images/articles/338/2020-07-20_16_02_03-83344777_1656257864533158_8801894195880001536_o_jpg_-_Picasa_Photo_Viewer.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៣២,៨៧៦ ដង)
មនុស្សដែលមានចំណែកនៅក្នុងការគ្រប់គ្រង ឬ ឲ្យកើតការគ្រប់គ្រងបានល្អ គប្បីដឹងគោលធម៌និងបដិបត្តិតាមដូចតទៅ៖
ក-ដឹងគោលអធិបតេយ្យ គឺដឹងនូវភាពជាអធិបតីក្នុងការគ្រប់គ្រងខ្លួនឯង ដើម្បីរួមចំណែកក្នុងការគ្រប់គ្រង ឬដើម្បីឲ្យកើតការគ្រប់គ្រងបានល្អក្នុងពួកក្រុម អធិបតេយ្យ មាន ៣ យ៉ាងគឺ៖
១- អត្តាធិបតេយ្យ មានភាវៈនៃខ្លួនឯងជាអធិបតី គឺ យកខ្លួនជាធំក្នុងការគ្រប់គ្រងខ្លួនឯង ចេះខ្មាសចេះខ្ពើមនូវអំពើអាក្រក់មកអំពីការគោរពខ្លួនឯង គឺពិចារណាឃើញជាតិកំណើតរបស់ខ្លួន ឃើញវ័យរបស់ខ្លួន ឃើញការចេះដឹង និងសេចក្តីក្លៀវក្លាមុខមាត់កិត្តិយសរបស់ខ្លួន។
២-លោកាធិបតេយ្យ មានភាវៈនៃលោកជាអធិបតី គឺធ្វើអ្វីៗខ្លាចអ្នកដទៃនិន្ទា ខ្លាចទណ្ឌកម្ម ខ្លាចអបាយភូមិ ម៉្លោះហើយក៏ជាអ្នកខ្លាចបាប មិនហ៊ានធ្វើនូវអំពើបាប ម៉្យាងទៀត ជាអ្នកគោរពគ្រូ គោរពព្រះសាស្តា គោរពមាតាបិតា គោរពសព្រហ្មចារី និងគោរពអ្នកដទៃដែលគួរគោរព ហើយក៏គ្រប់គ្រងរក្សាខ្លួនដោយអំពើល្អ នេះឈ្មោះថា យកលោកជាធំ។
៣-ធម្មាធិបតេយ្យ មានភាវៈនៃធម៌ជាអធិបតី គឺយកធម៌ជាធំក្នុងការគ្រប់គ្រងខ្លួន យកឱវាទព្រះសម្មសម្ពុទ្ធជាធំ ឬ យកធម៌វិន័យ យកច្បាប់ យកហេតុផលត្រឹមត្រូវ យកសេចក្តីល្អ យកធម៌របស់សប្បុរស យកសេចក្តីស្ងប់ យកសន្តិភាពជាធំ ធ្វើការដោយប្រារព្ធយកការចេះដឹង ដែលខ្លួនបានសិក្សា និងពិចារណាត្រឹមត្រូវជាអធិបតី មិនបណ្តោយឲ្យតណ្ហា មានះ ទិដ្ឋិគ្រប់គ្រងដឹកនាំឡើយ។
◊ ដើម្បីមានភាវៈនៃធម៌ជាអធិបតី បុរសស្ត្រីត្រូចខំប្រឹងសិក្សារៀនសូត្រ ដោយឆន្ទៈដ៏បរិសុទ្ធ រួចហើយត្រូវគាំទ្រនូវចំណេះដឹងដែលខ្លួនខំប្រឹងសិក្សាអស់កាលដ៏យូរនោះ ដោយការបដិបត្តិតាមកុំឲ្យការចេះដឹងទៅជាមោឃៈឥតប្រយោជន៍។ ធម្មាធិបតេយ្យនេះសំខាន់ណាស់ ថែមទាំងជួយឲ្យអធិបតេយ្យ ២ អំពីខាងដើម មានភាពជាអធិបតីក្នុងផ្លូវល្អទៀតផង ពោលគឺបានតំកល់ខ្លួនក្នុងធម៌ ហិរិ (ខ្មាសបាប) ដោយមានអត្តាធិបតេយ្យ និងតម្កល់ខ្លួនក្នុង ឱតប្បៈ (ខ្លាចបាប) ដោយមានលោកាធិបតេយ្យ ឯចំណែកការតម្កល់ខ្លួនក្នុងភាពជាឥស្សរៈ មិនជាទាសៈនៃតណ្ហា មានះ ទិដ្ឋិ ដោយធម្មាធិបតេយ្យ។ បើខ្វះនូវធម្មាធិបតេយ្យ វាងាយក្នុងការបាត់បង់នូវហិរិ និងឱតប្បៈណាស់ ព្រោះមិនមានអ្វីជាកម្លាំងជួយទប់ស្កាត់នូវតណ្ហា មានះ និងទិដ្ឋិហ្នឹងឯង ដូចជាការមានភាវៈនៃខ្លួនជាធំ ប៉ុន្តែមិនគោរពធម៌វិន័យ មិនគោរពច្បាប់ ព្រោះមិនមាននូវធម្មាធិបតេយ្យ វារមែងភ្លាត់ខ្លួនធ្លាក់ពីហិរិ ហើយរមៀលចូលទៅរកកំហុសមួយគឺ “ធ្វើអ្វីស្រេចតែអញ” ឯការមាននូវភាវៈនៃលោកជាធំប៉ុន្តែមិនមាននូវធម្មាធិបតេយ្យ វារមែងទប់ខ្លួនមិនជាប់ក្នុងឱតប្បៈ ហើយត្រូវរបូតចូលរណ្តៅបាប ធ្វើអំពើទុច្ចរិតផ្សេងៗ ដោយអាងថាស្ងាត់មិនមានអ្នកដទៃដឹង។
(គោលអធិបតេយ្យ ៣យ៉ាងនេះ ស្រង់ចាកអង្គុត្តរនិកាយ តិកនិបាត អធិបតេយ្យសូត្រ)
ខ-មានចំណែកក្នុងការគ្រប់គ្រង ដោយការបដិបត្តិតាមគោលការណ៍រួម ទទួលខុសត្រូវទាំងអស់គ្នាព្រមព្រៀងគ្នាជួយការពារកុំឲ្យសាបសូន្យ និងឲ្យឈានទៅរកការរីកចម្រើនរុងរឿង ដែលហៅថា អបរិហានធម៌ (ធម៌ដែលមិនប្រព្រឹត្តទៅដើម្បីសេចក្តីសាបសូន្យ ប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើនតែម៉្យាង) មាន ៧ ប្រការគឺ៖
១-មានការប្រជុំរឿយៗ ប្រឹក្សាការងារដែលបានធ្វើហើយ និងដែលមិនទាន់បានធ្វើ។
២-ព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងការប្រជុំ ព្រមព្រៀងគ្នាធ្វើនូវកិច្ចការទាំងឡាយដែលគប្បីធ្វើព្រមគ្នា។
៣-ព្រមព្រៀងគ្នាបដិបត្តិតាមច្បាប់ប្រទេស ឬច្បាប់សាសនា មិនស្រេចតែចិត្តចង់ស្រួល ហើយដកនូវច្បាប់ដែលបានបញ្ញត្តិរួចហើយ និងមិនស្រេចតែអញជាអ្នកបញ្ញត្តិច្បាប់ផ្សេងៗនោះឡើយ។
៤-បុគ្គលណាជាអ្នកធំ ធ្លាប់បានជួបប្រទះហេតុការណ៍ច្រើនមកហើយ ជាអ្កនមានអាយុច្រើន មានពាក្យសម្តីគួរស្តាប់ គប្បីឲ្យកិត្តិយស និងធ្វើសក្ការៈ គោរពរាប់អាន បូជាដល់បុគ្គលនោះ សម្លឹងឃើញសេចក្តីសំខាន់នៃពាក្យសម្តីរបស់បុគ្គលនោះឯង ថាជាពាក្យសម្តីគួរស្តាប់។
៥-ឲ្យកិត្តិយសដល់ស្ត្រីក្នុងត្រកូល មិនមើលងាយ មិនគំរាមកំហែងនិងមានការគ្រប់គ្រងដោយល្អ។
៦-ធ្វើសក្ការៈគោរពបូជានូវព្រះចេតិយ បូជនីយដ្ឋាននិងចេតិយអនុស្សាវរីយ៍ប្រចាំជាតិ ដែលជាគ្រឿងដាស់តឿនស្មារតីនៃមហាជន ឲ្យធ្វើនូវសេចក្តីល្អ។
៧-ចាត់ចែងត្រឹមត្រូវ រក្សាការពារ និងគ្រប់គ្រងប្រកបដោយធម៌ ដល់បព្វជិតដែលទ្រទ្រង់នូវសីលគុណទ្រទ្រង់នូវធម៌បរិសុទ្ធទាំងឡាយ ដែលជាទីរលឹក និងជាបង្គោលនៃសាសនារបស់មហាជន ពេញចិត្តនឹងការនៅជាសុខ របស់បព្វជិតដែលបរិសុទ្ធទាំងអស់នោះ។
(ស្រង់ចាក អង្គុត្តរនិកាយ សត្តកនិបាត វជ្ជីវគ្គ សារន្ទទសូត្រ)
◊ មនុស្សល្អដែលមានចំណែកក្នុងការគ្រប់គ្រងពួកក្រុម ឬសមាគមជាដើម ត្រូវមាននូវគុណធម៌ទាំងឡាយផ្សេងទៀតដូចជាៈ
-មិនងប់ងុលខាងផ្លូវភេទ ក្នុងរឿងកាមគុណ។
-មិនមានចិត្តចង្អៀតចង្អល់លបលាក់បរិភោគអ្វីៗតែឯង។
-ជាអ្នកឃើញតម្លៃនៃពេលវេលា។
-ជាអ្នកមានវិន័យ មានសីលពិតប្រាកដ។
-ជាអ្នកបដិបត្តិកិច្ចការតាមតួនាទីបានពេញលេញ។
-មានស្មារតីមិនប្រមាទ។
-មានវិចារណញ្ញាណ ចេះពិចារណាមុននឹងធ្វើកិច្ចការអ្វីមួយ។
-សុភាពរៀបសា ចេះទទួលស្តាប់ពាក្យអ្នកដទៃ។
-ជាមនុស្សរៀបរយ ចេះស្រឡាញ់ភាពស្អាតប្រណីតក្នុងការងារ។
-និយាយពីរោះមានន័យគួរស្តាប់ មិននិយាយឡេះឡោះ ទាំងកាយទាំងចិត្តទន់ភ្លន់ មិនកោងកាច មិនច្រងេងច្រងាង។
-មានចិត្តសង្គ្រោះដល់មិត្តសម្លាញ់និងមានចិត្តអើពើជួយដល់មនុស្សទូទៅ។
-ជាអ្នកចេះចាត់ការឲ្យមានរបៀបរៀបរយ និងបានផលល្អ។
-ចេះទំនុកបម្រុងដល់ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា។
-ប្រាថ្នាល្អ ស្រឡាញ់សុចរិត។
-អានច្រើនស្តាប់ច្រើន ទ្រទ្រង់នូវវិជ្ជា និងចូលចិត្តសាកសួរស្រាវជ្រាវ ស្វែងរកការចេះដឹងច្រើនឡើងៗប៉ុណ្ណេះជាដើម។
[ដកស្រង់ចេញពីសៀវភៅ "ពរ៤ប្រការ" របស់អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស]
ដោយ៥០០០ឆ្នាំ
images/articles/336/tex456tpic.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥២,២៧៩ ដង)
ស្រឡាញ់ក៏ស្រឡាញ់ទៅចុះ
ប្រុសស្រីស្រួលស្រុះលុះសីលធម៌
កុំតែស្រឡាញ់ឲ្យវឹកវរ
បង្កអាស្រូវនៅក្នុងស្រុក។
សីលធម៌សង្គមប្រពៃណី
យើងរួមសាមគ្គីរក្សាទុក្ខ
ខ្មែរស្រឡាញ់ខ្មែរខ្មែរមានមុខ
ខ្មែរយើងមានស្រុកមានវប្បធម៌។
ខ្មែរស្លៀកពាក់ខ្មែរនិយាយខ្មែរ
ខ្មែរមានឪម៉ែអ្នកអង្គរ
ខ្មែរមានអរិយធម៌ខ្ពស់បវរ
ខ្មែរមានអក្សររបស់ខ្លួន។
ខ្មែរនាំគ្នាកាន់សាសនាពុទ្ធ
ខ្មែរចិត្តមោះមុតជាតិមាំមួន
ខ្មែរមានបិដកភាសាខ្លួន
ខ្មែរមានច្បាប់ក្បួនខ្មែរមានធម៌។
ខ្មែរយើងជាពូជអ្នកល្បាញល្បី
ខ្មែរមានទឹកដីព្រៃអង្គរ
ខ្មែរមានប្រាសាទល្បីខ្ទារខ្ទរ
ខ្មែរម្ចាស់អង្គរបន្តថែ។
ខ្មែរមានព្រះសង្ឃខ្មែរមានវត្ត
ខ្មែរមានបែបបទរបស់ខ្មែរ
ខ្មែរទទួលស្គាល់គុណឪម៉ែ
ខ្មែរចេះធ្វើស្រែខ្មែរមានបាយ។
ខ្មែរស្រឡាញ់ខ្មែរខ្មែរថែខ្លួន
ខ្មែរជាតិមាំមួនខ្មែរសប្បាយ
ខ្មែររួមប្រជុំជាតិទាំងឡាយ
ខ្មែរមានឧបាយកសាងជាតិ។
ខ្មែរធ្វើខ្មែរគិតដល់ខ្លួនឯង
ខ្មែរគិតកោតក្រែងសន្តានញាតិ
ខ្មែរថែសាសនាប្រទេសជាតិ
ខ្មែរមិនត្រូវឃ្លាតពីសីលធម៌។
ដូច្នេះខ្មែរត្រូវតែលះបង់
ចំពោះចំណង់អន្លង់មរណ៍
ច្រណែនឈ្នានីសនាំវឹកវរ
ចង់ឲ្យខ្លូនល្អកុំដៀលគេ។
អក្សរសាស្ត្រវប្បធម៌ប្រពៃណី
នាទីកូនខ្មែរថែឲ្យថេរ
ជាតិគេស្រឡាញ់របស់គេ
ខ្មែរត្រូវរិះរេស្រឡាញ់ខ្មែរ។
(ដកស្រង់ចេញពីសៀវភៅ “បទពិចារណា”
រៀបរៀងដោយអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស)
ដោយ៥០០០ឆ្នាំ
images/articles/332/text65pic.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៦២,៥៧៧ ដង)
អ្វីដែលហៅថា កម្ម ? ព្រះពុទ្ធមានព្រះបន្ទូលពន្យល់ថា “ ម្នាលភិក្ខុទាំងឡាយ! គឺចេតនា ដែលតថាគតហៅថា កម្ម” ។ ន័យរបស់កម្មក្នុងពាក្យសាមញ្ញធម្មតាគឺ អំពើ ឬការធ្វើអ្វីមួយ ។ ក្នុងន័យជាបច្ចេកទេសកម្មមានន័យថា ចេតនា ។ ចេតនា គឺធម្មជាតិអ្នកគិត អ្នកចាត់ចែង អ្នកសន្សំ ធម្មជាតិដែលញ៉ាំងសម្បយុត្តធម៌ គឺចិត្តឲ្យប្រព្រឹត្តអំពើជាកុសលឬជាអកុសល ។
កាលណាអ្នកធ្វើអំពើអ្វីមួយតែងតែមានចេតនានៅពីក្រោយអំពើនោះ ហើយចេតនានោះ សេចក្តីប្រឹងប្រែងតាមផ្លូវចិត្តហៅថា កម្ម ។ ព្រះពុទ្ធទ្រង់ត្រាស់ពន្យល់ថា កាលណាបុគ្គលណាមួយ មានចេតនា បុគ្គលនោះរមែងធ្វើសកម្មភាពតាមកាយ វាចា ចិត្ត ។ អ្វីមួយដែលអ្នកធ្វើ មានកម្មនៅជាប់ជាមួយនោះ ។ ចេតនាជាចេតសិកមួយ ក្នុងចំណោមចេតសិក៥២ ដែលកើតឡើងនិងរលត់ទៅជាមួយនឹងចិត្ត ។ បើអ្នកពុំសូវដឹងអំពីពាក្យថាកម្ម សេចក្តីអធិប្បាយអំពី “ ច្បាប់នៃកម្ម “ នេះ ជាជំនួយសំខាន់មួយសំរាប់អ្នកអាន ។
ជនទាំងឡាយមួយចំនួនដែលមិនមែនជា អ្នកកាន់ព្រះពុទ្ធសាសនា បានត្រូវទាក់ទាញដោយសារតែទ្រឹស្តីនៃកម្ម ឲ្យចូលមកក្នុងព្រះពុទ្ធសាសនា ព្រោះថាសេចក្តីពន្យល់អំពីច្បាប់នៃកម្ម ណែនាំឲ្យដឹងអំពីហេតុ ដែលឲ្យបុគ្គលម្នាក់ៗមានសភាពខុសៗគ្នា និងហេតុដែលបណ្តាលឲ្យបុគ្គលម្នាក់ៗមានទុក្ខផ្សេងៗគ្នាក្នុងជីវិតបច្ចុប្បន្ននេះ ។ ជនជាតិអ៊ីតាលីម្នាក់ បានពិចារណាយ៉ាងច្រើនរកហេតុផល នៃភាពមិនស្មើគ្នានៃមនុស្សម្នាក់ៗ អ្នកខ្លះមានជម្ងឺច្រើន អ្នកខ្លះមានសុខភាពល្អ អ្នកខ្លះមានទ្រព្យសម្បត្តិច្រើន អ្នកខ្លះក្រីក្រតោកយ៉ាក អ្នកខ្លះរូបល្អ អ្នកខ្លះរូបអាក្រក់ អ្នកខ្លះឆ្លាត អ្នកខ្លះល្ងង់ ។ល។ តើហេតុអ្វីហ្ន៎ បានជាមនុស្សមានវាសនាខុសគ្នាយ៉ាងនេះ?
