Reading Article
Public date : 29, Jul 2019 (16,405 Read)
ពិចារណាញាតិក្នុងសង្សារវដ្ដ

|
ពិចារណាញាតិក្នុងសង្សារវដ្ដ
មានព្រះពុទ្ធវចនៈកន្លែងមួយបានសម្ដែងថា ក្នុងសង្សារវដ្ដ គឺកាលវិលវល់កើតស្លាប់ដែលកំណត់ទីបំផុតខាងដើមមិនបាននេះ សត្វណាដែលមិនធ្លាប់ជាមាតា មិនធ្លាប់ជាបិតា មិនធ្លាប់ជាបុត្រ មិនធ្លាប់ជាធីតានឹងគ្នា សត្វនោះមិនងាយរកបានទេ ដូច្នេះ កាលបើមានហេតុនាំឲ្យក្រោធកើតឡើងពីអ្នកណា គប្បីពិចារណាថា បុគ្គលនោះធ្លាប់ជាមាតារបស់យើង បុគ្គលនោះធ្លាប់ជាបិតារបស់យើង។ អ្នកដែលមានមាតានោះ រក្សាកូនទុកក្នុងពោះជាច្រើនខែ គ្រាកាលចាកផ្ទៃមកហើយ ក៏ចិញ្ចឹមថែរក្សាមិនខ្ពើមមូត្រលាមក ទឹកមាត់ទឹកសម្បោរជាដើម ចាប់កាន់ជូតលាងដោយដៃយ៉ាងស្និត ឱបកូន ពកូន បីកូនបំបៅដោះ ចិញ្ចឹមកូនឲ្យរស់ ឲ្យរៀន ។ល។ ចំណែកលោកជាបិតា ត្រូវដើរផ្លូវលំបាក ផ្លូវឆ្ងាយជួបភ័យព្រួយក្នុងមុខរបរជួញដូរ បិតាខ្លះទៅធ្វើសង្គ្រាម បិតាខ្លះចុះទូកកណ្ដាលសមុទ្រ បិតាខ្លះធ្វើការលំបាកផ្សេងៗទៀត ដើម្បីប្រមូលទ្រព្យមក ដោយគិតថានឹងចិញ្ចឹមកូនតូច។ ទោះជាមិនមែនមាតាបិតា ក៏អាចជាបង ជាប្អូន ជាញាតិ ជាមិត្ត ដែលធ្លាប់បានរួមសុខទុក្ខជាមួយគ្នា។ ដូច្នេះ ការដែលមានចិត្តអាក្រក់ ខឹងក្រោធស្អប់ខ្ពើមដល់បុគ្គលទាំងនោះគឺការមិនសមគួរសោះឡើយ។ ព្រោះតែការហួងខែងកូនប្រុសស្រី សន្សំទ្រព្យទុកសម្រាប់កូន ទើបមិនបានធ្វើទាន មិនបានរក្សាសីល ភ្លាតគតិខ្លួនឯងទៅនរក ទើបមិនបានធ្វើទាន អស់កាលដ៏យូរអង្វែងទើបបានកើតមកជាមនុស្សកំសត់ក្រីក្រ ពិការខ្វាក់ខ្វិន លំបាកលំបិន ត្រាច់ចរសូមទាន ដូច្នេះ ទើបយើងមិនត្រូវញ៉ាំងចិត្តឲ្យប្រទូស្ដ ឬ ឲ្យស្អប់ខ្ពើមទៅលើអ្នកដែលធ្លាប់ពលីជីវិតចំពោះយើងឡើយ។ ដកស្រង់ចេញពីសៀវភៅ វិធីរម្ងាប់សេចក្ដីក្រោធ ដោយ៥០០០ឆ្នាំ |