ថ្ងៃ ច័ន្ទ ទី ២១ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អ្នកសម្តែង[អាន]/រៀបរៀង៖ សរុប (១,១០៩) នាក់
សំឡេង/សៀវភៅ/វីដេអូ ដែលពេញនិយមជាងគេសម្រាប់ថ្ងៃនេះ
សៀវភៅ · បានអាន ៣២ ដង
ប្រជុំភាណវារ បាលី-ប្រែ ពិសេស
ព្រហ្ម-មេត្តា
សៀវភៅ · បានអាន ១៨ ដង
ប្រជុំភាណវារៈ បាលី-ប្រែ និងសេចក្តីពន្យល់
ភិក្ខុ រតនបុត្តោ បុត្ត-សំបាន
សៀវភៅ · បានអាន ១៣ ដង
តម្រាប្រចាំខែសម្រាប់នារី
លី-ថៃលី
វីដេអូ · បានទស្សនា ១២ ដង
ទានបារមី
ភិក្ខុ ព្រះធម្មវិជ្ជា ជួន-កក្កដា
សៀវភៅ · បានអាន ៨ ដង
ប្រជុំភាណវារ ពិសេស បាលី-ប្រែ
សែម-សូរ
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/3576/2026-09-20_07_33_41-Greenshot.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៦ (អាន: ៥៩ ដង)
ទុក្ខទាំង ១២ កង (ឬទុក្ខសច្ចៈ ១២ ប្រការ) ដែលព្រះសម្មាសម្ពុទ្ធបានទ្រង់សម្តែងក្នុងធម្មចក្កប្បវត្តនសូត្រ។ ទុក្ខអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ​គឺ​ទុក្ខ បាន​ដល់​ធម្មជាតិ​ដែល​សត្វ​ជីក​គាស់​រំលើង​បាន​ដោយ​ក្រ ធម្មជាតិទទេ ធម្មជាតិ​នាំ​ឲ្យ​លំបាក​ព្រួយ ពិបាក​អត់ទ្រាំ ធម្មជាតិ​ដែល​អរិយបុគ្គល​ខ្ពើម​ឆ្អើម​ធុញ​ទ្រាន់ នឿយ​ណាយ នោះ​គឺ​ ៖ ១) ជាតិទុក្ខ កិរិយា​កើត កើត​ព្រម កិរិយា​ចុះ​កាន់គភ៌​ កិរិយាកើត កិរិយា​កើតថ្មី កិរិយា​មាន​ប្រាកដ​នៃ​ខន្ធ កិរិយា​បាន​ចំពោះ​នូវ​អាយតនៈ​ក្នុង​សត្តនិកាយ​នោះ ៗ នៃ​ពួក​សត្វ​នោះ​ៗ, ២) ជរាទុក្ខ កិរិយា​ទ្រុឌ​ទ្រោម គ្រាំគ្រា ធ្មេញ​បាក់ សក់​ស្កូវ ស្បែក​ជ្រួញ​ជ្រីវ កិរិយា​សាប​សូន្យ​អាយុ កិរិយា​ចាស់​ជុំវិញ​នៃ​ឥន្ទ្រិយ, ៣) មរណទុក្ខ កិរិយា​ច្យុតិ ឃ្លាត​ចេញ បែក​ធ្លាយ អន្តរធាន សេចក្ដី​ស្លាប់​គឺ​មច្ចុ កាល​កិរិយា កិរិយា​បែក​ធ្លាយ​នៃ​ខន្ធ កិរិយា​ដាក់​ចោល​នូវ​សាកសព កិរិយា​ផ្ដាច់​បង់​ជីវិតិន្ទ្រិយ ។ (អនិច្ចកម្ម អនិច្ចធម្ម សុគត ទៅ​កាន់​បរលោក), ៤) សោកទុក្ខ សំណោក កិរិយាស្ដាយ កិរិយាស្រណោះ ស្រងេះ​ស្រងោច​ខាង​ក្នុង សង្រេង​សង្រៃ​ខាង​ក្នុង នៃ​បុគ្គល​ប្រកប​ដោយ​សេចក្ដីវិនាស​អន្តរាយ​ណា​មួយ ដែល​ទុក្ខធម៌​ណា​មួយ​មក​ប៉ះពាល់, ៥) បរិទេវទុក្ខ កិរិយា​យំ​ទួញ​រក យំ​ទួញ​រៀប​រាប់ អាការ​យំ​ទួញ​រក អាការ​យំ​ទួញ​រៀប​រាប់ ខ្សឹក​ខ្សួល​អណ្ដឺត​អណ្ដក, ៦) ទុក្ខទុក្ខ សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​ប្រព្រឹត្ត​ក្នុង​កាយ កិរិយា​ទទួល​សោយ​នូវ​សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​កើត​អំពី​ការ​ប៉ះពាល់​ដោយ​កាយ, ៧) ទោមនស្សទុក្ខ សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​ប្រព្រឹត្ត​ក្នុង​ចិត្ត កិរិយា​ទទួល​សោយ​នូវ​សេចក្ដីទុក្ខ សេចក្ដីមិន​ស្រស់​ស្រាយ កើត​អំពី​ការ​ប៉ះ​ពាល់​ដោយ​ចិត្ត, ៨) ឧបាយាសទុក្ខ សេចក្ដី​ចង្អៀត​ចង្អល់ សេចក្ដីតានតឹង ភាព​ចង្អៀត​ចង្អល់ ភាព​តាន​តឹង នៃ​បុគ្គល​ប្រកប​ដោយ​វិនាស​អន្តរាយ​ណា​មួយ​ដែល​ទុក្ខធម៌​ណា​មួយ​មក​ប៉ះ​ពាល់, ៩) អប្បិយេហិ សម្បយោគទុក្ខ ការ​ប្រកប​ព្រម​ដោយ​សត្វ​នឹង​សង្ខារ​មិន​ជាទី​ស្រឡាញ់ ជា​ទុក្ខ គឺ​ការ​សង្គម សមាគម ប្រជុំ​ព្រម​លាយ​ឡំ​ដោយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ មិន​ជាទី​ប្រាថ្នា មិន​ជាទី​ត្រេក​អរ មិន​ជាទី​ពេញ​ចិត្ត ឬ​ដោយ​ពួក​បុគ្គល មិន​ប្រាថ្នា​ប្រយោជន៍ មិន​ប្រាថ្នា​សេចក្ដី​ចំរើន មិន​ប្រាថ្នា​ការ​នៅ​សប្បាយ មិន​ប្រាថ្នា​ធម៌​ក្សេម​ចាក​យោគៈ, ១០) បយេហិ វិប្បយោគទុក្ខ ការ​ព្រាត់​ប្រាស​ចាក​សង្ខារ​នឹង​សត្វ​ជាទី​ស្រឡាញ់ ជា​ទុក្ខ គឺ​ការ​មិន​មូល​មិត្ត មិន​ជួប​ជុំ មិន​មូល​ត្រកូល មិន​នៅ​លាយ​ឡំ​គ្នា ដោយ​រូប សំឡេង​ ក្លិន​ រសផោដ្ឋព្វៈ ជា​ទី​ប្រាថ្នា ជា​ទី​ត្រេក​អរ ជា​ទី​ពេញ​ចិត្ត ឬ​ដោយ​មាតា​បិតា បង​ប្អូន​ប្រុស បង​ប្អូន​ស្រី អាមាត្យ ញាតិ​សា​លោ​ហិត ដែល​ប្រាថ្នា​ប្រយោជន៍ ប្រាថ្នា​សេចក្ដី​ចំរើន ប្រាថ្នា​ធម៌​ក្សេម​ចាក​យោគ, ១១) យម្បិច្ឆំ ន លភតី តម្បិ ទុក្ខំ ការ​ដែល​ប្រាថ្នា​របស់​ណា​មិន​បាន​របស់​នោះ ជា​ទុក្ខ គឺ ពួក​សត្វ​មាន​កំណើត ការ​គ្រាំគ្រា ជម្ងឺដម្កាត់ សេចក្ដី​ស្លាប់ សេចក្ដីសោក សេចក្ដីខ្សឹក​ខ្សួល ទុក្ខ​ទោមនស្ស សេចក្ដី​ចង្អៀត​ចង្អល់ជា​ធម្មតា មាន​សេចក្ដី​ប្រាថ្នា​ថា ” ឱ ! ហ្ន៎ ធ្វើ​ម្ដេច​យើង​ទាំង​ឡាយ​កុំ​គប្បី​មាន​កំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដី​ចង្អៀត​ចង្អល់ ឱហ្ន៎ ធ្វើ​ដូច​ម្ដេច​បាន កំណើត ការ​គ្រាំ​គ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដី​ចង្អៀត​ចង្អល់​កុំ​មក​កាន់​យើង​ទាំង​ឡាយ​” (ប្រាថ្នា​នេះ​មិន​សំរេច), ១២) សង្ខិត្តេន បញ្ចុបាទានក្ខន្ធា ទុក្ខា ដោយ​បំព្រួញ​ឧបាទាន​ក្ខន្ធ ៥ ជា​ទុក្ខ​ គឺ៖ រូបូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺរូប, វេទនូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​វេទនា, សញ្ញូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​សញ្ញា, សង្ខារូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​សង្ខារ, វិញ្ញាណូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​វិញ្ញាណ, ដោយ៥០០០ឆ្នាំ
images/articles/3574/2026-09-19_10_05_26-_____________________________________________________________________-________-__Protected_View_-_Word.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៦ (អាន: ៩៤ ដង)
១. តេមិយោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វ ព្រះនាម តេមិយៈ ញ៉ាំងព្រះទ័យ ឲ្យប្រព្រឹត្តទៅជាអារម្មណ៍ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថាសម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ២. មហាជនកោ ពោធិសត្តោ នាម ភគវា ចិត្ត វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម មហាជនក ញ៉ាំងព្រះ ទ័យឲ្យប្រព្រឹត្តទៅជា អារម្មណ៍ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថាសម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៣. សុវណ្ណសាមោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម សុវណ្ណសាម ញ៉ាំងព្រះ ទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះបានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៤. នេមិរាជា ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម នេមិរាជ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ៥. មហោសថោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសល ធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម មហោសថ ញ៉ាំងព្រះ ទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៦. ភូរិទត្តោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសល ធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម ភូរិទត្ត ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយ​ទូន្មាន​ខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ៧. ចន្ទកុមារោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសល ធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម ចន្ទកុមារ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៨. ព្រហ្មនារទោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម ព្រហ្មនារទៈ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៩. វិធូរោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម វិធូរៈ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ១០. វេស្សន្តរោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម វេស្សន្តរ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ១១. សិទ្ធត្ថោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម សិទ្ធត្ថ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ការបំពេញបារមី ១. ព្រះតេមិយៈ បំពេញនេក្ខម្មបារមី ២. ព្រះមហាជនក បំពេញវីរិយបារមី ៣. ព្រះសុវណ្ណសាម បំពេញមេត្តាបារមី ៤. ព្រះនេមិរាជ បំពេញអធិដ្ឋានបារមី ៥. ព្រះមហោសថ បំពេញបញ្ញាបារមី ៦. ព្រះភូរិទត្តបំពេញសីលបារមី ៧. ព្រះចន្ទកុមារបំពេញខន្តិបារមី ៨. ព្រះមហានារទកស្សបៈ បំពេញឧបេក្ខាបារមី ៩. ព្រះវិធុរៈបំពេញសច្ចបារមី ១០. ព្រះវេស្សន្តរ បំពេញទានបារមី ១១. ព្រះសិទ្ធត្ថបំពេញសេចក្ដីព្យាយាមក្នុងជាតិកំណើតចុងក្រោយ ។ (ចាកធម៌នមស្ការព្រះរតនត្រ័យ) ដោយស.ដ.វ.ថ. ។ ដោយ៥០០០ឆ្នាំ
images/articles/3575/2026-09-19_10_13_53-____________________________________________________________________________________________-__Protected_View_-_Word.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៦ (អាន: ៩២ ដង)
បុព្ពកម្មបិលោតិកពុទ្ធាបទាន (សម្ដែងអំពីបុព្វកម្ម និងវិបាកនៃកម្មរបស់ព្រះសម្មាសម្ពុទ្ធ) ព្រះលោកនាយក មានភិក្ខុសង្ឃច្រើនចោមរោម ទ្រង់គង់លើផ្ទៃនៃថ្ម ជាទីរីករាយ ជិត​ស្រះអនោតត្ត រុងរឿងដោយរតនៈផ្សេង ៗ ក្នុងចន្លោះនៃព្រៃ មានក្លិនផ្កាផ្សេង ៗ ទ្រង់ ព្យាករនូវបុព្វកម្មរបស់ព្រះអង្គ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ ចូរ ស្តាប់នូវអំពើរបស់តថាគតដែលបានធ្វើទុកមកហើយ ដូចតទៅនេះ ៖ ១. តថាគតបានឃើញនូវភិក្ខុមួយរូបនៅក្នុងព្រៃ ហើយបានប្រគេនកំណាត់ សំពត់ ។ ក្នុងកាលនោះ តថាគតបានប្រាថ្នាជាព្រះសម្ពុទ្ធជាដំបូង ដើម្បីការត្រាស់ដឹង ឯសេចក្តីប្រាថ្នានោះ ក៏ឲ្យផលក្នុងការបានត្រាស់ជាព្រះពុទ្ធ ដោយអំណាចនៃ បិលោតិកម្ម ។ ២. ក្នុងកាលមុន តថាគតកើតជា នាយកគោបាល កៀងមេគោទៅកាន់ទីគោចរ បានឃើញមេគោកំពុងផឹកទឹកល្អក់ ហើយដេញចេញ ។ ដោយវិបាកនៃកម្មនោះក្នុង បច្ឆិមភពនេះ តថាគតស្រេចទឹក ហើយមិនបានដូចសេចក្តីប្រាថ្នា ។ ៣. កាលភពមុន ក្នុងជាតិដទៃ តថាគតជាអ្នកលេង ឈ្មោះបុនាលិ បានពោល បង្គាច់នូវព្រះបច្ចេកពុទ្ធព្រះនាមសុរភី ជាបុគ្គលមិនប្រទូស្តឡើយ ។ ដោយវិបាកនៃកម្ម នោះ តថាគតអន្ទោលទៅក្នុងនរកអស់កាលដ៏យូរ រងទុក្ខវេទានអស់ពាន់នៃឆ្នាំដ៏ច្រើន ដោយសំណល់នៃកម្មនោះ ក្នុងបច្ឆិិមភពនេះ តថាគតបាននូវការពោលចង្កាច់ ព្រោះ ហេតុនៃនាងសុន្ទរិកា ។ ៤. មួយទៀត តថាគតពោលបង្កាច់សាវ័កឈ្មោះនន្ទរបស់ព្រះពុទ្ធទ្រង់គ្រប សង្កត់នូវសត្វលោកទាំងពួង តថាគតបានអន្ទោលទៅក្នុងនរកអស់កាលដ៏យូរ ព្រោះ ការពោលបង្កាច់នូវសាវ័កនោះ ចំនួនមួយហ្មឺនឆ្នាំ លុះតថាគតបានមកជាមនុស្ស ក៏បាននូវការពោលបង្កាច់ជាច្រើន ។ ដោយសំណល់នៃកម្មនោះ នាងចិញ្ចមានវិកា មកពោលបង្កាច់តថាគតក្នុងប្រជុំជនដោយពាក្យមិនពិត ។ ៥. តថាគតកើតជាព្រាហ្មណ៍ តែងជាអ្នកចេះមន្ត មានគេធ្វើសក្ការបូជា បង្ហាញ មន្តដល់មាណព ៥០០ នាក់ក្នុងព្រៃធំ ។ ឥសិភិមៈបានអភិញ្ញា ៥ មានឫទ្ធិច្រើន មកក្នុង ទីនោះ តថាគតបានឃើញឥសីនោះ លោកជាអ្នកមិនប្រទូស្តនិមន្តមក ក៏បានពោល បង្កាច់ ។ លំដាប់នោះ តថាគតនិយាយនឹងពួកសិស្សថា ឥសីនេះជាអ្នកបរិភោគកាម កាលតថាគតនិយាយប្រាប់ ឯពួកមាណពក៏បានរីករាយតាម ។ លំដាប់នោះ មាណពទាំងអស់ត្រាច់ទៅសូមក្នុងត្រកូលតូចធំនិយាយប្រាប់មហាជនថា ឥសីនេះ ជាអ្នកបរិភោគកាម ។ ដោយវិបាកនៃកម្មនោះ ភិក្ខុទាំងអស់ចំនួន ៥០០ នេះ ក៏បាននូវការពោលបង្កាច់ ព្រោះហេតុនៃនាងសុន្ទរិកា ។ ៦. កាលភពមុន តថាគតសម្លាប់បងប្រុសម្នាក់ មានមាតាផ្សេងគ្នា ព្រោះហេតុនៃ ទ្រព្យហើយបោះចោលទៅក្នុងជ្រោះភ្នំឲ្យប៉ះនឹងថ្ម ។ ដោយវិបាននៃកម្មនោះ ទេវទត្តបាន ប្រមៀលថ្ម ដុំថ្មក៏រមៀលមកប៉ះអង្គុដ្ឋបាទ (មេជើង) នៃតថាគត ។ ៧. កាលពីជាតិមុន តថាគតជាទារក កំពុងលេងក្នុងផ្លូវធំ បានឃើញ ព្រះបច្ចេកពុទ្ធ ក៏ដុតព្រៃទាំងមូលក្បែរផ្លូវ ។ ដោយវិបាកកម្មនោះ ក្នុងបច្ឆិមភពនេះ ទេវទត្តក៏ប្រើខ្មាន់ធ្នូ ឲ្យសម្លាប់តថាគត ។ ៨. កាលពីជាតិមុន តថាគតកើតជាហ្មដំរី បានបរដំរីបំព្រេចព្រះបច្ចេកមុនីដ៏ឧត្តម ព្រះអង្គកំពុងត្រាច់ទៅដើម្បីបិណ្ឌបាត ។ ដោយវិបាកនៃកម្មនោះ ដំរីនាឡាគិរីប្រេងកាច