គាត់បានសាកសួររកចម្លើយនេះ ពីមនុស្សជាច្រើន ប៉ុន្តែគាត់ពុំបានទទួលចម្លើយណាមួយឲ្យពេញចិត្តគាត់ឡើយ ។ ថ្ងៃមួយ គាត់បានអានសៀវភៅអំពីសាសនាព្រះពុទ្ធ ត្រង់កន្លែងដែលពន្យល់អំពី “ ច្បាប់នៃកម្ម “ គាត់មានការពេញចិត្តជឿតាមទ្រឹស្តីព្រះពុទ្ធយ៉ាងខ្លាំង ក៏សម្រេចចិត្តរៀនព្រះធម៌ បានចេះដឹងច្រើនហើយក៏បួសជាភិក្ខុរហូតដល់អស់អាយុសង្ខារទៅ ។ ភិក្ខុអង្គនេះបានត្រូវទ្រឹស្តី “ ច្បាប់នៃកម្ម “ទាក់ទាញឲ្យចូលសាងផ្នួស ក្នុងសំណាក់សាសនាព្រះពុទ្ធហើយប្រព្រឹត្តនូវព្រហ្មចរិយធម៌ ជាការប្រពៃណាស់ចំពោះព្រះអង្គ ។
កម្មមិនមែនជាច្បាប់តុលាការទេ បើជនណាម្នាក់ យកកម្មជាច្បាប់សម្រាប់វិនិច្ឆ័យទោស នោះត្រូវតែមានអាទិទេពណាមួយអង្គុយពីលើ ចាំកាត់ទោសសត្វលោក ។ គ្មានច្បាប់តុលាការទេ ក៏គ្មានអ្នកកាត់ក្តីចំពោះកម្មដែលមនុស្សធ្វើដែរ ។ កម្មគ្រាន់តែជាហេតុ អ្នកបង្កើតនូវហេតុ នឹងត្រូវទទួលផលតាមហេតុនោះៗ ។ មិនមានអ្នកដាក់ទោសពិន័យ ក៏មិនមានអ្នកឲ្យរង្វាន់ដែរ ។ សត្វលោកដែលទទួលផលល្អឬអាក្រក់ក្នុងជីវិតនោះ ក៏ព្រោះតែមានកម្មជាហេតុប៉ុណ្ណោះ គ្មានទាក់ទងនឹងអ្វីផ្សេងទៀតទេ ។ គឺជាច្បាប់ធម្មជាតិ! ។ អ្នកធ្វើអំពើដោយចេតនាអាក្រក់ នឹងទទួលផលអាក្រក់ អ្នកធ្វើអំពើដោយចេតនាល្អ នឹងទទួលផលល្អ ។
មនុស្សម្នាក់ៗតែងធ្វើនូវកម្មដែលជាកុសលផង ជាអកុសលផង បើដូច្នេះតើពេលណា ជាតិណា ផលនៃកម្មណា គេនឹងត្រូវទទួល? បើគ្មានអ្នកកាត់ក្តីឲ្យទោសឬរង្វាន់ទេនោះ តើអ្វីជាអ្នកចាត់ចែងឲ្យសត្វលោកទទួលផលនៃកម្មរបស់ខ្លួន? ភាពមិនស្មើគ្នារវាងបុគ្គលម្នាក់ៗ កើតឡើងដោយសារមាន កម្មអ្នកចាត់ចែង ឯពាក្យថាកម្មនោះគឺ មិនមានរូបរាង តួអង្គជាអ្វីមួយទេ ប៉ុន្តែមានកម្លាំងឫទ្ធីអានុភាពបណ្តាលឲ្យសត្វលោកកើត ស្លាប់ បានសុខ ទុក្ខ ល្អ អាក្រក់ ។ បុគ្គលម្នាក់ៗធ្វើនូវកម្មជានិច្ចរាល់ថ្ងៃ ហើយជាម្ចាស់នៃកម្មទាំងនោះ តែងទទួលផលនៃកម្មរបស់ខ្លួនក្នុងជាតិនេះ និងជាតិជាបន្តបន្ទាប់តទៅ មិនអាចចែករំលែកកម្មរបស់ខ្លួនទៅឲ្យអ្នកដទៃ ហើយក៏មិនអាចទទួលផលនៃកម្មដែលអ្នកផ្សេងបានធ្វើដែរ ។ ដោយសង្ខេបឲ្យខ្លី នរណាធ្វើកម្មដោយចេតនា អ្នកនោះជាអ្នកទទួលខុសត្រូវ និងជាអ្នកទទួលផល ។
នៅពេលដែលព្រះពុទ្ធទ្រង់គង់ព្រះជន្មនៅឡើយ មានព្រាហ្មណ៍ម្នាក់ឈ្មោះ តោទេយ្យៈគាត់ជាមនុស្សរិះកំណាញ់យ៉ាងខ្លាំង មិនដែលធ្វើទានឲ្យវត្ថុអ្វីទៅអ្នកណាម្នាក់សោះឡើយ គាត់សន្សំទ្រព្យសម្បត្តិបានយ៉ាងច្រើន ហើយក្លាយជាសេដ្នីដ៏ស្តុកស្តម្ភម្នាក់ ។ ដោយហេតុគាត់ជាប់ជំពាក់នឹងទ្រព្យសម្បត្តិរបស់គាត់យ៉ាងខ្លាំង ពេលគាត់ស្លាប់ទៅ ក៏កើតជាសត្វឆ្កែនៅក្នុងផ្ទះរបស់គាត់ ។ កូនប្រុសរបស់គាត់ឈ្មោះសុភៈដែលទទួលមត៌កអំពីគាត់ ស្រឡាញ់ពេញចិត្តនឹងសត្វឆ្កែនេះណាស់ តែមិនដឹងថាជាឳពុករបស់ខ្លួនឡើយ ។ ថ្ងៃមួយ ព្រះពុទ្ធយាងទៅកាន់ផ្ទះសេដ្នីសុភៈ ពេលនោះឆ្កែតោទេយ្យៈក៏ព្រុសព្រះអង្គ ។ ព្រះពុទ្ធទ្រង់មានព្រះបន្ទូលទៅកាន់សត្វឆ្កែថា“ ម្នាលតោទេយ្យៈ! ពេលដែលអ្នករស់នៅជាមនុស្ស អ្នកតែងតែមិនគោរពគេ ឥឡូវនេះអ្នកគ្មានការគួរសមទៀតហើយដោយអ្នកព្រុសតថាគត ។ អ្នកនឹងទៅកើតក្នុងស្ថាននរកមិនខានឡើយ “។ ឆ្កែបានឮដូច្នោះ ក៏គិតថា “ អូ! ព្រះសមណគោតមនេះស្គាល់អញផងតើ “ ។
ឆ្កែតោទេយ្យៈនឹកអន់ចិត្តយ៉ាងខ្លាំង ក៏ដើរទៅដេកននៀលក្នុងភ្នក់ផេះ ។ សេដ្នីសុភៈស្រឡាញ់ឆ្កែណាស់ មានកន្លែងដ៏ស្អាតល្អប្រណិតសម្រាប់ឆ្កែដេក កាលបើឃើញឆ្កែទៅដេកក្នុងភ្នក់ផេះ ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ អ្នកបំរើប្រាប់សុភៈថា ព្រះពុទ្ធមានព្រះបន្ទូលអ្វីមួយទៅកាន់ឆ្កែ ធ្វើឲ្យឆ្កែខឹងហើយក៏ទៅដេកក្នុងផេះទៅ ។ សុភៈក៏ចូលទៅទូលសួរព្រះពុទ្ធ ព្រះពុទ្ធក៏ប្រាប់តាមដំណើររឿង ។
សុភៈគិតក្នុងចិត្តថា បើតាមគម្ពីរព្រាហ្មណ៍ ឳពុករបស់អញគួរតែទៅកើតឯស្ថានសួគ៌ ប៉ុន្តែព្រះគោតមបែរជាប្រាប់អញថាគាត់បានកើតជាសត្វឆ្កែទៅវិញ ព្រះគោតមនេះពិតជាមានបន្ទូលមិនប្រុងប្រយ័ត្ន ។ ដោយទ្រង់ជ្រាបថា សុភៈមិនយល់ស្របតាមបន្ទូលព្រះអង្គ ព្រះពុទ្ធក៏សួរសុភៈ ថា “ បពិត្រលោកសេដ្នី ក្រោយពេលឳពុកលោកស្លាប់ទៅ តើមានបាត់មាសប្រាក់ ទ្រព្យសម្បត្តិដែរឬទេ “? សេដ្នីសុភៈឆ្លើយថា “ មានបាត់មាសប្រាក់ជាច្រើន មិនដឹងបាត់ទៅឯណា “ ។ ព្រះពុទ្ធទ្រង់ត្រាស់ថា “ សូមលោកសេដ្នី ចាំដល់យប់ជ្រៅសិនទើបដាក់អាហារឲ្យឆ្កែ លុះឆ្កែស៊ីរួចហើយ សូមសួរឆ្កែអំពីមាសប្រាក់ដែលបាត់នោះ “ ។ សេដ្នីសុភៈដោយចង់រកមាសប្រាក់ដែលបាត់នោះក៏សុខចិត្តធ្វើតាមបន្ទូលរបស់ព្រះពុទ្ធ ។
ឆ្កែក៏នាំសុភៈទៅបង្ហាញកន្លែងដែលគាត់(តោទេយ្យៈ) បានលាក់ទុកមាសប្រាក់ កាលពីមុនពេលគាត់ស្លាប់ ។សេដ្នីសុភៈក៏បានរកឃើញមាសប្រាក់ទាំងនោះវិញ រួចក៏ចូលទៅក្រាបទូលសួរព្រះពុទ្ធ អំពីហេតុដែលបណ្តាលឲ្យមនុស្សខុសៗគ្នា ខ្លះមាន ខ្លះក្រ ខ្លះឆ្លាត ខ្លះល្ងង់ ខ្លះរូបល្អ ខ្លះរូបអាក្រក់ ខ្លះពិកា ខ្លះកើតក្នុងត្រកូលខ្ពង់ខ្ពស់ ខ្លះកើតក្នុងត្រកូលអ្នកស្រែចំការក្រីក្រ ។ ព្រះពុទ្ធទ្រង់ត្រាស់ថា “ ម្នាលលោកសេដ្នី! បុគ្គលម្នាក់ៗជាម្ចាស់របស់កម្ម ជាអ្នកទទួលមត៌កនៃកម្ម មានកម្មជាឳពុកម្តាយ មានកម្មជាញាតិ មានកម្មជាទីជំរក គឺកម្មនេះហើយដែលចែកសត្វលោកឲ្យខុសៗគ្នា “។ ដោយសុភៈមិនយល់អំពីព្រះបន្ទូល ព្រះពុទ្ធក៏ទ្រង់សំដែងអំពីច្បាប់នៃកម្ម ឲ្យសុភៈបានយល់ច្បាស់ មានសេចក្តីបរិយាយដូចតទៅនេះ៖
កម្មបានត្រូវចាត់តាមលំដាប់នៃមុខងារ ទម្ងន់របស់វា កន្លែងដែលវាត្រូវកើត ។
ក) មុខងារនៃកម្ម – មុខងាររបស់កម្ម មាន៤យ៉ាងគឺៈ
១- ជនកកម្ម កម្មដែលឲ្យផល ឲ្យសត្វបដិសន្ធិ
២- ឧបត្ថម្ភកកម្ម កម្មដែលជាជំនួយ ដែលគាំទ្រ
៣- ឧបបីឡកម្ម កម្មដែលរារាំង បៀតបៀនដល់កម្មដទៃ
៤- ឧបឃាដកកម្ម កម្មដែលកំចាត់បង់កម្មដទៃ ហើយឲ្យផលខ្លួនឯង
