឬ​រលឹក​ដល់​សេច​ក្តី​​ល្អ​របស់​គេ​ផង សេចក្តី​ល្អ​មាន​ដោយ​កាយ មាន​ដោយ​វា​ចា និង​មាន​ដោយ​ចិត្ត ។ ម្យ៉ាង​ទៀត ដែល​ថា​គេ​មនុស្ស​មិន​ល្អ ហើយ​ធ្វើ​ឲ្យ​យើង​ក្រោធ​នោះ គឺ​ដោយ​សារ​តែ​លោភៈ ទោសៈ មោហៈ​ក្នុង​ខ្លួន​របស់​គេ​​ហ្នឹង​ឯង ទើប​ធ្វើ​ឲ្យ​គេ​ទៅ​ជា​មនុស្ស​មិន​ល្អ​យ៉ាង​នេះ​មួយ យ៉ាង​នោះ​មួយ ។ ក្នុង​មនុស្ស​ម្នាក់​ៗ​ទោះ​ជា​អាក្រក់​សាមាន្យ ឬ​សាហាវ​យង់​ឃ្នង​យ៉ាង​ណា​ក៏​ដោយ​បើ​ដក​យក​លោភៈ ទោសៈ និង​មោហៈ​ចេញ​អស់​ហើយ ក៏​គឺ​ជា​ព្រះ​អរហន្ត​ដែ​ល​គួរ​ឲ្យ​យើង​ថ្វាយ​បង្គំ​គោរព​បូជា​ពិត​ៗដូច្នេះ​ យើង​ត្រូវ​រៀន​ពិចារណា ឲ្យ​ឃើញ​លោភៈ​ថា​ជា​លោភៈ ឃើញ​ទោសៈ​ថា​ជា​ទោសៈ ឃើញ​មោហៈ​ថា​ជា​មោហៈ តាម​សភាវៈ​ពិត គឺ​ត្រូវ​ឲ្យ​ច្បាស់​ថា​វា​ជា​កិលេស​មារ​នៅ​ជ្រែក​ក្នុង​មនុស្ស​គ្រប់​គ្នា ។ ការ​ពិចារណា ឃើញ​យ៉ាង​នេះ​នាំ​ឲ្យ​យើង​កាត់​បន្ថយ​នូវ​ការ​ប្រកាន់​ទោស​របស់​មនុស្ស​ផង​គ្នា ហើយ​បន្ថែម​ការ​ចម្រើន​ករុណា​ធម៌​ទៅ​លើ​សត្វ​លោក​ទាំង​អស់​វិញ ព្រម​ទាំង​ខ្លួន​យើង​ផង ព្រោះ​ថា សត្វ​លោក​ទាំង​អស់​ព្រម​ទាំង​ខ្លួន​យើង សុទ្ធ​តែ​ជា​ត្រូវ​កិលេស​មារ​បៀត​បៀន ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ " វិធី​រម្ងាប់​សេចក្តី​ក្រោធ" រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ធម្មាចារ្យ ប៊ុត សាវង្ស ។ វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1058/2026-08-19_18_52_44-Greenshot.jpg
ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ១២,៣៣២ ដង)
គប្បី​ពិចារណា​ក្នុង​ ៧ ចំណុច​នេះ ១- ប្រហារ​ផ្លូវ​ចិត្ត​ខ្លួន​ឯង​ព្រោះ​សេចក្តី​ក្រោធ បើ​យើង​ត្រូវ​ចោរ​បៀត​បៀន ក៏​ចំពោះ​តែ​ផ្លូវ​កាយ​ប៉ុណ្ណោះ ឯ​ចំណែក​ខ្លួន​ឯង​វិញ ព្រោះ​ការ​ខឹង​ក្រោធ​កើត​ឡើង បាន​ប្រហារ បាន​បៀត​បៀន បាន​ដុត​រោល​ដល់​សន្តាន​ចិត្ត​របស់​ខ្លួន​ឯង ព្រោះ​ហេតុ​នេះ បើ​យើង​គិត​ថា មេត្តា​គេ​មិន​បាន​ទេ គឺ​សូម​កុំ​ភ្លេច​មេត្តា​ខ្លួន​ឯង​ឲ្យ​សោះ កុំ​ដុត​ចិត្ត​ខ្លួន​ឯង​ដោយ​សេចក្តី​ក្រោធ​ឡើយ ។​ ២- គាំ​ទ្រ​សេចក្តី​ក្រោធ ដែល​កាត់​ឬស​គល់​នៃ​កុសល​ទាំង​ឡាយ​របស់​ខ្លួន សេចក្តី​ក្រោធ​ឲ្យ​យើង​វិនាស​នូវ​កុសល​គ្រប់​យ៉ាង មាន​កុសល​សីល​ជា​ដើម កាល​បើ​យើង​គាំ​ទ្រ​សេចក្តី​ក្រោធ តើ​យើង​ហ្នឹង​ល្ងង់​ប៉ុន​ណា ទៅ ? ៣- ធ្វើ​អំពើ​ព្រៃ​ផ្សៃ​ឲ្យ​ដល់​ខ្លួន​ឯង ព្រោះ​សេចក្តី​ក្រោធ​យើង​កើត​ទុក្ខ​មិន​សុខ​ចិត្ត ដោយ​គិត​ថា គេ​បាន​ធ្វើ​អំពើ​ព្រៃ​ផ្សៃ​រំលោភ​បំពាន​មក​លើ​យើង ចុះ​ចំណែក​ខ្លួន​យើង​ដែល​ដុត​ចិត្ត​ខ្លួន​ឯង ឲ្យ​ក្តៅ​រោល​រាល និង​ដុត​បំផ្លាញ​នូវ​គុណ​ធម៌​ផ្សេង​ៗ ទៀត​ជា​ច្រើន​របស់​ខ្លួន​នោះ តើ​វា​ព្រៃ​ផ្សៃ​ប៉ុនណា​ដែរ​ទៅ ។ ៤- វា​ជា​ចំណុច​ខ្សោយ​របស់​យើង កាល​បើ​អ្នក​ដទៃ​ចង់​បៀត​បៀន​យើង គេ​ប្រើ​នូវ​ល្បិច​កល​ផ្សេង​ៗ ដើម្បី​ឲ្យ​យើង​ខឹង​ក្រោធ ដូច្នេះ​ការ​ខឹង​ក្រោធ​វា​ជា​ចំណុច​ខ្សោយ​មួយ​របស់​យើង ដែល​ធ្វើ​ឲ្យ​បំណង​របស់​គេ​បាន​សម្រេច ។ ៥- គួរ​ឲ្យ​តិះ​ដៀល​ខ្លួន​ឯង​ណាស់ នៅ​ពេល​ដែល​យើង​ខឹង​ ទោះ​ជា​យើង​ប្រាថ្នា​បៀន​គេ​ក្តី ឬ​មិន​ប្រាថ្នា​ក្តី​តែ វា​បាន​បៀត​បៀន​ខ្លួន​ឯង​រួច​ស្រេច​ទៅ​ហើយ ។ តាម​ធម្មតា​យើង​ស្រឡាញ់​ខ្លួន​ឯង​ខ្លាំង​ណាស់ តែ​ដល់​ពេល​ខឹង​ក្រោធ​យើង​ល្ងង់​ដល់​ថ្នាក់​បៀត​បៀន​ខ្លួន​ឯង ។ ៦- ឡើង​កាន់​ផ្លូវ​ទៅ​រក​គ្រោះ​ថ្នាក់ បើ​យើង​ដឹង​ថា​ពួក​អ្នក​ក្រោធ​ទាំង​ឡាយ ឡើង​កាន់​ផ្លូវ​គ្រោះ​ថ្នាក់ ផ្លូវ​មរណៈ​ទៅ​ហើយ​នោះ ហេតុ​អ្វី​យើង​ត្រូវ​ទៅ​តាម​ផ្លូវ​នោះ​ដែរ ឬ​មួយ​យើង​មិន​ដឹង​ថា​សេចក្តី​ក្រោធ​ជា​ផ្លូវ​នៃ​សេចក្តី​វិនាស​អន្តរាយ​ទេ? ៧- ខន្ធ​ ៥ ជា​ទុក្ខ ឬ ព្រោះ​យើង​កើត​មក​ទើប​យើង​មាន​ទុក្ខ មាន​សត្រូវ​ណា​មក​ធ្វើ​ទុក្ខ​ឲ្យ​យើង​បាន បើ​យើង​មិន​កើត​មក​ទេ​នោះ អធិប្បាយ​ថា ព្រោះ​បញ្ចក្ខន្ធ​កើត​ឡើង​ទើប​មាន​ទុក្ខ​ ទុក្ខ​រមែង​មិន​មាន​កាល​ណា​ដែល​អស់​បញ្ចក្ខន្ធ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ វិធី​រម្ងាប់​សេចក្តី​ក្រោធ​ រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​​ធម្មាចារ្យ ប៊ុត សាវង្ស ។ វាយ​អត្ថបទ​ដោយៈ កញ្ញា​ ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1560/Untitled-1-Recovered.jpg
ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ១១,៥៨៩ ដង)
គប្បី​ពិចារណា​ថា ទាំង​យើង​ទាំង​គេ សុទ្ធ​តែ​មាន​កម្ម​ជា​របស់ខ្លួន រៀងៗ​ខ្លួន ធ្វើ​កម្ម​អ្វី​ទុក​មក​ក៏​បាន​ទទួល​ផល​នៃ​កម្ម​នោះ។ ផ្ដើម​ដោយ​ការ​ពិចារណា​ខ្លួន​ឯង​ថាបើ​យើង​ក្រោធ​ហើយ ទោះ​ជា​ធ្វើ​អ្វី​ក៏​ដោយ ការ​ធ្វើ​របស់​យើង​នោះ​កើត​ពី​ទោសៈ​ដែល​ជា​អកុសល​មូល កម្ម​របស់​យើង​រមែង​ជា​កម្ម​អាក្រក់ ដែល​នឹង​បង្ក​ឲ្យ​កើត​ផល​អាក្រក់ មាន​តែ​សេចក្ដី​ក្ដៅ​ក្រហាយ មិនជា​ប្រយោជន៍​ក្នុង​លោក​នេះ ហើយ​យើង​នឹង​ទទួល​ផល​របស់កម្ម​នោះ​តទៅ​មុខ​វែង​ឆ្ងាយ​ទៀត។ ម្យ៉ាង​ទៀត​ កាល​បើ​យើង​ធ្វើ​កម្ម​អាក្រក់​ដែល​កើតអំពី​ទោសៈ​នោះ មុន​នឹង​យើង​បៀត​បៀន​បំផ្លាញ​អ្នក​ដទៃ​យើង​បាន​ប្រទូស​រ៉ាយ​នឹង​ខ្លួន​ឯង ដុត​រោល​ខ្លួន​ឯងជា​មុន​ស្រេច​ទៅ​ហើយ ដូច​យក​ដៃ ទាំង​ពីរ​ចាប់​ដុំ​រងើក​ភ្លើង គប់​គ្រវែង​ដាក់​អ្នក​ដទៃ វារ​រមែង​ឆេះ​ដៃ​ខ្លួន​ឯង​ជា​មុន​ឬ​ដូច​ជា​ចាប់​លាមក​ចោល​ដាក់​ទៅ​គេ ក៏​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្អុយ​ជា​មុន​រួច​ស្រេច​ទៅ​ហើយ​ដែរ។ កាល​ពិចារណា​អំពី​កម្ម​ដែល​ខ្លួន​ឯង​បាន គឺ​កាល​ដែល​គេ​ក្រោធ​ហើយ​ គេ​បាន​ធ្វើ​នូវ​កម្ម​អាក្រក់ គេ​នឹង​ទទួល​បាន​ផល​កម្ម​របស់​គេ​តទៅ កម្ម​អាក្រក់​នោះ​ នឹង​មិន​ជួយ​ឲ្យគេ​បាន​ទទួល​ផល​ល្អ មាន​សេចក្ដី​សុខ​អ្វី​ឡើយ មាន​តែ​ផល​អាក្រក់ ចាប់​ផ្ដើមតាំង​អំពី​ដុត​រោល​ចិត្ត​របស់​គេ​ជា​ដើមទៅ។ ក្នុង​កាល​ដែល​មនុស្ស​យើង​មាន​កម្ម​ជា​របស់​ខ្លួន​រៀងៗ​ខ្លួន ទទួល​ផល​កម្ម​រៀង​ៗ​ខ្លួន ដូច្នេះ យើង​មិន​ចាំ​បាច់​គិត​ខ្វល់ខ្វាយ​ឲ្យ​ក្ដៅ​ក្រហាយ​ចិត្ត​នោះ​ទេ តាំង​ចិត្ត​ធ្វើ​តែ​អំពើ​ល្អ​ទៅ​បាន​ហើយ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ វិធី​រម្ងាប់​សេចក្ដី​ក្រោធ ដោយ​៥០០០​ឆ្នាំ​
images/articles/1562/2026-08-19_09_45_24-Greenshot.jpg
ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ១៦,៦៨៨ ដង)
ព្រះពុទ្ធ​ជា​អង្គ​ម្ចាស់​មុន​នឹង​បាន​ត្រាស់​ដឹង ទ្រង់​បាន​បំពេញ​នូវ​ព្រះបារមី​ទាំង​ឡាយ អស់​កាល​ដ៏​យូរ​អង្វែង​រហូត​មក ទ្រង់​បាន​បំពេញ​នូវ​ប្រយោជន៍​ឲ្យ​ដល់​អ្នក​ដទៃ ដោយ​ព្រះអង្គ​ព្រម​លះ​បង់​សូម្បី​តែ​ព្រះជន្ម​របស់​ព្រះអង្គ​ឯង។ព្រះអង្គ​កាល​ដែល​ត្រូវ​គេ​បៀត​បៀន ដោយ​វិធី​ផ្សេងៗ ទ្រង់​មិន​ក្រោធ​ឡើយទ្រង់​យក​សេចក្ដី​ល្អ​ចូល​មក​ជំនួស។ ដល់​ទៅ​ថ្នាក់​គេ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះអង្គ​ព្យាយាម​សម្លាប់​ព្រះអង្គ ទ្រង់​ក៏​មិន​មាន​ចិត្ត​គិត​ប្រទូស​រ៉ាយ​ដែរ។ ពេល​ខ្លះ​ព្រះអង្គ​ជួយ​គេ​ដោយ​ប្រឹង​ប្រែង​ជាទី​បំផុតជំនួស​អ្វី​ដែល​គេ​ត្រូវ​ដឹងគុណ គេ​ត្រឡប់​បែរ​ជា​ប្រទូសរ៉ាយ​មក​រក​ព្រះអង្គ​វិញ ទោះ​បី​យ៉ាង​នេះ​ក៏​ដោយ ក៏​ព្រះអង្គមិន​ក្រោធ​ដែរ ព្រះអង្គ​នៅ​តែ​ធ្វើ​ល្អ​ដល់​គេ​ត​ទៅ​ទៀត។ ពុទ្ធ​ចរិយា​ដូច​ដែល​ពោល​មក​នេះ ជា​គុណ​ជាតិ​ដែល​មនុស្ស​ទូទៅ​លំបាក​នឹង​បដិបត្តិ​បាន តែ​ក៏​ជា​តួ​យ៉ាង​ដ៏​ល្អ ដែល​ពុទ្ធ​បរិស័ទ​គួរ​នាំ​យក​មក​រំលឹក​ដាស់​តឿន​ខ្លួន ក្នុង​កាល​ដែល​បាន​ជួប​ប្រសព្វ​នូវ​ហេតុ​ការណ៍​ផ្សេងៗ។ ការ​នាំ​យក​នូវ​ពុទ្ធ​ចរិយា​ជា​តួ​យ៉ាង​បែប​នេះ​មក​រំលឹក​ដាស់​តឿន​ខ្លួន​ នាំ​ឲ្យ​យើង​មាន​សេចក្ដី​អត់​ធន់ ព្រោះ​អ្វី​ដែល​យើង​បាន​ទទួល​ដូច​សព្វ​ថ្ងៃ​នេះ កាល​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ព្រះពុទ្ធជា​អង្គ​ម្ចាស់ ដែល​ទ្រង់​បាន​ជួប​ប្រសព្វ​មក​ហើយនោះ រឿង​របស់​យើង​ចាត់​ថា​បន្តិចបន្តួចណាស់ គឺ​មិន​អាច​ប្រៀប​ធៀប​នឹង​ព្រះអង្គ​បាន​ទេ។ ក្នុង​ហេតុ​ការណ៍​ដែល​ព្រះពុទ្ធ​ជា​អង្គ​ម្ចាស់ ទ្រង់​បាន​ជួប​ប្រសព្វ​មក​ហើយ​នោះ គឺ​ធ្ងន់ធ្ងរ​ក្រៃ​លែង​ណាស់ ព្រះអង្គ​នៅ​តែ​រម្ងាប់​សេចក្ដី​ក្រោធ​បាន នៅ​តែ​មាន​មេត្តា​ត​ទៅ​ទៀត ចុះ​វា​ជា​អ្វី​ដែរ ចំពោះ​ករណី​បន្តិច​បន្តួច​របស់​យើង​នេះ ដែល​យើង​ជា​សិស្ស​របស់​ព្រះអង្គ​ថា​មិន​អាចរម្ងាប់​បាន។ បើ​យើង​មិន​ដើរ​តាម​ព្រះចរិយា​វត្ត​របស់​ព្រះអង្គ​ទេ គឺ​ជា​ការ​មិន​សម​គួរ​ឡើយ ត្រង់​ដែល​យើង​យក​ព្រះអង្គ​ជា​ព្រះសាស្ដា​នោះ។ ពុទ្ធ​ចរិយាវត្ត ទាក់​ទង​នឹង​សេចក្ដី​អត់​ធន់ ការ​លះបង់ ព្រម​ទាំង​មេត្តា​ករុណា​របស់​ព្រះអង្គ លោក​បាន​ចងក្រង​ទុក​ក្នុង​ព្រះជាតក មាន​ច្រើន​រឿង​ណាស់ ហើយ​ដោយ​ច្រើន​សុទ្ធ​តែ​វែងៗ ដែល​មិន​អាច​នាំ​យក​មក​សម្ដែង​ទុក​ក្នុង​ទី​នេះ​បាន គ្រាន់​តែ​សូម​លើក​យក​ព្រះជាតក ជា​តួ​យ៉ាង​ខ្លីៗ និង​ដោយ​សេចក្ដី​សង្ខេប​មក​តែ​ប៉ុណ្ណោះ គ្រា​មួយ ព្រះ​របមពោធិសត្វ​កើត​ជា​ព្រះ​រាជា​ក្រុង​ពារាណ​សី មាន​ព្រះ​នាម​ថា ព្រះបាទ​មហាសីលវៈ គ្រា​នោះ​អាមាត្យ​ម្នាក់​របស់​ព្រះអង្គ​មាន​កំហុស ត្រូវ​និរទេស។ អាមាត្យ​នោះ​ឯង​បាន​ចូល​ទៅ​បម្រើ​ការ​ថ្វាយ​​ព្រះ​បាទ​កោសល។ ដោយ​អាមាត្យ​នោះ​មាន​គំនុំ​ក៏​បាន​ឲ្យ​ចោរ​ចូល​មក​លួច​ប្លន់ នៅ​ក្នុង​ដែន​ដី​របស់​ព្រះបាទ​មហាសីលវៈ​ជា​រឿយៗ។ កាល​ដែល​រាជ​បុរស​ចាប់​ចោរ​ទាំង​នោះ​បានព្រះ​មហាសីលវៈ​ទ្រង់​ទូន្មាន​អប់រំ​ហើយ ក៏​លែង​ឲ្យ​រួច​ខ្លួន​ទៅ ព្រម​ទាំង​បាន​ប្រទាន​ទ្រព្យ​ឲ្យ​ខ្លះ​ផង ដូច​នេះ​ជានិច្ច។ ក្នុង​ទី​បំផុត អាមាត្រ​កំហូច​នោះ ក៏​យក​ហេតុ​ការណ៍​ទាំង​អស់​នេះ មក​ញុះញង់​ព្រះបាទ​កោសល​ថា​ ព្រះបាទ​សីលវៈ​ទន់​ខ្សោយ​ណាស់ បើ​លើក​ទ័ព​ទៅ​ច្បាំង​គង់​នឹង​ដណ្ដើម​យក​នគរ​ពារាណសី​បាន​ដោយ​ងាយ។ ព្រះបាទកោសល​ទ្រង់​ជឿ ទើប​លើក​ទ័ព​ចូល​មក​ច្បាំង​ដណ្ដើម​យក​នគរ​ពារាណសី។ ព្រះ​មហាសីលវៈ​ទ្រង់​មិន​ឲ្យ​ប្រជារាស្ដ្រ​ក្ដៅ​ក្រហាយ​ដោយ​សង្គ្រាម ទើប​ព្រះអង្គ​មិន​​តប ត អ្វី​ឡើយ ព្រះអង្គ​បណ្ដោយ​ឲ្យ​ព្រះបាទ​កោសល​ដណ្ដើម​យក​រាជ​សម្បត្តិ​ហើយ​ចាប់​ព្រះអង្គ​បាន។ ព្រះបាទ​កោសល​ចាប់​ព្រះបាទ​សីលវៈ​បាន​ហើយ ក៏​ឲ្យ​យក​ទៅ​កប់​ទាំង​រស់​ត្រឹម​ក ក្នុង​ព្រៃ​ស្មសាន រង់​ចាំ​ដល់​ពេល​យប់​ជ្រៅ​នឹង​ឲ្យ​ឆ្កែ​ចចក​មក​ស៊ី​តាម​វិធី​ប្រហារ​ជីវិត​ក្នុង​សម័យ​នោះ។ ដល់​ពេល​ពាក់​កណ្ដាល​យប់ ឆ្កែ​ចចក​ចូល​មក ព្រះបាទ​សីលវៈ​ទ្រង់​ប្រើ​ប្រាជ្ញា​និង​សេចក្ដី​ក្លាហាន បាន​យកចង្កា​សង្កត់​មាត់​ឆ្កែ​ចចក​មួយ ដែល​ចូល​មក​រក​ខាំ​ក​របស់​ខ្លួន​ព្រះ​អង្គ កាល​ឆ្កែ​នោះ​ភ្ញាក់​ផ្អើល​និង​ខំ​ប្រឹង​រើ​បម្រះ​វីវក់​នោះ ឆ្កែ​ចចក​ផ្សេងៗ​ទៀត​ក៏​រត់​ទៅ​ ហើយ​ធ្វើ​ឲ្យ​ដី​ក្នុង​បរិវេណ​រណ្ដៅ​កប់​ព្រះអង្គ ខ្ចាត់ខ្ចាយ​របើក​ចេញ រហូត​ដល់​ធ្វើ​ឲ្យ​ទ្រង់​កែខៃ​នាំ​ខ្លួន​ព្រះអង្គ​ចេញ​មក​បាន។នៅ​ក្នុង​ពេល​យប់​នោះ​ឯង ទ្រង់​បាន​លប​ចូល​ទៅ​រហូត​ដល់​បន្ទប់​ផ្ទំ​របស់​ព្រះបាទ​កោសល ព្រម​ដោយ​ព្រះ​ខ័ន ទ្រង់​ទុក​ជីវិត​ព្រះបាទកោសល ទ្រង់​ព្រះរាជទាន​អភ័យ​ហើយ​ទ្រង់​យក​ព្រះនគរ​របស់​ព្រះអង្គ​មក​វិញ។ ព្រះ​បាទ​កោសល​ស្បថ​មិនឈ្លាន​ពាន​នគរ​ពារាណសី​ទៀត​ឡើយ។ ព្រះ​បាទ​សីលវមហារាជ ទ្រង់​បាន​ស្ថាបនា​ព្រះ​បាទ​កោសល​ឲ្យ​ជា​សម្លាញ់ ហើយ​ទ្រង់​ឲ្យ​ត្រឡប់​ទៅ​គ្រប់​គ្រង​ដែល​កោសល​ដូច​ដើម​វិញ តរៀង​ទៅ។អាមាត្យ​កំហូច​បាន​មក​ជា​ទេវទត្ត។ ឯ​ចំណែក​ ព្រះបាទសីលវមហារាជ​បាន​មក​ជា​ព្រះតថាគត។(មហាសីលវជាតក ក្នុង​ឯកនិបាតជាតក ចប់​ដោយ​សង្ខេប) រឿង​មួយ​ទៀត​ គឺ​ព្រះបរម​ពោធិសត្វ កើត​ជា​មហាពានរ​នៅ​ក្នុង​ព្រៃ។ គ្រានោះ​មាន​បុរស​ម្នាក់​តាម​រក​គោ​របស់​ខ្លួន បាន​ចូល​មក​កណ្ដាល​ព្រៃ ហើយ​ភ្លាត់​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ ឡើង​មិន​រួច អត់​អាហារ អស់​កម្លាំង ស្លេកស្លាំង​នៅ​ក្នុង​ជ្រោះ​ហ្នឹង​ឯង។១០ ថ្ងៃ​កន្លង​មក មហាពានរ​បាន​ចុះ​ទៅ​ជួប​កើត​ក្ដី​អាណិត ទើប​ជួយ​ឲ្យ​ឡើង​មក​បាន។ កាល​មហាពានរ​ហត់នឿយ​ទើប​សម្រាក​យក​កម្លាំង ហើយ​ក៏​ដេក​លក់​ទៅ។ បុរស​នោះ​បាន​កើត​គំនិត​អាក្រក់ ដោយ​គិត​ថា​ ស្វានេះ ក៏​ជា​អាហារ​របស់​មនុស្ស ដូច​សត្វ​ព្រៃ​ដទៃ​ៗ​ផ្សេង​ដែរ​ឥឡូវ​នេះ​អញ​ឃ្លាន​ខ្លាំង​ណាស់ អញ​នឹង​សម្លាប់​ស្វានេះ​ស៊ី​រួច​ហើយ​នៅ​សល់​សាច់ អញ​នឹង​យក​ទុក​ធ្វើ​ស្បៀង​ ទៅ​តាម​ផ្លូវ។ គិត​ដូច្នេះ​ហើយ ក៏​បាន​រក​ដុំ​ថ្ម​ធំ​មួយ​ដុំ យក​មក​គប់​ក្បាល​មហាពានរ​ក្នុង​ពេល​នោះ​ឯង។ ដុំ​ថ្ម​នោះ​បាន​ធ្វើ​ឲ្យ​មហាពានរ​របួស​ជា​ទម្ងន់ តែ​មិន​ដល់​ស្លាប់​ទេ ដោយ​សារ​កម្លាំង​គប់​នោះ​មាន​សភាព​ខ្សោយ។ មហាពានរ​ភ្ញាក់​ដឹង​ខ្លួន ប្រឹង​គេច​រត់​ឡើង​ទៅ​លើង​ដើម​ឈើ សម្លឹង​មើល​មក​មនុស្ស​អាក្រក់​ដែល​ជា​មនុស្ស​ទ្រុស្ដ​មិត្ត​នោះ​ទាំង​ឈាម​កំពុង​ហូរ​ស្រោច​ខ្លួន។ ដោយ​ក្រែង​ថា​បុរស​នោះវង្វេង​រក​ផ្លូវ​ចេញ​ពី​ព្រៃ​មិន​បាន​ដូច្នេះ​ទាំង​ដែល​ខ្លួន​កំពុង​តែ​ឈឺ​ចាប់​ដ៏​ខ្លាំង​ក្លា ក៏​នៅ​ខំលោត​ទៅ​តាម​មែក​ឈើ ដើម្បី​ជួយ​នាំ​ផ្លូវ​បុរស​នោះ​ចេញ​ផុត​ពី​ព្រៃ​ទៀត​ផង។(មហាកបិជាតក​ក្នុង​តឹសតិនិបាតចប់​ដោយ​សង្ខេប) ដក​ស្រង់​ចេញ​ពី​សៀវភៅ វិធី​រម្ងាប់​សេចក្ដី​ក្រោធ ដោយ​៥០០០​ឆ្នាំ​
images/articles/1564/Untitled-1-Recovered.jpg
ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ១៣,៦២៨ ដង)
ធម៌​ដែល​ផ្ទុយ​គ្នា​ពី​សេចក្ដី​ក្រោធ គឺ​មេត្តា។ សេចក្ដី​ក្រោធមាន​ទោស បង្ក​ផល​អាក្រក់​ដ៏​ក្រៃ​លែង យ៉ាង​ណា​មេត្តា​ក៏​មាន​គុណ បង្ក​ផល​ល្អ​ច្រើន​ក្រៃលែង​ដូច្នោះ​ដែរ។ កាល​បើ​ដូចនេះ ទើប​គួរ​រម្ងាប់​សេចក្ដី​ក្រោធ ហើយ​តាំង​ចិត្ត​មេត្តា​មក​ជំនួស​វិញ ឲ្យ​មេត្តា​ហ្នឹង​ឯង ជួយ​កម្ចាត់​កម្ចាយ និង​ការពារ​រាំរាំង​សេចក្ដី​ក្រោធ រហូត​ដល់​បាន​ឈ្នះ​ជា​ស្នាពរ។អ្នក​មាន​មេត្តា​អាច​យក​ឈ្នះ​ចិត្ត​អ្នក​ដទៃ​បាន ជា​ជ័យ​ជម្នះ​ដ៏​ប្រសើរ អ្នក​ដែល​តាំង​នៅ​ក្នុង​មេត្តា​ ឈ្មោះ​ថា​ធ្វើ​នវ​ប្រយោជន៍​ទាំង​ពីរ គឺ​ប្រយោជន៍ខ្លួន​ឯង និង ប្រយោជន៍​អ្នក​ដទៃ។មេត្តា​បាន​ធ្វើ​ចិត្ត​ឲ្យ​ស្រស់​ថ្លា ស្អាត​ផូរផង់ មានសេចក្ដី​សុខ។ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​អានិសង្ស​របស់​មេត្តា​មាន​ ១១ ប្រការ៖ ១- ដេក​លក់​ជា​សុខ បើ​យើង​ក្រោធ​ជា​មួយ​អ្នក​ដទៃ​យើង​បី​ដូច​ជា​ត្រូវ​ថ្នាំ​ពិស មិន​បាន​ដេក​នៅ​ជា​សុខ​ឡើយ​ដូច្នេះ ទើប​ត្រូវ​ចម្រើន​នូវ​មេត្តា រស់​នៅ​ជា​មួយ​នឹង​មេត្តា​ធម៌ ព្រម​ទាំង​គុណធម៌​ផ្សេង​ៗ​ទៀត​ផង។ ២- ភ្ញាក់​ឡើង​ក៏​ជា​សុខ សុខ​សប្បាយ​ក្នុង​ចិត្ត​ដោយ​ពី​ថ្ងៃ​មុន​មិន​បាន​ធ្វើ​អាក្រក់​ព្រោះ​ក្រោធ​ឡើង និង​ដោយ​នឹក​ឃើញ​ដល់​អំពើ​ល្អ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ។ ៣- មិន​យល់​សប្តិ​អាក្រក់ សូម្បី​តែ​យល់​សប្តិ​ក៏ឃើញ​តែ​អារម្មណ៍​ៗ ដូច​ជា ថ្វាយ​បង្គំ​ព្រះ​ពោធិព្រឹក្ស ហែកឋិន និង​ឃើញ​ធ្វើ​បុណ្យ​ផ្សេងៗ​ទៀត ដោយ​មិន​បាន​យល់​សប្តិ​ឃើញ​កាប់​ចាក់​ឈ្លោះ​ប្រកែក​គ្នា​ជា​ដើម​ឡើយ។ ៤- ជាទី​ស្រលាញ់​នៃ​មនុស្ស​ទាំង​ឡាយ បើ​យើង​ត្រូវ​ការ​ឲ្យ​មនុស្ស​ទាំង​ឡាយ​ស្រឡាញ់​យើង គឺ​យើង​ត្រូវ​រៀន​ឲ្យ​ចេះ​ស្រឡាញ់​អ្នក​ដទៃ​ជា​មុន​សិន គឺ​រៀនឲ្យ​មាន​មេត្តា។ ៥- ជាទី​ស្រលាញ់​នៃ​អមនុស្ស​ទាំង​ឡាយ យើង​ត្រូវ​ទុក​អមនុស្ស​ទាំង​ឡាយ ទេវតា​ទាំង​ឡាយ​ជា​មិត្ត​រួម​កើត​ រួម​ចាស់ រួម​ឈឺ រួម​ស្លាប់​ជា​មួយ​នឹង​យើង។ នៅ​ពេល​ដែល​យើង​ធ្វើ​កុសល​អ្វី​រួច​ហើយ យើង​ត្រូវ​ឧទ្ទិស​កុសល​នោះ​ឲ្យ​ដល់អមនុស្ស​និង​ទេវតា​ទាំង​ឡាយ​ផង។ ៦- ទេវតា​ទាំង​ឡាយ​ជួយ​ថែរក្សា ទោះ​ជា​ទេវតា​រក្សា​ក៏​មិន​អាច​រក្សា​ចិត្ត​យើង​បាន​ដែរ គឺ​មាន​តែ​គុណធម៌ មាន​មេត្តា​ជា​ដើម​ប៉ុណ្ណោះ​ទេ ដែល​អាច​រក្សា​ចិត្ត​យើង​បាន។ ៧- មិន​ត្រូវ​សស្ត្រា​វុធ​ជា​ដើម ដែលជា​អន្ដរាយខាង​ក្រៅ​ឡើយ មេត្តា​ជា​ធម៌​រម្ងាប់​នូវ​ពៀរ អ្នក​ចម្រើន​នូវ​មេត្តា​ជា​អ្នក​ស្លូត​បូត រហូត​ដល់​បាន​សម្រេច​អប្បនាសមាធិ​ជា​គុណ​ជាតិ​ដ៏​ប្រសើរ ដែល​អាច​ការពារ​អន្ដរាយ​បាន។ ៨- មាន​ចិត្ត​តាំង​មាំ​បាន​ដោយ​ឆាប់ មេត្តា​ធម៌ ជា​ធម៌​មាន​ឧបការៈ​ដល់​កុសល​ធម៌​ដទៃ​ទៀត​ខ្លាំងក្លា​ណាស់ ទោះ​ជា​ទាន​ក្ដី សីល​ក្ដី សមថភាវនា​ក្ដី វិបស្សនាភាវនាក្ដី។ ៩- សម្បុរមុខ​ស្រស់​ថ្លា ព្រោះ​ដោយ​អំណាច​នៃ​មេត្តាបាន​ញ៉ាំង​ឲ្យ​រូប​ស្រស់​បស់ ទឹក​មុខ​គួរ​ឲ្យ​រាប់​អាន។ ទោះបី​អ្នក​ស្អាត​ពី​កំណើត​មក​ក៏​ដោយ ក៏​ព្រោះ​មក​អំពី​មាន​បុណ្យ​ដែល​បាន​ធ្វើ​នោះ​ប្រកប​ដោយ​មេត្តា​ដែរ។ ១០- មិន​វង្វេង​នៅ​ពេល​ជិត​ស្លាប់ មនុស្ស​ដែល​វង្វេង​នៅ​ពេល​ជិត​ស្លាប់ ព្រោះ​បាត់​បង់​ស្មារតី ឯធម៌​មេត្តា​ជា​គុណ​ជាតិ​ញ៉ាំង​ស្មារតី​ឲ្យ​ចម្រើន មិន​សន្សំ​ការ​ខឹង​ក្រោធ​ដែល​ជា​បាប​នាំ​ឲ្យ​វង្វេង​នោះ​ឡើយ។ ១១- កាល​បើ​មិន​ទាន់​ត្រាស់​ដឹង​នូវ​គុណ​ធម៌​ជាន់​ខ្ពស់ គឺ​ព្រះអរហត្តទេ រមែង​ចូល​ទៅ​កាន់​ព្រហ្មលោក​ដោយ​អំណាចនៃ​មេត្តា​ចេតោវិមុត្ត។ បើ​ជា​អ្នក​នៅ​ច្រើន​ទៅ​ដោយ​សេចក្ដី​ក្រោធ ឈ្មោះ​ថា ជា​អ្នក​នៅ​ឆ្ងាយ​អំពី​ការ​បាន​អានិសង្ស​ទាំង​នេះ ដូច្នេះ​ទើប​គួរ​ព្យាយាម​ចម្រើន​មេត្តា ឲ្យ​ជា​ធម៌​ប្រចាំ​ចិត្ត ប្រចាំ​ជីវិត ហ្វឹកហាត់​អប់រំ​ឲ្យ​មាន​មេត្តា​ជា​ប្រក្រតី​រាល់​ថ្ងៃ​ព្រោះ​ថា បើ​មេត្តា​ចិត្ត​នៅ​មិន​ទាន់​បាន​មាំទាំ​ទេ គឺ​មិន​អាច​យក​ឈ្នះ​សេចក្ដី​ក្រោធ​បាន​ឡើយ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ វិធី​រម្ងាប់​សេចក្ដី​ក្រោធ ដោយ​៥០០០​ឆ្នាំ​
images/articles/1563/2026-08-19_09_49_30-Greenshot.jpg
ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ១៩,២២២ ដង)
មាន​ព្រះពុទ្ធ​វចនៈ​កន្លែង​មួយ​បាន​សម្ដែង​ថា ក្នុង​សង្សារវដ្ដ គឺ​កាល​វិល​វល់​កើត​ស្លាប់​ដែល​កំណត់​ទីបំផុត​ខាង​ដើម​មិន​បាន​នេះ សត្វណា​ដែល​មិន​ធ្លាប់​ជា​មាតា មិន​ធ្លាប់​ជាបិតា មិន​ធ្លាប់​ជា​បុត្រ មិន​ធ្លាប់​ជា​ធីតា​នឹង​គ្នា សត្វ​នោះ​មិន​ងាយ​រក​បាន​ទេ ដូច្នេះ​ កាល​បើ​មាន​ហេតុ​នាំ​ឲ្យ​ក្រោធ​កើត​ឡើង​ពី​អ្នក​ណា គប្បី​ពិចារណា​ថា បុគ្គល​នោះ​ធ្លាប់​ជាមាតា​របស់​យើង បុគ្គល​នោះ​ធ្លាប់​ជា​បិតា​របស់​យើង។ អ្នក​ដែល​មាន​មាតា​នោះ រក្សា​កូន​ទុក​ក្នុង​ពោះ​ជា​ច្រើន​ខែ គ្រា​កាល​ចាក​ផ្ទៃ​មក​ហើយ ក៏​ចិញ្ចឹម​ថែ​រក្សា​​មិន​ខ្ពើម​មូត្រ​លាមក ទឹក​មាត់​ទឹក​សម្បោរ​ជា​ដើម ចាប់​កាន់​ជូត​លាង​ដោយ​ដៃ​យ៉ាង​ស្និត ឱប​កូន ពកូន បី​កូន​បំបៅ​ដោះ ចិញ្ចឹម​កូន​ឲ្យ​រស់ ឲ្យ​រៀន ។ល។ចំណែក​លោក​ជា​បិតា ត្រូវ​ដើរ​ផ្លូវ​លំបាក​ ផ្លូវ​ឆ្ងាយ​ជួប​ភ័យ​ព្រួយ​ក្នុង​មុខ​របរ​ជួញ​ដូរ បិតា​ខ្លះ​ទៅ​ធ្វើ​សង្គ្រាម​ បិតា​ខ្លះ​ចុះ​ទូក​កណ្ដាល​សមុទ្រ បិតាខ្លះ​ធ្វើ​ការ​លំបាក​ផ្សេងៗ​ទៀត ដើម្បី​ប្រមូល​ទ្រព្យ​មក ដោយ​គិត​ថា​នឹង​ចិញ្ចឹម​កូន​តូច។ទោះ​ជា​មិន​មែន​មាតាបិតា ក៏​អាច​ជា​បង ជា​ប្អូន ជាញាតិ ជា​មិត្ត ដែល​ធ្លាប់​បាន​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា។ដូច្នេះ ការ​ដែល​មាន​ចិត្ត​អាក្រក់ ខឹង​ក្រោធ​ស្អប់​ខ្ពើម​ដល់​បុគ្គល​ទាំង​នោះ​គឺ​ការ​មិន​សម​គួរ​សោះ​ឡើយ។ ព្រោះ​តែ​ការ​ហួង​ខែង​កូន​ប្រុស​ស្រី សន្សំ​ទ្រព្យ​ទុក​សម្រាប់​កូន ទើប​មិន​បាន​ធ្វើ​ទាន មិន​បាន​រក្សា​សីល ភ្លាត​គតិ​ខ្លួន​ឯង​ទៅ​នរក ទើប​មិន​បាន​ធ្វើ​ទាន អស់​កាល​ដ៏​យូរ​អង្វែង​ទើប​បាន​កើត​មក​ជា​មនុស្ស​កំសត់​ក្រីក្រ ពិការខ្វាក់​ខ្វិន លំបាកលំបិន ត្រាច់ចរ​សូមទាន ដូច្នេះ ទើប​យើង​មិន​ត្រូវ​ញ៉ាំង​ចិត្ត​ឲ្យ​ប្រទូស្ដ ឬ ឲ្យ​ស្អប់​ខ្ពើម​ទៅ​លើ​អ្នក​ដែល​ធ្លាប់​ពលី​ជីវិត​ចំពោះ​យើង​ឡើយ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ វិធី​រម្ងាប់​សេចក្ដី​ក្រោធ ដោយ​៥០០០​ឆ្នាំ​
images/articles/1392/2026-08-18_17_50_57-Untitled_-_Notepad.jpg
ផ្សាយ : ១៨ សីហា ឆ្នាំ២០២៦ (អាន: ៤៥,៥១៧ ដង)
ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា កិរិយា​សង្រួម គឺ​ការ​មិន​បៀត​បៀន​ដល់​សត្វ​ទាំង​ឡាយ នាំ​មក​នូវ​សេចក្ដី​សុខ​ក្នុង​លោក ។សូម្បី​យើង​កំពុង​ឈឺ​ដោយ​រោគ​ផ្លូវ​កាយ​អ្វី​មួយ​ ក៏យើង​អាច​សម្រេច​បាន​នូវ​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​ដែរ ព្រោះ​យើង​ឈឺ​តែ​ម្នាក់​យើង ដោយ​ការ​ឈឺ​នេះ​ មិន​មែន​ជា​អំពើ​បៀត​បៀន​ដល់​អ្នក​ណាៗ​ឡើយ។ទោះ​បី​យើង​ក្រលំបាក​តោងយ៉ាង ឬ​ទទួល​អកុសល​វិបាក​ផ្សេងៗ​យ៉ាង​ណា​ក៏​ដោយ សម្រាប់​យើង​ម្នាក់​មិន​ជា​អ្វី​ឡើយ កុំ​ឲ្យ​តែ​មនុស្ស​ដទៃមាន​សេចក្ដី​ទុក្ខ​ដោយ​សារ​យើង។ យើង​កើត​មក​ក្នុង​លោក​នេះ បាន​ត្រឹម​តែ​មិន​បៀតបៀន​ដល់​មនុស្ស​សត្វ​ដទៃ វា​ប្រពៃ​ណាស់​ហើយ បើ​បាន​បន្ថែម​ទឹក​ចិត្ត​មេត្តា ប្រាថ្នា​ឲ្យ​សព្វ​សត្វ​បាន​សេចក្ដី​សុខ​ទៀត​នោះ គឺ​រឹត​តែ​ប្រពៃ​ក្រៃ​លែង​ ជីវិត​រមែង​រស់​នៅ​ជា​សុខ មាន​ចិត្ត​ស្ងប់។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1393/2026-08-18_17_46_44-Untitled_-_Notepad.jpg
ផ្សាយ : ១៨ សីហា ឆ្នាំ២០២៦ (អាន: ៤៤,៨៥៦ ដង)
មនុស្ស​យើង​ដោយ​ប្រក្រតី គឺ​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណា​ប្រដៅ​ឡើយ រឹត​តែ​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណា​មក​ប្រាប់​ថា​ខ្លួន​ធ្វើ​អ្វី​ខុស​នោះ​ទៅ​ទៀត។ ព្រោះ​ហេតុ​ដូច្នោះ​ វិធី​ដែល​ល្អ​ក្នុង​ការ​ប្រដៅ​មនុស្ស គឺ​ការ​ប្រដៅ​ដោយ​មិន​ឲ្យ​គេដឹង​ខ្លួន​ថា​យើង​ទូន្មាន​ប្រៀន​ប្រដៅ​គេ ម្យ៉ាង​ទៀត​វិធី​អប់រំ​ទូន្មាន​ដែល​ល្អ​ជាទី​បំផុត គឺការ​ធ្វើ​ខ្លួន​ជា​គំរូ​ល្អ​ឲ្យ​គេមើល។ បណ្ឌិត​គួរ​តម្កល់​ខ្លួន​ឯងឲ្យ​តាំង​នៅ​ក្នុង​គុណ​ដ៏​សមគួរ​ជា​មុន​សិន​ចាំ​ប្រដៅ​អ្នក​ដទៃ​ជា​ខាង​ក្រោយ ទើប​មិន​លំបាក។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1396/Untitled-1-Recovered.jpg
ផ្សាយ : ១៨ សីហា ឆ្នាំ២០២៦ (អាន: ៤៣,៧៧៩ ដង)
បុគ្គលដែល​ជា​មិត្ត និយាយ​ចាក់​បណ្ដោយ​ឲ្យ​តែ​គាប់​ចិត្ត មាន​លក្ខណៈ​៤​យ៉ាង​ដូច​នោះ​គឺៈ ១- បាបកម្មំបិស្ស អនុជានាតិ យល់​ព្រម​ឲ្យ​មិត្ត​ធ្វើ​បាប​មនុស្ស​ណា​ដែល​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​នូវ​បាប មាន​ការ​សម្លាប់​សត្វ​ជា​ដើម ដើម្បី​ផ្គាប់​ចិត្ត​យើង ក៏​ដូច​ជា​អនុញ្ញាត​ឲ្យ​យើង​ទៅ​កើត​ក្នុង​ឋាន​រក ប្រេត​អ៊ីចឹង​ដែរ។ពាក្យ​សរសើរ​នៅ​ក្នុង​លោក​មាន​ច្រើន​ណាស់ ហើយ​វា​ជា​គ្រឿង​នាំ​ឲ្យ​ស្រវឹង នាំ​ឲ្យ​វង្វេង​ដ៏​ក្រៃ​លែង​ទៀត​ផង មាន​មនុស្ស​ច្រើន​ណាស់​ដែល​ស៊ី​ជោរ ទី​បំផុត​ត្រូវ​បរាជ័យ​ក្នុង​ការងារ​របស់​ខ្លួន​ព្រោះ​ខ្លួន​ឯង​មាន​ចំណុច​ខ្សោយ។ តាម​ពិត​មនុស្ស​យើង​មិន​មែន​ល្អ​បរិសុទ្ធ​ដោយ​សារ​ពាក្យ​សរសើរ​​ ឬ​ពាក្យ​បញ្ជោរ​ទេ ពិត​មែន​តែ​មាន​ពេល​ខ្លះ បាន​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ខ្លាំង​ក្លា​ក្នុង​ការងារ​ដោយ​សារ​ពាក្យ​សរសើរ​ក៏​ដោយ ប៉ុន្តែ​ដែល​យើង​ជា​មនុស្ស​ល្អ​បរិសុទ្ធ​ពិត​នោះ គឺ​ព្រោះ​យើង​មាន​ការងារ​ប្រាស​ចាកទោស​ឯណេះ​ទេ​តើ មិន​មែន​ដោយ​សារ​គេ​ថា​យើង​ល្អ យើង​ក៏​ល្អ​តាម​គេ​ថា​នោះ​ទេ បើ​មនុស្ស​អាក្រក់​ឬ​ល្អ​តាម​តែ​ពាក្យ​របស់​អ្នក​ដទៃ សូម្បី​ព្រះសម្មាសម្ពុទ្ធ​ក៏​មិន​ផុត​ពី​ការ​សៅហ្មង​ដែរ តែ​នេះ​ពុំ​មែន​ដូច្នោះ​ឡើយ មាន​តែ​ការងារ​ប៉ុណ្ណោះ​ដែល​រៀប​ចំ​មនុស្ស​ឲ្យ​ជា​បុគ្គល​សៅហ្មង ឬ​បុគ្គុល​បរិសុទ្ធ។ ២- កល្យាណកម្មំបិស្ស អនុជានាតិ យល់​ព្រម​ឲ្យ​មិត្ត​ធ្វើ​នូវ​អំពើ​ល្អ ការ​យល់​ព្រម​នេះ​មិនមែន​ជា​ចិត្ត​សប្បុរស ក្នុង​នាម​ជា​មិត្ត​ចិត្ត​ល្អ​នោះ​ទេ បើ​ជា​មិត្ត​ពិត​ជា​អនុគ្រោះ​យើង​មែន​មិន​មែន​ពេល​ខ្លះ​ព្រម​ឲ្យ​យើង​ធ្វើ​បាប ដោយ​មិន​បាន​ហាម​ឃាត​នោះ​ឡើយ។ យើង​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​ណាស់ ចំពោះ​មនុស្ស​ដែល​និយាយ​ចាក់​បណ្ដោយ គេ​មិន​មាន​គំនិត​ឲ្យ​យើង​ចំរើន​នោះ​ទេ គេ​មាន​តែ​ត្រេក​អរ​នៅ​ពេល​ណា​ដែល​យើង​ធ្លាក់​ដុនដាប ចំពោះ​មិត្ត​ប្លម​គេ​មាន​ចិត្ត​គិត​ប្រឡង​ប្រណាំង​ជា​មួយ​យើង​ជានិច្ច នៅ​ពេល​ដែល​យើង​មាន​លំនឹង ឬ​កំពុង​រីក​ចម្រើន​គេ​មិន​ចោល​យើង​ទេ គេ​ពឹង​យើង​លិទ្ធ​ដៃ​លិទ្ធ​ជើង នៅ​ពេល​ណា​ដែល​យើង​ចុះ​ខ្សោយ​ឬ​មាន​សេចក្ដី​ប្រមាទ​ភ្លាំង​ភ្លាត់​បន្តិច​បន្តួច​នៅ​ក្នុង​ការងារ គេ​ជួយ​ច្រាន​យើង​ដោយ​ពាក្យសរសើរ ក្នុង​គោល​បំណង​កុំ​ឲ្យ​យើង​មើល​ឃើញ​នូវ​ការ​ប្រហែស​ធ្វេស​របស់​យើង លុះ​ដល់​កំហុស​យើង​កាន់​តែ​ច្រើន ដើម្បី​ជ័យ​ជំនះ​របស់​គេ​មក​លើ​យើង គឺ​គេ​ដើរ​ខ្សឹប​ប្រាប់​អ្នកដទៃ នូវ​អ្វី​ៗ​ដែល​ជា​សេចក្ដី​ប្រមាទ​ធ្វេស​ប្រហែស​របស់​យើង​ថែម​ទៀត​ប្រឌិត​រឿង​អាស្រូវ​មិន​ពិត​ផ្សំ​បញ្ចូល​ទៀត​ផង គឺ​ដល់ពេល​ដែល​គេ​ធាក់​យើង​ឲ្យ​ខ្ទាត ដើម្បី​គេ​បាន​កន្លែង​នោះ ព្រោះ​គេ​ឃ្លាន​យូ​ហើយ។ មាន​បុគ្គុល​ខ្លះ​មិន​ហ៊ាន​ហាម​ឃាត់​យើង​ដែល​ធ្វើ​នូវ​អំពើ​ឆ្គាំឆ្គង ប៉ុន្តែ​មិន​ប្រាកដ​ជា​យល់​ព្រម​ឲ្យ​យើង​ប្រព្រឹត្ត​នោះ​ឡើយ មក​អំពី​គេ​ខ្លាច​យើង​ខឹង ខ្លាច​យើង​ស្អប់ បាន​ជា​គេ​មិន​ហ៊ាន​ឃាត់ គេ​អាច​ធ្វើ​ជា​មិត្ត​ល្អ​បាន បើ​គេ​ព្យាយាម​ដឹក​នាំ​ឲ្យ​យើង​ស្ដាប់​ធម៌​រៀន​ធម៌ គេ​សរសើរ​យើង​ក្នុង​ផ្លូវ​ល្អ ក្នុង​គោល​បំណង​ឲ្យ​យើង​មាន​នូវ​ស្មារតី​វៀរចាក​អំពើ​សៅហ្មង​ដោយ​ខ្លួន​ឯង។ មនុស្ស​មាន​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​ការ​ជ្រើសរើស​មិត្ត​មិន​មែន​ជា​ការ​ផ្សង​ព្រេង​ដូច​ចាក់​ឆ្នោត​ទេ គឺ​ត្រូវ​តែ​សិក្សា​អំពីលក្ខណៈ​មនុស្ស​ឲ្យ​បាន​ច្បាស់ តាម​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង តាម​ពិត​ព្រះសម្មាសម្ពុទ្ធ​ជា​កល្យាណមិត្ត​មួយ​ព្រះអង្គ​ដ៏​កំពូល​ក្រៃលែង ជា​មួយ​នឹង​ពុទ្ធបរិស័ទ​យើង ការប្រព្រឹត្ត​ព្រហ្មចរិយធម៌​បាន​សម្រេច​​ទាំង​មូល ដោយ​អាស្រ័យ​ព្រះអង្គ​ជា​កល្យាណមិត្ត ប៉ុន្តែ​សេចក្ដី​នេះ ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​ត្រាស់​សម្ដែង​ឲ្យ​យើង​មាន​នូវ​កល្យាណ​មិត្ត តាម​ដាន​ពិនិត្យ​ការ​ប្រព្រឹត្ត​របស់​យើង​រាល់​ថ្ងៃ ខុស​ឬ​ត្រូវ​យ៉ាង​ណាៗ​ឲ្យ​ហ៊ាន​ជួយ​ប្រាប់ ព្រមទាំង​នៅ​រួម​សុខ​ទុក្ខ​ទៀត​ផង។ មនុស្ស​ល្អ​កម្រ​រក​បាន​ណាស់ មនុស្ស​ល្អ​ធ្វើ​អាក្រក់​បាន​ដោយ​លំបាក​ក៏​ពិត​មែន ប៉ុន្តែ​មនុស្ស​អាក្រក់​ធ្វើ​អាក្រក់បាន​ដោយ​ងាយ ថែម​ទាំង​មិន​ចេះ​ឆ្អែត​ក្នុង​ការ​ធ្វើ​នូវ​អំពើ​អាក្រក់នោះ​ទៀត​ផង ដូច​ជា​មិត្ត​ប្លម​ផ្នែក​ខាង​និយាយ​ចាក់​បណ្ដោយ​ក្នុង​លក្ខណៈ​ប្រការ​ទី​៣ បាន​ដល់ៈ ៣- សម្មុខស្ស វណ្ណំ ភាសតិ និយាយ​សរសើរ​មិត្ត​តែ​ក្នុង​ទី​ចំពោះ​មុខ មនុស្ស​យើង​បាន​ដឹង​អំពី​ចំណុច​ទន់ខ្សោយ​របស់​មនុស្ស​ផង​គ្នា ទើប​និយម​យក​ពាក្យ​សរសើរ​មក​ធ្វើ​ជា​ឧបករណ៍​ប្រើ​ប្រាស់ សម្រាប់​ទាក់​យក​ផល​កម្រៃ ឬ​សម្រាប់​ផ្ដួល​រំលំ​គ្នា​ទៀត​ផង ដូច​ជា​ពាក្យ​សរសើរ​នៃ​មនុស្ស​ដែល​ជា​មិត្ត​ប្លម ពាក្យ​សរសើរនោះ​វា​ជា​គ្រឿង​ស្រវឹង ឬ​វា​ជា​គ្រឿង​បំពុល​របស់​គេ មនុស្ស​យើង​ដែល​មិន​បាន​យក​ចិត្ត​​ទុក​ដាក់​ពិចារណា​ឲ្យ​បាន​ដិត​ដល់​ ក៏​រមែង​បរិភោគ​នូវ​គ្រឿង​ស្រវឹង ឬ​គ្រឿង​បំពុល​នោះ​ ដោយ​ពុំ​ដឹង​ខ្លួន ពោល​គឺ​វង្វេង​ភ្លេច​សតិ។ មនុស្ស​យើង​ខំ​ប្រឹង​ធ្វើ​ល្អ ដោយ​ការ​ចំណាយ​ធនធាន​ឲ្យ​ទៅ​ជា​ទាន ឬ​ក៏​ការ​ខ្នះខ្នែង​ផ្សេងៗ​ជា​ដើម លុះ​ដល់​មាន​អ្នក​ដទៃរំលឹក​ឈ្មោះ​សរសើរ ក៏​ភ្លេច​នឹក​ជ្រះ​ថ្លា​ចំពោះ​បុណ្យ​កុសលធម៌ ដែល​ជា​កល្យាណ​មិត្រ ជា​គុណ​ដ៏​ប្រសើរ​ពិតៗ ដោយ​មក​អំពី​រវល់​តែ​ត្រេក​អរ​ពេញ​ចិត្ត​នឹង​ខ្លួន​ឯង​ដែល​គេ​សរសើរ ចំពោះ​មុខ​មហាជន មាន​ពេល​ខ្លះ​ទៀត គេ​សរសើរ​ប៉ុណ្ណឹង​មិន​គ្រប់​ល្មម​ទេ ចង់​ឲ្យ​គេ​នឹក​សរសើរ​បន្ថែម​ទៀត ក៏​បាន​ពោល​ថា <<កុំ​ចាំ​បាច់​សរសើរ​ខ្ញុំ​អី>> គឺ​ចង់​ឲ្យ​គេ​ស្ងើច​ថា ខ្លួន​ឯង​មិន​ចេះ​ស៊ី​ជោរ​ឡើយ។ ការ​លិច​លង់​ផុង​ខ្លួន​ក្នុង​ពាក្យ​សរសើរ ត្រូវ​បាន​បាត់​បង់​នូវ​គំនរ​បុណ្យ​កុសល​អស់​ច្រើន​ណាស់ គឺ​កុសល​គ្រប់​កាល​ទៀត​បី​ (មុនធ្វើ កំពុងធ្វើ ធ្វើរួច​ហើយ) ទាំង​ការ​តាំង​ចិត្ត​ក៏​មិន​បាន​ស្លុះ​ចុះ​ស៊ប់​ឲ្យ​ណែន​នៅ​ក្នុង​បុណ្យ​កុសល​ពិត​ប្រាកដ​ទៀត​ផង វា​មិន​ត្រឹម​តែ​ជា​មេរោគ​បំផ្លាញ​សុខភាព​ផ្លូវ​ចិត្ត បញ្ចុះ​កម្លាំង​របស់​បុណ្យកុសល​ប៉ុណ្ណឹង​ទេ ការ​វង្វេង​នឹង​ពាក្យ​សរសើរ នាំ​ឲ្យ​មនុស្ស​លោក​ជួយ​ខ្លួន​ឯង​មិន​រួច​អំពី​រណ្ដៅ​លាមក​គឺ​អំពើ​ទុច្ចរិត​ទៀត​ផង។ ភិក្ខុ​ត្រូវ​ទោស​បារាជិក​ហើយ នៅ​ហ៊ាន​បន្លំ​ខ្លួន​ជា​សង្ឃ​ ព្រោះ​ខ្លាច​បាត់​បង់​នូវ​ពាក្យ​សរសើរ​និង​កិត្តិយស​ជា​ដើម មិត្ត​ក្បត់​មិត្ត សិស្ស​ក្បត់​គ្រូ ប្តី​ប្រពន្ធ​ក្បត់​គ្នា ។ល។ ព្រម​ដោយ​បាបកម្ម​ផ្សេងៗ​ទៀត​មាន​បាណាតិបាត (សម្លាប់​សត្វ​មាន​ជីវិត) ជា​ដើម គឺ​មួយ​ចំណែក​ធំ​ព្រោះ​ចង់​បាន​មុខ​មាត់ មាន​កិត្តិ​យស កេរ្តិ៍ឈ្មោះ និង​ពាក្យ​សរសើរ មាន​ខ្លះ​រហូត​ដល់​ទៅ​បោក​ប្រាស់​គេ ដើម្បី​យក​មក​កសាង​វត្ត​នៅ​ស្រុក​របស់​ខ្លួន​ឯង​ក៏​មាន​ដែរ។ ពាក្យ​សរសើរ​គឺ​ជា​មាត់​ជ្រោះ​ក៏​រអិល​មួយ​កន្លែង វា​ងាយ​នឹង​ឲ្យ​ធ្លាក់​បាក់ក​ស្លាប់​ណាស់ ចំពោះ​បុគ្គល​ដែល​គ្រាន់​តែ​ប្រយ័ត្ន​ចំពោះ​មនុស្ស​ដែល​ជា​មិត្ត​ប្លម គេ​សរសើរ​យើង​រឿយៗ​នៅ​ចំពោះ​មុខ​តែ​ប៉ុណ្ណោះ។ ៤- បរម្មុខស្ស អវណ្ណំ ភាសតិ ពោល​ទោស​មិត្ត​ក្នុង​ទី​កំបាំង​មុខ គេ​មិន​មាន​ចិត្ត​អាណិត​មេត្តា​យើង​ឡើយ គេ​បាន​ផ្សែផ្សំ​រឿង​នេះ​បន្តិច​រឿង​នោះ​បន្តិច ស្មាន​ខ្លះ​ប្រហែល​ខ្លះ ពិត​ខ្លះ​ មិនពិត​ខ្លះ ក្នុង​ការ​និយាយ​អំពី​យើង​ជា​មួយ​នឹង​អ្នក​ដទៃ។ គួរ​នឹក​រលឹក​ដល់​ទឹកចិត្ត​ឪពុក​ម្ដាយ គាត់​ពោល​ស្ដី​ថា​ឲ្យ​កូន​ចៅ ទូន្មាន​ប្រៀន​ប្រដៅ​រឿយៗ​ជានិច្ច ប៉ុន្តែ​ទោះ​គាត់​ដឹង​នូវ​កំហុស​ខុស​ឆ្គាំឆ្គង​របស់​យើង​ជា​កូន​យ៉ាង​ណាៗ ការ​នេះ​គាត់​មិន​ដើរ​និយាយ​ប្រាប់​គេ​ប្រាប់​ឯង អំពី​អ្វី​ដែល​ជា​រឿង​មិន​ល្អ​របស់​កូន​គាត់​ទេ គាត់​ពិត​ជា​បិទ​បាំង​ណាស់ បើ​សិន​ជា​រឿង​ហ្នឹង​វា​ធ្ងន់ធ្ងរ​ពេកអ្នកដទៃ​ក៏​បាន​ដឹង​ខ្លះ​ដែរ​នោះ គាត់​ក៏​និយាយ​ដែរ ប៉ុន្តែ​បន្តិច​បន្តួច​ប៉ណ្ណោះ នៅ​ពេល​ដែល​មាន​គេ​សាក​សួរ​បញ្ជាក់​រឿង​នោះៗ​ថែម​ទាំង​សម្ដែង​ទឹក​ចិត្ត​កង្វល់ ភ័យ​ព្រួយ​ចំពោះ​កូន​របស់​គាត់​ទៀត​ផង មិន​មែន​និយាយ​ដោយ​សប្បាយ​រីករាយ​នូវ​ទោស​កំហុស​របស់​យើង​ដែល​ជាង​កូន​របៀប​ដូច​មិត្ត​ប្លម​នោះ​ទេ ដូច្នេះ​មាតា​បិតា​គែ​ជា​មិត្ត​ជិត​ដិត​ ស្និត​ស្នាល ប្រកប​ដោយ​ការ​តស៊ូ​និង​ការ​លះបង់​ដ៏​ធំធេង ចំពោះ​បុត្តធីតា។ ការ​និយាយ​អំពី​ទោស​កំហុស​របស់​អ្នក​ដទៃ​ មិន​មែន​សុទ្ធ​តែ​មិន​ល្អ​ទាំង​អស់​នោះ​ទេ បើ​យើង​និយាយ​ដោយ​ស្មារតី មិន​បៀត​បៀន​អ្នកដទៃ មិន​ដើម្បី​លើក​ដម្កើង​ខ្លួន​ឯង គឺ​និយាយ​ដោយកុសល​ចិត្ត​ពិតៗ ក្នុង​ន័យ​ដើម្បី​ឲ្យ​អ្នក​ស្ដាប់​កុំ​ធ្វើ​តម្រាប់​តាម​ ការ​និយាយ​ដោយ​ចិត្ត​គំនិត​បែប​នេះ​ជា​ការ​ប្រពៃ សេចក្ដី​នេះ សូម្បី​យើង​និយាយ​អំពី​គុណ​អ្នក​ដទៃ​ពិតៗ​ក៏​មិន​ប្រាកដ​សុទ្ធ​តែ​ល្អ​នោះ​ទេ ព្រោះវា​អាច​ជា​ពិស​ពុល ដោយ​អំណាច​ចិត្ត​អកុសល​នាំ​ឲ្យ​និយាយ ដូច្នេះ​រឿង​នេះ​យើង​គ្រាន់​តែ​ចាំទុក​ថា << បុគ្គល​ពាល​មាន​ការ​សំឡឹង​ទោស​អ្នក​ដទៃ​ជា​កម្លាំង បណ្ឌិត​មាន​ការ​មិន​សំឡឹង​ទោស​អ្នក​ដទៃ​ជា​កម្លាំង អ្នក​រៀន​ច្រើន​មាន​ការ​ពិចារណា​ជាកម្លាំង​ អ្នក​ស្ងប់​រម្ងាប់​មាន​សេចក្ដី​អត់​ធន់​ជា​កម្លាំង >>។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ
images/articles/1398/2026-08-18_17_42_50-Untitled_-_Notepad.jpg
ផ្សាយ : ១៨ សីហា ឆ្នាំ២០២៦ (អាន: ៤១,២៨៧ ដង)
ការ​ឲ្យ​អភ័យ ជា​សេចក្ដី​ល្អ​មួយ​ដ៏​ចាំ​បាច់​ណាស់ ក្នុង​ការ​សមាគម​ជា​មួយ​នឹង​មនុស្ស ព្រោះ​មនុស្ស​ចំនួន​ច្រើន​ដែល​តែង​តែ​មាន​ការ​ខ្វះ​ខាត​នូវ​ចំណុច​នេះ ចំណុច​នោះ ពោល​គឺ​នៅ​មាន​កំហុស ដោយ​ចំពោះ​មនុស្ស​ដែល​រស់​នៅ​ក្នុង​កាម​តណ្ហា គឺ​ពិត​ជា​មិន​ខ្វះ​នូវ​ឱកាស​នៃ​ការ​ភ្លាំងភ្លាត់​ឡើយ។ បើ​យើង​តាំង​ចិត្ត​សេពគប់​សមាគម​ជា​មួយ​នឹង​អ្នក​ណាៗហើយ​នោះ យើង​ត្រូវ​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​នឹង​ឲ្យ​អភ័យ បើ​មិន​ដូច្នោះ​ទេ យើង​មិន​អាច​សេពគប់​ជា​មួយ​អ្នក​ណា​បាន​ឡើយ។ មនុស្ស​ខ្លះ​មាន​កំហុស​ត្រឹម​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ បើ​យើង​កាន់​យក​ជា​រឿង​ធំ យើង​នឹង​បែក​មិត្ត សឹង​ជា​មិត្ត​ល្អ​ទៀត​ផង។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ
images/articles/1397/2026-07-27_16_39_25-Home_-_File_Explorer.jpg
ផ្សាយ : ១៨ សីហា ឆ្នាំ២០២៦ (អាន: ៤១,៦១៣ ដង)
ការ​ស្វែង​រក​សេចក្ដី​សុខ​ ដែល​គួរ​តិះ​ដៀលក៏​មាន​ ដែល​គួរ​សសើរ​ក៏​មាន ។ការ​ស្វែង​រក​សេចក្ដី​សុខ​ដើម្បី​ខ្លួន​ឯង ដោយ​ការ​បង្ក​ទុក្ខ​ភ័យ​ឲ្យ​ដល់​អ្នក​ដទៃ ជា​ការ​ដែល​គួរ​ឲ្យ​តិះ​ដៀល ។ ការ​ស្វែង​រក​សេចក្ដី​សុខ​ដើម្បី​ខ្លួន​ឯង ដោយ​មិន​បង្ក​ទុក្ខ​ភ័យ​ឲ្យ​អ្នក​ដទៃ​ ជា​កិច្ចដែល​គួរ​ឲ្យ​សរសើរ ។ ចំណែក​ការ​ស្វែង​រក​សេចក្ដី​សុខ​ដើម្បី​ខ្លួន​ឯង​ដោយ​ការ​ឲ្យ​សុខ​ដល់​អ្នក​ដទៃ គឺ​គួរ​ឲ្យ​សរសើរ​ផងត្រេក​អរ​ផង និង​គួរ​ឲ្យ​គោរពផង ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ
images/articles/1384/Untitled-1-Recovered.jpg
ផ្សាយ : ០៧ សីហា ឆ្នាំ២០២៦ (អាន: ២០,៥១៨ ដង)
សិក្ខាបទ​ទី​១ : ភរិយា​គប្បី​សិក្ខា​ថា​អាត្មាអញ​ត្រូវ​ចាត់​ចែង​ការងារ​ឲ្យ​បាន​ល្អ។ភរិយា​ត្រូវ​តម្កល់​ខ្លួន​ឲ្យ​ប្រពៃ ចាត់​ចែង​ការងារ​ឲ្យ​ដល់​ស្វាមី​ដោយ​សេចក្ដី​មិន​ខ្ជីខ្ជា ទុក​ស្មើ​ដូច​ម្ដាយ ឬ ប្អូន​ស្រី ពុំនោះ​សោត​ទេ ត្រូវ​ទុក​ស្មើ​ជា​មិត្រ​សម្លាញ់​ជា​មួយ​នឹង​ស្វាមី​របស់​ខ្លួន ហើយ​បើ​ទុក​ដាក់​ខ្លួន​ដល់​ទៅ​ថ្នាក់​ស្មើ​ដូច​ទាសី​បំរើម្ចាស់ ក៏​វា​គ្មាន​ថោក​ទាប​អ្វី​ឡើយ​នេះ​គឺ​ពោល​ចំពោះ​ការ​ចាត់​ចែង​ក្នុង​កិច្ច​ការងារ​នៃ​ភរិយា​ល្អ ដែល​ជា​ភរិយា​ស្រលាញ់​ការងារ។ពាក្យ​ថា ប្រពន្ធ ប្រែ​ថា ចំណង​រួត​រឹង ដូច្នេះប្រពន្ធ គឺ​ជា​ស្ត្រី​ម្នាក់​ដែល​ចង​ប្ដី​ដោយ​ចរិយា​មារយាទ​ល្អ​សណ្ដាប់​ធ្នាប់​សីលធម៌ ឈ្លាសវៃ ស្មោះ​ត្រង់ និង ចាត់​ចែង​ការងារ​ក្នុង​ផ្ទះ​ដោយ​ប្រពៃ។កុំ​ខ្ជិល កុំ​ទម្រន់ ព្រោះ​ការខ្ជិល​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស​ បើ​ធ្វើ​រឿយ​ៗ​រាល់​ថ្ងៃ​ទៅ​ជា​ទម្លាប់​ដ៏​ល្អ​ការងារ​សព្វ​គ្រប់ បី​ដូច​ជា​អលង្ការ ដូច្នេះ ឲ្យ​តែ​ការងារ​ប្រាស​ចាក​ទោស ធ្វើ​ទៅ​ទោះ​ច្រើន​យ៉ាង​ណា ត្រូវ​គិត​ថា​ជា​សិរីសួស្ដី បាន​កើត​មក​ជា​ស្រី​ហើយ​មាន​ប្ដី​ ត្រូវ​តែ​ជា​ភរិយា​ល្អ​ឲ្យ​ខាន​តែ​បាន។ សិក្ខាបទ​ទី​២ : ភរិយា​គប្បី​សិក្សា​ថា អាត្មាអញ​ត្រូវ​សង្គ្រោះ​ជន​ជា​ញាតិ​ទាំង​ពីរ​ខាង គឺ​ទាំង​ខា​ង​ស្វាមី ទាំង​ខាង​ខ្លួន​ឯង​ដោយ​ល្អ។តែង​បាន​ឮ​រឿយៗ​នូវ​ពាក្យ​នេះ​ថា << មាន​ប្រាក់​គឺ​មាន​អ្វី​ៗ​ទាំង​អស់ >> រួមទាំង​គ្រោះ​ថ្នាក់​ទាំង​ការ​ចង្អៀត​ចង្អល់ ព្រោះ​គេ​សុំ គេខ្ចី និង ទាំង​អ្នក​ដទៃ​ច្រណែន​ផង​មែន​ទេ? ប៉ុន្តែ​បើ​ពោល​ឲ្យ​ត្រូវ​ជាង​ហ្នឹង គួរ​ពោល​ថា << មាន​បុណ្យ​គឺ​មាន​អ្វីៗ​ទាំង​អស់ >>។មនុស្ស​យើង​មិន​អាច​មាន​នូវ​សេចក្ដី​សុខ​គ្រប់យ៉ាង ដោយ​គ្រាន់​តែ​មាន​ប្រាក់​នោះ​ទេ វា​ត្រូវ​អាស្រ័យ​ប្រាជ្ញា​ប្រើប្រាស់​ចាត់​ចែង​នូវ​ប្រាក់​នោះ​ឲ្យ​បាន​ល្អ​ជា​ការ​ដ៏​សំខាន់ ជៀសវាង​ការ​ចាត់​ចែង​ទៅ​ក្នុង​ការងារ​ដ៏​សំខាន់ ជៀស​វាង​ការ​ចាត់ចែង​ទៅ​ក្នុង​ការងារ​ដែល​មាន​ទោស ជា​ពិសេស​ចង​មិត្ត​ឲ្យ​បាន​ច្រើន​ដោយ​ការ​បរិច្ចាគ​សង្គ្រោះ ព្រោះ​ជីវិត​មាន​តម្លៃ​បាន​ច្រើន​ដោយ​ការ​បរិច្ចាគ​សង្គ្រោះ ព្រោះ​ជីវិត​មាន​តម្លៃ​អាស្រ័យ​អ្នកដទៃ​រាប់​អាន​ពេញ​ចិត្ត ទោះ​បី​បើ​ការ​ខ្វះ​ការ​រាប់អាន​ស្រលាញ់​ពេញ​ចិត្ត​អំពី​អ្នក​ដទៃ ទោះ​បី​យើង​ជា​សេដ្ឋី​ក៏​ដោយ វា​ដូច​ជា​ចំណី​ក្រៀម​ក្រោះ​ដែល​ខ្សោះ​រសជាតិ​អ៊ីចឹង​ឯង ជីវិត​ពិត​ជា​គ្មាន​តម្លៃ អ្នក​ដទៃ​ញាតិ​មិត្ត​គេ​ចាត់​ថា​យើង​ស្លាប់​បាត់​ទៅ​ហើយ ព្រោះ​យើងស្លាប់​បាត់​ទៅ​ហើយ ព្រោះ​យើង​ខ្វះ​ការ​សង្គ្រោះ​ញាតិ។ សិក្ខាបទ​ទី​៣ : ភរិយា​គប្បី​សិក្សា​ថា​អាត្មាអញ​មិន​ត្រូវ​ប្រព្រឹត្ត​ក្បត់​ចិត្ត​ស្វាមី​ឡើយ។ចិត្ត​មនុស្ស​មិន​ងាយ​មើល​ធ្លុះ សាំញ៉ាំ​ស្រកេកស្រកាក ចិត្ត​សត្វ​តិរច្ឆាន​ងាយ​សង្កេត​ឲ្យ​ដឹង​ជាង។ ភរិយាស្វាមី​មាន​ក្ដី​ស្នេហា បាន​យល់​ចិត្ត​គ្នា​ហើយ​ព្រម​រៀប​ការ រហូត​មាន​បុត្រ​មាន​ទាំង​ធីតា តែ​នៅ​ក្បត់​គ្នា​អាពាហ៍​ពិពាហ៍​អស់​ខ្យល់។ នៅ​ថ្ងៃ​រៀប​ការ​ហៅ​អស់​ញាតិ​មិត្ត បងប្អូន​ជិត​ស្កាត់​មក​មិន​សល់ ធ្វើ​ខ្លួន​ស្អាត​បាត​ដើម្បី​មង្គល ម៉ែ​ឪ​រវល់​បួន​ប្រាំ​សប្ដាហ៍។ ម៉ែ​ឪ​ចង​ដៃ​មហាឲ្យ​ពរ ព្រះសង្ឃ​សូត្រធម៌ អញ្ជើញ​​ទេវតាអញ្ជើញ​ព្រះឥន្ទ​ព្រះ​ព្រហ្ម​ផង​ណា ក្លាយ​ជា​ឥត​ការ​ព្រោះ​ចិត្ត​មិន​ស្មោះ។ចិត្ត​ស្មោះ​ត្រង់​នាំ​មកនូវ​កិត្តិយស ការ​សរសើរ​លើក​តម្កើន​អំពី​អ្នក​ផង​ទាំង​ពួង ដូច្នេះ​ មាន​តែ​ការ​តាំង​ចិត្ត​ម៉ឺងម៉ាត់​របស់​ខ្លួន​នេះ​ឯង ដែល​អាច​ទទួល​បាន​នូវ​មង្គល​ល្អ​ប្រាកដ​ប្រជា​ស័ក្កិសិទ្ធិ​ជាង​ពរ​ទេវតា​ឥន្ទ​ព្រហ្ម​ទៅ​ទៀត។ ដើម្បី​ឲ្យ​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ ព្រះ​បរមពោធិសត្វ​ត្រូវ​មាន​នូវ​អធិដ្ឋាន​បារមី គឺ​ការ​តាំង​ព្រះទ័យ​មាំ​ក្នុង​ការងារ មិន​មែន​បាន​ត្រាស់​ដោយ​សារ​ការ​ឲ្យ​ពរ​ជ័យ​ពី​អ្នក​ណាដទៃ​នោះ​ឡើយ ធ្វើ​ជា​មនុស្ស​ត្រូវ​ជឿ​លើ​ការ​តាំង​ចិត្ត​របស់​ខ្លួន​ជា​សំខាន់។ សិក្ខាបទ​ទី៤ : ភរិយា​គប្បី​សិក្សា​ថា​អាត្មាអញ​ត្រូវ​ថែទាំ​ទ្រព្យសម្បត្តិ​ដែល​ស្វាមី​រកបាន។មិន​មែន​មិន​ឲ្យ​ចាយ​ទេ​ប្រាក់​នោះ ប៉ុន្តែ​ចាយ​ឲ្យ​មាន​របៀប ដាច់​ខាត​កុំ​លេង​ល្បែង​ស៊ី​សង​មាន​បៀ​ជា​ដើម​ឲ្យ​សោះ កុំ​ឲ្យ​មាន​ចិត្ត​លួចលាក់​ទុក​ប្រាក់​ប៉ុណ្ណេះ​ប៉ុណ្ណោះ នាំ​ឲ្យ​មាន​ឈ្មោះ​ថា​ភរិយា​ជា​ចោរ ត្រូវ​ការ​ប្រើ​ប្រាស់​ចាត់​ចែង​ធំដុំ ត្រូវ​ជំនុំ​ជា​មួយ​ស្វាមី និង​ ម្យ៉ាង​ទៀត​កុំចង់​ហ៊ឺហា​ដោយ​សម្ភារៈ​ហួស​សមត្ថភាព ឬ ហួស​ប្រាក់​ចំណូល ត្រូវ​រស់​នៅ​ឲ្យ​ស្វាមី​ទុក​ចិត្ត។ស្វាមី​មាន​កម្លាំង​ចិត្ត​ធ្វើ​ការ​ដ៏​ក្រៃលែង បើទ្រព្យ​សម្បត្តិ​នៅ​ផ្ទះ​គង់វង្ស ព្រោះ​នាង​ជា​ភរិយា​មាន​មារយាទ​ចេះ​ទុក​ដាក់​ថែទាំ​ដោយ​ប្រពៃ។ ភរិយា​ជា​នារី​ថ្លៃ​មាន​ពាក្យ​សម្ដី​ស្រទន់​ពីរោះ ប្រកប​ដោយ​ទឹក​មុខ​ស្រស់​បស់ ទទួល​ស្វាមី​មក​ពី​ធ្វើការ ដូច្នេះ សូម​ភរិយា​រៀប​ចំនូវ​កម្លាំង​ទាំង​ពីរ​ឲ្យ​ដល់​ស្វាមី កុំ​ធ្វេស​ប្រហែស​ផ្នែក​ខាង​កម្លាំង​ចិត្ត​ឲ្យ​សោះ លទ្ធ​ផល​ជាទី​គាប់​ចិត្ត​វា​ត្រូវ​បាន​មក​ខ្លួន​ឯង​ជា​ភរិយា​ហ្នឹង​ហើយ។ សិក្ខាបទ​ទី៥ : ភរិយា​គប្បី​សិក្សា​ថា​ អាត្មាអញ​ត្រូវ​តែ​ជា​ស្ត្រី​ឆ្លាត​ឈ្លាស​មិន​ខ្ជិល​ច្រអូស ក្នុង​កិច្ច​ការ​ទាំង​ពួង។ភរិយា​គប្បី​ពិចារណា​ខ្លួន​ឯង​ឲ្យ​បាន​រឿយ​ៗ​ថា​កិច្ច​ការ​មេ​ផ្ទះ​អញ​បាន​បំពេញ​ល្អ​ដែរ​ទេ មាន​សេចក្ដី​ខ្ជិលមក​ច្របូក​ច្របល់​ដែរ​ឬ​អត់​ទេ បើ​ឃើញ​ថា ខ្វះខាត​គួរ​បំពេញ បើ​ច្បាស់លាស់​ពេញ​លេញ​ល្អ​ហើយ​ក៏​រក្សា​ឲ្យ​ល្អ​តទៅ ការងារ​ឆ្លាត​វៃ​ជា​មង្គល​ដ៏​ឧត្ដម។សម្ដី​អាក្រក់​លាមក​របស់​អ្នក​ដទៃ គឺ​ទុកត្រឹម​អ្នក​ដទៃ​ចុះ កុំ​ស្រវា​ប្រមូល​មក​ឲ្យ​ប្រឡាក់​ដល់​ខ្លួន​ឯង ទោះជា​អំពើ​ដោយ​កាយ​ក៏​ដោយ​ ត្រង់​អ្នក​ដទៃ​ធ្វើ​ឬ​មិន​ធ្វើ​ជា​កិច្ច​ការងារ​របស់​គេ បើ​ថា​ជា​កូន​ចៅ​ក៏​អប់​រំ​ទូន្មាន​ធ្វើ​ជា​កិច្ចការងារ​របស់​គេ បើ​ថា​ជា​កូន​ចៅ​ក៏​អប់រំ​ទូន្មាន​ប្រដៅ​ទៅ ប៉ុន្តែ​ចំពោះ​ខ្លួន​ឯង​វិញ​ត្រូវ​តាំង​ស្មារតី​កសាង​ស្នាដៃ កុំ​ភ័យ​ក្រែង​ល្អ​លើស​គេ​ពេក​នោះ ពេល​រស់​នៅ​មិន​យូ​ប៉ុន្មាន​ឡើយ ឱកាស​សាង​ល្អ​មាន​តិចតួច​ណាស់។ឈ្នះ​សេចក្ដី​ល្ងង់​របស់​ខ្លួន​ឯង​បាន​ ដោយ​ការ​សិក្សា​ស្វែង​យល់ ឈ្នះ​សេចក្ដី​ខ្ជិល​បាន​ ដោយ​ការ​ព្យាយាម ឈ្នះ​សេចក្ដី​ក្រោធបាន​ ដោយ​ការ​មិន​ក្រោធ ឈ្នះ​សេចក្ដី​កំណាញ់​ដោយ​ការ​ឲ្យ​ទាន ឈ្នះ​ការ​និយាយ​ឡេះឡោះ​ដោយ​ពាក្យ​បាន​ការ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ សិក្ខាបទមនុស្សល្អ ដោយ​៥០០០​ឆ្នាំ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.78
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