Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
BON AND WAT
៣៧ អត្ថបទ
images/articles/3550/2026-09-10_19_08_31-Untitled_-_Notepad.jpg
Public date : 16, Sep 2026 (158 Read)
វត្តរាជបូណ៌ ឬ វត្តបូព៌ (អង់គ្លេស : Wat Bo) គឺជាបូជនីយដ្ឋាននិងបុរាណដ្ឋា​ន​ដ៏ល្បីមួយ​នៅក្នុង​ក្រុងសៀមរាបដែលបានកសាងឡើងនៅរវាងឆ្នាំ ១៦៥០ បើ​គិត​មក​ដល់​ពេល​នេះ​មាន​អាយុ​កាល​ជាង ៤០០ ឆ្នាំមកហើយ។វត្តរាជបូណ៌មាន​ទីតាំងស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ត​សៀមរាប។ ព្រះវិហារវត្តបូព៌គឺជាមរតកវប្បធម៌ដ៏ល្អឯកមួយដែលមានក្បូរក្បាច់រចនានិងស្នាដៃសិល្បៈខ្មែរពិតៗទាំងដំបូល តួព្រះវិហារ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌គឺសុទ្ធតែជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិរួមទាំងអ្នកមកសិក្សាស្រាវជ្រាវផងដែរ។នៅលើជញ្ជាំងព្រះវិហារផ្នែកខាងក្នុងមានសិល្បៈដ៏រស់រវើកល្អវិចិត្រនិងមានគំនូរបុរាណរឿងរាមកេរ្តិ៍ដែលជារឿងដ៏ល្បីល្បាញនៅក្នុងផ្នែកវប្បធម៌ខ្មែរ។ចំណែកនៅផ្នែកខាងក្រៅមានចម្លាក់លៀនយ៉ាងរស់រវើកនៅលើទ្វារនិងបង្អួច។ វត្តរាជបូណ៌កសាងឡើងនៅរវាងឆ្នាំ ១៦៥០ ហើយព្រះវិហារកសាងនាសម័យកាលក្រោយនៅក្នុងរជ្ជកាលព្រះបាទនរោត្តម។វត្តរាជបូណ៌គឺជាបូជនីយដ្ឋានដ៏ល្បីមួយដែលសម្បូរទៅដោយអ្នកប្រាជ្ញនិងមន្រ្តីសង្ឈដែលមានឋានានុក្រមខ្ពស់ៗគង់នៅ។និយាយអំពីការអប់រំនៅក្នុងវត្តរាជបូណ៌មានសាលាពុទ្ធកវិទ្យាល័យដែលផ្តល់ឲ្យព្រះសង្ឃនៅក្នុងខេត្តដ៏ដូចជាព្រះសង្ឃមកពីបណ្តាខេត្តនានាមានឱកាសរៀននូវចំណេះដឹងទាំងខាងពុទ្ធចក្រនិងអាណាចក្ររួមទាំងមានស្ថានីយវិទ្យុពុទ្ធសាសនា នៅក្នុងវត្តនេះទៀតផង។ជាមួយគ្នានេះផងដែរវត្តរាជបូណ៌ក៏មានមជ្ឈមណ្ឌលវប្បធម៌និងសិល្បៈដែលមានបង្រៀននូវចំណេះដឹងខាងផ្នែករបាំ ផ្នែកដាប់ឆ្លាក់ ផ្នែកគំនូរ ផ្នែកភ្លេងបុរាណមានទាំងស្បែកតូច ស្បែកធំ ភ្លេងពិណពាទ្យ ភ្លេងប្រពៃណីជាពិសេសក៏មានវត្តុបុរាណរាប់រយមុខដែលតាំងនៅក្នុងកុដិប្រៀបដូចជាសារៈមន្ទីរតូចមួយសម្រាប់ឲ្យភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនា និងស្វែងយល់ដែលញ៉ាំងចិត្តឲ្យជ្រះថ្លាពន់ពេក។ ភាពអស្ចារ្យនៃក្បូរក្បាច់រចនាដ៏ល្អវិចិត្រនៃព្រះវិហារបុរាណអាយុកាលប្រមាណជិត ៤០០ ឆ្នាំនេះទាំងសំណង់ ចម្លាក់ គំនូរទាំងនោះត្រូវបានខូចខាតនិងបាត់បង់សោភ័ណដើមដោយអន្លើនៅកន្លែងខ្លះដោយសារអាកាសធាតុ អាយុកាល ការធ្វើថ្មី ការប្រេះស្រាំ ធូលី ផ្សែងធូបទៀន ការលាបពណ៌ថ្មី និង ការជួសជុលផ្សេងៗពីមួយជំនាន់ទៅមួយជំនាន់ជាដើម។ប៉ុន្តែសម្បត្តិបេតិកភ័ណ្ឌខេត្តសៀមរាបមួយនេះត្រូវបានគេយកចិត្តទុកដាក់សង្គ្រោះនិងអភិរក្សដោយអាជ្ញាធរជាតិអប្សរាបានសហការជាមួយអ្នកជំនាញអ៊ីតាលីដើម្បីជួសជុលព្រះវិហារនេះនៅក្នុងបំណងអភិរក្សនិងលើកតម្កើងតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរនាសម័យបុរាណកាលឲ្យរស់រវើកនាពេលបច្ចុប្បន្នឡើងវិញ។ នៅតាមជញ្ជាំង សសររូបចម្លាក់នៅលើស៊ុមបង្អួចមានស្រទាប់ថ្នាំខុសៗគ្នា ចន្លោះពី ០៧ ទៅ ០៣ ស្រទាប់ហើយរាល់ការសម្អាតឬជួសជុល ទាមទារខ្លាំងណាស់នូវការអត់ធ្មត់និងប្រិតព្រៀងបំផុតពិសេសត្រូវមានជំនាញលាយគ្រឿងផ្សំឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីកុំឲ្យមានប្រតិកម្មនឹងថ្នាំចាស់។រយៈពេល ០២ ឆ្នាំមកនេះ ក្រុមការងារសម្រេចបានការសម្អាតជើងសសរ ព្រះពុទ្ធបដិមា បល្ល័ង្ក រូបចម្លាក់មួយចំនួន សន្លឹកបង្អួច ០៩ ផ្ទាំង រូបគំនូរ ០៣ ផ្ទាំងនៅក្នុងចំណោម ១៥៧ ផ្ទាំងខ្លះគូរត្រេលើរូបដែលបាត់មុខ ហើយបិទម្នាងសិលាលើកន្លែងចន្លោះប្រហោងធំៗជាដើម។នៅលើជញ្ជាំងព្រះវិហារផ្នែកខាងក្នុងមានសិល្បៈដ៏រស់រវើកល្អវិចិត្រគឺគំនូរបុរាណរឿងរាមកេរ្តិ៍ដែលជារឿងដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍គូរនៅរវាងឆ្នាំ ១៩២០-១៩២៤ ដោយជាងឈ្មោះប៉ិលនិងក្មួយរបស់គាត់ឈ្មោះឌិត។ជាងគំនូរទាំង ០២ នាក់នេះគឺជាជាងធ្វើណាំងសម្រាប់ល្ខោនស្បែកធំទើបគំនូរមានទម្រង់កាយវិការបែបដូចស្បែកធំ។ចំណែកនៅផ្នែកខាងក្រៅមានចម្លាក់លៀនយ៉ាងរស់រវើកនៅលើទ្វារនិងបង្អួចដោយលោកកុសលបានបញ្ជាក់ថាព្រះវិហារដ៏ចំណាស់មួយនេះធ្លាប់មានការជួសជុលតាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះ។ ប្រភពៈ វិគីភីឌា ដោយ៥០០០ឆ្នាំ
images/articles/3549/2026-09-10_18_57_11-Untitled_-_Notepad.jpg
Public date : 11, Sep 2026 (168 Read)
ព្រះវិហារ​វត្ត​រាជបូណ៌និង​គំនូរ​បុរាណរឿង​រាមកេរ្តិ៍ ​ស្ថិតនៅតាម​បណ្តោយ​ដងស្ទឹង ចំកណ្តាល​ក្រុង​សៀមរាប មានវត្ត​ជាច្រើន​កសាង​ឡើង​​ប្រកប​ដោយ​​ទឹក​ដៃ​សិល្បៈ​យ៉ាង​​​វិសេស​ក្រៃលែង។ ​ក្នុង​បណ្តា​វត្ត​ទាំងអស់​នោះ វត្ត​រាជបូណ៌ (ឬ​វត្ត​បូណ៌) ជា​វត្ត​ដែល​មាន​​ព្រះវិហារ​ដ៏​ចំណាស់​មួយ​​ស្ថិត​នៅ​ត្រើយខាង​កើត​នៃ​ដង​ស្ទឹង​។ អ្នក​ស្រាវជ្រាវ​ទូទៅយល់ថា ព្រះ​វិហារ​​វត្ត​រាជបូណ៌​កសាងឡើង​តាំង​ពី​ដើម​សត​​វត្សទី​២០ ហើយ​ជា​ព្រះវិហារ​ដែល​មាន​គំនូរ​បុរាណ​​រឿង​រាមកេរ្តិ៍​ ​គូរ​លើ​ជញ្ជាំង​​ច្រើន​ឈុត​​ជាង​​គេ​​នៅ​កម្ពុជា។ ដោយ​មើល​ឃើញ​​តម្លៃនៃសំណង់​ខាងលើ ចាប់ពីឆ្នាំ​២០១៧ ពុទ្ធ​បរិស័ទនិង​ព្រះសង្ឃ ​សហការ​ជាមួយ​អាជ្ញាធរជាតិ​​​​អប្សរា​ បាន​រៀបចំ​ជួស​ជុល​លើក​តម្លៃ​​ជា​សំណង់បេតិកភណ្ឌ​ស្រប​តាមគោលការ​ណ៍​អភិរក្ស​របស់​រាជរដ្ឋាភិបាល​រហូត​បញ្ចប់​នៅឆ្នាំ​២០២១​។ ជាការពិត វត្ត​រាជបូណ៌​ជា​អតីតវត្ត​ដែល ​សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណា-​ចក្រ​កម្ពុជា ធ្លាប់គង់នៅ។ តាមឯកសារ​បញ្ជាក់ថា ព្រះ​អង្គ​គង់​នៅ​ផ្ទាល់​ក្នុង​ព្រះវិហារ ហើយ​​ក្នុង​សម័យ​សង្គមរាស្រ្ត​និយម​ វត្ត​នេះ​មា​ន​ព្រះសង្ឃ​ប្រមាណ​​ជា​​៨០​ ទៅ​១០០អង្គ និង​​ជា​វត្ត​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​​ទី​រួម​ខេត្ត​។ ចំពោះព្រះវិហារ​ ​កសាងឡើង​អំពី​ឥដ្ឋ​បូក​កំបោរបាយ​អ និង​មាន​គ្រឿង​បង្គំ​​ឈើ។ អ្នក​ស្រាវជ្រាវ​បាន​ចាត់​ទុក​ថា ព្រះវិហារ​វត្ត​រាជបូ​ណ៌​​គឺ​​ជា​​ប្រភេទ​ព្រះវិហារ​ព្រះ​វិហារ​​ជហ្វា​៦។ មិន​តែប៉ុណ្ណោះ​ នៅតាម​សន្លឹក​​ទ្វារ​​បង្អួច និង​ក្បាច់​ស៊ុម​ទ្វារ-បង្អួច​​​ជុំវិញ ​សុទ្ធតែ​ឆ្លាក់​លម្អ​ដោយ​ក្បាច់​រចនា​យ៉ាង​វិចិត្រ​គួរឱ្យ​កោត​​សរសើរ។ គេសង្កេតឃើញថា ព្រះវិហារ​វត្ត​រាជបូណ៌​ គឺជា​លំនាំ​ស្ថាបត្យកម្ម​ទំនើប​និង​បុរាណ​​បញ្ចូល​គ្នា​ ពោល​​គឺ​តួ​ព្រះវិហារ​កសាងឡើង​អំពី​ឥដ្ឋ​និង​កំបោរបាយអ ​រចនា​ក្នុង​របៀបជា​សំណង់​​ទទួល​ឥទ្ធិ​ពល​សិល្បៈ​សំណង់សម័យ​បារាំង​​ ហើយដំបូល​ខាងលើ​ កសាងឡើង​ជា​​បែប​ដំបូល​ព្រះ​វិហារ​បុរាណ​​។​ ព្រះវិហារ​​នេះ​កសាងឡើង​នៅលើ​ខឿន​​ពីរថ្នាក់ ដែល​តួ​ព្រះ​វិហារ​​មាន​បណ្តោយ​ប្រហែល​ជាង​២០ម៉ែត្រ និងទទឹង​ប្រហែល១៦ម៉ែត្រ។ ដំបូល​ព្រះ-​វិហារ​​ជា​ដំបូលកិង ខ្ពស់ស្រឡះ ប្រក់​ក្បឿង​ស្រកាលេញ ជ្រាល​ចុះ​ម្ខាង​៤ថ្នាក់ ហើយ​នៅ​​ចុង​ព្រំ​ដំបូល​ខាងមុខ​បំពាក់​ជហ្វា​៣ ចុង​​ព្រំ​ដំបូល​ខាង​ក្រោយ​​បំពាក់​ជហ្វា​៣។ នៅលើ​ព្រំ​ដំបូល​មាន​លម្អ​ដោយ​​ក្បាច់​មួយ​ខ្សែ​ (នាង​​ច្រាល?) ភ្ជាប់ពីចុងម្ខាងទៅម្ខាងយ៉ាងល្អប្លែក។ រីឯ​​នៅតាម​ចែង​ដំបូល​​​នីមួយៗ គេឃើញ​មាន​​លម្អ​នាគចែង ទេពប្រណម និង​រូប​ផ្សេងៗ​ទៀត​​​ប្លែក​ពី​ព្រះ​វិហារ​​ទីទៃ។ មិន​តែប៉ុណ្ណោះ ​ជហ្វានីមួយៗ​គេ​សង្កេត​ឃើញ​​​​មាត់ ពុកមាត់ ចង្កូម​ (ពាំកែវ?) និង​ភ្នែក ហើយ​គល់​ជហ្វា​គេ​ឆ្លាក់​ជា​រូប​ស្រដៀង​នឹង​មុខ​រាហូ ឬព្រះកាល។ លក្ខណៈ​ជហ្វា​នេះ ប្រហាក់ប្រហែល​នឹង​ជហ្វា​ឈើ​នៃព្រះវិហារ​​បុរាណ​វត្ត​ល្អក់​​​ ដែលស្ថិត​ក្នុង​ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាបដែរ។ ចំពោះការ​លម្អ​លើ​ហោជាង​ទាំងពីរ​​នៃព្រះវិហារ​វត្ត​រាជបូណ៌ គឺជា​ចំណុច​ពិសេស​​បំផុត​ដែល​​អ្នកសិក្សា​ស្រាវជ្រាវ​តែង​ចាប់អារម្មណ៍។ ហោជាង​ទាំង​ពីរ​ ឆ្លាក់​អំពីឈើ​ ដាំ​កញ្ចក់​​​លម្អ ​មាន​ក្បាច់​លម្អ​គល់​ហោជាង និង​មាន​ចម្លាក់ព្រះនារាយណ៍គង់គ្រុឌ​ស្ថិត​​​​នៅ​ចំកណ្តាល​ក្បាច់​ភ្ញី​ទេស​។ ប៉ុន្តែ​នៅ​លើ​ហោជាង​​ខាង​កើត គេឆ្លាក់​រូប​ព្រះនារាយណ៍​ឈរ​លើ​​ស្មា​គ្រុឌ​ មាន​ព្រះហស្ត​​ពីរ​ច្រត់​​លើ​ភ្លៅ និង​ព្រះ​ហស្ត​ពីរ​ទៀត​លើកឡើង​លើ។ ចំណែក​ឯ​ហោជាង​ខាង​លិច​ គេ​ឆ្លាក់​​រូប​ព្រះ​នារាយណ៍​គង់​គ្រុឌដែរ តែបង្ហាញ​ចំហៀង​​ខ្លួន ដោយមាន​ព្រះហស្ត​ពីរ​​ច្រត់​ចង្កេះ​ និង​ព្រះ​ហស្ត​​ពីរ​ទៀត​ចង្អុល​ទៅមុខ​មួយ និង​​មួយ​ទៀត​កាន់​កេតនភណ្ឌ (ធ្នូ?)។ សូមបញ្ជាក់​ដែរ​ថា រូបគ្រុឌ​នៅលើ​ហោជាង​ទាំងពីរនេះ ​គេ​ឆ្លាក់​ឈរ​ជាន់​​ក​នាគ​ម្ខាង​មួយ ហើយ​ដៃទាំង​សងខាង​ចាប់​កាន់​កន្ទុយ​នាគ​ឡើង​លើ​យ៉ាង​អង់អាច​ក្រៃលែង។ ដោយ​ឡែក​ ការ​លម្អ​លើ​​​ជញ្ជាំង​ ទ្វារ និង​បង្អួច គេសង្កេត​ឃើញ​មាន​ក្បាច់​រចនា​ឆ្លាក់​អំពី​ស៊ីម៉ងត៍​យ៉ាង​រស់រវើក​។ លើស​ពីនេះ ការ​លម្អ​នៅតាម​​ស៊ុម​ទ្វារ​​និង​បង្អួច​នីមួយៗ គេ​​ឆ្លាក់​​ជា​រូប​តួ​អង្គ​ផ្សេងៗ​ក្នុង​រឿង​រាមកេរ្តិ៍ ដែល​ឈុត​ខ្លះ​ហាក់​ដូច​ជា​បង្ហាញ​ពី​ការ​ប្រយុទ្ធ​តតាំង​គ្នា​។ អ្វីដែលកាន់តែពិសេសជាង​នេះ នៅលើ​ស៊ុមទ្វារ​គេសង្កេត​ឃើញ​មាន​ឆ្លាក់​រូប​ព្រះ​លញ្ជករ​ ​មាន​លក្ខណៈ​ស្រដៀង​​ទៅ​នឹង​ការ​ឆ្លាក់​នៅ​​វត្ត​ដំរីស​ ក្នុងខេត្ត​បាត់ដំបង ដែល​អ្នកខ្លះយល់ថាតំណាង​​ឱ្យ​ស្តេចសៀម។​ ក្បាច់ និង​ចម្លាក់លម្អទាំងអស់នេះ គេលាបពណ៌​ទឹកប្រាក់។ រីឯ​ការ​លម្អ​លើ​សន្លឹក​ទ្វារ និង​បង្អួច​នីមួយៗ គេឆ្លាក់​ជា​រូប​ក្បាច់​រចនា​​ ព្រមទាំង​រូប​យក្ស សត្វ និង​ទេពនិករ​ផ្សេងៗ​។ ប៉ុន្តែ​ក្រោយ​ជួស​ជុល​រួច​រាល់ ក្បាច់​លម្អ​តាម​ស៊ុម​ទ្វារ និង​បង្អួច​នីមួយៗ​​​បាន​លាបពណ៌ទឹកមាសជំនួស​វិញ។ សូម​បញ្ជាក់ថា ព្រះវិហារ​វត្ត​រាជបូណ៌​​នេះមានទ្វារ​ខាងមុខ​៣ ទ្វារ​ខាងក្រោយ​២​ និង​​បង្អួច​នៅ​ចំហៀង​សងខាងសរុប​ចំនួន​​១៨។ ផ្នែក​ខាងក្នុង​នៃព្រះវិហារ គេរៀប​ជា​ខឿន​ទាប​មួយ​ត្រង់​ចន្លោះ​ល្វែង​គ្រឹះ ហើយ​នៅ​ជុំវិញ​នោះ​មាន​ដាំ​សន្លឹក​សីមា​តាម​ទិសសំខាន់ៗផង។ ចំណែក​ឯ​នៅចុង​ខាងលិច​​នៃ​ល្វែង​គ្រឹះ គឺ​ជា​បល្ល័ង្កព្រះជីរ៍ ដែលគេឃើញ​មាន​ចំណារ​​ពុទ្ធ​សករាជ​២៤៧៥ (ឆ្នាំ​១៩៣២) តម្កល់​​ព្រះពុទ្ធបដិមា​ធំមួយ​គង់​ក្នុង​កាយវិការ​ផ្ចាញ់មារដូច​​បណ្តា​​ព្រះវិហារ​ផ្សេងៗដែរ។ នៅផ្នែក​ខាងលើ គឺជា​ពិតាន​​បេតុង​​លាត​ ពុំឃើញមាន​គំនូរ​ ឬក្បាច់​លម្អ​អ្វី​ឡើយ។ ប៉ុន្តែ​នៅតាម​ផ្ទៃជញ្ជាំង​​ជុំវិញ​គឺ​ជាគំនូរ​​បុរាណ​ រៀបរាប់​​រឿង​រាមកេរ្តិ៍​ ជាច្រើន​ផ្ទាំង។ ការ​គូរ​បង្ហាញ​សាច់​រឿង​​ទាំង​អស់​នោះ គេ​សង្កេត​ឃើញ​វិចិត្រករ​​​​គូរ​តាម​បែប​គំនូរ​បុរាណ​ ហើយ​របៀប​ចែក​ឈុត​នីមួយៗ​គឺខុស​គ្នា​តាមពណ៌​ដែល​លាប​ធ្វើ​ផ្ទៃ​ខាងក្រោយ តែ​ផ្ទាំង​នីមួយៗ​ពុំ​រត់ត្រង់បន្ទាត់​គ្នា​ដូច​គំនូរ​សព្វថ្ងៃឡើយ (រូបលេខ១៣-១៥)។ មិន​តែប៉ុណ្ណោះគេ​ពុំអាច​កំណត់​បាន​ជាក់​លាក់ថា ខ្លឹមសារ​រឿង​ដែល​លើក​យកមកគូរ​ក្នុង​ព្រះវិហារ​នេះ ​ចាប់ផ្តើម​ពីត្រឹម​ណា ហើយ​បញ្ចប់ត្រឹមណា​ដូច​ក្នុង​រឿង​ពុទ្ធប្រវត្តិទេ។ ប៉ុន្តែ​អ្វីដែល​គេ​សង្កេត​ឃើញ​គួរ​​ឱ្យ​កត់​សម្គាល់ ​គឺ​វិចិត្រ​ករ​បាន​បញ្ចូល​ទិដ្ឋភាព​អ្នកស្រុក ឬផ្សារ​លក់ដូរ​ ឬកង​ទ័ព​បារាំង​ទៅ​ក្នុង​​​ឈុត​​ខ្លះ​។​ ចំពោះការ​លើកយក​រឿង​រាមកេរ្តិ៍​មកគូរ​លើ​ជញ្ជាំង​ព្រះវិហារ​នេះ គេ​សម្អាង​ថា​អ្នក​ស្រុក​តំបន់អាស៊ីខ្លះ​ចាត់ទុកព្រះរាមជាព្រះពោធិសត្វ។ សង្ខេបសេចក្តីមក ព្រះវិហារ​វត្ត​រាជបូណ៌គឺជា​សំណង់​ស្ថា​បត្យកម្ម​ព្រះពុទ្ធសាសនា​ដ៏​ស្កឹមស្កៃ​មួយ​នាដើម​សតវត្សទី​២០។ ព្រះវិហារ​នេះ ជា​មត៌ក​ដែលអ្នកស្រាវជ្រាវចាត់ទុក​ថា​ ជា​ព្រះវិហារ​បុរាណ​ដែល​មានគំនូររឿង​រាមកេរ្តិ៍​​ច្រើន​ឈុត​ដ៏កម្រ និង​តែមួយគត់​​នៅ​កម្ពុជា​។ ចំពោះលក្ខណៈ​នៃគំនូរ​ទាំងនោះសោត គេសង្កេត​ឃើញ​ប្រហាក់​ប្រហែល​គ្នា​នឹង​សិល្បៈ​មួយ​បែបទៀត​គឺ ការ​ដាច់ឆ្លាក់​តួ​អង្គ​ល្ខោន​ស្បែក ដែល​គួរ​តែ​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​លម្អិត៕ អត្ថបទដោយ៖ ហៀន សុវណ្ណមរកត ប្រភពចម្លង៖ khmercivilization.ams.com.kh ដោយ៥០០០ឆ្នាំ
images/articles/1692/Untitled-1-Recovered.jpg
Public date : 22, Aug 2026 (31,887 Read)
ពិធីនេះភាគច្រើន​គេ​និយម​ធ្វើ​ត្រឹម​តែ​មួយ​យប់ និង​មួយ​ព្រឹក​ប៉ុណ្ណោះ​ដោយ​មាន​ការ​និមន្ត​ព្រះសង្ឃ​យ៉ាង​តិច​៤​អង្គ​ឡើង​ទៅ។ អត្ថន័យ​ដែល​ធ្វើ​គឺ​ដើម្បី​គោរព​ចំពោះ​លោក​អ្នក​ជា មាតា​បិតា ជីដូន​ជីតា និង​សូម​ពរជ័យ​ពី​លោក​មាន​គុណ​ទាំង​ឡាយ។ របៀប​ធ្វើ​គេ​ពិភាក្សា​ជា​មួយ​បងប្អូន សុំ​ការ​ឯកភាព តាម​លទ្ធភាព អ្នក​មាន​ធូរធារ ក្រ និង មធ្យម ដើម្បី​ទិញ​សាដក និង​វត្ថុ​ផ្សេងៗ​សម្រាប់​ធ្វើ​បុណ្យ។ ព្រលឹម​ឡើង​ថ្ងៃ​កំណត់​គេ​និមន្ត​ព្រះសង្ឃ​ឆាន់​ទាំង​ព្រឹក​ទាំង-​ថ្ងៃ​ត្រង់​ឬ​ថ្ងៃ​ត្រង់​តែ​ម្ដង​ក៏​បាន​តាម​លទ្ធភាព។បើ​ព្រះសង្ឃ​វត្ត​ជិត​ផ្ទះ លោក​និមន្ត​ទៅវត្ត​វិញ​ជាធម្មតា រី​ឯ​ពិធី​នេះ​ដំបូង​អាចារ្យ​ចាប់​ពិធី​បួងសួង​ទេវតា​ប្រកាស​ពិធី​ដែល​កូនចៅ​មាន​នាម​ជា​អាទិ៍​គឺ..... មាន​កតញ្ញូ​ចំពោះ...... ប្រារព្ធ​ធ្វើ​ពិធី​នេះ​ឡើង។ បន្ទាប់​មក​អាចារ្យ​និយាយ​ចំពោះ​សាមី​ខ្លួន​កូន​ចៅណា​មួយ​អាច​និយាយ​ផ្ទាល់​ពី​ការ​សុំ​ខមាទោស​នូវ​រាល់​ទោស​កំហុស ដែល​កូន​ចៅ​បាន​ប្រព្រឹត្ត​មិន​សម​ហេតុផល​ចំពោះ​លោក​មាន​គុណ​ក្នុង​កាល​ជា​កន្លង​និង សូម​ប្តេជ្ញា​គោរព​រាប់​អាន​ស្រលាញ់​បងប្អូន មិន​ធ្វើ​អំពើ​អាក្រក់​ណា​មួយ​ឲ្យ មាតាបិតា ជីដូនជីតា ព្រួយបារម្ភ​ឡើយ។ រួច​លុត​ជង្គង់ គោរព​ជូន​វត្ថុ​ទាំង​អស់​នោះ​ទៅ​លោកអ្នក​ដែល​យើង​បម្រុង​ជូន។ ពេល​កូន​ចៅ​ជូន​អ្នក​មាន​គុណ​ត្រូវ​ជូនពរ ជ័យ​ដល់​កូន​ចៅ​ផ្ទាល់​មាត់​បន្ទាប់​មក​អញ្ជើញ​គាត់​ទៅ​ផ្ងូត​ទឹក។ (ពិធីនេះ​មាន​នៅ​ក្នុង​ពិធី​ស្រង់​ព្រះ) បញ្ជាក់ ការ​ធ្វើ​នេះ​មិន​ប្រកាន់​ថា​បង ប្អូន​មាមីង​ទេ។ ដោយ​ការ​ធ្វើ​កតញ្ញូកតវេទី​នេះ​ទោះ​បី បុរស- ស្ត្រី- គ្រហស្ថ បព្វជិត​ណា​មួយ​ក៏​ដោយ ដែ​ល​បាន​ទទួល​ផល​ប្រយោជន៍ និង​សេចក្ដី​សុខ ចម្រើន​ជា​ដើម អំពី​អ្នក​ដទៃ​ដែល​គេ​បាន​ទំនុក​បម្រុង​ដល់​ខ្លួន​ឲ្យបាន​ប្រយោជន៍​ណា​មួយ​ហើយ យើង​មិន​គួរ​បំភ្លេច​គុណ​បំណាច់​គឺ​សេចក្ដី​ល្អ​ដែល​អ្នក​ទាំង​នោះ​បាន​ធ្វើ​នោះ​ទេគួរ​ធ្វើ​កតវេទីតប​ស្នង​សងគុណ​គាត់​វិញ។ ម្យ៉ាង​ទៀត អានិសង្ស​កតញ្ញូ​កតវេទី​នេះ​មាន​កម្លាំង​ធំធេង​ណាស់​ដូច​មាន​និទាន​ក្នុង​រឿង​សុវណ្ណសាម​ស្រាប់។ រឿង​ព្រះសុវណ្ណសាម ក្នុង​កាល​ដ៏​កន្លង​ទៅ​ហើយ​នៅ​នគរ​មួយ​មាន អ្នក​នេសាទ​ពីរ​ត្រកូលមាន​លំនៅ​ឋាន​ឆ្ងាយ​ពី​គ្នា​ម្នាក់​នៅ​ស្ទឹង​ម្ខាង ចំណែក​ម្នាក់​ទៀត​នៅ​ស្ទឹង​ម្ខាង​ទៀត​ហើយ​អ្នក​នេសាទ​ទាំង​ពីរ​បាន​សន្យា​គ្នា​ថា កាល​បើ​យើង​ទាំង​ពីរ​បាន​កូន​ស្រី​និង​កូន​ស្រី​ឲ្យ​ធ្វើ​ជា​មិត្ត បើ​កូន​ប្រុស​មួយ​និង​ស្រី​មួយ​យើង​ធ្វើ​ជា​ដន្លង​នឹង​គ្នា​មិន​យូរ​ប៉ុន្មាន​ត្រកូល​ទាំង​ពីរ​ក៏បាន​កូន​ស្រី​មួយ​និង​ប្រុស​មួយ។ លុះ​ធំពេញ​វ័យ​ម្ដាយ​ឪពុក ក៏​បាន​ផ្សំ​អ្នក​ទាំង​ពីរ​ជា​គូភរិយា។ ទោះ​បី​គេ​បាន​ជា​ភរិយា​នឹង​គ្នា​ក៏​ដោយ​តែ​គេ​មិន​ប្រាថ្នា​ក្នុងកាម​ទេ គឺ​ចង់​តែ​ទៅ​បួស​ដើម្បី​រួច​ចាក​កាម​ទាំង​ឡាយ។ សេចក្ដី​ប្រាថ្នា​របស់​ជន​ទាំង​ពីរ​នោះ រឹតតែ​កើត​មាន​ខ្លាំង​ឡើងៗ រាល់​ថ្ងៃ​ទ្រាំ​មិន​បាន​ក៏​នាំ​គ្នា​សុំ​លាម្ដាយ​ឪពុក​សង​ខាង​ចេញ​ទៅ​បួស។ ទោះបីម្ដាយ​ឪពុក​ទាំង​សងខាង យំសោក​ស្ដាយ​មិន​បើក​ឲ្យ​បួស​ក៏ចេះ​តែ​ទទូច​លា​រឿយៗ​ទាល់​តែបាន។ លុះ​បាន​ហើយ​ម្ដាយ​ឪពុក ក៏​បាន​រៀប​ចំបរិក្ខា​គ្រប់​ប្រដាប់​សម្រាប់​ស្លៀក​ពាក់​ជា​ឥសី ឲ្យ​កូន​ទាំង​ពីរ​ដោយ​បំណង​រៀងៗ​ខ្លួន​បាន​សម្រាច​ពេល​អ្នក​ទាំង​ពីរ​បាន​បរិក្ខារ​គ្រប់​គ្រាន់​ហើយ​ក៏​ស្លៀក​ពាក់​ជា​ឥសី​លា​ម្ដាយ​ឪពុក ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ព្រៃហេមពាន្ត ដ៏​ជាទី​សែន​ស្ងាត់​ចម្រើន​មេត្តា​ភាវនា​ជាសុខសាន្ត។ វេលា​មួយ ព្រះអមរិន្ទ្រាធិរាជ ស្ដេច​បើក​ទិព្វចក្ខុ​មើល​ស្រាប់​តែ​ឃើញ​ឥសី​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ត្រូវ​ខ្វាក់​ភ្នែក​ទាំង​អស់​គ្នា​នៅ​ពេល​ខាង​មុខ ដូច្នេះ​ត្រូវ​តែ​មាន​កូន​ម្នាក់​សម្រាប់​បម្រើ។ ពេល​នោះ​ព្រះឥន្ទក៏​និម្មិត​ខ្លួន​មក​ប្រាប់​ដល់​ឥសី​ទាំង​ពីរ​ថា ម្នាល​ឥសី​ទាំង​ពីរ មិនយូរ​ប៉ុន្មាន​ទៀត​ទេ​អ្នក​ត្រូវ​ខ្វាក់​ភ្នែក។ ដូច្នេះ​ចូល​អ្នក​រួមសំវាសទៅ​ទើប​យើង នឹង​និមន្ត​ទេវបុត្រ​មួយ​អង្គមក​បម្រើ​អ្នក ខណៈ​នោះ​ឥសី​ប្ដីប្រពន្ធ​មិន​ព្រម​សោះ​បន្ទាប់​មក​ព្រះឥន្ទ​ក៏​ប្រាប់​បន្ត​ទៀត​ថា​បើ​អ៊ីចឹង ចូល​អ្នក​យក​ដៃ​ទៅ​ស្ទាប អង្អែល លើ​ផ្ទៃ​តាបសី​នៅ​ពេល​អធ្រាត្រ​ណា! តាបស​ទាំង​ពីរ​ថា បើ​គ្រាន់​តែ​ប៉ុណ្ណោះ​បាន។ លុះ​ឥសី​ទាំង​ពីរ​ទទួល​ព្រម ដូច្នោះ​ហើយ​ព្រះឥន្ទ​ក៏​ធារាធនា សុវណ្ណសាមទេវបុត្រពោធិសត្វ ឲ្យ​ស្ដេច​ចុះ​ចាប់​បដិសន្ធិ​ក្នុង​ផ្ទះ​នាង​បារិកាជាឥសី ដូច​សេចក្ដី​ប្រាថ្នា។ សុវណ្ណសាមកុមារ វ័យ​ធំឡើង​ម្ដាយ​ឪពុក​តែង​ទៅ​បេះ​ផ្លែឈើ​ជីក​មើម​ឈើ​មក​ចិញ្ចឹម​ជារាល់​ថ្ងៃ។ ថ្ងៃ​មួយ​ជារដូវ​ភ្លៀង​មហាមេឃ បង្អុរ​ភ្លៀង​១មេយ៉ាង​ធំ តាបស​ទាំង​ពីរ​រត់​ជ្រក​ក្រោម​ដើម​ឈើ​មួយ ក្នុង​ដំបូកដែល​មាន​ពស់​១ធំ​នៅ​ក្នុង​រូង។ តាបស​ទាំង​ពីរ​មិន​ដឹង​ថា មាន​ពស់​ក៏​អង្គុយពីលើ​រូង​នោះ​ហើយញើស​ក្អែល​ស្រក់​ទៅ​លើ​រូង​នោះ។ ពស់​នោះ​ក៏​បង្ហុយ​ផ្សែង​ពិស​វា​មក​ត្រូវ​ចំ​ភ្នែក ហើយ​តាបស​ទាំង​ពីរ​នោះ​ងងឹត​ភ្នែក​ទាំង​ពីរ​សូន្យ​ឈឹង​មើល​គ្នា​ពុំឃើញ​អង្គុយ​យំ​នៅ​ក្រោម​ដើម​ឈើ​នោះ រក​ផ្លូវ​ទៅ​អាស្រម​ពុំរួច។ ព្រះសុវណ្ណាសាមកុមារ ចាំម្ដាយ​ឪពុក​នៅ​អាស្រម​បាត់​ពុំ​ឃើញ​មក​តាម​កំណត់​ដូច​សព្វ​ដង​ក៏រត់​រក​សព្វ​ច្រក​ល្ហក។ លុះ​ឃើញ​ម្ដាយ​ឪពុក​ងងឹត​ភ្នែក​ទាំង​ពីរ​នាក់​ក៏​ទួញ​យំ​ហើយ ទ្រង់​ដឹក​ដៃ​ម្ដាយ​ឪពុក​ចេញ​ទៅ​កាន់​អាស្រម​ហើយ​សុវណ្ណសាម​កុមារ កាប់​បំពង់​កូន​ឈើ​មកចងខ្វាត់ខ្វែង​ពីអាស្រម​ទៅ​បង្គន់​ពីបង្គន់​ទៅ​កាន់​កន្លែង​សម្រាក​ជាដើម។ ខ្លួន​តែង​តែ​ទៅ​ក្នុង​ព្រៃ​ដងទឹក និង​បេះ​ផ្លែ​ឈើ​មក​ជូន​ម្ដាយឪពុក​រាល់​ថ្ងៃ ក្នុង​ដំណើរ​ទៅ​នោះ គឺ​តែង​មាន​សត្វ​ផ្សេងៗ​ដើរ​អមហែ​ទៅ​ជាមួយ។ ថ្ងៃ​មួយពេល​ដែល​សុវណ្ណសាម​កុមារ ទៅ​ដងទឹក​ដើម្បី​លាង​ជម្រះ​កាយម្ដាយឪពុក​ដោយ​មាន​សត្វ​ក្ដាន់​ជាដើម​បាន​ដើរ​ហែហម​អមសឹង​តែ​មើល សុវណ្ណសាមមិន​ឃើញ​ឡើយ។ ថ្ងៃ​នោះ​ចំពេល​ដែល​កបិលយក្ស​មាន​បំណង​ចូល​ព្រៃ​បាញ់​សត្វ​លេង​កម្សាន្ត​ព្រះទ័យ ទ្រង់​ទត​ពី​ចម្ងាយ​ទៅ​មិន​ឃើញ​ព្រះពោធិសត្វ​ឃើញ​តែ​ក្ដាន់​ដើរ​ទន្ទឹម​គ្នា ទ្រង់​ក៏​យឹតធ្នូ​បាញ់​តម្រង់​ទៅ​មិនត្រូវ​ក្ដាន់​បែរជា​ត្រូវ​ព្រះពោធិសត្វ​ទៅ​វិញ ចំកណ្ដៀត​ក្អម​ដួល​ទៅ​លើផែន​ដី។ ពេល​នោះ​សុវណ្ណសាម​ សែន​ចុកចាប់​ឈឺ​យ៉ាង​ខ្លាំង​បានរៀបរាប់​ថា អ្នកអ្ហើយ​បាញ់​នេះ​មិន​ស្លាប់​តែ​រូប​ខ្ញុំ​ម្នាក់​ទេ ស្លាប់​ទាំង​ម្ដាយ​ឪពុក ខ្ញុំ​ទាំង​ពីរ​រូប​ទៀត​ផង ឱ! ខ្ញុំ​អាសូរ​ម្ដាយ​ឪពុក​ខ្ញុំ​ណាស់​ពី​ថ្ងៃ​នេះ​ទៅ ឥត​មាន​នរណា​បម្រើ​អ្នក​ឡើយ។ ស្ដេច​កបិល​យក្សស្ដាប់​ឮពាក្យ​នោះ​ហើយ​ក៏​មាន​ចិត្ត​អាណិត​មេត្តា​ជា​ខ្លាំង​ចូល​ទៅ​សួរ​ថា សូម​អ្នក​អត់ទោស​ឲ្យ​ខ្ញុំ​ផង! ខ្ញុំ​ធានា​ទៅ​បម្រើ​ម្ដាយ​ឪពុក​អ្នក​ជំនួស​អស់​មួយ​ជីវិត។ ទូល​ហើយ​ក៏​លា​ព្រះពោធិសត្វ​ទៅរក​អាស្រម​របស់​តាបស​ទាំង​ពីរ លុះ​ទៅ​ដល់​ហើយ ស្ដេច​កបិលយក្ស ឡើង​កាន់​អាស្រម​ដោយ​ស្នូរ​ព្រះបាទ​ខ្លាំងៗ។ តាបស​ទាំង​ពីរ​សួរ​ថា នរណា​ដើរ​អីក៏ឮ​សូរ​ខ្លាំង​ម្ល៉េះ​អ្នក​មក​ពី​ណា? ស្ដេច​កបិលយក្ស​ជម្រាប​ថា ខ្ញុំ​ឈ្មោះ​កបិលយក្ស បាន​បាញ់​ក្ដាន់​ដែល​អម​ព្រះសុវណ្ណសាម​កុមារ ជាកូនរបស់​អ្នក​ទាំងពីរកំពុង​បណ្ដើរ​ទៅ​ដង​ទឹក​ស្រះ​តែ​មិន​ត្រូវ​ក្ដាន់​បែរ​ជា​ត្រូវ ព្រះសុវណ្ណសាម​ទៅវិញ ឥឡូវ​កូន​អ្នក​ក្ស័យ​ជីវិត​ទៅ​ហើយ ខ្ញុំ​មក​នេះ​មក​បម្រើ​លោក​ទាំង​ពីរ​ជំនួស​សុវណ្ណសាម។ និមិត្ត​តែឮ​សូរ​ពាក្យ​ទាំង​នេះ​ភ្លាម​តាបសីទាំង​ពីររូប​ក៏​បាន​យំ​សោក​ខ្សឹមខ្សួល​គួរ​ឲ្យ​អណិតអាសូរ​ពេក។ ថ្លែង​ឯនាង​មណីមេខលាទេពធីតា ដែល​ជា​អ្នក​រក្សានៅ​ព្រៃ​នោះ​ទាំង​ប៉ុន្មាន មក​ធ្វើ​សច្ចាប្រណិធាន​ជុំ​វិញ​ព្រះពោធិសត្វ​ក្នុង​គម្ពីរ​បាន​បញ្ជាក់​ថា កាល​បើ​មើល​ឃើញ​ដូច្នេះ​ហើយ មិន​ជួយ​នោះ​ប្រាកដ​ជា​បែក​ក្បាល​ជា​បំណែក​មិនខាន។ ពេល​នោះ​ក៏ធ្វើការ​ប្រណិធាន​នៅ​ជុំវិញ​ពោធិសត្វ ដែល​ទ្រង់​សន្លប់​បាត់​ស្មារតី​ឯតាបស​ទាំង​ពីរ​រូប​ដែល​ជា​ម្ដាយ​ឪពុក​ឲ្យស្ដេច​កបិលយក្ស ក៏​បាន​នាំ​មក​ជួប​សុវណ្ណសាម ជាកូន​ដល់​ហើយ​តាបស​ទាំង​ពីរ និង​ស្ដេច​កបិលយក្ស​យំសោក​សង្រេង​ហើយ​ធ្វើ​សច្ចាប្រណិធាន​ទាំង​អស់​គ្នា​នៅជុំ​វិញ​ព្រះពោធិសត្វដោយ​អានុភាព​នៃ​សច្ចវាចា​នោះ​ផង​ដោយ អានិសង្ស​កតញ្ញូកតវេទិតាធម៌​របស់​ព្រះពោធិសត្វ​សុវណ្ណសាម​ក៏​មាន​ស្មារតី​ឡើង​វិញ​បន្ទាប់​មក​ក្រាប​ថ្វាយ​បង្គំ​តាបស​ទាំង​ពីរ​ជាម្ដាយ​ឪពុក ដោយ​គោរព​ហើយ​នាំម្ដាយ​ឪពុក​ទៅកាន់​អាស្រម​វិញ​ដោយ​សុវត្ថិភាព។ ឯស្ដេច​កបិលយក្ស​នោះ​ ក៏​ទទួល​បញ្ចសីល​តាម​ព្រះឱវាទ​ព្រះសុវណ្ណសាម​ពោធិសត្វ ហើយត្រឡប់​ទៅកាន់​នគរវិញ​ហោង។ នៅទីបំផុត​ជាតក​នេះ ព្រះបរមសាស្ដា​ទ្រង់​សម្ដែង​ថា​កតញ្ញូគឺ​ជន​អ្នក​ដឹង​ឧបការគុណ និង​ធ្វើ​តប​ចំពោះ​លោក​មាន​គុណ គឺ​កតវេទិតាធម៌​ដែល​មាន​អានិសង្ស​ដូច​ពោល​មក​នេះ​ហើយ​ដែល​តថាគត​បាន​ត្រាស់​ជា​ព្រះពុទ្ធមកុដ​ត្រៃភព​ក៏​ដោយ​សារ​កតញ្ញូកតវេទិតាធម៌​នោះឯង។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ចំណេះ​ដឹង​នានា​ក្នុង​ពុទ្ធសាសនា​ខ្មែរ ដោយ​៥០០០​ឆ្នាំ​
