images/articles/3545/2026-09-06_18_39_14-Untitled_-_Notepad.jpg
Public date : 11, Sep 2026 (370 Read)
យុគនទ្ធវគ្គ លោកុត្តរកថា(បដិសម្ភិទាមគ្គ) ពួកធម៌ ជាលោកុត្តរៈ តើដូចម្តេច។ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ អរិយមគ្គ ៤ សាមញ្ញផល ៤ និងនិញ្វន នេះ ពួកធម៌ ជាលោកុត្តរៈ។
សំណួរត្រង់ពាក្យថា លោកុត្តរៈ តើលោកុត្តរៈ ដោយអត្ថដូចម្តេច។ ធម៌ទាំងឡាយឆ្លងនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ឆ្លងអំពីលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយ ឆ្លងចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយឆ្លងពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយកន្លងនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយកន្លងហើយនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយដ៏ក្រៃលែងក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ រលាស់ចេញចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ រលាស់ចេញអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ រលាស់ចេញពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយលះចេញចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយលះចេញអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំង ឡាយ លះចេញពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនឋិតនៅក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនឋិតនៅនាលោក ឈ្មោះថាលោកុត្តរៈ ធម៌ ទាំងឡាយមិនប្រឡាក់ក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយមិនប្រឡាក់ឰដ៏លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជាប់ស្អិតក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជាប់ស្អិតដោយលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជាប់ជំពាក់ដោយលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនបង្អោនទៅក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយមិនបង្អោនទៅតាមលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយរួចស្រឡះចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ រួចស្រឡះអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ រួចស្រឡះពីលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយ មិនប្រកបក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនប្រកបដោយលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនប្រកបក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ឥតប្រកបក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ គ្មានប្រកបក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយស្អាតចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយស្អាតជាងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ស្អាតអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ស្អាតវិសេសជាងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយស្អាតវិសេសអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ស្អាតវិសេសក្រៃលែងជាងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយចេញចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយចេញអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ចេញពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ វៀរចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ វៀរអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ វៀរពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជាប់ក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនប្រកាន់ក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជំពាក់ក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ផ្តាច់បង់នូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ឈ្មោះថាលោកកុត្តរៈ ព្រោះផ្តាច់បង់នូវលោក ធម៌ទាំងឡាយ រម្ងាប់បង់នូវលោក ឈ្មោះថាលោកុត្តរៈ ឈ្មោះថាលោកុត្តរៈ ព្រោះរម្ងាប់បង់នូវលោក ធម៌ទាំងឡាយ មានការមិនត្រឡប់មកកាន់លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ទៅផុតពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជាវិស័យនៃលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនសាធារណ៍ដល់លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ខ្ជាក់ចោលនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនត្រឡប់មកកាន់លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ លះបង់នូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនញុំាងលោកឲ្យកើត ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនស្រឡាបនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ នាំចេញនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយកម្ចាត់បង់នូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនឱបក្រសោបនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ប្រព្រឹត្តកន្លង គ្របសង្កត់នូវលោក ហើយប្រតិស្ថាន ឈ្មោះថាលោកុត្តរៈ។
ចប់ លោកុត្តរកថា។
ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ តតិយភាគ
(ព្រះត្រៃបិដក ភាគទី៧១)
ធម្មទាន FB: សិរីអមតា- ពុទ្ធសាសនំ ចិរំ តិដ្ឋតុ
ដោយ៥០០០ឆ្នាំ
images/articles/3195/202________________________rest.jpg
Public date : 05, Sep 2026 (8,121 Read)
កឹសីលសូត្រ ទី៩
(ព្រះសារីបុត្តដ៏មានអាយុ ក្រាបទូលសួរថា) នរជនមានសីលដូចម្តេច មានមារយាទដូចម្តេច ចំរើននូវអំពើទាំងឡាយដូចម្តេច គប្បីជាបុគ្គលប្រតិស្ឋានមាំល្អ (ក្នុងសាសនា) ផង ដល់នូវប្រយោជន៍ខ្ពង់ខ្ពស់ គឺអរហត្តផលផង។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) បុគ្គលត្រូវប្រព្រឹត្តកោតក្រែងចំពោះបុគ្គលដែលចំរើន ជាអ្នកមិនមានសេចក្តីច្រណែន ស្គាល់កាលគួរចួបនឹងគ្រូ ស្គាល់ខណៈស្តាប់ធម្មីកថា ដែលលោកពោល គប្បីស្តាប់សុភាសិតឯទៀតដោយគោរព។
បុគ្គលគួរធ្វើការរឹងត្អឹង ឲ្យជ្រះស្រឡះ ប្រព្រឹត្តបន្ទាបខ្លួន ហើយចូលទៅកាន់សំណាក់គ្រូ តាមកាលគួរ គប្បីរលឹករឿយ ៗ ទាំងប្រព្រឹត្តដោយប្រពៃនូវអត្ថនៃ (ភាសិត) ធម៌ សីល និងព្រហ្មចារ្យ (ដ៏សេស ដែលគ្រូសំដែងហើយ)។
បុគ្គលគួរជាអ្នកមានធម៌ជាទីត្រេកអរ ត្រេកអរក្នុងធម៌ ឋិតនៅក្នុងធម៌ ចេះវិនិច្ឆ័យនូវធម៌ មិនគួរប្រព្រឹត្តនូវពាក្យ ដែលប្រទូស្តចំពោះធម៌ គប្បីញុំាងកាលឲ្យអស់ទៅ ដោយសុភាសិតទាំងឡាយដែលពិត ៗ។
បុគ្គលគួរលះបង់នូវការសើច រីករាយ ការចរចាឥតប្រយោជន៍ ការខ្សឹកខ្សួល ការប្រទុស្ត ការធ្វើនូវមាយា ការកុហក ការជាប់ចិត្ត ការប្រកាន់ ការប្រណាំងប្រជែង សំដីអាក្រក់ ទឹកអម្ចត់ គឺរាគាទិក្កិលេស និងការជ្រប់នៅដោយតណ្ហា គប្បីជាបុគ្គលប្រាសចាកសេចក្តីស្រវឹង មានចិត្តឋិតនៅមាំ។
សុភាសិតទាំងឡាយ (ដែលប្រកបដោយសមថវិបស្សនា) គឺអ្នកប្រាជ្ញដឹងច្បាស់ ថាមានសារៈ ឯញាណសំរេចអំពីសុតៈ គឺអ្នកប្រាជ្ញដឹងច្បាស់ថា មានសមាធិជាសារៈ បញ្ញា និងសុតៈ រមែងមិនចំរើនដល់នរជន ដែលជាអ្នកមានចិត្តរហ័ស ជាអ្នកធ្វេសប្រហែស ។
មួយទៀត ជនពួកណា ត្រេកអរក្នុងធម៌ ដែលអរិយបុគ្គលសំដែងហើយ ជនពួកនោះ រមែងប្រសើរដោយវចីកម្ម មនោកម្ម និងកាយកម្ម ជនពួកនោះ រមែងឋិតនៅក្នុងសេចក្តីស្ងប់ស្ងាត់ ស្ងប់ស្ងៀម និងសមាធិ ហើយបានដល់នូវខ្លឹមនៃការស្តាប់ផង នៃប្រាជ្ញាផង។
ចប់ កឹសីលសូត្រ ទី៩។
(ខុទ្ទកនិកាយ សុត្តនិបាត តតិយភាគ ព្រះត្រៃបិដកលេខ ៥៤)
…………………….ព្រះពុទ្ធដីកា
សេដ្ឋីពេាធិសត្វជាបិតាពេាលថា៖ បុគ្គលគប្បីប្រាថ្នាលាភដ៏ឧត្តម គឺការមិនមានរេាគ១, សីល (គឺមារយាទ) ១, ការយល់ឃេីញតាមបណ្ឌិតអ្នកដឹង ១, ការឧស្សាហ៍ស្តាប់ ១, ការអនុវត្តន៍នូវសុចរិតធម៌ ១, ការមិនរុញរានៃចិត្ត ១, ធម៌ទាំង ៦ នេះ ជាទ្វារ ទាំងជាប្រធាននៃសេចក្តីចម្រេីន ។ (អត្ថស្សទ្វារជាតកទី ៤)
ដោយ៥០០០ឆ្នាំ
images/articles/3145/bvhj6645e.jpg
Public date : 05, Sep 2026 (11,213 Read)
សីលសូត្រ ទី៣
[១១៣] ម្នាលភិក្ខុទាំងឡាយ ទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីលនេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ្រុស្តសីល វិបត្តិចាកសីល ក្នុងលោកនេះ តែងដល់នូវសេចក្តីវិនាសសម្បត្តិដ៏ច្រើន ហេតុមកពីសេចក្តីប្រមាទ ម្នាលភិក្ខុទាំងឡាយ នេះជាទោស ទី១ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។
ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ តែងមានកិត្តិសព្ទដ៏អាក្រក់ខ្ចរខ្ចាយទៅ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី២ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ (បើ) ចូលទៅកាន់បរិសទ្យណា ទោះបីជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ក៏គ្មានក្លៀវក្លា តែងមានមុខឱនចុះ ដើរចូលទៅ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៣ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។
ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល តែងស្លាប់វង្វេងស្មារតី ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៤ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៥ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ ទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីលនេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសីល បរិបូណ៌ដោយសីល ក្នុងលោកនេះ តែងបាននូវគំនរសម្បត្តិដ៏ច្រើន ហេតុមកពីសេចក្តីមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ១ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីលហើយ តែងមានកិត្តិសព្ទដ៏ពីរោះខ្ចរខ្ចាយទៅ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ២ នៃសីលសម្បទា របស់បុគ្គលមានសីល។
ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីលហើយ (បើ) ចូលទៅកាន់បរិសទ្យណា ទោះបីជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី តែងក្លៀវក្លា មិនឱនមុខចុះដើរចូលទៅ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៣ នៃសីលសម្បទា របស់បុគ្គលមានសីល។
ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល តែងស្លាប់ មិនវង្វេងស្មារតីឡើយ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៤ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៥ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីល មាន ៥ យ៉ាងនេះឯង។
សីលសូត្រ ទី ៣ ឬ ទោស ៥ យ៉ាង របស់បុគ្គលទ្រុស្តសីល
បិដក ៤៥ ទំព័រ ២៤៧ ឃ្នាប ១១៣
ដោយ៥០០០ឆ្នាំ
images/articles/3503/2026-07-21_09_26_52-__________________________________________-__Protected_View_-_Word.jpg
Public date : 02, Sep 2026 (276 Read)
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅក្នុងគុហាឈ្មោះ សូករខតា នាភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ ។ គ្រានោះ មានបរិព្វាជកម្នាក់ ឈ្មោះ ទីឃនខៈ (ជាអគ្គិវេស្សនគោត្ត) ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល នឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យ ដែលគួររលឹកហើយ ក៏ឈរនៅក្នុងទីដ៏សមគួរ ។ ទីឃនខបរិព្វាជក លុះឈរនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ទាំងអស់ មិនគួរដល់អាត្មាអញ (អាត្មាអញ មិនពេញចិត្តទាំងអស់) ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអគ្គិវេស្សនៈ សេចក្តីឃើញណា របស់អ្នកថា របស់ទាំងអស់ មិនគួរដល់អាត្មាអញ សេចក្តីឃើញនោះ មិនគួរដល់អ្នកទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ប្រសិនបើសេចក្តីឃើញនុ៎ះ គួរដល់ខ្ញុំសោត ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះឯង ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះឯង ។ ម្នាលអគ្គិវេស្សនៈ ពួកជនណា ដែលនិយាយយ៉ាងនេះថា ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះឯង ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះឯង ពួកជននោះក្នុងលោក មានច្រើនជាងនេះទៅទៀត តែពួកជននោះ មិនលះបង់ទិដ្ឋិនោះចេញ ហើយគេប្រកាន់មាំ ចំពោះទិដ្ឋិដទៃតទៅទៀត ។ ម្នាលអគ្គិវេស្សនៈ ពួកជនណា និយាយយ៉ាងនេះថា ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះឯង ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះឯង ពួកជននោះ ក្នុងលោក មានតិចតួចជាងនេះណាស់ តែពួកជននោះ គេលះបង់ទិដ្ឋិនោះចេញបាន ទាំងមិនប្រកាន់ទិដ្ឋិដទៃតទៅទៀតផង ។
[៣១] ម្នាលអគ្គិវេស្សនៈ សមណព្រាហ្មណ៍ពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ទាំងអស់គួរដល់អាត្មាអញ (អាត្មាអញ ពេញចិត្តទាំងអស់) ក៏មាន ។ ម្នាលអគ្គិវេស្សនៈ សមណព្រាហ្មណ៍ពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ទាំងអស់ មិនគួរដល់អាត្មាអញ (អាត្មាអញ មិនពេញចិត្តទាំងអស់) ក៏មាន ។ ម្នាលអគ្គិវេស្សនៈ សមណព្រាហ្មណ៍ពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ខ្លះ គួរដល់អាត្មាអញ របស់ខ្លះ មិនគួរដល់អាត្មាអញ (អាត្មាអញ ពេញចិត្តខ្លះ មិនពេញចិត្តខ្លះ) ក៏មាន ។ ម្នាលអគ្គិវេស្សនៈ ក្នុងទិដ្ឋិអម្បាលនោះ ពួកសមណព្រាហ្មណ៍ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិ យ៉ាងនេះថា របស់ទាំងអស់ គួរដល់អាត្មាអញ ទិដ្ឋិនេះ របស់ពួកសមណព្រាហ្មណ៍នោះ តែងប្រព្រឹត្តទៅ ក្នុងទីជិត នៃហេតុ ដែលប្រកបដោយរាគៈ ក្នុងទីជិត នៃសំយោគៈ ក្នុងទីជិតនៃតម្រេក ក្នុងទីជិតនៃសេចក្តីងប់ចិត្ត ក្នុងទីជិតនៃសេចក្តីប្រកាន់មាំ ។ ម្នាលអគ្គិវេស្សនៈ ក្នុងទិដ្ឋិអម្បាលនោះ ពួកសមណព្រាហ្មណ៍ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ទាំងអស់ មិនគួរដល់អាត្មាអញ ទិដ្ឋិនេះ របស់ពួកសមណព្រាហ្មណ៍ទាំងនោះ ប្រព្រឹត្តទៅក្នុងទីជិត នៃហេតុមិនមែនរាគៈ ក្នុងទីជិត នៃហេតុមិនមែនជាសំយោគៈ ក្នុងទីជិតនៃហេតុមិនមែនជាតម្រេក ក្នុងទីជិត នៃសេចក្តីមិនងប់ចិត្ត ក្នុងទីជិត នៃសេចក្តីមិនប្រកាន់មាំ ។ កាលដែលព្រះអង្គ ទ្រង់ត្រាស់យ៉ាងនេះហើយ ទីឃនខបរិព្វាជក បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា ព្រះគោតមដ៏ចម្រើន លើកតំកើង នូវសេចក្តីឃើញ របស់ខ្ញុំព្រះអង្គ ព្រះគោតមដ៏ចម្រើន ទ្រង់លើកតំកើង នូវសេចក្តីឃើញ របស់ខ្ញុំព្រះអង្គ ។ ម្នាលអគ្គិវេស្សនៈ ក្នុងទិដ្ឋិអម្បាលនោះ ពួកសមណព្រាហ្មណ៍ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ខ្លះ គួរដល់អាត្មាអញ របស់ខ្លះ មិនគួរដល់អាត្មាអញ ក៏ទិដ្ឋិណា ដែលគួរដល់សមណព្រាហ្មណ៍នោះ ទិដ្ឋិនោះ ប្រព្រឹត្តទៅក្នុងទីជិត នៃហេតុ ដែលប្រកបដោយរាគៈ ក្នុងទីជិតនៃសំយោគៈ ក្នុងទីជិតនៃតម្រេក ក្នុងទីជិតនៃសេចក្តីងប់ចិត្ត ក្នុងទីជិតនៃសេចក្តីប្រកាន់មាំ មួយយ៉ាងទៀត ទិដ្ឋិណា ដែលមិនគួរដល់សមណព្រាហ្មណ៍នោះ ទិដ្ឋិនោះ រមែងប្រព្រឹត្តទៅ ក្នុងទីជិត នៃហេតុមិនមែនជារាគៈ ក្នុងទីជិតនៃហេតុ មិនមែនជាសំយោគៈ ក្នុងទីជិត នៃហេតុមិនមែនជាតម្រេក ក្នុងទីជិត នៃសេចក្តីមិនងប់ចិត្ត ក្នុងទីជិត នៃសេចក្តីមិនប្រកាន់មាំ ។
[៣២] ម្នាលអគ្គិវេស្សនៈ ក្នុងទិដ្ឋិអម្បាលនោះ ពួកសមណព្រាហ្មណ៍ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ទាំងអស់ គួរដល់អាត្មាអញ វិញ្ញូបុរស តែងពិចារណាឃើញ ក្នុងទិដ្ឋិនោះយ៉ាងនេះថា សេចក្តីឃើញ របស់អាត្មាអញណាថា របស់ទាំងអស់ គួរដល់អាត្មាអញ ប្រសិនបើអាត្មាអញ ស្ទាបអង្អែល ប្រកាន់ខ្ជាប់ទិដ្ឋិនេះ ហើយនិយាយតាមកំឡាំងចិត្ត ដោយមួនមាំថា នេះជារបស់ពិត របស់ដទៃជាមោឃៈ អាត្មាអញ ក៏នឹងប្រកាន់ខុស ចាកសមណព្រាហ្មណ៍ទាំងពីរពួក គឺសមណព្រាហ្មណ៍ ដែលមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ទាំងអស់ មិនគួរដល់អាត្មាអញពួក១ សមណព្រាហ្មណ៍ដែលមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ខ្លះ គួរដល់អាត្មាអញ របស់ខ្លះ មិនគួរដល់អាត្មាអញពួក១ អាត្មាអញ នឹងប្រកាន់ខុស ចាកសមណព្រាហ្មណ៍ទាំងពីរពួកនេះឯង ។ កាលបើប្រកាន់ខុសយ៉ាងនេះមានហើយ ការទាស់ទែងគ្នាក៏មាន កាលការទាស់ទែងគ្នាមានហើយ សេចក្តីគុំគួនគ្នាក៏មាន កាលសេចក្តីគុំគួនគ្នាមានហើយ សេចក្តីបៀតបៀនគ្នាក៏មាន ។ កាលវិញ្ញូបុរសនោះ ពិចារណាឃើញច្បាស់ នូវសេចក្តីប្រកាន់ខុស សេចក្តីទាស់ទែងគ្នា សេចក្តីគុំគួនគ្នា និងសេចក្តីបៀតបៀន (ថាជាទោសមាន) ក្នុងខ្លួន ដោយប្រការដូច្នេះហើយ ក៏លះបង់ទិដ្ឋិនោះចេញផង មិនបានប្រកាន់ទិដ្ឋិឯទៀតផង ។ ការលះបង់នូវទិដ្ឋិទាំងនុ៎ះ តែងមានដោយប្រការយ៉ាងនេះ ការរលាស់ចោល នូវទិដ្ឋិទាំងនោះ តែងមាន ដោយប្រការយ៉ាងនេះ ។ ម្នាលអគ្គិវេស្សនៈ ក្នុងទិដ្ឋិអម្បាលនោះ ពួកសមណព្រាហ្មណ៍ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ទាំងអស់ មិនគួរដល់អាត្មាអញ វិញ្ញូបុរស តែងពិចារណាឃើញ ក្នុងទិដ្ឋិនោះ យ៉ាងនេះថា សេចក្តីយល់ របស់អាត្មាអញណាថា របស់ទាំងអស់ មិនគួរដល់អាត្មាអញ ប្រសិនបើអាត្មាអញ ស្ទាបអង្អែល ប្រកាន់ខ្ជាប់ទិដ្ឋិនេះ ហើយនិយាយតាមកំឡាំងចិត្ត ដោយមាំមួនថា នេះជារបស់ពិត របស់ដទៃជាមោឃៈ អាត្មាអញ ក៏នឹងប្រកាន់ខុស ចាកសមណព្រាហ្មណ៍ទាំងពីរពួក គឺសមណព្រាហ្មណ៍ ដែលមានវាទៈយ៉ាងនេះ មានទិដ្ឋិ យ៉ាងនេះថា របស់ទាំងអស់ គួរដល់អាត្មាអញពួក១ សមណព្រាហ្មណ៍ដែលមានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ខ្លះ គួរដល់អាត្មាអញ របស់ខ្លះ មិនគួរដល់អាត្មាអញពួក១ អាត្មាអញ ក៏នឹងប្រកាន់ខុស ចាកសមណព្រាហ្មណ៍ទាំងពីរពួកនេះឯង ។ កាលបើប្រកាន់ខុស យ៉ាងនេះមានហើយ ការទាស់ទែងគ្នាក៏មាន កាលការទាស់ទែងគ្នាមានហើយ សេចក្តីគុំគួនគ្នាក៏មាន កាលសេចក្តីគុំគួនគ្នាមានហើយ ការបៀតបៀនគ្នាក៏មាន ។ កាលវិញ្ញូបុរសនោះ ពិចារណាឃើញច្បាស់ នូវសេចក្តីប្រកាន់ខុស សេចក្តីទាស់ទែងគ្នា សេចក្តីគុំគួនគ្នា និងសេចក្តីបៀតបៀនគ្នា (ថាជាទោសមាន) ក្នុងខ្លួន ដោយប្រការដូច្នេះហើយ ក៏លះបង់នូវទិដ្ឋិនោះចេញផង មិនប្រកាន់ទិដ្ឋិឯទៀតផង ។ ការលះបង់ទិដ្ឋិទាំងនុ៎ះ តែងមានដោយប្រការយ៉ាងនេះ ការរលាស់ចោល នូវទិដ្ឋិទាំងនុ៎ះ តែងមានដោយប្រការយ៉ាងនេះ ។ ម្នាលអគ្គិវេស្សនៈ ក្នុងទិដ្ឋិអម្បាលនោះ ពួកសមណព្រាហ្មណ៍ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ខ្លះ គួរដល់អាត្មាអញ របស់ខ្លះមិនគួរដល់អាត្មាអញ វិញ្ញូបុរស តែងពិចារណាឃើញ ក្នុងទិដ្ឋិនោះយ៉ាងនេះថា សេចក្តីឃើញរបស់អាត្មាអញណាថា របស់ខ្លះ គួរដល់អាត្មាអញ របស់ខ្លះ មិនគួរដល់អាត្មាអញ ប្រសិនបើអាត្មាអញ ស្ទាបអង្អែល ប្រកាន់ខ្ជាប់ទិដ្ឋិនេះ ហើយនិយាយតាមកំឡាំងចិត្ត ដោយមាំមួនថា នេះជារបស់ពិត របស់ដទៃជាមោឃៈ អាត្មាអញ ក៏នឹងប្រកាន់ខុស ចាកសមណព្រាហ្មណ៍ទាំងពីរពួក គឺសមណព្រាហ្មណ៍ ដែលមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ទាំងអស់ គួរដល់អាត្មាអញពួក១ សមណព្រាហ្មណ៍មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ទាំងអស់ មិនគួរដល់អាត្មាអញពួក១ អាត្មាអញ ក៏នឹងប្រកាន់ខុស ចាកសមណព្រាហ្មណ៍ទាំងពីរពួកនេះ ដោយប្រការដូច្នេះ ។ កាលបើប្រកាន់ខុសយ៉ាងនេះមានហើយ ការទាស់ទែងគ្នាក៏មាន កាលបើការទាស់ទែងគ្នាមានហើយ សេចក្តីគុំគួនក៏មាន កាលបើសេចក្តីគុំគួន មានហើយ សេចក្តីបៀតបៀនគ្នាក៏មាន ។ កាលវិញ្ញូបុរសនោះ ពិចារណាឃើញច្បាស់ នូវសេចក្តីប្រកាន់ខុស សេចក្តីទាស់ទែងគ្នា សេចក្តីគុំគួនគ្នា និងសេចក្តីបៀតបៀន (ថាជាទោស មាន) ក្នុងខ្លួន ដោយប្រការដូច្នេះហើយ ក៏លះបង់ នូវទិដ្ឋិនោះចេញផង មិនប្រកាន់ទិដ្ឋិឯទៀតផង ។ ការលះបង់ នូវទិដ្ឋិទាំងនុ៎ះ តែងមានដោយប្រការយ៉ាងនេះ ការរលាស់ចោល នូវទិដ្ឋិទាំងនោះ តែងមានដោយប្រការយ៉ាងនេះ ។
[៣៣] ម្នាលអគ្គិវេស្សនៈ ក៏ឯកាយនេះ មានរូបជាទីប្រជុំនៃមហាភូតទាំង៤ (ដី ទឹក ភ្លើង ខ្យល់) កើតមកអំពីមាតាបិតា ចម្រើនឡើងដោយបាយ និងនំកុម្មាស មានការមិនទៀង មានការគក់ច្របាច់ ការដុសខាត់មន្ទិល ក្លិនស្អុយ ការបែកធ្លាយនឹងការរាត់រាយទៅ ជាធម្មតា បុគ្គល គួរពិចារណាឃើញច្បាស់ ដោយសភាពជារបស់មិនទៀង ជាទុក្ខ ជារោគ ថាបីដូចជាបូស ថាបីដូចជាកូនសរ ជាសេចក្តីលំបាក ជាជំងឺ ជារបស់អ្នកដទៃ ជារបស់វិនាសសាបសូន្យ មិនមែនខ្លួនប្រាណ ។ កាលបុគ្គលនោះ ពិចារណាឃើញច្បាស់ នូវកាយនេះថា ជារបស់មិនទៀង ជាទុក្ខ ជារោគ ថាបីដូចជាបូស ថាបីដូចជាកូនសរ ជាសេចក្តីលំបាក ជាជំងឺ ជារបស់អ្នកដទៃ ជារបស់វិនាសសាបសូន្យ មិនមែនខ្លួនប្រាណ សេចក្តីប្រាថ្នាក្នុងកាយ និងសេចក្តីអាល័យកាយ ទាំងកិលេស ដែលប្រព្រឹត្តទៅ តាមកាយណា កិលេសតណ្ហានោះ គេក៏លះបង់បាន ។
[៣៤] ម្នាលអគ្គិវេស្សនៈ វេទនានេះ មាន៣ប្រការគឺ សុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១ ។ ម្នាលអគ្គិវេស្សនៈ សម័យណា បុគ្គលទទួលសុខវេទនា សម័យនោះ មិនទទួលទុក្ខវេទនា មិនទទួលអទុក្ខមសុខវេទនាទេ ក្នុងសម័យនោះ ទទួលចំពោះតែសុខវេទនា ។ ម្នាលអគ្គិវេស្សនៈ សម័យណា បុគ្គលទទួលទុក្ខវេទនា សម័យនោះ មិនទទួលសុខវេទនា មិនទទួលអទុក្ខមសុខវេទនាទេ សម័យនោះ ទទួលចំពោះតែទុក្ខវេទនា ។ ម្នាលអគ្គិវេស្សនៈ សម័យណា បុគ្គលទទួលអទុក្ខមសុខវេទនា សម័យនោះ មិនទទួលសុខវេទនា មិនទទួលទុក្ខវេទនាទេ សម័យនោះ ទទួលចំពោះតែអទុក្ខមសុខវេទនា ។ ម្នាលអគ្គិវេស្សនៈ សុខវេទនាជារបស់មិនទៀង ជារបស់ដែលសង្ខារតាក់តែងកើតឡើងហើយ មានកិរិយាអស់ទៅ និងសូន្យទៅជាធម្មតា មានកិរិយាក្លាយទៅ ទាំងមានកិរិយារលត់ទៅវិញ ជាធម្មតា ។ ម្នាលអគ្គិវេស្សនៈ ទុក្ខវេទនា ក៏ជារបស់មិនទៀង ជារបស់ដែលសង្ខារតាក់តែងកើតឡើងហើយ តែងអស់ទៅ និងសូន្យទៅជាធម្មតា មានកិរិយាក្លាយទៅ ទាំងមានកិរិយារលត់ទៅ ជាធម្មតា ។ ម្នាលអគ្គិវេស្សនៈ សូម្បីអទុក្ខមសុខវេទនា ក៏ជារបស់មិនទៀង ជារបស់ដែលសង្ខារតាក់តែងកើតឡើងហើយ តែងអស់ទៅ និងសូន្យទៅជាធម្មតា មានកិរិយាក្លាយទៅ និងរលត់ទៅជាធម្មតា ។ ម្នាលអគ្គិវេស្សនៈ អរិយសាវ័កអ្នកបានស្តាប់ហើយ កាលឃើញយ៉ាងនេះ រមែងនឿយណាយ ចាកសុខវេទនាផង នឿយណាយចាកទុក្ខវេទនាផង នឿយណាយចាកអទុក្ខមសុខវេទនាផង កាលបើនឿយណាយហើយ រមែងប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ចិត្តរមែងរួចចាកកិលេស កាលចិត្តរួចចាកកិលេសហើយ ញាណក៏កើតឡើងច្បាស់ថា ចិត្តរួចស្រឡះហើយ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ បាននៅចប់ហើយ កិច្ចដែលគួរធ្វើ បានធ្វើរួចស្រេចហើយ កិច្ចដទៃ ក្រៅពីនេះ មិនមានឡើយ ។ ម្នាលអគ្គិវេស្សនៈ ភិក្ខុដែលមានចិត្តផុតស្រឡះយ៉ាងនេះ រមែងមិននិយាយផ្សំនឹងអ្នកណាៗ មិននិយាយទទឹងទាស់នឹងអ្នកណាៗ វាចាណា ដែលគេនិយាយហើយ ក្នុងលោក ក៏ពោលទៅតាមវាចានោះ តែមិនបានស្ទាបអង្អែល (ដោយទិដ្ឋិ) ។
[៣៥] សម័យនោះឯង ព្រះសារីបុត្រមានអាយុ គង់ខាងព្រះប្រឹស្តាង្គនៃព្រះមានព្រះភាគ បក់ថ្វាយព្រះមានព្រះភាគ ។ ក្នុងលំដាប់នោះ ព្រះសារីបុត្រមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បានឮថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ការលះបង់នូវពួកធម៌នោះៗ ដោយប្រាជ្ញា ដ៏ក្រៃលែង ដល់យើងទាំងឡាយ បានឮថា ព្រះសុគត ទ្រង់ត្រាស់ការរលាស់ចោល នូវពួកធម៌នោះៗ ដោយប្រាជ្ញា ដ៏ក្រៃលែង ដល់យើងទាំងឡាយ ។ កាលព្រះសារីបុត្រមានអាយុ កំពុងពិចារណាហេតុនេះ ស្រាប់តែចិត្តលោកក៏ផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ដោយប្រការដូច្នេះ ។ ធម្មចក្ខុ ដែលប្រាសចាកធូលី ប្រាសចាកមន្ទិល បានកើតឡើងហើយ ដល់ទីឃនខបរិព្វាជកថា ធម្មជាតិអ្វីមួយ មានសេចក្តីកើតឡើងជាធម្មតា ធម្មជាតិទាំងអស់នោះ រមែងរលត់ទៅវិញជាធម្មតា ។
[៣៦] គ្រានោះ ទីឃនខបរិព្វាជក បានឃើញធម៌ហើយ បានដល់ធម៌ហើយ បានដឹងច្បាស់នូវធម៌ហើយ មានចិត្តចុះស៊ប់ក្នុងធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ ជាហេតុពោលថាអ្វីៗ ដល់នូវសេចក្តីក្លៀវក្លា មិនជឿស្តាប់បុគ្គលដទៃ ក្នុងសាសនារបស់ព្រះសាស្តា បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ដែលព្រះគោតមដ៏ចម្រើន ទ្រង់ប្រកាសហើយ ដោយអនេកបរិយាយ យ៉ាងនេះ ដូចជាគេផ្ងាររបស់ ដែលផ្កាប់ ឬបើកបង្ហាញវត្ថុដែលបិទបាំងទុក ឬក៏ប្រាប់ផ្លូវ ដល់មនុស្សវង្វេងទិស ពុំនោះសោត ដូចជាមនុស្សកាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែក (ភ្លឺ) មើលឃើញរូបទាំងឡាយបាន ខ្ញុំព្រះអង្គ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹងទីរលឹក សូមព្រះគោតមដ៏ចម្រើន ជ្រាបនូវខ្ញុំព្រះអង្គថា ជាឧបាសក ដល់សរណគមន៍ ស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះ តទៅ ។ចប់ ទីឃនខសូត្រ ទី៤ ។
ដោយ៥០០០ឆ្នាំ
images/articles/3504/2026-07-21_09_39_34-____________________________________-_______________________________________________-__Protected_View_-_Word.jpg
Public date : 02, Sep 2026 (310 Read)
នែអគ្គិវេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះដូច្នេះថា បើដូច្នោះ មានតែអាត្មាអញខាំសង្កត់ធ្មេញដោយធ្មេញទាំងឡាយ ទល់ពិតាន (ក្រអូបមាត់) ដោយអណ្តាត សង្កត់គាបផ្ទប់នូវចិត្តដោយចិត្ត ។ នែអគិ្គវេស្សនៈ តថាគតនោះក៏ខាំសង្កត់ធ្មេញដោយធ្មេញទាំងឡាយ ទល់ពិតានដោយអណ្តាត សង្កត់គាបផ្ទប់នូវចិត្តដោយចិត្ត នែអគិ្គវេស្សនៈ កាលដែលតថាគតនោះ ខាំសង្កត់ធ្មេញដោយធ្មេញទាំងឡាយ ទល់ពិតានដោយអណ្តាត សង្កត់គាបផ្ទប់នូវចិត្តដោយចិត្ត ញើសក៏ហូរចេញអំពីក្លៀក ទាំងសងខាង ។ នែអគិ្គវេស្សនៈ ដូចបុរសដែលមានកម្លាំង ចាប់បុរសដែលមានកម្លាំងថយជាងខ្លួន ត្រង់ក្បាលផង ចាប់ត្រង់កផង គប្បីសង្កត់គាបផ្ទប់ មានឧបមាយ៉ាង ណាមិញ នែអគ្គិវេស្សនៈ កាលដែលតថាគតខាំសង្កត់ធ្មេញ ដោយធ្មេញទាំងឡាយ ទល់ពិតានដោយអណ្តាត សង្កត់គាបផ្ទប់នូវចិត្តដោយចិត្ត ញើសក៏ហូរចេញអំពីក្លៀក ទាំងសងខាង មានឧបមេយ្យយ៉ាងនោះឯង ។
នែអគិ្គវេស្សនៈ សេចកី្តព្យាយាមរបស់តថាគត តឹងតែងណាស់ មិនធូរថយ សតិក៏តម្កល់ខ្ជាប់មិនមានវង្វេងភ្លេច តែចំណែកខាងកាយរបស់តថាគត ដែលត្រូវព្យាយាមចាក់ដោត ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសារសេចកី្តព្យាយាមដ៏លំបាកនោះឯង ។ នែអគិ្គវេស្សនៈ ទុកណាជាទុក្ខវេទនាមានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់នូវចិត្តរបស់តថាគតបានឡើយ ។នែអគ្គិវេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះដូច្នេះថា បើដូច្នោះមានតែ អាត្មាអញពិចារណានូវអប្បាណកជ្ឈាន គឺឈានដែលគ្មានដង្ហើមចេញចូល ។ នែអគិ្គវេស្សនៈ តថាគតក៏បិទខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលអំពីមាត់ផង អំពីច្រមុះផង ។ នែអគ្គិវេស្សនៈ លុះតថាគតបិទខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលអំពីមាត់ផង អំពីច្រមុះផង សំឡេងរបស់ខ្យល់ដែលចេញអំពីរន្ធត្រចៀកទាំងសងខាង ក៏ឮខ្លាំងក្រៃពេក ។ សំឡេងស្នប់របស់ជាងមាស ដែលកំពុងសប់លាន់ឮខ្លាំង យ៉ាងណាមិញ ម្នាលអគិ្គវេស្សនៈ លុះតថាគតបិទខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលអំពីមាត់ផង អំពីច្រមុះផង សំឡេងរបស់ខ្យល់ដែលចេញអំពីរន្ធត្រចៀកទាំងសងខាង ក៏លាន់ឮខ្លាំង យ៉ាងនោះឯង ។
នែអគ្គិវេស្សនៈ សេចកី្តព្យាយាមរបស់តថាគត តឹងតែងណាស់ មិនបន្ធូរបន្ថយ ទាំងសតិក៏តម្កល់ខ្ជាប់ មិនបានវង្វេងភ្លេច តែចំណែកខាងកាយរបស់តថាគត ដែលត្រូវព្យាយាមចាក់ដោតហើយ ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសារសេចកី្តព្យាយាមដ៏លំបាកនោះឯង ។ នែអគ្គិវេស្សនៈ ទុកណាជាទុក្ខវេទនាមានសភាព ដូច្នោះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ចិត្ត របស់តថាគតបានឡើយ ។ នែអគិ្គវេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ពិចារណានូវអប្បាណកជ្ឈាន ។ នែអគ្គិវេស្សនៈ តថាគតក៏បិទខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផង ។ នែអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ ខ្យល់ដ៏ខ្លាំងក្រៃលែង ក៏ចាក់ដោតនូវក្បាល ។ នែអគិ្គវេស្សនៈ បុរសមានកម្លាំង ចាក់ឆ្កៀលខួរក្បាល ដោយចុងដែកស្រួតដ៏មុត យ៉ាងណាមិញ នែអគិ្គវេស្សនៈ លុះតថាគត បិទខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ ខ្យល់ដ៏ខ្លាំងក្រៃលែង ក៏ចាក់ដោតនូវក្បាល យ៉ាងនោះឯង។
នែអគ្គិវេស្សនៈ សេចកី្តព្យាយាមរបស់តថាគត តឹងតែងណាស់ មិនធូរថយឡើយ សតិក៏តម្កល់ខ្ជាប់ មិនបានវង្វេងភ្លេចឡើយ តែចំណែកខាងកាយ របស់តថាគត ដែលត្រូវព្យាយាមចាក់ដោត ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសារសេចកី្តព្យាយាបដ៏លំបាកនោះឯង ។ នែអគិ្គវេស្សនៈ ទុកណា ជាទុក្ខវេទនាមានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់នូវចិត្តរបស់តថាគតបានឡើយ ។ នែអគិ្គវេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញពិចារណានូវអប្បាណកជ្ឈាន តែម្យ៉ាង ។ នែអគិ្គវេស្សនៈ តថាគតក៏បិទខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផង ។ នែអគ្គិវេស្សនៈ លុះតថាគតនោះបិទខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ សីសវេទនា(១) ដ៏ខ្លាំងក្រៃលែងក៏កើតប្រាកដក្នុងក្បាល ។ នែអគ្គិវេស្សនៈ បុរសមានកម្លាំង រុំក្បាលដោយកំណាត់ព្រ័ត្រដ៏មាំ យ៉ាងណាមិញ នែអគ្គិវេស្សនៈ លុះតថាគតបិទខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ សីសវេទនាដ៏ខ្លាំងក្រៃលែង ក៏កើតប្រាកដក្នុងក្បាល ក៏យ៉ាងនោះឯង ។
