images/articles/855/Untitled-1.jpg
Public date : 21, Aug 2026 (17,328 Read)
ទ្រព្យសម្បត្តិរកបានមកហើយ មិនមែនថាមិនត្រូវអស់ទៅវិញនោះទេ ប៉ុន្តែគួរតែឲ្យអស់ទៅក្នុងហេតុដែលគួរអស់ ។ ព្រះពុទ្ធសាសនាបានបង្រៀនឲ្យមនុស្សចេះបែងចែកទ្រព្យសម្បត្តិដែលមានជា ៤ ចំណែក សម្រាប់ប្រើប្រាស់ក្នុងការចំណាយគឺ
១. ចិញ្ចឹមជីវិតខ្លួនឯង មាតាបិតា បុត្រ ភរិយា ឬទាសកម្មករដែលនៅជាមួយខ្លួន ។
២. ចាយទ្រព្យដើម្បីការពារទ្រព្យ គឺចាយដោយការវៃឆ្លាត ដើម្បីដោះខ្លួនឯងឲ្យរួចពីសេចក្តីអន្តរាយផ្សេងៗ ដូចជាអន្តរាយព្រោះភ្លើង ព្រោះទឹក ឬក៏អន្តរាយព្រោះចោរជាដើម ។
៣. ចាត់ចែង សម្រាប់ជួយសង្រ្គោះញាតិ និងទុកសម្រាប់ទទួលភ្ញៀវ ដែលមកអំពីចម្ងាយ... (សំដៅដល់ពលី ៥ យ៉ាង មានញាតិពលីជាដើម ) ។
៤. ចាត់ចែងបរិច្ចាគធ្វើទាន ដល់សមណព្រាហ្មណ៍ អ្នកមានសីលជាទីស្រឡាញ់ ។
ការអស់ទៅនៃទ្រព្យសម្បត្តិ តាមវិធីដែលរៀបរាប់មកនេះ ឈ្មោះថាអស់ទៅដោយប្រពៃ មិនគួរឲ្យសោកស្តាយឡើយ តែដែលអស់ទៅហើយ ថែមទាំងគួរឲ្យរង្គៀសនោះ គឺសំដៅយកការចំណាយប្រាក់ ក្នុងរឿងអបាយមុខផ្សេងៗ ដូចជា
- ចំណាយក្នុងការដើរលេងស្រី
- ចំណាយក្នុងការផឹកទឹកស្រវឹង និងសេពគ្រឿងញៀនផ្សេងៗ
- ចំណាយក្នុងការសប្បាយបរិភោគ ក្នុងភាពជាអ្នកលេងស៊ី
- ចំណាយក្នុងការលេងល្បែងស៊ីសង
- ចំណាយក្នុងការដើលេងតាមច្រកល្ហករឿយៗ នៅពេលយប់ព្រលប់
- ចំណាយក្នុងការដើរមើលមហោសព្រ ឬល្បែងច្រៀងរាំរឿយៗ
- ប្រកបរឿយៗ នូវសេចក្តីខ្ជិលច្រអូស
- សេពគប់បាបមិត្ត ។
សេចក្តីដូចបានរៀបរាប់មកខាងលើនេះ សុទ្ធតែជាអបាយមុខទាំងអស់ បូរាណពោលថា " អបាយមុខ ជង្រុកហិន " ដូច្នេះត្រូវតែជៀសវាងឲ្យឆ្ងាយ បើមិនដូច្នោះទេ ពិតជាបង់ទាំងទ្រព្យ អភ័ព្វទាំងបុណ្យ និងធ្ងន់ដោយបាបមិនខាន ។
ជីវិតរបស់យើងម្នាក់ៗ មានតម្លៃណាស់សម្រាប់រង្វង់ក្រុមគ្រួសារ ។ ស្វាមីភរិយា តែងតែត្រូវការភាពស្មោះត្រង់រវាងគ្នានិងគ្នា កូនប្រុសស្រី តែត្រូវការភាពកក់ក្តៅពីឪពុកម្តាយ ចំណែកឪពុកម្តាយ ក៏ត្រូវការនូវភាពឱនលំទោននិងការស្តាប់បង្គាប់ពីកូនវិញដែរ ។ ដូច្នេះ បើសមាជិកនីមួយៗ នៃក្រុមគ្រួសារណា មិនយកទ្រព្យសម្បត្តិទៅចំណាយក្នុងរឿងអបាយមុខផ្សេងៗ ទេ ក្រុមគ្រួសារនោះ ពិតជាមានសុភមង្គល មិនមានការទាស់ទែងខ្វែងគំនិតគ្នាឡើយ ។
ការចិញ្ចឹមជីវិតស្មើនេះ សំដៅដល់ការដឹងប្រមាណក្នុងការចាយវាយទ្រព្យសម្បត្តិ មិនខ្ជះខ្ជាយ ឬថាមិនហ៊ឺហាតាមសម័យ គឺចេះសម្លឹងមើលកាលជាអនាគត ព្រោះមនុស្សគ្រប់គ្នាដែលមានការកើតមកពេញលក្ខណៈជាមនុស្ស បើមិនស្លាប់ពីក្មេងទេ គង់តែនឹងក្លាយទៅជាអ្នកគ្រប់គ្រងក្រុមគ្រួសារមិនខាន ហើយអ្នកដែលអាចគ្រប់គ្រងក្រុមគ្រួសារបានល្អ មិនមែនជាមនុស្សខ្ជះខ្ជាយ ឬថា ជាមនុស្សគ្មានគំនិតឡើយ ។ ការចេះចាយវាយទ្រព្យសម្បត្តិទៅតាមគន្លងធម៌គឺជាពរដ៏ប្រសើរ សម្រាប់ឃរាវាស គ្រប់គ្នា ។
ស្រង់ចេញពីសៀវភៅ " ប្រយោជន៍បីប្រការ "
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន-សុជា
ដោយ៥០០០ឆ្នាំ
images/articles/856/Untitled-1.jpg
Public date : 21, Aug 2026 (19,113 Read)
បិដក៖ លុះព្រះបាទបាយាសិរាជញ្ញៈ គង់ក្នុងទីដ៏សមគួរហើយ ទើបមានព្រះឱង្ការនឹង ព្រះកុមារកស្សប ដ៏មានអាយុយ៉ាងនេះថា បពិត្រព្រះកស្សបដ៏ចម្រើន ខ្ញុំតែងនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមានដោយហេតុនេះ ។
ព្រះកុមារកស្សប ថ្វាយព្រះពរថា បពិត្ររាជញ្ញៈ អាត្មាភាពបានឃើញបានឮបុគ្គលដែលធ្លាប់និយាយយ៉ាងនេះ យល់យ៉ាងនេះហើយ តែមិនសមបើបុគ្គលនេះ និយាយយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈកំណើតមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដូច្នេះសោះ បពិត្ររាជញ្ញៈ បើដូច្នេះ អាត្មាភាពនឹងទូលសួរ មហាបពិត្រ ក្នុងដំណើរនេះ ប្រស្នានេះពេញព្រះទ័យនៃមហាបពិត្រយ៉ាងណា សូមមហាបពិត្រព្យាករណ៍ប្រស្នានោះ យ៉ាងនោះចុះ បពិត្ររាជញ្ញៈ ចុះទ្រង់សំគាល់ដំណើរនោះថាដូចម្តេច ព្រះចន្ទនិងព្រះអាទិត្យនេះ នៅក្នុងលោកនេះ ឬនៅក្នុងលោកដទៃ ជាទេវតា ឬជាមនុស្ស ។
ព្រះបាទបាយាសិរាជញ្ញៈ តបថា បពិត្រព្រះកស្សបដ៏ចម្រើន ព្រះចន្ទនិងព្រះអាទិត្យនេះ នៅក្នុងលោកដទៃ មិនមែននៅក្នុងលោកនេះទេ ជាទេវតា មិនមែនជាមនុស្សទេ ។ ព្រះកុមារកស្សប ថ្វាយព្រះពរថា ឱរាជញ្ញៈ បើតាមបរិយាយនេះ សូមមហាបពិត្របែរព្រះយោបល់យល់ឃើញយ៉ាងនេះវិញថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អធ្វើអាក្រក់មាន ដោយហេតុនេះ ។
អដ្ឋកថា ៖ ពាក្យថា ឥមេ ភោ កស្សប ចន្ទិមសុរិយា មានសេចក្តីថា ព្រះបាយាសិនោះ ត្រូវព្រះថេរសាកសួរហើយ គិតថា សមណៈនេះ លើកយកព្រះចន្ទនិងព្រះអាទិត្យមកឧបមាមុន ប្រាកដជាបុគ្គលដែលអ្នកដទៃគ្របសង្កត់ដោយបញ្ញាមិនបាន ដូចជាព្រះចន្ទនិងព្រះអាទិត្យ ប្រសិនបើយើងឆ្លើយតបថា ព្រះចន្ទនិងព្រះអាទិត្យមាននៅក្នុងលោកនេះ សមណៈនេះ នឹងធ្វើឲ្យយើងភ្ញាក់ (ឲ្យទាល់) ដោយបញ្ហាកម្មជាដើមថា ព្រះចន្ទនិងព្រះអាទិត្យទាំងនោះ អាស្រ័យនូវអ្វី មានទំហំប៉ុនណា មានកំពស់ប៉ុន្មាន យើងពិតជាមិនអាចចងទុក (គ្របសង្កត់) នូវលោកបាន (ដូច្នេះ គួរ) តែឆ្លើយថា មាននៅក្នុងលោកដទៃប៉ុណ្ណោះ ព្រោះហេតុដូច្នោះ ទើបព្រះបាទបាយាសិរាជញ្ញៈ ឆ្លើយតបយ៉ាងនេះ ។
(ម៉្យាងទៀត) ព្រះមានព្រះភាគទ្រង់បានត្រាស់ទុកសុធាភោជនីយជាតក អស់កាលមិនយូរប៉ុន្មាន មុនបាយាសិរាជញ្ញសូត្រនោះ ។ ក្នុងសុធាភោនីយជាតកនោះ ព្រះចន្ទជាចន្ទទេវបុត្រ ព្រះអាទិត្យជាសុរិយទេវបុត្រ ។ ជាតក ឬព្រះសូត្រដែលព្រះមានព្រះភាគទ្រង់ត្រាស់ទុកហើយនោះ មនុស្សនៅក្នុងទ្វីបបានដឹងទូទៅគ្រប់គ្នា ។ ដោយហេតុនេះ ព្រះបាទបាយាសិនោះគិតថា យើងមិនអាចពោលថា ទេវបុត្រទាំងឡាយដែលនៅអាស្រ័យជាប្រចាំ ក្នុងឋានព្រះចន្ទ និងព្រះអាទិត្យមិនមាននោះទេទើបបានជាឆ្លើយតបថា ព្រះចន្ទនិងព្រះអាទិត្យនោះជា (ឋាន) ទេវតាមិនមែនជាមនុស្ស ។