ចូលមកព្រេចតថាគតក្នុងគិរិព្វជបុរីដ៏ប្រសើរ (រាជគហៈ) ។ ៩. តថាគតកើតជាសេ្តច ឈ្មោះបត្តិកៈ បានយកលំពែងសម្លាប់ បុរសទាំងឡាយ ដោយវិបាកនៃកម្មនោះ តថាគតឆេះក្នុងភ្លើងនរកក្លាខ្លាំង ។ ដោយសំណល់នៃកម្មនោះ ក្នុងកាលឥឡូវនេះ កម្មវិបាកនោះ ក៏ធ្វើឲ្យរបកស្បែកជើង ទាំងអស់របស់តថាគតព្រោះ ថាកម្មនៅតែមិនទាន់វិនាស ។ ១០. តថាគតកើតទារកនៃព្រានត្រីក្នុងកេវដ្តគ្រាម បានឃើញពួកជនអ្នកសម្លាប់ ត្រីក៏កើតសោមនស្ស ។ ដោយវិបាកនៃកម្នមនោះ សេ្តចវិដដុភៈសម្លាប់ពួកសក្យៈ ក្នុកាលណា ទុក្ខក្នុងក្បាលក៏មានដល់តថាគត (ក្នុងកាលនោះ) ព្រោះពួកសក្យៈ ត្រូវគេសម្លាប់ ។ ១១. តថាគតបានពោលផ្តន្ទានូវពួកសាវ័កក្នុងសាសនានៃព្រះពុទ្ធព្រះនាមផុស្សៈ ថា ចូរពួកសាវ័កក្នុងសាសនានៃព្រះពុទ្ធព្រះនាមផុស្សៈថា ចូរលោកទាំងឡាយទំពាស៊ី បរិភោគនូវបាយដំណើបចុះ កុំរិភោគនូវបាយស្រូវសាលីឡើយ ។ ដោយវិបាកនៃកម្ម នោះ ក្នុងកាលនោះ តថាគតនៅក្នុងស្រុកវេរញ្ជា ព្រាហ្មណ៍និមន្តឲ្យឆាន់តែបាយ ដំណើបអស់ ៣ ខែ ។ ១២. តថាគតបានហាមឃាត់ កូនអ្នកចំបាប់ ក្នុងកាលដែលគ្មានព្រះពុទ្ធត្រាស់ ដោយវិបាកនៃកម្មនោះ ជំងឺខ្នងក៏កើតដល់តថាគត ។ ១៣. តថាគតកើតជាពេទ្យបានដាក់ថ្នាំបញ្ចុះសេដ្ឋិបុត្ត ដោយវិបាកនៃកម្មនោះ ជំងឺចុះឈាម ក៏កើតឡើងដល់តថាគត ។ ១៤. ក្នុងភពមួយនោះ តថាគតកើតជាជោតិបាល បានផ្ទាញ់ផ្ទាល ព្រះសុគត ព្រះនាមកស្សបថា ព្រោះអ្វីក៏ថាត្រាស់ដឹងពោធិញ្ញាណ ជាទីផូរផង់ គេរកបានដោយ កម្រក្រែលែង ។ ដោយវិបាកនៃកម្មនោះ តថាគតប្រព្រឹត្តទុក្ករកិរិយាជាច្រើន ក្នុងឧរុវេល ប្រទេស អស់ ៦ វស្សាទើបបានត្រាស់ដឹងឡើង ។ តថាគតមិនបាននូវ ពោធិញ្ញាណដ៏ឧត្តមដោយផ្លូវន៎្នះទេ តថាគតហេតុតែបុព្វកម្មនោះដាស់តឿន ក៏ស្វែងរក តាមផ្លូវខុស ។ តថាគតមានបុណ្យនិងបាបអស់រលីងហើយ បានវៀរបង់នូវកម្ដៅទាំងពួង មិនមានសេចក្តីសោក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានអាសវៈ នឹងបរិនិព្វាន ។ ព្រះជិនស្រីទ្រង់ដល់នូវអភិញ្ញា និងពលៈទាំងពួង បានព្យាករដោយសេចក្តីពិស្តារ ដល់ភិក្ខុសង្ឃ ជិតមហាស្រះឈ្មោះអនោតត្ត ដូចរៀបរាប់មកនេះឯង ។ បានឮថា ព្រះមានព្រះភាគបានសំដែងនូវពុទ្ធាបទាន ឈ្មោះបុព្វកម្មបិលោតិ ជាធម្មបរិយាយ ដែលជាបុព្វចរិត របស់ព្រះអង្គ ដោយប្រការដូច្នេះ ។ ចប់ បុព្វកម្មបិលោតិកពុទ្ធាបទាន ។ (សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន អម្ពដផលវគ្គ បុព្វកម្មបិលោតិកពុទ្ធអបទាន បិដកលេខ ៧៤ ទំព័រ ១២៤-១២៩) ។ ដោយ សដវថ ។ ដោយ៥០០០ឆ្នាំ
images/articles/1104/2026-09-20_08_05_00-Greenshot.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៦ (អាន: ២៣,៥៦៦ ដង)
ពោធិបក្ខិយធម៌ មាន​វចនត្ថថាចត្តារិ សច្ចានិ ពុជ្ឈតីតិ = ពោធិ ប្រែថា ធម្មជាតិ​ត្រាស់​ដឹង​នូវ​អរិយ​សច្ច​៤ ដូច្នោះ​ធម្មជាតិ​នោះ​ឈ្មោះ​ថា ពោធិ ។ពោធិបក្ខិយធម៌ ៣៧​នោះ​គឺ សតិប្បដ្ឋាន​៤ សម្មប្បធាន ៤ ឥទ្ធិបាទ​៤ ឥន្ទិយ​៥ ពលៈ៥ ពោជ្ឈង្គ​៧ និង មគ្គមានអង្គ​៨ ។ - សតិប្បដ្ឋាន​៤ សតិបដ្ឋាន មានវចនត្ថថា សម្បយុត្ត​ធម្មេសុ បមុខា បធានាហុត្ថា កាយាទីសុ អារម្មណេសុ តិត្ថតីតិ = បដ្ឋានំ ប្រែ​ថា​ធម៌ណា ជា​ប្រធាន គឺ​ជា​ប្រធាន​ក្នុង​សម្បយុត្តធម៌ទាំង​ឡាយ​ហើយ​តាំង​នៅ​ក្នុង​អារម្មណ៏​ទាំង​ឡាយ មាន​កាយ​ជា​ដើម ដច្នោះ​ធម៌​នោះ​ទើប​ឈ្មោះ​ថា បដ្ឋានំ ។ វចនត្ថ ម្យ៉ាង​ទៀត​ថា​សតិ ឯង បដ្ឋានន្តិ = ន្តិសតិ​បដ្ឋានំ សតិ​នោះ​ឯង ជា​ប្រធាន​ក្នុង​សម្បយុត្ត​ធម៌ ហើយ​តាំង​មាំ​ក្នុង​អារម្មណ៍មាន​កាយ​ជា​ដើម​ដូច្នោះ​ទើប​ឈ្មោះ​ថា សតិ​ប្បដ្ឋាន ។ ១. កាយានុបស្សនាសតិប្បដ្ឋាន សតិ​តាំង​ដមាំ​ក្នុង​ការ​រលឹក​ពិចារណា​ឃើញ​រឿយ​ៗ នូវ​កាយ​ក្នុង​កាយ អង្គ​ធម៌​បាន​ដល់​សតិ​ចេតសិក ក្នុង​មហាកុសល​៨ មហាកិរិយា​៨ អប្បនាជវន ២៦ (រូបាវចរជវន ១០ អរូបាវចរជវន ៨ លោកកុត្តរ​ជវន​៨) ២.វេទនានុបស្សនាសតិប្បដ្ឋាន សតិតាំង​មាំ​ក្នុង​ការ​រលឹក​ពិចារណា​ឃើញ​រឿយ​ៗ នូវ​វេទនា​ក្នុង​វេទនា​អង្គ​ធម៌​បាន​ដល់​សតិ​ចេត​សិក ក្នុង​មហាកុសល​៨ មហាកិរិយា​៨ អប្បានាជវន ២៦ ៣. ចិត្តា​នុបស្សនាសតិប្បដ្ឋាន សតិតាំង​មាំ​ក្នុង​ការ​រលឹក​ពិចារណា​ឃើញ​រឿយ​ៗ​នូវ​ចិត្ត​ក្នុង​ចិត្ត​អង្គ​ធម៌​បាន​ដល់ សតិចេតសិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ។ ៤. ធម្មានុបស្សនាសតិប្បដ្ឋានសតិ​តាំង​មាំ​ក្នុង​ការ​រលឹកពិចារណា​ឃើញ​រឿយ​ៗ នូវ​ធម៌​ក្នុង​ធម៌ អង្គ​ធម៌​បាន​ដល់​សតិ​ចេតសិក ក្នុង​មហាកុសល​៨ មហាកិរិយា​៨ អប្បនាជវន ២៦ ។ - សម្មប្បធាន៤ សម្មប្បធាន មាន​វចនត្ថថាសមា បទ​ហន្តិ ឯតេនាតិ = សម្មប្បធានំ ប្រែ​ថាសម្បយុត្តធម៌​ទាំង​ឡាយ មាន​សេចក្តី​ព្យាយាមដោយ​ប្រពៃ​ដោយ​ការ​អាស្រ័យ​ធម្មជាតិ​នោះ​ ដូច្នោះ​ធម្មជាតិ​ដែល​ ជា​ហេតុនៃ​សេចក្តី​ព្យាយាម​នោះ​ ទើប​ឈ្មោះ​ថា សម្មប្បធាន (បាន​ដល់​វិរិយ​ចេតសិក) ។ ១. ឧប្បន្នានំ បាបកានំ បហានាយ វាយាមោ ព្យាយាម​ដើម្បី​លះអកុសល​ដែល​កើត​ឡើង​ហើយ​មិន​ឲ្យ​កើត​ឡើង​ទៀត អង្គ​ធម៌ បាន​ដល់ វំវិយចេតសិក ក្នុង​កុសលចិត្ត​២១ (មហាកុសល ៨ រូបាវចរកុសល​៥ អរូបាវចរកុសល ៤ លោកុត្តរមគ្គ ៤) ២. អនុប្បន្នានំ បាបកានំ អនុបាទាយ វាយាមោ អកុសលធម៌​ដែល​មិន​ទាន់​កើត ព្យាយាម​ទប់​ស្កាត់​មិន​ឲ្យ​កើត​ឡើង​អង្គ​ធម៌បាន​ដល់​វិរយ​ចេតសិក ក្នុង​កុសល​ចិត្ត​២១ (មហាកុសល​៨ រូបាវចរ​កុសល​៥ អរូបាវចរកុសល ៤ លោក​កុត្តរមគ្គ ៤) ៣. ឧប្បន្នានំ កុសលានំ ឧបាទាយ វាយាមោ កុសលធម៌ដែល​មិន​ទាន់​កើត​ឡើង ព្យាយាម​ចម្រើន​ឲ្យ​កើត​ឡើង អង្គធម៌បាន​ដល់​ដល់​វិរយចេតសិក ក្នុង​កុសល​ចិត្ត​២១ (មហាកុសល៨ រូបាវចរកុសល​៥អរូបាវចកុសល ៤ លោក​កុត្តរមគ្គ៤) ៤. ឧប្បន្នានំ កុសលានំ ភិយ្យោកាវាយ វាយាមោ កុសលធម៌​ដែល​កើត​ឡើង​ហើយ​ព្យាយាម​ចម្រើន​ឲ្យ​កើត​ឡើង​ជា​ភិយ្យោភាព​អង្គ​ធម៌​បាន​ដល់​វំវិយចេតសិក ក្នុង​កុសល​ចិត្ត​២១ (មហាកុសល៨ រូបាវចរកុសល​៥ អរូបាវចរកុសល​៤ លោកុត្តរមគ្គ៤) - ឥទ្ធិបាទ ៤ ឥទ្ធិបាទ មានវចនត្ថថាឥជ្ឈនំ = ឥទ្ធិ ប្រែ​ថា សេចក្តី​សម្រេច​ដោយ​បរិបូណ៌ឈ្មោះ​ថា ឥទ្ធិ (បាន​ដល់​ឈាន អភិញ្ញា មគ្គ ផល)វចនត្ថ ម្យ៉ាង​ទៀត​ថាឥទ្ធិយា បាទោ = ឥទ្ធិបាទោ ប្រែ​ថា ធម៌​ដែល​ជា​ហេតុ​សម្រេច ឈាន មគ្គ ផល​ឈ្មោះ​ថា ឥទ្ធិ​បាទ ។ ១. ឆន្ទិបាទ សេចក្តី​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ជា​បាទ​ជា​គ្រឿង​ទ្រនៃ​ការ​សម្រេច​ឈាន មគ្គ ផល អង្គ​ធម៌​បាន​ដល់​ឆន្ទចេត​សិកក្នុង​កុសលចិត្ត​២១ (មហាកុសល​៨ រូបាវចរកុសល ៥​អរូបាវចរកុសល ៤ លោកុត្តរមគ្គ ៤) ២. វំរិយិទ្ធិបាទ សេចក្តី​ព្យាយាម​យ៉ាង​ខ្លាំង​ជា​បាទ​ជា​គ្រឿង​ទ្រ​នៃ​ការ​សម្រេច​ឈាន មគ្គ ផល អង្គ​ធម៌​បាន​ដល់​វំរិយចេត​សិក​ ក្នុង​កុសល​ចិត្ត​២១ (មហាកុសល​៨ រូបាវចរកុសល ៥ អរូបាវចរកុសល​៥លោក​កុត្តរមគ្គ ៤) ៣. ចិត្តិទ្ធិបាទ សេចក្តី​តាំង​ចិត្តយ៉ាង​ខ្លាំង​ជា​បាទ​ជា​គ្រឿង​ទ្រ​នៃ​ការ​សម្រេច​ឈាន មគ្គ ផល អង្គ​ធម៌​បាន​ដល់​កុសល​ចិត្ត​២១ (មហាកុសល ៨ រូបាវចរកុសល ៥ អរូបាវចរកុសល ៤ លោកុត្តរ មគ្គ ៤) ៤. វិមំសិទ្ធិបាទ បញ្ញា ពិចារណា​យ៉ាង​ខ្លាំង​ជា​បាទ​ជា​គ្រឿង​ទ្រ​នៃ​ការ​សម្រេច​ឈាន មគ្គ ផល អង្គ​ធម៌​បាន​ដល់​បញ្ញា ចេត​សិក ក្នុង​កុសលញាណ​សម្បយុត្ត ១៧ (មហាកុសល​ញាណ​សម្បយុត្ត ៤ រូបាវចរកុសល ៥ អរូបាវចរកុសល ៤ លោកុត្តរមគ្គ ៤) - ឥន្ទ្រិយ ៥ ឥន្ទ្រិ មាន​វចនត្ថថាឥន្ទន្តិ បរមឥស្សវិយំ ករោន្តីតិ = ឥន្ទ្រិយានិ ប្រែ​ថា​ធម៌ណា ជា​អ្នក​គ្រប់​គ្រង​គឺ​រមែង​ធ្វើ​ខ្លួន​ជា​ឥស្សរក្រៃ​លែង​ ដូច្នោះ ធម៌​នោះ ទើប​ឈ្មោះ​ថា ឥន្ទ្រិយ ។ ១. សទ្ធិន្ទ្រិយ សទ្ធា​មាន​សភាព​ជា​ធំ​នៃ​ការ​ជ្រះ​ថ្លា ក្នុង​វត្ថុ​ដែល​សម​គួរ​ដល់​ការ​ជ្រះ​ថ្លា មាន​ព្រះ​ពុទ្ធ​ជា​ដើម) អង្គ​ធម៌​បាន​ដល់សទ្ធា​ចេត​សិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនា​ជវន ២៦ ២. វិវិយិន្ទ្រិយ វិរិយមាន​សភាព​ជា​ធំ​នៃ​សេចក្តី​ព្យាយម​ក្នុង​វត្ថុ​ដែល​សម​គួរ​ដល់​ការ​ព្យាយាម អង្គ​ធម៌​បាន​ដល់ វិរិយចេត​សិក​ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៣. សតិន្ទ្រិយ សតិ​មាន​ភាព​ជា​ធម ក្នុង​ការ​រលឹក អង្គ​ធម៌​បាន​ដល់​សតិ​ចេតសិក ក្នុង​មហាកុសល​៨ មហាកិរិយា ៨ អប្បនា​ជវន ២៦ ៤. សមាធិន្ទ្រិយ សមាធិមាន​សភាព​ជា​ធំ​ក្នុង​ការ​ឃុំ​គ្រង​ចិត្ត ឲ្យ​តាំង​នៅ​ក្នុង​អារម្មណ៍​តែ​មួយ អង្គ​ធម៌​បាន​ដល់ ឯក​គ្គតាចេតសិក ក្នុង​មហាកុសល ៨ មហាកិរិយា​៨ អប្បនាជវន ២៦ ៥. បញ្ញិន្ទ្រិយ បញ្ញា មាន​សភាព​ជា​ធំ​ក្នុង​ការ​ដឹង​ច្បាស់​នូវ​សភាវ​ធម៌​ពិត អង្គ​បាន​ដល់ បញ្ញា ចេតសិក ក្នុង​មហាកុសល ញាណ​សម្បយុត្ត​៤ មហាកិរិយាញាណ សម្បយុត្ត​៤ អប្បនាជវន២៦ - ពលៈ ៥ ពលៈ​ មានវចនត្ថថាពលីយន្តិ ឧប្បន្នេ បដិបក្ខធម្មេ សហន្តិ មទ្ធន្តីតិ = ពលានិ ប្រែ​ថា ធម៌​ណា​រមែង​មាន​កម្លាំង​សង្កត់​នូវ​បដិបក្ខធម៌​ដែល​កើត​ឡើង​ហើយ និង​មាន​សេចក្តី​អត់​ធន់​ត​ស៊ូ​ទម្លាយ​នូវ​ធម៌​ជា​បដិបក្ខ​ទាំង​នោះ​ដូច្នោះ​ធម៌​នោះ​ទើប​ឈ្មោះ​ថា ពលៈ​ ។ម្យ៉ាង​ទៀត ដែល​ឈ្មោះ​ថា ពលៈ ដោយ​អត្ថថា មិន​ញាប់​ញ័រ ។ ១. សទ្ធាពល កម្លាំង​គឺ​សទ្ធា​ជា​គ្រឿង​ជ្រះ​ថ្លា​ក្នុង​វត្ថុ​ដែល​គួរ​ជ្រះ​ថ្លា​អង្គ​ធម៌​បាន​ដល់ សទ្ធា​ចេត​សិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ២. វិវិយពល កម្លាំង​គឺ​សេចក្តី​ព្យាយាម​ជា​គ្រឿង​ព្យាយាម​ក្នុង​វត្ថុ​ដែល​គួរ​ព្យាយាម អង្គ​ធម៌​បាន​ដល់ វិរិយ​ចេត​សិក ក្នុង​មហា​កុសល ៨ មហាកិរិយា ៨ អប្បនា​ជវន ២៦ ៣. សតិពល កម្លាំង​គឺ​សតិ​ជា​គ្រឿង​រលឹក​នូវ​សតិ​ជា​គ្រឿង​រលឹក​នូវ​សភាវ​ធម៌​ទាំង​ឡាយ អង្គ​បាន​ដល់ សតិចេតសិក ក្នុង​មហាកុសល ៨ មហាកិវិយា ៨ អប្បនាជវន ២៦ ៤. សមាធិពល កម្លាំង​គឺ​សមាធិជា​គ្រឿង​តម្កល់ ចិត្ត​ឲ្យ​តាំង​នៅ​ក្នុង​អារម្មណ៍ តែ​មួយ អង្គ​ធម៌​បាន​ដល់ ឯកគ្គ​តាចេតសិក ក្នុង​មហាកុសល​៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៥. បញ្ញា​ពល កម្លាំង​គឺ​បញ្ញា ជា​គ្រឿង​ដឹង​នូវ​សភាវ​ធម៌​ពិត អង្គ​ធម៌​បាន​ដល់ បញ្ញាចេតសិក ក្នុង​មហាកុសល​ញាណ​សម្បយុត្ត ៤ មហាកិរិយាសម្បយុត្ត ៤​ អប្បនាជវន ២៦ - ពោជ្ឈង្គ៧ ពោជ្ឈង្គ មាន​វចនត្ថថា ពោធិយា អង្គោ= ពោជ្ឈង្គោ ប្រែ​ថា ធម៌​ដែល​ជា​គ្រឿង​ប្រកប​​ ជា​ហេតុ​ត្រាស់​ដឹង​ នូវ​អរិយ​សច្ចៈ ៤ ឈ្មោះ​ថា ពោជ្ឈង្គ ។ ១. សតិសម្ពោជ្ឈង្គ សេចក្តី​រលឹក ជាអង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌ ៤ បាន​ដល់​សតិចេតសិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ២. ធម្មវិចយសម្ពោជ្ឈង្គ ការ​ពិនិត្យ​ពិចារណា​ក្នុង​ធម៌​ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ អរិយ​សច្ចធម៌​៤ អង្គ​ធម៌​បាន​ដល់ បញ្ញា ចេតសិក ក្នុង​មហាកុសល​ញាណ សម្បយុត្ត ៤ មហាកិរិយា​ញាណ​សម្យយុត្ត ៤ អប្បនាជវន ២៦ ៣. វិរិយ​សម្ពោជ្ឈង្គ​ សេចក្តី​ព្យាយាម ជាអង្គ​នៃ​ការ​ត្រាស់ ដឹង​នូវ​អរិយ​សច្ច​ធម៌​៤ អង្គ​ធម៌​បាន​ដល់ វិរិយ​ចេត​សិក ក្នុង​មហា​កុសល ៨ មហាកិរិយា អប្បនាជវន ២៦ ៤. បីតិសម្ពោជ្ឈង្គ សភាព​ឆ្អែត​ចិត្ត ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌ អង្គ​ធម៌​បាន​ដល់​បីតិចេតសិក ក្នុង​មហាកុសល សោមនស្ស ៤ មហាកិរិយា សោមនស្ស​៤ សប្បីតិកអប្បនាជវន ៣០ ឬ​រូបាវចរកុសល ៣ រូបាវចរកិរិយា​៣ លោកុត្តរចិត្ត ៨ ៥. បស្សទ្ធិសម្ពោជ្ឈង្គ សេចក្តី​ស្ងប់​កាយ​ស្ងប់​ចិត្ត​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌​៤ អង្គ​ធម៌​បាន​ដល់ កាយ​បស្សទ្ធិចេតសិក ចិត្ត​បស្សទ្ធិចេត​សិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៦. សមាធិសម្ពោជ្ឈង្គ សភាព​តាំង​មាំ​ក្នុង​អារម្មណ៍​តែ​មួយ​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌ ៤ អង្គ​ធម៌​បាន​ដល់ ឯកគ្គតាចេតសិក ក្នុង​មហាកុសល​៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៧. ឧបេក្ខា សម្ពោជ្ឈង្គ ឧបេក្ខាជា​គ្រឿង ធ្វើ​ឲ្យ​សម្បយុត្តធម៌​មាន​សភាព​ស្មើ​ក្នុង​តួនាទី​​របស់​ខ្លួន ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌ ៤ អង្គ​ធម៌​បាន​ដល់ តត្រមជ្ឈត្តតាចេតសិក