Reading Article
Public date : 29, Jul 2019 (9,307 Read)
ពិចារណាថាសត្វមានកម្មជារបស់ខ្លួន

|
ពិចារណាថាសត្វមានកម្មជារបស់ខ្លួន
គប្បីពិចារណាថា ទាំងយើងទាំងគេ សុទ្ធតែមានកម្មជារបស់ខ្លួន រៀងៗខ្លួន ធ្វើកម្មអ្វីទុកមកក៏បានទទួលផលនៃកម្មនោះ។ ផ្ដើមដោយការពិចារណាខ្លួនឯងថាបើយើងក្រោធហើយ ទោះជាធ្វើអ្វីក៏ដោយ ការធ្វើរបស់យើងនោះកើតពីទោសៈដែលជាអកុសលមូល កម្មរបស់យើងរមែងជាកម្មអាក្រក់ ដែលនឹងបង្កឲ្យកើតផលអាក្រក់ មានតែសេចក្ដីក្ដៅក្រហាយ មិនជាប្រយោជន៍ក្នុងលោកនេះ ហើយយើងនឹងទទួលផលរបស់កម្មនោះតទៅមុខវែងឆ្ងាយទៀត។ ម្យ៉ាងទៀត កាលបើយើងធ្វើកម្មអាក្រក់ដែលកើតអំពីទោសៈនោះ មុននឹងយើងបៀតបៀនបំផ្លាញអ្នកដទៃយើងបានប្រទូសរ៉ាយនឹងខ្លួនឯង ដុតរោលខ្លួនឯងជាមុនស្រេចទៅហើយ ដូចយកដៃ ទាំងពីរចាប់ដុំរងើកភ្លើង គប់គ្រវែងដាក់អ្នកដទៃ វាររមែងឆេះដៃខ្លួនឯងជាមុនឬដូចជាចាប់លាមកចោលដាក់ទៅគេ ក៏ធ្វើឲ្យខ្លួនឯងស្អុយជាមុនរួចស្រេចទៅហើយដែរ។ កាលពិចារណាអំពីកម្មដែលខ្លួនឯងបាន គឺកាលដែលគេក្រោធហើយ គេបានធ្វើនូវកម្មអាក្រក់ គេនឹងទទួលបានផលកម្មរបស់គេតទៅ កម្មអាក្រក់នោះ នឹងមិនជួយឲ្យគេបានទទួលផលល្អ មានសេចក្ដីសុខអ្វីឡើយ មានតែផលអាក្រក់ ចាប់ផ្ដើមតាំងអំពីដុតរោលចិត្តរបស់គេជាដើមទៅ។ ក្នុងកាលដែលមនុស្សយើងមានកម្មជារបស់ខ្លួនរៀងៗខ្លួន ទទួលផលកម្មរៀងៗខ្លួន ដូច្នេះ យើងមិនចាំបាច់គិតខ្វល់ខ្វាយឲ្យក្ដៅក្រហាយចិត្តនោះទេ តាំងចិត្តធ្វើតែអំពើល្អទៅបានហើយ។ ដកស្រង់ចេញពីសៀវភៅ វិធីរម្ងាប់សេចក្ដីក្រោធ ដោយ៥០០០ឆ្នាំ |