images/articles/1669/Untitled-1-Recovered.jpg
Public date : 21, Aug 2026 (51,073 Read)
កំណើត​បុណ្យ​៧​ថ្ងៃ ពរ​ទាំង​ឡាយ​៤​ប្រការ​គឺ អាយុ សូម​ឲ្យ​មាន​ជន្មវស្សា​យឺនយូរ វណ្ណៈ សូម​ឲ្យ​មាន​សម្បុរកាយ​រូប​ឆោម​ល្អ សុខៈ សូម​ឲ្យ​បាន​សុខ​កាយ​សប្បាយ​ចិត្ត ពលៈ សូម​ឲ្យ​មាន​កម្លាំង​កាយ​និង​កម្លាំង​សទ្ធា នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (៣ដង) ខ្ញុំ​ព្រះ​ករុណា សូម​នមស្ការ​ចំពោះគុណ​កែវ​ព្រះរតនត្រ័យ​ទាំង​បី ដោយ​សេចក្ដី​គោរព​ជ្រះថ្លា​យ៉ាង​ក្រៃលែង។ពិធី​បុណ្យ​៧​ថ្ងៃ​នេះ ជាតិ​ខ្មែរ​យើង​តែង​តែ​ប្រារព្ធ​ធ្វើ​មិន​សូ​វខាន​ពិសេស​ពេល​ក្រុម​គ្រួសារ​ណា​មួយ​មាន​សមាជិត​ណា​ម្នាក់ស្លាប់ គឺ​មិន​សូវ​ចៀសរួចពី​ការ​ប្រារព្ធ​ធ្វើ​បុណ្យ​៧ថ្ងៃនេះឡើយ។ យើង​ដឹង​ថា ព្រះពុទ្ធសាសនា​មាន​និយាយ​ពី​កម្ម​ផល​ដែល​បុគ្គល​អ្នកស្លាប់ តែង​ស្ពាយ​ទៅ​ដោយ​អំពើ​ជា​កុសល​និង​អកុសល​ជាប់​ជា​មួយ​ប្រៀប​នឹង​ប្រមោល​អន្ទោល​តាម​ប្រាណ​អ៊ីចឹង។ ដូច្នេះ​តើ​បុគ្គល​អ្នក​ប្រព្រឹត្តនោះ​ទីបំផុត​នឹង​បាន​ទទួល​ទុក្ខ​ឬ​សុខ​យ៉ាង​ណា? ព្រោះ​ហេតុ​នេះ​ទើប​យើង​ឃើញ​ថា ពិធី​បុណ្យ​៧​ថ្ងៃ ញាតិ​មិត្ត​តែង​ធ្វើ​សឹង​គ្រប់​កន្លែង ដោយ​យោង​តាម​ការ​បញ្ជាក់​ទាក់​ទង​នឹង​រឿង​មាន​ដូច​តទៅ រឿងភិក្ខុតិស្សត្ថេរ កាល​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​គង់​ក្នុង​វត្ត​ជេតពន​ជា​អារាម​របស់​អនាថបណ្ឌិកសេដ្ឋី​ថ្វាយ​ព្រះអង្គ ក្នុង​គ្រា​នោះ មាន​ភិក្ខុសង្ឃ​ជា​ច្រើន​ដែល​បាន​បួស​ក្នុង​សាសនា​តាម​មាគ៌ា​ព្រះអង្គ។ ក្នុង​នោះ​គឺ​មាន​ត្រកូល​ជា​ច្រើន​មក​បួស មាន​ទាំង​ត្រកូល​អ្នក​ក្រ អ្នក​មាន​ សេដ្ឋី គហបតី គ្រប់ស្រទាប់​វណ្ណះទាំងអស់ ដែល​លះ​បង់​ផ្ទះ​ចូល​មក​សាង​ផ្នួស បួស​ជា​បព្វជិត​ក្នុង​វត្ត​ជេតពន ពោល​គឺ​ពួក​គេ​ទម្លាក់​វណ្ណៈ​ទាំង​នោះ​ចោល ក្នុង​នោះ​មាន​ភិក្ខុ​មួយ​អង្គ​ព្រះនាម តិស្សត្ថេរ ចេញ​ពី​ត្រកូល​ក្រីក្រ​លំបាក​តែ​មាន​សទ្ធា​បួស​ក្នុង​ព្រះពុទ្ធសាសនា​ដោយ​ស្មោះ​ពី​ចិត្ត។ លោក​តែង​តែ​តូច​ចិត្ត​ខ្លួន​ឯង​ដែល​កើត​មក​ក្នុង​ត្រកូល​ក្រីក្រ​ហើយ​មិន​មាន​ស្បង់​ចីវរ​ថ្មី​ដូច​សង្ឃ​ដទៃ​នោះ។ ក្នុង​សម័យ​ថ្ងៃ​មួយ មាន​ញាតិ​ញោម​អ្នក​មាន​សទ្ធា​ជ្រះថ្លា​ចំពោះ​ព្រះរតនត្រ័យ ឃើញ​ព្រះអង្គ​តិស្សត្ថេរ ប្រើ​ចីវរចាស់​គាត់​ក៏​បាន​ជាវ​ចីវរ​ថ្មី​មួយ​សម្រាប់ ប្រគេន​ដល់​ព្រះអង្គ​។ និយាយ​ពី​ភិក្ខុ​តិស្សត្ថេរ​ក្រោយ​ពី​បាន​ទទួល​ស្បង់​ចីវរ​ថ្មី​ហើយលោក​មាន​ចិត្ត​ត្រេកអរ​រីករាយ​សប្បាយ​ដោយ​គិត​ថា​របស់​ថ្មី​ដូច​នេះ​កុំ​អាល​ស្លៀក​ពាក់​ប្រើប្រាស់​អី​ចាំ​ពេល​មាន​ពិធីបុណ្យ​ធំៗ​ម្ដងទើប​ប្រើ។ ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ថា សត្វ​លោក​មិន​អាច​កំណត់​អាយុ​ខ្លួន​ឯង​ថា ត្រូវ​ស្លាប់​អាយុ​ប៉ុណ្ណេះ​ប៉ុណ្ណោះ​បាន​នោះ​ទេ វា​មិន​ទៀង​ទាត់​ទេ ដែល​លោក​សម្ដែង​ថា​អនិច្ចំ​នេះ​ឯង ភិក្ខុ​តិស្សត្ថេរ​ក៏​ដូច​គ្នា​ក្រោយ​ពី​ព្រះអង្គ​បាន​ទទួល​ចីវរថ្មី មិន​ទាន់​បាន​ប៉ុន្មាន​ផង​ស្រាប់​តែ​សុគត​បាត់​ទៅ បណ្ដាល​ឲ្យ​ចិត្ត​ភ្នក​បាន​កើត​ជា​សត្វ​ចៃ​ធំ​មួយ​លើ​ចីវរ​នោះ​ទៅ។ និយាយ​ពី​ពួក​ភិក្ខុ​ទាំង​ឡាយ​ដែលគង់​ក្នុង​វត្ត​បាត់​មិន​ឃើញ​អង្គ​តិស្សត្ថេរ​នោះ​យូរ​ថ្ងៃ មាន​ការ​ឆ្ងល់​បាន​ទៅ​មើល​កន្លែង​សិង ទើប​ដឹង​ថា ភិក្ខុ​តិស្សត្ថេរ​នោះ​បាន​សុគត​បាត់​ទៅ​ហើយ​ខណៈ​នោះ ភិក្ខុ​ទាំង​អស់​ឃើញ​ចីវរ​នៅ​ក្បែរ​នោះ​បម្រុង​យក​មក​ចែក​គ្នា​ប្រើ​ប្រាស់​ស្រាប់​តែ​ឃើញ​សត្វ​ចៃ​មួយ​ធំ​កំពុង​វារ​ចុះ​វារ​ឡើង​ហាក់​ដូច​ជា​ការពារ មិន​ចង់​ឲ្យ​អ្នក​ណា​យក​ចីវរ​នោះ​ទេ ភិក្ខុ​ទាំង​ឡាយ​មើល​ឃើញ​ហេតុ​គួរ​ឆ្ងល់​យ៉ាង​នោះ ទើប​នាំ​គ្នា​ទៅ​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ ដែល​គត់​ក្នុង​វត្ត​ជេតពន ពេល​នោះ​ព្រះអង្គ​បាន​ត្រាស់​សម្ដែង​ព្រះធម៌​ទេស​នា​ប្រារព្ធ​ពី​រឿង​ភិក្ខុ​តិស្សត្ថេរ​នោះ ប្រាប់​ដល់​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាលអ្នក​ទាំង​ឡាយ សត្វ​លោក​ទាំង​អស់​នៅ​ពេល​ជិត​ស្លាប់ កាល​បើ​ជន​នោះ​រឭក​យក​អ្វីជា​អារម្មណ៍​ហើយ​អាច​ធ្វើ​ឲ្យ​វិញ្ញាណ​ជន​នោះ​ទៅ​ជាប់​នឹង​របស់​នោះ​បាន ដូច​យ៉ាង​ភិក្ខុ​តិស្សត្ថេរ​អង្គ​នេះ​ដែរ ដោយ​ហេតុ​តែ ស្រលាញ់​ពេញ​ចិត្ត​នឹង​ចីវរ​របស់​ខ្លួនដែល​មិន​ទាន់​បាន​ប្រើ​ប្រាស់​ផង​ស្រាប់​តែ​សុគត​ទៅ​ទើប​បាន​កើត​ជា​សត្វ​ចៃ​មួយ ដូច​ដែល​ភិក្ខុ​ទាំង​ឡាយ​បាន​ឃើញ​នោះ​ឯង។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ចំណេះ​ដឹង​នានា​ក្នុង​ពុទ្ធសាសនា​ខ្មែរ ដោយ​៥០០០​ឆ្នាំ​
images/articles/1678/Untitled-1-Recovered.jpg
Public date : 21, Aug 2026 (59,833 Read)
បុណ្យផ្កា​ដែលធ្វើ​ដោយមាន​ផ្កា​ជាសក្ការៈ​នោះ​មាន​ពីរ​បែប​គឺ ១- បុណ្យ​ផ្កា​រុក្ខជាតិ និង​ផ្កាវារីជាតិ គឺ​គេ​បេះ​តែ​ផ្កា​ឈើ និង​ផ្កា​ឈូក​ថ្វាយ​ព្រះពុទ្ធ​រូប។ ២- បុណ្យ​ផ្កា​ប្រាក់ គឺ​គេ​សន្មត​ប្រាក់​ថា​ជា​ផ្កាបវារណា​ចំពោះ​ព្រះ​ដើម្បី​សាង​ថាវរ​វត្ថុ​អ្វី​មួយ។ ប្រទេស​កម្ពុជា​យើង​ សម័យ​បុរាណ​ពុទ្ធបរិស័ទ​ទាំង​ឡាយ​ទាំង​ព្រះរាជា​ទាំង​ប្រជារាស្ត្រ ទ្រង់​តែង​តែ​ប្រារព្ធ​ធ្វើ​បុណ្យ​រុក្ខជាតិ និង​ផ្កាវារីជាតិ​ដោយ​យក​ផ្កា​ចង​ក្រង​ហើយ ហែ​យក​ទៅ​ថ្វាយ​ព្រះពុទ្ធ​នៅ​ព្រះវិហារ​វត្ត​ណា​មួយ​ដែល​នៅ​ជិត។ ព្រះ​រាជា​តែង​ទ្រង់​ធ្វើ​នៅ​ខែវស្សា គឺ​នៅ​ថ្ងៃ១៥​កើត​ខែ​ស្រាពណ៍ដោយ​ទ្រង់​ស្ដេច​យាង​ទៅ​ក្រសាល​តាម​បឹង​តាម​ព្រះទីន័ង នាវា ទ្រង់​ព្រះរាជបញ្ជា​ឲ្យ​បេះ​ផ្កា​ឈូកស ឈូក​ក្រហម ព្រលិត លំចង់ ស្បង្ក័ជ យក​មក​ថ្វាយ​ព្រះក្នុង​ព្រះរាជ​មន្ទីរ​ហើយ​ទ្រង់​ចាត់​ឲ្យ​ហែហម​ដោយ​ក្បួន​ហែដ៏​មហោឡារិក យក​ទៅ​ថ្វាយ​ព្រះពុទ្ធរូប​គ្រប់​វត្តអារាម ដែល​នៅ​ជិត​ព្រះបរមរាជវាំង។ តែ​សព្វ​ថ្ងៃ​ដោយ​គេ​យល់​ថា វត្ត​អារាម​នីមួយៗ​តែង​កសាង​ទីសេនាសនៈ ដូច្នេះ​ទើប​និយម​យក​លុយ​មក​ចង​ក្រង​ជា​ផ្កា រួច​បាន​វេរប្រគេន​ដល់​ព្រះសង្ឃ ហើយ​បុណ្យ​ផ្កា​ប្រាក់​នេះ​គេ​ទុក​ថា ជា​បុណ្យ​ធំ​មួយ​ព្រះ​គេ​បាន​រួម​បច្ច័យ​ កសាង​ថា​វរវត្ថុ​ផ្សេងៗ ទាំង​ខាង​ពុទ្ធចក្រ និង​អាណាចក្រ​អាច​ធ្វើ​ជា​ប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ធ្វើ​ជាទី​សេនាសនៈ​ផ្សេងៗ​បាន​ឈ្មោះ​ថា​ធ្វើ​ឲ្យ​សាសនា​រុង​រឿង​តទៅទៀត​ផង។ រឿង​ព្រះបុទុមត្ថេរ (គម្ពីរ​បាលី​ព្រះវិន័យ) ត្រង់​ភេសជ្ជករណា​ទិវិនិច្ឆ័យកថា ចែង​ពី​ប្រភព​នៃ​បុណ្យ​ផ្កា​បាន​ឮ​ថា​ព្រះ មហាបទុមត្ថេរ នៅ​លង្កា​ទ្វីប​កាល​ដែល​រោគ​កើត​ឡើង​ដល់​ព្រះរាជទេពី នៃ​ព្រះមហាក្សត្រ ដែល​ស្និទ្ធស្នាល​នឹង​ព្រះអង្គ ព្រះរាជា​ទ្រង់​ចាត់​ឲ្យ​ស្ត្រី​បម្រើ​ម្នាក់​មក​សួរ​ថ្នាំ​លោក ដោយ​សារ​លោក​ជា​អ្នក​កាន់​វិន័យ​ត្រឹម​ត្រូវ​មិន​ប្រាប់​ថា​ចេះ ឬ​មិន​ចេះ​ទេ​លោក​ធ្វើ​ជា​បែរ​ទៅ​សួរ​ពួក​ភិក្ខុ​ថា ម្នាល​អាវុសោ កាល​ដែល​រោគ​ដូច្នេះ​កើត​ឡើង​ដល់​ភិក្ខុ​គេ​ផ្សំ​ថ្នាំ​នេះ​មួយៗ។ ស្ត្រី​បម្រើ​បាន​ឮក៏​នាំ​ដំណឹង​នោះ​ទៅ​ទូល​ព្រះ​រាជា ព្រះរាជាបាន​ជ្រាប​ក៏​ចាត់​ការ​ឲ្យ​ព្យាបាល​រោគ​នោះ​ដោយ​ប្រើ​ថ្នាំ​ដូច្នោះ​ក៏​បាន​ជា​សះ​ស្បើយ​ទៅ។ កាល​ជា​សះ​ស្បើយ​ហើយ​ព្រះរាជា​ទ្រង់​យក​ចីវរ​១​ត្រៃ និង​រូបិយវត្ថុ៣០០​កហាបណៈ ដាក់​ក្នុងប្រអប់​១​ទៅ​តម្កល់​ទុក​ជិត​ព្រះបាទា​ព្រះមហាបទុមត្ថេរ ហើយ​បវារណាថា ភន្តេ បុប្ផ បូជំ ករោថ បពិត្រ​ព្រះករុណា​ម្ចាស់​ដ៏​ចម្រើន! ផ្កា​ទាំង​អស់​សូម​ព្រះករុណា​ម្ចាស់​ចាត់​ចែង​ផ្កា​បូជា​ព្រះពុទ្ធ​រូប​ចុះ។ ព្រះមហាបទុមត្ថេរ​ទទួល​ដោយ​តុណ្ហីភាព​ហើយគិតថា រូបិយវត្ថុ​មួយ​ចំណែក​នេះ ជា​ចំណែក​អាចារ្យ លុះ​គិត​ហើយ​ក៏​ឲ្យ​អាចារ្យ​នោះ​ទទួល​យក ចំណែក​នោះ​ដោយ​កប្បិយ​វោហារ​សល់​ពីរ​នោះ​លោក​ចាត់​ចែង​បូជា​ព្រះពុទ្ធរូប។ សម័យ​បុរាណ​ប្រហែល​ជា​ពុទ្ធសាសនិក​ជន​យក​តម្រាប់​តាម​រឿង​នេះ​ហើយ បាន​ជា​គេ​ធ្វើ​បុណ្យ​ផ្កា​រុក្ខជាតិ និង​ផ្កា​ប្រាក់ ជា​ពុទ្ធបូជារួម​ជា​មួយ​គ្នា​ជាប់​ជា​ប្រពៃណី​នៅក្នុង​ព្រះពុទ្ធសាសនា​ហើយ​សម័យតៗ​មក​មាន​អ្នក​មាន​សទ្ធា​ជ្រះថ្លា​ដែល​ត្រូវការ​កសាង​ថា​វរវត្ថុ​ផ្សេងៗ មាន​កុដិ ព្រះវិហារ សាលាបុណ្យ សាលារៀន ស្ពាន ស្រះ​ជាដើម​ជា​របស់​ត្រូវ​ចាយ​វាយ​ប្រាក់​ច្រើន​តែ​បើ​គេ​មាន​ធនធាន​តិច​មិន​អាច​សាង​ម្នាក់​ឯង​បាន​ក៏​ផ្ដើម​ធ្វើ​ជា​បុណ្យ​ផ្កា​ឡើង រួច​រៃអង្គាស​ញាតិមិត្ត​ឲ្យ​ចូល​ប្រាក់​ជួយ​កសាង​ថាវរវត្ថុ​នោះ​តាម​កម្លាំង​សទ្ធា។ តែ​តាម​ទម្លាប់​ស្រុក​ខ្មែរ​នា​សម័យ​បច្ចុប្បន្ន ទោះ​បី​មាន​ធនធាន​ច្រើន ដែល​អាច​កសាង​ម្នាក់​ឯង​បាន​ក៏​ដោយតែ​មុន​នឹង​ធ្វើ​បុណ្យ​ផ្កា​គេ​ផ្សាយ​ដំណឹង​បុណ្យ​នោះ​ដល់ញាតិ​មិត្ត​ជិតឆ្ងាយ​ឲ្យ​ជួយ​ឧបត្ថម្ភ​គ្នា​ផង។ ជន​អ្នក​មាន​សទ្ធា​ជឿ​ជាក់​មុតមាំ​ខ្លាំង​ក្លា​ប្រកប​ដោយ​អសង្ខារិក​ជ្រះថ្លា​ក៏​តែង​ជួយ​ចូល​រួម​កុសល​ជាច្រើន ទើប​បាន​កំណត់​បុណ្យ​នេះ​ទៅ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ចំណេះ​ដឹង​នានា​ក្នុង​ពុទ្ធសាសនា​ខ្មែរ ដោយ​៥០០០​ឆ្នាំ​
images/articles/1677/Untitled-1-Recovered.jpg
Public date : 21, Aug 2026 (25,976 Read)
បើតាម​ក្នុង​គម្ពីរ​មហា​សំការ​សូត្របាន​បញ្ជាក់​ថា​ពេល​សង្ក្រាន្ត​ថ្មី​ជិត​មក​ដល់​ព្រះបាទ​បសេនតិកោសល​បាន​ទូល​សួរ​ព្រះអង្គ​ថា​ក្រោយ​ពេល​ព្រះអង្គ​បរិនិព្វាន​ទៅ កាល​បើ​ដល់​សង្ក្រាន្ត​ចូល​ឆ្នាំ​ម្ដងៗ តើ​ខ្ញុំ​ព្រះអង្គ​គួរ​បំពេញ​កុសល​អ្វី​ខ្លះ? ព្រះពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា គួរ​សាង​វា​លុក​ចេតិយ​នៅ​ឆ្នេរ​ស្ទឹង​ទន្លេ​ហើយ​នាំ​យក​គ្រឿង​សក្ការៈ ទៀន ធូប គ្រឿង​ក្រអូបផ្កា​ជាដើម​មក​បូជា​ចុះ ព្រះអង្គ​បាន​វិសេស​ណាស់ ដូច​គ្នា​នឹង​ស្រង់​ទឹក​ព្រះសង្ឃ​ដែរ។ ដោយ​មាន​សេចក្ដី​អនុញ្ញាត​យ៉ាង​នេះ​ហើយ​ទើប​បុណ្យ​ពូន​ភ្នំខ្សាច់​នេះ​បាន​បុណ្យ​កុសល​ច្រើន​អនេក ដោយ​អាច​សង្ឃឹម នឹង​ញញឹម​ទុក​ទៀត​ថា បុញ្ញកម្ម​ដែល​ខ្លួន​បាន​បំពេញ​នោះ​អាច​សម្រាល​បាន​កម្ម​របស់​ខ្លួន​ម្នាក់​ៗ​បាននេះ​ចំពោះ​កាល​ដែល​ព្រះពុទ្ធ​អង្គ​គង់​ធរមាន​ទើប​មាន​បុណ្យ​កុសល​ដែល​ជន​នោះ​បាន​ធ្វើ គឺ​អាច​ទទួលបាន​ផល​ភ្លាមៗ​ដូច​មាន​រឿង​មួយបញ្ជាក់​ថា បន្ទាប់​ពី​មាណព​បាន​ប្រគេន​បាយ​មួយ​ដុំដល់​ព្រះ​បច្ចេកពុទ្ធ​មាណព​នោះ​បាន​ទៅ​កាន់​ឋានសួគ៌​៧ថ្ងៃ គឺ​ដោយ​សារ​តែ​ព្រះបច្ចេក​ពុទ្ធ​នោះ ទើប​ចាក​ចេញ​ពី​និរោធ​សមាបត្តិថ្មីៗ​ផង​ដូច្នេះ​ទើប​បុណ្យ​កុសល​នោះ អាច​ផ្ដល់​ឲ្យ​ភ្លាមៗ​យ៉ាង​នេះ។ ផ្ទុយ​ទៅ​វិញ​នៅ​ពេល​បច្ចុប្បន្ន​នេះ​យើងមិនអាច​ប្រៀបធៀប​ទៅ​នឹង​សម័យ​ព្រះពុទ្ធ​គង់​នៅ​បាន​ឡើយ ព្រោះ​យើង​បាន​ទាន់​ត្រឹម​តែ​សាសនា​ព្រះអង្គ​ប៉ុណ្ណោះ។ ដូច្នេះ​និទាន​ទាក់ទង​នឹង​ការ​ពូក​ភ្នំ​ខ្សាច់​នេះ​មាន​ដូច​តទៅ រឿង​អន្នំលោកំទេវបុត្រ កាល​ដែល​កន្លង​ទៅ​ហើយ​មាន​មាណព​ម្នាក់​មិនចេះ​ធ្វើ​បុណ្យ ដាក់​ទាន​ដល់​សមណព្រាហ្មណ៍​ណា​មួយ​ឡើយ ព្រោះ​មិន​ជឿ​ទៅ​លើ​បុណ្យ​កុសល​អ្នក​ធ្វើ​ល្អបាន​ល្អ​អ្នក​ធ្វើ​អាក្រក់​បាន​ផល​អាក្រក់​នោះ​ទេ​ហើយ​មាណព​នោះ​ជា​មនុស្ស​ចូល​ចិត្ត​ធ្វើ​អំពើ​កាប់​សម្លាប់​សត្វ​ផ្សេងៗ​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​ខ្លួន​ជារៀង​រាល់​ថ្ងៃ​តាំង​ពី​ព្រឹក​ទល់​ព្រលប់។ សម័យ​ថ្ងៃ​មួយ​មាណព​នោះ​បាន​ក្រោក​ពី​ព្រលឹម​រៀប​ចំខ្លួន​ប្រាណ​កាន់​ស្នា និង​បណ្ដើរ​ឆ្កែ​សំដៅ​ទៅ​ក្នុង​ព្រៃ​ជ្រៅ​ដើម្បី​បរបាញ់​សត្វ​នៅ​ថ្ងៃ​នោះ។ មាណព​នោះ បាញ់​សត្វ​មិន​បាន​សោះ​មូល​ហេតុ​មក​ពី​មាន​ព្រះពុទ្ធមួយ​ព្រះអង្គ ដែល​ទើប​តែ​ចេញ​ពី​និរោធ​សមាបត្តិ​ថ្មីៗ បាន​និមន្ត​កាត់​ជិត​មាណព ធ្វើ​ឲ្យ​សត្វ​ទាំង​អស់​ភិត​ភ័យ​ហើរ​រត់បាត់​ទៅ​ហើយ​ព្រះបច្ចេកពុទ្ធ​នោះ​ចេះ​តែ​និមន្ត​តាម​មាណព​នោះ។ រហូត​ទល់​វេលា​បាយ​ថ្ងៃត្រង់ អស់​កម្លាំង​ហេវហត់ មាណព​ក៏​ចាប់​ផ្ដើម​រៀប​បាយ​កញ្ចប់​បម្រុង នឹង​បរិភោគ ស្រាប់​តែ​ព្រះបច្ចេកពុទ្ធ​នោះ មកដល់​ខាង​មុខ​មិន​ព្រម​និមន្ត​ទៅ​ណាសោះ ខណៈ​នោះ​មាណព​នោះ​កាន់​តែ​ខឹង​ទៅៗ​តែ​គិត​ក្នុង​ចិត្ត​ថា​បើ​អាត្មាអញ​ឲ្យ​បាយ​ទៅ​សមណៈ នេះ​បន្តិច​ប្រហែល​ជា​គាត់​មិន​នៅ​រំខាន់​អញ​បរបាញ់​ទៀត​ទេ។ ក្សិណ​នោះ​ក៏​បាន​យក​បាយ​មួយ​ដុំ​មក​ដាក់​បាត្រ ប្រគេន​ដល់​ព្រះបច្ចេកពុទ្ធ​នោះ ព្រះពុទ្ធ​អង្គ​ទ្រង់ត្រាស់​សម្ដែង​ថា​សព្វសត្វ​ទាំង​ឡាយ ឲ្យ​តែ​កើត​មក​ហើយ​លើ​លោកិយ​នេះ​តែង​តែ​ដល់​នូវ​សេចក្ដី​ស្លាប់​ជាទីបំផុត​ដូចៗ​គ្នា គ្រាន់​តែ​មុន ឬ​ក្រោយ​យូរ​ឆាប់តែ​ប៉ុណ្ណោះ។ តែ​ការ​ស្លាប់​នេះ​គឺ​មាន​គ្រប់​សត្វ​ទាំង​ឡាយ​ត្រូវ​តែ​វិល​កើត​វិល​ស្លាប់​ក្នុង​វដ្ដ​សង្សារ​មិន​មាន​ពេលស្រាក​ឡើយ។ កាល​បើ​បុគ្គល​នោះ​បាន​ប្រព្រឹត្ត​តែ​អំពើ​ល្អ​គ្រប់​យ៉ាង​សន្សំ​បុណ្យ​កុសល​ច្រើន​ពេល​ស្លាប់​អាច​ជួយ​បុគ្គល​នោះ​ឯង​ទៅ​កើត​ឋាន​សួគ៌​ទេវលោក សោយ​សម្បត្តិទិព្វ មាន​ស្រីទេពអប្សរ​មក​ចោម​រោប​ជាបរិវារ​ប្រកប​សុខ​សប្បាយ​គ្រប់​ពេល​វេលា។ តែ​ផ្ទុយ​ទៅវិញ បើ​បុគ្គល​នោះ​បាន​ធ្វើ​អាក្រក់​ច្រើន នឹង​ទទួល​រង​ទុក្ខ​វេទនា​ដោយ​មាន​ទីកន្លែងមួយ​សម្រាប់​រង់​ចាំ​គឺ​ឋាន នរក ប្រេត សត្វតិរច្ឆាន និង អសុរកាយ។ ដូច្នេះ​ជីវិត​របស់​មាណព​នោះ ក៏​ដូច​គ្នា​ដែរ​ទីបំផុត ត្រូវ​មច្ចុរាជមកផ្ដាច់​អាយុ​របស់​មាណព​នោះ​ទៅ​ដោយ​អកុសល​ដែល​ខ្លួន​ឯង​បាន​កាប់​សម្លាប់​សត្វតូចធំ​រាប់​មិន​អស់​ត្រូវ​ធ្លាក់​ទៅឋាន នរក សោយ​ទុក្ខវេទនា ព្រោះ​កម្ម​របស់​ខ្លួនបាន​សាង​កាល​ពី​នៅរស់។ តែ​ដោយ​បុណ្យ​កុសល​អានិសង្ឃ ដែលបាន​ប្រគេន​បាយ​មួយ​ដុំ​ដល់​ព្រះបច្ចេកពុទ្ធ​នោះអានិសង្ស​នោះ​គឺ​មិនបាត់​ទៅ​ណា​ឡើយ។ ហេតុ​ដូច្នេះ គាត់​បាន​ទៅ​សោយ​សុខ​ក្នុង​ឋានសួគ៌​ចំនួន​៧ថ្ងៃ ដែល​ជា​ឋាន​មាន​លម្អ​ដោយ​រតន​សម្បត្តិ​ផ្សេងៗ មាន​ស្រីទេពអប្សរ កំដរ​ចោមរោម​ជា​បរិវារ​យ៉ាង​ច្រើន ដោយ​អំណាច​អានិសង្ស​បុណ្យ​ដែល​មាណព​នោះ​បាន​បំពេញ​ធ្វើ​ពេល​នោះ​ទើប​មាណព​នោះ​មាន​ឈ្មោះ​ថា អន្នំលោកំទេវបុត្រ ពោល​គឺ​បាន​ប្រគេន​បាយ​មួយ​ដុំ​ដល់​ព្រះបច្ចេកពុទ្ធ​នោះ​ឯង។ ផល​បុណ្យ​ទាំង​ឡាយ​អាច​ឲ្យ​ផល​នា​បច្ចុប្បន្ន​កាល​ក៏​មាន ឲ្យ​ផល​នា​បរលោក​ក៏​មាន​ដោយ​ទិដ្ឋធម្មិកត្ថ​ប្រយោជន៍​និង​សម្បរាយិកត្ថ​ប្រយោជន៍​ឲ្យ​ផល​ភ្លាមៗ ក្រោយ​ពី​បុគ្គល​ណា​ម្នាក់​បាន​បំពេញ​ធ្វើ​បុណ្យ​ឲ្យ​ទាន​រក្សាសីល​ចម្រើន​មេត្តា​ ភាវនាជាដើម។ ព្រោះ​ហេតុ​នេះ​ហើយ ទើបមាណព​នោះ​បាន​ទៅ​សោយ​សម្បត្តិ​ទិព្វ​ចំនួន​ប្រាំពីរ​ថ្ងៃ​តែ​ប៉ុណ្ណោះ។ មាណព​បាន​ជា​ស្វាមី​នៃ​នាង សុវណ្ណឱរ៉ៃ ជាទេពធីតា​ដែល​មាន​ប្រាជ្ញា​ឆ្លាត​លើស​ស្រី​នានា​ក្នុងឋានសួគ៌​នោះ។ នៅ​ពេល​ដែល អន្មំលោកំទេវបុត្រ បាន​ជាស្វាមី​នាង​នោះ ​ហើយ​ការ​សន្យាការ​ពិភាក្សា​រវាង​គ្នា​នឹង​គ្នា រហូត​ដល់​ធីតា​បាន​ដឹង​ហេតុ ដែល​ស្វាមី​នាង​បាន​មក​កើត​ក្នុងឋាន​សួគ៌​នេះ​ដោយ​ហេតុ​ថា​ស្រលាញ់​ស្វាមី​មិន​ចង់​ឲ្យ​បែក​ពី​នាង​ក៏រកវិធី​ជួយស្វាមី​គឺ​ធ្វើ​ពិធីពូន​ភ្នំខ្សាច់​រួច​អធិដ្ឋាន​ជា វេលុកចេតិយ ដល់​ថ្ងៃ​កំណត់​ពួក​យមរាជយមបាល​នាំ​គ្នា​មក​ដើម្បីនា​មាណព​ទៅវិញ ពេល​នោះ នាង​ដែល​ជាភរិយា​បាន​ប្រាប់​ថា បើ​អ្នក​ចង់យក​ប្ដី​ខ្ញុំ​ចូរ​អ្នករាប់​គ្រាប់ខ្សាច់​នេះ​ឲ្យ​អស់​បើ​រាប់​មិន​អស់ទេ​កុំយក​ប្ដី​ខ្ញុំ​អី​បើរាប់​អស់ចាំយកទៅចុះ! បន្ទាប់​មកពួក​យមរាជ​យមបាល​ទាំង​អស់​បាន​នាំ​គ្នារាប់​គ្រាប់ខ្សាច់​ដែល​នាង​បាន​អធិដ្ឋាន​រួច​នោះ​ទោះ​បី​អ្នក​ទាំង​អស់​នោះ​ព្យាយាម​យ៉ាង​ណា​ក៏​រាប់​មិន​អស់​ចេះ​តែ​កើន​ឡើងៗ។ ទីបំផុត​អ្នក​ទាំង​នោះ​ក៏​ព្រម​ចុះចាញ់​រួច​នាំគ្នា​ត្រឡប់​ទៅវិញ​អស់​ទៅ។ រឿង​នេះ​ចង់​បញ្ជាក់​អំពី ពិធីបុណ្យ​ពូន​ភ្នំខ្សាច់ គឺ​មាន​ចាប់​តាំង​ពី​ពេល​នោះ​មក ទើប​អ្នក​កាន់​ព្រះពុទ្ធសាសនា ខិតខំ​រក្សារហូត​មក​ទល់​បច្ចុប្បន្ន​នេះ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ចំណេះ​ដឹង​នានា​ក្នុង​ពុទ្ធសាសនា​ខ្មែរ ដោយ​៥០០០​ឆ្នាំ​
images/articles/1712/Untitled-1-Recovered.jpg
Public date : 21, Aug 2026 (43,933 Read)
បុណ្យ​ដែល​ទាយក​ទាយិកា​ធ្វើ​ដោយ​នាំ​ចីវរ​ទៅ​ប្រគេន​ចំពោះ​ភិក្ខុ​សង្ឃ​ដែល​បាន​គង់​ចាំ​វស្សា​អស់​រយៈ​វេលា​៣​ខែ ក្នុង​អាវាស​វត្ត​ណា​មួយ​ហើយ​ដើម្បី​ឲ្យ​លោក​ក្រាល​គ្រង​នោះ​ហៅ​ថា​បុណ្យ​កឋិន ឬ​កឋិន​ទាន​ចីវរ​ដូច​ជា​ចីវរ​ទាន​ទាំង​ពួក​ដែរ​តែ​មាន​ឈ្មោះ​វិសេស​ប្លែក​ជាង​ទាន​ដទៃ ដែល​ធ្វើ​ហៅ​ថា​កាល​ទាន ជា​ទាន​មាន​ផល​ច្រើន​ជាង​ចីវរ​ទាន​ទាំង​ពួងព្រោះ​ប្លែក​ពី​ចីវរទាន​ឯ​ទៀត​ដោយ​លក្ខណៈ​៥​យ៉ាង​គឺ៖ ១- ប្លែក​ដោយ​កាល ព្រោះ​មាន​ពុទ្ធានុញ្ញាតថា​កឋិន​កាល​មាន​តែ​២៩​ថ្ងៃ​គឺ​ខែ​អស្សុជ​១៤​ថ្ងៃ ពី​ត្រឹម​១រោច ដល់​១៤​រោច (​ខែដាច់) ខែ​កត្តិក​១៥​ថ្ងៃ​ពី​ត្រឹម​១​កើត​ដល់​១៥​កើត​(​ពេញ​បូណ៌មី​)។ រយៈ​កាល​នេះ ពាក្យ​សាមញ្ញ​ហៅ​ថា​រដូវ​កឋិន ក្នុង​រដូវ​នេះ​ទាយក​ចង់​មក​ធ្វើ​ថ្ងៃ​ណា​មួយ​ក៏​បាន​ឲ្យ​តែ​ស្ថិត​ក្នុង​ថ្ងៃ ទាំង​២៩​នេះ​ហើយ​វត្ត​មួយ​ធ្វើ​បាន​តែ​ម្ដង​ប៉ុណ្ណោះ។ ២- ប្លែកដោយវត្ថុ គឺ​សំពត់​ដែល​ក្រាល​កឋិន​នោះ បានតែស្បង់​ឬ​ចីពរ​ឬក៏​សង្ឃាដី ដែល​គេ​ធ្វើ​ត្រឹម​ត្រូវ​តាម​ពុទ្ធប្បញ្ញត្តិសំពត់​ក្រៅ​ពី​នេះ​ធ្វើ​ពុំ​បាន​ហើយ​សំពត់​ទាំង​៣​មុខ​ទៀត​សោត​នឹង​យក​ទាំង​អស់​ជា​អង្គ​កឋិន​ក៏​ពុំ​បាន​គឺ​បាន​តែ​១​មុខ ទោះ​បី​ទាយក​យក​ចីវរ​១​ត្រៃ​គឺ ចីពរ១ ស្បង់១ សង្ឃាដី១ ជាសំពត់​កឋិន​មក​វេរប្រគេន​ក៏​ភិក្ខុ​អ្នក​ក្រាល​គ្រង​លោក​រើស​យក​តែ​វត្ថុណា​មួយ​ធ្វើ​ជា​អង្គ​កឋិន​ គឺ​លោក​ចង់​យក​ស្បង់​ក៏​បាន​ចីពរ​ក៏​បាន សង្ឃាដី​ក៏​បាន ស្រេច​លើ​ព្រះទ័យ​លោក ឲ្យ​តែ​វត្ថុ​នោះ​ត្រឹម​ត្រូវ​តាម​វិនយប្បញ្ញត្តិ​តែ​តាម​ធម្មតា​លោក​អ្នក​ក្រាល​គ្រង​ច្រើន​យក​សង្ឃាដី ជា​អង្គ​កឋិន​ដោយ​លោក​យល់​ថា​បណ្ដា​ចីវរ​ ១ ត្រៃ សង្ឃាដី​ជា​ចីវរ​ធំជាងគេ។ ៣- ប្លែក​ដោយ​អំពើ គឺ​បុគ្គល​អ្នក​គប្បី​ធ្វើ​ឲ្យ​ត្រូវ​របៀប​តាម​ព្រះ​វិន័យ។ ៤- ប្លែក​ដោយ​បដិគ្គាហកៈ គឺ​អ្នក​ទទួល​សំពត់​កឋិន​បាន​តែ​ភិក្ខុ​ក្រៅ​ពី​ភិក្ខុ​ពុំ​បាន​ឡើយ​ហើយ​ភិក្ខុ​នោះ​ទៀត លុះ​តែ​បាន​នៅ​ចាំ​វស្សា​គ្រប់​៣​ខែ​ក្នុង​វត្ត​ណា​មួយ​ទើប​ទទួល​ក្រាល​គ្រង​និង​អនុមោទនា កឋិន​ក្នុង​វត្ត​នោះ​បាន​ភិក្ខុ​ដែល​មិន​បាន​ចាំ​វស្សា​ឬ​បាន​នៅ​ចាំ​វស្សា​ដែរ​តែ​ឲ្យ​ដាច់​ក៏​ទទួល​ពុំ​បាន។ ៥- ប្លែក​ដោយ​អានិសង្ស គឺ​ទា​យក​អ្នក​ធ្វើ​ក៏​បាន​អនិសង្ស​៥​យ៉ាង​ក្នុង​រវាង​៥​ខែ​ដូច​មាន​ក្នុង​វិន័យ​បិដក​ភាគ​៨​ត្រង់​កឋិនក្ខន្ធកៈ​ ថា៖ អនាមន្តចារោ ត្រាច់​ទៅ​កាន់​ទី​ដទៃ ដោយ​មិន​បាច់​លា​ភិក្ខុ​ផង​គ្នា​ដោយ​មិន​មាន​ទោស។ អសមាទានចារោ ត្រាច់​ទៅ​ដោយ​មិន​បាច់​យក​ត្រៃ​ចីវរ​គ្រប់​ប្រដាប់​ទៅ​ជាមួយ​បាន។ គណភោជនំ ឆាន់ភោជន​បាន។ យាវទត្ថចីវរំ ទុក​ដាក់​អតិរេកចីវរ​បាន​តាម​ត្រូវ​ការ។ យោ ច តត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ ចីវរ​ដែល​កើត​ឡើង​ក្នុង​អាវាស​នោះ​ចីវរ​នោះ​នឹង​មាន​ដល់​ភិក្ខុ​នោះ។ ដោយ​កឋិន​ទាន​ជា​ទាន​នាំ​ឲ្យ​ភិក្ខុ​សង្ឃ​ជា​អ្នក​ទទួល​ក្រាល​គ្រង និង​អនុមោទនា បាន​អានិសង្ស​៥​យ៉ាង ដូច​ពោល​មក​នេះ​ហើយ​បាន​ជា​ទាយក​អ្នក​ធ្វើ​កឋិន​ត្រូវ​បាន​អានិសង្ស​ច្រើន​ជា​អនេក​ត្រា​រាប់​ពុំ​បាន​ឡើយ ព្រោះ​ជា​ចីវរ​ទាន​ពិសេស​ប្លែក​ពី​ចីវរ​ទាន​នានា​ដូច​ពោល​មក​នេះ​ឯង។ ចីវរ​ទាន​ឲ្យ​ហើយ​បាន​ទទួល​ផលានិសង្ស​៥​យ៉ាង ដែល​ប្រកប​ដោយ​សេចក្ដី​សុខ​ស្រួល​ដល់​ភិក្ខុ​សង្ឃ​ជា​អ្នក​ទទួល​ទាន​ផង សម​ដូច​ព្រះពុទ្ធ​ដី​កា​រ​ថា សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ ជន​អ្នក​មាន​ប្រាជ្ញា​ណា​មួយ​បាន​ឲ្យ​នូវ​សេចក្ដី​សុខ​ស្រួល​ដល់​អ្នក​ដទៃ ជន​នោះ​ឯង​រមែង​បាន​ជួប​ប្រទះ​នឹង​សេចក្ដី​សុខ​ស្រួល​វិញ​ពិត​ប្រាកដ​ពុំ​ខាន​ឡើយ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ចំណេះ​ដឹង​នានា​ក្នុង​ពុទ្ធសាសនា​ខ្មែរ ដោយ​៥០០០​ឆ្នាំ​
images/articles/1718/Untitled-1-Recovered.jpg
Public date : 21, Aug 2026 (25,055 Read)
មាន​ប្រជាពុទ្ធបរិស័ទ​ទាំង​ឡាយ នាំ​គ្នា​ប្រារព្ធ​រាល់​ឆ្នាំ​ដោយ​មាន​ជំនឿ​ឬ​រំលឹក​ខួប​អង្គ​នៃ​ព្រះសម្មាសម្ពុទ្ធ​បរម​គ្រូ​កាល​នៅ​ជា​ពោធិសត្វ ។ កាល​ដែល​ព្រះអង្គ​យោន​យក​កំណើត​កើត​ជា​សត្វ​ទន្សាយ ដល់​ថ្ងៃពេញ​បូណ៌មី​វេលា​រាត្រី ព្រះចន្ទ​ពេញ​វង់​មាន​ពន្លឺ​ល្អ​សោភា ព្រះអង្គ​ក្រលេក​មើល​ព្រះចន្ទ​ហើយ​មាន​សេចក្ដី​ជ្រះថ្លា​ប្រកប​ដោយ​ករុណា​ចិត្ត​ព្រះអង្គ​នឹក​គិត​ដូច្នេះ​ថា​បើ​អ្នក​ណា​ត្រូវ​ការ​សាច់​របស់​អញ អាត្មា​អញ នឹង​បំពេញ​ជីវិត​ជា​ទាន​ក្នុង​កាល​ឥឡូវ​នេះ ។ អស្ចារ្យ​ណាស់​គ្រាន់​តែ​នឹក​គិត​ប៉ុណ្ណោះ ក៏ក្ដៅ​ដល់​អាសនៈ​ព្រះឥន្ទ​ស្ដេច​ទ្រង់​អាវជ្ជនាកា ឃើញ​ទន្សាយ​ព្រះពោធិសត្វ មាន​ករុណា​ជ្រះថ្លា​ចង់​បំពេញ​ទាន ក៏​ហោះ​ចុះ​មក​និម្មិត​ធ្វើ​ជា ព្រាហ្មណ៍​ចាស់​ជរា​ម្នាក់​ហើយ​មក​កាន់​សំណាក់​ទន្សាយពោធិសត្វ​រួច​បាន​ពោលថា​ខ្ញុំ​ដើរ​ផ្លូវ​ឆ្ងាយ​អត់​ឃ្លាន​គ្មាន​អាហារ​បរិភោគ​មក​យូរ​ថ្ងៃ​ហើយ​ជីវិត​របស់​ខ្ញុំ​នឹង​ក្ស័យ​ក្នុង​ថ្ងៃ​នេះ​ហើយ​បើ​មិន​បាន​អ្វី​នោះ! ធ្វើ​ដូចម្ដេច​នឹង​បាន​អាហារ​បរិភោគ​អ្ហេះ? ពោធិសត្វ​ឆ្លើយថា​បើ​អ្នក​ត្រូវ​ការ​ចូល​រក​ឧស​បង្កាត់​ភ្លើង​ឲ្យ​ឆេះ​ទៅ​ចុះ! ខ្ញុំ​នឹង​លោត​ចូល​ក្នុង​ភ្លើង​រួច​អ្នក​នឹង​បាន​សាច់​ខ្ញុំ​បរិភោគ។ ព្រាហ្មណ៍​ចាស់​តប​ថា​ខ្ញុំ​អរគុណណាស់ ហើយ​ក៏​រក​ឧស​បង្កាត់​ភ្លើង​ជា​គំនរ​យ៉ាង​ធំ​រួច​ហើយ ទន្សាយ​ពោធិសត្វ រលាស់​ខ្លួន​យ៉ាង​ស្អាត​លោត​ចូល​ទៅ​ក្នុង​ភ្លើង ស្រាប់​តែ​ភ្លើង​នោះ​រលត់​អស់​ទៅ​សូម្បី​តែ​រោម​មួយ​សរសៃ​ក៏​មិន​ឆេះ​ផង ។ ហេតុ​ដ៏​អស្ចារ្យ​នេះ​ហើយដែល​នាំ​ព្រាហ្មណ៍​ចាស់ ស្ងើច​សរសើរ​ហើយ​ឥន្ទព្រាហ្មណ៍ ក៏​ហោះ​ទៅ​យក​ថ្ម​កែវ​សិលា​មួយ​ដុំ​ទៅ​គូស​វាស​ភ្ជាប់​រូប​ទន្សាយ​ពោធិសត្វ​ក្នុង​វង់​ព្រះចន្ទ​នោះ​ទៅ ។ អាស្រ័យ​ហេតុ​នេះ​ហើយ​ទើប​បាន​ជា​អ្នក​ខ្លះ​យល់​ថា​មើល​ទៅ​ឃើញ​ហាក់​ដូច​ជា​រូប​ទន្សាយ​នៅ​រង្វង់​ព្រះចន្ទ ។ ដោយ​មាន​ហេតុ​ដូច​បាន​ពោល​មក​នេះ​ហើយ​បាន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​នាំ​គ្នា​គោរព​បូជា​ព្រះចន្ទ​សំពះ​ព្រះខែ​ជាប់​ត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ចំណេះ​ដឹង​នានា​ក្នុង​ពុទ្ធសាសនា​ខ្មែរ ដោយ​៥០០០​ឆ្នាំ​
images/articles/2931/5pic.jpg
Public date : 21, Aug 2026 (11,065 Read)
បុណ្យ​វិសាខបូជា តាម​ដែល​ចាស់ទុំ​អ្នក​មុខ អ្នកការ​ទាំងឡាយ​តំណាល​ត​ៗ​គ្នា​បានឱ្យ​ដឹង​ថា គេ​បាន​ផ្ដើម​ធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះ ហរិរក្ស​រា​មា​ឥស្សរាធិបតី “​ព្រះអង្គឌួង​” ដែលគង់នៅ​ក្នុង​ឧដុង្គ​ ជាដំបូង​ព្រោះថា កាល​ក្នុងពុទ្ធសករាជ​ ២៣៩៧ គ្រិស្ដសករាជ​១៨៥៤ សម្ដេចព្រះ​អង្គឌួង ទ្រង់​សព្វព្រះរាជហឫទ័យ ស្នើ​សុំឲ្យធ្វើ​ទូទៅ​ក្នុង​កម្ពុជរដ្ឋ ។ គម្ពីរ​ទី​៣ ហៅ​ថា “​បឋមសម្ពោធិ​កថា​” គឺ បឋមសម្ពោធិ​វិត្ថារ​នោះ​ឯង​ដែល​ព្រះ​ឥន្ទ​មុនី “​ប៉ែន​” គង់នៅ​វត្ដ​បទុម​វ​តី ក្រុងភ្នំពេញ ប្រែ និង​រៀបរៀង​ចេញពី​ច្បាប់​របស់​សម្ដេចព្រះ មហាសង្ឃរាជ “​សា​” ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះ​ស៊ី​សុវត្ថិ មាន​៣០​បរិច្ឆេទ ដូចច្បាប់ដើម ។ គម្ពីរ​នេះ​មាន​ជា​បែបបទ​សំរាប់​ទេសនា ក្នុង​ថ្ងៃ​វិសាខបូជា ក្នុង​វត្ដ​គណៈ​ធម្មយុត្ដិ​ក​និ កាយ​ទូ​ទាំង​ប្រទេស​ខ្មែរ ។ ការ​ធ្វើ​វិសាខបូជា ក្នុង​សម័យ​រជ្ជកាល​ទី​២ នោះ​ប្រហែលជា​មាន​ធ្វើ​តែ​ក្នុង​ក្រុង មិន​ទាន់​បាន ផ្សព្វផ្សាយ​ទៅ​គ្រប់​វត្ដ​អារាម​នៅឡើយ​ទេ ហើយក៏​មិន​ទាន់​មាន​ភាព​ឱឡារិក​អធិកអធម​ដែរ ។ (ព្រះ​មហា ប៉ាន) ពុទ្ធសាសនិក​ប្រទេស​ថៃ បាន​អះអាង​ថា ប្រពៃណី​ធ្វើ​វិ​សា​ខ​បូជា​ដែល​ត្រឹមត្រូវ​តាម លក្ខណៈ កើត​មាន​ឡើង​តាំងពី​ត្រឹម​រជ្ជកាល​ទី ៤ ដោយ​ព្រះរាជា​អង្គ​នេះ​ជា​អ្នកប្រាជ្ញ​ក្នុង​ផ្លូវ ព្រះពុទ្ធ​សាសនា ទ្រង់​ចេះ​គម្ពីរ​ព្រះ​ត្រៃ​បិដក ជ្រៅជ្រះ ទ្រង់​បាន​ផ្ដើម​ធ្វើ​ វិសាខបូជា​ តាំងពី កាល​ទ្រង់​ព្រះ​ផ្នួស​នៅឡើយ ។ លុះដល់​ទ្រង់ ដាក់​ព្រះ​ផ្នួស​មក​ទទួល​រាជសម្បត្ដិ​ក៏​ទ្រង់​នៅ តែ​បន្ដ​ធ្វើ​វិសាខបូជា​រៀងដរាប​មក រហូត​ដល់ ទ្រង់​បញ្ជា​ឱ្យ​រៀបចំ​គម្ពីរ​សម្រាប់​ ​ទេសនា​ក្នុង ពិធីបុណ្យ​នេះ​ដូច​បាន​ពោល​ខាងលើ ។ ព្រះ​មហា ប៉ាន គឺ​សម្ដេចព្រះ​សុ​គ​ន្ធា​ធិ​បតី ជា​គណៈ​ធម្ម យុ​ត្ដិក​និកាយ​នៅ​ក្រុង​ទេព “​បាងកក​” អំពី​ព្រះបាទ​សម្ដេចព្រះ​ចម​ក្លៅ “​រជ្ជកាល​ទី​៤” ។ បន្ទាប់​មក​ក្រោយ​នោះ​មួយ​ឆ្នាំ​គឺ​ក្នុង​ពុទ្ធ សករាជ​២៣៩៨ ព្រះ​មហា​ប៉ាន ទើប​និមន្ដ​មក អំពី​ក្រុង​ទេព ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស​ទ្រង់ មាន​ព្រះរាជ​ហឫទ័យ​សោមនស្ស​ណាស់ ហើយ បាន​និមន្ដ​ឱ្យ​គង់នៅ​ជា​ចៅអធិការ​វត្ដ សាលា​គូ ហៅ​វត្ដ​អម្ពិល​បី នៅ​ក្រុង​ឧដុង្គ តរៀង​មក ។ ដោយហេតុ​ថា ព្រះ​មហាថេរ​អង្គ​នេះ កាលដែល លោក​គង់នៅ​ទីក្រុង​ទេព​ធ្លាប់​ធ្វើ​វិសាខបូជា រួច​មក​ហើយ ហើយ​កាល បាន​គង់នៅ​ប្រទេស ខ្មែរ ព្រមទាំង​បាន​ធ្វើ​ជា​ធំ​ក្នុង​គណៈ​ធម្មយុត្ដិក​និកាយ​ផង លោក​ក៏​ផ្ដើម​ឡើង​តាម​ដែល​ធ្លាប់ ធ្វើ​កន្លង​មក​។ ប៉ុន្ដែយើង​ពុំ​បានដឹង​ច្បាស់​ថា នៅ​ពេល​ដំបូង​នោះ តើ​លោក​ចាប់ផ្ដើម​ធ្វើ​ក្នុង ឆ្នាំ​ណា សករាជ​ ប៉ុន្មាន​នោះ​ទេ ព្រោះ​គ្មាន​ឯកសារ​ជាក់ស្ដែង គ្រាន់តែ​មាន​សេចក្ដី​អះអាង​ពី អ្នកមុខអ្នកការ ទាំងឡាយ​ថា ប្រាកដជា​មាន ធ្វើ​វិសាខបូជា តាំងពី​ក្នុង​ពេល​ដែល​លោក​គង់ នៅ​ក្រុង​ឧដុង្គ​មក​ម្ល៉េះ​ ។ លុះដល់​ពេល​លោក​មក គង់នៅ​វត្ដ​បទុម​វ​តី ក្រុងភ្នំពេញ ក្នុង​ពុទ្ធសករាជ ២៤០៨ ក៏​បាន​ប្រារឰ​វិសាខបូជា​រហូត​ដល់​អស់ ព្រះ​ជន្ម ។ ពិធី​វិសាខបូជា​ត្រូវ​បាន​ផ្សព្វផ្សាយ ទូទៅ​នៅ​គ្រប់​វត្ដ​គណៈធម្មយុត្ដិកនិកាយ​ ជាប់ជា​ទំនៀម​រហូត​មក ។ ចំណែក​វត្ដ​ខាង​មហានិកាយ ទើប​មាន​ធ្វើ ក្នុង​សម័យ​ក្រុងភ្នំពេញ ក្នុង​រជ្ជកាល​ព្រះ​ស៊ីសុវត្ថិ​ ។ តាម​ដែល​សម្ដេចព្រះ​មហា​សុមេធា​ធិ បតី​ព្រះសង្ឃ​រាជ​ជួន ណាត “​កាល​នៅ​ព្រះសង្ឃ នាយក​” ដំណាល​ថា ក្នុង​ឆ្នាំ​មួយ​នោះ​លោកគ្រូ ព្រះ​វនរ័ត ចន្ទ គង់នៅ​វត្ដ​ឧណ្ណាលោម បាន​និមន្ដ ទៅ​ក្រុង​ទេព ឃើញ​ព្រះសង្ឃ​នៅ​ក្រុង​នោះ ទាំង​គណៈធម្មយុត្ដិក និកាយ ទាំង​គណៈ​មហា និកាយ ធ្វើ​វិសាខបូជា ក៏​កើត​ជ្រះថ្លា​នៅ​ពេល និមន្ដ​ត្រឡប់​មក​វិញ បាន​ក្រាប​បង្គំ​ទូល​សម្ដេច ព្រះ​មហាសង្ឃរាជ “​ព្រះ​នាម​ទៀង​” សុំ​ឱ្យធ្វើ វិសាខបូជា សម្ដេចព្រះ​មហាសង្ឃរាជ​ទៀង ក៏ ទ្រង់​បាន​ព្រះ​រាជានុញាត​តាម​សំណូមពរ ទើប វិសាខបូជា​ ត្រូវ​បាន​ធ្វើ​ជា​បន្ដបន្ទាប់​រៀងដរាប មក ។ ប៉ុន្ដែ​ពេល​នោះ​ក៏​ពុំ​ទាន់​បាន​ធ្វើ​គ្រប់​វត្ដ នៅឡើយ គឺ​មាន​ធ្វើ​ចំពោះតែ​វត្ដ​នៅ​ក្នុង​ក្រុង​។ ឯ​វត្ដ នៅ​តាម​ខេត្ដ​ក្រៅ​មាន​ធ្វើ​តែ​វត្ដ​ធំ​ៗ វត្ដ តូច​ៗ ច្រើន​ពុំ​បាន​ធ្វើ​នៅឡើយ ។ (ព្រះ​ស៊ីសុវត្ថិ) (សម្ដេចព្រះ​មហា​សុមេធា​ធិ បតី​ព្រះសង្ឃ​រាជ​ជួន ណាត) ចំណែក​ព្រះមហាក្សត្រ​ តាំងពី​រជ្ជកាល​ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស “​ព្រះ​អង្គឌួង​” មក​សុទ្ធតែ​ទ្រង់​ជ្រះថ្លា​បាន​ទទួល​ធ្វើ​គ្រប់​ៗព្រះ​អង្គ ។ តាម​ឯកសារ​បាន​លើក​សរសើរ​ព្រះ​គុណសម្បត្ដិ ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស ដែល​ជា អ្នក​ផ្ដួចផ្ដើម​ធ្វើ​វិសាខបូជា​ឡើងជា​ដំបូង ព្រោះ រាជា​អង្គ​នេះ​ទ្រង់​ធ្លាប់​ទៅ​គង់នៅ​ក្រុង​ទេព “​បាងកក​” និង​ទ្រង់​ធ្លាប់​សាង​ព្រះ​ផ្នួស នៅ​ទី នោះ​។ ទ្រង់​បាន​សិក្សា​ព្រះ​បរិយត្ដិ​ធម៌​ជ្រួតជ្រាប​គម្ពីរ​ព្រះ​ត្រៃ​បិដក​ជ្រៅជ្រះ ។ នៅ​ពេល ដែល​ទ្រង់​បាន​ឡើង​សោយរាជ​សម្បត្ដិ ក៏​ទ្រង់ ផ្ដើម​ធ្វើ​ពិធីបុណ្យ​នេះ​តាម​ដែល​ទ្រង់ ធ្លាប់​បាន ជ្រួតជ្រាប និង​ធ្លាប់​បាន​ទត​ឃើញ​របៀប​បែប ផែន ដែល​គេ​ធ្វើ​នៅ​ក្រុង​ទេព ទើប​ជាប់​ជា​ប្រពៃណី​រហូត​មក​ដល់​សព្វថ្ងៃ ។ វិសាខបូជា​នេះ បុរាណាចារ្យ​លោក​សំដៅ​យក​នក្ខត្តឫក្ស​៣ យ៉ាង​គឺ​កំណត់​យក​ត្រង់ថ្ងៃ​ដែល ព្រះសម្ពុទ្ធបរមគ្រូ​ទ្រង់​ប្រសូត​១, ទ្រង់​បាន​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញាណ​១​​, ទ្រង់​ចូល​កាន់ ព្រះនិព្វាន១ ។ អាស្រ័យ​ហេតុនេះ​ហើយ ទើប​អ្នក​ប្រាជ្ញបុរាណ​លោក​កំណត់​យក ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ​នេះ ទុក​ជា​ពិធី​ធ្វើ​សក្ការបូជា​ជាដរាប​រៀង​រាប​មក​ទល់​គ្នា​នឹង​សម័យ​បច្ចុប្បន្ន​នេះ ។ ដោយ៥០០០ឆ្នាំ
images/articles/1158/texsdfasfawsdf34523d-1.gif
Public date : 19, Aug 2026 (91,139 Read)
