Reading Article
Public date : 25, Jul 2019 (10,774 Read)
មិនជាទាសៈរបស់អតីតកាល

|
អ្វីៗដែលជាអតីត បានកន្លងទៅហើយ ហៅឲ្យត្រឡប់មកវិញមិនបានឡើយ ទោះជាខំស្រែកយំអង្វរសូមដោយទុក្ខទោមនស្សយ៉ាងណាក៏ដោយ អតីតក៏គង់នៅតែជាអតីតដដែល ។
តាមពិត អ្វីដែលថាធ្វើសាជាថ្មីនោះ គឺបានត្រឹមតែជាការកែខៃប៉ុណ្ណោះ ដូចជាការធ្វើខុសទៅហើយត្រូវធ្វើសាថ្មីគឺកែខៃឲ្យបានត្រឹមត្រូវ និយាយខុសហួសទៅហើយ ខំប្រឹងនិយាយសាថ្មីដើម្បីឲ្យបានត្រឹមត្រូវនេះជាការកែខៃ ប៉ុន្តែអ្វីដែលខុសព្រោះការធ្វើ ឬព្រោះការនិយាយនោះ វាបានកន្លងទៅហើយ នឹងចាប់ទាញវាយកមកវិញដើម្បីកុំឲ្យវាយ៉ាងហ្នឹង គឺមិនបានជាដាច់ខាត ព្រោះអតីតមិនអាចត្រឡប់មកជាបច្ចុប្បន្នឡើយ ។ មនុស្សដែលធ្លាប់មានដំបៅហើយ តើនឹងថាមិនធ្លាប់មានដំបៅយ៉ាងម៉េចកើតទៅ វាត្រូវតែជាដំបៅដែលបានកើតហើយនោះឯង ប៉ុន្តែស្នាមដំបៅមានឬមិនមាន ស្រេចហើយតែនៅលើការរក្សា ។ ស្នាមខាងផ្លូវចិត្តក៏ដូចគ្នា អ្វីដែលបានធ្វើហើយ វាជាការធ្វើហើយ សុខឬទុក្ខវាក៏បានកន្លងទៅហើយដែរ ។ នៅពេលនឹកត្រឡប់ទៅរករឿងរ៉ាវដែលកន្លងទៅហើយនោះ សុខឬទុក្ខក៏បានកើតឡើងសាជាថ្មីទៀត ប៉ុន្តែហេតុការណ៍ផ្សេងៗនោះបានកន្លងទៅហើយ ប្រៀបដូចជាទឹកដែលហូរចុះទៅក្រោម គឺវាចេះតែហូរទៅ និងឆ្ងាយទៅជានិច្ច ។ ព្រោះហេតុដូច្នេះ ការដែលយើងបានធ្វើអ្វីមួយខុសនិងបានបាត់បង់សាបសូន្យនូវអ្វីមួយនោះ ក៏សូមឲ្យវាកន្លងទៅចុះ កុំទុកដាក់រឿងដែលកន្លងទៅហើយ ឲ្យនៅដុតរោលខ្លួនឯងឥតប្រយោជន៍ កុំព្រមជាទាសៈ របស់អតីត កុំឲ្យអតីតមកក្តិចខ្ញាំបេះដូង និងកុំអង្គុយជាមួយអតីតដោយចិត្តសៅហ្មងឲ្យសោះ ។ ចូរកុំឃាំងឬដាក់គុកខ្លួនឯងទុកជាមួយនឹងអតីតដោយចិត្តក្តៅក្រហាយឡើយ ព្រោះវាជាការធ្វើទារុណកម្មខ្លួនឯងឥតប្រយោជន៍ ។ អតីតកាលទោះជាយ៉ាងណាក៏តាមតែវាចុះប៉ុន្តែបច្ចុប្បន្ន និងអនាគត វានៅជារបស់យើង សូមឲ្យផ្តើមធ្វើជាថ្មី សាងថ្មី ធ្វើបច្ចុប្បន្នឲ្យល្អជាទីបំផុត ដូច្នេះអានាគត នឹងបានល្អជាប្រាកដ ។ បច្ចុប្បន្ននឹងក្លាយជាអតីតរបស់អនាគតទើបត្រូវសាងអនាគតដោយបច្ចុប្បន្នហ្នឹងឯង ។ មនុស្សខ្លះលិចចូលក្នុងអតីតដោយចិត្តសៅហ្មង រហូតដល់ខូចអស់នូវបច្ចុប្បន្ន ចំណែកអនាគតក៏ងងឹតស្លុបឥតរស្មីព្រោះដូច្នេះ ចូរកុំជាទាសៈរបស់អតីត ពោលគឺកុំយកអតីតជាចៅហ្វាយនាយឡើយ ។ នៅក្នុងព្រះពុទ្ធសាសនា ព្រះអង្គទ្រង់បានទូន្មានថាកិលេសជាតិណា ដែលមានអារម្មណ៍ជាអតីត កិលេសជាតិ នោះចូររីឯស្ងួតទៅ កង្វល់ក្នុងអនាគតចូរកុំមានដល់អ្នកឡើយបើអ្នកមិនប្រកាន់ក្នុងខន្ធជាបច្ចុប្បន្ននេះ ទេ អ្នកនឹងជាបុគ្គលស្ងប់ហើយត្រាច់ទៅ ។ មិនខ្វាយខ្វល់ក្នុងរឿងអនាគត មិនសោកសៅចំពោះអតីត ជាអ្នកឃើញស្ងាត់សូន្យចាកសត្វក្នុងផស្សៈ តាមទ្វារទាំង៦ យ៉ាងនេះ អត់នរណានាំទៅដោយការយល់ខុសឡើយ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ សុខចិត្ត វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |