អានអត្ថបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២២,២៧០ ដង)
ការស្លាប់មានពិត តែអ្នករក្សាធម៌តែងមានអាយុវែង

|
រឿងធម្មបាលកុមារ
(ចាក ម. ទ.) (ការស្លាប់មានពិត តែអ្នករក្សាធម៌តែងមានអាយុវែង) ក្នុងបឋមពោធិកាល សម្តេចព្រះមានជោគ បានស្តេចទៅកាន់ក្រុងកបិលពស្តុ ជាលើកដំបូង ទ្រង់គង់ក្នុងនិគ្រោធារាម ។ ពេលនោះព្រះបាទ សិរីសុទ្ធោទនមហារាជ ជាព្រះរវរាជបិតា បានចង្ហាន់ប្រគេនព្រះអង្គ និងព្រះសង្ឃខីណាស្រព២ម៉ឺនអង្គជាបរិវារ ទើបមានបន្ទូលសំណេះសំណាលថាកាលដែលព្រះអង្គកំពុងព្យាយាមធ្វើទុក្ករកិរិយា ស្វែងរកអនុត្តរសម្មាសម្ពោធិញាណ មានទេវតាហោះមកឋិតនៅលើអាកាសនភាល័យស្រែកប្រាប់ថា ព្រះសិទិ្ធត្ថកុមារជាព្រះរាជបុត្រព្រះអង្គ សោយព្រះទីវង្គតទៅហើយ ព្រោះទ្រង់មានអាហារតិច ។ ព្រះសាស្តាមានព្រះបន្ទូលថា ចុះមហារាជជឿឬ? ខ្ញុំមិនជឿទេ បានទាំងនិយាយឃាត់ទេវតាវិញថា កូនខ្ញុំបើមិនត្រាស់ មុខជាមិនស្លាប់ ។ ព្រះសាស្តាមានព្រះបន្ទូលថា ឥឡូវនេះព្រះអង្គជឿដូចម្តេចកើត បើពីដើមតថាគតនៅជាមហាធម្មបាលពោធិសត្វ អាចារ្យទិសាបាមោក្ខយកឆ្អឹងពពែមកបង្ហាញថា កូនអ្នកឯងស្លាប់ទៅហើយ នេះឆ្អឹង ក៏ព្រះអង្គមិនជឿហើយនិយាយតបទៅថា ត្រកូលយើងមិនដែលមាននរណាស្លាប់ពីក្មេងទេ ។ ព្រះបាទសុទ្ធោទនក៏អារាធនា ។ ព្រះសាស្តាស្តេចនាំអតីតនិទានមកសំដែងដូចតទៅនេះ ។ ក្នុងកាលដែលកន្លងទៅហើយ មានព្រះមហាក្សត្រមួយព្រះអង្គព្រះនាមព្រហ្មទត្ត សោយរាជ្យសម្បត្តិនៅនគរពារាណសី ជាស្តេចប្រកបដោយទសពិធរាធម៌ នឹងមានសេចក្តីស្រឡាញ់ រាប់អានអាណាប្រជានុរាស្ត្រទូទៅ។ ក្នុងកសិករដ្ឋ មានស្រុកមួយឈ្មោះធម្មបាល (បានឈ្មោះដូច្នេះព្រោះអ្នកនៅក្នុងស្រុកនោះទាំងប៉ុន្មានសុទ្ធតែរក្សាធម៌) ។ ព្រាហ្មណ៍ដែលនៅក្នុងស្រុកនោះក៏ឈ្មោះធម្មបាលដែរ ព្រោះសុទ្ធតែជាអ្នករក្សាធម៌ គឺកុសលកម្មបថ១០។ ដោយហោចទៅ ពួកកម្មករក្នុងត្រកូលព្រាហ្មណ៍នោះ ក៏សុទ្ធតែជាអ្នកឲ្យទានរក្សានិច្ចសីលឧបោសថសីលដូចៗគ្នា ។ គ្រានោះ ព្រះបរមពោធិសត្វទ្រង់យោនយកកំនើតក្នុងត្រកូលព្រាហ្មណ៍ធម្មបាលមានឈ្មោះថាធម្មបាលកុមារ ។ ពេលធម្មបាលកុមារចំរើនអាយុឡើងកាលណា ព្រាហ្មណ៍ជាបិតាបានឲ្យប្រាក់១ពាន់កហាបណៈ ហើយបញ្ចូនឲ្យទៅរៀនសិល្ប៍សាស្ត្រ ឯក្រុងតក្កសិលាក្នុងសំណាក់អាចារ្យពេញចិត្ត ហើយប្រគល់មាណពជាសិស្ស ទាំង៥០០រូបឲ្យធម្មបាលកុមារត្រួតត្រា ។ គ្រានោះកូនច្បងរបស់អាចារ្យទិសាបាមោក្ខ ក៏ធ្វើមរណកាលទៅ ។ ឯអាចារ្យនឹងមាណពជាសិស្សទាំង៥០០ ទួញយំសោយសោកស្រណោះស្តាយកូនជាពន់ពេក ។ លុះបន្ទោបង់សេចក្តីសោយសោកហើយ ក៏រៀបចាត់ចែងធ្វើសវនកិច្ចកូននោះតាមប្រពៃណីនាប៉ាឆាមួយ ។ អាចារ្យ ពួកញាតិនិងមាណពជាសិស្សទាំងអស់គ្នា ក៏ទួញយំសោកក្នុងប៉ាឆានោះថែមទៀត ប្លែកតែធម្មបាលមួយទេដែលមិនសោយសោក មិនចូលកាន់មរណសញ្ញាជាមួយនឹងគេ ។ កាលដែលពួកអ្នកចូលកាន់សេចក្តីទុក្ខទាំងអស់ត្រឡប់មកផ្ទះវិញ អង្គុយក្នុងសំណាក់លោកអាចារ្យពោលរៀបរាប់ត្អួញត្អែរថា ឱហេតុអ្វីហ្ន៎ បានជាមាណពនេះនៅក្មេងត្រឡាំង ហើយស្លាប់ព្រាត់ប្រាស ចាកមាតាបិតាញាតិមិត្តយ៉ាងនេះ ។ ធម្មបាលកុមារនិយាយតបថា ហៃសម្លាញ់ទាំងឡាយ អ្នកពោលថាមាណពនេះស្លាប់ពីក្មេង ចុះបើក្មេងទេម្តេចក៏ស្លាប់? ការស្លាប់ពីក្មេងវាមិនដែលមាន ។ ពួកមាណពនិយាយថា នែសម្លាញ់ អ្នកឯងមិនដឹងជាសត្វតែងតែវិនាសយ៉ាងនេះឬ? ខ្ញុំដឹងណាស់ទៅហើយ តែថាសត្វទាំងឡាយដែលស្លាប់ពីក្មេងមិនដែលមាន លុះណាតែចាស់ទើបស្លាប់ ។ មិនមែនដូច្នោះទេធម្មបាលសម្លាញ់ សង្ខារជាសភាពមិនទៀងទាត់ឋិតថេរទេ តែកើតឡើងហើយពិតជាវិនាសទៅវិញជាធម្មតា មិនថាចាស់ឬក្មេងឡើយ ។ ធម្មបាលតបថា សំដីអ្នកនិយាយ នេះត្រូវណាស់ ៗ តែមិនដែលមានសត្វណាស្លាប់ពីក្មេង លុះតែចាស់ទើបស្លាប់ ទើបសង្ខាមិនទៀង ។ មាណពឆ្ងល់នឹងសំដីធម្មបាលណាស់ក៏សួរថា ធម្មបាលសម្លាញ់ ចុះផ្ទះអ្នកឯងគ្មានមនុស្សស្លាប់ទេឬ? មានស្លាប់ពិតតែមិនស្លាប់ពីក្មេងទេ លុះតែចាស់ទើបស្លាប់ ។ត្រកូលអ្នកឯងសុទ្ធតែយ៉ាងហ្នឹងឬ? ត្រកូលខ្ញុំយ៉ាងហ្នឹងឯង ។ ពួកមាណពឮពាក្យធម្មបាលពោលដូច្នោះ ក៏នាំគ្នាទៅជំរាបលោកអាចារ្យ ។ ឯអាចារ្យបានហៅធម្មបាលមកសួរថា ម្នាលធម្មបាល ឮថាត្រកូលអ្នកឯងមនុស្សមិនដែលស្លាប់ពីក្មេងមែនឬ? បពិត្រលោកអាចារ្យ ពិតមែន ។ ឮអាចារ្យ ឮពាក្យនោះហើយ ក៏គិតថា ធម្មបាលនិយាយពាក្យប្លែកពេកណាស់ អញនឹងទៅកាន់សំណាក់បិតាធម្មបាលនេះ ហើយសាកសួរមើល តើគេប្រព្រឹត្តធម៌បែបណា បានជាមិនស្លាប់ពីក្មេងបើពិតដូចថាមែន អញនឹងប្រព្រឹត្តតាមធម៌នោះដែរ ។ កន្លងមក៧ ឬ៨ថ្ងៃអាចារ្យក៏ហៅធម្មបាលមកប្រាប់ថា ម្នាលធម្មបាល យើងមិននៅទេ ចូរឯងបង្រៀនសិល្បសាស្ត្រដល់ពួកមាណពជំនួសយើងផង ទំរាំយើងត្រឡប់មកវិញ លុះពោលដូច្នោះហើយ ក៏យកឆ្អឹងពពែមកលាងស្អាតបាតច្រកទៅក្នុងការុង ឲ្យបំរើម្នាក់លីតាម ដោយដើរចេញពីនគរតក្កសិលា យាត្រាម្នីម្នាទៅធម្មបាលគ្រាម ទើបសួររកផ្ទះធម្មបាលកុមារ ហើយឈរនៅទៀបទ្វារផ្ទះ ។ ពួកកម្មកររបស់ព្រាហណ៍បានឃើញលោកអាចារ្យ ក៏ស្ទុះទៅទទួលឆ័ត្រស្បែកជើងពីដៃលោកអាចារ្យ យកការ៉ុងពីអ្នកបំរើ អាចារ្យទិសាបាមោក្ខពោលថា ចូរអ្នកទាំងឡាយជំរាបព្រាហ្មណ៍ ជាបិតាមធម្មបាលកុមារថា អាចារ្យរបស់ធម្មបាល មកឈរនៅទៀបទ្វារឯណោះ ។ ខ្ញុំកំដរទៅជំរាបតាមពាក្យលោកអាចារ្យ ឯព្រហ្មណ៍ក៏ម្នីម្នាស្ទុះទៅទទួលរាក់ទាក់បដិសណ្ឋារៈ អញ្ជើញឡើងទៅលើផ្ទះ ឲ្យអង្គុយលើគ្រែ ហើយធ្វើកិច្ច មានការលាងជើងជាដើមឲ្យលោកអាចារ្យនោះ ។ លុះអាចារ្យបរិភោគភោជនរួចហើយ ក៏ផ្តើមនិយាយបា្រប់ព្រាហ្មណ៍ថា ធម្មបាលបុត្រអ្នកមានប្រាជ្ញាវាងវៃណាស់ រៀនសូត្រចេះចប់វេទទាំង៣ នឹងសិល្ប៍សាស្ត្រទាំង១៨តែស្លាប់ទៅហើយ សង្ខារជាសភាវមិនទៀងទេ អ្នកកុំសោយសោកធ្វើអ្វី ។ ព្រាហ្មណ៍ឮពាក្យនោះក៏ទះដៃសើច ។ អាចារ្យសួរថា អ្នកសើចរឿងអ្វី ? កូនយើងមិនស្លាប់ទេ ក្រែងតែអ្នកដទៃទើបស្លាប់ ។ អាចារ្យទាញឆ្អឹងពីការុង ហើយនិយាយថា នេះឆ្អឹងកូនអ្នកឯង។ ទេឆ្អឹងនេះប្រហែលជាឆ្អឹងពពែ ឬឆ្អឹងឆ្កែ មិនមែនកូនខ្ញុំទេ ព្រោះត្រកូល យើងរហូតដល់៧សន្តាន មិនដែលមានអ្នកណាមួយស្លាប់ពីក្មេងទេ លោកនិយាយកុហកហើយ ។ អាចារ្យឃើញហេតុអស្ចារ្យដូច្នេះមានចិត្តត្រេកអរណាស់ បានសាកសួរថា ម្នាលព្រាហ្មណ៍ ត្រកូលមិនដែលមានជនណាស្លាប់ពីក្មេងនោះ មិនមែនឥតហេតុឡើយ ហេតុដែលមិនស្លាប់ពីក្មេងនោះតើយ៉ាងណា? ទើបអាចារ្យចងជាបទគាថាសួរថាៈ " អ្នកសមាទានវត្តដូចម្តេច? ព្រហ្មចរិយាដូចម្តេច? នេះជាផលរបស់កម្មអ្វី ដែលអ្នកបានសន្សំមក? ម្នាលព្រាហ្មណ៍ ចូរអ្នកប្រាប់សេចក្តីនេះដល់យើង ហេតុអ្វីបានជាពួកអ្នកមិនស្លាប់ពីក្មេង?" ព្រាហ្មណ៍ឆ្លើយប្រាប់ថាៈ យើងបានរក្សាកម្មបថ១០ ដោយម៉ត់ចត់ គឺយើងមិនប្រព្រឹត្តរំលោភចង់បានទ្រព្យអ្នកដទៃ ដោយចង់បានមកជារបស់ខ្លួន មិនប្រព្រឹត្តបាទចងគំនុំគំគួននឹងអ្នកដទៃ មិនមានគំនិតយល់ខុសមានយោបល់ថា លោកនេះគ្មាន(នត្ថិ អយំ លោកោ) ជាដើម មិននិយាយពាក្យកុហក មិននិយាយពាក្យស៊កសៀតបំបែកបំបាក់អ្នកដទៃ មិននិយាយពាក្យញុះញង់ មិននិយាយរោយរាយឥតប្រយោជន៍ មិនសម្លាប់សត្វមិនលួចទ្រព្យសម្បត្តិអ្នកដទៃ មិនប្រព្រឹត្តកន្លងកូនប្រពន្ធអ្នកដទៃ ទាំងភរិយាយើងសោត ក៏មិនបានប្រព្រឹត្តក្បត់យើងព្រោះហេតុដូច្នោះ បានជាយើងមិនស្លាប់ពីក្មេង បពិត្រលោកអាចារ្យ នេះជាវត្តដែលយើងបានប្រព្រឹត្តមកដោយល្អ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
|