ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
រឿងនិទានអប់រំចិត្ត
៣៨៣ អត្ថបទ
images/articles/3036/2026-07-30_13_07_51-Greenshot.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២៦ (អាន: ៣៣,៤២២ ដង)
រស្មីពណ៌លឿងៈ ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិវិរិយបណ្ឌិត កាលណោះ ព្រះឥន្ទ្រាធិរាជ បាននិម្មិតខ្លួនជាយក្ស ធ្វើជាជាងមាស ។ វិរិយបណ្ឌិត បានអារសាច់ខ្លួនឲ្យទៅជាងមាស ដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប ។ សេចក្តីលំអិតមានដូចតទៅនេះ ។ មានសេចក្តីដំណាលថា ព្រះរាជាដែនបញ្ចាលរដ្ឋ បានចាត់រាជបម្រើនាំសំពត់រ័ត្ន កម្ពល់មានតម្លៃច្រើន ទៅថ្វាយព្រះបាទមហារដ្ឋរាជៗ ទ្រង់ទតឃើញសំពត់នោះហើយ ទ្រង់ព្រះចិន្តាថា មហាមិត្តអញបានផ្ញើរបស់មានតម្លៃមកឲ្យអញ គួរអញរករតនវត្ថុដែលមានតម្លៃជាង ផ្ញើតបទៅវិញទើបគួរ ទ្រង់យល់ថា រតនវត្ថុមានតម្លៃគ្មានអ្វីស្មើនឹងពុទ្ធរតនៈឡើយ ដូច្នេះគួរអញសាងព្រះពុទ្ធបដិមា ទើបព្រះរាជាចាត់រាជទូតឲ្យនាំព្រះពុទ្ធបដិមាទៅថ្វាយព្រះបាទបញ្ជាលរាជ ដោយក្បួនដង្ហែតាមនាវា ។ ព្រះរាជាទ្រង់ទ្រង់ថ្វាយបង្គំ ព្រះពុទ្ធបដិមា ទ្រង់ត្រាស់ថា " បពិត្រព្រះអង្គដ៏ចម្រើន ព្រះបាទបញ្ចាលរាជ ជាសម្លាញ់ខ្ញុំព្រះអង្គជាមនុស្សមច្ឆាទិដ្ឋិ សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសសង្គ្រោះស្តេចនោះឲ្យបានស្ថិតនៅក្នុងផ្លូវសម្មាទិដ្ឋិ បើព្រះអង្គយាងទៅដល់នគរបញ្ចាលហើយ សូមទ្រង់ធ្វើបដិហារ្យបង្កើតក្តីជ្រះថ្លាដល់ស្តេច នោះដោយក្តីមេត្តាសង្គ្រោះប្រោសប្រណីនៃព្រះអង្គ " ។ ព្រះបាទមហារដ្ឋរាជទ្រង់បានបួងសួងយ៉ាងនេះ ទ្រង់យាងចុះជូនដំណើរព្រះពុទ្ធបដិមា ត្រាតែដល់ជម្រៅទឹកត្រឹមព្រះសូរង ។ ខណៈនោះផ្ទៃសមុទ្រមានធ្នារទឹករាបសាល្អ មានបទុមបញ្ចពណ៌ធំផុស លេចឡើងលើផ្ទៃទឹក ធ្វើសក្ការបូជាព្រះពុទ្ធបដិមា ។ ពួកនាគរាជក៏នាំគ្នាបូជាដោយគន្ធមាលាផ្សេងៗ ហើយហក់​ហែល​ចោម​រោមជាបរិវារ ។ ពួកអាកាសទេវតា ក៏រោយរាយបាចសាច ទិព្វបុប្ផាផ្សេងៗ អំពីអាកាស ប្រគុំតូរ្យតន្រ្តីឮសូររងំពិរោះល្វេង​ល្វើយ​គួរជាទីអស្ចារ្យ ។ រាជទូតទាំងឡាយ បានបើកភេត្រាដ៏មានសេរីដរាបដល់ទៅនគរបញ្ចាល នាំគ្នាចូលគាល់ក្រាទូលដំណាលពីហេតុអស្ចារ្យផ្សេងៗ ។ ព្រះរាជាទ្រង់មានព្រះទ័យសោមនស្សក្រៃលែង ទ្រង់បានចាត់ចែងគ្រឿងសក្ការបូជាជាអនេកប្រការ ស្តេចព្រមដោយអាមាត្យមន្ត្រី ចោមរោមជាបរិវារ និងមហាជនទៅទទួលព្រះពុទ្ធបដិមាអំពីភេត្រាទ្រង់បានថ្វាយបង្គំ ទ្រង់បានបូជាដោយទៀនធូបគន្ធមាលា ដោយសេចក្តីគោរព ទ្រង់ត្រាស់ថា “ បពិត្រព្រះដ៏មាន បុណ្យអើយ ទូលព្រះបង្គំជាឧបាសកគោរពព្រះរតនត្រ័យតាំងអំពីថ្ងៃនេះជាដើមទៅ ” ។ ព្រះពុទ្ធបដិមាទ្រង់បានសម្តែងបដិហារ្យយ៉ាងអស្ចារ្យអណ្តែតឡើងព្ធដ៏អាកាសបានបញ្ចេញ ឆព្វណ្ណរង្សីរស្មីទាំងប្រាំមួយពណ៌ គឺ ខៀវ លឿង ក្រហម ស ហង្សបាទ និងពណ៌ ចំរុះផ្សាយចេញឆ្វៀលឆ្វាត់ ភ្លឺព្រោងព្រាយពណ្ណរាយ ផ្សព្វផ្សាយ​ចេញទៅ សព្វទិសទាំងពួង ។ ពួកទេវតានាំគ្នាធ្វើសក្ការបូជាឋិតព្ធដ៏អាកាស ។ ពួកមនុស្សម្នាមហាជនចេញពីទីតំបន់ផ្សេងៗ បានមើលគ្នាទៅវិញទៅមកដោយជាក់ច្បាស់ ។ ព្រះរាជាបានក្រាបទូលនិមន្តសូមឲ្យព្រះពុទ្ធបដិមា​យាងចុះមកលើសុពណ៌សិវិកា ដែលទ្រង់បានចាត់ចែងបំរុងទុក លុះព្រះពុទ្ធបដិមាយាង​ចុះ​មក​ហើយ ទ្រង់ព្រមដោយ​ចតុរង្គសេនា អាមាត្យមុខមន្ត្រី និងមហាជនបានដង្ហែចូលព្រះនគរ ។ ទ្រង់បានឲ្យជាងឆ្លាក់ព្រះពុទ្ធរូបមួយទៀតធ្វើពីខ្លឹមច័ន្ទន៍ហើយទ្រង់ឲ្យតម្កល់ទុកក្នុងសាលា ទ្រង់ឲ្យប្រកាសផ្សាយដំណឹងថា “ជនណាមួយមានមាសតិចក្តី ច្រើនក្តី ចូរយកមកទឹបព្រះពុទ្ធបដិមាជាមួយនិងយើងតាមសទ្ធាជ្រះថ្លារៀងខ្លួនចុះ” ។ កាលនោះមានបុរសកំសត់ម្នាក់ឈ្មោះ វិរិយបណ្ឌិត ជាអ្នកមានសទ្ធាជ្រះថ្លាខ្លាំង មានបំណងនឹងលក់ខ្លួនទិញមាសទឹបព្រះពុទ្ធរូបនោះ តែប្រពន្ធកូនពុំយល់ព្រមឲ្យស្វាមី និងបិតាធ្វើដូច្នោះទេ គឺអ្នកទាំងពីរក៏សុខចិត្តលក់ខ្លួនប្រាណជំនួស បានប្រាក់ប្រគល់ជូនស្វាមីខ្លួន ឲ្យយកទៅទិញមាសទឹបព្រះពុទ្ធបដិមា ។ អ្នកបានមាសហើយចូលទៅក្នុងសាលា ប្រាថ្នានឹងទឹបព្រះពុទ្ធរូប តែអ្នកយាមពុំយល់ព្រម ដោយអះអាងថា ព្រះរាជាពុំទាន់យាងមកទេ អ្នកដទៃទឹបពុំបានឡើយ ដ្បិតខុសនឹងទំនៀមទម្លាប់ ។ វិរិយបណ្ឌិត និយាយអង្វរខ្លាំងពេក អ្នកយាមរក្សាក៏ប្រាប់ថា ឲ្យអ្នកឯងចូលទៅក្រាបទូលសូមព្រះរាជានុញ្ញាតសិន ។ អ្នកបានសុំចូលគាល់ក្រាបទូលយាងដំណើរ ។ ព្រះរាជាត្រាស់ថា “បើព្រះពុទ្ធបដិមា មានព្រះពុទ្ធដីកាអនុញាតឲ្យអ្នកឯងៗទឹបចុះ” ។ វិរិយបណ្ឌិត ក៏ក្រាបថ្វាយបង្គំលាព្រះរាជា រលះលាំងមកកាន់សាលាវិញ ហើយបានតាំងចិត្តអធិដ្ឋានដោយពោលអាងនូវពាក្យសច្ចៈផ្សេងៗ ដើម្បី​សូមឲ្យព្រះពុទ្ធបដិមា បើកព្រះឱស្ឋមានព្រះពុទ្ធដីកា ឲ្យបានឃើញជាក់ស្តែងប្រាកដ ។ គ្រា​នោះ ទេវតារក្សាព្រះនគរបានចូលជ្រែកក្នុងអង្គព្រះពុទ្ធបដិមា ធ្វើឲ្យព្រះបដិមា ខ្លឹមច័ន្ទន៍ មានជីវិតរស់រវើកឡើងយ៉ាងអស្ចារ្យ បញ្ចេញព្រះពុទ្ធដីកាថា “វិរិយបណ្ឌិត ចូរអ្នកទឹបតថាគតតាមប្រាថ្នា​ចុះ” ហើយបានបញ្ចេញរស្មីទាំងប្រាំមួយពណ៌ ដូចព្រះពុទ្ធបដិមាអង្គមុននោះដែរ ។ វិរិយបណ្ឌិត ក៏​បាន​ទឹបព្រះពុទ្ធបដិមាដោយមាសដែលខ្លួនមានទាំងប៉ុន្មាននោះ ។ ព្រះរាជាទ្រង់បានជ្រាបព៌តមាននោះ ក៏ឲ្យហៅ វិរិយបណ្ឌិត មកហើយទ្រង់បានព្រះរាជទាន សម្បត្តិផ្សេងៗច្រើនអនេក ។ អ្នក​នគរក៏នាំមាសប្រាក់សំពត់ជាដើមមកជូនយ៉ាងកកកុញ ។ វីវិយបណ្ឌិតបានរស់នៅរួបរួមជាមួយនឹងគ្រួសារជាសុខក្សេមក្សាន្តដរាបដល់ក្ស័យជីវិត ។ (ចាកបញ្ញាសជាតក របស់ជនជាតិឡាណា) ញ៉ុក-ថែម កំណាព្យឆព្វណ្ណរង្សីពណ៌លឿង រស្មីពណ៌លឿងភ្លឺថ្លា កាលដែលទ្រង់អារសាច់ផែរធ្វើមាស បិទពុទ្ធរូបភ្លឺល្អឱភាស ព្រះឥន្ទជាងមាសទ្រង់វៃបណ្ឌិត ។ កំណាព្យមួយបែបទៀត ពណ៌លឿងកាលអារសាច់ធ្វើមាស បិទលន់អង្គព្រះពុទ្ធបដិមា ព្រះឥន្ទជាជាងឆ្នៃរចនា ថ្វាយសាធុការពេញផែនដី ។ ដោយ៥០០០ឆ្នាំ
images/articles/1110/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២៦ (អាន: ១០,៩១៩ ដង)
សម័យ​មួយ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ គង់​នៅ​ក្នុង​ជាតិ​យាវ័​ន ទៀប​ក្រុង​ភទ្ទិយៈ ។ គ្រា​នោះ ឧគ្គហមេណ្ឌ​កនត្តា (ជា​ចៅ​មេណ្ឌសេដ្ឋី) ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់ ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ ។ លុះ​ឧគ្គហមេណ្ឌកនត្តា អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ បាន​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ មាន​ភិក្ខុ​ជា​គម្រប់ ៤ នឹង​ព្រះ​អង្គ​ទទួល​ភត្ត​ខ្ញុំ​ព្រះ​អង្គ​ក្នុង​ថ្ងៃ​ស្អែក ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទទួល​ដោយ​តុណ្ហីភាព ។ គ្រានោះ​ឧគ្គហមេណ្ឌកនត្តា​ដឹង​ច្បាស់​ថា​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទទួល​និមន្ត​ហើយ ក៏​ក្រោក​ចាក​អាសនៈ ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ធ្វើ​ប្រទក្សិណ​ចេញ​ទៅ ។ ដល់​វេលា​រាត្រី​កន្លង​ហើយ ព្រះ​ដ៏​មាន​ព្រះភាគទ្រង់​ស្បង់​ប្រដាប់​បាត្រ​និង​ចីវរ ក្នុង​បុព្វ​ណ្ហសម័យ ស្តេច​ចូល​ទៅ​ឯ​លំនៅ​របស់​ឧគ្គហមេណ្ឌកនត្តា លុះ​ចូល​ទៅ​ដល់​ហើយ ទ្រង់​គង់​លើ​អាសនៈ​ដែល​គេ​ក្រាល​ថ្វាយ ។ លំដាប់​នោះ ឧគ្គហមេណ្ឌកនត្តា អង្គាស​ព្រះ​ដ៏​មាន​ព្រះ​ភាគ ឲ្យ​ឆ្អែត​ស្កប់​ស្កល់ ដោយ​ខាទនីយ​ភោជនីយាហារ​ដ៏​ថ្លៃ​ថ្លា ដោយ​ដៃខ្លួន​ឯង គ្រា​តែ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ឃាត់ ។ លុះ​ឧគ្គហមេណ្ឌ​កនត្តា (ឃើញ) ព្រះ​ដ៏​មាន​ព្រះ​ភាគ ឆាន់​រួច​លែង​លូក​ព្រះ​ហស្ត​ក្នុង​បាត្រ​ហើយ ក៏​អង្គុយ​ក្នុង​ទី​សម​គួរ ។ លុះ​ឧគ្គហមេណ្ឌ​កនត្តា អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ទើប​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ចម្រើន​ ពួក​កុមារី​របស់​ខ្ញុំ​ព្រះ​អង្គ​ទាំង​អម្បាល​នេះ មុខ​ជា​នឹង​ទៅ​កាន់​ត្រកូល​ប្តី បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទូន្មាន​ពួក​កុមារី​ទាំង​នោះ​ឲ្យ​ទាន បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ ប្រៀន​ប្រដៅ​ពួក​កុមារី​ទាំង​នោះ ដោយ​ឱវាទានុសាសនៈ​ណា​ ដែល​នាំ​ឲ្យ​បាន​ប្រយោជន៍ និង សេចក្តី​សុខ អស់​កាល​ដ៏​វែង​ដល់​កុមារី​ទាំង​នោះ ។ លំដាប់​នោះ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​នឹង​ពួក​កុមារី​ទាំង​នោះ យ៉ាង​នេះ​ថា ម្នាល​កុមារី​ទាំង​ឡាយ ហេតុ​ដូច្នោះ ពួក​កុមារី ក្នុង​លោក​នេះ ត្រូវ​សិក្សា​យ៉ាង​នេះ​ថា មាតា​និង​បិតា ជា​អ្នក​ប្រាថ្នា សេចក្តី​ចម្រើន ជា​អ្នក​ស្វែង​រក​ប្រយោជន៍​ជា​អ្នក​អនុ​គ្រោះ អាស្រ័យ​សេចក្តី​អនុគ្រោះ​ហើយ ឲ្យ​ដល់​បុរស​ជា​ស្វាមី​ណា យើង​​ទាំង​ឡាយ ជា​ស្រី​ភ្ញាក់​ឡើង​មុន​គេ ដេក​ក្រោយ​គេ ប្រុង​ខ្លួន​នឹង​ទទួល​កិច្ចការ​អ្វី​ៗ ប្រព្រឹត្ត​ផ្គាប់​ផ្គុន និយាយពាក្យ​ផ្អែម​ល្ហែម​ដល់​ស្វាមី​នោះ ម្នាល​កុមារី​ទាំង​ឡាយ​ ហេតុ​ដូច្នោះ​ពួក​កុមារី​ក្នុង​លោក​នេះ​ ត្រូវ​សិក្សា​យ៉ាង​នេះ​ចុះ ។ ម្នាល​កុមារី​ទាំង​ឡាយ ហេតុ​ដូច្នោះ ពួក​កុមារី​ក្នុង​លោក​នេះ ត្រូវ​សិក្សា​យ៉ាង​នេះ​ថា បុគ្គល​ណា​ជា​ទី​គោរព​នៃ​ស្វាមី ទោះ​ជា​មាត​ក្តី បិតា​ក្តី សមណព្រាហ្មណ៍​ក្តី ទោះ​ជា​មាតា​ក្តី បិតា​ក្តី សមណព្រាហ្មណ៍​ក្តី​ យើង​ទាំង​ឡាយ​នឹង​ធ្វើ​សក្ការៈ គោរព​រាប់​អាន បូជា​ដល់​បុគ្គល​ទាំង​នោះ ទាំង​ទទួល​គួរ​សម រៀប​ចំ​ដោយ​អាសនៈ​និង​ទឹក​លាង​ជើង ចំពោះ​ជន​ទាំង​ឡាយ ដែល​មក​ដល់​ហើយ ម្នាល​កុមារី​ទាំង​ឡាយ ពួក​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ ។ ម្នាល​កុមារី​ទាំង​ឡាយ ហេតុ​ដូច្នោះ ពួក​កុមារី ក្នុង​លោក​នេះ ត្រូវ​សិក្សា​យ៉ាង​នេះ​ថា​ការ​ងារ​ទាំង​ឡាយ​ណា ខាង​ក្នុង​ផ្ទះ​របស់​ប្តី​ ទោះ​រោម​ចៀម​ក្តី កប្បាស​ក្តី ពួក​យើង​នឹង​ជា​ស្រី​ឈ្លាស​វៃ ក្នុង​ការងារ​ទាំង​នោះ មិន​ខ្ជិល​ច្រអូស បរិបូណ៍ដោយ​ឧបាយ​និង​ ការ​ត្រិះរិះ ក្នុង​កិច្ចការ​ទាំង​នោះ​ថា គួរ​ធ្វើ​ គួរ​ចាត់​ចែង ម្នាល​ កុមារី​ទាំង​ឡាយ ពួក​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ ។ ម្នាល​កុមារី​ទាំង​ឡាយ​ ហេតុ​ដូច្នោះ ពួក​កុមារី​ក្នុង​លោក​នេះ ត្រូវ​សិក្សា​យ៉ាង​នេះ​ថា ជន​ណា​ជា​ជន​ខាង​ក្នុង​ផ្ទះ​របស់​ស្វាមី ទោះ​ខ្ញុំ​ក្តី អ្នក​បម្រើ​កក្តី អ្នក​ធ្វើ​ការងារ​ក្តី​ពួក​យើង​ដឹង​ការងារ​ដែល​ជន​ទាំង​នោះ​ធ្វើ​ហើយ ព្រោះ​ការ​ងារ​ដែល​ជន​ទាំង​នោះ ធ្វើ​ហើយ​ផង ដឹង​ការ​ងារ​ដែល​ជន​ទាំង​នោះ មិន​បាន​ធ្វើ ព្រោះ​ការងារ​ដែល​ជន​ទាំង​នោះ​មិន​បាន​ធ្វើ​ផង ដឹង​ថា​ឈឺ​ធ្ងន់ ឈឺ​ស្រាលផង ហើយ​ចែក​រំលែក​ខាទនីយ​ភោជនី​យាហារ ជា​ចំណែក​ៗ​ដល់​ជន​ទាំង​នោះផង ម្នាល​កុមារី​ទាំង​ឡាយ ពួក​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ ។ ម្នាល​កុមារី​ទាំង​ឡាយ ហេតុ​ដូច្នោះ​ពួក​កុមារី ក្នុង​លោក​នេះ ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ស្វាមី​នាំ​របស់​ណា​មក ទោះ​ទ្រព្យក្តី ស្រូវ​ក្តី