images/articles/2288/Untitled-1-Recovered.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ២២,៣៩៥ ដង)
ការឈប់បៀតបៀន ធ្វើមនុស្សសត្វឲ្យបានទទួលទុក្ខលំបាកកាយ លំបាកចិត្ត ឈប់ផ្តាច់បង់ជីវិតមនុស្ស សត្វ ឲ្យឈ្លាតការរស់នៅ ដើម្បីតែសេចក្តីសុខខ្លួនឯង ឬ អ្នកដទៃ, ឈប់ឆបោក លួចទ្រព្យសម្បត្តិអ្នកដទៃ មិនប្រព្រឹត្តខុសនឹងប្រពន្ធកូនអ្នកដទៃ រៀនរកវិធីអប់រំកាយ បើចិត្ត និងវាចាចង់ កាយថាកុំចង់ នេះហៅថា ធ្វើបុណ្យផ្លូវកាយ ថ្នាក់សីល ។ សូម្បីការអប់រំ សាងខ្លួនឲ្យជាមនុស្សមានកិរិយាមារយាទ ថ្លៃថ្នូរ មានសេចក្តីចេះដឹង ក៏ហៅថា ធ្វើបុញ្ញកម្ម ។
ការជួយទំនុកបម្រុងមាតាបិតា ដោយវិធីជួយគ្រប់បែបយ៉ាង ឲ្យលោកបានស្រួលផ្លូវកាយ ផ្លូវចិត្ត ឬបង្អោនខ្លួនជាពុទ្ធបរិស័ទ ជួយទំនុកបម្រុងចិញ្ចឹមព្រះសង្ឃ អ្នកទ្រទ្រង់គុណធម៌ ដោយប្រតិបត្តិធម៌វិន័យ តាមពុទ្ធោវាទ ជួយមនុស្សកម្សត់ ឥតទីពឹង គោរពប្រតិបត្តិចំពោះត្រកូលរៀមច្បង ចាស់ព្រឹទ្ធាចារ្យធ្វើអ្នកដទៃទទួលបានសេចក្តីសុខ ចេះទំនុកបម្រុងចិញ្ចឹមខ្លួនឯង និងប្រពន្ធកូន ឲ្យបានសេចក្តី សុខ ដោយសេចក្តីមិនលោភ មិនក្រោធ មិនវង្វេងជាហេតុ នេះហៅថា ធ្វើបុណ្យផ្លូវកាយថ្នាក់ទាន ។
ការបង្អោនកាយ ជួយធ្វើកិច្ចធុរៈអ្នកដទៃ គ្រួសារ ភូមិស្រុក សង្គមជាមួយគ្នា ដោយមេត្តាករុណា ។ បើជនប្រុសស្រីណាមានកិច្ចធុរៈ ឬ មានទុក្ខធុរៈអ្វីមួយកើតឡើង ដូចជាឈឺចាប់ ឬ អគ្គិភ័យ ឆេះផ្ទះជាដើម បានខ្វល់ខ្វាយជួយមើលថែទាំ ដោយរកឱសថ ( ថ្នាំកែជម្ងឺ ) រកគ្រូពេទ្យជួយព្យាបាលបំបាត់ជម្ងឺទាំងនោះ និងដោះស្រាយទុក្ខ សម្តែងកាយសាមគ្គី ស្មោះសរចំពោះគ្នាទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះក៏ហៅថា ធ្វើបុណ្យផ្លូវកាយថ្នាក់សីលផង ថ្នាក់ទានផង ។
កាលបើនឿយណាយធុញទ្រាន់ ចំពោះកាមដែលជាគ្រឿងចងសត្វ ឲ្យនៅច្រឡូកច្រឡំ នៅវឹកវរក្នុងពួកក្រុម ហើយគេចចៀសចេញចាកពួកទៅរកទីស្ងាត់ នៅអប់រំកាយអប់រំចិត្តដោយឥរិយាបថទាំង ៤ ណាមួយ មានការដេក ដើរ ឈរ អង្គុយ តាំងស្មារតីចម្រើនសមាធិ ដោយការធ្វើសមថៈក្តី វិបស្សនាក្តី ដើម្បីឲ្យស្ងប់ចិត្ត នោះហៅថា ធ្វើបុណ្យផ្លូវកាយថ្នាក់ភាវនា ។
ដកស្រង់ចេញពីសៀវភៅ បុញ្ញបទីប
រៀបរៀងដោយៈ ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2295/2026-08-22_19_32_56-Untitled_-_Notepad.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ៨២,៣៧៦ ដង)
សទ្ធាសេចក្ដីជឿបុណ្យ ជឿបាប ជឿកម្ម ជឿផលរបស់កម្ម ថាអ្នកណាធ្វើ អ្នកនោះទទួលបានសទ្ធាមុតមាំប្រកបដោយបញ្ញា មិនភ្ញាក់ផ្អើលជាមួយនឹងមង្គលផ្សេងៗ ដែលគេនិយាយតៗគ្នាថា យ៉ាងនេះយ៉ាងនោះ ប៉ុន្តែយើងជាអ្នកស្ដាំក្នុងការជឿ សូមឲ្យជឿមានហេតុផលផង ដើម្បីងាយស្រួលមិនមានទោសជាដើម។
មនុស្សយើងភាគច្រើន តែងតែជឿដោយគ្មានហេតុផលសូម្បីតែបុគ្គលភាគខ្លះឮគេនិយាយរឿង ថាអ្នកនេះពូកែ បុគ្គលនោះអស្ចារ្យក្នុងលោកមិនទាន់ទាំងបានឃើញផង ស្រាប់តែជឿទៅហើយ មានមួយចំនួនទៀត ក្នុងការជឿនោះមានអ្នកខ្លះត្រូវបានចាញ់បោកគេក៏មានដែរ ទាំងនេះមិនអាចបន្ទោសបានឡើយ ដោយសារពួកគាត់មិនបានសិក្សា។
ហើយរឿងនេះទៀតសោត មិនមែនមានតែបច្ចុប្បន្ននេះទេ គឺ មានតាំងតែពីយូយាណាស់មកហើយ ក្នុងកាលដែលព្រះដ៏មានព្រះភាគ ព្រះអង្គគង់មានព្រះជន្មនៅឡើយ មានពេលខ្លះបរិស័ទមិនជឿព្រះអង្គក៏ មានដែរ ដូចជារឿងនាចិញ្ចាមកថា នាងមានផ្ទៃពោះជាមួយព្រះអង្គ ពួកបរិស័ទដែលជាអ្នកស្ដាប់ធម៌ក្នុងវត្តជេតពន មានការផ្អើលឆោឡោ អ្នក ខ្លះថា ព្រះអង្គប្រព្រឹត្តនូវអំពើហ្នឹងមែន។
តែក្នុងអ្នកដែលជឿនាងចិញ្ចា ពេលនោះសុទ្ធតែពួកបុថុជ្ជន ទាំងនេះហើយ បានជាយើងមិនងាយទាញឲ្យគេជឿយើង បានដោយងាយៗនោះទេ ប៉ុន្តែចំពោះព្រះអរិយបុគ្គលវិញ រមែងមិនមានការកក្រើក ចំពោះព្រះអង្គឡើយ ក្នុងការប្រព្រឹត្តអំពើមិនល្អ ដូចជានាងចិញ្ចាបាននិយាយពេលនោះ ទីបំផុតនាងក៏ត្រូវព្រះធរណីស្រូបបាត់ទៅ ដោយអំណាចកម្មរបស់នាង ដែលបានធ្វើចំពោះព្រះអង្គ។
ក្នុងការនិយាយខាងលើ មិនបានថាឲ្យតែបុថុជ្ជនសុទ្ធតែអញ្ចឹងទាំងអស់នោះទេ តែចង់និយាយវិស័យជាបុថុជ្ជន ដូចជាយើងទាំងអស់គ្នាមិនសូវជាមានបញ្ញា មុននឹងជឿអ្វីៗត្រូវពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយសិនដើម្បីការពារមិនឲ្យមានការសោកស្ដាយជាខាងក្រោយ។ដូចមានរឿងនិទានមួយ ក្នុងសម័យពុទ្ធកាលនាយសុមនមាលាការតែងតែទំនុកបម្រុងព្រះបាទពិម្ពិសារ ដោយផ្កាម្លិះ ៨ នាឡិរាល់ៗព្រឹកហើយបានប្រាក់ ៨ កហាបណៈរាល់ៗថ្ងៃផងដែរ។
ថ្ងៃមួយសុមនមាលាការ បានជួបនឹងព្រះសម្មាសម្ពុទ្ធតាមផ្លូវបានគិតថា យើងបានអ្វីបូជាព្រះអង្គហ្ន៎។ កាលបើមិនមានវត្ថុ អ្វីក្រៅអំពីផ្កាម្លិះក៏គិតបូជាដោយផ្កាម្លិះ ចំពោះព្រះដ៏មានព្រះភាគបានគិតទៀតថា ផ្កានេះសម្រាប់ថ្វាយដល់ព្រះរាជា គឺតែងតែទំនុកបម្រុងរាល់ថ្ងៃ កាលណាបើមិនមានផ្កាថ្វាយទេនោះ យើងនឹងត្រូវទទួលទោស ប៉ុន្តែទោះជាយ៉ាងណា ក៏ដោយត្រូវសម្លាប់ ឬត្រូវដើម្បីប្រយោជន៍សុខដ៏ក្រៃលែង។ សុមនមាលាការគិតដល់ថ្នាក់ព្រមលះបង់ជីវិត ចំពោះព្រះតថាគត មានចិត្តមិនប្រែប្រួលពីសេចក្ដីជ្រះថ្លា ថែមទាំងមានបីតិសោមនស្ស រីករាយខ្លាំងក្លាជាមហាកុសលចិត្តទី ១ បានកើតឡើង ហើយក៏បានបូជាផ្កាថ្វាយចំពោះព្រះបរមសាស្ដាក្នុងពេលនោះឯង។
សេចក្ដីអស្ចារ្យបានកើតឡើង ដោយផ្កាដែលសុមនមាលាការបានថ្វាយទៅនោះ បានអណ្ដែតតាមព្រះដ៏មានព្រះភាគ ដែលកំពុងតែយាងចូលក្រុងដើម្បីបិណ្ឌបាតនោះឯង។ ផ្កាបាំងដូចជាវាំងនន ពីឆ្វេងផង ពីស្ដាំផង ពីក្រោយផង និងពីលើផង មហាជនច្រើន អ៊ូអរក្រៃលែងស្រីក សាធុ ការក្នុងពេលនោះ ព្រះរាជាមិនត្រឹមតែមិនយកទោសប៉ុណ្ណោះ ថែម ទាំងប្រទានរង្វាន់យ៉ាងច្រើន ដល់នាយសុមនមាលាការជាការបូជាគុណ ទៀតផង។ ព្រះបរមសាស្ដា ព្រះអង្គទ្រង់ត្រាស់ចំពោះព្រះអានន្ទត្ថេរក្នុង កាលនោះថា ម្នាលអានន្ទ អ្នកកុំគប្បីកំណត់ថា កម្មមានប្រមាណតិចតួចដែល សុមនមាលាការនេះបានធ្វើហើយនោះ ព្រោះសុមនមាលាការបានលះបង់នូវជីវិត ធ្វើការបូជាចំពោះតថាគត គេញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងការបូជាបែបនេះ នឹងមិនទៅកាន់ទុគ្គតិ រហូតអស់មួយសែនកប្ប។
ពេលនោះព្រះអង្គបានត្រាស់ព្យាករណ៍ដូច្នេះថា នាយសុមនមាលាការ នឹងតាំងនៅក្នុងកំណើតទេវតា និងមនុស្សទាំងឡាយ រមែងមិនទៅកាន់ទុគ្គតិអស់សែនកប្បនេះ ជាផលនៃកម្មនោះ ក្រោយមកគេនឹងបានត្រាស់ជាព្រះបច្ចេកពុទ្ធមានព្រះនាមថា សុមនៈ។ ក្នុងពេលដែលព្រះបរមសាស្ដាស្ដេចយាងទៅដល់វេឡុវ័ន មហាវិហារ ហើយទ្រង់យាងចូលទៅកាន់ព្រះគន្ធកុដិ ផ្កាម្លិះទាំងនោះបានធ្លាក់ចុះនៅត្រង់ខ្លោងទ្វារនាព្រះគន្ធកុដិនោះឯង។
ក្នុងវេលាល្ងាចថ្ងៃនោះ ភិក្ខុទាំងឡាយបានសន្ទនាគ្នា និងពោលសរសើរគុណរបស់សុមនមាលាការ ព្រះបរមសាស្ដាទ្រង់យាងចេញអំពីព្រះគន្ធកុដិមក ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយនោះថា ម្នាលភិក្ខុទាំងឡាយ មានតែសោមនស្សរីករាយប៉ុណ្ណោះ នៅពេលដែលឃើញនូវអំពើដែលខ្លួនបានធ្វើនោះ កម្មនោះឯងដែលបុគ្គលគួរធ្វើ។ ព្រះអង្គទ្រង់សម្ដែងគាថា
តញ្ច កម្មំ កតំ សាធុ យំ កត្វា នានុតប្បតិ
យស្ស បតីតោ សុមនោ វិបាកំ បដិសេវតិ។
បុគ្គលធ្វើកម្មណាហើយ រមែងមិនក្ដៅក្រហាយ ឬដល់នូវសេចក្ដីពេញចិត្ត មានចិត្តល្អ ទទួលផលនៃកម្មណា កម្មដែលគេធ្វើហើយនោះឯងឈ្មោះថា ជាកម្មល្អ។
ចំណែកនាងដែលជាភរិយា គ្រាន់តែបានឮស្វាយមីរបស់ខ្លួន បានថ្វាយផ្កា ចំពោះព្រះសម្មាសម្ពុទ្ធស្រាប់តែមានការភ័យខ្លាច ដោយសារតែផ្កានោះ ធ្លាប់តែយកទៅថ្វាយចំពោះព្រះរាជា ក៏លែងទទួលស្គាល់សុមនមាការ ថាជាប្ដីនាងទៀតហើយ។ ព្រោះខ្លាចព្រះរាជាសម្លាប់ចោលជាមួយនឹងប្ដីនាង ទើបធ្វើដូច្នោះ ទីបំផុតបានឮដំដឹងទៅដល់ថព្រះរាជា ទើបព្រះរាជាដាក់ទោសភរិយារបស់សុមនមាលាការ និរទេសចេញពីនគរ ចំណែកសុមនមាលាការរស់នៅក្នុងទីដ៏សមគួរអស់កាលជាអង្វែង។
សរុបសេចក្ដីមក ទុកជាយ៉ាងណាក៏ដោយសូមឲ្យការប្រព្រឹត្តរបស់យើងរាល់ថ្ងៃប្រកបដោយបញ្ញា ទើបមិនកំព្រាបុណ្យឡើយ ទីបំផុតចំពោះបុគ្គលណា ដែលមានសទ្ធាតាំងមាំហើយនោះ រមែងដូចជាសុមនមាលាការមិនខាន។ សទ្ធា ទុតិយា បុរិសស្ស ហោតិ សទ្ធាជាគូកនគម្រប់ពីររបស់បុរស សទ្ធា សាធុ បតិដ្ឋិតា សទ្ធាតាំងខ្ជាប់ខ្ជួនហើយ រមែងញ៉ាំងប្រយោជន៍ឲ្យសម្រេចបាន។ សទ្ធាធ វិត្តំ បុរិសស្ស សេដ្ឋំ សទ្ធាជាទ្រព្យដ៏ប្រសើររបស់ក្នុងលោកនេះ។ សទ្ធា ពន្ធតិ បាថេយ្យំ សទ្ធារមែងប្រមូលទុកនូវស្បៀង គឺកុសល។
ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌
រៀបរៀងដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា
ដោយ៥០០០ឆ្នាំ
images/articles/289/Un3423titled-1.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ៤៧,៧៤១ ដង)
ពាក្យពេចន៍រំលេចផ្សេង តែន័យថ្លាថ្លែងក៏មិនសូវជាខុសពីខ្លឹមសារមុនប៉ុន្មានដែរ។ រឿងពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃមនុស្សនិងទេវតាព្រះធម៌ទាំង៨៤០០០ ព្រះធម្មក្ខន្ធ ដែលព្រះអង្គទ្រង់សំដែងផង សាវ័ករបស់ព្រះអង្គបានសំដែងផង សុទ្ធសឹងតែជាអមតធម៌ ជាធម៌នាំសត្វទៅកាន់ភាពសុខសាន្ត ជាបរមសុខគឺព្រះនិព្វាន។
កុំថាឡើយដល់ទៅព្រះធម៌ ៨៤០០០ ព្រះធម្មក្ខន្ធ សូម្បីតែពុទ្ធភាសិតមួយគាថាដែលបរិស័ទបានស្តាប់យល់ហើយ ប្រតិបត្តិតាម គង់នឹងអាចទទួលបានផលដ៏មហាសាលឥតកាត់ថ្លៃបាន ផ្ទុយទៅវិញបើទុកជាបរិស័ទចេះចាំព្រះធម៌ទាំងអស់ដែលព្រះពុទ្ធទ្រង់សំដែងមក តែមិនបានយកទៅប្រតិបត្តិឲ្យបានជាប្រយោជន៍ ព្រះធម៌ទាំងនោះក៏គ្មានប្រយោជន៍ដល់ជនទាំងឡាយនោះដែរ។ ហេតុនេះបានជាព្រះសម្ពុទ្ធវិសុទ្ធលើសលោក ទ្រង់បានត្រាស់សំដែងចែងជាបណ្តាំឲ្យសព្វសត្វចងចាំទុកជាមេរៀននៅក្នុងធម្មបទដ្ឋកថា ដូច្នេះថា៖
យថាបិ រុចិរំ បុបំ្ផ វណ្ណវនំ្ត សគន្ធកំ ឯវំ,សុភាសិតា វាចា សផលា ហោតិ សុកុព្វតោ ។ បុប្ផជាតិដែលមានពណ៌ស្រស់ល្អ តែមិនមានកិ្លនក្រអូប យ៉ាងណាមិញ, វាចាសុភាសិត ជាវាចាដែលមិនមានផលដល់បុគ្គលដែលមិនធ្វើតាម ក៏យ៉ាងនោះដែរ, ចំណែកបុប្ផជាតិ ដែលមានពណ៌ស្រស់ល្អព្រមទាំងមានកិ្លនក្រអូបសាយ ដល់អ្នកប្រដាប់យ៉ាងណាមិញ, វាចាដែលជាសុភាសិត ជាវាចាមានប្រយោជន៍ដល់អ្នកដែលបានធ្វើតាមដោយល្អ ក៏យ៉ាងនោះដែរ។
ពហុម្បិ ចេ សហតំ ភាសមានោ
ន តក្ករោ ហោតិ នរោ បមត្តោ
គោបោវ គាវោ គណយំ បរេសំ
ន ភាគវា សាមញ្ញស្ស ហោតិ ។
អប្បម្បិ ចេ សហិតំ ភាសមានោ
ធម្មស្ស ហោតិ អនុធម្មចារី
រាគញ្ច ទោសញ្ច បហាយ មោហំ
សម្មប្បជានោ សុវិមុត្តចិត្តោ
អនុបាទិយានោ ឥធ វា ហុរំ វា
ស ភាគវា សាមញ្ញស្ស ហោតិ ។
បើបុគ្គល និយាយធម៌ដែលមានប្រយោជន៍ ទោះបីជាច្រើនយ៉ាងណាក៏ដោយ តែជាអ្នកប្រមាទមិនប្រព្រឹត្តធ្វើតាមធម៌នោះ ដូចជាអ្នកចិញ្ចឹមគោ រាប់គោឱ្យអ្នកដទៃ ជាអ្នកមិនមានចំណែកនៃសាមញ្ញផលយ៉ាងនោះឯង។
តែផ្ទុយទៅវិញ បើបុគ្គលនិយាយធម៌ដែលមានប្រយោជន៍ ទោះបីជាតិចតួចក៏ដោយតែជាអ្នកប្រព្រឹត្តសមគួរដល់ធម៌នោះ លះបង់ចោលនូវរាគៈ ទោសៈនិងមោហៈ អស់ហើយ ជាអ្នកចេះដឹងសព្វគ្រប់ មានចិត្តរួចផុតស្រឡះហើយ ជាអ្នកមិនប្រកាន់មាំក្នុងលោកនេះឬលោកខាងមុខ បុគ្គលនោះជាអ្នកមានចំណែកនៃសាមញ្ញផលដោយពិត។
ហេតុនេះ បរិយត្តិ និងបដិបត្តិ ត្រូវតែដើរទៅជាមួយគ្នា បរិយត្តិ គឺការសិក្សាពីទ្រឹស្តី នាំឲ្យមានការបដិបត្តិត្រូវការបដិបត្តិត្រូវនាំឲ្យបាននូវបដិវេធ គឺផលបានដល់ការរួចចាកទុក្ខទាំងពួង។
ប្រភព
ដោយ៥០០០ឆ្នាំ
images/articles/2382/2026-08-22_19_27_50-Untitled_-_Notepad.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ១១,៧៤៣ ដង)
សុញ្ញាគារំ បវិដ្ឋស្ស សន្តចិត្តស្ស ភិក្ខុនោ
អមានុសី រតិ ហោតិ សម្មា ធម្មំ វិបស្សតោ។
ភិក្ខុអ្នកស្នាក់នៅទីស្ងប់ស្ងាត់ បណ្ដុះចិត្តឱ្យស្ងប់ដោយសមថភាវនា ហើយចម្រើនវិបស្សនាភាវនា ដោយពិចារណានាមរូប ឬបញ្ចក្ខន្ធ ឃើញអនិច្ចតា ទុក្ខតា និងអនត្តតា តាមសភាពពិត។ កាលបើវិបស្សនាបញ្ញាចម្រើន រហូតឃើញព្រះធម៌ដោយប្រពៃ នឹងកើតបីតិ និងសុខដ៏វិសុទ្ធ ដែលកើតពីសមាធិ បញ្ញា និងការស្គាល់សច្ចធម៌ មិនមែនពីកាមគុណ ឬអាមិសឡើយ។
ព្រះគាថានេះ ជាពុទ្ធោវាទលើកទឹកចិត្តឱ្យអ្នកប្រតិបត្តិធម៌ស្រឡាញ់ទីស្ងប់ស្ងាត់ រក្សាចិត្តឱ្យស្ងប់ ចម្រើនសតិ និងបញ្ញា ដើម្បីទទួលបានធម្មរស ជាសេចក្ដីសុខដ៏ប្រណីត នាំទៅកាន់វិមុត្តិ គឺព្រះនិព្វាន។
ប្រភពៈ ហ្វេសប៊ុកពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
ដោយ៥០០០ឆ្នាំ
images/articles/2633/645overed.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ៤៧,១៨០ ដង)
ការធ្វើបុណ្យក្នុងព្រះពុទ្ធសាសនា បុណ្យដែលធំដុំមែនទែន នៅត្រង់លះកិលេសក្នុងចិត្តខ្លួនឯង ដូច្នេះអ្នកធ្វើទាន រក្សាសីលជាដើមហើយ ត្រូវចេះនឹកដល់បុណ្យធំៗផ្សេងទៀត ដូចជាការចម្រើនមេត្តាចិត្ត ការឲ្យអភ័យ សេចក្តីអត់ធន់ អនិច្ចសញ្ញា សិក្សាការពិត ។ល។ នៅក្នុងភិក្ខុវគ្គ ព្រះគាថធម្មបទ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖
មេត្តាវិហារី យោ ភិក្ខុ បសន្នោ ពុទ្ធសាសនេ
អធិគច្ឆេ បទំ សន្តំ សង្ខារូបសមំ សុខំ ។
ភិក្ខុណានៅដោយអំណាចមេត្តា ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះរមែងបានបទដ៏ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវសេចក្តីសុខ ។
ដកស្រង់ពី សៀវភៅ សិក្សាព្រះសូត្រភាគ១១
ដោយ៥០០០ឆ្នាំ
images/articles/2671/t448ic.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ៧៥,៤៣៥ ដង)
បុណ្យ៥យ៉ាងដែលបុរសស្ត្រីគប្បីធ្វើដោយខានមិនបាន ៖
១- មិនសំលាប់សត្វ--> សាងបារមីរំងាប់ក្តីក្រោធ ខន្តិបារមី និងព្រហ្មវិហារធម៌៤ ។
២- មិនលូចទ្រព្យគេ--> គោរពកម្មសិទ្ធិអ្នកដទៃ នាំមកនូវភាពរីកចំរើន។
៣- មិនផិតក្បត់ស្វាមីភរិយា--> រក្សាចរិយាធម៌ ។
៤- ពោលតែពាក្យពិត និងវាចាមានប្រយោជន៍ --> នាំមកនូវសុខសន្តិភាព ។
៥- មិនសេពគ្រឿងញៀនស្រវឹង --> ថែរក្សាសុខភាពកាយចិត្ត ។
បើទោះជាត្រូវធ្លាក់ខ្លួនជាស្រីរងកម្ម ប្រុសទាបថោកបែបណាក៏ដោយ ក៏មិនត្រូវភ្លេចរក្សាបុណ្យនេះ ព្រោះមានតែបុណ្យនេះមួយប៉ុណ្ណោះដែលអាចលើកស្ទួយអ្នកឲ្យរួចផុតពីអបាយភូមិបាន មិនត្រូវលិចចុះដោយសារតែលោកនេះ ដែលគ្មានអ្នកណាអាចយកអីទៅតាមបាននោះទេ សូមត្រឹមតែម៉ារួចខ្លួនឲ្យបានទៅចុះ ។
កាលបើធ្លាក់ខ្លួនលំបាកហើយ ឥតសីលទ្រទ្រង់ទៀតគឺដូចជាត្រូវគេជាន់ពន្លិចងើបមុខមិនរួចរហូតទៅអបាយភូមិនៅបរលោកហើយ ! ។ កុំព្រោះហេតុតែជីវិតអ្នកដទៃ សុខចិត្តធ្វើខ្លួនឲ្យធ្លាក់នរកឲ្យសោះ ត្រូវចេះរក្សាខ្លួនផង ! ។ បើយើងចែកចាយក្តីស្រឡាញ់ ឲ្យលឿនដូចជាចែកចាយក្តីស្អប់ លោកនេះមិនដឹងជាស្រស់ស្អាតយ៉ាងណានោះទេ ! ។ សេចក្តីជឿជាក់និងភាពស្មោះត្រង់ដែលល្អបំផុត គឺការធ្វើឲ្យជីវិតខ្លួនឯងបានរួចផុតពីអំពើអបាយមុខផ្សេងៗ ធ្វើបុណ្យក្នុងសីល សមាធិ គឺជាកំពូលបុណ្យក្នុងពុទ្ធសាសនានេះឯង មិនអស់ប្រាក់ហើយបានរួចចាកទុក្ខទៀតផង ។
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2686/2026-08-22_19_11_44-Greenshot.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ៤៣,៤៤៩ ដង)
បុណ្យគឺជាធម្មជាតិលាងជម្រះចិត្តឲ្យស្អាត កុសលចុះក្នុងអត្ថថាកាត់ផ្តាច់នូវអកុសល ពាក្យថាបុណ្យកុសលរមែងប្រាសចាកលោភៈទោសៈមោហៈ តែងសម្បយុត្តិដោយបញ្ញាជានិច្ច ។បុគ្គលឥតបញ្ញាធ្វើបុណ្យកុសលមិនបានល្អឡើយ ព្រោះតែងមានការប្រាថ្នាផលតបស្នងជាប់មកជាមួយ តែយ៉ាងណាក៏ល្អជាងអត់ធ្វើដែរ កុំចេះតែតិះដៀលអ្នកដែលគ្នាខំធ្វើហើយនោះពេកអី ដរាបណាការធ្វើបុណ្យគឺដើម្បីឲ្យអ្នកដទៃបានក្តីសុខតែម៉្យាង ដរាបនោះបុណ្យគឺបរិបូរណ៍ដោយបញ្ញាហើយ ។
អ្នកដែលកែប្រែឈប់ធ្វើអំពើបាប មិនត្រូវរំលឹកពីអំពើអាក្រក់នោះឡើងវិញឡើយ ព្រោះការរំលឹកម្តងគឺដូចជាបានធ្វើកម្មនោះឡើងវិញម្តង(ជវនសោយអារម្មណ៍ជាថ្មី៤៥០០០០ដង ម្តងទៀត) រំលឹកពីរដងដូចបានធ្វើកម្មនោះពីរដងដូច្នោះដែរ ។ បើជួបមនុស្សមានកំហុស សូមអនុញ្ញាត្តិឲ្យគេបានកែប្រែកំហុសផង កុំយកអតីតកាលមកសង្កត់ឲ្យគ្នារើជំងឺចាស់ឡើងវិញ លោកនេះមិនមានមនុស្សដែលមិនធ្លាប់ធ្វើខុសនោះឡើយ ។ សូម្បីតែព្រះពោធិសត្វលោកក៏ធ្លាប់មានកំហុស ធ្លាប់ធ្លាក់នរក លោកលែងធ្វើខុសបានតែ៤៥ឆ្នាំក្រោយការត្រាស់ដឹងនេះប៉ុណ្ណោះ ព្រះមហាមោគ្គល្លានជាអគ្គមហាសាវ័កឆ្វេងក៏លោកធ្លាប់បានសម្លាប់មាតាបិតាក្នុងអតីតជាតិ ដែលផលកម្មតាមផ្តន្ទាលោក ជាតិណាក៏លោកត្រូវស្លាប់ដោយដាច់ព្រះសីសៈ(ដាច់ក្បាល)សូម្បីតែជាព្រះខីណាស្រពហើយក៏ដោយ ។
