Reading Article
Public date : 25, Jul 2019 (12,208 Read)
ពិចារណាអានិសង្សរបស់មេត្តា

|
ពិចារណាអានិសង្សរបស់មេត្តា
ធម៌ដែលផ្ទុយគ្នាពីសេចក្តីក្រោធ គឺ មេត្តា ។ សេចក្តីក្រោធមានទោសបង្កផលអាក្រក់ដ៏ក្រៃលែង យ៉ាងណាមេត្តាក៏មានគុណ បង្កផលល្អច្រើនក្រៃលែងដូច្នោះដែរ ។ កាលបើដូចនេះទើបគួររម្ងាប់សេចក្តីក្រោធ ហើយតាំងចិត្តមេត្តាមកជំនួសវិញ ឲ្យមេត្តាហ្នឹងឯង ជួយកម្ចាត់កម្ចាយ និងការពាររារាំងសេចក្តីក្រោធ រហូតដល់បានឈ្នះជាស្ថាពរ ។ អ្នកមានមេត្តាអាចយកឈ្នះចិត្តអ្នកដទៃបាន ជាជ័យជម្នះដ៏ប្រសើរ អ្នកដែលតាំងនៅក្នុងមេត្តា ឈ្មោះថាធ្វើនូវប្រយោជន៍អ្នកដទៃ ។ មេត្តាបានធ្វើចិត្តឲ្យស្រស់ថ្លា ស្អាតផូរផង់ មានសេចក្តីសុខ ។ ព្រះសម្មសម្ពុទ្ធត្រាស់សម្តែងអានិសង្សរបស់មេត្តាមាន ១១ ប្រការៈ ១- ដេកលក់ជាសុខ បើយើងក្រោធជាមួយអ្នកដទៃយើងបីដូចជាត្រូវថ្នាំពិស មិនបានដេកនៅជាសុខឡើយ ដូច្នេះទើបត្រូវចម្រើននូវមេត្តា រស់នៅជាមួយនឹងមេត្តាធម៌ ព្រមទាំងគុណធម៌ផ្សេងៗ ទៀតផង ។ ២- ភ្ញាក់ឡើងក៏ជាសុខ សុខសប្បាយក្នុងចិត្តដោយពីថ្ងៃមុនមិនបានធ្វើអាក្រក់ព្រោះក្រោធឡើយ និងដោយនឹកឃើញដល់អំពើល្អដែលខ្លួនបានឡើយ ។ ៣- មិនយល់សប្តិអាក្រក់ សូម្បីតែយល់សប្តិក៏ឃើញតែអារម្មណ៍ល្អ ៗ ដូចជា ថ្វាយបង្គំព្រះពោធិព្រឹក្ស ហែកឋិន និងឃើញធ្វើបុណ្យផ្សេងៗទៀត ដោយមិនបានយល់សប្តិឃើញកាប់ចាក់ឈ្លោះប្រកែកគ្នាជាដើមឡើយ ។ ៤- ជាទីស្រឡាញ់នៃមនុស្សទាំងឡាយ បើយើងត្រូវការឲ្យមនុស្សទាំងឡាយស្រឡាញ់យើង គឺយើងត្រូវរៀនឲ្យចេះស្រឡាញ់អ្នកដទៃជាមុនសិន គឺរៀនឲ្យមានមេត្តា ។ ៥-ជាទីស្រឡាញ់នៃអមនុស្សទាំងឡាយ យើងត្រូវទុកអមនុស្សទាំងឡាយ ទេវតាទាំងឡាយជាមិត្តរួមកើតរួមចាស់ រួមឈើ រួមស្លាប់ជាមួយនឹងយើង ។ នៅពេលដែលយើងធ្វើកុសលអ្វីមួយរួចហើយ យើងត្រូវឧទ្ទិសកុសលនោះឲ្យដល់អមនុស្សនឹងទេវតាទាំងឡាយផង ។ ៦- ទេវតាទាំងឡាយជួយថែរក្សា ទោះជាទេវតារក្សាក៏មិនអាចរក្សាចិត្តយើងបានដែរ គឺមានតែគុណធម៌ មានមេត្តាជាដើមប៉ុណ្ណោះទេ ដែលអាចរក្សាចិត្តយើងបាន ។ ៧- មិនត្រូវដោយសាស្ត្រាវុធជាដើម ដែលជាអន្តរាយខាងក្រៅឡើយ មេត្តាជាធម៌រម្ងាប់នូវពៀរ អ្នកចម្រើននូវមេត្តាជាអ្នកស្លូតបូត រហូតដល់បានសម្រេចអប្បនាសមាធិជាគុណជាតិដ៏ប្រសើរដែលអាចការពារអន្តរាយបាន ។ ៨- មានចិត្តតាំងមាំបានដោយឆាប់ មេត្តាធម៌ ជាធម៌មានឧបការៈដល់កុសលធម៌ដទៃទៀតខ្លាំងក្លាណាស់ ទោះជាទានក្តី សីលក្តី សមថភាវនាក្តី វិបស្សនាភាវនាក្តី ។ ៩- សម្បុរមុខស្រស់ថ្លា ព្រោះដោយអំណាចនៃមេត្តាបានញ៉ាំងឲ្យរូបស្រស់បស់ទឹកមុខគួរឲ្យរាប់អាន ។ ទោះបីអ្នកស្អាតពីកំណើតមកក៏ដោយ ក៏ព្រោះមកអំពីមានបុណ្យដែលបានធ្វើហើយនោះប្រកបដោយមេត្តាដែរ ។ ១០- មិនវង្វេងនៅពេលជិតស្លាប់ មនុស្សដែលវង្វេងនៅពេលជិតស្លាប់ ព្រោះបាត់បង់ស្មារតី ឯធម៌មេត្តាជាគុណជាតិញ៉ាំងស្មារតីឲ្យចម្រើន មិនសន្សំការខឹងក្រោធដែលជាបាបនាំឲ្យវង្វេង នោះឡើយ ។ ១១- កាលបើមិនទាន់ត្រាស់ដឹងនូវគុណធម៌ជាន់ខ្ពស់ គឺ ព្រះអរហត្តទេ រមែងចូលទៅកាន់ ព្រហ្មលោកដោយអំណាចនៃមេត្តាចេតោវិមុត្ត ។ បើជាអ្នកនៅច្រើនទៅដោយសេចក្តីក្រោធ ឈ្មោះថា ជាអ្នកនៅឆ្ងាយអំពីការបានអានិសង្សទាំងនេះ ដូច្នេះទើបគួរព្យាយាមចម្រើនមេត្តា ឲ្យជាធម៌ប្រចាំចិត្ត ប្រចាំជីវិត ហ្វឹកហាត់អប់រំឲ្យមានមេត្តាជាប្រក្រតីរៀងរាល់ថ្ងៃព្រោះថា បើមេត្តាចិត្តនៅមិនទាន់បានមាំទាំទេ គឺមិនអាចយកឈ្នះសេចក្តីក្រោធបានឡើយ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ វិធីរម្ងាប់សេចក្តីក្រោធ រៀបរៀងដោយ អគ្គ បណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស ។ វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |