អានអត្ថបទ
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២០,៨៦២ ដង)
បណ្ឌិត(ភិក្ខុ)អ្នកមានព្យាយាមជាគ្រឿងដុតកម្ដៅកិលេស

|
បណ្ឌិត(ភិក្ខុ)អ្នកមានព្យាយាមជាគ្រឿងដុតកម្ដៅកិលេស
ពាក្យថា ព្យាយាម មានន័យថា សេចក្ដីខំប្រឹងប្រែង។ សេចក្ដីខំប្រឹងប្រែងមានច្រើនយ៉ាងទៅទៀតសេចក្ដីប្រឹងប្រែងខ្លះ គឺ ប្រឹងប្រែងដើម្បីនឹងបៀតបៀនអ្នកដទៃ ប្រឹងប្រែងដើម្បីឲ្យអ្នកដទៃមានសេចក្ដីទុក្ខលំបាកជាដើម នេះជាសេចក្ដីខំប្រឹងប្រែងម្យ៉ាងដែលជាខំប្រឹងប្រែងខុស មិនប្រព្រឹត្តទៅដើម្បីអស់ទៅនៃវេរានោះឡើយ។ ដួងចិត្តនៃបុថុជ្ជន គឺ ពិបាកវែកញែកឲ្យបានច្បាស់លាស់ណាស់ ពីសេចក្ដីព្យាយាមត្រឹមត្រូវនិងព្យាយាមខុសនោះ ព្រោះនៅមានកិលេសជាគ្រឿងសៅហ្មងនៃដួងចិត្ត។ មានទ្រឹស្ដីមួយបានពោលថា សេចក្ដីព្យាយាមមានប៉ុណ្ណាគឺសេចក្ដីសម្រេចមានប៉ុណ្ណោះ។ ខ្ញុំមិនបានបដិសេធទេ តែសូមទាំងអស់គ្នាគិតបន្តិចមើលសិន ១- សេចក្ដីព្យាយាម មិនប្រឹងប្រែងនៅក្នុងការរៀនសូត្រ ២- សេចក្ដីព្យាយាមប្រាសចាកអំពើល្អ ៣- សេចក្ដីព្យាយាម ខំចម្រើននូវអធម៌ ៤- សេចក្ដីព្យាយាម មិនលះបាបធម៌ ៥- សេចក្ដីព្យាយាម ដើរសាងរឿងអាស្រូវនៅក្នុងសង្គមគ្រួសារ និងប្រទេសជាតិ ៦- សេចក្ដីព្យាយាម ខ្ជិលច្រអូសមិនខំធ្វើការងារជាដើម។ តើទាំងអស់នេះបើសេចក្ដីព្យាយាមមានច្រើនប៉ុណ្ណាតើសេចក្ដីព្យាយាមនឹងសម្រេចប្រយោជន៍បានដែរឬអត់? នេះគឺជាការលើកយកមកនូវចំណុចមួយចំនួនមក ដើម្បីនឹងបញ្ជាក់ឲ្យបានយល់កាន់តែច្បាស់ថា មិនមែនឲ្យតែអ្នកមានសេចក្ដីព្យាយាមនឹងបានសម្រេចប្រយោជន៍នោះគឺមិនមែនសោះឡើយ។ ជាពិសេស សេចក្ដីព្យាយាមរបស់ជនពាល គឺ មិនមែននាំមកនូវប្រយោជន៍ឡើយ តែវាបានតែរឿងមិនល្អទៅវិញ បានតែរឿងអាម៉ាស់ទៅវិញជាដើមនេះគឺជាលទ្ធផលនៃសេចក្ដីព្យាយាមខុស របស់ជនដែលមិនមានប្រាជ្ញាស្មារតីពិតប្រាកដ ពោលដោយខ្លីគឺជាស្មារតីនិងសេចក្ដីព្យាយាមជនពាល។
នៅក្នុងអរិយមគ្គអង្គ ៨ នៅក្នុងនោះក៏បានពោលពីសេចក្ដីព្យាយាមត្រូវដែរ គឺ សម្មាវាយាមោ មានន័យថាព្យាយាមត្រូវ ម៉េចបានជាត្រូវគឺមកពីមិនខុសនឹងមិនប្រាសចាកសច្ចៈធម៌នោះឯង។
ពុទ្ធបរិស័ទទាំងឡាយ មានភិក្ខុបរិស័ទជាដើមដែលប្រកបដោយសេចក្ដីព្យាយាម គឺគ្រឿងដុតកម្ដៅកិលេស គឺ សុទ្ធតែជាអ្នកធ្លាប់បន្ទាប់បន្សំអំពីអតីតជាតិមកក្នុងការព្យាយាមត្រូវ រាប់ជាតិជាអនេកមកហើយ។ សេចក្ដីខំប្រឹងប្រែង នៅក្នុងការងារចិញ្ចឹមជីវិតនៃពុទ្ធបរិស័ទគ្រប់គ្នា គឺ ខ្ញុំមិនបានហាមប្រាមមិនឲ្យបំពេញមិនឲ្យធ្វើនោះទេ តែសូមឲ្យមានការព្យាយាមដុតកម្ដៅកិលេសក្នុងចិត្តផង កុំខំតែការងារខាងក្រៅពេក ព្រោះការងារខាងក្រៅយើងធ្វើរាប់កោដិនៃជាតិមកហើយ នៅឡើយតែដួងចិត្តទេដែលយើងមិនធ្លាប់បានអប់រំ និង មិនធ្លាប់ព្យាយាមដុតបំផ្លាញចោលនូវចិត្តកិលេសនោះ។ ខ្ញុំសង្កេតឃើញថា មនុស្សជាច្រើន គឺមិនសូវជាយកចិត្តទុកដាក់ក្នុងការងារសម្អាតផ្លូវចិត្តប៉ុន្មានទេ គឺច្រើនតែបណ្ដែតបណ្ដោយ ហីអើ មិនឧស្សាហ៍ មិនខំតាមដាននូវទង្វើរបស់ចិត្តឡើយ គឺមួយចំណែកធំបានផ្ដោតទៅលើការងារមើលទោសកំហុសអ្នកដទៃ និងទូន្មានអ្នកដទៃជាដើម ដោយភ្លេចមើលទោសកំហុសរបស់ខ្លួនឯង។ ការងារខាងក្រៅធ្វើចុះ តែសេចក្ដីព្យាយាមនៅខាងក្នុង ការកំចាត់បង់កិលេសគឺដាច់ខាតមិនត្រូវច្រកល្ហកបានឡើយ។ ទាំងអ្នកបួសទាំងគ្រសហ្ថ គឺ ត្រូវធ្វើខ្លួនឯងឲ្យជាអ្នកឆ្លាតដើម្បីបំពេញនូវសេចក្ដីព្យាយាម និងដើម្បីដុតកិលេសដែលវាដេកពួកសម្ងំនៅក្នុងចិត្ត នៃយើងគ្រប់គ្នាជាច្រើនរយជាតិមកហើយនោះ។ បធានៈ ស្ថិតដិតជាប់នឹងបុគ្គលណា បុគ្គលនោះនឹងសម្រេចនូវប្រយោជន៍ដ៏អស្ចារ្យ។ បុគ្គលជាបណ្ឌិតទាំងឡាយ គឺមិនដែលក្រៀកចិត្តហើយចង់ស្ថិតនៅក្នុងវដ្ដៈនេះបន្តិចនោះឡើយ។ មនោគិត និង ឧត្ដមគិតនៃអ្នកឆ្លាតគឺប្រព្រឹត្តទៅដើម្បីភាពភ្លឺស្វាងឲ្យដល់ខ្លួនឯងនិងអ្នកដទៃ។ សច្ចៈកាល មិនដែលកើតឡើងដល់បុគ្គលល្ងង់ខ្លៅនោះឡើយ។ បើរស់នៅ សូមកុំច្រៀងនូវចិត្តនេះឲ្យទៅធ្វើនូវអំពើបាបអី។ កិលេសគ្មានរូបរាងឲ្យយើងមើលឃើញវាទេ តែមិនអាចបិទបាំងការពិតសម្រាប់មនុស្សចិត្តភ្លឺឡើយ។ ដកស្រង់ចេញពីសៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា ដោយ៥០០០ឆ្នាំ |