ជនណាសាងបាបនឹងសៅហ្មងដោយខ្លួនឯង ជនណាសាងបុណ្យនឹងបរិសុទ្ធដោយខ្លួនឯង សេចក្តីបរិសុទ្ធមិនបរិសុទ្ធ ល្អក់ប៉ុណ្ណាថ្លាប៉ុណ្ណា គឺមានខ្លួនឯងជាអ្នកដឹង មិនមានអ្នកដទៃណាមកធ្វើឲ្យយើងសៅហ្មងឬបរិសុទ្ធបានឡើយ ។ បើយើងខ្លាចទុក្ខត្រូវខំកំចាត់ហេតុរបស់វាចោលចេញ កុំធ្វើអំពើបាបទាំងក្នុងទីវាលនិងក្នុងទីកំបាំង។បុគ្គលមិនមែនថោកទាបព្រោះជាតិត្រកូលទេ ទាំងមិនមែនថ្លៃថ្នូរព្រោះតែជាតិត្រកូលដែរ ថោកទាបឬថ្លៃថ្នូរគឺនៅលើអំពើកម្មរបស់ខ្លួន។ផលកម្មមិនដែលអត់អោនត្រាប្រណីដល់អ្នកប្រព្រឹត្តិម្តងណាឡើយ ទាំងក្នុងបច្ចុប្បន្ននិងអនាគត តុលាការកម្មមិនចេះសុីសំណូកជាដាច់ខាត ! ភាពសោកសៅដោយការស្តាយក្រោយនឹងតាមលងអ្នកគ្រប់ពេលវេលាសូម្បីតែក្នុងការយល់សប្តិ ទោះបីជាអ្នកមិនចេះឈឺចាប់ដោយវិប្បដិសារីយ៍ក៏ដោយ ។
ហេតុអីអ្នកធ្វើអំពើអាក្រក់មិនឃើញទទួលផលភ្លាមៗ? ត្រូវចាំថាកម្មនិងផលកម្មគឺសូន្យចាកគ្នា មានន័យថាវេលាកំពុងធ្វើកម្មគឺផលមិនទាន់ហុចឲ្យទេ ដល់ពេលផលហុចឲ្យគឺហុចឲ្យផ្ទួនៗគ្នានាំឲ្យវិនាសហិនហោចខ្លោចផ្សាស្លាប់ព្រាត់ប្រាសយ៉ាងវេទនាអស់ទៅ ។ សូម្បីទឹកក្អមគង់នឹងពេញដោយតំណក់ទឹក យ៉ាងណាមិញជនពាលសន្សំបាបបន្តិចម្តងគង់នឹងពេញដោយអំពើបាប ហើយឲ្យផលដូច្នោះដែរ ។
ប៉ុន្តែយើងទេដែលចេះតែចង់ឲ្យគេបានទទួលផលឆាប់ៗលើអំណាចកម្ម បាបមិនទាន់ឲ្យផលត្រឹមណាជនពាលរមែងចូលចិត្តថាអំពើបាបមានរសផ្អែមត្រឹមនោះ តែកាលណាបាបឲ្យផលហើយទើបជួបនូវសេចក្តីទុក្ខសមតាមផលកម្មរបស់ខ្លួន « អ្វីៗ កើតឡើងសុទ្ធតែមានហេតុផល វាមកដល់តាមពេលវេលាច្បាស់លាស់របស់វា » ។
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/1308/2026-08-22_19_08_51-Greenshot.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ១៦,៥៧១ ដង)
កតញ្ញុតាធម៌ ជាគុណធម៌ដែលសំខាន់ក្នុងភាពជាមនុស្ស ។ការដឹងគុណ និងការតបគុណនោះ អាចគ្រប់គ្រងរក្សាឲ្យកូនផុតអំពីភាពអាក្រក់ទាំងពួងបាន ។បុគ្គលដែលតបគុណដល់អ្នកដែលមានគុណ រមែងមិននិយាយ មិនធ្វើនូវអ្វីដែលជាហេតុឲ្យអ្នកមានគុណក្តៅក្រហាយចិត្តឡើយ ។កតញ្ញុតាធម៌ មានកម្លាំងដ៏ក្រៃលែង បើមិនគិតឲ្យល្អទេគឺមិនអាចយល់បានឡើយ ដូច្នេះ កតញ្ញុតាធម៌ ត្រូវកូនខំប្រឹងគិតឲ្យបានល្អ កុំយល់ថាមិនសូវសំខាន់នោះមនុស្សដែលអាក្រក់ ខុសសីលខុសធម៌ ខុសវិន័យទៅបានដឹងគុណហ្នឹងឯង តែបើកូនជាមនុស្សចេះដឹងគុណ កូនមានតែសេចក្តីចម្រើនដោយកុសល ម្យ៉ាងទៀត កតញ្ញុតាធម៌ដែលមានក្នុងខ្លួនកូនជាគ្រឿងសំគាល់ថា កូនមាសឪពុកជាមនុស្សល្អ ។
កតញ្ញុតាការដឹងគុណ
ជាទុនជីវិតពិតដ៏ឆ្នើម
ជួយញ៉ាំងបារមីធំសម្បើម
និងជាដង្ហើមនៃកុសល ។
កតញ្ញុតាការដឹងគុណ
នាំចាកទារុណបាបកង្វល់
គឺជាបញ្ញាគ្រឿងតម្កល់
នាំខ្លួនចូលដល់កុសលកម្ម ។
គុណធម៌ល្អណាស់ក្នុងខ្លួនមនុស្ស
កូនកុំប្រទូស្តត្រូវចងចាំ
ជាធម្មតាគុណគ្មានប្រេះស្រាំ
ទោះយូរខែឆ្នាំនៅតែល្អ ។
បើកូនចង់បានជាមនុស្សពិត
ត្រូវមានគំនិតថ្លៃបវរ
កូនកុំយកខ្មៅធ្វើជា ស
កុំយកគុណល្អមកជាន់ឈ្លី ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1310/Untitled-1-Recovered.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ១៩,០៧០ ដង)
កាលមាតាបិតាបានចិញ្ចឹមកូន ត្រូវតាមគន្លងធម៌យ៉ាងនេះហើយ ខ្លួនយើងជាកូនត្រូវដឹងគុណគាត់វិញ ដោយជួយចិញ្ចឹមបីបាច់ថែរក្សាគាត់ ដូចគាត់ធ្វើមកលើយើង ទើបសមជាកូនដ៏ល្អរបស់មាតាបិតា។ សូម្បីព្រះសម្មាសម្ពុទ្ធក៏ទ្រង់ទុកមាតាបិតាដូចជាភ្លើង ដូចទ្រង់ត្រាស់ថា៖
ម្នាលព្រាហ្មណ៍ ភ្លើង ៣ ប្រការនេះគួរបុគ្គលគួរធ្វើសក្ការៈគោរពរាប់អាន បូជា រក្សា បម្រើឲ្យល្អដោយប្រពៃ។ ភ្លើង ៣ ប្រការតើដូចម្ដេចខ្លះ? ភ្លើងគឺអាហុនេយ្យបុគ្គល ១ ភ្លើង គឺបុគ្គលជាម្ចាស់ផ្ទះ១ ភ្លើង គឺ ទក្ខិណេយ្យបុគ្គល ១ ។អាហុនេយ្យបុគ្គល បានដល់ មាតាបិតាជាបុគ្គលគួរបូជារបស់កូនប្រុសស្រី ព្រោះកាលកូនគោរពបូជារមែងបានបុណ្យកុសលដ៏ច្រើន ហើយតែងតែបានផលអាចឃើញទាន់ភ្នែកទៀតផង ដូចជាការសរសើរជាដើម។
គហបតគ្គិ ភ្លើងគឺ ម្ចាស់ផ្ទះ បានដល់ ប្រពន្ធ កូន ខ្ញុំបម្រើ អ្នកទាំងអស់នេះ ត្រូវតែប្រុងប្រយ័ត្នបីបាច់ថែរក្សាឲ្យបានល្អ មិនត្រូវធ្វេសប្រហែសទេ ។ទក្ខិណេយ្យគ្គិ ភ្លើងគឺទក្ខិណេ្យបុគ្គល បានដល់ សមណព្រាហ្មណ៍ជាអ្ននមិនមានសេចក្ដីប្រមាទ ស្ថិតនៅក្នុងខន្តីនិងសោរច្ចៈ ទូន្មាននូវចិត្តមួយ រម្ងាប់នូវចិត្តមួយរលត់នូវចិត្តមួយ ត្រូវតែគោរពប្រតិបត្តិឲ្យបានល្អ ដោយការថ្វាយបង្គំ និងការឲ្យទានជាដើម។
ហេតុអ្វីបានទ្រង់ត្រាស់ថា ជាភ្លើង? ព្រោះភ្លើងនាំមកនូវសេចក្ដីចម្រើនដោយយើងក៏មាន សេចក្ដីវិនាសក៏មាន ដូចភ្លើងចង្ក្រានយើងឈ្លាសដាំបាយហូបបាន តែមិនឈ្លាសធ្វើឲ្យឆេះផ្ទះអស់ក៏បាន យ៉ាងណា ភ្លើងនេះ បើយើងប្រតិបត្តិគោរពតែងនាំមកនូវសេចក្ដីចម្រើន សុភមង្គល វិបុលសុខ បើយើងបៀតបៀនមើលងាយ មើលថោកតែងនាំមកនូវសេចក្ដីវិនាសទុក្ខព្រួយជានិច្ច។
នៅក្នុងអង្គុត្តរនិកាយ ព្រះអង្គទ្រង់ត្រាស់ថា៖
ម្នាលភិក្ខុទាំងឡាយ កូនរបស់ត្រកូលទាំងឡាយណាបានបូជាមាតាបិតា ក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងអស់នោះឈ្មោះថាប្រកបដោយបុព្វាចារ្យ (អាចារ្យដើម) ម្នាលភិក្ខុទាំងឡាយ កូនរបស់ត្រកូលទាំងឡាយណា បានបូជាមាតាបិតាក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងនោះឈ្មោះថាប្រកបដោយអាហុនេយ្យ (អ្នកគួរទទួលរបស់ដែលកូនប្រុសស្រីបូជា)។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រហ្មនុះ ជាឈ្មោះមាតាបិតា ម្នាលភិក្ខុទាំងឡាយពាក្យថា បុព្វាចារ្យនុះឈ្មោះថាមាតាបិតាម្នាលភិក្ខុទាំងឡាយពាក្យថា អាហុនេយ្យនុះ ជាឈ្មោះមាតាបិតា ។ដំណើរនោះព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះមាតាបិតាជាអ្នកមានឧបការៈច្រើន ជាអ្នកបីបាច់ រក្សាចិញ្ចឹមកូន ជាអ្នកឲ្យកូនបានឃើញក្នុងលោក។
ព្រហ្មាតិ មាតាបិតរោ បុព្វាចរិយាតិ វុច្ចរេ អាហុនេយ្យា ច បុត្តានំ បជាយ អនុកម្បកា។ តស្មាហិ នេ នមស្សេយ្យ សក្ករេយ្យាថ បណ្ឌិតោ អន្មេន អថ បានេន វត្ថេន សយនេន ច ឧច្ឆាទនេន ន្ហាបនេន បាទានំ ធោវនេន ច តាយ បរិចរិយាយ មាតាបិតូសុ បណ្ឌិតា ឥធេវ នំ បសំសន្តិ
បេច្ច សគ្គេ បមោទតិ។មាតាបិតាលោកហៅថាព្រហ្មផង ថាបុព្វាចារ្យាផងថា អាហុនេយ្យផង របស់កូនទាំងឡាយ ព្រោះជាអ្នកអនុគ្រោះនូវពពួកសត្វ។ ព្រោះហេតុនោះ បណ្ឌិតត្រូវតែមនស្ការធ្វើសក្ការៈមាតាបិតាទាំងនោះ ដោយបាយ ទឹក សំពត់ ទីដេកគ្រឿងដុសខាត់ទឹកងូត នឹងទឹកលាងជើង បណ្ឌិតរមែងសរសើរកូននោះ ព្រោះការបម្រើមាតាបិតានោះក្នុងលោកនេះ (កូននោះ) លុះលះលោកនេះទៅកាន់បរលោករមែងរីករាយក្នុងស្ថានសួគ៌។
ក្នុងព្រះសូត្រនេះចង្អុលបង្ហាញឲ្យឃើញថា ព្រះសម្មាសម្ពុទ្ធទ្រង់ចង្អុលនូវគុណមាតាបិតាដ៏ធំធេង ចំពោះកូនប្រុសស្រីក្នុងលោកនេះ ហើយទ្រង់បានត្រាស់ថា មាតាបិតាជាអាហុនេយ្យបុគ្គល គឺបុគ្គលគួរទទួលយកនូវទេយ្យវត្ថុ ដែលកូនប្រុសស្រីបូជា នឹងបានបុណ្យកុសលរាប់ប្រមាណមិនបាន។ ព្រោះហេតុនោះ សូមកូនប្រុសស្រីត្រូវជ្រាបថា មាតាបិតាជាអ្នកឧបការគុណច្រើន មិនមានអ្វីក្នុងលោកនេះ ប្រៀបប្រដូចបានឡើយ ។ កាលយ៉ាងនោះ កូនប្រុសស្រីមិនត្រូវប្រមាថមើលងាយគាត់ដោយប្រការណានីមួយនោះឡើយ។បើខុសភ្លាំងភ្លាត់ ព្រោះល្ងិតល្ងង់ ត្រូវសូមខមាទោសគាត់ កុំខានឡើយ!។
ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ៥០០០ឆ្នាំ
images/articles/857/Untitled-1.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ៣៤,០៧៨ ដង)
សូមញាតិញោម បងប្អូនប្រុសស្រី មិត្តអ្នកអានទាំងឡាយ សិក្សាអំពីកំណើតសត្វឲ្យបានដឹងជាមុនសិន ។ តាមពិតកំណើតសត្វលោកមានច្រើនប្រភេទណាស់ ដូចដែលព្រះដ៏មានបុណ្យរបស់យើងត្រាស់ថា (សត្តា-អនន្ហា) ប៉ុន្តែក្នុងបញ្ហានេះដែរ ព្រះអង្គក៏ទ្រង់បានបំព្រួញ ឲ្យខ្លីមកដើម្បីឲ្យយើងទាំងអស់គ្នាងាយស្រួលសិក្សា គឺមានត្រឹមតែ ៤ ប្រភេទប៉ុណ្ណោះ គឺ៖
ទី១. អណ្ឌជៈ សំដៅយកសត្វទាំងឡាយណា ដែលមកអាស្រ័យក្នុងស៊ុត ហើយចោះទំលាយសំបកស៊ុតចេញមក ដូចជាៈ សត្វចាប លលក មាន់ ទា ជាដើម ។
ទី២. ជលាពុជៈ សំដៅយកសត្វទាំងឡាយណា ដែលសម្រាលចេញពីផ្ទៃមេ ឬផ្ទៃម្តាយដូចជា សត្វមនុស្ស គោ ក្របី ឆ្កែ ឆ្មា ដំរី សេះ ជាដើម ។
ទី៣. សំសេទជៈ សំដៅយកសត្វទាំងឡាយណា ដែលកើតមកពីត្រីស្អុយ សាកសព ឬក្នុងវត្ថុជូរផ្អូម ជាដើម ដូចជា សត្វដង្កូវ ។ល។
ទី៤. ឧបបាតិកៈ សំដៅយកសត្វទាំងឡាយណា ដែលកើតឡើងឯងៗ ដូចជា ទេវតា នរក ប្រេត ជាដើម ។
បើសង្កេតលើមាតិការធម៌ខាងដើមចាប់ពីមាតិកាទី ១ រហូតដល់ទី ៣ ខ្ញុំជឿជាក់ថាញាតិញោមបងប្អូនប្រុសស្រី មិត្តអ្នកអានពិតជាមិនឆ្ងល់ទេ ប៉ុន្តែរឿងដែលអាថ៌កំបាំង ហើយគួរឲ្យងឿងឆ្ងល់នោះ គឺមាតិកាធម៌ទី ៤ គឺ កំណើតសត្វទី ៤ ដូច្នេះ សូមឆ្លៀតឱកាសលើកយកកំណើតសត្វទី ៤ មកអធិប្បាយដូចតទៅៈ
អធិប្បាយកំណើតសត្វទី ៤
នៅក្នុងព្រះអដ្ឋកថា បានសម្តែងថា បណ្តាសត្វទាំងឡាយ សត្វប្រភេទមួយកើតឡើងដោយចោះសំបកស៊ុតចេញ ប្រភេទមួយកើតឡើងដោយអាស្រ័យវត្ថុស្មោកគ្រោក ប្រភេទមួយកើតឡើងដោយសារការសម្រាលចេញពីផ្ទៃមេ ឬផ្ទៃម្តាយ ។ តែសម្រាប់សត្វឧបបាតិកៈ កំណើត គឺសំដៅដល់សត្វដែលកើតឡើងដោយពុំអាស្រ័យហេតុ ដូចសត្វ ៣ ប្រភេទខាងលើឡើយ ។ សត្វពួកនេះ វេលាកើតក៏កើតឡើងឯងៗ មានរូបកាយធំឡើងភ្លាមៗ ។ សេចក្តីអធិប្បាយយ៉ាងនេះ យើងគប្បីយល់ចូលចិត្តថា ឧបបាតិកៈកំណើត គឺជាកំណើតប្រភេទមួយ ដែលកើតឡើងដោយមិនចាំបាច់មេបាឲ្យកំណើតឡើយ ។ អាស្រ័យទៅលើពុទ្ធភាសិតច្រើនកន្លែង ស្តែងឲ្យឃើញថា ពួកទេវតានិងពួកនរក សុទ្ធតែជាឧបបាតិកៈកំណើត ។
ម៉្យាងទៀត ក្នុងអដ្ឋកថាដដែលមានតួយ៉ាងថា ពួកទេវតាជាឧបបាតិកៈកំណើតនេះ បានដល់ទេវតាចាតុម្មមហារាជិការហូតដល់ទេវតាជាន់ខ្ពស់ៗឡើងទៅជាលំដាប់ ។ ចំណែកភុម្មទេវតា គឺទេវតាដែលស្ថិតនៅលើផែនដីនេះ រមែងប្រព្រឹត្តទៅបានទាំង ៤ កំណើត ហើយលោកបានបញ្ជាក់បន្ថែមថា មនុស្សខ្លះក៏ជាឧបបាតិកៈកំណើតដែរ (ដូចជានាងចិញ្ចាជាដើម) ។ ក្នុងសេចក្តីនេះ ខ្ញុំមិនបានអធិប្បាយឲ្យពិស្តារទេ បើមិត្តអ្នកអានចង់យល់ច្បាស់ អំពីរឿងឧបបាតិកៈកំណើតនេះ សូមនិមន្តនិងអញ្ជើញតាមដាននៅក្នុងអគ្គញ្ញសូត្រទៀតចុះ ។
ស្រង់ចេញពីសៀវភៅ " តើនរកមានដែរឬទេ? "
រៀបរៀងដោយ ភិក្ខុ វជិរប្បញ្ញោ សាន-សុជា
ដោយ៥០០០ឆ្នាំ
images/articles/2834/44rrxtpic.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១៣,៧៤០ ដង)
ភូមិ ៣
១. កាមភូមិ ១១ បានដល់ អបាយភូមិ ៤ មនុស្សភូមិ ១ ទេវភូមិ ៦
២. រូបភូមិ ១៦ បានដល់ រូបព្រហ្ម ១៦
៣. អរូបភូមិ ៤ បានដល់ អរូបព្រហ្ម ៤ ។
កំណើត ៤
១. អណ្ឌជយោនិ កំណើតក្នុងពង
២. ជលាពុជយោនិ កំណើតក្នុងគភ៌
៣. សំសេទជយោនិ កំណើតក្នុងញើសក្អែល
៤. ឱបបាតិកយោនិ កំណើតកើតឯង ។
គតិ ៥
១. និរយោ នរក
២. តិរច្ឆានយោនិ កំណើតតិរច្ឆាន
៣. បេត្តិវិសយោ ប្រេតវិស័យ
៤. មនុស្សា ពួកមនុស្ស
៥. ទេវា ពួកទេវតា ។
វិញ្ញាណដ្ឋិតិ ៧
១. សត្តា នានត្តកាយា នានត្តសញ្ញិនោ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា (ដូចពួកមនុស្ស ទេវតាពួកខ្លះ និងវិនិបាតិកៈពួកខ្លះ នេះជាវិញ្ញាណដិ្ឋតិទី ១) ។
២. សត្តា នានត្តកាយា ឯកត្តសញ្ញិនោ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា (ដូចទេវតាក្នុងពួកព្រហ្មដែលកើតក្នុងជាន់បឋមជ្ឈានភូមិ នេះជា វិញ្ញាណដ្ឋិតិ ទី ២) ។
៣. សត្តា ឯកត្តកាយា នានត្តសញ្ញិនោ ពួកសត្វមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា (ដូចពួកទេវតាក្នុងជាន់អាភស្សរៈ នេះជាវិញ្ញាណដ្ឋិតិ ទី ៣) ។
៤. សត្តា ឯកត្តកាយា ឯកត្តសញ្ញិនោ ពួកសត្វមានកាយដូចគ្នា មានសញ្ញាដូចគ្នា (ដូចពួកទេវតាក្នុងជាន់សុភកិណ្ហៈ នេះជា វិញ្ញាណដ្ឋិតិ ទី ៤) ។
៥. សត្តា សព្វសោ រូបសញ្ញានំ សមតិក្កមា បដិឃសញ្ញានំ អត្ថង្គមា នានត្តសញ្ញានំ អមនសិការា អនន្តោ អាកាសោតិ អាកាសានញ្ចាយតនូបគា ពួកសត្វចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយគិតថា អាកាសមិនមានទីបំផុត ព្រោះកន្លងបង់នូវពួករូបសញ្ញា ព្រោះវិនាសទៅនៃពួកបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវពួកនានត្តសញ្ញា ដោយប្រការទាំងពួង(នេះជា វិញ្ញាណដ្ឋិតិ ទី ៥) ។
៦. សត្តា សព្វសោ អាកាសានញ្ចាយតនំ សមតិក្កម្ម អនន្តំ វិញ្ញាណន្តិ វិញ្ញាណញ្ចាយតនូបគា ពួកសត្វកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយគិតថា វិញ្ញាណមិនមានទីបំផុត (នេះជាវិញ្ញាណដ្ឋិតិ ទី ៦) ។
៧. សត្តា សព្វសោ វិញ្ញាណញ្ចាយតនំ សមតិក្កម្ម នត្ថិ កិញ្ចីតិ អាកិញ្ចញ្ញាយតនូបគា ពួកសត្វកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយគិតថាវត្ថុតិចតួចមិនមាន (នេះជាវិញ្ញាណដ្ឋិតិ ទី៧) ។
សត្តាវាស ៩
១. សត្តា នានត្តកាយា នានត្តសញ្ញិនោ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស ទេវតាពួកខ្លះ និងវិនិបាតិកៈពួកខ្លះ (នេះជា
សត្តាវាស ទី ១) ។
២. សត្តា នានត្តកាយា ឯកត្តសញ្ញិនោ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាក្នុងជាន់ព្រហ្មលោក ដែលកើតក្នុងជាន់បឋមជ្ឈានភូមិ (នេះជាសត្តាវាសទី ២) ។
៣. សត្តា ឯកត្តកាយា នានត្តសញ្ញិនោ ពួកសត្វមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកទេវតាក្នុងជាន់អាភស្សរៈ (នេះជាសត្តាវាសទី ៣) ។
៤. សត្តា ឯកត្តកាយា ឯកត្តសញ្ញិនោ ពួកសត្វមានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាក្នុងជាន់សុភកិណ្ហៈ (នេះជាសត្តាវាស ទី ៤) ។
៥. សត្តា អសញ្ញិនោ អប្បដិសំវេទិនោ ពួកសត្វឥតសញ្ញា មិនដឹងច្បាស់ (នូវអារម្មណ៍) (ដូចពួកទេវតាជា អសញ្ញិសត្វ នេះជា សត្តាវាស ទី ៥) ។
៦. សត្តា សព្វសោ រូបសញ្ញានំ សមតិក្កមា បដិឃសញ្ញានំ អត្ថង្គមា នានត្តសញ្ញានំ អមនសិការា អនន្តោ អាកាសោតិ អាកាសាន-ញ្ចាយតនូបគា ពួកសត្វចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុតដូច្នេះ ព្រោះកន្លងបង់នូវពួករូបសញ្ញា ព្រោះវិនាសទៅនៃពួកបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវពួកនានត្តសញ្ញាដោយប្រការទាំងពួង (នេះជាសត្តាវាស ទី ៦) ។
៧. សត្តា សព្វសោ អាកាសានញ្ចាយតនំ សមតិក្កម្ម អនន្តំ វិញ្ញាណន្តិ វិញ្ញាណញ្ចាយតនូបគា ពួកសត្វកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុតដូច្នេះ (នេះជា សត្តាវាស ទី ៧) ។
៨. សត្តា សព្វសោ វិញ្ញាណញ្ចាយតនំ សមតិក្កម្ម នត្ថិ កិញ្ចីតិអាកិញ្ចាញ្ញាយតនូបគា ពួកសត្វកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុបន្តិចបន្តួចមិនមានដូច្នេះ (នេះជា សត្តាវាស ទី ៨) ។
៩. សត្តា សព្វសោ អាកិញ្ចញ្ញាយតនំ សមតិក្កម្ម វសញ្ញានាសញ្ញាយតនូបគា ពួកសត្វកន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុនេះស្ងប់រម្ងាប់ វត្ថុនេះប្រសើរ ដូច្នេះ (នេះជា សត្តាវាស ទី ៩) ។
(សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ សង្គីតិសូត្រ)
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/906/Untitled-1.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ៥៣,៩១៣ ដង)
មនុស្សទាំងឡាយក្តី សត្វទាំងឡាយក្តី ដែលអាចធ្វើដំណើរទៅមកបានអាស្រ័យមានផ្លូវ បើមិនមានផ្លូវទេ មិនអាចធ្វើដំណើរដោយជើង ឬយានយន្តបានឡើយ ។ មធ្យោបាយរស់នៅរបស់មនុស្ស ចាំបាច់ត្រូវមានផ្លូវ ធ្វើដំណើរ ទៅមកទើបជាការងាយស្រួល ។
ផ្លូវទៅផ្សារងាយស្រួលសម្រាប់អ្នកធ្វើដំណើរទៅផ្សារ
ផ្លូវទៅជនបទងាយស្រួលសម្រាប់អ្នកធ្វើដំណើរទៅជនបទ
ផ្លូវទៅវត្តងាយស្រួលសម្រាប់អ្នកធ្វើដំណើរទៅវត្ត
តើការធ្វើផ្លូវយ៉ាងដូចម្តេច?
