ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ធម៌ជំនួយស្មារតី
១,៥៧៣ អត្ថបទ
images/articles/855/Untitled-1.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១៧,៣២៨ ដង)
ទ្រព្យ​សម្ប​ត្តិ​រក​បាន​មក​ហើយ​ មិនមែន​ថា​មិន​ត្រូវ​អស់​ទៅ​វិញ​នោះ​ទេ​ ប៉ុន្តែ​គួ​រ​តែ​ឲ្យ​អស់​ទៅ​ក្នុង​ហេតុ​ដែល​គួរ​អស់​ ។ ព្រះ​ពុទ្ធ​សាសនា​បាន​បង្រៀន​ឲ្យ​មនុស្ស​ចេះ​បែង​ចែក​ទ្រព្យ​សម្បត្តិ​ដែ​ល​​មាន​ជា​ ៤ ចំណែក​ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ចំណាយ​គឺ​ ១. ចិញ្ចឹម​ជី​វិត​ខ្លួន​ឯង​ មាតា​បិតា​ បុត្រ​ ភរិ​យា​ ឬ​ទាស​កម្ម​ករ​ដែល​នៅ​ជា​មួយ​ខ្លួន​ ។ ២. ចា​យ​ទ្រព្យ​ដើម្បី​ការ​ពារ​ទ្រព្យ​ គឺ​ចាយ​ដោយ​ការ​វៃ​ឆ្លាត​ ដើម្បី​ដោះ​ខ្លួន​ឯង​ឲ្យ​រួច​ពី​សេ​ច​ក្តី​អន្ត​រាយ​ផ្សេងៗ​ ដូច​ជា​អន្ត​រាយ​ព្រោះ​ភ្លើង​ ព្រោះ​ទឹក​ ឬ​ក៏​អន្ត​រាយ​ព្រោះ​ចោ​រ​ជា​ដើម​ ។ ៣. ចាត់​ចែង​ សម្រាប់​ជួ​យ​សង្រ្គោះ​ញាតិ​ និង​ទុក​សម្រាប់​ទទួល​ភ្ញៀវ​ ដែល​មក​អំពី​ចម្ងាយ​... (​សំដៅ​ដល់​ពលី ៥ យ៉ាង​ មាន​ញាតិ​ពលី​ជា​ដើម ) ។ ៤. ចាត់​ចែង​បរិ​ច្ចាគ​ធ្វើ​ទាន​ ដល់​សមណ​ព្រាហ្ម​ណ៍​ អ្នក​មាន​សីល​ជា​ទី​ស្រ​ឡាញ់​ ។ ការ​អស់​ទៅ​នៃ​ទ្រ​ព្យ​សម្បត្តិ​ តាម​វិធី​ដែល​រៀប​រាប់​មក​នេះ​ ឈ្មោះ​ថា​អស់​ទៅ​ដោយ​ប្រពៃ​ មិន​គួរ​ឲ្យ​សោក​ស្តាយ​ឡើយ​ តែ​ដែល​អស់​ទៅ​ហើយ​ ថែមទាំង​គួរ​ឲ្យ​រង្គៀស​នោះ គឺ​សំ​ដៅ​យក​ការ​ចំណាយ​ប្រាក់​ ក្នុង​រឿង​អបាយ​មុខ​ផ្សេង​ៗ​ ដូច​ជា​ - ចំណា​យ​ក្នុង​ការ​ដើរ​លេង​ស្រី - ចំណាយ​ក្នុងការ​ផឹក​ទឹក​ស្រវឹង​ និង​សេព​គ្រឿង​ញៀន​ផ្សេងៗ - ចំណាយ​ក្នុងការ​សប្បាយ​បរិ​ភោគ​ ក្នុង​ភាព​ជា​អ្នកលេង​ស៊ី - ចំណាយ​ក្នុង​ការ​លេង​ល្បែង​ស៊ី​សង​ - ចំណាយ​ក្នុង​ការ​ដើ​លេង​តាម​ច្រក​ល្ហក​រឿយ​ៗ​ នៅ​ពេល​យប់​ព្រលប់ - ចំណាយ​ក្នុង​ការ​ដើរ​មើ​ល​មហោសព្រ​ ឬ​ល្បែង​ច្រៀង​រាំ​រឿយ​ៗ​ - ប្រកប​រឿយ​ៗ​ នូវ​សេចក្តីខ្ជិល​ច្រអូស​ - សេពគប់​បាបមិត្ត​ ។ សេចក្តី​ដូច​បាន​រៀប​រាប់​មក​​ខាង​លើ​នេះ​ សុទ្ធ​តែ​ជា​អបាយ​មុខ​ទាំង​អស់​ បូ​រាណ​ពោ​ល​ថា​ " អបាយ​មុខ​ ជង្រុក​ហិន " ដូច្នេះ​ត្រូវ​តែ​ជៀស​វាង​ឲ្យ​ឆ្ងាយ​ បើ​មិន​ដូច្នោះ​ទេ​ ពិត​ជា​បង់​ទាំង​ទ្រព្យ​ អភ័ព្វ​ទាំង​បុណ្យ​ និង​ធ្ងន់​ដោយ​បាប​មិន​ខាន​ ។ ជីវិត​របស់​យើង​ម្នាក់​ៗ​ មាន​តម្លៃ​ណាស់​សម្រាប់​រង្វង់​ក្រុម​គ្រួសារ​ ។ ស្វា​មី​ភរិយា​ តែង​តែ​ត្រូ​វ​ការ​ភាព​ស្មោះ​ត្រង់​រវាង​គ្នា​និង​គ្នា​ កូន​ប្រុស​ស្រី​ តែ​ត្រូវ​ការ​ភាព​កក់​ក្តៅ​ពី​ឪពុក​ម្តាយ​ ចំណែកឪពុក​ម្តាយ​ ក៏​ត្រូវ​ការ​នូវ​ភាព​ឱន​លំទោន​និង​ការ​ស្តាប់​បង្គាប់​ពី​កូន​វិញ​ដែរ​ ។ ដូច្នេះ​ បើ​សមា​ជិក​នីមួយ​ៗ​ នៃ​ក្រុម​គ្រួ​សារ​ណា​ មិន​យក​ទ្រព្យ​សម្បត្តិ​ទៅ​ចំណាយ​ក្នុង​រឿង​អ​បាយ​មុខ​ផ្សេងៗ​ ទេ​ ក្រុម​គ្រួ​សារ​នោះ​ ពិ​ត​ជា​មាន​សុភ​មង្គល​ មិ​ន​មាន​ការ​ទាស់​ទែង​ខ្វែង​គំនិត​គ្នា​ឡើយ​ ។ ការ​ចិញ្ចឹម​ជី​វិត​ស្មើ​នេះ​ សំ​ដៅ​ដល់​ការ​ដឹង​ប្រ​មាណ​ក្នុង​ការ​ចាយ​វាយ​ទ្រព្យ​សម្បត្តិ​ មិន​ខ្ជះ​ខ្ជាយ​ ឬ​ថា​មិន​​ហ៊ឺ​ហា​តាម​សម័យ​ គឺ​ចេះ​សម្លឹង​មើ​ល​កាល​ជា​អនា​គត​ ព្រោះ​មនុស្ស​គ្រប់​គ្នា​ដែល​មាន​ការ​កើត​មក​​ពេញ​លក្ខណៈ​ជា​មនុស្ស​ បើ​មិន​ស្លាប់​ពី​ក្មេង​ទេ​ គង់​តែ​នឹង​ក្លាយ​ទៅ​ជា​អ្នក​គ្រប់​គ្រង​ក្រុម​គ្រួ​សារ​មិន​​ខាន​ ហើយ​អ្នក​ដែល​អាចគ្រប់​គ្រង​ក្រុម​គ្រួ​សារ​បាន​ល្អ​ មិន​មែន​ជា​មនុស្ស​ខ្ជះ​ខ្ជាយ​ ឬ​ថា​ ជា​មនុស្ស​គ្មាន​គំនិត​ឡើយ​ ។ ការ​ចេះ​ចាយ​វាយ​ទ្រព្យ​សម្បត្តិ​ទៅ​តាម​គន្លង​ធម៌​គឺ​ជា​ពរ​ដ៏​ប្រសើរ​ សម្រាប់​​ឃ​រាវាស​ គ្រប់គ្នា​ ។ ស្រង់​ចេញ​ពី​សៀវ​ភៅ " ប្រយោ​ជន៍​បី​ប្រ​ការ​ " រៀប​រៀង​ដោយ​ ភិក្ខុ​វជិរប្បញ្ញោ​ សាន-សុជា ដោយ​៥០០០​ឆ្នាំ​
images/articles/856/Untitled-1.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១៩,១១៣ ដង)
បិដក៖ លុះ​ព្រះ​បាទ​បា​យា​សិ​រាជ​ញ្ញៈ​ គង់​ក្នុង​ទី​ដ៏​សម​គួរ​ហើយ​ ទើ​ប​មាន​ព្រះ​ឱ​ង្ការ​នឹង ​ព្រះ​កុមារ​កស្សប​ ​ដ៏​មាន​អា​យុ​យ៉ាង​នេះ​ថា​ បពិត្រ​ព្រះ​កស្សប​ដ៏ចម្រើន​ ខ្ញុំ​តែង​និយាយ​យ៉ាង​នេះ​ យល់​ឃើញ​យ៉ាង​នេះ​ថា​ លោក​ដទៃ​មិន​មាន​ ពួក​សត្វ​ជា​ឱ​បបាតិ​កៈ​មិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ដែល​សត្វ​ធ្វើ​ល្អ​ ធ្វើ​អា​ក្រក់​មិន​មាន​ដោយ​ហេតុនេះ​ ។ ព្រះ​កុមា​រ​កស្ស​ប​ ថ្វាយ​ព្រះ​ពរ​ថា​ បពិត្រ​រាជញ្ញៈ​ អា​ត្មា​ភាព​បាន​ឃើញ​បាន​ឮ​បុគ្គល​ដែល​ធ្លាប់​និយាយ​​យ៉ាង​នេះ​ យល់​យ៉ាង​នេះ​ហើយ​ តែ​មិន​សម​បើ​បុគ្គល​នេះ​ និយាយ​យ៉ាង​នេះ​ថា​ លោក​ដទៃ​មិន​មាន​ ពួក​សត្វ​ជា​ឱ​បបាតិកៈ​កំណើត​មិនមាន​ ផល​វិ​បាក​របស់​កម្ម​ទាំង​ឡាយ​ ដែល​សត្វ​ធ្វើ​ល្អ​ធ្វើ​អា​ក្រក់​មិន​មាន​ដូច្នេះ​សោះ​ បពិត្រ​រាជញ្ញៈ​ បើ​ដូច្នេះ​ អាត្មា​ភាព​នឹង​ទូល​សួរ​ មហា​បពិត្រ​ ក្នុង​ដំណើរ​នេះ​ ប្រ​ស្នា​នេះ​ពេញ​ព្រះ​ទ័យ​នៃ​មហា​បពិត្រ​យ៉ាង​ណា​ សូម​មហា​បពិត្រ​ព្យាករណ៍​ប្រ​ស្នា​នោះ​ យ៉ាង​នោះ​ចុះ​ បពិត្រ​រាជញ្ញៈ​ ចុះ​ទ្រង់​សំគាល់​ដំណើរ​នោះ​ថា​ដូច​ម្តេច​ ព្រះ​ចន្ទ​និង​ព្រះ​អា​ទិត្យ​នេះ​ នៅ​ក្នុង​លោក​នេះ​ ឬ​នៅ​ក្នុង​លោក​ដទៃ​ ជា​ទេ​វតា​ ឬ​ជា​មនុស្ស​ ។ ព្រះ​បាទ​បាយា​សិ​រាជញ្ញៈ​ តប​ថា​ បពិត្រ​ព្រះ​កស្ស​ប​ដ៏​ចម្រើន​ ព្រះ​ចន្ទ​និង​ព្រះ​អា​ទិត្យ​នេះ​ នៅ​ក្នុង​លោក​​ដទៃ​ មិន​មែន​នៅ​ក្នុង​លោក​នេះ​ទេ​ ជា​ទេ​វតា​ មិន​មែន​ជា​មនុស្ស​ទេ​ ។ ព្រះ​កុមារ​កស្ស​ប​ ថ្វាយ​ព្រះ​ពរ​​ថា​ ឱ​រាជញ្ញៈ បើ​តាម​បរិយាយ​នេះ​ សូម​មហា​បពិត្រ​បែ​រ​ព្រះ​យោ​បល់​យល់​ឃើញ​យ៉ាង​នេះ​វិញ​ថា​ លោក​ដទៃ​មាន​ ពួក​សត្វ​ជា​ឱ​បបា​តិ​កៈ​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ដែល​សត្វ​ធ្វើល្អ​ធ្វើ​អា​ក្រក់​មាន​ ដោយ​ហេតុ​នេះ​ ។ អដ្ឋ​កថា​ ៖ ពាក្យ​ថា​ ឥមេ​ ភោ​ កស្ស​ប​ ចន្ទិ​ម​សុរិយា​ មាន​សេចក្តី​ថា​ ព្រះ​បាយា​សិ​នោះ​ ត្រូវ​ព្រះ​ថេរ​សាក​សួរ​ហើយ​ គិត​ថា​ សមណៈ​នេះ​ លើក​យក​ព្រះ​ចន្ទ​និង​ព្រះ​អាទិត្យ​មក​ឧ​បមា​មុន​ ប្រាកដ​ជា​បុគ្គល​ដែល​អ្នក​ដទៃ​គ្រប​សង្កត់​ដោយ​បញ្ញា​មិន​បាន​ ដូច​ជា​ព្រះ​ចន្ទ​និង​ព្រះ​អា​ទិត្យ ប្រ​សិន​បើ​យើង​ឆ្លើយ​តប​ថា​ ព្រះ​ចន្ទ​និង​ព្រះ​អា​ទិត្យ​មាន​នៅ​ក្នុង​លោក​នេះ​ សមណៈ​នេះ​ នឹង​ធ្វើ​ឲ្យយើង​ភ្ញាក់​ (ឲ្យ​ទាល់) ដោយ​បញ្ហា​កម្ម​ជា​ដើម​​ថា​ ព្រះចន្ទ​និង​ព្រះ​អាទិត្យ​ទាំង​នោះ​ អា​ស្រ័យ​នូវ​អ្វី​ មាន​ទំហំ​ប៉ុន​ណា​ មាន​កំពស់​ប៉ុន្មាន​ យើង​ពិត​ជា​មិន​អា​ច​ចង​ទុក​ (​គ្រប​សង្កត់​)​ នូវ​លោក​បាន​ (ដូច្នេះ​ គួរ​) តែ​ឆ្លើយ​ថា​ មាន​នៅ​ក្នុង​លោក​ដទៃ​ប៉ុណ្ណោះ​ ព្រោះ​ហេតុ​ដូច្នោះ​ ទើប​ព្រះ​បាទ​បាយា​សិ​រាជ​ញ្ញៈ​ ឆ្លើយ​តប​យ៉ាង​នេះ​ ។ (ម៉្យាង​ទៀត​) ព្រះ​មា​ន​ព្រះ​ភាគ​ទ្រង់​បាន​ត្រាស់​ទុក​សុធា​ភោ​ជ​នីយ​ជា​តក​ អស់​កាល​មិន​យូរ​ប៉ុន្មាន​ មុន​បាយា​សិ​រាជញ្ញ​សូត្រ​នោះ​ ។​ ក្នុង​សុធា​ភោ​នីយ​ជា​តក​នោះ​ ព្រះ​ចន្ទ​ជា​ចន្ទ​ទេ​វបុត្រ​ ព្រះ​អា​ទិត្យ​ជា​សុរិយ​ទេវ​បុត្រ​ ។ ជា​តក​ ឬ​ព្រះ​សូត្រ​ដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ទុក​ហើយ​នោះ មនុស្ស​នៅ​ក្នុ​ង​ទ្វីប​បាន​ដឹង​ទូ​ទៅ​គ្រប់​គ្នា​ ។​ ដោយ​ហេតុ​នេះ​ ព្រះ​បាទ​បា​យា​សិ​នោះ​គិត​ថា​ យើង​មិន​អាច​ពោល​ថា​ ទេ​វបុត្រ​ទាំង​ឡាយ​ដែល​នៅ​អា​ស្រ័យ​ជា​ប្រ​ចាំ​ ក្នុងឋាន​ព្រះ​ចន្ទ​ និង​ព្រះ​អា​ទិត្យ​មិន​មាន​នោះ​ទេ​ទើប​បាន​ជា​ឆ្លើយ​តប​ថា​ ព្រះ​ចន្ទ​និង​ព្រះ​អា​ទិត្យ​នោះ​ជា​ (ឋាន​) ទេ​វតា​មិន​មែន​ជា​មនុស្ស​ ។ យោ​បល់​អ្នក​រៀប​រៀង​ ៖ មនុស្ស​ជា​ច្រើន​ធ្លាប់​សួ​រ​ខ្ញុំ​ថា​ សព្វ​ថ្ងៃ​អ្នក​វិទ្យា​សាស្រ្ត​បាន​ទៅ​ដល់​ភព​ព្រះ​ចន្ទ​ហើយ​ ប៉ុន្តែ​គេ​មិន​បាន​ប្រទះ​ឃើ​ញ​វិ​មាន​ទេ​វតា​ណា​មួយ​ឡើយ​ តើ​លោក​ម្ចាស់​មាន​យោ​បល់​យ៉ាង​ណា​ដែរ​អំពី​បញ្ហា​នេះ​ ? ខ្ញុំ​គិត​ថា​ រឿង​នេះ​មិន​មែន​ជា​បញ្ហា​ដែល​និយាយ​ពីរ​បី​ម៉ាត់​ចប់​ទេ​ បើ​ទុក​ជា​ខ្ញុំ​ខំ​បក​ស្រាយ​ច្រើន​យ៉ាង​ណា​ ក៏​មិន​សង្ឃឹ​ម​ថា​ លោក​អ្នក​អាន​សុទ្ធ​តែ​ទទួល​ជឿ​តាម​ដែរ​ សូម្បី​តែ​ពុទ្ធ​បរិស័ទ​ដែល​ធ្លាប់​ជឿថា​ មា​ន​ទេ​វតា​ ឬ​នរក​ តាម​រយៈ​ការ​ស្តាប់​ធម៌​ទេ​សនា​ ឬ​តាម​រយៈ​សាសនា​ផ្សេង​ៗ​ បើ​គេ​សួរ​បញ្ជាក់​ថា​ " មែន​ ឬ​មិន​មែន " អ្នក​ទាំង​នោះ​ប្រាកដ​ជា​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត​ខ្លះ​មិន​ខាន​ ព្រោះ​អ្វី ? មូល​ហេតុ​តែ​មួយ​គត់​ គឺ​ " មិន​ដែល​ឃើញ " ។ ម៉្យាង​ទៀត​ នេះ​គឺ​ជា​មេ​រៀន​ទស្ស​នៈ​ដ៏​ជ្រាល​ជ្រៅ​បំផុត​ មិន​មែន​សម្រាប់​សាមញ្ញ​ជន​គិត​ឃើញ​បាន​ត្រឹម​ត្រូវ​ឡើយ​ ហើយ​ក៏​ជា​បញ្ហា​ដែល​មនុស្ស​ក្នុង​សកល​លោក​នាំ​គ្នា​គិត​ត្រិះ​រិះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ទើប​នាំ​ឲ្យ​កើត​មាន​សាស​នា​ច្រើន​រហូត​រាប់​មិន​អស់​ដូច​សព្វ​ថ្ងៃ ។ ដំបូង​ខ្ញុំ​ចង់​សួរ​ត្រ​ឡប់​ទៅ​វិញ​ថា​ តាម​ដែល​ឮ​មក​ ទេ​វតា​មិន​មែ​ន មាន​តែ​នៅ​ក្នុង​ឋា​ន​ព្រះ​ចន្ទ​ ឬ​ឋាន​សួគ៌​ទេ​ សូម្បី​នៅ​ក្នុង​ឋាន​មនុស្ស​ក៏​មាន​ដែរ​ដូច​ជា​ គេហ​ទេ​វតា (​ទេ​វតា​រក្សា​ផ្ទះ​ ) អារក្ខ​ទេ​វតា​ (​ទេ​វតា​រក្សា​ខ្លោង​ទ្វារ​) រុក្ខ​ទេ​វតា (​ទេ​វ​តា​នៅ​អា​ស្រ័យ​ដើមឈើ​ ) ជា​ដើម​ តើ​លោក​អ្នក​បាន​ឃើ​ញ​ហើយ​ឬ​នៅ ? នេះ​ក៏​ជា​អា​ថ៌​កំបាំង​ដែ​រ​មែន​ទេ​ ? ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​ ខ្ញុំ​សូម​មិន​និយាយ​ថា​ '' ទេ​វតា​ មាន​ ឬ​មិន​មាន​ " ប៉ុន្តែ​ដើម្បី​ឲ្យ​មាន​ពន្លឺ​ក្នុង​រឿង​នេះ​ ខ្ញុំ​គ្រាន់​តែ​ជួយ​បង្ហាញ​នូវ​គន្លឹះ​ខ្លះ​ៗ​ សម្រាប់​លោក​អ្នក​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ដូច​ខាង​ក្រោមៈ ១. លោក​អ្នក​ត្រូវ​ព្យា​យាម​អាន​សៀវ​ភៅ​នេះ​ឲ្យ​ចប់​ ព្រោះ​ក្នុ​ង​សៀវ​ភៅ​នេះ​ មាន​ឧ​ទាហ​រណ៍​ពន្យល់​ដ៏​ច្រើន​អំពី​លោក​នេះ​ និង​លោក​ដ​ទៃ​ ។ ២. លោក​អ្នក​គួរ​ស្វែង​រក​សៀវ​ភៅ​ តើ​នរក​មាន​ដែរ​ឬ​ទេ​ ? ដែល​ខ្ញុំ​បាន​រៀប​រៀង​បោះ​ពុម្ព​ផ្សាយ​ក្នុង​ ព.ស ២៥៤៦ មក​អាន​បន្ថែម​ ព្រោះ​ក្នុង​នោះ​ បាន​ពន្យល់​អំពី​កំណើត​សត្វ​ក្រោ​យ​ពេល​ស្លាប់​ ។ ៣. លោក​អ្នក​ត្រូវ​សិក្សា​ព្រះអភិធម្ម​កម្រិត​មូល​ដ្ឋាន​ យ៉ាង​ហោច​ឲ្យ​បាន​ចេះ​យល់​ស្គាល់​ដឹង​ត្រឹម​កាមា​វចរ​ចិត្ត​ ៥៤​ ដួង​ ព្រោះ​ក្នុង​នោះ​បាន​ពន្យល់​អំពី​ទី​កើត​នៃ​ចិត្ត​ខ្លះ​ៗ​ ។ ៤. លោក​អ្នក​ត្រូវ​ព្យា​យាម​ស្តាប់ ឬ​អាន​សៀវ​ភៅ​ណា​ដែល​ពាក់​ព័ន្ធ​នឹង​ទ្រឹស្តី​កម្មផល​ ឲ្យ​បាន​ច្រើន ។ ស្រង់​ចេញ​ពី​សៀវ​ភៅ " តើ​ជាតិ​ក្រោយ​មាន​ដែ​រ​ឬ​ទេ? " រៀប​រៀង​ដោយ ភិក្ខុ វជិរប្ប​ញ្ញោ សាន-សុ​ជា​ ដោយ​៥០០០​ឆ្នាំ​
images/articles/858/2026-08-21_12_40_15-Leawo_Total_Media_Converter_Ultimate.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១៤,៣៨៨ ដង)
តើ​អ្វី​ជា​ជី​វិ​ត​ ? ភ្នែក​ ត្រ​ចៀក​ ច្រ​មុះ​ អណ្តាត​ កាយ​ ចិត្ត​ រូប​ សម្លេង​ ក្លិន​ រស ផោដ្ឋ​ព្វៈ ធម្មា​រម្មណ៍​ និង​វេទនា​ទាំង​ឡាយ​ដែល​សោយ​តាម​ទ្វារ​ភ្នែក​ ទ្វា​រ​ត្រចៀក​ ទ្វារ​ច្រមុះ​ ទ្វារ​អណ្តាត​ ទ្វារ​កាយ​ គឺ​ជា​តួ​ជីវិត​ ជា​របស់​ក្តៅ​ ។​ តើ​ក្តៅ​ព្រោះ​អ្វី​ ? ក្តៅ​ព្រោះ​ភ្លើង​កិលេស​ គឺ​ រាគៈ​ ទោ​សៈ​ មោ​ហៈ​ ។ នា​ពេល​បច្ចុ​ប្បន្ន​នេះ​ បើ​ទោះ​ជា​គ្មា​ន​អ្នក​ណា​ប្រាប់​ ក៏​យើង​អា​ច​ដឹង​​បាន​ថា​ សត្វ​លោក​កំ​ពុង​រស់​នៅ​ក្នុង​កម្តៅ​ ហើយ​កម្តៅ​នេះ​មាន​កំណើន​​កើន​ជាង​មុន​ ​១​ ដង​ ជា​ ៥​ ដង​ ឯ​ណោះ​ ។​ សភាព​ទាំង​អស់​នេះ​ក៏​ព្រោះ​តែ​ភ្លើង​រាគៈ​ ទោ​សៈ​ មោ​ហៈ​ ដែល​អា​ស្រ័យ​ នៅ​ក្នុង​ចិត្ត​របស់​សត្វ​លោក​ កាន់​តែ​មាន​ចំហេះ​ខ្លាំង​ឡើង​ៗ​ ដោយ​ហេតុ​ថា​ សត្វ​លោក​កាន់​តែ​ឆ្លាត​ មាន​ល្បិច​កល​ពិស​ពុល​ ក្នុង​ការ​ផ្គុំ​ភ្លើង​តណ្ហា​ ឲ្យ​កាន់​តែ​មាន​កម្លាំង​ខ្លាំង​ឡើង​ៗ​ជា​លំដាប់​ ។ សត្វ​លោក​រឹ​ត​តែ​គ្មាន​ដឹង​ គ្មាន​ជំនឿ​ គ្មាន​ប្រកាន់​យក​ថា​ ការ​ពន្លត់​ភ្លើង​ រាគៈ ទោសៈ មោ​ហៈ គឺ​ជា​ចំណុច​ដ៏​ត្រ​ជាក់​ដ៏​កំពូល​របស់​ជី​វិត​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​គេ​ច្រើន​តែ​ស្វែង​រក​សេច​ក្តី​សប្បាយ​រីក​រាយ​លើ​បញ្ច​កាម​គុណ​ ដែល​ជា​ការ​ពង្រីក​ភ្នក់​ភ្លើង​ឲ្យ​កាន់​តែ​ធំ​ដោយ​គំនិត​បញ្ឆេះ​ច្រើន​ជាង​គំនិត​ពន្លត់​ ។ សកល​លោក​បាន​ក្លាយ​ទៅ​ជា​លោក​ដែល​មាន​កម្តៅ​ទាំង​មនុស្ស​ទាំង​សត្វ​ទាំង​សកល​ធាតុ​ក៏​ព្រោះ​តែ​មនុស្ស​ក្នុង​ពិភពលោក​នាំ​គ្នា​ស្ទាប​អង្អែល​នូវ​​បញ្ច​កាម​គុណ​ នាំ​គ្នា​បម្រើ​សេច​ក្តី​រីក​រាយ​សប្បាយ​បោក​ប្រាស់​ ប្រ​កប​ដោយ​ចិត្ត​ពោរ​ពេញ​ទៅ​ដោយ​ រាគៈ​ ទោ​សៈ មោ​ហៈ​ លើស​ពី​សម័យ​មុន​ៗ​ ១​ ជា ១០​ ដង ឬ​ ១​ ជា​ ២០ ដង​ ក៏​អាច​ថា​បាន​ ។ សព្វថ្ងៃ​នេះ​ មនុស្ស​បាន​នាំ​គ្នា​ពពាក់​ពពូន​ជំពាក់​ជំពិន​លើ​អំពើ​ដុ​ត​កម្តៅ​ខ្លួន​ឯង​ គឺ​នាំ​គ្នា​ថ្ងូរ​ នាំ​គ្នា​ជូរ​ចត់​ក្នុង​ជី​វិត​របស់​ខ្លួន​ គេ​នាំ​គ្នា​បង្កើន​កិ​លេស​របស់​ខ្លួន​ គេ​ប្រា​ថ្នា​លើក​ខ្លួន​របស់​គេ​ជា​ម្ចាស់​ពិភព​លោក ។ ជាង​នេះ​ទៅ​ទៀត​ គំនិត​របស់​មនុស្ស​ម្នាក់​ៗ​ តែង​មាន​ការ​ប្រ​កាន់​យក​នូវ​របស់​មិន​ទៀង​ ជា​ទុក្ខ​ ជា​អនត្តា​ ថា​ជា​របស់​ទៀង​ ជា​សុខ​ ជា​អត្តា​ ។ ប៉ុន្តែ​ការ​ប្រ​កាន់​ និង​គំហើញ​របស់​គេ​ទាំង​នោះ​លទ្ធ​ផល​ចុង​ក្រោយ​ គឺ​សំណើច​លាយ​ទំនួញ​ ភាពសម្អប់​លាយ​ឡំ​ភាព​ស្រឡាញ់​ សម្លូត​លាយ​កំណាច​ជា​ដើម​ ដែល​ផ្លាស់​ប្តូរ​គ្នា​ទៅ​វិញ​ទៅ​មក​ឥត​ឈប់​ឈរ​ ស្ថិត​ក្រោម​លក្ខណៈ​ ដុត​បំផ្លាញ​ខ្លួន​ឯង​ដោយ​វិធី​ផ្សេង​ៗ​ យ៉ាង​មុខ​គួរ​ឲ្យ​សង្វេគ​ខ្លោ​ច​ផ្សា​ដោយ​គ្មាន​ដឹង​ខ្លួន​ឡើយ​ ។​ សូម​មេត្តា​ពិ​ចារ​ណា​នូវ​ពុទ្ធ​ភាសិត​មួយ​កន្លែង​ទៀត​ដូច​ខាង​ក្រោម​៖ " មិន​មាន​ភ្លើង​អ្វី​(ក្តៅ​)សើ្ម​ដោយ​រាគៈ មិន​មាន​ចង្រៃ​អ្វី​(​ឲ្យ​ទោស​)​ស្មើ​ដោយ​ទោសៈ មិន​មាន​សំណាញ់​អ្វី​(ស្មុគ​ស្មាញ​)​សើ្ម​ដោយ​មោ​ហៈ " តាម​ពុទ្ធ​ភា​សិត​ខាង​លើនេះ​ ស្តែង​ឲ្យ​យើង​ឃើញ​កាន់តែ​ច្បាស់​ថា សូម្បី​តែ​ភ្លើង​ពិត​ៗ​ ​ក៏​មិន​អាច​មាន​កម្តៅ​ស្មើ​ដោយ​​ភ្លើង​រាគៈ បាន​ឡើយ​ ។ ដូច្នេះ​ នរក​ក្នុង​លោក​នេះ​ គឺ​ជា​នរក​កាច​សាហាវ​ជា​ង​នរក​ស្រុក​ខ្មោច​ ព្រោះ​ភ្លើ​ង​ដ៏​ក្តៅ​គឺ​ រាគៈ ទោ​សៈ មោ​ហៈ​ នេះ​វា​ជា​ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ​ឬ​បង្កើត​ឲ្យ​មាន​នរក​ស្រុក​ខ្មោច​ ។ ស្រង់​ចេញ​ពី​សៀវ​ភៅ "តើ​នរក​មាន​ដែរ​ឬ​ទេ?" រៀប​រៀង​ដោយ ភិក្ខុ វជិរប្ប​ញ្ញោ​ សាន-សុជា​ ដោយ​៥០០០​ឆ្នាំ​