ប្រាក់​ក្តី​មាស​ក្តី យើង​ទាំង​ឡាយ​នឹង​ធ្វើ​របស់​នោះ​ឲ្យ​សម្រេច​ដោយ​ការ​រក្សា​និង​ការ​គ្រប់​គ្រង​ មិន​ជា​ស្រី​អ្នក​លេង មិន​ជា​ស្រី​អ្នក​លួច មិន​ជា​ស្រី​អ្នក​ផឹក​សុរា មិន​មែន​ជា​ស្រី​អ្នក​បំផ្លាញ​របស់​ទ្រព្យ​ដែល​ខ្លួន​គ្រប់​គ្រង​នោះ ម្នាល​កុមារី​ទាំង​ឡាយ​ពួក​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ ។ ម្នាល​នាង​កុមារី​ទាំង​ឡាយ​មាតុ​គ្រាម ប្រកប​ដោយ​ធម៌​ទាំង​៥ យ៉ាង​នេះ​ឯង លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ រមែង​ទៅ​កើត​ក្នុង​ពួក​ទេវតា​មាន​កាយ​ជា​ទី​គាប់​ចិត្ត ។ យោ នំ ភតិ សព្វទា និច្ចម អាតាបិ ឧស្សុកោ សព្វ​កាមហរំ បោសំ ភត្តារំ នាតិមញ្ញតិ ។ ស្វាមី​ណា ចិញ្ចឹម​ភរិយា​នោះ​សព្វ​កាល មាន​ព្យាយាម​ខ្វល់​ខ្វាយ​ជា​និច្ច ភរិយា​មិន​ត្រូវ​មើល​ងាយ​ស្វាមី​អ្នក​ចិញ្ចឹម អ្នក​បំពេញ​សេចក្តី​ប្រាថ្នា​ទាំង​ពួង (នោះ) ឡើយ ។ ន ចាបិ សោត្ថិ ភត្តារំ ឥស្សាចារេន រោសយេ ភត្តុ ច គរុនោ សព្វេ បដិបូជេតិ បណ្ឌិតា ។ ស្រ្តី​ល្អ​មិន​ត្រូវ​ក្រោធ​ខឹង​ស្វាមី ដោយ​កិរិយា​ប្រព្រឹត្ត​ឬស្យាផង ស្រ្តី​អ្នក​ចេះ​ដឹង​ រមែង​បូជា​ចំពោះ​ពួក​ជន​ទាំង​ពួង ដែល​ជាទី​គោរព​របស់​ស្វាមី​ផង ។ ឧដ្ឋាយកា អនលសា សង្គហិតបរិជ្ជនា ភត្តុ មនាបំ ចរតិ សំភតម អនុរក្ខតិ ។ ភរិយា​គប្បី​ជា​ស្រ្តី​មាន​ព្យាយាម មិន​ខ្ជិល​ច្រអូស​សង្គ្រោះ​ជន​ជា​ខាង​ក្នុង​ផ្ទះ​ស្វាមី ប្រព្រឹត្ត​កិច្ចការ​ជាទី​គាប់​ចិត្ត របស់​ស្វាមី រក្សា​ទុក​នូវ​សម្បត្តិ​ដេល​ស្វាមី​បាន​មក​ហើយ ដោយ​ប្រពៃ ។ យា ឯវម វត្តតី នារី ភត្តុ ឆន្ទវសានុគា មនាបា នាម ទេវា យត្ថ សា ឧបបជ្ជ​តីតិ ។ នារី​ណា​បាន​ប្រព្រឹត្តយ៉ាង​នេះ លុះ​តាម​អំណាច​សេចក្តី​ប្រាថ្នា​របស់​ស្វាមី​នារី​នោះ​រមែង​ទៅ​កើត​ក្នុង​ពួក​ទេវតា​ទាំង​នោះ​ដេល​មាន​កាយ​ជាទី​ពេញ​ចិត្ត ។ អដ្ឋកថា សួរ​ថាៈ ព្រោះ​ហេតុ​អ្វី ទើប​ឧគ្គហសេដ្ឋី​ដែល​ជា​ចៅ​ប្រុស​របស់​មេណ្ឌក​សេដ្ឋី​នោះ យាង​ព្រះ​ដ៏​មាន​ព្រះ​ភាគ មាន​ព្រះ​អង្គ​ជា​គម្រប់​៤ ពោល​គឺ​ភិក្ខុ​ ៣ អង្គ​មាន​ព្រះ​ដ៏មាន​ព្រះ​ភាគ​ជា​គម្រប់​៤ អង្គ? ឆ្លើយ​ថាៈ ក្នុង​គ្រឹះ​ស្ថាន​របស់​លោក​សេដ្ឋី​នោះ​មាន​រៀប​ចំ​ការ​ងារ​មួយ​ដ៏​ធំ ម្ល៉ោះ​ហើយ ត្រូវ​មាន​មនុស្ស​ដ៏​ច្រើន​មក​ប្រជុំ​គ្នា​នា​គ្រឹះ​ស្ថាន​នោះ​។ លោក​សេដ្ឋី​គាត់​គិត​ថា អ្នក​ថ្វាយ​ចង្ហាន់​ព្រះ​ភិក្ខុ​សង្ឃ មុខ​តែ​លំបាក​នឹង​យក​ចិត្ត​ភ្ញៀវ​កាល​ណា​បើ​ព្រះ​ភិក្ខុ​សង្ឃ​ច្រើន​អង្គ​ពេក​នោះ ដូច្នោះ​ទើប​អារាធនា​ព្រះ​ដ៏​មាន​ព្រះ​ភាគ ដោយ​មាន​ព្រះ​អង្គ​ជា​គម្រប់​ ៤ អង្គ​តែ​ប៉ុណ្ណោះ ។ ម្យ៉ាង​ទៀត​លោក​សេដ្ឋី​គាត់​មាន​សេចក្តី​ត្រិះរិះ​យ៉ាង​នេះ​ថា កាល​បើ​ព្រះ​បរម​សាស្តា ទ្រង់​ប្រទាន​ឱវាទ​នៅ​កណ្តាល​ជំនុំ​ព្រះ​ភិក្ខុ​សង្ឃ​ច្រើន​អង្គ ក្មេង​ៗ​ស្រី​ៗ​ទាំង​ឡាយ​នោះ​រវល់​តែ​សម្លឹង​មើល​លោក អង្គ​នេះ អង្គ​នោះ ម្ល៉ោះ​ហើយ មិន​អាច​នឹង​ទទួល​យក​នូវ​ព្រះ​បរម​ពុទ្ធោ​វាទ​បាន ទើប​និមន្ត​ព្រះ​សង្ឃ​តែ​៣ អង្គ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​គម្រប់​៤ ។ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​សម្តែង​ព្រះ​សូត្រ​ជា​ឱវាទ​ចប់​ហើយ កាល​ដែល​ព្រះ​អង្គ​ទ្រង់​សរុប​ដោយ​ព្រះ​គាថា​ទាំង​ឡាយ ទើប​ត្រាស់​ពាក្យ​ជា​ដើម​ថាយោ នំ ភរតិ សព្វទា ។ បណ្តា​បទ​ទាំង​នោះ​បទ​ថា ភរតិ​ បាន​ដល់​បាន​ដល់​រក​ស៊ី​ចិញ្ចឹម​ទំនុក​បម្រុង ។ បទ​ថា សព្វ​កាមហរំ គឺ ឲ្យ​វត្ថុ​ដែល​គួរ​ប្រាថ្នា​ទាំង​ពួង ។ បទ​ថា សោត្ថី ប្រែ​ថា ជា​ស្រ្តី​ដែល​ល្អ ។ បទ​ថា ឯវម វត្តតិ បាន​ដល់ ប្រព្រឹត្ត​វត្ត​ប្រមាណ​ប៉ុណ្ណេះ​ឲ្យ​បរិបូណ៌ ។ បទ​ថា មនាបា នាម តេ ទេវា បាន​ដល់​ទេវតា​ជាន់​និម្មានរតី ។ ពិត​ណាស់ ទេវតា​ទាំង​នោះ​មាន នាម​ថា និម្មានរតី ព្រះ​និម្មិត​រូប​ដែល​ខ្លួន​ប្រាថ្នា ហើយ​អភិរម្យ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ទានកថា រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា​ ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1638/2026-07-30_10_08_53-_New_Text_Document____xt_-_Notepad.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២៦ (អាន: ២៣,៤៤១ ដង)
ពាក្យ​ថា ព្យាយាម មាន​ន័យ​ថា សេចក្ដី​ខំ​ប្រឹង​ប្រែង ។ សេចក្ដី​ខំ​ប្រឹង​ប្រែងមាន​ច្រើន​យ៉ាង​ទៅ​ទៀត​សេចក្ដី​ប្រឹង​ប្រែង​ខ្លះ គឺ ប្រឹង​ប្រែង​ដើម្បី​នឹង​បៀតបៀន​អ្នក​ដទៃ ប្រឹង​ប្រែង​ដើម្បី​ឲ្យ​អ្នក​ដទៃ​មាន​សេចក្ដី​ទុក្ខ​លំបាក​ជា​ដើម នេះ​ជា​សេចក្ដី​ខំ​ប្រឹង​ប្រែង​ម្យ៉ាង​ដែល​ជា​ខំ​ប្រឹង​ប្រែង​ខុស មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​អស់​ទៅ​នៃ​វេរា​នោះ​ឡើយ ។ ដួង​ចិត្ត​នៃ​បុថុជ្ជន គឺ ពិបាក​វែក​ញែក​ឲ្យ​បាន​ច្បាស់​លាស់​ណាស់ ពី​សេចក្ដី​ព្យាយាម​ត្រឹម​ត្រូវ​និង​ព្យាយាម​ខុស​នោះ ព្រោះ​នៅ​មាន​កិលេស​ជា​គ្រឿង​សៅហ្មង​នៃ​ដួង​ចិត្ត។មាន​ទ្រឹស្ដី​មួយ​បាន​ពោល​ថា សេចក្ដី​ព្យាយាមមាន​ប៉ុណ្ណា​គឺ​សេចក្ដី​សម្រេច​មាន​ប៉ុណ្ណោះ ។ខ្ញុំ​មិន​បាន​បដិសេធ​ទេ តែ​សូម​ទាំង​អស់​គ្នា​គិត​បន្តិច​មើល​សិនៈ ១- សេចក្ដី​ព្យាយាម មិន​ប្រឹង​ប្រែង​នៅ​ក្នុង​ការ​រៀនសូត្រ ២- សេចក្ដី​ព្យាយាម​ប្រាសចាក​អំពើ​ល្អ ៣- សេចក្ដី​ព្យាយាម ខំ​ចម្រើន​នូវ​អធម៌ ៤- សេចក្ដី​ព្យាយាម មិន​លះ​បាប​ធម៌ ៥- សេចក្ដី​ព្យាយាម ដើរ​សាង​រឿង​អាស្រូវ​នៅ​ក្នុង​សង្គម​គ្រួសារ និង​ប្រទេស​ជាតិ ៦- សេចក្ដី​ព្យាយាម​ ខ្ជិល​ច្រអូស​មិន​ខំ​ធ្វើ​ការងារ​ជា​ដើម។ តើ​ទាំង​អស់​នេះ​បើ​សេចក្ដី​ព្យាយាម​មាន​ច្រើន​ប៉ុណ្ណា​តើ​សេចក្ដី​ព្យាយាម​នឹង​សម្រេច​ប្រយោជន៍​បាន​ដែរ​ឬ​អត់? នេះ​គឺ​ជា​ការ​លើក​យក​មក​នូវ​ចំណុច​មួយ​ចំនួន​មក ដើម្បី​នឹង​បញ្ជាក់​ឲ្យ​បាន​យល់​កាន់​តែច្បាស់ថា មិន​មែន​ឲ្យ​តែ​អ្នក​មាន​សេចក្ដី​ព្យាយាម​នឹង​បាន​សម្រេច​ប្រយោជន៍​នោះ​គឺ​មិន​មែន​សោះ​ឡើយ។ ជា​ពិសេស សេចក្ដី​ព្យាយាម​របស់​ជនពាល គឺ មិន​មែន​នាំ​មក​នូវ​ប្រយោជន៍​ឡើយ តែ​វា​បាន​តែ​រឿង​មិន​ល្អ​ទៅ​វិញ បាន​តែ​រឿង​អាម៉ាស់​ទៅ​វិញ​ជា​ដើម​នេះ​គឺ​ជា​លទ្ធផល​នៃ​សេចក្ដី​ព្យាយាម​ខុស របស់​ជន​ដែលមិន​មាន​ប្រាជ្ញា​ស្មារតី​ពិត​ប្រាកដ ពោល​ដោយ​ខ្លី​គឺ​ជា​ស្មារតី​និង​សេចក្ដី​ព្យាយាម​ជនពាល។នៅ​ក្នុង​អរិយមគ្គអង្គ ៨ នៅ​ក្នុង​នោះ​ក៏​បាន​ពោល​ពី​សេចក្ដី​ព្យាយាម​ត្រូវ​ដែរ គឺ សម្មាវាយាមោ មានន័យ​ថា​ព្យាយាម​ត្រូវ ម៉េច​បាន​ជា​ត្រូវ​គឺ​មក​ពី​មិន​ខុស​នឹង​មិន​ប្រាស​ចាក​សច្ចៈ​ធម៌​នោះ​ឯង។ ពុទ្ធ​បរិស័ទ​ទាំង​ឡាយ មាន​ភិក្ខុ​បរិស័ទ​ជា​ដើម​ដែល​ប្រកប​ដោយ​សេចក្ដី​ព្យាយាម គឺ​គ្រឿង​ដុត​កម្ដៅ​កិលេស គឺ សុទ្ធ​តែ​ជា​អ្នក​ធ្លាប់​បន្ទាប់​បន្សំ​អំពី​អតីត​ជាតិ​មក​ក្នុង​ការ​ព្យាយាម​ត្រូវ រាប់​ជាតិជា​អនេក​មក​ហើយ។សេចក្ដី​ខំ​ប្រឹង​ប្រែង នៅ​ក្នុង​ការងារ​ចិញ្ចឹម​ជីវិត​នៃ​ពុទ្ធបរិស័ទ​គ្រប់​គ្នា គឺ ខ្ញុំមិន​បាន​ហាម​ប្រាម​មិន​ឲ្យ​បំពេញ​មិន​ឲ្យ​ធ្វើ​នោះ​ទេ តែ​សូម​ឲ្យ​មាន​ការ​ព្យាយាម​ដុត​កម្ដៅ​កិលេស​ក្នុង​ចិត្ត​ផង កុំ​ខំ​តែ​ការងារ​ខាង​ក្រៅ​ពេក ព្រោះ​ការងារ​ខាង​ក្រៅ​យើង​ធ្វើ​រាប់​កោដិ​នៃ​ជាតិ​មក​ហើយ នៅ​ឡើយ​តែ​ដួង​ចិត្ត​ទេ​ដែល​យើង​មិន​ធ្លាប់បាន​អប់រំ​ និង មិន​ធ្លាប់​ព្យាយាម​ដុត​បំផ្លាញ​ចោល​នូវ​ចិត្ត​កិលេស​នោះ។ ខ្ញុំ​សង្កេត​ឃើញ​ថា មនុស្ស​ជាច្រើន គឺ​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការងារ​សម្អាត​ផ្លូវ​ចិត្ត​ប៉ុន្មាន​ទេ គឺ​ច្រើនតែ​បណ្ដែតបណ្ដោយ ហីអើ មិន​ឧស្សាហ៍ មិនខំ​តាមដាន​នូវ​ទង្វើ​របស់​ចិត្ត​ឡើយ គឺ​មួយ​ចំណែក​ធំ​បាន​ផ្ដោត​ទៅ​លើ​ការងារ​មើល​ទោស​កំហុស​អ្នក​ដទៃ និង​ទូន្មាន​អ្នក​ដទៃ​ជា​ដើម ដោយ​ភ្លេច​មើល​ទោស​កំហុស​របស់​ខ្លួន​​ឯង។ការងារ​ខាង​ក្រៅ​ធ្វើ​ចុះ តែ​សេចក្ដី​ព្យាយាម​នៅ​ខាង​ក្នុង ការ​កំចាត់​បង់​កិលេស​គឺ​ដាច់​ខាត​មិន​ត្រូវ​ច្រកល្ហក​បាន​ឡើយ។ទាំង​អ្នក​បួស​ទាំង​គ្រសហ្ថ គឺ ត្រូវ​ធ្វើ​ខ្លួន​ឯង​ឲ្យ​ជា​អ្នក​ឆ្លាត​ដើម្បីបំពេញ​នូវ​សេចក្ដី​ព្យាយាម និង​ដើម្បី​ដុត​កិលេស​ដែល​វា​ដេក​ពួក​សម្ងំ​នៅ​ក្នុង​ចិត្ត នៃ​យើង​គ្រប់​គ្នា​ជាច្រើន​រយ​ជាតិ​មក​ហើយ​នោះ។ បធានៈ ស្ថិត​ដិត​ជាប់​នឹងបុគ្គល​ណា បុគ្គល​នោះនឹង​សម្រេច​នូវ​ប្រយោជន៍​ដ៏​អស្ចារ្យ។បុគ្គល​ជា​បណ្ឌិត​ទាំង​ឡាយ គឺ​មិន​ដែល​ក្រៀកចិត្ត​ហើយចង់​ស្ថិត​នៅ​ក្នុង​វដ្ដៈ​នេះ​បន្តិច​នោះ​ឡើយ។មនោគិត និង ឧត្ដម​គិត​នៃ​អ្នក​ឆ្លាត​គឺ​ប្រព្រឹត្ត​ទៅ​ដើម្បី​ភាព​ភ្លឺ​ស្វាង​ឲ្យ​ដល់​ខ្លួនឯង​និង​អ្នក​ដទៃ។សច្ចៈកាល មិន​ដែល​កើត​ឡើង​ដល់​បុគ្គល​ល្ងង់​ខ្លៅ​នោះ​ឡើយ។បើ​រស់​នៅ សូម​កុំ​ច្រៀង​នូវ​ចិត្ត​នេះ​ឲ្យ​ទៅ​ធ្វើ​នូវ​អំពើ​បាប​អី។កិលេស​គ្មាន​រូបរាង​ឲ្យ​យើង​មើល​ឃើញ​វាទេ តែ​មិន​អាច​បិទបាំង​ការ​ពិត​សម្រាប់មនុស្ស​ចិត្ត​ភ្លឺ​ឡើយ។ ដកស្រង់ចេញពី​សៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា ដោយ៥០០០ឆ្នាំ
images/articles/3240/2026-07-30_10_02_57-_New_Text_____Notepad.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២៦ (អាន: ៦,៤៥៣ ដង)
ពុទ្ធោតិ វចនំ សេដ្ឋំ,ពុទ្ធោតិ បទ មុត្តមំ; នត្ថិ តេន សមំ លោកេ, អញ្ញំ សោតរសាយនំ ។ ពាក្យថា ពុទ្ធោ ជាពាក្យដ៏ប្រសើរវិសេស ពាក្យថា ពុទ្ធោ ជាពាក្យដ៏ឧត្តមពិត, ពាក្យដទៃ ដែលជាទីនាំមកនូវរសដល់ត្រចៀកអ្នកស្ដាប់ក្នុងលោក ស្មើដោយពាក្យថា ពុទ្ធោ ពុំមានឡើយ ។ ធម្មោតិវចនំ សេដ្ឋំ, ធម្មោតិ បទមុត្តមំ; នត្ថិ តេន សមំ លោកេ, អញ្ញំ សោតរសាយនំ ។ ពាក្យថា ធម្មោ ជាពាក្យដ៏ប្រសើរវិសេស ពាក្យថា ធម្មោ ជាពាក្យដ៏ឧត្តមពិត, ពាក្យដទៃ ដែលជាទីនាំមកនូវរសដល់ត្រចៀកអ្នកស្ដាប់ក្នុងលោក ស្មើដោយពាក្យថា ធម្មោពុំមានឡើយ ។ សង្ឃោតិ វចនំ សេដ្ឋំ, សង្ឃោតិ បទមុត្តមំ; នត្ថិ តេន សមំ លោកេ, អញ្ញំ សោតរសាយនំ ។ ពាក្យថា សង្ឃោ ជាពាក្យដ៏ប្រសើរវិសេស ពាក្យថា សង្ឃោ ជាពាក្យដ៏ឧត្តមពិត, ពាក្យដទៃ ដែលជាទីនាំមកនូវរសដល់ត្រចៀកអ្នកស្ដាប់ក្នុងលោក ស្មើដោយពាក្យថាសង្ឃោ ពុំមានឡើយ ។ តស្ស មុខំ មុខំ នាម, យំ វត្តតិ មុខេ សទា; ទុល្លភំ ពុទ្ធវចនំ,សព្ពសម្បត្តិទាយកំ ។ ពាក្យថា ព្រះពុទ្ធ ជាពាក្យដែលសត្វលោករកបានដោយក្រ អាចឲ្យនូវសម្បត្តិទាំង ពួង ប្រព្រឹត្តទៅក្នុងមាត់នៃបុគ្គលណាសព្វ ៗ កាល, មាត់របស់បុគ្គលនោះ បានឈ្មោះ​ថាមាត់ល្អប្រពៃ មាត់មានលាភដោយពិត ។ តស្ស មនោ មនោ នាម, យំ ចេ មនសិ វត្តតិ; ទុល្លភំ ពុទ្ធវចនំ, សព្ពសម្បត្តិទាយកំ ។ ពាក្យថា ព្រះពុទ្ធ ជាពាក្យដែលសត្វលោករកបានដោយក្រ អាចឲ្យនូវសម្បត្តិទាំងពួង ប្រព្រឹត្តទៅក្នុងចិត្តបុគ្គលណាហើយ ចិត្តរបស់បុគ្គលនោះ បានឈ្មោះថា ចិត្តល្អប្រពៃ ចិត្តមានលាភដោយពិត ។ តស្សេវ សោតំ សោតំវ, យំ សុណាតិ ជនោ អយំ ទុល្លភំ ពុទ្ធវចនំ, សព្ពសម្បត្តិទាយកំ ។បុគ្គលណាបានស្ដាប់នូវពាក្យថា ព្រះពុទ្ធ ជាពាក្យដែលបុគ្គលរកបានដោយ​ក្រ អាចឲ្យនូវសម្បត្តិទាំងពួងដូច្នេះថាៈ "បុគ្គលនេះ ជាអង្គព្រះជិនស្រី" សោតប្បសាទរបស់បុគ្គលនោះបានឈ្មោះថា សោតប្បសាទល្អប្រពៃ សោតប្បសាទមានលាភដោយពិត ។ (មធុរសវាហិនី ធម្មសោណ្ឌកវគ្គ អហិតុណ្ឌិកវត្ថុកថា) ដោយ សដវថ ដោយ៥០០០ឆ្នាំ