ក្នុង​មហាកុសល​៨ អប្បនាជវន ២៦ - មគ្គមាន​អង្គ​៨ មគ្គង្គ​ មាន​វចនត្ថថាកិលេសេ មារេន្តា និព្វានម គច្ចន្តិ ឯ​តេនាតិ =មគ្គោប្រែ​ថា ព្រះ​យោគី​បុគ្គល​ទាំង​ឡាយ រមែង​សម្លាប់​កិលេស​និង រមែង​ចូល​ដល់​ព្រះ​និព្វាន ដោយ ធម៌​នោះ​ដូច្នោះ​ធម៌​ដែល​ជា​ហេតុ​នៃ​ការ​សម្លាប់​កិលេស​និង ចូល​ដល់​ព្រះ​និព្វាន របស់​ព្រះ​យោ​គឺ បុគ្គល​ពួក​នោះ ឈ្មោះ​ថា​មគ្គ ។ ១. សម្មាទិដ្ឋិ​សេចក្តី​យល់​ឃើញ​ត្រូវ​ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់​បញ្ញាចេតសិក ក្នុង​មហាកុសល​ញាណ​សម្បយុត្ត​៤ មហាកិរិយា​ញាណ​សម្បយុត្ត ៤ អប្បនាជវន ២៦ ២. សម្មាសង្កប្ប សេចក្ត​ត្រិះរិះ​ត្រូវ ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់ វិតក្កចេត​សិក ក្នុង​មហាកុសល ៨​មហាកិរិយា ៨ បឋម​ជ្ឈានជវន ១០ ឬ​រូបាវចរកុសល ១ រូបាវចរកិរិយា​១ លោកកុត្តរ ៨ ៣. សម្មាវាចា ការ​ពោល​ពាក្យ​ត្រូវ ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់​សម្មាវាចាចេត​សិក​ក្នុង​មហាកុសល ៨​លោកកុត្តរ​៨ ៤. សម្មាកម្មន្ត ការងារ​ត្រូវ​ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់ សម្មាកម្មន្តចេតសិក ក្នុង​មហាកុសល ៨ លោកកុត្តរ ៨ ៥. សម្មាជាជីវ ការ​ចិញ្ចឹម​ជីវិត​ត្រូវ ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់​សម្មាអាជីវចេត​សិក​ក្នុង​មហាកុសល​៨ លោកុត្តរ ៨ ៦. សម្មាវាយាម សេចក្តី​ព្យាយាម​ត្រូវ​ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់ វិរិយចេតសិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៧. សម្មាសតិ សេចក្តីរលឹកត្រូវ ជាផ្លូវឲ្យដល់មគ្គផលព្រះនិព្វាន អង្គធម៌បានដល់សតិចេតសិក ក្នុងមហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៨. សម្មាសមាធិ ការ​តម្កល់​ចិត្ត​ត្រូវ​ជា​ផ្លូវ​ឲ្យ​ដល់ មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់​ឯកគ្គតាចេត​ដិក្នុង​មហាកុសល​៨ មហាកិរិយា ៨ អប្បនាជវន ២៦ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ មេត្តាចិត្តរៀប​រៀង​ដោយធម្មាចារ្យកែវ វិមុត្ត ។វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ។ ដោយ​៥០០០​ឆ្នាំ​
images/articles/299/2026-09-20_07_25_08-Greenshot.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៦ (អាន: ៤៦,៥៤០ ដង)
យូរ​អង្វែង​ណាស់, ទើប​មាន​ទុល្លភបុគ្គល​ម្នាក់​មាន​បញ្ញា​ចក្ខុ​កើត​ឡើង​ក្នុង​លោក ដោះ​បញ្ហា​ប្រចាំ​លោក​ដោយ​ខ្លួន​ឯង រួច​ហើយ​យក​ពន្លឺ​ដ៏​រុងរឿង​បំភ្លឺ​ឲ្យ​លោក​ស្គាល់​ឧបាយ​ដោះ​ស្រាយ​បញ្ហា​នោះ​រួច ហើយ​ឲ្យ​រួច​ផុត​អំពី​អាណា​លោក​រាជ​ទៅ​កាន់​សន្តិភាព ។ ទុល្លភ​បុគ្គល​នោះ គឺ​ព្រះពុទ្ធ​អ្នក​ត្រាស់​ដឹង​សច្ចៈ ៤ ហើយ​ឲ្យ​គេ​ត្រាស់​ដឹង​តាម​ផង, អ្នក​ភ្ញាក់​ចេញ​ពី​ស្រោម​ គឺ អវិជ្ជា​មុន​គេ​,អ្នក​រីក​ផុត​ពី​ភក់​គឺ​កិលេស​ដូច​ផ្កា​ឈូក ។​ កាល​ត្រាស់​ដឹង​ហើយ​ទ្រង់​សំដែង​ព្រះធម្ម​ចក្កប្បវត្តន​សូត្រ​ប្រោស​បញ្ច​វគ្គិយ​​ភិក្ខុ​ជា​មុន​ដំបូង​បង្អស់ ។ក្នុង​ធម្មចក្ក​នោះ ព្រះ​អង្គ​ទ្រង់​បដិសេធ​នូវ​បដិបទា​អម​ពីរគឺ​៖ ១- ការ​ប្រកប​ខ្លួន​ឲ្យ​ជាប់​ដោយ​កាម​ សុខ​ក្នុង​កាម​ទាំង​ឡាយ​ជា​ហីន​ធម៌ គ្រាម​ធម៌ បុថុជ្ជនធម៌ មិន​មែន​អរិយ​ធម៌ មិន​ប្រកប​ដោយ​ប្រយោជន៍ ។ ២- ការ​ប្រកប​ខ្លួន​ឲ្យ​លំបាក​ទទេ ៗ នាំ​មក​នូវ​ទុក្ខ មិន​មែន​អរិយ​ធម៌ មិន​ប្រកប​ដោយ​ប្រយោជន៍ ។ ទ្រង់​ឲ្យ​ដើរ​តាម​មជ្ឈិមា​បដិបទា ដែល​ព្រះ​អង្គ​ត្រាស់​ដឹង​ហើយ ធ្វើ​ឲ្យ​មាន​ចក្ខុ មាន​ញាណ ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ស្ងប់ កិរិយា​ដឹង​ច្បាស់ កិរិយា​ត្រាស់​ដឹង​ដោយ​ប្រពៃ ដើម្បី​កិរិយា​រលត់​ទុក្ខ ។ ទី​បំផុត​ទ្រង់​ប្រកាស​អរិយ​សច្ចៈ ៤ គឺ​៖ ១- ទុក្ខអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ​គឺ​ទុក្ខ បាន​ដល់​ធម្មជាត​ដែល​សត្វ​ជីក​គាស់​រំលើង​បាន​ដោយ​ក្រ ធម្មជាត​ទទេ ធម្មជាត​នាំ​ឲ្យ​លំបាក​ព្រួយ ពិបាក​អត់ទ្រាំ ធម្មជាត​ដែល​អរិយបុគ្គល​ខ្ពើម​ឆ្អើម​ធុញ​ទ្រាន់ នឿយ​ណាយ នោះ​គឺ​ ទុក្ខ ១២ កង គឺ៖ ក) ជាតិទុក្ខ កិរិយា​កើត កើត​ព្រម កិរិយា​ចុះ​កាន់គភ៌​ កិរិយាកើត កិរិយា​កើតថ្មី កិរិយា​មាន​ប្រាកដ​នៃ​ខន្ធ កិរិយា​បាន​ចំពោះ​នូវ​អាយតនៈ​ក្នុង​សត្តនិកាយ​នោះ ៗ នៃ​ពួក​សត្វ​នោះ​ៗ, ខ) ជរាទុក្ខ កិរិយា​ទ្រុឌ​ទ្រោម គ្រាំគ្រា ធ្មេញ​បាក់ សក់​ស្កូវ ស្បែក​ជ្រួញ​ជ្រីវ កិរិយា​សាប​សូន្យ​អាយុ កិរិយា​ចាស់​ជុំវិញ​នៃ​ឥន្ទ្រិយ, គ) មរណទុក្ខ កិរិយា​ច្យុតិ ឃ្លាត​ចេញ បែក​ធ្លាយ អន្តរធាន សេចក្ដី​ស្លាប់​គឺ​មច្ចុ កាល​កិរិយា កិរិយា​បែក​ធ្លាយ​នៃ​ខន្ធ កិរិយា​ដាក់​ចោល​នូវ​សាកសព កិរិយា​ផ្ដាច់​បង់​ជីវិតិន្ទ្រិយ ។ (អនិច្ចកម្ម អនិច្ចធម្ម សុគត ទៅ​កាន់​បរលោក), ឃ) សោកទុក្ខ សំណោក កិរិយាស្ដាយ កិរិយាស្រណោះ ស្រងេះ​ស្រងោច​ខាង​ក្នុង សង្រេង​សង្រៃ​ខាង​ក្នុង នៃ​បុគ្គល​ប្រកប​ដោយ​សេចក្ដីវិនាស​អន្តរាយ​ណា​មួយ ដែល​ទុក្ខធម៌​ណា​មួយ​មក​ប៉ះពាល់, ង) បរិទេវទុក្ខ កិរិយា​យំ​ទួញ​រក យំ​ទួញ​រៀប​រាប់ អាការ​យំ​ទួញ​រក អាការ​យំ​ទួញ​រៀប​រាប់ ខ្សឹក​ខ្សួល​អណ្ដឺត​អណ្ដក, ច) ទុក្ខទុក្ខ សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​ប្រព្រឹត្ត​ក្នុង​កាយ កិរិយា​ទទួល​សោយ​នូវ​សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​កើត​អំពី​ការ​ប៉ះពាល់​ដោយ​កាយ, ឆ) ទោមនស្សទុក្ខ សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​ប្រព្រឹត្ត​ក្នុង​ចិត្ត កិរិយា​ទទួល​សោយ​នូវ​សេចក្ដីទុក្ខ សេចក្ដីមិន​ស្រស់​ស្រាយ កើត​អំពី​ការ​ប៉ះ​ពាល់​ដោយ​ចិត្ត, ជ) ឧបាយាសទុក្ខ សេចក្ដី​ចង្អៀត​ចង្អល់ សេចក្ដីតានតឹង ភាព​ចង្អៀត​ចង្អល់ ភាព​តាន​តឹង នៃ​បុគ្គល​ប្រកប​ដោយ​វិនាស​អន្តរាយ​ណា​មួយ​ដែល​ទុក្ខធម៌​ណា​មួយ​មក​ប៉ះ​ពាល់, ឈ) អប្បិយេហិ សម្បយោគទុក្ខ ការ​ប្រកប​ព្រម​ដោយ​សត្វ​នឹង​សង្ខារ​មិន​ជាទី​ស្រឡាញ់ ជា​ទុក្ខ គឺ​ការ​សង្គម សមាគម ប្រជុំ​ព្រម​លាយ​ឡំ​ដោយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ មិន​ជាទី​ប្រាថ្នា មិន​ជាទី​ត្រេក​អរ មិន​ជាទី​ពេញ​ចិត្ត ឬ​ដោយ​ពួក​បុគ្គល មិន​ប្រាថ្នា​ប្រយោជន៍ មិន​ប្រាថ្នា​សេចក្ដី​ចំរើន មិន​ប្រាថ្នា​ការ​នៅ​សប្បាយ មិន​ប្រាថ្នា​ធម៌​ក្សេម​ចាក​យោគៈ, ញ) បយេហិ វិប្បយោគទុក្ខ ការ​ព្រាត់​ប្រាស​ចាក​សង្ខារ​នឹង​សត្វ​ជាទី​ស្រឡាញ់ ជា​ទុក្ខ គឺ​ការ​មិន​មូល​មិត្ត មិន​ជួប​ជុំ មិន​មូល​ត្រកូល មិន​នៅ​លាយ​ឡំ​គ្នា ដោយ​រូប សំឡេងក្លិន រសផោដ្ឋព្វៈ ជា​ទី​ប្រាថ្នា ជា​ទី​ត្រេក​អរ ជា​ទី​ពេញ​ចិត្ត ឬ​ដោយ​មាតា​បិតា បង​ប្អូន​ប្រុស បង​ប្អូន​ស្រី អាមាត្យ ញាតិ​សា​លោ​ហិត ដែល​ប្រាថ្នា​ប្រយោជន៍ ប្រាថ្នា​សេចក្ដី​ចំរើន ប្រាថ្នា​ធម៌​ក្សេម​ចាក​យោគ, ជ) យម្បិច្ឆំ ន លភតី តម្បិ ទុក្ខំ ការ​ដែល​ប្រាថ្នា​របស់​ណា​មិន​បាន​របស់​នោះ ជា​ទុក្ខ គឺ ពួក​សត្វ​មាន​កំណើត ការ​គ្រាំគ្រា ជម្ងឺដម្កាត់ សេចក្ដី​ស្លាប់ សេចក្ដីសោក សេចក្ដីខ្សឹក​ខ្សួល ទុក្ខ​ទោមនស្ស សេចក្ដី​ចង្អៀត​ចង្អល់ជា​ធម្មតា មាន​សេចក្ដី​ប្រាថ្នា​ថា ” ឱ ! ហ្ន៎ ធ្វើ​ម្ដេច​យើង​ទាំង​ឡាយ​កុំ​គប្បី​មាន​កំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដី​ចង្អៀត​ចង្អល់ ឱហ្ន៎ ធ្វើ​ដូច​ម្ដេច​បាន កំណើត ការ​គ្រាំ​គ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដី​ចង្អៀត​ចង្អល់​កុំ​មក​កាន់​យើង​ទាំង​ឡាយ​” (ប្រាថ្នា​នេះ​មិន​សំរេច), ឋ) សង្ខិត្តេន បញ្ចុបាទានក្ខន្ធា ទុក្ខា ដោយ​បំព្រួញ​ឧបាទាន​ក្ខន្ធ ៥ ជា​ទុក្ខ​ គឺ៖ រូបូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺរូប, វេទនូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​វេទនា, សញ្ញូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​សញ្ញា, សង្ខារូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​សង្ខារ, វិញ្ញាណូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​វិញ្ញាណ, ២- ទុក្ខសមុទយអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ គឺ​ហេតុ​ដែល​កើត​ព្រម​នៃ​ទុក្ខ បាន​ដល់​តណ្ហា​ប្រកប​ដោយ​នន្ទិរាគ​ត្រេកអរ​ក្នុង​ភព​នោះ​ៗ រឿយ​ៗ មិន​ដាច់ ញ៉ាំង​សត្វ​ឲ្យ​កើត​ក្នុង​ភព​ថ្មី តណ្ហា​មាន​៣ គឺ៖ កាមតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងកើតមានកាម, ភវតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងព្រហ្មមានរូប, វិភវតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងកើតព្រហ្មឥតរូប, តណ្ហា​នោះ​កើត​ឡើង​ក្នុង​ធម្មជាតិ​ជាទី​ស្រឡាញ់ ជាទី​ត្រេក​អរ​ក្នុងលោក នៅ​អាស្រ័យ​ក្នុង​ធម្មជាតិ​នោះ​គឺ អាយតនៈ​ខាងក្រៅ ៦ អាយតនៈខាង​ក្នុង ៦, វិញ្ញាណ ៦, សម្ផស្ស ៦, វេទនា ៦, សញ្ញា ៦, សញ្ចេតនា ៦, តណ្ហា ៦, វិតក្កៈ ៦, វិចារៈ ៦ ។ ៣- ទុក្ខនិរោធអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ​គឺ​កិរិយា​រំ​លត់​តណ្ហា​បណ្ដាល​ទុក្ខ បាន​ដល់​កិរិយា​រំលត់​តណ្ហា​នោះឥត​មាន​សេស​សល់​កិរិយា​រលាស់​ចោល បោះ​បង់​ចោល កិរិយា​រួច​ផុត​តណ្ហា​នោះ មិន​មាន​អាល័យ ។ កិរិយា​លះ​បង់ កិរិយា​រំលត់​តណ្ហា ដែល​កើត​ឡើង​អាស្រ័យ​ក្នុង​ធម្មជាតិ​ជាទី​ស្រឡាញ់ ជាទី​ត្រេកអរ​មាន​អាយតនៈ​ជា​ដើម​នោះ ​។ ៤- ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ គឺ​បដិបទា​នាំ​ទៅ​កាន់​ទី​រំលត់​តណ្ហា​បណ្ដាល​ទុក្ខ បាន​ដល់​អរិយមគ្គ​មាន​អង្គ ៨ ។​ (អរិយសច្ច៤នេះ អាចហៅដោយខ្លីទៀតថា ១-ទុក្ខសច្ច, ២-សមុទយសច្ច, ៣-និរោធសច្ច, ៤-មគ្គសច្ច)ព្រះធម្មចក្កនេះ​ជា​ព្រះសទ្ធម្ម​ដែលព្​រះអង្គ​ទ្រង់​សំដែង​បំភ្លឺ​បង្ហាញ​ផ្លូវ​ត្រង់​ឆ្ពោះ​ទៅ​កាន់​សន្តដ្ឋាន ដើម្បី​ឲ្យ​ស្រាយ​បញ្ហា​ប្រចាំ​លោក​ជា​ដំបូង​បង្អស់ ។ (ដក​ស្រង់​ចេញ​ពី ធម្មប្បជោត រៀប​រៀង​ដោយ​ព្រះ​មហា អ៊ុក អ៊ឺន ក្នុង​ទស្សនា​វដ្តី​កម្ពុជ​សុរិយា ឆ្នាំ​១៩៥៨ ចុះ​ផ្សាយ​ដោយ​វិទ្យា​ស្ថាន​ពុទ្ធសាសន​បណ្ឌិត) ចម្លងពីគេហទំព័រព្រះពុទ្ធសាសនាខ្មែរ ដោយ៥០០០ឆ្នាំ
images/articles/1507/2026-09-20_08_20_07-_New_Text_Document_____________xt_-_Notepad.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៦ (អាន: ២៨,៥២០ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តវេឡុវ័ន ទ្រង់ប្រារព្ធមេពពែមួយ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ខមនីយំ យាបនីយំ ដូច្នេះជាដើម ។ សម័យថ្ងៃមួយ ព្រះមហាមោគ្គល្លានត្ថេរគង់នៅសេនាសនៈញកភ្នំ ត្រង់ទ្វារមួយ ដែលភ្នំព័ទ្ធជុំវិញ ។ ទីចង្ក្រមរបស់លោកនៅជិតទ្វារនោះ ។ គ្រានោះ អ្នកគង្វាលពពែគិតថា ពពែទាំងឡាយចូរត្រាច់ទៅក្នុងទីនោះ ដូច្នេះទើបចូលទៅកាន់ញកភ្នំ លេង និងស្នាក់នៅ ។ ល្ងាចថ្ងៃមួយ កាលអ្នកគង្វាលពពែមកចាប់ពពែ មានមេពពែមួយដើរត្រាច់ទៅឆ្ងាយមិនឃើញ​ពពែ​ដែលចេញមក ក៏លះបង់ហ្វូង ។ មានខ្លាដំបងមួយឃើញមេពពែដែលចេញមកក្រោយគេ គិត​ថា យើងស៊ីមេពពែនេះ ដូច្នេះទើបមកឋិតនៅទ្វារញកភ្នំ ។ ចំណែកមេពពែ កាលមើលផ្លូវនេះផ្លូវ​នោះ ក៏បានឃើញខ្លាដំបង ហើយគិតថា ខ្លាដំបងនោះនឹងសម្លាប់យើង វាមកឋិតនៅត្រង់នេះដោយប្រាថ្នានឹងស៊ីយើង, បើយើងវិលត្រឡប់រត់ទៅ ជីវិតរបស់យើងនឹងមិនមាន, ថ្ងៃនេះ យើងគួរធ្វើអាការជាបុរស (ធ្វើភាពក្លាហាន) គិតរួចហើយ ក៏លើកស្នែង បោលស្ទុះទៅដោយរហ័ស ចូលទៅចំពីមុខខ្លាដំបង ។ ខ្លាដំបងគិតថា យើងនឹងចាប់មេពពែអំពីខាងនេះ យើងនឹងចាប់មេពពែអំពីខាងនេះ ។ តែចាប់មិនទាន់ ធ្វើឲ្យមេពពែរត់ទៅដោយរហ័ស ចូលក្នុងហ្វូងពពែបាត់ទៅ ។ ពេលនោះ ព្រះថេរៈឃើញកិរិយារបស់សត្វនោះ ថ្ងៃស្អែកលោកនិមន្តទៅ ហើយទូលព្រះតថាគតថា បពិត្រព្រះអង្គ មេពពែធ្វើសេចក្ដីព្យាយាមដោយឧបាយដ៏ឈ្លាសរបស់ខ្លួន បានរួចផុតពីខ្លាដំបង ។ ព្រះសាស្ដាត្រាស់ថា ម្នាលមោគ្គល្លាន ឥឡូវនេះ ខ្លាដំបងមិនអាចចាប់មេពពែ តែក្នុងកាលមុន ខ្លាដំបងសម្លាប់មេពពែដែលស្រែកអង្វរ ហើយស៊ី ដូច្នេះហើយ កាលព្រះថេរៈអារាធនា ព្រះសាស្ដានាំយកអតីតនិទានមកថា ៖ ក្នុងអតីតកាល ព្រះពោធិសត្វកើតក្នុងត្រកូលអ្នកមានភោគៈច្រើន ក្នុងស្រុកមួយ ក្នុងដែលមគធៈ កាល​លោកចម្រើនវ័យធំហើយ លះបង់កាម បួសជាឥសី ធ្វើឈាននិងអភិញ្ញា ឲ្យកើតឡើង រស់​នៅ​ក្នុងព្រៃហិមពាន្តអស់កាលដ៏យូរ (បន្ទាប់មក) លោកមកកាន់ក្រុងរាជគ្រឹះ ដើម្បីសេពរស​ជាតិប្រៃ​និងជូរ កសាងបណ្ណសាលាត្រង់ញកភ្នំមួយកន្លែង ហើយរស់នៅទីនោះ ។ គ្រានោះ អ្នកគង្វាលពពែលែងពពែឲ្យត្រាច់ទៅតាមនិយាមនោះឯង ។ ថ្ងៃមួយ មានខ្លាដំបងមួយឃើញមេពពែមួយដែលដើរចេញមកក្រោយគេ គិតថា “យើងនឹងស៊ីមេពពែនេះ” ដូច្នេះទើបមកឋិតនៅត្រង់ទ្វារ ។ ចំណែកមេពពែឃើញខ្លាដំបងនោះហើយ គិតថា “ថ្ងៃ នេះ ជីវិតរបស់អាត្មា​អញ​រមែងមិនមាន អញនឹងធ្វើបដិសណ្ឋារៈដោយវាចាដ៏ពីរោះជាមួយនឹងខ្លាដំបងនេះ ដោយឧបាយឯណានីមួយ ធ្វើខ្លាដំបងនេះឲ្យមានចិត្តទន់ ហើយនឹងរក្សាជីវិត” គិតដូច្នេះហើយ កាលនឹងធ្វើ​បដិសណ្ឋារៈខ្លាដំបងអំពីចម្ងាយ ក៏ដើរមកហើយពោលគាថាទី ១ ថា ខមនីយំ យាបនីយំ, កច្ចិ មាតុល តេ សុខំ; សុខំ តេ អម្មា អវច, សុខកាមាវ តេ មយំ។ បពិត្រឪពុកធំ លោកល្មមអត់ធន់បាន ល្មមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានដែរឬ លោកបានសេចក្តីសុខទេឬ ម្តាយខ្ញុំបាននិយាយសួរសេចក្តីសុខរបស់លោក ព្រោះថាយើងទាំងឡាយ ជាអ្នកប្រាថា្នសេចក្តីសុខដល់លោក ។ ខ្លាដំបងស្ដាប់ពាក្យនោះហើយ គិតថា “មេបោកបញ្ឆោតនេះ វាប្រាថ្នាបោកបញ្ឆោតយើង ដោយហៅយើងថា លោកឪពុកធំ, វាមិនស្គាល់ភាពរឹងរូសកាចសាហាវរបស់យើង” គិតដូច្នេះហើយ ទើបពោលគាថាទី ២ ថា នង្គុដ្ឋំ មេ អវក្កម្ម, ហេឋយិត្វាន ឯឡិកេ; សាជ្ជ មាតុលវាទេន, មុញ្ចិតព្ពា នុ មញ្ញសិ។ ម្នាលមេពពែ នាងឯងបានដើរជាន់កន្ទុយរបស់អញ ធ្វើឲ្យអញលំបាក ថ្ងៃនេះ នាងឯងស្មានថា អាត្មាអញនឹងរួចទោស ដោយសារការហៅអញថា ឪពុកធំ ដូច្នេះឬ ។ គាថានោះមានសេចក្ដីថា នាងដើរជាន់មណ្ឌលកន្ទុយរបស់យើង ធ្វើយើងឲ្យលំបាក ហើយមក នាងសម្គាល់ថា “ថ្ងៃនេះ អញនឹងបានរួចខ្លួនដោយវាទៈហៅយើងថា ឪពុកធំឬ”។ មេពពែស្ដាប់ពាក្យនោះហើយ ពោលថា បពិត្រឪពុកធំ សូមកុំពោលយ៉ាងនេះឡើយ ថារួចក៏ពោលគាថាទី ៣ ថា បុរត្ថាមុខោ និសិន្នោសិ, អហំ តេ មុខមាគតា; បច្ឆតោ តុយ្ហំ នង្គុដ្ឋំ, កថំ ខ្វាហំ អវក្កមិំ។ អ្នកអង្គុយបែរមុខទៅទិសខាងកើត ចំណែកខ្ញុំ ក៏បានដើរមកចំមុខរបស់អ្នក កន្ទុយរបស់អ្នកនៅពីខាងក្រោយទេ ចុះខ្ញុំជាន់កន្ទុយរបស់អ្នក ដោយប្រការដូចម្តេចបាន ។ ពេលនោះ ខ្លាដំបងពោលនឹងមេពពែថា នែមេពពែ នាងនិយាយអ្វី ទីដែលផុតចាកកន្ទុយរបស់យើង រមែងមិនមាន ថារួចក៏ពោលគាថាទី ៤ ថា យាវតា ចតុរោ ទីបា, សសមុទ្ទា សបព្ពតា; តាវតា មយ្ហំ នង្គុដ្ឋំ, កថំ ខោ តំ វិវជ្ជយិ។ ទ្វីប ៤ ព្រមទាំងសមុទ្រ និងភ្នំ មាននៅត្រឹមណា កន្ទុយរបស់អញ ក៏មាននៅត្រឹមនោះដែរ ហងឯងនឹងវៀរឲ្យផុត (ពីកន្ទុយរបស់អញ) ដូចម្តេចបាន ។ មេពពែស្ដាប់ពាក្យនោះហើយ ពោលថា ខ្លាដំបងនេះអាក្រក់ មិនជាប់នឹងពាក្យដ៏ពីរោះ ត្រឡប់ជាសត្រូវ ពោលចាក់ដោតយើង ដូច្នេះទើបពោលគាថាទី ៥ ថា បុព្ពេវ មេតមក្ខិំសុ, មាតា បិតា ច ភាតរោ; ទីឃំ ទុដ្ឋស្ស នង្គុដ្ឋំ, សាម្ហិ វេហាយសាគតា។ អំពីដើមមក មាតាបិតា និងបងឈ្មោលរបស់ខ្ញុំ ក៏បានប្រាប់ហេតុនុ៎ះហើយថា កន្ទុយសត្វសាហាវវែងណាស់ (ព្រោះហេតុនោះ បានជា) ខ្ញុំហោះមកតាមអាកាស ។ លំដាប់នោះ ខ្លាដំបងពោលនឹងមេពពែថា យើងដឹងថា នាងមកតាមអាកាស តែកាលនាងមក បានធ្វើអាហាររបស់យើងឲ្យវិនាស ថារួចក៏ពោលគាថាទី ៦ ថា តញ្ច ទិស្វាន អាយន្តិំ, អន្តលិក្ខស្មិ ឯឡិកេ; មិគសង្ឃោ បលាយិត្ថ, ភក្ខោ មេ នាសិតោ តយា។ នែមេពពែ ហ្វូងម្រឹគរត់បាត់អស់ទៅ ព្រោះឃើញហងឯង ហោះមកក្នុងអាកាស ហងឯងបំផ្លាញចំណីរបស់អញអស់ ។ មេពពែស្ដាប់ពាក្យនោះហើយ ភ័យខ្លាចស្លាប់ មិនអាចនឹងនាំហេតុដទៃ ក៏ត្អូញត្អែររវើរវាយថា បពិត្រលោកឪពុកធំ អ្នកកុំធ្វើកម្មកាសាវបែបនេះឡើយ សូមឲ្យជីវិតដល់ខ្ញុំផង ។ខ្លាដំបងក៏ចាប់​ខាំ​កមេពពែដែលកំពុងត្អូញត្អែរនោះ សម្លាប់ហើយស៊ី ។ ឥច្ចេវំ វិលបន្តិយា, ឯឡកិយា រុហគ្ឃសោ; គលកំ អន្វាវមទ្ទិ, នត្ថិ ទុដ្ឋេ សុភាសិតំ។ កាលដែលមេពពែ កំពុងតែនិយាយរៀបរាប់យ៉ាងនេះ ខ្លាដំបងដែលជាសត្វស៊ីឈាម ក៏ស្ទុះទៅចាប់កាច់កនៃពពែសម្លាប់ទៅ ឱសំដីល្អមិនមាន ក្នុងបុគ្គលអាក្រក់ឡើយ ។ នេវ ទុដ្ឋេ នយោ អត្ថិ, ន ធម្មោ ន សុភាសិតំ; និក្កមំ ទុដ្ឋេ យុញ្ជេថ, សោ ច សព្ភិំ ន រញ្ជតិ។ ការដឹកនាំ ១ ធម៌ ១ និងសំដីល្អ ១ មិនមានក្នុងបុគ្គលអាក្រក់ទេ បុគ្គលគួរគេចវាងពួកបុគ្គលអាក្រក់ ហើយប្រឹងប្រកបព្យាយាម ព្រោះពួកបុគ្គលអាក្រក់នោះ មិនត្រេកអរ នឹងពួកសប្បុរសឡើយ ។ ពីរគាថានេះ ជាអភិសម្ពុទ្ធគាថា ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាត​ក​ ថាតទា ឯឡិកាវ ឯតរហិ ឯឡិកា អហោសិ មេពពែក្នុងកាលនោះ បានមកជាមេពពែឥឡូវនេះ​ ទីបិកោបិ ឯតរហិ ទីបិកោវ សូម្បីខ្លាដំបងនោះ ក៏បានមកជាខ្លាដំបងនេះតាបសោ បន អហមេវ អហោសិំ ចំណែកតាបស គឺតថាគតនេះឯង ។ ទីបិជាតក ចប់ ៕ (ជាតកដ្ឋកថា ខុទ្ទកនិកាយ ជាតក អដ្ឋកនិបាត បិដកលេខ ៥៩ ទំព័រ ១៣៣) ថ្ងៃ ព្រហស្បតិ៍ ៨ រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ត្រូវនឹងថ្ងៃទី ២៨ ខែ មីនា ព.ស. ២៥៦២ គ.ស.២០១៩ ។ ដោយស.ដ.វ.ថ. ។ ដោយ​៥០០០​ឆ្នាំ​
images/articles/1606/2026-09-20_08_36_27-_New_Text_Document_________________-_Notepad.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៦ (អាន: ២៤,៩៩៩ ដង)