images/articles/859/Untitled-1.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១៤,៨៣៧ ដង)
១ នា​ទី​មាន​ប្រ​យោ​ជន៏ សម្លឹ​ង​ផ្នែក​ក្នុង​នៃ​ជី​វិត​ ទើ​បគិត​រកធម៌ ត្រូវ​សម្លឹង​ផ្នែក​ក្នុង​នៃ​ជីវិត​ ទើប​នឹង​មាន​ឱ​កាស​ បាន​ជួប​នូវ​សេច​ក្តី​សុខ​ស្ងប់​ដោយ​ពិត​ប្រាកដ​ទៅ​បាន​ ។ ទោះ​បី​ផ្នែក​ខាង​ក្រៅ​នៃ​ជី​វិត​ សម្បូរណ៌​ទៅ​ដោយ​សេច​ក្តី​សុខ​យ៉ាង​ណា​ក៏​ដោយ​ ថា​បើ​ផ្នែក​ខាង​ក្នុង​មាន​សេច​ក្តី​ក្តៅ​ក្រហាយ​ហើយ​ មិន​អាច​មាន​ឈ្មោះ​ថា​មាន​ជីវិត​ជា​សុខ​បាន​ឡើយ ។ ជី​វិត​ខាង​ក្រៅ​អា​ស្រ័យ​បច្ច័យ​ ៤​ តែ​ជី​វិត​ខាង​ក្នុង​អា​ស្រ័យ​ធម្មា​ហារ​ បាន​ដល់​អា​ហារ​គឺ​ ធម៌​ ។ ប្រៀប​ដូច​មនុស្ស​ដែល​មាន​អា​ហារ​ល្អ​ មាន​សម្លៀក​បំពាក់​ស្អាត​ ទី​នៅ​អា​ស្រ័យ​ក៏​មាន​រោគ​បៀត​បៀន​ប្រចាំ​កាយ​​ ដូច្នេះ​គឺ​មិន​អា​ច​មាន​​សេច​ក្តី​សុខ​ពេញ​ទី​ទៅ​បាន​ទេ​ ។ រោគ​ផ្លូវ​ចិត្ត​ដុត​រោល​ជី​វិត​ អា​ក្រក់​ក្រៃ​លែង​ជាង​រោគ​ផ្លូវ​កាយ​ដោយ​ពិត​ ព្រោះ​ហេតុ​នេះ​ ទើប​បាន​ពោល​ថា​ត្រូវ​សម្លឹង​ផ្នែកក្នុង​នៃ​ជីវិត​ ។ ស្រង់​ចេញ​ពី​ សៀវភៅ " មេរៀន​ជី​វិត​ " រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សា​វង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/860/Untitled-1.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១៦,១៨៧ ដង)
១​ នា​ទី​មាន​ប្រយោជន៍ ពន្លត់​ភ្នក់​ភ្លើង​ក្នុង​ចិត្ត​ សង្គម​ត្រ​ជាក់​ បើ​ខាង​ក្នុង​ចិត្ត​របស់​មនុស្ស​នៅ​មិន​ស្ងប់​ទេ ក៏​មិន​អាច​មាន​ឈ្មោះ​ថា​ស្ងប់​ដោយ​ពិត​ប្រាកដ​បាន​ឡើយ ។ សេចក្តី​ស្ងប់​ដ៏​មាំ​មួន​នោះ គឺ​ត្រូវ​ចេញ​ពី​ខាង​ក្នុង​ចិត្ត​របស់​មនុស្ស​ម្នាក់​ៗ​ គ្រប់​គ្នា​ក្នុង​សង្គម​ ដូច​គំនរ​ភ្នក់​ភ្លើង​ម្នាក់​មួយ​ភ្នក់​ កាល​បើ​ម្នាក់​ៗ​ ពន្លត់​ភ្នក់​ភ្លើង​ជា​របស់​ខ្លួន​បាន​ ភ្លើង​ជា​ចំណែករួម​ក៏​ឈ្មោះ​ថា​រលត់​ ភាព​ក្តៅ​រោល​រាល​ក្នុង​សង្គម​ក៏​ស្ងប់​រម្ងាប់​សល់​នៅ​តែ​ភាព​ស្ងប់​ត្រ​ជាក់​ប៉ុណ្ណោះ​ ។ សន្តិ​ភាពដ៏​មាំ​មួន អាច​កើត​ឡើង​បាន​ដោយ​វិធី​ជួ​យ​គ្នា​ពោល​គឺ​ កាល​បើ​ស្ងប់​ត្រជាក់​ក្នុង​ខ្លួន​​ឯង​ហើយ​ គួរ​គប្បី​ជួយ​អនុ​គ្រោះ​អ្នក​ដទៃ​ឲ្យ​ស្ងប់​ផង​ ។ ស្រង់​ចេញ​ពី​ សៀវភៅ " មេរៀន​ជី​វិត​ " រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សា​វង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/861/2026-07-19_15_43_33-Greenshot.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១៤,០៦៥ ដង)
១ នា​ទី​មាន​ប្រយោ​ជន៍ មាន​ធម៌​ទើ​ប​ចេះ​គ្រប់​ ការ​ខ្វះ​ខាត​ធម៌​ស្មើ​គ្នា​នឹង​ការ​ខ្វះ​ខាត​នូវ​អ្វី​ៗ​ គ្រប់​យ៉ាង​​ ការ​បណ្តុះ​បណ្តាល​ឲ្យ​មនុស្ស​មា​ន​ធម៌​ ក៏​ស្មើ​គ្នា​នឹង​ឲ្យ​មនុស្ស​មាន​អ្វី​ៗ​ គ្រប់​យ៉ាង​ដែរ​ ។ សេចក្តី​នេះ​គ្រប់​គ្នា​ពិ​សោធន៍​បាន​ដោយ​ខ្លួន​ឯង​ និង ​ពិសោធ​​ បាន​គ្រប់​ពេល​វេលា ។ ទោះ​ជា​មិន​បាន​សម្បត្តិ​ណា​ៗ​ ក៏​ដោយ​ សេច​ក្តី​សំខាន់​គឺ​នៅ​ត្រង់​មិន​ត្រូវ​ការ​ ដូច្នេះ​ សម្បត្តិ​តាំង​ពួង​ក៏​អស់​ន័យ​ ។ ការ​អស់​នូវ​សេច​ក្តី​ប្រាថ្នា​ ឈ្នះ​អស់នូវ​ទុក្ខ​ទាំង​ពួង​ ។ ស្រង់​ចេញ​ពី​ សៀវភៅ " មេរៀន​ជី​វិត​ " រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សា​វង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/862/2026-08-21_12_29_02-Leawo_Total_Media_Converter_Ultimate.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១៣,៩៩៦ ដង)
១ នាទី​មាន​ប្រយោជន៍ មិន​អប់​រំ​ចិត្ត​ ជា​ការ​ភ្លាំង​ភ្លាត់​របស់​មនុស្ស​ ក្នុង​លោក​បច្ចុប្បន្ន​ច្រើន​ដោយ​សម្ភារៈ ការ​ប្រជែង​គ្នា​ក៏​មាន​ច្រើន​ណាស់​ សេច​ក្តី​ត្រូវ​ការ​ក៏​ច្រើន​ អំពើ​ឃោ​រឃៅ​ក៏​ច្រើន ។ មនុស្ស​យើង​សព្វ​ថ្ងៃ​ រក​តែ​និយាយ​ឲ្យ​ត្រូវ​ថា​ ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ ក៏​និយាយ​មិន​បាន​ដែរ​ ។សេចក្តី​សុខ​សឹង​ដោយ​ប្រ​ក្រ​តី​ជា​របស់​រក​បាន​ងាយ​ ក៏​ត្រឡប់​ទៅ​ជា​រក​បាន​ដោយ​លំបាក​វិញ​ នេះ​ព្រោះ​មក​អំពី​ការ​ភ្លាំង​ភ្លាត់​របស់​មនុស្ស​យើង​ ពោល​គឺ​មនុស្ស​យើង​មាន​ការ​ព្រ​ងើយ​កន្តើយ​ដល់​ការ​អប់​រំចិត្ត​ មិន​ឃើញ​តម្លៃ​ក្នុង​ការ​ដុស​ខាត់​សម្អាត​ចិត្ត​របស់​ខ្លួន​ហ្នឹង​ឯង​ ។ ស្រង់​ចេញ​ពី​ សៀវភៅ " មេរៀន​ជី​វិត​ " រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សា​វង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/864/Untitled-1.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១៣,២៧៧ ដង)
១ នា​ទី​មាន​ប្រយោ​ជន៍ ឃើញ​តែ​ខ្លួន​ឯង​ តែង​ប៉ះ​ទង្គិច​អ្នក​ដទៃ​ មនុស្ស​យើង​ទោះ​ជា​បាន​ទទួល​ការ​សិក្សា​ខាង​ក្រៅ​ខ្ពង់ខ្ពស់​ដល់​ណា​ក៏ដោយ ចិត្ត​វិញ្ញាណ​របស់​មនុស្ស​មិន​អាច​ភ្លឺ​ស្វាង​ទៅ​បាន​ឡើយ​ លើក​លែង​តែ​ការ​បែរ​មក​សិក្សា​និង​បដិ​បត្តិ​ផ្នែក​ផ្លូវ​ចិត្ត​ផង​ប៉ុណ្ណោះ​ ។ ការ​សិក្សា​វិជ្ជា​ការ​ផ្សេង​ៗ​ជា​ខាង​ក្រៅ​ មិន​បាន​ជួយ​ឲ្យ​មនុស្ស​យើង​កាត់​បន្ថយ​នូវ​គំនិត​ គិត​តែ​ពី​ប្រយោជន៍ផ្ទាល់​ខ្លួន​នោះ​ឡើយ​ ។ ការ​ទាស់ទែង​គ្នា​ក្នុង​សង្គម​ រហូត​ដល់​ការ​កាប់​សម្លាប់​ប្រហារ​ជីវិត​គ្នា​នោះ​ គឺ​មក​ពី​ការ​ឃើញ​តែ​ខ្លួន​ឯង​ គិត​តែ​ជីវិត​របស់​ខ្លួន​មិន​គិត​ដល់​ជី​វិត​អ្នក​ដទៃ​ផង​ហ្នឹង​ឯង​ ។ ស្រង់​ចេញ​ពី​ សៀវភៅ " មេរៀន​ជី​វិត​ " រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សា​វង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/879/2026-08-21_12_12_09-Greenshot.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១៤,៣៤៣ ដង)
រឿង​ព្រហ្ម​ទត្ត​រាជ​កុ​មារ​ ( ​ចាក​ តិ. តិ. ) ( គួរ​ត្រេក​អរ​ចំ​ពោះ​ទណ្ឌ​កម្ម​ ដែល​អ្នក​មាន​គុណ​ដាក់​ឲ្យ​ ) កាល​ព្រះ​សម្ពុទ្ធ​ប​រម​គ្រូ​ គង់​នៅ​ព្រះ​ជេត​ពន​សុ​គន្ធ​កុ​ដី​ស្រី​ម​ហា​វិ​ហា​រ កាល​ថ្ងៃ​មួយ​ ព្រះ​អង្គ​ទ្រង់​សំដែង​ធម៌ប្រា​រព្ធ​នឹង​ភិ​ក្ខុ​មួយ​អង្គ​ ជា​អ្នក​ខឹង​ច្រើន​ឈ្មោះ​ទុព្វ​ច​ភិក្ខុ​ ដែល​ភិក្ខុ​ជា​ថេរៈ​ស្តី​ប្រ​ដៅ​មិនបាន​ ទ្រង់​លើក​យក​តិល​មុដ្ឋិ​ជា​តក​មក​សម្តែង​ប្រាប់​ភិក្ខុ​នោះ​ថាៈ​ អតី​ត​​ កាល​កន្លង​ទៅ​ហើយ​មាន​ព្រះ​រាជាមួយព្រះ​អង្គព្រះ​នាម​ព្រហ្ម​ទត្ត សោយ​រាជ្យ​ក្នុង​នគរ​ពារាណ​សី​ មាន​ព្រះ​រាជ​បុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ព្រហ្ម​ទត្ត​រាជ​កុ​មារ​ ។ កាល​ព្រះ​រាជ​បុត្រ​នោះ​ចំ​រើន​ព្រះ​ជន្ម​បាន​ ១៦​ វស្សា​ ទំ​នៀម​ខត្តិយ​ត្រ​កូល​សម័យ​នោះ​ ត្រូវ​តែ​បញ្ជូន​ឲ្យ​ទៅ​រៀន​សិល្ប​សាស្រ្ត​នៅ​ន​គរ​ដ​ទៃ​ ដើម្បី​ឲ្យ​ដឹង​សុខទុក្ខ​សព្វ​គ្រប់​ ។ ព្រះ​បាទ​ព្រហ្ម​ទត្ត​ ត្រាស់​ហៅ​ព្រះ​រាជកុ​មារ​ឲ្យ​ចូល​គាល់​ ទ្រង់​រំលឹក​ដាស់​តឿន​ សព្វ​គ្រប់​ឲ្យ​យល់​ច្បាប់​ម​នុស្ស​ធម៌ ហើយ​ទ្រង់​ព្រះ​រាជ​ទាន​ប្រាក់​ ១​ សែន​ក​ហា​ប​ណៈ​ និង​បង្វិល​ចំ​ណី​អា​ហារ​មួយ​ បញ្ជូន​ទៅ​ក្រុង​តក្កសិ​លា​តែ​មួយ​ព្រះ​អង្គ​ឯង ។ ព្រះ​រាជ​កុ​មារ​ថ្វាយ​បង្គំ​លា​ព្រះ​រាជ​បិ​តា​ មាតា​ យាង​ចេញ​ទៅ​មិន​យូរ​ប៉ុន្មាន​បាន​ដល់​ក្រុង​តក្ក​សិលា​ ស៊ើប​សួរ​រក​ផ្ទះ​អា​ចារ្យ​ទិ​សាបា​មោក្ខ​ បាន​ឃើញ​ចូល​ទៅ​ថ្វាយ​បង្គំ​ សុំ​រៀន​សិល្ប​សាស្ត្រ​ ។ អា​ចារ្យ​ទិ​សា​បា​មោក្ខ​សួរ​ថា​ មក​រៀន​នេះ​មាន​ឈ្នួល ​ឬ​ ឥត​ឈ្នួល​ បើ​មាន​ឈ្នួល​រៀន​ទាំង​យប់​ទាំង​ថ្ងៃ​ឥត​ធ្វើ​ការ​អ្វី​ទេ​ បើ​ឥត​ឈ្នួល​​រៀន​បាន​តែ​យប់​ ថ្ងៃ​ធ្វើ​ការ​នេះ​ជាទំ​នៀម​អ្នក​មក​រៀន​ក្នុង​សំ​ណាក់​ខ្ញុំ​ ។ ព្រះ​រាជ​កុ​មារ​ទ្រង់​ព្រះ​សណ្តាប់​ដូច្នោះ​ហើយ​ លើក​យក​ថង់​ប្រាក់​ ១សែន​ ទៅ​បូ​ជា​អា​ចារ្យ​ប្រាប់​ថា​នេះ​គឺ​ជាថ្លៃ​ឈ្នួល​ ។ អា​ចារ្យ​ទិ​សាបា​មោក្ខ​ កាល​បើ​បាន​ទទួល​រង្វាន់​ហើយ​ ក៏​ខំ​បង្រៀន​ដរាប​ដល់​ចេះ​សិល្ប​សាស្ត្រ​​សព្វ​គ្រប់​ ។ ថ្ងៃ​មួយ​នាំ​ព្រះ​រាជ​កុ​មារ​ទៅ​ស្រង់​ទឹក​ក្នុង​ស្ទឹង​ ទៅ​ដល់​ពាក់​កណ្តាល​ផ្លូវ​ ព្រះ​រាជ​កុ​មារ​ទត​ឃើញ​យាយ​ចាស់​ម្នាក់​ កំ​ពុង​ហាល​ល្ង​ ក៏​ទ្រង់​កើប​យក​១​ ក្តាប់​ធំ​ សោយ​ហើយ​យាង​ហួស​ទៅ​ដល់​ត្រឡប់​មក​វិញ​យក​ ១​ក្តាប់​ធំ​ទៀត​ ទ្រង់​យាង​កើប​ល្ងយាយ​​ចាស់​យ៉ាង​នេះ​ជា​រាល់​ពេល​ យាយ​ចាស់​ខឹង​ក៏​ស្រែក​ជេរ​ដៀល​ដល់​អា​ចារ្យ​ទិ​សា​បា​មោក្ខ​ថា​ មិន​ចេះ​ប្រ​ដៅ​សិស្ស​ ។ លោក​អា​ចារ្យ​រំ​លឹក​ប្រ​ដៅ​ដល់​ព្រះ​រាជ​កុ​មារ​អស់​វារៈ​បី​ដង​ ព្រះ​រាជ​កុ​មារ​នៅ​តែ​ប្រ​ព្រឹត្ត​ដូច្នេះ​ ។ លោក​អា​ចារ្យ​ក៏​ឲ្យ​សិស្ស​ ដទៃ​ចាប់​ព្រះ​រាជ​កុ​មារ​ចង​ ហើយវាយ​ប្រ​ដៅ​បី​រំ​ពាត់​ ប្រ​ដៅ​ទូន្មាន​ អំ​ពីទោស​ការ​លួច​ទ្រព្យ​គេ​សព្វ​គ្រប់​ ។ ព្រះ​រាជ​កុ​មារ​ ទ្រង់​ក្រោធ​ពិ​រោធ​ ស្រក់​ទឹក​ព្រះ​នេត្រ​ចង​គំ​នុំ​ ក្នុង​ព្រះ​ទ័យ​ថា​ បើ​បាន​សោយ​រាជ្យ​ពេល​ណា​នឹង​ឲ្យ​រាជ​បុ​រស​ហៅ​លោក​អា​ចារ្យ​នេះ​ ទៅ​វាយ​ធ្វើ​ទោស​ដល់​ជី​វិត​វិញ​ ។ ស​ម័យ​ក្រោយ​មក​​ ព្រះ​រាជ​កុ​មារ​លា​អា​ចារ្យ​ត្រ​ឡប់​ទៅ​ព្រះ​នគរវិញ​​ បាន​ផ្តាំ​នឹង​លោក​អា​ចារ្យ​នោះ​ថា​បើ​ ខ្ញុំ​បាន​សោយ​រាជ្យ​ ខ្ញុំ​ឲ្យ​រាជ​បុ​រស​អញ្ជើញ​លោក​អា​ចារ្យ​ទៅ​ជប់​លៀង​ តប​ស្នង​សង​គុណ​ សូម​លោក​អា​ចារ្យ​អញ្ជើញ​កុំ​ខាន​ ។ លោក​អា​ចារ្យ​ដឹង​ឧ​បាយ​កល​ ថា​ចង់​ចង​ពៀរ​នឹង​ខ្លួន​ហើយ​ ទទួល​ថា​ចាំ​ទៅ​លេង​ ។ ព្រះ​រាជ​កុ​មារ​ ក៏​យាង​ត្រ​ឡប់​ទៅ​ នគរ​ពារាណ​សី​ទៅ​ ទៅ​សម្តែង​សិល្ប​សាស្ត្រ​ថ្វាយ​ព្រះ​បិ​តា​សព្វ​គ្រប់​ ព្រះ​រាជ​បិ​តា​ទ្រង់​សព្វ​ព្រះ​រាជ​ហ​ឫ​ទ័យ​ចង់​ទត​ឃើញ​រាជ​សម្បត្តិ​រ​បស់ព្រះ​រាជ​បុត្រ​ ទាន់​ព្រះ​អង្គ​ទ្រង់​ព្រះ​ជន្ម​នៅ​ ក៏​លើក​រាជ​សម្បត្តិ​ថ្វាយ​ព្រះ​រាជ​បុត្រ​អ​ភិ​សេក​ជា​ក្សត្រ​ក្នុង​ក្រុង​ពា​រាណ​សី​នោះ​ឯង ថ្វាយ​ព្រះ​នាម​ថា​ ព្រះ​បាទ​ព្រហ្ម​ទត្ត​រាជ​កុ​មារ​ ។ ព្រះ​បាទ​ព្រហ្ម​ទត្ត​រាជ​កុ​មារ​នោះ​ កាល​បើ​បាន​សោយ​រាជ្យ​ហើយ​ ទ្រង់​រំលឹក​ឃើញ​គំ​នុំ​ចំ​ពោះ​អា​ចារ្យ​ទិ​សា​បា​មោក្ខក៏​ត្រាស់​បង្គាប់​រាជ​បុ​រស​ ឲ្យ​ទៅ​អញ្ជើញ​លោក​អា​ចារ្យ​នោះ​មក​ ។ លោក​អា​ចារ្យ​បាន​ទទួល​សេច​ក្តី​អញ្ជើញ​ហើយ​ គិត​ពិ​ចារណា​ថា​ ព្រះ​រា​ជា​វ័យ​នៅ​ក្មេង​ណាស់​ អត្មាអញ​ទៅ​ទូ​ន្មាន​មិន​ទាន់​បាន​ទេ​ ចាំ​ដល់​ពាក់​កណ្តាល​វ័យ​ចាំ​ទៅ​ គិត​ដូច្នេះ​ហើយ​ ក៏​ផ្តាំ​នឹង​រាជ​បុ​រស​ឲ្យ​ទៅ​ក្រាប​ទូល​ព្រះ​រាជា​វិញ​ថា​មាន​កិច្ច​រ​វល់​ចាំ​ហើយ​កិច្ច​ នឹង​មក​ក្រាប​បង្គំ​គាល់​ជា​ពុំ​ខាន​ ព្រោះ​នឹក​រ​លឹក​ព្រះ​រា​ជា​ណាស់​ ។ ដល់​ព្រះ​រា​ជា​ស្ថិត​ក្នុង​មជ្ឈិម​វ័យ​ហើយ​ អា​ចារ្យ​ទិសា​បា​មោក្ខ​ ក៏​ចូល​ទៅ​​ក្រាប​បង្គំ​គាល់​ ។ ព្រះ​រាជា​ទត​ឃើញ​ ទ្រង់​ធ្វើ​ប​ដិ​សណ្ឋារ​កិច្ច​ហើយ​ ហៅ​រាជ​បុ​រស​មក​ប្រាប់​ថា​ នែ​រាជ​បុ​រស​ខ្នង​អញ​ឈឺ​ពើក​ខ្លាំង​ណាស់​ ព្រោះ​លោក​អា​ចារ្យ​វាយ​អញ​បី​រំពាត់​ជា​យូរ​ហើយ​ កាល​អញ​នៅ​រៀន​នឹង​គាត់​ ឥ​ឡូវ​ត្រូវ​ឯង​រៀប​ប្រគល់​មច្ចុ​រាជដល់​គាត់​វិញ​ ជា​ការ​តប​ស្នង​សង​គុណ​រ​បស់​អញ ។ អា​ចារ្យ​ទិសា​​បា​មោក្ខ​ ទូល​សុំ​ព្រះ​រាជ​វ​រោ​កាស​សម្តែង​ធម៌​ថ្វាយ​ថា​ " បើ​បុគ្គល​ណា​មួយ​ឃើញ​កូន​ ប្រុស​ស្រី​ក្តី​ កូន​សិស្ស​ក្តី​ ធ្វើ​នូវ​អំ​ពើ​អា​ក្រក់​ មាន​សម្លាប់​សត្វ​ជា​ដើម​ លួច​ទ្រព្យ​គេ​ ផឹក​ស្រា​ជា​ដើម​ ហើយ​ជេរ​ស្តី​វាយ​ប្រ​ដៅ​ឲ្យ​លះ​បង់​អំ​ពើ​អា​ក្រក់​នោះ​ចេញ​ បុគ្គល​នោះ​ឈ្មោះ​ថា​ប្រ​សើរ​ព្រោះ​អាច​ញុំាង​កូន​ប្រុស​ស្រី កូន​សិស្ស​នោះ​ ឲ្យ​ដល់​នូវ​សេច​ក្តី​ប្រ​សើរ​ទាំង​​ ៤​យ៉ាង​គឺ​ ប្រ​សើរ​ដោយ​មារ​យាទ​១ ដោយ​លំ​អរ​១ ដោយ​ភេទ​១ ដោយ​ត្រាស់​ដឹង​១​ ។ ដូចជាព្រះ​រាជា​ បើ​កុំ​បាន​ទូល​ព្រះ​បង្គំ​បង្រៀន​ រំ​លឹក​ទូ​ន្មាន​វាយ​​ប្រ​ដៅ​ ធ្វើ​ម្តេច​នឹង​បាន​សោយ​រាជ្យ​ ដោយ​ឆាប់​រ​ហស័ដូច្នេះ​ ។ ក្នុង​ពេល​នោះ​ពួក​អា​មាត្រ​ នា​ម៉ឺន​សព្វ​មុខ​មន្រ្តី​ដែល​អង្គុយ​គាល់​ទាំង​ប៉ុន្មាន​ ក៏​លាន់​មាត់​ក្រាប​ទូល​ថា​ប​ពិត្រ​ព្រះ​សម្មតិ​ទេព​​ ពាក្យ​លោក​អា​ចារ្យ​សំ​ដែង​នោះ​ពិត​ណាស់ៗ រាជ​សម្បត្តិ​ដែល​ព្រះ​ក​រុ​ណា​គ្រប់​គ្រង​​នេះ​គឺ​ពិត​ជា​កើត​មក​អំ​ពី​អា​ចារ្យ​ទិ​សា​បា​មោក្ខ​នេះ​ឯង ។ ព្រះ​រាជា​ក៏ភ្ញាក់​ព្រះ​រាជ​ហ​ឫ​ទ័យ​រំ​លឹក​ឃើញគុណ​គ្រូ​អា​ចារ្យ​ច្បាស់​ក្នុង​ពេល​នោះ​ ទើប​លើក​រាជ​សម្បត្តិ​ជូន​លោក​អា​ចារ្យ​ៗ ថ្វាយ​ទៅ​វិញ​សូម​តែ​សេច​ក្តី​សុខ​ ។ ព្រះ​រាជាក៏​ឲ្យ​រាជ​បុ​រស​ ទៅ​នាំ​យក​គ្រួសារ​លោក​អា​ចារ្យ​ទាំង​អស់​មក​ចិញ្ចឹម​ ទំ​នុក​បំ​រុង​ឲ្យ​នៅ​ក្នុង​ព្រះ​រាជ​វាំង​ដូច​ជា​ព្រះ​ជនក​ ព្រះ​ជន​នី​រ​បស់​ព្រះ​អង្គ​ដ​រាប​ណា​ដល់​​ព្រះ​ជន្មា​វសាន​ ។ ប្រជុំ​ជា​តក​ ព្រះ​បាទ​ព្រហ្ម​ទត្ត​រាជ​កុ​មារ​ក្នុង​កាល​នោះ​គឺ​ ទុ​ព្វ​ច​ភិក្ខុ​អ្នក​ខឹង​ច្រើន​នេះ​ឯង​ ឯអាចា​រ្យ​ទិសា​បា​មោក្ខ​គឺ​ ព្រះ​ត​ថា​គត​ជា​ប​រម​គ្រូ​ ។ បាន​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រជុំ​និ​ទាន​ជា​តក ដោយ​៥០០០​ឆ្នាំ​
images/articles/1044/2026-08-19_19_35_50-_____________________________________________-___________________________-________________P__l_____Sanskrit___Khmer_Dictionar.jpg
ផ្សាយ : ២០ សីហា ឆ្នាំ២០២៦ (អាន: ២៥,៦២៣ ដង)