images/articles/834/2026-07-29_17_54_04-Greenshot.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២៦ (អាន: ៥០,៨១៧ ដង)
រឿង​សេន​កប​ណ្ឌិត​ (​ ចាក ម. អ​. ) ( ​បុ​រស​ចាស់​មាន​ប្រ​ពន្ធ​ក្រ​មុំ ដូច​បាន​ដុំ​ភ្លើង​ ) កាល​កន្លង​ទៅ​ហើយ​ មាន​ព្រះ​រា​ជា​មួយ​ព្រះ​អង្គ​ព្រះ​នាម​ជន​កៈ​ សោយ​រាជ្យ​ក្នុង​ក្រុង​​​ពារាណ​សី ។ ព្រះ​ពោធិ​សត្វរ​បស់​យើង​សោយ​ព្រះ​ជាតិ​ជា​ព្រាហ្ម​ណ៍​ ទ្រង់​ព្រះ​នាម​សេនកៈ​​​​ នៅ​ក្នុង​ក្រុង​ពា​រាណ​សី​នោះ​ដែរ​ បាន​ទៅ​សិក្សា​សិល្ប​សាស្រ្ត​នានា​ក្នុង​នគរ​តក្កសិលា ។ លុះ​ត្រ​ឡប់​មក​កាន់​ស្រុក​កំ​ណើត​វិញ​ ព្រះ​ចៅ​ក្នុង​ក្រុង​នោះ​ទ្រង់​ព្រះ​រាជ​ទាន​ដំ​ណែង​ជា​អា​មាត្រ​ និង​យស​ដ៏​ធំ​ដល់​ព្រះ​ពោ​ធិ​សត្វៗ តែង​ឡើង​គង់​លើ​អា​ស​នៈ​ ដែល​ឥ​ស្ស​រ​ជន​ទាំង​ឡាយ​មាន​ព្រះ​រា​ជា​ជា​ដើម​ ប្រ​ដាប់​តាក់​តែង​សំដែង​អត្ថ​និង​ធម៌​រៀង​រាល់​ថ្ងៃ​ពេញ​បូណ៌​មី​ តាម​លំ​អាន​ព្រះ​ពុទ្ធ​ ។ គ្រា​ក្រោយ​មក​មាន​ព្រាហ្ម​ណ៍​ចាស់​ម្នាក់​ ដើរ​សុំ​ទាន​គេ​បាន​ប្រាក់​មួយ​ពាន់​ក​ហា​ប​ណៈ យក​ទៅ​ផ្ញើ​នឹង​ត្រ​កូល​ព្រាហ្ម​ណ៍​មួយ​ ហើយ​ដើរ​ទៅ​សុំ​ទៀត​តាម​លំ​ដាប់​ហូរ​ហែរ ។ ឯ​ត្រ​កូល​ព្រាហ្ម​ណ៍​យក​ប្រាក់​ទៅ​ចាយ​វាយ​ទាល់​តែ​អស់​ ។ ដល់​ព្រាហ្មណ៍​ចាស់​ត្រ​ឡប់​មក​វិញ​រក​ប្រាក់​សង​មិន​បាន​ ក៏​ឲ្យ​កូន​ក្រ​មុំ​រ​បស់​ខ្លួន​ធ្វើ​ជា​ភ​រិយា​ព្រាហ្មណ៍​ចាស់​ៗ ឥ​ត​មាន​ប្រ​កែក​បន្តិច​បន្តួច​ព្រម​យក​ទៅ​នៅ​ក្បែរ​ក្រុង​ពា​រាណ​សី​ ។ ឯ​ប្រ​ពន្ធ​នៅ​ក្មេង​មិន​ឆ្អែត​ស្កប់​ស្កល់​មេ​ថុន​ធម្ម​សោះ​ ទៅ​ធ្វើ​មិ​ច្ឆា​ចារ​ (​ សាហាយ​ស្មន់ )​ ជា​មួយ​នឹង​ព្រាហ្ម​ណ៍​កំ​ឡោះ​ម្នាក់​ដែល​មាន​វ័យ​ស្មើ​គ្នា ។ ថ្ងៃ​មួយ​នាង​ព្រាហ្ម​ណី​និ​យាយ​ទៅ​ព្រាហ្ម​ណ៍​ថា​ ប​ពិត្រ​ព្រាហ្មណ៍​ ខ្ញុំ​មិន​អាច​ធ្វើ​ការ​ងារ​ក្នុង​ផ្ទះ​អ្នក​ឈ្នះ​ទេ​ អ្នក​ត្រូវ​ទៅ​សុំ​ប្រាក់​គេ​ជួល​យក​ខ្ញុំ​ប្រុស​ ឬ​ស្រីម្នាក់​ឲ្យខ្ញុំ​ ព្រាហ្មណ៍​ចាស់​ដោយ​ហេតុ​តែ​ស្រលាញ់​ប្រ​ពន្ធ​ក្មេង​ក្រៃ​ពេក​ទុក​ជា​យ៉ាង​ម្តេច​ក៏​ដោយ​ ឥត​មាន​ការ​យល់​ទាស់​ឡើយ​ ទើប​និ​យាយ​ថា​ល្អ​ហើយ​នាង​ ត្រួវ​ហើយ​នាង ញាប់​មាត់​ ហើយ​ស្ពាយ​ការុង​សម្រាប់​ដាក់​ស​តូវ ត្រាច់​ម្នី​ម្នា​តាម​ច្រក​ល្ហក​ស្រុក​ និ​គម​សុំ​ទាន​គេ​បាន​ប្រាក់​ ៧ រយ​ក​ហា​បណៈ ដល់​ត្រ​ឡប់​មក​វិញ​ អង្គុយ​ប​រិ​ភោគ​ស​តូវ​មាត់​ផ្លូវ ក្បែរ​ដើម​ឈើ​មាន​ប្រ​ហោង​មួយ​ដើម​ លុះ​បរិ​ភោគ​រួច​ហើយ​ មិន​បាន​ចង​មាត់​កា​រុង​ដែល​ទុក​ត្រង់​កន្លែង​នោះ​​ ដើរ​ចុះ​ទៅ​ផឹក​ទឹក​ក្នុង​ស្ទឹង​ ។ កាល​នោះ​មាន​ពោះ​វែក​ក្រ​បី​មួយ​នៅ​ក្នុង​ប្រ​ហោង​ឈើ​នោះ​ធុំ​ក្លិន​សតូវ​ លូន​ចូល​ទៅ​ក្នុង​ការុង​ស៊ី​សតូវ​ទាល់​តែ​ឆ្អែត​ ហើយ​ពែន​ដេក​សម្ងំ​ស្ងៀម​ក្នុង​ទី​នោះ​ ដល់​ព្រាហ្ម​ណ៍​ត្រ​ឡប់​មក​វិញ​ មិន​បាន​ជា​ចាប់​ភ្លឹក​គិត​មើល​នាយ​អាយ​ ក៏​ចង​មាត់​ការុង​ដើរ​តយ​ង៉យ​បាន​បន្តិច​ឮ​ពាក្យ​រុក្ខ​ទេវ​តា​ពោល​ថា​ ព្រាហ្មណ៍​ក្នុង​ថ្ងៃ​នេះ​​ បើ​អ្នក​ឯង​ឈប់​សម្រាក​ត្រង់​​ពាក់​កណ្តាល​ផ្លូវ​អ្នក​ឯងនឹង​​ស្លាប់ បើ​ដើរ​ដល់​ផ្ទះប្រ​ពន្ធ​អ្នក​ស្លាប់ ។ ព្រាហ្ម​ណ៍​ឮ​ដូច្នោះ​ ភិត​ភ័យ​អំពី​សេចក្តី​ស្លាប់​ជា​ខ្លាំង​ យំ​បណ្តើរ​ ដើរ​បណ្តើរ​ បាន​មក​ដល់​ក្រុង​ពា​រាណ​សី​ ឃើញ​ពួក​ម​ហា​ជន​ជា​ច្រើន​នាក់​កាន់​គ្រឿង​ក្រ​អូប​ និង​ផ្កា​កម្រង​ដើរ​ទៅ​ស្តាប់​ធម៌​ព្រះ​ពោធិសត្វ​ ព្រាហ្មណ៍​ឃើញ​ដូច្នោះ​ ទើប​សួរ​ដឹង​ហេតុ​សព្វ​ គ្រប់​ប្រ​ការ​ហើយ​គិត​ថា​ សេន​ក​បណ្ឌិត​ជា​ធម្មក​ថិក​ មុខ​ជា​សំ​ដែង​ធម៌​ត្រង់​ណា​មួយ​ ដើម្បី​កំ​ចាត់​បង់​សេចក្តី​សោក​រ​បស់​អញ​បាន​ ដូច្នេះ​គួរ​តែ​អញ​ទៅ​ស្តាប់​ធម៌ លុះ​គិត​ហើយ​​ គាត់​ដើរ​ទៅ​ជា​មួយ​ជន​ទាំង​នោះ​ ដល់​ហើយ​គាត់​អង្គុយ​ក្រោយ​ពួក​ប​រិ​ស័ទ​ទាំង​អស់ ។ ព្រះ​ពោធិ​សត្វឃើញ​ដូច្នោះ​ គិត​ថា​ហេតុ​អ្វី​ហ្ន! ទើប​សួរ​ដំ​ណើរ​ដែល​សោក​នោះ​ ។ ព្រាហ្មណ៍​បាន​ប្រាប់​​តាម​ពាក្យទេវ​តា​ពោល​ ហើយ​សួរ​ថា​ ប​ពិត្រ​បណ្ឌិត​ ហេតុ​ដូច​ម្តេច​បាន​ជា​ខ្ញុំ​ស្លាប់​ ប្រ​ពន្ធ​រ​បស់​ខ្ញុំ​ស្លាប់​ ។ ព្រះ​ពោធិ​សត្វ​នឹក​រំ​ពឹង​ឃើញ​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ​​ក្នុង​ឧ​បាយ​ ដឹង​ហេតុ​សព្វ​គ្រប់​ហើយ​ ទើប​សួរ​ទៅ​ព្រាហ្មណ៍​ថា​សតូវ​ក្នុង​ការុង​អ្នក​មាន​ទេ​? ព្រាហ្ម​ណ៍​ឆ្លើយ​ថា​ ប​ពិត្រ​បណ្ឌិត​មាន​ ។ ចុះ​​ពី​ព្រឹក​មិញ​អ្នក​បរិភោគ​ក្នុង​ទី​ណា​? ប​រិ​ភោគ​ទៀប​គល់​ត្រង់​ពាក់​កណ្តាល​ផ្លូវ ។ អ្នក​ប​រិ​ភោគ​រួច​ហើយ​ចុះ​ទៅ​ផឹក​ទឹក​បាន​ចង​មាត់​កា​រុង​ទេ​ ?​ មិន​បាន​ចង​ទេ​ ។ ព្រះ​ពោ​ធិ​សត្វ​ពោល​ថា​ បើ​ដូច្នោះ​មាន​ពស់​វែក​កក្រ​បី​មួយ​ធុំ​ក្លិន​ស​តូវ​ចូល​ទៅ​ក្នុង​​ការុង​ បើ​ល្ងាច​នេះ​អ្នក​ប​រិ​ភោគ​ត្រង់​ពាក់​កណ្តាល​ផ្លូវ​ លូក​យក​ស​តូវ​មុខជា​ពស់​ចឹក​អ្នក​ស្លាប់ បើ​ហួស​ទៅ​ដល​ផ្ទះ​ប្រ​ពន្ធ​អ្នក​លូក​យក​ឥ​វ៉ាន់​ក្នុង​កា​រុង​​បស់​នឹង​ចឹក​ស្លាប់ ពាក្យ​ដែល​ទេវតា​ពោល​ព្រោះ​សំ​ដៅ​ហេតុ​ហ្នឹងឯង​ ដូច្នេះ​អ្នក​ត្រូវ​ដាក់​ការុង​ត្រង់​កណ្តាល​ប​រិ​ស័ទ​ ស្រាយ​មាត់​រួច​យក​ឈើ​គោះ​ មុខ​ជា​ពោះ​លូន​ចេញ ។ ព្រាហ្ម​ណ៍​ធ្វើ​តាម​ ពស់​ក៏​លូន​ចេញ​ មែន​ដក​ព​ពារធ្វើ​សំឡេង​សុ​សុ​ ។ កាល​នោះ​មាន​ហ្ម​ពស់​ម្នាក់​​យក​ពស់​ទៅ​លែង​ចោល​ក្នុង​ព្រៃ ។ ពួក​ម​នុស្ស​ទាំង​ឡាយ​បាន​ឃើញ​ហេតុ​អ​ស្ចារ្យ​ដូច្នោះ​ និ​យាយ​គ្នា​ថា​ ព្រះ​ពោ​ធិ​សត្វ​នេះ​ទាយ​ដូច​ព្រះ​ស​ព្វ​ញ្ញូ​ពុទ្ធ​ ទើប​នាំ​គ្នា​លើក​ឡើង​នូវ​សែន​នៃ​ទង់​ជ័យ​ផង​ ទះ​ដៃ​ផង​ ស្រែក​ឲ្យ​សា​ធុ​ការ​ពរ​ផង​ ។ គ្រា​នោះ​ភ្លៀង​រតនៈ​ ៧ ប្រ​ការ​បង្អុរ​បូជា​ព្រះ​ពោធិ​សត្វ​ ។ ឯ​ព្រាហ្មណ៍​ ក៏​យក​ក​ហា​ណៈដែល​ខ្លួន​បាន​បូជា​ព្រះ​ពោធិ​សត្វ​ៗ មិន​ព្រម​ទទួល​យក​សោះ​ បែរ​ជា​បង្គាប់​ឲ្យ​ជន​ឲ្យ​ ៣០០ ក​ហា​បណៈ​ទៅ​ព្រាហ្ម​ណ៍​ទៀត​ ដើម្បី​បង្រ្គប់​ ១០០០ ក​ហា​ប​ណៈ​ហើយ​សួរ​ថា​ នែ​ព្រាហ្ម​ណ៍​អ្នក​ណា​ប្រើ​អោយ​ដើរ​សុំ​គេ​យ៉ាង​នេះ​ ? ព្រាហ្ម​ណ៍​ឆ្លើយ​ថា​ប​ពិត្រ​បណ្ឌិត​ប្រ​ពន្ធ​ប្រើ ។ ប្រ​ពន្ធ​ចាស់​ឬ​ក្មេង​? ប​ពិត្រ​បណ្ឌិត​នៅ​ក្មេង​ ។ ព្រះ​ពោ​ធិ​សត្វ​ពោល​ទៀត​ថា​ បើ​ដូច្នោះ​ប្រពន្ធ​អ្នក​ធ្វើ​មិ​ច្ឆា​ចារ​ជា​មួយ​នឹង​ព្រាហ្មណ៍​ដ​ទៃ​ទៀត​ហើយ បាន​ជា​វា​ប្រើ​អោយ​អ្នក​ដើរ​សុំ​ទាន​គេ​ បើ​អ្នក​យក​ក​ហា​បណៈ​ទៅ​ដល់​ផ្ទះ​ មុខ​ជា​វា​យក​ទៅ​ឲ្យ​សា​ហាយ អ្នក​ត្រូវលាក់​​ទុក​ត្រង់​ទី​ណា​មួយសិន​ សឹម​ចូល​ទៅ​តែ​ខ្លួន​ទ​ទេ​ចុះ​ ព្រាហ្ម​ណ៍​បាន​ទៅ​ដល់​ស្រុក​រ​បស់​ខ្លួន​ហើយ​ ក៏​លាក់​ទុក​ក​ហា​ប​ណៈទាំង​នោះ​ត្រង់​មាត់​ទ្វា​ស្រុក​ ទើប​ស្រែក​ហៅ​ប្រ​ពន្ធ​ថា​នែ​ប្អូន​ នែ​ប្អូន​ ។ ពេល​នោះ​នាង​ព្រាហ្មណី​កំ​ពុង​ចរ​ចា​លែង​ជា​មួយសាហាយ​ បាន​ឮ​ពាក្យ​ព្រាហ្មណ៍ស្រែក​ហៅ​ក្តែង​ៗ ក៏​ពន្លត់​ចង្កៀង​បើក​ទ្វា​បន្តិច​ម្តង​ៗ កាល​បើ​ឃើញ​ព្រាហ្ម​ណ៍​ចូល​ផុត​ហើយ​ វា​ដឹក​ដៃ​សា​ហាយ​ឲ្យ​ទៅ​ពួន​ត្រង់​សន្ទះ​​ទ្វារ​ ទើប​សួរ​ទៅ​ព្រាហ្ម​ណ៍​ថា​ អ្នក​បាន​ប្រាក់​ប៉ុន្មាន​? ព្រាហ្មណ៍​ប្រាប់​ថា​បាន​ ១០០០​ ក​ហា​បណៈ តែ​អញ​ដម្កល់​ទុក​ត្រង់​ទ្វារ​ស្រុក​ មិន​បាន​យក​មក​ទេ​ ។ នាង​ព្រាហ្មណី​ទៅ​ប្រាប់​សាហាយ​ៗ ទៅ​យក​ទាល់​តែ​អស់​ ។ លុះ​ព្រឹក​ឡើង​​​ព្រាហ្មណ៍​ទៅ​យក​ក​ហា​ប​ណៈ​មិនឃើញ​សោះ​ ទើប​ទៅ​ប្រាប់​ដល់​ព្រះ​ពោធិ​សត្វ​ម្តង​ទៀត​ ព្រះ​ពោ​ធិ​សត្វជ្រាប​​ហេតុ​នោះ​សព្វ​គ្រប់​ ក៏​ឲ្យ​ស្បៀង​គ្រប់​គ្រាន់​ ៧​ ថ្ងៃ​ដល់​ព្រាហ្មណ៍​ ហើយ​ប្រាប់​ឧ​បាយ​ថា​ អ្នក​ត្រូវ​អញ្ជើញ​ព្រាហ្មណ៍​ ១៤​ នាក់​គឺ​ ៧​ នាក់​ ជា​ជិតុ​ខាង​អ្នក​ ៧ ​នាក់​ទៀតជា​ជិ​តុ​ខាង​ប្រ​ពន្ធ​ ឲ្យ​ប​រិ​ភោគ​តាំង​ពី​ថ្ងៃ​ស្អែក​ទៅ​ ក្នុង​មួយ​ថ្ងៃ​ៗ អ្នក​ត្រូវ​បន្ថយ​ម្នាក់ៗ​ រៀង​រាល់​ថ្ងៃ ​លុះ​ដល់​ថ្ងៃ​ទី​ ៧ អញ្ជើញ​តែ​ពីរ​នាក់​ គឺ​ម្នាក់​ខាង​អ្នក​ និង​ម្នាក់​ទៀត​ខាង​ប្រ​ពន្ធ បណ្តា​ព្រាហ្មណ៍​ទាំង​អស់​នោះ​ ព្រាហ្មណ៍​ណា​ត្រូវ​ជា​ជិតុន​ប្រ​ពន្ធ​អ្នក​ មក​គ្រប់​ទាំង​៧​ថ្ងៃ​ពុំ​ដែល​លុះ​ខាន​ អ្នក​ត្រូវ​ប្រាប់​ដល់​ខ្ញុំ​ ។ ព្រាហ្មណ៍​ធ្វើ​ដូច្នោះ​ឃើញ​មែន​ ទើប​ទៅ​ប្រាប់​ដល់​ព្រះ​ពោ​ធិ​សត្វ​ៗ ឲ្យ​បុរស​ទាំង​ឡាយ​ទៅ​ចាប់​ព្រាហ្មណ៍​ចោរ​នោះ​មក​​ ហៅ​សួរ​ថា​ អ្នក​យក​ប្រាក់​ ១០០០ ក​ហា​ប​ណៈ​រ​បស់​ ព្រាហ្មណ៍​នេះ​អំ​ពី​គល់​ឈើ​នោះ​ឬ​ទេ ? ព្រាហ្មណ៍​ចោរ​ឆ្លើយ​ថា​ បពិត្រ​បណ្ឌិត​ខ្ញុំ​ឥត​យក​ទេ​ ។ ព្រះ​ពោ​ធិ​សត្វ​ប្រាប់​ថា​ខ្ញុំ​ហ្នឹង​ហើយ​ឈ្មោះ​សេនក​បណ្ឌិត​ អ្នក​ស្គាល់​ទេ​ឬ ? ព្រាហ្មណ៍​ចោរ​ឮ​ឈ្មោះ​ភ្លាម​ ភិត​ភ័យ​ជា​ខ្លាំង​ ទើប​ឆ្លើយ​ប្រាប់​ត្រង់​ថា​ខ្ញុំ​យក​មែន​ ឥ​ឡូវ​នេះ​ទុក​ត្រង់​កន្លែង​នោះ​ ។ ព្រះ​ពោធិ​សត្វ​ ប្រើ​បុ​រស​ទាំង​ឡាយ​នាំ​ព្រាហ្ម​ណ៍​ចោរ​ទៅ​ធ្វើ​អ​ជ្ញា​រ​បស់​ស្តេច​ ហើយ​ឲ្យ​និ​រ​ទេស​ចេញ​ពី​នគរ​ទៀត​ ទើប​ឲ្យ​ប្រាក់​ ១០០០​ ក​ហា​ប​ណៈជា​មួយ​នឹង​យស​ដ៏​ធំ​ដល់​ព្រាហ្ម​ណ៍​ចាស់​ ហើយ​ឲ្យ​នៅ​ក្នុង​សំណាក់​រ​បស់​ព្រះ​អង្គ​ទាំង​ពីរ​នាក់​ប្តី​ ប្រ​ពន្ធ​ដ​រាប​ដល់​អស់​អាយុ ។ ( ព្រះ​ម​ហា​ ប៉ុល​. សៅ ) ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និ​ទាន​ជាតក​ ដោយ៥០០០ឆ្នាំ
images/articles/835/Untitled-1.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២៦ (អាន: ៦០,១៤៧ ដង)
រឿង​ពស់​ថ្លាន់​ ( ចាក​ ដី. ម. ) មាន​សេច​ក្តី​ដំ​ណាល​ថា​ ក្នុង​ពុទ្ធ​កាល​ព្រះ​ប​រម​ស្តា​ព្រះ​នាម​ក​ស្ស​បៈ​ មាន​ពស់​ថ្លាន់​ ១ បាន​កាន់​យក​នូវ​និ​ម្មិត​ក្នុង​សំឡេង​នៃ​ភិ​ក្ខុ​ទាំង​ឡាយ​អ្នក​រៀន​នូវ​អ​ភិ​ធម្ម កាល​ស្វា​ធ្យាយ​នូវ​អាយ​ត​ន​ក​ថា​លុះ​ស្លាប់​ទៅ​ បាន​ទៅ​កើត​ក្នុង​ឋាន​សួគ៌​សោយ​សម្បត្តិ​ទិព្វ​ដ​រាប​ដល់​ព្រះ​សាស្តា​ជា​ម្ចាស់​នៃ​យើង​បរិ​និ​ព្វាន ពេល​ព្រះ​សាស្តា​​បរិ​និ​ព្វាន​បាន​ច្បុត​មក​កើត​ក្នុង​ត្រ​កូល​ព្រាហ្មណ៍ ។ ទារក​នោះ​មាន​វ័យ​វឌ្ឍនា​​ការ​ចំ​រើន​ឡើង​កាល​ណា​ ក៏​ចេញ​ទៅ​បួស​ក្នុង​សំណាក់​អា​ជី​វ​ក​ មាន​នា​មា​ភិ​ធេយ្យ​ថា​ជន​សោ​ណា​ជី​វក​ បាន​ជា​ជិ​តុន​នៃ​ព្រះ​នាង​ធម្មា​ជា​អា​ឃ៌​អគ្គ​ម​ហេ​សី​ព្រះ​បាទ​ពិន្ទុ​សា​រៈ​ ។ លំ​ដាប់​នោះ​​ព្រះ​ទេ​វិ​ធ​ម្មា​កាល​ទ្រ​ទ្រង់​នូវ​អ​សោក​កុ​មារ​ មាន​ចំ​ណង់​ប្លែក​កើត​ឡើង​​ហើយ​ទូល​ព្រះ​រាជ​ស្វាមី​ថា​ខ្ញុំ​ព្រះ​អង្គ​ចង់​ឈរ​ជ្រែង​ជាន់​ព្រះ​ចន្ទ​ដោយ​ជើង​ម្ខាង​ ព្រះ​អា​ទិត្យ​ដោយ​ជើង​ម្ខាង ហើយ​ទំ​ពារ​ស៊ី​នូវ​ផ្កាយ រ​បៀប​ ជ​ន្លេន​ទាំង​ឡាយ​ និង​ព្រៃ​ញាត​ស្បាត​ទាំង​ឡាយ​ណាស់​ ។ ព្រះ​រា​ជា​ទ្រង់​ព្រះ​សណ្តាប់​ពាក្យ​នោះ​ហើយ​ បង្គាប់​ឲ្យ​គេ​ធ្វើ​នំ​អម្បែង​ធំ​ៗ​ពីរ ហើយ​ប្រាប់​ថា​ នេះ​ព្រះ​ចន្ទ​ នេះ​ព្រះ​អាទិត្យ ហើយ​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ​នំ​ផ្លែ​អាយ​មូលៗ មាន​សណ្ឋាន​ដូច​ផ្កាយ នំ​គ្រាប់​ល្ង​មាន​អា​ករ​ដូច​ជា​រ​បៀប​នៃ​ពពក និង​បង្អែម​មាន​សណ្ឋាន​ដូច​ញាត​ស្បាត​ ទើប​ឲ្យ​ជំ​រះ​ព្រះ​រាជ​លាន​ ហើយ​ក្រាល​កន្ទេល​ផែង​ដែល​ដាច​ពី​លើ​ ឲ្យ​យក​ប​ង្អែម​ដែល​អណ្តែត​ឡើង​ៗ ពី​ប្រ​ហោង​នៃ​កន្ទេល​ផែង​នោះ​ហើយ​ប្រាប់​ថា​ នេះ​ជន្លេន​ទាំង​ឡាយតាម​សេចក្តី​ប្រា​ថ្នា​រ​បស់​ព្រះ​នាង​ទេវី ។ ព្រះ​ទេ​វី​ធម្មា​ ក៏​ឈរ​ជ្រែង​លើ​នំ​អម្បែង​ធំៗដោយជើង​ទាំង​ពីរ​ខាង​ដោយ​បំ​ណង​ថា​ ឈរ​ជ្រែង​លើ​ព្រះ​ចន្ទព្រះអាទិត្យ​​ហើយ​ទំ​ពារ​សោយ​នំ​ផ្លែ​អាយ​ នំ​គ្រាប់​ល្ង​​​ និង​ បង្អែម​ដោយ​បំណង​ថា​ ទំ​ពារ​សោយ​នូវ​ផ្កាយ​ របៀប​ពពក​នឹង​ញាត​ស្បាត​តាម​ព្រះ​រាជ​ចិន្តា​ ។ ព្រះ​រាជា​ចង់​ដឹង​នូវ​សេច​ក្តី​សំរេច​នៃ​ចំ​ណង់​ប្លែក​ ក៏​សួរ​អាជីវ​ករ​ឈ្មោះ​ជន​សោណ​ៗ ថ្វាយ​ដំ​ណឹង​តែ​បន្តិច​ថា​ ម​ហា​រាជ​ ព្រះ​ទេ​វី​ នឹង​បាន​បុត្រ​ដ៏​ប្រ​សើរ​ដ៏​បរិ​បូ​ណ៍​ដោយ​លក្ខណៈ​ជា​អ្នក​មាន​បុណ្យ​ ហើយ​ចូល​ទៅ​ព្រះ​ទេ​វី​ថ្វាយ​ដំ​ណឹង​តាម​មតិ​រ​បស់​ខ្លួន​ថា​ ប​ពិត្រ​ព្រះ​នាង​ បុត្រ​រ​បស់​ព្រះ​នាង​នឹង​បាន​ជា​ស្តេច ការ​ឈរ​ជាន់​ព្រះ​ចន្ទ និង​ព្រះ​អាទិត្យ​​ ជា​បុ​ព្វ​និ​មិត្ត​នៃ​ស្តេច​ទាំង​ឡាយ​ ១០១​ ក្នុង​ជម្ពូទ្វីប​ទាំង​អស់​ជា​អ្នក​បំ​រើ​ព្រះ​រាជ​បុត្រ​នោះ ការ​ទំ​ពារ​ស៊ី​នូវ​ផ្កាយ​ ជា​បុព្វ​និ​មិត្ត​នៃ​កិ​រិ​យា​បាន​សម្លាប់​នូវ​បង​ប្អូន​មាន​មា​តា​ផ្សេង​គ្នា​ដែល​មាន​មា​យាទ​មិន​គាប់​ចិត្ត​ ការ​ទំ​ពារ​ស៊ី​នូវ​រ​បៀប​ពពក​ជា​បុ​ព្វ​និមិត្ត​ នៃ​កិ​រិយា​ផ្តាច់​បង់​នូវ​គំ​និត​យល់​ខុស​ហើយ​កាន់​តាម​រ​បៀប​ព្រះ​ពុទ្ធ​សាសនា​ ការ​ទំ​ពារ​ស៊ី​នូវ​ជ​ន្លេន​ ជា​បុព្វ​និម្មិត​នៃកិរិ​យា​បាន​នូវ​អំ​ណាច​ផ្សាយ​ទៅ​ក្នុង​ផែន​ដី​ ១ យោជ​ន៍​ ការ​ទំ​ពារ​ស៊ី​នូវ​ញាត​ស្បាត​ពោល​គឺ​កិ​រិ​យា​លើក​ជើង​ទៅ​លើ​ ជា​បុ​ព្វ​និម្មិត​នៃ​កិរិ​យា​បាន​នូវ​អំ​ណាច​ផ្សាយ​ទៅ​អាកាស​ខាង​លើ​​​ ១ ​យោជន៍ ។ កាល​បើ​ទំ​នាយ​លក្ខណៈ​រាជ​បុត្រ​រួច​ហើយ​​ អា​ជីវ​ករ​ឈ្មោះ​ជន​សោ​ណ​ទៅ​នៅ​ក្នុង​ទី​ ១ ​ឆ្ងាយ​អំពី​ព្រះ​ប​រម​រាជ​វាំង​ ១ យោជ​ន៍​ ។ ក្នុង​កាល​ជាចំ​ណេរ​មក​ខាង​ក្រោយ​ អ​សោក​កុ​មារ​បាន​ដំ​កល់​នៅ​ក្នុង​រាជ​សម្បត្តិ​ ហើយ​ស្តាប់​នូវ​ប្រ​វត្តិ​ទាំង​អស់​ដែល​ព្រះ​វរ​មាតា​ប្រាប់​ ក៏​មាន​ប្រា​ថ្នា​ចង់​ធ្វើ​សក្ការ​បូ​ជា​ដល់​អា​ជី​ករ​ឈ្មោះ​ជន​សោ​ណ​នោះ​ ហើយ​ត្រាស់​​បង្គាប់​ឲ្យ​រាជ​បុ​រស​ទាំង​ឡាយ​ យក​អង្រឹង​មាស​ទៅ​ទទួល​ជា​កិ​ត្តិ​យស​ ។ អា​ជីវករ​ឈ្មោះ​ជន​សោ​ណ​មក​ជា​មួយ​នឹង​រាជ​បុរស​ទាំង​ឡាយ​នោះ​ បាន​ឃើញ​ទី​សម្រាប់​គង់​នៅ​រ​បស់​ព្រះ​ថេរ​ឈ្មោះ​អ​ស្ស​គុ​ត្ត​ ទើប​គិត​ថា​ នេះ​ជាទី​សម្រាប់​នៅ​នៃ​បុព្វ​ជិត​ទាំង​ឡាយ​ ហើយ​ចុះ​ចាក​ពី​អង្រឹង​​ចូល​ទៅ​កាន់​ទី​នោះ​ ក៏​បាន​ឃើញ​សត្វ​ទាំង​ឡាយ​ មាន​សី​ហៈ និង​ខ្លា​ធំ​ជាដើម​ ដើរ​ជាពួក​ជាក្រុម​ មាន​មេត្តា​ចិត្ត​កើត​ដល់​គ្នា​នឹង​គ្នា​ មិន​បៀត​បៀន​គ្នា​ ដោយ​អនុ​ភាព​នៃ​មេត្តា​ធម៌រ​បស់​ព្រះ​ថេរ​ទើប​សួរ​ថា​ នេះ​ជា​អ្វី​ ? ព្រះ​ថេរ​រ​មិល​មើល​ឧ​ប​និ​ស្ស័យ​រ​បស់​អា​ជី​វ​ករ​នោះ​ គឺ​ឃើញ​ថា​កាល​ពី​ដើម​ធ្លាប់​បាន​ស្តាប់​អាយ​តនកថា​ ហើយ​លោក​គិត​ថា​មាន​តែ​អាយ​ត​ន​ក​ថា​ហ្នឹង​ឯង​ ទើប​ជា​ឧ​បនិ​ស្ស័យ​រ​បស់​អា​ជីវ​កនោះ​ ក៏​ពោលប្រាប់​ថា​ នែ​អា​វូ​សោ​នោះ​ជាអាយ​តនៈ​ ។ គ្រាន់​តែ​បាន​ឮ​ថា​ អាយ​ត​នៈ​ៗ ដូច្នេះ​ ​អា​ជី​វក​​នោះ​ក៏​មាន​សេច​ក្តី​អៀន​ខ្មាសខ្លាច​បាប​កើត​ឡើង​ ហើយ​អង្គុយ​ច្រ​អាង​ហោង​ស្រួល​បួល​ ។ ព្រះ​ថេរ​ក៏​បោះ​សំ​ពត់​ងូត​ទឹក​ទៅ​ឲ្យ​អា​ជី​វក​នោះៗ​ បួស​​ក្នុងសំណាក់​ព្រះ​ថេរ​បាន​សម្រេច​ព្រះ​អ​រ​ហត្ត​ទៅ ៕ រឿង​នេះ​បាន​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និទាន​ជាតក ដោយ៥០០០ឆ្នាំ
images/articles/832/Untitled-1.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២៦ (អាន: ៥៦,២៦១ ដង)
រឿង​ស​រ​ណ​មា​តា​ (​ ចាក​ ម​. វា. ) (​ ជាតិ​បុ​រស​ថោក​ទាប​ច្រើន​លុះ​​ទៅ​ក្នុង​អំ​ណាច​ស្រ្តី​ ) ក្នុង​ក្រុង​​សាវ​ត្ថី​ មាន​គ​ហ​ប​តី​ម្នាក់​ឈ្មោះ​សុ​ម​នៈ​ ភ​រិ​យា​ឈ្មោះ​នាង​សុ​ជ​ម្ឈ​កា​ មាន​កូន​ពីរ​នាក់​ ប្រុស​១​ ស្រី​១ ។ កាល​កូន​ប្រុស​មាន​អា​យុ​ ១៦​ ឆ្នាំ​ មា​តា​បិ​តា​មាន​រោគា​ពាធ​ជា​ទ​ម្ងន់​ បាន​ហៅ​កូន​​ទាំ​ង​ពីរ​មក​ប្រ​គល់​ទ្រព្យ​សម្បត្តិ​ឲ្យ ហើយ​ប្រ​គល់​នាង​ជា​ប្អូន​​ឲ្យបង​រៀប​ចំ​ឲ្យ​មាន​ស្វា​មី​ផង​ ផ្តាំ​ស្រេច​ហើយ​ក៏​ធ្វើ​ម​រ​ណ​កាល​ទាំង​ពីរ​រូប​ទៅ​ ។ បុ​ត្រ​ធី​តា​នាំ​គ្នា​ធ្វើ​បុ​ណ្យឈា​ប​ន​កិច្ច​​តប​ស្នង​សង​គុណ​តាម​ទំ​នៀម​ ។ ខាង​ក្រោយ​មក​បុ​រស​ជា​បង​មាន​ភ​រិ​យា ដល់​នាង​ជា​ប្អូន​ពេញ​រូប​រាង​ហើយ​​ មាន​បុ​រស​ដ​ទៃ​មក​ដ​ណ្តឹង​ ក៏​រៀប​ឲ្យ​​មាន​ស្វា​មី​ ហើយ​ប​ញ្ជូន​ឲ្យ​ទៅ​នៅ​ក្នុង​សំ​ណាក់​ម្តាយ​ក្មេក​​ឪ​ពុក​ក្មេក​ ដល់​នាង​មាន​គ៌ភ​ចាស់​ជិត​គ្រប់​ខែ​ សុំ​លា​ស្វា​មី​និង​មា​តា​បិ​តា​ក្មេក​ទៅ​ប្រ​សូត​បុត្រ​ក្នុង​សំ​ណាក់​បង​ ស្វា​មី​ក៏​ជូន​នាង​ទៅ​ ទៅ​ដល់​ពាក់​កណ្តាល​ផ្លូវ​ជួប​នឹង​ព្រះ​សម្ពុទ្ធ​ មាន​សេច​ក្តី​ជ្រះ​ថ្លា​ បាន​ថ្វាយ​ខ្លួន​ជា​ឧបាសក-សិកា​ទាំង​ពីរ​នាក់​ក៏​ហួស​ទៅ​ ទៅ​ដល់​ស្វា​មី​ប្រ​គល់​ឲ្យបង​ហើយ​ត្រ​ឡប់​មក​ផ្ទះ​វិញ​ ។ បង​ឃើញ​ប្អូន​ទៅ​រក​ហើយ​​ មាន​សេច​ក្តី​ត្រេក​អរ​ជា​ទី​បំ​ផុត​ បាន​ហៅ​ភ​រិ​យា​រ​បស់​ខ្លួន​ឲ្យ​មើល​ថែ​រក្សា​នាង ។ នាង​ជា​បង​ថ្លៃ​ ក៏​ទំ​នុក​បំ​រុង​នាង​ដោយ​ទឹក​ក្តៅ​និង​ទឹក​ត្រ​ជាក់​ផ្សេងៗ ពីរ​បី​ថ្ងៃ​មក ​នាងបង​ថ្លៃ​ឃើញ​ខ្សែ​ក​ពេជ្រ​ដែល​ប្អូន​ថ្លៃ​ពាក់​នៅ​ក​ ចង់​បាន​មក​ធ្វើ​ជា​រ​បស់​ខ្លួន​ ប៉ុន្តែ​មិនដឹង​គិត​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​​​ ។ ថ្ងៃ​មួយនាង​គិត​ឃើញ​ឧ​បាយ​ថា​ អញ​គិ​ត​ដេក​ធ្វើ​ពុត​ជា​ឈឺ​ បើ​ស្វា​មី​អញ​សួរ​ ថា​ចង់​ស៊ី​សាច់​បេះ​ដូង​នាង​ប្អូន​ថ្លៃ បើ​មិន​បាន​ស៊ី​ទេ​នឹង​ស្លាប់​ គិត​ហើយ​ក៏​ដេក​ធ្វើ​ពុត​ជា​ឈឺ​អត់​បាយ​អត់​ទឹក​​ ស្វា​មី​សួរ​ប្រាប់​ថា​ចង់​ស៊ី​សាច់​នាង​ប្អូន​ថ្លៃ​ ។ បុរស​ស្វាមី​ចេះ​តែ​ឃាត់​​ ​នាង​ភ​រិ​យា​ចេះ​តែ​យំ​ស្រែក​ត្អូញ​ត្អែរ​រៀប​រាប់​រំ​លើក​ពី​ការ​កំ​សត់​កម្រ​ និង​ការ​ស្រ​លាញ់​គ្នា​ បុ​រស​ថោក​ទាប​គ្រាន់​តែ​ឮ​ខ្យល់​ដែល​មាន​ពឹស​កំណាច​ប៉ុ​ណ្ណោះ​ ក៏​លួង​លោម​ប្រ​ពន្ធ​ថា​ ចាំ​បង​សម្លាប់​យក​សាច់​បេះ​ដូង​មក​ឲ្យ​អូន​ញុំា ។ នាង​ជា​ភ​រិយា​គ្រាន់​តែ​ដឹង​ថា​​ ស្វា​មី​តាម​ខ្លួន​ហើយ​ ក៏​ធ្វើ​ជា​គ្រាន់​បាត់​ឈឺ​ចាប់​​មាន​មុខ​ស្រស់​ប៉​ប្រឹម​ និ​យាយ​ទៅ​រក​ស្វា​មី​ថា​ បង​ឆាប់​សម្លាប់​វា​ទៅ​ហើយ​យក​ខ្សែ​ក​ពេជ្រ​មក​ឲ្យ​ខ្ញុំ​ផង​ ។ ចំ​ណែក​បុ​រស​ជា​ស្វា​មី​កាល​បើ​លុះ​ទៅ​ក្នុង​អំណាច​ប្រ​ពន្ធ​ហើយ​ ក៏​ភ្លេច​ប្អូន​ប​ង្កើត​រ​បស់​ខ្លួន​ដែល​កំព្រា​ឥត​ម៉ែ​ឪ​ ទៅ​និ​យាយ​បោក​ប្អូន​រ​បស់​ខ្លួន​យក​ទៅ​សម្លាប់​ថា​ ម្នាល​ប្អូន​មាន​ម​នុស្ស​ម្នាក់​ជំ​ពាក់​បំ​ណុល​ឪ​ពុក​ម្តាយ​យើង​ បើ​ប្អូន​ទៅ​ទា​រ​ជា​មួយ​បង​គេ​នឹង​ឲ្យ​ មួយ​រំ​ពេច​នាង​ក៏​ព្រម​ទៅ​ បុ​រស​ជា​បង​ទឹម​រ​ទេះ​ហើយ​លើក​នាង​ដាក់​លើ​រ​ទេះ​បរ​ទៅៗ ដល់​ពាក់​កណ្តាល​ព្រៃ​ស្ងាត់​ប​ញ្ឈប់​រ​ទេះ​ចាប់​នាង​អូស​ទំ​លាក់​ពី​លើ​រ​ទេះ​ នាង​ភ័យ​ខ្លាំង​ស្រែក​អង្វរ​ថា​ សូម​បង​អា​ណិត​ខ្ញុំ​កុំ​ធ្វើ​បាប​ខ្ញុំ​ ព្រោះ​ខ្ញុំ​មាន​គ៌ភ​ចាស់​គ្រប់​ខែ​ហើយ​ ។ បុ​រស​ជា​បង​មិន​ព្រម​ ចាប់​អូស​នាង​យក​ទៅ​សម្លាប់​ នាង​ក៏​ប្រ​សូត​បុ​ត្រ​ក្នុង​ពេល​នោះ​សន្លប់​បាត់​ស្មា​រតី​ លុះ​ដឹង​ខ្លួន​ឡើង​នាង​នឹក​ឃើញ​ដល់​គុណ​ព្រះ​សម្ពុទ្ធ​ នាង​នឹក​សូត្រ​ភាវនា​ក្នុង​ម​នោ​ទ្វារ​ថា​ ន​មោ​ពុទ្ធ​ស្សៗដូច្នេះ​ពុំ​ដែល​ដាច់​ ។ មាន​សេច​ក្តី​អ​ស្ចារ្យ​ថា​ នៅ​លើ​ដើម​ឈើ​នោះ​មាន​រុក្ខ​ទេវ​តា​មួយ​អង្គ​ជា​អ្នក​មាន​ឫទ្ធិ​ ឃើញ​នាង​ជា​ស្រ្តី​សប្បុ​រស​មាន​ពុទ្ធា​នុ​ស្ស​តិ​ជា​អា​រម្មណ៍​ដូច្នោះ​ហើយ​ ក៏​ដឹង​ច្បាស់​ថា​ស្រ្តី​នេះ​ជា​អ្នក​មាន​គុណ​ធម៌​ខ្ពស់​ បើអញ​មិន​ជួយ​ឲ្យ​មាន​ជី​វិត​រស់​នៅ​ទេ​ ក្បាល​អញ​នឹង​បែក​ជា​ ៧​ ចំ​ណែក​មិន​ខាន​ ។ ដឹង​ច្បាស់​ដូច្នេះ​ហើយ​ ក៏​និ​ម្មិត​ខ្លួន​ដូច​ជា​ប្តី​​រ​បស់​នាង​កាន់​ដំ​បង​ដេញ​បុ​រស​ជា​បង​រត់​បាត់​ទៅ​ ទើប​នាំ​នាង​និង​កូន​តូច​ទៅ​ដាក់​ក្បែរ​ផ្ទះ​ ព្រឹក​ឡើង​ស្វា​មី​បើក​ទ្វា​រ​ផ្ទះ​ឃើញ​ប្រ​ពន្ធ​រ​បស់​ខ្លួន​អង្គុយ​បី​កូន​ ក៏​ស្ទុះ​ចុះ​ទៅ​ទទួល​កូន​សួរ​ថា​ នាង​មក​ជា​មួយ​អ្នក​ណា​ បង​យើង​ជូន​មក​ឬ ? ​បង​ម៉េច​ក៏​សួរ​ខ្ញុំ​ដូច្នេះ​ បើ​អម្បាញ់​មិញ​បង​នាំ​ខ្ញុំ​មក​ ។ បុ​រស​ស្វា​មី​ចេះ​តែ​ប្រ​កែក​​ថា​មិន​ដឹង​ ទើប​នាង​និ​យាយ​តាម​ដំ​ណើរ​រឿង​រ​បស់​នាង​សព្វ​គ្រប់​ ដ​រាប​ដល់​មក​អង្គុយ​ក្បែរ​ផ្ទះ​ បុ​រស​ជា​ស្វា​មី​ដឹង​ដូច្នោះ​ហើយ​ អា​ណិត​ប្រ​ពន្ធ​ណាស់​ យំ​សោក​បោក​ខ្លួន​ប្រាណ​ ប៉ុន្តែ​មិន​បាន​ចង​គំ​នុំ​ដល់​បង​ថ្លៃ​ឡើយ​ លុះ​បន្ទោ​បង់​នូវ​សេច​ក្តី​សោក​ហើយ​ ក៏​និ​មន្ត​ព្រះ​សម្ពុទ្ធ​ព្រម​ទាំង​ព្រះ​សង្ឃ​ជា​ច្រើន​ពាន់​អង្គ​មក​ថ្វាយ​ភត្ត ហើយ​កំ​ណត់​ដាក់​ឈ្មោះ​ឲ្យ​កូន​ថា​ " ​សរណៈ "​ ព្រោះ​កូន​នោះ​បាន​រស់​ឡើង​ដោយ​សារ​មាតា​​នឹក​ឭក​ដល់​ពុទ្ធ​គុណ​យក​ជា​ទី​ពឹង​ ទើប​បោ​រា​ណា​ចារ្យ​ទាំង​ឡាយ​ឲ្យ​ឈ្មោះ​មា​តា​រ​បស់​កុ​មារ​នោះ​ថា​ " ស​រ​ណៈ​មា​តា​ " លុះ​ព្រះ​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រ​ធាន​ ធ្វើ​ភត្ត​កិច្ច​រួច​ស្រេច​​ហើយ​ ព្រះ​សម្ពុទ្ធ​​ទ្រង់​ សំដែង​ធម៌​ទេស​នា​​ ជន​ទាំង​ពីរ​នាក់​ស្វា​មី​ភ​រិ​យា​បានសម្រេច​ដល់​សោ​តា​បត្តិ​ផល​ ។ ឯ​ស​រណ​កុមារ​ដល់​ពេល​ធំ​ដឹង​ក្តី​ឡើង​ ក៏​ទៅ​បួស​ជា​សាម​ណេ​រ​ក្នុង​សំ​ណាក់​ព្រះ​សារី​បុត្ត​ ទើប​មាន​ឈ្មោះ​​ថា​ " សារណ​សាម​ណេរ " តាំង​ពី​កាល​នោះ​ត​មក​ ។ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និទាន​ជា​តក ដោយ៥០០០ឆ្នាំ
images/articles/836/2026-07-29_17_12_41-Greenshot.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២៦ (អាន: ៦៣,០២៥ ដង)
