ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
រឿងនិទានអប់រំចិត្ត
៣៨៣ អត្ថបទ
images/articles/2707/tex_________tpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៦,៥៧៩ ដង)
កាឡកណ្ណិជាតក (មនុស្សឈ្មោះកាឡកណ្ណិមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ) ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតវន ទ្រង់ប្រារព្ធមិត្តរបស់អនាថបិណ្ឌិកសេដ្ឋីម្នាក់ បានត្រាស់ព្រះធម្មទេសនានេះ (ដែលមានពាក្យផ្តើមថា) មិត្តោ ហវេ សត្តបទេន ហោតិ ដូច្នេះ (ជាដើម) ។ បានឮមកថា បុរសនោះធ្លាប់ជាសម្លាញ់លេងដីជាមួយនឹងអនាថបិថបិណ្ឌិកសេដ្ឋី តាំងពីកាលនៅរៀនសិល្បៈក្នុងសម្នាក់អាចារ្យជាមួយគ្នា ដោយឈ្មោះគេមានឈ្មោះថា កាឡកណ្ណី ។ កាឡកណ្ណីនោះក្រោយមកក៏ធ្លាក់ខ្លួនក្រ មិនអាចចិញ្ចឹមជីវិតបាន ក៏ទៅកាន់សម្នាក់អនាថបិណ្ឌិកសេដ្ឋី ។ លោកសេដ្ឋីអនាថបិណ្ឌិកក៏លួងលោមមិត្រសម្លាញ់នោះ ហើយឲ្យស្បៀង និងញ៉ាំងគេឲ្យបិទបាំងនូវទ្រព្យសម្បត្តិ របស់ខ្លួន ។ កាឡកណ្ណីនោះជាអ្នកធ្វើឧបការៈចំពោះលោកសេដ្ឋី គេតែងធ្វើកិច្ចគ្រប់យ៉ាង ។ ពេលដែលគេមកកាន់សម្នាក់របស់អនាថបិណ្ឌិកសេដ្ឋី មនុស្សទាំងឡាយតែងនាំគ្នាពោលហៅគេថា ឈប់សិន កាឡកណ្ណី ! អង្គុយចុះកាឡកណ្ណី ! បរិភោគសិនចុះកាឡកណ្ណី ។ ថ្ងៃមួយ មិត្តនិងអាមាត្យរបស់លោកសេដ្ឋីនាំគ្នាចូលទៅរកលោកសេដ្ឋីហើយនិយាយយ៉ាងនេះថា បពិត្រមហាសេដ្ឋី ! សូមលោកកុំធ្វើនូវកាឡកណ្ណីនោះឲ្យនៅក្នុងសំណាក់របស់លោកឡើយ (កុំចិញ្ចឹមគេឡើយ) ព្រោះសូម្បីតែយក្សក៏ត្រូវចៀសចេញទៅដោយសម្លេងនេះថា ឈប់សិនកាឡកណ្ណី ! អង្គុយសិនចុះ កាឡកណ្ណី ! បរិភោគសិនចុះ កាឡកណ្ណី ! គេនោះក៏មិនស្មើនឹងលោក ធ្លាក់ខ្លួនក្រហើយ លោកចិញ្ចឹមមនុស្សបែបនេះធ្វើអ្វី ? អនាថបិណ្ឌិកសេដ្ឋីពោលថា នាមំ នាម វោហារមត្តំ, ន តំ បណ្ឌិតា បមាណំ ករោន្តិ, សុតមង្គលិកេន នាម ភវិតុំ ន វដ្ដតិ, ន សក្កា មយា នាមមត្តំ និស្សាយ សហបំសុកីឡិកំ សហាយំ បរិច្ចជិតុំ ធម្មតាឈ្មោះគ្រាន់តែជាវោហារ (សម្រាប់ហៅប៉ុណ្ណោះ) បណ្ឌិតទាំងឡាយមិនកាន់យកនូវឈ្មោះនោះឲ្យជាប្រមាណឡើយ មិនគួរជាប្រភេទមនុស្សដែលមានឈ្មោះថា សុតមង្គលិក (អ្នកប្រកាន់មង្គលតាមសម្លេងដែលបានឮ) អាត្មាអញមិនអាចអាស្រ័យហេតុត្រឹមតែឈ្មោះ ហើយបោះបង់សម្លាញ់ដែលធ្លាប់លេងដីជាមួយគ្នាចោលនោះឡើយ លុះគិតដូច្នេះហើយ លោកសេដ្ឋីគាត់មិនបានកាន់យកពាក្យសម្តីរបស់មនុស្សទាំងនោះទេ ។ ថ្ងៃមួយ កាលនឹងទៅស្រុកសួយរបស់ខ្លួន បាន ប្រគល់កាឡកណ្ណីនោះឲ្យជាអ្នករក្សានូវគេហដ្ឋាន ។ ពួកចោរគិតគ្នាថា បានឮថា លោកសេដ្ឋីទៅស្រុកសួយរបស់គាត់ហើយ ពួកយើងប្លន់នូវផ្ទះរបស់លោកសេដ្ឋីនោះ ដូច្នេះហើយ នាំគ្នាកាន់អាវុធផ្សេងៗ មកក្នុងវេលាអធ្រាត្រហើយឡោមព័ទ្ធផ្ទះលោកសេដ្ឋី ។ ចំណែកកាឡកណ្ណីសង្ស័យខ្លាចពួកចោរមកប្លន់ ទើបអង្គុយយាមមិនព្រមដេក ។ កាឡកណ្ណីនោះលុះដឹងថាពួកចោរមកហើយ ដើម្បីនឹងដាស់ពួកមនុស្សទើបស្រែកឡើងថា អ្នកទាំង​ឡាយ ចូរផ្លុំស័ង្ខ ចូរវាយស្គរ លុះស្រែកដូច្នេះហើយ ក៏ធ្វើឲ្យដូចជាមានរោងមហោស្រពធំ ធ្វើវេសន៍ទាំងអស់ឲ្យមានសម្លេង កងរំពងទូទៅ ។ ពួកចោរនិយាយប្រាប់គ្នាថា ពួកយើងបានឮថា ផ្ទះគ្មានអ្នកណានៅ ពួកយើងបានស្តាប់មកមិនល្អហើយ (ស្ដាប់ខុសហើយ) សេដ្ឋីគ្មានធ្វើដំណើរទៅណាទេ គឺនៅក្នុងផ្ទះនេះឯង ហើយម្នាក់ៗក៏បោះដុំថ្ម និងអន្លូងជាដើមចោលក្នុងទីនោះឯង រួចរត់ចៀសចេញទៅ ។ លុះ​ព្រឹកឡើង មនុស្សទាំងឡាយឃើញដុំថ្ម និងអន្លូងជាដើម ដែលពួកចោរបោះចោលនៅទីនោះៗ ម្នាក់ៗ ក៏តក់ស្លុតហើយនិយាយថា ប្រសិនបើថ្ងៃនេះ មិនមានអ្នកយាមផ្ទះដែលសម្បូរដោយការចេះដឹង និងឈ្លាសវៃបែបនេះទេ ពួកចោរនឹងចូលតាមការពេញចិត្ត ប្លន់ផ្ទះបានទាំងអស់ជាប្រាកដ ព្រោះអាស្រ័យអ្នកដែលមោះមុតអង់អាចក្លាហានបែបនេះ ទើបសេចក្តីចម្រើនកើតមានដល់លោកសេដ្ឋី ម្នាក់​ៗ ​នាំគ្នាសរសើរកាឡកណ្ណី ។ ពេលដែលសេដ្ឋីមកអំពីស្រុកសួយ ក៏នាំ គ្នាប្រាប់រឿងរ៉ាវនោះឲ្យជ្រាបគ្រប់ប្រការ ។ គ្រានោះ សេដ្ឋីបាននិយាយទៅកាន់មនុស្សទាំងនោះថា អ្នកទាំងឡាយប្រើយើងឲ្យដេញមិត្តអ្នករក្សាផ្ទះយ៉ាងនេះ ចេញអំពីផ្ទះរបស់យើង ប្រសិនបើយើងបណ្តេញឲ្យចេញអំពីផ្ទះតាមពាក្យរបស់អ្នកទាំងឡាយនោះ ថ្ងៃនេះទ្រព្យរបស់យើងនឹងមិនសេសសល់ឡើយ ហើយលោកសេដ្ឋីអនាថបិណ្ឌិកពោលតាស់តឿនថា នាមំ នាម អប្បមាណំ, ហិតចិត្តមេវ បមាណំ ធម្មតាឈ្មោះមិនជាប្រមាណទេ ចិត្តដែលគិតជួយប៉ុណ្ណោះ ទើបជាប្រមាណ លុះពោលដូច្នោះហើយក៏ឲ្យទ្រព្យដើមទុនដល់កាឡកណ្ណីច្រើនឡើងៗ ។ លោកសេដ្ឋីបានត្រិះរិះថា ពេលនេះ អញបានរឿងដែលជាប្រធាន ល្មមក្រាបទូលព្រះមានព្រះភាគហើយ ក៏ធ្វើដំណើរទៅកាន់សម្នាក់របស់ព្រះសាស្ដា គាត់បានក្រាបទូលរឿងរ៉ាវនោះតាំងអំពីដើម រហូតដល់ចប់ចំពោះព្រះអង្គ ។ ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលគហបតី មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ ដែលមិត្តឈ្មោះកាឡកណ្ណី បានរក្សាទ្រព្យក្នុងផ្ទះមិត្តរបស់ខ្លួន សូម្បីក្នុងកាលមុន មិត្តឈ្មោះកាឡកណ្ណីក៏បានរក្សាដូចគ្នាដែរ ។ កាលសេដ្ឋីក្រាបទូលអារាធនា ទើបទ្រង់នាំយករឿងក្នុងអតីតមកសម្តែង (ដូចតទៅនេះ) ថាៈ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះ បរមពោធិសត្វបានជាសេដ្ឋីមានយសដ៏ធំក្រៃលែង ។ សេដ្ឋីនោះមានមិត្តម្នាក់ឈ្មោះកាឡកណ្ណី ។ រឿងរ៉ាវទាំងអស់ក្នុងពេលនោះ ក៏ដូចគ្នារឿងរ៉ាវបចុប្បន្ន (របស់អនាថបិណ្ឌិកសេដ្ឋី)នេះឯង ។ ព្រះបរមពោធិសត្វមកអំពីស្រុកសួយហើយ ស្តាប់ដំណើររឿងនោះរួចពោលថា ប្រសិនបើយើងបណ្តេញមិត្តមានសភាពដូច្នេះចេញអំពីផ្ទះរបស់យើង តាមពាក្យរបស់អ្នកទាំងឡាយនោះ ម៉្លេះសមថ្ងែនេះទ្រព្យសម្បត្តិរបស់យើងនឹងមិនសល់ឡើយ ហើយពោលគាថានេះថាៈ មិត្តោ ហវេ សត្តបទេន ហោតិ សហាយោ បន ទ្វាទសកេន ហោតិ មាសឌ្ឍមាសេន ច ញាតិ ហោតិ តតុត្តរិំ អត្តសមោបិ ហោតិ សោហំ កថំ អត្តសុខស្ស ហេតុ ចិរសន្ថុតំ កាឡកណ្ណិំ ជហេយ្យំ។ បុគ្គលដែលជាមិត្តបាន ដោយ (ហេតុត្រឹមតែដើរជាមួយគា្ន) ប្រាំពីជំហាន, បុគ្គលជាសម្លាញ់បាន ដោយ (ហេតុត្រឹមតែដើរជាមួយគ្នា) ដប់ពីរជំហាន, បុគ្គលដែលជាញាតិបាន ដោយ (ការនៅជាមួយគ្នា) មួយខែ ឬ កន្លះខែ, បុគ្គលដែលទុកសើ្មនីងខ្លួន ព្រោះនៅលើអំពីកាលនោះទៅទៀត ខ្មុំនឹងលះបង់នូវសម្លាញ់ឈ្មោះកាឡកណ្ណី ដែលធ្លាប់ស្និទ្ធស្នាល អស់កាលយូរ ព្រោះហេតុនៃសេចក្ថីសុខរបស់ខ្លួន ដូចម្ដេចបាន ។ បណ្តាបទទាំងនោះ បទថា ហវេ ត្រឹមតែជានិបាតប៉ុណ្ណោះ ។ ដែលឈ្មោះថា មិត្ត ព្រោះអត្តថា ប្រព្រឹត្តដោយមេត្រី អធិប្បាយថា អ្នកដែលចូលទៅតាំងទុកនូវមេត្រីចិត្ត គឺធ្វើនូវសេចក្តីស្នេហាស្រឡាញ់រាប់អាន ។ បុគ្គលដែលបានឈ្មោះជាមិត្ត ដោយហេតុត្រឹមតែដើរជាមួយគ្នាបានប្រាំពីរជំហាន ។ បទថា សហាយោ បន ទ្វាទសកេន ហោតិ (បុគ្គលដែលបានឈ្មោះថាជាសម្លាញ់ ដោយហេតុត្រឹមតែដើរជាមួយគ្នាបានដប់ពីរជំហាន) មានសេចក្តីថា ដែលឈ្មោះថា សហាយ (សម្លាញ់) ព្រោះ អត្ថថា រួមគ្នាក្នុងឥរិយាបទទាំងពួងដោយអំណាចនៃការធ្វើកិច្ចគ្រប់យ៉ាងរួមគ្នា អធិប្បាយថា បុគ្គលដែលបានឈ្មោះថាជាសម្លាញ់ ដោយហេតុត្រឹមតែដើរជាមួយគ្នាបានដប់ពីរជំហាន ។ បទថា មាសឌ្ឍមាសេន សេចក្តីថា នៅរួមគ្នាមួយខែ ឬកន្លះខែ ។ បទថា ញាតិ ហោតិ សេចក្តីថា រមែងមានឈ្មោះ ជាអ្នកស្មើនឹងញតិ ។ បទថា តតុត្តរឹ សេចក្តីថា ព្រោះការនៅរួមគ្នាលើសអំពីកាលនោះ រមែងរាប់ថា ជាអ្នកស្មើនឹងខ្លួន ។ បទថា ជហេយ្យំ សេចក្តីថា ខ្ញុំនឹងបោះបង់នូវសម្លាញ់ដូច្នោះ ដូចម្តេចបាន ។ ព្រះបរមពោធិសត្វពោលដល់គុណនៃមិត្តនោះ ដោយប្រការដូច្នេះឯង ។ តាំងអំពីនោះមក គ្មានអ្នកណាហ៊ានប្រព្រឹត្តល្មើសនឹងកាឡកណ្ណីទៀតឡើយ ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា កាឡកណ្ណី អានន្ទោ អហោសិ កាឡកណ្ណី ក្នុងកាលនោះ បានមកជាអានន្ទ ។ ពារាណសិសេដ្ឋិ បន អហមេវ អហោសិំ ចំណែកពារាណសីសេដ្ឋី គឺ តថាគត នេះឯង ៕ ចប់ កាឡកណ្ណីជាតក ។ (អដ្ឋកថាជាតក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អបាយិម្ហវគ្គ បិដកលេខ ៥៨ ទំព័រ ៣៦) កំណត់ចំណាំ ក្នុងកាឡកណ្ណិជាតកនេះ ព្រះសម្មាសម្ពុទ្ធសម្ដែងបុគ្គល ៤ ពួក គឺ មិត្តបុគ្គល (បុគ្គលគឺមិត្ត) ១ សហាយបុគ្គល (បុគ្គលគឺសម្លាញ់) ១ ញាតិបុគ្គល (បុគ្គលគឺញាតិ) អត្តសមបុគ្គល (បុគ្គលគឺអ្នកដែលស្មើនឹងខ្លួន) ១ ។ សេចក្ដីអធិប្បាយ ១. មិត្តោ ហវេ សត្តបទេន ហោតិ បុគ្គលណាដើរជាមួយគា្នបានប្រាំពីជំហានបុគ្គលនោះ ឈ្មោះថា មិត្តបុគ្គល ។ ២. សហាយោ បន ទ្វាទសកេន ហោតិ បុគ្គលណាដើរជាមួយគ្នាបានដប់ពីរជំហាន បុគ្គលនោះ ឈ្មោះថា សហាយបុគ្គល ។ ៣. មាសឌ្ឍមាសេន ច ញាតិ ហោតិ បុគ្គលណាការនៅជាមួយគ្នាមួយខែ ឬ កន្លះខែ បុគ្គលនោះ ឈ្មោះថា ញាតិបុគ្គល ។ ៤. តតុត្តរិំ អត្តសមោបិ ហោតិ បុគ្គលណានៅលើសអំពីកាលនោះទៅទៀត (លើសមួយខែទៅ) បុគ្គលនោះ ឈ្មោះថា អត្តសមបុគ្គល ។ ដោយ៥០០០ឆ្នាំ
images/articles/2763/texssswtpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៦,៨៥២ ដង)
អតីតេ កិរ បានឮមកថា ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបាទ ព្រហ្មទត្តជាព្រះរាជាក្នុងដែនកាសី ស្ដេចទៅរឹបយករាជសម្បត្តិក្នុងដែនកោសល ព្រោះភាពជាអ្នកដល់ព្រមដោយពលនិងពាហនៈ បានសម្លាប់ស្ដេចកោសល ហើយចាប់យកព្រះអគ្គមហេសីដែលដល់ព្រមដល់គភ៌របស់ព្រះបាទកោសលនោះ នាំព្រះនាងទៅកាន់នគរពារាណសី ហើយតែងតាំងធ្វើជាអគ្គមហេសីរបស់ខ្លួន ។ ក្នុងកាលជាខាងក្រោយមក ព្រះអគ្គមហេសីនោះក៏ប្រសូតបានព្រះធីតាមួយអង្គ ។ ដោយប្រក្រតីព្រះរាជាព្រហ្មទត្តពុំទាន់មានព្រះឱរស និងព្រះធីតា ព្រះអង្គមានព្រះទ័យត្រេកអរហើយទ្រង់ត្រាស់ថា ម្នាលនាងដ៏ចម្រើន នាងចូរកាន់យកនូវពរចុះ ។ ព្រះអគ្គមហេសីទ្រង់កាន់យកនូវពាក្យនោះទុក ។ ប្រយូរវង្សទាំងឡាយបានដាក់ព្រះនាមឲ្យកុមារីនោះថា កណ្ហា ។ កាលនាងចម្រើនវ័យធំពេញក្រមុំហើយ ព្រះមាតាទើបប្រាប់នាងថា ព្រះរាជបិតារបស់បុត្រីប្រទានពរទុក មាតាបានកាន់យកជាពាក្យសម្គាល់ទុកហើយ បុត្រីចូរកាន់យកនូវពរតាមសេចក្ដីពេញចិត្តរបស់ខ្លួនចុះ ។ នាងកណ្ហានោះបានបែកធ្លាយនូវហិរិនិងឱត្តប្បៈហើយ ព្រោះភាពជាអ្នកមានកិលេសច្រើន ក៏ទូលព្រះមាតាថា បពិត្រព្រះមាតា ទ្រព្យសម្បត្តិដទៃដែលថានឹងមិនមានដល់ខ្ញុំនោះ រមែងមិនមាន ព្រះមាតាចូរធ្វើនូវពរដោយខ្លួនឯងដល់ខ្ញុំដើម្បីប្រយោជន៍ដល់ការកាន់យកព្រះស្វាមីផងចុះ ។ ព្រះមាតានោះក៏ប្រាប់សេចក្ដីនោះដល់ព្រះរាជា ។ ព្រះរាជាត្រាស់ថា នាងចូរកាន់យកស្វាមីតាមសេចក្ដីពេញចិត្តចុះ ហើយឲ្យគេប្រកាសហៅបុរសមក ។ បុរសទាំងឡាយជាច្រើនបានប្រដាប់តាក់តែងដោយគ្រឿងអលង្ការទាំងពួងហើយមកប្រជុំគ្នាត្រង់ព្រះលានហ្លួង ។ នាងកណ្ហាបានកាន់យកនូវស្មុគផ្កា ហើយឋិតនៅត្រង់សីហបញ្ជរដ៏ខ្ពស់ កាលសម្លឹងមើលនូវបុរសទាំងឡាយ មិនពេញចិត្តសូម្បីតែម្នាក់ ។ ក្នុងពេលនោះ មានព្រះរាជកុមារ ៥ អង្គដែលជាបុត្ររបស់ព្រះបាទបណ្ឌុរាជអំពី បណ្ឌុរាជត្រកូល មានព្រះនាមថា អជ្ជុន នកុល ភីមសេន យុធិដ្ឋិល សហទេព ដែលនាំគ្នាមករៀននូវសិល្បសាស្ត្រ ក្នុងសម្នាក់អាចារ្យទិសាបាមោក្ខ ក្នុងនគរតក្កសិលាសម្រេចហើយ កាលគិតថា ពួកយើងនឹងដឹងនូវការប្រព្រឹត្តទៅនៃប្រទេស ទើបនាំគ្នាទៅដល់នគរពារាណសី បានស្ដាប់នូវកោលាហលខាងក្នុងនគរ ក៏សួរគេ ដឹងនូវសេចក្ដីនោះហើយ គិតថា សូម្បីពួកយើងនឹងទៅ ព្រះរាជកុមារទាំង ៥ អង្គជាអ្នកមានរូបស្អាតដូចមាស បានទៅក្នុងទីនោះ ហើយដល់ដោយលំដាប់ ។ ចំណែកនាងកណ្ហាបានឃើញនូវព្រះរាជកុមារទាំងនោះហើយ ក៏មានចិត្តប្រតិព័ទ្ធស្នេហាឡើងក្នុងព្រះរាជកុមារទាំងនោះ ទើបបោះនូវរង្វេលផ្កាទៅលើសីសៈរបស់ព្រះរាជកុមារទាំង ៥ នោះ ហើយពោលនឹងព្រះមាតាថា បពិត្រព្រះមាតា ខ្ញុំម្ចាស់យកជនទាំង ៥ នាក់នេះ ។ ព្រះមាតាក៏ទៅប្រាប់ដល់ព្រះបាទព្រហ្មទត្ត ។ ព្រះរាជាមិនពេញព្រះទ័យ តែទ្រង់មិនអាចនឹងត្រាស់ថា មិនបានទេ ព្រោះព្រះអង្គបានព្រះរាជទានពរទុកហើយ ទើបសួររាជកុមារទាំងនោះថា អ្នកមានជាតិដូចម្ដេច ជាបុត្ររបស់អ្នកណា ? គ្រាទ្រង់បានដឹងនូវភាវៈដែលរាជកុមារទាំងនោះ ជាបុត្ររបស់ព្រះបាទ បណ្ឌុរាជ ទើបធ្វើសក្ការៈដល់កុមារទាំងនោះ ហើយប្រទាននូវនាងកណ្ហានោះធ្វើជាបាទបរិចារិកា (ស្ត្រីអ្នកបម្រើនូវជើង គឺប្រពន្ធ) ។ នាងកណ្ហាក៏បម្រើនូវរាជកុមារទាំងនោះ ដោយអំណាចកិលេស លើប្រាសាទ ៧ ជាន់ ។ នាងកណ្ហានោះមានបុរសគមខ្វិនរូបរាងអាក្រក់ម្នាក់នៅបម្រើ ។ កាលនាងកណ្ហាបម្រើព្រះរាជកុមារទាំងនោះដោយអំណាចកិលេសតណ្ហាហើយ ក្នុងពេលដែលកុមារទាំងនោះចេញទៅក្រៅអស់ហើយ បានឱកាសស្ងាត់ នាងកាលរោលរាលដោយកិលេស បានធ្វើនូវអំពើបាប (លបលួចស្រឡាញ់គ្នា) ជាមួយនឹងបុរសគមខ្វិននោះ ។ កាលព្រះនាងកណ្ហាចរចានឹងបុរសគមខ្វិន ព្រះនាងបានពោលថា បុរសដទៃជាទីស្រឡាញ់របស់អូនឲ្យក្រៃលែងជាបងមិនមាន អូននឹងសម្លាប់ព្រះរាជកុមារទាំង ៥ យកឈាមពីបំពង់កមកលាងជើងបង ។ សូម្បីព្រះរាជកុមារដទៃៗ កាលព្រះនាងច្រឡូកច្រឡំដោយព្រះរាជកុមារបង ក៏ព្រះនាងពោលថា ព្រះ​រៀមបងប៉ុណ្ណោះជាទីស្រឡាញ់របស់ម្ចាស់អូនជាងរាជកុមារទាំង ៤ នោះ ជីវិតរបស់ម្ចាស់អូនលះបង់ដើម្បីប្រយោជន៍ដល់ព្រះរៀមបងហើយ បន្ទាប់អំពីព្រះបិតាទៅ ម្ចាស់អូននឹងយករាជសម្បត្តិ​ជូន​ម្ចាស់​បងប៉ុណ្ណោះ ។ សូម្បីព្រះនាងកាលនៅច្រឡូកច្រឡំនឹងព្រះរាជកុមារដទៃទៀត ព្រះនាងក៏ពោលយ៉ាងនេះ ។ ព្រះរាជកុមារទាំង ៥ អង្គត្រេកអរនឹងនាងកណ្ហាដ៏ក្រៃលែងដោយគិតថា ព្រះនាងកណ្ហានេះស្រឡាញ់យើង ហើយឥស្សរិយយសរបស់យើងកើតឡើងដោយអាស្រ័យនូវនាងកណ្ហានោះ ។ ក្នុងថ្ងៃមួយ នាងកណ្ហានោះមានជំងឺ ។ លំដាប់នោះ ព្រះរាជកុមារទាំងនោះ នៅអង្គុយឡោមព័ទ្ធព្រះនាង មួយអង្គអង្គុយច្របាច់ក្បាល បួនអង្គដ៏សេសអង្គុយច្របាច់ដៃ និងជើង ។ ចំណែកបុរសគមខ្វិនអង្គុយនៅក្បែរជើង ។ ព្រះនាងកណ្ហានោះ កាលឲ្យនូវសញ្ញាដោយក្បាល ដល់អជ្ជុនកុមារដែលជាព្រះរាជបុត្រច្បងដែលកំពុងច្របាច់ក្បាលថា ព្រះរៀមបងប៉ុណ្ណោះជាទីស្រឡាញ់របស់ម្ចាស់អូនជាងរាជកុមារទាំង ៤ នេះ ជីវិតរបស់ម្ចាស់អូនលះបង់ដើម្បីប្រយោជន៍ដល់ព្រះរៀមបងហើយ បន្ទាប់អំពីព្រះបិតាទៅ ម្ចាស់អូននឹងយករាជសម្បត្តិជូនម្ចាស់បងប៉ុណ្ណោះ ។ ព្រះនាងក៏បានឲ្យនូវសញ្ញាយ៉ាងនោះដោយដៃនិងជើងទាំងឡាយសូម្បីដល់ព្រះរាជកុមារដទៃ ។ ចំណែកបុរសគមខ្វិនព្រះនាងបានឲ្យសញ្ញាដោយអណ្ដាតដោយន័យថា បងប៉ុណ្ណោះជាទីស្រឡាញ់របស់អូន អូននឹងរស់នៅដើម្បីប្រយោជន៍ដល់​បង ។ សូម្បីព្រះរាជកុមារទាំងអស់នោះ ក៏បានដឹងនូវសេចក្ដីនោះដោយសញ្ញានោះ ដែលនាងធ្លាប់ពោលក្នុងពេលមុន ។ ក្នុងបណ្ដាព្រះរាជកុមារទាំងនោះ រាជកុមារដ៏សេសបានដឹងហើយក្នុងសញ្ញាដែលនាងឲ្យហើយដល់ខ្លួនប៉ុណ្ណោះ ។ ចំណែកអជ្ជុនកុមារបានឃើញនូវវិការដៃ ជើង និងអណ្ដាតរបស់នាង ទើបគិតថា សញ្ញាដែលនាងកណ្ហាឲ្យហើយដល់យើងយ៉ាងណា សញ្ញានោះនាងកណ្ហាបានឲ្យហើយដល់ជនសូម្បីដ៏សេសក៏យ៉ាងនោះ នាងនេះប្រាកដជាបានធ្វើសន្ថវៈជាមួយនឹងបុរសគមខ្វិននេះ ដូច្នេះហើយទើបនាំនូវប្អូនៗទាំងឡាយចេញទៅក្រៅហើយសួរថា អ្នកទាំងឡាយបានឃើញនូវវិការៈនៃសីលៈដែលនាងកណ្ហាបានឲ្យហើយដល់យើងឬទេ ? ពួករាជបុត្រឆ្លើយថា ឃើញ ។ អជ្ជុនកុមារសួរទៀតថា ចុះអ្នកទាំងឡាយបានដឹងនូវហេតុនោះអត់ ? រាជកុមារប្អូនពោលថា ពួកយើងមិនដឹងទេ ។ អជ្ជុនកុមារទើបសួរថា ចុះពេលដែលនាងកណ្ហាឲ្យសញ្ញាដល់ពួកលោកដោយដៃ និងជើងទាំងឡាយ អ្នកទាំងឡាយដឹងនូវហេតុនោះឬទេ ? រាជកុមារឆ្លើយថា ពួកយើងដឹង ។ អជ្ជុនកុមារត្រាស់ថា នាងឲ្យសញ្ញាដល់ពួកយើងដោយរឿងដូចគ្នា ហើយអ្នកទាំងឡាយបានដឹងនូវហេតុនៃសញ្ញាដែលនាងបានឲ្យហើយដល់បុរសគមខ្វិនដោយវិការៈនៃអណ្ដាតឬទេ ? ពួករាជកុមារពោលថា ពួកយើងមិនបានដឹងទេ ។ ទើបអជ្ជុនកុមារប្រាប់សេចក្ដីនោះដល់ប្អូនថា នាងកណ្ហាបានធ្វើនូវអំពើបាបជាមួយនឹងបុរសគមខ្វិននោះហើយ ។ អជ្ជុនកុមារកាលប្អូនទាំងឡាយមិនជឿ ទើបហៅបុរសគមខ្វិនមកសួរ ។ បុរសគមខ្វិននោះ ក៏ពោលប្រាប់នូវការប្រព្រឹត្តទៅនោះទាំងអស់ ។ ពួករាជកុមារបានស្ដាប់ពាក្យរបស់បុរសគមខ្វិននោះហើយ បានជាអ្នកលែងមាន ឆន្ទរាគៈគឺសេចក្ដីតម្រេកត្រេកត្រអាលនឹងនាងកណ្ហានោះ ហើយពោលទោសតិះដៀលមាតុគ្រាមដោយអនេកបរិយាយ​ថា ឱហ្ន៎ ឈ្មោះថាមាតុគ្រាមជាបុគ្គលបាប ទ្រុស្តសីល បានលះបង់សូម្បីនូវពួកយើងជាអ្នកដល់ព្រម​ដោយ​ជាតិ និងភាពស្រស់សង្ហាយ៉ាងនេះហើយ ធ្វើនូវអំពើបាបជាមួយនឹងបុរសគមខ្វិនដែលមានរូបអាក្រក់គួរខ្ពើមយ៉ាងនេះ ឈ្មោះថា បុគ្គលមានជាតិជាបណ្ឌិតណា នឹងត្រេកអរមួយអន្លើដោយស្ត្រីទាំង​ឡាយ​ ដែលមានធម៌ដ៏លាមក មិនមានសេចក្ដីអៀនខ្មាសយ៉ាងនេះ ដូច្នេះហើយ ជនទាំង ៥ នាក់ គិត​ថា ការគ្រប់គ្រងផ្ទះមិនគួរមានដល់យើង ហើយបានចូលទៅកាន់ព្រៃហិមពាន្ត បួសជាបព្វជិត បានធ្វើនូវបរិកម្មកសិណ ក្នុងទីបំផុតនៃអាយុក៏បានទៅតាមយថាកម្ម ។ កុណាលោ បន សកុណរាជា តទា អជ្ជុនកុមារោ អហោសិ ក្នុងកាលនោះ ស្ដេចកុណាល គឺជា អជ្ជុនកុមារ ។ ព្រោះហេតុនោះ កាលសម្ដែងហេតុដែលខ្លួនបានឃើញមកហើយទើបពោលថានែ​បុណ្ណ​មុខៈ ​សម្លាញ់ កុមារីឈ្មោះនាងកណ្ហា មានបិតាពីរ មានប្តី ៥ នាក់ ជាប់ជំពាក់ ចិត្តក្នុងបុរសទី ៦ គឺក្នុងបុរសខ្វិនគម ( ដូចខ្មោចកំបុតក ) ក៏ខ្ញុំបានឃើញហើយ ។ពាក្យក្នុងរឿងនោះ មានដូចតទៅនេះ ស្រី្តប្រព្រឹត្តកន្លងប្តីទាំង ៥ នាក់នុ៎ះគឺ អជ្ជុនរាជកុមារ ១ នកុលរាជកុមារ ១ ភីមសេនរាជកុមារ ១ យុធិដ្ឋិលរាជកុមារ ១ សហទេវរាជកុមារ ១ ធ្វើនូវអំពើដ៏លាមកគឺ សេពមេថុនធម្មជាមួយបុរសគមទាបតឿ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៣) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2764/teeeeeetpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៧,២៦៥ ដង)