ជនកកម្ម នោះគឺ កម្មដែលបណ្តាលឲ្យម្ចាស់នៃកម្មនោះ ទទួលសោយផល ទោះល្អក្តី អាក្រក់ក្តី មិនអាចជៀសផុតពីផលរបស់វាបានឡើយ ។
ឧបត្ថម្ភកកម្ម គឺកម្មដែលជួយទ្រទ្រង់ដល់កម្មដទៃទៀត ឲ្យម្ចាស់កម្មសោយផលនៃកម្មដទៃនោះ មិនឲ្យផលដោយខ្លួនវាទេ ។ ឧបបីឡកម្ម គឺកម្មដែលទប់មិនឲ្យកម្មដទៃទៀត ផ្តល់ផលឲ្យទៅម្ចាស់កម្ម ជាបណ្តោះអាសន្ន កម្មដទៃនោះមិនសាបសូន្យទៅណាទេ អាចឲ្យផលទៅថ្ងៃក្រោយបាន កាលណាកម្មដែលរារាំងនោះរលត់ទៅ ។ ឧបឃាដកកម្ម គឺកម្មដែលបំផ្លាញកម្មដទៃឲ្យវិនាស កុំឲ្យមានតទៅទៀត ហើយឲ្យផលដោយខ្លួនឯង ។
ខ) ទម្ងន់របស់កម្ម – ការចាត់កម្មទៅតាមទម្ងន់របស់វា មាន៤បែបគឺៈ
១- អនន្តរិយកម្ម កម្មធ្ងន់ផ្នែកអកុសល ឬគរុកម្ម កម្មខ្លាំងក្លាផ្នែកកុសល
២- អាសន្នកម្ម កម្មទាន់ហន់ ក្នុងពេលរៀបស្លាប់
៣- អាចិណ្ណកម្ម កម្មទម្លាប់ កម្មស្រាល
៤- កតត្តាវាបនកម្ម កម្មដែលឲ្យផលចុងក្រោយ
អនន្តរិយកម្ម គឺកម្មដែលមានទម្ងន់ធ្ងន់មិនអាចមានកម្មដទៃណាមករារាំង ឬកំចាត់បាន សោះឡើយ ម្ចាស់កម្មនេះត្រូវតែទទួលផលក្នុងជាដាច់ខាត ។ កម្មធ្ងន់នេះមានការសម្លាប់ឳពុកម្តាយ ការធ្វើឲ្យឈាមព្រះពុទ្ធហូរចេញ ការសម្លាប់ព្រះអរហន្ត ការរំលោភលើភិក្ខុនី ការបំបែកសង្ឃ ខាងផ្នែកអកុសល ។ គរុកម្មខាងផ្នែកកុសលវិញ មានការបូជា ធ្វើកុសលកម្មផ្ទាល់ នឹងព្រះពុទ្ធអង្គ ការសម្រេចឈានសមាបត្តិ ។
អាសន្នកម្ម គឺកម្មដែលធ្វើ នៅក្នុងដំណាក់កាលចុងក្រោយបង្អស់នៃជីវិត ពេលរៀបស្លាប់ គឺអារម្មណ៍នៃកម្មដែលខ្លួនបានធ្វើមកហើយ ហើយកម្មនោះក៏មកប្រាកដក្នុងជវនចិត្ត មុនពេលចុតិ ។ អាចិណ្ណកម្ម គឺកម្មដែលខ្លួនធ្លាប់តែធ្វើរឿយៗ មានការរក្សាសីល ការចំរើនភាវនាសំអាតកាយវាចាចិត្ត ជាដើមខាងផ្នែកកុសល ឬការប្រព្រឹត្តខុសនឹងសីល មានការសម្លាប់សត្វ លួចទ្រព្យគេ ផឹកទឹកស្រវឹង ជាដើមខាងផ្នែកអកុសល ។ កតត្តាវាបនកម្ម ឬកម្មក្រោយគេ គឺកម្មដែលរង់ចាំឲ្យកម្មដទៃទៀត ឲ្យផលអស់ជាមុនសិន ទើបកម្មនេះឲ្យផលជាចុងក្រោយបង្អស់ ។ គឺកម្មដែលព្រះអរហន្តទទួលផលមុននិព្វាន ។
កាលណាមានកម្មធ្ងន់ជាមួយនឹងកម្មទាន់ហន់ កម្មធ្ងន់នឹងឲ្យផលភ្លាមក្រោយពេលស្លាប់ ។ បើកម្មទាន់ហន់និងកម្មទម្លាប់មានជាមួយគ្នា កម្មទាន់ហន់នឹងឲ្យផល ។ បើកម្មទម្លាប់ និងកម្មចុងក្រោយមានជាមួយគ្នា កម្មទម្លាប់នឹងឲ្យផល ។
កម្មទាន់ហន់សំខាន់ខ្លាំងណាស់ ព្រោះវាជាកម្មនៅពេលរៀបនឹងស្លាប់ ដែលឲ្យផល ភ្លាម ឲ្យសត្វកើតជាអ្វី នៅភពណា បន្ទាប់ពីអស់អាយុសង្ខារទៅ ឯកម្មដទៃទៀតដែលបុគ្គលដែលស្លាប់នោះបានធ្វើពីមុន នៅមិនទាន់ឲ្យផលនៅឡើយ ។ ទោះបីគេធ្វើកុសលកម្មច្រើនមកពីមុនក៏ដោយ បើពេលរៀបស្លាប់ គេកំពុងធ្វើអកុសលកម្ម អកុសលកម្មនោះនឹងឲ្យផលអាក្រក់ឲ្យបុគ្គលនោះទៅកើតក្នុងភពដ៏ថោកទាប មាននរកប្រេតអសុរកាយតិរច្ឆានជាដើម ។ ឬបើនៅពេលរៀបស្លាប់ គេកំពុងតែធ្វើកុសលកម្ម មានការចំរើនសមាធិជាដើម កុសលកម្មនោះនឹងឲ្យផលទៅកើតក្នុងសុគតិភព គឺភពដែលគេគួរនឹងកើត ជាមនុស្ស ទេវតាឬព្រហ្ម ។
គ) ពេលវេលានិងទីកន្លែង – កម្មអាចឲ្យផលទៅតាមពេលនិងកន្លែង៣គឺៈ
១- ទិដ្ឋធម្មវេទនិយកម្ម បច្ចុប្បន្នជាតិ ក្នុងកន្លែងដែលកំពុងរស់នៅ
២- ឧបបជ្ជវេទនិយកម្ម ជាតិបន្ទាប់ នៅកន្លែងដែលកើតជាថ្មី
៣- អបរាបរិយវេទនិយកម្ម ជាតិក្រោយៗបន្តអំពីជាតិបន្ទាប់ នៅកន្លែង
ដែលមាន កំណើតថ្មី
៤- អហោសិកម្ម កម្មដែលមិនមានឱកាសឲ្យផល ។
ពាក្យថា កម្មដែលបុគ្គលបានធ្វើពីមុន ឲ្យផលល្អឬអាក្រក់ គ្រាន់តែជាការពោលដោយខ្លី ជាសេចក្តីសង្ខេប ។ ពាក្យពោលយ៉ាងនេះអាចឲ្យមានការយល់ច្រឡំថា កម្មទាំងនោះតាមម្ចាស់របស់វារហូតពីជាតិមួយ ទៅជាតិមួយដើម្បីឲ្យផល ។ មិនមែនដូច្នោះទេ ។ ធម៌ទាំងអស់ជាធម្មជាតិមិនទៀង គឺកើតហើយរលត់សូន្យទៅវិញ ឯកម្មក៏ជាធម៌ កើតហើយរលត់ដូចគ្នា ។
ប៉ុន្តែកម្មបានបង្កើតនូវឥទ្ធិពលមួយ ឲ្យម្ចាស់របស់វា ។ ឥទ្ធិពលនេះគ្មានរូបរាងខ្លួនប្រាណទេ វាតាមម្ចាស់របស់វារហូតក្នុងត្រៃភព លើកលែងតែព្រះនិព្វាន ។ ឥទ្ធិពលនៃកម្មនេះ មានឫទ្ធិឲ្យផលល្អឬអាក្រក់កើតឡើងបាន ដល់ម្ចាស់របស់វា កាលណាមានបច្ច័យគ្រប់គ្រាន់ ដែលជា គ្រឿងទ្រទ្រង់ជួយឧបត្ថម្ភ ។ ដើម្បីជាការពន្យល់ មានសេចក្តីឧបមាមួយក្នុងតម្រាជំនាន់ចាស់ថា វត្ថុ៣យ៉ាងគឺស្មៅក្រៀម១ កែវពង្រីក១ និងពន្លឺព្រះអាទិត្យ១ ។ នៅពេលដែលពន្លឺព្រះអាទិត្យចាំងទម្លុះកែវទៅចំស្មៅក្រៀម ក៏បង្កើតឲ្យមានភ្លើងឆេះស្មៅនោះទៅ ។ ភ្លើងគ្មាននៅក្នុង ស្មៅក្រៀម គ្មាននៅក្នុងកែវ គ្មាននៅក្នុងពន្លឺព្រះអាទិត្យទេ ។
កែវពង្រីក ពន្លឺព្រះអាទិត្យ និង ស្មៅក្រៀម កាលបើជួបគ្នា អាចឲ្យភ្លើងកើតឡើងបាន ។ ផលនៃកម្មក៏ដូច្នោះដែរ កាលណា មានហេតុបច្ច័យគ្រប់គ្រាន់ ផលនៃកម្មក៏កើតឡើង ។ បើគ្មានហេតុបច្ច័យគ្រប់គ្រាន់ទេ ផលនៃកម្មក៏មិនកើតឡើងដែរ ពិតមែនតែមានឥទ្ធិពលនៃកម្មក៏ដោយ ។ ឧបមាម៉្យាងទៀតដូចជាគ្រាប់ស្វាយ កាលណាមានដី មានទឹក មានពន្លឺថ្ងៃ គ្រាប់ស្វាយនោះនឹងដុះឡើង ។ គ្រាប់ស្វាយទុកដូចជាឥទ្ធិពលនៃកម្ម វារង់ចាំតែឱកាសនឹងដុះឡើងកាលណាមានដីទឹកនិងពន្លឺថ្ងៃ ។ សេចក្តីពន្យល់នេះត្រឹមត្រូវចំពោះតែ កម្មដែលឲ្យផល (មុខងារនៃកម្មខាងលើ) ប៉ុណ្ណោះ ។
ប៉ុន្តែចំពោះកម្មធ្ងន់ និងកម្មទាន់ហន់ ផលរបស់វាមានកម្លាំងគ្រប់គ្រាន់ កើតឡើងឥតរង់ ចាំអ្វីជួយឧបត្ថម្ភទេ គឺវាកើតឡើងដោយខ្លួនឯង មិនពន្យាពេលវេលាឲ្យយឺតយូរឡើយ ។ អហោសិកម្ម គឺកម្មដែលឥទ្ធិពលរបស់វា សាបសូន្យទៅ ដោយម្ចាស់របស់បានសម្រេចមគ្គផល ក្នុងលោកុត្តរសមាធិ ដូចព្រះអង្គុលីមាលត្ថេរ កម្មដែលព្រះអង្គសម្លាប់មនុស្សពីពេលមុន មិនឲ្យផលដល់ព្រះអង្គទេ ជាអហោសិកម្ម ព្រោះព្រះអង្គបាន សម្រេចអរហត្តផល មុនពេលឬរំលាយខន្ធ ។ ក្រៅពីអហោសិកម្ម ឥទ្ធិពលនៃកម្មដទៃទៀត នៅតែអាចឲ្យផល ក្នុងជាតិណាមួយ ដរាបណានៅមានការកើតនិងស្លាប់ តទៅទៀត ។ ព្រោះហេតុដូច្នេះហើយ បានជាសត្វតិរច្ឆានអាចទទួលផលឲ្យកើតជាមនុស្សបាន កាលណាវាធ្លាប់បាន ធ្វើកុសលកម្មពីជាតិមុនៗ មុនពេល ដែលវាកើតជា សត្វតិរច្ឆាននោះ ។
ទីកន្លែងដែលសត្វលោកទៅកើត ក៏ទៅតាមឥទ្ធិពលនៃកម្មដែរ ។ ឥទ្ធិពលរបស់កម្មជាអកុសលតាមធ្ងន់ឬស្រាល ឲ្យសត្វទៅកើតក្នុងអបាយភូមិ មាននរក ប្រេត អសុរកាយ តិរច្ឆានបើបានកើតជាមនុស្ស ក៏មនុស្សនោះរងទុក្ខទោស វេទនាយ៉ាងខ្លាំង ។ ឥទ្ធិពលនៃកម្មជាកុសលវិញអាចឲ្យសត្វទៅកើត ក្នុងសុគតិសួគ៌ ឬព្រហ្មលោក តាមកម្លាំងនៃកុសលកម្មនោះ ។ បើបានកើតជាមនុស្សវិញ ក៏មនុស្សនោះមានភព្វវាសនាល្អ ទ្រព្យសម្បត្តិច្រើន ។ ព្រះនិព្វាន មិនមាន កម្មជាបច្ច័យទេ ព្រោះកម្មជាធម៌របស់ ត្រៃលោកតែប៉ុណ្ណោះ ។
រូបកាយរបស់បុគ្គលម្នាក់ៗ ដែលជាផលនៃកម្ម ចែកចេញជានាម (ចិត្តនិងចេតសិក) និងរូប កើតឡើយដោយធម៌៥យ៉ាងគឺ អវិជ្ជា១ តណ្ហា១ ឧបាទាន១ កម្ម១ អាហារ១ ។ ហេតុដើមគឺអវិជ្ជា សេចក្តីមិនដឹងមិនយល់ ដែលជាបច្ច័យឲ្យសង្ខារកើតឡើង ។ សង្ខារនេះគឺកម្មសង្ខារ ដែលជាបច្ច័យឲ្យវិញ្ញាណ (បដិសន្ធិចិត្ត)កើតឡើង ។ កាលបើមានវិញ្ញាណហើយ សត្វក៏កើតឡើងមាននាមនិងរូប ហើយសោយផលនៃកម្ម ជាបន្តទៅទៀត ។
យើងម្នាក់ៗបានឆ្លងកាត់ ការកើតស្លាប់ៗ ក្នុងត្រៃភព រាប់កប្ប រាប់អសង្ខ័យ្យ ជាច្រើនរាប់មិនអស់ យើងតែងធ្វើនូវកម្មជានិច្ច គ្រប់ពេលវេលាដែលរស់នៅ ហើយក៏បានសោយផលនៃកម្មបន្តបន្ទាប់គ្នាជាប់ជានិច្ចដែរ ។ ផលនៃកម្មមួយរលត់ទៅ ផលនៃកម្មមួយទៀតមកបន្តពេលសោយផលនៃកម្មនិមួយៗ យើងតែងប្រតិកម្មចំពោះ ការសោយផលនោះ បើវាជាទីពេញចិត្ត យើងប្រតិកម្មដោយលោភៈនិងមោហៈ បើវាជាទីស្អប់ខ្ពើម យើងប្រតិកម្មដោយទោសៈនិង មោហៈ ។
យើងក៏បង្កើតនូវកម្មថ្មីៗ ដែលនឹងឲ្យផល ក្នុងពេលអនាគតតទៅទៀត ម្ល៉ោះហើយកំណើតរបស់យើងតែងតែអន្ទោល ក្នុងភពទាំង៣ ជួនកាលកើតក្នុងអបាយភូមិ ជួនកាលកើតជាមនុស្ស ជួនកាលកើតជាទេវតា ជួនកាលកើតជាព្រហ្ម ក៏ព្រោះតែមានកម្មជាហេតុ ។ យើងពុំដឹងថា កម្មអាក្រក់ណាខ្លះ ដែលយើងបានធ្វើពីពេលមុន ហើយកំពុងរង់ចាំឲ្យផល ជាការភ័យខ្លាចរបស់យើងគ្រប់គ្នា អ្នកខ្លះស្វែងរកការពារ កុំឲ្យឧប្បទ្រពចង្រៃ កើតមានដល់ខ្លួនគេ ដោយជំនឿសាសនា ឬការបន់ស្រន់អាទិទេព ។
ប៉ុន្តែបើយើងយល់ច្បាប់នៃកម្ម យើងនឹងដឹងថានរណាជាម្ចាស់នៃកម្ម អ្នកនោះជាអ្នកទទួលផល កាលណាឱកាស តម្រូវកម្មនោះឲ្យផល គ្មានអំណាចណាផ្សេងក្រៅអំពីម្ចាស់កម្ម អាចបញ្ជៀសពង្វាងកម្ម កុំឲ្យវាឲ្យផលបានឡើយ ។ ចុះម្ចាស់កម្មធ្វើយ៉ាងណា ទើបអាចបញ្ជៀសផលកម្មបាន? នោះអាស្រ័យលើទម្ងន់នៃកម្មជាមុនសិន បើជាកម្មធ្ងន់ មានការសម្លាប់ឳពុកម្តាយរបស់ខ្លួន ការធ្វើឲ្យឈាមព្រះពុទ្ធស្រក់ចុះ ការសម្លាប់ព្រះអរហន្ត ការរំលោភលើភិក្ខុនី ការបំបែកសង្ឃ ជាដើម ម្ចាស់នៃកម្មនឹងទទួលផល បន្ទាប់ពីស្លាប់ពីជាតិនេះទៅ ជាដាច់ខាត គ្មានរួចខ្លួនឡើយ ។
បើជាកម្មទាន់ហន់វិញ គឺអាស្រ័យលើ មរណាសន្នជវ័ន គឺជវ័នចិត្តទី១និងទី៧នៅពេលចុងក្រោយបង្អស់នៃជីវិត ។ បើជវ័នចិត្តទី១ល្អៀងទោរទន់ទៅខាងបាបកម្ម ជវ័នទី២ដល់ទី៦នឹងចាត់តាំងភពនៃបដិសន្ធិ ហើយជវ័នទី៧កើតឡើង ស្រវាតោងយកនូវភពថ្មី ចុតិចិត្ត (ចិត្តចាកចេញចោលរូប គឺស្លាប់) ក៏កើតឡើង ។ បុគ្គលនោះក៏ទៅកើតក្នុងភពដ៏ថោកទាប មាននរក ប្រេត តិរច្ឆានជាដើម ។ បើជវ័នចិត្ត ទី១ល្អៀងទៅខាងកម្មជាបុណ្យវិញ ក៏មានសភាពស្របគ្នាដែរគឺបុគ្គលនោះនឹងទៅកើតក្នុងភពដ៏ខ្ពង់ខ្ពស់មានស្ថានសួគ៌ ឬព្រហ្មលោកជាដើម ។
ដូច្នេះ ជាការសំខាន់ណាស់ ដែលបុគ្គលរៀបស្លាប់ត្រូវតែផ្ចង់ស្មារតី កុំឲ្យវង្វេងគិតទៅរកបាបកម្ម ដែលខ្លួនបានធ្វើ ដូចជាសម្លាប់សត្វជាដើមទោះបីខ្លួនបានធ្វើបុណ្យយ៉ាងច្រើនមកក៏ដោយ ។ បើជាកម្មទម្លាប់ គេអាចពន្យាពេល ឬបញ្ជៀសកុំឲ្យកម្មអាក្រក់តាមមកទាន់ ដោយការធ្វើនូវកុសលកម្ម ថ្មីៗទៀតជារឿយៗ ឲ្យបានច្រើនឡើងៗ ដោយការបញ្ឈប់ការធ្វើអកុសលកម្មថ្មីៗ ព្រោះកុសលកម្មថ្មីៗ ដែលមានចំនួនច្រើន អាចគ្របសង្កត់កម្មចាស់ មិនឲ្យមានឱកាសឡើងមកខាងលើបាន យ៉ាងណាមិញ ដូចជាអ្នកចាក់អំបិលមួយស្លាបព្រា ទៅក្នុងទឹកមួយកែវ ទឹកក្នុងកែវនោះនឹងមានរសជាតិប្រៃ តែបើអ្នកចាក់អំបិលមួយស្លាបព្រា ទៅក្នុងទន្លេ ទឹកទន្លេនោះមិនមានរសជាតិប្រៃឡើយ ។ ការបន់ស្រន់មិនមានប្រសិទ្ធិភាព ដូចការធ្វើសីល សមាធិ បញ្ញាទេ ។
ការរក្សាសីល មានសីល៥ជាដើម ជានិច្ចមិនឲ្យដាច់ ការចំរើនសមាធិកម្មដ្នាន មានអនាបានស្សតិជាដើម ជារឿយៗរាល់ថ្ងៃ ការចំរើនវិបស្សនាបញ្ញា ជារឿយៗឥតធ្វេសប្រហែស ការគោរពបូជាព្រះរតនត្រៃ ការឲ្យទានដោយមិនគិតប្រយោជន៍ ការបណ្តុះចិត្តឲ្យមាន មេត្តាអាណិតអាសូរដល់សព្វសត្វទាំងពួង ដែលម្ចាស់កម្មធ្វើដោយខ្លួនឯង នឹងអាចឲ្យគេរំលត់នូវទុក្ខ ដែលកើតឡើងដោយសារផលនៃកម្មចាស់បានបើមិនទាន់សម្រេចបរិបូណ៌ក្នុងជាតិនេះ ក៏ជាតិខាងមុខ នឹងបានផលប្រយោជន៍ល្អ ជាមិនខាន។ ពាក្យថា “ បាប “ ឬ “ បុណ្យ “ គឺឥទ្ធិពលអាក្រក់ ឬឥទ្ធិពលល្អនៃកម្មនេះឯង ។
ចំពោះភាពមិនស្មើគ្នា របស់បុគ្គលម្នាក់ៗ ខ្លះមាន ខ្លះក្រ ខ្លះល្អ ខ្លះអាក្រក់ ខ្លះឆ្លាត ខ្លះល្ងង់ ខ្លះអាយុវែង ខ្លះអាយុខ្លី ខ្លះកើតក្នុងត្រកូលខ្ពង់ខ្ពស់ ខ្លះកើតក្នុងត្រកូលថោកទាប ។ល។ ព្រះពុទ្ធទ្រង់ត្រាស់ពន្យល់ថា៖
បុគ្គលខ្លះចូលចិត្តការសម្លាប់សត្វឯទៀត គេមានទម្លាប់ក្នុងការសម្លាប់នេះ លុះអស់អាយុសង្ខារពីជាតិនេះទៅ បុគ្គលនោះនឹងទៅកើតក្នុងអបាយភូមិ មាននរកអសុរកាយ តិរច្ឆានជាដើម បើបានកើតជាមនុស្សវិញ មនុស្សនោះអាយុខ្លី ។
បុគ្គលដែលមិនសម្លាប់សត្វ មិនមានទម្លាប់ក្នុងការសម្លាប់ គេមានមេត្តាករុណា ដល់សត្វទាំងពួង លុះបុគ្គល នោះស្លាប់ទៅ គេនឹងទៅកើតក្នុងសុគតិភព បើសិនជាកើតជាមនុស្សវិញ មនុស្សនោះនឹងមានអាយុវែង ។
បុគ្គលខ្លះចូលចិត្ត បៀតបៀនសត្វឯទៀត ឲ្យឈឺចាប់ រងទុក្ខវេទនា លុះស្លាប់អំពីលោកនេះទៅ មនុស្សនោះនឹងទៅកើត ក្នុងអបាយភូមិ បើសិនបានកើតជាមនុស្សវិញ ក៏មនុស្សនោះមានជម្ងឺ ឈឺចុកចាប់ជាច្រើន ។
បុគ្គលដែលមិនបៀតបៀន សត្វឲ្យឈឺចាប់ ចូលចិត្តជួយសត្វដទៃឲ្យបានសុខ មនុស្សនោះ ក្រោយពីស្លាប់ទៅ នឹងទៅកើតក្នុងសុគតិភព បើសិនជាកើតជាមនុស្សវិញ ក៏មនុស្សនោះ មានសុខភាពល្អ ជាអ្នកមានជម្ងឺតិច ។
បុគ្គលខ្លះកាច ជាអ្នកមានកំហឹងច្រើន មិនសន្តោសប្រណី លុះអស់អាយុសង្ខារ ពីលោកនេះទៅ នឹងទៅកើតក្នុងអបាយភូមិ បើសិនជាបានកើត ជាមនុស្សវិញ ក៏មនុស្សនោះមានរូបអាក្រក់ ។
បុគ្គលដែលមានចិត្តស្លូត មានការសន្តោសប្រណី លុះស្លាប់ពីលោកនេះទៅ នឹងទៅកើតក្នុងសុគតិភព បើសិនជាបានកើតជាមនុស្សវិញ មនុស្សនោះមានរូបកាយល្អ ។
បុគ្គលខ្លះកំណាញ់ស្វិត មិនធ្វើទាន គិតតែពីប្រមូលយកទ្រព្យ មកធ្វើជារបស់ខ្លួន លុះស្លាប់ពីជាតិនេះទៅ នឹងទៅកើតក្នុងអបាយភូមិ បើបានកើតជាមនុស្សវិញ ក៏មនុស្សនោះក្រីក្រតោកយ៉ាក ។
បុគ្គលខ្លះមានចិត្តសប្បុរស ចូលចិត្តធ្វើទាន លុះស្លាប់ពីលោកនេះទៅ នឹងទៅកើតក្នុងសុគតិភពបើសិនជាបានកើតជាមនុស្សវិញ មនុស្សនោះមានទ្រព្យសម្បត្តិច្រើន ។
បុគ្គលខ្លះលើកតំកើងខ្លួន មិនគោរពចាស់ព្រឹទ្ធាចារ្យ មើលងាយដល់ជនដទៃ លុះស្លាប់ពីលោកនេះទៅ នឹងទៅកើតក្នុងអបាយភូមិបើសិនជាបានកើតជាមនុស្សវិញ មនុស្សនោះកើតក្នុងស្ថានភាពអាក្រក់ ដូចជាពេលស្រុកមានសង្គ្រាម អត់អាហារជាដើម ។
បុគ្គលដែលដាក់ខ្លួន ចេះគោរពដល់ជនដទៃ លុះស្លាប់ពីលោកនេះទៅ នឹងទៅកើតក្នុងសុគតិភព បើសិនជាបានកើតជាមនុស្សវិញ មនុស្សនោះកើតក្នុងស្ថានភាពល្អ ដូចជាក្នុងប្រទេស ដែលសម្បូរសប្បាយ សុខសន្តិភាព ។
បុគ្គលខ្លះមិនព្យាយាមរៀនឲ្យមានចំណេះចេះដឹងច្រើនទេ ហើយដោយសេចក្តីល្ងង់ខ្លៅ ក៏ធ្វើខុសជាច្រើន លុះស្លាប់ពីជាតិនេះទៅ នឹងទៅកើតក្នុងអបាយភូមិ បើសិនជាបានកើត ជាមនុស្សវិញ មនុស្សនោះល្ងង់ឥតប្រាជ្ញា ។
បុគ្គលខ្លះជាអ្នកចូលចិត្តការរៀនសូត្រ ឲ្យបានចេះដឹងច្រើន ហើយដោយសារការចេះដឹងច្រើន គេមិនប្រព្រឹត្តខុស លុះស្លាប់ពីលោកនេះទៅ នឹងទៅកើតក្នុងសុគតិភព បើសិនជាបានកើតជាមនុស្សវិញ មនុស្សនោះឆ្លាត មានប្រាជ្ញាច្រើន ។
ច្បាប់នៃកម្មដែលព្រះពុទ្ធបរមគ្រូ បានសំដែងពន្យល់ដល់សេដ្នីសុភៈនេះ បានបញ្ជាក់យ៉ាងច្បាស់ថា យើងជាអ្នកទទួលខុសត្រូវ និងជាអ្នកសោយផល នៃអំពើដែលយើងម្នាក់ៗបានធ្វើដោយកាយវាចាចិត្ត ។ ដើម្បីសេចក្តីសុខផ្ទាល់ខ្លួន យើងត្រូវលះបង់ អំពើទាំងឡាយណាដែលជាអកុសលកម្ម ហើយធ្វើតែអំពើ ទាំងឡាយណាដែល ជាកុសលកម្ម ។ បើដូច្នេះ យើងត្រូវធ្វើកិច្ចការ៣យ៉ាងគឺ ការរៀនព្រះធម៌១ ការប្រតិបត្តិនូវព្រះធម៌១ ការធ្វើឲ្យសម្រេច១ ។ ព្រះធម៌ដែលត្រូវរៀនគឹ ធម៌សម្រាប់ប្រតិបត្តិដែលសំខាន់ មិនគ្រាន់តែសម្រាប់សូត្រថ្វាយបង្គំ ព្រះរតនត្រៃប៉ុណ្ណោះទេ ។
ការរៀនសូត្រមានន័យថា ការចាំហើយយល់ច្បាស់ ។ ការប្រតិបត្តិនូវ ព្រះធម៌ គឺយកព្រះធម៌មកអនុវត្តធ្វើ ដូចជាការរក្សាសីលមិនឲ្យដាច់ ធ្វើសតិឲ្យស្ថិតនៅក្នុងធម៌ ជារឿយៗ ប្រតិបត្តិតាមអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ មានការចំរើនសមាធិជាដើម ។ ការធ្វើឲ្យសម្រេចគឺ ធ្វើសីលមិនឲ្យដាច់ ធ្វើសមាធិឲ្យស្ងប់កិលេស ធ្វើវិបស្សនាឲ្យសម្រេចមគ្គ និងផល ។ ឥទ្ធិពលនៃអកុសលកម្ម នៅតែអាចឲ្យផលអាក្រក់បាន លុះត្រាតែ ម្ចាស់កម្ម បានសំរេចយ៉ាងហោចណាស់ ត្រឹមសោតាបត្តិផលដែរ ទើបអាចរួចអំពីកម្មនោះ (លើកលែងកម្មធ្ងន់ ដែលជៀសពុំរួច) ។
រួមសេចក្តីឲ្យខ្លីមក ផ្លូវចាកចេញអំពីទុក្ខ ព្រះពុទ្ធបានបង្ហាញហើយ កាលបើអ្នកឃើញនូវសេចក្តីទុក្ខហើយ សម្រេចដើរចេញ អំពីទុក្ខទាំងនោះ អ្នកនឹងបានរួចខ្លួនដោយខ្លួនឯង ។
————————————
ប្រភព៖ វីគីភីឌាភាសាខ្មែរ វិសុទ្ធិ៧
ដោយ៥០០០ឆ្នាំ
images/articles/319/tex433tpic.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥៦,៦៣៦ ដង)
ថ្ងៃមួយ ពេលដែលព្រះដ៏មានព្រះភាគ ទ្រង់គង់នៅឯឧទ្យានកេសាកាឡា នាភ្នំសំសមារាគីរី ព្រះអង្គទ្រង់ត្រាស់ទៅកាន់ ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតចង់ ប្រាប់អ្នករាល់គ្នា អំពីការយល់ដឹង បញ្ញា៨យ៉ាង របស់ព្រះពោធិសត្វ ។ ព្រះអនុរុទ្ធ ធ្លាប់មានព្រះថេរដិការ នូវការយល់ដឹងទាំង៨យ៉ាងនេះ ពីមុនរួចមកហើយ ការយល់ដឹងនេះ ត្រូវបានទូន្មាន ដោយព្រះពោធិសត្វ ដើម្បីជួយអ្នកដទៃ ឲ្យមានជ័យជំនះលើការភ្លេចភ្លាំង និងទទួលពន្លឺ នៃការត្រាស់ដឹង ។ ការយល់ដឹង ទាំង៨យ៉ាងនោះគឺ៖
ទី១ គឹការដឹងថា ធម៌ទាំងអស់ មានសភាពមិនទៀងទាត់ មិនតាំងនៅយូរ អនិច្ចំ និងមានសេចក្តីវិនាស ទៅជាធម្មតា អនត្តា ។ ដោយសារការចំរើន ភាវនាលើធម្មជាតិ អនិច្ចំនិងអនត្តា នៃធម៌ទាំងអស់ អ្នកនឹង អាចគេចចេញផុត អំពីសេចក្តីទុក្ខ និងបានទទួល នូវពន្លឺត្រាស់ដឹង សេចក្តីស្ងប់កាយ ស្ងប់ចិត្ត និងសេចក្តីរីករាយ ។
ទី២ គឺការដឹងថា មានតណ្ហាច្រើន នាំមកនូវទុក្ខក៏ច្រើន ។ ការលំបាកវេទនាទាំងអស់ ពិតជាកើតឡើង ពីតណ្ហានិងលោភៈ ។
ទី៣ គឺការដឹងថា ការរស់នៅធម្មតា និងការមានប្រាថ្នាតិចតួច នាំឲ្យមានសេចក្តីស្ងប់ សេចក្តីរីករាយ និងសុភមង្គល ។ ការរស់នៅធម្មតា អាចមានពេលវេលា និងការសញ្ជឹងគិតបានច្រើន ដើម្បីនឹងហាត់រៀន ព្រះធម៌វិន័យ និងជួយដល់អ្នកដទៃ ។
ទី៤ គឺការដឹងថា មានតែការខំប្រឹងប្រែង ដោយវិរិយភាព ប៉ុណ្ណោះទេ ដែលអាចនាំឲ្យទៅដល់ពន្លឺត្រាស់ដឹង ។ ការខ្ជិលច្រអូស និងការឈ្លក់វង្វេង ក្នុងតម្រេកតណ្ហា ជាឧបស័គ្គធំបំផុត ចំពោះការសិក្សា ។
ទី៥ គឺការដឹងថា អវិជ្ជាជាប្រភព នៃការវិលកើតវិលស្លាប់ មិនចេះចប់មិនចេះហើយ អ្នកត្រូវតែចងចាំជានិច្ច ចំពោះការស្តាប់ និងការសិក្សា ដើម្បីពង្រឹងការយល់ដឹង និងសំនួនវោហារ របស់អ្នក ។
ទី៦ គឺការដឹងថា ភាពក្រីក្រពិតជា បង្កើតឲ្យមាន សេចក្តីស្អប់និងកំហឹង ។ បុគ្គលដើរតាមមាគ៌ាធម៌ ពេលសិក្សា អាចពិចារណាឃើញថា មនុស្សគ្រប់ៗរូប ទោះបីជាមិត្តភ័ក្តក្តី ទោះបីជាសត្រូវក្តី សុទ្ធតែមានសភាព ដូចៗគ្នា និងមានសិទ្ធិស្មើៗគ្នា បុគ្គលនោះនឹង មិនទាំងផ្តន្ទាទោស ដល់ជនដែលប្រព្រឹត្តខុស ពីពេលមុន និងមិនទាំងស្អប់ ដល់ជនដែល ធ្វើឲ្យអន្តរាយ នាពេលបច្ចុប្បន្ន ។
ទី៧ គឺការដឹងថា យើងរស់នៅក្នុងលោកនេះ ដើម្បីជួយទូន្មាន និងសង្រ្គោះដល់អ្នកដទៃ ដូច្នេះយើងមិនត្រូវ ជាប់ជំពាក់ ជាមួយនឹងវត្ថុលោកិយទេ បុគ្គលដែលចាក ចោលផ្ទះហើយទៅបួស មានសិទ្ធិទទួលកម្មសិទ្ធ តែស្បង់ចីវរ ៣សំរាប់ និងបាត្រ១ ប៉ុណ្ណោះ ។ បុព្វជិតអង្គនោះ រស់នៅតាមសភាពធម្មតា និងមើលទៅកាន់ សព្វសត្វ លោកទាំងអស់ ដោយចក្ខុនៃមេត្តាជានិច្ច ។
ទី៨ គឺការដឹងថា យើងមិនត្រូវសិក្សា សម្រាប់ការត្រាស់ដឹង តែខ្លួនឯងប៉ុណ្ណោះ ទេ ប៉ុន្តែត្រូវបូជាកាយ និងចិត្តទាំងស្រុង ដើម្បីជួយដឹកនាំ អ្នកដទៃទៀត ឲ្យបានដល់ទ្វារ នៃការត្រាស់ដឹងផងដែរ ។
ម្នាលភិក្ខុទាំងឡាយ ទាំងអស់នេះហើយ ជាការយល់ដឹង ជាបញ្ញារបស់ព្រះពោធិសត្វ ។ ព្រះពោធិសត្វគ្រប់ព្រះអង្គ តែងតែពិចារណា ដល់សេចក្តីយល់ដឹង ទាំង៨ប្រការនេះ ទើបព្រះអង្គបានទទួល នូវពន្លឺត្រាស់ដឹង ។ ទោះទីកន្លែងណាក៏ដោយ ឲ្យតែព្រះពោធិសត្វ យាងទៅដល់ ព្រះអង្គតែងតែ ប្រើសេចក្តីយល់ដឹង ទាំង៨ប្រការនេះ ដើម្បីបើកចិត្តគំនិត បើកភ្នែក និងអប់រំអ្នកដទៃ ដើម្បីឲ្យរកឃើញផ្លូវ នៃពន្លឺត្រាស់ដឹង គឺវិមុត្តិសុខ ។
ដោយ៥០០០ឆ្នាំ
images/articles/317/2020-07-20_15_14_42-Brain-Universe-Cosmic-Mind-1500-Buddha-Weekly_jpg_-_Picasa_Photo_Viewer.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៦៧,៨៧៩ ដង)
ចិត្ត៨៩ ឬ ចិត្ត១២១
កាមាវចរចិត្ត៥៤ + រូបាវចរចិត្ត១៥ + អរូបាវចរចិត្ត១២ + លោកុត្តរចិត្ត៨ = ៨៩
កាមាវចរចិត្ត
កាមាវចរចិត្ត៥៤ = អកុសលចិត្ត១២ + អហេតុកចិត្ត១៨ + សោភណៈចិត្ត២៤
images/articles/1931/Untitled-1-Recovered.jpg
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០២០ (អាន: ៧១,៤២៥ ដង)
សរសើរព្រះធម៌ទេសនា
ឧបមា ៤ យ៉ាង
ក្នុងព្រះត្រៃបិដក យើងបានអានជួបត្រង់កន្លែងអ្នកស្តាប់ ព្រះធម៌យល់ហើយ បានពោលសរសើរព្រះធម៌ដូច្នេះថាៈបពិត្រព្រះអង្គដ៏ចម្រើន ច្បាស់ពេកណាស់ បពិត្រព្រះអង្គ ដ៏ចម្រើន ច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ដូចបុគ្គល ផ្ងារនូវរបស់ដែលផ្កាប់ ឬបើកនូវរបស់ដែលកំបាំង ពុំនោះសោត ដូចបុគ្គលប្រាប់ផ្លូវដល់មនុស្សអ្នកវង្វេងទិស
images/articles/2336/rvtsertcrsegcsrg.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២០ (អាន: ២៨,៧២៧ ដង)
អធិប្បាយពាក្យថាគុណ
ពាក្យថាគុណនេះ សំដៅយកសេចក្ដីល្អ សេចក្ដីសុខ សេចក្ដីចម្រើនគ្រប់ប្រការ គឺជាគុណជាតិជាទីប្រាថ្នា នៃសព្វសត្វក្នុងលោក ព្រោះថាសេចក្ដីសុខក្សេមក្សាន្ត ដែលអាចសម្រេចទៅបាន លុះតែមនុស្សទាំងអស់គ្នា ជាអ្នករស់នៅប្រកបដោយគុណ ជាអ្នកមានគុណ បរិបូរណ៌ដោយគុណ ស្មើដូចគ្នាជាសមធម៌។
គុណធម៌ បានដល់សេចក្ដីល្អ
images/articles/1820/Untitled-1-Recovered.jpg
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០១៩ (អាន: ២៤,៧៨៧ ដង)
អប្បមានធម៌ជាផ្លូវព្រះនិព្វាន
កាលបើសំដែងសរសើរគុណព្រះនិព្វាន គួរតែសំដែងអំពីផ្លូវទៅកាន់ព្រះនិព្វានផង។ ក៏ព្រះពុទ្ធដីកាដែលទ្រង់ប្រដៅក្នុងផ្លូវព្រះនិព្វាននោះមានច្រើនន័យ តាមនិស្ស័យរបស់សត្វ តែបើនឹងលើកយកកំពូលធម៌ដ៏សំខាន់ឡើងសំដែង ក៏ស្រេចនៅលើសេចក្ដីមិនប្រមាទ, ព្រោះព្រះសក្យមុនីបរមគ្រូទ្រង់សំដែងថា៖
អប្បមាទោ អមតំ បទំ
សេចក្ដីមិនប្រមាទ ជាផ្លូវទៅកាន់ព្រះនិព្វាន។
images/articles/1249/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣៥,៣៩២ ដង)
កូនជាទីស្រឡាញ់!មនុស្សដែលខំប្រឹងប្រែងធ្វើការសុចរិត ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួននិងគ្រួសារ រហូតដល់សម្រេចសមរម្យនោះ ជារឿងដែលគួរឲ្យសរសើរណាស់ ។តាមពិតក្នុងលោកនេះ អ្នកដែលបានទទួលនូវទ្រព្យមរតក ស្រេចស្រាប់តែម្តងដោយខ្លួនឯងមិនបាច់ប្រឹងប្រែងអ្វីនោះ មានតិចនាក់ទេ ។ ដោយច្រើន គឺចាប់ផ្តើមពីការលំបាកទៅមុន ឯទ្រព្យមរតក បានត្រឹមតែកម្លាំងស្មង កម្លាំងចិត្ត និងចំណេះដឹងក្នុងមុខវិជ្ជាផ្សេងៗ ប៉ុណ្ណោះពោលគឺ មិនបានទទួលនូវមរតកអ្វីជាទ្រព្យសម្បតិ្ត មាសប្រាក់ឲ្យធំដុំនោះឡើយ ។
សំខាន់ណាស់ទោហើយ ដែលមរតកនោះគឺជាជីវិត កម្លាំងកាយចិត្ត និងចំណេះវិជ្ជា។ មរតកម៉ែឪគឺជីវិតកម្លាំងកាយ និងចំណេះវិជ្ជា កូនល្មមយល់បានហើយ ឯចំណែកមរតកគឺកម្លាំងចិត្ត បានដល់ទឹកចិត្តតស៊ូវព្យាយាមដែលម៉ែឪបានបង្ហាត់បង្រៀន អប់រំទូន្មាន និងធ្វើជាគំរូរហូតមក ។ កូនត្រូវពង្រឹងកម្លាំងចិត្តឲ្យមានខ្លឹមសារ។
ការប្រើកម្លាំងស្មង និងទឹកចិត្តប្រឹងប្រែង តស៊ូក្នុងជីវិតអត់ធន់ចំពោះការងារ មិនរួញរាចំពោះឧបសគ្គ ទើបអាចបានដល់នូវឋានៈដ៏ប្រសើរ មានជីវភាពធូរធារដោយទ្រព្យសម្បត្តិ ។ ដូចដែលកូនបានឃើញហើយ អ្នកខ្វះការតស៊ូរព្យាយាម ចង់តែស្រណុក ចូលចិត្តតែសប្បាយ និងថ្នមខ្លួនប្រភេទមនុស្សជាន់អាចម៍មាន់មិនពៀចនោះ គឺមិនមានឱកាសសាងនូវឋានៈឲ្យខ្ពង់ខ្ពស់ និងឲ្យជីវិតរស់នៅបានសុខស្រួលឡើយ សូម្បីមានមរតកច្រើនសន្ធឹកសន្ធាប់យ៉ាងណា ក៏មិនយូរឡើយ នឹងបំផ្លាញអស់មិនខាន ។