រឿង​កិន្នរ (​ ចាក​ ត. តេ. ) (​ គុណ​នៃ​ពាក្យ​សុ​ភា​សិត​ ) តាម​ដំ​ណឹង​ថា​ កាល​ពី​ព្រេង​នាយ​ មាន​ព្រាន​ម្នាក់​នៅ​ក្នុង​ក្រុង​ពា​រាណ​សី​ តែង​សញ្ចរ​ទៅ​ក្នុង​ព្រៃ​ហេម​ពាន្ត​ ហើយ​ចាប់​បាន​កិន្នរ​ពីរ​រូប​ជា​ប្តី​ប្រ​ពន្ធ​ នាំយក​ទៅ​ថ្វាយ​ព្រះ​ចៅ​ពា​រាណ​សី​ ទ្រង់​ក៏​ទទួល​ដោយ​អណរ​ដ៏​ខ្លាំង​ ហើយ​មាន​ព្រះ​បន្ទូល​សួរ​ថា​ ប​ពិត្រ​ព្រះ​ស​ម្ម​តិ​ទេព​ កិន្នរ​នេះ​ចេះ​ច្រៀង​សូរ​សៀង​ស​ម្លេង​ពិ​រោះ​ក្រៃ​លែង​ និង​ចេះ​រាំ​រេ​តាម​កាល​ជា​ទី​គាប់​ព្រះ​ហ​ឫទ័យ​ មនុស្ស​ទាំង​ឡាយ​ច្រៀង​និង​រាំ​សូម្បី​តែ​ជ្រិស​បន្តិច​ក៏​គ្មាន​ ។ ព្រះ​រាជា​ក៏​ប្រ​ទាន​បៀវត្ស​ជា​ច្រើន​ដល់​ព្រាន​នោះ​ ហើយ​ត្រាស់​ប្រើ​ឲ្យ​កិន្នរ​នោះ​ច្រៀង​រាំ ដើម្បី​កំ​សាន្ត​ព្រះ​រាជ​ហ​ឫ​ទ័យ ។​ កិន្នរ​ទាំង​ឡាយ​នោះ​ទុក​ជាព្រះ​រា​ជាត្រាស់​ប្រើ​បង្ខំ​ដូចម្តេច​ ក៏​មិន​ព្រម​ច្រៀង​​រាំ​សោះ​ ខ្លាច​ឃ្លៀង​ឃ្លាត​ចាក​ការ​ពិត​ហើយ​ក្រាប​ទូល​ថា​ ប្រ​សិន​បើ​ទូល​ព្រះ​បង្គំ​ទាំង​ពីរ​រូប​ច្រៀង​ទៅ​មិន​ត្រឹម​ត្រូវ​តាម​ព្យ​ព្ជានៈ​ សម្លេង​ច្រៀង​នោះ​នឹង​ក្លាយ​ទៅ​ជា​សោ​គ​ម្រក់​មែន​ពិត​ ទ្រង់​នឹង​តិះ​តៀល​ឬ​សម្លាប់​ទូល​ព្រះ​បង្គំ​ពុំ​ខាន​ ព្រោះ​ហេតុ​នោះ​បើ​ទូល​បង្គំ​ច្រៀង​ច្រើន​ មុ​សា​វា​ទ​ក៏​មាន​ច្រើន​ ។ ព្រះ​រាជា​ទ្រង់​ព្រះ​ពិ​រោធ​ក្រេវ​ក្រោធ​ក្រៃ​ពេក​ ក៏​ត្រាស់​បង្គាប់​ឲ្យ​សម្លាប់​កិន្នរ​នោះ​ ហើយ​ចំ​អិនយក​សាច់​មក​ជា​ព្រះ​ក្រ​យា​ស្ងោយ​ ។ កិន្នរី​ឮ​សម្តី​នោះ​ហើយ​គិត​ថា​ " អើ​ព្រះ​រាជា​ខ្ញាល់​ហើយ​ហ្ន​ ! ទៀង​តែ​សម្លាប់​អញ​ដោយ​ពិត​ តើ​ធ្វើ​បែប​ណា​ទៅ​​​អេះ ទើប​ជី​វិត​អញ​រួច​ចាក​មច្ចុ​សង្រ្គាម​ក្នុង​ពេល​ភ្លាម​ៗ​នេះ​ ក៏​ពោល​គា​ថា​នេះ​ថ្វាយ​ព្រះ​សណ្តាប់​ថាៈ​​​ សតំ​ សហ​ស្សា​ន​ទុ​ពា្ភសិ​តា​នំ កលម្បិ​ នាគ្ឃ​តិ​ សុ​ភា​សិត​ស្ស ទុ​ព្ភា​សិ​តំ សង្កមា​នោ​ កិ​លេស​ តស្មា​ តុ​ណ្ហី​ កិម្បុ​វិ​សោ​ ន ពាល្យ ។ រយ​នៃ​ទុព្ភា​សិត​ទាំង​ឡាយ​ទាំ​ពាន់ ក៏​មិន​ដល់​នូវ​ចំ​និត​នៃ​សុ​ភា​សិត​សូម្បី​មួយ ឋានៈ​ទូល​បង្គំ​រ​ង្កៀស​ក្នុង​ទុ​ព្ភាសិត​ហើយ​រមែង​សៅ​ហ្មង​ពិត​ ព្រោះ​ហេតុ​នោះ​កិន្នរ​ឈ្មោល​នៅ​ស្ងៀម​ ក៏​មិន​មែន​ដោយ​ហេតុ​នៃ​ខ្លួន​ល្ងង់​ទេ​ ។ ព្រះ​រា​ជា​ព្រះ​សណ្តាប់​គា​ថា​នោះ​ហើយ​ មាន​ព្រះ​ទ័យរីក​រាយ​ចំ​ពោះ​កិន្នរី​យ៉ាង​ក្រៃ​លែង​ ហើយ​ត្រាស់​បង្គាប់​ឲ្យ​រាជ​បរិ​វា​យក​កិន្នរី​នោះ​ទៅ​ដោះ​លែង​ឯ​ព្រៃ​ហាមពាន្ត​ ហើយ​ឲ្យ​ចំ​អិន​សាច់​កិន្នរ​ជា​ស្វាមី​នោះ​យក​មក​ឲ្យ​ទាន់​ពេល​ព្រះ​ស្ងោយ​ក្នុង​ពេក​វេលា​ព្រឹក ។ កិន្នរ​ឮ​ព្រះ​បន្ទូល​នោះ​ហើយ​គិត​ថា​ ព្រះ​រា​ជា​នេះ​ពិត​ជា​សម្លាប់​អញ​ដោយ​ហេតុ​មិន​ច្រៀង​ហ្នឹង​ឯង​ ធ្វើ​ដូច​ម្តេច​ហ្ន !​ទើប​ជី​វិត​អញ​រួច​ចាក​មរណ​សង្រ្គាម​ក្នុង​គ្រា​ឥ​ឡូវ​ហ្នឹង​បាន​​ ទើប​ពោល​គា​ថា​ដ​ទៃ​ទៀត​ថា​៖ បជ្ជុន្ននាថា​ បស​វោ ប​សុ​នា​ថា​ អយំ​ ប​ជា តំ​ នា​វោ​ស្មិ​ ម​ហា​រាជ​ មមំ នា​ថា មម ភរិយា​ ទិ្វ​ន្ម​ម​ញ្ញត​រំ ញត្វា មុ​ត្តោ គ​ច្ឆេយ្យ​ បព្វ​តំ ។សត្វ​ចិញ្ចឹម​ទាំង​ឡាយ​ មាន​ទឹក​ភ្លៀង​ជា​ពំ​នឹង ពពួក​សត្វ​នេះ​មាន​សត្វ​ចិញ្ចឹម​ជា​ពំ​នឹង​ ប​ពិត្រ​មាហា​រាជ​ ​ឯ​ទួល​បង្គំ​មាន​ព្រះ​អង្គ​ជាពំ​នឺង​ កិន្នរី​ដឹង​នូវ​ហេតុ​ណា​ ហើយ​រួច​ទៅ​កាន់​ភ្នំ ។ អធិ​ប្បាយ៖ ប​ពិត្រ​មហា​រាជ​ សត្វ​ចិញ្ចឹម​ទាំង​ឡាយ​មាន​ស្មៅ​ជា​ចំ​ណី​ឈ្មោះ​ថា​មាន​ទឹក​ភ្លៀង​ជា​ទី​ពឹង​ ព្រោះ​ចូល​ទៅ​ជិត​បរិ​ភោគ​នូវ​រស​គោ​៥ ចំ​ណែក​ទូល​បង្គំ​មាន​ព្រះ​អង្គ​ជា​ទី​ពឹង​ ឯ​ទូល​បង្គំ​ឈ្មោះ​ថា​ជា​ទី​ពឹង​រ​បស់​ភរិយា​ទូល​បង្គំ​ បើ​យើង​ខ្ញុំ​នៅ​រស់​នឹង​មិន​សុខ​ចិត្ត​លែង​លះ​គ្នា​ ក៏​ប្រ​សិន​ជា​ព្រះ​អង្គ​មាន​ប្រាថ្នា​នឹង​បំ​បែក​ភរិយា​ឲ្យ​ទៅ​នៅ​ព្រៃ​ហេម​ពាន្ត​ សូវ​ទ្រង់​សម្លាប់​ទូល​បង្គំ​ចោល​ជាមុន​ ហើយ​សន្សឹម​ព្រះ​អង្គបញ្ជូន​ឲ្យ​បែក​​គ្នា​ទៅ​ចុះ​សោះ​នឹង​រ​វល់​ បើ​មិន​ដូច្នោះ​ទេ​ ទូល​បង្គំ​នឹង​បែក​ទ្រូង​ស្លាប់​ក្នុង​ពេល​ដែល​រាជ​ប​រិ​ពារ យក​ភរិយា​ទៅ​លែង​ឯ​ព្រៃ​ហេម​ពាន្ត​ពុំ​ខាន​ឡើយ​ ។ ព្រះ​រា​ជាត្រេក​អរ​ចំ​ពោះ​កិន្នរ​នោះ​ទៀត​ ហើយ​ឲ្យ​កិន្នរ​ទាំង​ពីរ​ញី​ឈ្មោល​អង្គុយ​លើ​សុ​វណ្ណ​បញ្ជរ​ ទើប​បង្គាប់​ឲ្យ​ព្រាន​យក​ទៅ​លែង​ត្រង់​កន្លែង​ដែល​ចាប់​យក​មក​ ។ ព្រាន​ក៏​យក​ទៅ​លែង​តាម​ព្រះ​ឳង្ការ ។ កិន្នរ​ប្តី​ប្រ​ពន្ធ​នៅ​ជា​សុខ​សប្បាយ​ដរាប​ដល់​អស់​អាយុ​ក៏​ព្រោះ​តែ​មិន​ពោល​ពាក្យ​ជា​ទុ​ព្ភា​សិត​ ពោល​ពាក្យ​សុ​ភាសិត​តែ​ម្យ៉ាង ។ ត​ស្មា​ ម​រ​ណ​តោ មោក្ខំ ប​ត្ថយន្តេន ជ​ន្តុ​នា​ ម​ហាយ​ អ​លិ​កំ សច្ចំ ភាសិត​ព្វំ សុ​ធីម​តា​ ។ហេតុ​នេះ​សត្វ​ដែល​មាន​ប្រាជ្ញាល្អ កាល​ប្រាថ្នា​ឲ្យ​រួច​ពី​សេច​ក្តី​ស្លាប់​ ត្រូវ​លះ​បង់​ពាក្យ​ឡេះ​ឡោះ​ចេញ ហើយ​ពោល​ពាក្យ​សត្យ​តែ​ម្យ៉ាង ។​​ ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រជុំ​និទាន​ជាតក ដោយ៥០០០ឆ្នាំ
images/articles/840/2026-07-29_16_42_59-Greenshot.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២៦ (អាន: ១៦,៣៩៤ ដង)
រឿងត្មាតខ្វាក់ និងឆ្មា (ចាក ត. ម.​) (សំដី​សប្បុរស​របស់​សត្រូវ​ប្រចាំ​ជាតិ ជា​សំដី​របស់​ម្ចុរាជ) ពី​ព្រេងនាយ​ នៅ​លើ​ភ្នំ​គិជ្ឈកូដ ក្បែរ​ត្រើយ​ទន្លេ​គង្គា​មាន​ដើម​ធំ​ សម្បូណ៍​ដោយ​ប្រហោង​ព្រង់ ជាទី​អាស្រ័យ​នៅ​នៃ​ត្មាត​ខ្វាក់​មួយ​ឈ្មោះ​ជរទ្គវៈ។ពួក​បក្សី​ទាំង​ឡាយ ដែល​អាស្រ័យ​នៅ​នា​ដើម​ជ្រៃ​នោះ តែង​មាន​ចិត្ត​អាណិត​អាសូរ​ត្មាត​ខ្វាក់​​ចាស់​រេច​រិល​ក្រចក បាន​រំលែក​ចំណី​អាហារ​ម្នាក់​បន្ដិច ៗជួយ​ចិញ្ចឹម​ឲ្យ​មាន​ជីវិត​រស់​នៅ​រាល់ ៗ ថ្ងៃ។ សម័យ​មួយ មាន​ឆ្មា​មួយ​ឈ្មោះ​ទីឃិកណៈ បាន​ចូល​ទៅ​រក​ចាប់​កូន​បក្សី ក្នុង​ព្រង់​ជ្រៃ​នោះ​ធ្វើ​ចំណី​អាហារ​បណ្ដាល​ឲ្យ​កូន​បក្សី​ទាំងឡាយ កើត​កោលោហល​ផ្អើល​ឆោឡោ​ឡើង។​ត្មាត​ខ្វាក់​ឮ​សម្លេង​នោះ​ហើយ ក៏​ស្រែក​សួរ​ថា​ ‌" អា​ណា​មក​ឆាឆៅ​នៅ​ទី​នេះ​ " ? ឆ្មា​ក្រឡេក​មើល​ទៅ​តាម​សូរ​សម្លេង​ បាន​ឃើញ​ត្មាត​ធំ​សម្បើម ក៏​ភ័យ​តក់​ស្លុត​គិត​ថា " អញ​គ្រោះ​ស្លាប់​ដល់​ហើយពេល​នេះ​វីរ​ធំ​ហើយ អញ​ថយ​ទៅ​ក្រោយ​វិញ​ក៏​មិន​បាន​ ណ្ហើយ​អញ​គិត​ចូល​ទៅ​និយាយ​កុហក ថ្លែង​សេចក្ដី​ស្និទ្ធិ​ស្នាល​នឹង​ត្មាត​នេះ​សិន ដើម្បី​ឲ្យ​បាន​សម្រេច​ដូច​គោល​បំណង" លុះ​គិត​ហើយ ក៏​ថ្លែង​វា​ចា​គួរ​សម​ថា "បពិត្រ​លោក​អាចារ្យ ខ្ញុំ​សូម​ជម្រាប​សួរ ! " ។ ត្មាត​ខ្វាក់​សួរ​ថា ឯង​ជាអ្វី? ហ៊ាន​មក​ដល់​ទីនេះ មិនខ្លាច​ស្លាប់​ទេ​ឬ? ឆ្មា​ឆ្លើយ​ថា ខ្ញុំ​បាទម្ចាស់ ជា​ឆ្មា​វិឡារជាតិ ជាសត្វ​កាន់​សីល​ស្លូត​បូត។ ត្មាត​ខ្វាក់​គម្រាម​ថា " នែ! អាសត្វ​ចង្រៃ ចូរ​ចេញ​ឲ្យ​ឆាប់​ ប្រយ័ត្ន​ស្លាប់ " ។ ឆ្មា​អង្វរ​ថា " ឈប់​សិន​លោក​ម្ចាស់ ខ្ញុំ​បាទ​ជា​សត្វ​កាន់​សីល​ នៅ​ក្បែរ​ត្រើយ​ទន្លេ​គង្គា​នេះ​ដែរ តែង​ប្រព្រឹត្ត​មុជ​ទឹក​លាង​បាប កាន់​ព្រហ្ម​ចរិយ​ធម៌​ជាប់​ជានិច្ច មិន​ហ៊ាន​ស៊ី​សាច់​ឈាម ដូច​ឆ្មា​ដទៃ​ឡើយ ខ្ញុំ​បាទ​ឮ​កិត្តិស័ព្ទលោក​ម្ចាស់ ដែល​ពួក​ហ្វូង​បក្សី​ទាំង​ឡាយ​សសើរ​ថា ជា​អ្នក​ចេះ​ដឹង​ច្រើន​ មាន​ចិត្ត​ធ្ងន់​ក្នុង​ធម៌ ល្មម​ទុក​ចិត្ត​យក​ជា​មិត្រ​បាន​ទើប​ខ្ញុំ​បាទ មាន​ចិត្ត​ត្រេកអរ ចង់​ចូល​មក​ត្រង់​ត្រាប់​ស្ដាប់ឱវាទ​ធម៌​អាថ៌​អំពី​លោកម្ចាស់ សូម​លោក​ម្ចាស់​អភ័យ​ទោស​ទទួល​ខ្ញុំ​បាទ​ជា​បរិវារ​ផង។ ត្មាត​ខ្វាក់​ឆ្លើយ​កាត់​ថា " អញ​មិន​ជឿ​ឯង​ទេ ឲ្យ​តែ​ឈ្មោះ​ថា សត្វ​ឆ្មាវិទ្យារជាតិ​ហើយ គឺ​ជា​សត្រូវ​ប្រចាំជាតិ​នឹង​ពួក​បក្សី ពួក​ឯង​ចូល​ចិត្ត​ស៊ី​សាច់បក្សី​ណាស់ ឯង​កុំ​ថ្លែង​វា​ចា​កុហក​បញ្ឆោត​អញ " ។ ឆ្មា​ឮ​ដូច្នោះ ភិត​ភ័យ​ដាក់​មុខ​ចុះ ជើង​មុខ​ស្ទាប​ត្រចៀក ក្រាប​សំពះ និយាយអង្វរ​បញ្ជាក់​ថា " ខ្ញុំ​បាន​សិក្សា​ធម៌​អាថ៌​ច្រើន​ណាស់​មក​ហើយ លោភៈ ទោសៈ មោហៈ បាន​លះបង់​ចោល​អស់​ហើយ ខ្ញុំ​កាន់​អហសការ​មិន​បៀត​បៀន​ជានិច្ច សូម​លោក​អាចារ្យ​ជ្រាប តាម​វា​ចា​ពិត​របស់​ខ្ញុំ​ចុះ​កុំ​ច្រឡំ។ កាល​ឆ្មា​និយាយ​បន្ទន់​ចិត្ត​ត្មាត​ខ្វាក់​ឲ្យ​ទុកចិត្ត ជឿ​តាម​ឧបាយ​ខ្លួន​ហើយ ត្មាត​នៅ​ស្ងៀម ឆ្មា​ក៏​លបៗ ចូល​ទៅ​ក្នុង​ព្រង់ចាប់​កូន​បក្សី​ស៊ី​ជា​រាល់ ៗ ថ្ងៃ វិនាស​អស់​កូន​បក្សី​ក្នុង​ព្រង់​ជ្រៃ​នោះ។ ពួក​មេ​បក្សី​ទាំង​ឡាយ កាល​បើ​បាត់​កូន​អស់​គ្រប់ ៗ គ្នា​ហើយ ក៏​យំ​សោក​សង្រេង​សង្រៃ​រត់​ឆ្លេឆ្លា ឯ​ឆ្មា​ក៏​រត់ចេញ​ពី​ព្រង់​នោះ​បាត់​ទៅ ។ លុះ​មេបក្សី​ទាំង​នោះ បាន​ឃើញ​ឆ្អឹង​គរ​នៅ​ក្បែរ​គង់​ជ្រៃ​នោះ ក៏​ចោទ​ប្រកាន់​ត្មាត​ខ្វាក់​ថា​ ស៊ី​កូន​ខ្លួន​ទើប​នាំ​គ្នា​សម្លាប់​ត្មាត​ខ្វាក់​នោះ​ស្លាប់​អសារ​បង់​ជំនួស​ឆ្មា​កំហូច​នោះ​ហោង។ ស្រង់​ចាក​សៀវ​ភៅ​ប្រជុំ​និទាន​ជាតក​ ។ ដោយ៥០០០ឆ្នាំ
images/articles/1213/2026-07-19_16_03_49-Greenshot.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២៦ (អាន: ១៩,០៦៩ ដង)
រឿង​សត្វ​ខ្លែង និង​អ្នក​ប្រមាញ់ (ចាក ម.ប.) (ចេះ​ជួយ​យក​អាសា​គ្នា​ក្នុង​គ្រា​ក្រ ទើប​ជា​មិត្រ​ល្អ) កាល​កន្លង​ទៅ​ហើយ ព្រះ​បាទ​ព្រហ្មទត្ត​សោយ​រាជ្យ​ក្នុង​ក្រុង​ពារាណសី កាល​នោះ​អ្នក​ស្រុក​បច្ចន្ត​គ្រាម​ ចូលចិត្ត​រក​ស៊ី​បរ​បាញ់​សត្វ​យក​សាច់​ចិញ្ចឹម​គ្រួសារ ។ នៅ​ជិត​ស្រុក​នោះ​ មាន​ស្រះ​ធំ​មួយ​មាន​សត្វ ៥ ពួក​នៅ​អាស្រ័យ​គឺ​ ខ្លែង​ឈ្មោល​នៅ​ខាង​ត្បួង​ស្រះខ្លែង​ញី​នៅ​ខាង​លិច. រាជសីហ៍​នៅ​ខាង​ជើង​ អក​នៅ​ខាង​កើតអណ្តើក​នៅ​ត្រង់​ដី​ទួល​កណ្តាល​ស្រះ ។ ខ្លែង​ឈ្មោល​និយាយ​សុំ​ខ្លែង​ញី​ធ្វើជា​​ប្រពន្ធ​ខ្លែង​ញី​សួរ​ថា អ្នក​ចង់​បាន​ខ្ញុំ​ជា​ប្រពន្អ​នេះ តើ​អ្នក​មាន​មិត្ត​សម្លាញ់​ឬ​ទេ ? ខ្លែង​ឈ្មោល​ថា ខ្ញុំ​មិន​មាន​មិត្ត​សម្លាញ់​​ទេ។ ខ្លែង​ញី​ក៏​ប្រាប់​ទៅ​វិញ​ថា ត្រូវ​អ្នក​រក​ចង​មិត្ត​ឲ្យ​បាន​គ្នា​ច្រើន​សិន ទើប​ខ្ញុំ​ព្រម​ទទួល​យក ហើយ​​ពន្យល់​ខ្លែង​ឈ្មោល​ឲ្យ​ទៅ​ចង​មេត្រី​នឹង​សត្វ​ទាំង​បី​គី អក អណ្តើក និង​រាជសីហ៍ ។ ខ្លែង​ឈ្មោល​បាន​ស្តាប់​ហើយ ក៏​ទៅ​ចង​មិត្ត​នឹង​សត្វ​ទាំង​នោះ​បាន​សំរេច​ដូច​បំណង ។ គ្រា​នោះ​ ខ្លែង​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ជា​ប្តី​ប្រពន្ធ ធ្វើ​សំបុក​ពង​លើ​ដើម​ក្ទម្ត​ដែល​ដុះ​ត្រង់​ដី​ទួល​កណ្តាល​ស្រះ​នោះ​ឯង ក្រោយ​មក​ខ្លែង​ញី​ឈ្មោល​ក៏​បាន​កូន​ពីរ ។ថ្ងៃ​មួយ​ពួក​អ្នក​ស្រុក​បច្ចន្ត​គ្រាម ដើរ​បរបាញ់​សត្វ​ក្នុង​ព្រៃ​មិន​បាន ដល់​ពេល​យប់ ក៏​នាំ​គ្នា​ទៅ​ដេក​ក្រោម​ដើម​ក្ទម្ភ​ដុត​ភ្លើង​បង្ហុយ​ផ្សែង​បង្អើល​មូស ។ ផ្សែង​ភ្លើង​ហុយ​ទ្បើង​ទៅ​ដល់​សំបុក​ខ្លែង​លើ​ចុង​ក្ទម្ត កូន​ខ្លែង​តូច​ៗ​ដែល​នៅ​ក្នុង​សំបុក​ក៏​យំ​ស្រែក​រំពង ។ អ្នក​ប្រមាញ់​ឮ​សំលេង​កូន​សត្វ​មាន​សេចក្តី​ត្រេក​អរ​ណាស់ ដាស់​គ្នា​ឲ្យ​ក្រោក​ទ្បើង កាន់​គប់​ភ្លើង​បំភ្លឺ​ទៅ​យក​កូន​សត្វ​មក​ដុត​ស៊ី ។ ខ្លែង​ឈ្មោល​ថា​ អ្នក​ប្រមាញ់​ប្រាថ្នា​នឹង​ទ្បើង​មក​យកូន​យើង​ទៅ​ស៊ី​ហើយ ដូច្នេះ​សូម​អ្នក​ទៅ​ឲ្យ​ដំណឹង​ដល់​មិត្ត​សម្លាញ់​យើង ត្បិត​យើង​មាន​ភ័យ​អាសន្ទ​ដល់​ហើយ ។ ខ្លែង​ឈ្មោល ក៏​ស្ទុះ​ម្នីម្នា​ទៅ​ប្រាប់​អក​តាម​ដំណើរ អក​មក​ជួយ​យក​អាសា ហើយ​បញ្ជូន​ខ្លែង​ឈ្មោល​ឲ្យ​ប្រញាប់​ទៅ​មុន អក​ទៅ​ដល់​ទំ​លើ​ចុង​ឈើ​មួយ​ក្បែរ​ដើម​ក្ទម្ភ​នោះ ឃើញ​អ្នក​ប្រមាញ់​កំពុង​កាន់​គុប​ភ្លើង​ទ្បើង​ទៅ​រក​សំបុកអក ក៏​មុជ​ទៅ​ក្នុង​ស្រះ​ឲ្យ​ទទឹក​ស្លាបជោក ហើយ​ប្រៀម​ទឹក​ពេញ​មាត់ ហើរ​ទៅ​ទទះ​ស្លាប​ព្រួស​ទឹក​ពន្លត់គប់​ភ្លើង​នោះ ប្រមាញ់​ម្នាក់​កាន់​គប់​ទ្បើង​ទៅ​ទៀត​អក​ខំ​ពន្លត់​ដោយ​ឧបាយ​​នោះ​ទៀត ដរាប​ដល់​ពាក់​កណ្តាល​អធ្រាតុ​រងារ​ញ័រ​អស់​ទាំង​ខ្លួន ខ្លែង​ញី​ឃើញដូច្នោះ​ក៏​និយាយ​នឹង​ខ្លែង​ឈ្មោល​ឲ្យ​ទៅ​ប្រាប់​អណ្តើក​ជា​ប្រញាប់ ។ ខ្លែង​ឈ្មោល​ប្រាប់​អណ្តើក​ឲ្យ​មក​ជួយ អណ្តើក​ទទួល​យក​អាសា​ដោយ​សេចក្តី​ស្ម័គ្រ ។ គ្រា​នោះ​កូន​អណ្តើក បាន​ឮ​ឪពុក​ សុំ​ធានា​ទៅ​ជួយ​ការពារ​ខ្លែង​នោះ ។ អណ្តើក​ជា​ឪពុក​ឃាត់​កូន​មិន​ឲ្យ​ទៅ​ ទើប​ទៅ​យ៉ាង​ប្រញាប់​ដោយ​ខ្លួន​ឯង ចុះ​ទៅ​ក្នុង​ស្រះ​បា​ភក់ និង​សារាយ​នាំ​ទៅ​បាច​លើ​គំនរ​ភ្លើង​រលត់​អស់ ។ ឯ​ពួក​ប្រមាញ់​បាន​ឃើញ​អណ្តើក​ធំ​សំបើម​ដូច្នោះ ក៏​និយាយ​គ្នា​ដោយ​ត្រេក​អរ​ថា យើយ​កុំ​រវល់​នឹង​កូន​ខ្លែង​ល្អិត​នោះ នាំ​គ្នា​ចាប់​អណ្តើក​ធំ​ឯ​ណោះ​វិញ បើ​យើង​បាន​តែ​មួយ​នេះ​ ល្មម​ឆ្អែត​ទាំង​អស់​គ្នា ។ អ្នក​ប្រមាញ់​មិន​ដឹង​ដូចម្តេច​ចាប់​អណ្តើក​ធំ​នោះ​ឲ្យ​បាន​ឆាប់ ក៏​ស្រាត​សំពត់​ចុះ​ទៅ​វេច​ខ្ចប់​អណ្តើក​នោះ​ហើយ នាំ​គ្នា​ទាញ​ចុង​សំពត់​ម្ខាង ប៉ុន្តែ​ទាញ​មិន​ឈ្នះ​សោះ​ ព្រោះ​អណ្តើក​ធំ​ពេក ក៏​ត្រូវ​អណ្តើក​អូស​រហូត​ដល់​ទឹក​ជ្រៅ ហេតុ​តែ​សេចក្តី​លោភ​អ្នក​ទាំង​នោះ ស៊ូ​មុជ​ទៅ​តាម​ទាល់​តែ​ឈ្លក់​ទឹក​ផឹក​ប៉ោង​ពោះ​ទើប​ទ្បើង​មក​វិញ​រងារ​ញ័រ​ខ្លួន​ងាក​ទៅ​រក​ភ្នក់​ភ្លើង​រលត់​អស់​សំលៀក​បំពាក់​ក៏​គ្នាន បាន​ទៅ​អណ្តើក​អស់​ទៅក៏​នាំ​គ្នា​ឱប​ដៃ​អស់​សង្ឃឹម ហើយ​និយាយ​ថា ណ្ហើយ​ចុះ​ចាំ​ថ្ងៃរះ យើង​យក​កូន​ខ្លែង​ស៊ី​ឲ្យ​បាន ។ ខ្លែង​ញី​ឮ​ដូច្នោះ ប្រើ​ខ្លែង​ឈ្មោល​ឲ្យ​ទៅ​ពឹង​រាជសីហ៍​ទៀត ។ រាជសីហ៍ ទៅ​ដល់​គល់​ក្ទម្ភ ឥត​ឃើញ​មនុស្ស​មា្នក់​សោះ ។ ខណៈ​នោះ​អក អណ្តើក​និង​ខ្លែង​ចូល​ទៅ​រក​រាជសីហ៍ ៗ សំដែង​នូវ​អានិសង្ស មិត្ត​ដល់​សត្វ​ទាំង​នោះ ហើយ​រំលឹក​គ្នា​ទៅ​ទៀត​ថា​ ពី​ថ្ងៃ​នេះ​ត​ទៅ​យើង​ទាំង​អស់​គ្នា​ ត្រូវ​រក្សា​មិត្ត​ឲ្យ​ថិត​ថេរ​មាំមួន កុំ​ប្រហែស​ធ្វេស​ទ្បើយ ក៏​លា​គ្នា​ទៅ​កាន់​លំ​នៅ​រៀងៗ ខ្លួន ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/410/2026-07-26_08_03_03-Greenshot.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២៦ (អាន: ៤៩,៨០៧ ដង)
វានរិន្ទជាតក បុគ្គល​ដែល​ប្រកប​ដោយ​ធម៌​ ៤​ រមែង​កន្លង​បង់​នូវ​សត្រូវ ព្រះ​បរមសាស្តា​ កាល​ដែល​ព្រះ​អង្គ​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះ​ជេតពន​មហាវិហារ​ទ្រង់​ប្រារព្ធ​ភិក្ខុទេវទត្ត​ ដែល​មាន​ការ​ខ្វល់​ខ្វាយ​ រក​ឧបាយវិធី​សព្វ​គ្រប់​ ដើម្បី​ធ្វើ​ឃាត​ព្រះ​អង្គ ។​ ព្រះ​អង្គ​ទ្រង់​ត្រាស់​ព្រះ​ធម៌​ទេសនា​នេះ​ថា​ យស្សេតេ​ ចតុរោ​ ធម្មា​ ដូច្នេះ​ជា​ដើម ។ រឿងរ៉ាវ​ក្នុង​បច្ចុប្បន្ន ក្នុង​សម័យ​នោះ​ ព្រះ​សាស្តា​ទ្រង់​បាន​ស្តាប់​ដំណឹង​ថា​ ភិក្ខុ​ទេវទត្ត​កំពុង​ប្រឹង​ប្រែង​ក្នុង​ការ​ធ្វើ​ឃាត​ព្រះ​អង្គ​ ទើប​ទ្រង់​ត្រាស់​ថា​ “ម្នាល​ភិក្ខុ​ទាំង​ឡាយ​ មិន​មែន​ទើប​តែ​ក្នុង​ពេល​នេះ​ទេ​ ដែល​ទេវទត្ត​ខំ​ប្រឹង​ប្រែង​ ដើម្បី​សម្លាប់​តថាគត​នោះ​ ក្នុង​កាល​មុន​ក៏​ខិត​ខំ​ដូច​គ្នា​ដែរ​ ប៉ុន្តែ​មិន​អាច​ធ្វើ​សូម្បី​តែ​សេចក្តី​តក់​ស្លុត​ឲ្យ​ដល់​តថាគត​បាន​ឡើយ” ។​ រួច​ហើយ​ព្រះ​អង្គ​ក៏​នាំ​យក​រឿង​ក្នុង​អតីត​មក​សាធក​ (សម្តែង​ប្រាប់)​ ដូច​តទៅ​នេះ ៖ អតីតនិទាន ក្នុង​អតីតកាល​ គ្រា​ដែល​ព្រះ​បាទ​ព្រហ្មទត្ត​សោយ​រាជ​សម្បត្តិ​ក្នុង​ក្រុង​ពារាណសី​ ព្រះ​ពោធិសត្វ​សោយ​ព្រះ​ជាតិ​ជា​ពានរ ។​ កាល​ដែល​មាន​វ័យ​ចម្រើន​ហើយ​ ក៏​មាន​រាង​កាយ​ធំ​ប៉ុន​កូន​សេះ​ សម្បូណ៌​​ទៅ​ដោយ​កម្លាំង​ ត្រាច់​ទៅ​តាម​មាត់​ទន្លេ​តែ​ឯក​ឯង ។​ នៅ​កណ្តាល​ទន្លេ​ឯណោះ​ មាន​កោះ​មួយ​ ដែល​សម្បូណ៌​ទៅ​ដោយ​ដើម​ឈើ​មាន​ផ្លែ​​ផ្សេងៗ​ មាន​ស្វាយ​ និង​ខ្នុរ​ជា​ដើម ។​ ព្រះ​ពោធិសត្វ​មាន​កម្លាំង​ដូច​ដំរី​សារ​ លោត​អំពី​ត្រើយ​ខាង​នេះ​ហើយ​ ទៅ​ឈប់​នៅ​នឹង​ថ្ម​ ១​ ដុំ​ធំ​ ដែល​លេច​ចេញ​ពី​ទឹក​ នៅ​ត្រង់​រវាង​ត្រើយ​ហើយ​នឹង​កោះ​ រួច​ហើយ​លោត​ពី​ផែន​ថ្ម​នោះ​ ទៅ​ដល់​កោះ​ បរិភោគ​ផ្លែ​ឈើ​លើ​កោះ​នោះ​ យ៉ាង​សប្បាយ ។​ ដល់​ពេល​ល្ងាច​ ក៏​លោត​ត្រឡប់​មក​កាន់​លំនៅ​របស់​ខ្លួន​វិញ​ ដោយ​ឧបាយ​នោះ​ឯង ។​ ដល់​ពេល​ស្អែក​ឡើង​ ក៏​ទៅ​ដូច្នោះ​ទៀត​ ស្នាក់​នៅ​ទី​នោះ​ ដោយ​និយាម​ ( ទំនៀម​​ទម្លាប់​ )​ នេះ​ឯង ។ ក្នុង​គ្រា​កាល​នោះ​ មាន​ក្រពើ​ឈ្មោល​ ១​ ព្រម​ដោយ​ក្រពើ​ញី​មួយ​ទៀត​ជា​ប្រពន្ធ​របស់​ក្រពើ​ឈ្មោល​នោះ​ ដែល​អាស្រ័យ​នៅ​នឹង​ដង​ទន្លេ​នោះ​ឯង ។​ ក្រពើ​ជា​ប្រពន្ធ​ ឃើញ​ព្រះ​ពោធិសត្វ​លោត​ទៅ​ លោត​មក​ ក៏​កើត​ការ​ចាញ់​គភ៌​ ត្រូវ​ការ​បរិភោគ​សាច់​បេះ​ដូង​របស់​ព្រះ​ពោធិសត្វ​ ទើប​និយាយ​នឹង​ក្រពើ​ជា​ប្តីៈ មេ ៖​ សូម​ជម្រាប​លោក​ប្តី​ នាង​ខ្ញុំ​កើត​ការ​ចាញ់​គភ៌​ ត្រូវ​ការ​បរិភោគ​សាច់​បេះ​ដូង​របស់​វានរិន្ទ​នេះ ។ ឈ្មោល ៖​ បាន​ ប្រពន្ធ​សម្លាញ់​ នាង​ប្រាកដ​ជា​បាន​ ថ្ងៃ​នេះ​ បង​នឹង​ចាំ​ចាប់​វា​ នៅ​ពេល​ល្ងាច​ ដែល​វា​ត្រឡប់​មក​អំពី​កោះ​វិញ ។ដល់​ពេល​សម​រម្យ​ហើយ​​ ក្រពើ​ជា​ប្តី​ក៏​បាន​ទៅ​ដេក​ចាំ​លើ​ផែន​ថ្ម ។ ព្រះ​ពោធិសត្វ​ ទៅ​នៅ​នឹង​កោះ​អស់​ ១​ ថ្ងៃ​វាស់​ល្ងាច​ ដល់​ពេល​ត្រូវ​ត្រឡប់​មក​វិញ​ ក៏​ឈប់​នៅ​នឹង​ជាយ​កោះ​ សម្លឹង​មើល​ផែន​ថ្ម​ ហើយ​បាន​គិត​ថា​ ឥឡូវ​នេះ​ ផែន​ថ្មី​មាន​កម្ពស់​ខ្ពស់​ជាង​មុន​ តើ​ព្រោះ​ហេតុ​អ្វី​ហ្ន៎ ។ព្រះ​ពោធិសត្វ​ បាន​កំណត់​កម្ពស់​ទឹក​ និង​កម្ពស់​ថ្ម​បាន​យ៉ាង​ល្អ​ត្រឹម​ត្រូវ​ ព្រោះ​ហេតុ​​នោះ​ ទើប​មាន​សេចក្តី​ត្រិះ​រិះ​ថា​ ថ្ងៃ​នេះ​ ទឹក​មិន​ស្រក​ចុះ​ ហើយ​ក៏​មិន​មាន​ឡើង​ដែរ​ កាល​បើ​ដូច្នេះ​ ម៉េច​បាន​ជា​ថ្ម​ខ្ពស់​ឡើង​ ក្រែង​ក្រពើ​វា​ដេក​ចាំ​ចាប់​យើង​លើ​ផែន​ថ្ម​នោះ​ទេ​ដឹង ។ ព្រះ​ពោធិសត្វ​ គិត​ថា​ យើង​នឹង​បញ្ជាក់​មើល​ឲ្យ​ដឹង​ច្បាស់​សិន​ រួច​ហើយ​បាន​ស្រែក​ហៅ​ទៅ​រក​ដុំ​ថ្ម​ថា​ “អឺយ​ ផែន​ថ្មី​ដ៏​ចម្រើន” ។​ មិន​មាន​ពាក្យ​ឆ្លើយ​តប​ឡើយ​ ក៏​បាន​ស្រែក​ហៅ​ថ្ម​ដល់​ទៅ​ ៣​ ដង ។​ តើ​ឲ្យ​ថ្មី​ឆ្លើយ​តប​យ៉ាង​ដូច​ម្តេច​ទៅ?​ វានរិន្ទពោធិសត្វ​ នៅ​តែ​និយាយ​ទៅ​រក​ថ្ម​ទៀត​ថា​ “ផែន​ថ្ម​ដ៏​ចម្រើន​ ថ្ងៃ​នេះ​យ៉ាង​ម៉េច​ហ្នឹង​ បាន​ជា​មិន​ឆ្លើយ​តប​នឹង​ខ្ញុំ” ។ ក្រពើ​បាន​ស្តាប់​ហើយ​គិត​ថា​ ក្នុង​ថ្ងៃ​មុនៗ​ ផែន​ថ្ម​នេះ​ ពិត​ជា​ឆ្លើយ​តប​នឹង​វានរិន្ទ​មែន​ហើយ​ ឥឡូវ​នេះ​ យើង​នឹង​ឆ្លើយ​ទៅ​រក​គេៈ ក្រពើ ៖​ មាន​ការ​អ្វី​ វានរិន្ទ​ដ៏​ចម្រើន? វានរិន្ទ ៖​ អ្នក​ឯង​ជា​អ្នក​ណា? ក្រពើ ៖ យើង​ជា​ក្រពើ ។ វានរិន្ទ ៖​ អ្នក​ឯង​មក​ដេក​ទី​នេះ​ ដើម្បី​ត្រូវ​ការ​អ្វី? ក្រពើ ៖​ ដើម្បី​ត្រូវ​ការ​សាច់​បេះ​ដូង​របស់​អ្នក ។ ព្រះ​ពោធិសត្វ​គិត​ថា​ យើង​មិន​មាន​ផ្លូវ​ដទៃ​ទៅ​ឡើយ​ ដូច្នេះ​ ពេល​នេះ​យើង​ត្រូវ​ប្រើ​ឧបាយ​ជា​មួយ​នឹង​ក្រពើ​នេះ ។​ គ្រា​ដែល​គិត​រួច​ហើយ​ ទើប​និយាយ​ទៅ​កាន់​ក្រពើ​ថា​ “នែ​ ក្រពើ​​សម្លាញ់​ យើង​នឹង​លះ​បង់​រាង​កាយ​ឲ្យ​ដល់​អ្នក​ ចូរ​អ្នក​ហា​មាត់​រង់​ចាំ​ទទួល​យើង​ចុះ” ។​ ជា​ធម្មតា​នៃ​សត្វ​ក្រពើ​ នៅ​ពេល​ហា​មាត់​ ភ្នែក​ទាំង​ ២​ របស់​វា​រមែង​បិទ​ ដោយ​ក្រពើ​នោះ​ មិន​បាន​កំណត់​ហេតុ​នេះ​ ក៏​ហា​មាត់​រង់​ចាំ ។​ ព្រះ​ពោធិសត្វ​ដឹង​នូវ​សភាព​នោះ​ហើយ​ ក៏​លោត​អំពី​កោះ​មក​ជាន់​លើ​ក្បាល​ក្រពើ​ ហើយ​លោត​ពី​ក្បាល​ក្រពើ​មក​រក​ត្រើយ​ លឿន​ដូច​ផ្លេក​បន្ទោរ ។ ក្រពើ​ឃើញ​ហេតុ​អស្ចារ្យ​នោះ​ ក៏​គិត​ថា​ វានរិន្ទ​នេះ​ ធ្វើ​ការ​គួរ​ឲ្យ​អស្ចារ្យ​ណាស់ ។​ ភ្លាម​នោះ​ ក្រពើ​បាន​ពោល​ថា​៖ យស្សេតេ​ ចតុរោ​ ធម្មា​ វានរិន្ទ​ យថា​ តវ សច្ចំ​ ធម្មោ​ ធិតិ​ ចាគោ​ ទិដ្ឋំ​ សោ​ អតិវត្តតិ ។ បពិត្រ​វានរិន្ទ​ បុគ្គល​ណា​ មាន​ធម៌​ ៤​ ប្រការ​ដូច​អ្នក​ គឺ​ សច្ចៈ​ សេចក្តី​ទៀង​ទាត់​ ១​ ធម្ម​គឺ​ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ ១​ ធិតិ​ គឺ​ការ​ព្យាយាម​មិន​ដាច់ ១​ ចាគៈ​ ការ​បរិច្ចាគ​ ១​ បុគ្គល​នោះ​ រមែង​កន្លង​បង់​នូវ​សត្រូវ​បាន ។ ( វានរិន្ទជាតក​ បិដកលេខ ៥៨​ ទំព័រ​ ២៥ ) អធិប្បាយ បណ្តា​បទ​ទាំង​នោះ​ បទ​ថា​ យស្ស​ បាន​ដល់​ បុគ្គល​ណា​មួយ ។ បទ​ថា​ ឯតេ​ ដោយ​សេចក្តី​ថា​ រមែង​ប្រាកដ​ដោយ​ប្រចក្ស​ក្នុង​ធម៌​ ដែល​យើង​នឹង​ពោល​ក្នុង​ពេល​នេះ ។ បទ​ថា​ ចតុរោ​ ធម្មា​ បាន​ដល់​ គុណធម៌​ ៤​ ប្រការ ។ បទ​ថា​ សច្ចំ​ បាន​ដល់​ វចីសច្ចៈ​ គឺ​ដែល​អ្នក​ប្រាប់​ថា​ នឹង​មក​កាន់​សម្នាក់​របស់​យើង​ អ្នក​ក៏​មិន​បាន​​ពោល​កុហក​ អ្នក​មក​ពិតៗ​ នេះ​ជា​វចីសច្ចៈ​របស់​អ្នក ។ បទ​ថា​ ធម្មោ​ បាន​ដល់​ វិចារណបញ្ញា​ ពោល​គឺ​ ការ​ចេះ​ពិចារណា​ថា​ កាល​បើ​ធ្វើ​យ៉ាង​នេះ​ហើយ​ នឹង​ត្រូវ​បាន​ផល​យ៉ាង​នេះ​​ ចំណុច​នេះ​ ជា​វិចារណបញ្ញា​របស់​អ្នក ។ សេចក្តី​ព្យាយាម​មិន​ដាក់​ធុរៈ​ ប្រឹង​ប្រែង​មិន​ដាច់​ លោក​ហៅ​ថា​ ធិតិ​ សូម្បី​គុណធម៌​នេះ​​ ក៏​មាន​ដល់​អ្នក ។បទ​ថា​ ចាគោ​ បាន​ដល់​ ការ​លះ​បង់​ខ្លួន​ គឺ​ការ​ដែល​អ្នក​​លះ​បង់​ជីវិត​ មក​ដល់​សម្នាក់​យើង​ តែ​យើង​មិន​អាច​ចាប់​អ្នក​បាន​ នេះ​ជា​ទោស​របស់​យើង​តែ​ម្ខាង ។ បទ​ថា​ ទិដ្ឋំ​ បាន​ដល់​ បច្ចាមិត្ត ។ បទ​ថា​ សោ​ អតិវត្តតិ​ ដោយ​សេចក្តី​ថា​ ធម៌​ ៤​ ប្រការ​ ដូច​ពណ៌នា​មក​នេះ​ មាន​ដល់​បុគ្គល​ណា​ ដូច​ជា​មាន​ដល់​អ្នក​ បុគ្គល​នោះ​ រមែង​ឈាន​កន្លង​ គឺ​គ្រប​សង្កត់​បាន​នូវ​បច្ចាមិត្ត​របស់​ខ្លួន​ ដូច​ជា​អ្នក​ដែល​បាន​កន្លង​ផុត​យើង​ទៅ​ នៅ​ក្នុង​ថ្ងៃ​នេះ​ឯង ។ក្រពើ​សរសើរ​ព្រះ​ពោធិសត្វ​យ៉ាង​នេះ​ហើយ​ ក៏​ទៅ​កាន់​លំនៅ​របស់​ខ្លួន ។ ប្រជុំ​ជាតក ព្រះ​បរមសាស្តា​ បាន​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ទេវទត្ត​មិន​មែន​ទើប​តែ​ប្រឹង​ប្រែង​ដើម្បី​សម្លាប់​យើង​ ក្នុង​កាល​ឥឡូវ​នេះ​ប៉ុណ្ណោះ​ទេ​ សូម្បី​ក្នុង​កាល​មុន​ ក៏​ខំ​ប្រឹង​ប្រែង​ដូច​គ្នា​ដែរ ។​ ព្រះ​អង្គ​ទ្រង់​បាន​នាំ​ព្រះ​ធម៌​ទេសនា​នេះ​មក​ហើយ​ ព្រះ​អង្គ​ត្រាស់​បន្ត​អនុសន្ធិ​ ប្រជុំ​ជាតក​ថា​ ក្រពើ​ក្នុង​កាល​នោះ​ បាន​មក​ជា​ភិក្ខុ​ទេវទត្ត​ក្នុង​កាល​នេះ​ ក្រពើ​ជា​ប្រពន្ធ​ បាន​មក​ជា​នាង​ចិញ្ចា​ ចំណែក​វានរិន្ទ​ បាន​មក​ជា​តថាគត យ៉ាង​នេះ​ឯង ៕ ដោយ៥០០០ឆ្នាំ
images/articles/461/Untit53452345led-1.gif
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២៦ (អាន: ៣៧,០១៦ ដង)
នៅ​ក្នុង​ភទ្រកប្ប​យើង​នេះ ផែនដី​ដែល​មាន​ឈ្មោះថា ភទ្រកប្ប គឺ​មាន​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ដឹង ៥​ព្រះអង្គ។ ហើយ​ចំពោះ​ផែន​ដី​ដែល​មាន​ព្រះពុទ្ធត្រាស់​ដឹង ៥​ព្រះអង្គ​នេះ​គឺ​ថា​ជា​ការកម្រ​រក​​បាន​ណាស់
images/articles/1144/2026-07-28_07_39_14-New_Text_Document_txt_-_Notepad.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២៦ (អាន: ២៤,៩២៥ ដង)
រឿង​ធម្មបាល​កុមារ (ចាក ម. ទ.) (ការ​ស្លាប់​មាន​ពិត តែ​អ្នក​រក្សា​ធម៌​តែង​មាន​អាយុ​វែង) ក្នុង​បឋម​ពោធិកាល សម្តេច​ព្រះ​មាន​ជោគ បាន​ស្តេច​ទៅ​កាន់​ក្រុង​កបិល​ពស្តុ ជា​លើក​ដំបូង ទ្រង់​គង់​ក្នុង​និគ្រោធារាម ។ ពេល​នោះ​ព្រះ​បាទ​ សិរីសុទ្ធោទន​មហារាជ ជា​ព្រះ​រវរាជ​បិតា បានចង្ហាន់ប្រគេន​ព្រះ​អង្គ​ និង​ព្រះ​សង្ឃ​ខី​ណា​ស្រព​២​ម៉ឺន​អង្គ​ជា​បរិវារ ទើប​មាន​បន្ទូល​សំណេះ​សំណាល​ថា​កាល​ដែល​ព្រះ​អង្គ​កំពុង​ព្យាយាម​ធ្វើ​ទុក្ករ​កិរិយា ស្វែង​រក​អនុត្តរ​សម្មា​សម្ពោធិ​ញាណ មាន​ទេវតា​ហោះ​មក​ឋិត​នៅ​លើ​អាកាស​នភាល័យ​ស្រែក​ប្រាប់​ថា ព្រះ​សិទិ្ធត្ថ​កុមារ​ជា​ព្រះ​រាជ​បុត្រ​ព្រះ​អង្គ សោយ​ព្រះ​ទី​វង្គត​ទៅ​ហើយ ព្រោះ​ទ្រង់​មាន​អាហារ​តិច ។ ព្រះ​សាស្តា​មាន​ព្រះ​បន្ទូល​ថា ចុះ​មហារាជ​ជឿ​ឬ? ខ្ញុំ​មិន​ជឿ​ទេ បាន​ទាំង​និយាយ​ឃាត់​ទេវតា​វិញ​ថា កូន​ខ្ញុំ​បើ​មិន​ត្រាស់ មុខ​ជា​មិន​ស្លាប់ ។ ព្រះ​សាស្តា​មាន​ព្រះ​បន្ទូល​ថា ឥឡូវ​នេះ​ព្រះ​អង្គ​ជឿ​ដូចម្តេច​កើត បើ​ពី​ដើម​តថាគត​នៅ​ជា​មហា​ធម្មបាល​ពោធិសត្វ អាចារ្យ​ទិសា​បាមោក្ខ​យក​ឆ្អឹង​ពពែ​មក​បង្ហាញ​ថា កូន​អ្នក​ឯង​ស្លាប់​ទៅ​ហើយ នេះ​ឆ្អឹង ក៏​ព្រះ​អង្គ​មិន​ជឿ​ហើយ​និយាយ​តប​ទៅ​ថា ត្រកូល​យើង​មិន​ដែល​មាន​នរណា​ស្លាប់​ពី​ក្មេង​ទេ ។ ព្រះ​បាទ​សុទ្ធោទន​ក៏​អារាធនា ។ ព្រះ​សាស្តា​ស្តេច​នាំ​អតីត​និទាន​មក​សំដែង​ដូច​ត​ទៅ​នេះ ។ ក្នុង​កាល​ដែ​ល​កន្លង​ទៅ​ហើយ មាន​ព្រះ​មហាក្សត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ព្រហ្មទត្ត សោយ​រាជ្យ​សម្បត្តិ​នៅ​នគរ​ពារាណសី ជា​ស្តេច​ប្រកប​ដោយ​ទសពិធរា​ធម៌ នឹង​មាន​សេចក្តី​ស្រឡាញ់ រាប់​អាន​អាណា​ប្រជា​នុរាស្ត្រ​ទូ​ទៅ។ ក្នុង​កសិក​រដ្ឋ មាន​ស្រុក​មួយ​ឈ្មោះ​ធម្មបាល (​បាន​ឈ្មោះ​ដូច្នេះ​ព្រោះ​អ្នក​នៅ​ក្នុង​ស្រុក​នោះ​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​រក្សា​ធម៌) ។ ព្រាហ្មណ៍​ដែល​នៅ​ក្នុង​ស្រុក​នោះ​ក៏​ឈ្មោះ​ធម្មបាល​ដែរ ព្រោះ​សុទ្ធ​តែ​ជា​អ្នក​រក្សា​ធម៌ គឺ​កុសល​កម្ម​បថ​១០។ ដោយ​ហោច​ទៅ ពួក​កម្មករ​ក្នុង​ត្រកូល​ព្រាហ្មណ៍​នោះ ក៏​សុទ្ធ​តែ​ជា​អ្នក​ឲ្យ​ទាន​រក្សា​និច្ច​សីល​ឧបោសថ​សីល​ដូចៗ​គ្នា ។ គ្រា​នោះ​ ព្រះ​បរម​ពោធិសត្វ​ទ្រង់​យោន​យក​កំនើត​ក្នុង​ត្រកូល​ព្រាហ្មណ៍​ធម្មបាល​មាន​ឈ្មោះ​ថា​ធម្មបាល​កុមារ ។ ពេល​ធម្មបាល​កុមារ​ចំរើន​អាយុ​ឡើង​កាល​ណា ព្រាហ្មណ៍​ជា​បិតា​បាន​ឲ្យ​ប្រាក់​១​ពាន់​កហាបណៈ ហើយ​បញ្ចូន​ឲ្យ​ទៅ​រៀន​សិល្ប៍សាស្ត្រ ឯ​ក្រុង​តក្ក​សិលា​ក្នុង​សំណាក់​អាចារ្យ​ពេញ​ចិត្ត ហើយ​ប្រគល់​មាណព​ជា​សិស្ស ទាំង​៥០០​រូប​ឲ្យ​ធម្ម​បាល​កុមារ​ត្រួត​ត្រា ។ គ្រា​នោះ​កូន​ច្បង​របស់​អាចារ្យ​ទិសា​បាមោក្ខ ក៏​ធ្វើ​មរណ​កាល​ទៅ ។ ឯ​អាចារ្យ​នឹង​មាណព​ជា​សិស្ស​ទាំង​៥០០ ទួញ​យំ​សោយ​សោក​ស្រណោះ​ស្តាយ​កូន​ជា​ពន់​ពេក ។ លុះ​បន្ទោ​បង់​សេចក្តី​សោយ​សោក​ហើយ ក៏​រៀប​ចាត់​ចែង​ធ្វើ​សវនកិច្ច​កូន​នោះ​តាម​ប្រពៃណី​នា​ប៉ាឆា​មួយ ។ អាចារ្យ ពួក​ញាតិ​និង​មាណព​ជា​សិស្ស​ទាំង​អស់​គ្នា ក៏​ទួញ​យំ​សោក​ក្នុង​ប៉ាឆា​នោះ​ថែម​ទៀត ប្លែក​តែ​ធម្មបាល​មួយ​ទេ​ដែល​មិន​សោយ​សោក មិន​ចូល​កាន់​មរណ​សញ្ញា​ជា​មួយ​នឹង​គេ ។ កាល​ដែល​ពួក​អ្នក​ចូល​កាន់​សេចក្តី​ទុក្ខ​ទាំង​អស់​ត្រឡប់​មក​ផ្ទះ​វិញ អង្គុយ​ក្នុង​សំណាក់​លោក​អាចារ្យ​ពោល​រៀប​រាប់​ត្អួញ​ត្អែរ​ថា ឱ​ហេតុ​អ្វី​ហ្ន៎ បាន​ជា​មាណព​នេះ​នៅ​ក្មេង​ត្រឡាំង ហើយ​ស្លាប់​ព្រាត់​ប្រាស ចាក​មាតា​បិតា​ញាតិ​មិត្ត​យ៉ាង​នេះ ។ ធម្មបាល​កុមារ​និយាយ​តប​ថា ហៃ​សម្លាញ់​ទាំង​ឡាយ អ្នក​ពោល​ថា​មាណព​នេះ​ស្លាប់​ពី​ក្មេង ចុះ​បើ​ក្មេង​ទេ​ម្តេច​ក៏​ស្លាប់? ការ​ស្លាប់​ពី​ក្មេង​វា​មិន​ដែល​មាន ។ ពួក​មាណព​និយាយ​ថា នែ​សម្លាញ់ អ្នក​ឯង​មិន​ដឹង​ជា​សត្វ​តែង​តែ​វិនាស​យ៉ាង​នេះ​ឬ? ខ្ញុំ​ដឹង​ណាស់​ទៅ​ហើយ តែ​ថា​សត្វ​ទាំង​ឡាយ​ដែល​ស្លាប់​ពី​ក្មេង​មិន​ដែល​មាន លុះ​ណា​តែ​ចាស់​ទើប​ស្លាប់​ ។ មិន​មែន​ដូច្នោះ​ទេ​ធម្មបាល​សម្លាញ់ សង្ខារ​ជា​សភាព​មិន​ទៀង​ទាត់​ឋិត​ថេរ​ទេ តែ​កើត​ឡើង​ហើយ​ពិត​ជា​វិនាស​ទៅ​វិញ​ជា​ធម្មតា មិន​ថា​ចាស់​ឬ​ក្មេង​ឡើយ ។ ធម្មបាល​តប​ថា សំដី​អ្នក​និយាយ​ នេះ​ត្រូវ​ណាស់ ៗ តែ​មិន​ដែល​មាន​សត្វ​ណា​ស្លាប់​ពី​ក្មេង លុះ​តែ​ចាស់​ទើប​ស្លាប់ ទើប​សង្ខា​មិន​ទៀង ។ មាណព​ឆ្ងល់​នឹង​សំដី​ធម្ម​បាល​ណាស់​ក៏​សួរ​ថា ធម្មបាល​សម្លាញ់ ចុះ​ផ្ទះ​អ្នក​ឯង​គ្មាន​មនុស្ស​ស្លាប់​ទេ​ឬ? មាន​ស្លាប់​ពិត​តែ​មិន​ស្លាប់​ពី​ក្មេង​ទេ លុះ​តែ​ចាស់​ទើប​ស្លាប់ ។​ត្រកូល​អ្នក​ឯង​សុទ្ធ​តែ​យ៉ាង​ហ្នឹង​ឬ? ត្រកូល​ខ្ញុំ​យ៉ាង​ហ្នឹង​ឯង ។ ពួក​មាណព​ឮ​ពាក្យ​ធម្មបាល​ពោល​ដូច្នោះ ក៏​នាំ​គ្នា​ទៅ​ជំរាប​លោក​អាចារ្យ ។ ឯ​អាចារ្យ​បាន​ហៅ​ធម្មបាល​មក​សួរ​ថា ម្នាល​ធម្មបាល​ ឮ​ថា​ត្រកូល​អ្នក​ឯង​មនុស្ស​មិន​ដែល​ស្លាប់​ពី​ក្មេង​មែន​ឬ? បពិត្រ​លោក​អាចារ្យ ពិត​មែន ។ ឮអាចារ្យ ឮ​ពាក្យ​នោះ​ហើយ ក៏​គិត​ថា ធម្មបាល​និយាយ​ពាក្យ​ប្លែក​ពេក​ណាស់ អញ​នឹង​ទៅ​កាន់​សំណាក់​បិតា​ធម្មបាល​នេះ ហើយ​សាក​សួរ​មើល តើ​គេ​ប្រព្រឹត្ត​ធម៌​បែប​ណា បាន​ជា​មិន​ស្លាប់​ពី​ក្មេង​បើ​ពិត​ដូច​ថា​មែន អញ​នឹង​ប្រព្រឹត្ត​តាម​ធម៌​នោះ​ដែរ ។ កន្លង​មក​៧​ ឬ​៨​ថ្ងៃ​អាចារ្យ​ក៏​ហៅ​ធម្មបាល​មក​ប្រាប់​ថា ម្នាល​ធម្មបាល យើង​មិន​នៅ​ទេ ចូរ​ឯង​បង្រៀន​សិល្ប​សាស្ត្រ​ដល់​ពួក​មាណព​ជំនួស​យើង​ផង ទំ​រាំ​យើង​ត្រឡប់​មក​វិញ​ លុះ​ពោល​ដូច្នោះ​ហើយ ក៏​យក​ឆ្អឹង​ពពែ​មក​លាង​ស្អាត​បាត​ច្រក​ទៅ​ក្នុង​ការុង ឲ្យ​បំរើ​ម្នាក់​លី​តាម ដោយ​ដើរ​ចេញ​ពី​នគរ​តក្កសិលា យាត្រា​ម្នីម្នា​ទៅ​ធម្មបាល​គ្រាម ទើប​សួរ​រក​ផ្ទះ​ធម្មបាល​កុមារ ហើយ​ឈរ​នៅ​ទៀប​ទ្វារ​ផ្ទះ ។ ពួក​កម្មករ​របស់​ព្រាហណ៍​បាន​ឃើញ​លោក​អាចារ្យ ក៏​ស្ទុះ​ទៅ​ទទួល​ឆ័ត្រ​ស្បែក​ជើង​ពី​ដៃ​លោក​អាចារ្យ យក​ការ៉ុង​ពី​អ្នក​បំរើ អាចារ្យ​ទិសាបាមោក្ខ​ពោល​ថា ចូរ​អ្នក​ទាំង​ឡាយ​ជំរាប​ព្រាហ្មណ៍ជា​បិតាម​ធម្មបាល​កុមារ​ថា អាចារ្យ​របស់​ធម្មបាល មក​ឈរ​នៅ​ទៀប​ទ្វារ​ឯ​ណោះ ។ ខ្ញុំ​កំដរ​ទៅ​ជំរាប​តាម​ពាក្យ​លោក​អាចារ្យ ឯ​ព្រហ្មណ៍​ក៏​ម្នី​ម្នា​ស្ទុះ​ទៅ​ទទួល​រាក់​ទាក់​បដិ​សណ្ឋារៈ​ អញ្ជើញ​ឡើង​ទៅ​លើ​ផ្ទះ ឲ្យ​អង្គុយ​លើ​គ្រែ ហើយ​ធ្វើ​កិច្ច មាន​ការ​លាង​ជើង​ជា​ដើម​ឲ្យ​លោក​អាចារ្យ​នោះ ។ លុះ​អាចារ្យ​បរិភោគ​ភោជន​រួច​ហើយ​ ក៏​ផ្តើម​និយាយ​បា្រប់​ព្រាហ្មណ៍​ថា ធម្មបាល​បុត្រ​អ្នក​មាន​ប្រាជ្ញា​វាង​វៃ​ណាស់ រៀន​សូត្រ​ចេះ​ចប់​វេទ​ទាំង​៣ នឹង​សិល្ប៍សាស្ត្រ​ទាំង​១៨​តែ​ស្លាប់​ទៅ​ហើយ សង្ខារ​ជា​សភាវមិន​ទៀង​ទេ អ្នក​កុំ​សោយ​សោក​ធ្វើ​អ្វី ។ ព្រាហ្មណ៍​ឮ​ពាក្យ​នោះ​ក៏​ទះ​ដៃ​សើច ។ អាចារ្យ​សួរ​ថា អ្នក​សើច​រឿង​អ្វី ? កូន​យើង​មិន​ស្លាប់​ទេ ក្រែង​តែ​អ្នក​ដទៃ​ទើប​ស្លាប់ ។ អាចារ្យ​ទាញ​ឆ្អឹង​ពី​ការុង ហើយ​និយាយ​ថា នេះ​ឆ្អឹង​កូន​អ្នក​ឯង។ ទេ​ឆ្អឹង​នេះ​ប្រហែល​ជា​ឆ្អឹង​ពពែ ឬ​ឆ្អឹង​ឆ្កែ មិន​មែន​កូន​ខ្ញុំ​ទេ ព្រោះ​ត្រកូល យើង​រហូត​ដល់​៧​សន្តាន មិន​ដែល​មាន​អ្នក​ណា​មួយ​ស្លាប់​ពី​ក្មេង​ទេ លោក​និយាយ​កុហក​ហើយ ។ អាចារ្យ​ឃើញ​ហេតុ​អស្ចារ្យ​ដូច្នេះ​មាន​ចិត្ត​ត្រេក​អរ​ណាស់ បាន​សាក​សួរ​ថា ម្នាល​ព្រាហ្មណ៍ ត្រកូល​មិន​ដែល​មាន​ជន​ណា​ស្លាប់​ពី​ក្មេង​នោះ មិន​មែន​ឥត​ហេតុ​ឡើយ​ ហេតុ​ដែល​មិន​ស្លាប់​ពី​ក្មេង​នោះ​តើ​យ៉ាង​ណា? ទើប​អាចារ្យ​ចង​ជា​បទ​គា​ថា​សួរ​ថាៈ " អ្នក​សមាទាន​វត្ត​ដូចម្តេច? ព្រហ្មចរិយា​ដូចម្តេច? នេះ​ជា​ផល​របស់​កម្ម​អ្វី ដែល​អ្នក​បាន​សន្សំមក? ម្នាល​ព្រាហ្មណ៍​ ចូរ​អ្នក​ប្រាប់​សេចក្តី​នេះ​ដល់​យើង ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​មិន​ស្លាប់​ពី​ក្មេង?" ព្រាហ្មណ៍​ឆ្លើយ​ប្រាប់​ថាៈ យើង​បាន​រក្សា​កម្មបថ​១០ ដោយ​ម៉ត់​ចត់ គឺ​យើង​មិន​ប្រព្រឹត្ត​រំលោភ​ចង់​បាន​ទ្រព្យ​អ្នក​ដទៃ ដោយ​ចង់​បាន​មក​ជា​របស់​ខ្លួន មិន​ប្រព្រឹត្ត​បាទ​ចង​គំនុំ​គំគួន​នឹង​អ្នក​ដទៃ មិន​មាន​គំនិត​យល់​ខុស​មាន​យោបល់​ថា លោក​នេះ​គ្មាន​(នត្ថិ អយំ លោកោ) ជា​ដើម​ មិន​និយាយ​ពាក្យ​កុហក មិន​និយាយ​ពាក្យ​ស៊ក​សៀត​បំបែក​បំបាក់​អ្ន​ក​ដទៃ មិន​និយាយ​ពាក្យ​ញុះ​ញង់ មិន​និយាយ​រោយរាយ​ឥត​ប្រយោជន៍​ មិន​សម្លាប់​សត្វ​មិន​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ មិន​ប្រព្រឹត្ត​កន្លង​កូន​ប្រពន្ធ​អ្នក​ដទៃ ទាំង​ភរិយា​យើង​សោត ក៏​មិន​បាន​ប្រព្រឹត្ត​ក្បត់​យើង​ព្រោះ​ហេតុ​ដូច្នោះ បាន​ជា​យើង​មិន​ស្លាប់​ពី​ក្មេង បពិត្រ​លោក​អាចារ្យ​ នេះ​ជា​វត្ត​ដែល​យើង​បាន​ប្រព្រឹត្ត​មក​ដោយ​ល្អ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1499/2026-07-27_16_36_25-Home_-_File_Explorer.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ៨៩,៥២៩ ដង)
សត្វ​លោក​ដែល​មិន​បាន​យល់​ចូល​ចិត្ត​នូវ​ព្រះសទ្ធម្ម គេ​រមែង​ជ្រប់​ងប់​ក្នុង​លោក​នេះ គេ​ខ្វល់​ខ្វាយ​ក្នុង​ជីវិត ជាប់​ជំពាក់​នៅ​ក្នុង​សេចក្ដី​ប្រាថ្នា តូច​ចិត្ត​ចំពោះ​ភាព​ក្រលំបាក​តោក​យ៉ាក តែ​គេ​ក៏​ក្ដៅ​ក្រហាយ​ពី​ព្រោះ​តែ​ទ្រព្យ​សម្បត្តិ​​ដែល​ខ្លួន​ហួង​ហែង​រក្សា​ផង​ដែរ ​គេ​ខ្វល់​ខ្វាយ​នៅ​ក្នុង​រឿង​​ទ្រព្យ​របស់ ប៉ុន្តែ​គេ​មិន​បាន​ដឹង​ថា ទ្រព្យ​ធន​ដែល​ជា​វត្ថុ​កា​ម​ទាំង​អស់​គឺ​ជា​អន្ទាក់​ដ៏​សាហាវ​នោះ​ទេ។ ម្យ៉ាង​ទៀត ហេតុ​តែ​គេ​មិន​បាន​មើល​ឃើញ​ និង​យល់​ច្បាស់​ថា តើ​នរក​មាន​ដែរ​ឬ​ទេ? នោះ​ ព្រោះ​គ្រាប់​ព្រួញ​ដែល​មាន​ពិស​ដ៏​កាច​សាហាវ គឺ​កិលេស តណ្ហា ឧបាទាន បាន​មុត​ចូល​ស៊ប់​ទៅ​ក្នុង​ខ្លួន​របស់​គេ​អស់​កាល​ជា​អង្វែង​មក​ហើយ។ ដោយ​អំណាច​ពិស​នៃ​គ្រាប់​ព្រួញ​នេះ គេ​បាន​ទទួល​ការ​ចុក​ចាប់​ឈឺ​ផ្សា​យ៉ាង​ខ្លាំង​ក្លា តែ​គេ​មិន​ដដឹង​ធ្វើ​យ៉ាង​ណា ដើម្បី​ដក​ព្រួញ​ពិស​នោះ​ចេញ​ពី​ខ្លួន​គេ​ឡើយ។ សត្វ​លោក​ទាំង​ឡាយ​ស្ពប់​ខ្ពើម​សេចក្ដី​ទុក្ខ​ណាស់ ចង់​បំបាត់​សេចក្ដី​ទុក្ខ​ណាស់ តែ​គេ​ខ្វះ​ខាត​មធ្យោ​បាយសម្រាប់​អនុវត្ត។ ពេល​វេលា​ចេះ​តែ​កន្លង​ទៅ​ឥត​ឈប់ឈរ ដំបៅ​លើ​វិញ្ញាណ​របស់​គេ​ចេះ​តែ​បញ្ចេញ​នូវ​ការ​ក្ដៅ​ក្រហាយ ហើយ​ការ​ចុក​ចាប់​ក្ដៅ​ក្រហាយ​ទាំង​នេះ វា​ក្លាយ​ទៅ​ជា​ទម្លាប់ ឬ​ជា​របស់​ញៀន​ទៅ​ហើយ ព្រោះ​ថា គ្រាប់​ព្រួញ​ពិស គឺ​កិលេស តណ្ហា ឧបាទាន​នោះ បាន​មុត​ជាប់​ទ្រូង​របស់​គេ​តាំង​តែ​ពី​កើត​មក​ម្លេះ។ ម្យ៉ាង​ទៀត គ្រឿង​រុំ​​ព័ទ្ធ គ្រឿង​ចង់​ទាំង​ឡាយ មាន​ការ​លោភ ការ​ស្រលាញ់ ការ​ស្អប់ ការ​ចង​កំហឹង ការ​ច្រណែន ការ​ចងគំនុំជា​ដើម សុទ្ធ​តែ​ជា​គ្រឿង​ចង​រុំ​ព័ទ្ធរឹតរួត​ចិត្ត​របស់​សត្វ​ទាំង​ឡាយ​មិន​ឲ្យ​មើល​ឃើញ​ថា អ្វី​ទៅ​ជា​នរក ថែម​ទាំង​វេចខ្ចប់​វិញ្ញាណ​របស់​សត្វ​មិន​ឲ្យ​រក​មធ្យោបាយ​ដ៏​សមរម្យ​សម្រាប់​ដោះ​ស្រាយ​បាន​ឡើយ។ ព្រោះ​តែ​ហេតុ​​នេះ​ហើយ​ទើម​ព្រះអង្គ​ទ្រង់​ត្រាស់​សំដែង​តប អជិតៈ​ថា លោក​ត្រូវ​អវិជ្ជា​បិទ​បាំង លោក​មិន​ភ្លឺស្វាង ព្រោះ​សេចក្ដី​ប្រាថ្នា​ផ្សេងៗ ជា​ដើម។ អវិជ្ជា​គឺ សេចក្ដី​មិន​ដឹង​ទុក្ខ​សេចក្ដី​មិន​ដឹង​ក្នុង​តណ្ហា​ជា​ហេតុ​នាំ​ឲ្យ​កើត​ទុក្ខ សេចក្ដី​មិន​ដឹង​ក្នុង​កិរិយា​រលត់​ទុក្ខ សេចក្ដី​មិន​ដឹង​ក្នុង​បដិបទា​ជា​ដំណើរ​ទៅ​កាន់​ទី​រលត់​ទុក្ខ​ជា​ដើម។ ដូច្នេះ​ថ្វី​បើ​នរក​មាន​នៅ​ក្នុង​ខ្លួន​នេះ​យ៉ាង​ពិតៗ ក៏​ដោយ​ ក៏​សត្វ​លោក​មើល​មិន​ឃើញ​ឡើយ គឺ​មើល​មិន​ឃើញ​ព្រោះ​តែ​អវិជ្ជា​ហ្នឹង​តែ​ម្នង។ សូម​ពិចារណា​នូវ​ពុទ្ធភាសិត​មួយ​កន្លែង​ទៀត​ដូច​តទៅ៖ ម្នាល​ភិក្ខុ​ទាំង​ឡាយ មិន​មាន​នរកឯណា ដែល​មាន​កំដៅ​ខ្លាំង​ក្លា​ជាង​នរក​គឺ រូប​ សម្លេង ក្លិន រស ផោដ្ឋព្វៈ និង​ធ​ម្មារម្មណ៍ទាំង​ឡាយ​ដែល​គេ​មិន​ត្រូវ​ការ មិន​ស្រលាញ់ មិន​ចូលចិត្តនោះ​ទេ របស់​ទាំង​អស់​នេះ​ហើយ​គឺ​ជា​កន្លែង​មាន​កំដៅ​យ៉ាង​ខ្លាំង​សម្បើម។ ម្នាលភិក្ខុ​ទាំង​ឡាយ នៅ​មាន​ទៀត​ណា៎ នរក​ដែល​ខ្លាំង​ក្លា​ជាង​នេះ គួរ​ឲ្យ​ខ្លាច​ជាង​នេះ គឺ​បុគ្គល​ណា​ដែល​មិន​ដឹង​តាម​សេចក្ដី​ពិត មិន​ដឹង​នូវ​អរិយ​សច្ចៈ ៤ គេ​រមែង​ត្រេកអរ​ក្នុង​សង្ខារ​ទាំង​ឡាយ កាល​ណា​គេ​មាន​សេចក្ដី​ត្រេក​អរ​ក្នុង​សង្ខារ​ទាំង​ឡាយ គេ​រមែង​វិល​កើត កាល​គេ​មាន​ការ​កើត​ក៏​រមែង​មាន​ការ​ចាស់​ ការ​ឈឺ ការ​ស្លាប់ សេចក្ដី​សោក សេចក្ដី​ខ្សឹក​ខ្សួល សេចក្តី​ទុក្ខ​កាយ​ ទុក្ខ​ចិត្ត សេក្ដី​ថ្នាំង​ថ្នាក់​ចិត្ត និង​សេចក្ដី​ចង្អៀត​ចង្អល់​ចិត្ត គេ​រួច​ចាកសេចក្ដី​ទុក្ខ​​ទាំង​អស់​នេះ​ពុំ​បាន​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​នេះ​ ហើយ​នរក​ដែល​យើង​ថា​ក្ដៅ​ណាស់​គួរ​ឲ្យ​ខ្លាច​ណាស់។ សូម​កុំភ្លេច​ថា នរក​ទាំង​អស់​មាន​តែ​នៅ​ក្នុង​ អន្ធបុថុជ្ជន​ដែល​ជា​បុគ្គល​ជ្រប់​ងប់​លិច​លង់​ ក្នុង​កាមគុណ​ទាំង​ឡាយ ហើយ​ដែល​ជា​មិច្ឆាទិដ្ឋិ​ប៉ុណ្ណោះ ចំណែក​ព្រះអរិយបុគ្គល​ទាំង​ឡាយ មាន​សោតាបន្នបុគ្គល​ជា​ដើម ថ្វី​បើ​លោក​នៅ​មាន​រាគៈ​ក៏​ពិត​មែន ប៉ុន្តែ​លោក​លែង​ធ្លាក់​នរក​ទៀត​ហើយ ព្រោះ​ចិត្ត​លោក​បាន​ធ្លាក់ចុះ​ក្នុង​ផ្នត់​នៃ​ធម៌​ហើយ ជម្រៅ​នៃ​ចិត្ត​របស់លោក ក៏​បាន​សម្បយុត្ត​ទៅ​ដោយ​បាមោជ្ជៈ​ហើយ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ តើ​នរក​មាន​ដែរ​ឬ​ទេ ដោយ៥០០០ឆ្នាំ