អតីតេ កិរ បានឮមកថា ក្នុងអតីតកាល មានសេតសមណី (ដូនជីស្លៀកស) ឈ្មោះ សច្ចតបាបី (ច្បាប់ខ្លះថា បញ្ចតបាវី) អាស្រ័យនឹងនគរពារាណសី នាងបានឲ្យគេកសាងបណ្ណសាលាក្នុងព្រៃស្មសាន កាលនៅក្នុងទីនោះ នាងញ៉ាំងនូវភត្តទាំងឡាយ ៤ ឲ្យកន្លងផុតទៅទើបបរិភោគ (រំលង ៤ ថ្ងៃបរិភោគ ១ ដង) (កិត្តិគុណ) ក៏បានប្រាកដឡើងទូទាំងព្រះនគរ ដូចជាព្រះចន្ទ្រ និងព្រះអាទិត្យ ។ អ្នកនគរពារាណសីសូម្បីកណ្ដាស់ សូម្បីភ្លាត់តែងតែពោលថា នមោ សច្ចតបាបិយា សូមនមស្ការនាងសច្ចតបាបី ។ លំដាប់នោះ ក្នុងថ្ងៃមួយ ជាវេលាលេងមហោស្រព ក្នុងថ្ងៃដំបូង ពួកជាងមា ទាំងឡាយនាំគ្នាជាក្រុមធ្វើនូវមណ្ឌបក្នុងស្ថានទីមួយ ហើយនាំមកនូវត្រី សាច់ សុរា គ្រឿងក្រអូប និងកម្រងផ្កាជាដើម ទើបប្រារព្ធនឹងផឹកនូវសុរា ។ លំដាប់នោះ ជាងមាសម្នាក់ កាលចោលនូវពែងសុរាក៏ពោលថា នមោ សច្ចតបាបិយា សូមនមស្ការនាងសច្ចតបាបី ។ ក្នុងទីនោះមានបុរសឆ្លាតម្នាក់និយាយថា អម្ភោ អន្ធពាល, ចលចិត្តាយ ឥត្ថិយា នមោ ករោសិ, អហោ ពាលោ នៃលោក អន្ធពាល លោកធ្វើនូវការនមស្ការនូវស្ត្រីដែលជាអ្នកមានចិត្តកម្រើក ឱហ្ន៎បុគ្គលពាល ។ ជាងមាសនោះឆ្លើយថា ម្នាលសម្លាញ់ លោកកុំនិយាយយ៉ាងនេះឡើយ កុំធ្វើកម្មដែលនាំទៅកាន់នរក ។ បុរសដែលឆ្លាតនោះពោលថា អ្នកមិនមានបញ្ញាទេ លោកចូរនៅស្ងៀមចុះ អ្នកចូរធ្វើការភ្នាល់គ្នាដោយទ្រព្យមួយពាន់ តអំពីនេះទៅ ៧ ថ្ងៃ យើងនឹងទៅនាំនាងសច្ចតបាបីមក ឲ្យតែងខ្លួនយ៉ាងស្អាតហើយ ឲ្យមកអង្គុយក្នុងទីនេះ ឲ្យកាន់យកនូវពែងសុរា ហើយយើងនឹងផឹកសុរា ឈ្មោះថា មាតុគ្រាមជាអ្នកមានសីលជានិច្ចនោះ មិនមានឡើយ ។ ជាងមាសនោះតបថា លោកមិនអាចនឹងធ្វើបានឡើយ ដូច្នេះហើយ ទើបធ្វើការភ្នាល់នឹងបុរសនោះ ។ បុរសអ្នកឆ្លាតនោះប្រាប់នូវការភ្នាល់គ្នានោះដល់ជាងមាសដទៃ ក្នុងថ្ងៃបន្ទាប់ បុរសនោះក៏ចូលទៅក្នុងព្រៃស្មសាន កាលនមស្ការនូវព្រះអាទិត្យក្នុងទីមិនឆ្ងាយអំពីលំនៅរបស់នាងសច្ចតបាបីនោះ ហើយក៏នៅទីនោះ ។ កាលសច្ចតបាបីត្រាច់ទៅដើម្បីភិក្ខាក្នុងព្រះនគរ ពេលត្រឡប់មកបានឃើញបុរសនោះ ក៏គិតថា មហិទ្ធិកោ តាបសោ ភវិស្សតិ, អហំ តាវ សុសានបស្សេ វសាមិ, អយំ មជ្ឈេ សុសានស្ស វសតិ, ភវិតព្ពមស្សព្ភន្តរេ សន្តធម្មេន, វន្ទិស្សាមិ នំ តាបសនេះជាអ្នកមានឫទ្ធិច្រើន យើងរស់នៅក្នុងចំណែកខាងនៃព្រៃស្មសានអស់កាលត្រឹមប៉ុណ្ណេះ តាបសនេះ (ហ៊ាន) នៅក្នុងទីកណ្ដាលនៃព្រៃស្មសាន ប្រាកដ​ជាមាន​ធម៌ជាគ្រឿងស្ងប់រម្ងាប់នៅខាងក្នុង យើងនឹងចូលទៅធ្វើសេចក្ដីគោរពតាបសនោះ ដូច្នេះហើយ នាងក៏ចូលទៅថ្វាយបង្គំ ។ តាបសប្លម មិនបានក្រឡេងមើល មិនបានហៅរក (មិនបាននិយាយជាមួយ) ។ ក្នុងថ្ងៃទីពីរ ក៏ធ្វើយ៉ាងនោះទៀត ។ តែដល់ថ្ងៃទីបី កាលនាងសច្ចតបាបីថ្វាយបង្គំ តាបសប្លមធ្វើជាអ្នកមានមុខបែរចុះក្រោមពោលថា អើ នាងចូរទៅចុះ ។ ក្នុងថ្ងៃទីបួន តាបសធ្វើនូវបដិសណ្ឋារៈថា កច្ចិ ភិក្ខាយ ន កិលមសិ នាងមិនលំបាកដោយភិក្ខាហារទេឬ ?នាងសច្ចតបាបីនោះមានចិត្តត្រេកអរដោយគិតថា ការបដិសណ្ឋារៈគឺយើងបានហើយ ទើបចៀសចេញទៅ ។ ក្នុងថ្ងៃទីប្រាំ នាងបានទទួលពាក្យបដិសណ្ឋារៈច្រើនជាងនោះ ហើយបានអង្គុយក្នុងទីទាបមួយ ទើបចេញទៅ ។ ក្នុងថ្ងៃទីប្រាំមួយ នាងបានចូលមកថ្វាយបង្គំតាបសនោះ តាបសប្លមក៏ពោលនឹងនាងដែលបានអង្គុយរួចហើយថា ម្នាលប្អូនស្រី ថ្ងៃនេះ សំឡេងនៃការច្រៀងនិងការប្រគំដ៏ធំ មានក្នុងក្រុងពារាណសីឬ ? នាងសច្ចតបាបីឆ្លើយថា បពិត្រអ្នកដ៏ចម្រើន លោកមិនដឹងទេឬ គេលេងមហោស្រពក្នុងនគរ នោះជាសំឡេងដែលគេលេងនៅក្នុងទីនោះ ។ តាបសប្លមក្លែងធ្វើជាមិនដឹងដោយពោលថា សំឡេងនោះនៅក្នុងទីនោះហ្ន៎ ហើយសួរនាងថា ម្នាលប្អូនស្រី នាងញ៉ាំងភត្តឲ្យកន្លងទៅប៉ុន្មានថ្ងៃ (នាងប្រព្រឹត្តដោយការវៀរអាហារប៉ុន្មានថ្ងៃ) ? នាងឆ្លើយថា បពិត្រអ្នកដ៏ចម្រើន បួនថ្ងៃ ហើយសួរទៅតាបសវិញថា ចុះលោកម្ចាស់ ញ៉ាំងភត្តឲ្យកន្លងទៅប៉ុន្មានថ្ងៃដែរ ? តាបសប្លមពោលថា ប្រាំពីរ ប្អូនស្រី ។ ឥទំ សោ មុសា អភាសិ តាបសប្លមនោះបានពោលនូវពាក្យកុហកនេះ ។ តាមពិត តាបសនោះបរិភោគក្នុងពេលយប់រាល់ៗថ្ងៃ ។ តាបសសួរតទៅថា ម្នាលប្អូនស្រី នាងបួសប៉ុន្មានឆ្នាំហើយ ? នាងសច្ចតបាបីឆ្លើយថា អស់ ១២ ឆ្នាំ ហើយនាងសួរវិញថា ចុះលោកម្ចាស់បួសបានប៉ុន្មានឆ្នាំដែរ ? តាបសពោលថា ឆ្នាំនេះជាឆ្នាំទីប្រាំមួយរបស់យើង (យើងបួសបាន ៦ ឆ្នាំ) ។ លំដាប់នោះ តាបសក៏សួរតទៅថា ម្នាលប្អូនស្រី តើនាងបានសម្រេចនូវសន្តធម៌ដែរឬនៅ ? នាងឆ្លើយថា បពិត្រអ្នកដ៏ចម្រើន នៅទេ ហើយលោកម្ចាស់វិញ សន្តធម៌មានដល់លោកនៅ ? តាបសពោលថា សត្តធម៌មិនមានដល់យើងទេ ។ តាបសនោះទើបពោលទៀតថា ម្នាលប្អូនស្រី ពួកយើងមិនបាននូវកាមសុខ និងមិនបាននូវនេក្ខម្មសុខ នរកក្ដៅ (មើលទៅមិនមែន) សម្រាប់តែយើងពីរទេ ពួកយើងនឹងធ្វើនូវកិរិយារបស់មហាជនវិញ ខ្ញុំនឹងសឹកជាគ្រហស្ថ ហើយទ្រព្យក្នុងសម្នាក់នៃមាតារបស់ខ្ញុំមាន ខ្ញុំមិនអាចនឹងនៅទទួលរងទុក្ខវេទនាតទៅទៀតឡើយ ។ នាងសច្ចតបាបីបានស្ដាប់ដូចនោះហើយ ក៏កើតចិត្តប្រតិព័ទ្ធក្នុងតាបសនោះ ព្រោះភាពជាអ្នកមានចិត្តកម្រើករបស់ខ្លួន ក៏បានពោលថា បពិត្រលោកម្ចាស់ ខ្ញុំក៏ជាអ្នកអផ្សុកចង់សឹកដែរ ប្រសិនបើលោកម្ចាស់មិនចោលខ្ញុំទេ ខ្ញុំនឹងសឹកជាគ្រហស្ថ ។ លំដាប់នោះ តាបសនោះបានពោលនឹងនាងថា មកចុះអូន បងមិនបោះបង់អូនទេ អូននឹងជាភរិយារបស់បង ដូច្នេះហើយ បុរសនោះក៏បាននាំនាងសច្ចតបាបីចូលទៅកាន់នគរ ហើយក៏រួមសមគ្គសង្វាស រស់នៅជាមួយគ្នា ហើយនាំនាងទៅកាន់កន្លែងផឹកសុរា បានឲ្យនាងសច្ចតបាបីនោះកាន់នូវពែងសុរា (ឲ្យចាក់ស្រា) ហើយក៏ផឹកនូវសុរា ។ ចំណែកជាងមាសក៏ចាញ់អស់ទ្រព្យមួយពាន់ ។ នាងសច្ចតបាបីនោះបានអាស្រ័យនូវបុរសនោះ ក៏ជាអ្នកចម្រើនដោយបុត្រនិងធីតាទាំងឡាយ ។តទា កុណាលោ សុរាធុត្តកោ អហោសិ ក្នុងកាលនោះ កុណាលសកុណៈ គឺជាអ្នកលេងសុរានោះ ។ កាលប្រកាសនូវរឿងដែលខ្លួនឃើញមក ទើបពោលថា (នែបុណ្ណមុខៈសម្លាញ់ នាងសមណីឈ្មោះសច្ចតបាបី កាលនៅកណ្តាលព្រៃស្មសាន រំលងចោលនូវបាយ ៤ ដង បានធ្វើនូវអំពើដ៏លាមកជាមួយនឹងអ្នកលេងសុរា ខ្ញុំបានឃើញហើយ) ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៣-១៦៤)ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2765/cxxdde444tpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៧,២៨៤ ដង)
អតីតេ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តបានសម្លាប់ព្រះបាទកោសល ហើយកាន់យករាជ្យ និងនាំ​យក​ព្រះអគ្គមហេសីដែលកំពុងមានគភ៌ របស់ព្រះបាទកោសលនោះ ទៅកាន់នគរពារាណសី សូម្បីកាលទ្រង់ដឹងនូវភាវៈនៃគភ៌របស់ព្រះនាងនោះក៏ដោយ ទ្រង់នៅតែតែងតាំងព្រះនាងទុកក្នុងតំណែងអគ្គមហេសី ។ ពេលដែលគភ៌ព្រះនាងចាស់ហើយក៏ប្រសូតព្រះឱរសដែលស្អាតដូចជាមាសមួយអង្គ ព្រះនាងគិតថា កាលព្រះកុមារនេះធំហើយ ព្រះបាទពារាណសីទ្រង់នឹងឲ្យគេសម្លាប់ដោយគិតថា នេះជាបុត្ររបស់សត្រូវ មិនមានប្រយោជន៍ដែលត្រូវចញ្ចឹមឡើយ (ដើម្បី) មិនឲ្យបុត្ររបស់យើងស្លាប់ក្នុងដៃរបស់បុគ្គលដទៃ ទើបព្រះនាងពោលនឹងភីលៀងថា នែនាង នាងចូរក្រាលនូវសំពត់ចាស់រុំទារកនេះ ហើយចូរយកទៅដាក់ឲ្យដេក ក្នុងព្រៃជាទីចោលនូវសាកសពស្រស់ហើយសឹមចូរត្រឡប់មកចុះ ។ នាងភីលៀងបានធ្វើយ៉ាងនោះ មុជទឹកហើយ ទើបត្រឡប់មក ។ ចំណែកព្រះបាទកោសលដែលស្លាប់នោះបានកើតជាអារក្ខទេវតារបស់បុត្រ ។ ដោយអានុភាពរបស់អារក្ខទេវតានោះ កាលមេពពែរបស់អ្នកគង្វាលពពែម្នាក់ ត្រាច់ទៅក្នុងកន្លែងនោះ ក៏ញ៉ាំងមេពពែមួយឲ្យឃើញនូវកុមារនោះ ញ៉ាំងនូវសេចក្ដីស្នេហាហើយឲ្យផឹកនូវទឹកដោះ ទើបត្រាច់ទៅ បានឲ្យកុមារនោះផឹកនូវទឹកដោះ អស់វារៈពីរបីបួនដង ។ នាយគង្វាលពពែឃើញនូវកិរិយារបស់មេពពែនោះ ទើបទៅកាន់ទីនោះ បានឃើញនូវទារក ហើយបានញ៉ាំងសេចក្ដីស្រឡាញ់ហាក់ដូចជាកូន ទើបនាំទៅ ប្រគល់ឲ្យភរិយារបស់ខ្លួន ។ ភរិយានោះជាបុគ្គលមិនមានបុត្រ មិនមានទឹកដោះឲ្យទារកនោះបៅ ទើបឲ្យទារកនោះផឹកនូវទឹក​ដោះ​ពពែនោះឯង ។ បន្ទាប់មក មេពពែទាំងឡាយក៏ស្លាប់ទៅអស់ពីរបីក្បាលរាល់ៗថ្ងៃ ។ នាយគង្វាលពពែគិតថា បើយើងនៅចិញ្ចឹមទារកនេះទៀត មេពពែនឹងស្លាប់ទាំងអស់ នឹងចិញ្ចឹមទារកនេះធ្វើអ្វី ដូច្នេះហើយទើបញ៉ាំងទារកឲ្យដេកក្នុងភាជនៈដីមួយ ហើយបិទបាំងខាងមុខខាងក្រោយ យកទៅបណ្ដែតក្នុងទន្លេ ។ មានមនុស្សចណ្ឌាលដែលជាអ្នកជួសជុលរបស់ចាស់ម្នាក់ ដែលអាស្រ័យនៅក្នុងរាជនិវេសន៍ ពេលចុះទៅលាងធ្មៃនៅកំពង់ខាងក្រោម ជាមួយនឹងម្ចាស់ បានឃើញនូវភាជន៍ដែលអណ្ដែតមក បានទៅនាំយកមកដោយរហ័ស ដាក់ទុកលើច្រាំង កាលមើលទើបបើកដោយគិតថា នេះជាអ្វីហ្ន៎ ពេលបើកហើយបានឃើញទារក ។ ភរិយារបស់មនុស្សចណ្ឌាលជាបុគ្គលមិនមានបុត្រ បានស្រឡាញ់ទារកនោះទុកដូចជាកូន ទើបនាំទៅចិញ្ចឹមទុកក្នុងផ្ទះ ។ បន្ទាប់ពីពេលដែលកុមារមានអាយុប្រាំពីរប្រាំបីឆ្នាំ កាលមាតាបិតាជាមនុស្សចណ្ឌាលទៅកាន់រាជត្រកូល បាននាំយកនូវកុមារនោះទៅដែរ ។ បន្ទាប់ពីពេលដែលកុមារនោះមាន វ័យបាន ១៦ ឆ្នាំហើយ បានទៅកាន់រាជត្រកូលអស់ជាច្រើនដង (ដើម្បី) ធ្វើការជួសជុលរបស់ចាស់ ។ ព្រះអគ្គមហេសី (ត្រូវជាមាតារបស់កុមារនោះ) របស់ព្រះរាជាពារាណសី មានព្រះរាជធីតាមួយអង្គព្រះនាម កុរុង្គទេវី ជាស្រីមានរូបល្អស្អាត ។ ព្រះនាងកុរុង្គទេវីនោះ បន្ទាប់ពីបានឃើញកុមារនោះ ក៏មានចិត្តប្រតិព័ទ្ធស្នេហាក្នុងកុមារនោះ ហើយបានទៅកាន់កន្លែងធ្វើការរបស់កុមារនោះ ព្រោះភាវៈជាអ្នកមិនមានសេចក្ដីត្រេកអរក្នុងទីដទៃ ។ អជ្ឈាចារគឺការប្រព្រឹត្តកន្លងល្មើស (រាជប្រវេណី) បានប្រព្រឹត្តហើយក្នុងឱកាសដែលស្ងាត់កំបាំងក្នុងព្រះរាជត្រកូលខាងក្នុងនោះឯង របស់ព្រះរាជធីតាកុរុង្គទេវីនិងកុមារនោះ ដែលជាអ្នកមានចិត្តប្រតិព័ទ្ធស្នេហានូវគ្នានឹងគ្នាដោយការឃើញគ្នារឿយៗ ។ កាលព្រះនាងកុរុង្គទេវីទៅធ្វើដូច្នេះ អ្នកបម្រើទាំងឡាយបានដឹង ហើយក្រាបទូលដល់ព្រះរាជា ។ ព្រះរាជាទ្រង់ពិរោធហើយ បានហៅអាមាត្យទាំងឡាយឲ្យប្រជុំគ្នា ហើយត្រាស់ថា កូនរបស់មនុស្សចណ្ឌាលនេះបានធ្វើនូវទង្វើនេះ ពួកលោកនឹងធ្វើយ៉ាងណាដល់គេ ? ពួកអាមាត្យក៏ក្រាបទូលថា ទោសនេះធំណាស់ ព្រះអង្គ សមគួរនឹងធ្វើទារុណកម្មផ្សេងៗ ទើបសម្លាប់តាមក្រោយ ។ ក្នុងខណៈនោះ អារក្ខទេវតាដែលជាបិតារបស់កុមារនោះ បានចូលសណ្ឋិតក្នុងសរីរៈរបស់ព្រះមាតារបស់កុមារនោះឯង ។ ព្រះនាងនោះក៏បានចូលទៅគាល់ព្រះរាជាដោយអានុភាពរបស់ទេវតាហើយពោលថា បពិត្រមហារាជ កុមារនេះមិនមែនជាកូនមនុស្សចណ្ឌាលទេ កុមារនេះកើតក្នុងផ្ទៃរបស់ខ្ញុំម្ចាស់​ ជាបុត្ររបស់ព្រះបាទកោសល ខ្ញុំម្ចាស់បានទូលមុសាវាទនឹងព្រះអង្គថា ព្រះឱរសរបស់ខ្ញុំម្ចាស់ស្លាប់ហើយ ដោយគិតថា ជាបុត្ររបស់ព្រះរាជាដែលសត្រូវនឹងព្រះអង្គ ទើបបញ្ជាឲ្យនាងភីលៀងយកទៅចោលក្នុងព្រៃស្មសាន លំដាប់នោះ នាយគង្វាលពពែម្នាក់ក៏បានចិញ្ចឹមនូវកុមារនេះ ពេលកើតហេតុមេពពែស្លាប់ជាច្រើនក្បាល គេទើបយកទៅបណ្ដែតក្នុងទន្លេ គ្រានោះ មនុស្សចណ្ឌាលដែលជាជួស​ជុល​របស់ចាស់ក្នុងព្រះរាជវាំង របស់ព្រះអង្គបានឃើញកុមារនេះដែលអណ្ដែតមក ហើយគេក៏យកទៅចិញ្ចឹម បើព្រះអង្គមិនជឿទេ សូមទ្រង់ឲ្យហៅមនុស្សទាំងអស់នោះមកសួរចុះ ។ ព្រះរាជាបានឲ្យហៅអ្នកទាំងអស់នោះ ធ្វើតាំងតែនាងភីលៀងជាដើមហើយសួរ ទ្រង់បានស្ដាប់ការប្រព្រឹត្តទៅយ៉ាងនោះហើយ មានចិត្តត្រេកអរថា កុមារនេះជាអ្នកដល់ព្រមដោយជាតិ ទើបឲ្យគេងូតទឹកកុមារនោះ ហើយឲ្យប្រដាប់តាក់តែង ទើបទ្រង់ប្រគល់ព្រះធីតាដល់កុមារនោះ ។ ព្រោះភាវៈនៃមេពពែទាំងឡាយស្លាប់មានដល់កុមារនោះ មនុស្សទាំងឡាយទើបធ្វើនូវឈ្មោះកុមារនោះថា ឯឡិកកុមារ (កុមារពពែ) ។ លំដាប់នោះ ព្រះរាជាបានប្រគល់សេនានិងពាហនៈដល់ឯឡិកកុមារនោះ ហើយបញ្ជូនគេដោយត្រាស់ថា អ្នកចូរទៅគ្រប់គ្រងរាជសម្បត្តិរបស់ព្រះបិតារបស់ខ្លួនចុះ ។ ឯឡិកកុមារក៏នាំនាងកុរុង្គទេវីទៅគ្រប់គ្រងរាជសម្បត្តិ ។ គ្រានោះ ព្រះរាជាពារាណសីទ្រង់គិតថា ឯឡិកកុមារនេះ មិនបានសិក្សាសិល្បសាស្ត្រ ទើបទ្រង់បញ្ជូនអាចារ្យឈ្មោះ ឆឡង្គកុមារ ឲ្យទៅបង្រៀនឯឡិកកុមារ ។ ឯឡិកកុមារនោះក៏បានតែងតាំងឆឡង្គកុមារឲ្យជាសេនាបតីដោយគិតថា គេជាអាចារ្យរបស់ខ្លួន ។ ក្នុងកាលជាខាងក្រោយមកទៀត ព្រះនាងកុរុង្គទេវីបានធ្វើអនាចារៈ មួយអន្លើដោយ ឆឡង្គកុមារសេនាបតី​នោះ ។ លោកសេនាបតីគាត់អ្នកបម្រើម្នាក់ឈ្មោះ ធនន្តេវាសី ។ ឆឡង្គកុមារសេនាបតីនោះ បានប្រើនាយធនន្តេវាសីនោះ ឲ្យនាំយកនូវរបស់របរមានសំពត់ និងគ្រឿងអលង្ការជាដើមទៅឲ្យព្រះនាងកុរុង្គទេវី ។ នាងកុរុង្គទេវីនោះ ក៏បានធ្វើនូវអំពើបាបសូម្បីមួយអន្លើដោយនាយធនន្តេវាសីនោះទៀត ។ កុណាលសកុណៈពោលថា ទិដ្ឋា មយា, សម្ម បុណ្ណមុខ, កុរុង្គទេវី នាម លោមសុទ្ទរី ឯឡិកកុមារំ កាមយមានា ឆឡង្គកុមារធនន្តេវាសិនា បាបមកាសិ នែបុណ្ណមុខៈសម្លាញ់ ព្រះអគ្គមហេសីមានព្រះលោមាល្អ ព្រះនាមកុរុង្គទេវី កាលប្រាថ្នាឯឡិកកុមារហើយ បានធ្វើនូវអំពើដ៏លាមកជាមួយនឹងឆឡង្គកុមារសេនាបតី និងបុរសអ្នកនៅដោយទ្រព្យរបស់ឆឡង្គកុមារនោះទៀត ខ្ញុំក៏បានឃើញហើយ ។ បណ្ដាបទទាំងនោះ បទថា លោមសុទ្ទរី (ព្រះអគ្គមហេសីមានព្រះលោមាល្អ) បានដល់ រោមរបស់ព្រះរាជិនីដែលកើតត្រង់ទ្រូង ។ បទថា ឆឡង្គកុមារធនន្តេវាសិនា សេចក្ដីថា សូម្បីប្រាថ្នានូវឯឡិកកុមារហើយ ព្រះនាងក៏ធ្វើនូវអំពើបាបមួយអន្លើដោយឆឡង្គកុមារសេនាបតីនោះផង និងអ្នកបម្រើឈ្មោះ​ធនន្តេវាសីនោះផង ។ ស្រីទាំងឡាយតែងប្រព្រឹត្តអនាចារយ៉ាងនេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ព្រោះហេតុនោះ យើងទើបមិនពោលសរសើរស្ត្រីទាំងនោះ ព្រះមហាសត្វបាននាំអតីតនិទាននេះមកសម្ដែងហើយ ។ សោ ហិ តទា ឆឡង្គកុមារោ អហោសិ, តស្មា អត្តនា ទិដ្ឋការណំ អាហរិ ។ ពិតមែនហើយ ក្នុងកាលនោះ ព្រះមហាសត្វនោះ គឺ ឆឡង្គកុមារ ព្រោះហេតុនោះ ព្រះអង្គទើបនាំនូវហេតុដែលទ្រង់ឃើញដោយខ្លួនឯង ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៤) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2766/wewwwxtpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៧,៤៦២ ដង)
កុណាលសកុណពោលថា សេចក្តីពិត រឿងដូចគ្នានេះ ខ្ញុំដឹងហើយយ៉ាងនេះថា ព្រះវរមាតារបស់ព្រះបាទព្រហ្មទត្ត លះបង់ព្រះបាទកោសល ទៅធ្វើអំពើដ៏លាមកជាមួយនឹងព្រាហ្មណកុមារ ឈ្មោះបញ្ចាលចណ្ឌៈ ។ វិត្ថារនិទាន អតីតេ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបាទកោសលបានកាន់យករាជសម្បត្តិរបស់ព្រះបាទពារាណសី ទ្រង់បានតែងតាំងព្រះអគ្គមហេសីរបស់ព្រះចៅក្រុង ពារាណសីដែលកំពុងមានគភ៌ជាអគ្គមហេសីរបស់ព្រះអង្គ ហើយស្ដេចយាងទៅនគររបស់ព្រះអង្គ ។ ក្នុងកាលជាបន្តបន្ទាប់មកទៀត ព្រះអគ្គមហេសីនោះក៏ប្រសូតបានព្រះឱរស ។ ចំណែកព្រះបាទកោសល ហេតុតែជាទ្រង់មិនមានបុត្រ ក៏បានចិញ្ចឹមព្រះឱរសនោះទុកដោយសេចក្ដីស្រឡាញ់ដូចបុត្ររបស់ខ្លួន ហើយបានញ៉ាំងព្រះកុមារដែលមានវ័យចម្រើនហើយនោះឲ្យសិក្សាសិល្បសាស្ត្រ ហើយទ្រង់បញ្ជូនទៅថា អ្នកចូរគ្រប់គ្រងនូវដែនក្នុងសម្នាក់បិតារបស់ខ្លួនចុះ ។ ព្រះរាជកុមារនោះក៏បានទៅគ្រប់គ្រងរាជសម្បត្តិ ។ ចំណេរកាលមកទៀត ព្រះមាតារបស់ព្រះរាជកុមារបានចូលទៅទូលលាព្រះបាទកោសលថា ខ្ញុំម្ចាស់មានសេចក្ដីប្រាថ្នានឹងឃើញនូវបុត្រ (ទៅលេងបុត្រ) ដូច្នេះហើយក៏នាំបរិវារជាច្រើនទៅកាន់ក្រុងពារាណសី ព្រះនាងបានកាន់នូវទីអាស្រ័យ (ដើម្បីឈប់សម្រាក)នៅក្នុងនិគមមួយដែលនៅរវាងនគរទាំងពីរ ។ មានព្រាហ្មណកុមារម្នាក់ដែលមានរូបរាងស្រស់សង្ហា ឈ្មោះ បញ្ចាលចណ្ឌៈ នៅក្នុងនិគមនោះ ។ បញ្ចាលចណ្ឌៈបាននាំបណ្ណាការមកថ្វាយព្រះនាង ។ ព្រះនាងពេលបានឃើញបញ្ចាលចណ្ឌៈនោះ ក៏មានចិត្តប្រតិព័ទ្ធស្នេហា ហើយបានធ្វើនូវអំពើបាប (ស្រឡាញ់គ្នា) ជាមួយនឹងបញ្ចាលចណ្ឌៈនោះ ហើយបានស្នាក់នៅក្នុងទីនោះអស់ពីរបីថ្ងៃ ទើបធ្វើដំណើរទៅកាន់ក្រុងពារាណសី (បន្ត) បានជួបបុត្រហើយ ក៏ប្រញាប់ត្រឡប់មកវិញ ហើយបានកាន់យកទីនៅ (ស្នាក់នៅ) ក្នុងនិគមនោះម្ដងទៀត ព្រះនាងបានប្រព្រឹត្តអនាចារជាមួយនឹងបញ្ចាលចណ្ឌៈនោះអស់បីរបីថ្ងៃ ទើបទៅកាន់នគរ កោសលវិញ ។ តាំងតែអំពីពេលនោះមក មិនយូរប៉ុន្មាន ព្រះនាងក៏ចូលទៅទូលនូវហេតុនោះៗ ប្រាប់ព្រះបាទកោសលថា ខ្ញុំម្ចាស់នឹងទៅកាន់សម្នាក់បុត្រ កាលទៅក្ដី កាលមកវិញក្ដី តែងប្រព្រឹត្តអនាចារជាមួយនឹងបញ្ចាលចណ្ឌៈក្នុងនិគមនោះអស់កាលកន្លះខែ ។ម្នាលបុណ្ណមុខសម្លាញ់ ដែលឈ្មោះថា ស្ត្រីទាំងឡាយគឺជាអ្នកទ្រុស្តសីល មានប្រក្រតីពោលពាក្យមុសា កាលព្រះមហាសត្វសម្ដែងអតីតនិទាននេះហើយ ពោលពាក្យថា ជាសេចក្ដីពិតដែលយើងឃើញមក យ៉ាងនេះជាដើម ។ បណ្ដាបទទាំងនោះ បទថា ព្រះមាតារបស់ព្រះបាទព្រហ្មទត្ត បានដល់ ព្រះជននីរបស់ព្រហ្មទត្តកុមារដែលបានសោយរាជ្យក្នុងនគរពារាណសី ។ បានឮថា ក្នុងកាលនោះកុណាលបានជាព្រាហ្មណ៍ឈ្មោះចញ្ចាលចណ្ឌៈនោះ ព្រោះហេតុនោះ កាលនឹងសម្ដែងហេតុដែលខ្លួនបានដឹងមកនោះ ទើបទ្រង់ពោលយ៉ាងនេះ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៤) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2767/sdreew44extpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៩,៩៨០ ដង)