យោបល់អ្នករៀបរៀង ៖ មនុស្សជាច្រើនធ្លាប់សួរខ្ញុំថា សព្វថ្ងៃអ្នកវិទ្យាសាស្រ្តបានទៅដល់ភពព្រះចន្ទហើយ ប៉ុន្តែគេមិនបានប្រទះឃើញវិមានទេវតាណាមួយឡើយ តើលោកម្ចាស់មានយោបល់យ៉ាងណាដែរអំពីបញ្ហានេះ ? ខ្ញុំគិតថា រឿងនេះមិនមែនជាបញ្ហាដែលនិយាយពីរបីម៉ាត់ចប់ទេ បើទុកជាខ្ញុំខំបកស្រាយច្រើនយ៉ាងណា ក៏មិនសង្ឃឹមថា លោកអ្នកអានសុទ្ធតែទទួលជឿតាមដែរ សូម្បីតែពុទ្ធបរិស័ទដែលធ្លាប់ជឿថា មានទេវតា ឬនរក តាមរយៈការស្តាប់ធម៌ទេសនា ឬតាមរយៈសាសនាផ្សេងៗ បើគេសួរបញ្ជាក់ថា " មែន ឬមិនមែន " អ្នកទាំងនោះប្រាកដជាមានការស្ទាក់ស្ទើរក្នុងចិត្តខ្លះមិនខាន ព្រោះអ្វី ? មូលហេតុតែមួយគត់ គឺ " មិនដែលឃើញ " ។ ម៉្យាងទៀត នេះគឺជាមេរៀនទស្សនៈដ៏ជ្រាលជ្រៅបំផុត មិនមែនសម្រាប់សាមញ្ញជនគិតឃើញបានត្រឹមត្រូវឡើយ ហើយក៏ជាបញ្ហាដែលមនុស្សក្នុងសកលលោកនាំគ្នាគិតត្រិះរិះយ៉ាងយកចិត្តទុកដាក់ ទើបនាំឲ្យកើតមានសាសនាច្រើនរហូតរាប់មិនអស់ដូចសព្វថ្ងៃ ។
ដំបូងខ្ញុំចង់សួរត្រឡប់ទៅវិញថា តាមដែលឮមក ទេវតាមិនមែន មានតែនៅក្នុងឋានព្រះចន្ទ ឬឋានសួគ៌ទេ សូម្បីនៅក្នុងឋានមនុស្សក៏មានដែរដូចជា គេហទេវតា (ទេវតារក្សាផ្ទះ ) អារក្ខទេវតា (ទេវតារក្សាខ្លោងទ្វារ) រុក្ខទេវតា (ទេវតានៅអាស្រ័យដើមឈើ ) ជាដើម តើលោកអ្នកបានឃើញហើយឬនៅ ? នេះក៏ជាអាថ៌កំបាំងដែរមែនទេ ? ឆ្លើយតបទៅនឹងបញ្ហានេះ ខ្ញុំសូមមិននិយាយថា '' ទេវតា មាន ឬមិនមាន " ប៉ុន្តែដើម្បីឲ្យមានពន្លឺក្នុងរឿងនេះ ខ្ញុំគ្រាន់តែជួយបង្ហាញនូវគន្លឹះខ្លះៗ សម្រាប់លោកអ្នកធ្វើការសិក្សាស្រាវជ្រាវដូចខាងក្រោមៈ
១. លោកអ្នកត្រូវព្យាយាមអានសៀវភៅនេះឲ្យចប់ ព្រោះក្នុងសៀវភៅនេះ មានឧទាហរណ៍ពន្យល់ដ៏ច្រើនអំពីលោកនេះ និងលោកដទៃ ។
២. លោកអ្នកគួរស្វែងរកសៀវភៅ តើនរកមានដែរឬទេ ? ដែលខ្ញុំបានរៀបរៀងបោះពុម្ពផ្សាយក្នុង ព.ស ២៥៤៦ មកអានបន្ថែម ព្រោះក្នុងនោះ បានពន្យល់អំពីកំណើតសត្វក្រោយពេលស្លាប់ ។
៣. លោកអ្នកត្រូវសិក្សាព្រះអភិធម្មកម្រិតមូលដ្ឋាន យ៉ាងហោចឲ្យបានចេះយល់ស្គាល់ដឹងត្រឹមកាមាវចរចិត្ត ៥៤ ដួង ព្រោះក្នុងនោះបានពន្យល់អំពីទីកើតនៃចិត្តខ្លះៗ ។
៤. លោកអ្នកត្រូវព្យាយាមស្តាប់ ឬអានសៀវភៅណាដែលពាក់ព័ន្ធនឹងទ្រឹស្តីកម្មផល ឲ្យបានច្រើន ។
ស្រង់ចេញពីសៀវភៅ " តើជាតិក្រោយមានដែរឬទេ? "
រៀបរៀងដោយ ភិក្ខុ វជិរប្បញ្ញោ សាន-សុជា
ដោយ៥០០០ឆ្នាំ
images/articles/858/2026-08-21_12_40_15-Leawo_Total_Media_Converter_Ultimate.jpg
Public date : 21, Aug 2026 (14,388 Read)
តើអ្វីជាជីវិត ? ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ និងវេទនាទាំងឡាយដែលសោយតាមទ្វារភ្នែក ទ្វារត្រចៀក ទ្វារច្រមុះ ទ្វារអណ្តាត ទ្វារកាយ គឺជាតួជីវិត ជារបស់ក្តៅ ។ តើក្តៅព្រោះអ្វី ? ក្តៅព្រោះភ្លើងកិលេស គឺ រាគៈ ទោសៈ មោហៈ ។ នាពេលបច្ចុប្បន្ននេះ បើទោះជាគ្មានអ្នកណាប្រាប់ ក៏យើងអាចដឹងបានថា សត្វលោកកំពុងរស់នៅក្នុងកម្តៅ ហើយកម្តៅនេះមានកំណើនកើនជាងមុន ១ ដង ជា ៥ ដង ឯណោះ ។ សភាពទាំងអស់នេះក៏ព្រោះតែភ្លើងរាគៈ ទោសៈ មោហៈ ដែលអាស្រ័យ នៅក្នុងចិត្តរបស់សត្វលោក កាន់តែមានចំហេះខ្លាំងឡើងៗ ដោយហេតុថា សត្វលោកកាន់តែឆ្លាត មានល្បិចកលពិសពុល ក្នុងការផ្គុំភ្លើងតណ្ហា ឲ្យកាន់តែមានកម្លាំងខ្លាំងឡើងៗជាលំដាប់ ។
សត្វលោករឹតតែគ្មានដឹង គ្មានជំនឿ គ្មានប្រកាន់យកថា ការពន្លត់ភ្លើង រាគៈ ទោសៈ មោហៈ គឺជាចំណុចដ៏ត្រជាក់ដ៏កំពូលរបស់ជីវិតនោះទេ ផ្ទុយទៅវិញគេច្រើនតែស្វែងរកសេចក្តីសប្បាយរីករាយលើបញ្ចកាមគុណ ដែលជាការពង្រីកភ្នក់ភ្លើងឲ្យកាន់តែធំដោយគំនិតបញ្ឆេះច្រើនជាងគំនិតពន្លត់ ។ សកលលោកបានក្លាយទៅជាលោកដែលមានកម្តៅទាំងមនុស្សទាំងសត្វទាំងសកលធាតុក៏ព្រោះតែមនុស្សក្នុងពិភពលោកនាំគ្នាស្ទាបអង្អែលនូវបញ្ចកាមគុណ នាំគ្នាបម្រើសេចក្តីរីករាយសប្បាយបោកប្រាស់ ប្រកបដោយចិត្តពោរពេញទៅដោយ រាគៈ ទោសៈ មោហៈ លើសពីសម័យមុនៗ ១ ជា ១០ ដង ឬ ១ ជា ២០ ដង ក៏អាចថាបាន ។
សព្វថ្ងៃនេះ មនុស្សបាននាំគ្នាពពាក់ពពូនជំពាក់ជំពិនលើអំពើដុតកម្តៅខ្លួនឯង គឺនាំគ្នាថ្ងូរ នាំគ្នាជូរចត់ក្នុងជីវិតរបស់ខ្លួន គេនាំគ្នាបង្កើនកិលេសរបស់ខ្លួន គេប្រាថ្នាលើកខ្លួនរបស់គេជាម្ចាស់ពិភពលោក ។ ជាងនេះទៅទៀត គំនិតរបស់មនុស្សម្នាក់ៗ តែងមានការប្រកាន់យកនូវរបស់មិនទៀង ជាទុក្ខ ជាអនត្តា ថាជារបស់ទៀង ជាសុខ ជាអត្តា ។ ប៉ុន្តែការប្រកាន់ និងគំហើញរបស់គេទាំងនោះលទ្ធផលចុងក្រោយ គឺសំណើចលាយទំនួញ ភាពសម្អប់លាយឡំភាពស្រឡាញ់ សម្លូតលាយកំណាចជាដើម ដែលផ្លាស់ប្តូរគ្នាទៅវិញទៅមកឥតឈប់ឈរ ស្ថិតក្រោមលក្ខណៈ ដុតបំផ្លាញខ្លួនឯងដោយវិធីផ្សេងៗ យ៉ាងមុខគួរឲ្យសង្វេគខ្លោចផ្សាដោយគ្មានដឹងខ្លួនឡើយ ។
សូមមេត្តាពិចារណានូវពុទ្ធភាសិតមួយកន្លែងទៀតដូចខាងក្រោម៖
" មិនមានភ្លើងអ្វី(ក្តៅ)សើ្មដោយរាគៈ មិនមានចង្រៃអ្វី(ឲ្យទោស)ស្មើដោយទោសៈ មិនមានសំណាញ់អ្វី(ស្មុគស្មាញ)សើ្មដោយមោហៈ "
តាមពុទ្ធភាសិតខាងលើនេះ ស្តែងឲ្យយើងឃើញកាន់តែច្បាស់ថា សូម្បីតែភ្លើងពិតៗ ក៏មិនអាចមានកម្តៅស្មើដោយភ្លើងរាគៈ បានឡើយ ។ ដូច្នេះ នរកក្នុងលោកនេះ គឺជានរកកាចសាហាវជាងនរកស្រុកខ្មោច ព្រោះភ្លើងដ៏ក្តៅគឺ រាគៈ ទោសៈ មោហៈ នេះវាជាក្បាលម៉ាស៊ីនដឹកនាំឬបង្កើតឲ្យមាននរកស្រុកខ្មោច ។
ស្រង់ចេញពីសៀវភៅ "តើនរកមានដែរឬទេ?"
រៀបរៀងដោយ ភិក្ខុ វជិរប្បញ្ញោ សាន-សុជា
ដោយ៥០០០ឆ្នាំ
images/articles/859/Untitled-1.jpg
Public date : 21, Aug 2026 (14,837 Read)
១ នាទីមានប្រយោជន៏
សម្លឹងផ្នែកក្នុងនៃជីវិត ទើបគិតរកធម៌
ត្រូវសម្លឹងផ្នែកក្នុងនៃជីវិត ទើបនឹងមានឱកាស បានជួបនូវសេចក្តីសុខស្ងប់ដោយពិតប្រាកដទៅបាន ។ ទោះបីផ្នែកខាងក្រៅនៃជីវិត សម្បូរណ៌ទៅដោយសេចក្តីសុខយ៉ាងណាក៏ដោយ ថាបើផ្នែកខាងក្នុងមានសេចក្តីក្តៅក្រហាយហើយ មិនអាចមានឈ្មោះថាមានជីវិតជាសុខបានឡើយ ។
ជីវិតខាងក្រៅអាស្រ័យបច្ច័យ ៤ តែជីវិតខាងក្នុងអាស្រ័យធម្មាហារ បានដល់អាហារគឺ ធម៌ ។ ប្រៀបដូចមនុស្សដែលមានអាហារល្អ មានសម្លៀកបំពាក់ស្អាត ទីនៅអាស្រ័យក៏មានរោគបៀតបៀនប្រចាំកាយ ដូច្នេះគឺមិនអាចមានសេចក្តីសុខពេញទីទៅបានទេ ។ រោគផ្លូវចិត្តដុតរោលជីវិត អាក្រក់ក្រៃលែងជាងរោគផ្លូវកាយដោយពិត ព្រោះហេតុនេះ ទើបបានពោលថាត្រូវសម្លឹងផ្នែកក្នុងនៃជីវិត ។
ស្រង់ចេញពី សៀវភៅ " មេរៀនជីវិត "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/860/Untitled-1.jpg
Public date : 21, Aug 2026 (16,187 Read)
១ នាទីមានប្រយោជន៍
ពន្លត់ភ្នក់ភ្លើងក្នុងចិត្ត សង្គមត្រជាក់
បើខាងក្នុងចិត្តរបស់មនុស្សនៅមិនស្ងប់ទេ ក៏មិនអាចមានឈ្មោះថាស្ងប់ដោយពិតប្រាកដបានឡើយ ។ សេចក្តីស្ងប់ដ៏មាំមួននោះ គឺត្រូវចេញពីខាងក្នុងចិត្តរបស់មនុស្សម្នាក់ៗ គ្រប់គ្នាក្នុងសង្គម ដូចគំនរភ្នក់ភ្លើងម្នាក់មួយភ្នក់ កាលបើម្នាក់ៗ ពន្លត់ភ្នក់ភ្លើងជារបស់ខ្លួនបាន ភ្លើងជាចំណែករួមក៏ឈ្មោះថារលត់ ភាពក្តៅរោលរាលក្នុងសង្គមក៏ស្ងប់រម្ងាប់សល់នៅតែភាពស្ងប់ត្រជាក់ប៉ុណ្ណោះ ។ សន្តិភាពដ៏មាំមួន អាចកើតឡើងបានដោយវិធីជួយគ្នាពោលគឺ កាលបើស្ងប់ត្រជាក់ក្នុងខ្លួនឯងហើយ គួរគប្បីជួយអនុគ្រោះអ្នកដទៃឲ្យស្ងប់ផង ។
ស្រង់ចេញពី សៀវភៅ " មេរៀនជីវិត "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/861/2026-07-19_15_43_33-Greenshot.jpg
Public date : 21, Aug 2026 (14,065 Read)
១ នាទីមានប្រយោជន៍
មានធម៌ទើបចេះគ្រប់
ការខ្វះខាតធម៌ស្មើគ្នានឹងការខ្វះខាតនូវអ្វីៗ គ្រប់យ៉ាង ការបណ្តុះបណ្តាលឲ្យមនុស្សមានធម៌ ក៏ស្មើគ្នានឹងឲ្យមនុស្សមានអ្វីៗ គ្រប់យ៉ាងដែរ ។ សេចក្តីនេះគ្រប់គ្នាពិសោធន៍បានដោយខ្លួនឯង និង ពិសោធ បានគ្រប់ពេលវេលា ។ ទោះជាមិនបានសម្បត្តិណាៗ ក៏ដោយ សេចក្តីសំខាន់គឺនៅត្រង់មិនត្រូវការ ដូច្នេះ សម្បត្តិតាំងពួងក៏អស់ន័យ ។ ការអស់នូវសេចក្តីប្រាថ្នា ឈ្នះអស់នូវទុក្ខទាំងពួង ។
ស្រង់ចេញពី សៀវភៅ " មេរៀនជីវិត "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/862/2026-08-21_12_29_02-Leawo_Total_Media_Converter_Ultimate.jpg
Public date : 21, Aug 2026 (13,996 Read)
១ នាទីមានប្រយោជន៍
មិនអប់រំចិត្ត ជាការភ្លាំងភ្លាត់របស់មនុស្ស
ក្នុងលោកបច្ចុប្បន្នច្រើនដោយសម្ភារៈ ការប្រជែងគ្នាក៏មានច្រើនណាស់ សេចក្តីត្រូវការក៏ច្រើន អំពើឃោរឃៅក៏ច្រើន ។ មនុស្សយើងសព្វថ្ងៃ រកតែនិយាយឲ្យត្រូវថា ចង់បានអ្វីឲ្យពិតប្រាកដនោះ ក៏និយាយមិនបានដែរ ។សេចក្តីសុខសឹងដោយប្រក្រតីជារបស់រកបានងាយ ក៏ត្រឡប់ទៅជារកបានដោយលំបាកវិញ នេះព្រោះមកអំពីការភ្លាំងភ្លាត់របស់មនុស្សយើង ពោលគឺមនុស្សយើងមានការព្រងើយកន្តើយដល់ការអប់រំចិត្ត មិនឃើញតម្លៃក្នុងការដុសខាត់សម្អាតចិត្តរបស់ខ្លួនហ្នឹងឯង ។
ស្រង់ចេញពី សៀវភៅ " មេរៀនជីវិត "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/864/Untitled-1.jpg
Public date : 21, Aug 2026 (13,278 Read)
១ នាទីមានប្រយោជន៍
ឃើញតែខ្លួនឯង តែងប៉ះទង្គិចអ្នកដទៃ
មនុស្សយើងទោះជាបានទទួលការសិក្សាខាងក្រៅខ្ពង់ខ្ពស់ដល់ណាក៏ដោយ ចិត្តវិញ្ញាណរបស់មនុស្សមិនអាចភ្លឺស្វាងទៅបានឡើយ លើកលែងតែការបែរមកសិក្សានិងបដិបត្តិផ្នែកផ្លូវចិត្តផងប៉ុណ្ណោះ ។ ការសិក្សាវិជ្ជាការផ្សេងៗជាខាងក្រៅ មិនបានជួយឲ្យមនុស្សយើងកាត់បន្ថយនូវគំនិត គិតតែពីប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ ។ ការទាស់ទែងគ្នាក្នុងសង្គម រហូតដល់ការកាប់សម្លាប់ប្រហារជីវិតគ្នានោះ គឺមកពីការឃើញតែខ្លួនឯង គិតតែជីវិតរបស់ខ្លួនមិនគិតដល់ជីវិតអ្នកដទៃផងហ្នឹងឯង ។
ស្រង់ចេញពី សៀវភៅ " មេរៀនជីវិត "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/879/2026-08-21_12_12_09-Greenshot.jpg
Public date : 21, Aug 2026 (14,343 Read)
រឿងព្រហ្មទត្តរាជកុមារ
( ចាក តិ. តិ. )
( គួរត្រេកអរចំពោះទណ្ឌកម្ម ដែលអ្នកមានគុណដាក់ឲ្យ )
កាលព្រះសម្ពុទ្ធបរមគ្រូ គង់នៅព្រះជេតពនសុគន្ធកុដីស្រីមហាវិហារ កាលថ្ងៃមួយ ព្រះអង្គទ្រង់សំដែងធម៌ប្រារព្ធនឹងភិក្ខុមួយអង្គ ជាអ្នកខឹងច្រើនឈ្មោះទុព្វចភិក្ខុ ដែលភិក្ខុជាថេរៈស្តីប្រដៅមិនបាន ទ្រង់លើកយកតិលមុដ្ឋិជាតកមកសម្តែងប្រាប់ភិក្ខុនោះថាៈ អតីត កាលកន្លងទៅហើយមានព្រះរាជាមួយព្រះអង្គព្រះនាមព្រហ្មទត្ត សោយរាជ្យក្នុងនគរពារាណសី មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមព្រហ្មទត្តរាជកុមារ ។
កាលព្រះរាជបុត្រនោះចំរើនព្រះជន្មបាន ១៦ វស្សា ទំនៀមខត្តិយត្រកូលសម័យនោះ ត្រូវតែបញ្ជូនឲ្យទៅរៀនសិល្បសាស្រ្តនៅនគរដទៃ ដើម្បីឲ្យដឹងសុខទុក្ខសព្វគ្រប់ ។ ព្រះបាទព្រហ្មទត្ត ត្រាស់ហៅព្រះរាជកុមារឲ្យចូលគាល់ ទ្រង់រំលឹកដាស់តឿន សព្វគ្រប់ឲ្យយល់ច្បាប់មនុស្សធម៌ ហើយទ្រង់ព្រះរាជទានប្រាក់ ១ សែនកហាបណៈ និងបង្វិលចំណីអាហារមួយ បញ្ជូនទៅក្រុងតក្កសិលាតែមួយព្រះអង្គឯង ។
ព្រះរាជកុមារថ្វាយបង្គំលាព្រះរាជបិតា មាតា យាងចេញទៅមិនយូរប៉ុន្មានបានដល់ក្រុងតក្កសិលា ស៊ើបសួររកផ្ទះអាចារ្យទិសាបាមោក្ខ បានឃើញចូលទៅថ្វាយបង្គំ សុំរៀនសិល្បសាស្ត្រ ។ អាចារ្យទិសាបាមោក្ខសួរថា មករៀននេះមានឈ្នួល ឬ ឥតឈ្នួល បើមានឈ្នួលរៀនទាំងយប់ទាំងថ្ងៃឥតធ្វើការអ្វីទេ បើឥតឈ្នួលរៀនបានតែយប់ ថ្ងៃធ្វើការនេះជាទំនៀមអ្នកមករៀនក្នុងសំណាក់ខ្ញុំ ។
ព្រះរាជកុមារទ្រង់ព្រះសណ្តាប់ដូច្នោះហើយ លើកយកថង់ប្រាក់ ១សែន ទៅបូជាអាចារ្យប្រាប់ថានេះគឺជាថ្លៃឈ្នួល ។ អាចារ្យទិសាបាមោក្ខ កាលបើបានទទួលរង្វាន់ហើយ ក៏ខំបង្រៀនដរាបដល់ចេះសិល្បសាស្ត្រសព្វគ្រប់ ។
ថ្ងៃមួយនាំព្រះរាជកុមារទៅស្រង់ទឹកក្នុងស្ទឹង ទៅដល់ពាក់កណ្តាលផ្លូវ ព្រះរាជកុមារទតឃើញយាយចាស់ម្នាក់ កំពុងហាលល្ង ក៏ទ្រង់កើបយក១ ក្តាប់ធំ សោយហើយយាងហួសទៅដល់ត្រឡប់មកវិញយក ១ក្តាប់ធំទៀត ទ្រង់យាងកើបល្ងយាយចាស់យ៉ាងនេះជារាល់ពេល យាយចាស់ខឹងក៏ស្រែកជេរដៀលដល់អាចារ្យទិសាបាមោក្ខថា មិនចេះប្រដៅសិស្ស ។
លោកអាចារ្យរំលឹកប្រដៅដល់ព្រះរាជកុមារអស់វារៈបីដង ព្រះរាជកុមារនៅតែប្រព្រឹត្តដូច្នេះ ។ លោកអាចារ្យក៏ឲ្យសិស្ស ដទៃចាប់ព្រះរាជកុមារចង ហើយវាយប្រដៅបីរំពាត់ ប្រដៅទូន្មាន អំពីទោសការលួចទ្រព្យគេសព្វគ្រប់ ។ ព្រះរាជកុមារ ទ្រង់ក្រោធពិរោធ ស្រក់ទឹកព្រះនេត្រចងគំនុំ ក្នុងព្រះទ័យថា បើបានសោយរាជ្យពេលណានឹងឲ្យរាជបុរសហៅលោកអាចារ្យនេះ ទៅវាយធ្វើទោសដល់ជីវិតវិញ ។
សម័យក្រោយមក ព្រះរាជកុមារលាអាចារ្យត្រឡប់ទៅព្រះនគរវិញ បានផ្តាំនឹងលោកអាចារ្យនោះថាបើ ខ្ញុំបានសោយរាជ្យ ខ្ញុំឲ្យរាជបុរសអញ្ជើញលោកអាចារ្យទៅជប់លៀង តបស្នងសងគុណ សូមលោកអាចារ្យអញ្ជើញកុំខាន ។ លោកអាចារ្យដឹងឧបាយកល ថាចង់ចងពៀរនឹងខ្លួនហើយ ទទួលថាចាំទៅលេង ។
ព្រះរាជកុមារ ក៏យាងត្រឡប់ទៅ នគរពារាណសីទៅ ទៅសម្តែងសិល្បសាស្ត្រថ្វាយព្រះបិតាសព្វគ្រប់ ព្រះរាជបិតាទ្រង់សព្វព្រះរាជហឫទ័យចង់ទតឃើញរាជសម្បត្តិរបស់ព្រះរាជបុត្រ ទាន់ព្រះអង្គទ្រង់ព្រះជន្មនៅ ក៏លើករាជសម្បត្តិថ្វាយព្រះរាជបុត្រអភិសេកជាក្សត្រក្នុងក្រុងពារាណសីនោះឯង ថ្វាយព្រះនាមថា ព្រះបាទព្រហ្មទត្តរាជកុមារ ។
ព្រះបាទព្រហ្មទត្តរាជកុមារនោះ កាលបើបានសោយរាជ្យហើយ ទ្រង់រំលឹកឃើញគំនុំចំពោះអាចារ្យទិសាបាមោក្ខក៏ត្រាស់បង្គាប់រាជបុរស ឲ្យទៅអញ្ជើញលោកអាចារ្យនោះមក ។ លោកអាចារ្យបានទទួលសេចក្តីអញ្ជើញហើយ គិតពិចារណាថា ព្រះរាជាវ័យនៅក្មេងណាស់ អត្មាអញទៅទូន្មានមិនទាន់បានទេ ចាំដល់ពាក់កណ្តាលវ័យចាំទៅ គិតដូច្នេះហើយ ក៏ផ្តាំនឹងរាជបុរសឲ្យទៅក្រាបទូលព្រះរាជាវិញថាមានកិច្ចរវល់ចាំហើយកិច្ច នឹងមកក្រាបបង្គំគាល់ជាពុំខាន ព្រោះនឹករលឹកព្រះរាជាណាស់ ។
ដល់ព្រះរាជាស្ថិតក្នុងមជ្ឈិមវ័យហើយ អាចារ្យទិសាបាមោក្ខ ក៏ចូលទៅក្រាបបង្គំគាល់ ។ ព្រះរាជាទតឃើញ ទ្រង់ធ្វើបដិសណ្ឋារកិច្ចហើយ ហៅរាជបុរសមកប្រាប់ថា នែរាជបុរសខ្នងអញឈឺពើកខ្លាំងណាស់ ព្រោះលោកអាចារ្យវាយអញបីរំពាត់ជាយូរហើយ កាលអញនៅរៀននឹងគាត់ ឥឡូវត្រូវឯងរៀបប្រគល់មច្ចុរាជដល់គាត់វិញ ជាការតបស្នងសងគុណរបស់អញ ។
អាចារ្យទិសាបាមោក្ខ ទូលសុំព្រះរាជវរោកាសសម្តែងធម៌ថ្វាយថា " បើបុគ្គលណាមួយឃើញកូន ប្រុសស្រីក្តី កូនសិស្សក្តី ធ្វើនូវអំពើអាក្រក់ មានសម្លាប់សត្វជាដើម លួចទ្រព្យគេ ផឹកស្រាជាដើម ហើយជេរស្តីវាយប្រដៅឲ្យលះបង់អំពើអាក្រក់នោះចេញ បុគ្គលនោះឈ្មោះថាប្រសើរព្រោះអាចញុំាងកូនប្រុសស្រី កូនសិស្សនោះ ឲ្យដល់នូវសេចក្តីប្រសើរទាំង ៤យ៉ាងគឺ ប្រសើរដោយមារយាទ១ ដោយលំអរ១ ដោយភេទ១ ដោយត្រាស់ដឹង១ ។
ដូចជាព្រះរាជា បើកុំបានទូលព្រះបង្គំបង្រៀន រំលឹកទូន្មានវាយប្រដៅ ធ្វើម្តេចនឹងបានសោយរាជ្យ ដោយឆាប់រហស័ដូច្នេះ ។ ក្នុងពេលនោះពួកអាមាត្រ នាម៉ឺនសព្វមុខមន្រ្តីដែលអង្គុយគាល់ទាំងប៉ុន្មាន ក៏លាន់មាត់ក្រាបទូលថាបពិត្រព្រះសម្មតិទេព ពាក្យលោកអាចារ្យសំដែងនោះពិតណាស់ៗ រាជសម្បត្តិដែលព្រះករុណាគ្រប់គ្រងនេះគឺពិតជាកើតមកអំពីអាចារ្យទិសាបាមោក្ខនេះឯង ។
ព្រះរាជាក៏ភ្ញាក់ព្រះរាជហឫទ័យរំលឹកឃើញគុណគ្រូអាចារ្យច្បាស់ក្នុងពេលនោះ ទើបលើករាជសម្បត្តិជូនលោកអាចារ្យៗ ថ្វាយទៅវិញសូមតែសេចក្តីសុខ ។ ព្រះរាជាក៏ឲ្យរាជបុរស ទៅនាំយកគ្រួសារលោកអាចារ្យទាំងអស់មកចិញ្ចឹម ទំនុកបំរុងឲ្យនៅក្នុងព្រះរាជវាំងដូចជាព្រះជនក ព្រះជននីរបស់ព្រះអង្គដរាបណាដល់ព្រះជន្មាវសាន ។
ប្រជុំជាតក ព្រះបាទព្រហ្មទត្តរាជកុមារក្នុងកាលនោះគឺ ទុព្វចភិក្ខុអ្នកខឹងច្រើននេះឯង ឯអាចារ្យទិសាបាមោក្ខគឺ ព្រះតថាគតជាបរមគ្រូ ។
បានដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក
ដោយ៥០០០ឆ្នាំ
images/articles/1044/2026-08-19_19_35_50-_____________________________________________-___________________________-________________P__l_____Sanskrit___Khmer_Dictionar.jpg
Public date : 20, Aug 2026 (25,623 Read)
មានមនុស្សជាច្រើនចេះតែគិតខ្វល់ដល់អនាគត ។ តាមពិត រឿងដែលនាំឲ្យយើងមាននូវកង្វល់នោះ វាអាចមិនកើតឡើងដូចដែលយើងបានគិតខ្វល់ទុកនោះផង កាលបើយ៉ាងនេះ ការគិតខ្វាយខ្វល់របស់យើងក៏ទៅជាទុក្ខកង្វល់វាគឺជាអកុសលផ្លូវចិត្ត ទាំងមិនមែនជាឧបាយសម្រាប់ដោះស្រាយនូវបញ្ហាទៀតផង ។ការគិតព្រួយបារម្ភដល់រឿងដែលមិនទាន់មកដល់ផ្ទុយគ្នាអំពីការពូកែគិត ។ ការពូកែគិតគឺយោនិសោមនសិការរឹតតែគិតរឹតតែនាំឲ្យមានបញ្ញា ប្រៀបដូចជាការសំលៀងកាំបិតដោយត្រឹមត្រូវតាមវិធីសំលៀងដូច្នោះឯង ។ ការគិតព្រួយ ឬគិតខ្វល់អំពល់ក្នុងចិត្ត បើរឹតតែគិត រឹតតែឈឺក្បាលនាំឲ្យរវើរវាយរាយមាយ ធ្វើអ្វីៗចេះតែភ្លឹកៗ ភ្លេចៗ ហើយក៏ជាទុក្ខមានមុខក្រៀមក្រំ ថែមទាំងធ្វើឲ្យចុះខ្សោយនូវប្រាជ្ញាស្មារតីទៀតផង ប្រៀបដូចយកមុខកាំបិតទៅអារនឹងថ្មអីចឹងឯង រឹតតែរឹល ។
មនុស្សដែលពូកែគិត គឺគេគិតយ៉ាងមានរបៀប និងត្រឹមត្រូវទៅតាមហេតុផល គិតហើយបានការបានប្រយោជន៍ដូចជាការគិតដល់សេចក្តីស្លាប់ អ្នកដែលមិនពូកែគិត ឬចេះតែគិតខ្វល់នោះ រមែងភ័យខ្លាចស្លាប់ ហួងហែងមុខក្រោយថាតើស្លាប់ទៅកូនចៅយកទៅដុតនៅវត្តណា វត្តនោះមិនល្អទេ ឯវត្តនោះវិញត្រូវអស់ថ្លៃច្រើន ឳ! បើអញស្លាប់ទៅកូនចៅត្រូវលំបាក តើគេអាចនឹងរស់នៅបានយ៉ាងដូម្តេចទៅទេ! អញមិនចង់ស្លាប់ឡើយ អញត្រូវនៅរស់តទៅទៀត ...។ ចំណែកអ្នកដែលពូកែគិតវិញ គេបានប្រយោជន៍ច្រើនណាស់សូម្បីគេគិតដល់រឿងស្លាប់យ៉ាងនេះក៏ដោយចុះ គឺគិតទៅតាមសេចក្តីពិតនៃជីវិត ។