ការធ្វើផ្លូវគឺជាការធ្វើដីឲ្យរាបស្មើល្អ បើមិនបានធ្វើដោយខ្លួនឯងទេ ក៏បើកូនចៅ ញាតិមិត្រ ឬរួមចំណែកជាមួយអ្នកដទៃជួលជាប្រាក់ ដើម្បីកសាងផ្លូវមួយខ្សែ វែងក៏ដោយ ខ្លីក៏ដោយ ឬបានធ្វើផ្លូវមុខផ្ទះរបស់ខ្លួនឲ្យបានស្អាតងាយស្រួលដល់អ្នកដំណើរឆ្លងកាត់ទាំងឡាយ ។
អ្នកធ្វើផ្លូវថ្នល់ ឬស្ពានរមែងបានអានិសង្សច្រើនគឺបានសេចក្តីសុខក្នុងលោកនេះ និងលោកខាងមុខ ។ សូមមេត្តាចូលរួមចំណែកកសាងផ្លូវថ្នល់ និងជួយថែរក្សាឲ្យបានស្អាតគង់វង្សដើម្បីប្រយោជន៍ ដល់មនុស្សសត្វទូទៅ ។
ស្រង់ចាកសៀវភៅ " អានិសង្សទីសេនាសនទាន "
រៀបរៀងដោយធម្មាចារ្យ កែវ-វិមុត្ត
ដោយ៥០០០ឆ្នាំ
images/articles/863/2026-07-19_15_46_04-Greenshot.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១៤,២៦៤ ដង)
១ នាទីមានប្រយោជន៍
មានដំបៅចិត្ត ត្រូវបិទថ្នាំ
មនុស្សដែលច្រើនដោយសេចក្តីក្រោធ ព្រោះចិត្តមានដំបៅទោសៈ ពាក្យសម្តីអ្នកដទៃមកប៉ះខ្ទប់តែបន្តិចបន្តួចជាដើមប៉ុណ្ណោះ ក៏ហូរទឹករងៃចេញតាមដៃជើង អាកប្បកិរិយា ទឹកមុខ ពាក្យសម្តី រួចហើយក៏ជះក្លិនស្អុយទៅទាំងបណ្តោយខ្យល់ ទាំងបញ្ច្រាសខ្យល់ ជាការប្រកាសសេចក្តីអាក្រក់របស់ខ្លួនឯងប្រាប់អ្នកដទៃ ។ ចំណែកមនុស្សដែលមានចិត្តមាំទាំល្អ បរិសុទ្ធមិនមានដំបៅ ទោះជាអារម្មណ៍មិនល្អយ៉ាងណា មកប៉ះខ្ទប់ក៏ដោយ ក៏មិនអាចជ្រួតជ្រាបទៅ ធ្វើឲ្យចិត្តមានការថ្នាំងថ្នាក់បានដែរ ដូចទឹកមិនជ្រាបទៅក្នុងស្លឹកឈូក ឬគ្រាប់ពេជ្រដែលមិនមានស្នាមប្រេះដូច្នោះឯង ។
ស្រង់ចេញពី សៀវភៅ " មេរៀនជីវិត "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/854/Untitled-1.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១៥,៦៥៩ ដង)
ក. ចេះស្វែងរករបស់ដែលបាត់
របស់ដែលបាត់ ជួនកាលបាត់ដោយអស់បុណ្យ ជួនកាលបាត់ដោយអកុសលបៀតបៀន ជួនកាលក៏បាត់ដោយអាស្រ័យការធ្វេសប្រហែសនៃម្ចាស់របស់ ។ ប៉ុន្តែបើទុកជាទ្រព្យនោះត្រូវបាត់បង់ទៅដោយប្រការណាក៏ដោយ ក៏ត្រូវតែស្វែងរកដែរ ព្រោះថាជួនកាលអាចឃើញមកវិញដោយពិតប្រាកដ តែថាបើរកមិនឃើញទេត្រូវចេះទទួលស្គាល់ការពិតផង ត្រូវចេះហាមចិត្តដែលសោកស្តាយខ្លាំងៗ និងសេចក្តីក្រោធខឹង កុំឲ្យកើតឡើង បើមិនដូច្នោះទេ យើងមិនមែនបាត់បង់ត្រឹមតែទ្រព្យប៉ុណ្ណោះទេ ទ្រព្យដែលបាត់នោះ បានឆក់យកនូវសេចក្តីសុខរបស់យើងទៅជាមួយផងដោយពិត ។
ខ. ចេះជួសជុលរបស់ដែលខូចឬចាស់
វត្ថុសម្រាប់ប្រើប្រាស់ទាំងអស់ សុទ្ធតែត្រូវប្រែប្រួលនិងចាស់គ្រាំគ្រា ទីបំផុតនឹងត្រូវខូចខាត ទៅដោយឥតមានសេសសល់ឡើយ ប៉ុន្តែថ្វីបើយ៉ាងនេះហើយក៏ដោយ បើចេះថ្នមវាក៏អាចប្រើប្រាស់បានកាលយូរអង្វែង មិនសូវខាតបង់ប្រាក់កាសក្នុងការទិញរបស់ថ្មីមកប្រើជំនួស ហើយយើងអាចសន្សំប្រាក់សម្រាប់ទុកធ្វើជាដើមទុនក្នុងមុខរបរ ឬក៏អាចធ្វើអ្វីដែលជាប្រយោជន៍ផ្សេងទៀតបាន ។
របស់របរខ្លះ មិនមែនថាចាស់រហូតដល់ប្រើលែងបាននោះទេ គ្រាន់តែអន់រូបអន់រាងបន្តិចប៉ុណ្ណោះ ដូចជានៅក្នុងរឿងទូរសព័្ទ ត្រឹមតែតម្លៃ ៧០ ឬ ៨០ ដុល្លា ក៏ល្មមសមគួរនឹងប្រើប្រាស់ក្នុងការទំនាក់ទំនងគ្នាបានដោយស្រួលទៅហើយ ប៉ុន្តែដោយចង់តែដេញម៉ូតសម័យ ត្រូវថែម ១០០ ឬ ២០០ ដុល្លា ទៀតដើម្បីដូរយករបស់ថ្មី ទង្វើបែបនេះ មិនមែនត្រឹមតែដើម្បីប្រយោជន៍រស់នោះទេ គឺថាប្រាក់ដែលបន្ថែមពីលើនោះ គឺជាការបូជាតណ្ហាដោយពិត ។ ចំណែកភិក្ខុសមណេរ ត្រូវតែគិតអំពីបញ្ហានេះ កុំភ្លេចខ្លួនឲ្យសោះ ។
ប្រុសសង្ហា មិនមែនដោយសារទូរស័ព្ទនោះទេ បូរាណបានពោលថា " ស្រីស្រស់ព្រោះចរិយា បុ្រសសង្ហាព្រោះវិជ្ជា " ចំណែកបព្វជិត ក៏មិនខុសពីស្រ្តីប៉ុន្មានដែរ បើមានតែវិជ្ជាខ្វះចរិយា ដូចផ្លែល្វាល្អតែខាងក្រៅ ។ របស់ខ្លះចាស់ទៅមែន តែនៅមានប្រយោជន៍ខ្លះ ហើយបើរបស់នោះមិនចេះយំទារចំណីស៊ីទេ គប្បីថែរក្សាទុកឲ្យបានល្អ ជួនកាលពេលនេះយើងមិនត្រូវការ ដោយអាងថា មានគ្រប់គ្រាន់ហើយ ប៉ុន្តែថ្ងៃណាមួយយើងនឹងអាចត្រូវការវាជាក់ជាមិនខាន ។
គ. បរិភោគល្មមប្រមាណ
ការបរិភោគល្មមប្រមាណ សំដៅដល់ការចេះសន្តោសក្នុងការបរិភោគ មិនល្មោភតាមតែចំណង់ ព្រោះយើងមិនមែនបរិភោគតែមួយពេលហើយឈប់នោះទេ ត្រូវគិតទៅដល់ថ្ងៃក្រោយផង ក្រែងលោរកមិនបានដូចថ្ងៃនេះ ។
ឃ. មិនតាំងបុរស ឬស្រ្តីទ្រុស្តសីលជាធំ
បុរស ឬស្រ្តី ដែលទ្រុស្តសីលក្នុងទីនេះសំដៅយកបុរសស្ត្រីណា ដែលមិនមានការស្មោះត្រង់ ហើយចូលចិត្តប្រព្រឹត្តអបាយមុខ ដូចជាល្បែងស៊ីសងជាដើម ។ ការដែលប្រគល់ឲ្យបុរស ឬស្រ្តីប្រភេទនេះ ឲ្យជាអ្នកកាន់កាប់ទ្រព្យសម្បត្តិ តែងតែមានការវិនាសអន្តរាយមិនខានឡើយ ដូចនៅក្នុងខុទ្ទកនិកាយ សុត្តនិបាត ឧរគវគ្គ បរាភសូត្រទី ៦ គាថាទី ១១ ព្រះមានព្រះភាគទ្រង់ត្រាស់តបបញ្ហារបស់ទេវតាថា
" ឥត្ថឹសោណ្ឌឹ វិកិរណឹ បុរិសំ វាបិ តាទិសំ ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ "
ប្រែថា " បុរសបុគ្គលតាំងស្រ្តីអ្នកលេងខ្ជះខ្ជាយ ឬបុរសបែបនោះដែរ ក្នុងឋានៈជាធំ នោះជាប្រធាននៃសេចក្តីវិនាស " ។ បុរសស្រ្តីដែលខ្ជះខ្ជាយដូច្នេះ ប្រៀបដូចជាកញ្ជើដែលមានបាតធ្លុះ បើទុកជាគេខំដាក់របស់បំពេញយ៉ាងណា ក៏មិនអាចពេញបានឡើយ ។
សូម្បីភ្នំខ្ពស់គង់គេឡើងបាន តស៊ូក្លាហានគង់បានជំនះ
សន្សំបារមីគង់បានតេជះ ធ្វើរបងផ្ទះគង់បានសល់ទ្រព្យ ។
ស្រង់ចេញពីសៀវភៅ " ប្រយោជន៍បីប្រការ "
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន-សុជា
ដោយ៥០០០ឆ្នាំ
images/articles/853/2026-08-21_13_03_43-4K_YouTube_to_MP3_Professional_License.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១៣,៨៨១ ដង)