មាន​មនុស្ស​ជា​ច្រើន​ចេះ​តែ​គិតខ្វល់​ដល់​អនាគត ។ តាម​ពិត​ រឿង​ដែល​នាំ​ឲ្យ​យើង​មាន​នូវ​កង្វល់​នោះ វា​អាច​មិន​កើត​ឡើង​ដូច​ដែល​យើង​បាន​គិត​ខ្វល់​ទុក​នោះ​ផង កាល​បើ​យ៉ាង​នេះ ការ​គិត​ខ្វាយ​ខ្វល់​របស់​យើង​ក៏​ទៅ​ជា​ទុក្ខ​កង្វល់​វា​គឺ​ជា​អកុសល​ផ្លូវ​ចិត្ត ទាំង​មិន​មែន​ជា​ឧបាយ​សម្រាប់​ដោះ​ស្រាយ​នូវ​បញ្ហា​ទៀត​ផង ។ការ​គិត​ព្រួ​យបារម្ភ​ដល់​រឿង​ដែល​មិន​ទាន់​មក​ដល់​ផ្ទុយ​គ្នា​អំពី​ការ​ពូកែ​គិត ។ ការ​ពូកែ​គិត​គឺ​យោនិសោមន​សិការ​រឹត​តែ​គិត​រឹត​តែ​នាំ​ឲ្យ​មាន​បញ្ញា ប្រៀប​ដូច​ជា​ការ​សំលៀង​កាំបិត​ដោយ​ត្រឹម​ត្រូវ​តាម​វិធី​សំលៀង​ដូច្នោះ​ឯង ។ ការ​គិត​ព្រួយ ឬ​គិត​ខ្វល់​អំពល់​ក្នុង​ចិត្ត បើ​រឹត​តែ​គិត រឹត​តែ​ឈឺ​ក្បាល​នាំ​ឲ្យ​រវើរវាយ​រាយ​មាយ ធ្វើ​អ្វី​ៗ​ចេះ​តែ​ភ្លឹក​ៗ ភ្លេច​ៗ ហើយ​ក៏​ជា​ទុក្ខ​មាន​មុខ​ក្រៀម​ក្រំ ថែម​ទាំង​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​នូវ​ប្រាជ្ញា​ស្មារតី​ទៀត​ផង ប្រៀប​ដូច​យក​មុខ​កាំ​បិត​ទៅ​អារ​នឹង​ថ្ម​អីចឹង​ឯង រឹត​តែ​រឹល ។ មនុស្ស​ដែល​ពូកែ​គិត គឺ​គេ​គិត​យ៉ាង​មាន​របៀប និង​ត្រឹម​ត្រូវ​ទៅ​តាម​ហេតុ​ផល គិត​ហើយ​បាន​ការ​បាន​ប្រយោជន៍​ដូច​ជា​ការ​គិត​ដល់​សេចក្តី​ស្លាប់ អ្នក​ដែល​មិន​ពូកែ​គិត​ ឬ​ចេះ​តែ​គិត​ខ្វល់​នោះ រមែង​ភ័យ​ខ្លាច​ស្លាប់ ហួង​ហែង​មុខ​ក្រោយ​ថា​តើ​ស្លាប់​ទៅ​កូន​ចៅ​យក​ទៅ​ដុត​នៅ​វត្ត​ណា វត្ត​នោះ​មិន​ល្អ​ទេ ឯ​វត្ត​នោះ​វិញ​ត្រូវ​អស់​ថ្លៃ​ច្រើន ឳ! បើ​អញ​ស្លាប់​ទៅ​កូន​ចៅ​ត្រូវ​លំបាក តើ​គេ​អាច​នឹង​រស់​នៅ​បាន​យ៉ាង​ដូម្តេច​ទៅ​ទេ! អញ​មិន​ចង់​ស្លាប់​ឡើយ អញ​ត្រូវ​នៅ​រស់​ត​ទៅ​ទៀត ...។ ចំណែក​អ្នក​ដែល​ពូកែ​គិត​វិញ គេ​បាន​ប្រយោជន៍​ច្រើន​ណាស់​សូម្បី​គេ​គិត​ដល់​រឿង​ស្លាប់​យ៉ាង​នេះ​ក៏ដោយ​ចុះ គឺ​គិត​ទៅ​តាម​សេចក្តី​ពិត​នៃ​ជីវិត ។ មនុស្ស​យើង​គ្រប់​គ្នា កើត​មក​ហើយ​រមែង​តែង​តែ ស្លាប់​ ។ អ្វី​ៗ នៅ​ក្នុង​លោក​នេះ​ វា​ជា​របស់​លោក​នេះ​ឯង អ្នក​ស្លាប់​ពុំ​អាច​យក​អ្វី​ទៅ​បាន​ទេ សម្បី​តែ​រូប​រាង កាយ​របស់​ខ្លួន ។ បើ​ពោល​ពី​ការ​សន្សំ​របស់​ចិត្ត អ្នក​ស្លាប់​រមែង​យក​បាន​នូវ​កម្ម​ល្អ​និង​កម្ម​អាក្រក់ ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ជាប់​ទៅ​ជា​មួយ​ព្រោះ​ដំណើរ​ជីវិត​ជា​ក្រសែ​របស់​ចិត្ត ។ អ្នក​ធ្វើ​បាប​ច្រើន រស់​នៅ​ក៏​មិន​សុខ លុះ​ដល់​ស្លាប់​ទៅ​ក៏​មិន​ជា​សុខ​ដែរ ឯ​អ្នក​ជំនាន់​ក្រោយ​ជេរ​ប្រទេច​ផ្តាសា ។ ចំណែក​អ្នក​ធ្វើ​ល្អ​បាន​ច្រើន និង​មាន​ចិត្ត​ជា​បុណ្យ​កុសល​វិញ​រមែង​រស់​នៅ​ក៏​ជា​សុខ លុះ​ដល់​ស្លាប់​ទៅ​ក៏​ជា​សុខ​ដែរ ឯ​មនុស្ស​ជំនាន់​ក្រោយ​ដែល​ជា​ញាតិ​មិត្ត​បង​ប្អូន ក៏​ជា​សុខ​មាន​មុខ​មាត់​កិត្តិយស​ផង​ដែរ ។ ព្រោះ​ហេតុ​ដូច្នេះ អាត្មា​អញ​គួរ​លះ​បង់​ចោល​នូវ​បាប​អកុសល ហើយ​ខំ​ប្រឹង​ប្រែង​ធ្វើ​អំពើ​ល្អ ។ ទាំង​នេះ​ជា​សេចក្តី​ពិត​នៃ​ជីវិត​ ដែល​អ្នក​ពូកែ​គិត​សម្រច​បាន​នូវ​ប្រយោជន៍​ពី​ការ​គិត​របស់​គេ ។ ម្យ៉ាង​ទៀត អ្នក​ពូកែ​គិត គេ​អាច​គិត​ថា បើ​មនុស្ស​យើង​មិន​ស្លាប់​ទេ ចេះ​តែ​ចាស់​រហូត​ទៅ ចាស់​ទៅ​ជរា​ទៅ​មិន​ចេះ​ស្លាប់​សោះ​អី​ចឹង ពិត​ប្រាកដ​ជា​លំ​បាក​ខ្លាំង​ណាស់ ។ សេចក្តី​ស្លាប់​គឺ​ជា​ការ​ជួយ​ម្យ៉ាង ដែល​បាន​ធ្វើ​ឲ្យ​យើង​រួច​ពី​ទុក្ខ​លំបាក​អស់​កាល​ដ៏យូរ​ក្នុង​ជរាភាព ។ សេចក្តី​ទុក្ខ​ខ្លះ​មាន​នៅ​ក្នុង​រោគ​ដែល​មិន​អាច​ព្យាបាល​ទៅ​បាន មើល​ថែ​យ៉ាង​ណា​ក៏​​មិន​ជា​ មាន​សេចក្តី​ស្លាប់​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​រោគាព្យាធិនោះ​ៗ អស់​ទៅ​បាន គឺ​ត្រូវ​បញ្ចប់​ជំងឺ​ជា​មួយ​នឹង​ការ​បូជា​សាកសព ។ កាល​គិត​យល់​ដូច្នេះ​ហើយ គេ​រមែង​មិន​ខ្លាច​ស្លាប់ ថែម​ទាំង​មាន​ចិត្ត​ស្រស់​បស់ ព្យាយាម​ធ្វើ​នូវ​អំពើ​ល្អ​លះ​បង់​ចោល​នូវ​អំពើ​អាក្រក់​ផ្សេង​ៗ​ទៀត​ផង ។ ការ​គិត​ដល់​សេចក្តី​ស្លាប់​ដោយ​គំនិត​ឆ្លាត មិន​ទំនាស់​នឹង​សេចក្តី​ពិត រមែង​នាំ​មក​នូវ​សេចក្តី​សុខ​ស្ងប់ លះ​បង់​នូវ​សេចក្តី​ស្រវឹង​នឹង​ជីវិត ព្រម​ទាំង​លោភៈ ទោសៈ មោហៈ ចោល​ចេញ​ពី​ចិត្ត​សន្តាន ។ បុគ្គល​អ្នក​មាន​នូវ​បញ្ញាពិចារណា ពូកែ​គិត រមែង​មិន​កើត​ទុក្ខ​ទុក​ជា​មុន​ឡើយ មាន​តែ​បាន​នូវ​សេចក្តី​សុខ​ទៅ​វិញ​សូម្បីក្នុង​រឿង​ដែល​ថា​គួរ​តែ​ទុក្ខ​ដ៏​ដោយ ។ មាន​ពេល​ខ្លះ​មនុស្ស​យើង​កើត​ទុក្ខ​ភ័យ​ព្រួយ​ ព្រោះ​ខ្លាច​បាត់​បង់​នូវ​លាភ​សក្ការៈ ឬ​យស​ស័ក្តិ ។ តាម​ពិត សូម្បី​តែ​ជីវិត​ខ្លួន​ឯង​ក៏​ការពារ​មិន​បាន​ផង ។ ប្រសិន​បើ​ត្រូវ​ស្លាប់​ថ្ងៃ​នេះ តើ​ថ្ងៃ​ស្អែក​លាភយស​នឹង​ជា​របស់​យើង​ដូចម្តេច​បាន​ទៅ ។ មាន​ពេល​ខ្លះ​នោះ យើង​ភ័យ​ខ្លាច​លាភយស​ធ្លាក់​ទៅ​ជា​របស់​អ្នក​ដទៃ រហូត​ដល់​រក​សេចក្តី​សុខ​ជា​មួយ​នឹង​លាភ​យស​ដែល​កំពុង​តែ​មាន​មិន​បាន​ទៀត​ផង ។ តាម​ពិត វា​មិន​មាន​លាភយស​ឯ​ណា​ប្រសើរ​ជាង​ការ​សុខ​ចិត្ត​ឡើយ ។ មនុស្ស​យើង​រមែង​វង្វេង​គិត​ថា អ្វី​ៗ​គប្បី​បាន​មក​ជា​របស់​យើង នេះ​ព្រោះ​មក​អំពី​ភ្លេច​គិត​ថា ខ្លួន​ឯង​អាច​ស្លាប់ បាន​គ្រប់​វេលា និង​ព្រោះ​មក​អំពី​មិន​បាន​យល់​ថា​អ្វី​ៗ ទាំង​អស់​រមែង​កើត​ឡើង​ព្រោះ​ហេតុ ។ មាន​រឿង​ខ្លះ មនុស្ស​យើង​ភ័យ​ខ្លាច​ថា​គេ​នឹង​ឈប់ ស្រឡាញ់​ខ្លួន លុះ​ដល់​ទី​បំផុត​ខ្លួន​ឯង​ទៅ​វិញ​សោះ ដែល​ឈប់​ស្រឡាញ់​គេ​ពុំ​នោះ​សោត​ទេ ដល់​ពេល​គេ​ឈប់​ស្រឡាញ់​ខ្លួន​មែន ខ្លួន​ឯង​ក៏​មិន​មាន​សេចក្តី​ទុក្ខ​អ្វី​បន្តិច​បន្តួច​ឡើយ បែរ​ជា​ដឹង​ខ្លួន​ថា ខ្លួន​មាន​នូវ​សេរីភាព​ទៅ​វិញ ។ សរុប​សេចក្តី​មក ការ​កើត​ទុក្ខ​ទុក​ជា​មុន គឺ​ជា​មេរោគ​ដែល​បំផ្លាញ​សុខភាព​របស់​ចិត្ត ត្រូវ​កម្ចាត់​បង់​ដោយ​ការ​ហ្វឹក​ហាត់​អប់​រំ​ចម្រើន​បញ្ញា យល់​អំពី​ការ​ពិត​នៃ​ជីវិត​គ្រប់​យ៉ាង ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ សុខចិត្ត រៀបរៀងដោយ លោកគ្រូ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។​ វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1047/Untitled-1.jpg
ផ្សាយ : ២០ សីហា ឆ្នាំ២០២៦ (អាន: ១៩,០១៣ ដង)
សេចក្តី​លំបាក​ជា​រដូវ​កាល​នៃ​ជីវិត ដូច​ជា​ដើម​ឈើ​ដែល​បាន​ឆ្លង​កាត់​រដូវ​កាល​ទាំង​៣ ហើយ ទើប​ចម្រើន​លូត​លាស់​បាន​ផ្លែ​បាន​ផ្កា ។ សេចក្តី​លំបាក​ធ្វើ​ឲ្យ​យើង​យល់​ពី​ខ្លួន​ឯង យល់​ពី​ញាតិ​មិត្ត និង​យល់​ពី​អ្នក​ដទៃ​ទៀត ។ បុគ្គល​ដែល​មាន​ចិត្ត​រឹង​ប៉ឹង កាល​ដែល​មាន​ទុក្ខ​លំបាក​រមែង​រឹង​រឹត​តែ​រឹង​ប៉ឹង​ឡើង និង​តាំង​ចិត្ត​ឆ្ពោះ​មុខ​ទៅ​រក​សេចក្តី​ល្អ ធ្វើ​ល្អ​ខ្លាំង​ឡើង ដើម្បី​យក​ឈ្នះ​នូវ​សេចក្តី​លំបាក​នោះ​ឯង ។ ភ្លើង​ឆេះ ខ្ទេច ព្រៃ អ្វី​ទៀត​ អនេក តែ​ ធ្វើ​ ឲ្យ​ ដែក រឹង​រឹត តែ រឹង ទុក្ខ​ដុត​មនុស្ស​ខ្សោយ​ឲ្យ​ប្រាស​ទី​ពឹង តែ​បែរ​មនុស្ស​រឹង ត្រាស់​ដឹង​សច្ចៈ ។ មិន មាន​ អ្វី ស ល្អ ជាង គុណ​ធម៌ ខន្តី បវរ តស៊ូ ឥត អាក់ ទឺក​តែ​មួយ​ផ្តិល ត្រឹម​សើម​ប្រឡាក់ ព្យាយាម​ដង​ចាក់​ដាក់​ពេញ​អាង​ធំ ។ វីរោ ប្រែ​ ថា អ្នក ក្លា អង់​អាច ទុក្ខ​ខ្លាំង មិន​ខ្លាច ព្រោះ​អាច ផ្សំផ្គុំ ព្យាយាម ខន្តី​ បញ្ញា អប់រំ ឈ្នះ​អស់ ទុក្ខ​ធំ ជួប​ជុំ គុណ​គាប់ ។ លទ្ធផល ការងារ ជា​តម្លៃ មនុស្ស ធ្វើ ការ​ដូច ព្យុះ ជម្រុះ អភ័ព្វ ជម្នះ ឧបសគ្គ ប្រចក្ស កំណប់ គុណធម៌​ជា​ទ្រព្យ ជាប់​តាម​ជីវិត ។ មនុស្ស​ដែក រឹង​ប៉ឹង តែ​មិន​ រឹងរូស ព្យាយាម ជម្រុះ មានៈ ក្នុង ចិត្ត ទន់ កាយ វាចា មេត្តា មាន​ពិត តែ​រឹង​ ប្រព្រឹត្ត សុចរិត ដូច ដែក ។ មនុស្ស​ទឹក ទន់​មែន តែ​មិន​ទន់ ខ្សោយ ហូរ គ្មាន ថយ ក្រោយ ឲ្យ រស់ តាម ផ្នែក រុក្ខជាតិ មនុស្ស សត្វ សម្បត្តិ ល្អ ឯក មនុស្ស​ទឹក ដោយ​ឡែក​ពី​មនុស្ស​ទន់​ខ្សោយ ។ មនុស្ស​ទឹក ដូច ទឹក ដក់ នៅ​ទី​ខ្ពស់ តែង ហូរ ធ្លាក់ ចុះ ប្រទាន អំណោយ មាន មេត្តា ចិត្ត ឧទ្ទិស ផល ឲ្យ ពួក​ប្រេត​បាន​សោយ ក្តី​សុខ​ដោយសារ ។ មនុស្ស​ទឹក ថ្លា ស្អាត ដូច ស្រះ បោក្ខរណី សម នឹង ឧបមេយ្យ វចី ថ្លៃ ថ្លា ព្រមទាំង ត្រជាក់ អម្រឹត រសា ស្រោច សត្វ លោកា វាចា ធម្មទាន ។ មនុស្ស​ទឹក តែង​លាង​នូវ​គ្រឿង​ស្មោក​គ្រោក ជា ទី បរិភោគ តាម ការ​ស្រេក ឃ្លាន មនុស្ស​ទឹក​សង្គ្រោះ ដោយ​ការ​ទូន្មាន ដែល​អាច​ប្រៀប​បាន នឹង​ទឹក​បរិសុទ្ធ ។ មនុស្ស​ទឹក ទទួល លាង​គ្រប់​អារម្មណ៍ ស្អាត ស្អុយ ភក់ ជ្រាំ ទ្រាំ បាន​បំផុត មិន អរ មិន ខឹង សម្លឹង មោះ​មុត ចិត្ត ចេតសិក សុទ្ធ​ទទួល អារម្មណ៍ ។ មនុស្ស​ដី ទាប ពិត ជីវិត ឥត ថោក ទ្រទ្រង់ សត្វ​លោក ដោយ​សីល​រឹង​មាំ សត្វ​លោក​បានរស់ ព្រោះ​សីល​ឧត្តម មាន​សីលស័ក្តិសម ជា​មនុស្ស​ផែនដី ។ មនុស្ស​ដី ប្រឹង ប្រែង ទ្រ គ្រប់ ភារៈ កិច្ចការ មាន​ ជាក់ ចាត់​ចែង ឃ្មាត​ខ្មី មិន បោះ​បង់ ចោល ការ​ងារ ប្រពៃ ប្រៀប ដូច ផែន ដី ទ្រ គ្រប់ ភារៈ ។ មនុស្ស​ដី ព្រម រ៉ាប់​រង គ្រប់ ទាំង​អស់ អាក្រក់​ល្អ​ស​ស្មោះ​គ្រប់​របស់​ដែល​ធ្លាក់ ដូច ជា ផែនដី មាន ន័យ ជាក់​លាក់ អារម្មណ៍ តែង ធ្លាក់ ចិត្ត ជាក់​កិលេស មន្ទិល ឆ្អាប ឆ្អេះ កិលេស ក្រោធ ខឹង ដូច ភ្លើង ឆេះ ព្រៃ ក្នុង ន័យ ខំ ប្រឹង ព្យាយាម សម្លឹង អនិច្ចំ ជីវិត ។ មនុស្ស​ភ្លើង ឆេះ ភ្លឺ ពន្លឺ ប្រាជ្ញា កម្ចាត់ ឆេះ បំភ្លឺ គឺ ជា និមិត្ត យល់ ដឹង ការពិត ប្រទីប បញ្ញា ។ មនុស្ស​ភ្លើង កក់ ក្តៅ នៅ​ក្នុង ជីវិត អប់ ឧណ្ហ៍ ផ្លូវ​ ចិត្ត បំបាត់ សោកា រងា អាំង ភ្លើង មាន ន័យ ខ្លឹមសារ មនុស្ស​មាន​បញ្ញា បាន​ការ​កក់​ក្តៅ ។ មនុស្ស​ខ្យល់ រវល់ នៅ​ក្នុង​ការងារ គ្រប់គ្រា តែង​ប្រឹង សម្លឹង ទិស​ដៅ​ ដូច​ខ្យល់ តែង​តែ បក់ មក បក់​ទៅ បក់ តាម រដូវ ត្រូវ តាម ទិសា ។ មនុស្ស​ខ្យល់ មិន​ខ្វល់​នៅ​ក្នុង​ដួង​ចិត្ត ​ល្ហែ​ល្ហើយ ពេក ពិត ត្បិត​បាន​ផលា ការងារ​សម្រេច ព្រោះ​តែ​ឧស្សាហ៍ ដូច​ខ្យល់ បក់​ផ្កា សាយ​ក្លិន​ក្រអូប ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ សុខចិត្ត​ និងគុណ​ភាព​នៃ​ជីវិត រៀប​រៀង​ដោយ​លោកគ្រូ​ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-សាវង្ស ។ វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1048/2026-08-19_19_07_17-.jpg
ផ្សាយ : ២០ សីហា ឆ្នាំ២០២៦ (អាន: ២៦,៩៦៨ ដង)
មនុស្ស​យើង​ ត្រូវ​ពឹង​ពាក់​អាស្រ័យ​គ្នា​ជា​និច្ច ប៉ុន្តែ​មនុស្ស​ដែល​យើង​ពឹង​បាន​ច្រើន​បំផុត គឺ​ខ្លួន​យើង ។ ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ទូនា្មន​ថា " ខ្លួន​ជា​ទី​ពឹង​នៃ​ខ្លួន​ឯង " ។ នេះ ជា​ការពិត​ដែល​អាច​ពិសោធ​បាន​គ្រប់​ពេល​វេលា ។ ព្រះអង្គ ទ្រង់​ត្រាស់​បន្ត​មួយ​ឃ្លា​ទៀត​ថា " ខ្លួន​ដែល​ហ្វឹក​ហាត់​បាន​ល្អ ហើយ​ឈ្មោះ​ថា​បាន​នូវ​ទី​ពឹង​ដែល​គេ​បាន​ដោយ​កម្រ" នេះ ជា​ការ​សម្តែង​ឲ្យ​យល់​ឃើញ​ថា ពឹង​ខ្លួន​ឲ្យ​ជួយ​ខ្លួន​ឯង​គឺ​ហ្វឹក​ហាត់ អប់​រំ​ទូន្មាន​ឲ្យ​មាន​ការ​ចេះ​ដឹងនិង​ឲ្យ​មាន​នូវ​សមត្ថភាព ក្នុង​ការងារ ដូច្នេះ​រមែង​បាន​ជា​ទីពឹង ឲ្យ​ដល់​ខ្លួនឯង ។ សូម​ឲ្យ​យើង​គ្រប់​គ្នា​ប្រើ​ពេល​វេលា​ឲ្យ​អស់​ទៅ ក្នុង​ការ​អប់​រំ​បន្ទុំ​នូវ​ចំណេះ​ដឹង និង​សមត្ថភាព ព្រោះ​ឳកាស​ល្អ រមែង​មាន​ជា​និច្ច សម្រាប់​អ្នក​ដែល​មាន​ចំណេះ​ដឹង និង មាន​សមត្ថភាព​ដ៏​ខ្ពង់​ខ្ពស់ ប៉ុន្តែ​សូម​កុំ​លើក​តម្កើង​ខ្លួន​ថា​យើង មិន​ត្រូវ​អង្វរ​អ្នក​ណា​នោះ​ឡើយ ។ ការ​ពឹង​ខ្លួន​ឯង​បាន​នោះ គឺ​ពិត​ជា​ធ្វើ​ឲ្យ​យើង​រីករាយ​ចិត្ត​ក្រៃ​លែង​ណាស់ នេះ​ជា​សិរីសួស្តី​របស់​មនុស្ស​ ។ ការ​ងារ​ដែល​យើង​ធ្វើ ជា​វិធី​ដ៏​សំខាន់​ក្នុង​ការ​ពឹង​ខ្លួន​ឯង ។ យើង​ត្រូវ​ហ្វឹក​ហាត់​ជួយ​ខ្លួន​ឯង រហូត​ដល់​អស់​សមត្ថភាព កុំ​ចេះ​តែ​សង្ឃឹម​ជំនួយ​ពី​ខាង​ក្រៅ​ខ្លាំង​ពេក ។ ចំពោះ​អ្នក​ដែល​ត្រូវ​ការ​បដិបត្តិ​ធម៌ សូម​ឲ្យ​កាន់​យក​ការងារ​ក្នុង​តួនាទី​របស់​ខ្លួន​ជា​ការ​បដិបត្តិ គឺ​បំពេញ​តួនាទី​ឲ្យ​បាន​ល្អ​ជា​ទី​បំផុត ។ ការ​បំពេញ​នូវ​តួនាទី​ឲ្យ​បាន​ល្អ​ជា​ទី​បំផុត​នោះ​ឯង​គឺ​ជា​ការ​បដិបត្តិ​ធម៌​ដ៏​ល្អ​ក្រៃ​លែង ។ យើង​មិន​បាន​ខូច​ចិត្ត​ថា យើង​មិន​មាន​ពេល​សម្រាប់​បដិប្តិ​ធម៌​ឡើយ ព្រោះ​យើង​បាន​យល់​ពី​ការ​បដិបត្តិ​ធម៌​ថា​ជា​អ្វី​ទៅ​ហើយ​នោះ ពោល​គឺ​ការ​បំពេញ​នូវ​តួនាទីរបស់​ខ្លួន​ហ្នឹង​ឯង ប៉ុន្តែ​ក្នុង​សេចក្តី​នេះ​គឺ ត្រូវ​តែ​ជា​ការងារ​ប្រាស​ចាក​ទោស ជា​ការងារ​ដែល​មាន​ប្រយោជន៍​ដល់​ខ្លួន​ឯង និង​អ្នក​ដទៃ ។ អត្តា ហិ អត្តនោ នាថោ កោហិ នាថោ បរោ សិយា ខ្លួន ជា ទី​ពឹង ពនឹង អាត្មា អ្នក ផ្សេង ម្តេច​រ៉ា នឹង​ថា​ពឹង​បាន ។ អត្តនា ហិ សទន្តេន ទូន្មាន ខ្លួន​ជាក់ ជា​អ្នក ក្លាហាន ច្បាំង​នឹង កិលេស ក្នុង​ចិត្ត សន្តាន ខ្លួន​ល្អ​កល្យាណ ព្រះ​បាន​ត្រាស់​ថា ។ នាថំ លភតិ ទុល្មភំ បាន​នូវ ធម្មំ ទី​ពឹង អស្ចារ្យ ទីពឹង​ នេះ​ ក្រ កម្រ អ្នក​ណា ក្នុង​វដ្ត សង្សារ ស្រវា តោងបាន ។ សុខ​ចិត្ត រួម​នឹង គុណភាព ជីវិត មង្គល ល្អ ពិត ជីវិត ក្សេមក្សាន្ត រៀបរាប់ ខ្លី​ៗ សេចក្តី ប៉ុន្មាន សូម​ឲ្យ​អ្នក​អាន​បាន​សុខ​ចិត្ត​ហោង ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅៈ សុខចិត្ត និងគុណភាព​នៃ​ជីវិត រៀប​រៀង​ដោយៈ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស ។ វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1046/Untitled-1.jpg
ផ្សាយ : ២០ សីហា ឆ្នាំ២០២៦ (អាន: ១៥,២៣៦ ដង)
មនុស្ស​យើង​ដែល​នៅ​មាន​កិលេស រមែង​ល្អ​ខ្លះ អាក្រក់​ខ្លះ តាម​អំណាច​នៃ​គុណ​ធម៌​និងកិលេស​ដែល​កើត​ឡើង ។ អ្នក​ដែល​បាន​ទទួល​ការ​លើក​តម្កើង​ថា​ជា​មនុស្ស​ល្អ ក៏​ធ្លាប់​ធ្វើ​អាក្រក់​ផង​ដែរ ឬ យ៉ាង​ហោច​ណាស់​ក៏​គង់​មាន​នៅ​ក្នុង​ចិត្ត​ដែរ ។ អ្នក​ដែល​គេ​គ្រប់​គ្នា​ឃើញ​ថា​ជា​មនុស្ស​អាក្រក់ ក៏​គង់​ធ្លាប់​បាន​ធ្វើ​ល្អ​ខ្លះ​ជា​ប្រាកដ ហើយ​តទៅ​ខាង​មុខ​ក៏​អាច​ជា​មនុស្ស​ល្អ​ខ្លាំង​មែន​ទែន​បាន​ទៀត​ផង ។ អ្នក​មាន​បញ្ញា​ទើប​មិន​គួរ​ប្រញាប់​វិនិច្ឆ័យ​មនុស្ស ដោយ​គ្រាន់​តែ​ឃើញ​ការ​ធ្វើ​របស់​គេ​ម្តង​ឬ​ពី​ដង​ឡើយ ហើយ​ក៏​ពុំ​ទាន់​សម្រេច​ថា គេ​នឹង​ជា​មនុស្ស ដូច្នោះ​រហូត​ត​ទៅ​​ក្នុង​ជីវិត​របស់​គេ​នោះ ។ បណ្ឌិត​រមែង​ស្គាល់​កាលៈទេសៈ ។ មនុស្ស​អាក្រក់​កាល​ដែល​គេ​ដឹង​ខ្លួន​ហើយ មិនមែន​ថា​គេ​នឹង​ត្រឡប់​មក​ជា​មនុស្ស​ល្អ​វិញ​មិន​បាន​នោះ​ទេ ដូច្នេះ​យើង​គួរ​ឲ្យ​ឳកាស​ដល់​គេ​ដើម្បី​គេ​បាន​ត្រឡប់​ខ្លួន​មក​ជា​មនុស្ស​ល្អ​វិញ ។ យើង​ត្រូវ​គិត​ជា​និច្ច​ថា ពេល​នោះ​និង​ពេល​នេះ​អាច​មិន​ដូច​គ្នា ព្រោះ​មនុស្ស​យើង​ដូរ​ផ្លាស់​ជា​និច្ច តាម​សភាព​ជុំ​វិញ​និង​គុណធម៌​ក្នុង​ចិត្ត ។ យើង​មិន​គប្បី​ប្រញាប់​បែក​ចាក​មិត្ត ហើយ​មិន​គប្បី​ចង​ពៀរជា​មួយ​នឹង​អ្នក​ណា​ម្នាក់​ឡើយ ។ ក្នុង​អតីត​កាល ទីឃាវុកុមារ ព្រះ​រាជ​ឳរស​របស់​ព្រះ​បាទ​ទីឃីតិកោសល ខឹង​ក្រោធ​នឹង​ព្រះ​បាទ​ព្រហ្មទត្ត​ដែល​បាន​លើកទ័ព​ទៅ​ដណ្តើម​យក​ រាជ​សម្បត្តិ​របស់​ព្រះ​បាទ​កោសល ។ ព្រះ​បាទ​កោសល​ព្រម​ដោយ​ព្រះ​មហេសី ស្តេច​រត់​ទៅ​ប្រថាប់​ក្នុង​កន្លែង​ដទៃ តែ​ដល់​ទី​បំផុត​ក៏​ត្រូវ​ចាប់​បាន ។ ព្រះ​បាទ​ព្រហ្មទត្ត​បញ្ជា​ឲ្យ​ប្រហារ​ជីវិត​ព្រះ​បាទ​កោសល និង​ព្រះ​មហេសី​ដែល​ត្រូវ​ជា​ព្រះ​មាតា​បិតា​របស់​ទី​ឃាវុកុមារ​ហ្នឹង​ឯង ។ ពេល​នោះ​ទី​ឃាវុកុមារ​នៅ​ក្មេង ហើយ​ទើប​តែ​ត្រឡប់​មក​ពី​សិក្សា​ឯ​នគរ​តក្កសិលា ។ មក​ឃើញ​ហេតុការណ៍ដែល​ព្រះ​មាតា​និង​ព្រះ​បិតា​ត្រូវ​គេ​ចាប់ប្រុង​នឹង​ប្រហា​រ​ជីវិត​ខ្លួន​ឯង​មិន​ដឹង​ថា​ត្រូវ​ជួយ​យ៉ាង​ណា ព្រោះ​តែ​ម្នាក់​ឯង បើ​នឹង​សម្តែង​ខ្លួន​ឲ្យ​គេ​ដឹង​ថា​អ្នក​ណា ក៏​មុខ​តែត្រូវ​ចាប់​ប្រហារ​ផង​ដែរ​ពុំ​ខាន ។ នៅ​ក្នុង​ពេល​នោះ ព្រះ​បាទ​ទីឃីតិកោសល​បាន​ក្រឡេក​មក​ឃើញ​ទី​ឃាវុកុមារ​ព្រះ​រាជ​ឳរស របស់​ព្រះ​អង្គ​ទ្រង់​គិត​ក្រែង​ថា​ព្រះ​រាជ​ឳរស​នឹង​ធ្វើ​អ្វី​មិន​សមរម្យ ទើប​ទ្រង់​ដាស់​តឿន​ដោយ​ព្រះ​ឳវាទ​ថាៈ " កូន​អើយ ! កុំ​ឃើញ​ដល់​កាល​វែង កុំ​ឃើញ​ដល់​កាល​ខ្លី ពៀរ​រមែង​មិន​រម្ងាប់​ដោយ​ការ​ចង​ពៀរ" ។ ព្រះ​បាទ​កោសល​ត្រាស់​នូវ​ព្រះ​ឳវាទ​នេះ ដល់​ទៅ​៣​ដង ពួក​ពេជ្ឈឃាត និង​ប្រជាជន នាំ​គ្នា​យល់​ថា ព្រះ​អង្គ​ទ្រង់​រវើរវាយ ព្រោះ​តក់​ស្លុត​នឹង​ការ​ប្រហារ​ជីវិត ។ ទីឃាវុ​ត្រូវ​ការ​សង​សឹក ទើប​រក​ឧបាយ​បាន​ចូល​ទៅ​ក្នុង​វាំង​របស់​ព្រះ​បាទ​ព្រហ្មទត្ត ។ បម្រើ​យ៉ាង​ជិត​និង​រក​ឳកាស​ជា​និច្ច ដើម្បី​ប្រហារ​ព្រះ​ជន្ម​របស់​ព្រះ​រាជា ។ ថ្ងៃ​មួយ​ស្តេច​យាង​ទៅ​ប្រពាត​ព្រៃ ឲ្យ​ទី​ឃាវុបររាជរថ​ព្រះ​ទី​នាំង ។ ទី​ឃាវុបររាជរថ​ទៅ​យ៉ាង​លឿន រហូត​ក្បូន​ស្តេច​តាម​មិន​ទាន់​ហើយ​ក៏​ចូល​ទៅ​ព្រៃ​ជ្រៅ មាន​តែ​ព្រះ​រាជា​នឹង​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​ ។ ព្រះ​រាជា​ជរា​ដែរ​ហើយ ទ្រង់​នឿយ​ហត់​ពេក ក៏​ផ្ទំ​កើយ​ភ្លៅ​របស់​ទីឃាវុ​នៅ​ក្រោម​ដើម​ឈើ​នោះ​ទៅ ទាំង​ដែល​ដាក់​ទុក​នូវ​ព្រះ​ខាន់​ក្បែរ​ព្រះ​អង្គ​នោះ​ឯង​ ។ ទីឃាវុរក​ឳកាស​ដូច្នេះ​យូរ​មក​ហើយ ក៏​បាន​គិត​ថា​ឥឡូវ​នេះ​ឳកាស​មក​ដល់​ហើយ ទើប​ទាញ​ព្រះ​ខាន់​ឡើង​ដើម្បី​ប្រហារ តែ​ថា​ខណៈ​នោះ​ឯង សំឡេង​ដាស់​តឿន​ហាក់​ប្រាកដ​ជា​ថ្មី " កូន​អើយ ! កុំ​ឃើញ​ដល់​កាល​វែង កុំ​ឃើញ​ដល់​កាល​ខ្លី ពៀរ​រមែង​មិន​រម្ងាប់​ដោយ​ការ​ចង​ពៀរ " ។ ទីឃាវុ​ទាញ​ព្រះ​ខាន់​ពីរ​លើក ប៉ុន្តែ​រុញ​ទុក​ទៅ​វិញ​ដោយ​ឳវាទ​ព្រះ​បិតា ។ ដល់​លើក​ទី​៣ ព្រះ​បាទ​ព្រហ្មទត្ត​ទ្រង់​តើន​ឡើង ព្រោះ​អាស្រ័យ​សុបិននិមិត្ត​ថា ទ្រង់​នៅ​ក្នុង​កណ្តាប់​ដៃ​សត្រូវ ។ នៅ​ពេល​បើក​ព្រះ​នេត្រ​ឡើង ឃើញ​ទីឃាវុ​ចាប់​ព្រះខាន់​ប្រុង​នឹង​ប្រហារ​ជីវិត​ព្រះ​អង្គ ទ្រង់​ក៏​តក់​ស្លុត​យ៉ាង​ខ្លាំង ។ ទ្រង់​ក្រោក​ឡើង​ត្រាស់​សួរ​រឿង​រ៉ាវ​ផ្សេងៗ​រួច​ហើយ​ក៏​បាន​ជ្រាប​ដោយ​សព្វ​គ្រប់ ។ ទ្រង់​សូម​អភ័យ​ក្នុង​កំហុស​របស់​ព្រះ​អង្គ​ ។ ទីឃាវុ​បាន​ថ្វាយ​អភ័យ​ដល់​ព្រះ​រាជា​ព្រម​ដោយ​ពាក្យ​ថាៈ " មិនមែន​ព្រោះ​ទ្រព្យ​លានកោដិ​ទេ​ណា​ដែល​ មិនប្រហារ ព្រោះ​ឳវាទឪ​ ព្រម​ដោយ​កាយ​កម្ម សុចរិត​ត្រឹម​ត្រូវ សូម​ស្តេច​យល់​ទៅ​នៅ​ក្នុង​រឿង​នេះ " ។ ព្រះ​បាទ​ព្រហ្មទត្ត ទ្រង់​បាន​ប្រគល់​នូវ​រាជ​សម្បត្តិ​ក្នុង​ដែន​កោសល ឲ្យ​ដល់​ទីឃាវុ​គ្រប់គ្រង ព្រម​ទាំង​អភិសេក​ទីឃាវុ​ជា​មួយ​នឹង​ព្រះរាជធីតា​របស់​ព្រះ​អង្គ​ទៀត​ផង ។ នៅ​ពេល​ព្រះ​បាទ​ព្រហ្មទត្ត​អស់​ព្រះ​ជន្ម​ហើយ ទីឃាវុ​ក៏​បាន​គ្រង​រាជ​សម្បត្តិ​ទាំង​ពីរ​ដែន គឺ​ដែន​កោសល និង​កាសី​នេះ​ដោយ​អំណាច​គុណ​នៃ​ការ​ដឹងកាលៈទេសៈ និង​ការ​ព្រម​តាម​ឳវាទ​របស់​ព្រះ​រាជ​បិតា​ហ្នឹង​ឯង ។ កុំ​ ឃើញ កាល​វែង គឺ កុំ​ចង​ពៀរ បើ ចង ជាប់ គ្នា វេរា យូរ ក្រៃ កុំ​ឆាប់ បែក មិត្ត ពិត​កុំ ឃើញ​ ខ្លី ស្គាល់កាល​មាន​ន័យ​សេចក្តី​ឯវំ ។ ន​ ហិ វេរេន វេរានិ សម្មន្តីធ កុនាចនំ ក្នុង​ កាល ណា ៗ ធម្មតា ពៀរ​ខ្លាំង ចង​ពៀរ​ប្រឆាំង​លោក​នេះ​មិន​ស្ងប់ ។ អវេរេន ច សម្មន្តិ ស្តាប់​ គិត សុ. ចិ. វេរា រម្ងាប់ ដោយ​ការ មិន​ចង ពៀរ​ទើប បញ្ចប់ វេរា រម្ងាប់ ព្រោះ​ស្ងប់ គំនុំ ។ ឯស ធម្មោ សនន្តនោ រម្ងាប់ មោហោ ទោសោ រលំ មិន​ ចង វេរា នាំ គ្នា មក ជុំ ទីឃាវុ ស្គាល់ វេលា ពួន អង្គ រស់​យ៉ាង​ផ្ចិត​ផ្ចង់ ដោយ​ក្តី​ក្លាហាន​ តស៊ូ ធ្វើ​ការ លំបាក ប៉ុន្មាន ទ្រំា​ចេះ​តែ​បាន លាក់​ប្រាណ​រហូត ។ ស្មារតី មំាមួន ពិនិត្យ ការងារ គ្រប់​គ្រា​មិន​ធ្វេស​ឆ្លាត​ឈ្លាត​ស្លូត​បូត រាប់​អាន​មនុស្ស​ម្នា​ដល់​គ្រា​ទើប​ស្រូត រូត​ចូល វាំង​ស្តេច សម្រេច ការ​ធំ ។ បណ្ឌិត មាន​សីល មិន ខ្ជិល ឳន អង្គ វាចា ស្មោះ ត្រង់ ឬកពា រម្យទម សម្តី ពីរោះ ប្រាជ្ញា អប់​រំ គុណធម៌ មូល ផ្តុំ គុណ​ភាព ជីវិត ។ បុគ្គល ព្យាយាម មិន​ខ្ជិល ច្រអូស ប្រាជ្ញា ចាក់​ធ្លុះ យល់ ហេតុ​ផល​ពិត ឧបសគ្គ ទាំង​ឡាយ ក្នុង​ទី ឆ្ងាយ​ជិត គុណ​ភាព ជីវិត ចិត្ត មិន ញាប់​ញ័រ ។ បុគ្គល ចង​មិត្ត មាន ចិត្ត​សង្គ្រោះ ចេះ ពោល ពីរោះ ដឹក នាំ​តាម ធម៌ ប្រាសចាក​កំណាញ់ ស្រឡាញ់ ពុទ្ធ​ពរ នាំ អ្នក ត្រាច់ ចរ រក គុណ ជីវិត​។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ សុខចិត្ត និង​គុណភាព​នៃ​ជីវិត រៀប​រៀង​ដោយ​ លោក​គ្រូ អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស​ ។ វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1045/2026-08-19_19_13_40-Greenshot.jpg
ផ្សាយ : ២០ សីហា ឆ្នាំ២០២៦ (អាន: ១៣,៦២៨ ដង)
មនុស្ស​យើង​ត្រូវ​ហ្វឹក​ហាត់ ឲ្យ​ចេះ​ទទួល​យក​នូវ​របស់​ដែល​គេច​មិន​ផុត ដោយ​សេចក្តី​ស្ងប់ ។ មនុស្ស​ខ្លះ​ទោះ​ជា​បាន​ដឹង​ហើយ​ថា វា​ត្រូវ​តែ​យ៉ាង​ហ្នឹង​ឯង មិន​អាច​គេច​ជៀស ទៅ​ណារួច​ឡើយ តែ​នៅ​មិន​ព្រម​សុខ​ចិត្ត​ដដែល នៅ​តែ​កន្ទក់​កន្ទេញ គិត​តែ​ពី​សោក​សៅ​ខូច​ចិត្ត ឬ​មិន​ដូច្នោះ​ទេ​ក៏​ច្រើន​ទៅ​ដោយ​ទោសៈ ឃើញ​អ្នក​ណា​ៗ ឬ​របស់​អ្វី​ចេះ​តែ​ទាស់​មុខ​ទាស់​មាត់​ទៅ​ទាំង​អស់ ។ ការ​មិន​ព្រម​សុខ​ចិត្ត​ចំពោះ​សភាវៈពិត ចេះ​តែ​សោក​សៅ ឬ​ខឹង​ក្រោធ​នោះ មិន​អាច​ធ្វើ​ឲ្យ​សេចក្តី​ទុក្ខ សូម្បី​តែ​បន្តិច​បន្តួច​ថយ​ចុះ​បាន​ឡើយ មាន​តែ​បន្ថែម​ពី​លើ​ទុក្ខ​ដែល​មាន​ស្រាប់​ហើយ ឲ្យ​រឹង​រឹត​តែ​ច្រើន​ឡើង​ទៀត ។ ព្រោះ​ហេតុ​ដូច្នេះ មនុស្ស​ឆ្លាត​ទើប​អប់រំ​ចិត្ត​ឲ្យ​ចេះ​ទទួល​ស្វាគមន៍​នូវ​អ្វី​ដេល​គេច​មិន​ផុត ដោយ​សេចក្តី​ស្ងប់ ។ កាល​បើ​មាន​នូវ​សេចក្តី​ស្ងប់​ក្នុង​ចិត្ត​ហើយ ហេតុការណ៍​អាក្រក់ ឬ​ហេតុការណ៍​ដែល​យើង​គិត​ថា​អាក្រក់​នោះ ក៏​នឹង​បាន​ល្អ​ឡើង​វិញ ម្យ៉ាង​ទៀត ហេតុការណ៍​ដែល​យើង​គិត​ថា​អាក្រក់​ក្នុង​ពេល​នេះ អាច​ត្រឡប់​ក្លាយ​ទៅ​ជា​មាន​ផល​ល្អ​នៅ​ពេល​ខាង​មុខ​ក៏​បាន ។ មាន​គ្រួសារ​មួយរស់​នៅ​ក្នុង​វត្ត​ព្រះ​សង្ឃ ក្រោយ​មក​វត្ត​ត្រូវ​ការ​ទី​ត្រង់​នោះ​សាង​សេនាសនៈ សម្រាប់​វត្ត ក៏​សូម​ឲ្យ​គ្រួសារ​នោះ​ឯង​រើ​កន្លែង​ចេញ​ពី​វត្ត ដោយ​ផ្តល់​ប្រាក់​ឲ្យ​ត្រឹម​តែ តម្លៃ​រើ​ប៉ុណ្ណោះ ។ គ្រួសារ​នោះ បាន​គិត​ថា​ជា​រឿង អាក្រក់​សម្រាប់​ជីវិត​របស់​ពួក​គាត់​ខ្លាំង​ណាស់ ពួក​គាត់​កើត​ទុក្ខ​ទោមនស្ស​ចិត្ត​ដ៏​ក្រៃលែង ។ ត​មក​ពួក​គាត់​ក៏​កាត់​ចិត្ត​បាន រួបរួម​ទ្រព​សម្បត្តិ​ដែល​មាន និង​ខ្ចី​អ្នក​ដទៃ​ខ្លះ​ទៀត ខាំ​ធ្មេញ អត់​ធន់​ចំពោះ​រឿង​ដែល​កើត​ឡើង ទិញ​ផ្ទះ​បាន​មួយ​នៅ​ក្រៅ​វត្ត ។ តមក​ទៀត មិន​ជា​ប៉ុន្មាន​ឆ្នាំ​ផង​ក៏​សង​បំណុល​គេ​រួច ម្ល៉ោះ​ហើយ គ្រួសារ​មួយ​នេះ​ក៏​មាន​ផ្ទះ និង​ដី​ជា​របស់​ខ្លួន​ឯង រស់​នៅ​យ៉ាង​សប្បាយ ។ ក្រោយ​មក​ទើប​គិត​ថា​ បាន​មក​ជា​យ៉ាង​ដូច្នេះ​ព្រោះ​គេ​ឲ្យ​ចេញ​ពី​ដី​របស់​វត្ត​នោះ​ឯង ប្រសិន​បើ​អ្នក​វត្ត​មិន​ធ្វើ​យ៉ាង​នេះ​ទេ ម្ល៉េះ​សម​ត្រូវ​នាំ​គ្នា​នៅ​នឹង​ដី​វត្ត​រហូត​ស្លាប់ ហើយ​ត្រូវ​នៅ​ត​កូន​ត​ចៅ​ទៀត​ផង ។ រឿង​រ៉ាវ​ផ្សេង​ទៀត​មាន​ច្រើន​សន្ធឹក​សន្ធាប់​ណាស់​ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​រឿង​ល្អ​សម្រាប់​ជីវិត ព្រោះ​ហេតុ​ដូច្នេះ អ្វី​ៗ​ដែល​កើត​ឡើង អ្វី​ៗ​ដែល​បាន​មក​ដល់ ទាំង​ដែល​យើង​មិន​អាច​គេច​ឲ្យ​ផុត​ទៅ​បាន សូម​ឲ្យ​យើង​ទទួល​ស្វាគមន៍​ដោយ​ចិត្ត​ស្ងប់ និង​ចាត់​ទុក​រឿង​រ៉ាវ​ក្នុង​ជីវិត​ ជា​មេរៀន ឯ​ជីវិត​ជា​កន្លែង​ហ្វឹក​ហាត់ ។ ក្មេង​ដែល​នៅ​ជា​មួយ​ម៉ែ​ឪ ឬ​ដែល​នៅ​ជា​មួយ​គ្រូ​អាចារ្យ ដែល​ម៉ែ​ឪ​ឬ​គ្រូ​អាចារ្យ​នោះ​ៗ​មាន​ការ​តឹង​តែង ប្រិតប្រៀន​ទូន្មាន​ប្រដៅ បើ​ធ្វើ​ខុស​ត្រូវ​ទទួល​ទោស ទទួល​ទណ្ឌ​កម្ម យ៉ាង​នេះ ក្មេង​នោះ​ឯង​រមែង​មិន​ពេញ​ចិត្ត និង​មាន​ការ​ចង្អៀត​ចង្អល់​ដោយ​ប្រការ​ផ្សេង​ៗ ។ ក្មេង​នោះ​គេ​បាន​ទទួល​នូវ​សេចក្តី​លំបាក​ខ្លះ ក្នុង​រយៈពេល​នៃ​ជីវិត​ខាង​ដើម​របស់​គេ​ប៉ុន្តែ​លុះ​ដល់​គេ​បាន​ធំ​ឡើង​ គេ​នឹង​អរគុណ​ចំពោះ​ឪពុក​ម្តាយ​អរគុណ​ដល់​គ្រូ​អាចារ្យ គឺ​គេ​ដឹង​គុណ​ថា ដែល​អាត្មា​អញ​បាន​មក​ដល់​ថ្នាក់​នេះ ព្រោះ​លោក​អ្នក​ទាំង​នោះ បាន​តឹង​តែង​ប្រិតប្រៀន​ទូន្មាន​មក​ហ្នឹង​ឯង ។ ចំណែក​ក្មេង​ដែល​ធ្វើ​អ្វី​បាន​ស្រេច​តែ​នឹង​ចិត្ត រស់​នៅ​គិត​តែ​ពី​សប្បាយ​លុះ​ដល់​ជួប​ប្រទះ​នូវ​សេចក្តី​លំបាក​ក្នុង​វ័យ​ខាង​ចុង ទើប​ដឹង​ខ្លួន​ថា មាន​ការ​ខុស​ទៅ​ហើយ ក្នុង​ការ​រៀប​ចំ​ដំណើរ​ជីវិត​ខាង​ដើម​របស់​ខ្លួន​នោះ ។ នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ព្រះ​ពុទ្ធ​ជា​អង្គ​ម្ចាស់​ទ្រង់​ត្រាស់​ដាល់​តឿន​ថា​សភាវៈ​ដែល​យើង​គេច​មិន​ផុត​គឺ ចាស់​ឈឺ ស្លាប់ ព្រាត់ ប្រាស​និង​ផល​វិបាក​របស់​កម្ម​ដែល​ខ្លួន​បាន​ធ្វើ​ហើយ ព្រះ​អង្គ​ទ្រង់​ដាស់​តឿន​ឲ្យ​យើង​ពិចារណា​ជា​រឿយៗ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀភៅៈ សុខចិត្ត រៀបរៀង​ដោយ លោកគ្រូ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1050/Untitled-1.jpg
ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ១២,៥៨៥ ដង)
គប្បី​ពិចារណា​ក្នុង ៣ ចំណុច​នេះ ១- ប្រដៅ​ខ្លួន​ឯង​ឲ្យ​នឹក​ឃើញ​ថា ព្រះពុទ្ធ​ជា​ម្ចាស់​របស់​យើង ទ្រង់​មាន​ព្រះ​មហាករុណា​ទិគុណ ព្រះ​អង្គ​ទូនា្មន​ពុទ្ធ​បរិស័ទ​ឲ្យ​ជា​មនុស្ស​មាន​មេត្តា តែ​បែរ​ជា​យើង​ក្រោធ​ហើយ មិន​រម្ងាប់​សេចក្តី​ក្រោធ នេះ​ជា​ការ​មិន​បដិបត្តិ​តាម​ពាក្យ​ទូន្មាន​ប្រៀន​ប្រដៅ​របស់​ព្រះ​អង្គ ជា​ការ​មិន​គោរព​ព្រះ​សាស្តា គឺ​ថា​យើង​មិន​សម​ធ្វើ​ជា​សិស្ស​របស់​ព្រះ​អង្គ​ឡើយ ដូច្នេះ យើង​ត្រូវ​តែ​ប្រញាប់​ធ្វើ​ខ្លួន​ឲ្យ​សម​ជា​សិស្ស​របស់​ព្រះ​ពុទ្ធ​និង​ឲ្យ​ជា​ពុទ្ធ​បរិស័ទ ដ៏​ល្អ​ទៅ​។ ២- ព្រះ​ពុទ្ធ​ជា​ម្ចាស់​ត្រាស់​ប្រដៅ​ថា មនុស្ស​ដែល​ក្រោធ​មុន​គេ​គឺ​ចាត់​ថា​អាក្រក់​ហើយ ចំណែក​មនុស្ស​ដែល​មិន​មាន​សតិ​ភ្ញាក់​រលឹក វង្វេង​ខឹង​ក្រោធ​តប​ទៅ​គេ​វិញ គឺ​ជា​ការ​សាង​នូវ​សេចក្តី​អាក្រក់​ឲ្យ​វែង​ឆ្ងាយ ឬ​ឲ្យ​រឹត​តែ​ច្រើន​ឡើង នេះ​ចាត់​ថា អាក្រក់​ជាង​អ្នក​ដែល​ក្រោធ​មុន​នោះ​ទៅ​ទៀត ដូច្នេះ យើង​ជា​សិស្ស​របស់​ព្រះ​ពុទ្ធ យើងត្រូវ​សិក្សា​ថា " អាត្មា​អញ កុំ​ជា​មនុស្ស​អាក្រក់ ទាំង​កុំ​ជា​មនុស្ស​អាក្រក់​ជាង​គេ​ទៀត​ឡើយ " ។ ៣- ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ទូន្មាន​ជា​បន្ត​ថា គេ​ក្រោធ​មក​រក​យើង យើង​មិន​ក្រោធ​តប​ទៅ​គេ​វិញ យ៉ាង​នេះ​ហៅ​ថា ឈ្នះ​សង្រ្គាម​ដែល​ឈ្នះ​បាន​ដោយ​កម្រ ។ កាល​ដឹង​ទាន់​ថា អ្នក​ដទៃ​គេ​ខឹង​ក្រោធ​មក​ហើយ​យើង​មាន​សតិ​រម្ងាប់​ចិត្ត​បាន មិន​ខឹង​ក្រោធ​តប ឈ្មោះ​ថា​ជា​អ្នក​ធ្វើ​ប្រយោជន៍​ឲ្យ​បាន​សម្រច​ទាំង​ពីរ​ខាង គឺ​ខាង​អ្នក​ដទៃ​និង​ខាង​ខ្លួន​ឯង ព្រោះ​ដូច្នោះ យើង​ជា​ពុទ្ធ​បរិស័ទ​ចូរ​កុំ​ធ្វើ​ខ្លួន​ឲ្យ​ជា​អ្នក​ចាញ់​សង្រ្គាម ចូរ​ជា​អ្នក​ឈ្នះ​សង្រ្គាម​និង​ជា​អ្នក​សាង​ប្រយោជន៍ កុំ​ជា​អ្នក​សាង​សេចក្តី​វិនាស​ហិនហោច​ឡើយ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ វិធីរម្ងាប់​សេចក្តី​ក្រោធ រៀបរៀង​ដោយ អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត-សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1051/_________________________________.jpg
ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ១៤,៩៧៤ ដង)
ក្នុង​ចំណុច​នេះ​ព្រះ​ពុទ្ធ​ជា​ម្ចាស់ ទ្រង់​ត្រាស់​សម្តែង​ទុក​មក​ច្រើន​ណាស់ ដូច​ជាៈ បុគ្គល​​ក្រោធ​រមែង​មាន​ពណ៌​សម្បុរ​មិន​ស្អាត ដេក​ជា​ទុក្ខ បែក​មិត្ត អស់​យស ។ល។ បុគ្គល​អ្នក​ក្រោធ​មិន​ដឹង​ថា​សេចក្តី​ក្រោធ​នោះ គឺ​ជា​ភ័យ​ដែល​កើត​ឡើង​ក្នុង​ខ្លួន​ទេ​។ បុគ្គល​អ្នក​ក្រោធ​ខឹង រមែង​មិន​ដឹង​ប្រយោជន៍ រមែង​មិន​ឃើញ​ធម៌ ។ បុគ្គល​ដែល​សេចក្តី​ក្រោធ​គ្រប​សង្កត់​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះ ។ បុគ្គល​អ្នក​ក្រោធ​ធ្វើ​នូវ​អំពើ​អាក្រក់​បាន​ដោយ​ងាយ​ហាក់​ដូច​ជា​ធ្វើ​អំពើ​ល្អ ប៉ុន្តែ​លុះ​ដល់​ក្រោយ​មក កាល​បើ​បាត់​ក្រោធ​ហើយ ក៏​មាន​ការ​ក្តៅ​ក្រហាយ​ស្តាយ​ក្រោយ​ដូច​ជា​ត្រូវ​ភ្លើង​ឆេះ ។ មនុស្ស​ក្រោធ រមែង​សម្តែង​នូវ​មុខ​ក្រញូវ​ជាដំបូង​ដូច​ភ្លើង​មុន​នឹង​ឆេះ​រមែង​ញ៉ាំងផ្សែង​ឲ្យ​កើត​ឡើង​សិន លុះ​ដល់​កាល​ណា សេចក្តី​ក្រោធ​សម្តែង​នូវ​តេជានុភាព​ហើយ​កាល​នោះ មនុស្ស​ក្រោធ រមែង​មិន​ខ្លាច​អ្វី​ឡើយ ការ​ខ្មាស់​អៀន​ក៏​មិន​មាន សេចក្តី​គោរព​ក៏​មិន​មាន គេ​រមែង​ធ្វើ​នូវ​អំពើ​វិនាស​ផ្សេងៗ ដូច​ជា​ភ្លើង​ឆេះ​ព្រៃ​ឬ​ឆេះភូមិ​អ្នក​ស្រុក​ដូច្នោះ​ឯង ។ មនុស្ស​ក្រោធ​សម្លាប់​ឪពុក សម្លាប់​ម្តាយ​របស់​ខ្លួន​ឯង​ក៏​បាន សម្លាប់​ព្រះ​អរហន្ត​ក៏​បាន​សម្លាប់​មនុស្ស​ណា​ៗ ក៏​បាន​ទាំង​អស់​សូម្បីតែ​ខ្លួន​ឯង ។ គ្រោះ​កាច​អ្វី​ស្មើ​នឹង​ទោសៈ​មិន​មាន ។ កំហុស​អ្វី​ស្មើ​នឹង​ទោសៈ​មិន​មាន ។ សេចក្តី​ក្រោធ​មាន​ទោស បង្ក​ផល​អាក្រក់​ឲ្យ​មក​សន្ធឹក​សន្ធាប់ ដូច​ជា​ព្រះ​ពុទ្ធ​វចនៈ​ដែល​សម្តែង​មក​នេះ​បញ្ជាក់​ឲ្យ​ដឹង​ស្រាប់​ហើយ ។ សូម្បី​រឿង​រ៉ាវ​នៅ​ក្នុង​និទាន​ផ្សេង​ៗ និង​ក្នុង​ជីវិត​បច្ចុប្បន្ន​ពិត​ៗ ក៏​មាន​សន្ធឹក​សន្ធាប់​ដែរ​សុទ្ធ​តែ​សម្តែង​ឲ្យ​ឃើញ​ថា ការ​ខឹង​ក្រោធ​មាន​តែ​ធ្វើ​ឲ្យ​កើត​​សេចក្តី​វិនាស​ខូច​ខាត មិន​មាន​ផល​អ្វី​ល្អ​ទេ ទើប​គួរ​កម្ចាត់​បង់​ចោល មិន​ត្រូវ​ទុក​ឲ្យ​ឋិតនៅ​ឡើយ ។ សម្លាប់​អ្វី​ដទៃ​អាច​មក​ដេក​ទុក្ខ តែ​សម្លាប់​សេចក្តី​ក្រោធ​ហើយ​រមែង​ដេក​ជា​សុខ​ជា​រៀង​រហូត ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ "វិធី​រម្ងាប់​សេចក្តី​ក្រោធ" រៀប​រៀង​​ដោយៈ អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត-សាវង្ស ។ វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.12