មនុស្សយើងគ្រប់គ្នា កើតមកហើយរមែងតែងតែ ស្លាប់ ។ អ្វីៗ នៅក្នុងលោកនេះ វាជារបស់លោកនេះឯង អ្នកស្លាប់ពុំអាចយកអ្វីទៅបានទេ សម្បីតែរូបរាង កាយរបស់ខ្លួន ។ បើពោលពីការសន្សំរបស់ចិត្ត អ្នកស្លាប់រមែងយកបាននូវកម្មល្អនិងកម្មអាក្រក់ ដែលខ្លួនបានធ្វើហើយជាប់ទៅជាមួយព្រោះដំណើរជីវិតជាក្រសែរបស់ចិត្ត ។ អ្នកធ្វើបាបច្រើន រស់នៅក៏មិនសុខ លុះដល់ស្លាប់ទៅក៏មិនជាសុខដែរ ឯអ្នកជំនាន់ក្រោយជេរប្រទេចផ្តាសា ។ ចំណែកអ្នកធ្វើល្អបានច្រើន និងមានចិត្តជាបុណ្យកុសលវិញរមែងរស់នៅក៏ជាសុខ លុះដល់ស្លាប់ទៅក៏ជាសុខដែរ ឯមនុស្សជំនាន់ក្រោយដែលជាញាតិមិត្តបងប្អូន ក៏ជាសុខមានមុខមាត់កិត្តិយសផងដែរ ។ ព្រោះហេតុដូច្នេះ អាត្មាអញគួរលះបង់ចោលនូវបាបអកុសល ហើយខំប្រឹងប្រែងធ្វើអំពើល្អ ។ ទាំងនេះជាសេចក្តីពិតនៃជីវិត ដែលអ្នកពូកែគិតសម្រចបាននូវប្រយោជន៍ពីការគិតរបស់គេ ។
ម្យ៉ាងទៀត អ្នកពូកែគិត គេអាចគិតថា បើមនុស្សយើងមិនស្លាប់ទេ ចេះតែចាស់រហូតទៅ ចាស់ទៅជរាទៅមិនចេះស្លាប់សោះអីចឹង ពិតប្រាកដជាលំបាកខ្លាំងណាស់ ។ សេចក្តីស្លាប់គឺជាការជួយម្យ៉ាង ដែលបានធ្វើឲ្យយើងរួចពីទុក្ខលំបាកអស់កាលដ៏យូរក្នុងជរាភាព ។ សេចក្តីទុក្ខខ្លះមាននៅក្នុងរោគដែលមិនអាចព្យាបាលទៅបាន មើលថែយ៉ាងណាក៏មិនជា មានសេចក្តីស្លាប់ប៉ុណ្ណោះ ដែលធ្វើឲ្យរោគាព្យាធិនោះៗ អស់ទៅបាន គឺត្រូវបញ្ចប់ជំងឺជាមួយនឹងការបូជាសាកសព ។ កាលគិតយល់ដូច្នេះហើយ គេរមែងមិនខ្លាចស្លាប់ ថែមទាំងមានចិត្តស្រស់បស់ ព្យាយាមធ្វើនូវអំពើល្អលះបង់ចោលនូវអំពើអាក្រក់ផ្សេងៗទៀតផង ។ ការគិតដល់សេចក្តីស្លាប់ដោយគំនិតឆ្លាត មិនទំនាស់នឹងសេចក្តីពិត រមែងនាំមកនូវសេចក្តីសុខស្ងប់ លះបង់នូវសេចក្តីស្រវឹងនឹងជីវិត ព្រមទាំងលោភៈ ទោសៈ មោហៈ ចោលចេញពីចិត្តសន្តាន ។
បុគ្គលអ្នកមាននូវបញ្ញាពិចារណា ពូកែគិត រមែងមិនកើតទុក្ខទុកជាមុនឡើយ មានតែបាននូវសេចក្តីសុខទៅវិញសូម្បីក្នុងរឿងដែលថាគួរតែទុក្ខដ៏ដោយ ។ មានពេលខ្លះមនុស្សយើងកើតទុក្ខភ័យព្រួយ ព្រោះខ្លាចបាត់បង់នូវលាភសក្ការៈ ឬយសស័ក្តិ ។ តាមពិត សូម្បីតែជីវិតខ្លួនឯងក៏ការពារមិនបានផង ។ ប្រសិនបើត្រូវស្លាប់ថ្ងៃនេះ តើថ្ងៃស្អែកលាភយសនឹងជារបស់យើងដូចម្តេចបានទៅ ។ មានពេលខ្លះនោះ យើងភ័យខ្លាចលាភយសធ្លាក់ទៅជារបស់អ្នកដទៃ រហូតដល់រកសេចក្តីសុខជាមួយនឹងលាភយសដែលកំពុងតែមានមិនបានទៀតផង ។ តាមពិត វាមិនមានលាភយសឯណាប្រសើរជាងការសុខចិត្តឡើយ ។
មនុស្សយើងរមែងវង្វេងគិតថា អ្វីៗគប្បីបានមកជារបស់យើង នេះព្រោះមកអំពីភ្លេចគិតថា ខ្លួនឯងអាចស្លាប់ បានគ្រប់វេលា និងព្រោះមកអំពីមិនបានយល់ថាអ្វីៗ ទាំងអស់រមែងកើតឡើងព្រោះហេតុ ។ មានរឿងខ្លះ មនុស្សយើងភ័យខ្លាចថាគេនឹងឈប់ ស្រឡាញ់ខ្លួន លុះដល់ទីបំផុតខ្លួនឯងទៅវិញសោះ ដែលឈប់ស្រឡាញ់គេពុំនោះសោតទេ ដល់ពេលគេឈប់ស្រឡាញ់ខ្លួនមែន ខ្លួនឯងក៏មិនមានសេចក្តីទុក្ខអ្វីបន្តិចបន្តួចឡើយ បែរជាដឹងខ្លួនថា ខ្លួនមាននូវសេរីភាពទៅវិញ ។
សរុបសេចក្តីមក ការកើតទុក្ខទុកជាមុន គឺជាមេរោគដែលបំផ្លាញសុខភាពរបស់ចិត្ត ត្រូវកម្ចាត់បង់ដោយការហ្វឹកហាត់អប់រំចម្រើនបញ្ញា យល់អំពីការពិតនៃជីវិតគ្រប់យ៉ាង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ សុខចិត្ត
រៀបរៀងដោយ លោកគ្រូ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1047/Untitled-1.jpg
Public date : 20, Aug 2026 (19,013 Read)
សេចក្តីលំបាកជារដូវកាលនៃជីវិត ដូចជាដើមឈើដែលបានឆ្លងកាត់រដូវកាលទាំង៣ ហើយ ទើបចម្រើនលូតលាស់បានផ្លែបានផ្កា ។ សេចក្តីលំបាកធ្វើឲ្យយើងយល់ពីខ្លួនឯង យល់ពីញាតិមិត្ត និងយល់ពីអ្នកដទៃទៀត ។ បុគ្គលដែលមានចិត្តរឹងប៉ឹង កាលដែលមានទុក្ខលំបាករមែងរឹងរឹតតែរឹងប៉ឹងឡើង និងតាំងចិត្តឆ្ពោះមុខទៅរកសេចក្តីល្អ ធ្វើល្អខ្លាំងឡើង ដើម្បីយកឈ្នះនូវសេចក្តីលំបាកនោះឯង ។
ភ្លើងឆេះ ខ្ទេច ព្រៃ អ្វីទៀត អនេក
តែ ធ្វើ ឲ្យ ដែក រឹងរឹត តែ រឹង
ទុក្ខដុតមនុស្សខ្សោយឲ្យប្រាសទីពឹង
តែបែរមនុស្សរឹង ត្រាស់ដឹងសច្ចៈ ។
មិន មាន អ្វី ស ល្អ ជាង គុណធម៌
ខន្តី បវរ តស៊ូ ឥត អាក់
ទឺកតែមួយផ្តិល ត្រឹមសើមប្រឡាក់
ព្យាយាមដងចាក់ដាក់ពេញអាងធំ ។
វីរោ ប្រែ ថា អ្នក ក្លា អង់អាច
ទុក្ខខ្លាំង មិនខ្លាច ព្រោះអាច ផ្សំផ្គុំ
ព្យាយាម ខន្តី បញ្ញា អប់រំ
ឈ្នះអស់ ទុក្ខធំ ជួបជុំ គុណគាប់ ។
លទ្ធផល ការងារ ជាតម្លៃ មនុស្ស
ធ្វើ ការដូច ព្យុះ ជម្រុះ អភ័ព្វ
ជម្នះ ឧបសគ្គ ប្រចក្ស កំណប់
គុណធម៌ជាទ្រព្យ ជាប់តាមជីវិត ។
មនុស្សដែក រឹងប៉ឹង តែមិន រឹងរូស
ព្យាយាម ជម្រុះ មានៈ ក្នុង ចិត្ត
ទន់ កាយ វាចា មេត្តា មានពិត
តែរឹង ប្រព្រឹត្ត សុចរិត ដូច ដែក ។
មនុស្សទឹក ទន់មែន តែមិនទន់ ខ្សោយ
ហូរ គ្មាន ថយ ក្រោយ ឲ្យ រស់ តាម ផ្នែក
រុក្ខជាតិ មនុស្ស សត្វ សម្បត្តិ ល្អ ឯក
មនុស្សទឹក ដោយឡែកពីមនុស្សទន់ខ្សោយ ។
មនុស្សទឹក ដូច ទឹក ដក់ នៅទីខ្ពស់
តែង ហូរ ធ្លាក់ ចុះ ប្រទាន អំណោយ
មាន មេត្តា ចិត្ត ឧទ្ទិស ផល ឲ្យ
ពួកប្រេតបានសោយ ក្តីសុខដោយសារ ។
មនុស្សទឹក ថ្លា ស្អាត ដូច ស្រះ បោក្ខរណី
សម នឹង ឧបមេយ្យ វចី ថ្លៃ ថ្លា
ព្រមទាំង ត្រជាក់ អម្រឹត រសា
ស្រោច សត្វ លោកា វាចា ធម្មទាន ។
មនុស្សទឹក តែងលាងនូវគ្រឿងស្មោកគ្រោក
ជា ទី បរិភោគ តាម ការស្រេក ឃ្លាន
មនុស្សទឹកសង្គ្រោះ ដោយការទូន្មាន
ដែលអាចប្រៀបបាន នឹងទឹកបរិសុទ្ធ ។
មនុស្សទឹក ទទួល លាងគ្រប់អារម្មណ៍
ស្អាត ស្អុយ ភក់ ជ្រាំ ទ្រាំ បានបំផុត
មិន អរ មិន ខឹង សម្លឹង មោះមុត
ចិត្ត ចេតសិក សុទ្ធទទួល អារម្មណ៍ ។
មនុស្សដី ទាប ពិត ជីវិត ឥត ថោក
