អានអត្ថបទ
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០២០ (អាន: ៦៥,៦៣៨ ដង)
សរសើរព្រះធម៌ទេសនា

|
សរសើរព្រះធម៌ទេសនា
ឧបមា ៤ យ៉ាង ក្នុងព្រះត្រៃបិដក យើងបានអានជួបត្រង់កន្លែងអ្នកស្តាប់ ព្រះធម៌យល់ហើយ បានពោលសរសើរព្រះធម៌ដូច្នេះថាៈ បពិត្រព្រះអង្គដ៏ចម្រើន ច្បាស់ពេកណាស់ បពិត្រព្រះអង្គ ដ៏ចម្រើន ច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ដូចបុគ្គល ផ្ងារនូវរបស់ដែលផ្កាប់ ឬបើកនូវរបស់ដែលកំបាំង ពុំនោះសោត ដូចបុគ្គលប្រាប់ផ្លូវដល់មនុស្សអ្នកវង្វេងទិស ឬទ្រោលនូវប្រទីប បំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានភ្នែក រមែងឃើញរូប ទាំងឡាយបាន យ៉ាងណាមិញ ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់ ត្រាស់សម្តែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ ។ បទថា អភិក្កន្តំ ដែលប្រែថា ច្បាស់ពេកណាស់ ព្រោះ បញ្ជាក់ប្រាប់ហេតុនៃសេចក្តីត្រេកអរ សេចក្តីពេញចិត្តដ៏ក្រៃលែង កាលដែលបានស្តាប់យល់ហើយ ជាការបានទទួលនូវព្រះធម្មរតនៈ ជារតនៈដ៏វិសេសអស្ចារ្យ ។ ព្រះធម៌ទេសនារបស់ព្រះដ៏មានព្រះភាគ គួរស្តាប់ពិតៗ អ្នកដែលបានស្តាប់ព្រះធម៌ទេសនារបស់ ព្រះដ៏មានព្រះភាគយល់ច្បាស់ហើយ រមែងមានសេចក្តីរីករាយ ជ្រះថ្លាក្នុងចិត្តឥតឧបមា ព្រោះថា មួយសង្សារវដ្តមកហើយ មិន ដែលបានដឹងការពិតដូច្នេះឡើយ ។ អ្នកដែលភ្លឺស្វាងឃើញធម៌ពិត រមែងពោលសរសើរព្រះធម៌ទេសនា ដោយឧបមា ៤ យ៉ាង មានសេចក្តីអធិប្បាយដូចតទៅ៖ ១- និក្កុជ្ជិតំ វា ឧក្កុជ្ជេយ្យ ដូចបុគ្គលផ្ងារនូវរបស់ដែល ផ្កាប់ ។ និក្កុជ្ជិតំ = របស់ដែលផ្កាប់មុខចុះក្រោម ។ ឧក្កុជ្ជេយ្យ = គប្បីធ្វើមុខឱ្យផ្ងារឡើងលើ ។ បុគ្គលដែលមិនទាន់បានស្តាប់ធម៌យល់ រមែងផ្កាប់មុខក្នុង ធម៌របស់អសប្បុរស ផ្កាប់ក្នុងបាបធម៌ ផ្កាប់មុខក្នុងភព ។ ដល់ ពេលបានស្តាប់យល់អំពីធម៌ពិត ដែលព្រះពុទ្ធទ្រង់ត្រាស់សម្តែង រមែងតាំងនៅក្នុងព្រះសទ្ធម្មគឺពោធិបក្ខិយធម៌ ៣៧ ប្រការ មាន សតិប្បដ្ឋាន ៤ ជាដើម ។ ២- បដិច្ឆន្នំ វា វិវរេយ្យ ឬដូចជាបុគ្គលបើកនូវរបស់ ដែលកំបាំង ។ បដិច្ឆន្នំ = របស់ដែលបិទទុកយ៉ាងកំបាំង ។ វិវរេយ្យ = បើកនូវរបស់ដែលបិទទុកនោះ ។ តាំងអំពីព្រះសាសនានៃព្រះពុទ្ធកស្សបៈអស់ទៅ ធម៌ពិត ក្នុងលោកទាំង ៦ មានលោកភ្នែកជាដើម ត្រូវបិទដោយអត្តានុទិដ្ឋិ ជិតឈឹង ។ លុះដល់ព្រះពុទ្ធបានត្រាស់ ប្រកាសធម៌ពិត គឺជីវិត រាល់ថ្ងៃនេះឯង ជាធម៌ដែលអាស្រ័យបច្ច័យ ជាបរមត្ថ ជាអនត្តាធម៌ ជាធម៌ដែលព្រះអង្គទ្រង់ត្រាស់ឱ្យដឹង ។ ៣- មូឡស្ស វា មគ្គំ អាចិក្ខេយ្យ ពុំនោះសោត ដូច បុគ្គលប្រាប់ផ្លូវដល់មនុស្សអ្នកវង្វេងទិស ។ សតិប្បដ្ឋាន ៤ ជាផ្លូវតែមួយចេញពីដែនដីរបស់មារ អ្នក បដិបត្តិដឹងគ្រប់អង្គគ្រប់គ្នា ដោយខ្លួនឯង ។ ក្រៅអំពីផ្លូវនោះ សុទ្ធតែជាផ្លូវមារ ចេញមិនរួចជាដាច់ខាត គឺថា បើក្នុងលោកទាំង ៦ មានលោកភ្នែកជាដើម មិនមានធម៌ពិតជាបរមត្ថប្រាកដទេ តើ ដូចម្តេចនឹងដឹងថា លោកសូន្យ ហើយធ្វើដូចម្តេចដើម្បីអាចដក អត្តានុទិដ្ឋិចេញបាន ។ អត្តានុទិដ្ឋិ គឺជាតួនាមធម៌មួយបែប ដែលតែងតែប្រកាន់ថា ខ្លួនយើងឃើញ ខ្លួនយើងឮ ខ្លួនយើងធុំក្លិន ខ្លួនយើងដឹងរស ខ្លួនយើងដឹងផោដ្ឋព្វៈ ដឹងក្តៅដឹងត្រជាក់ គឺប្រកាន់ជាខ្លួនឯងម្នាក់ ប្រកាន់ទាំងចិត្តគិត ប្រកាន់ទាំងរូបរាង ប្រកាន់ទាំងធាតុដឹង គឺ សុទ្ធតែជាខ្លួនឯងទាំងអស់ ។ ផ្លូវគឺសតិប្បដ្ឋាន ៤ បានធ្វើឱ្យរលត់រលាយនូវអត្តានុទិដ្ឋិ ដោយអាស្រ័យការរលឹកដឹង ការសិក្សារឿយៗនូវបរមត្ថសុទ្ធៗ ជា ធម៌ដែលមានពិតៗ តាមទ្វារទាំង ៦ ។ អត្តានុទិដ្ឋិ ត្រូវដកដាច់ទាំង ឫសដោយសោតាបត្តិមគ្គ ។ ៤- អន្ធការេ វា តេលប្បជ្ជោតំ ធារេយ្យ ចក្ខុមន្តោ រូបានិ ទក្ខន្តីតិ ឬទ្រោលនូវប្រទីបបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានភ្នែក រមែងឃើញរូបទាំងឡាយបាន ។ មោហៈគឺអវិជ្ជា មានសភាពងងឹតដ៏ក្រៃលែង បិទបាំងព្រះសាសនា បិទបាំងនូវព្រះធម៌ពិត និង បិទបាំងគុណព្រះរតនត្រៃ ។ ព្រះធម៌ទេសនា របស់ព្រះដ៏មានព្រះភាគ បានកម្ចាត់បង់ នូវភាពងងឹត ធ្វើឱ្យអ្នកស្តាប់ស្គាល់ព្រះសាសនារបស់ព្រះអង្គ បាន ដឹងតាមព្រះអង្គនូវធម៌ពិត ដែលព្រះអង្គសម្តែងឱ្យដឹង បានឃើញ ច្បាស់នូវរតនៈទាំង ៣ ។ (សូមអ្នកសិក្សាត្រួតមើលក្នុងបិដកលេខ ២៩, ទំព័រ ១៩០ ព្រមដោយអដ្ឋកថា ) ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគ១៦ រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ |