ធម្មោ ហវេ រក្ខតិ ធ ម្មចារឹ ធម្មោ សុចិណ្ណោ សុខមាវហាតិ
ឯសានិសំសោ ធម្មេ១ សុចិណ្ណេ ន ទុគ្គតឹ គច្ឆតិ ធម្មថារី ។
សុចរិតធម៌ តែងរក្សានូវអ្នកប្រព្រឹត្តសុចរិតធម៌(នោះឯង), សុចរិតធម៌ដែលគេបានសន្សំល្អហើយ តែងនាំយកសេចក្ដីសុខមកផ្ដល់ផលឲ្យ, នេះជាអានិសង្សនៃ១ធម៌ដែលគេបានអប់រំសន្សំហើយ, អ្នកប្រព្រឹត្តធម៌ រមែងតែងមិនទៅកាន់ទុគ្គតិឡើយ។
ពាក្យកាព្យឲ្យងាយចាំ (ពាក្យ៩)
ធម៌សុចរិត តាមការណ៍ពិត តែងរក្សា,
នូវជនណា ដែលប្រព្រឹត្ត នូវធម៌នោះ,
ធម៌សុចរិត ដែលបណ្ឌិត សន្សំស្មោះ,
ពុំដែលផ្សោះ តែងនាំសុខ មកផ្ដល់ឲ្យ។
នេះគឺជា អានិសង្ស ការផ្ចង់ចិត្ត,
ខំប្រព្រឹត្ត សន្សំធម៌ ពុំដែលធ្លោយ,
រីបុគ្គល អ្នកប្រព្រឹត្ត_ ធម៌ពុំខ្សោយ,
លុះជាតិក្រោយ តែងបានសោយ សុខសួគ៌ា,
រឿងពីព្រេង ព្រះសម្ដែង ប្រាប់បញ្ជាក់,
ថាមានអ្នក ប្រព្រឹត្តធម៌ សុចរិតា,
ពូជធម្មបាល ឥតមានសល់ រូបជនណា,
ទាំងអស់គ្នា សុទ្ធតែមាន អាយុវែង។
ជនណាបាន_ ប្រព្រឹត្តធម៌ នេះទៀងទាត់,
ពុំដែលភ្លាត់ តែងរស់នៅ យូរអង្វែង,
ដូចភាសិត ដែលព្រះពុទ្ធ ទ្រង់សម្ដែង,
ជននោះឯង តែងបានសុខ ប្រសើរហោង៕៚
វត្តឧណ្ណាលោម ក្រុងភ្នំពេញ, ថ្ងៃពុធ ទី២៤ កក្កដា ២៥១២ (១៩៦៨)
សម្ដេចព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.
ស្រង់ពីសៀវភៅស្នាព្រះហស្តក្រោយបង្អស់នៃសម្ដេច
ព្រះមហាសុមេធាធិបតី ជួន ណាត
ដោយ៥០០០ឆ្នាំ