នែអគិ្គវេស្សនៈ សេចកី្តព្យាយាមរបស់តថាគត តឹងតែងណាស់ មិនធូរថយឡើយ ទាំងសតិក៏តម្កល់ខ្ជាប់ មិនបានវង្វេងភ្លេច តែចំណែកខាងកាយរបស់តថាគត ដែលត្រូវព្យាយាមចាក់ដោត ទៅជាកាយ ក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសេចកី្តព្យាយាមដ៏លំបាកនោះឯង ។ នែអគ្គិវេស្សនៈ ទុកណាជា ទុក្ខវេទនាមានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏គ្របសង្កត់ចិត្តរបស់តថាគតមិន បានឡើយ ។ នែអគិ្គវេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ពិចារណានូវកអប្បាណកជ្ឈាន ។ នែអគិ្គវេស្សនៈ តថាគតនោះក៏បិទ ខ្យល់ដង្ហើមចេញនឹងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផង ។ នែអគ្គិវេស្សនៈ លុះតថាគតនោះបិទខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ ខ្យល់ដ៏ខ្លាំងក្រៃលែង ក៏សៀតឆ្មូលផ្ទៃ ។ នែអគិ្គវេស្សនៈ បុរសអ្នកសម្លាប់គោ ឬកូនសិស្សនៃបុគ្គលអ្នកសម្លាប់គោដ៏ឈ្លាសវៃ គប្បីអារនូវផ្ទៃដោយកាំបិតសម្រាប់អារគោដ៏មុត យ៉ាងណាមិញ នែអគ្គិវេស្សនៈ លុះតថាគតបិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពី ត្រចៀកផងហើយ ខ្យល់ដ៏ខ្លាំងក្រៃលែង ក៏សៀតឆ្មូលនូវផ្ទៃ យ៉ាងនោះឯង។
នែអគិ្គវេស្សនៈ សេចកី្តព្យាយាមរបស់តថាគត តឹងតែងណាស់ មិនធូរថយឡើយ ទាំងសតិ ក៏តម្កល់ខ្ជាប់ មិនបានវង្វេងភ្លេច តែចំណែកខាងកាយរបស់តថាគត ដែលត្រូវព្យាយាម ចាក់ដោត ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសារសេចកី្តព្យាយាម ដ៏លំបាកនោះឯង ។ នែអគ្គិវេស្សនៈ ទុកណាជាទុក្ខវេទនាមានសភាពដូច្នោះ កើតឡើង ដល់តថាគត ក៏មិនបានគ្របសង្កត់នូវចិត្តរបស់តថាគតបានឡើយ ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញពិចារណានូវអប្បាណកជ្ឈាន ។ ម្នាលអគិ្គវេស្សនៈ តថាគតនោះក៏បិទ ខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផង ។ ម្នាលអគ្គិវេស្សនៈ លុះតថាគតនោះបិទខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ សេចកី្តក្តៅក្រហាយដ៏ខ្លាំងក្រៃលែង ក៏កើតឡើងក្នុងកាយ ។ ម្នាលអគិ្គវេស្សនៈ បុរសមានកម្លាំងពីរនាក់ ចាប់នូវបុរសមាន កម្លាំងថយជាងខ្លួន ត្រង់ដៃទាំងសងខាង ឆ្អើរកម្តៅលើរណ្តៅរងើកភ្លើង យ៉ាងណាមិញ ម្នាលអគ្គិវេស្សនៈ លុះតថាគតនោះបិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ សេចកី្តក្តៅក្រហាយដ៏ខ្លាំងក្រៃលែង ក៏កើតឡើងក្នុងកាយ យ៉ាងនោះឯង ។
នែអគិ្គវេស្សនៈ សេចកី្តព្យាយាមរបស់តថាគត តឹងតែង ណាស់ មិនធូរថយឡើយ ទាំងសតិក៏តម្កល់ខ្ជាប់ខ្ជួន មិនបានវង្វេងភ្លេច តែចំណែកខាង កាយរបស់តថាគត ដែលត្រូវព្យាយាមចាក់ដោត ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសារសេចកី្តព្យាយាមដ៏លំបាកនោះឯង ។ ម្នាលអគ្គិវេស្សនៈ ទុកណា ជាទុក្ខវេទនា មានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏មិនបានគ្របសង្កត់ នូវចិត្តរបស់តថាគតឡើយ ។ ម្នាលអគិ្គវេស្សនៈ មានពួកទេវតា បានឃើញតថាគត ដូច្នោះហើយ និយាយយ៉ាងនេះថា ព្រះសមណគោតមធ្វើមរណកាលហើយ ។ ទេវតាពួកខ្លះ និយាយយ៉ាងនេះថា ព្រះសមណគោតមមិនទាន់ធ្វើមរណកាលនៅឡើយទេ តែគង់នឹង ធ្វើមរណកាលពុំខាន ។ទេវតាពួកខ្លះនិយាយយ៉ាងនេះថា ព្រះសមណគោតមមិនបាន ធ្វើមរណកាលទៅហើយទេ ទាំងនឹងមិនធ្វើមរណកាលឡើយ ព្រះសមណគោតមជាអរហន្ត ទ្រង់គង់ព្រះជន្មាយុដោយពិត ការគង់ព្រះជន្មាយុរបស់ព្រះអរហន្តនោះ មានសភាពយ៉ាងនេះ ។
ម្នាលអគ្គិវេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអាត្មាអញប្រតិបត្តិ ដើម្បីផ្តាច់បង់នូវអាហារ ដោយប្រការទាំងពួង ។ ម្នាលអគ្គិវេស្សនៈ លំដាប់នោះឯង ពួកទេវតាចូលទៅរកតថាគត ហើយនិយាយដូច្នេះថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គកុំប្រតិបតិ្តដើម្បីផ្តាច់បង់នូវអាហារ ដោយប្រការទាំងពួងឡើយ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ បើព្រះអង្គនឹងប្រតិបត្តិដើម្បីផ្តាច់បង់នូវអាហារ ដោយប្រការទាំងពួងតទៅ យើងទាំងឡាយនឹងញុំាងឱជាទិព្វ ឲ្យជ្រួតជ្រាបទៅតាមរណ្តៅរោម ទាំងឡាយរបស់ព្រះអង្គ ៗ នឹងរស់នៅដោយឱជាទិព្វនោះបាន ។ ម្នាលអគ្គិវេស្សនៈ តថាគត នោះមានសេចកី្តត្រិះរិះយ៉ាងនេះថា បើអាត្មាអញនឹងប្តេជ្ញាថាខ្លួនជាអ្នកគ្មានភោជន ដោយប្រការទាំងពួងផង ទេវតាទាំងឡាយនេះ នឹងញុំាងឱជាទិព្វឲ្យជ្រួតជ្រាប ចូលទៅតាមរណ្តៅរោមទាំងឡាយរបស់អាត្មាអញផង អាត្មាអញនឹងរស់នៅដោយឱជាទិព្វនោះផង អំពើនោះជាអំពើកុហករបស់អាត្មាអញ ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង ក៏និយាយឃាត់ទេវតាទាំងនោះវិញ តថាគតប្រាប់ថា កុំឡើយ ដូច្នេះ ។
ម្នាលអគិ្គវេស្សនៈ តថាគតនោះ មានសេចកី្តត្រិះរិះដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ បរិភោគនូវអាហារបន្តិចៗ ទោះបីគ្រាប់សណ្តែកបាយក្តី គ្រាប់ពពាយជ្រុងកី្ត គ្រាប់សណ្តែកកង់ក្តី គ្រាប់សណ្តែកទ្រើងកី្ត ត្រឹមតែមួយទូកដៃ ៗ ។ម្នាលអគិ្គវេស្សនៈ តថាគតក៏បានបរិភោគ នូវអាហារបន្តិច ៗ ទោះបីគ្រាប់សណ្តែកបាយកី្ត គ្រាប់ពពាយជ្រុងកី្ត គ្រាប់សណ្តែកកង់កី្ត គ្រាប់សណ្តែកទ្រើងកី្ត ត្រឹមតែមួយទូកដៃ ៗ ។ ម្នាលអគ្គិវេស្សនៈ កាលដែលតថាគតនោះ បរិភោគអាហារបន្តិច ៗ ទោះបីគ្រាប់ សណ្តែកបាយកី្ត គ្រាប់ពពាយជ្រុងកី្ត គ្រាប់សណ្តែកកង់កី្ត គ្រាប់សណ្តែកទ្រើងកី្ត ត្រឹមតែមួយទូកដៃ ៗ កាយតថាគតក៏ដល់នូវអាការស្គាំងស្គមក្រៃលែង ។ អវៈយវៈតូចធំ របស់តថាគត ដូចជាថ្នាំងនៃវលិ្ល ឈ្មោះអសីតិកៈ ឬដូចជាថ្នាំងនៃវលិ្លប្រេង ព្រោះមានអាហារតិចនោះឯង ។ គូថរបស់តថាគត ដូចជាស្នាមជើងនៃសត្វឱដ្ឋ ព្រោះមានអាហារតិចនោះឯង ។ ឆ្អឹងខ្នងរបស់តថាគត រដិបរដុប ដូចជាលំពង់ឈើ ដែលវល្លិព័ទ្ធវេញ ព្រោះមានអាហារតិចនោះឯង ។ របៀបឆ្អឹងជំនីរទាំងឡាយ របស់តថាគត ក៏រគីមរគាម ដូចជាបង្កង់នៃសាលាចាស់ ដ៏រគីមរគាម ព្រោះមានអាហារតិចនោះឯង ។ ប្រស្រីភ្នែក ក្នុងរណ្តៅភ្នែករបស់តថាគត ក៏ជ្រៅខូងចុះទៅ ដូចក្រពេញទឹកក្នុងអណ្តូង ទឹកជ្រៅ ដ៏ជ្រៅខូងចុះទៅ ព្រោះមានអាហារតិចនោះឯង ។ ស្បែកក្បាល ឰដ៏ក្បាល របស់តថាគត ដែលអាហារតិចនោះពាល់ត្រូវហើយ ក៏ស្វិតជ្រីវ ដូចជាផ្លែននោងព្រៃ ដែលគេកាត់ អំពីខ្ចី លុះខ្យល់នឹងកម្តៅថ្ងៃពាល់ត្រូវហើយ ក៏សិ្វតជ្រីវដូច្នោះឯង ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯងគិតថា អាត្មាអញនឹងស្ទាបស្បែកពោះ ក៏ចាប់ត្រូវលើ ឆ្អឹងខ្នងទៅវិញ គិតថាអាត្មាអញនឹងស្ទាបឆ្អឹងខ្នង ក៏ចាប់ត្រូវលើស្បែកពោះទៅវិញ ម្នាលអគ្គិវេស្សនៈ ព្រោះថា ស្បែកពោះរបស់តថាគតជាប់នឹងឆ្អឹងខ្នង ព្រោះមានអាហារ តិចនោះឯង ។ ម្នាលអគិ្គវេស្សនៈ តថាគតនោះឯងគិតថា អាត្មាអញនឹងបន្ទោបង់នូវវច្ចៈ ឬទឹកមូត្រ ក៏ដួលផ្កាប់ក្នុងទីនោះ ព្រោះមានអាហារតិចនោះឯង ។ ម្នាលអគិ្គវេស្សនៈ តថាគតនោះ ឯងធ្វើកាយនេះឲ្យស្រួលបួល ដុសខ្លួនប្រាណដោយដៃ ម្នាលអគិ្គវេស្សនៈ កាលបើតថាគតនោះ ដុសខ្លួនប្រាណដោយដៃ រោមទាំងឡាយមានគល់ស្អុយ ក៏ធ្លាក់ចុះអំពីកាយ ព្រោះមានអាហារតិចនោះឯង ។ ម្នាលអគិ្គវេស្សនៈ មនុស្សទាំងឡាយបាន ឃើញតថាគត ហើយពោលយ៉ាងនេះថា ព្រះសមណគោតម មានសម្បុរខ្មៅ ។ មនុស្សពួកខ្លះ និយាយយ៉ាងនេះថា ព្រះសមណគោតមមិនខ្មៅទេ ព្រះសមណគោតម សម្បុរសណ្តែកបាយ ។ មនុស្សពួកខ្លះនិយាយយ៉ាងនេះថា ព្រះសមណគោតមមិនមែនសម្បុរខ្មៅ មិនមែនសម្បុរសណ្តែកបាយទេ ព្រះសមណគោតមមាន សម្បុរស្បែកប្រផែះ ។ ម្នាលអគិ្គវេស្សនៈ សម្បុរស្បែករបស់តថាគតបរិសុទ្ធ ផូរផង់ដល់ម្ល៉ោះ ក៏ត្រឡប់ ជាអាប់អន់ ព្រោះមានអាហារតិចនោះឯង ។
ម្នាលអគិ្គវេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះដូចេ្នះថា ជនទាំងឡាយ ណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងអតីតកាល បានសោយនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសជាងនេះទៅទៀតទេ ។ ជនទាំងឡាយណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងអនាគតកាល នឹងរងនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពី ព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសលប់ជាងនេះទៅទៀតទេ ។ ជនទាំងឡាយណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងកាលឥឡូវនេះ នឹងរងនូវ ទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច.. ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹម ប៉ុណ្ណេះ មិនលើសលប់ជាងនេះទៅទៀតទេ ។ ចំណែកខាងអាត្មាអញ មិនទាន់បាន ត្រាស់ដឹងនូវគុណវិសេសគឺញាណទស្សនៈដ៏ឧត្តម ដែលអាចកម្ចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌ ដោយទុក្ករកិរិយា ដ៏ផ្សាខ្លោចនេះនៅឡើយ ។ ផ្លូវដទៃ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង គប្បីមានដែរឬហ្ន៎ ។ ម្នាលអគិ្គវេស្សនៈ តថាគតនោះ មានសេចកី្តត្រិះរិះដូច្នេះថា កាលដែលអាត្មាអញអង្គុយ នៅក្រោមម្លប់នៃដើមព្រីងដ៏ត្រជាក់ ក្នុងកិច្ចការរបស់សក្យរាជជាបិតា ក៏ធ្លាប់បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិត្តកៈ និងវិចារៈ មានបីតិនិងសុខ ដែលកើតអំពីសេចកី្តស្ងាត់នោះ ហើយសម្រេចសម្រាន្តនៅ ឱហ្ន៎ នុ៎ះឯង ជាផ្លូវនៃការត្រាស់ដឹងហើយ ទេដឹង ។ ម្នាលអគិ្គវេស្សនៈ វិញ្ញាណជាគ្រឿងរឭកតាមនូវស្មារតី ក៏កើតឡើងដល់តថាគតនោះថា ផ្លូវនុ៎ះឯងហើយ ជាផ្លូវនៃការត្រាស់ដឹង ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចកី្តតិ្រះរិះដូច្នេះថា សេចកី្តសុខណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញខ្លាចសេចកី្តសុខនោះ ឬហ្ន៎ ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានឭសេចកី្តត្រិះរិះដូច្នេះថា សេចកី្តសុខណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញ មិនខ្លាចសេចកី្តសុខនោះទេ ។ ម្នាលអគិ្គវេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះដូច្នេះថា បុគ្គលមានកាយ ដល់នូវអាការស្គាំងស្គមក្រៃលែងយ៉ាងនេះ មិនងាយបាននូវសេចកី្តសុខនោះទេ បើដូច្នោះគួរតែអាត្មាអញ បរិភោគនូវអាហារដ៏គ្រោតគ្រាត គឺបាយនិងនំវិញ ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯងក៏បរិភោគនូវអាហារដ៏គ្រោតគ្រាត គឺបាយនិងនំ ។ ម្នាលអគិ្គវេស្សនៈ សម័យនោះឯង ភិក្ខុទាំង ៥ រូប តាមមកបម្រើតថាគត ដោយគិតថា ព្រះសមណគោតមរបស់យើងនឹងបានត្រាស់ដឹងនូវធម៌ណា លោកនឹងប្រាប់នូវធម៌នោះ ដល់យើងទាំងឡាយ ។ ម្នាលអគិ្គវេស្សនៈ ព្រោះហេតុតែតថាគតបរិភោគនូវអាហារដ៏គ្រោតគ្រាត គឺបាយនិងនំ ក្នុងកាលណា ភិក្ខុទាំងប្រាំរូបនោះ លះបង់ រត់ចោលតថាគត ក្នុងកាលនោះ ដោយគិតថា ព្រះសមណគោតមប្រកបដោយល្មោភច្រើន ដោះចោលព្យាយាម ត្រឡប់ទៅដើម្បីសេចកី្តល្មោភច្រើន ។
ម្នាលអគ្គិវេស្សនៈ លុះតថាគតនោះឯង បរិភោគនូវអាហារដ៏គ្រោតគ្រាតហើយ ក៏មានកម្លាំង បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិនិង សុខដែលកើតអំពីសេចកី្តស្ងាត់នោះ ក៏សម្រេចសម្រាន្ត នៅដោយឥរិយាបថទាំង ៤ ។ ម្នាលអគ្គិវេស្សនៈ ទុកណាជាសុខវេទនា មានសភាពដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ចិត្តរបស់តថាគតបានឡើយ ។ លុះតថាគតរម្ងាប់វិតក្កៈនិងវិចារៈហើយ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចកី្តជ្រះថ្លាគឺសទ្ធា ជាសភាពនៃចិត្តដ៏ខ្ពស់ឯក ឥតមានវិតក្កៈនិងវិចារៈមានតែបីតិនិងសុខ ដែលកើតអំពីសមាធីគឺបឋមជ្ឈាន... ក៏បានដល់ នូវតតិយជ្ឈាន... បានដល់នូវចតុត្ថជ្ឈាន ក៏សម្រេចសម្រាន្តទៅដោយឥរិយាបថទាំង ៤ ។ ម្នាលអគ្គិវេស្សនៈ ទុកណាជា សុខវេទនាមានសភាពដូច្នេះកើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ចិត្ត របស់តថាគត បានឡើយ ។ កាលដែលចិត្តរបស់តថាគតខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួលពោល គឺកិលេស ប្រាសចាកឧបកិ្កលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ (ដោយអំណាចឈានទាំង ៤) ដោយប្រការដូច្នេះហើយ តថាគតបង្អោនចិត្តទៅដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ ។ តថាគតនោះ រឭកឃើញនូវបុព្វេនិវាសច្រើនប្រការ គឺរឭកឃើញជាតិ ១ ខ្លះ ជាតិ ២ ខ្លះ ។បេ។ រឭកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការគឺរូបនិងអាហារជាដើម ព្រមទាំងឧទ្ទេសគឺឈ្មោះនិងគោត្រកូលជាដើម ដោយប្រការដូច្នេះ ។ ម្នាលអគិ្គវេស្សនៈ វិជ្ជាទី ១ នេះឯង តថាគតបានហើយក្នុងបឋមយាមនៃរាត្រី អវិជ្ជាខ្ចាត់បាត់ទៅហើយ វិជ្ជាក៏កើតឡើង សេចកី្តងងឹតខ្ជាត់បាត់ទៅហើយ ពន្លឺក៏កើតឡើងដល់តថាគត ដូចបុគ្គលដែលមិនប្រមាទ មានព្យាយាមញុំាំងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ដែលបាននូវវិជ្ជាទី ១ នោះដែរ ។ ម្នាលអគ្គិវេស្សនៈ ទុកណាជាសុខវេទនា មានសភាព ដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ នូវចិត្តរបស់តថាគត បានឡើយ ។
កាលបើចិត្តរបស់តថាគតខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ ដោយប្រការដូច្នេះហើយ តថាគតក៏បង្អោនចិត្តទៅ ដើម្បីសត្តចុតូបបាតញ្ញាណ ។ តថាគតនោះ មានចក្ខុ ដូចជាទិព្វដ៏ស្អាត កន្លងហួសចក្ខុរបស់មនុស្សធម្មតា ក៏បានឃើញនូវពួកសត្វដែលច្យុត ដែលកើតឡើង ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានរូបល្អខ្លះ រូបអាក្រក់ខ្លះ មានគតិល្អខ្លះ គតិអាក្រក់ខ្លះ មួយវិញទៀត តថាគតដឹងច្បាស់នូវពួកសត្វដែលប្រព្រឹត្តទៅតាមកម្ម ។បេ។ ម្នាលអគ្គិវេស្សនៈ វិជ្ជាទី ២ នេះឯង តថាគតបានហើយ ក្នុងមជ្ឈិមយាមនៃរាត្រី អវិជ្ជាខ្ជាត់បាត់ទៅ ហើយវិជ្ជាក៏កើតឡើង សេចកី្តងងឹត ខ្ជាត់បាត់ទៅហើយ ពន្លឺកកើតឡើងដល់តថាគត ដូចបុគ្គលដែលមិនប្រមាទ មានព្យាយាមញុំាងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ដែលបាននូវវិជ្ជាទី ២ ដូច្នោះដែរ ។ ម្នាលអគ្គិវេស្សនៈ ទុកណាជាសុខវេទនា មានសភាពដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់នូវចិត្ត របស់តថាគត បានឡើយ ។
កាលបើចិត្តរបស់តថាគតខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមាន ទីទួលពោល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ តថាគតក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ ។ តថាគតបានដឹងច្បាស់តាមពិតថា នេះជាទុក្ខ បានដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ បានដឹងច្បាស់តាមពិតថា នេះជាទីរលត់ទុក្ខ បានដឹង ច្បាស់តាមពិតថា នេះសេចកី្តប្រតិបត្តិជាដំណើរទៅកាន់ទីរលត់ទុក្ខ បានដឹងច្បាស់តាមពិតថា នេះជាអាសវៈ បានដឹងច្បាស់តាមពិតថា នេះជាធម៌នាំឲ្យកើតអាសវៈ បានដឹង ច្បាស់តាមពិតថា នេះជាទីរលត់អាសវៈ បានដឹងច្បាស់តាមពិតថា នេះសេចកី្តប្រតិបត្តិ ជាដំណើរទៅកាន់ ទីរលត់អាសវៈ ។ កាលបើតថាគតនោះដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តរបស់តថាគតរួចចាកកាមសវៈផង ចិត្តរបស់តថាគតរួចចាកភវាសវៈផង ចិត្តរបស់តថាគតរួចចាកអវិជ្ជាសវៈផង ។បេ។ តថាគតដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀតមិនមានឡើយ ។ ម្នាលអគ្គិវេស្សនៈ វិជ្ជាទី ៣ នេះឯង តថាគតបានហើយក្នុងមច្ឆិមយាមនៃរាត្រី អវិជ្ជាខ្ជាត់បាត់ទៅហើយ វិជ្ជាក៏កើតឡើង សេចកី្តងងឹតខ្ជាត់បាត់ទៅហើយ ពន្លឺក៏កើតឡើងដល់តថាគត ដូចបុគ្គលដែលមិនប្រមាទ មានព្យាយាម ញុំាងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ដែលបាននូវវិជ្ជាទី ៣ ដូច្នោះដែរ ។ ម្នាលអគ្គិវេស្សនៈ ទុកណាជាសុខវេទនាមាន សភាពដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់នូវចិត្តរបស់តថាគតបានឡើយ ។