វត្ត​ឧណ្ណា​លោម​ ជា​វត្ត​មួយ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ។ វត្ត​នេះ​ស្ថិត​នៅ​តាម​បណ្ដោយ​មហា​វិថី​សុធារស​​ ហើយ​ក៏​ជា​វត្តមួយ​ដ៏​ចំ​ណាស់​ផង​ដែរ​ ។ បើ​​តាម​ពាក្យ ឧ​ណ្ណា ​(មានន័យ​ថា 'ប្រជុំ​ចិញ្ចើម') + លោម (មាន​ន័យ​ថា 'រោម') សរុប​គឺ រោម​ប្រជុំ​ចិញ្ចើម​ ។ នៅ​ក្នុង​វត្ត​នេះ​មាន​ចេតិ​យ​ដាក់​ព្រះ​ឧណ្ណា​លោម​របស់​ព្រះ​ថេរ​មួយ​ព្រះ​អង្គ ​វា​បាន​ពាក់​ព័ន្ធ​ក្នុង​ប្រវត្តិ​សាស្ត្រ​កាល​ពី​ជំនាន់​ចម្បាំង​ស្ដេច​កន​ និង​ចៅ​ពញា​ចន្ទ​រាជា​ ។ តើអ្វី​ទៅ​ដែល​កើត​មាន​ដំបូង​គេ​ក្នុង​រាជ​ធានី​ភ្នំពេញ​? ប្រហែល​ជា​វត្ត​ភ្នំ​ដូន​ពេញ​ហើយ​មើល​ទៅ ។ ប៉ុន្តែ​ តាម​ពិត​គឺមិន​មែន​ទេ ព្រោះ​ចេតិយ​បុរាណ​មួយ​ក្រោយ​វិហារ​វត្ត​ឧណ្ណា​លោម ប្រហែល​ជា​មាន​អាយុ​កាល​មុន​វត្តភ្នំ​ដូន​ពេញ​ទៅ​ទៀត ហើយ​មនុស្ស​ម្នា​ហៅ​ចេតិយ​នេះ​ថា «ចេតិយ​ឧណ្ណា​លោម»។ ព្រះ​វិន័យ​ធម៌​ សំ ចាន់ ​ព្រះ​ជន្ម​ ៥០ព្រះ​វស្សា​ បាន​ឲ្យ​ដឹង​ថា ​ចេតិយ​នេះ​មាន​នៅ​ក្នុង​វត្ត​ឧណ្ណា​លោម​ជា​យូរ​យារ​ណាស់​មក​ហើយ​។ នេះ​បើ​យោង​តាម​ការ​ស្រាវ​ជ្រាវរ​បស់​ព្រះ​អង្គ ​តាម​រយ​ឯក​សា​រ​ចាស់​ៗជា​ច្រើន​ដែល​បន្សល់​ទុក​ពី​ព្រះ​សង្ឃ​មុន​ៗ ជា​ពិសេស​សម្តេច​សង្ឃ​រាជ ​ជួន ​ណាត ដែល​ជា​ស្ថាប​និក​វចនានុ​ក្រម​ខ្មែរ។ ​ព្រះអង្គ ​សំ ចាន់ ​មាន​សង្ឃ​ដីកា​ថា​ ៖ «ចេតិយ​ឧណ្ណា​លោម​មាន​នៅទី​នេះ​មុន​វត្ត​នេះបាន​កសាង​ឡើង​មក ម្ល៉េះ ។ សម្តេច​សង្ឃ ជួន ណាត មិន បាន​បញ្ជាក់​ពិស្តារ​ថា ​តើវា​មាន​តាំង​សតវត្សរ៍​ណា​នោះ​ទេ ប៉ុន្តែ​លោក​គ្រាន់​តែ​សន្និ​ដ្ឋាន​ថា​ វា​អាច​មាន​តាំង​ពី​ព្រះ​ពុទ្ធ​សាសនា​មក​ដល់​ប្រទេស​កម្ពុជា​លើក​ដំបូង​ម្ល៉េះ​»​​។ សៀវភៅ​ដែល​ជាស្នា​ព្រះហស្ដ ​របស់​សម្តេច​សង្ឃ ​ជួន ណាត ដែល​ត្រូវ​បាន​គេ​ចែក​ជូន​ដល់​ពុទ្ធសា​ស​និក​ជន ​ពេល​ដែល​វិហារ​ថ្មី​មួយ​ត្រូវ​បាន​សម្ពោធ​ក្នុង​វត្ត​ឧណ្ណា​លោម​ ក្នុង​ឆ្នាំ​១៩៣៦ បាន​ពិពណ៌​នា​ថា ស្តេច​ព្រះ​បរមរា​ជា​ពញា​យ៉ាត បាន​ធ្វើ​កា​រ​ប្តូរ​ទី​តាំង​ព្រះរាជ​វាំង ពី​ទួល​បាសាណ​ ក្នុងខេត្ត​កំពង់​ចាម ​មក​ទី​ក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​ ១៤៣៤ ​ហើយ​ព្រះអង្គ​បាន​សាង​សង់​វិហារ​ ព្រះពុទ្ធសា​សនា​ ចំនួន ​៧ ដែល​ក្នុង​នោះ​រួម​មាន​ វត្ត​ឧណ្ណា​លោម​ ដែល​អារាម​ទាំង​អស់​ត្រូវបាន​បញ្ចុះ​សីមា​ទាំង​អស់​ក្នុង​ឆ្នាំ​ ១៤៤២ ក្រោម​ស្នា​ព្រះហស្ត​ ព្រះបាទ​សម្តេច​ពញា​យ៉ាត មួយ​ផង​ក្នុង​ទី​ក្រុង​ថ្មី​នេះ​ ។ ព្រះ​អង្គ​ សំ ចាន់ មាន​សង្ឃដីកា​ថា​៖ «ឈ្មោះ​វត្តឧណ្ណា​លោម​នេះ ​គឺ​យក​តាម​ឈ្មោះ​ចេតិយ​ឧណ្ណា​លោម​ ដែល​មាន​មុន​នឹង​ចាប់​កកើត​វត្ត​នេះ​មក ​ម្ល៉េះ»។ ព្រះ​អង្គ​មាន​សង្ឃ​ដីកា​បញ្ជាក់​ទៀត​ថា៖​ «ចេតិយ​នេះ​ខុស​គ្នា​ពី​ចេតិយ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​ ពី​ព្រោះ​វា​មាន​កំពូល​ប្រាំ​ ។ ក្រោយ​មក​ទៀត​ព្រះ​សង្ឃ​បាន​កសាង​ជញ្ជាំង​ដោយ​លាប​ពណ៌​មាស​ តែ​ក៏​បាន​បន្សល់​ទុក​ចន្លោះ​ក្បែរ​ជ្រុង​នី​មួយ​ៗ ​ដែល​យើង​រាល់​គ្នា​អាច​នៅ​មើល​ថ្ម​បុរាណ​នេះ​ឃើញ​»។ ផ្នែក​ខាង​ក្នុង​ចេតិយ​ឧណ្ណា​លោម​នេះ​វិញ មាន​ព្រះ​ពុទ្ធ​រូប​ ៤​ អង្គ​ ដាក់​តំកល់​តាម​ជ្រុង​នី​មួយ​ៗ និង​មាន​ព្រះ​ពុទ្ធ​រូប​អង្គ​ធំ​មួយ​អង្គ​ទៀត​តំកល់​នៅចំ​កណ្តាល ​ដែល​ទម្រង់​ព្រះ​ភ័ក្ត្រ​នី​មួយ​ៗ គឺ​ស្រដៀង​គ្នា​នឹង​ព្រះ​ពុទ្ធ​រូប​នៅ​ប្រាសាទ​អង្គរ​វត្ត​ដែរ​ ។ ពាក្យ​ថា​ឧណ្ណា​លោម​គឺ​ជា​ពាក្យ​បាលី មាន​ន័យ​ថា រោម​ប្រជុំ​ចិញ្ចើម គឺ​រោម​ដែល​ដុះ​ពី​គល់​ចិញ្ចើម​ទាំង​ពីរ​ស្ថិតត្រង់​លើ​ក្តោង​ច្រមុះ ។ មនុស្ស​គ្រប់​គ្នា ​ហៅ​ចេតិយ​នេះ​ថា​ ចេតិយ​ឧណ្ណា​លោម​ ពី​ព្រោះ​ក្នុង​ចេតិយ​នេះ ​មាន​បញ្ចុះ​ឧណ្ណា​លោម​ ឬ​រោម​ប្រជុំ​ចិញ្ចើម​។ ​ព្រះអង្គ​ សំ ចាន់ មាន​សង្ឃដីកា​ថា​៖ «នៅ​ខាង​ក្នុង​ចេតិយ​មាន​តំកល់​រោម​ប្រជុំ​ចិញ្ចើម​របស់​ព្រះសង្ឃ​មួយ​អង្គ​។ ប៉ុន្តែ​មិន​មាន​ឯក​សារ​ណា​បញ្ជាក់​ពី​អត្ត​សញ្ញាណរ​បស់​ព្រះ​សង្ឃ​អង្គ នោះ​បាន​ច្បាស់​លាស់​ទេ ។រោម​ប្រជុំ​ចិញ្ចើម​ទាំង​នោះ​លាក់​នៅ​ខាង​ក្នុង​នោះ ​តែមិនងាយរក​ឃើញ​នោះ​ទេ​»​។ ព្រះ​អង្គ សំ ចាន់ បន្ត​ថា ពុទ្ធ​បរិស័ទ​មាន​ការគោរពបូជា​ដល់​ចេតិយ ដែល​បច្ចុប្បន្ន​នេះ​បាន​រុំព័ទ្ធ​ទៅ​ដោយ​កុដិជា​ច្រើន​នេះ​ណាស់​ ។ ពេល​ដែល​ពួក​គេ​ចង់​ប្រារព្ធ​ពិធី​បុណ្យ​ណា​មួយ​នៅ​ក្នុង​វត្ត ពួក​គេ​ប្រាកដ​ជា​នឹង​ត្រូវ​រៀប​ចំ​លេង​ភ្លេង​ពិណពាទ្យ​ដើម្បី​ថ្វាយ ដល់​ចេតិយ​នេះ​មិន​ខាន។ ជួន​ពេល​ខ្លះ ក៏​មាន​ពុទ្ធ​បរិស័ទ​មួយ​ចំនួន​បាន​មក​បន់​ស្រន់​នៅទី​នេះ​ផង​ ។ ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ថា៖ «គេ​ជឿ​ថា​នៅ​ច្រក​ចូល​ចេតិយ​នេះ មាន​បារមី​ដែល​អាច​នាំ​ព្រះ​សង្ឃ​ទៅ​កាន់​ភ្នំ​នា​នា​បាន​។ ពេល​ដែល​ព្រះ​សង្ឃ​ចង់​ធ្វើ​សមា​ធិ ​ព្រះ​តេជ​គុណ​ទាំង​នោះ​គ្រាន់​តែ​និមន្ត​ចូល​ក្នុង​ចេតិយ​នេះ និង​ផុះ​ចេញ​នៅ​ព្រៃ​ស្ងាត់ ឬ ក៏ភ្នំ​នា​នា»។ វត្ត​ឧណ្ណា​លោម គឺ​ជា​វត្តដែល​ គណៈ​សង្ឃព្រឹទ្ធាចារ្យ​ ក្នុងប្រទេស​កម្ពុជា​និយម​គង់ អាស្រ័យ​នៅ តាំង​ពី​អតីតកាល​រហូត​ដល់បច្ចុប្បន្ន ។ ព្រះ​អង្គ សំ ចាន់ ដែល​និមន្ត​មក​គង់​នៅ​ក្នុង​វត្តនេះ​ក្នុងឆ្នាំ​១៩៩៣ បាន​ឮ​ថា ​មាន​កុដិ​មួយ​​ចំនួន​​ត្រូវ​​បាន​​ប្រើ​​សម្រាប់​ទុកដាក់​អំបិល​អំឡុង​របប ខ្មែរ​ក្រហម ។ ចំណែក​សៀវ​ភៅវិញ​ត្រូវរាយ​ប៉ាយ​គ្រប់ទី​កន្លែង​លើដី ប៉ុន្តែ​ចេតិយ​ឧណ្ណាលោម​នេះ មិន​ត្រូវ​បាន​នរណា​មក​ប៉ះ​ពាល់ ដូច​កុដិដទៃ​នោះ​ទេ ។​ បន្ទាប់​ពីវត្ត​អារាម​មួយ​នេះ ត្រូវបាន​គេធ្វើ​ឲ្យរស់​រាន​មាន​ជីវិត​មក​វិញ ក្រោយ​សង្គ្រាម វត្ត​នេះ​នៅ​តែដើរតួ​យ៉ាងសំខាន់​ក្នុង​ព្រះពុទ្ធ​សាសនា​ដដែល ជា​ទី​ស្នាក់​ការរ​បស់​ព្រឹទ្ធា​ចារ្យ​របស់​ពុទ្ធសាស​និក​ជន​កម្ពុជា​ផង និង​ជា​ទីស្នាក់​អាស្រ័យ​របស់​ព្រះ​សង្ឃ​ប្រមាណ​ជា​ជាង​៣០០​អង្គ និង​និស្សិត​ជាង​៦០០​នាក់​ផង ដែល​កំពុង​តែ​ស្នាក់​ និង គង់​នៅ​ដើម្បីស្វែង​រក​ការរៀន​សូត្រ​ក្នុង​រាជ​ធានី​ភ្នំពេញ ៕ (ប្រភព) អានបន្ថែម​សេចក្តី​នៅក្នុង​សៀវភៅ ប្រវត្តិវត្ត​ឧណ្ណាលោម រៀបរៀង​ដោយ សម្តេច​ព្រះសង្ឃ​រាជ​ ជួន ណាត ។ ចុចទីនេះ​ រូបភាពនានា៖ ដោយ​៥០០០​ឆ្នាំ​
images/articles/887/sdfgr342d-1.gif
Public date : 19, Aug 2026 (23,646 Read)
ប្រវត្តិវត្តនិគ្រោធវ័ន គល់ទទឹង (សង្ខេប) និងការសិក្សា ប្រតិបត្តិធម៌វិន័យ អាស្រមនិគ្រោធវ័ន ហៅ គល់ទទឹង បានក្លាយមកជាវត្តអារាមពេញលក្ខណៈច្បាប់ និងប្រើប្រាស់ឈ្មោះ និគ្រោធវ័ន ហៅ គល់ទទឹង ជាផ្លូវការ នាកំឡុងពុទ្ធសករាជ ២៤៩៦ ក្នុងឆ្នាំ ១៩៥២ តាមសេចក្តីប្រកាសរបស់សម្តេចព្រះសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត ក្រោមការដឹកនាំពីព្រះសង្ឃព្រះនាម កូវ ឈន បានរក្សាទុកជាអាស្រមសម្រាប់ព្រះសង្ឃ ដូនជី តាជី រៀនធម៌ សមាធិកម្មដ្ឋាន ។ មានទំហំផ្ទៃដីប្រមាណតែ ១២០ ម៉ែត្រ គុណនឹង ៨០ ម៉ែត្រ (១២០ ម៉ែត្រ X ៨០ ម៉ែត្រ ) នៅចន្លោះបឹងពីរ នាពុទ្ធសករាជ ២៤៩៦ ក្នុងឆ្នាំ ១៩៥២ ជាកន្លែងបម្រើឲ្យវិស័យសាសនា សម្រាប់​ព្រះសង្ឃ ដូនជី តាជី រៀនសូត្រព្រះធម៌ ធ្វើសមាធិកម្មដ្ឋាន បានរយ:ពេល ២៣ ឆ្នាំប៉ុណ្ណោះ ( ពីពុទ្ធសករាជ ២៤៩៦ ដល់ ពុទ្ធសករាជ ២៥១៩, ឆ្នាំ ១៩៥២ ដល់ឆ្នាំ ១៩៧៥ ) ។ - រវាងឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨២ អតីតទីតាំងវត្តនិគ្រោធវ័ន ហៅ គល់ទទឹង ពុំទាន់មានជនានុជនណានឹកនាដល់នោះទេ ។ - ពីឆ្នាំ ១៩៨២ ដល់ឆ្នាំ ១៩៩៣ ទើបមានយាយជី តាជី ដែលធ្លាប់ស្គាល់ទីនេះ មកសាងសង់តូបតូចៗ ដើម្បីប្រព្រឹត្តបដិបត្តិធម៌វិន័យជាបណ្តើរៗ និងជាបន្តបន្ទាប់ បានធ្វើឲ្យទីនេះក្លាយជាអាស្រមឡើងវិញ ។ - ពីឆ្នាំ ១៩៩២ អាស្រមនិគ្រោធវ័ន ហៅ គល់ទទឹង មានដូនជីមួយក្រុម បានមកសង់តូបតួចៗ បួនប្រាំតូប នៅធ្វើសំណាក់ធម៌ ។ ពេលនោះមានដូនជី យស់ ណា កាន់សីល ១០ ជាប្រធាន ដឹកនាំក្រុមអ្នកមកប្រតិបត្តិធម៌ សមាធិកម្មដ្ឋានទាំងនោះ ។ ដោយអាស្រមនិគ្រោធវ័ន ហៅ គល់ទទឹង នេះ ត្រូវបានរដ្ឋអំណាចរៀបចំឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់វត្តកោះក្របី ដូច្នេះ ព្រះគ្រូចៅអធិការ វត្តកោះក្របី ព្រះនាម យឺ ទិត ត្រូវទទួលភារកិច្ចឲ្យមកកសាងអាស្រម និគ្រោធវ័ន ហៅ គល់ទទឹង និងជួយបង្រៀនព្រះធម៌វិន័យ ដល់យាយជីនៅទីនោះ ។ - នៅថ្ងៃ ៩ កើត ខែពិសាខ ពុទ្ធសករាជ ២៥៣៨ / ក្នុងឆ្នាំ ១៩៩៥ គណ:កម្មការ អាចារ្យ យាយជី តាជី និងពុទ្ធបរិស័ទ បានធ្វើដំណើរទៅសុំនិមន្ត ភិក្ខុ ទឹម សឿត ពីព្រះចៅអធិការវត្តកំផែង ក្រុងបាត់ដំបង យកព្រះអង្គឲ្យមកគង់នៅចាំវស្សា ក្នុងអាស្រមនិគ្រោធវ័ន ហៅ គល់ទទឹង ។ - អាស្រមនិគ្រោធវ័ន ហៅ គល់ទទឹង ទៅជាទី ពុទ្ធមណ្ឌលមហាសតិប្បដ្ឋាន ក្រោមការដឹកនាំរបស់លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស តាមសេចក្តីប្រកាសលេខ ១៣.៩៩ ក.ស.រ.វ ចុះថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ១៩៩៩ ។ - អាស្រមនិគ្រោធវ័ន ហៅ គល់ទទឹង នេះ ទៅជា វត្តនិគ្រោធវ័ន គល់ទទឹង តាមសេចក្តីប្រកាសលេខ ៦៨ ក.ធ.ស.ស.រ ចុះថ្ងៃទី ២៤ ខែកុម្ភ: ឆ្នាំ២០០៣ របស់ក្រសួងធម្មការ និងសាសនាជាផ្លូវការ ។ - រហូតមកដល់ថ្ងៃ ០៥ រោច ខែកត្តិក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី 08 ខែវិច្ឆិកា ឆ្នាំ 2017 នេះ ព្រះគ្រូមេត្តាបាលោ ទឹម សឿត បានលាចាកសិក្ខាបទ ពីបព្វជិតទៅជាគ្រហស្ថ ជាឧបាសក (នៅសហរដ្ឋអាមេរិក) ។ - មកដល់រសៀលថ្ងៃ ពុធ ០៨ កើត ខែមាឃ ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី 24 ខែ មករា ឆ្នាំ 2018 ព្រះមន្រ្តីសង្ឃ និងមន្រ្តីរាជការ ខណ្ឌច្បារអំពៅ មួយចំនួន មានព្រះអង្គគ្រូ ញាណវង្ស សៅរ៍ មុនី ព្រះរាជាគណៈថ្នាក់ត្រី និងជាព្រះអនុគណ ខណ្ឌច្បារអំពៅ ជាដើម ជាប្រធាន ។ បានសម្រេចប្រកាសតែងតាំង ព្រះភិក្ខុ ភួង សុវណ្ណ នាមបញ្ញត្តិ សុណ្ណជោតោ ឲ្យឡើងទីជាព្រះចៅអធិការស្តីទី វត្តនិគ្រោធវ័ន គល់ទទឹង តទៅ ។ ព្រះភិក្ខុ គូ សុភាព នាមបញ្ញត្តិ វជិរប្បញ្ញោ ឲ្យឡើងទីជា ព្រះគ្រូសូត្រស្តាំ ព្រះភិក្ខុ តុន ប៊ុនសាយ នាមបញ្ញត្តិ វិនយធរោ ឲ្យឡើងទីជាព្រះគ្រូសូត្រឆ្វេង ។ - នៅរសៀលថ្ងៃ ០៧ កើត ខែជេស្ឋ ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី 21 ខែឧសភា ឆ្នាំ 2018 ព្រះចៅអធិការ និងគ្រូសូត្រ និងព្រះគ្រូ បានទទួលប្រកាសនីយប័ត្រ ព្រះចៅអធិការ និងព្រះគ្រូ ពី សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចសង្ឃនាយករង ទី២ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តចំពុះក្អែក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ គឺ ព្រះភិក្ខុ សុណ្ណជោតោ ភួង សុវណ្ណ ជាព្រះចៅអធិការស្តីទី វត្តនិគ្រោធវ័ន គល់ទទឹង ឲ្យឡើងទីជាព្រះចៅអធិការ វត្តនិគ្រោធវ័ន គល់ទទឹង ព្រះភិក្ខុ វជិរបញ្ញោ គូ សុភាព ឲ្យឡើងទីជាគ្រូសូត្រស្តាំ ព្រះភិក្ខុ វិនយធរោ តុន គីមសាយ ឲ្យឡើងទីជាគ្រូសូត្រឆ្វេង ។ ជាអ្នករម្ងាប់អធិករណ៍ និងសហការគ្រប់គ្រងគរុភណ្ឌសង្ឃ មានដីធ្លី វត្តអារាម និងអប់រំ ពុទ្ធសាសនិកជន​ឲ្យរៀនសូធ្យបដិបត្តិធម៌ វិន័យ មានបិដកជាគោល ។ តាមប្រកាសនីយប័ត្រ លេខ ២២៣ / ១៨ សនកជ.