កូនអើយ (ជីវិតគឺការតស៊ូ) ពាក្យនេះធ្លាប់មានមកយូរហើយ ដូច្នេះឧបសគ្គក្នុងជីវិត កូនត្រូវចាត់ទុកជាថ្នាំកម្លាំង ។ កាលបើមនុស្សយើងមានការតស៊ូក្នុងជីវិតក៏រមែងជួបប្រទះនូវឧបសគ្គ គឺសេចក្តីលំបាកជាធម្មតាតែសូមឲ្យកូនគិតថា សេចក្តីលំបាកនោះជាថ្នាំកម្លាំង ដែលនឹងជំរុញឲ្យកូនប្រឹងប្រែង ព្យាយាមតស៊ូ ដើម្បីយកឈ្នះសេចក្តីលំបាកនោះ រហូតបានដល់ទិសដៅ គឺភាពប្រសើរនៃជីវិត ។
ម៉ែឪ មិនមាននូវមរតកដែលជាទ្រពសម្បត្តិអ្វីច្រើនទុកឲ្យកូននោះទេ តែកូនក៏បាននូវជីវិត កម្លាំងកាយកម្លាំងចិត្ត និងចំណេះវិជ្ជា ព្រមល្មមសព្វគ្រប់ហើយ កូនត្រូវប្រើរបស់ទាំងនេះ ឲ្យបានសម្រេចតាមបំណងរបស់កូនទៅចុះ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1253/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣៣,៦០៦ ដង)
ខ្លឹមសារនៃសេចក្តីសុខ
មនុស្សចំនួនច្រើនណាស់ ដែលមិនបានសម្លឹងមើលដល់ជីវិតរបស់ខ្លួនឯង មិនបានពិចារណាដល់ខន្ធលោកនេះដែលជាសង្ខារ បានសម្លឹងត្រឹមថាយើងនឹងយកការចេះដឹងក្នុងច្បាប់ធម្មជាតិ ដែលមាននៅជុំវិញពិភពលោកមកប្រើ ក្នុងបំណងបំពេញតាមសេចក្តីត្រូវការរបស់ខ្លួណតែប៉ុណ្ណោះ ហើយក៏ស្ទុះទៅក្នុងលោកតាមការចេះដឹងនោះរហូតដល់មានសេចក្តីដឹងខ្លួនថា
images/articles/1252/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣៦,៦៦៦ ដង)
ខ្លឹមសារនៃជីវិត
ជីវិតរបស់មនុស្សយើង រមែងតែងតែមាននូវបញ្ហាជារឿយៗ បន្តិចរឿងនេះ បន្តិចរឿងនោះ ដោយច្រើនគឺបញ្ហាតាមផ្លូវចិត្តហ្នឹងឯង បើយើងមិនមានធម៌សម្រាប់ដោះស្រាយទេ វារមែងមានការលំបាកតាមតឹងក្នុងចិត្តជាពិតប្រាកដហើយវាអាចសង្កត់ចិត្តបានយូរទៀតផង ។
ប្រៀបបីដូចអ្នកបើករថយន្តទៅផ្លូវឆ្ងាយ បើមិនមាននូវគ្រឿងឧបករណ៍សម្រាប់ជួសជុល កែខៃនៅពេលរថយន្តខូច
images/articles/1274/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ២៩,៥៨៤ ដង)
កូនជាទីស្រឡាញ់!កូនដឹងទេថា (ជីវិតមានតម្លៃថ្លៃក្រៃលែង ) មិនថាជីវិតរបស់យើងឬរបស់អ្នកដទៃ សុទ្ធតែមានតម្លៃទាំងអស់គឺមានតម្លៃទាំងដល់ខ្លួនឯង ទាំងដល់អ្នកដទៃ ។ ដូច្នេះហើយទើបក្នុងសីល៥ បានលើកយកការវៀរចាកនូវការសម្លាប់សត្វទុកជាសិក្ខាបទទី១ ព្រោះមកអំពីជីវិតជារបស់សំខាន់ហ្នឹងឯង ។
មនុស្សយើងសំខាន់សម្រាប់ខ្លួនឯងណាស់ សត្វដទៃបុគ្គលដទៃ សុទ្ធតែសំខាន់សម្រាប់ខ្លួនគេគ្រប់ៗគ្នារៀងៗខ្លួន ដូច្នេះទើបមិនគួរសម្លាប់ មិនគួរបៀតបៀនជីវិតគ្នាឡើយ ។កាលបើកូនដឹងថាជីវិតមានតម្លៃថ្លៃ និងសំខាន់សម្រាប់ខ្លួនកូនហើយ កូនត្រូវរក្សានិងថ្នាក់ថ្នមជីវិតឲ្យល្អ ។កាលបើកូនដឹងថាជីវិតកូនមានតម្លៃថ្លៃនិងសំខាន់សម្រាប់ខ្លួនកូនហើយ កូនត្រូវរក្សានិងថ្នាក់ថ្នមជីវិតឲ្យល្អ ។
កូនត្រូវធ្វើអំពើជាប្រយោជន៍ឲ្យដល់ខ្លួនឯងផង ឲ្យដល់អ្នកដទៃផង ឲ្យច្រើនជាទីបំផុត ។ អំពើអាក្រក់ដែលជាបាបកម្មនាំឲ្យមានពៀរវេរា កូនកុំឲ្យជីវិតនេះទៅប្រឡាក់ប្រឡូស ឲ្យសោះ ។ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា ជីវិតដែលមានសីលមានការសម្លឹងពិនិត្យ សូម្បីរស់នៅតែមួយថ្ងៃ ក៏ប្រសើរជាងជីវិតដែលអត់សីល អត់មានការតម្កល់ឲ្យល្អ រស់នៅអស់រយនៃឆ្នាំទៅទៀត ។
ដើម្បីឲ្យសមនឹងការដែលយើងយកជីវិតដ៏មានតម្លៃបង់ពន្ធឲ្យមច្ចុរាជ ក្នុងមួយថ្ងៃ២៤ ម៉ោងយើងត្រូវធ្វើការក្នុងមួយថ្ងៃឲ្យបានកម្រៃថ្លៃជាងជីវិត២៤ ម៉ោងទៅទៀត ។កូនដឹងទេថាការបំពេញបុណ្យបារមីដើម្បីរួចផុតចាកទុក្ខគឺការងារដែលមានតម្លៃជាងជីវិតឆ្ងាយណាស់ ដូច្នេះកូនត្រូវប្រយ័ត្នកុំឲ្យខាតថ្លៃពន្ធឲ្យសោះ ក្នុងមួយថ្ងៃ ៗ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1278/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣២,៣៦៧ ដង)
ត្រូវធ្វើជាឪពុកម្ដាយដ៏ល្អរបស់កូន
ធម្មតាតាមបវេណីរបស់មនុស្សលោក កាលរៀបការហើយតែងតែត្រូវមានកូនមិនខាន ព្រោះហេតុនោះ ដើម្បីមានកូនហើយត្រូវមានសុភមង្គលល្អដល់កូនយើង កាលណាដឹងថាមានទារកមកបដិសន្ធិក្នុងគភ៌យើងហើយ ត្រូវតែទៅជួបវេជ្ជបណ្ឌិត (ពេទ្យ) ដើម្បីដឹងពីសុខភាពរបស់កូន ឬ ត្រូវចាក់ថ្មាំការពារយ៉ាងណា តាមវេជ្ជបញ្ជារបស់ពេទ្យ យើងមិនត្រូវទៅចាក់ថ្នាំផ្ដេសផ្ដាសនោះទេ។
images/articles/1289/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៤៤,៥៤៤ ដង)
ការទទួលបុណ្យ
កូនជាទីស្រឡាញ់
កូនត្រូវសិក្សានូវចំណុចនៃការទទួលបុណ្យទាំង៤នេះគឺ
១. អនុមោទនាត្រេកអរជ្រះថ្លា នឹងកុសលគឺបុណ្យ ។
២. បុណ្យដែលទទួលបានអាចលាងជម្រះបាបក្នុងចិត្តបាន ។
៣. មានបុណ្យចូលទៅនៅក្នុងចិត្ត ប្រសើរជាងទេវតាសណ្ឋិតក្នុងខ្លួន ។
៤. អនុមោទនាទទួលបុណ្យបាន ព្រោះមិនមានមានះនិងការស្អប់ខ្ពើម ។
images/articles/1288/wtwe3434efw43444.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៤៧,១៧៩ ដង)
កូនជាទីស្រឡាញ់កូនត្រូវសិក្សានូវចំណុចនៃការជូនបុណ្យ ទាំង៥ នេះគឺ
១. ជូនបុណ្យឧទ្ទិសបុណ្យ គឺជាទានម្យ៉ាងដ៏សំខាន់ ។
២. ជូនបុណ្យសម្រចដោយទឹកចិត្តមេត្តាព្រមដោយការយល់ដឹង ។
៣. ត្រូវនឹកប្រាថ្នាឲ្យសព្វសត្វបានប្រយោជន៍សុខពិតៗ ។
៤. ត្រូវនឹកប្រាថ្នាឲ្យសព្វសត្វបានផុតចាកពីទុក្ខលំបាក ។
៥. កុំបង្អួតខ្លួនឯង ត្រូវប្រាថ្នាឲ្យគេត្រេកអរទទួលបុណ្យ ។
អត្ថតបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1287/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ២៥,៨៧៦ ដង)
កូនជាទីស្រឡាញ់!កូនត្រូវសិក្សានូវចំណុចនៃការខ្នះខ្នែងក្នុងការងារទាំង៦ នេះគឺៈ
១. សេចក្តីខ្ជិលច្រអូសជាព្រៃស្មសានកប់មនុស្សទាំងរស់ ។
២. គ្រែដេកគឺជាគុករបស់មនុស្សកម្ជិល ។
៣. ការខ្ជិលនិងការក្រលំបាកជាមិត្តជិតដិតនឹងគ្នា ។
៤. មនុស្សយើងរួចពីនរកមក មិនមែនមកដេកខ្ជិលនោះទេ ។
៥. ជីវិតនេះត្រូវបង់ពន្ធឲ្យមច្ចុរាជរាល់ថ្ងៃ ។
៦. ត្រូវធ្វើការយកប្រយោជន៍ដែលមានតម្លៃជាងជីវិត ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