(សុត្តន្តបិដក មជ្ឈិមនិកាយ មូលបណ្ណាសក មហាយមកវគ្គ បិដកលេខ ២២ ទំព័រ ១១៣) ដោយ ស.ដ.វ.ថ. ។
ដោយ៥០០០ឆ្នាំ
images/articles/3505/2026-07-21_09_46_32-______________________________________________________________-__Protected_View_-_Word.jpg
Public date : 02, Sep 2026 (276 Read)
ទុតិយសក្កនមស្សនសូត្រ
(ច្បាប់ឆដ្ឋសង្គាយនាថា សត្ថារវន្ទនាសូត្រ)
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ បានហៅ
មាតលិសង្គាហកទេវបុត្ត មកប្រាប់ថា ម្នាលមាតលិសម្លាញ់ ចូរអ្នកទឹមរថអាជានេយ្យ ដែលទឹមសេះមួយពាន់ យើងនឹងទៅកាន់ឧយ្យានភូមិ ដើម្បីមើលទីដ៏សប្បាយ ។ ម្នាលភិក្ខុទាំងឡាយ មាតលិសង្គាហកទេវបុត្ត ទទួលស្តាប់សក្កទេវានមិន្ទថា ព្រះករុណាថ្លៃវិសេស សូមព្រះអង្គមានសេចក្តីចម្រើន ហើយទឹមរថអាជានេយ្យ ដែលទឹមសេះមួយពាន់ ហើយក្រាបទូលដល់សក្កទេវានមិន្ទថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ រថអាជានេយ្យ ដែលទឹមសេះមួយពាន់ ខ្ញុំព្រះអង្គបានទឹមបម្រុងព្រះអង្គហើយ សូមព្រះអង្គ សំគាល់នូវកាលគួរនឹងស្តេចទៅ ឥឡូវនេះចុះ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង សក្កទេវានមិន្ទ កាលយាងចុះចាកវេជយន្តប្រាសាទ ក៏ធ្វើអញ្ជលី នមស្ការព្រះមានព្រះភាគ ។
ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មាតលិសង្គាហកទេវបុត្ត បានពោលនឹងសក្កទេវានមិន្ទ ដោយគាថាថា បពិត្រវាសវៈ សេចក្តីពិតថា ពួកទេវតានិងមនុស្ស តែងនមស្ការចំពោះព្រះអង្គ បពិត្រសក្កទេវរាជ កាលបើយ៉ាងនេះ ទ្រង់នឹងនមស្ការចំពោះអ្នកណា អ្នកនោះជាបុគ្គលគួរគេបូជា តើជាអ្នកណា ។
សក្កទេវរាជ ត្រាស់ថា ម្នាលមាតលិ ក្នុងលោកនេះ ព្រះសាស្តាអង្គណា ជាសម្មាសម្ពុទ្ធ ខ្ញុំនមស្ការចំពោះព្រះសាស្តាអង្គនោះ ដែលមានព្រះនាមមិនថោកទាប ក្នុងលោកនេះ ព្រមទាំងទេវលោក ពួកបុគ្គលណាកម្ចាត់បង់រាគៈ ទោសៈ និងអវិជ្ជា អស់អាសវៈហើយ ជាព្រះអរហន្ត ម្នាលមាតលិ ខ្ញុំនមស្ការចំពោះពួកបុគ្គលនោះ ពួកបុគ្គលណា បន្ទោបង់រាគៈ និងទោសៈ កន្លងបង់នូវអវិជ្ជា ជាសេក្ខបុគ្គល ជាអ្នកត្រេកអរ ក្នុងកិរិយាកម្ចាត់បង់នូវវដ្តៈ ជាអ្នកមិនប្រមាទ សិក្សារឿយៗ (ក្នុងអរិយវិន័យ) ម្នាលមាតលិ ខ្ញុំនមស្ការ ចំពោះពួកបុគ្គលនោះ ។
មាតលិតបថា បពិត្រសក្កទេវរាជ សេចក្តីពិតថា ទ្រង់នមស្ការចំពោះពួកបុគ្គលណា ពួកបុគ្គលនោះ ប្រសើរបំផុត ក្នុងលោក បពិត្រវាសវៈ ទ្រង់នមស្ការ ចំពោះបុគ្គលណា ខ្ញុំព្រះអង្គក៏នមស្ការ ចំពោះបុគ្គលនោះដែរ ។ លុះមឃវទេវរាជ ព្រះនាមសុជម្បតិ ជាប្រធានរបស់ទេវតា ពោលគាថានេះហើយ ក៏នមស្ការចំពោះព្រះមានព្រះភាគ ហើយទ្រង់ឡើងគង់លើរថទៅ ។
(សុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គ សក្កសំយុត្ត ទុតិយវគ្គ ទុតិយសក្កនមស្សនសូត្រ បិដកលេខ ៣០ ទំព័រ ២៩០)
តតិយសក្កនមស្សនសូត្រ
(ច្បាប់ឆដ្ឋសង្គាយនាថា សង្ឃវន្ទនាសូត្រ)
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ ត្រាស់ហៅ
មាតលិសង្គាហកទេវបុត្ត មកប្រាប់ថា ម្នាលមាតលិសម្លាញ់ ចូរអ្នកទឹមរថអាជានេយ្យ ដែលទឹមសេះមួយពាន់ យើងនឹងទៅកាន់ឧយ្យានភូមិ ដើម្បីមើលនូវទីដ៏សប្បាយ ។ ម្នាលភិក្ខុទាំងឡាយ មាតលិសង្គាហកទេវបុត្ត ទទួលស្តាប់សក្កទេវានមិន្ទថា ព្រះករុណាថ្លៃវិសេស សូមព្រះអង្គមានសេចក្តីចម្រើន ហើយទឹមរថអាជានេយ្យ ដែលទឹមសេះមួយពាន់ រួចក្រាបទូលសក្កទេវានមិន្ទថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ រថអាជានេយ្យ ដែលទឹមសេះមួយពាន់ ខ្ញុំព្រះអង្គទឹមបម្រុងចាំព្រះអង្គរួចហើយ សូមទ្រង់សំគាល់នូវកាលគួរនឹងស្តេចទៅ ក្នុងកាលឥឡូវនេះចុះ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង សក្កទេវានមិន្ទ ស្តេចចុះអំពីវេជយន្តប្រាសាទ ធ្វើអញ្ជលី នមស្ការចំពោះព្រះភិក្ខុសង្ឃ ។
ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មាតលិសង្គាហកទេវបុត្ត បានពោលនឹងសក្កទេវាន-មិន្ទ ដោយគាថាថា សេចក្តីពិតថា ពួកជនទាំងនោះ ដេកនៅក្នុងរាងកាយមាតាដ៏ស្អុយ គួរតែថ្វាយបង្គំចំពោះព្រះអង្គវិញ ព្រោះពួកជនទាំងនុ៎ះ មុជចុះក្នុងសាកសពគឺផ្ទៃមាតា ពេញដោយការឃ្លាន និងការស្រេក បពិត្រវាសវៈ ព្រះអង្គស្រឡាញ់សេចក្តីប្រព្រឹត្ត របស់ពួកអ្នកបួសនោះ ដូចម្តេច សូមទ្រង់ប្រាប់សេចក្តីប្រព្រឹត្តរបស់ពួកអ្នកបួស យើងខ្ញុំនឹងស្តាប់ពាក្យនោះរបស់ព្រះអង្គ ។
សក្កទេវរាជ មានព្រះបន្ទូលថា ម្នាលមាតលិ ខ្ញុំស្រឡាញ់ត្រង់សេចក្តីប្រព្រឹត្ត របស់ពួកអ្នកបួសនោះ ព្រោះពួកអ្នកបួសនោះ វៀរចាកកាមណា មិនអាល័យកាមនោះសោះ អ្នកបួសទាំងនោះ មិនទុកស្រូវក្នុងជង្រុក មិនទុកស្រូវក្នុងក្អម មិនទុកស្រូវក្នុងកញ្ច្រែង ស្វែងរកតែអាហារដែលអ្នកដទៃសម្រេចហើយ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយអាហារនោះ ជាអ្នកមានវត្តល្អ និយាយតែពាក្យជាសុភាសិត ជាអ្នកស្ងប់ស្ងៀម ប្រព្រឹត្តធម៌ស្មើ ម្នាលមាតលិ អម្បាលដូចជាពួកទេវតា នៅឈ្លោះគ្នានឹងពួកអសុរ ពួកសត្វជាច្រើន ក៏នៅឈ្លោះគ្នាដែរ កាលបើពួកសត្វកំពុងឈ្លោះគ្នា ពួកអ្នកបួសនោះ មិនឈ្លោះគ្នាសោះ ជាអ្នករំលត់ក្នុងពួកសត្វ ដែលមានអាជ្ញាដល់ខ្លួន កាលពួកសត្វប្រកបដោយសេចក្តីប្រកាន់ លោកមិនមាន សេចក្តីប្រកាន់ទេ ម្នាលមាតលិ ខ្ញុំថ្វាយបង្គំចំពោះពួកអ្នកបួសនោះ ។
បពិត្រសក្កទេវរាជ ទ្រង់ថ្វាយបង្គំ ចំពោះពួកបុគ្គលណា ពួកបុគ្គលនោះ ប្រសើរបំផុត ក្នុងលោកពិតហើយ បពិត្រវាសវៈ ទ្រង់ថ្វាយបង្គំ ចំពោះពួកបុគ្គលណា ខ្ញុំព្រះអង្គ ក៏ថ្វាយបង្គំ ចំពោះពួកបុគ្គលនោះដែរ ។ លុះមឃវទេវរាជ ព្រះនាមសុជម្បតិ ជាប្រធានរបស់ពួកទេវតា ពោលពាក្យនេះហើយ ក៏នមស្ការ ចំពោះព្រះភិក្ខុសង្ឃ ហើយឡើងគង់លើរថទៅ ។
(សុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គ សក្កសំយុត្ត ទុតិយវគ្គ តតិយសក្កនមស្សនសូត្រ បិដកលេខ ៣០ ទំព័រ ២៩៣)
ព្រះនាមព្រះឥន្ទ
១. សក្កៈ អ្នកឲ្យទានដោយគោរព, អ្នកអាចយកឈ្នះលើពួកអសុរ
២. បុរិន្ទទៈ អ្នកធ្លាប់ឲ្យទានក្នុងកាលមុន
៣. ទេវរាជ ស្ដេចទេវតា
៤. វជិរបាណិ អ្នកមានដៃកាន់ដំបងពេជ្រ
៥. សុជម្បតិ អ្នកជាធំលើនាងសុជាតា (ប្ដីនាងសុជាតា)
៦. សហស្សក្ខៈ អ្នកមានភ្នែកមួយពាន់
៧. មហិន្ទៈ អ្នកមានឫទ្ធិធំ
៨. វជិរាវុធ អ្នកមានអាវុធគឺដំបងពេជ្រ។
៩.សុរនាថៈ អ្នកជាទីពឹងរបស់ទេវតា
១០.ភូតបតិ អ្នកគ្រប់គ្រងសត្វលោក
១១.មឃវៈ អ្នកដែលទេវតាបូជា
១២. កោសិយៈ អ្នកមានឃ្លាំងទ្រព្យ
១៣. ឥន្ទៈ អ្នកគ្រប់គ្រងអ្នកដទៃ
១៤. ទេវានមិន្ទៈ អ្នកជាធំជាងទេវតា
១៥. វត្រភូ អ្នកបង្រ្កាបអសូរ
១៦.បាកសាសនៈ អ្នកប្រៀនប្រដៅនិងជិះជាន់ពួកអសុរ
១៧.វិឌោជៈ អ្នកផ្សាយអំណាច
(អភិធានប្បទីបិកា សគ្គកណ្ឌ ១៨-១៩-២០ គាថាយំ)
ដោយ ខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/3516/2026-07-28_18_43_57-Untitled_-_Notepad.jpg
Public date : 02, Sep 2026 (299 Read)
ទៀបក្រុងសាវត្ថី សម័យនោះឯង កោកាលិកភិក្ខុមានអាពាធ ដល់ នូវ សេចក្តីទុក្ខ ឈឺធ្ងន់។ លំដាប់នោះឯង កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ព្រហ្មមួយអង្គ ឈ្មោះ តុទុ មានរស្មីភ្លឺ រុងរឿង ញុំាងវត្តជេតពន ទាំងអស់ ឲ្យភ្លឺស្វាង ចូល ទៅរកកោកាលិកភិក្ខុ លុះចូលទៅដល់ហើយ ក៏ឋិតនៅឰដ៏អាកាស បាននិយាយ នឹង កោកាលិកភិក្ខុ យ៉ាងនេះថា នែកោកាលិក លោកចូរញុំាងចិត្ត ឲ្យជ្រះថ្លាក្នុង ព្រះសារីបុត្ត និងព្រះមោគ្គល្លានចុះ ព្រោះព្រះសារីបុត្ត និងព្រះមោគ្គល្លាន មាន សីល ជាទីស្រឡាញ់។ កោកាលិកភិក្ខុសួរថា ម្នាលអាវុសោ អ្នកជាអ្វី។ តុទុព្រហ្មតបថា ខ្លួនខ្ញុំ ជាព្រហ្មម្នាក់ឈ្មោះតុទុ។ កោកាលិកភិក្ខុ សួរថា ម្នាលអាវុសោ អ្នកឯង ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាអនាគាមិបុគ្គល ហើយ ហេតុអ្វីក៏ឥឡូវ នេះ អ្នក មកក្នុងទីនេះ។ តុទុព្រហ្មតបថា លោកចូរឃើញ កំហុសរបស់លោកនេះចុះ។
[៧៦] បុគ្គលពាល ពោលទុព្ភាសិត កាត់បង់ខ្លួន ដោយវាចាណា វាចានោះ ដូចជាផ្លែដឹង កើតក្នុងមាត់បុរស ដែលកើតហើយ អ្នកណា សរសើរ បុគ្គល ដែល គួរនិន្ទា ឬនិន្ទាបុគ្គល ដែលគួរសរសើរ អ្នកនោះឈ្មោះថា សន្សំទោសដោយមាត់ រមែង មិនបានសុខ ព្រោះទោសនោះ ការចាញ់ធន ព្រមទាំងទ្រព្យ គ្រប់ចំពូក ព្រម ទាំងខ្លួន ទៅលើល្បែងភ្នាល់ទាំងឡាយ ទោសនេះ ជាទោស មានប្រមាណតិចទេ បុគ្គលដែលញុំាង ចិត្តឲ្យប្រទូស្ត ក្នុង បុគ្គលទាំងឡាយ ដែលមានគតិល្អ ទោស នេះឯង ទើបជាទោសធំជាង។ បុគ្គលតំកល់វាចា និងចិត្តអាក្រក់ ជាអ្នកតិះដៀលព្រះអរិយៈ ទាំងឡាយ ទៅកើតក្នុងនរកណា នរកនោះ មានអាយុចំនួនមួយសែន និងសាមសិប ប្រាំមួយនិរព្វុទៈ និងប្រាំអព្វុទៈ។
សំយុត្តនិកាយ សគាថវគ្គ ទុតិយភាគ
(ព្រះត្រៃបិដក លេខ ៣០)
ដោយ៥០០០ឆ្នាំ
images/articles/3220/______________________________.jpg
Public date : 30, Jul 2026 (5,258 Read)
សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយណាមួយដែលត្រូវធ្វើដោយកំឡាំង ការងារទាំងអស់នោះ បុគ្គលលុះតែអាស្រ័យផែនដី ឈរលើផែនដី ទើបធ្វើបាន ការងារទាំងឡាយ ដែលត្រូវធ្វើដោយកំឡាំងទាំងនុ៎ះ បុគ្គលតែងធ្វើយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុលុះតែអាស្រ័យនូវសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន។
[១៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុលុះតែអាស្រ័យនូវសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើនសម្មាសង្កប្បៈ ចម្រើនសម្មាវាចា ចម្រើនសម្មាកម្មន្តៈ ចម្រើនសម្មាអាជីវៈ ចម្រើនសម្មាវាយាមៈ ចម្រើនសម្មាសតិ ចម្រើនសម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលុះតែអាស្រ័យសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។
ម្នាលភិក្ខុទាំងឡាយ ពីជគាម និងភូតគាមទាំងឡាយណាមួយ ពីជគាម និងភូតគាមទាំងអស់នោះ តែងអាស្រ័យផែនដី តាំងស៊ប់លើផែនដីហើយ ទើបដល់នូវការចម្រើន លូតលាស់ ធំទូលាយបាន ពីជគាម និងភូតគាមទាំងនុ៎ះ តែងដល់នូវការចម្រើនលូតលាស់ ធំទូលាយ ដោយហេតុយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុ កាលអាស្រ័យសីល តាំងនៅក្នុងសីលហើយ ចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ហើយធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចម្រើនលូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយបាន។
[១៧៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ហើយធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចម្រើន លូតលាស់ធំទូលាយក្នុងធម៌ទាំងឡាយបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើនសម្មាសង្កប្បៈ ចម្រើនសម្មាវាចា ចម្រើនសម្មាកម្មន្តៈ ចម្រើនសម្មាអាជីវៈ ចម្រើនសម្មាវាយាមៈ ចម្រើនសម្មាសតិ ចម្រើនសម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ។ សម្មាទិដ្ឋិ មានវិវេក ៥ មាន វិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២ សម្មាសង្កប្បៈ។បេ។ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។
[១៧៥] សម្មាទិដ្ឋិ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើនបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និស្សរណវិវេក គឺ ជានិរោធ និញ្វន។ នេះសម្មាទិដ្ឋិ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ហើយ ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា អធិដ្ឋានល្អហើយ។
[១៧៦] សម្មាទិដ្ឋិ មានវិរាគៈ ៥ តើដូចម្តេច។ វិក្ខម្ភនវិរាគៈ ១ តទង្គវិរាគៈ ១ សមុច្ឆេទវិរាគៈ ១ បដិប្បស្សទ្ធិវិរាគៈ ១ និស្សរណវិរាគៈ ១។ វិក្ខម្ភនវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិរាគៈ សម្រាប់បុគ្គល កាលចម្រើនមគ្គ ជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិរាគៈ មានក្នុងខណៈនៃផល និស្សរណវិរាគៈ គឺជានិរោធ និញ្វន នេះសម្មាទិដ្ឋិ មានវិរាគៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិរាគៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។
[១៧៧] សម្មាទិដ្ឋិ មាននិរោធ ៥ តើដូចម្តេច។ វិក្ខម្ភននិរោធ ១ តទង្គនិរោធ ១ សមុច្ឆេទនិរោធ ១ បដិប្បស្សទ្ធិនិរោធ ១ និស្សរណនិរោធ ១។ ឯវិក្ខម្ភននិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈ ហើយចម្រើនបឋមជ្ឈាន តទង្គនិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើននូវសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទនិរោធ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិនិរោធ មានក្នុងខណៈនៃផល និស្សរណនិរោធ គឺជាអមតធាតុ នេះសម្មាទិដ្ឋិមាននិរោធ ៥។ បុគ្គលណាមានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងនិរោធទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។
[១៧៨] សម្មាទិដ្ឋិមានវោស្សគ្គៈ ៥ តើដូចម្តេច។ វិក្ខម្ភនវោសង្សគ្គៈ ១ តទង្គវោស្សគ្គៈ ១ សមុច្ឆេទវោស្សគ្គៈ ១ បដិប្បស្សទ្ធិវោស្សគ្គៈ ១ និស្សរណវោស្សគ្គៈ ១។ ឯវិក្ខម្ភនវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើនបឋមជ្ឈាន តទង្គវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវោស្សគ្គៈ សម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវោស្សគ្គៈ មានក្នុងខណៈនៃផល និរោធវោស្សគ្គៈ គឺជានិរោធ និញ្វន នេះ សម្មាទិដ្ឋិ មានវោស្សគ្គៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវោស្សគ្គៈ ទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ នេះសម្មាទិដ្ឋិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។
[១៧៩] សម្មាសង្កប្បៈ។បេ។ សម្មាវាចា។បេ។ សម្មាកម្មន្តៈ។បេ។ សម្មាអាជីវៈ។បេ។ សម្មាវាយាមៈ។បេ។ សម្មាសតិ។បេ។ សម្មាសមាធិ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយហើយ ចម្រើននូវបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និរោធវិវេក គឺជានិរោធ និញ្វន នេះសម្មាសមាធិ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។
[១៨០] សម្មាសមាធិ មានវិរាគៈ ៥ តើដូចម្តេច។ វិក្ខម្ភនវិរាគៈ ១ តទង្គវិរាគៈ ១ សមុច្ឆេទវិរាគៈ ១ បដិប្បស្សទ្ធិវិរាគៈ ១ និស្សរណវិរាគៈ ១។ វិក្ខម្ភនវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិរាគៈ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិរាគៈ មានក្នុងខណៈនៃផល និស្សរណវិរាគៈ គឺជានិរោធ និញ្វន នេះសម្មាសមាធិ មានវិរាគៈ ៥។ បុគ្គលណាមានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងវិរាគៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។
[១៨១] សម្មាសមាធិ មាននិរោធ ៥ តើដូចម្តេច។ វិក្ខម្ភននិរោធ ១ តទង្គនិរោធ ១ សមុច្ឆេទនិរោធ ១ បដិប្បស្សទ្ធិនិរោធ ១ និស្សរណនិរោធ ១។ ឯវិក្ខម្ភននិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គនិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទនិរោធ សម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិនិរោធ មានក្នុងខណៈនៃផល និស្សរណនិរោធ គឺជានិរោធ និញ្វន នេះសម្មាសមាធិ មាននិរោធ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងនិរោធទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។
[១៨២] សម្មាសមាធិ មានវោស្សគ្គៈ ៥ តើដូចម្តេច។ វិក្ខម្ភនវោស្សគ្គៈ ១ តទង្គវោស្សគ្គៈ ១ សមុច្ឆេទវោស្សគ្គៈ ១ បដិប្បស្សទ្ធិវោស្សគ្គៈ ១ និស្សរណវោស្សគ្គៈ ១។ ឯវិក្ខម្ភនវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈហើយ ចម្រើននូវបឋមជ្ឈាន តទង្គវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវោស្សគ្គៈ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវោស្សគ្គៈ មានក្នុងខណៈនៃផល និរោធវោស្សគ្គៈ គឺជានិរោធ និញ្វន នេះ សម្មាសមាធិ មានវោស្សគ្គៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងវោស្សគ្គៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។
នេះ សម្មាសមាធិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។
[១៨៣] ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយណាមួយ ដែលត្រូវធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលលុះតែអាស្រ័យផែនដី ឈរលើផែនដី ទើបធ្វើបាន ការងារទាំងឡាយ ដែលត្រូវធ្វើដោយកំឡាំងនុ៎ះ បុគ្គលតែងធ្វើយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុលុះតែអាស្រ័យសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ បាន។បេ។ ភិក្ខុកាលចម្រើននូវពោជ្ឈង្គទាំង ៧ កាលធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ រមែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយ។បេ។ ភិក្ខុចម្រើននូវពលៈ ៥ ធ្វើឲ្យច្រើននូវពលៈ ៥។បេ។ ភិក្ខុកាលចម្រើននូវពលៈ ៥ កាលធ្វើឲ្យច្រើននូវពលៈ ៥ រមែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយ។បេ។ ភិក្ខុចម្រើននូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥។បេ។ ម្នាលភិក្ខុទាំងឡាយ ពីជគាម និងភូតគាមឯណាមួយ ពីជគាម និងភូតគាមទាំងអស់នោះ តែងអាស្រ័យនូវផែនដី តាំងនៅលើផែនដី ទើបដល់នូវការចម្រើន លូតលាស់ ធំទូលាយបាន ពីជគាម និងភូតគាមនុ៎ះ តែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ដោយហេតុយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវឥន្ទ្រិយ ៥ ហើយធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ ទើបដល់នូវការចម្រើន លូតលាស់ធំទូលាយ ក្នុងធម៌ទាំងឡាយបាន។
[១៨៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវឥន្ទ្រិយ ៥ ហើយធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ ទើបដល់នូវការចម្រើនលូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសទ្ធិន្ទ្រិយ ដែលអាស្រ័យវិវេក អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើនវីរិយន្ទ្រិយ។បេ។ ចម្រើនសតិន្ទ្រិយ ចម្រើនសមាធិន្ទ្រិយ ចម្រើនបញ្ញិន្ទ្រិយ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ។ សទ្ធិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។បេ។ វីរិយន្ទ្រិយ។បេ។ សតិន្ទ្រិយ។បេ។ សមាធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។
[១៨៥] សទ្ធិន្ទ្រិយ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់)នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និស្សរណវិវេក គឺជានិរោធ និញ្វន នេះ សទ្ធិន្ទ្រិយ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ នេះសទ្ធិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ វីរិយន្ទ្រិយ។បេ។ សតិន្ទ្រិយ។បេ។ សមាធិន្ទ្រិយ។បេ។
បញ្ញិន្ទ្រិយ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។បេ។ នេះ បញ្ញិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មាននិស្ស័យ ១២។
ចប់ វិវេកថា។
ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ តតិយភាគ
(ព្រះត្រៃបិដក ភាគទី៧១)
ដោយ៥០០០ឆ្នាំ
images/articles/3192/45wrrtuu755666.jpg
Public date : 30, Jul 2026 (7,837 Read)
ចុន្ទីសូត្រ ទី២
[៣២] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅវត្តវេឡុវន ជាកលន្ទកនិវាបដ្ឋាន ទៀបក្រុងរាជគ្រិះ។ គ្រានោះ នាងចុន្ទីរាជកុមារី មានរថ ៥០០ និងកុមារី ៥០០ ហែហម ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់ក្នុងទីសមគួរ។ លុះនាងចុន្ទីរាជកុមារី ប្រថាប់ក្នុងទីសមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន រាជកុមារឈ្មោះចុន្ទៈ ជាបងខ្ញុំព្រះអង្គនោះ និយាយយ៉ាងនេះថា តាមតែបុគ្គលណាក៏ដោយ ទោះស្រ្តីក្តី បុរសក្តី ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹងហើយ វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយ មជ្ជប្បមាទដ្ឋាន បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិទេ។
បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមសួរព្រះដ៏មានព្រះភាគថា បុគ្គលជ្រះថ្លា ក្នុងព្រះសាស្តា មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ជ្រះថ្លាក្នុងព្រះធម៌ មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ជ្រះថ្លាក្នុងព្រះសង្ឃ មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ បំពេញក្នុងសីល មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិទេ។
ម្នាលនាងចុន្ទី រាប់តាំងពីពួកសត្វឥតជើងក្តី មានជើង២ក្តី ជើង៤ក្តី ជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តី មិនមែនជាមិនមានសញ្ញាក្តី ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ។ ម្នាលនាងចុន្ទី ពួកបុគ្គលណា ជ្រះថ្លាក្នុងព្រះពុទ្ធ ពួកបុគ្គលនោះ ឈ្មោះថា ជ្រះថ្លា ក្នុងបុគ្គលដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុងបុគ្គលដ៏ប្រសើរ។ ម្នាលនាងចុន្ទី ពួកសង្ខតធម៌ក្តី អសង្ខតធម៌ក្តី ទាំងប៉ុន្មាន វិរាគធម៌ គឺធម៌ញ៉ាំងសេចក្តីស្រវឹង ឲ្យទ្រុឌទ្រោម នាំបង់នូវសេចក្តីស្រេកឃ្លាន គាស់រំលើងនូវសេចក្តីអាល័យ ផ្តាច់បង់នូវវដ្ដៈ អស់តណ្ហា ប្រាសចាកតម្រេក រលត់ទុក្ខ មិនមានគ្រឿងចាក់ដោត ប្រាកដជាប្រសើរជាងពួកធម៌ទាំងនោះ។
ម្នាលនាងចុន្ទី ពួកបុគ្គលណាជ្រះថ្លា ក្នុងវិរាគធម៌ ពួកបុគ្គលនោះ ឈ្មោះថាជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុងធម៌ដ៏ប្រសើរ។ ម្នាលនាងចុន្ទី សង្ឃក្តី គណៈក្តី ទាំងប៉ុន្មាន សង្ឃសាវករបស់តថាគត បើរាប់ជាគូនៃបុរស មាន៤គូ បើរាប់រៀងជាបុរសបុគ្គល មាន៨ សង្ឃទាំងនុ៎ះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ជាអ្នកគួរទទួលចតុប្បច្ច័យ ដែលគួរឧទ្ទិសចំពោះ ហើយនាំមកបូជា គួរទទួលអាគន្តុកទាន គួរទទួលនូវទាន ដែលបុគ្គលជឿនូវកម្ម និងផលនៃកម្ម ហើយបូជា គួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ប្រាកដជាប្រសើរជាងសង្ឃ ឬគណៈទាំងនោះ ម្នាលនាងចុន្ទី ពួកបុគ្គលណាជ្រះថ្លា ក្នុងព្រះសង្ឃ ពួកបុគ្គលនោះ ឈ្មោះថាជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ។
ម្នាលនាងចុន្ទី សីលដែលព្រះអរិយៈសរសើរ ទាំងអម្បាលម៉ាន ជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលអ្នកជា ដែលវិញ្ញូជនសរសើរហើយ មិនប៉ះពាល់ ដោយតណ្ហា និងទិដ្ឋិ ប្រព្រឹត្តទៅ ដើម្បីសមាធិ នេះប្រាកដជាប្រសើរជាងសីលទាំងនោះ។ ម្នាលនាងចុន្ទី ពួកបុគ្គលណា ជាអ្នកបំពេញក្នុងពួកសីល ដែលព្រះអរិយៈសរសើរហើយ ពួកបុគ្គលទាំងនោះ ឈ្មោះថា បានបំពេញ ក្នុងសីលដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកបំពេញ ក្នុងសីលដ៏ប្រសើរ។
បុណ្យ គឺអាយុដ៏ប្រសើរផង យសស័ក្តិដ៏ប្រសើរផង កេរ្តិ៍ឈ្មោះដ៏ប្រសើរផង សុខដ៏ប្រសើរផង កម្លាំងដ៏ប្រសើរផង រមែងចំរើនដល់ពួកបុគ្គលអ្នកជ្រះថ្លានឹងវត្ថុដ៏ប្រសើរ ដឹងច្បាស់នូវធម៌ដ៏ប្រសើរ ជ្រះថ្លាក្នុងព្រះពុទ្ធដ៏ប្រសើរ ជាទក្ខិណេយ្យបុគ្គល រកបុគ្គលដទៃក្រៃលែងជាងគ្មាន ជ្រះថ្លា ក្នុងព្រះធម៌ដ៏ប្រសើរ ជាធម៌ប្រាសចាករាគៈ ជាធម៌ស្ងប់រម្ងាប់ នាំមកនូវសុខ ជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ ជាបុញ្ញក្ខេត្ត រកខេត្តដទៃក្រៃលែងជាងគ្មាន ជាអ្នកឲ្យនូវទាន ចំពោះបុគ្គលដ៏ប្រសើរ បុគ្គលអ្នកមានប្រាជ្ញា មានចិត្តដំកល់ ក្នុងធម៌ដ៏ប្រសើរ ជាអ្នកឲ្យនូវទាន ចំពោះបុគ្គលដ៏ប្រសើរ តែងបានទៅកើតជាទេវតា ឬមនុស្ស ដល់នូវសេចក្តីប្រសើរ រមែងរីករាយ។
បុគ្គលជ្រះថ្លានូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃដូចម្ដេច ទើបមិនទៅកាន់ទុគ្គតិ - បិដកភាគ ៤៤ ទំព័រ ៦៧ ឃ្នាប ៣២
ដោយ៥០០០ឆ្នាំ
images/articles/3101/2026-07-30_08_17_05-Greenshot.jpg
Public date : 30, Jul 2026 (9,795 Read)
[១៥២] ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត មានហេតុជាគ្រឿងចំណាំថា ជាបណ្ឌិត មានហេតុជាគ្រឿងសំគាល់ថាជាបណ្ឌិត មានចរិតជាបណ្ឌិត ៣ យ៉ាងនេះ។ ហេតុ៣យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតក្នុងលោកនេះ ជាអ្នកគិតគំនិតល្អ១ និយាយសំដីល្អ១ ធ្វើអំពើល្អ១។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើជនជាបណ្ឌិតនោះ ជាអ្នកមិនគិតគំនិតល្អផង មិននិយាយសំដីល្អផង មិនធ្វើអំពើល្អផងទេ។ តើពួកអ្នកប្រាជ្ញណា នឹងស្គាល់ជនជាបណ្ឌិតនោះថា អ្នកដ៏ចម្រើននេះ ជាបណ្ឌិត ជាសប្បុរស ដូច្នេះបាន។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត ជាអ្នកគិតគំនិតល្អផង និយាយសំដីល្អផង ធ្វើអំពើល្អផង ព្រោះហេតុណា ហេតុនោះ បានជាពួកអ្នកប្រាជ្ញ ស្គាល់ជនជាបណ្ឌិតនោះថា អ្នកនេះជាបណ្ឌិត ជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះសោត តែងទទួលនូវសេចក្តីសុខ សោមនស្ស ៣យ៉ាង ក្នុងបច្ចុប្បន្ននេះ ។
[១៥៣] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើជនជាបណ្ឌិត អង្គុយក្នុងសាលាក្តី អង្គុយក្នុងច្រកក្តី អង្គុយក្នុងផ្លូវបែកជា៤ក្តី ចំណែកអ្នកផង ដែលអង្គុយក្នុងបរិស័ទនោះ តែងប្រឹក្សាពាក្យ (ថ្លែងអំពីទោស) ដែលកើតអំពីអំពើនោះ ដ៏សមគួរដល់អំពើនោះ។ ម្នាលភិក្ខុទាំងឡាយ បើជនជាបណ្ឌិត ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកនូវសុរា និងមេរ័យ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះ តែងគិតក្នុងពាក្យ ដែលអ្នកផងនិយាយនោះថា អ្នកផងតែងប្រឹក្សាពាក្យណា ដែលកើតអំពីអំពើនោះ ដ៏សមគួរដល់អំពើនោះ ធម៌ទាំងឡាយនោះ មាននៅក្នុងអញផង ខ្លួនអញសោត ក៏ប្រាកដក្នុងធម៌ទាំងនោះផង។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត តែងទទួលនូវសេចក្តីសុខ សោមនស្ស ទី១នេះ ក្នុងបច្ចុប្បន្ន ។
[១៥៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត ជនជាបណ្ឌិតឃើញនូវព្រះរាជាទាំងឡាយ កាលចាប់នូវចោរ ដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ ឲ្យកាត់ទាំងដៃ ទាំងជើងខ្លះ ឲ្យកាត់ស្លឹកត្រចៀកខ្លះ ឲ្យកាត់ច្រមុះខ្លះ ឲ្យកាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ឲ្យធ្វើពិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ [១។ល។ ១៣ មើលនយលក្ខណៈ ក្នុងមហាទុក្ខក្ខន្ធសូត្រ ក្នុងគម្ពីរមជ្ឈិមនិកាយ មូលបណ្ណាសកៈ បឋមភាគ ត្រង់ទំព័រ ៣២០-៣២១។] ឲ្យធ្វើនូវសង្ខមុណ្ឌិកកម្ម គឺអំពើដែលគេធ្វើក្បាល ឲ្យរលីងដូចជាសំបកស័ង្ខខ្លះ [២] ឲ្យធ្វើនូវរាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ ឲ្យដូចជាមាត់រាហុខ្លះ [៣] ឲ្យធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលគេធ្វើខ្លួនមនុស្ស ឲ្យដូចជាផ្កាភ្លើងខ្លះ [៤] ឲ្យធ្វើនូវហត្ថប្បជ្ជោតិកកម្ម គឺអំពើដែលគេដុតដៃខ្លះ [៥] ឲ្យធ្វើនូវឯរកវត្តិកកម្ម គឺអំពើដែលគេធ្វើដូចជាពន្លាត់ស្បែកពពែខ្លះ [៦] ឲ្យធ្វើនូវចីរកវាសិកកម្ម គឺអំពើដែលគេធ្វើ ឲ្យដូចជាស្លៀកសំពត់សំបកឈើខ្លះ [៧] ឲ្យធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វទ្រាយខ្លះ [៨] ឲ្យធ្វើនូវពលិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ ដោយកាង ឬសន្ទូច [៩] ខ្លះ ឲ្យធ្វើនូវកហាបណកកម្ម គឺអំពើដែលគេធ្វើ ឲ្យខូចសរីរៈប្រមាណប៉ុនកហាបណៈ មួយៗខ្លះ [១០] ឲ្យធ្វើនូវខារាបតច្ឆិកកម្ម គឺអំពើដែលគេយកទឹកផ្សាស្រោចខ្លះ [១១] ឲ្យធ្វើនូវបលីឃបរិវត្តិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ [១២] ឲ្យធ្វើនូវបលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ [១៣] ឲ្យស្រោចដោយប្រេងដ៏ក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងាលើឈើអណ្តោតទាំងរស់ខ្លះ ឲ្យកាត់ក្បាលដោយដាវខ្លះ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតតែងត្រិះរិះ ក្នុងអំពើទាំងនោះ យ៉ាងនេះថា ព្រះរាជាទាំងឡាយ ចាប់ចោរដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ ឲ្យកាត់ទាំងដៃ ទាំងជើងខ្លះ ឲ្យកាត់ស្លឹកត្រចៀកខ្លះ ឲ្យកាត់ច្រមុះខ្លះ ឲ្យកាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ឲ្យធ្វើពិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ ឲ្យធ្វើនូវសង្ខមុណ្ឌិកកម្ម គឺអំពើដែលគេធ្វើក្បាលឲ្យរលីងដូចជាសំបកស័ង្ខខ្លះ ឲ្យធ្វើនូវរាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ឲ្យដូចជាមាត់រាហុខ្លះ ឲ្យធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលគេធ្វើខ្លួនមនុស្សឲ្យដូចជាផ្កាភ្លើងខ្លះ ឲ្យធ្វើនូវហត្ថប្បជ្ជោតិកកម្ម គឺអំពើដែលគេដុតដៃខ្លះ ឲ្យធ្វើនូវឯរកវត្តិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាពន្លាត់ស្បែកពពែខ្លះ ឲ្យធ្វើនូវចីរកវាសិកកម្ម គឺអំពើដែលគេធ្វើ ឲ្យដូចជាស្លៀកសំពត់សំបកឈើខ្លះ ឲ្យធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើ ឲ្យដូចជាជើងសត្វទ្រាយខ្លះ ឲ្យធ្វើនូវពលិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ ដោយកាង ឬសន្ទូចខ្លះ ឲ្យធ្វើនូវកហាបណកកម្ម គឺអំពើដែលគេធ្វើ ឲ្យខូចសរីរៈប្រមាណប៉ុនកហាបណៈមួយៗខ្លះ ឲ្យធ្វើនូវខារាបតច្ឆិកកម្ម គឺអំពើដែលគេយកទឹកផ្សា ស្រោចខ្លះ ឲ្យធ្វើនូវបលីឃបរិវត្តិកកម្ម គឺអំពើដែលគេធ្វើ ឲ្យដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ ឲ្យធ្វើនូវបលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ ឲ្យស្រោចដោយប្រេងដ៏ក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងាលើឈើអណ្តោតទាំងរស់ខ្លះ ឲ្យកាត់ក្បាលដោយដាវខ្លះ ព្រោះហេតុបាបកម្ម មានសភាពយ៉ាងណាៗ។ ធម៌ទាំងឡាយនោះ មិនមានក្នុងអាត្មាអញ ទាំងអាត្មាអញសោត ក៏មិនប្រាកដក្នុងធម៌ទាំងឡាយនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត រមែងទទួលសេចក្តីសុខ សោមនស្ស ទី២ នេះឯង ក្នុងបច្ចុប្បន្ន ។
[១៥៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ជនជាបណ្ឌិត កាលឡើងកាន់តាំងក្តី ឡើងកាន់គ្រែក្តី ដេកលើផែនដីក្តី អំពើល្អទាំងឡាយ គឺការប្រព្រឹត្តិល្អដោយកាយ ការប្រព្រឹត្តិល្អដោយវាចា ការប្រព្រឹត្តិល្អដោយចិត្តណា ដែលជនជាបណ្ឌិតនោះ ធ្វើទុកក្នុងកាលមុន អំពើល្អទាំងនោះឯង តែងគ្របដណ្តប់ ស្រោចស្រង់ ទំនុកបម្រុងនូវជនជាបណ្ឌិតនោះ ក្នុងសម័យនោះ។ ម្នាលភិក្ខុទាំងឡាយ ស្រមោលនៃកំពូលភ្នំដ៏ធំ តែងក្រាល រាលដាល គ្របលើផែនដី ក្នុងវេលាថ្ងៃរសៀល មានឧបមា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចជនជាបណ្ឌិត កាលឡើងកាន់តាំងក្តី ឡើងកាន់គ្រែក្តី ដេកលើផែនដីក្តី អំពើល្អទាំងឡាយ គឺការប្រព្រឹត្តិល្អដោយកាយ ការប្រព្រឹត្តិល្អដោយវាចា ការប្រព្រឹត្តិល្អដោយចិត្តណា ដែលជនជាបណ្ឌិតនោះ ធ្វើទុកក្នុងកាលមុន អំពើល្អទាំងនោះឯង តែងគ្របដណ្តប់ ស្រោចស្រង់ ទំនុកបម្រុងនូវជនជាបណ្ឌិតនោះ ក្នុងសម័យនោះ ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត តែងគិតក្នុងអារម្មណ៍ ដែលប្រាកដក្នុងចក្ខុទ្វារនោះ យ៉ាងនេះថា អើហ្ន៎ អាត្មាអញ មិនបានធ្វើបាប មិនបានធ្វើអំពើអាក្រក់ មិនបានធ្វើអំពើក្តៅក្រហាយទុកទេ អាត្មាអញ ធ្វើតែអំពើល្អ ធ្វើតែអំពើកុសល ធ្វើតែបុណ្យសម្រាប់ការពារភ័យ ពួកជនដែលមិនបានធ្វើបាប មិនបានធ្វើអំពើអាក្រក់ មិនបានធ្វើអំពើក្តៅក្រហាយទុក ជាអ្នកធ្វើតែអំពើល្អ ធ្វើតែកុសល ធ្វើតែបុណ្យសម្រាប់ការពារភ័យ រមែងមានគតិយ៉ាងណា អាត្មាអញ នឹងទៅកាន់គតិនោះ ក្នុងបរលោក។ ជនជាបណ្ឌិតនោះ តែងមិនក្រៀមក្រំចិត្ត មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងទ្រហោយំ មិនដល់នូវសេចក្តីវង្វេង។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត តែងទទួលសេចក្តីសុខ សោមនស្ស ទី៣ នេះឯង ក្នុងបច្ចុប្បន្ន ។
[១៥៦] ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះសោត បានប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ អ្នកផងដែលនិយាយតាមហេតុ តែងនិយាយចំពោះទីណា ថាជាទីគួរប្រាថ្នាតែមួយយ៉ាង គួរត្រេកអរតែមួយយ៉ាង គួរពេញចិត្តតែមួយយ៉ាងដូច្នេះ ទីនោះ គឺឋានសួគ៌នោះឯង ដែលអ្នកផងនិយាយតាមហេតុ តែងនិយាយថា ជាទីគួរប្រាថ្នាតែមួយយ៉ាង គួរត្រេកអរតែមួយយ៉ាង គួរពេញចិត្តតែមួយយ៉ាង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មិនងាយនឹងធ្វើឧបមា ឲ្យដល់កម្រិតឋានសួគ៌ ដែលមានសេចក្តីសុខបានឡើយ។
[១៥៧] កាលបើព្រះអង្គត្រាស់យ៉ាងនេះហើយ មានភិក្ខុមួយរូប ក្រាបបង្គំទូលសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះអង្គ អាចនឹងធ្វើឧបមាបានឬទេ។ ព្រះមានព្រះភាគ ត្រាស់តបថា ម្នាលភិក្ខុ តថាគត អាចនឹងធ្វើបាន ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដូចស្តេចចក្រពត្តិ ទ្រង់ប្រកបដោយរតនៈ ៧ប្រការ និង ដោយឫទ្ធិ ៤យ៉ាង ហើយទ្រង់សោយសេចក្តីសុខ សោមនស្ស ព្រោះរតនៈ និង ឫទ្ធិនោះ ជាហេតុ។ រតនៈ ទាំង៧ប្រការ នោះ តើដូចម្តេចខ្លះ។
[១៥៨] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ក្សត្រិយ៍ ជាព្រះរាជា បានមុទ្ធាភិសេកហើយ ទ្រង់កក់ព្រះសីរ្ស ក្នុងថ្ងៃ ១៥ ជាថ្ងៃឧបោសថ ហើយរក្សាឧបោសថ គង់នៅលើប្រាសាទដ៏ប្រសើរ ចក្ករតន៍ជាទិព្វ មានកាំមួយពាន់ ព្រមទាំងខ្នងកង់ និងដុំ បរិបូណ៌ដោយអាការសព្វគ្រប់ ក៏កើតប្រាកដឡើង។ ក្សត្រិយ៍ ជាព្រះរាជាបានមុទ្ធាភិសេក ទ្រង់ទតឃើញហើយ ទើបទ្រង់ព្រះតម្រិះ ដូច្នេះថា អើអាត្មាអញ ក៏ធ្លាប់បានឮរឿងនេះមកហើយថា ក្សត្រិយ៍អង្គណា ជាព្រះរាជា បានមុទ្ធាភិសេកហើយ ទ្រង់កក់ព្រះសីរ្ស ក្នុងថ្ងៃ ១៥ ជាថ្ងៃឧបោសថ ហើយរក្សាឧបោសថ គង់នៅលើប្រាសាទដ៏ប្រសើរ ចក្ករតន៍ជាទិព្វ មានកាំមួយពាន់ ព្រមទាំងខ្នងកង់ ទាំងដុំ បរិបូណ៌ដោយអាការទាំងពួង ក៏កើតប្រាកដឡើង ព្រះរាជាអង្គនោះ នឹងបានជាស្តេចចក្រពត្តិ ឱហ្ន៎ អាត្មាអញ បានជាស្តេចចក្រពត្តិហើយតើ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ក្សត្រិយ៍ ជាព្រះរាជា បានមុទ្ធាភិសេកហើយ ទ្រង់ក្រោកចាកអាសនៈហើយ ទើបយកព្រះហស្តខាងឆ្វេង ចាប់កុណ្ឌី យកព្រះហស្តខាងស្តាំ ប្រស់ព្រំចក្ករតន៍ ហើយត្រាស់ថា ចក្ករតន៍ដ៏ចម្រើន ចូរអណ្តែតទៅ ចក្ករតន៍ដ៏ចម្រើន ចូរមានជ័យជំនះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ចក្ករតន៍នោះឯង ក៏អណ្តែតត្រសែត ទៅកាន់ទិសខាងកើត ទើបព្រះបាទចក្រពត្តិ ទ្រង់ស្តេចទៅតាមក្រោយ ព្រមដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ បើចក្ករតន៍ប្រតិស្ឋាន ក្នុងប្រទេសណា ព្រះបាទចក្រពត្តិ ព្រមទាំងចតុរង្គសេនា ក៏ចូលទៅតាំងព្រះរាជនិវេសន៍ ក្នុងប្រទេសនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកពួកស្តេចណា ដែលជាសត្រូវ គង់នៅក្នុងទិសខាងកើត ព្រះរាជាទាំងនោះ ក៏ស្តេចចូលទៅគាល់ព្រះបាទចក្រពត្តិហើយ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គទ្រង់ស្តេចមកចុះ បពិត្រមហារាជ ទ្រង់ស្តេចមកល្អហើយ បពិត្រមហារាជ រាជសម្បត្តិរបស់ខ្ញុំព្រះអង្គ ជារបស់ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គ ទ្រង់ប្រៀនប្រដៅចុះ។ ព្រះបាទចក្រពត្តិ ក៏មានព្រះបន្ទូល យ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវកាន់យកទ្រព្យ ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនត្រូវពោលពាក្យមុសាវាទ មិនត្រូវផឹកទឹកស្រវឹងឡើយ អ្នកទាំងឡាយ ចូរបរិភោគតែរបស់ ដែលគួរបរិភោគចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកស្តេចណា ដែលជាសត្រូវ នៅក្នុងទិសខាងកើត ស្តេចទាំងនោះ ក៏ត្រឡប់ជាចុះចូលព្រះបាទចក្រពត្តិវិញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ចក្ករតន៍នោះ ក៏ចុះកាន់សមុទ្រទិសខាងកើត ហើយឆ្លងឡើង វិលទៅកាន់ទិសខាងត្បូង។បេ។ ចុះកាន់សមុទ្រទិសខាងត្បូង ហើយឆ្លងឡើង វិលទៅកាន់ទិសខាងលិច។បេ។ ចុះកាន់សមុទ្រទិសខាងលិច ហើយឆ្លងឡើង វិលទៅកាន់ទិសខាងជើង ព្រះបាទចក្រពត្តិ ក៏ស្តេចទៅតាមខាងក្រោយ ព្រមដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ បើចក្ករតន៍ប្រតិស្ឋាន នៅក្នុងប្រទេសណា ព្រះបាទចក្រពត្តិ ស្តេចក៏ទ្រង់ប្រថាប់នៅក្នុងប្រទេសនោះ ព្រមដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកស្តេចណា ជាសឹកសត្រូវ នៅក្នុងទិសខាងជើង ស្តេចទាំងនោះ ក៏នាំគ្នាចូលទៅគាល់ព្រះបាទចក្រពត្តិ ហើយក្រាបបង្គំទូល យ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គស្តេចមកចុះ បពិត្រមហារាជ ទ្រង់ស្តេចមកល្អហើយ បពិត្រមហារាជ រាជសម្បត្តិរបស់ខ្ញុំព្រះអង្គ ជាព្រះរាជទ្រព្យរបស់ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គ ទ្រង់ប្រៀនប្រដៅចុះ។ ព្រះបាទចក្រពត្តិ ទ្រង់ក៏មានព្រះរាជឱង្ការ យ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវកាន់យកទ្រព្យ ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ មិនត្រូវពោលពាក្យមុសាវាទ មិនត្រូវផឹកទឹកស្រវឹងឡើយ អ្នកទាំងឡាយ ចូរបរិភោគតែរបស់ ដែលគួរបរិភោគចុះ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ពួកស្តេចណា ជាសឹកសត្រូវ ក្នុងទិសខាងជើង ស្តេចទាំងនោះ ក៏ត្រឡប់ជាចុះចូលព្រះបាទចក្រពត្តិវិញ ។ ម្នាលភិក្ខុទាំងឡាយ តពីនោះមក ចក្ករតន៍នោះ បានបង្ក្រាបផែនដី ដែលមានសមុទ្រជាព្រំប្រទល់ រួចត្រឡប់មកកាន់រាជធានីនោះវិញ ហើយឋិតនៅ (ក្នុងរបៀងនៃសាលាវិនិច្ឆ័យ) ទៀបទ្វារ នៃព្រះបរមរាជវាំង របស់ព្រះបាទចក្រពត្តិ (នៅនឹងថ្កល់) ហាក់ដូចជាបាក់ភ្លៅ ហើយបំភ្លឺទ្វារ ក្នុងព្រះបរមរាជវាំង នៃព្រះបាទចក្រពត្តិ (ឲ្យភ្លឺព្រោងព្រាត)។ ម្នាលភិក្ខុទាំងឡាយ ចក្ករតន៍បែបនេះ តែងកើតឡើងប្រាកដ ដល់ស្តេចចក្រពត្តិ ។
[១៥៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត ហត្ថិរតន៍ (ដំរីកែវ) ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ (ដំរីកែវនោះ) ជាស្តេចដំរី ឈ្មោះ ឧបោសថ មានសម្បុរសសុទ្ធ មានអវយវៈតូចធំ សមរម្យទាំងអស់។ ជាដំរីមានឫទ្ធិ អាចហោះទៅលើអាកាសបាន។ លុះព្រះបាទចក្រពត្តិ ទ្រង់ទតឃើញហើយ ក៏មានព្រះហឫទ័យជ្រះថ្លាថា អើ យានដំរីល្អណាស់តើហ្ន៎ ប្រសិនបើចូលទៅបង្ហាត់បាន (ជាការប្រពៃ)។ ម្នាលភិក្ខុទាំងឡាយ ឯហត្ថិរតន៍នោះ ក៏ដល់នូវការបង្ហាត់បាន ដូចជាដំរីអាជានេយ្យដ៏ល្អ ដែលគេបង្ហាត់បានរបៀបល្អយូរអង្វែងហើយ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលទ្រង់នឹងល្បងមើលហត្ថិរតន៍នោះឯង មុនដំបូង ទ្រង់ឡើងគង់ (លើហត្ថិរតន៍នោះ) ក្នុងវេលាព្រឹកព្រហាម ហើយស្តេចទៅត្រួតត្រានូវផែនដី មានសមុទ្រជាព្រំប្រទល់ រួចហើយស្តេចត្រឡប់មកសោយព្រះក្រយារហារ ក្នុងវេលាព្រឹក ឯរាជធានីរបស់ព្រះអង្គនោះវិញទាន់ ។ ម្នាលភិក្ខុទាំងឡាយ ហត្ថិរតន៍ មានសភាពយ៉ាងនេះ តែងកើតឡើងប្រាកដ ដល់ស្តេចចក្រពត្តិ ។
[១៦០] ម្នាលភិក្ខុទាំងឡាយ មួយទៀត អស្សរតន៍ (សេះកែវ) ក៏កើតឡើងប្រាកដ ដល់ស្តេចចក្រពត្តិ ។ (អស្សរតន៍នោះ) ជាស្តេចសេះឈ្មោះ វលាហកៈ មានសម្បុរសសុទ្ធ មានសម្បុរត្រង់ក្បាលខ្មៅ (រលើប) ដូចជាសម្បុរនៃកក្អែក មានសក់ (សក្បុស) ដូចជាបណ្តូលស្មៅយ៉ាប្លង ជាសេះមានឫទ្ធិ អាចហោះទៅលើអាកាសបាន។ លុះស្តេចចក្រពត្តិ ទ្រង់ទតឃើញហើយ ក៏មានព្រះហឫទ័យជ្រះថ្លាថា អើយានសេះ ល្អណាស់ហ្ន៎ ប្រសិនបើចូលទៅបង្ហាត់បាន (ជាការប្រពៃ)។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ អស្សរតន៍នោះ ក៏ដល់នូវការបង្ហាត់បាន ដូចជាសេះអាជានេយ្យដ៏ល្អ ដែលគេបង្ហាត់បានរបៀបល្អយូអង្វែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលទ្រង់នឹងល្បងមើលអស្សរតន៍នោះឯង មុនដំបូង ទ្រង់ឡើងគង់ (លើអស្សរតន៍) ក្នុងវេលាព្រឹកព្រហាម ហើយស្តេចទៅត្រួតត្រា ផែនដីដែលមានសមុទ្រជាព្រំប្រទល់ រួចហើយស្តេចត្រឡប់មកសោយព្រះស្ងោយ ក្នុងវេលាព្រឹក ឯរាជធានីរបស់ព្រះអង្គនោះវិញទាន់ ។ ម្នាលភិក្ខុទាំងឡាយ អស្សរតន៍មានសភាពយ៉ាងនេះ តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ ។
[១៦១] ម្នាលភិក្ខុទាំងឡាយ មួយទៀត មណិរតន៍ ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ មណិរតន៍នោះ ជាកែវពិទូរ្យ មានជាតិដ៏ល្អ មានជ្រុង៨ ដែលជាងឆ្នៃល្អហើយ។ ម្នាលភិក្ខុទាំងឡាយ មណិរតន៍នោះឯង មានពន្លឺផ្សាយទៅ បានមួយយោជន៍ជុំវិញ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលទ្រង់នឹងល្បងមើល នូវមណិរតន៍នោះឯង មុនដំបូង ទ្រង់ប្រជុំអស់ចតុរង្គសេនាមក ហើយទ្រង់ស្ទួយកែវមណីឡើង ទៅកាន់ចុងដងទង់ ហើយទ្រង់គ្រវី ទៅក្នុងទីងងឹតអព្ទក្នុងរាត្រី។ ម្នាលភិក្ខុទាំងឡាយ ចំណែកអ្នកស្រុកទាំងឡាយណា ដែលនៅជិតខាង អ្នកស្រុកទាំងនោះ សំគាល់ថាជាវេលាថ្ងៃ ក៏នាំគ្នាប្រកបការងារ ដោយសារពន្លឺ (កែវ) នោះឯង។ ម្នាលភិក្ខុទាំងឡាយ មណិរតន៍ មានសភាពយ៉ាងនេះ តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ ។
[១៦២] ម្នាលភិក្ខុទាំងឡាយ តទៅទៀត ឥត្ថីរតន៍ [មើលមហាសុទស្សនសូត្រ ទីឃនិកាយ មហាវគ្គ ភាគ ១៧ ទំព័រ ១២ ត្រង់នយលក្ខណៈ លេខ១។] (ស្រីកែវ) ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ ស្រីកែវនោះ មានរូបឆោមដ៏ល្អ គួរឲ្យអ្នកផងពិតពិល រមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង មិនខ្ពស់ពេក មិនទាបពេក មិនស្គមពេក មិនធាត់ពេក មិនខ្មៅពេក មិនសពេក លើសលែងកន្លងហួសសម្បុរស្ត្រីមនុស្ស តែមិនដល់សម្បុរទិព្វទេ។ ម្នាលភិក្ខុទាំងឡាយ ឥត្ថីរតន៍នោះឯង មានកាយសម្ផ័ស្ស (ទន់ល្អូក) ដូចជាសំឡីគរ ឬសំឡីកប្បាស។ ម្នាលភិក្ខុទាំងឡាយ ឯឥត្ថីរតន៍នោះឯង ក្នុងរដូវត្រជាក់ មានខ្លួនក្តៅ ក្នុងរដូវក្តៅ មានខ្លួនត្រជាក់។ ម្នាលភិក្ខុទាំងឡាយ មិនតែប៉ុណ្ណោះសោត ឥត្ថីរតន៍នោះឯង មានក្លិនខ្លឹមចន្ទន៍ ផ្សាយចេញអំពីកាយ មានក្លិនផ្កាឧប្បល ផ្សាយចេញអំពីមាត់។ ម្នាលភិក្ខុទាំងឡាយ ឥត្ថីរតន៍នោះឯង ជាស្ត្រីតែងក្រោកឡើងមុន តែងអង្គុយក្រោយ [មើលមហាសុទស្សនសូត្រ ទីឃនិកាយ មហាវគ្គ ភាគ ១៧ ទំព័រ ១២ នយលក្ខណៈ លេខ២។] យកចិត្តទុកដាក់ធ្វើការអ្វីៗ ប្រព្រឹត្តតម្រូវព្រះហឫទ័យ ពោលតែពាក្យជាទីពេញព្រះហឫទ័យ របស់ស្តេចចក្រពត្តិ។ ម្នាលភិក្ខុទាំងឡាយ ឥត្ថីរតន៍នោះឯង សូម្បីតែចិត្ត ក៏មិនប្រព្រឹត្តកន្លងស្តេចចក្រពត្តិទៅហើយ ម្តេចឡើយនឹងប្រព្រឹត្តកន្លងដោយកាយបាន ។ ម្នាលភិក្ខុទាំងឡាយ ឥត្ថិរតន៍ មានសភាពយ៉ាងនេះឯង តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ ។
[១៦៣] ម្នាលភិក្ខុទាំងឡាយ តទៅទៀត គហបតិរតន៍ [មើលមហាសុទស្សនសូត្រ ទីឃនិកាយ មហាវគ្គ ភាគ ១៧ ទំព័រ ១៣ ត្រង់នយលក្ខណៈ លេខ១។] (គហបតីកែវ) ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ ឯគហបតិរតន៍នោះ មានទិព្វចក្ខុ កើតអំពីផលនៃកុសលកម្ម អាចមើលឃើញកំណប់ទ្រព្យ ដែលមានម្ចាស់ និងមិនមានម្ចាស់បាន។ គហបតិរតន៍នោះ ចូលទៅគាល់ស្តេចចក្រពត្តិ ក៏ក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំមានសេចក្តីខ្វល់ខ្វាយឡើយ ខ្ញុំព្រះអង្គ នឹងចាត់ចែងការ ដែលគួរធ្វើដោយទ្រព្យថ្វាយ ដោយព្រះរាជទ្រព្យព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលទ្រង់នឹងល្បងមើលគហបតិរតន៍នោះឯង មុនដំបូង ទ្រង់ប្រថាប់លើព្រះទីនាំងនាវា សំដៅទៅកាន់ខ្សែទឹក ក្នុងកណ្តាលទន្លេគង្គា ទើបទ្រង់ត្រាស់នឹងគហបតិរតន៍នោះ យ៉ាងនេះថា ម្នាលគហបតី យើងមានសេចក្តីត្រូវការ ដោយប្រាក់ និងមាស។ គហបតិរតន៍នោះ ក្រាបបង្គំទូលតបថា បពិត្រមហារាជ បើដូច្នោះ សូមទ្រង់អែបនាវាទៅខាងត្រើយច្រាំងម្ខាង។ ទ្រង់មានព្រះរាជឱង្ការថា ឱ គហបតី យើងមានសេចក្តីត្រូវការតែប្រាក់ និងមាសត្រង់ទីនេះឯង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង គហបតិរតន៍នោះ លូកដៃទាំងពីរចុះទៅក្នុងទឹក ចាប់លើកយកឆ្នាំង ដែលពេញដោយប្រាក់ និងមាស ហើយក្រាបទូលស្តេចចក្រពត្តិថា បពិត្រមហារាជ ល្មមហើយដោយប្រាក់ និងមាសប៉ុណ្ណេះ បពិត្រមហារាជ ប្រាក់ និងមាសប៉ុណ្ណេះ ល្មមធ្វើព្រះរាជកិច្ចបានហើយ បពិត្រមហារាជ ប្រាក់ និងមាសប៉ុណ្ណេះ ខ្ញុំព្រះអង្គថ្វាយហើយ។ ស្តេចចក្រពត្តិ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះ ល្មមហើយ ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះ ល្មមធ្វើកិច្ចបានហើយ ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះ អ្នកឯងថ្វាយយើងហើយ។ ម្នាលភិក្ខុទាំងឡាយ គហបតិរតន៍ មានសភាពយ៉ាងនេះ តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ ។
[១៦៤] ម្នាលភិក្ខុទាំងឡាយ តទៅទៀត បរិនាយករតន៍ [មើលមហាសុទស្សនសូត្រ ទីឃនិកាយ មហាវគ្គ ភាគ ១៧ ទំព័រ ១៤ ត្រង់នយលក្ខណៈ លេខ១។] (បរិនាយកកែវ) ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ (បរិនាយកកែវនោះ) ជាបណ្ឌិតវាងវៃ មានប្រាជ្ញា អង់អាច ដើម្បីញ៉ាំងស្តេចចក្រពត្តិ ដែលខ្លួនគួរឲ្យស្តេចចូលទៅ ឲ្យចូលទៅបាន ដើម្បីញ៉ាំងស្តេចចក្រពត្តិ ដែលខ្លួនគួរឲ្យស្តេចចេញទៅ ឲ្យចេញទៅបាន ដើម្បីញ៉ាំងស្តេចចក្រពត្តិ ឲ្យតាំងងារបុគ្គល ដែលគួរតាំងបាន។ បរិនាយករតន៍នោះ ចូលទៅគាល់ស្តេចចក្រពត្តិហើយ ទើបក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំមានសេចក្តីខ្វល់ខ្វាយឡើយ ខ្ញុំព្រះអង្គ នឹងប្រៀនប្រដៅថ្វាយ។ ម្នាលភិក្ខុទាំងឡាយ បរិនាយករតន៍ មានសភាពយ៉ាងនេះ តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយរតនៈ (៧ប្រការ) នេះឯង ។ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយឫទ្ធិ ៤យ៉ាង តើដូចម្តេចខ្លះ ។
[១៦៥] ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ មានព្រះរូបល្អ គួរឲ្យអ្នកផងពិតពិលរមិលមើល គួរឲ្យជ្រះថ្លា ទ្រង់ប្រកបដោយព្រះឆវីវណ្ណ ដ៏ល្អក្រៃលែង ជាងមនុស្សឯទៀត ក្នុងលោកនេះ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយឫទ្ធិ នេះជាឫទ្ធិទី១។
[១៦៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចចក្រពត្តិមានព្រះជន្មាយុវែង ទ្រង់ឋិតនៅអស់កាលយូរអង្វែង ក្រៃលែងជាងមនុស្សទាំងឡាយឯទៀត។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយឫទ្ធិ នេះជាឫទ្ធិទី២។
[១៦៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចចក្រពត្តិ ទ្រង់មិនមានអាពាធ មិនមានទុក្ខ ប្រកបដោយភ្លើងធាតុ ដែលកើតអំពីកម្ម មានវិបាកស្មើគ្នា គឺមិនត្រជាក់ពេក មិនក្តៅពេក លើសជាងមនុស្សដទៃ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយឫទ្ធិ នេះជាឫទ្ធិទី ៣ ។
[១៦៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចចក្រពត្តិ ទ្រង់ជាទីស្រឡាញ់ ជាទីពេញចិត្តនៃព្រាហ្មណ៍ និងគហបតីទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បិតាជាទីស្រឡាញ់ពេញចិត្ត នៃកូនទាំងឡាយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ជាទីស្រឡាញ់ ជាទីពេញចិត្តនៃព្រាហ្មណ៍ និងគហបតីទាំងឡាយ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងព្រាហ្មណ៍ និងគហបតីទាំងឡាយ ក៏ជាទីស្រឡាញ់ពេញព្រះហឫទ័យ នៃស្តេចចក្រពត្តិដែរ។ ម្នាលភិក្ខុទាំងឡាយ កូនទាំងឡាយ ជាទីស្រឡាញ់ពេញចិត្ត នៃបិតា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ព្រាហ្មណ៍ និងគហបតីទាំងឡាយ ក៏ជាទីស្រឡាញ់ ពេញព្រះហឫទ័យ នៃស្តេចចក្រពត្តិ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលមុនដម្បូង ទ្រង់ស្តេចទៅកាន់ទីឧទ្យាន ដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រាហ្មណ៍ និងគហបតីទាំងឡាយ ចូលទៅគាល់ស្តេចចក្រពត្តិ ក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំស្តេចទៅ ដោយរួសរាន់ឡើយ សូមឲ្យយើងខ្ញុំព្រះអង្គ ឃើញព្រះអង្គ អស់កាលយូរ។ ម្នាលភិក្ខុទាំងឡាយ ឯស្តេចចក្រពត្តិ ទ្រង់ត្រាស់នឹងសារថីថា ម្នាលសារថី អ្នកកុំបររថទៅ ដោយរួសរាន់ឡើយ។ សុំឲ្យខ្ញុំឃើញព្រាហ្មណ៍ និងគហបតីទាំងឡាយ អស់កាលយូរ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយឫទ្ធិនេះ ជាឫទ្ធិទី៤។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយឫទ្ធិ ៤យ៉ាង នេះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ថាដូចម្តេច ស្តេចចក្រពត្តិ ប្រកបដោយរតនៈ ទាំង៧ប្រការ នេះផង ដោយឫទ្ធិ ៤យ៉ាង នេះផង តើទ្រង់សោយនូវសេចក្តីសុខ សោមនស្ស ព្រោះរតនៈ និងឫទ្ធិនោះ ជាហេតុដែរឬអ្វី។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ស្តេចចក្រពត្តិ សូម្បីប្រកបដោយរតនៈតែមួយៗ ក៏គង់សោយសេចក្តីសុខ សោមនស្ស ព្រោះរតនៈនោះ ជាហេតុទៅហើយ ចាំបាច់និយាយថ្វី ដល់ទៅប្រកបដោយរតនៈ ទាំង៧ប្រការ និង ឫទ្ធិ ៤ យ៉ាង (នោះ) ។
[១៦៩] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចាប់នូវដុំថ្មតូច ប្រមាណប៉ុនបាតដៃ ហើយត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ដុំថ្មតូចប្រមាណប៉ុនបាតដៃ ដែលតថាគត កំពុងកាន់នេះ និងស្តេចភ្នំហិមពាន្ត តើណាធំជាង។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ដុំថ្មតូចប្រមាណប៉ុនបាតដៃ ដែលព្រះអង្គកាន់នេះ តូចពេកណាស់ ប្រៀបផ្ទឹមនឹងស្តេចភ្នំហិមពាន្ត មិនដល់នូវការរាប់ផង មិនដល់មួយចំណិតផង មិនដល់នូវការប្រៀបធៀបផង។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ប្រកបដោយរតនៈ ទាំង៧ប្រការ និង ឫទ្ធិ៤យ៉ាង ទ្រង់សោយសេចក្តីសុខ សោមនស្សណា ព្រោះរតនៈ និងឫទ្ធិ៍នោះ ជាហេតុ។ សេចក្តីសុខនោះ ប្រៀបផ្ទឹមនឹងសេចក្តីសុខទិព្វ មិនដល់នូវការរាប់ផង មិនដល់មួយចំណិតផង មិនដល់នូវការប្រៀបធៀបផង ក៏ដូច្នោះដែរ ។
[១៧០] ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះ បើអំណើះកាលយូរអង្វែងទៅម្តងៗ ក៏មកកាន់អត្តភាពជាមនុស្ស ក្នុងកាលជាខាងក្រោយ តែងកើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាលខ្លះ ត្រកូលព្រាហ្មណមហាសាលខ្លះ ត្រកូលគហបតីមហាសាលខ្លះ ជាត្រកូលស្តុកស្តម្ភ មាំមួន មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន មានប្រាក់មាសច្រើន មានគ្រឿងឧបករណ៍ច្រើន មានធញ្ញជាតជាទ្រព្យច្រើន។ មួយទៀត ជនជាបណ្ឌិតនោះ មានរូបល្អ គួរពិតពិលរមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អ ដ៏ក្រៃលែង ជាអ្នកបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ទីនៅអាស្រ័យ និងគ្រឿងប្រទីប។ ជនជាបណ្ឌិតនោះ តែងប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត។ លុះជនជាបណ្ឌិតនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត ហើយដល់បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ។
[១៧១] ម្នាលភិក្ខុទាំងឡាយ ដូចអ្នកលេងល្បែងភ្នាល់ បាននូវគំនរទ្រព្យសម្បត្តិច្រើន ដោយការឈ្នះជាដំបូងប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ហេតុដែលអ្នកលេងល្បែងភ្នាល់នោះ បាននូវគំនរទ្រព្យសម្បត្តិច្រើន ដោយការឈ្នះជាដំបូងប៉ុណ្ណោះនោះ ឈ្មោះថា ជាការឈ្នះតែបន្តិចបន្តួចទេ ។ ចំណែកជនជាបណ្ឌិតនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក នេះឯង ទើបឈ្មោះថា ការឈ្នះធំជាងនោះទៅទៀត។ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា បណ្ឌិតភូមិ ដ៏បរិបូណ៌គ្រប់គ្រាន់ ។ លុះព្រះមានព្រះភាគ ត្រាស់ព្រះសូត្រនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ ។
ចប់ពាលបណ្ឌិតសូត្រ ទី ៩ ។
បណ្ឌិតមានលក្ខណៈជាគ្រឿងសម្គាល់ ៣ យ៉ាង
បិដកភាគ ២៧ ទំព័រ ១៨២ ឃ្នាប ១៥២
ដោយ៥០០០ឆ្នាំ
images/articles/423/2026-07-28_13_44_43-Greenshot.jpg
Public date : 28, Jul 2026 (49,908 Read)
កណ្តកោ បន្លា មាន ១០ យ៉ាង គឺ
១. បវិវេការាមស្ស សង្គណិការាមតា កណ្តកោ សភាពជាអ្នកត្រេកអរក្នុងពួកគណៈ ជាបន្លារបស់បុគ្គលដែលមានសេចក្តីស្ងប់ស្ងាត់ជាទីត្រេកអរ
២. អសុភនិមិត្តានុយោគំ អនុយុត្តស្ស សុភនិមិត្តានុយោគោ កណ្តកោ ការប្រកបរឿយៗ នូវសុភនិមិត្ត ជាបន្លារបស់បុគ្គលដែលប្រកបរឿយៗ នូវអសុភនិមិត្ត
៣. ឥន្ទ្រិយេសុ គុត្តទ្វារស្ស វិសូកទស្សនំ កណ្តកោ ការមើលនូវសត្រូវ គឺល្បែងផ្សេងៗ ជាបន្លារបស់បុគ្គល មានទ្វារគ្រប់គ្រងហើយ ក្នុងឥន្ទ្រិយទាំងឡាយ
៤. ព្រហ្មចរិយស្ស មាតុគ្គាមុបចារោ កណ្តកោ ការត្រាច់ទៅជិតមាតុគ្រាម ជាបន្លារបស់ព្រហ្មចរិយៈ
៥. បឋមស្ស ឈានស្ស សទ្ទោ កណ្តកោ សំឡេង ជាបន្លារបស់បឋមជ្ឈាន
៦. ទុតិយស្ស ឈានស្ស វិតក្កវិចារា កណ្តកា វិតក្ក និងវិចារ ជាបន្លារបស់ទុតិយជ្ឈាន
៧. តតិយស្ស ឈានស្ស បីតិ កណ្តកោ បីតិ ជាបន្លារបស់តតិយជ្ឈាន
៨. ចតុត្ថស្ស ឈានស្ស អស្សាសប្បស្សាសា កណ្តកា អស្សាសប្បស្សាសៈ ( ខ្យល់ដកដង្ហើមចេញ និងខ្យល់ដកដង្ហើមចូល ) ជាបន្លារបស់ចតុត្ថជ្ឈាន
៩. សញ្ញាវេទយិតនិរោធសមាបត្តិយា សញ្ញា ច វេទនា ច កណ្តកា សញ្ញា និងវេទនា ជាបន្លារបស់សញ្ញាវេទយិតនិរោធសមាបត្តិ
១០. រាគោ កណ្តកោ ទោសោ កណ្តកោ មោហោ កណ្តកោ រាគៈ ជាបន្លា ទោសៈ ជាបន្លា មោហៈ ជាបន្លា
( ស្រង់ចាកអង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៤-២៩៥ )
ដោយ៥០០០ឆ្នាំ
images/articles/3068/2021uook.jpg
Public date : 23, Jul 2026 (11,385 Read)
បឋមសមជីវឹសូត្រ ទី៥
[៥៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភេសកឡាវន ជាទីឲ្យអភ័យ ដល់សត្វម្រឹគ ទៀបក្រុងសុង្សុមារគិរៈ ក្នុងដែនភគ្គៈ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់និវេសន៍ របស់គហបតី ឈ្មោះនកុលបិតា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។
លំដាប់នោះ នកុលបិតាគហបតី និងនកុលមាតាគហបតានី បាននាំគ្នាចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ បានថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនកុលបិតាគហបតី អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ចាប់ដើមពីខ្ញុំព្រះអង្គ បានប្រសប់គ្នា នឹងនកុលមាតាគហបតានី តាំងពីកំឡោះ ក្រមុំមក មិនដែលប្រព្រឹត្តកន្លងចិត្ត នៃនកុលមាតាគហបតានី សូម្បីដោយចិត្តម្តងទេ មិនបាច់ពោលដល់ទៅការធ្វើដោយកាយឡើយ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នា ក្នុងបរលោកផង។
ចំណែកនកុលមាតាគហបតានី ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះដែរថា បពិត្រព្រះអង្គដ៏ចំរើន ចាប់ដើមពីខ្ញុំម្ចាស់ បានប្រសប់គ្នា នឹងនកុលបិតាគហបតី តាំងអំពីកំឡោះ ក្រមុំមក មិនដែលប្រព្រឹត្តកន្លងចិត្ត នៃនកុលបិតាគហបតី សូម្បីដោយចិត្តម្តងទេ មិនបាច់ពោលដល់ទៅការធ្វើដោយកាយឡើយ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នាក្នុងបរលោកផង។
ព្រះមានព្រះភាគត្រាស់ថា ម្នាលគហបតី និងគហបតានីទាំងឡាយ បើជនទាំងពីរនាក់ប្តីប្រពន្ធ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នា ក្នុងបរលោកផង លុះតែជនទាំងពីរនាក់នោះ មានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មាន ចាគៈស្មើគ្នា មានបញ្ញាស្មើគ្នា ទើបជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ជួបគ្នាក្នុងបរលោកផង។
ជនទាំងពីរនាក់ ជាអ្នកមានសទ្ធា ជាអ្នកដឹងនូវពាក្យពេចន៍នៃស្មូម ជាអ្នកសង្រួម (ក្នុងសីល) អ្នកចិញ្ចឹមជីវិត តាមគន្លងធម៌ ប្រពន្ធ និងប្តីទាំងនោះ ពោលពាក្យផ្អែមល្ហែមរកគ្នានឹងគ្នា រមែងមានសេចក្តីចំរើនដ៏ច្រើន ទាំងមានការនៅជាសុខ កើតឡើងដល់គ្នានឹងគ្នា ពួកសត្រូវ រមែងអាក់អន់ចិត្ត ចំពោះជនទាំងពីរនាក់ ដែលមានសីលស្មើគ្នា ជនទាំងពីរនាក់ មានសីល និងវត្តស្មើគ្នា លុះ ប្រព្រឹត្តធម៌ ក្នុងលោកនេះហើយ បើមានចំណង់ក្នុងកាម ក៏រមែង ជាអ្នកត្រេកអរ រីករាយ ក្នុងទេវលោកបាន។
បឋមសមជីវឹសូត្រ ទី ៥ ឬ ប្ដីប្រពន្ធចង់ជួបគ្នាគ្រប់ៗជាតិត្រូវមានធម៌ ៤ យ៉ាងនេះដូចគ្នា
បិដកភាគ ៤២ ទំព័រ ១៥០ ឃ្នាប ៥៦
ដោយ៥០០០ឆ្នាំ
images/articles/3069/2026-07-23_11_58_54-K-Lite_Update_Checker.jpg
Public date : 23, Jul 2026 (8,615 Read)
ទុតិយបរិហានិសូត្រ ទី៩
[២៧] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ឧបាសក។ ៧ យ៉ាង តើអ្វីខ្លះ។ ឧបាសកញុំាងការឃើញនូវភិក្ខុ ឲ្យសាបសូន្យ ១ ប្រហែសនឹងការស្តាប់ព្រះសទ្ធម្ម ១ មិនសិក្សាក្នុងអធិសីល [សីល៥ ឬសីល១០។ អដ្ឋកថា។] ១ ជាអ្នកមិនមានសេចក្តីជ្រះថ្លាច្រើន ក្នុងពួកភិក្ខុចាស់ ថ្មី កណ្តាល ១ ជាអ្នកមានចិត្តរិះគន់ ស្វែងរកទោសស្តាប់ធម៌ ១ ស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ធ្វើបុព្វការៈក្នុងទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានោះ ១។
ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីសាបសូន្យដល់ឧបាសក។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យ ដល់ឧបាសក។ ៧ យ៉ាង តើអ្វីខ្លះ។ គឺឧបាសកមិនញុំាងការឃើញភិក្ខុឲ្យសាបសូន្យ ១ មិនប្រហែសនឹងការស្តាប់ព្រះសទ្ធម្ម ១ សិក្សាក្នុងអធិសីល ១ ជាអ្នកមានសេចក្តីជ្រះថ្លាច្រើន ក្នុងពួកភិក្ខុចាស់ ថ្មី កណ្តាល ១ ជាអ្នកមានចិត្តមិនរិះគន់ មិនស្វែងរកទោសស្តាប់ធម៌ ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ធ្វើបុព្វការៈក្នុងទក្ខិណេយ្យបុគ្គល ក្នុងសាសនានេះ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ឧបាសក។
ឧបាសកណា ញុំាងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ ប្រហែសនឹងការស្តាប់នូវអរិយធម៌ទាំងឡាយ ១ មិនសិក្សាក្នុងអធិសីល ១ មានសេចក្តីមិនជ្រះថ្លាក្នុងពួកភិក្ខុចំរើនឡើងដោយក្រៃលែង ១ មានចិត្តរិះគន់ប្រាថ្នាស្តាប់ព្រះសទ្ធម្ម ១ ស្វែងរកទក្ខិណេយ្យបុគ្គលដទៃ ខាងក្រៅសាសនានេះ ១ ឧបាសកធ្វើបុព្វការៈចំពោះទក្ខិណេយ្យបុគ្គលនោះ ១ ឧបាសក កាលសេពនូវបរិហានិយធម៌ទាំង ៧ យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងសាបសូន្យចាកព្រះសទ្ធម្ម។ ឧបាសកណា មិនញុំាងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ មិនប្រហែសនឹងការស្តាប់នូវអរិយធម៌ទាំងឡាយ ១ សិក្សាក្នុងអធិសីល ១ សេចក្តីជ្រះថ្លាក្នុងពួកភិក្ខុរបស់ឧបាសកនោះ ចំរើនឡើងដោយក្រៃលែង ១ មានចិត្តមិនរិះគន់ ស្តាប់នូវព្រះសទ្ធម្ម ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលដទៃខាងក្រៅសាសនានេះ ១ ឧបាសកតែងធ្វើបុព្វការៈ ចំពោះទក្ខិណេយ្យបុគ្គល ក្នុងសាសនានេះ ១ ឧបាសក កាលសេពនូវអបរិហានិយធម៌ទាំង ៧ យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងមិនសាបសូន្យ ចាកព្រះសទ្ធម្មឡើយ។