ទ្រទ្រង់ សត្វលោក ដោយសីលរឹងមាំ
សត្វលោកបានរស់ ព្រោះសីលឧត្តម
មានសីលស័ក្តិសម ជាមនុស្សផែនដី ។
មនុស្សដី ប្រឹង ប្រែង ទ្រ គ្រប់ ភារៈ
កិច្ចការ មាន ជាក់ ចាត់ចែង ឃ្មាតខ្មី
មិន បោះបង់ ចោល ការងារ ប្រពៃ
ប្រៀប ដូច ផែន ដី ទ្រ គ្រប់ ភារៈ ។
មនុស្សដី ព្រម រ៉ាប់រង គ្រប់ ទាំងអស់
អាក្រក់ល្អសស្មោះគ្រប់របស់ដែលធ្លាក់
ដូច ជា ផែនដី មាន ន័យ ជាក់លាក់
អារម្មណ៍ តែង ធ្លាក់ ចិត្ត ជាក់កិលេស
មន្ទិល ឆ្អាប ឆ្អេះ កិលេស ក្រោធ ខឹង
ដូច ភ្លើង ឆេះ ព្រៃ ក្នុង ន័យ ខំ ប្រឹង
ព្យាយាម សម្លឹង អនិច្ចំ ជីវិត ។
មនុស្សភ្លើង ឆេះ ភ្លឺ ពន្លឺ ប្រាជ្ញា
កម្ចាត់ ឆេះ បំភ្លឺ គឺ ជា និមិត្ត
យល់ ដឹង ការពិត ប្រទីប បញ្ញា ។
មនុស្សភ្លើង កក់ ក្តៅ នៅក្នុង ជីវិត
អប់ ឧណ្ហ៍ ផ្លូវ ចិត្ត បំបាត់ សោកា
រងា អាំង ភ្លើង មាន ន័យ ខ្លឹមសារ
មនុស្សមានបញ្ញា បានការកក់ក្តៅ ។
មនុស្សខ្យល់ រវល់ នៅក្នុងការងារ
គ្រប់គ្រា តែងប្រឹង សម្លឹង ទិសដៅ
ដូចខ្យល់ តែងតែ បក់ មក បក់ទៅ
បក់ តាម រដូវ ត្រូវ តាម ទិសា ។
មនុស្សខ្យល់ មិនខ្វល់នៅក្នុងដួងចិត្ត
ល្ហែល្ហើយ ពេក ពិត ត្បិតបានផលា
ការងារសម្រេច ព្រោះតែឧស្សាហ៍
ដូចខ្យល់ បក់ផ្កា សាយក្លិនក្រអូប ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ សុខចិត្ត និងគុណភាពនៃជីវិត
រៀបរៀងដោយលោកគ្រូ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1048/2026-08-19_19_07_17-.jpg
Public date : 20, Aug 2026 (26,968 Read)
មនុស្សយើង ត្រូវពឹងពាក់អាស្រ័យគ្នាជានិច្ច ប៉ុន្តែមនុស្សដែលយើងពឹងបានច្រើនបំផុត គឺខ្លួនយើង ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់ទូនា្មនថា " ខ្លួនជាទីពឹងនៃខ្លួនឯង " ។ នេះ ជាការពិតដែលអាចពិសោធបានគ្រប់ពេលវេលា ។ ព្រះអង្គ ទ្រង់ត្រាស់បន្តមួយឃ្លាទៀតថា " ខ្លួនដែលហ្វឹកហាត់បានល្អ ហើយឈ្មោះថាបាននូវទីពឹងដែលគេបានដោយកម្រ" នេះ ជាការសម្តែងឲ្យយល់ឃើញថា ពឹងខ្លួនឲ្យជួយខ្លួនឯងគឺហ្វឹកហាត់ អប់រំទូន្មានឲ្យមានការចេះដឹងនិងឲ្យមាននូវសមត្ថភាព ក្នុងការងារ ដូច្នេះរមែងបានជាទីពឹង ឲ្យដល់ខ្លួនឯង ។
សូមឲ្យយើងគ្រប់គ្នាប្រើពេលវេលាឲ្យអស់ទៅ ក្នុងការអប់រំបន្ទុំនូវចំណេះដឹង និងសមត្ថភាព ព្រោះឳកាសល្អ រមែងមានជានិច្ច សម្រាប់អ្នកដែលមានចំណេះដឹង និង មានសមត្ថភាពដ៏ខ្ពង់ខ្ពស់ ប៉ុន្តែសូមកុំលើកតម្កើងខ្លួនថាយើង មិនត្រូវអង្វរអ្នកណានោះឡើយ ។ ការពឹងខ្លួនឯងបាននោះ គឺពិតជាធ្វើឲ្យយើងរីករាយចិត្តក្រៃលែងណាស់ នេះជាសិរីសួស្តីរបស់មនុស្ស ។ ការងារដែលយើងធ្វើ ជាវិធីដ៏សំខាន់ក្នុងការពឹងខ្លួនឯង ។ យើងត្រូវហ្វឹកហាត់ជួយខ្លួនឯង រហូតដល់អស់សមត្ថភាព កុំចេះតែសង្ឃឹមជំនួយពីខាងក្រៅខ្លាំងពេក ។
ចំពោះអ្នកដែលត្រូវការបដិបត្តិធម៌ សូមឲ្យកាន់យកការងារក្នុងតួនាទីរបស់ខ្លួនជាការបដិបត្តិ គឺបំពេញតួនាទីឲ្យបានល្អជាទីបំផុត ។ ការបំពេញនូវតួនាទីឲ្យបានល្អជាទីបំផុតនោះឯងគឺជាការបដិបត្តិធម៌ដ៏ល្អក្រៃលែង ។ យើងមិនបានខូចចិត្តថា យើងមិនមានពេលសម្រាប់បដិប្តិធម៌ឡើយ ព្រោះយើងបានយល់ពីការបដិបត្តិធម៌ថាជាអ្វីទៅហើយនោះ ពោលគឺការបំពេញនូវតួនាទីរបស់ខ្លួនហ្នឹងឯង ប៉ុន្តែក្នុងសេចក្តីនេះគឺ ត្រូវតែជាការងារប្រាសចាកទោស ជាការងារដែលមានប្រយោជន៍ដល់ខ្លួនឯង និងអ្នកដទៃ ។
អត្តា ហិ អត្តនោ នាថោ
កោហិ នាថោ បរោ សិយា
ខ្លួន ជា ទីពឹង ពនឹង អាត្មា
អ្នក ផ្សេង ម្តេចរ៉ា នឹងថាពឹងបាន ។
អត្តនា ហិ សទន្តេន
ទូន្មាន ខ្លួនជាក់ ជាអ្នក ក្លាហាន
ច្បាំងនឹង កិលេស ក្នុងចិត្ត សន្តាន
ខ្លួនល្អកល្យាណ ព្រះបានត្រាស់ថា ។
នាថំ លភតិ ទុល្មភំ
បាននូវ ធម្មំ ទីពឹង អស្ចារ្យ
ទីពឹង នេះ ក្រ កម្រ អ្នកណា
ក្នុងវដ្ត សង្សារ ស្រវា តោងបាន ។
សុខចិត្ត រួមនឹង គុណភាព ជីវិត
មង្គល ល្អ ពិត ជីវិត ក្សេមក្សាន្ត
រៀបរាប់ ខ្លីៗ សេចក្តី ប៉ុន្មាន
សូមឲ្យអ្នកអានបានសុខចិត្តហោង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ សុខចិត្ត និងគុណភាពនៃជីវិត
រៀបរៀងដោយៈ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស ។
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1046/Untitled-1.jpg
Public date : 20, Aug 2026 (15,236 Read)
មនុស្សយើងដែលនៅមានកិលេស រមែងល្អខ្លះ អាក្រក់ខ្លះ តាមអំណាចនៃគុណធម៌និងកិលេសដែលកើតឡើង ។ អ្នកដែលបានទទួលការលើកតម្កើងថាជាមនុស្សល្អ ក៏ធ្លាប់ធ្វើអាក្រក់ផងដែរ ឬ យ៉ាងហោចណាស់ក៏គង់មាននៅក្នុងចិត្តដែរ ។ អ្នកដែលគេគ្រប់គ្នាឃើញថាជាមនុស្សអាក្រក់ ក៏គង់ធ្លាប់បានធ្វើល្អខ្លះជាប្រាកដ ហើយតទៅខាងមុខក៏អាចជាមនុស្សល្អខ្លាំងមែនទែនបានទៀតផង ។ អ្នកមានបញ្ញាទើបមិនគួរប្រញាប់វិនិច្ឆ័យមនុស្ស ដោយគ្រាន់តែឃើញការធ្វើរបស់គេម្តងឬពីដងឡើយ ហើយក៏ពុំទាន់សម្រេចថា គេនឹងជាមនុស្ស ដូច្នោះរហូតតទៅក្នុងជីវិតរបស់គេនោះ ។
បណ្ឌិតរមែងស្គាល់កាលៈទេសៈ ។ មនុស្សអាក្រក់កាលដែលគេដឹងខ្លួនហើយ មិនមែនថាគេនឹងត្រឡប់មកជាមនុស្សល្អវិញមិនបាននោះទេ ដូច្នេះយើងគួរឲ្យឳកាសដល់គេដើម្បីគេបានត្រឡប់ខ្លួនមកជាមនុស្សល្អវិញ ។ យើងត្រូវគិតជានិច្ចថា ពេលនោះនិងពេលនេះអាចមិនដូចគ្នា ព្រោះមនុស្សយើងដូរផ្លាស់ជានិច្ច តាមសភាពជុំវិញនិងគុណធម៌ក្នុងចិត្ត ។ យើងមិនគប្បីប្រញាប់បែកចាកមិត្ត ហើយមិនគប្បីចងពៀរជាមួយនឹងអ្នកណាម្នាក់ឡើយ ។
ក្នុងអតីតកាល ទីឃាវុកុមារ ព្រះរាជឳរសរបស់ព្រះបាទទីឃីតិកោសល ខឹងក្រោធនឹងព្រះបាទព្រហ្មទត្តដែលបានលើកទ័ពទៅដណ្តើមយក រាជសម្បត្តិរបស់ព្រះបាទកោសល ។ ព្រះបាទកោសលព្រមដោយព្រះមហេសី ស្តេចរត់ទៅប្រថាប់ក្នុងកន្លែងដទៃ តែដល់ទីបំផុតក៏ត្រូវចាប់បាន ។ ព្រះបាទព្រហ្មទត្តបញ្ជាឲ្យប្រហារជីវិតព្រះបាទកោសល និងព្រះមហេសីដែលត្រូវជាព្រះមាតាបិតារបស់ទីឃាវុកុមារហ្នឹងឯង ។
ពេលនោះទីឃាវុកុមារនៅក្មេង ហើយទើបតែត្រឡប់មកពីសិក្សាឯនគរតក្កសិលា ។ មកឃើញហេតុការណ៍ដែលព្រះមាតានិងព្រះបិតាត្រូវគេចាប់ប្រុងនឹងប្រហារជីវិតខ្លួនឯងមិនដឹងថាត្រូវជួយយ៉ាងណា ព្រោះតែម្នាក់ឯង បើនឹងសម្តែងខ្លួនឲ្យគេដឹងថាអ្នកណា ក៏មុខតែត្រូវចាប់ប្រហារផងដែរពុំខាន ។ នៅក្នុងពេលនោះ ព្រះបាទទីឃីតិកោសលបានក្រឡេកមកឃើញទីឃាវុកុមារព្រះរាជឳរស របស់ព្រះអង្គទ្រង់គិតក្រែងថាព្រះរាជឳរសនឹងធ្វើអ្វីមិនសមរម្យ ទើបទ្រង់ដាស់តឿនដោយព្រះឳវាទថាៈ
" កូនអើយ ! កុំឃើញដល់កាលវែង កុំឃើញដល់កាលខ្លី ពៀររមែងមិនរម្ងាប់ដោយការចងពៀរ" ។
ព្រះបាទកោសលត្រាស់នូវព្រះឳវាទនេះ ដល់ទៅ៣ដង ពួកពេជ្ឈឃាត និងប្រជាជន នាំគ្នាយល់ថា ព្រះអង្គទ្រង់រវើរវាយ ព្រោះតក់ស្លុតនឹងការប្រហារជីវិត ។ ទីឃាវុត្រូវការសងសឹក ទើបរកឧបាយបានចូលទៅក្នុងវាំងរបស់ព្រះបាទព្រហ្មទត្ត ។ បម្រើយ៉ាងជិតនិងរកឳកាសជានិច្ច ដើម្បីប្រហារព្រះជន្មរបស់ព្រះរាជា ។
ថ្ងៃមួយស្តេចយាងទៅប្រពាតព្រៃ ឲ្យទីឃាវុបររាជរថព្រះទីនាំង ។ ទីឃាវុបររាជរថទៅយ៉ាងលឿន រហូតក្បូនស្តេចតាមមិនទាន់ហើយក៏ចូលទៅព្រៃជ្រៅ មានតែព្រះរាជានឹងខ្លួនឯងតែប៉ុណ្ណោះ ។ ព្រះរាជាជរាដែរហើយ ទ្រង់នឿយហត់ពេក ក៏ផ្ទំកើយភ្លៅរបស់ទីឃាវុនៅក្រោមដើមឈើនោះទៅ ទាំងដែលដាក់ទុកនូវព្រះខាន់ក្បែរព្រះអង្គនោះឯង ។
ទីឃាវុរកឳកាសដូច្នេះយូរមកហើយ ក៏បានគិតថាឥឡូវនេះឳកាសមកដល់ហើយ ទើបទាញព្រះខាន់ឡើងដើម្បីប្រហារ តែថាខណៈនោះឯង សំឡេងដាស់តឿនហាក់ប្រាកដជាថ្មី " កូនអើយ ! កុំឃើញដល់កាលវែង កុំឃើញដល់កាលខ្លី ពៀររមែងមិនរម្ងាប់ដោយការចងពៀរ " ។
ទីឃាវុទាញព្រះខាន់ពីរលើក ប៉ុន្តែរុញទុកទៅវិញដោយឳវាទព្រះបិតា ។ ដល់លើកទី៣ ព្រះបាទព្រហ្មទត្តទ្រង់តើនឡើង ព្រោះអាស្រ័យសុបិននិមិត្តថា ទ្រង់នៅក្នុងកណ្តាប់ដៃសត្រូវ ។ នៅពេលបើកព្រះនេត្រឡើង ឃើញទីឃាវុចាប់ព្រះខាន់ប្រុងនឹងប្រហារជីវិតព្រះអង្គ ទ្រង់ក៏តក់ស្លុតយ៉ាងខ្លាំង ។ ទ្រង់ក្រោកឡើងត្រាស់សួររឿងរ៉ាវផ្សេងៗរួចហើយក៏បានជ្រាបដោយសព្វគ្រប់ ។ ទ្រង់សូមអភ័យក្នុងកំហុសរបស់ព្រះអង្គ ។ ទីឃាវុបានថ្វាយអភ័យដល់ព្រះរាជាព្រមដោយពាក្យថាៈ " មិនមែនព្រោះទ្រព្យលានកោដិទេណាដែល មិនប្រហារ ព្រោះឳវាទឪ ព្រមដោយកាយកម្ម សុចរិតត្រឹមត្រូវ សូមស្តេចយល់ទៅនៅក្នុងរឿងនេះ " ។
ព្រះបាទព្រហ្មទត្ត ទ្រង់បានប្រគល់នូវរាជសម្បត្តិក្នុងដែនកោសល ឲ្យដល់ទីឃាវុគ្រប់គ្រង ព្រមទាំងអភិសេកទីឃាវុជាមួយនឹងព្រះរាជធីតារបស់ព្រះអង្គទៀតផង ។ នៅពេលព្រះបាទព្រហ្មទត្តអស់ព្រះជន្មហើយ ទីឃាវុក៏បានគ្រងរាជសម្បត្តិទាំងពីរដែន គឺដែនកោសល និងកាសីនេះដោយអំណាចគុណនៃការដឹងកាលៈទេសៈ និងការព្រមតាមឳវាទរបស់ព្រះរាជបិតាហ្នឹងឯង ។
កុំ ឃើញ កាលវែង គឺ កុំចងពៀរ
បើ ចង ជាប់ គ្នា វេរា យូរ ក្រៃ
កុំឆាប់ បែក មិត្ត ពិតកុំ ឃើញ ខ្លី
ស្គាល់កាលមានន័យសេចក្តីឯវំ ។
ន ហិ វេរេន វេរានិ
សម្មន្តីធ កុនាចនំ
ក្នុង កាល ណា ៗ ធម្មតា ពៀរខ្លាំង
ចងពៀរប្រឆាំងលោកនេះមិនស្ងប់ ។
អវេរេន ច សម្មន្តិ
ស្តាប់ គិត សុ. ចិ. វេរា រម្ងាប់
ដោយការ មិនចង ពៀរទើប បញ្ចប់
វេរា រម្ងាប់ ព្រោះស្ងប់ គំនុំ ។
ឯស ធម្មោ សនន្តនោ
រម្ងាប់ មោហោ ទោសោ រលំ
មិន ចង វេរា នាំ គ្នា មក ជុំ
ទីឃាវុ ស្គាល់ វេលា ពួន អង្គ
រស់យ៉ាងផ្ចិតផ្ចង់ ដោយក្តីក្លាហាន
តស៊ូ ធ្វើការ លំបាក ប៉ុន្មាន
ទ្រំាចេះតែបាន លាក់ប្រាណរហូត ។
ស្មារតី មំាមួន ពិនិត្យ ការងារ
គ្រប់គ្រាមិនធ្វេសឆ្លាតឈ្លាតស្លូតបូត
រាប់អានមនុស្សម្នាដល់គ្រាទើបស្រូត
រូតចូល វាំងស្តេច សម្រេច ការធំ ។
បណ្ឌិត មានសីល មិន ខ្ជិល ឳន អង្គ
វាចា ស្មោះ ត្រង់ ឬកពា រម្យទម
សម្តី ពីរោះ ប្រាជ្ញា អប់រំ
គុណធម៌ មូល ផ្តុំ គុណភាព ជីវិត ។
បុគ្គល ព្យាយាម មិនខ្ជិល ច្រអូស
ប្រាជ្ញា ចាក់ធ្លុះ យល់ ហេតុផលពិត
ឧបសគ្គ ទាំងឡាយ ក្នុងទី ឆ្ងាយជិត
គុណភាព ជីវិត ចិត្ត មិន ញាប់ញ័រ ។
បុគ្គល ចងមិត្ត មាន ចិត្តសង្គ្រោះ
ចេះ ពោល ពីរោះ ដឹក នាំតាម ធម៌
ប្រាសចាកកំណាញ់ ស្រឡាញ់ ពុទ្ធពរ
នាំ អ្នក ត្រាច់ ចរ រក គុណ ជីវិត។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ សុខចិត្ត និងគុណភាពនៃជីវិត
រៀបរៀងដោយ លោកគ្រូ អគ្គបណ្ឌិត ប៊ុត-សាវង្ស ។
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1045/2026-08-19_19_13_40-Greenshot.jpg
Public date : 20, Aug 2026 (13,628 Read)
មនុស្សយើងត្រូវហ្វឹកហាត់ ឲ្យចេះទទួលយកនូវរបស់ដែលគេចមិនផុត ដោយសេចក្តីស្ងប់ ។ មនុស្សខ្លះទោះជាបានដឹងហើយថា វាត្រូវតែយ៉ាងហ្នឹងឯង មិនអាចគេចជៀស ទៅណារួចឡើយ តែនៅមិនព្រមសុខចិត្តដដែល នៅតែកន្ទក់កន្ទេញ គិតតែពីសោកសៅខូចចិត្ត ឬមិនដូច្នោះទេក៏ច្រើនទៅដោយទោសៈ ឃើញអ្នកណាៗ ឬរបស់អ្វីចេះតែទាស់មុខទាស់មាត់ទៅទាំងអស់ ។ ការមិនព្រមសុខចិត្តចំពោះសភាវៈពិត ចេះតែសោកសៅ ឬខឹងក្រោធនោះ មិនអាចធ្វើឲ្យសេចក្តីទុក្ខ សូម្បីតែបន្តិចបន្តួចថយចុះបានឡើយ មានតែបន្ថែមពីលើទុក្ខដែលមានស្រាប់ហើយ ឲ្យរឹងរឹតតែច្រើនឡើងទៀត ។
ព្រោះហេតុដូច្នេះ មនុស្សឆ្លាតទើបអប់រំចិត្តឲ្យចេះទទួលស្វាគមន៍នូវអ្វីដេលគេចមិនផុត ដោយសេចក្តីស្ងប់ ។ កាលបើមាននូវសេចក្តីស្ងប់ក្នុងចិត្តហើយ ហេតុការណ៍អាក្រក់ ឬហេតុការណ៍ដែលយើងគិតថាអាក្រក់នោះ ក៏នឹងបានល្អឡើងវិញ ម្យ៉ាងទៀត ហេតុការណ៍ដែលយើងគិតថាអាក្រក់ក្នុងពេលនេះ អាចត្រឡប់ក្លាយទៅជាមានផលល្អនៅពេលខាងមុខក៏បាន ។ មានគ្រួសារមួយរស់នៅក្នុងវត្តព្រះសង្ឃ ក្រោយមកវត្តត្រូវការទីត្រង់នោះសាងសេនាសនៈ សម្រាប់វត្ត ក៏សូមឲ្យគ្រួសារនោះឯងរើកន្លែងចេញពីវត្ត ដោយផ្តល់ប្រាក់ឲ្យត្រឹមតែ តម្លៃរើប៉ុណ្ណោះ ។ គ្រួសារនោះ បានគិតថាជារឿង អាក្រក់សម្រាប់ជីវិតរបស់ពួកគាត់ខ្លាំងណាស់ ពួកគាត់កើតទុក្ខទោមនស្សចិត្តដ៏ក្រៃលែង ។ តមកពួកគាត់ក៏កាត់ចិត្តបាន រួបរួមទ្រពសម្បត្តិដែលមាន និងខ្ចីអ្នកដទៃខ្លះទៀត ខាំធ្មេញ អត់ធន់ចំពោះរឿងដែលកើតឡើង ទិញផ្ទះបានមួយនៅក្រៅវត្ត ។
តមកទៀត មិនជាប៉ុន្មានឆ្នាំផងក៏សងបំណុលគេរួច ម្ល៉ោះហើយ គ្រួសារមួយនេះក៏មានផ្ទះ និងដីជារបស់ខ្លួនឯង រស់នៅយ៉ាងសប្បាយ ។ ក្រោយមកទើបគិតថា បានមកជាយ៉ាងដូច្នេះព្រោះគេឲ្យចេញពីដីរបស់វត្តនោះឯង ប្រសិនបើអ្នកវត្តមិនធ្វើយ៉ាងនេះទេ ម្ល៉េះសមត្រូវនាំគ្នានៅនឹងដីវត្តរហូតស្លាប់ ហើយត្រូវនៅតកូនតចៅទៀតផង ។ រឿងរ៉ាវផ្សេងទៀតមានច្រើនសន្ធឹកសន្ធាប់ណាស់ដែលក្រោយមកបានក្លាយទៅជារឿងល្អសម្រាប់ជីវិត ព្រោះហេតុដូច្នេះ អ្វីៗដែលកើតឡើង អ្វីៗដែលបានមកដល់ ទាំងដែលយើងមិនអាចគេចឲ្យផុតទៅបាន សូមឲ្យយើងទទួលស្វាគមន៍ដោយចិត្តស្ងប់ និងចាត់ទុករឿងរ៉ាវក្នុងជីវិត ជាមេរៀន ឯជីវិតជាកន្លែងហ្វឹកហាត់ ។
ក្មេងដែលនៅជាមួយម៉ែឪ ឬដែលនៅជាមួយគ្រូអាចារ្យ ដែលម៉ែឪឬគ្រូអាចារ្យនោះៗមានការតឹងតែង ប្រិតប្រៀនទូន្មានប្រដៅ បើធ្វើខុសត្រូវទទួលទោស ទទួលទណ្ឌកម្ម យ៉ាងនេះ ក្មេងនោះឯងរមែងមិនពេញចិត្ត និងមានការចង្អៀតចង្អល់ដោយប្រការផ្សេងៗ ។ ក្មេងនោះគេបានទទួលនូវសេចក្តីលំបាកខ្លះ ក្នុងរយៈពេលនៃជីវិតខាងដើមរបស់គេប៉ុន្តែលុះដល់គេបានធំឡើង គេនឹងអរគុណចំពោះឪពុកម្តាយអរគុណដល់គ្រូអាចារ្យ គឺគេដឹងគុណថា ដែលអាត្មាអញបានមកដល់ថ្នាក់នេះ ព្រោះលោកអ្នកទាំងនោះ បានតឹងតែងប្រិតប្រៀនទូន្មានមកហ្នឹងឯង ។ ចំណែកក្មេងដែលធ្វើអ្វីបានស្រេចតែនឹងចិត្ត រស់នៅគិតតែពីសប្បាយលុះដល់ជួបប្រទះនូវសេចក្តីលំបាកក្នុងវ័យខាងចុង ទើបដឹងខ្លួនថា មានការខុសទៅហើយ ក្នុងការរៀបចំដំណើរជីវិតខាងដើមរបស់ខ្លួននោះ ។
នៅក្នុងព្រះពុទ្ធសាសនា ព្រះពុទ្ធជាអង្គម្ចាស់ទ្រង់ត្រាស់ដាល់តឿនថាសភាវៈដែលយើងគេចមិនផុតគឺ ចាស់ឈឺ ស្លាប់ ព្រាត់ ប្រាសនិងផលវិបាករបស់កម្មដែលខ្លួនបានធ្វើហើយ ព្រះអង្គទ្រង់ដាស់តឿនឲ្យយើងពិចារណាជារឿយៗ ។
អត្ថបទនេះដកស្រង់ចេញពីសៀភៅៈ សុខចិត្ត
រៀបរៀងដោយ លោកគ្រូ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1050/Untitled-1.jpg
Public date : 19, Aug 2026 (12,585 Read)
គប្បីពិចារណាក្នុង ៣ ចំណុចនេះ
១- ប្រដៅខ្លួនឯងឲ្យនឹកឃើញថា ព្រះពុទ្ធជាម្ចាស់របស់យើង ទ្រង់មានព្រះមហាករុណាទិគុណ ព្រះអង្គទូនា្មនពុទ្ធបរិស័ទឲ្យជាមនុស្សមានមេត្តា តែបែរជាយើងក្រោធហើយ មិនរម្ងាប់សេចក្តីក្រោធ នេះជាការមិនបដិបត្តិតាមពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះអង្គ ជាការមិនគោរពព្រះសាស្តា គឺថាយើងមិនសមធ្វើជាសិស្សរបស់ព្រះអង្គឡើយ ដូច្នេះ យើងត្រូវតែប្រញាប់ធ្វើខ្លួនឲ្យសមជាសិស្សរបស់ព្រះពុទ្ធនិងឲ្យជាពុទ្ធបរិស័ទ ដ៏ល្អទៅ។
២- ព្រះពុទ្ធជាម្ចាស់ត្រាស់ប្រដៅថា មនុស្សដែលក្រោធមុនគេគឺចាត់ថាអាក្រក់ហើយ ចំណែកមនុស្សដែលមិនមានសតិភ្ញាក់រលឹក វង្វេងខឹងក្រោធតបទៅគេវិញ គឺជាការសាងនូវសេចក្តីអាក្រក់ឲ្យវែងឆ្ងាយ ឬឲ្យរឹតតែច្រើនឡើង នេះចាត់ថា អាក្រក់ជាងអ្នកដែលក្រោធមុននោះទៅទៀត ដូច្នេះ យើងជាសិស្សរបស់ព្រះពុទ្ធ យើងត្រូវសិក្សាថា " អាត្មាអញ កុំជាមនុស្សអាក្រក់ ទាំងកុំជាមនុស្សអាក្រក់ជាងគេទៀតឡើយ " ។
៣- ព្រះពុទ្ធជាម្ចាស់ទ្រង់ទូន្មានជាបន្តថា គេក្រោធមករកយើង យើងមិនក្រោធតបទៅគេវិញ យ៉ាងនេះហៅថា ឈ្នះសង្រ្គាមដែលឈ្នះបានដោយកម្រ ។ កាលដឹងទាន់ថា អ្នកដទៃគេខឹងក្រោធមកហើយយើងមានសតិរម្ងាប់ចិត្តបាន មិនខឹងក្រោធតប ឈ្មោះថាជាអ្នកធ្វើប្រយោជន៍ឲ្យបានសម្រចទាំងពីរខាង គឺខាងអ្នកដទៃនិងខាងខ្លួនឯង ព្រោះដូច្នោះ យើងជាពុទ្ធបរិស័ទចូរកុំធ្វើខ្លួនឲ្យជាអ្នកចាញ់សង្រ្គាម ចូរជាអ្នកឈ្នះសង្រ្គាមនិងជាអ្នកសាងប្រយោជន៍ កុំជាអ្នកសាងសេចក្តីវិនាសហិនហោចឡើយ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ វិធីរម្ងាប់សេចក្តីក្រោធ
រៀបរៀងដោយ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1051/_________________________________.jpg
Public date : 19, Aug 2026 (14,974 Read)
ក្នុងចំណុចនេះព្រះពុទ្ធជាម្ចាស់ ទ្រង់ត្រាស់សម្តែងទុកមកច្រើនណាស់ ដូចជាៈ បុគ្គលក្រោធរមែងមានពណ៌សម្បុរមិនស្អាត ដេកជាទុក្ខ បែកមិត្ត អស់យស ។ល។ បុគ្គលអ្នកក្រោធមិនដឹងថាសេចក្តីក្រោធនោះ គឺជាភ័យដែលកើតឡើងក្នុងខ្លួនទេ។ បុគ្គលអ្នកក្រោធខឹង រមែងមិនដឹងប្រយោជន៍ រមែងមិនឃើញធម៌ ។ បុគ្គលដែលសេចក្តីក្រោធគ្របសង្កត់មានតែភាពងងឹតប៉ុណ្ណោះ ។ បុគ្គលអ្នកក្រោធធ្វើនូវអំពើអាក្រក់បានដោយងាយហាក់ដូចជាធ្វើអំពើល្អ ប៉ុន្តែលុះដល់ក្រោយមក កាលបើបាត់ក្រោធហើយ ក៏មានការក្តៅក្រហាយស្តាយក្រោយដូចជាត្រូវភ្លើងឆេះ ។
មនុស្សក្រោធ រមែងសម្តែងនូវមុខក្រញូវជាដំបូងដូចភ្លើងមុននឹងឆេះរមែងញ៉ាំងផ្សែងឲ្យកើតឡើងសិន លុះដល់កាលណា សេចក្តីក្រោធសម្តែងនូវតេជានុភាពហើយកាលនោះ មនុស្សក្រោធ រមែងមិនខ្លាចអ្វីឡើយ ការខ្មាស់អៀនក៏មិនមាន សេចក្តីគោរពក៏មិនមាន គេរមែងធ្វើនូវអំពើវិនាសផ្សេងៗ ដូចជាភ្លើងឆេះព្រៃឬឆេះភូមិអ្នកស្រុកដូច្នោះឯង ។
មនុស្សក្រោធសម្លាប់ឪពុក សម្លាប់ម្តាយរបស់ខ្លួនឯងក៏បាន សម្លាប់ព្រះអរហន្តក៏បានសម្លាប់មនុស្សណាៗ ក៏បានទាំងអស់សូម្បីតែខ្លួនឯង ។ គ្រោះកាចអ្វីស្មើនឹងទោសៈមិនមាន ។ កំហុសអ្វីស្មើនឹងទោសៈមិនមាន ។ សេចក្តីក្រោធមានទោស បង្កផលអាក្រក់ឲ្យមកសន្ធឹកសន្ធាប់ ដូចជាព្រះពុទ្ធវចនៈដែលសម្តែងមកនេះបញ្ជាក់ឲ្យដឹងស្រាប់ហើយ ។ សូម្បីរឿងរ៉ាវនៅក្នុងនិទានផ្សេងៗ និងក្នុងជីវិតបច្ចុប្បន្នពិតៗ ក៏មានសន្ធឹកសន្ធាប់ដែរសុទ្ធតែសម្តែងឲ្យឃើញថា ការខឹងក្រោធមានតែធ្វើឲ្យកើតសេចក្តីវិនាសខូចខាត មិនមានផលអ្វីល្អទេ ទើបគួរកម្ចាត់បង់ចោល មិនត្រូវទុកឲ្យឋិតនៅឡើយ ។ សម្លាប់អ្វីដទៃអាចមកដេកទុក្ខ តែសម្លាប់សេចក្តីក្រោធហើយរមែងដេកជាសុខជារៀងរហូត ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ "វិធីរម្ងាប់សេចក្តីក្រោធ"
រៀបរៀងដោយៈ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