ប្រក ចុះថ្ងៃទី ២០ ខែមេសា ពុទ្ធសករាជ២៥៦១ ឆ្នាំ២០១៨ ។ - បច្ចុប្បន្ន (ពុទ្ធសករាជ ២៥៦៥ / ឆ្នាំ ២០២២) វត្តនិគ្រោធវ័ន គល់ទទឹង មានបរិវេណមួយយ៉ាងធំទូរលាយ ដែលមានទំហំរហូតដល់ទៅ 154191 ម៉ែត្រការ៉េ ។ - ចំពោះការសិក្សាធម៌វិន័យវត្តនិគ្រោធវ័ន គល់ទទឹង មានកម្មវិធីសិក្សាព្រះវិន័យបិដក ១៣ ក្បាល ព្រមទាំងអដ្ឋកថា និងដីកា ។ សិក្សាភាសាបាលី ប្រែគម្ពីរ ។ សិក្សាអភិធម្ម ៩ បរិច្ឆេទ និងធម្មសង្គណី ជាដើម ។ សិក្សាព្រះសូត្រ មានមហាសតិប្បដ្ឋានសូត្រ ជាដើម ។ - ចំពោះការប្រតិបត្តិធម៌វិន័យវត្តនិគ្រោធវ័ន គល់ទទឹង មានការប្រតិបត្តិតាមព្រះធម៌វិន័យ មានព្រះត្រៃបិដកជាគោល និងប្រតិបត្តិក្នុងសមាធិភាវនា ។រៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ មានកម្មវិធីប្រតិបត្តិក្នុងសមាធិភាវនា នៅខាងលើព្រះវិហារ ចាប់ពីម៉ោង ៤ រសៀល រហូតដល់ម៉ោង ៦ ល្ងាច ។ រៀងរាល់ថ្ងៃ ឧបោសថសីល និងថ្ងៃអាទិត្យ កម្មវិធីប្រតិបត្តិក្នុងសមាធិភាវនា នៅខាងលើព្រះវិហារ ចាប់ពីម៉ោង ៣ រសៀល រហូតដល់ម៉ោង ៥ ល្ងាច ។ - ម្យ៉ាងទៀត រៀងរាល់ថ្ងៃឧបោសថសីល មានកម្មវិធីសិក្សា សន្ទនាសតិប្បដ្ឋានបដិបត្តិ ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ១០ ព្រឹក នៅវេទិការឧបោសថសីល ។ ចាប់ពីម៉ោង ២ រសៀល រហូតដល់ម៉ោង ៥ ល្ងាច សិក្សាព្រះវិន័យ ព្រះសូត្រ និងព្រះអភិធម្ម ។ ប្រភពដកស្រង់អត្ថបទខាងលើៈ ហ្វេសប៊ុកវត្តនិគ្រោធវ័ន "គល់ទទឹង" "គល់​ទទឹង​" មាន​ព្រឹត្តិ​ការណ៍​យ៉ាង​ដូច​មេ្តច​? បើ​យោង​ប្រសាសន៍​តាម​ការ​ចង​ចាំ​របស់​ចាស់​ៗ​ ដែល​ខ្ជិល​កត់​ត្រា​ទុក​ឲ្យ​ដឹង​ថា​ បាន​ជា​ហៅ​ថា​ " គល់​ទទឹង " ពី​ព្រោះ​កាល​នោះ​ មាន​ឈើ​មួយ​ដើម​ធំ​រលំ​កាត់​ទទឹង​អូរ​មួយ​ ដែល​នាំ​ទឹក​ឆ្លង​ទៅ​មក​ រវាង​បឹង​ខ្វែង​ និង​បឹង​អូរ​ក្រហម​ ។ ឈើ​ដ៏​ធំ​នេះ​បាន​ក្លាយ​ទៅ​ជា​ស្ពាន​សម្រាប់​អ្នក​មក​ធ្វើ​សំណាក់​ធម៌​ឆ្លង​ទួល​ម្ខាង​ទៅ​ទួល​ម្ខាង​ទៀត​ ហើយ​ក៏​ជា​ស្ពាន​ ដែល​អ្នក​ស្រុក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្នុង​ការ​ប្រាស័យ​ទាក់​ទង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ដែរ​ ។... សូម​អាន​លម្អិត​ក្នុង​សៀវ​ភៅ​ "ប្រវត្តិ​វត្ត​និ​គ្រោធ​វ័ន​ ហៅ​គល់​ទទឹង​" ដូច​ត​ទៅ​៖ អាន​សៀវ​ភៅ​នេះ​ ​ ចុច​ទី​នេះ​ដើម្បី​ទាញ​យក​សៀវ​ភៅ​ ដោយ​៥០០០​ឆ្នាំ​
images/articles/3022/Unti443622tled-1.jpg
Public date : 19, Aug 2026 (6,818 Read)
វត្តឯកឧត្តមមានជ័យមានទីតាំងនៅក្នុងខេត្តតាកែវ ។ វត្តឯកឧត្តមមានជ័យនេះជាវត្តមួយដែលមានចំណាត់ថ្នាក់ថាគឺជាវត្តដែលស្អាតជាងគេនៅក្នុងខេត្តតាកែវ។ នៅក្នុងវត្តឯកឧត្តមមានជ័យព្រះវិហាដ៏ស្អាតគួរឱ្យចាប់អារម្មណ៍។ ព្រះវិហាដ៏ស្រស់ស្អាតនោះ ធ្វើការសាងសង់ឡើងដោយប្រើរចនាបទបន្ទាយស្រី។ ភាពទាក់ទាញរបស់ព្រះវិហា គឺព្រោះតែការប្រើក្បាច់ចម្លាក់ផុសអណ្តែតនៅតាមជញ្ជាំងព្រះវិហារ និងតាមសរសរនីមួយៗទាំងក្នុងនិង ក្រៅព្រះវិហារ។ វត្តឯកឧត្តមានជ័យ មានរូបចម្លាក់ធំៗ និងស្រស់ស្អាតជាច្រើន។ នៅពីមុខព្រះវិហារលោកអ្នកនឹងឃើញមានចម្លាក់ដំរីដ៏ធំមួយគូ ចម្លាក់នោះទាំងពណ៌និងទឹកដៃនៃការឆ្លាក់បង្ហាញពីភាពរស់រវើក មើលមួយក្រលែកភ្នែកដូចជាសត្វដែលកំពុងមានជីវិតពិតអ៊ីចឹង។ រីឯនៅខាងក្រោយចម្លាក់ដំរីនោះទៀត ក៏មានចម្លាក់ហង្សដ៏ធំមួយគូផងដែរ ដែលកំពុងឈរសំញែងបង្ហាញរិទ្ធិនៅលើឆ័ត្ររួតបីជាន់ បង្ហាញពីអំណាចបារមីរបស់ព្រះវិហា គួរជាទីគោរពបូជា។ នៅក្នុងបរិវេណវត្តដ៏ស្ងប់ស្ងាត់នេះ ក៏ដូចជានៅមុខទីធ្លារបស់ព្រះវិហាដ៏ស្រស់ស្អាតនេះដែរ មានដាំផ្កាផ្ញីអមលម្អរចម្លាក់ឆ្នាំទាំង១២ផងដែរ ចម្លាក់ទាំង១២នេះ ចម្លាក់នីមួយៗមានទំហំធំៗ ស្អាត និងរស់រវើក។ ឯចម្លាក់ទេពប្រណំធំៗប៉ុនមនុស្ស ដែលកំពុងឈរប្រណំសំពះនៅពីមុខព្រះវិហាជាច្រើននេះក៏កាន់តែស្រស់ស្អាត សម្រស់ចម្លាក់ប្រៀបបានដូចជាទេពអប្សចុះពីសួរគា។ ប្រសិនបើលោកអ្នកឈរនៅពីមុខព្រះវិហារ គន់មើលឱ្យចំទៅព្រះវិហារតែម្តង លោកអ្នកអាចចាប់អារម្មណ៍ឃើញក្លោងទ្វារធំនិងកំពូលព្រះវិហារ មិននៅរត់ជួរគ្នាដូចវិហារដ៏ទៃឡើយ រីដំបូលព្រះវិហារមានការប្រើម៉ូតប្លែកពីគេ ម្ខាងវែងហើយម្ខាងទៀតខ្លី ចំណែកនៅតាមជញ្ជាំងខាងក្រៅ និងសរសរនីមួយៗនៃព្រះវិហានេះមានរចនាទៅដោយចម្លាក់ផុសតាមក្បាច់នៃរចនាបទ ស្រស់ស្អាតគួរជាទីគាប់ភ្នែក នៅខាងក្នុងព្រះវិហាតាមជញ្ជាំងនិងដំបូលមានគំនូរជាច្រើន គំនូនីមួយៗសុទ្ធតែជារូបភាព និងអក្សរនិទានដំណាលរឿង តាំងពីសម័យព្រះពុទ្ធទ្រង់តាំងនៅ នៅក្នុងព្រះវិហារដ៏ស្រស់ស្អាតនេះក៏មានចម្លាក់ព្រះពុទ្ធរូបតម្តល់ សម្រាប់ជាទីគោរពបូជានៃពុទ្ធសាសនិកជនទាំងពួងផងដែរ។ លោកអ្នកដែលចាប់អារម្មណ៍ពីសម្រស់វត្តឯកឧត្តមមានជ័យអាចមកទស្សនា និងគោរពបូជាដោយផ្ទាល់បាន។ វត្តឯកឧត្តមានជ័យមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣ ជិតអង់តាសោម នៅក្នុងខេត្តតាកែវនេះតែម្តង។ ដោយ៥០០០ឆ្នាំ
images/articles/3493/2026-07-19_18_31_09-Untitled_-_Notepad.jpg
Public date : 19, Aug 2026 (187 Read)
វត្តលង្កាព្រះកុសុមារាម(ហៅកាត់ថា វត្តលង្កា) គឺជាអារាមបូរាណដ៏វិសុទ្ធ និងជាទីសក្ការៈដ៏ចំណាស់​ជាងគេបំផុតមួយក្នុងចំណោមវត្តទាំង ៥ ដែលត្រូវបានកសាងឡើងដំបូងគេបង្អស់នៅក្នុងរាជធានី​ភ្នំពេញ។ វត្តនេះមានប្រវត្តិសាស្ត្រដ៏យូរលង់ និងមានទំនាក់ទំនងយ៉ាងស្អិតល្មួតនឹងការកកើត​រាជធានី​ភ្នំពេញ ក៏ដូចជាប្រវត្តិផ្សព្វផ្សាយព្រះពុទ្ធសាសនានៅកម្ពុជា។ ១. ការកកើត និងប្រភពនៃនាម «វត្តលង្កា» (សតវត្សទី១៥) ការកសាងឡើង៖វត្តលង្កាត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៤៤២ដោយ ព្រះបាទ​ពញា​យ៉ាត​(ព្រះ​បរម​រាជា​ទី១) នៅ​ពេលដែលព្រះអង្គទ្រង់បានបោះបង់ចោលរាជធានីអង្គរ ហើយមកស្ថាបនារាជធានីថ្មី​នៅចតុមុខ (ភ្នំពេញសព្វថ្ងៃ)។ មូលហេតុនៃការកសាង និងប្រភពឈ្មោះ៖ ឈ្មោះថា «លង្កា» នេះ គឺមានទំនាក់ទំនងផ្ទាល់ជា​មួយ ប្រទេសស្រីលង្កា(កោះលង្កា) ដែលជាមជ្ឈមណ្ឌលផ្សព្វផ្សាយព្រះពុទ្ធសាសនាថេរវាទដ៏ធំនាសម័យ​នោះ។ វត្តនេះត្រូវបានកសាងឡើងដើម្បីធ្វើជា កន្លែងស្នាក់នៅ និងប្រជុំធម៌របស់ព្រះសង្ឃខ្មែរ និងព្រះសង្ឃ មកពីកោះលង្កាដែលបាននិមន្តធ្វើដំណើរទៅសិក្សារៀនសូត្រព្រះត្រៃបិដកនៅប្រទេសស្រី​លង្កា ​រួចនាំ​យក​ព្រះពុទ្ធសាសនាផ្សាយចូលមកកម្ពុជាវិញ។ វត្តនេះក៏ជាកន្លែងតម្កល់ទុកនូវគម្ពីរក្បួនច្បាប់ធម៌អាថ៌ និងព្រះត្រៃបិដកដែលនាំមកពីកោះលង្កាផងដែរ។ ២. វត្តលង្កាក្នុងសម័យអាណានិគមបារាំង ការផ្លាស់ប្តូរទីតាំង៖កាលពីដើមឡើយ វត្តលង្កាមិនមែនស្ថិតនៅទីតាំងបច្ចុប្បន្នភ្លាមៗនោះទេ (មានឯកសារខ្លះលើកឡើងថា ទីតាំងដើមស្ថិតនៅក្បែរទន្លេ) ប៉ុន្តែត្រូវបានផ្លាស់ប្តូរទីតាំងជាបន្តបន្ទាប់រហូត​មកដិតជាប់នឹងក្បែរវិមានឯករាជ្យបច្ចុប្បន្ន ដើម្បីសម្រួលដល់ការរៀបចំប្លង់នគរូបនីយកម្មទីក្រុងរបស់បារាំង។ មជ្ឈមណ្ឌលសិក្សាធម៌វិន័យ៖ក្នុងសម័យអាណានិគមបារាំង វត្តលង្កាបានក្លាយជាវិទ្យាស្ថាន ឬជាមជ្ឈ​មណ្ឌលដ៏សំខាន់មួយសម្រាប់ការបណ្តុះបណ្តាលវិជ្ជាព្រះពុទ្ធសាសនា និងភាសាបាលី។ ព្រះសង្ឃ​ធំៗ និងបញ្ញវន្តខ្មែរជាច្រើនអង្គ/រូប ធ្លាប់បានមកសិក្សាក្រេបជញ្ជក់ចំណេះដឹងនៅទីនេះ។ ៣. គ្រាដ៏ខ្មៅងងឹត (១៩៧៥ - ១៩៧៩) * ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) វត្តលង្កាត្រូវបានរងការបំផ្លិចបំផ្លាញដូចគ្នានឹងវត្តអារាមដទៃទៀតទូទាំងប្រទេសដែរ៖ * ព្រះសង្ឃត្រូវបានបង្ខំឱ្យសឹក និងជម្លៀសចេញទៅធ្វើការជាទម្ងន់។ * ព្រះវិហារ និងកុដិត្រូវបានគេយកធ្វើជា ឃ្លាំងស្តុកឥវ៉ាន់ និងកន្លែងស្នាក់នៅរបស់កម្មាភិបាលខ្មែរក្រហម។ * គម្ពីរក្បួនច្បាប់ ព្រះត្រៃបិដកបុរាណៗជាច្រើនត្រូវបានដុតបំផ្លាញ និងបោះចោលទៅក្នុងទឹក។ * ទោះជាយ៉ាងណា ព្រះវិហារធំនៃវត្តលង្កា មិនត្រូវបានវាយកម្ទេចចោលទាំងស្រុងនោះទេ ដែលធ្វើឱ្យសំណង់ស្ថាបត្យកម្មដ៏ប្រណីតនេះនៅរក្សាបានរូបរាងរហូតដល់សព្វថ្ងៃ។ ៤. ការស្តារឡើងវិញ និងការអភិវឌ្ឍន៍ក្រោយឆ្នាំ១៩៧៩ * ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ វត្តលង្កាត្រូវបានសម្អាត និងរៀបចំឱ្យមានព្រះសង្ឃគង់នៅឡើងវិញជាបណ្តើរៗ។ * វត្តនេះទទួលបានការជួសជុល និងអភិវឌ្ឍន៍យ៉ាងខ្លាំង ជាពិសេសក្រោមការដឹកនាំរបស់ សម្តេចព្រះមហាឃោសានន្ទនិងក្រោយមកគឺ សម្តេចព្រះធម្មលិខិត លាស់ ឡាយ(អតីតព្រះចៅអធិការវត្តលង្កា និងជាសម្តេចព្រះសង្ឃនាយកស្តីទី) ។ * វត្តលង្កាក៏ត្រូវបានប្រសិទ្ធនាមបន្ថែមជា «វត្តលង្កាព្រះកុសុមារាម» ដើម្បីជាការឧទ្ទិសថ្វាយព្រះរាជកុសលចំពោះសម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរត្នសិរីវឌ្ឍនា។ ៥. វត្តលង្កានាពេលបច្ចុប្បន្នបច្ចុប្បន្ន វត្តលង្កាមានតួនាទីយ៉ាងសំខាន់លើផ្នែកសាសនា និងវប្បធម៌ក្នុងរាជធានីភ្នំពេញ៖ មណ្ឌលវិបស្សនាធុរៈ៖វត្តលង្កាល្បីល្បាញខ្លាំងខាងការបង្រៀន សមាធិ (វិបស្សនា)ដែលមានទាំងពុទ្ធបរិស័ទខ្មែរ និងជនបរទេសមកពីជុំវិញពិភពលោកចូលរួមរៀនសូត្រ និងអនុវត្តជាប្រចាំ។ ការអប់រំ៖ ជាកន្លែងស្នាក់នៅសិក្សារបស់សមណសិស្ស-និស្សិតយ៉ាងច្រើនកុះករមកពីតាមបណ្តាខេត្ត។ បេតិកភណ្ឌទេសចរណ៍៖ដោយសារទីតាំងស្ថិតនៅចំកណ្តាលបេះដូងរាជធានី ក្បែរវិមានឯករាជ្យ និងសួនច្បារសម្តេចសង្ឃរាជ ជួន ណាត វត្តលង្កាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាច្រើនឱ្យចូលមកទស្សនាស្ថាបត្យកម្មព្រះវិហារខ្មែរបុរាណ និងស្វែងយល់ពីជីវភាពរស់នៅបែបពុទ្ធសាសនារបស់ព្រះសង្ឃខ្មែរ។ ប្រភព៖ ហ្វេសប៊ុកSarun Chey ដោយ៥០០០ឆ្នាំ
images/articles/3483/2026-07-13_12_37_43-Greenshot.jpg
Public date : 19, Aug 2026 (172 Read)