សម្មតិសច្ចៈ, ភាវសច្ចៈ, បរមត្ថសច្ចៈ, អរិយសច្ចៈ _ សម្មតិសច្ចៈពិត​ខាង​ការ​សន្មតិ ពាក្យ​ថាសន្មតិ គឺ ការ​ប្ដេជ្ញា ការ​សន្យា អនុម័ត ការ​យល់​ព្រម​ជា​មួយ ការ​តាំង ដំណើរ​ព្រម​តាម ការ​កំណត់​ថា យើង គេ មនុស្ស សត្វ បុរស ស្ត្រីជាដើម។ ការ​កំណត់​យ៉ាង​នេះចាត់​ជា​ការ​ពិត​មួយ ដូច​ពាក្យ​ថា មនុស្ស​និង​សត្វ​ដែល​ធ្លាប់កំណត់​ចំណាំ​យូមកហើយ ការ​កំណត់​នោះ​នៅ​ទៀត​ទាត់​ឥត​ផ្លាស់​ប្ដូរ​នឹង​​ថា​មនុស្ស​ជា​សត្វៗ ជា​មនុស្ស ដូច្នេះ​វិញ​ពុំ​ដែល​មាន ព្រោះ​មនុស្ស​មាន​លក្ខណៈ​សណ្ឋាន​ទ្រង់​ទ្រាយ​ផ្សេង​ពី​សត្វ។ យ៉ាង​នេះ​ជា​ដើម​ហៅ​ថា សម្មតិសច្ចៈ។ _ ភាវសច្ចៈពិត​ខាង​សភាវៈ បាន​ដល់​សត្វ​និង​សង្ខារដែល​តែង​តែវិនាស ប្រែប្រួល​ទៅ​តាម​ធម្មតា​របស់​ខ្លួន និង​បំបែរ​ថា​សត្វ​នឹង​សង្ខារ​ទៀតទាត់​ស្ថិត​ស្ថេរ មិន​វិនាស មិន​ប្រែប្រួល​ដូច្នេះ​វិញ​ពុំ​បាន ព្រោះ​សត្វ​និង​សង្ខារ​នេះ​ជា​ពួក​ក្រុម​របស់អវិជ្ជា ទៀត​តែ​វិនាស​ប្រែប្រួល​ដោយ​ពិត​ប្រាកដ។ យ៉ាង​នេះ​ជា​ដើម​ហៅ​ថា ភាវសច្ចៈ ពិត​ខាង​សភាវៈ។ _ បរមត្ថសច្ចៈពិត​ខាង​ផ្លូវ​បរមត្ថ បាន​ដល់​ចិត្ត ចេតសិក រូប និព្វាន។ បរមត្ថធម៌​ទាំង​នេះ​ពិត​ប្រាកដ ទៀត​ទាត់​មិន​ចេះ​ច្រឡូក​ច្រឡំ​ផ្លាស់ប្ដូរ​គ្នា ចិត្ត​ជា​ចេតសិកៗ ជារូបៗ ជានិព្វាន​ឡើយ គឺ នៅ​ទៀត​ពិត​ប្រាកដ​ដដែល​ដូច​សភាវៈ​ដើម​បើ​ចិត្ត​នៅ​ជា​ចិត្ត ចេតសិក​នៅ​ជា​ចេតសិក រូប​នៅ​ជារូប និព្វាន​នៅ​ជា​និព្វាន សូម្បី​ព្រះពុទ្ធអង្គ​ណា​សម្ដែង​ឡើង​ក៏​នៅ​តែ​ចិត្ត ចេតសិក រូប និព្វាន ដូច​ដែល​ឥត​មាន​ល្អៀង។ យ៉ាង​នេះ​ជា​ដើម​ហៅ​ថា បរមត្ថសច្ចៈ ពិត​ខាង​ផ្លូវ​បរមត្ថ។ _ អរិយសច្ចៈពិត​របស់​ព្រះអរិយបុគ្គល បាន​ដល់​អរិយសច្ចធម៌ដែល​ព្រះអរិយបុគ្គល​ទាំង​ឡាយមាន​ព្រះពុទ្ធជាដើម យល់​ឃើញ​ច្បាស់​លាស់​ដោយ​ញាណ​ដ៏​ប្រសើរ។ អរិយសច្ចធម៌នោះ​មាន​ ៤ យ៉ាង​គឺ ១- ទុក្ខ សេចក្ដី​ព្រួយ​លំបាក។ ២- សមុទយ កំណើត​ទុក្ខ ឬហេតុ​ដែលនាំ​ឲ្យ​កើត​ទុក្ខ ៣- និរោធ សេចក្ដី​រលត់​ទុក្ខ ឬ​ធម៌សម្រាប់​រំលត់​ទុក្ខ ៤- មគ្គ ផ្លូវ ឬឧបាយ​នៃ​សេចក្ដី​រលត់ទុក្ខ។ ធម៌​ទាំង​ ៤ នេះ​ហៅ អរិយសច្ច ពិត​វិសេស​ឥត​មាន​ល្អៀង​នឹង​បំបែរ​ថា​ជា​មិន​ពិត​វិញ​ពុំ​បាន​ឡើយ។ ដកស្រង់ចេញពីសៀវភៅ ត្រៃកូដធម៌ ដោយ​៥០០០​ឆ្នាំ​
images/articles/2750/xgcrdxzfsfdv.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៦ (អាន: ៧២,៤៩៨ ដង)
ពាក្យ​ថា​អរិយសច្ច មានអត្ថ ៤ យ៉ាង ១- ព្រោះ​ព្រះអរិយបុគ្គល មាន​ព្រះសម្មាសម្ពុទ្ធជាដើម បាន​ចាក់​ធ្លុះ​នូវ​សច្ចៈ​ទាំង​នោះ ទើប​ហៅ​ថា អរិយសច្ច ដូច​ជា​ព្រះពុទ្ធដីកា​ក្នុង​បិដកលេខ ៣៩ ទំព័រ ២៦៦ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំង​ឡាយ​គ្រប់​អង្គ​ក្នុង​អតីតកាល បាន​ត្រាស់​ដឹង​ហើយ... ក្នុង​អនាគតកាល​នឹង​បាន​ត្រាស់​ដឹង... ក្នុង​បច្ចុប្បន្ន​កាល រមែង​ត្រាស់​ដឹង​តាម​សេចក្ដី​ពិត ព្រះអរហន្ត​សម្មាសម្ពុទ្ធ​គ្រប់​ព្រះអង្គ​នោះ រមែង​ត្រាស់​ដឹង​នូវ​អរិយសច្ច ៤ តាម​សេចក្ដី​ពិត។ ២- ព្រោះ​ដោយ​អត្ថថា ជា​សច្ចៈ​របស់​ព្រះអរិយៈ ដូច​ក្នុង​បិដក​លេខ ៣៩ ទំព័រ ២៦៩ ព្រះពុទ្ធ​អង្គទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ជា​អរិយបុគ្គល​ក្នុង​លោក ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុង​ពពួក​សត្វ ព្រម​ទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្ស​ជា​សម្មតិទេព និង​មនុស្ស​ដ៏​សេស ព្រោះ​ហេតុ​នោះ (សច្ចៈ ៤ ដែល​តថាគត​សម្ដែង​ហើយ) ហៅ​ថា អរិយសច្ច។ អដ្ឋកថា តថាគតោ អរិយោ តស្មា អរិយសច្ចានីតិ វុច្ចន្តិ ដោយ​សេចក្ដីថា អរិយសច្ច​ទាំង​ឡាយ​នោះ ឈ្មោះ​ថា ជា​របស់​ព្រះអរិយៈ ព្រោះ​ព្រះតថាគត ជា​ព្រះអរិយៈ​ទ្រង់​ត្រាស់​ដឹង និង​ត្រាស់​សម្ដែង​ហើយ ព្រោះ​ហេតុ​ណា ហេតុ​នោះ ទើប​ឈ្មោះ​ថា អរិយសច្ច គឺ​ជា​សេចក្ដីពិត​របស់​ព្រះអរិយៈ។ ៣- ព្រោះ​សម្រេចជា​ព្រះអរិយ​បុគ្គល ដោយ​ការ​បាន​ត្រាស់​ដឹង​នូវ​សច្ចៈ​ទាំង ៤ ដូច​ក្នុង​ព្រះពុទ្ធដីកា បិដកលេខ ៣៩ ទំព័រ ២៦៥ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ដែល​មាន​ឈ្មោះ​ថា អរហន្ត​សម្មាសម្ពុទ្ធ ព្រោះ​តថាគត បាន​ត្រាស់​ដឹង​នូវ​អរិយសច្ច ៤ នេះ តាម​សេចក្ដីពិត។ ៤- ឈ្មោះ​ថា អរិយសច្ច ព្រោះ​ដោយ​អត្ថថា ជា​សច្ចៈ​ដ៏​ប្រសើរ ក្នុង​បិដក​លេខ ៣៩ ទំព័រ ២៦៩ ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំង​ឡាយ អរិយសច្ច ៤ នេះ ជា​របស់​ពិត មិន​ប្រែប្រួល មិន​ក្លាយ​ទៅ​ជា​របស់​ដទៃ​ឡើយ ព្រោះ​ហេតុ​នោះ បាន​ជា​តថាគត ហៅ​ថា​អរិយសច្ច ។ តថានិ ជា​របស់​ពិត អវិតថានិ មិន​ប្រែប្រួល អនញ្ញថានិ មិន​ក្លាយ​ទៅ​ជា​របស់​ដទៃ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/3564/2026-09-17_16_08_16-_New_Text_Document_____________t_-_Notepad.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៦ (អាន: ១៤០ ដង)
អ្នកដទៃមើលងាយ មើលថោកយើងបាន ព្រោះចិត្តគេ មាត់គេក្រសែភ្នែកគេ ប៉ុន្តែបន្ថោកយើង ឬបញ្ចុះគុណតម្លៃយើងមិនបានឡើយ ។ សេចក្តីល្អរបស់យើង មិនមែននៅលើក្រសែភ្នែកនៃ អ្នកដទៃទេយើងកុំយកក្រសែភ្នែកអ្នកដទៃមកវាស់សេចក្តីល្អរបស់យើង ព្រោះសេចក្តីល្អនៅត្រង់អំពើល្អរបស់យើង កុំតែយើងមើល ថោកខ្លួនឯងទៅបានហើយ ។ ស្រង់ចាកសៀវភៅជំនួយសតិ ភាគ២២ ដោយ៥០០០ឆ្នាំ
images/articles/3569/2026-09-18_08_05_19-_div_style_margin-left_40px__-_Notepad.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៦ (អាន: ៦៥ ដង)
យោងតាមទស្សនវិជ្ជាព្រះពុទ្ធសាសនា កំហឹងប្រៀបដូចជាភ្លើងដែលឆេះបំផ្លាញទាំងអ្នកដទៃ និងខ្លួនឯង។ ដើម្បីរំងាប់កំហឹង ព្រះ​ពុទ្ធសាសនាបង្រៀននូវបច្ចេកទេសផ្លាស់ប្តូរចិត្តគំនិតដូចខាងក្រោម៖ ​ ១. មើលតែចំណុចល្អ៖ បុគ្គលខ្លះមានវោហារស័ព្ទល្អ ប៉ុន្តែមានអាកប្បកិរិយាមិនសមរម្យ ចូរមើលតែចំណុចល្អរបស់គេទៅ បានហើយ។ ​២. រើសយកកន្លែងស្អាត៖ បើគេនិយាយមិនពិរោះ តែចរិតគេល្អ (ឬផ្ទុយមកវិញ) ចូរផ្ដោតលើតែអ្វីដែលល្អក្នុងខ្លួនគេ។ ​៣. កុំរំពឹងខ្ពស់៖ បើគេមិនសូវល្អទាំងសម្តី និងទង្វើ តែគេនៅមានចិត្តធម៌ខ្លះៗ ចូរឱ្យតម្លៃចិត្តធម៌បន្តិចបន្តួចនោះ។ ​៤. អាណិតអ្នកដែលអាក្រក់សោះ៖ បើរកចំណុចល្អគេមិនឃើញទាល់តែសោះ ចូរអាណិតគេវិញ ព្រោះមនុស្សបែបនោះនឹងមានទុក្ខច្រើន។ ​៥. រៀនតាមអ្នកល្អ៖ បើជួបមនុស្សល្អពិតប្រាកដ ចូរយកគេជាគំរូ ដើម្បីឱ្យចិត្តយើងត្រជាក់ និងសប្បាយចិត្តតាម។ ​ សរុបមក៖ កុំសម្លឹងរកកំហុសអ្នកដទៃ តែត្រូវសម្លឹងរកអ្វីដែលធ្វើឱ្យចិត្តយើងស្ងប់។ ប្រភពៈ ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 5.97
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