ទុតិយបរិហានិសូត្រ ទី ៩ ឬ ធម៌ ៧ យ៉ាងនេះ ធ្វើឲ្យសាបសូន្យដល់ឧបាសក
បិដក ៤៧ ទំព័រ ៤៦ ឃ្នាប ២៧
ដោយ៥០០០ឆ្នាំ
images/articles/3071/255ok.jpg
Public date : 23, Jul 2026 (6,818 Read)
វណិជ្ជាសូត្រ ទី៧
[៧៧] ម្នាលភិក្ខុទាំងឡាយ ជំនួញ ៥ យ៉ាងនេះ ឧបាសកមិនគួរធ្វើឡើយ។ ជំនួញ ៥ យ៉ាង តើដូចម្តេច។ គឺការជួញគ្រឿងសស្រា្តវុធ ១ ការជួញមនុស្ស ១ ការជួញ (សត្វដែលគេសម្លាប់យក) សាច់ ១ ការជួញគ្រឿងស្រវឹង ១ ការជួញថ្នាំពិស ១។ ម្នាលភិក្ខុទាំងឡាយ ជំនួញ ៥ ប្រការនេះឯង ឧបាសកមិនគួរធ្វើឡើយ។
វណិជ្ជាសូត្រ ទី ៧ ឬ ជំនួញ ៥ យ៉ាងនេះ ឧបាសកមិនគួរធ្វើឡើយ
បិដក ៤៥ ទំព័រ ១៦០ ឃ្នាប ៧៧
ដោយ៥០០០ឆ្នាំ
images/articles/3077/2026-07-23_11_55_31-K-Lite_Update_Checker.jpg
Public date : 23, Jul 2026 (10,985 Read)
កោសម្ពិយសូត្រ ទី៨
[១៨០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ ក៏សម័យនោះឯង ពួកភិក្ខុក្នុងក្រុងកោសម្ពី បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ ពួកភិក្ខុទាំងនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង។
គ្រានោះ ភិក្ខុ១រូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុក្នុងនគរកោសម្ពីនេះ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ ភិក្ខុទាំងនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុមួយរូបមកថា ម្នាលភិក្ខុ អ្នកចូរមកនេះ អ្នកចូរហៅភិក្ខុទាំងឡាយនោះ តាមពាក្យតថាគតថា ព្រះសាស្តាត្រាស់ហៅលោកមានអាយុទាំងឡាយ។
ភិក្ខុនោះ បានទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយចូលទៅរកពួកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងភិក្ខុទាំងនោះ ដូច្នេះថា ព្រះសាស្តាត្រាស់ហៅលោកមានអាយុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ពាក្យភិក្ខុនោះថា ករុណា អាវុសោ ដូច្នេះហើយ ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចទើបអង្គុយក្នុងទីដ៏សមគួរ។
[១៨១] លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ បានត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ អ្នកទាំងឡាយនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង ពិតមែនឬ។
ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា ព្រះករុណាព្រះអង្គ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ដូចម្តេច សម័យណាដែលអ្នកទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ សម័យនោះ អ្នកទាំងឡាយ បានតាំងកាយកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ឬបានតាំងវចីកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ឬបានតាំងមនោកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ដែរឬទេ។
បពិត្រព្រះអង្គដ៏ចំរើន មិនបានតាំងយ៉ាងនោះទេ។ ម្នាលភិក្ខុទាំងឡាយ បានឮដូច្នេះថា សម័យណា ដែលអ្នកទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ សម័យនោះ អ្នកទាំងឡាយ មិនបានតាំងកាយកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង មិនបានតាំងវចីកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង មិនបានតាំងមនោកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង ម្នាលមោឃបុរសទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយដឹងដូចម្តេច ឃើញដូចម្តេច បានជាបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ អ្នកទាំងឡាយនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នា ឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង ម្នាលមោឃបុរសទាំងឡាយ ហេតុនោះ នឹងប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីទុក្ខ ដល់អ្នកទាំងឡាយ អស់កាលជាយូរអង្វែង។
[១៨២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ៦ប្រការនេះ ជាទីរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា។ ធម៌ទាំងឡាយ៦ប្រការ គឺអ្វីខ្លះ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរតាំងកាយកម្មប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គលក្នុងទីចំពោះមុខ និងទីកំបាំងមុខផង នេះឯងជាធម៌គួររលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។
ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត ភិក្ខុគួរតាំងវចីកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត ភិក្ខុគួរតាំងមនោកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។
ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត លាភណា ដែលប្រកបដោយធម៌ បានមកដោយធម៌ ដោយហោចទៅ សូម្បីតែវត្ថុដែលរាប់ចូលក្នុងបាត្រ ភិក្ខុជាអ្នកបរិភោគ មិនចែករំលែកលាភទាំងឡាយ មានសភាពដូច្នោះទេ គឺជាអ្នកបរិភោគសាធារណ៍ ដោយពួកសព្រហ្មចារីបុគ្គល ដែលមានសីល នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។
ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត សីលណាមិនដាច់ មិនធ្លុះធ្លាយ មិនពពាល មិនពព្រុះ ជាសីលល្អ ដែលវិញ្ញូជនតែងសរសើរ មិនប៉ះពាល់ ដោយតណ្ហា និងទិដ្ឋិ ប្រព្រឹត្តទៅដើម្បីសមាធិ ភិក្ខុជាអ្នកមានសីលស្មើគ្នា នឹងពួកសព្រហ្មចារីបុគ្គល ក្នុងសីលទាំងឡាយ មានសភាពដូច្នោះ ទាំងក្នុងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។
ម្នាលភិក្ខុទាំងឡាយ ប្រការមួយវិញទៀត ទិដ្ឋិ [អដ្ឋកថា ថា សម្មាទិដ្ឋិ ប្រកបដោយសោតាបត្តិមគ្គ។] ណា ដ៏ប្រសើរ ជាទីស្រោចស្រង់សត្វ រមែងដឹកនាំសត្វ ដែលធ្វើតាម ឲ្យអស់ទៅនៃសេចក្តីទុក្ខបាន ដោយប្រពៃ ភិក្ខុប្រកបដោយទិដ្ឋិស្មើគ្នា នឹងពួកសព្រហ្មចារីបុគ្គល ក្នុងទិដ្ឋិ មានសភាពដូច្នោះ ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។
ម្នាលភិក្ខុទាំងឡាយ សារាណីយធម៌ ទាំង៦ប្រការនេះឯង ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា។ ម្នាលភិក្ខុទាំងឡាយ បណ្តា សារាណីយធម៌ ទាំង៦ប្រការនេះ មានតែទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់នេះឯង ដែលជាច្បង ជាទីរួបរួម ជាទីប្រជុំចុះ (នៃធម៌ទាំង៥នោះ) អាចដឹកនាំសត្វ ដែលប្រតិបត្តិតាម ឲ្យអស់ទៅនៃទុក្ខ ដោយប្រពៃបាន។
ម្នាលភិក្ខុទាំងឡាយ កំពូលនៃផ្ទះមានកំពូល ជាច្បង ជាទីរួបរួម ជាទីប្រជុំចុះ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បណ្តា សារាណីយធម៌ ទាំង៦ប្រការនេះ មានតែទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់នេះឯង ដែលជាច្បង ជាទីរួបរួម ជាទីប្រជុំចុះ (នៃធម៌ទាំង៥នោះ) អាចដឹកនាំសត្វ ដែលប្រតិបត្តិតាម ឲ្យអស់ទុក្ខ ដោយប្រពៃបាន យ៉ាងនោះដែរ។
[១៨៣] ម្នាលភិក្ខុទាំងឡាយ ទិដ្ឋិដ៏ប្រសើរ ដែលជាទីស្រោចស្រង់ ដឹកនាំសត្វ ដែលប្រតិបត្តិតាម ឲ្យអស់សេចក្តីទុក្ខបាន ដោយប្រពៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងសុញ្ញាគារស្ថានក្តី រមែងពិចារណាដូច្នេះថា អាត្មាអញ មានចិត្តដែលបរិយុដ្ឋានកិលេសណា គ្របសង្កត់ហើយ មិនដឹងច្បាស់ មិនឃើញច្បាស់ តាមសភាវៈពិត បរិយុដ្ឋានកិលេសនោះ តាំងនៅក្នុងសន្តាន អាត្មាអញ មិនទាន់លះបង់បាន មានដែរឬទេ។
ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានកាមរាគគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានព្យាបាទគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានថីនមិទ្ធៈគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានឧទ្ធច្ចកុក្កច្ចៈគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានវិចិកិច្ឆាគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ ខ្វល់ខ្វាយដោយការគិតនូវលោកនេះហើយ ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានសេចក្តីខ្វល់ខ្វាយ ដោយការគិតនូវលោកខាងមុខហើយ ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ហើយ ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា អាត្មាអញ មានចិត្តដែលបរិយុដ្ឋានកិលេសណា គ្របសង្កត់ហើយ មិនបានដឹងច្បាស់ មិនបានឃើញច្បាស់ តាមសភាវៈពិត បរិយុដ្ឋានកិលេស ដែលតាំងនៅក្នុងសន្តាននោះ ដែលថាអាត្មាអញ មិនទាន់លះបង់បាន មិនមានឡើយ ចិត្តរបស់អាត្មាអញ បានតំកល់ទុកប្រពៃហើយ ដើម្បីត្រាស់ដឹងនូវអរិយសច្ចធម៌ទាំងឡាយ។ នេះជាញាណទី១ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ដល់ពួកបុថុជ្ជនឡើយ។
[១៨៤] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណាដូច្នេះថា អាត្មាអញ កាលសេព កាលចំរើន កាលធ្វើរឿយៗ នូវទិដ្ឋិនេះឯង តើបាននូវសេចក្តីស្ងប់រម្ងាប់ ក្នុងចិត្តរបស់ខ្លួន បាននូវការរំលត់កិលេស ក្នុងចិត្តរបស់ខ្លួន ឬហ្ន៎។ អរិយសាវ័កនោះ រមែងដឹងយ៉ាងនេះថា អាត្មាអញ កាលសេព កាលចំរើន កាលធ្វើរឿយៗ នូវទិដ្ឋិនេះឯង តែងបាននូវសេចក្តីស្ងប់រម្ងាប់ ក្នុងចិត្តរបស់ខ្លួន បាននូវការរំលត់កិលេស ក្នុងចិត្តរបស់ខ្លួន។ នេះជាញាណទី២ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ដល់ពួកបុថុជ្ជនឡើយ។
[១៨៥] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ករមែងពិចារណា ដូច្នេះថា អាត្មាអញប្រកបដោយទិដ្ឋិ មានសភាពយ៉ាងណា សមណៈ និងព្រាហ្មណ៍ដទៃ ក្រៅអំពីនេះ ដែលប្រកបដោយទិដ្ឋិមានសភាពយ៉ាងនោះដែរ តើមានឬហ្ន៎។ អរិយសាវ័កនោះ ក៏ដឹងយ៉ាងនេះថា អាត្មាអញប្រកបដោយទិដ្ឋិ មានសភាពយ៉ាងណា សមណៈ និងព្រាហ្មណ៍ដទៃ ក្រៅអំពីនេះ ដែលប្រកបដោយទិដ្ឋិ មានសភាពយ៉ាងនោះ មិនមានទេ។ នេះជាញាណទី៣ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។
[១៨៦] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងនោះដែរឬ។
ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គល ដែលបរិបូណ៌ដោយទិដ្ឋិ គឺការចេញចាកអាបត្តិ មានសភាពយ៉ាងណា ភិក្ខុក៏គង់ត្រូវអាបត្តិ មានសភាពយ៉ាងនោះខ្លះដែរ តែថា ភិក្ខុនោះ រមែងសំដែង បើក ធ្វើឲ្យច្បាស់ឡើង នូវអាបត្តិនោះ ក្នុងសំណាក់សាស្តា ឬក្នុងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ដោយឆាប់រហ័ស លុះសំដែង បើក ធ្វើឲ្យច្បាស់ឡើងហើយ ក៏ដល់នូវការសង្រួមតទៅ។
ម្នាលភិក្ខុទាំងឡាយ ដូចជាកុមារក្មេងជាកូនខ្ចីនៅដេកផ្ងារនៅឡើយ ប៉ះពាល់រងើកភ្លើងដោយដៃក្តី ដោយជើងក្តី ក៏ដកមកវិញជាប្រញាប់ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គលដែលប្រកបដោយទិដ្ឋិ គឺការចេញចាកអាបត្តិមានសភាពយ៉ាងណា ភិក្ខុក៏គង់ត្រូវអាបត្តិមានសភាពយ៉ាងនោះខ្លះដែរ តែថាភិក្ខុនោះ សំដែង បើក ធ្វើឲ្យច្បាស់ឡើង នូវអាបត្តិនោះ ក្នុងសំណាក់សាស្តា ឬក្នុងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ដោយឆាប់រហ័ស លុះសំដែង បើក ធ្វើឲ្យច្បាស់ឡើងហើយ ក៏ដល់នូវកិរិយាសង្រួមតទៅ យ៉ាងនោះដែរ។ ភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៤ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។
[១៨៧] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គល ដែលបរិបូណ៌ដោយទិដ្ឋិនេះ គង់មានសេចក្តីខ្វល់ខ្វាយធ្វើការងារអ្វីៗខ្ពស់ និងទាបរបស់ពួកសព្រហ្មចារីបុគ្គលខ្លះដែរ តែថាគេមានសេចក្តីប្រាថ្នាក្លៀវក្លា ក្នុងអធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា។
ម្នាលភិក្ខុទាំងឡាយ ដូចជាមេគោមានកូនខ្ចី ខំប្រឹងស៊ីស្មៅផង ថ្និតថ្នមកូនផង យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គល ដែលបរិបូណ៌ដោយទិដ្ឋិនេះ គង់មានសេចក្តីខ្វល់ខ្វាយ ធ្វើការងារអ្វីៗខ្ពស់ និងទាប របស់ពួកសព្រហ្មចារីបុគ្គលខ្លះដែរ តែថា គេមានសេចក្តីប្រាថ្នាដ៏ក្លៀវក្លា ក្នុងអធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា ក៏យ៉ាងនោះដែរ។ ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៥ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។
[១៨៨] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមកំឡាំង មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភាពនៃបុគ្គលដែលបរិបូណ៌ដោយទិដ្ឋិមានកំឡាំងនុ៎ះ តែងត្រូវការយកចិត្តទុកដាក់ ចំពោះអ្នកសំដែងធម៌វិន័យ ដែលតថាគត បានសំដែងទុកមក ហើយប្រមូលចិត្តមកឲ្យមូល ផ្ទៀងត្រចៀកប្រុងស្តាប់ធម៌ (នោះ)។
ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៦ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។
[១៨៩] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមកំឡាំង មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភាពនៃបុគ្គលដែលបរិបូណ៌ដោយទិដ្ឋិមានកំឡាំងនោះ រមែងបានអត្ថវេទ បានធម្មវេទ និងបាមោជ្ជ ដែលប្រកបដោយធម៌ ចំពោះអ្នកសំដែងធម្មវិន័យ ដែលតថាគត បានសំដែងទុកមក។
ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិ តាមកំឡាំង មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៧ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។
[១៩០] ម្នាលភិក្ខុទាំងឡាយ ធម្មតានៃអរិយសាវ័ក ដែលប្រកបដោយអង្គទាំង៧ប្រការយ៉ាងនេះ សម្រេចល្អហើយ ក្នុងការធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កដែលប្រកបដោយអង្គទាំង៧ប្រការយ៉ាងនេះ ឈ្មោះថា ជាអ្នកប្រកបដោយសោតាបត្តិផល។ លុះព្រះមានព្រះភាគ បានត្រាស់ភាសិតនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរ នឹងភាសិតរបស់ព្រះមានព្រះភាគ។
ចប់ កោសម្ពិយសូត្រ ទី៨។
កោសម្ពិយសូត្រ ទី ៨ ឬ ធម៌ ៦ យ៉ាងនេះ ធ្វើឲ្យមនុស្សចេះស្រលាញ់គ្នា
បិដកភាគ ២២ ទំព័រ ៣៤៦ ឃ្នាប ១៨០
ដោយ៥០០០ឆ្នាំ
images/articles/3094/54yedge4.jpg
Public date : 23, Jul 2026 (5,966 Read)
[៧] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ក៏ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ជីវិត គឺអាយុ (របស់សត្វទាំងឡាយ) តិចតួចពេកណាស់ ដ្បិតជរា តែងនាំចូលទៅរក (សេចក្តីស្លាប់) កាលបើសត្វ ដែលត្រូវជរានាំចូលទៅជិត (សេចក្តីស្លាប់) ហើយ នឹងរកអ្វីជ្រកកោនពុំមានឡើយ កាលបើបុគ្គល បានសំឡឹងឃើញភ័យនុ៎ះ ក្នុងសេចក្តីស្លាប់ហើយ គួរតែធ្វើបុណ្យទាំងឡាយ ដែលជាគុណជាតនាំសុខមកឲ្យ។
[៨] ព្រះមានព្រះភាគត្រាស់ថា ជីវិត គឺអាយុ (របស់សត្វទាំងឡាយ) តិចតួចពេកណាស់ ដ្បិតជរា តែងនាំចូលទៅរក (សេចក្តីស្លាប់) កាលបើសត្វ ដែលត្រូវជរានាំចូលទៅជិត (សេចក្តីស្លាប់) ហើយ នឹងរកអ្វីជ្រកកោន ពុំមានឡើយ កាលបើបុគ្គលសំឡឹងឃើញភ័យនុ៎ះ ក្នុងសេចក្តីស្លាប់ហើយ ជាអ្នកប្រាថ្នាសេចក្តីស្ងប់ ត្រូវតែលះបង់អាមិសៈ ក្នុងលោកចេញ។
ឧបនេយ្យសូត្រ ទី ៣
បិដកភាគ ២៩ ទំព័រ ៤ ឃ្នាប ៧
ដោយ៥០០០ឆ្នាំ