សូមជូនអត្ថបទខ្លីស្តីពី វត្តកែវព្រះភ្លើងមុនឆ្នាំ១៩៧៥ វត្តកែវព្រះភ្លើង ហៅវត្តតា​កែវ ឬវត្តកែវចាស់ ស្ថិតនៅជាប់មហាវិថីព្រះសុធារស សង្កាត់លេខ៦ ក្រុងភ្នំពេញ។ វត្តនេះស្ថាបនាឡើងនៅចុងសតវត្សរ៍ទី១៦ ដោយយកនាមតាមព្រះពុទ្ធរូប​ថ្ម​កែវ​១​ព្រះអង្គ មានពណ៌ក្រហមឆ្អិនឆ្អៅដូចភ្លើង ទើបប្រាកដនាមតាមសម្តីអ្នកស្រុកថា "ព្រះ​កែវ​ភ្លើង" (ជាគូនឹងព្រះពុទ្ធរូប១អង្គ ព្រះនាម "ព្រះកែវមរកត") តែក្រោយមកអ្នកស្រុក​ក៏នាំគ្នាហៅក្លាយទៅជា "កែវព្រះភ្លើង" ទៅវិញ ស្ថិតក្នុងភូមិជ្រោយរលួស ភាគខាង​ត្បូងក្រុងភ្នំពេញ ដែលសម្បូរដោយព្រៃឈើស៊ុបទ្រុប បាំងបាត់ពន្លឺរស្មី និងសំម្បូរដោយ​សត្វសាហាវ មានខ្លា ឆ្កែចចក និងពស់ពិសជាដើម។ នៅដើមសតវត្សរ៍ទី១៧ មានមេបះបោរម្នាក់បានតាំងទីលំនៅក្បែរវត្តនេះ ក្រោយឡើង​​ជាស្តេចត្រាញ់បានតាំងងារខ្លួនឯងថា "ព្រះរាមកែវព្រះភ្លើង" ក្រោយមកត្រូវស្តេច​ស្រីសុរិយោពណ៌បង្រ្កាបឱ្យខ្ចាត់ខ្ចាយទៅវិញ (សូមអានមហាបុរសខ្មែរ និងរឿង​កែវ​​ព្រះភ្លើង របស់ គុយ-ឡូត) ។ល។ ជាប់ពីខាងជើងវត្តកែវព្រះភ្លើង គឺព្រះរាជដំណាក់ សម្តេចព្រះវរចក្រ នរោត្តម-សុធា​រស​ ហៅថាព្រះរាជដំណាក់កែវព្រះភ្លើង ឬវាំងកែវព្រះភ្លើង, សម្តេចព្រះនរោត្តម-សីហនុ កាលនៅជាព្រះរាជកុមារនៅឡើយទ្រង់គង់នៅព្រះរាជដំណាក់នេះ ក្រោមការមើល​ថែរបស់ចៅឃុនប្រយូរវង្ស ប៉ាត។ នៅឆ្នាំ១៨៧០ វត្តស្វាយពពែ (ធម្មយុត្ត) បានស្ថាបនា​នៅជាប់ពីខាងជើងព្រះរាជដំណាក់នេះ។ នៅឆ្នាំ១៩០៤ ចៅចមសុជាតិបុប្ផា នួន ហៅឃុនថាន់ បានស្ថាបនាវត្តនួនមណីរាម ហៅវត្តថាន់ (ធម្មយុត្តដែរ) នៅពីខាងត្បូង​វត្តកែវព្រះភ្លើងនេះ។ អ្នកស្រុកតំបន់នេះនិយាយរត់មាត់ថា "កណ្តាលកែវព្រះភ្លើង​ ខាងជើងស្វាយពពែ ងាកលិចប្រយូរវង្ស បកមកត្បូងវត្តថាន់" ពីដើមគេធ្វើបុណ្យ​​ភូមិរួមគ្នាត្រង់ខាងក្រោយវត្តកែវព្រះភ្លើងរៀងរាល់ឆ្នាំពុំដែលលោះខានទេ...។ ព្រះចៅអធិការវត្តកែវព្រះភ្លើង ៦ជំនាន់ ចុងក្រោយបំផុតគឺ ១-ព្រះតេជព្រះគុណ រត់ ២-ព្រះតេជព្រះគុណ ហ៊ុល-កែវ ៣-ព្រះសាក្យវង្ស សរ-ឃួន (ក្រុមជំនុំព្រះត្រៃបិដក) ៤-ព្រះវិភទ្ទញ្ញាណ ឡុង-បាន (អាចារ្យសាលាបាលីជាន់ខ្ពស់) ៥-ព្រះវិន័យធរ អ៊ុម-ស៊ុម (ចៅអធិការស្តីទីបាន១ឆ្នាំ) ៦-ព្រះឧបាលិវង្ស ហេង-លាងហោ (ចៅអធិការចុងក្រោយ) ក្រោយឆ្នាំ១៩៧៩ វត្តនេះទទួលរងគ្រោះយ៉ាងដំណំ (ដោយសារស្ថិតនៅចំមុខសឹក)។ អ្វីដែល​នៅសេសសល់គឺ កុដិឈើតូចៗ២ខ្នង ខ្លោងទ្វារ១ និងដើមពោធិ៍១ដើម ក្រៅ​ពី​នេះ ព្រះវិហារ កុដិថ្មច្រើនខ្នង សាលាបុណ្យ សាលាបាលី ចេតិយ... ត្រូវគ្រាប់ផ្លោងបំផ្លាញខ្ទេចគ្មាន​សល់។ ប្រជាជនមកពីជនបទបានចូលតាំងទីលំនៅលើទីតាំងនេះជាបន្តបន្ទាប់ និងផ្លាស់ប្តូរជាច្រើនជំនាន់ រហូតក្លាយជាផ្ទះអ្នកស្រុកដល់បច្ចុប្បន្ន។ ខ្លោងទ្វារមិនដឹងវាយចោលក្នុងឆ្នាំណាទេ? ឯដើមពោធិព្រឹក្ស១ដើម ត្រង់ទិសនិរតី នៅ​ប្រឹង​បន្តជីវិតរស់យ៉ាងត្រមង់ត្រមោចឯកោតែឯងកណ្តាលអធ្វារត្រង់ចន្លោះកន្លៀត​ផ្ទះអ្នកស្រុក ប្រឹងលូតខ្ពស់ផុតស្មើនឹងដំបូលផ្ទះ៥ជាន់ ហាក់ដូចជាតស៊ូរស់ដើម្បីបញ្ចើច​បញ្ចើផ្សារទំនើបអុីអន១ ដែលនៅម្ខាងផ្លូវទល់មុខគ្នា ថាវាសនាយើងទាំង​ពីរខុស​គ្នា​ស្រឡះតែម្តង..., នៅឆ្នាំ២០២២ថ្មីៗនេះ ពោធិព្រឹក្សនោះក៏រលាយបាត់រូបរាងទាំងស្រុងពីដែនពសុធា ទុកជាដំណឹងចុងក្រោយបញ្ជាក់ថា "វត្តកែវព្រះភ្លើង ដែលបានភ្ជាប់និស្ស័យជាមួយដែនកម្ពុជរដ្ឋជាង ៤០០ឆ្នាំ បានធ្វើដំណើរមកដល់ទីអស្តង្គតជានិរន្តរ៍ហើយ តទៅវត្តកែវព្រះភ្លើងនៅសល់ត្រឹមតែឈ្មោះប៉ុណ្ណោះ ហើយមិនយូរប៉ុន្មានទេមនុស្សម្នានឹងភ្លេចទាំងឈ្មោះនេះទៅទៀត"។ មុននឹងផុតដង្ហើម វត្តកែវព្រះភ្លើងងាកទៅខាងជើងឃើញស្វាយពពែនៅមានរូបរាងសមសួនល្អក៏ស្ងប់ចិត្តបន្តិច រួចងាកបន្តទៅខាងជើងបន្តិចទៀត ក៏ឃើញប្រយូរវង្សា​រាម​ ជា​មិត្តកម្សត់កម្រជាមួយគ្នាជាង១០០ឆ្នាំ នៅសល់តែខ្លោងទ្វារ២ និងព្រះវិហារ​១​ខ្នង អមដោយផ្ទះអ្នកស្រុកដែលភ្ជាប់វាសនានៅលើខឿនព្រះវិហារយ៉ាងរដឹករដែរ​ខេក​រខាកពេញវត្ត ខ្លះទៅភ្ជាប់និស្ស័យជាមួយខ្មោចក្នុងចេតិយតែម្តង... ក៏នឹកស្រណោះ​ខ្លួនឯងក្រៃលែង ហាក់ចង់មានវាចាផ្តាំផ្ញើទៅមិត្តចាស់ឱ្យខំប្រឹងរស់បន្តរហូតដង្ហើម​ចុងក្រោយ ប្រសិនបើព្រះអាទិត្យមិនទាន់អស្តងគតក្រែងថ្ងៃណាមួយមិត្តនឹងបាន​ប្រសើរឡើងវិញ...តែវត្តកែវព្រះភ្លើងមិនអាចវាចាបានឡើយ.....។ ប្រសិនបើមានពេលគ្រប់គ្រាន់ ខ្ញុំនឹងសរសេរប្រវត្តិពិស្តារនៃវត្តកែវព្រះភ្លើងទុកជាអនុស្សាវរីយ៍ ព្រោះមុនឆ្នាំ១៩៧៥ វត្តនេះជាជំរុំមួយនៃអ្នកប្រាជ្ញខាងព្រះពុទ្ធសាសនា មាន​ក្រុម​ជំ​នុំព្រះត្រៃបិដក និងសាស្រ្តាចារ្យនៅសាលាបាលីជាន់ខ្ពស់ជាដើម ។ ប្រភពៈ ហ្វេសប៊ុកសាសនកិច្ចានុកិច្ច ដោយ៥០០០ឆ្នាំ
images/articles/2071/354wt43323.jpg
Public date : 19, Aug 2026 (13,630 Read)
វត្តធម្មវ័នគឺជាវត្តមួយនៅលើចង្កេះភ្នំក្រាំងដីមាស ស្ថិតនៅ​ខាងជើង​ក្រុង​កំពង់​​ឆ្នាំង​ប្រមាណ​​ជិត២​គី​ឡូ​ម៉ែត្រ ក្នុង​ភូមិត្រពាំង​អញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ គេ​អាច​ធ្វើដំណើរឡើងទៅលើទីធ្លា​វត្តបាន​ដោយ​ថ្មើរ​ជើង ម៉ូតូ ឬរថយន្ត ដែល​គេ​អាច​គយ​គន់ និង​ផ្តិតយករូបភាពទេសភាពចំការត្នោត ទេសភាពរុក្ខជាតិនៅលើកំពូល​​ភ្នំ ទេស​ភាព​ដង​ទន្លេសាប ទេសភាពភ្នំនាងកង្រីជាដើម និងសំណង់ស្នាដៃគូប្លង់កសាងរបស់ព្រះ​ចៅអធិការ។​ វត្ត​ធម្ម​វ័ននេះគឺជាវត្តមួយមានការរីកចំរើនជាងគេបំផុតនៅក្នុងទឹកដី​ខេត្ត​កំពង់​​ឆ្នាំង ដោយពុទ្ធបរិស័ទ​គ្រប់ខេត្តក្រុង​នៅ​​ទូទាំងប្រទេសបានចូលរួមកសាងសមិទ្ធិផលនានានៅក្នុងវត្ត ព្រោះ​តែព្រះចៅអធិការវត្ត និងព្រះ​សង្ឃ​កាន់ព្រះ​វិន័យបានយ៉ាងតឹងរឹងតាមគន្លងបញ្ញត្តិព្រះពុទ្ធសាសនា ដែល​វត្ត​នេះស្ថិតនៅ​ចង្កេះភ្នំក្រាំងដីមាស ខេត្តកំពង់ឆ្នាំង។ ព្រះចៅអធិការវត្តធម្មវ័ន ព្រះនាម យឹម ទូច ព្រះជន្មាយុ៤២វស្សានិងជាធម្មធរគណខេត្តកំពង់ឆ្នាំង បាន​មាន​​សង្ឃដីការនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា នេះថា៖វត្តធម្មវ័នត្រូវបានក្រសួងធម្មការប្រកាសទទួលស្គាល់នៅឆ្នាំ​២០០៤ ដែលនៅមុនឆ្នាំ២០០៤គ្រាន់តែជា អាស្រមតូចមួយប៉ុណ្ណោះ។ ចំណែកព្រះអង្គបានមកគង់ជាព្រះចៅ​អធិ​ការ​​ក្នុង​វត្តនេះ ចាប់ពីឆ្នាំ២០០៣មកដល់សព្វ​ថ្ងៃមានរយៈពេលជាង១១ឆ្នាំហើយ ព្រះអង្គបានបួសជាសង្ឃ​តាំងព្រះ​ជន្ម១៧ព្រះវស្សាមក។ព្រះសង្ឃគង់នៅក្នុងវត្តនេះមាន ចំនួនជាង៧០អង្គ បានចេញទៅរៀនជាង៥០អង្គ គង់នៅ​ក្នុងវត្តបច្ចុប្បន្ន២៤អង្គ។ សមិទ្ធិផលដែលពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទមកពីខេត្តផ្សេងៗបានចូលរួមកសាងមាន ព្រះវិ​ហារមួយបច្ចុប្បន្នកសាងបានជាង៨០%ហើយ,កសាងចេតី៥កន្លែង កសាងកុដិចំនួន៣១កុដិ,កសាងសាលាឆាន់ ៣កន្លែង សាលាឆាន់ធំជាងគេដែលកំពុងកសាងឈ្មោះតាវតឹងសភា​ និងកសាងបាន ៦០% ប៉ុណ្ណោះ ។ ចំណែក​ប្រា​សាទ​តម្កល់ព្រះពុទ្ធរូប២៨អង្គជាកន្លែងដាំដើមពោធិព្រឹក្សយកមកពីប្រទេសឥណ្ឌាដែលបានកសាងរួចហើយ ។ ទន្ទឹមនេះដែរបច្ចុប្បន្នកំពុងសាងសង់សាលាពុទ្ធិកសិក្សាមួយកន្លែងដែលមានកំពស់៣ជាន់កសាងបាន​២០%ហើយ និងមហាកុដិមួយកន្លែងទៀតកំពុងសាងសង់សំរាប់សង្ឃជាន់​ខ្ពស់គង់នៅ​រៀន​សូត្រ​ ដោយ​ឡែក​ផ្លូវបេតុង​ប្រវែងជាង៤០០ម៉ែត្រក្នុងវត្តក៍កំពុង​កសាងដែរ។​សមិទ្ធិផលទាំងអស់ ដែលពុទ្ធ​បរិស័ទ​បានចូលរួម​កសាងជាមួយ​ព្រះ​ចៅអធិការ គឺមានទឹកប្រាក់ចំណាយសរុបអស់ប្រមាណជាង១លានដុល្លាហើយ ។ ព្រះចៅអធិការ យឹម ទូច បាន​មានសង្ឃដី​ការ​អោយដឹង​ទៀតថា៖ការកសាងសមិទ្ធិផលទាំងអស់ខាង​លើ​​នេះ គឺជាការចូលរួមប្រគេនបច្ច័យ​រប​ស់ពុទ្ធបរិស័ទ​ទាំង​អស់ក្នុងពិធីបុណ្យផ្សេងៗ និងប្រាក់មួយចំនួនទៀត​ជា បច្ច័​យ​ផ្ទាល់ខ្លួនព្រះ​អង្គដែលបាន​មក​ពី​​ការសំដែងធម៌​ទេសនាតាមខេត្តនានា ព្រះអង្គបានយកមកបញ្ចូលក្នុងការកសាងនេះទាំង​អស់។ វត្តធម្មវ័នក៍ត្រូវបានប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង និងក្រៅខេត្តចាត់ទុកថាជារមណីយដ្ឋានវប្បធម៌ធម្ម​ជាតិ​ មួយ ព្រោះថាទីតាំងវត្តធម្មវ័នស្ថិតនៅលើចង្កេះភ្នំក្រាំងដីមាស មានខ្យល់ដ៍បរិសុទ្ធ មានដើមឈើខ្ពស់ៗ​មាន​ម្លប់​ត្រឈឹងត្រឈៃ ដែលអាចអោយអ្នកទេសចរណ៍ទៅកំសាន្តលេងយ៉ាងសប្បាយរីករាយ។ទន្ទឹមនោះដែរគេអាចមើ​លឃើញទេសភាពវាលស្រែ ចំការដើមត្នោត ទេសភាពដងទន្លេសាបនារដូវទឹកតំឡើង និងដងភ្នំនាងកង្រី និង​ទេសភាពផ្សេងៗជាច្រើនទៀតផង ដែលអាចធ្វើអោយ​អារម្មណ៍អ្នកទៅលេងកំសាន្តទីនោះបានស្រស់ស្រាយចិត្ត និងបំបាត់បាននូវទុកកង្វល់ផងទាំងឡាយ៕ ដកស្រង់ពី ខេមប៉ុស្តិ៍ ដោយ​៥០០០​ឆ្នាំ
images/articles/1498/safvsdf-dsg-sdfs-d.gif
Public date : 19, Aug 2026 (22,923 Read)
វត្តស្វាយពពែ វត្ត​ស្វាយ​ពពែ​ជា​វត្ត​មួយ​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។ វត្ត​នេះ​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថីសុធារស ទល់​មុខ​នឹង​ស្ថាន​ទូត​សហព័ន្ធរុស្សី។ វត្ត​នេះ​ក៏​មាន​ពុទ្ធិកសកល​វិទ្យាល័យ​មួយ​ឈ្មោះ​ថា ពុទ្ធិកសកល​វិទ្យាល័យ​សីហមុនីរាជ។វត្ត​នេះ​ស្ថិត​នៅ​ក្រោម​ព្រះរាជ​កិច្ច​ដឹកនាំ របស់​សម្តេច​ព្រះអភិសេរី មហាសុគន្ធាធិបតី បួរ គ្រី សម្តេច​ព្រះមហាសង្ឃរាជ​នៃ​គណៈធម្មយុត្តិ​កនិកាយ។ ក្នុង​បរិវេន​មាន​ចេតិយ​ពណ៌​លឿង​ដូច​មាស និង​មាន​រាង​ដូច​ជួង ស្ថិត​នៅ​មួយ​ជួរ​នៅ​ខាង​មុខ​ព្រះ​វិហារ​​ដែល​មាន​សំបុរ​ស្រអាប់​ណាស់​ទៅ​ហើយ។នៅ​ខាង​ជើង​ជាប់​ព្រះវិហារ មាន​អាគារពណ៌ក្រហម​ក្រម៉ៅថ្មី មាន​ដំបូល​បួន​ថ្នាក់​ឈ្មោះថា៖ ព្រះវិមានធម្មយុត្តិកាធិបតី… គឺ​ជា​រាជ​កុដិ ឬ​ព្រះរាជ​ដំណាក់​កុដិ​របស់​សម្តេច​ព្រះមហាសង្ឃរាជ បួរ គ្រី ដែល​នៅ​មិន​ទាន់​បាន​ធ្វើ​ពិធី​បុណ្យ​ឆ្លង​សម្ភោធ​កាត់​ខ្សែបូនៅ​ឡើយ ដែល​ជា​ហេតុ​នាំ​អោយ​សម្តេច​ព្រះមហាសង្ឃរាជ នៅ​មិន​ទាន់​យាង​មក​គង់​នៅ​ជា​អចិន្រ្តៃយ៍​ក្នុង​ទីអារាម​វត្តស្វាយពពែ​នេះ​នៅ​ឡើយ​ដែរ។ នៅ​លើ​ជញ្ជាំង​ហោជាង​ប៉ែក​ខាង​ក្រោយ នៃ​ព្រះវិមាន​ធម្មយុត្តិកាធិបតី មាន​សរសេរ​អក្សរ​ចិន។នៅ​ជាប់​របង​ជិត​ច្រក​ផ្លូវ​ចូលប៉ែកខាងជើង មាន​អាគារ​សិក្សា​បណ្តោយ​ថ្ងៃ​មួយ​ឈ្មោះ​ថា៖ ពុទ្ធិក សកលវិទ្យាល័យ ព្រះសីហមុនីរាជា…។ អាគារ​របស់​សកលវិទ្យាល័យ​នេះ​រាង​ចំឡែក​បន្តិច ដោយ​សារ​តែ​នៅ​ខាង​មុខ​យ៉រ​ដែល​បែរ​ចេញ​ក្រៅ​នេះ ត្រូវ​បាន​បាំង​ដោយសំណាញ់​ដែក​គ្រប់​ជាន់​ទាំង​អស់។ ចំណែក​ឯនៅកៀន​របង​ខាង​ក្រោយ ជ្រុង​ខាង​ជើង​ប៉ែក​ខាង​លិច ឃើញ​មាន​អាគារ​សិក្សា​មួយ​ខ្នង​ធ្វើ​ជិត​ហើយ​រួចរាល់ដែរ ដែល​ស្លាក​ប៉ាយនៅ​លើ​ដំបូល​ដាក់​ថា កសាង​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា ដោយ​សម្តេច​តេជោ និង​លោក​ជំទាវ​ផង​ដែរ…។ក្រៅ​ពី​នោះ នៅ​មាន​អាគារ​ចាស់​ៗ​មួយ​ចំនួន​ទៀត ដូច​ជា​បណ្ណាល័យ និង​កុដិ​ព្រះសង្ឃ​ជា​ដើម។ រី​ឯ​សាលា​ឆាន់​វិញ ហាក់​ដូច​ជា​សំងំ​លាក់​ខ្លួន​មិន​ចង់​អោយ​ភ្ញៀវ​ជិត​ឆ្ងាយ​បាន​ឃើញ​ពី​ទិដ្ឋភាព​ខាង​ក្នុងសោះ។ ខ្លោងទ្វាចំពីមុខព្រះវិហារ ​ ព្រះវិហារវត្តស្វាយពពែមើលចំពីមុខ ព្រះវិមានធម្មយុត្តិកាធិបតី មើលពីមុខ​ក្រៅរបង អាគាពុទ្ធិក សកលវិទ្យាល័យ ដកស្រង់ចេញពី វិគីភីឌា ដោយ​៥០០០​ឆ្នាំ​
« Back123Next »
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.44