អតីតេ ក្នុងអតីតកាល ព្រះរាជាព្រះនាម ពកៈ ទ្រង់សោយរាជ្យប្រកបដោយធម៌ ក្នុងក្រុងពារាណសី ។ ក្នុងសម័យនោះ មានធីតា ឈ្មោះ បញ្ចបាបី របស់មនុស្សក្រីក្រម្នាក់ រស់នៅទិសខាងកើតទ្វារក្រុងពារា​ណ​សី ។ កិរ បានឮមកថា សូម្បីក្នុងជាតិមុន នាងបញ្ចបាបីនោះ ក៏កើតជាទលិទ្ទធីតា (ធីតារបស់អ្នក​ក្រម្នាក់) នាងជាន់នូវដីស្អិត ដើម្បីបូកលាបនូវជញ្ជាំងផ្ទះ ។ លំដាប់នោះ ព្រះបច្ចេកពុទ្ធមួយអង្គ គិតដើម្បី​ប្រយោជន៍ដល់ការធ្វើនូវគ្រឿងបរិភណ្ឌដល់ញកភ្នំរបស់ខ្លួនថា យើងនឹងបាននូវដីស្អិតក្នុងទីណា ទើបគិតថា អាចបានក្នុងក្រុងពារាណសី ដូច្នេះហើយ ឃ្លុំនូវចីវរ ជាអ្នកមានដៃកាន់នូវបាត្រ ចូលទៅកាន់នគរ ហើយឈរនៅក្នុងទីមិនឆ្ងាយអំពីនាងនោះ ។ នាងទលិទ្ទធីតានោះ ក្រោធហើយ កាលសម្លឹងមើលដោយចិត្តប្រទូស្តទើបពោលថា គ្រាន់តែដីស្អិតក៏សូមដែរ ។ ព្រះបច្ចេកពុទ្ធបានជាអ្នកនៅស្ងៀម មិនកម្រើកញាប់ញ័រ ។ លំដាប់នោះ នាងទលិទ្ទធីតានោះ ឃើញនូវភាពនៃព្រះបច្ចេកពុទ្ធដែលមិនកម្រើកញាប់ញ័រ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាឡើងហើយពោល​ថា បពិត្រសមណៈ លោកម្ចាស់មិនបាននូវដីស្អិតឬ ដូច្នេះហើយ នាងបាននាំយកនូវដីស្អិតមួយដុំធំមកដាក់ក្នុងបាត្រ ។ ព្រះបច្ចេកពុទ្ធបានធ្វើនូវការប្រោសព្រំលាបបូកញកភ្នំដោយដីស្អិតនោះ ។ មិនយូរប៉ុន្មាន នាងទលិទ្ទធីតានោះបានចុតិចាកអត្តភាពនោះ ហើយកាន់យកនូវបដិសន្ធិក្នុងផ្ទៃនៃស្ត្រីទុគ៌តក្នុងស្រុកមួយ ដែលនៅខាងក្រៅទ្វារព្រះនគរ ។ ដោយកាលកន្លងទៅ ១០ ខែ នាងក៏ប្រសូត្រចាក​ផ្ទៃ​នៃមាតា ។ ដោយផលនៃការថ្វាយដុំដីស្អិត សរីរៈរបស់នាងក៏ដល់ព្រមដោយសម្ផស្ស (ដ៏អស្ចារ្យ​) ​តែព្រោះសេចក្ដីក្រោធ មើលងាយព្រះបច្ចេកពុទ្ធ នាងជាអ្នកមានរូបវិកលអាក្រក់ (៥ កន្លែង គឺ) ដៃ ជើង មុខ ភ្នែក និង ច្រមុះ ។ ដោយហេតុនោះ មនុស្សទាំងឡាយទើបស្គាល់នាងក្នុងឈ្មោះថាថា បញ្ចបាបី (ស្ត្រីមានរូបអាក្រក់ ៥) ។ ក្នុងថ្ងៃមួយ ព្រះបាទពារាណសី កាលនឹងឃ្លាំមើលព្រះនគរដោយភេទដែលអ្នកដទៃមិនស្គាល់ (ក្លែងខ្លួនជាមនុស្សសាមញ្ញដោយស្លៀកពាក់ស៊ីវិល) ទ្រង់បានយាងទៅកាន់ប្រទេសនោះ ក្នុងវេលារាត្រី ។ សូម្បីនាងបញ្ចបាបីនោះ កាលលេងជាមួយនឹងក្មេងស្រីទាំងឡាយក្នុងស្រុក បានចាប់កាន់ដៃរបស់ព្រះរាជា ព្រោះតែមិនស្គាល់ ។ ព្រះរាជានោះ មិនអាចនឹងឋិតនៅដោយសភាពរបស់ខ្លួនបានឡើយ ដោយសម្ផស្សដៃរបស់នាងបញ្ចបាបីនោះ ហាក់បីដូចជាអ្នកបានពាល់ត្រូវដោយសម្ផស្សជាទិព្វ ។ ព្រះរាជានោះ បានជាអ្នកមានតម្រេកត្រេកអរនឹងសម្ផស្ស ទ្រង់ក៏ចាប់នូវនាងបញ្ចបាបីសូម្បីមានរូបអាក្រក់យ៉ាងនោះ ត្រង់ដៃ ហើយសួរនាងថា នាងជាធីតារបស់អ្នកណា ? នាងបញ្ចបាបីពោលថា ខ្ញុំជាធីតារបស់អ្នកនៅត្រង់ទ្វារនគរនេះឯង ព្រះរាជាសួរនូវនាងដល់ភាពជាអ្នកមិនមានម្ចាស់ (សួរថាមានប្ដីនៅ) ដូច្នេះហើយ ទើត្រាស់ថា យើងនឹងជាស្វាមីរបស់នាង នាងចូរទៅសូមអនុញ្ញាតមាតាបិតាចុះ។ នាងបញ្ចបាបីនោះ បានចូលទៅរកមាតាបិតាហើយពោលថា បពិត្រលោកឪពុកអ្នកម្ដាយ មានបុរសម្នាក់ចង់បានខ្ញុំ ។ មាតាបិតារបស់នាងគិតថា បុរសនោះប្រហែលជាមនុស្សទុគ៌តហើយ ទើបពោលថា បើគេចង់បានមនុស្សដូចកូនយ៉ាងនេះ ល្អហើយ ។ នាងបញ្ចបាបីទើបត្រឡប់មកវិញហើយប្រាប់នូវភាពនៃខ្លួនដែលមាតាបិតាអនុញ្ញាត (ដល់ព្រះរាជា) ។ ព្រះរាជានោះក៏បាននៅជាមួយនាងបញ្ចបាបីនោះក្នុងផ្ទះនោះឯង ហើយទ្រង់ក៏ត្រឡប់ចូលរាជនិវេសន៍អំពីព្រលឹម ។ ចាប់តាំងអំពីពេលនោះមក ព្រះរាជាតែងយាងទៅជានិច្ចដោយភេទដែលមិនមានគេស្គាល់ ទ្រង់លែងប្រាថ្នាសូម្បីតែការមើលនូវស្ត្រីដទៃ ។ ក្នុងថ្ងៃមួយ បិតារបស់នាងបញ្ចបាបី បានកើតនូវរោគ លោហិតបក្ខន្ទិកាពាធ (ជំងឺធ្លាក់ឈាម) ។ ថ្នាំដែលនឹងព្យាបាលរោគនោះ គឺ បាយបាយាសលាយជាមួយទឹកដោះស្រស់ ទឹកដោះថ្លា ទឹកឃ្មុំ និងស្ករក្រួស តែថ្នាំនោះ មិនអាចនឹងកើតឡើងដល់ពួកគេដែលមនុស្សក្រីក្រឡើយ ។ លំដាប់នោះ មាតានាងបញ្ចបាបីពោលនឹងធីតាថា នែកូន ស្វាមីរបស់កូនអាននឹងញ៉ាំងបាយបាយាសឲ្យកើតឡើងឬ ? នាងបញ្ចបាបីពោលថា បពិត្រអ្នកម៉ែ ស្វាមីរបស់ខ្ញុំគប្បីជាមនុស្សក្រជាងពួកយើងទៀត តែមិនអីទេ ចាំខ្ញុំសួរគាត់សិន ម៉ែកុំគិតច្រើនអី ។ ក្នុងវេលាដែលព្រះរាជាយាងមក នាងបញ្ចបាបីបានជាអ្នកមានចិត្តទោមនស្សហើយអង្គុយ។ គ្រានោះ ព្រះរាជាយាងមករកនាងហើយសួរថា ហេតុអ្វីបាននាងទោមនស្ស ? នាងក៏ប្រាប់សេចក្ដីនោះ ។ ព្រះរាជាបានស្ដាប់ពាក្យនោះហើយ ក៏ត្រាស់ថា ហៃអូនសម្លាញ់ ថ្នាំដែលមានរសវិសេសយ៉ាងនេះ បងនឹងបានមកអំពីណា គ្រាត្រាស់យ៉ាងនេះហើយ ទ្រង់គិតថា យើងមិនអាចនឹងទៅមកយ៉ាងនេះរហូតឡើយ ប្រាកដជានឹងជួបអន្តរាយតាមផ្លូវ ហើយបើយើងនឹងនាំនាងមកកាន់រាជនិវេសន៍ខាងក្នុង អ្នកដែលមិនដឹងនូវការដល់ព្រមដោយសម្ផស្សរបស់នាង ពួកគេនឹងធ្វើនូវការសើចចំអកឲ្យយើងថា ព្រះរាជារបស់យើងកាន់យក យក្ខិនីនាំមក ចឹងយើងនឹងធ្វើឲ្យអ្នកនគរទាំងអស់បានដឹងនូវសម្ផស្សរបស់នាងជាមុនសិន ដូច្នេះយើងនឹងរួចផុតពីការតិះដៀល ។ លំដាប់នោះ ព្រះរាជាត្រាស់នឹងនាងថា ហៃអូនសម្លាញ់ សូមកុំគិតឡើយ ចាំបងនឹងនាំយកបាយាសដើម្បីឪពុករបស់អូន ដូច្នេះហើយ ក៏ទ្រង់អភិរម្យត្រេកអរសប្បាយរីករាយជាមួយនឹងនាងបញ្ចបាបីនោះ ហើយមកកាន់រាជនិវេសន៍ ។ ក្នុងថ្ងៃស្អែក ទ្រង់បញ្ជាឲ្យគេចម្អិនបាយាសដូចនោះ ហើយទ្រង់ឲ្យនាំស្លឹកឈើមក ឲ្យធ្វើនូវកញ្ចប់ ២ ដាក់នូវបាយាសក្នុងកញ្ចប់មួយ ដាក់នូវចូឡាមណី (ស្នៀតសក់) ក្នុងកញ្ចប់មួយ ចងជាប់ហើយ យាងទៅក្នុងពេលរាត្រី (បានដល់ហើយ) ត្រាស់នឹងនាងបញ្ចបាបីថា ហៃអូនសម្លាញ់ ពួកយើងជាមនុស្សក្រ កិច្ចដោយការញ៉ាំងបាយនេះឲ្យកើតលំបាកណាស់ អូនចូរប្រាប់ឪពុកថា ថ្ងៃនេះ ពុកចូរពិសាបាយមួយកញ្ចប់នេះ ចាំស្អែកពិសាមួយកញ្ចប់នេះ ។ នាងបញ្ចបាបីក៏បានធ្វើតាមយ៉ាងនោះ ។ ល្មមតែឪពុកនាងបញ្ចបាបីបរិភោគបាយបាយាសតែបន្តិចប៉ុណ្ណោះ គាត់ក៏ឆ្អែតស្កប់ស្កល់ ព្រោះភាវៈនៃបាយនោះដែលដល់ព្រមដោយឱជារស ។ នាងបញ្ចបាបីក៏ឲ្យនូវចំណែកសល់ដល់ម្ដាយ ហើយទើបបរិភោគខ្លួនឯង ។ សូម្បីទាំងបីនាក់ក៏បានឆ្អែតស្កប់ស្កល់ ។ ចំណែកកញ្ចប់ចូឡាមណី ពួកគេយកទុកដើម្បីប្រយោជន៍ក្នុងថ្ងៃស្អែក ។ ព្រះរាជាមកកាន់និវេសន៍ ទ្រង់ជម្រះនូវមុខហើយ ត្រាស់ថា អ្នកទាំងឡាយចូរនាំមកនូវចូឡាមណីដល់យើង ។ ពួកអ្នកបម្រើទូលថា បពិត្រព្រះសម្មតិទេព ពួកខ្ញុំព្រះអង្គមិនឃើញទេ ។ ព្រះរាជាត្រាស់ អ្នកទាំងឡាយចូរឆែកមើលអស់ទូទាំងនគរទាំងមូល ។ ពួកគេសូម្បីឆែករកមើលហើយក៏មិនបានឃើញឡើយ ។ ព្រះរាជាបញ្ជាថា អ្នកទាំងឡាយឆែកមើលឲ្យអស់ សូម្បីត្រឹមតែកញ្ចប់បាយធ្វើពីស្លឹកឈើ ក្នុងផ្ទះរបស់មនុស្សក្រីក្រខាងក្រៅនគរ ។ កាលពួករាជបុរសឆែកមើលក៏បានឃើញនូវចូឡាមណីក្នុងឆ្នាំងនោះ ហើយចងនូវមាតាបិតារបស់នាងបញ្ចបាបីដោយចោទថា ជាចោរ ហើយនាំទៅ ។ លំដាប់នោះ បិតារបស់នាង បញ្ចបាបីពោលថា បពិត្រលោកជាម្ចាស់ ពួកខ្ញុំមិនមែនជាចោរទេ ចូឡាមណីនេះអ្នកដទៃនាំមក ។ រាជបុរសសួរថា អ្នកណា នាំមក ? គាត់ប្រាប់ថា ជាមាតរៈ (កូនប្រសាប្រុស) របស់ខ្ញុំ ។ រាជបុរសសួរថា ចុះគេនោះនៅឯណា ? គាត់ប្រាប់ថា ទាល់កូនស្រីរបស់ខ្ញុំទើបដឹង ។ លំដាប់នោះ ឪពុកនាងបញ្ចបាបីពោលនឹងកូនស្រីថា ម្នាលកូន នាងស្គាល់ស្វាមីរបស់នាងទេ ។ នាងបញ្ចបាបីពោលថា ខ្ញុំមិនស្គាល់ទេ ។ ឪពុកនាងពោលថា បើយ៉ាងនោះ ជីវិតរបស់ឪពុកមិនមានទេ ។ នាងបញ្ចបាបីពោលថា បពិត្រលោកឪពុក គាត់មកក្នុងពេលងងឹត ហើយត្រឡប់ទៅវិញក្នុងពេលងងឹត ខ្ញុំមិនដែលបានឃើញរូបគាត់ច្បាស់ទេ តែខ្ញុំអាចស្គាល់ ចំណាំគាត់បានដោយសម្ផស្សដៃ ។ ឪពុកនាងបញ្ចបាបីនោះក៏ប្រាប់ដល់រាជបុរស ។ សូម្បីពួករាជបុរសក៏ទូលព្រះរាជា ។ ព្រះរាជាធ្វើហាក់បីដូចជាមិនដឹង ត្រាស់ថា បើយ៉ាងនោះ អ្នកទាំងឡាយចូរដាក់ស្ត្រីនោះក្នុងវាំងនន ក្នុងព្រះលានហ្លួង ហើយធ្វើនូវវាំងននឲ្យមានប្រហោងប្រមាណប៉ុនដៃ ហើយឲ្យអ្នកនគរមកប្រជុំគ្នា រួចអ្នកទាំងឡាយចូរចាប់នូវចោរដោយសម្ផស្សនៃដៃ ។ ពួករាជបុរសក៏ធ្វើយ៉ាងនោះ ឲ្យមនុស្សទាំងឡាយទៅកាន់សម្នាក់នាងបញ្ចបាបីនោះ បានឃើញរូបនាងហើយ ជាអ្នកមានសេចក្ដីក្ដៅក្រហាយចិត្ត ខ្ពើមរអើមថា ធី, ធី បិសាចិ ថ្វើយ ថ្វើយ មីបិសាច ដូច្នេះហើយ មិនហ៊ានដើម្បីនឹងពាល់ឡើយ ។ ពួករាជបុរសនាំនាងបញ្ចបាបីមកដាក់ក្នុងវាំងនន ក្នុងព្រះលានហ្លួងហើយ ក៏ឲ្យអ្នកនគរទាំងអស់មកប្រជុំគ្នា ។ នាងបញ្ចបាបីនោះបានចាប់ដៃរបស់បុរសដែលលូកមកហើយតាមប្រហោង នៃអ្នកដែលមកហើយមកហើយ រួចពោលថា មិនមែនស្វាមីខ្ញុំទេ ។ បុរសទាំងឡាយបានដឹងសម្ផស្សរបស់នាងបញ្ចបាបីនោះ ហាក់បីដូចជាសម្ផស្សជាទិព្វ មិនអាចដើម្បីនឹងគេចទៅ ម្នាក់ៗគិតថា បើស្ត្រីនេះគួរដល់អាជ្ញាហើយ យើងសូម្បីត្រូវអាជ្ជា និងចូលដល់ភាពជាអ្នកធ្វើនូវទាសកម្ម យើងនឹងធ្វើនូវនាងនោះឲ្យនៅក្នុងផ្ទះ ។ លំដាប់នោះ រាជបុរសទាំងឡាយ វាយដោយដំបងឲ្យ ហើយដេញឲ្យរត់ទៅ ។ ធ្វើហើយយ៉ាងនេះតាំងតែឧបរាជជាដើម បុរសទាំងអស់ហាក់ដូចជាមនុស្សឆ្កួត ។ លំដាប់នោះ ព្រះរាជាត្រាស់ថា នឹងគប្បីជាយើងឬ ហើយទ្រង់ក៏លូកព្រះហស្តទៅ ។ នាងបញ្ចបាបីចាប់នូវព្រះហស្តនោះហើយ ធ្វើនូវសំឡេងដ៏ខ្លាំងថា ចោរគឺខ្ញុំចាប់បានហើយ ។ ព្រះរាជាត្រាស់មនុស្សទាំងនោះថា កាលនាងចាប់ដៃអ្នកទាំងឡាយ អ្នកទាំងឡាយគិតដូចម្ដេច ។ បុរសទាំងនោះក៏ទូលតាមសេចក្ដីពិត ។ លំដាប់នោះ ព្រះរាជាត្រាស់ថា កាលដែលយើងឲ្យធ្វើយ៉ាងនេះ ក៏ដើម្បីនឹងនាំស្ត្រីនេះមកក្នុងវាំងរបស់យើង កាលនៅគិតថា បើអ្នកទាំងឡាយមិនដឹងនូវសម្ផស្សរបស់នាងទេ នឹងតិះដៀលយើង ព្រោះហេតុនោះ អ្នកទាំងអស់គ្នាគឺយើងបានឲ្យដឹងហើយ ចូរនិយាយមកមើលថា ស្ត្រីនេះគួរដើម្បីនឹងនៅក្នុងផ្ទះរបស់អ្នកណា ? បុរសទាំងនោះពោលថា បពិត្រទេវៈ ក្នុងព្រះរាជវាំងរបស់ព្រះអង្គ ។ គ្រានោះ ព្រះរាជាក៏អភិសេកនូវនាងបញ្ចបាបីនោះហើយ ធ្វើឲ្យជាព្រះអគ្គមហេសី និង ព្រះរាជទានឥស្សិយយសដល់មាតាបិតារបស់នាងបញ្ចបាបី ។ តាំងអំពីពេលនោះមក ព្រះរាជាទ្រង់ស្រវឹងងប់ងុលឈ្លក់វង្វេងនឹងនាងបញ្ចបាបីនោះណាស់ មិនតាំងនូវការវិនិច្ឆ័យក្ដី មិនមើលនូវស្ត្រីដទៃ ។ ពួកស្រីស្នំទាំងឡាយទើបស្វែងរកទោសជាចន្លោះរបស់នាងបញ្ចបាបីនោះ ។ ថ្ងៃមួយ នាងបញ្ចបាបីឃើញនូវមិនិត្តក្នុងសុបិននៃភាពជាអគ្គមហេសីនៃព្រះរាជាពីរអង្គ បានប្រាប់ដល់ព្រះរាជា ។ ព្រះរាជាប្រកាសឲ្យហៅអ្នកទាយសុបិនមក ហើយសួរថា សុបិនឃើញយ៉ាងនេះ នឹងកើតរឿងអ្វី ? ហោរានោះបានកាន់សំណូកអំពីសម្នាក់របស់ស្ត្រីទាំងឡាយនោះ ក៏ពោល​ថា បពិត្រមហារាជ ការដែលព្រះទេវីសុបិនឃើញថា បានអង្គុយលើកដំរីសទាំងអស់នេះ ជាបុព្វនិមិត្តនៃមរណៈរបស់ព្រះអង្គ, ដែលព្រះនាងសុបិនថា បានស្ទាបព្រះចន្ទ្រដោយការទៅដោយកដំរីនេះ ជាបុព្វនិមិត្តនៃការនាំមកនូវព្រះរាជាជាសត្រូវរបស់ព្រះអង្គ ។ ព្រះរាជាត្រាស់ថា ឥឡូវនេះ នឹងគប្បីធ្វើដូចម្ដេច គេទូលថា បពិត្រទេវៈ មិនអាចនឹងសម្លាញ់ព្រះនាងនេះឡើយ គួរដាក់ព្រះនាងលើនាវាហើយបណ្ដែតតាមទន្លេចុះ ។ ព្រះរាជាឲ្យគេដាក់នាងបញ្ចបាបីនោះ មួយអន្លើដោយអាហារនិងគ្រឿងអលង្ការលើនាវា ក្នុងពេលរាត្រី ឲ្យគេបោះបង់បណ្ដែតតាមទន្លេ ។ នាងបញ្ចបាបីនោះ កាលអណ្ដែតតាមទន្លេ ក៏បានដល់ខាងមុខនៃព្រះរាជាពាវរិកៈ ដែលទ្រង់កំពុងលេងទឹក នៅខាងក្រោមនៃខ្សែទឹករបស់នាវានោះ ។ សេនាបតីរបស់ព្រះបាទពាវរិកៈនោះឃើញហើយពោលថា នាវានេះជារបស់ខ្ញុំ ។ ព្រះរាជាពាវរិកៈត្រាស់ថា ភណ្ឌៈរបស់នាវាជារបស់យើង ព្រះរាជាបានឃើញនូវនាងបញ្ចបាបីដោយនាវាដែលមកដល់ហើយ ក៏សួរថា នាងមានឈ្មោះអ្វី មានរូបដូចជាបិសាច ? នាងបញ្ចបាបីធ្វើនូវការញញឹមបានពោលប្រាប់នូវភាពជាអគ្គមហេសីរបស់ព្រះរាជាពកៈ ហើយប្រាប់សេចក្ដីទាំងអស់ដល់ព្រះរាជានោះ ។ នាងបញ្ចបាបីនោះ មានឈ្មោះប្រាកដទូទាំងជម្ពូទ្វីបទាំងអស់ថា បញ្ចបាបី ។ លំដាប់នោះ ព្រះរាជាក៏ចាប់នូវនាងត្រង់ដៃ ហើយលើកឡើង ព្រមគ្នានឹងការចាប់នោះឯង ព្រះរាជាមានសេចក្ដីត្រេកអរដោយសម្ផស្ស មិនធ្វើនូវឥត្ថិសញ្ញាក្នុងស្ត្រីដទៃ តែងតាំងនាងបញ្ចបាបីនោះជាអគ្គមហេសី ។ នាងបញ្ចបាបីនោះបានជាអ្នកស្មើដោយជីវិតរបស់ព្រះរាជាពាវរិកៈនោះ ។ ព្រះបាទពកៈទ្រង់ស្ដាប់ការប្រព្រឹត្តទៅនោះហើយ គិតថា យើងនឹងមិនឲ្យអគ្គមហេសីរបស់ព្រះរាជានោះឡើយ ដូច្នេះហើយ ទើបរួបរួមសេនា ធ្វើនូវនិវេសន៍ត្រង់កំពង់ម្ខាងនៃនគរព្រះបាទពាវរិកៈនោះ ឲ្យបញ្ជូលសារទៅថា ព្រះបាទពាវរិកៈចូរឲ្យភរិយាដល់យើង ឬច្បាំងគ្នា ។ ព្រះបាទពាវរិកៈតបថា យើងមិនឲ្យភរិយាឡើយ នឹងច្បាំងគ្នា ហើយរៀបចាំការច្បាំង ។ អាមាត្យទាំងឡាយរបស់ព្រះរាជាទាំងពីរ ប្រឹក្សាគ្នាថា មរណកិច្ចមិនមានដោយអាស្រ័យមាតុគ្រាមឡើយ នាងបញ្ចបាបីនេះគួរដល់ព្រះរាជាពកៈព្រោះទ្រង់ជាស្វាមីដំបូង តែក៏គួរដល់ព្រះរាជាពាវរិកៈព្រោះទ្រង់បាននាវា ព្រោះហេតុនោះ នាងបញ្ចបាបីនេះ គួរនៅក្នុងសម្នាក់របស់ព្រះរាជាមួយអង្គៗ ៧ ថ្ងៃ ៗ ចុះ ដូច្នេះហើយ ទើបក្រាបទូលដល់ព្រះរាជាទាំងពីរឲ្យទ្រង់យល់ព្រម ។ ព្រះរាជាទាំងពីរអង្គនោះ ពេញព្រះទ័យ (យល់ស្របតាម) ទ្រង់ឲ្យគេកសាងនគរត្រង់កំពង់ម្ខាង និងកំពង់ម្ខាង ហើយស្ដេចគង់នៅ ។ នាងបញ្ចបាបីក៏បានជាអគ្គមហេសីនៃព្រះរាជាទាំងពីរអង្គនោះ ។ សូម្បីព្រះរាជាទាំងពីរអង្គនោះ ទ្រង់បានជាអ្នកឈ្លក់វង្វេងនឹងនាងបញ្ចបាបី ។ ចំណែកនាងបញ្ចបាបីនោះបាននៅអស់ ៧ ថ្ងៃ ក្នុងរាជដំណាក់របស់ព្រះរាជាមួយហើយ កាលទៅកាន់រាជដំណាក់របស់ព្រះរាជាមួយអង្គទៀតដោយនាវា ក៏បានធ្វើនូវអំពើបាប (ស្រឡាញ់គ្នា) ក្នុងទីពាក់កណ្ដាលទន្លេ ជាមួយនឹងអ្នកបុរសគមចាស់ដែលជាអ្នកអ៊ំទូកម្នាក់ទៀត ក្នុងពេលដែលគេចៀវទូកនាំនាងទៅ ។ តទា កុណាលោ សកុណរាជា ពកោ អហោសិ ក្នុងពេលនោះ កុណាលសកុណៈ គឺជាព្រះបាទ ពកៈ ព្រោះហេតុនោះ បាននាំយកនូវរឿងដែលខ្លួនបានឃើញមក កាលនឹងសម្ដែងទើបពោលគាថា​ថាពកស្ស ច ពាវរិកស្ស ច រញ្ញោ, អច្ចន្តកាមានុគតស្ស ភរិយា; អវាចរី ដ្ឋវសានុគស្ស, កំ វាបិ ឥត្ថី នាតិចរេ តទញ្ញំ។ ភរិយារបស់ព្រះបាទពកៈ និងព្រះបាទពាវរិតៈ ជាព្រះរាជាល្មោភ​កាម​ដ៏ក្រៃលែង បានប្រព្រឹត្តក្បត់ចំពោះបុរស អ្នកលុះក្នុងអំណាចដែលខ្លួនប្រាថ្នា ស្រីមិនប្រព្រឹត្តកន្លងស្វាមីនិងបុរសដទៃនោះឯណាកើត ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧២-១៧៣)ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2768/texssss55tpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៦,៧៩៣ ដង)
អតីតេ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ អគ្គមហេសីរបស់ព្រះបាទ ព្រហ្មទត្តមានព្រះនាមថា បិង្គិយានី បានបើកនូវសីហបញ្ជរ កាលព្រះនាងសម្លឹងទៅបានឃើញបុរសអ្នកគង្វាលសេះមង្គលម្នាក់ (ក៏មានព្រះហ្ឫទ័យប្រតិព័ទ្ធស្នេហា) គ្រាកាលដែលព្រះរាជស្វាមីទ្រង់កំពុងដំណើរការនិទ្រាលង់លក់ហើយ ព្រះនាងក៏ចុះតាមវាតបានគឺបង្អួច ទៅប្រព្រឹត្តអំពើក្បត់ (លបលួចស្រឡាញ់គ្នា) ជាមួយនឹងអ្នកគង្វាលសេះនោះ រួចរាល់ស្រេចបាច់ហើយ ទើបឡើងមកកាន់ប្រាសាទ ហើយជម្រះនូវសរីរៈដោយគ្រឿងក្រអូប ទើបបានចូលទៅដេកជាមួយព្រះរាជស្វាមីវិញ ។ អថេកទិវសំ លំដាប់នោះ ក្នុងថ្ងៃមួយ ព្រះរាជាទ្រង់ត្រិះរិះថា ហេតុអ្វីហ្ន៎ បានជាក្នុងវេលាពាក់កណ្ដាលអធ្រាត្រ សរីរៈរបស់ព្រះទេវីទើបត្រជាក់ជានិច្ចចឹង យើងនឹងឃ្លាំមើលនូវនាង ដូច្នេះហើយ ក្នុងថ្ងៃមួយនោះ ព្រះរាជាទ្រង់ធ្វើហាក់ដូចជាផ្ទំលក់ ពេលព្រះនាងក្រោកទៅ ព្រះរាជាទ្រង់ក៏យាងទៅតាមក្រោយ ទ្រង់បានឃើញព្រះនាងប្រព្រឹត្តអំពើក្បត់ជាមួយនឹងអ្នកគង្វាលសេះ ហើយទ្រង់ត្រឡប់មក ស្ដេចក៏ឡើងកាន់ទីសយ្យាសនៈ ។ សូម្បីព្រះនាងទេវី កាលបានប្រព្រឹត្តរួចរាល់ហើយ ទើបយាងមកហើយចូលផ្ទំលើទីដេកដ៏តូចមួយ ។ បុនទិវសេ ក្នុងថ្ងៃស្អែក ព្រះរាជាបញ្ជាឲ្យនាងបិង្គិយានីមកក្នុងកណ្ដាលពួកអាមាត្យ ទ្រង់បង្ហាញនូវកិច្ចនោះ ហើយត្រាស់ថា ស្ត្រីទាំងពួងរមែងមានធម៌ដ៏លាមក ដូច្នេះហើយ ទ្រង់បានលើកលែងទោសសម្លាប់ ចាប់ចង កាត់អវយវៈ ទម្លាយ (ដាក់ទោសត្រឹមតែ) ញ៉ាំងព្រះនាងឲ្យឃ្លាតចាកតំណែង ហើយទ្រង់បានតែងតាំងស្ត្រីដទៃធ្វើជាអគ្គមហេសី ។ តទា កុណាលោ រាជា ព្រហ្មទត្តោ អហោសិ ក្នុងកាលនោះ កុណាលសកុណៈ គឺជាព្រះបាទព្រហ្មទត្តនោះ ។ ព្រោះហេតុនោះ កាលនឹងសម្ដែងហេតុដែលខ្លួនឃើញមក ទើបពោលនូវគាថាថាបិង្គិយានី សព្ពលោកិស្សរស្ស, រញ្ញោ បិយា ព្រហ្មទត្តស្ស ភរិយា; អវាចរី បដ្ឋវសានុគស្ស, តំ វាបិ សា នាជ្ឈគា កាមកាមិនី ។នាងបិង្គិយានីជាភរិយា ជាទីស្រឡាញ់នៃព្រះបាទព្រហ្មទត្ត ព្រះអង្គជាធំ ក្នុងលោកទាំងមូល បានប្រព្រឹត្តក្បត់ចំពោះបុរសអ្នកលុះក្នុងអំណាចដែលខ្លួនប្រាថ្នា នាងបិង្គិយានី ជាអ្នកល្មោភក្នុងកាមនោះ មិនបាននូវបុរសគង្វាលសេះនោះផង (នូវទីអគ្គមហេសីផង) ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧៣) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2769/32wwtpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៨,០១៨ ដង)
កាលពីព្រេងនាយ មានព្រះរាជាមួយព្រះអង្គព្រះនាម កណ្ឌរី១ សោយរាជសម្បត្តិក្នុងនគរពារាណសី ទ្រង់មានព្រះរូបឆោមលោមពណ៌ល្អឆើតឆាយ ។ ពួកអាមាត្យទាំងឡាយតែងនាំយកគ្រឿងក្រអូបមកថ្វាយដល់ព្រះរាជានោះរាល់ៗថ្ងៃ ។ កាលប្រោះព្រំគ្រឿងក្រអូបក្នុងព្រះរាជនិវេសន៍សព្វគ្រប់ហើយ ក៏ពុះឈើក្រអូប ចម្អិននូវព្រះក្រយាដើម្បី (ថ្វាយ) ព្រះរាជានោះ ។ សូម្បីព្រះអគ្គមហេសីរបស់ព្រះបាទកណ្ឌរីនោះ ក៏ជាអ្នកមានរូបល្អស្អាតក្រៃលែង ព្រះនាងមានព្រះនាម កិន្នរា២ ។ សូម្បីបុរោហិតរបស់ព្រះចៅកណ្ឌរីនោះ ក៏ជាអ្នកដល់ព្រមដោយបញ្ញាហើយមានវ័យស្មើនឹងព្រះរាជាដែរ លោកមានឈ្មោះថា បញ្ចាលចណ្ឌៈ ។ ខាងក្នុងស្ថានទី ដែលអាស្រ័យនឹងប្រាសាទរបស់ព្រះរាជានោះ មានដើមព្រីងមួយដើមដុះនៅខាងក្នុងកំពែងវាំង ហើយមានមែកសាខាឱនសំយុងចុះទៅលើកំពែងវាំងនោះ ។ មានបុរសខ្វិនមួយមានរូបរាងអាក្រក់គួរខ្ពើមអាស្រ័យនៅនឹងម្លប់ព្រីងនោះ ។ ក្នុងថ្ងៃមួយព្រះនាងកិន្នរាទេវី កាលព្រះនាងសម្លឹងមើលតាមវាតបាន (សីហបញ្ជរ) ឆៀងព្រះនេត្រទតឃើញបុរសនោះ ក៏ជាប់ព្រះទ័យប្រតិព័ទ្ធស្នេហាឥតរសាយ លុះវេលាដែលញ៉ាំងព្រះរាជាឲ្យទ្រង់ រីក​រាយ​ឆ្អែតស្កប់ស្កល់ដោយកិលេស និងឲ្យទ្រង់ផ្ទំលក់ហើយ ព្រះនាងទើបក្រោកឡើង វេចខ្ចប់អាហារដែលប្រណីតៗមានរសឆ្ងាញ់ដាក់ក្នុងផ្តិលមាស ធ្វើឲ្យជាប់នឹងចង្កេះ ហើយឆ្លងតាមវាតបានដោយខ្សែធ្វើអំពីសំពត់ ឡើងទៅកាន់ដើមព្រីង ហើយចុះទៅតាមមែក ញ៉ាំងបុរសខ្វិននោះឲ្យបរិភោគរួចហើយ ទើបធ្វើនូវអំពើអាក្រក់(ប្រព្រឹត្តអំពើក្បត់) ជាមួយនឹងបុរសនោះ រួចរាល់ហើយ ទើបព្រះនាងឡើងមកប្រាសាទដោយផ្លូវដែលខ្លួនមកនោះឯង ជម្រះនូវសរីរកាយដោយគ្រឿងក្រអូបហើយ ទើបចូលទៅផ្ទំជាមួយនឹងព្រះរាជាវិញ ។ ព្រះនាងកិន្នរានោះតែងប្រព្រឹត្តអំពើបាបជាមួយនឹងបុរសខ្វិននោះជាប់ជានិច្ចដោយឧបាយនេះឯង ។ ចំណែកឯព្រះរាជាទ្រង់មិនបានដឹងឡើយ ។ ថ្ងៃមួយ ព្រះរាជាទ្រង់ប្រទក្សិណព្រះនគររួចហើយ កាលនឹងចូលកាន់ព្រះរាជនិវេសន៍ ទ្រង់ទតឃើញបុរសខ្វិន ដែលមានអាការៈគួរអាណិតក្រៃលែង ដែលនៅអាស្រ័យនឹងម្លប់ដើមព្រីងនោះ ទើបទ្រង់ត្រាស់សួរបុរោហិតថា ឃើញមនុស្សប្រេតនោះដែរឬទេ ? បុរោ​ហិត​ទូលថា ព្រះករុណាព្រះអង្គ ខ្ញុំឃើញ ។ ព្រះចៅកណ្ឌរីក៏សួរទៀតថា ម្នាលសម្លាញ់ ចុះបុរសដែលមានរូបរាងអាក្រក់គួរខ្ពើមយ៉ាងនេះ នឹងមានស្ត្រីណាមកស្រឡាញ់ដោយឆន្ទរាគៈដែរនោះ ? បុរសខ្វិនបានស្ដាប់ព្រះរាជតម្រាស់នោះហើយ ក៏កើតមានះហើយគិតថា ព្រះរាជានេះនិយាយស្អី មិនដឹងថាមហេសីរបស់ខ្លួនមកកាន់សម្នាក់យើង ហើយលើកដៃសំពះដើមព្រីងពោលវាចាថា ឱ ទេព្តាដែលនៅនឹងដើមព្រីងនេះអើយ វៀរលែងតែអ្នកចេញហើយ មនុស្សដទៃមិនដឹងនូវហេតុការណ៍នោះឡើយ ។ បុរោហិតឃើញកិរិយារបស់បុរសខ្វិននោះ ហើយគិតថា ព្រះអគ្គមហេសីរបស់ព្រះរាជាប្រាកដជាមកតាមដើមព្រីងនេះ ហើយធ្វើកម្មលាមកជាមួយនឹងបុរសនេះ ។ បុរោហិតទើបទូលសួរព្រះរាជាថា បពិត្រមហារាជ ក្នុងវេលារាត្រី សម្ផស្សសរីរៈនៃព្រះទេវីនោះ មានសភាពដូចម្ដេចដែរ ព្រះអង្គ ?ព្រះបាទកណ្ឌរីត្រាស់ថា ម្នាលសម្លាញ់ យើងមិនឃើញអ្វីដទៃឡើយ តែក្នុងមជ្ឈិមយាម សរីរៈព្រះទេវីមានសភាពត្រជាក់ប្លែក ។ បុរោហិតទើបទូលថា បពិត្រទេវៈ បើសិនយ៉ាងនោះ ស្ត្រីទាំងឡាយដទៃចូរលើកទុកសិនចុះ ព្រះនាងកិន្នរាទេវីអគ្គមហេសីរបស់ព្រះអង្គ បានធ្វើកម្មលាមកជាមួយនឹងបុរសខ្វិននេះហើយ ។ ព្រះរាជាត្រាស់ថា ម្នាលសម្លាញ់ អ្នកនិយាយអ្វី ព្រះនាងកិន្នរាទេវីដែលជាអ្នកដល់ព្រមដោយរូបឆោម លោមពណ៌ ស្រស់ឆើតឆាយយ៉ាងនេះ នឹងមកអភិរម្យជាមួយនឹងបុរសដែលមានរូបអាក្រក់គួរខ្ពើមយ៉ាងនេះដូចម្ដេចកើត ។ បុរោហិតត្រាស់ថា បពិត្រទេវៈ សូមទ្រង់ចាំចាប់ចុះ ។ ព្រះចៅកណ្ឌរីនោះទទួលថា ល្អហើយចឹង គ្រាសោយព្រះក្រយាហើយក៏ចូលផ្ទំជាមួយនឹងព្រះនាងកិន្នរាដោយតាំងព្រះទ័យថា យើងនឹងចាប់ព្រះនាង ។ វេលាដល់ពេលដែលទ្រង់ធ្លាប់ផ្ទំតាមប្រក្រតីក៏ទ្រង់ធ្វើជាផ្ទំលក់ធម្មតា ។ សូម្បីព្រះនាងកិន្នរានោះក៏បានក្រោកឡើងហើយធ្វើតាមដែលបានធ្វើហើយយ៉ាងនោះ ។ ព្រះរាជាទ្រង់ទៅតាមខាងក្រោយព្រះនាង ហើយបានឈរនៅក្រោមម្លប់ដើមព្រីង ។ ថ្ងៃនោះ បុរសខ្វិនខឹងព្រះទេវី បាននិយាយគំហកថា ថ្ងៃនេះហេតុអ្វីទើបនាងយូរមកម្លេះ ហើយលើក​ដៃទះនូវថ្ពាល់ព្រះនាងមួយដៃ ។ ព្រះនាងនិយាយថា បពិត្រអ្នកជាម្ចាស់ បងកុំខឹងអី អូននៅចាំមើលឲ្យព្រះរាជាផ្ទំលក់សិន ដូច្នេះហើយព្រះនាងក៏ប្រព្រឹត្តហាក់បីដូចជាភរិយាក្នុងផ្ទះរបស់បុរសនោះ ។ ព្រោះការទះនោះ សីហមុខកុណ្ឌល (ទុំហូមានមុខរាជសីហ៍) ក៏របូតចាកត្រចៀកខ្ទាតធ្លាក់ទៅក្បែរជើងរបស់ព្រះរាជា ។ ព្រះរាជាកាន់យកទុំហូនោះដោយគិតថា នឹងជាភ័ស្តុតាង ហើយទ្រង់ក៏ចេញទៅ ។ ចំណែកព្រះនាងកិន្នរាបានប្រព្រឹត្តអនាចារជាមួយនឹងបុរសខ្វិននោះហើយ ក៏ត្រឡប់ទៅដោយន័យមុននោះឯង ហើយក៏ប្រារព្ធនឹងផ្ទំជាមួយនឹងព្រះរាជា ។ ព្រះរាជាទ្រង់ហាមឃាត់ ។ ក្នុងថ្ងៃស្អែកឡើង ទ្រង់បញ្ជាឲ្យអ្នកបម្រើទៅប្រាប់ព្រះនាងថា ព្រះនាងកិន្នរាទេវីចូរតាក់តែងគ្រឿងអលង្ការទាំងពួងដែលយើងប្រទានឲ្យហើយមក ។ ព្រះនាងកិន្នរាប្រាប់ទៅវិញថា សីហមុខកុណ្ឌលនោះ យើងបានបញ្ជូនទៅឲ្យជាងមាសធ្វើហើយ ដូច្នេះហើយ យើងនឹងមិនបានទៅគាល់ព្រះអង្គទេ ព្រះរាជាត្រាស់បញ្ជាមកទៀត ព្រះនាងទើបប្រដាប់កុណ្ឌលម្ខាងចូលមកគាល់ ។ ព្រះចៅកណ្ឌរីត្រាស់សួរថា កុណ្ឌលរបស់នាងនៅឯណា ? ព្រះនាងទូលថា នៅក្នុងសម្នាក់ជាងមាស ។ ព្រះរាជាទើបបញ្ជាឲ្យហៅជាងមាសមក ហើយសួរថា ហេតុអ្វីបានជាអ្នកមិនឲ្យកុណ្ឌលដល់ព្រះនាង ? ជាងមាសទូលថា បពិត្រទេវៈ ខ្ញុំព្រះករុណាមិនបានទទួលទេ ព្រះអង្គ ។ ព្រះរាជាក្រោធនឹងព្រះនាងនោះ ហើយពោលថា នែស្រីចង្រៃ ការងារដូច្នេះនឹងគប្បីមានដោយជាងមាសនោះ ហើយក៏បោះនូវកុណ្ឌលនោះទៅខាងមុខព្រះនាង ហើយត្រាស់នឹងបុរោហិតថា ម្នាលសម្លាញ់ អ្នកនិយាយនោះពិតហើយ អ្នកចូរទៅកាត់ក្បាលរបស់នាងភ្លាម ។ បុរោហិតនោះ ឲ្យគេយកព្រះនាងទៅទុកក្នុងកន្លែងមួយខាងក្នុងព្រះរាជវាំង ហើយចូលទៅគាល់ព្រះរាជាទូលថា បពិត្រព្រះសម្មតិទេព សូមទ្រង់កុំខឹងនឹងព្រះនាងកិន្នរាទេវីឡើយ ស្ត្រីទាំងឡាយយ៉ាងនេះឯង ។ បើព្រះអង្គមិនជឿ ហើយមានសេចក្ដីប្រាថ្នាដើម្បីនឹងដឹងនូវភាពទ្រុស្តសីលរបស់ស្ត្រីទាំង​ឡាយ ខ្ញុំព្រះអង្គនឹងសម្ដែងប្រាប់ឲ្យទ្រង់ឃើញនូវសេចក្ដីអាក្រក់លាមក និងភាពមាយាលាក់ពុតរបស់ស្ត្រីទាំងឡាយនោះ សូមទ្រង់ចូរយាងមក ពួកយើងនឹងត្រាច់ទៅកាន់ជនបទ ដោយភេទនៃខ្លួនគឺបុគ្គលដទៃមិនស្គាល់ (ស្លៀកពាក់ស៊ីវិល)។ ព្រះរាជាទទួលថា ល្អហើយបុរោហិត ដូច្នេះហើយទ្រង់ប្រគល់រាជ្យឲ្យព្រះមាតាគ្រប់គ្រង ទ្រង់ក៏ចេញទៅកាន់ចារិកមួយអន្លើដោយបុរោហិតនោះ ។ កាលព្រះបាទកណ្ឌរីនិងបុរោហិតទៅបានប្រមាណមួយយោជន៍ ទ្រង់គង់សម្រាកនៅនឹងផ្លូវធំមួយ ។ (ក្នុងពេលនោះ) មានក្ដុម្ពីម្នាក់ធ្វើនូវមង្គលដើម្បីប្រយោជន៍ដល់កូនប្រុស បានឲ្យនាងកុមារីម្នាក់ អង្គុយ​លើ​យានដែលបិទបាំង ហើយធ្វើដំណើរទៅដោយបរិវារដ៏ច្រើន ។ បុរោហិតបានឃើញហើយទូលថា បពិត្រ​ទេវៈ បើព្រះអង្គប្រាថ្នា ខ្ញុំអាចនឹងឲ្យនាងកុមារីនោះធ្វើអជ្ឈាចារជាមួយនឹងព្រះអង្គបាន ។ ព្រះបាទ​កណ្ឌរីត្រាស់ថា នែសម្លាញ់ អ្នកនិយាយអ្វី នាងមកជាមួយនឹងបរិវារដ៏ច្រើន មិនអាចនឹងធ្វើយ៉ាងនេះឡើយ ។ បុរោហិតទូលថា បើយ៉ាងនោះ សូមព្រះអង្គចូរចាំមើលចុះ ហើយប្រញាប់ត្រាច់ស្កាត់ទៅខាងមុខ បិទបាំងវាំងននក្នុងទីមិនឆ្ងាយអំពីផ្លូវ ធ្វើព្រះរាជាឲ្យនៅខាងក្នុងវាំងនននោះ ហើយខ្លួនឯងទៅអង្គុយយំនៅចំណែកមួយនៃផ្លូវ ។ លំដាប់នោះ ក្ដុម្ពីនោះបានឃើញបុរោហិតហើយសួរថា នែលោក ព្រោះហេតុអ្វី បានជាអ្នកអង្គុយយំ ។ បុរោហិតប្រាប់ថា ភរិយារបស់ខ្ញុំជាអ្នកមានភារៈធ្ងន់ (មានគភ៌ចាស់) ខ្ញុំនាំនាងទៅកាន់ត្រកូលរបស់នាង ពេលដល់ពាក់កណ្ដាលផ្លូវ នាងក៏ឈឺពោះរកកល់នឹងប្រសូតបុត្រ នាងកំពុងលំបាកនៅក្នុងវាំងនននោះឯង ឥឡូវនេះមិនមានស្ត្រីឯណានីមួយក្នុងសម្នាក់របស់នាងឡើយ សូម្បីខ្ញុំក៏មិនអាចដើម្បីនឹងទៅក្នុងទីនោះ ខ្ញុំមិនដឹងថា នាងនឹងទៅជាយ៉ាងណាឡើយ នាងគួរដើម្បីបានស្ត្រីម្នាក់ ។ ក្ដុម្ពីនោះទើបតបថា បើយ៉ាងនោះលោកកុំយំឡើយ ពួកស្ត្រីរបស់យើងមកជាមួយច្រើនដែរ ល្មមនឹងទៅជួយបានម្នាក់ ។ បុរោហិតពោលថា បើយ៉ាងនោះ សូមឲ្យនាងកុមារីនេះទៅចុះ នឹងបានជាសិរីសួស្ដីដល់នាងផង ។ ក្ដុម្ពីនោះគិតថា បុរសនេះនិយាយត្រូវ មង្គលនឹងកើតមានដល់កូនប្រសារបស់យើង និងដោយនិមិត្តនេះ នាងនឹងចម្រើនទៅដោយបុត្រធីតាទាំងឡាយ គិតដូច្នេះហើយទើបបញ្ជូននាងកុមារីនោះទៅ ។ នាងកុមារីនោះចូលទៅហើយ បានឃើញព្រះរាជា មានចិត្តប្រតិព័ទ្ធស្នេហាហើយក៏បានធ្វើអជ្ឈាការនោះទៅ ។ ចំណែកព្រះរាជា (ទ្រង់ដោះ) ព្រះទម្រង់ប្រទានដល់នាង ។ គ្រានោះ នាងកុមារីបានសម្រេច​កិច្ចហើយ ក៏ចេញមកក្រៅ ជនទាំងឡាយសួរថា នាងនោះប្រសូតបានកូនប្រុស ឬស្រី ? នាងកុមារីឆ្លើយថា ជាកូនប្រុស ស្អាតដូចមាសចឹង ។ ក្ដុម្ពីក៏នាំកុមារីនោះទៅ ។ ចំណែកបុរោហិតត្រឡប់ចូលមកគាល់ព្រះរាជាហើយទូលថា បពិត្រទេវៈ ព្រះអង្គឃើញហើយមែនទេ សូម្បីនាងកុមារីនេះ គង់ប្រព្រឹត្តធ្វើអំពើយ៉ាងនេះ នឹងនិយាយអ្វីដល់ស្ត្រីដទៃនោះ ហើយព្រះអង្គបានប្រទានអ្វីដល់នាងអត់ ? ព្រះចៅកណ្ឌរីត្រាស់ថា យើងឲ្យចិញ្ចៀនដែលជាប់នឹងដៃដល់នាង ។ បុរោហិតទូលថា ព្រះអង្គប្រទានចិញ្ចៀនឲ្យនាងធ្វើអ្វី ថាហើយក៏រត់យ៉ាងលឿនទៅបញ្ឈប់យាន មនុស្សទាំងឡាយសួរថា មានរឿងអ្វីលោក ? បុរោហិតពោលថា នាងកុមារីនេះកាន់យកចិញ្ចៀនដែលទុកនៅលើក្បាលនាងព្រាហ្មណីភរិយារបស់ខ្ញុំហើយមក នែនាង ចូរឲ្យចិញ្ចៀននោះមកវិញ ។ នាងកុមារីនោះ កាលឲ្យនូវចិញ្ចៀននោះ ក៏បានចាក់នូវដៃព្រាហ្មណ៍ដោយក្រចក ហើយឲ្យដោយកំហកថា អាចោរយកចុះ ។ ព្រាហ្មណ៍បុរោហិតបានសម្ដែងស្ត្រីទាំងឡាយជាច្រើន ដែលប្រព្រឹត្តក្រៅចិត្តដទៃ ដោយឧបាយវិធីផ្សេងៗ យ៉ាងនេះហើយ ទើបទូលព្រះរាជាថា បពិត្រព្រះសម្មតិទេព ប៉ុណ្ណេះក៏ល្មមហើយ សូមស្ដេច​យាង​ទៅកាន់ទីដទៃចុះ ។ ព្រះបាទកណ្ឌរីត្រាស់ថា សូម្បីនឹងត្រាច់ទៅអស់ទូទាំងជម្ពូទ្វីប ស្ត្រីទាំងពួងនឹងជាយ៉ាងនេះដូចគ្នា ។ យើងនឹងត្រូវទៅធ្វើអ្វី ពួកយើងនឹងត្រឡប់ទៅវិញ ហើយស្ដេចក៏ត្រឡប់ចូលកាន់ក្រុងពារាណាសី ។ បុរោហិតទូលសូមប្រទានទោសដល់ព្រះនាងកិន្នរាថា បពិត្រមហារាជ ឈ្មោះ​ថា ស្ត្រីទាំងឡាយជាអ្នកមានបាបធម៌យ៉ាងនេះ នោះជាប្រក្រតីរបស់ស្ត្រីទាំងនោះឯង សូមព្រះអង្គអត់ទោសឲ្យព្រះនាងកិន្នរាចុះ ព្រះរាជាទ្រង់ក៏លើកលែងទោសឲ្យព្រះនាង ហើយត្រាស់បញ្ជាឲ្យនិរទេសចេញចាកព្រះរាជនិវេ​ស​ន៍​ ​កាលទ្រង់ដកនូវព្រះនាងកិន្នរានោះចេញចាកតំណែង បានតែងតាំងស្ត្រីដទៃក្នុងតំណែងអគ្គម​ហេ​សី ​។ ព្រះបាទកណ្ឌរីបញ្ជាឲ្យបណ្ដេញបុរសខ្វិននោះឲ្យចេញ ហើយឲ្យគេកាត់នូវមែកព្រីងនោះចេញ ។ តទា កុណាលោ បញ្ចាលចណ្ឌោ អហោសិ ក្នុងពេលនោះ ស្ដេចបក្សី កុណាល គឺជាបុរោហិតបញ្ចាលចណ្ឌៈ ។ (កុណាលោហំ តទា អាសិំ បក្សីកុណាលក្នុងកាលនោះមកជាតថាគត ) កាលនាំរឿងដែលខ្លួនបានឃើញហើយមកសម្ដែងទើបពោលគាថាថា យំ វេ ទិស្វា កណ្ឌរីកិន្នរានំ សព្វិត្ថិយោ ន រមន្តិ អគារេ តំ តាទិសំ មច្ចំ ចជិត្វា ភរិយា អញ្ញំ ទិស្វា បុរិសំ បីឋសប្បិំ។បុគ្គលឃើញ (នូវហេតុនៃសេចក្តីនឿយណាយ) របស់ព្រះរាជាព្រះនាមកណ្ឌរី និងព្រះនាងកិន្នរា (គប្បីដឹងចុះ) ពួកស្រីទាំងអស់ រមែងមិនត្រេកអរក្នុងផ្ទះ (របស់ស្វាមីទេ) ដូចជាភរិយា (របស់ព្រះរាជាកណ្ឌរី) លះបង់នូវសត្វគឺ (ស្វាមី) បែបនោះ ព្រោះឃើញនូវបុរសផ្តេសផ្តាសដទៃជាបុរសខ្វិន ។ អធិប្បាយសេចក្ដីនៃគាថានោះថា បណ្ឌិតឃើញហេតុនៃសេចក្ដីនឿយណាយរបស់ព្រះបាទកណ្ឌរីនឹងព្រះនាងកិន្នរានេះ ។ ស្ត្រីទាំងពួងរមែងមិនត្រេកអរក្នុងផ្ទះនៃស្វាមីរបស់ខ្លួន ។ ពិតមែនហើយ ព្រះនាងកិន្នរាទេវីដែលជាអគ្គមហេសីរបស់ព្រះបាទកណ្ឌរីឃើញបុរសខ្វិនដទៃ សុខចិត្តលះបង់ព្រះរាជាអង្គនោះដែលបុរសឈ្លាសក្នុងការអភិរម្យយ៉ាងនេះ ហើយមកធ្វើកម្មលាមកនឹងមនុស្សប្រេតនោះ ។ (កិន្នរាទេវីវត្ថុ និដ្ឋិតា ) (រឿងព្រះនាងកិន្នរាទេវី ចប់ ) (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧២) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2862/ythvrdfcrgd.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ១៣,៤៣៨ ដង)
ព្រះបរមសាស្តា កាលទ្រង់គង់នៅវត្តជេតពន ទ្រង់ប្រារព្ធព្រះលោឡុទាយិត្ថេរ ត្រាស់ព្រះធម្មទេសនានេះ មាន​ពាក្យផ្តើមថា អសព្វត្ថគាមិំ វាចំ ដូច្នេះជាដើម ។បានឮថា ព្រះថេរៈនោះ កាលពោលធម៌ មិនដឹងធម៌ដែល​គួរនិងមិនគួរថា ក្នុងទីនេះ គួរពោលធម៌នេះ ក្នុងទីនេះមិនគួរពោលធម៌នេះ ក្នុងមង្គលការក៏ពោល​អវ​មង្គល ធ្វើការអនុមោទនាអវមង្គលថា តិរោកុដ្ដេសុ តិដ្ឋន្តិ, សន្ធិសិង្ឃាដកេសុ ច ពួកប្រេតទាំងឡាយនាំគ្នាមកឈរនៅខាងក្រៅជញ្ជាំង ជិតទា្វរក្រុង និងទ្វារផ្ទះជាដើម ។ លុះដល់ អវមង្គល ក៏ធ្វើការអនុមោទ​នា​ថា ពហូ ទេវា មនុស្សា ច, មង្គលានិ អចិន្តយុំ ទេវតានិងមនុស្សទាំងឡាយជាច្រើន បានគិតរកនូវមង្គលទាំងឡាយជាដើម ហើយពោលដដែល ៗ ថា សូមឲ្យអ្នកទាំងឡាយអាចធ្វើមង្គលបែបនោះ​ឲ្យបាន ១ រយដង ១ ពាន់ដងចុះ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយ លើករឿងនេះឡើងសន្ទនាគ្នាក្នុងធម្មសភាថា ម្នាលអ្នកមានអាយុទាំងឡាយ ព្រះលោឡុទាយិត្ថេរ មិនដឹងធម៌ដែលគួរនិងមិនគួរ ពោលវាចាដែលមិនគួរពោលទូទៅគ្រប់ទីកន្លែង ។ ព្រះបរមសាសា្ត ស្តេចយាងមកទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំសន្ទនាគ្នាអំពីរឿងអ្វី ? កាលភិក្ខុទាំងឡាយ​ក្រាប​ទូល​ឲ្យទ្រង់ជ្រាបហើយ ទើបទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ មិនមែនតែពេលនេះទេ ដែលលោឡុទាយីនេះមិនឈ្លាសវៃ កាលពោលធម៌ ក៏មិនដឹងធម៌ដែលគួរនិងមិនគួរនោះ សូម្បី​ក្នុង​កាលមុនក៏ជាអ្នកនិយាយផ្តេសផ្តាសដូច្នោះដែរ ហើយទ្រង់នាំយករឿងក្នុងអតីត​មកសម្តែងដូចតទៅថាៈ អតីតេ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិ​សត្វ​បដិសន្ធិក្នុងត្រកូលព្រាហ្មណ៍មហាសាល ចម្រើនវ័យ ហើយ រៀនសព្វសិល្បវិទ្យា ក្នុងនគរតក្កសិលា បាន​ជាអាចារ្យទិសាបាមោក្ខក្នុងនគរពារាណសី បង្រៀនសិល្បវិទ្យាដល់មាណព ៥០០ រូប ។ គ្រានោះ បណ្តា​មាណពទាំងនោះ មានមាណពម្នាក់មិនឈ្លាសវៃ (បញ្ញាទន់ខ្សោយ) និយាយផ្តេសផ្តាស ជាធម្មន្តេ​វា​សិក (សិស្សដែលរៀនធម៌ឬសិល្បសាស្ត្រក្នុងសម្នាក់អាចារ្យ) ប៉ុន្តែមិនអាចរៀនបាន (រៀនមិនចេះ) ព្រោះជាអ្នកអាប់ឥតប្រាជ្ញា ប៉ុន្តែជាអ្នកមានឧបការៈចំពោះព្រះបរមពោធិសត្វ ធ្វើកិច្ចគ្រប់យ៉ាងដូចជាទាសៈ ។ ​ថ្ងៃមួយ ព្រះពោធិសត្វ បរិភោគអាហារល្ងាចហើយសម្រាន្តនៅលើគ្រែ ពោលនឹងមាណពដែលមកច្របាច់ដៃ ជើង និងខ្នងថា នែអ្នកដ៏ចម្រើន អ្នកជួយកល់ជើងគ្រែឲ្យបន្តិចសិន សឹមទៅ ។ មាណព​កល់ជើងគ្រែ ម្ខាងហើយ មិនមានអ្វីកល់ជើងគ្រែម្ខាងទៀត ក៏លើកដាក់លើភ្លៅរបស់ខ្លួនរហូតមួយ​យប់ ។ ព្រះបរមពោធិសត្វក្រោកឡើងពេលព្រឹក ឃើញមាណពនោះក៏សួរថា នែអ្នកដ៏ចម្រើន អ្នកអង្គុយ​ ធ្វើអ្វី ? មាណពឆ្លើយថា បពិត្រលោកអាចារ្យ ខ្ញុំរកអ្វីកល់ជើងគ្រែមិនមាន ទើបខ្ញុំលើកដាក់លើភ្លៅរបស់ខ្ញុំ​ហើយអង្គុយ ។ ព្រះបរមពោធិសត្វសង្វេគ គិតថា មាណពនេះមានឧបការៈគុណ ចំពោះអញក្រែ​លែ​ង​ណាស់ ក្នុងក្រុមមាណពមានប្រមាណប៉ុណ្ណេះ មាណពនេះល្ងង់ជាងគេ រៀនសិល្បៈមិនចេះ ធ្វើដូចម្តេចហ្ន៎ ទើបធ្វើឲ្យមាណពនេះឈ្លាសវែបាន លុះគិតដូច្នោះហើយ ក៏មានគំនិតថា មានឧបាយមួយ អញចាំ​សួរមាណពនេះ ពេលដែលមាណពនេះទៅរកឧសរកបន្លែមកថា ថ្ងៃនេះអ្នកឃើញអ្វី ? អ្នកធ្វើអី្វ ? កាលបើដូច្នោះ មាណពនេះនឹងប្រាប់អញថា ថ្ងៃនេះខ្ញុំឃើញវត្ថុឈ្មោះនេះ ធ្វើកិច្ចនេះ ពេលនោះអញនឹងសួរថា កន្លែងដែលអ្នកឃើញ កន្លែងដែលអ្នកធ្វើនោះ ដូចអ្វី ? មាណពនេះនឹងប្រាប់អញដោយឧបមានិង​ដោ​យ​​ហេតុថា យ៉ាងនេះ ដោយវិធីនេះអញឲ្យមាណពពោលឧបមានិងដោយហេតុហើយ នឹងធ្វើឲ្យ​មាណ​ព​​នោះឈ្លាសវៃ បានដោយឧបាយនេះ (គិតដូច្នេះហើយ) ទើបហៅមាណពនោះមកប្រាប់ថា នែមាណព ចាប់ពី ពេលនេះទៅ ក្នុងទីកន្លែងដែលអ្នកទៅរកឧសនិងរកបន្លែនោះ អ្នកបានឃើញ បានបរិ​ភោគ​ បានផឹក ឬ បានទំពាវត្ថុណាក្នុងទីនោះ ពេលមកដល់កន្លែងត្រូវប្រាប់វត្ថុនោះដល់យើង ។ មាណពនោះយល់ព្រមថា ប្រពៃហើយលោកអាចារ្យ ។ ថ្ងៃមួយ មាណពទៅព្រៃដើម្បីរកឧសជាមួយនឹងមាណព​ទាំងឡាយ ឃើញពស់ក្នុងព្រៃ ពេលត្រឡប់មកវិញប្រាប់អាចារ្យថា បពិត្រលោកអាចារ្យ ខ្ញុំឃើញ​ពស់ ។អាចារ្យ​សួរថា នែមាណព ដែលឈ្មោះថាពស់ ដូចអ្វី ?មាណពឆ្លើយថា ដូចដងនង្គ័ល ។អាចារ្យ​ត្រេកអរថា ល្អហើយ ល្អហើយ មាណព ឧបមាដែលអ្នកនាំមកថា ពស់ដូច ដងនង្គ័ល ជាទីពេញចិត្ត​យើង​​ហើយ ។គ្រានោះ ព្រះបរមពោធិសត្វត្រិះរិះថា ឧបមាគួរពេញចិត្ត មាណពនាំមកបាន អញអាចនឹង​ធ្វើ​​ឲ្យមាណពនេះឆ្លាតបាន ។ ថ្ងៃមួយ មាណពនោះបានឃើញដំរីក្នុងព្រៃ ក៏មកប្រាប់ថា បពិត្រលោកអាចារ្យ​ ខ្ញុំឃើញដំរី ។អាចារ្យសួរថា ដំរីដូចអ្វី ?មាណពឆ្លើយថា ក៏ដូចដងនង្គ័លដែរ ។ ព្រះបរមពោធិសត្វគិតថា ប្រមោយដំរីក៏ង ដូចដងនង្គ័ល អវយវៈដទៃៗ ដូចជាភ្លុកជាដើម អាចមានរូប​រាង​ដូច្នេះបាន ប៉ុន្តែមាណពនេះ មិនអាចចែកហើយពោលព្រោះខ្លួនល្ងង់ ប្រហែលនិយាយសំដៅយកប្រមោយ​ដំរី ហើយក៏នៅស្ងៀម ។ ថ្ងៃមួយ មាណពនោះបានបរិភោគអំពៅក្នុងទីដែលគេអញ្ជើញទៅ ក៏​មក​​ប្រាប់ថា បពិត្រលោកអាចារ្យ ថ្ងៃនេះខ្ញុំបានបរិភោគអំពៅ ។ កាលអាចារ្យសួរថា អំពៅដូចអ្វី ? ក៏ពោល​ថា ដូចដងនង្គ័ល ។ ព្រះបរមពោធិសត្វគិតថា មាណពនេះពោលហេតុផលសមគួរបន្តិច ហើយក៏នៅ​​ស្ងៀម ។ ថ្ងៃមួយទៀត ក្នុងទីដែលបានទទួលអញ្ជើញ មាណពពួកខ្លះបានបរិភោគស្ករអំពៅ និងទឹក​ដោះ​ជូរ ពួកខ្លះបរិភោគស្ករអំពៅ និងទឹកដោះស្រស់ ។ មាណព​នោះមកដល់កន្លែងវិញ ប្រាប់អាចារ្យថា បពិត្រលោកអាចារ្យ ថ្ងៃនេះ ខ្ញុំបរិភោគទឹកដោះជូរផង ទឹក​ដោះស្រស់ផង កាលត្រូវអាចារ្យសួរថា នែមាណព ទឹកដោះជូរនិងទឹកដោះស្រស់ដូចអ្វី ? ក៏ឆ្លើយថា ដូច​ដងនង្គ័ល ។ ព្រះបរមពោធិសត្វពោលថា មាណពនេះ កាលពោលថា ពស់ដូចដងនង្គ័ល ពោលបានត្រឹម​ត្រូវ សូម្បីពោលថា ដំរីដូចដងនង្គ័ល ក៏អាចពោលបាន ដោយសំដៅយកប្រមោយ សូម្បីដែលពោល​ថា​ អំពៅដូចដងនង្គ័លក៏នៅសមគួរ ប៉ុន្តែទឹកដោះជូរ ទឹកដោះស្រស់ ពណ៌សជានិច្ច ទ្រទ្រង់ខ្លួនដោយភាជនៈ​ មិនគួរនឹងពោលឧបមាក្នុងរឿងនេះបាន ដោយប្រការទាំងពួង អញមិនអាចឲ្យមនុស្សល្ងង់ម្នាក់នេះ ​សិក្សាបាន ទើបពោលគាថានេះថា អសព្ពត្ថគាមិំ វាចំ, ពាលោ សព្ពត្ថ ភាសតិ; នាយំ ទធិំ វេទិ ន នង្គលីសំ, ទធិប្បយំ មញ្ញតិ នង្គលីសំ។ បុគ្គលពាលរមែងពោលនូវវាចា ដែលមិនគួរពោលគ្រប់យ៉ាងបាន ក្នុងទីទាំងពួង មាណពនេះមិនស្គាល់ទឹកដោះជូរ មិនស្គាល់ដងនង្គ័លឡើយ ទើបសម្គាល់នូវទឹកដោះជូរ និងទឹកដោះស្រស់ថា ដូចដងនៃនង្គ័លទៅវិញ ។ ក្នុងគាថានោះ មានសេចក្តីសង្ខេបដូច្នេះថា វាចាណាដែលមិនសមគួរក្នុងទីទាំងពួងដោយអំណាចនៃឧបមា​ វាចាដែលមិនសមគួរក្នុងទីទាំងពួងនោះ បុគ្គលពាលតែងពោលបានក្នុងទីគ្រប់អន្លើ ដូចត្រូវសួរថា ទឹកដោះជូរដូចអ្វី ? ក៏ឆ្លើយភ្លាមថា ដូចដងនង្គ័ល កាលពោលយ៉ាងនេះ ព្រោះមិនស្គាល់ទឹកដោះជូរនិងទឹកដោះស្រស់ ។សួរថា ព្រោះហេតុអ្វី ?ឆ្លើយថា ព្រោះថា សូម្បីតែទឺកដោះជូរក៏គេសម្គាល់ថាជា ដង​នង្គ័ល​បាន ។ ន័យម៉្យាងទៀត ព្រោះគេសម្គាល់ទឺកដោះជូរនិងទឹកដោះស្រស់ថា ដូចដងនង្គ័ល មាណពនេះ​ល្ងង់ដល់កម្រិតនេះ ព្រះបរមពោធិសត្វគិតថា ប្រយោជន៍អ្វីដោយមាណពនេះ ទើបប្រាប់អន្តេវាសិកទាំង​ឡាយឲ្យស្បៀងហើយបញ្ជូនមាណពនេះ ឲ្យត្រឡប់ទៅផ្ទះវិញ ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា លាឡកមាណវោ លាឡុទាយី អហោសិ មាណព ល្ងង់ក្នុងកាលនោះ បានមកជាលោឡុទាយី ។ទិសាបាមោក្ខោ អាចរិយោ បន អហមេវ អហោសិំ ចំណែកអាចារ្យ ទិសាបាមោក្ខ គឺ តថាគត នេះឯង ៕ ចប់ នង្គលីសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កុសនាឡិវគ្គ បិដកលេខ ៥៨ ទំព័រ ៥៥) ដោយ៥០០០ឆ្នាំ
images/articles/2865/cxdscdsds.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ១៣,៨៨១ ដង)
(ក្អែកជាសត្វមិនមានខ្លាញ់រាវ) ព្រះបរមសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ញាតត្ថចរិយា គឺ ការប្រព្រឹត្តជាប្រយោជន៍ដល់ព្រះញាតិ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា និច្ចំ ឧព្វិគ្គហទយា ដូច្នេះជាដើម ។ រឿងក្នុងបច្ចុប្បន្ននឹងមានជាក់ច្បាស់នៅក្នុងភទ្ទសាលជាតក ទ្វាទសកនិបាត ។ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វបដិ​សន្ធិ​ក្នុងកំណើតក្អែក ។ ថ្ងៃមួយបុរោហិតរបស់ព្រះរាជាងូតទឹកក្នុងស្ទឹងក្រៅនគរ ផាត់ម្សៅ តែងកាយ ប្រដាប់​កម្រងផ្កា ស្លៀកសំពត់សមនឹងយសសក្តិ កំពុងធ្វើដំណើរចូលនគរ ។ នៅលើចុងសសរបន្ទាយជិត​​នគរ​មានក្អែកពីរទំនៅទីនោះ បណ្តាក្អែកទាំងពីរនោះ ក្អែកមួយនិយាយនឹងក្អែកមួយទៀតថា នែសម្លាញ់ ខ្ញុំនឹងជុះអាចម៍ដាក់ក្បាលព្រាហ្មណ៍នេះ ។ ក្អែកមួយទៀតជំទាស់ថា អ្នកកុំនឹកចង់សប្បាយយ៉ាងនេះឡើយ ព្រាហ្មណ៍នេះជា អ្នកធំ ធម្មតាការបង្ក​ពៀរ​វេរានឹងឥស្សរជន អ្នកនឹងជួបប្រសព្វនឹងផលអាក្រក់ក្រៃលែង ណាស់ ព្រោះថាកាលបើព្រាហ្មណ៍នោះ​ក្រោធហើយ នឹងធ្វើក្អែកទាំងអស់ឲ្យវិនាសបាន ។ក្អែកមួយនោះពោលថា ខ្ញុំមិនអាចផ្លាស់ប្តូរចិត្តបាន ។ ក្អែកមួយទៀតពោលថា បើយ៉ាងនោះ អ្នកនឹងបានដឹងខ្លួនឯង ហើយក៏ហើរចៀសចេញទៅ ។ ក្អែកមួយនោះ ពេលព្រាហ្មណ៍មកដល់ខាងក្រោមសសរបន្ទាយ ក៏ធ្វើជាបន្ទន់ខ្លួនចុះ ហើយជុះអាចម៍ដាក់​ក្បាលព្រាហ្មណ៍នោះ ។ ព្រាហ្មណ៍ក្រោធ ចងពៀរ នឹងហ្វូងក្អែក ។ គ្រានោះ ទាសីបម្រើខាងបុកអង្ករម្នាក់ យកស្រូវហាលនៅក្បែរផ្ទះ អង្គុយយាម រួចក៏ដេកលក់ទៅ ពពែ​រោម​វែង​មួយដឹងថា ទាសីនោះធ្វេសប្រហែស ក៏មកស៊ីស្រូវ ទាសីនោះ ភ្ញាក់ឡើងឃើញពពែក៏ដេញទៅ ពពែលួចមកស៊ីស្រូវ ពេលដែលទាសីនោះដេកលក់ យ៉ាងនោះឯង អស់វារៈពីរបីដង ទាសីនោះក៏​ដេញ​ពពែនោះទៅទាំងបីដង ហើយគិតថា កាលពពែស៊ីរឿយ ៗ នឹងស៊ីស្រូវអស់ពាក់កណ្តាល អញនឹងខាតប្រយោជន៍ជាច្រើន ពេលនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យពពែមកបានទៀត ។ នាងក៏កាន់ចន្លុះ (គ្រឿងអុជបំភ្លឺ ធ្វើដោយជ័រនិងស្លឹកឈើ ឬធ្វើដោយសំបកឈើមានជ័រ; មានច្រើនយ៉ាង : ចន្លុះស្លឹក, ចន្លុះក្រាក់, ចន្លុះស្មាច់...។ ) អង្គុយធ្វើដូចជាដេកលក់ កាលពពែចូលមកស៊ីស្រូវក៏ក្រោកឡើងគប់ពពែដោយចន្លុះ ពពែក៏ត្រូវភ្លើងឆេះ កាលរាងកាយត្រូវភ្លើងឆេះ ពពែគិតឲ្យភ្លើង រលត់ ទើបរត់ទៅយ៉ាងលឿន យកខ្លួនត្រដុសនឹងខ្ទមស្មៅមួយដែលនៅជិតរោងដំរី ខ្ទមនោះក៏ឆេះសន្ធោះសន្ធៅ អណ្តាតភ្លើងដែលកើតអំពីខ្ទមនោះ រាលទៅ​ឆេះ​រោង​ដំរី កាលរោងដំរីឆេះ ខ្នងដំរីក៏ឆេះដែរ ដំរីនីមួយ ៗ មានខ្លួនរបួសយ៉ាងដំណំ ។ ពួកហ្មដំរីមិនអាចនឹងព្យាបាល​ឲ្យជាបាន ក៏ក្រាបទូលព្រះរាជា ។ ព្រះរាជាក៏ត្រាស់នឹងបុរោហិតថា លោកអាចារ្យ ហ្មដំរីអស់ថ្វី​ដៃ ​ដែលនឹងរក្សាហ្វូងដំរីហើយ លោកល្មមនឹងស្គាល់ថ្នាំអ្វី ៗ ខ្លះឬ ? បុរោហិតទទួលព្រះរាជតម្រាស់​ថា​ ព្រះករុណាថ្លៃវិសេស ។ ព្រះរាជាត្រាស់សួរថា បានអ្វីទើបគួរ ? បុរោហិតក្រាបទូលថា បពិត្រ​មហារាជ ទាល់​តែ​បានខ្លាញ់ក្អែក ទើបអាចព្យាបាល បាន ។ ព្រះរាជាត្រាស់ថា បើដូច្នោះអ្នកទាំងឡាយ ចូរប្រើមនុស្សឲ្យទៅសម្លាប់ក្អែកយក ខ្លាញ់មកចុះ ។ ចាប់តាំងពីពេលនោះមក មនុស្សទាំងឡាយក៏នាំគ្នាទៅសម្លាប់ក្អែក មិនបានខ្ញាញ់ក៏បោះចោលជាគំនរ ៗ ក្នុងទីនោះ ៗ ។ មហាភ័យបានកើតឡើងដល់ហ្វូងក្អែក ។ គ្រានោះ ព្រះមហាបុរសមានហ្វូងក្អែក ៨ ម៉ឺនជាបរិវារនៅក្នុងព្រៃខ្មោច ។ មានក្អែកមួយមកប្រាប់ព្រះពោធិ​សត្វអំពីភ័យដែលកើតឡើងដល់ហ្វូងក្អែក ។ ព្រះមហាសត្វត្រិះរិះថា វៀរអាត្មាអញចេញហើយ អ្នកដទៃដែលអាចបំបាត់ភ័យ ដែលកំពុងកើតឡើង ដល់ពួកញាតិរបស់អញមិនមានឡើយ អញត្រូវកម្ចាត់​ភ័យ​នោះ ហើយរំពឹងនឹកដល់បារមី ១០ ប្រការ ធ្វើមេត្តាបារមីឲ្យជាបុរេចារិក (ប្រកបដោយកិរិយាប្រព្រឹត្តិទៅក្នុងខាងមុខ, ឱ្យជាចិត្តប្រកបដោយកិរិយាត្រាច់ទៅក្នុងខាមុខ) ហើយហើរទៅម្នាក់ឯងប៉ុណ្ណោះ ចូលទៅតាមប្រហោងបង្អួចដែលគេបើកទុក ចូលទៅលាក់ខ្លួននៅខាងក្រោមរាជាសនៈ ។ ពេលនោះ អាមាត្យម្នាក់ ធ្វើអាកប្បកិរិយា នឹងចាប់ស្តេចក្អែកពោធិសត្វ ព្រះរាជាត្រាស់ហាមឃាត់ថា ក្អែក​ចូលមករកទីពឹង កុំចាប់ក្អែកនោះឡើយ ។ ស្តេចក្អែកសម្រាកនៅទីនោះបន្តិច ហើយរំពឹងនឹកដល់ព្រះ​​បារមី ចេញអំពីអាសនៈ ក្រាបទូលព្រះរាជាថា បពិត្រមហារាជ ធម្មតាព្រះរាជាមិនត្រូវលុះក្នុងអំណាច​អគតិ មានឆន្ទាគតិជាដើម ទើបប្រពៃ កម្មណា ៗ ដែលនឹងត្រូវធ្វើ កម្មនោះ ៗ ត្រូវពិចារណា ឲ្យល្អិត​​ល្អន់ហើយសឹមធ្វើ ទើបប្រពៃ ម៉្យាងទៀត កម្មណាដែលនឹងធ្វើត្រូវបានផល កម្មនោះប៉ុណ្ណោះទើបគួរធ្វើ កម្មក្រៅអំពីនេះមិនគួរធ្វើ ប្រសិនបើព្រះរាជាទាំងឡាយ ទ្រង់ធ្វើកម្មដែលធ្វើទៅមិនសម្រេចផលនោះ មហាភ័យ មានមរណភ័យជាទីបំផុត រមែងកើតឡើងដល់មហាជន ត្បិតបុរោហិតឋិតនៅក្នុងអំណាចនៃការចងពៀរ បានក្រាបទូលកុហក ធម្មតាខ្ញាញ់រាវរបស់ក្អែកទាំងឡាយមិនមានឡើយ ។ ព្រះរាជាទ្រង់ព្រះសណ្តាប់ពាក្យនោះហើយ មានព្រះទ័យជ្រះថ្លា ឲ្យព្រះបរមពោធិសត្វទំនៅលើតាំង ឲ្យរាជបុរសលាបស្លាបដោយប្រេងដែលរម្ងាស់ហើយ ១ សែនដង ឲ្យបរិភោគអាហារដ៏ស្អាតដូចជាព្រះក្រយាហារ ឲ្យផឹកទឹក លុះស្តេចក្អែកសប្បាយចិត្ត បាត់ការហត់នឿយហើយ ទើបត្រាស់ពាក្យនេះថា នែបណ្ឌិត អ្នកពោលថា ធម្មតាខ្ញាញ់រាវរបស់ក្អែកទាំងឡាយមិនមាន ព្រោះហេតុដូចម្តេច ទើបក្អែកទាំងឡាយមិនមានខ្ញាញ់រាវ ? ព្រះមហាសត្វកាលនឹងក្រាបទូល ក៏ពន្យល់ថា បពិត្រមហារាជ ដោយហេតុឈ្មោះនេះ ដោយហេតុឈ្មោះនេះ ធ្វើព្រះរាជវាំងទាំងមូលឲ្យមានសំឡេងតែមួយ សម្តែងធម៌ពោលគាថានេះថា និច្ចំ ឧព្ពិគ្គហទយា, សព្ពលោកវិហេសកា; តស្មា នេសំ វសា នត្ថិ, កាកានម្ហាក ញាតិនំ។ ក្អែកទាំងឡាយ ជាសត្វមានហឫទ័យភ្ញាក់ផ្អើលជានិច្ច ជាសត្វបៀតបៀនមនុស្សលោកទាំងពួង ព្រោះហេតុនោះ បានជាខ្លាញ់រាវនៃពួកក្អែក ជាញាតិរបស់យើងទាំងនោះ មិនចេះមានឡើយ ។ ក្នុងគាថានោះ មានសេចក្តីសង្ខេបដូច្នេះ បពិត្រមហារាជ ធម្មតាហ្វូងក្អែកមានចិត្តភ្ញាក់ផ្លើល គឺធ្លាប់តែតក់​ស្លុតជានិច្ច ។ បទថា សព្វលោកវិហេសកា សេចក្តីថា ក្អែកទាំងឡាយជាសត្វចូលចិត្តបៀតបៀន គម្រាម​កំហែងមនុស្សដែលជាធំ មានក្សត្រជាដើមខ្លះ ស្ត្រីបុរសទូទៅខ្លះ ក្មេងប្រុសក្មេងស្រីជាដើមខ្លះ ហេតុ​នោះ គឺដោយហេតុពីរប្រការនេះ ខ្ញាញ់រាវរបស់ក្អែកទាំងឡាយដែលជាញាតិរបស់ទូលបង្គំទាំងនោះ ទើបមិនមាន សូម្បីក្នុងអតីតក៏មិនធ្លាប់មាន សូម្បីក្នុងអនាគតក៏នឹងមិនមាន ។ ស្តេច​ក្អែកពោធិសត្វចង្អុលបង្ហាញហេតុនេះ ដោយប្រការដូច្នេះហើយ ទូលដាស់តឿនព្រះរាជាថា បពិត្រ​មហា​​រាជ ធម្មតាព្រះរាជាមិនបានពិចារណាហើយ មិនគប្បីបដិបត្តិព្រះរាជកិច្ច ។ ព្រះរាជាទ្រង់ពេញព្រះ​ទ័យ​បូជា​ព្រះបរមពោធិសត្វដោយរាជសម្បត្តិ ។ ព្រះមហាសត្វថ្វាយរាជសម្បត្តិចំពោះព្រះរាជាវិញ ឲ្យព្រះ​រាជា​តាំងនៅក្នុងបញ្ចសីល ទូលសូមព្រះរាជទានអភ័យដល់សត្វទាំងពួង ។ ព្រះរាជាទ្រង់ព្រះសណ្តាប់​នូវព្រះធម្មទេសនាហើយ ទ្រង់ព្រះរាជទានអភ័យដល់សត្វទាំងពួង ទ្រង់តម្កល់និពទ្ធទាន គឺទានដែល​ឲ្យជាប្រចាំដល់ហ្វូងក្អែក ហើយបញ្ជាឲ្យដាំបាយប្រមាណមួយថាំង (ប្រដាប់ធ្វើដោយឈើសម្រាប់​ដង, សម្រាប់រែកទឹក ) លាយដោយវត្ថុដែលមានរសដ៏ប្រណីតផ្សេង ៗ ព្រះរាជទានដល់ហ្វូងក្អែករាល់ ៗ ថ្ងៃ ចំណែកព្រះបរមពោធិសត្វបានទទួលព្រះរាជទានព្រះក្រយាហារនោះឯង ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា ពារាណសិរាជា អានន្ទោ អហោសិ ព្រះរាជានគរពារាណសីក្នុងកាលនោះ បានមកជាអានន្ទ ។កាករាជា បន អហមេវ អហោសិំ ចំណែកស្តេចក្អែក គឺ តថាគតនេះឯង ៕ កាកជាតក ចប់ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អសម្បទានវគ្គ បិដកលេខ ៥៨ ទំព័រ ៦១) ដោយ៥០០០ឆ្នាំ
images/articles/2871/____________pic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៩,០៨០ ដង)
រឿងស្ដេចត្រីពោធិសត្វប្រកាសសច្ចវាចាហៅភ្លៀងឲ្យធ្លាក់ចុះ ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភ្លៀងដែលទ្រង់ បណ្តាលឲ្យធ្លាក់​មក បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អភិត្ថនយ បជ្ជុន្ន ដូច្នេះជាដើម ។ ​បានឮថា សម័យមួយ ក្នុងដែនកោសលមិនមានភ្លៀងសោះ សន្ទូងទាំងឡាយ ហួត​ហែង ​អណ្តូងទឹក ស្រះបោក្ខរណី និងស្រះក្នុងទីនោះៗ ក៏រីងស្ងួត សូម្បីស្រះ បោក្ខរណីជេតពនដែលនៅជិតខ្លោងទ្វារវត្តជេតពនក៏ដាច់ទឹកដែរ ។ ហ្វូងក្អែកនិងហ្វូង បក្សីជាដើម នាំគ្នាចោមរោមយកចំពុះចឹកត្រីនិងអណ្តើកដែលកប់ចូលទៅក្នុងភក់ ចេញ មកស៊ីទាំងដែលកំពុងរើបម្រះ ។ ព្រះបរមសាស្តា ទ្រង់ទតឃើញសេចក្តីវិនាសរបស់ត្រី និងអណ្តើក ត្រូវព្រះមហាករុណាដាស់​តឿន​ព្រះទ័យឲ្យទ្រង់មានឧស្សាហៈទើបទ្រង់ព្រះ តម្រិះថា ថ្ងៃនេះតថាគតគួរបណ្តាល​​ភ្លៀងឲ្យធ្លាក់ចុះមក ។ លុះរាត្រីកន្លងទៅ (ភ្លឺ) ទ្រង់បដិបត្តិសរីរៈស្រេចហើយ ទ្រង់​កំណត់​វេលាភិក្ខាចារ មានភិក្ខុសង្ឃមួយពួកធំ ហែហម ស្តេចចូលទៅបិណ្ឌបាតក្នុងនគរសាវត្ថីដោយព្រះពុទ្ធលីលា ក្រោយភត្តទ្រង់ ត្រឡប់មកអំពីបិណ្ឌបាតហើយ កាលទ្រង់​ត្រឡប់មកអំពី​នគរសាវត្ថី​ចូលកាន់ព្រះវិហារ ទ្រង់ប្រថាប់ឈរក្បែរជណ្តើរស្រះបោក្ខរណី​ជេតពន ត្រាស់ហៅព្រះអានន្ទថា ម្នាល អានន្ទ អ្នកចូរយកសំពត់ងូតទឹកមក តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ។ ព្រះអានន្ទកា្របទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទឹកក្នុងស្រះបោក្ខរណីជេតពន រីងស្ងួតអស់​ហើយ នៅសល់ត្រឹមតែសើមដីប៉ុណ្ណោះមិនមែនឬ ព្រះអង្គ ?ព្រះសាស្តាត្រាស់ថា ម្នាល​អានន្ទ ធម្មតាកម្លាំងរបស់ព្រះពុទ្ធខ្លាំង អ្នកចូរទៅយក សំពត់ងូតទឹកមកចុះ ។ ព្រះអានន្ទក៏ទៅយកមកថ្វាយ ព្រះបរមសាស្តាទ្រង់ស្លៀកសំពត់ ឧទកសាដកដោយជាងម្ខាង ជាយម្ខាងទៀតទ្រង់ដណ្តប់ព្រះសរីរៈ ទ្រង់ប្រថាប់ឈរនៅ ក្បែរជណ្តើរ ទ្រង់តាំងព្រះ​ទ័យ​ថា តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ។ ភ្លាមនោះឯង បណ្ឌុកម្ពលសិលាសនៈរបស់សក្កទេវរាជ ក៏សម្តែងអាការៈក្តៅ សក្ក ទេវរាជទ្រង់ពិចារណាថា តើមានហេតុអ្វីហ្ន៎ ? ទ្រង់ជ្រាបហេតុនោះ ទើបមានទេវបញ្ជា ហៅវលា​ហក​ទេវរាជ ម្ចាស់ភ្លៀងមកគាល់ហើយត្រាស់ថា នែទេវបុត្រ ព្រះបរមសាស្តា ទ្រង់តាំងព្រះ​ទ័យថា តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ទ្រង់ប្រថាប់ឈរ នៅក្បែរ​ជណ្តើរ​​ស្រះ អ្នកចូរធ្វើដែនកោសលទាំងមូលឲ្យមានភ្លៀងធ្លាក់ជោកជាំ បណ្តាល ឲ្យភ្លៀងធ្លាក់​​ចុះ​មកឆាប់ៗចុះ ។ វលាហកទេវរាជទទួលទេវបញ្ជាហើយ ស្លៀកដុំពពក មួយដុំ ដណ្តប់​មួយដុំ ច្រៀងបទ​ចម្រៀង​ដែលមានឈ្មោះថា មេឃសង្គីត បែរមុខទៅរក លោកធាតុខាងកើត ហោះទៅកាន់ទិសខាងកើត ក៏ប្រាកដដុំពពកមួយដុំប៉ុនលានបញ្ជាន់ ស្រូវ ត្រួតលើគ្នាជាជាន់ៗទាំង​រយ​ជាន់ ពាន់ជាន់ ផ្គរលាន់ទ្រហឹងអឺងកង ផ្លេកបន្ទោរដាល ច្រវាត់ ភ្លៀងក៏ធ្លាក់ចុះមកដូចគេ​ផ្កាប់​ឆ្នាំង ដែនកោសលទាំងមូលជន់លិចដូចជំនន់ ទឹកហូរមក ភ្លៀងបង្អុរចុះមកមិនដាច់​ខ្សែ មួយភ្លែតប៉ុណ្ណោះ ក៏ពេញស្រះបោក្ខរណី ជេតពន ទឹកលិចរហូតដល់មាត់ជណ្តើរ ។ ព្រះបរមសាស្តា ទ្រង់ស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពនហើយ ទ្រង់គ្រងសំពត់ ពីរជាន់​ពណ៌​ក្រហម ក្រវាត់វត្ថពន្ធចង្កេះ ទ្រង់គ្រងព្រះសុគតចីវរឆៀងស្មាម្ខាង ហែហម ដោយភិក្ខុសង្ឃ​ ស្តេច​យាងទៅ ទ្រង់គង់លើបវរពុទ្ធាសនៈ ដែលក្រាលទុកហើយក្នុង បរិវេណព្រះគន្ធកុដិ ​កាល​ភិក្ខុសង្ឃសម្តែងវត្តបដិបត្តិហើយ ស្តេចឧដ្ឋាការទ្រង់ប្រថាប់ ឈរលើផ្ទៃជណ្តើរ​កែវ​មណី ប្រទានឱវាទដល់ភិក្ខុសង្ឃ ហើយទ្រង់បញ្ជូនភិក្ខុសង្ឃឲ្យ ត្រឡប់ទៅវិញ ស្តេចយាងចូលកាន់ព្រះគន្ធកុដិដែលមានក្លិនជាប់ចិត្ត ទ្រង់ផ្ទំ​សីហ​សេយ្យាដោយបែរទៅខាងស្តាំ ។ លុះដល់ពេលរសៀល ពួកភិក្ខុអង្គុយប្រជុំគ្នាក្នុងធម្មសភាលើករឿងឡើងសន្ទនាគ្នាថា អ្នកមាន​អាយុ​ទាំងឡាយ អ្នកទាំងឡាយចូរមើល ព្រះគុណសម្បត្តិ គឺ ខន្តី មេត្តា និងព្រះករុណា​របស់ព្រះទសពល កាលសន្ទូងទាំងឡាយ កំពុងតែស្វិតស្រពោន ជលាល័យគ្រប់កន្លែង​ក៏រីងស្ងួត ហ្វូងត្រីនិងអណ្តើកជួបប្រសព្វ ទុក្ខធំ ទ្រង់អាស្រ័យព្រះករុណា ទ្រង់ស្លៀកសំពត់ឧទកសាដក ដោយព្រះពុទ្ធបំណង នឹងឲ្យមហាជនផុតចាកទុក្ខ ទ្រង់ប្រថាប់ឈរនៅក្បែរជណ្តើរនៃស្រះបោក្ខរណីជេតវន ទ្រង់បណ្តាលឲ្យភ្លៀងបង្អុរចុះមក ដូចជំនន់ទឹកធំហូរមក ជន់លិចកោសលរដ្ឋគ្រប់កន្លែង ដោយវេលាត្រឹមតែមួយភ្លែត ទ្រង់ដោះមហាជនឲ្យរួចផុតអំពីទុក្ខតាមផ្លូវកាយ ទុក្ខតាម ផ្លូវចិត្តហើយ ស្ដេចយាងចូលកាន់វិហារ ។ ព្រះបរមសាស្ដា ស្ដេចយាងចេញអំពីព្រះគន្ធ កុដិមកកាន់ធម្មសភាទ្រង់ត្រាស់សួរថា ម្នាល​ភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នក ទាំងឡាយអង្គុយប្រជុំសនន្ទនាគ្នាដោយរឿងអ្វី ? កាលភិក្ខុទាំងឡាយក្រាបទូលឲ្យទ្រង់ ជ្រាបហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ មិនមែនតែក្នុងកាលឥឡូវនេះ ប៉ុណ្ណោះទេ ដែលតថាគតធ្វើឲ្យភ្លៀងបង្អុរចុះមក ក្នុង​កាលមហាជនកំពុងតែជួបការ លំបាកដោយទឹកភ្លៀងនោះ សូម្បីក្នុងកាលមុន គឺ តថា​គត​កើតក្នុងកំណើតសត្វតិរច្ឆាន ក្នុងកាលជាស្ដេចនៃហ្វូងត្រី ក៏បានធ្វើភ្លៀងឲ្យបង្អុរចុះមកដែរ ​ហើយទ្រង់នាំយករឿងក្នុង អតីតមកសម្ដែងដូចតទៅនេះថាក្នុងអតីតកាល មានត្រពាំង​មួយព័ទ្ធជុំវិញដោយព្រៃកា្រស់នៃវល្លិត្រង់ស្រះ បោក្ខរណីជេតពន នាក្រុងសាវត្ថី​ដែន​​កោសលនេះឯង ។ គ្រានោះ ព្រះបរមពោធិសត្វ បដិសន្ធិក្នុងកំណើតត្រី មានហ្វូងត្រីជា​បរិវារនៅក្នុងត្រពាំងនោះ​ សូម្បីក្នុងកាលនោះ ដែននោះក៏គ្មានភ្លៀងធ្លាក់ចុះមកដូចពេលនេះដែរ សន្ទូងរបស់ពួក​អ្នកស្រុកក្រៀមស្វិត ខូចខាតអស់ ក្នុងបឹងជាដើមគ្មានទឹក ហ្វូងត្រីនិងអណ្តើកនាំគ្នាត្បុរ​ចូលភក់ ។ សូម្បីអូរ នោះ ហ្វូងត្រីក៏នាំគ្នាត្បុរចូលភក់ជ្រកក្នុងទីនោះៗ ហ្វូងក្អែកជា​ដើម​​ក៏​នាំគ្នាចឹកចេញមកស៊ី ដោយចំពុះ ។ ព្រះពោធិសត្វឃើញការវិនាសនៃពួកញាតិក៏ត្រិះ​រិះ​ថា អ្នកដទៃវៀរអាត្មា អញចេញហើយ មិនមានអ្នកណាអាចជួយដោះទុក្ខពួកត្រីទាំង​នេះ​បានឡើយ អញនឹង ធ្វើសច្ចកិរិយាឲ្យភ្លៀងបង្អុរចុះមក ដោះពួកញាតិអំពីទុក្ខគឺ​សេច​ក្តីស្លាប់ឲ្យទាល់តែបាន ហើយញែកភក់ពណ៌ខ្មៅចេញមក ស្តេចត្រីធំមានពណ៌ដូចត្របកផ្កាអញ្ជ័ន បើកភ្នែក ទាំងគូដែលប្រៀបបាននឹងកែវមណី មានពណ៌ក្រហមសម្លឹងមើលអាកាស បន្លឺសំឡេង ពោលទៅកាន់ទេវរាជឈ្មោះបជ្ជុន្នថា បពិត្រព្រះបជ្ជុន្នដ៏ចម្រើន ខ្ញុំអាស្រ័យពួកញាតិ បានក្តៅក្រហាយហើយ កាលខ្ញុំជាអ្នកទ្រទ្រង់សីល ដល់នូវសេចក្តីលំបាកយ៉ាងនេះ ហេតុដូចម្តេចលោកមិនជួយឲ្យភ្លៀងធ្លាក់ចុះមក ខ្ញុំកើតក្នុងឋានៈដែលអាចខាំសត្វដទៃស៊ី ប៉ុន្តែខ្ញុំមិនធ្លាប់មានឈ្មោះថាស៊ីមច្ឆជាតិ តាំងពីត្រីតូចប៉ុនគ្រាប់អង្ករ សូម្បីសត្វដទៃៗ ខ្ញុំក៏ មិនធ្លាប់ផ្តាច់ជីវិតដែរ ដោយសច្ចវាចានេះ សូមលោកញ៉ាំងភ្លៀងឲ្យធ្លាក់ចុះមកដោះពួក ញាតិរបស់ខ្ញុំឲ្យរួចផុតចាកទុក្ខចុះ កាលនឹងហៅទេវរាជឈ្មោះបជ្ជុន្ន ដូចប្រើបម្រើ ក៏ពោលគាថានេះថា អភិត្ថនយ បជ្ជុន្ន និធឹ កាកស្ស នាសយ កាកំ សោកាយ រន្ធេហិ មញ្ច សោកា បមោចយ ។ បពិត្រមេឃ សូមអ្នកញ៉ាំងផ្គរឲ្យលាន់ឡើង សូមបំផ្លាញកំណប់របស់ក្អែកឲ្យ វិនាស សូមធ្វើទុក្ខក្អែកឲ្យសោកសៅ សូមញ៉ាំងខ្ញុំ ( និងពួកញាតិខ្ញុំ ) ឲ្យរួចចាកសេចក្តី សោក ។ បណ្តាបទទាំងនោះ បទថា អភិត្ថនយ បជ្ជុន្ន សេចក្តីថា មេឃ ហៅថា ស្តេច បជ្ជុន្ន ក៏ស្តេចត្រីនេះហៅវលាហកទេវរាជថាជាម្ចាស់ភ្លៀង អ្នកមានឈ្មោះដោយ អំណាចនៃមេឃ ។​ បាន​ឮថា ស្តេចត្រីនោះមានបំណងដូច្នេះថា ធម្មតាភ្លៀងមិនគ្រហឹម មិនឲ្យមានផ្លេក​បន្ទោរ​ សូម្បីបង្អុរចុះមកក៏មិនល្អ ព្រោះដូច្នោះ អ្នកចូរគ្រហឹម ចូរឲ្យមាន ផ្លេកបន្ទោរ ហើយញ៉ាំង​ភ្លៀងឲ្យបង្អុរមកចុះ ។ បទថា និធឹ កាកស្ស នាសយ សេចក្តីថា ហ្វូងក្អែកនាំគ្នាចឹកហ្វូងត្រីដែលត្បុរ ចូលភក់ដើម្បីជ្រក ចេញមកដោយចំពុះស៊ីជាអាហារ ព្រោះហេតុនោះ ទើបហ្វូងត្រីដែល ត្បុរចូលភក់នោះ​ ហៅថាកំណប់ទ្រព្យរបស់ក្អែកជាដើមនោះ កាលលោកបណ្តាលឲ្យ ភ្លៀងបង្អុរចុះមកជាប្រក្រតីហើយ ក៏ជាការទម្លាយកំណប់ទ្រព្យរបស់ហ្វូងក្អែកនោះ ។ បទថា កាកំ សោកាយ រន្ធេហិ សេចក្តីថា ហ្វូងក្អែក កាលត្រពាំងមានទឹក ពេញហើយ មិនបានហ្វូងត្រីជាអាហារក៏ត្រូវសោកសៅ កាលអ្នកធ្វើឲ្យត្រពាំងនេះពេញ ប្រៀបដោយទឹក ក៏ជាការទម្លាយហ្វូងក្អែកនោះ ដោយសេចក្តីសោក អ្នកចូរញ៉ាំងភ្លៀងឲ្យ បង្អុរចុះមក ដើម្បីរម្ងាប់សេចក្តីសោក គឺដើម្បីការស្រឡះចិត្តរបស់ត្រីទាំងឡាយ ។ អធិប្បាយថា ហ្វូងក្អែកនឹងដល់នូវសេចក្តីសោកសៅ ដែលមានលក្ខណៈខ្លោចផ្សាខាង ក្នុងបានដោយវិធីណា អ្នកចូរធ្វើវិធីនោះចុះ ។ ច អក្សរក្នុងបទគាថា មញ្ច សោកោ បមោចយ នេះ មានការប្រមូលមកជា អត្ថ មាន​ន័យ​ថា ​អ្នកមេត្តាឲ្យខ្ញុំនិងពួកញាតិទាំងអស់រួចផុតអំពីសោក ដែលកើតអំពី សេចក្តីស្លាប់នេះចុះ ។ព្រះ​ពោធិសត្វហៅស្តេចបជ្ជុន្នដូចប្រើបម្រើយ៉ាងនេះ ឲ្យបណ្តាលភ្លៀងមួយមេធំ ធ្លាក់​ចុះមក ទូទៅពេញដែនកោសល ធ្វើឲ្យមហាជនរួចផុតអំពីមរណទុក្ខ ក្នុងបរិយោ​សាន​នៃ​ជីវិតក៏បានទៅតាមយថាកម្ម ។ ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតបណ្តាល ឲ្យភ្លៀងបង្អុរចុះមកនោះ មិនមែនមានតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាល មុន កាល​ដែល​តថាគតកើតក្នុងកំណើតត្រីក៏បណ្តាលភ្លៀងបង្អុរចុះមកដែរ ។ លុះទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា មច្ឆគណា ពុទ្ធបរិសា អហេសុំ ហ្វូងត្រីក្នុងកាលនោះ បានមកជា ពុទ្ធបរិស័ទក្នុងកាលឥឡូវនេះ បជ្ជុន្នទេវរាជា អានន្ទោ បជ្ជុន្នទេវរាជបានមកជាអានន្ទ មច្ឆរាជា បន អហមេវ អហោសិំ ចំណែកស្តេចត្រី គឺ តថាគត នេះឯង ៕ ចប់ មច្ឆជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត វរុណវគ្គ បិដកលេខ ៥៨ ទំព័រ ៣២) ដោយ៥០០០ឆ្នាំ
images/articles/2837/t323efwtpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៩,៤៦២ ដង)
វិរោចជាតក (រឿងភិក្ខុទេវទត្តធ្វើតាមពុទ្ធលីលា) ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កកណ្ដកវគ្គ បិដកលេខ ៥៨ ទំព័រ ៦៣ ព.ស. ២៥៦១ ព្រះសាស្ដា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភាពដែលភិក្ខុទេវទត្តសម្ដែងអាកប្បកិរិយាដូចព្រះសុគតនៅគយាសីសប្រទេស បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា លសី ច តេ និប្ផលិតា ដូច្នេះជាដើម ។ សេចក្ដីពិស្ដារថា ភិក្ខុទេវទត្តមានឈានសាបសូន្យហើយ ក៏សាបសូន្យចាកលាភ​​សក្ការៈ​ផងដែរ បានគិតថា នៅមានឧបាយម្យ៉ាងទៀត លុះគិតដូច្នេះហើយ ទើបក្រាបទូលសូមវត្ថុ ៥ ប្រការ (សូមឲ្យភិក្ខុទាំងឡាយនៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណានៅក្នុងស្រុក ភិក្ខុនោះនឹងត្រូវទោស ១ សូមឲ្យភិក្ខុទាំងឡាយកាន់បិណ្ឌបាតជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយការនិមន្តន៍ ភិក្ខុនោះនឹងត្រូវទោស ១ សូមឲ្យភិក្ខុទាំងឡាយប្រើប្រាស់តែសំពត់បង្សុកូលអស់មួយជីវិត ភិក្ខុណាត្រេកអរចំពោះគហ​បតិចីវរ ភិក្ខុនោះនឹងត្រូវទោស ១ សូមឲ្យភិក្ខុទាំងឡាយនៅទៀបគល់ឈើជាវត្តអស់មួយជីវិត ភិក្ខុណាចូល​ទៅនៅក្នុងទីប្រក់ទីបាំង ភិក្ខុនោះនឹងត្រូវទោស ១ សូមកុំឲ្យភិក្ខុទាំងឡាយឆាន់ត្រី និងសាច់អស់មួយ​ជីវិត ភិក្ខុណាឆាន់ត្រី និងសាច់ ភិក្ខុនោះនឹងត្រូវទោស១) អំពីព្រះសាស្ដា កាលមិនបាន ក៏បបួលភិក្ខុ ​៥០០ រូបដែលជាសទ្ធិវិហារិក (អ្នកនៅជាមួយ គឺភិក្ខុឬសាមណេរដែលជាសិស្សរបស់ឧបជ្ឈាយ៍ ត្រូវ​នៅក្នុងអំណាច ឧបជ្ឈាយ៍ឲ្យលោកមើលការខុសត្រូវស្ដីប្រដៅជានិច្ច)របស់ព្រះអគ្គសាវកទាំងពីរ ដែល​ទើបនឹងបួសថ្មី មិនទាន់ចេះដឹងក្នុងព្រះធម្មវិន័យ ទៅកាន់គយាសីសប្រទេស បំបែកសង្ឃ ធ្វើសង្ឃ​កម្មផ្សេងគ្នាក្នុងសីមាជាមួយគ្នា ។ ព្រះសាស្ដាទ្រង់ជ្រាបវេលានៃបញ្ញារបស់ភិក្ខុទាំងនោះចាស់ក្លាហើយ ទើបបញ្ជូនព្រះអគ្គសាវកទាំងពីរទៅកាន់ទីនោះ ។ ទេវទត្តឃើញព្រះអគ្គសាវកទាំងពីរភ្លាមក៏សប្បាយចិត្ត គិតថា កាលអញសម្ដែងធម៌មួយយប់ទល់ភ្លឺនឹងធ្វើ អាកប្បកិរិយាដូចព្រះពុទ្ធ លុះគិតដូច្នោះហើយ កាលនឹងសម្ដែងអាកប្បកិរិយាដូចព្រះសុគត ទើបពោលថា ម្នាលសារីបុត្រ ភិក្ខុសង្ឃមិនទាន់ងោកងុយនៅឡើយទេ អ្នកចូរសម្ដែងធម្មី​ក​ថាដល់ភិក្ខុទាំងឡាយចុះ តថាគតរោយខ្នងខ្លាំងណាស់ តថាគតនឹងតម្រង់ខ្នងបន្តិច ហើយក៏ចូល​ទៅសិង ។ ព្រះអគ្គសាវកទាំងពីរសម្ដែងធម៌ដល់ភិក្ខុទាំងនោះឲ្យភ្ញាក់ដោយមគ្គផលទាំងឡាយហើយ ​បាននាំត្រឡប់មកកាន់វត្តវេឡុវ័នទាំងអស់ ។ ភិក្ខុកោកាលិកឃើញវិហារសូន្យចាកភិក្ខុ ក៏ទៅកាន់​សម្នាក់ទេវទត្ត ហើយពោលថា នៃអាវុសោទេវទត្ត អគ្គសាវកទាំងពីររបស់លោក ទម្លាយបរិស័ទរបស់​​លោកហើយ នាំភិក្ខុទាំងនោះទៅអស់ នៅសល់តែវិហារទទេ ចំណែកលោករវល់តែសិងដល់ពេល​ណា​​ទៀត ហើយកន្ត្រាក់សំពត់ដណ្ដប់របស់ទេវទត្តចេញ យកកែងជើងធាក់កណ្ដាលទ្រូង ដូចដំដែក​គោល​​នឹងជញ្ជាំងផ្ទះ ភ្លាមនោះឯង ឈាមក៏ហូរចេញអំពីមាត់របស់ទេវទត្ត តាំងអំពីពេលនោះ​មក ទេវ​ទត្តក៏ធ្លាក់ខ្លួនឈឺ ។ ព្រះសាស្ដាត្រាស់សួរព្រះសារីបុត្រថា ម្នាលសារីបុត្រ វេលាដែលអ្នកនាំគ្នាទៅ ទេវទត្តកំពុងធ្វើអ្វី ? ព្រះថេរៈទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទេវទត្តឃើញខ្ញុំព្រះអង្គទាំងពីរហើយ គិតនឹងធ្វើតាមព្រះអង្គ កាលសម្ដែងអាកប្បកិរិយាដូចព្រះសុគត ក៏ដល់នូវការវិនាសធំ ។ ព្រះសាស្ដាត្រាស់ថា ម្នាលសារីបុត្រ មិន​មែន​​តែពេលនេះប៉ុណ្ណោះទេ ដែលទេវទត្តធ្វើតាមតថាគតហើយដល់ការវិនាសនោះ សូម្បីក្នុងកាលមុនក៏ធ្លាប់ធ្វើតាមតថាគត ហើយដល់ការវិនាសដូចគ្នាដែរ កាលព្រះថេរៈទូលអារាធនា ទើបទ្រង់នាំអតីតនិទានមកសម្ដែងដូចតទៅៈ អតីតេ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វ​សោយ​ព្រះជាតិជាកេសររាជសីហ៍ នៅក្នុងគុហាមាស ក្នុងព្រៃហិមពាន្ត ។ ថ្ងៃមួយ ស្ដេចរាជសីហ័ពោធិ​សត្វ​ចេញអំពីគុហារលាស់កាយ សម្លឹងមើលទិសទាំង ៤ បន្លឺសីហនាទ ហើយចេញទៅរកចំណី បានសម្លាប់​ក្របីធំមួយស៊ីសាច់ ហើយចុះកាន់ស្រះ ផឹកទឹកដែលមានពណ៌ដូចកែវមណី ឆ្អែតពេញពោះហើយ ​ដើរសំដៅទៅគុហាវិញ ។ គ្រានោះ មានចចកមួយខ្វល់ខ្វាយស្វែងរកចំណី ពើបផ្លូវនឹងរាជសីហ៍ពោធិសត្វ កាលមិនអាចនឹងគេច​ចេញ​ទៅណាបាន ក៏ដេកក្រាបចុះជិតជើងខាងមុខរបស់រាជសីហ៍ កាលរាជសីហ៍សួរថា នែចចក អ្នកមាន​ការអ្វីហ្នឹង ? ចចកក៏ពោលថា បពិត្រលោកម្ចាស់ ខ្ញុំមកទីនេះ ដោយបំណងថា នឹងបម្រើលោក ។ រាជសីហ៍ពោលថា ល្អហើយចឹង អ្នកចូរបម្រើយើងចុះ យើងនឹងឲ្យអ្នកបានស៊ីសាច់ឆ្ងាញ់ៗ ហើយនាំចចកទៅកាន់គុហាមាស ។ ចាប់ពីពេលនោះមក ចចកក៏បានស៊ីសាច់ដែលសល់អំពីរាជសីហ៍ កន្លងទៅបានពីរបីថ្ងៃ ចចករៀងមានសាច់មានឈាមធំធាត់ ។ ក្រោយមករាជសីហ៍ដេកនៅក្នុងគុហាប្រាប់ចចកថា អ្នកចូរទៅចុះ ចូរឡើង​លើកំពូលភ្នំ ហើយបើចង់ស៊ីសាច់សត្វណា មានដំរី សេះ ក្របីជាដើម ដែលត្រាច់ទៅមកនៅជើងភ្នំនេះ ចូរ​ចំណាំសត្វនោះទុក ហើយមកប្រាប់យើងថា ខ្ញុំចង់ស៊ីសាច់សត្វឯណោះ ហើយចូរប្រាប់ថា សូមលោក​ម្ចាស់ចូរចម្រើន ដូច្នេះហើយ យើងនឹងសម្លាប់សត្វនោះ ស៊ីសាច់ឆ្ងាញ់ៗហើយនឹងចែកដល់អ្នក ។ ចចកក៏ឡើងទៅកាន់កំពូលភ្នំរកមើលហ្វូងម្រឹគផ្សេងៗ លុះនឹកចង់ស៊ីសាច់សត្វប្រភេទណា ក៏ចូលទៅកាន់គុហាមាសប្រាប់សត្វនោះដល់រាជសីហ៍ ហើយក្រាបចុះជិតជើងរាជសីហ៍ពោលថា បពិត្រលោក​ម្ចាស់ សូមលោកម្ចាស់ចូរចម្រើន ។ រាជសីហ៍រត់ទៅយ៉ាងលឿន ប្រសិនបើឃើញដំរីចុះប្រេង ក៏សម្លាប់ឲ្យស្លាប់នៅទីនោះតែម្ដង ហើយខ្លួនឯងស៊ីសាច់ល្អៗខ្លះ ឲ្យចចកខ្លះ ចចកស៊ីសាច់ឆ្អែតហើយចូលគុហាដេកលក់យ៉ាងស្រួល ។ លុះវេលាកន្លងយូរទៅ ចចកក៏កើតមានះថា សូម្បីយើងក៏ជាសត្វជើង ៤ ដែរ ហេតុអ្វីចាំបាច់ឲ្យអ្នកដទៃចិញ្ចឹមរាល់ៗថ្ងៃ ចាប់ពីថ្ងៃនេះទៅ យើងនឹងសម្លាប់ដំរីជាដើមស៊ីសាច់សូម្បីតែរាជសីហ៍ដែលជាស្ដេចម្រឹគ ក៏ត្រូវអាស្រ័យអញជួយពោលថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ចូរចម្រើន ដូច្នេះប៉ុណ្ណោះ ក៏សម្លាប់ដំរីបាន អញត្រូវឲ្យរាជសីហ៍និយាយនឹងអញខ្លះថា បពិត្រចចក សូមលោកចូរចម្រើន ដូច្នេះក៏នឹងសម្លាប់ដំរី ហើយស៊ីសាច់ដែរ ។ ចចកនោះ លុះគិតដូច្នោះហើយ ក៏ចូលទៅរករាជសីហ៍ហើយពោលថា បពិត្រលោកម្ចាស់ ខ្ញុំស៊ីសាច់ដំរីដែលលោកម្ចាស់សម្លាប់មកយូរហើយ ខ្ញុំចង់សម្លាប់ដំរីមួយស៊ីសាច់ដែរ ហេតុនោះ ខ្ញុំសូមដេកក្នុងគុហាមាសលើទីដេករបស់លោក សូមលោកជួយមើលដំរីដែលត្រាច់ទៅមកតាមជើងភ្នំ ហើយមកកាន់សម្នាក់ខ្ញុំប្រាប់ថា នែចចក សូមអ្នកចូរចម្រើន សូម្បីត្រឹមតែប៉ុណ្ណេះឯង លោកកុំកំណាញ់ឡើយ ។ ពេលនោះ រាជសីហ៍ប្រាប់ចចកនោះថា នែចចក អ្នកមិនអាចសម្លាប់ដំរីបានទេ ធម្មតា ចចកដែលកើតក្នុងត្រកូលសីហៈ អាចសម្លាប់ដំរីបានមិនមានក្នុងលោកឡើយ អ្នកកុំពេញចិត្តយ៉ាងនេះឡើយ រង់ចាំស៊ីសាច់ដំរីដែលយើងសម្លាប់បានហើយចុះ ។ សូម្បីរាជសីហ៍ប្រាប់យ៉ាងនេះហើយ ចចកនោះមិនលះបង់ការតាំងចិត្ត នៅតែរំអុកដដែល ។ រាជសីហ៍កាលមិនអាចហាមចចកបានក៏ទទួលពាក្យ ហើយពោល​ថា ​បើដូច្នោះ អ្នកចូរទៅកាន់លំនៅរបស់យើង ដេករង់ចាំចុះ ហើយឲ្យចចកដេកក្នុងគុហាមាស ខ្លួន​ឯង​រង់ចាំមើលដំរីចុះប្រេងដែលដើរនៅតាមជើងភ្នំ ហើយទៅកាន់មាត់ទ្វារគុហាប្រាប់ថា នែចចក សូមអ្នក​ចូរចម្រើន ។ ចចកចេញអំពីគុហារលាស់ខ្លួន សម្លឹងមើលទិសទាំង ៤ លូបីដង រួចគិតថា យើងត្រូវ​លោតចុះឲ្យចំត្រង់ក្បាលដំរីចុះប្រេង ក៏ភ្លាត់ធ្លាក់នៅក្បែរជើងដំរី ដំរីលើកជើងស្ដាំជាន់ក្បាលល​​លាដ៍​​ក្បាល​បែកជាលម្អិតតូចធំ ពេលនោះ ដំរីយកជើងជាន់ឈ្លីរាងកាយរបស់ចចកនោះធ្វើជាដុំៗហើយចុះអាចម៍ដាច់ចចក បន្លឺកោញ្ចនាទរួចចូលព្រៃទៅ ។ ព្រះពោធិសត្វឃើញការការប្រព្រឹត្តទៅដូច្នោះ ក៏ពោលថា នែចចក ពេលនេះ អ្នកចូរបន្លឺសំឡេងចុះ ដូច្នេះហើយ ទើបពោលគាថានេះថា លសី ច តេ និប្ផលិតា, មត្ថកោ ច បទាលិតោ; សព្ពា តេ ផាសុកា ភគ្គា, អជ្ជ ខោ ត្វំ វិរោចសិ។ ខួរក្បាលរបស់អ្នកធ្លាយចេញផង លលាដ៍ក្បាលរបស់អ្នកបែកធ្លាយផង ឆ្អឹងជំនីរទាំងអស់របស់អ្នកដំរីបំបាក់ហើយផង ក្នុងថ្ងៃនេះ អ្នកនៅរុងរឿងអ្វីទៀត ។ បណ្ដាបទទាំងនោះ បទថា លសី ប្រែថា ខួរក្បាល ។ បទថា និប្ផលិតា ប្រែថា ហូរចេញហើយ ។ ព្រះសាស្ដាទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា សិង្គាលោ ទេវទត្តោ អហោសិ ចចកក្នុងកាលនោះ គឺ ទេវទត្ត ។ សីហោ បន អហមេវ អហោសិំ ចំណែករាជសីហ៍ គឺតថាគតនេះឯង ។ ចប់ វិរោចជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កកណ្ដកវគ្គ បិដកលេខ ៥៨ ទំព័រ ៦៣ ) ដោយ៥០០០ឆ្នាំ
images/articles/2850/_________xtpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៦,៧២៧ ដង)
តិលមុដ្ឋិជាតក (គប្បីហាមឃាត់អំពើអាក្រក់តាំងពីនៅតិចតួច) ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាមហាវិហារព្រះជេតពន ទ្រង់ប្រារព្ធភិក្ខុមួយ អង្គ​ដែលច្រើនទៅដោយសេចក្តីក្រោធ ទើបត្រាស់រឿងនេះ មានព្រះបាលីថា អជ្ជាបិ មេ តំ មនសិ ដូច្នេះជា​ដើម ។ បានស្តាប់មកថា មានព្រះភិក្ខុ ១ អង្គ លោកច្រើនទៅដោយសេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់​ចិត្ត គ្រាន់តែអ្នកដទៃថាអ្វីឲ្យបន្តិចបន្តួច ក៏ខឹងក្រោធភ្លាម ធ្វើការប្រទូសរ៉ាយ និងការអន់ចិត្តឲ្យប្រាកដ ។ ក្រោយមកថ្ងៃមួយ ភិក្ខុទាំងឡាយគង់អង្គុយសន្ទនាគ្នាក្នុងសាលាធម្មសភាថា លោកដ៏មានអាយុទាំង​ឡាយ ភិក្ខុអង្គនោះ ជាបុគ្គលច្រើនដោយសេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់ចិត្ត ពេលក្រោធម្តងៗ មានសភាពដូចអំបិលដែលគេបាចក្នុងភ្លើងចង្ក្រាន ដូច្នោះឯង ។ លោកបួសក្នុងព្រះសាសនា ដែលប្រដៅ​​មិនឲ្យក្រោធ ជាសាសនានាំសត្វឲ្យរួចផុតចាកពីសេចក្តីសៅហ្មងគ្រប់យ៉ាង ប៉ុន្តែសូម្បីគ្រាន់​តែ​សេច​​ក្តីក្រោធ​ប៉ុណ្ណោះ ក៏មិនអាចគ្របសង្កត់បាន។ ព្រះបរមសាស្តាស្តេចយាងមកកាន់សាលាធម្ម​សភា​ ​ទ្រង់ជ្រាបអំពីការសន្ទនារបស់ភិក្ខុទាំងឡាយ ព្រះអង្គត្រាស់ឲ្យភិក្ខុ ១ អង្គទៅនិមន្តភិក្ខុដែលច្រើន​ទៅ ដោយសេចក្តីក្រោធនោះមក កាលដែលលោកនិមន្ត​មកដល់ហើយ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ មានដំណឹងថា លោកជាបុគ្គលក្រោធងាយ ពិតមែនឬ ? កាលដែលភិក្ខុអង្គនោះ ក្រាបទូលការពិតហើយ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិន​មែន​តែ​ក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏បានជាអ្នកច្រើនទៅដោយសេចក្តីក្រោធដូចគ្នាដែរ​។ កាលដែលភិក្ខុទាំងឡាយទូលអារាធនា ទើបព្រះភគវា នាំយករឿងក្នុងអតីតកាលមកសម្តែងតទៅ ៖ ក្នុងអតីតកាល គ្រាដែលព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិក្នុងក្រុងពារាណសី ឱរសរបស់ព្រះបាទព្រហ្ម​ទត្ត​នោះ មាននាមថា ព្រហ្មទត្តកុមារ។ ក្នុងការអប់រំនិងបណ្តុះបណ្តាលបុត្រ ព្រះរាជាក្នុងគ្រាមុនៗ សូម្បី​​មានអាចារ្យទិសាបាមោក្ខក្នុងនគររបស់ខ្លួនក៏ដោយ ក៏នៅតែបញ្ជូនបុត្ររបស់ព្រះអង្គឲ្យទៅរៀនសិល្ប៍សាស្រ្តនៅទីឆ្ងាយ ក្រៅពីនគររបស់ខ្លួនដែរ ។ ដែលធ្វើយ៉ាងនេះ មកអំពីព្រះរាជាមានសេចក្តីសង្ឃឹមថា ព្រះរាជបុត្រទាំងនោះ នឹងកម្ចាត់នូវភាពក្រអឺតក្រអោងដោយមានះផង និងជាអ្នកចេះមាន​សេច​​ក្តី​អត់ធន់ចំពោះក្តៅរងាផង ព្រមទាំងនឹងបានដឹងនូវប្រពៃណី ទំនៀមទម្លាប់របស់មនុស្ស ក្នុងលោក​ផង​ដែរ ។ ព្រោះហេតុដូច្នោះ ទើបព្រះបាទព្រហ្មទត្ត ត្រាស់ហៅព្រហ្មទត្តកុមារជាព្រះរាជបុត្រ ដែលមានព្រះជន្ម​វ​ស្សា ១៦ ឆ្នាំ ឲ្យចូលមកគាល់ ហើយព្រះរាជទាននូវស្បែកព្រះបាទមួយគូ ឆត្រស្លឹកឈើមួយ និងទ្រព្យ ១ ពាន់កហាបណៈ ព្រមទាំងត្រាស់ប្រាប់ថា បុត្រចូរទៅកាន់នគរតក្កសិលា ប្រឹងប្រែងសិក្សាយកនូវសិល្ប៍​សាស្ត្រមក ។ ព្រហ្មទត្តកុមារទទួលព្រះរាជឱង្ការហើយថ្វាយបង្គំព្រះរាជមាតាបិតាលាចេញទៅ ។ ព្រហ្មទត្តកុមារ ក៏បានសួររកផ្ទះលោកអាចារ្យឃើញហើយ ក៏ដោះស្បែកព្រះបាទ និងដោះឆត្រ ចូលទៅសំពះលោកអាចារ្យ រួចឈរក្នុងទីដ៏សមគួរ ។ កាលដែលលោកអាចារ្យធ្វើបដិសណ្ឋារៈ និងសាកសួរដឹងហេតុការណ៍សព្វគ្រប់ហើយ ក៏ទទួលបង្ហាត់បង្រៀននូវសិល្ប៍៍សាស្ត្រដល់ព្រហ្មទត្តកុមារដោយពិស្តារ ចំណែកព្រះរាជកុមារ ក៏រៀនយកនូវសិល្ប៍​សាស្ត្រ​ដោយការតាំងចិត្ត ។ ថ្ងៃមួយ ព្រហ្មទត្តកុមារ និងសិស្សទាំងឡាយ ទៅងូតទឹកព្រមជាមួយនឹងលោកអាចារ្យ គ្រានោះមានស្ត្រីចាស់ជរាម្នាក់បកសំបកគ្រាប់ល្ងហើយយកមកហាល ទាំងដែលនៅអង្គុយ​ចាំមើលទៀតផង ព្រហ្មទត្តកុមារ ឃើញគ្រាប់ល្ងដែលយាយហាល ក៏នឹកចង់បរិភោគ ទើបចាប់​យក​មួយក្តាប់ដៃមកទំពាបរិភោគ ស្ត្រីចាស់ជរាគិតថា មាណពនេះចង់បរិភោគ ទើបអង្គុយស្ងៀមមិនបានពោលអ្វីឡើយ ។ ថ្ងៃបន្ទាប់មកទៀត ព្រះរាជកុមារនោះ ក៏បានធ្វើយ៉ាងនោះទៀត សូម្បីស្ត្រីចាស់​ជរា​ក៏មិនបានពោលថាអ្វីដែរ នៅស្ងៀមជាលើកទី ២ ។ លុះដល់ថ្ងៃទី ៣ ព្រះរាជកុមារក៏នៅតែចាប់យកល្ងរបស់ស្ត្រីចាស់ជរានោះដដែលទៀត លើកនេះ ស្ត្រីចាស់ជរាមិនអាចទ្រាំបាន គាត់ស្រែកយំហើយពោលរៀបរាប់ថា អាចារ្យទិសាបាមោក្ខ ប្រើឲ្យសិស្សរបស់​ខ្លួនប្លន់យើង ។ អាចារ្យត្រឡប់មកសួរថា តើមានរឿងអ្វីលោកយាយ ។ ស្ត្រីចាស់ជរាពោលថា លោក​អាចារ្យ សិស្សរបស់លោកបរិភោគគ្រាប់ល្ងខ្ញុំថ្ងៃនេះមួយក្តាប់ ម្សិលមិញ មួយក្តាប់ ម្សិលម្ង៉ៃមួយក្តាប់ បើសិស្សលោកអាចារ្យ ស៊ីល្ងរបស់ខ្ញុំយ៉ាងនេះ ទោះជាគ្រាប់ល្ងរបស់ខ្ញុំមាន ប៉ុន្មានក៏មិនសល់ដែរ ។ អាចារ្យទិសាបាមោក្ខពោលថា សូមលោកយាយ ឈប់យំទៅណ៎ា! ចាំខ្ញុំសងតម្លៃល្ងដល់លោក​យាយ ​។ ស្ត្រីចាស់ជរាពោលថា ខ្ញុំមិនត្រូវការតម្លៃអ្វីទេ ខ្ញុំត្រូវការឲ្យលោកប្រដៅសិស្សរបស់លោក កុំឲ្យថ្ងៃក្រោយ​ធ្វើអ៊‍ីចឹងទៀត ។ អាចារ្យពោលថា មិនអីទេលោកយាយ សូមលោក យាយកុំព្រួយ លោកយាយចាំមើលណ៎ា! ភ្លាមនោះ លោកអាចារ្យបានឲ្យមាណពពីរនាក់ ចាប់ដៃព្រះរាជកុមារម្ខាងម្នាក់ ហើយទើបយករំពាត់ឫស្សីមកវាយកណ្តាលខ្នងព្រះរាជកុមារ ៣ រំពាត់ ព្រមទាំង ពោលប្រដៅថា អ្នកកុំធ្វើយ៉ាងនេះតទៅទៀត ។ ព្រះរាជកុមារក្រោធចំពោះលោកអាចារ្យ មានភ្នែកក្រហមសម្លឹងមើលលោកអាចារ្យតាំងពីខ្នងជើងរហូតដល់ចុងសក់ ។ ព្រះរាជកុមារ ប្រឹងប្រែងរៀនសិល្ប៍សាស្ត្ររហូតដល់ចប់ ទាំងមានគំនុំទុកក្នុងហឫទ័យ ដោយចងអាឃាតថា យើងនឹងសម្លាប់អាចារ្យនេះ នៅពេលដែលយើងបានសោយរាជ្យ ។ ដល់ពេលដែលត្រូវចាក​ចេញទៅកាន់ព្រះនគរវិញ ព្រះរាជកុមារបានក្រាបសំពះលោកអាចារ្យ ធ្វើដូចជាមានសេចក្តីស្រឡាញ់ និងដឹងគុណគ្រូអាចារ្យណាស់ បានពោលផ្តាំថា បពិត្រលោកអាចារ្យ កាលណាដែលខ្ញុំបាននូវ​រាជ​សម្បត្តិក្នុងព្រះនគរពារាណសី ខ្ញុំនឹងបញ្ជូនដំណឹងមក កាលនោះសូមលោកអាចារ្យអញ្ជើញទៅ កុំខានឲ្យសោះ ពោលផ្តាំរួចហើយក៏ចាកចេញទៅ ។ ព្រហ្មទត្តកុមារ ធ្វើដំណើរដល់ក្រុងពារាណសី បានចូលទៅថ្វាយបង្គំព្រះជនកព្រះជននី ហើយសម្តែងសិល្ប៍សាស្ត្រឲ្យទ្រង់ទាំងពីរបានទតព្រះនេត្រ ។ ព្រះរាជាត្រាស់ថា យើងមានជីវិតនៅទាន់បុត្ររបស់យើងហ្ន៎ ! ដែលបុត្ររបស់យើងរុងរឿងក្នុងរាជសម្បត្តិ ទើបទ្រង់ស្ថាបនាព្រះរាជបុត្រ ឲ្យជាព្រះរាជាគ្រប់គ្រងព្រះនគរតទៅ ។ កាលបានគ្រងសិរីរាជសម្បត្តិហើយ ក៏រលឹកដល់រឿងដែលលោកអាចារ្យបានធ្វើ​មក​លើព្រះអង្គ កាលដែលទ្រង់នៅជាសិស្សក្នុងនគរតក្កសិលា ស្តេចទ្រង់វិរោធឆួលឆេះក្នុងព្រះឱរា ទើប​ចាត់ការបញ្ជួនទូតទៅ ដោយតាំងព្រះហឫទ័យថា យើងនឹងសម្លាប់អាចារ្យនោះ ។ លោកគ្រូអាចារ្យ បានទទួលការអញ្ជើញពីព្រះរាជាក្រុងពារាណសីហើយ ក៏គិតថា ក្នុងពេលដែលព្រះ​រាជា​នៅក្មេង ដូច្នេះ យើងមិនអាចឲ្យទ្រង់យល់បានឡើយ គិតហើយ គាត់ក៏មិនបានទៅក្នុងពេលនោះដែរ ។ លុះដល់វេលាដែលព្រះរាជានោះ ចូលដល់មជ្ឈិមវ័យហើយ ទើបលោកគ្រូអាចារ្យគិតថា ឥឡូវនេះ យើង​អាចធ្វើឲ្យព្រះរាជាក្រុងពារាណសីយល់បាន ទើបធ្វើដំណើររហូតចូលដល់ក្រុងពារាណសី ហើយឈរនៅនាខ្លោងទ្វារព្រះរាជវាំង ឲ្យគេក្រាបទូលថា អាចារ្យពីនគរតក្កសិលាមកហើយ ។ ព្រះរាជាទ្រង់​សោមនស្សត្រេកអរ បង្គាប់ឲ្យនាំលោកគ្រូអាចារ្យចូលមក គ្រាន់តែទ្រង់ទតព្រះនេត្រឃើញ​លោកគ្រូអាចារ្យដែលចូលមកគាល់ភ្លាម ទ្រង់ពិរោធរហូតដល់ព្រះនេត្រទាំងពីរឡើងក្រហម ហើយ​ត្រាស់ហៅអាមាត្យទាំងឡាយមកថា នែអាមាត្យទាំងឡាយ ! អាចារ្យនេះហើយវាយយើងឲ្យបែក​ខ្នង នៅស្នាមរហូតដល់សព្វថ្ងៃ ឥឡូវគេមករកសេចក្តីស្លាប់ដោយមិនដឹងខ្លួនថា អាត្មាអញ នឹងស្លាប់ក្នុងថ្ងៃនេះ ។ រួចហើយព្រះរាជាបានត្រាស់ទៅរកលោកគ្រូអាចារ្យ ដោយគាថា ដែលមានសេច​ក្តី​ថា អ្នកឲ្យគេចាប់យើងត្រង់ដើមដៃ ហើយអ្នកវាយយើងដោយរំពាត់ ព្រោះហេតុតែល្ងមួយក្តាប់ ការវាយយើងដោយរំពាត់ ព្រោះហេតុតែល្ងមួយក្តាប់ ការវាយនោះ ប្រាកដក្នុងចិត្តរបស់យើងដរាបដល់ថ្ងៃនេះ។ ម្នាលព្រាហ្មណ៍ អ្នកមិនត្រេកអរក្នុងជីវិតរបស់អ្នកហើយឬ ទើបបានជាមករកយើងដល់ទីនេះ អំពើដែលអ្នកឲ្យគេចាប់​ដៃ​យើង​ម្ខាងម្នាក់ ហើយអ្នកបានវាយយើងដល់ទៅ ៣ រំពាត់នោះ នឹងតបស្នងដល់អ្នកវិញក្នុងថ្ងៃនេះ​ឯង​ ។ លោកគ្រូអាចារ្យបានស្តាប់ហើយ ទើបពោលគាថា ដូច្នេះថា ៖ អរិយោ អនរិយំ កុព្ពន្តំ យោ ទណ្ឌេន និសេធតិ សាសនំ តំ ន តំ វេរំ ឥតិ នំ បណ្ឌិតា វិទូ។ អរិយជនណា ហាមឃាត់នូវបុគ្គលមិនប្រសើរ មានការដាក់ទោសដល់អ្នកដែលប្រព្រឹត្តអាក្រក់ អំពើរបស់​អរិយជននោះ រាប់ថាជាការប្រៀនប្រដៅ គឺមិនមែនជាពៀរឡើយ បណ្ឌិតទាំងឡាយ រមែងដឹងច្បាស់​នូវហេតុនោះ ដូច្នេះឯង ។ បពិត្រមហារាជ ព្រោះហេតុនោះ សូម្បីព្រះអង្គក៏សូមទ្រង់ជ្រាបយ៉ាងនេះចុះ ព្រះអង្គមិនគួរសាងកម្ម​ពៀរ​ក្នុងសភាពបែបនេះឡើយ ។ ប្រសិនបើក្នុងកាលនោះ ទូលព្រះបង្គំ មិនបានទូន្មានប្រៀនប្រដៅព្រះ​អង្គ​ទេ បន្តមកទៀត ទ្រង់នឹងលួចនំ លួចស្ករក្រួសនិងផ្លែឈើជាដើម ម៉្លោះហើយទ្រង់នឹងធ្លាក់ក្នុងចោរ​កម្ម​ផ្សេងៗ រហូតដល់លួចប្លន់សម្លាប់មនុស្សតាមផ្លូវ សម្លាប់អ្នកស្រុកទីបំផុត ត្រូវគេចាប់បានព្រមទាំងព័ស្តុតាងទូលដល់ព្រះរាជា ទ្រង់នឹងទទួលនូវភ័យគឺអាជ្ញា ដោយព្រះតម្រាស់ថា ពួកអ្នកចូរដាក់អាជ្ញា ឲ្យសមគួរដល់ទោសរបស់ចោរនេះ ដូច្នោះ តើសម្បត្តិមានសភាពបែបនេះ នឹងសម្រេចដល់ព្រះអង្គបានដូចម្តេចទៅ តាមពិត ទ្រង់បានដល់នូវសភាពជាធំយ៉ាងរៀបរយដូច្នេះ ក៏ព្រោះអាស្រ័យទូល​ព្រះបង្គំ​ជា​ខ្ញុំហ្នឹងឯង មិនមែនទេឬ ? លោកគ្រូអាចារ្យបានធ្វើឲ្យព្រះរាជាទទួលព្រមដោយប្រការដូចពោលមកនេះឯង ។ ក្នុងពេលនោះ អាមាត្យទាំងឡាយ ដែលឈរនៅជុំវិញ បានស្តាប់ពាក្យលោកគ្រូអាចារ្យហើយ ទើបក្រាប​ទូលថា ព្រះករុណាថ្ងៃវិសេស ពាក្យដែលលោកអាចារ្យពោលនេះជាការពិតណាស់ ភាពជាធំនេះ គឺជា​របស់លោកអាចារ្យរបស់ព្រះអង្គដោយពិត ។ ខណៈនោះ ព្រះរាជាទ្រង់កំណត់បាន ទ្រង់ដឹងគុណលោក​គ្រូអាចារ្យទើបត្រាស់ថា បពិត្រលោកអាចារ្យ ខ្ញុំសូមជូននូវភាពជាធំនេះដល់លោក សូមលោកទទួលនូវរាជសម្បត្តិនេះចុះ ។ លោកគ្រូអាចារ្យបដិសេធថា ទូលព្រះបង្គំជាខ្ញុំមិនត្រូវការនូវរាជសម្បត្តិឡើយ ។ ព្រះរាជាទ្រង់បានបញ្ជូនដំណឹងទៅកាន់នគរតក្កសិលា ឲ្យនាំបុត្រនិងភរិយារបស់លោកគ្រូអាចារ្យមក ហើយ​ទ្រង់ប្រទានឥស្សរិយយសដ៏ធំ ដោយទ្រង់តែងតាំងលោកគ្រូអាចារ្យនោះឯង ក្នុងតំណែងជាបុរោ​ហិត និងតាំងទុកក្នុងឋានៈជាបិតា ។ ព្រះរាជាតាំងនៅក្នុងឱវាទរបស់បុរោហិត បំពេញបុណ្យទាំង​ឡាយ​មានទានជាដើម និងមានសុគតិភពប្រព្រឹត្តទៅខាងមុខ ។ ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់នាំយកនូវព្រះធម៌ទេសនានេះ មកសម្តែងរួចហើយ ព្រះអង្គទ្រង់​ប្រកាសចតុរារិយសច្ច និងប្រជុំជាតក ។ ក្នុងវេលាចប់សច្ចកថា ភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធ បានតាំងនៅក្នុងអនាគាមិផល បរិស័ទដទៃៗ បានជាព្រះសោតាបន្ន និងព្រះសកទាគាមី ។ព្រះ​រាជាក្នុងគ្រានោះ បានមកជាភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធនេះឯង ចំណែក​លោកគ្រូអាចារ្យ គឺបានមកជា តថាគត ៕ (អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត សង្កប្បវគ្គ បិដកលេខ ៥៨ ទំព័រ ១៣៩) ដោយ៥០០០ឆ្នាំ
images/articles/2892/texttpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៧,៥៤២ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធដល់ការសង្កត់សង្កិនកិលេស បានត្រាស់ព្រះធម្មទេនានេះ មានពាក្យថា មិត្តោ មិត្តស្ស ដូច្នេះ ជាដើម ។ សម័យមួយ គ្រហស្ថដែលជាមិត្តសម្លាញ់នឹងគ្នា ដែលរស់នៅក្នុងនគរសាវត្ថី មានប្រមាណ ៥០០ នាក់ បានស្ដាប់ព្រះធម្មទេសនារបស់ព្រះតថាគតហើយបានបួសជាឧបសម្បន្ន នៅក្នុងកោដិសន្ថារ ពេលដល់វេលាពាក់កណ្ដាលអធ្រាត្រ ក៏ត្រិះរិះដល់កាមវិតក្កៈ ។ រឿងទាំងអស់ បណ្ឌិតគប្បីឲ្យពិស្ដារ ដោយន័យដែលពោលហើយក្នុងទីខាងក្រោមនោះឯង ។ ពេលព្រះអានន្ទឲ្យភិក្ខុសង្ឃប្រជុំគ្នា ដោយការបង្គាប់របស់ព្រះភគវា ។ ព្រះសាស្ដាប្រថាប់គង់លើអាសនៈដែលគេចាត់ចែងថ្វាយ ទ្រង់មិនបានធ្វើការចុះចំពោះ មិនត្រាស់ថា ពួកអ្នកនាំគ្នាត្រិះរិះកាមវិតក្កៈ ទ្រង់ត្រាស់ដោយអំណាចនៃការសង្គ្រោះដល់ភិក្ខុទាំងពួងថា ម្នាលភិក្ខុទាំង​ឡាយ ឈ្មោះថាកិលេស មិនមែនជារបស់តិចតួចឡើយ ធម្មតាភិក្ខុត្រូវសង្កត់សង្កិនកិលេសដែលកើត​ឡើងហើយ សូម្បីបណ្ឌិតក្នុងកាលមុន កាលព្រះពុទ្ធនៅមិនទាន់កើតឡើង ក៏សង្កត់សង្កិនកិលេសទាំងឡាយ ហើយបានដល់នូវបច្ចេកពោធិញាណ ដូច្នេះហើយ ទើបទ្រង់នាំយកអតីតនិទានមកសម្ដែងដូចតទៅថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី មានសម្លាញ់ ២ នាក់ ក្នុងស្រុកមួយក្នុងដែលកាសី កាន់យកនូវក្អមទឹកផឹកទៅកាន់ចម្ការ ដាក់ទុកក្នុងកន្លែងមួយហើយកាប់ចម្ការ ក្នុងវេលាស្រេកទឹកក៏នាំគ្នាមកផឹកទឹក ។ ក្នុងមនុស្សទាំង ២ នាក់នោះ មនុស្សម្នាក់កាលមកក៏រក្សាទឹក​ផឹក​របស់ខ្លួនទុក ផឹកទឹកអំពីក្អមរបស់មនុស្សមា្នក់ទៀត ដល់វេលាស្ងាចទើបចេញអំពីព្រៃ ឈរមុជទឹក​ពិចារណាថា ថ្ងៃនេះយើងបានធ្វើបាបអ្វីខ្លះ ដោយកាយទ្វារជាដើម តើមានឬទេ ក៏ឃើញថា បាន​លួចទឹករបស់មិត្តផឹក ហើយក៏ដល់នូវសេចក្ដីសង្វេគថា តណ្ហានេះ កាលចម្រើនឡើង គង់នឹងបោះយើងចូលទៅក្នុងអបាយទាំងឡាយជាយ៉ាងពិតប្រាកដ យើងនឹងសង្កត់សង្កិនកិលេសនេះឲ្យបាន ដូច្នេះហើយ ធ្វើការលួចទឹកផឹករបស់មិត្តនោះមកជាអារម្មណ៍ ចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ឈរពិចារណាដល់គុណដែលខ្លួនបាន ។ លំដាប់នោះ មនុស្សម្នាក់ទៀតមុជទឹករួចហើយក៏ឡើងមក ពោលនឹងគេថា នែសម្លាញ់ ចូរមក យើងនាំគ្នាទៅផ្ទះ ។ គាត់ប្រាប់ថា អ្នកទៅចុះ កិច្ចដោយផ្ទះមិនមានដល់ យើងឈ្មោះថាជាព្រះបច្ចេកពុទ្ធហើយ ។ ម្នាក់ទៀតពោលថា ព្រះបច្ចេកពុទ្ធទាំងឡាយមិនមែនដូចអ្នកទេ ។ លំដាប់នោះ លោកទើបសួរម្នាក់ទៀតថា ព្រះបច្ចេកពុទ្ធនឹងជាយ៉ាងណា ? ម្នាក់ទៀតឆ្លើយថា ព្រះបច្ចេកពុទ្ធទាំងឡាយ មានសក់ត្រឹម ២ អង្គុលី (២ធ្នាប់) គ្រងសំពត់កាសាយៈ នាំគ្នានៅក្នុងញកភ្នំនន្ទមូលក៍ ក្នុងព្រៃហិមពាន្តនៅទិសខាងជើង ។ លោកទើបស្ទាបសីសៈ ក្នុងពេលនោះឯង ភេទគ្រហស្ថរបស់លោកក៏អន្តរធានទៅ ត្រឡប់ក្លាយជាគ្រងសំពត់កាសាវៈ ២ ជាន់ដែលជ្រលក់ហើយ ក្រវ៉ាត់វត្ថពន្ធចង្កេះដូចផ្លេកបន្ទោរ ធ្វើនូវចីវរឆៀងស្មាម្ខាង ដែលមានពណ៌ដូចអាចម៍ល័ក្តក្រហមភ្លាវ មានសំពត់បង្សុកូល ចីវរពណ៌មេឃ ស្ពាយលើស្មាខាងស្តាំង មានបាត្រដីពណ៌ដូចកន្លង់ពាក់នៅស្មាខាងឆ្វេង ។ លោកស្ថិតនៅលើអាកាស សម្ដែងធម៌ហើយ ហោះទៅចុះត្រង់ញកភ្នំនន្ទមូលក៍ ក្នុងពេលនោះឯង ។ មានកុដុម្ពិកៈម្នាក់ក្នុងកាសិគ្រាមនោះឯង អង្គុយនៅលើរានផ្សារ ឃើញបុរសម្នាក់នាំភរិយារបស់ខ្លួនដើរទៅ គាត់ទម្លាយនូវឥន្ទ្រិយ សម្លឹងមើលស្ត្រីដែលល្អស្រស់នោះ ហើយ​ត្រឡប់គិត​​វិញថា លោភៈនេះ កាលចម្រើនឡើង នឹងបោះយើងចូលទៅក្នុងអបាយទាំងឡាយ មានចិត្តតក់ស្លុត ចម្រើនវិបស្សនា ញ៉ាំង​បច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតលើអាកាសសម្ដែងធម៌ ហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា ។ មានបិតា និងបុត្រមួយគូ ជាអ្នកនៅក្នុងកាសិគ្រាមនោះឯង ដើរផ្លូវទៅជាមួយគ្នា ។ ពួកចោរព្រៃនាំគ្នាពួនស្ទាកនៅមាត់ព្រៃ ។ ពួកចោរទាំងនោះចាប់បិតានិងបុត្រនោះបាន ហើយចាប់បុត្រទុក ដោះលែងបិតា ដោយបង្គាប់ថា លោកចូរទៅយកទ្រព្យមកលោះបុត្ររបស់លោក បើចាប់បងប្អូនប្រុស ២ នាក់បាន ចាប់ប្អូនទុក ដោះលែងបង ។ បើចាប់អាចារ្យ (គ្រូ) និង អន្តេវាសិក (សិស្ស) បាន ចាប់អាចារ្យទុក ដោះលែងអន្តេវាសិក អន្តេវាសិកត្រូវទៅនាំទ្រព្យមកលោះអាចារ្យ ដោយសេចក្ដីលោភក្នុងសិល្បៈ ។ លំដាប់នោះ បិតានិងបុត្រនោះដឹងថា ពួកចោរស្ទាក់ផ្លូវត្រង់កន្លែងនោះ ទើបធ្វើកតិកាគ្នាថា កូនកុំហៅយើងថាឪពុក សូម្បីយើងក៏មិនហៅអ្នកថាកូនដែរ ក្នុងវេលាត្រូវពួកចោរចាប់បាន ត្រូវចោរសួរថា អ្នកជាអ្វីនឹងគ្នា បិតានិងកូននោះក៏ធ្វើនូវសម្បជានមុសាវាទ (និយាយកុហកទាំងដែលដឹងខ្លួន) ថា យើងមិនជាអ្វីនឹងគ្នាឡើយ ។ កាលបិតានិងបុត្ររួចផុតចាកព្រៃហើយ បានទៅមុជទឹកក្នុងវេលាល្ងាច បុត្រកាលជម្រះសីលរបស់ខ្លួន ឃើញមុសាវាទនោះ គិតថា បាបនេះកាលចម្រើនឡើងហើយនឹងបោះយើងចូលទៅ ក្នុងអបាយទាំងឡាយ យើងនឹងសង្កត់សង្កិនកិលេសនេះ ឲ្យបាន ដូច្នេះហើយ ទើបចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងធម៌ដល់បិតា រួចហោះទៅកាន់ញកភ្នំនន្ទមូលក៍នោះឯង ។ នៅមានមួយនាក់ទៀត ជាមេស្រុកក្នុងកាសិគ្រាមនោះឯង បង្គាប់ឲ្យគេសម្លាប់សត្វ ។ ក្នុងវេលាធ្វើពលីកម្ម មហាជនប្រជុំគ្នាពោលនឹងគាត់ថា បពិត្រលោកម្ចាស់ ពួកយើងត្រូវការសម្លាប់ម្រឹគ និងជ្រូកជាដើម ដើម្បីធ្វើពលីកម្មដល់ពួកយក្ស ពេលនេះជាកាលនៃពលីកម្ម ។ គាត់ក៏ពោលថា ពួកលោកចូរធ្វើតាមដែលធ្លាប់ធ្វើក្នុងកាលមុនចុះ ។ ពួកមនុស្សបានធ្វើបាណាតិបាតយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ គាត់ឃើញត្រី និងសាច់ជាច្រើន ធ្វើនូវសេចក្ដីក្ដៅក្រហាយថា មនុស្សទាំងនេះ សម្លាប់សត្វមានប្រមាណប៉ុណ្ណេះដោយសម្លាប់តាមពាក្យរបស់យើងតែម្នាក់ប៉ុណ្ណោះ ដូច្នេះហើយ ទើបឈរដោយអាស្រ័យវាតបាន (ឈរផ្អែកបង្អួច) ចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងធម៌ដល់មាហជន ហើយហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា ។ នៅមានមួយនាក់ទៀត ជាមេស្រុកក្នុងដែនកាសីនោះឯង បានហាមការលក់ដូរទឹកស្រវឹង ត្រូវមហាជននាំគ្នាសួរថា លោកម្ចាស់ កាលមុនពេលនេះជាពេលលេងមហោស្រព ហៅថា សុរាឆ័ណ (សុរាដែលផឹកក្នុងថ្ងៃមហោស្រព) ពួកខ្ញុំនឹងធ្វើយ៉ាងណា ។ មេស្រុកទើបពោលថា ពួកលោកចូរធ្វើតាមទម្លាប់ដូចកាលពីមុនចុះ ។ ពួកមនុស្សនាំគ្នាលេងមហោស្រព ផឹកសុរាហើយ កាលធ្វើនូវជម្លោះ ទើបបាក់ដៃជើង បែកក្បាល ដាច់ត្រចៀក និងចងដោយរបស់ពិន័យជាច្រើន ។ មេស្រុកឃើញពួកមនុស្សទាំងនោះហើយ គិតថា កាលយើងមិនអនុញ្ញាត មនុស្សទាំងនេះក៏មិនត្រូវទទួលទុក្ខ ។ គាត់ធ្វើនូវសេចក្ដីក្ដៅក្រហាយចិត្តដោយ​ហេតុ​ត្រឹមប៉ុណ្ណេះ ថិតនៅដោយអាស្រ័យនឹងវាតបាន (ឈរផ្អែកបង្អួច) ចម្រើនវិបស្សនា បានញ៉ាំងបច្ចេក​ពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងថា អប្បមត្តាហោថ ​ពួកលោកចូរជាអ្នកមិនប្រមាទ ហើយហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា ។ ក្នុងកាលជាចំណែកខាងក្រោយមក ព្រះបច្ចេកពុទ្ធទាំង ៥ ព្រះអង្គ ហោះមកចុះត្រង់ទ្វារក្រុងពារាណសី ​ដើម្បីភិក្ខាចារ ស្លៀកដណ្ដប់សំពត់យ៉ាងរៀបរយ ត្រាច់ប្រោសសត្វ ដោយឥរិយាបថមានការឈាន​ទៅមុខជាដើម ដែលគួរជ្រះថ្លា រហូតដល់ទ្វារព្រះរាជវាំង ។ ព្រះរាជាទតឃើញព្រះបច្ចេកពុទ្ធទាំងនោះ ទ្រង់មានចិត្តជ្រះថ្លា និមន្តឲ្យចូលទៅកាន់ព្រះរាជនិវេសន៍ លាងព្រះបាទ និងលាបដោយប្រេងក្រអូប ហើយអង្គាសដោយខាទនីយៈនិងភោជនីយៈដ៏ប្រណីត ប្រថាប់ក្នុងទីដ៏សមគួរមួយ ត្រាស់សួរថា បពិត្រព្រះគុណម្ចាស់ទាំងឡាយ ការបព្វជ្ជាក្នុងបឋមវ័យរបស់លោកម្ចាស់ទាំងឡាយ គួរឲ្យជ្រះថ្លាពិត ការបព្វជ្ជាក្នុងវ័យនេះ លោកម្ចាស់ទាំងឡាយ ឃើញទោសក្នុងកាមទាំងឡាយដូចម្ដេច អ្វីជាអារម្មណ៍របស់លោកម្ចាស់ ? ព្រះបច្ចេកពុទ្ធទាំងនោះ កាលនឹងទូលដល់ព្រះរាជានោះ ទើបសម្ដែងជាគាថា (ម្ដងមួយអង្គ ៗ ) ថា (ព្រះបច្ចេកពុទ្ធ ទី ១ បានសំដែងថា) មិត្តោ មិត្តស្ស បានីយំ, អទិន្នំ បរិភុញ្ជិសំ; តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ អាត្មាភាពជាមិត្រ (នៃមិត្រម្នាក់) បានប្រើប្រាស់ទឹក ដែលមិត្រនោះ មិនឲ្យហើយ ហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ (ព្រះបច្ចេកពុទ្ធ ទី ២ បានសំដែងថា) បរទារញ្ច ទិស្វាន, ឆន្ទោ មេ ឧទបជ្ជថ; តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ សេចក្តីបា្រថា្ន (ក្នុងកាម) កើតឡើងដល់អាត្មាភាព ព្រោះឃើញនូវប្រពន្ធរបស់បុគ្គលដទៃ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាព លែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ (ព្រះបច្ចេកពុទ្ធ ទី ៣ បានសំដែងថា) បិតរំ មេ មហារាជ, ចោរា អគណ្ហុ កាននេ; តេសាហំ បុច្ឆិតោ ជានំ, អញ្ញថា នំ វិយាករិំ។ តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ បពិត្រមហារាជ ពួកចោរបានចាប់បិតារបស់អាត្មាភាពក្នុងព្រៃ អាត្មាភាពដែលពួកចោរនោះសួរហើយ ទុកជាដឹង ក៏បា្រប់ហេតុនោះ ដោយចំណែកដទៃវិញ ។ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ (ព្រះបច្ចេកពុទ្ធ ទី ៤ បានសំដែងថា) បាណាតិបាតមករុំ, សោមយាគេ ឧបដ្ឋិតេ; តេសាហំ សមនុញ្ញាសិំ។ តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ ការសែនព្រេន ឈ្មោះសោមយាគ តាំងឡើងហើយ ពួកមនុស្សបានធ្វើបាណាតិបាត អាត្មាភាពក៏អនុញ្ញាតឲ្យពួកមនុស្សនោះ ។ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ (ព្រះបច្ចេកពុទ្ធ ទី ៥ បានសំដែងថា) សុរាមេរយមាធុកា, យេ ជនា បឋមាសុ នោ; ពហូនំ តេ អនត្ថាយ, មជ្ជបានមកប្បយុំ; តេសាហំ សមនុញ្ញាសិំ។ តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ ពួកជនណា (ក្នុងស្រុក) របស់យើង ដែលសម្គាល់សុរា និងមេរ័យ ថាដូចទឹកឃ្មុំ ជាជន (មានសភាពយ៉ាងនេះ) ជាដំបូង ពួកជននោះ បានចាត់ចែងទឹកស្រវឹង ដើម្បីសេចក្តីវិនាសដល់ពួកជនច្រើន អាតា្មភាពបានអនុញ្ញាត ឲ្យពួកជននោះ ។ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ ព្រះបច្ចេកពុទ្ធទាំងឡាយបានសម្ដែងទាំង ៥ គាថានេះ ដោយលំដាប់ ។ ចំណែកព្រះរាជាស្ដាប់ពាក្យរបស់ព្រះបច្ចេកពុទ្ធមួយអង្គៗហើយ ទ្រង់សរសើរថា បពិត្រព្រះគុណម្ចាស់ទាំងឡាយ បព្វជ្ជានេះសមគួរដល់លោកម្ចាស់ទាំងឡាយហើយ។ បណ្ដាបទទាំងនោះ បទថា មិត្តោ មិត្តស្ស សេចក្ដីថា បពិត្រមហារាជ អាត្មាភាពជាមិត្ត របស់មិត្ត បាន​ផឹកទឹករបស់មិត្តនោះ ដោយនិយាមនេះ ។ បទថា តស្មា សេចក្ដីថា ឈ្មោះថា បុថុជ្ជនទាំងឡាយតែងធ្វើ​នូវបាបកម្ម ព្រោះហេតុណា អាត្មាភាពមិនធ្វើបាបកម្មនោះទៀត ព្រោះហេតុនោះ ។ បទថា បាបំ សេចក្ដី​ថា អាត្មាភាពបានធ្វើបាបនោះ ឲ្យជាអារម្មណ៍ហើយបួស ។ បទថាឆន្ទោ សេចក្ដីថា បពិត្រមហារាជ ព្រោះឃើញភរិយារបស់អ្នកដទៃ ដោយទំនងនេះ សេចក្ដីពេញចិត្តទើបកើតឡើងដល់អាត្មាភាព ។ បទ​ថា អគណ្ហុ ប្រែថា បានរួមគ្នាចាប់ ។ បទថា ជានំ សេចក្ដីថា អាត្មាភាពត្រូវពួកចោរនោះសួរថា អ្នកនេះជាអ្វីនឹងលោក ទាំងដែលដឹងហើយ ក៏ឆ្លើយជាយ៉ាងដទៃថា មិនជាអ្វីនឹងខ្ញុំទេ ។ បទថាសោម​យាគេ សេចក្ដីថា កាលមហោស្រពប្រាកដឡើង ពួកមនុស្សនាំគ្នាធ្វើពលីកម្មដល់ យក្ស ឈ្មោះថា ពិធី​សោម​យាគៈ ពេលពិធីនោះប្រាកដហើយ អាត្មាភាពក៏អនុញ្ញាត ។ បទថា សុរាមេរយមាធុកា សេច​ក្ដី​ថា ពួកជនដែលសម្គាល់សុរាមានសុរាដែលលាយដោយម្សៅជាដើមនិងមេរ័យមានទឹកត្រាំដោយផ្កា​ឈើ​ជាដើមថា ដូចជាទឹកឃ្មុំ ។ បទថា យេ ជនាបឋមាសុ នោ សេចក្ដីថា ពួកជននោះមានហើយ គឺមានមកយូរហើយក្នុងស្រុករបស់ពួកយើង ។ បទថា ពហូនំ តេ សេចក្ដីថា ពួកជនទាំងនោះ កាលលេងមហោស្រពហើយ មានការផឹកសុរា សេចក្ដីវិនាសមានដល់ជនដ៏ច្រើនក្នុងមួយថ្ងៃ ។ ព្រះរាជាស្ដាប់ព្រះធម្មទេសនារបស់ព្រះបច្ចេកពុទ្ធទាំងនោះហើយ មានចិត្តជ្រះថ្លា ទ្រង់ថ្វាយសំពត់ចីវរនិងភេសជ្ជៈ ហើយទ្រង់បញ្ជូនព្រះបច្ចេកពុទ្ធទាំងនោះទៅ ។ សូម្បីព្រះបច្ចេកពុទ្ធទាំងនោះ ក៏ធ្វើអនុមោទនាដល់ព្រះរាជាហើយនាំគ្នាទៅក្នុងពេលនោះឯង ។ តាំងតែពីពេលនោះមក ព្រះរាជាទ្រង់នឿយនាយ ជាអ្នកមិនមានការសម្លឹងក្នុងវត្ថុកាមទាំងឡាយ ទ្រង់សោយព្រះក្រយាហារដែលមានរសដ៏លើសផ្សេងៗ ទ្រង់មិនហៅ មិនទតមើលពួកស្ត្រី មានចិត្តនឿយនាយ ស្ដេចយាងចូលបន្ទប់ដ៏មានសិរី ប្រថាប់អង្គុយធ្វើកសិណបរិកម្មត្រង់ជញ្ជាំងដែលមានពណ៌ស ទ្រង់បានធ្វើឈានឲ្យកើតឡើងហើយ ។ ព្រះអង្គបានដល់នូវឈានហើយ កាលនឹងតិះដៀលកាមទាំងឡាយ ទើបត្រាស់ព្រះគាថាថា ធិរត្ថុ សុពហូ កាមេ, ទុគ្គន្ធេ ពហុកណ្ដកេ; យេ អហំ បដិសេវន្តោ, នាលភិំ តាទិសំ សុខំ។ គួរឲ្យតិះដៀលកាមដ៏ច្រើន ដែលមានក្លិនអាក្រក់ មានសត្រូវច្រើន ព្រោះថា អាត្មាអញបានសេពហើយ ក៏មិនបានសេចក្តីសុខ (ក្នុងឈាន) បា្រកដដូច្នោះ ។ បណ្ដាបទទាំងនោះ បទថា ពហុកណ្ដកេ សេចក្ដីថា ពួកបច្ចាមិត្រច្រើន ។ បាលីថា យេ អហំ គឺ យោ អហំ បាលីនេះឯង ។ បទថា តាទិសំ បានដល់ សេចក្ដីសុខក្នុងឈាន គឺវៀចាកកិលេស ។ លំដាប់នោះ ព្រះអគ្គមហេសីរបស់ព្រះរាជាត្រិះរិះថា ព្រះរាជាអង្គនេះទ្រង់ស្ដាប់ធម្មកថារបស់ព្រះបច្ចេកពុទ្ធទាំងឡាយហើយ ទ្រង់មានឥរិយាបថនឿយនាយ មិនត្រាស់នឹងយើង ស្ដេចចូលព្រះដំណាក់ដ៏ទ្រង់សិរី យើងនឹងរង់ចាំចាប់ព្រះអង្គ ដូចនេះហើយ ព្រះនាងទើបយាងទៅទ្វារព្រះដំណាក់ ឈរទ្រង់ទ្វារហើយស្ដាប់ព្រះឧទាន របស់ព្រះរាជាដែលកំពុងតិះដៀលកាមទាំងឡាយ ទើបត្រាស់ថា បពិត្រមហារាជ ព្រះអង្គតិះដៀលកាម តែឈ្មោះថាសេចក្ដីសុខដែលស្មើដោយកាម មិនមាន កាលនឹងទ្រង់ពណ៌នាដល់សេចក្ដីសុខក្នុងកាម ទើបត្រាស់ព្រះគាថាថា មហស្សាទា សុខា កាមា, នត្ថិ កាមា បរំ សុខំ; យេ កាមេ បដិសេវន្តិ, សគ្គំ តេ ឧបបជ្ជរេ។ កាមទាំងឡាយ មានសេចក្តីរីករាយច្រើន ជាសុខ សេចក្តីសុខក្រៅអំពីកាម មិនមានទេ ពួកជនណាបានសេពកាមទាំងឡាយ ពួកជននោះ តែងកើតក្នុងឋានសួគ៌ ។ បណ្ដាបទទាំងនោះ បទថា មហស្សាទា សេចក្ដីថា បពិត្រមហារាជ ធម្មតាថា កាមទាំងនេះមានសេចក្ដីរីករាយច្រើន សេចក្ដីសុខដទៃដែលក្រៃលែងជាងនេះ មិនមាន ព្រោះអ្នកសេពកាមជាប្រក្រតី នឹងមិនចូលដល់អបាយទាំងឡាយ នឹងនាំគ្នាទៅកើតក្នុងឋានសួគ៌ ។ ព្រះពោធិសត្វស្ដាប់ព្រះសវនីយ៍នោះហើយ កាលនឹងទ្រង់តិះដៀលថា នែវសលិ នាងនិយាយអ្វី ឈ្មោះថា សេចក្ដីសុខក្នុងកាមនឹងមានមកពីណា កាមទាំងនេះជាវិបរិណាមទុក្ខ ទើបទ្រង់ត្រាស់ព្រះគាថាដ៏សេសថា អប្បស្សាទា ទុខា កាមា, នត្ថិ កាមា បរំ ទុខំ; យេ កាមេ បដិសេវន្តិ, និរយំ តេ ឧបបជ្ជរេ។ កាមទាំងឡាយ មានសេចក្តីរីករាយតិច ជាទុក្ខ សេចក្តីទុក្ខក្រៅអំពីកាម មិនមានទេ ពួកជនណា សេពកាមទាំងឡាយ ពួកជននោះ តែងកើតក្នុងនរក ។ អសី យថា សុនិសិតោ, នេត្តិំសោវ សុបាយិកោ; សត្តីវ ឧរសិ ខិត្តា, កាមា ទុក្ខតរា តតោ។ កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងដាវ ដែលសំលៀងហើយ ជាងព្រះខាន់ដែលលាបដោយថ្នាំពិស ទាំងជាងលំពែងដែលពួយត្រង់ទ្រូង ។ អង្គារានំវ ជលិតំ, កាសុំ សាធិកបោរិសំ; ផាលំវ ទិវសំតត្តំ, កាមា ទុក្ខតរា តតោ។ កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងរងើកភ្លើង ដ៏ច្រាលឆ្អៅ ជាងរណ្តៅរងើកភ្លើង មានជម្រៅមួយទ្រទូង ឬអណ្តាតភ្លើង ដែលក្តៅពេញមួយថ្ងៃ ។ វិសំ យថា ហលាហលំ, តេលំ បក្កុថិតំ យថា; តម្ពលោហវិលីនំវ, កាមា ទុក្ខតរា តតោ។ កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងថ្នាំពុលដ៏ក្លៀវក្លា ឬប្រេងកំពុងពុះ ឬក៏ទង់ដែងរលាយ ។ បណ្ដាបទទាំងនោះ បទថា នេត្តិំសោ សេចក្ដីថា ស្មើគ្នានឹង នេត្តិសោ ។ ពាក្យថានេត្តិំសោ ​សូម្បីនេះជាឈ្មោះនៃព្រះខាន់ប្រភេទនោះ ។ បទថា ទុក្ខតរា សេចក្ដីថា សេចក្ដីទុក្ខពួកណា ដែលនឹងកើតដល់បុគ្គល ព្រោះអាស្រ័យរណ្ដៅធ្យូងភ្លើងដែលឆេះឡើង ឬអន្ទាក់សំណាញ់ដែកដែលត្រូវអាំងរហូតថ្ងៃយ៉ាងនេះ កាមទាំងឡាយនេះឯង នៅជាទុក្ខក្រៃលែងជាងសេចក្ដីទុក្ខនេះទៀត ។ ក្នុងគាថាតទៅ មានសេចក្ដីថា ថ្នាំពិសជាដើមពួកនោះ ឈ្មោះថា ជាទុក្ខ ព្រោះនាំសេចក្ដីទុក្ខមកឲ្យយ៉ាង​ណា សូម្បីកាមទាំងឡាយក៏ជាទុក្ខយ៉ាងនោះដែរ តែសេចក្ដីទុក្ខនោះជាសេចក្ដីទុក្ខដែលក្រៃលែងជាងសេចក្ដីទុក្ខទាំងពួង ។ ព្រះមហាសត្វសម្ដែងធម៌ ដល់ព្រះទេវី យ៉ាងនេះហើយ ទ្រង់ឲ្យពួកអាមាត្យប្រជុំគ្នា ហើយត្រាស់ថា ម្នាលអាមាត្យទាំងឡាយ ពួកអ្នកចូរទទួលរាជសម្បត្តិចុះ យើងនឹងបួស ក្នុងពេលដែលមហាជនកំពុងកន្ទក់កន្ទេញនោះឯង ស្ដេចក្រោកឡើង ទៅប្រថាប់លើអាកាស ប្រទានព្រះឱវាទ ហើយស្ដេចទៅកាន់ព្រៃហិមពាន្តនៅទិសខាងជើង តាមផ្លូវអាកាសនោះឯង ទ្រង់សាងអាស្រមក្នុងទីដែលគួររីករាយ បួសជាឥសី ក្នុងទីបំផុតនៃព្រះជន្ម ជាអ្នកមានព្រហ្ម-លោកប្រព្រឹត្តទៅក្នុងទីខាងមុខ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឈ្មោះថាកិលេសដែលជារបស់តិចតួច មិនមានឡើយ សូម្បីមានប្រមាណតិច ក៏បណ្ឌិតទាំងឡាយ នាំគ្នាសង្កត់សង្កិនដែរ ដូច្នេះហើយ ទើបទ្រង់ប្រកាសសច្ចៈទាំងឡាយ កាលចប់សច្ចៈ ភិក្ខុទាំង ៥០០ រូបនោះ ក៏បានតាំងនៅក្នុងព្រះអរហត្ត រួចហើយប្រជុំជាតកថា តទា បច្ចេកពុទ្ធា បរិនិព្ពាយិំសុ ព្រះបច្ចេកពុទ្ធទាំងឡាយក្នុងកាលនោះបរិនិព្វានហើយ ។ ទេវី រាហុលមាតា អហោសិ ព្រះទេវីបានមកជារាហុលមាតា ។ រាជា បន អហមេវ អហោសិំ ចំណែកព្រះរាជា គឺ តថាគត នេះឯង ។ ចប់ បានីយជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២២៤) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2893/tetryrepic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៧,៣៥៧ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវភិក្ខុដែលប្រដៅក្រមួយរូប បានត្រាស់ព្រះធម្មទេសនាមានពាក្យថា ន មេ រុចិ្ច ដូច្នេះជាដើម ។ គ្រានោះ ព្រះសាស្ដាត្រាស់ហៅភិក្ខុនោះមកហើយ ត្រាស់ថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សប្រដៅក្រ ពិតមែនឬ ? កាលភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ។ ព្រះអង្គទើបត្រាស់ថា ម្នាលភិក្ខុ មិនមែនតែក្នុងពេលនេះទេ សូម្បីក្នុងកាលមុន អ្នកក៏ជាមនុស្សប្រដៅក្រដែរ ព្រោះអាស្រ័យភាពជាមនុស្សប្រដៅក្រ មិនស្ដាប់ពាក្យរបស់បណ្ឌិតទាំងឡាយ អ្នកបានដល់សេចក្ដីវិនាស ក្នុងមាត់ខ្យល់វេរម្ភៈ ហើយទ្រង់នាំយកអតីតនិទាន មកសម្ដែងថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វត្មាត មានឈ្មោះថា អបនន្ទៈ ។ ត្មាតពោធិសត្វនោះ មានហ្វូងត្មាតជាបរិវារ នៅលើភ្នំគិជ្ឈកូដ ។ ចំណែកកូនរបស់ព្រះពោធិសត្វមានឈ្មោះថា មិគាលោបៈ ជាអ្នកដល់ព្រមដោយថាមពល ត្មាតនោះហើរខ្ពស់ឡើង កន្លងនូវដែនរបស់ត្មាតដទៃទៀត ។ ត្មាតទាំងឡាយប្រាប់ស្ដេចត្មាតថា បុត្ររបស់ព្រះអង្គហើរឆ្ងាយណាស់ ។ ព្រះពោធិសត្វនោះប្រកាស់ហៅនូវបុត្រនោះថា ម្នាលកូន បានឮថា អ្នកហើរខ្ពស់ណាស់ កាលបើអ្នកហើរខ្ពស់ អ្នកនឹងដល់នូវការអស់ជីវិត ដូច្នេះហើយ ទើបពោលគាថាទាំងឡាយ ៣ ថា ន មេ រុច្ចិ មិគាលោប, យស្ស តេ តាទិសី គតី; អតុច្ចំ តាត បតសិ, អភូមិំ តាត សេវសិ។ ម្នាលមិគាលោបៈ ដំណើររបស់អ្នកប្រាកដដូច្នោះ មិនពេញចិត្តអញទេ ម្នាលកូន ដ្បិតអ្នកហើរទៅខ្ពស់ពេក ម្នាលកូន អ្នកសេពគប់នូវទីមិនមែនផែនដី ។ ចតុក្កណ្ណំវ កេទារំ, យទា តេ បថវី សិយា; តតោ តាត និវត្តស្សុ, មាស្សុ ឯត្តោ បរំ គមិ។ ផែនដីប្រាកដដល់អ្នក ដូចជាស្រែមានជ្រុង ៤ ម្នាលកូន ចូរអ្នកត្រឡប់អំពីទីនោះមកវិញ កុំទៅហួសអំពីទីនេះឡើយ ។ សន្តិ អញ្ញេបិ សកុណា, បត្តយានា វិហង្គមា; អក្ខិត្តា វាតវេគេន, នដ្ឋា តេ សស្សតីសម។ ពួកសកុណជាតិឯទៀត មានស្លាបជាយាន ទៅកាន់អាកាស ពួកសត្វទាំងនោះ សម្គាល់ខ្លួនថា ស្មើដោយវត្ថុដ៏ទៀងទាត់ ត្រូវកម្លាំងខ្យល់បក់បោកវិនាស ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទទាំងនោះ ត្មាតបិតាហៅកូនដោយឈ្មោះថា មិគាលោបៈ ។ បទថា អតុច្ចំ តាត បតសិ សេចក្ដីថា ម្នាលកូន អ្នកកុំហើរខ្ពស់ពេក កន្លងដែនរបស់ត្មាតដទៃឡើយ ។ ត្មាតបិតាប្រាប់ដែនដល់កូន ដោយពាក្យនេះថា ចតុក្កណ្ណំវ កេទារំ គឺដូចស្រែ មាន ៤ ជ្រុង អធិប្បាយថា កូនអើយ កាលផែនដីដ៏ធំនេះហាក់ដូចជាស្រែ ៤ ជ្រុង ដល់អ្នកហើយ គឺប្រាកដដូចជាតូចយ៉ាងនោះ កាលនោះអ្នកគួរត្រឡប់ អំពីឋានៈដែលមានសភាពដូចនោះ អ្នកកុំទៅទៀតឡើយ ។ បទថា សន្តិ អញ្ញេបិ សេចក្ដីថា មិនមែនតែអ្នកប៉ុណ្ណោះសូម្បីត្មាតទាំងឡាយដទៃ ក៏ធ្វើយ៉ាងនោះ ។ បទថា អក្ខិត្តា សេចក្ដីថា សូម្បីត្មាតទាំងនោះ កន្លងនូវដែនរបស់យើង ទៅហើយ ត្រូវកម្លាំងខ្យល់កន្ត្រាក់ហើយ ក៏វិនាស ។ បទថា សស្សតីសមា សេចក្ដីថា ពួកវាសម្គាល់ខ្លួនថា ជាអ្នកស្មើដោយផែនដី និងភ្នំទាំងឡាយដែលជាវត្ថុទៀងទាត់ សូម្បីតែមិនអាចបំពេញនូវអាយុដែលមានបរិមាណ ១០០០ ឆ្នាំរបស់ខ្លួន, បានវិនាសហើយ នៅរវាងនោះ ។ មិគាលោបៈមិនធ្វើនូវពាក្យរបស់បិតាព្រោះភាពជាអ្នកមិនស្ដាប់ឱវាទ កាលហើរទៅ បានឃើញនូវដែនតាមដែលបិតាប្រាប់ហើយ នៅតែហើរកន្លងដែននោះទៅ ក៏ដល់ខ្យល់ កាលវាត (ខ្យល់រដូវកាល) ហើយទន្លុះខ្យល់សូម្បីនោះ ហើរស្ទុះទៅកាន់មុខខ្យល់វេរម្ភៈ លំដាប់នោះ ខ្យល់វេរម្ភៈក៏ប្រហារនូវមិគាលោបៈនោះ ។ មិគាលោបៈគ្រាន់តែត្រូវខ្យល់ វេរម្ភៈនោះប្រហារហើយ ក៏ដាច់ជាបំណែកតូចធំ វិនាសទៅក្នុងអាកាសនោះឯង ។ ដោយហេតុនោះ ព្រះសម្មាសម្ពុទ្ធទើបសម្ដែងថា អកត្វា អបនន្ទស្ស, បិតុ វុទ្ធស្ស សាសនំ; កាលវាតេ អតិក្កម្ម, វេរម្ភានំ វសំ អគា។ មិគលោបៈ មិនធ្វើតាមពាក្យប្រដៅរបស់បិតាចាស់ ឈ្មោះអបនន្ទៈ ហើរកន្លងនូវខ្យល់ រដូវកាល បានទៅដល់អំណាចនៃខ្យល់ព្យុះ ។ តស្ស បុត្តា ច ទារា ច, យេ ចញ្ញេ អនុជីវិនោ; សព្ពេ ព្យសនមាបាទុំ, អនោវាទករេ ទិជេ។ កូនក្តី ប្រពន្ធក្តី ឬសត្វឯទៀត ជាអ្នកចិញ្ចឹមជីវិត តាមមិគាលោបៈនោះ ពួកសត្វស្លាបទំាងអស់ ក៏ដល់នូវសេចក្តីវិនាស ព្រោះទិជជាតិ (សត្វដែលកើតក្នុវារៈពីរដងបានដល់សត្វជាអណ្ឌជកំណើតមានសត្វស្លាបជាដើម) មិនធ្វើតាមឱវាទ ។ ឯវម្បិ ឥធ វុទ្ធានំ, យោ វាក្យំ នាវពុជ្ឈតិ; អតិសីមចរោ ទិត្តោ, គិជ្ឈោវាតីតសាសនោ; សព្ពេ ព្យសនំ បប្បោន្តិ, អកត្វា វុទ្ធសាសនំ។ បុគ្គលណា មិនយល់នូវពាក្យ របស់បុគ្គលចាស់ទុំ ក្នុងលោកនេះ បុគ្គលនោះ (ដល់នូវសេចក្តីវិនាស) ដូចជាត្មាតកន្លងពាក្យប្រៀនប្រដៅ ជាសត្វភ្លើតភ្លើនត្រាច់ទៅ កាន់ទីហួសដែន ជនទាំងអស់ដល់នូវសេចក្តីវិនាស ព្រោះមិនធ្វើតាមពាក្យប្រដៅរបស់ព្រះពុទ្ធ ។ គាថាទាំងឡាយ ៣ នេះ ជាអភិសម្ពុទ្ធគាថា ។ បណ្ដាបទទាំងនោះ បទថា អនុជីវិនោ បានដល់ ត្មាតដែលអាស្រ័យត្មាតមិគាលោបៈនោះ ។ បទថា អនោវាទករេ ទិជេ សេចក្ដីថា កាលត្មាតមិគាលោបៈនោះ មិនធ្វើតាមឱវាទ ត្មាតទាំងនោះហើរទៅជាមួយត្មាតមិគាលោបៈនោះកន្លងនូវដែន ដល់នូវសេចក្ដីវិនាស ។ បទថា ឯវម្បិ សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ ត្មាតនោះដល់សេចក្ដីវិនាសហើយយ៉ាងណា សូម្បីអ្នកដទៃណា ជាគ្រហស្ថក្ដី ជាបព្វជិតក្ដី ក៏យ៉ាងនោះដូចគ្នា មិនកាន់នូវពាក្យរបស់បណ្ឌិតទាំងឡាយ ដែលជាអ្នកអនុគ្រោះដល់សេចក្ដីចម្រើន សូម្បីអ្នកនោះនឹងវិនាសដូចត្មាតនេះ ដែលត្រាច់ទៅកន្លងនូវដែន ជាអ្នករឹងរូសនោះឯង ។ ព្រះសាស្ដា កាលនាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ ហើយប្រជុំជាតកថា តទា មិគាលោបោ ទុព្ពចភិក្ខុ អហោសិ ត្មាតមិគាលោបៈក្នុងកាលនោះ បានមកជា ភិក្ខុប្រដៅក្រនេះ ។ អបនន្ទោ បន អហមេវ អហោសិំ ចំណែកស្ដេចត្មាតឈ្មោះអបនន្ទៈ គឺ តថាគត នេះឯង ។ ចប់ មិគាលោបជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឆក្កនិបាត អវារិយវគ្គ បិដកលេខ ៥៩ ទំព័រ ៤៣ ) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2898/cew45tpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៩,២៣៥ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុដែលចិញ្ចឹមមាតា បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា តស្ស នាគស្ស វិប្បវាសេន ដូច្នេះជាដើម ។ បច្ចុប្បន្នវត្ថុ ប្រាកដដូចសាមជាតកវត្ថុនោះឯង ។ ចំណែកព្រះសាស្ដាត្រាស់ហៅឲ្យភិក្ខុទាំងឡាយមកហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំលើកទោសភិក្ខុនេះឡើយ បោរាណបណ្ឌិតទាំងឡាយសូម្បីកើតក្នុងកំណើតសត្វតិរច្ឆាន កាលព្រាត់ប្រាស់ចាកមាតា ក៏ស្គាំងស្គម ព្រោះអត់អាហារអស់ ៧ ថ្ងៃ សូម្បីបានភោជនដែលសមគួរដល់ព្រះរាជា ហើយគិតថា យើងវៀរចាកមាតាហើយ នឹងមិនបរិភោគ ទាល់តែបានឃើញមាតា ទើបកាន់យកនូវអាហារ ដូច្នេះហើយ កាលដែលភិក្ខុទាំងឡាយទូលអង្វរអារាធនា ទើបទ្រង់នាំយកអតីតនិទានមកសម្ដែងថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី គ្រានោះ ព្រះពោធិសត្វកើតក្នុងកំណើតដំរី ក្នុងហិមវន្តប្រទេស មានពណ៌សសុទ្ធ មានរូបស្អាត គួរពេចពិលរមិលមើល គួរជាទីជ្រះថ្លា ដល់ព្រមដោយលក្ខណៈ មានដំរី ៨០០០០ ជាបរិវារ ។ ព្រះពោធិសត្វនោះ ចិញ្ចឹមមាតាដែលចាស់ជរា មាតារបស់ព្រះពោធិសត្វជាដំរីខ្វាក់ភ្នែក ។ ព្រះពោធិសត្វបានឲ្យផលាផល ដែលមានរសផ្អែមទាំងឡាយដល់ដំរី ហើយបញ្ជូនទៅកាន់សម្នាក់មាតា ។ ដំរីទាំងឡាយមិនបានឲ្យដល់មេដំរីនោះឡើយ នាំគ្នាបរិភោគដោយខ្លួន ។ ព្រះពោធិសត្វកំណត់ដឹងរឿងនោះហើយ គិតថា យើងលះបង់នូវហ្វូងហើយនឹងទៅចិញ្ចឹមមាតា ពេលដល់ចំណែកនៃរាត្រីហើយ កាលដំរីទាំងឡាយដទៃមិនដឹង ទើបនាំមាតា ទៅកាន់ជើងភ្នំ ឈ្មោះ ចណ្ឌោរណៈ ទុកមាតាក្នុងគុហាភ្នំ ដែលឋិតនៅជាប់តំបន់មួយ ហើយក៏ចិញ្ចឹម ។ លំដាប់នោះ ព្រានព្រៃដែលរស់នៅនគរពារាណសីមួយរូប វង្វេងផ្លូវ មិនអាចនឹងកំណត់នូវទិស បានស្រែកយំដោយសំឡេងដ៏ខ្លាំង ។ ព្រះពោធិសត្វស្ដាប់នូវសំឡេងរបស់ព្រាននោះហើយ គិតថា បុរសនេះជាមនុស្សអនាថា បើគេវិនាសក្នុងទីដែលយើងឋិតនៅនោះ មិនសមគួរឡើយ ដូចនេះហើយ ទើបទៅរកគេ ឃើញគេកំពុងគេចទៅដោយសេចក្ដីភ័យខ្លាច ក៏សួរថា អម្ភោ នែបុរសដ៏ចម្រើន លោកកុំមានភ័យព្រោះអាស្រ័យយើងឡើយ លោកកុំគេចទៅអី ព្រោះហេតុអ្វី លោកទើបស្រែកយំត្រាច់ទៅដូច្នេះ កាលគេពោលថា បពិត្រលោកម្ចាស់ ខ្ញុំវង្វេងផ្លូវ ថ្ងៃនេះជាថ្ងៃទី ៧ ហើយសម្រាប់ខ្ញុំ ។ ព្រះមហាសត្វពោលថា នែបុរសដ៏ចម្រើន លោកកុំភ័យឡើយ យើងដាក់លោកទុកក្នុងផ្លូវមនុស្ស ដូចនេះហើយ ឲ្យគេឡើងជិះលើខ្នងរបស់ខ្លួន នាំចេញអំពីព្រៃហើយទើបត្រឡប់មកវិញ ។ ចំណែកព្រាននោះជាមនុស្សអាក្រក់ គិតថា យើងទៅកាន់នគរហើយនឹងទូលដល់ព្រះរាជា ដូច្នេះហើយ ទើបធ្វើដើមឈើជាគ្រឿងចំណាំ ធ្វើភ្នំជាគ្រឿងចំណាំ បានចេញទៅកាន់នគរពារាណសី ។ ក្នុងពេលនោះ ដំរីមង្គលរបស់ព្រះរាជាបានធ្វើកាលកិរិយា ។ ព្រះរាជាត្រាស់បញ្ជាឲ្យវាយស្គរប្រកាសថា បើអ្នកណា ឃើញដំរីដែលមានរូបដ៏សមគួរ ដើម្បីនឹងធ្វើជាព្រះទីនាំងក្នុងទីណា អ្នកចូរប្រាប់ ។ បុរសនោះចូលគាល់ព្រះរាជាទូលថា បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គបានឃើញស្ដេចដំរីដែលមានសីល ពណ៌សសុទ្ធ ជាដំរីប្រកបដោយរូប ដើម្បីនឹងជាព្រះ​ទីនាំងរបស់ព្រះអង្គបាន ខ្ញុំនឹងប្រាប់ផ្លូវ សូមទ្រង់បញ្ជូននាយហត្ថាចារ្យនឹងទូលព្រះបង្គំទៅចាប់ដំរីនោះចុះ ។ ព្រះរាជាទទួលពាក្យនោះ ហើយត្រាស់ថា ពួកលោកចូរធ្វើបុរសនេះឲ្យជាអ្នកនាំផ្លូវ ទៅកាន់ព្រៃ ហើយនាំនូវស្ដេចដំរីដូចដែលបុរសនេះពោល មក ដូច្នេះហើយ ទ្រង់ក៏បញ្ជូននាយហត្ថាចារ្យនឹងបុរសនោះ មួយអន្លើដោយបរិវារដ៏ច្រើន ។ នាយហត្ថាចារ្យទៅជាមួយបុរសនោះ បានឃើញព្រះពោធិសត្វ ដែលកំពុងចូលទៅកាន់ស្រះឈូក ស្វែងរកអាហារ ។ ចំណែកព្រះពោធិសត្វឃើញនាយហត្ថាចារ្យ ហើយអធិដ្ឋានថា ភ័យនេះមិនកើតឡើងអំពីអ្នកដទៃ នឹងកើតឡើងអំពីសម្នាក់បុរសនោះ យើងនេះជាអ្នកមានកម្លាំងខ្លាំង អាចដើម្បីនឹងកម្ចាត់នូវដំរីសូម្បីទាំងពាន់ បើយើងក្រោធហើយ អាចនឹងញ៉ាំងនូវពាហនៈរបស់សេនា ព្រមទាំងដែនឲ្យវិនាស ប្រសិនបើយើងនឹងក្រោធ សីលរបស់យើងនឹងបែកធ្លាយ ព្រោះហេតុនោះ ក្នុងថ្ងៃនេះ សូម្បីគេចាក់យើងដោយលំពែង យើងនឹងមិនក្រោធឡើយ ដូច្នេះហើយ បង្អោនក្បាលចុះ ឈរនៅមិនកម្រើក ។ នាយហត្ថាចារ្យចុះកាន់ស្រះបទុម មើលនូវលក្ខណសម្បត្តិរបស់ដំរីនោះហើយពោលថា ម្នាលបុត្រ ចូរមក ដូចនេះហើយ ចាប់កាន់ប្រម៉ោយដែលប្រាកដដូចខ្សែប្រាក់ (រួចធ្វើដំណើរទៅ) ក្នុងថ្ងៃទី ៧ ទើបដល់នគរពារាណសី ។ ចំណែកមាតាព្រះពោធិសត្វ កាលកូនមិនមក ក៏បរិទេវនាការថា កូនរបស់យើង នឹងត្រូវព្រះរាជា និងរាជមហាមាត្យនាំទៅ ឥឡូវនេះ ព្រៃនេះ នឹងចម្រើនដោយការព្រាត់ប្រាស់ចាកដំរីនោះ ដូច្នេះហើយ ទើបពោលគាថាទាំងឡាយ ២ ថា តស្ស នាគស្ស វិប្បវាសេន, វិរូឡ្ហោ សល្លកី ច កុដជា ច; កុរុវិន្ទករវីរា ភិសសាមា ច, និវាតេ បុប្ផិតា ច កណិការា។ ដើមពោនស្វាផង ដើមខ្លែងគង់ផង ដើមទទឹម និងស្មៅធំ ឈ្មោះករវីរៈផង ក្រអៅឈូក និងស្រងែផង ដុះទ្រុបទ្រុលហើយ ទាំងដើមកណិការជិតជើងភ្នំ ក៏ចេញផ្កាដែរ ព្រោះតែដំរីនោះមិននៅ ។ កោចិទេវ សុវណ្ណកាយុរា, នាគរាជំ ភរន្តិ បិណ្ឌេន; យត្ថ រាជា រាជកុមារោ វា, កវចមភិហេស្សតិ អឆម្ភិតោ។ ក្នុងស្រុក ឬក្នុងក្រុងណាមួយ ព្រះរាជា ឬព្រះរាជកុមារណាមួយ មានគ្រឿងអាភារណៈ ជាវិការនៃមាស រមែងចិញ្ចឹមសេ្តចដំរី ដោយដុំនៃភោជន ដ្បិតដំរីដែលព្រះរាជា ឬព្រះរាជកុមារ (គង់ហើយ) មិនតក់ស្លុត (ក្នុងសង្គ្រាម) អាចនឹងទម្លុះទម្លាយនូវក្រោះ (នៃពួកបច្ចាមិត្របាន) ។ ចំណែកនាយហត្ថាចារ្យ កាលធ្វើដំណើរទៅក្នុងរវាងផ្លូវ បានបញ្ជូនសារទៅដល់ព្រះរាជា ។ ព្រះរាជាបានបញ្ជាឲ្យគេតាក់តែងព្រះនគរ ។ នាយហត្ថាចារ្យនាំព្រះពោធិសត្វដែលប្រោះព្រំដោយរបស់ក្រអូប និងប្រដាប់តាក់តែង ចូលកាន់រោងដំរី ឲ្យគេឡោមព័ទ្ធដោយវាំងននដ៏វិចិត្រ និងឲ្យគេទៅទូលដល់ព្រះរាជា ។ ព្រះរាជាទ្រង់នាំនូវភោជនដែលរស់ដ៏លើសផ្សេងៗ យាងទៅ ញ៉ាំងឲ្យអ្នកបម្រើឲ្យដល់ព្រះពោធិសត្វ ។ ព្រះពោធិសត្វគិតថា យើងកាលវៀរចាកមាតាហើយ នឹងមិនទទួលយកនូវអាហារ ដូច្នេះហើយ ទើបមិនកាន់យកនូវដុំបាយ ។ លំដាប់នោះ ព្រះរាជាកាលនឹងអង្វរព្រះពោធិសត្វទើបត្រាស់ព្រះគថាទី ៣ ថា គណ្ហាហិ នាគ កពឡំ, មា នាគ កិសកោ ភវ; ពហូនិ រាជកិច្ចានិ, តានិ នាគ ករិស្សសិ។ ម្នាលដំរី អ្នកចូរទទួលពំនូតភោជនចុះ ម្នាលដំរី អ្នកកុំស្គមឡើយ ម្នាលដំរី រាជកិច្ចទាំងឡាយ មានច្រើន អ្នកនឹងធ្វើនូវរាជកិច្ចទាំងនោះ ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ៤ ថា សា នូនសា កបណិកា, អន្ធា អបរិណាយិកា; ខាណុំ បាទេន ឃដ្ដេតិ, គិរិំ ចណ្ឌោរណំ បតិ។ មេដំរីនោះ ជាសត្វកំព្រា ខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិចជើងនឹងដង្គត់ឈើ ហើយបែរមុខទៅរកភ្នំចណ្ឌោរណៈ ដួលនៅ ។ លំដាប់នោះ ព្រះរាជាកាលនឹងសួរ ទើបត្រាស់គាថាទី ៥ ថា កា នុ តេ សា មហានាគ, អន្ធា អបរិណាយិកា; ខាណុំ បាទេន ឃដ្ដេតិ, គិរិំ ចណ្ឌោរណំ បតិ។ មា្នលដំរីប្រសើរ មេដំរីខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិចជើងនឹងដង្គត់ឈើ បែរមុខទៅរកភ្នំចណ្ឌោរណៈ ដួលនៅនោះ តើត្រូវជាអ្វីនឹងអ្នកឯង ។ ព្រះពោធិសត្វ ទើបពោលគាថាទី ៦ មាតា មេ សា មហារាជ, អន្ធា អបរិណាយិកា; ខាណុំ បាទេន ឃដ្ដេតិ, គិរិំ ចណ្ឌោរណំ បតិ។ បពិត្រមហារាជ មេដំរីខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិចជើងនឹងជង្គត់ឈើ បែរមុខទៅរកភ្នំចណ្ឌោរណៈ ដួលនៅនោះ ត្រូវជាមាតារបស់ទូលព្រះបង្គំជាខ្ញុំ ។ ព្រះរាជាបានស្ដាប់នូវអត្ថនៃគាថាទី ៦ នោះហើយ កាលញ៉ាំងគេឲ្យដោះលែងព្រះពោធិសត្វ ទើបត្រាស់គាថាទី ៧ ថា មុញ្ចថេតំ មហានាគំ, យោយំ ភរតិ មាតរំ; សមេតុ មាតរា នាគោ, សហ សព្ពេហិ ញាតិភិ។ អ្នកទាំងឡាយចូរលែង នូវដំរីប្រសើរនុ៎ះ ជាសត្វចិញ្ចឹមនូវមាតា ចូរឲ្យដំរីបានជួបជុំនឹងមាតា ព្រមទាំងញាតិទាំងពួងចុះ ។ អភិសម្ពុទ្ធគាថាទី ៨ និងទី ៩ ថា មុត្តោ ច ពន្ធនា នាគោ, មុត្តមាទាយ កុញ្ជរោ; មុហុត្តំ អស្សាសយិត្វា, អគមា យេន បព្ពតោ។ ដំរីគ្រាន់តែរួចចាកចំណង ដែលព្រះរាជាកាសី បានបញ្ចូនទៅ សម្រាកខ្លួនតែមួយរំពេច ក៏ដើរសំដៅទៅរកភ្នំ ។ តោ សោ នឡិនិំ គន្ត្វា, សីតំ កុញ្ជរសេវិតំ; សោណ្ឌាយូទកមាហត្វា, មាតរំ អភិសិញ្ចថ។ ដំរីនោះ ចេញទៅអំពីភ្នំនោះ ដើរទៅកាន់ព្រៃ ជាទីពួនសម្ងំដ៏ត្រជាក់ ដែលដំរីធ្លាប់សេព (នៅ) ហើយដងទឹក ដោយប្រមោយ យកមកស្រោចស្រពមាតា ។ បានឮថា ដំរីនោះបានរួចផុតចាកចំណងហើយ សម្រាកបន្តិច ក៏សម្ដែងធម៌ដោយ ទសរាជធម្មគាថា ដល់ព្រះរាជា និងឲ្យឱវាទថា បពិត្រមហារាជ សូមទ្រង់ចូរជាអ្នកកុំប្រមាទឡើយ ដូច្នេះហើយ កាលមហាជនបូជាដោយគ្រឿងក្រអូបនិងផ្កាកម្រងជាដើម ទើបចេញចាកព្រះនគរ ហើយទៅដល់ស្រះបទុមនោះ ។ ក្នុងខណៈនោះឯង ព្រះពោធិសត្វគិតថា យើងនឹងញ៉ាំងមាតារបស់យើង ឲ្យកាន់យកនូវអាហារហើយ ទើបនឹងកាន់យកដោយខ្លួន ដូច្នេះហើយ ទើបកាន់យកក្រអៅឈូកដ៏ច្រើន និងកាន់យកទឹកឲ្យពេញដោយប្រមោយ ហើយចេញចាកគុហាដែលជាទីពួន ទៅកាន់សម្នាក់មាតាដែលអង្គុយទៀបទ្វារគុហា ទើបស្រោចនូវទឹក ដើម្បីត្រឡប់បាននូវសម្ផស្ស លើសរីរៈរបស់មាតាដែលអត់អាហារអស់ ៧ ថ្ងៃ ។ ព្រះសាស្ដាកាលធ្វើឲ្យជាក់ច្បាស់នូវសេចក្ដីនោះ ទើបត្រាស់ព្រះគាថាទាំងឡាយ ២ នេះ ។ សូម្បីមាតារបស់ព្រះពោធិសត្វ កាលនឹងជេរនូវទឹកដែលធ្លាក់មកនោះ ដោយសម្គាល់ថា ភ្លៀវធ្លាក់ ដូច្នេះហើយ ទើបពោលគាថាទី ១០ ថា កោយំ អនរិយោ ទេវោ, អកាលេនបិ វស្សតិ; គតោ មេ អត្រជោ បុត្តោ, យោ មយ្ហំ បរិចារកោ។ ភ្លៀងអ្វីហ្នឹងផ្តេសផ្តាស បង្អុរចុះ ពុំជួកាលសោះ កូនបង្កើតរបស់អញ ដែលជាអ្នកបម្រើអញ ទៅបាត់ហើយតើ ។ លំដាប់នោះ ព្រះពោធិសត្វកាលនឹងលួងលោមមាតា ទើបពោលគាថាទី ១១ ថា ឧដ្ឋេហិ អម្ម កិំ សេសិ, អាគតោ ត្យាហមត្រជោ; មុត្តោម្ហិ កាសិរាជេន, វេទេហេន យសស្សិន។ បពិត្រអ្នកមេ សូមអ្នកក្រោកឡើង សម្រាន្តអ្វី ខ្ញុំជាកូនបង្កើតរបស់លោក ដែលព្រះរាជាកាសី ទ្រង់ប្រកបដោយប្រាជ្ញា មានយស បានលែងមកវិញហើយ ។ មាតាព្រះពោធិសត្វនោះ មានចិត្តត្រេកអរ កាលនឹងធ្វើនូវការអនុមោទនាដល់ព្រះរាជា ទើបពោលគាថាចុងក្រោយថា ចិរំ ជីវតុ សោ រាជា, កាសីនំ រដ្ឋវឌ្ឍនោ; យោ មេ បុត្តំ បមោចេសិ, សទា វុទ្ធាបចាយិកំ។ ព្រះរាជាណា បានលែងកូនរបស់ខ្ញុំ ជាអ្នកកោតក្រែង ចំពោះបុគ្គលចាស់សព្វ ៗ កាល សូមព្រះរាជានោះ ញ៉ាំងដែនរបស់ពួកអ្នកកាសីឲ្យចម្រើន គង់ព្រះជន្មនៅអស់កាលយូរអង្វែងចុះ ។ គ្រានោះ ព្រះរាជាកាលនឹងសរសើនូវគុណរបស់ព្រះពោធិសត្វ ទើបឲ្យគេកសាងនូវស្រុក ក្នុងទីមិនឆ្ងាយអំពីនឡិនិ (កន្លែងព្រះពោធិសត្វ) ហើយបានញ៉ាំងវត្តបដិបត្តិដែលជាប់ជានិច្ចឲ្យតម្កល់ ដល់ព្រះពោធិសត្វនិងមាតានោះ ។ ក្នុងកាលជាចំណែកខាងក្រោយ ព្រះពោធិសត្វកាលមាតាធ្វើកាលកិរិយាហើយ ទើបធ្វើនូវការរក្សាសរីរៈរបស់មាតានោះ ហើយបានទៅកាន់អាស្រមបទឈ្មោះ ការណ្ឌកៈ ។ ក្នុងទីនោះ ឥសីចំនួន ៥០០ ចុះចាកអំពីភ្នំហិមពាន្តមកនៅ ។ ព្រះពោធិសត្វបានថ្វាយវត្តបដិបត្តិនោះដល់ឥសីទាំងនោះ ។ ព្រះរាជា បានញ៉ាំងគេឲ្យកសាងនូវរូបបដិមាថ្ម ដែលដូចរូបរបស់ព្រះពោធិសត្វ និងបានញ៉ាំងនូវមហាសក្ការៈឲ្យប្រព្រឹត្តទៅ ។ អ្នករស់នៅក្នុងជម្ពូទ្វីបទាំងអស់ បានប្រជុំគ្នាជាប្រចាំឆ្នាំ ធ្វើនូវមហោស្រពឈ្មោះ ហត្ថិមហៈ (បុណ្យដំរី) ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ និង ប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ មាតុបោសកភិក្ខុ បានតាំងនៅក្នុងសោតាបត្តិផល ។តទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះបានមកជាអានន្ទ ។បាបបុរិសោ ទេវទត្តោ បុរសបាប បានមកជាទេវទត្ត ។ ហត្ថាចរិយោ សារិបុត្តោ ហត្ថាចារ្យបានមកជាសារីបុត្រ ។មាតា ហត្ថិនី មហាមាយា ដំរីជាមាតាបានមកជាព្រះនាងមហាមាយា ។ មាតុបោសកនាគោ បន អហមេវ អហោសិំ ចំណែកមាតុបោសកនាគ (ដំរីចិញ្ចឹមមាតា) គឺ តថាគត នេះឯង ។ ចប់ មាតុបោសកជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកទសកនិបាត បិដក ៥៩ ទំព័រ ២១០) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.82
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