images/articles/637/2026-07-27_14_34_54-Greenshot.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ៣៦,៥៤៦ ដង)
រឿង​និសិ្សត​ឈ្មោះ​គំរក់ ( ចាក ​នា. ឯ. ) ( អាក្រក់​ចុះឲ្យតែ​ល្អ ក្រចុះ​ឲ្យតែ​មាន ) កាល​​កន្លង​ទៅ​យូរ​មក​ហើយ ​ព្រះ​ពោធិ​សត្វ​ ទ្រង់​ព្រះ​ជាតិ​ជា​អាចារ្យ​ទិសា​បា​មោក្ខ​ ​មាន​នាម​ល្បី​ល្បាញ​ក្នុង​កត្ត​សិលា​ តែង​បង្រៀន​កូន​សិស្ស ​៥០០​ នាក់​ ជា​និច្ច​រាល់​ថ្ងៃ ​។ ​កាល​នោះ ​មាន​និសិ្សត​ម្នាក់​ឈ្មោះ ​គំរក់ ​ជា​ឈ្មោះ​កំណើត​ ដែល​មាតា ​បិតា​ដាក់​ឪ្យ ​( បាលីថា ​បាបកៈ )​​ នៅ​រៀន​ក្នុង​សំណាក់​ព្រះ​ពោធិ​សត្វ​នោះ ​។ ​រាល់​តែ​ថ្ងៃ​និសិ្សត​​ទាំង​ឡាយ​ជា​គូ​កន ​នាំ​គ្នា​ហៅ​លេង​សើច​ថា ​អា​គំរក់ៗ​ ដូច្នេះ ​ព្រះ​ពោធិ​សត្វ​ ក៏​លោក​ហៅ​ថា​គំរក់​ដូច្នោះ​ដែរ​ ព្រោះ​ជា​ឈ្មោះ​ស្រាប់​ទៅ​ហើយ​ ។​ និសិ្សត​គំរក់​​នោះ ​នឹក​អ​ន់​ចិត្ត​នឹង​ឈ្មោះ​ខ្លួន​មិន​ល្អ​ ក៏​ចូល​ទៅ​សុំ​ព្រះ​ពោធិ​សត្វ ​ជា​អាចារ្យ​ផ្លាស់​ឈ្មោះ​ឪ្យ​ ។ ​ព្រះ​ពោធិ​សត្វ​ថា​ បើ​ដូច្នោះ​ ឯង​ចូល​ដើរ​ទៅ​​ក្នុង​និគម​ជ​ន​បទ​ រាជ​ធានី​ស្វែងរ​ក​ឈ្មោះ​ដែល​ល្អ​ ប្រកប​ដោយ​សិរី​សួស្តី​ ជ័យ​មង្គល​របស់​បុគ្គល​ណា​មួយ ​ដែល​ជា​ទី​ពេញ​ចិត្ត​របស់​ឯង ​ឪ្យ​បាន​មក​ ចាំ​អញ​ផ្លាស់​ឈ្មោះ​ឪ្យ ​។និសិ្សត​គំរក់​ ធើ្វ​តាម​ពាក្យ​អាចារ្យ ​រៀប​ចំ​ដំណើរ​ថ្វាយ​បង្គំ​លា​ ត្រេច​ចរ​ទៅ​ក្នុង​និគម​ជន​បទ​ រាជ​ធានី​ផ្សេង​ៗ ​ដើម្បី​ស្វែង​រក​ឈ្មោះ​ឪ្យ​បាន​ល្អ​ ក៏​បាន​ទៅ​ដល់​នគរ​មួ​យ​ ជួប​នឹង​ អ្នក​នគរ​កំពុង​ហែ សព​ទៅ​ព្រៃស្ម​សាន​ ទើប​និសិ្សត​គំរក់​សួរ​គេ​ថា ​៖​ សូម​ទោស ​! អ្នក​ស្លាប់​នេះ​ឈ្មោះ​អ្វី? ​គេ​ប្រាប់​ថា​ឈ្មោះ ​រស់ ​(បាលី​ថា​ ជីវកៈ)​ ។ ​និសិ្សត​គំរក់​លាន់​មាត់​ថា ​! អើ​បើឈ្មោះ​ រ​ស់​ ហើយ​ម្តេចក៏​ស្លាប់ ?​ គេ​ថា​នែ ! ​នេះ​ធម្មតារ​បស់​មនុស្ស​សត្វ ​បើទុក​ជាឈ្មោះ ​រស់ ​ក៏​ដោយ​ឈ្មោះ​ កើត​ក៏​ដោយ​ ឈ្មោះ​ជា​ក៏​ដោយ​ មិន​អាច​ជៀស​ពី​ការ​ ចាស់ ​ឈឺ ​ស្លាប់​ ទេ ​។ និសិ្សត​គំរក់​ ស្តាប់​ពាក្យ​គេ​ហើយ​ អស់​សង្ឃឹមរ​វើយ​គំនិត​ ក៏​ដើរ​ឈៀង​ចូល​ទៅ​ភូមិ​មួយ ​ឃើញ​នាយ​ចៅ​ហ្វាយ ​ម្នាក់​កំពុងវា​យ​សំពង​ទាសី​ ដែល​ខ្ជះ​ខ្ជាយ​ ធ្វើ​ឪ្យ​បាត់​ទ្រព្យ​របស់​គេ​ ។ និ​សិ្ស​តគំរក់​ឃើញ​ហើយ​ សួរថា​ នាង​នេះ​មាន​ទោស​ដូច​ម្តេច ​បាន​ជា​លោក​វាយ​ដល់​ម្លឹង​ ? ​គេ​ប្រាប់​ថា​ បាន​​ជា​វាយ​ព្រោះ​វាខ្ជះ​ខ្ជាយ ​មិនចេះ​ថែរក្សា​ទ្រព្យ​សម្បត្តិ ​។ ​និសិ្សត​គំរក់​សួរថា​ ចុះ​នាង​នេះ​ឈ្មោះ​អ្វី ?​ គេប្រាប់ថាឈ្មោះរក្សាទ្រព្យ (បាលីថា ធនបាលី )។ចុះ​បើ​​ឈ្មោះ​ល្អ​ម្លឹង ៗ​ ក៏មិន​ចេះ​ថែរក្សា​ទ្រព្យ ?​ គេ​ប្រាប់​ថា ​នាង​ឯង​កុំ​សង្ស័យ​ឈ្មោះ​នោះ ​គេ​គ្រាន់​តែ​កំ​ណត់​ឪ្យ​ងាយ​ស្គាល់​ ងាយ​ចំណាំ​គ្នា​ទៅវិ​ញទៅ​មក​ប៉ុណ្ណោះ​ទេ​ មិនមែន​ឈ្មោះឪ្យ​សុខទុក្ខ​បាន​ឡើយ ។ ​ និសិ្សត​គំរក់ឮ ​ហើយរឹត​ស្បើយ​គំនិត ​ក្នុងការ​ស្វែងរក​ឈ្មោះ​ល្អ​ ក៏ត្រលប់​ទៅផ្ទះ​វិញ ដ​ល់​ពាក់​កណ្តាល​ផ្លូវ ​ឃើញ​​បុរស​ម្នាក់​​ដើរវិល​ចុះ​ វិល​ឡើ​ង ​ក៏សួរថា អ្នក​ដើរវិ​លវ​ល់​មាន​កា​រអ្វី ​?​ គេ​​ប្រាប់​ថា​ ខ្ញុំវ​ង្វេងផ្លូ​វ ។​ និសិ្សត​គំរក់​ ក៏សួរ​ចង់​ដឹង​ឈ្មោះអ្នក​នោះ​ទៀត​ គេ​ប្រាប់ថា ​ខ្ញុំឈ្មោះ​អ្នក​ស្គាល់​ផ្លូវ ​(​ បាលី​ថា ​បន្ថកៈ​ ) ​ចុះ​ឈ្មោះ​​ចំណាប់​ម្លឹង ​ម្តេច​ក៏រក​​ផ្លូវមិន​ឃើញ ​?​ គេ​​ឆ្លើយ​​តប​​វិញ​​ថា ​​សំខាន់​អ្វី​ត្រង់​ឈ្មោះ ​ស្រេច​តែ​នឹង​ខ្ញុំវ​ង្វេង​ អ្នក​ឯង​ក៏​ឆោត​ម៉្លេះ ​។និសិ្សត​គំរក់ ​ត្រូវគេ​ស្តីឪ្យ​ថា​ឆោត​ ក៏​លែង​ស្វែង​រក​ឈ្មោះ​ទៀត​ ត្រលប់​ទៅ​កាន់​សំណាក់​លោក​អាចារ្យ​វិញ​ ។ ​ ព្រះ​ពោធិសត្វ​ ជា​អាចារ្យ​សួរ​ថា ​ម៉េច​ឯង​ទៅរក​ឈ្មោះ​ល្អ​បាន​ហើយ​ឬ​នៅ​ ?​ និសិ្សត​គំរក់​ថា ​ឥត​អំពើ​ទេ ​ដើរ​ទៅ​ឪ្យ​តែ​ខាត​រៀន ​អា​ឈ្មោះ ​រស់ ​បែរ​ជា​ងាប់​ មី​ឈ្មោះ​ រក្សាទ្រព្យ ​បែរ​ជា​ធ្វើឪ្យ​បាត់​ទ្រព្យ​គេ ​ត្រូវ​ដំបង​ អា​ឈ្មោះ​ ស្គាល់​ផ្លូវ​ ទៅ​​ជា​វង្វេងរ​ក​ផ្លូវ​ទៅ​ផ្ទះ​មិន​ឃើញ​ ។ ​​ខ្ញុំបាទ​ឈប់​ផ្លាស់​ឈ្មោះ​ហើយ​ ម៉ែឪ​ខ្ញុំ​ឪ្យ​មក​យ៉ាង​ណា​នៅ​យ៉ាង​នោះ​ចុះ ​។ ​ ព្រះ​ពោធិ​សត្វ ​ឮដូ​ច្នោះ​ហើយ ​ក៏​សូត្រ​ពាក្យ​ស្លោក​ថា ​ ជីវកញ្ច ​មតំ ទិស្វា ​ធនបាលីញ្ច ​ទុគ្គតំ​ បន្ថកញ្ច ​វរន ​មុឡ្ហំ ​បាបកោ ​បុន​ វា ​គតោ ។​ សេចក្តី​ថា​ និសិ្សត​ឈ្មោះ ​គំរក់ ​បាន​ឃើញ ​អារស់ ​វាស្លាប់ ​មីរក្សាទ្រព្យ​ វាខ្ជះខ្ជាយ ​អាស្គាល់ផ្លូវ ​វាវង្វេង​ក្នុងព្រៃ ​ក៏ត្រលប់​មក​វិញ​បានឈ្មោះ ​គំរក់​ ៗ​ ដដែល​ ។​ តាំងពី​ពេល​នោះ​ ដរាប​ទៅ ​និសិ្សត​គំរក់​លែង​គិតគូ ​ត្រង់​ឈ្មោះ​ គិតតែ​ខំ​រៀន​សូ​ត្រ ​ដរាបដល់​បាន​សំរេចវិជ្ជា ​តាមបំណងរ​បស់​ខ្លួន​ហោង​ ។ ដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក អត្ថបទនេះវាយបញ្ជូលដោយ កញ្ញា ហេង សំដាណែត ដោយ៥០០០ឆ្នាំ
images/articles/723/2026-07-27_14_28_04-Greenshot.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ២៧,៨៧៨ ដង)
រឿង​កដ្ឋ​ហរកៈ ( ចាក​ ម. អ. ) ( អ្នកមាន​លាភ​ មិន​ស្មើ​អ្នក​មាន​បុណ្យ ) ក្នុង​កាល​កន្លង​ទៅ​ហើយ​ មាន​បុរស​ម្នាក់​រក​ស៊ី​លក់​អុស​ នៅ​ក្នុង​ក្រុង​ពា​រា​ណសី​ ។ ថៃ្ង​មួយ​បុរស​នោះ​ចេញ​ទៅ​នាំ​អុស​អំ​ពី​ព្រៃ​ ដើម្បី​យក​ទៅ​​លក់​ឯ​ក្រុង​វេសា​លី​ ស្ភុន​ដំ​ណើរ​ទៅ​មិន​ដល់​ទី​ក្រុង​ ក៏​ដាក់​រទះ​ដេក​ក្បែរ​ខ្ទម​អ្នក​តា​មួយ​ នៅ​លើ​ដើម​ឈើ​ក្បែរ​ខ្ទមអ្នក​តា​នោះ​ មាន​​មាន់​ដេក​ជា​ច្រើន​ ។ ពួក​មាន់​ទាំង​នោះ​ មាន​មាន់​មួយ​ដេក​ខ្ពស់​ជាង​គេ​ បាន​ជុះ​ដាក់​មាន់​ដែល​ដេក​ខាង​ក្រោម​ ។ មាន់​ដេក​ខាង​ក្រោម​សួរ​ថា អ្នក​ណា​ជុះ​ដាក់​យើង​ មាន់​ខាង​លើ​ប្រាប់​ថា​ខ្ញុំ​ជុះ មិន​បាន​ជា​គិត​ ហើយ​ជុះ​ដាក់​ម្តង​ទៀត​ ។ មាន់​ទាំង​ពីរ​ក៏​កើត​វិ​វាទ ទាស់​ទែង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ កម្លាំង​សាច់​របស់​អ្នក​មាន​អា​នុ​ភាពយ៉ាង​ណា ពូ​កែ​ដូច​ម្តេច​ខ្លះ ? ។ លំ​ដាប់​នោះ​មាន់​ដេក​ខាង​លើ​និយាយ​ឡើង​ថា សាច់​ខ្ញុំ​មាន​អា​នុ​ភាព​ណាស់​ អ្នក​ណា​មបាន​បរិភោគ​ អ្នក​នោះ​ត្រូវ​បាន​ប្រាក់​១ពាន់​រៀល​ពី​ព្រលឹម​ ។​ ចំ​ណែក​ខាង​មាន់​ដែល​ដេក​ខាង​លើ​និយាយ​ថា សាច់​អ្នក​ឯង​មិន​ដល់​សាច់​ខ្ញុំ​ទេ បើ​អ្នក​ណា​ស៊ី​សាច់​ចំ​ឡក​របស់​ខ្ញុំ ​អ្នក​នោះ​នឹង​បាន​ជា​ស្តេច​ បើ​អ្នក​ណា​ស៊ី​សាច់​ខាង​ក្រៅ​ អ្នក​នោះ​បើ​ជា​បុរស​នឹង​បាន​ជា​សេនាបតី​ បើ​ជា​ស្រ្តី​នឹង​បាន​ជា​អគ្គមហេ​សី ។​ បើ​អ្នក​ណា​ស៊ី​សាច់​បន្ទាប់​ឆ្អឹង​ អ្នក​នោះ​បើ​ជា​គ្រហស្ថ​នឹង​បាន​ជា​នាយ​ឃ្លាំង បើ​ជា​បព្វ​ជិត​នឹង​បាន​ជា​ជីតុន​ព្រះ​រាជា ។ កដ្ឋ​ហារបុរស​ លុះ​ឮ​ពាក្យ​របស់​មាន់​ទាំង​ពីរ​ហើយ ក៏​ឡើង​ទៅ​ចាប់​យក​មាន់​ខាង​លើ​ដោយ​បំ​ណង​ថា​នឹង​បាន​ជា​ស្តេច ហើយ​យក​មាន់​នោះ​ទៅ​ឲ្យ​ភរិយា​ចំ​អិន​ជា​អាហារ​ ។ លុះ​ភ​រិយា​ចំ​អិន​ហើយ ដាក់​ក្នុង​ភាជ​ន៍​យក​ជូន​ស្វា​មី​ ៗ ប្រាប់ថា​សាច់​មាន់​នោះ​មាន​អានុ​ភាព​ធំ​ណាស់ ​យើង​ទាំង​ពីរ​នាក់​បរិភោគ​នឹង​បាន​ជា​ស្តេច​ ជា​អគ្គ​មហេសី​ ចូរ​នា​ង​យក​ភាជន៍ទៅ​ក្បែរ​ស្ទឹង​គង្គា​ យើង​នាំ​គ្នា​មុជ​ទឹ​ក​ហើយ​សឹម​បរិភោគ​ ។ ជន​ទាំង​ពីរ​នាក់​ស្វា​មី​ភរិយា​ នាំ​គ្នា​យក​ភាជន៍​ដែល​ដាក់​មាន់​នោះ​ ទុក​ក្បែរ​មាត់​ច្រាំង​ហើយ​ចុះ​មុជ​ទឹក​ទាំង​ពីរ​នាក់ទៅ ។ ពេល​នោះ​មាន​ខ្យល់​ព្យុះ​បក់​ទឹក ឲ្យ​រលក​ឡើង​លើ​មាត់​ច្រាំង បន្សាត់​យក​ភាជន៍​​ដាក់​មាន់​នោះ​ទៅ​ ។​ ពេល​នោះ​មាន​ហ្ម​ដំ​រី​ម្នាក់​ កំ​ពុង​លាង​ដំរី​ខាង​ក្រោម​ខ្សែ​ទឹក​ បាន​ឃើញ​ភាជន៍​អណ្តែត​នោះ​ ចាប់​បើក​មើល​ឃើញ​មាន់​​ស្មោរ​និង​បាយ​​ក៏​យក​ទៅ​ឲ្យ​ភរិយា​ ។​ ឯ​បុរស​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​មុជ​ទឹក​នោះ​ជា​ បុគ្គល​ឥត​បុណ្យ​​គ្រាន់​តែ​មាន​លាភ​ចាប់​បាន​មាន់​យក​មក​បោច​ស្ងោរបុណ្ណោះ​ កាល​បើ​ភាជន៍​ដាក់​មាន់​អណ្តែត​បាត់​ហើយ​ ក៏​ដល់​នូវ​សេចក្តី​ទុ​ក្ខ​ព្រួយ​ជា​​ខ្លាំង​ ហើយ​ត្រ​ឡប់​ទៅ​ផ្ទះ​ទៅ​ ។ លំ​ដាប់​នោះ​មាន​តាបស​ម្នាក់​ភ្នែក​ទិព្វ​ ជា​ជី​តុន​របស់​ហ្ម​ដំរី​នោះ​ បាន​គិត​ថា​ឧ​បដ្ឋាក​របស់​អញ ពេល​ណា​នឹង​លះ​បង់​ចោល​ឋានៈ ជា​ហ្ម​ដំ​រី​ បាន​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​យស​ស័ក្កិ​នឹង​គេ​ ។ លុះ​ពិចារ​ណា​ដឹង​ថា​នឹង​បាន​សោយ​រាជ្យ​ជា​ស្តេច​​ ក៏​ម្នី​ម្នា​ទៅ​ផ្ទះ​ហ្ម​ដំរី​នោះ​ ។ ឯ​ហ្ម​ដំរី​បាន​ឃើញ​តា​បស​ទៅ​ដល់​​ក៏​ហែក​សាច់​មាន់​នោះ​យក​ សាច់​ចំ​ឡក​ឲ្យ​ហ្ម​ដំរី​ សាច់​ខាង​ក្រៅ​ឲ្យ​ដល់​ភរិយា​ហ្ម​ដំរី​ ខ្លួន​ឯង​ក៏​ឆាន់​សាច់​បន្ទាប់​ឆ្អឹង​ លុះ​ឆាន់​ហើយ​ប្រាប់​ដល់​ហ្ម​ដំរី​ថា អ្នក​កុំ​ប្រ​មាទ​នៅ​បី​ថ្ងៃ​ទៀត​អ្នក​នឹង​បាន​ជា​ស្តេច​ ប្រាប់​ហើយ​ក៏​ចៀស​ចេញ​ទៅ​ ។ លុះ​ដល់​ថ្ងៃ​ទី​បី​មាន​ស្តេច​សា​មន្ត​រាជ​មួយ​អង្គ​ មក​លោម​ព័ទ្ធ​ក្រុង​ពារាណ​សី​ កាល​នោះ​ព្រះ​រាជា​​ទ្រង់​បង្គាប់​ឲ្យ​ហ្ម​ដំ​រី​ ក្លែង​ជា​ស្តេច ហើយ​ទ្រង់​មាន​ព្រះ​តម្រាស់​ថា អ្នក​ចូរ​ឡើង​ជិះ​ដំ​រី​ទៅ​ច្បាំង ឯ​ព្រះ​រា​ជា​ក៏​ក្លែង​ភេទ​ត្រួត​ត្រា​សេ​នា​ដោយ​អង្គ​​ឯង​ ។ ក្នុង​ពេល​​នោះ​ស្រាប់​តែ​មាន​សរ​មួយ​ដ៏​ក្លៀវ​ក្លា​ត្រូវ​ព្រះ​រាជា​សោយ​ទិវង្គ​តទៅ ។​ ហ្ម​ដំ​រី​ដឹង​ថា​ព្រះ​រាជា​សោយ​ទិវង្គត​ហើយ​ ក៏​ចាត់​ចែង​ទ័ព ចូល​ទៅ​សម្លាប់​ស្តេច​សាមន្ត​រាជ​ក្នុង​ពេល​នោះ ។ ពួក​រាជ​អាមាត្យ​ទាំង​ឡាយ​បានធ្វើ​សរីរកិច្ច​ព្រះ​រាជា​របស់​ខ្លួន​ស្រេច​ហើយ​ បាន​ប្រឹ​ក្សា​គ្នា​ថា ព្រះ​រា​ជា​កាល​ទ្រង់​​ព្រះ​ជន្ម​នៅ​ បាន​ព្រះ​រាជ​ទាន​ភេទ​របស់​ទ្រង់​ដល់​ហ្មដំរី​នេះ ទើប​នាំ​គ្នា​អភិសេក​ហ្ម​ដំរី ឲ្យ​សោយ​រាជ្យ​ក្នុង​ក្រុង​ពារាណសី​នោះ​ទៅ​ ។​ ឯ​ភរិយា​បាន​ជា​អគ្គ​មហេសី​ តាបស​បាន​ជា​ជី​តុន​របស់​ព្រះ​រាជា​នោះ​ឯង ។ ( មហា​សំ សុខ និស្សិត​សា​លា​បាលី​ជាន់​ខ្ពស់ )អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ ប្រ​ជុំ​និទាន​ជា​តក​ ។ អត្ថ​បទ​នេះ​វាយ​បញ្ចូល​ដោយ​កញ្ញា​ ហេង​ សំ​ដា​ណែត ។ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.8