បានឮមកថា ព្រះមហាថេរៈអង្គុយក្នុងទីសម្រាកពេលថ្ងៃ កាលសន្ទនាជាមួយនឹងអន្ទេវាសិក បានបត់ដៃចូល ហើយលាចេញដូចដើម (បន្ទាប់ពីនោះ) ទើបសន្សឹមៗ បត់ដៃចូលទៀត ។ពួកអន្ទេវាសិកបានសួរលោកថា លោកម្ចាស់ ហេតុដូចម្តេចលោកម្ចាស់ទើបបត់ដៃចូលយ៉ាងរហ័ស ហើយត្រឡប់លាទុកដូចដើមវិញ បន្ទាប់ពីនោះទើបសន្សឹមៗ បត់ដៃចូលទៀត ។ ព្រះមហាថេរៈឆ្លើយថា អាវុសោ តាំងពីខ្ញុំផ្តើមមនសិការកម្មដ្ឋាន ខ្ញុំមិនដែលលះបង់កម្មដ្ឋានហើយបត់ចូលឡើយ តែវេលានេះខ្ញុំនិយាយនឹងពួកលោកបានលះកម្មដ្ឋានហើយ ទើបបត់ដៃចូល ព្រោះដូច្នោះ ខ្ញុំទើបលាដៃចេញដូចដើម ហើយបត់ចូលបន្តិចម្តងៗ ទៅវិញទៀត ។
អន្តេវាសិកទាំងឡាយពិតថេរដីកាថា ល្អហើយ ល្អហើយ លោកម្ចាស់ ធម្មតាភិក្ខុគួរយ៉ាងហ្នឹង ។ សូម្បីក្នុង ឥរិយាបថបព្វៈនេះ ការមិនលះបង់កម្មដ្ឋាន គប្បីជ្រាបថា ឈ្មោះថា គោចរសម្បជញ្ញ ដោយប្រការដូច្នេះ ។ មិនមានអ្វីនៅក្នុងដែលឈ្មោះថា អត្តា បត់ដៃចូលមក ឬលាដៃចេញទៅ ។ តែការបត់ដៃចូល និងលាជើងចេញមានបានដោយការផ្សាយទៅនៃវាយោធាតុ ដែលកើតអំពីកិរិយារបស់ចិត្តមានប្រការដូចដែលពោលមកហើយ ដូចការកម្រើកដៃ និងជើងរបស់ទីងមោងដោយការទាញខ្សែ ព្រោះដូច្នោះ ក៏ការកំណត់ដឹង (ដូចដែលពោលមកនេះ) គប្បីជ្រាបចុះថា ឈ្មោះថា មាន អសម្មោហសម្បជញ្ញ ក្នុងឥរិយាបថបព្វៈ នេះ ។
ការប្រើសង្ឃាដី និងចីវរដោយការស្លៀកការដណ្តប់ ការប្រើបាត្រដោយការរក្សា ជាដើម ឈ្មោះថា ធារណៈ ក្នុងពាក្យថា សង្ឃាដិបត្តចីវរធារណ នេះ ។ ការបានអាមិស របស់ភិក្ខុអ្នកស្លៀក និងដណ្តប់ហើយ ត្រាច់ទៅបិណ្ឌបាត និងប្រយោជន៍ មានប្រការដូចដែលព្រះមានព្រះភាគត្រាស់ទុកនោះឯង ដោយន័យមានជាអាទិ៍ថា សីតស្ស បដិឃាតាយ (ដើម្បីបំបាត់ភាពរងា) ។ ឈ្មោះថា ប្រយោជន៍ក្នុងការទ្រទ្រង់សង្ឃាដី និងចីវរនោះ អ្នកសិក្សាគួរយល់សាត្ថកសម្បជញ្ញៈ ដោយអំណាចនៃប្រយោជន៍នោះ ដូច្នេះ ។
ចំណែកចីវរសាច់ម៉ដ្ឋ ជាសប្បាយៈរបស់អ្នកមានប្រក្រតីក្តៅ (ញើសចេញងាយ ) និងអ្នកមានកម្លាំង (តិច) ចីវរសាច់ក្រាស់គ្រោតគ្រាត ជាទីសប្បាយរបស់អ្នកមានប្រក្រតីរងាច្រើន (ឆាប់រងា) ខុសអំពីនេះក៏មិនជាទីសប្បាយ ។ ចីវរចាស់មិនជាទីសប្បាយរបស់នរណាៗ ឡើយ ។ ព្រោះវាធ្វើការកង្វល់ចិត្តឲ្យលោក ដោយឲ្យការជក់ចិត្តជាដើម ។ សំពត់ចីវរមួយផ្ទាំង (មិនបានកាត់ឲ្យជាខណ្ឌ) និងសំពត់សំបកឈើជាដើម ដែលជាទីតាំងនៃសេចក្តីលោភក៏យ៉ាងនោះ ព្រោះសំពត់ដូច្នោះ ធ្វើអន្តរាយដល់ការនៅតែឯងក្នុងព្រៃ ឬធ្វើអន្តរាយដល់ជីវិតក៏មាន និងដោយត្រង់ហើយ សំពត់ចីវរឯណានីមួយដែលកើតឡើង (បានមក) ដោយអំណាចមិច្ឆាជីវៈ មានការធ្វើនិមិត្តជាដើម និងចីវរណា កាលលោកប្រើទៅអកុសលធម៌ចម្រើនឡើង កុសលធម៌សាបសូន្យទៅចីវរនោះ ជាអសប្បាយ ប៉ុន្តែចីវរដែលខុសអំពីនេះ ជាសប្បាយ ។
ក្នុងសម្បជញ្ញបព្វៈនេះ អ្នកសិក្សាគប្បីយល់ សប្បាយសម្បជញ្ញ ដោយអំណាចនៃចីវរនោះឯង និងគោចរសម្បជញ្ញ ដោយអំណាចការមិនបោះបង់ចោលកម្មដ្ឋាន ។ មិនមានអ្វីដែលឈ្មោះថា អត្តា ក្នុងខាងក្នុងរបស់ភិក្ខុអ្នកដណ្តប់ចីវរមានតែការដណ្តប់ចីវរ ដោយការផ្សាយទៅនៃវាយោធាតុ ដែលកើតអំពីកិរិយារបស់ចិត្តមានប្រការដូចដែលពោលហើយប៉ុណ្ណោះ ។ បណ្តាចីវរ និងកាយទាំង ២ យ៉ាងនោះ សូម្បីចីវរក៏មិនមានការតាំងចិត្ត សូម្បីកាយក៏មិនដឹងថា ចីវរគ្រប់ដណ្តប់យើង ។
ធាតុទាំងឡាយប៉ុណ្ណោះគ្រប់ដណ្តប់ធាតុ ដូចយកសំពត់ចាស់ខ្ទប់រូប គឺគម្ពីរ ព្រោះដូច្នេះ បានចីវរដែលល្អហើយ ក៏មិនគួរធ្វើសេចក្តីត្រេកអរឡើយ បានមិនល្អ ក៏មិនគួរទោមនស្ស អធិប្បាយថា មនុស្សពួកខ្លះនាំគ្នាសក្ការបូជា នាគ ដំបូក ចេតីយ៍ និងដើមឈើ ជាដើម ដោយផ្កា គ្រឿងក្រអូប និងសំពត់ជាដើម ។
តែមនុស្សពួកខ្លះធ្វើវត្ថុដែលមិនមែនសក្ការៈ ដូចបន្ទោរបង់ឧច្ចារៈបស្សាវៈដាក់ យកភក់លាប យកកំណាត់ឈើវាយ និងសស្រ្តាប្រហារជាដើម នាគ ដំបូក និងដើមឈើជាដើម នឹងមិនធ្វើសេចក្តីត្រេកអរ សេចក្តីមិនត្រេកអរ សេចក្តីមិនត្រេកអរចំពោះសក្ការៈ ឬអសក្ការៈនោះ (យ៉ាងណា) ភិក្ខុក៏ដូច្នេះដូចគ្នា បានចីវរល្អហើយ ក៏មិនគួរធ្វើសេចក្តីត្រេកអរ បានចីវរមិនល្អ ក៏មិនគួរទោមនស្ស ។
ក្នុងសម្បជញ្ញបព្វៈនេះ អ្នកសិក្សាគួរយល់ អសម្មោហសម្បជញ្ញ ដោយអំណាចការពិចារណាដែលប្រព្រឹត្តទៅហើយ ដូចដែលពណ៌នាមកនេះចុះ ។ សូម្បីក្នុងការបីបាត្រ ក៏គួរជ្រាប អសម្មោហសម្បជញ្ញ ដោយអំណាចប្រយោជន៍ដែលនឹងគប្បីបាន ព្រោះមានការកាន់បាត្រជាបច្ច័យយ៉ាងនេះថា យើងនឹងមិនប្រញាប់ប្រញាល់កាន់បាត្រ តែនឹងកាន់យកបាត្រ (ដោយមានកម្មដ្ឋានជាសំខាន់) ត្រាច់ទៅបិណ្ឌបាត ក៏នឹងបានភិក្ខា ។
ចំណែកបាត្រធ្ងន់ មិនជាសប្បាយសម្រាប់ភិក្ខុអ្នកមានរាងកាយស្គម និងកម្លាំងតិច ហើយបាត្រដែលផ្សារភ្ជាប់ (ដែក) រួមគ្នា ៤-៥ ផ្ទាំង ខាត់មិនរាបស្មើល្អ មិនជាទីសប្បាយ ក៏កាលលាងបាត្រនោះឯង លោកនឹងមានការកង្វល់ ។ ចំណែកបាត្រដែលមានពណ៌ដូចកែវមណី ជាទីតាំងនៃលោភៈ មិនជាសប្បាយ ដោយន័យដែលបានពោលទុកហើយក្នុងចីវរនោះឯងតែបាត្រដែលបានពោលមកដោយការធ្វើនូវនិមិត្តជាដើម បាត្រណាកាលភិក្ខុនោះប្រើ អកុសលធម៌នឹងចម្រើនឡើង ឯកុសលធម៌នឹងសាបសូន្យទៅ បាត្រនេះជាអសប្បាយដោយចំណែកមួយប៉ុណ្ណោះ បាត្រដែលផ្សេងដទៃ (ក្រៅពីនេះ) ជាសប្បាយ ។ គប្បីជ្រាប សប្បាយសម្បជញ្ញ ដោយមិនលះបង់កម្មដ្ឋាន ។
មិនមានអ្វីដែលឈ្មោះថា ជាអត្តា ក្នុងខាងក្នុងដល់ភិក្ខុបីបាត្រ ធម្មតាការបីបាត្រ នឹងមានបាន ក៏ដោយការផ្សាយទៅនៃវាយោធាតុដែលកើតឡើងព្រោះកិរិយារបស់ចិត្ត មានប្រការដូចដែលពោលមកហើយ បណ្តាដៃនិងបាត្រ ទាំង ២ យ៉ាងនេះ ទាំងបាត្រក៏មិនមានការតាំងចិត្ត ទាំងដៃក៏មិនមានការតាំងចិត្ត បាត្រក៏មិនដឹងថា ដៃបីយើង សូម្បីក៏ដៃក៏មិនដឹងថា យើងបីបាត្រ ធាតុទាំងឡាយប៉ុណ្ណោះ បីពួកធាតុ ដូចក្នុងវេលាយកដង្កាប់ចាប់បាត្រដែលដុតនឹងភ្លើង ព្រោះដូច្នោះ ក្នុងសម្បជញ្ញបព្វៈនេះ គប្បីជ្រាប អសម្មោហសម្បជញ្ញ ដោយការពិចារណាអត្ថដែលប្រព្រឹត្តទៅហើយ ដូចដែលពណ៌នាមកនោះ ។
ម៉្យាងទៀត ភិក្ខុណាពិចារណាឃើញចីវរដូចសំពត់រុំដំបៅ បាត្រដូចជាអំបែងដាក់ថ្នាំ ភិក្ខាដែលបានមកក្នុងបាត្រដូចថ្នាំក្នុងអំបែង ភិក្ខុនេះគប្បីជ្រាបចុះថា ជាអ្នកមានប្រក្រតីធ្វើសេចក្តីដឹងខ្លួនដ៏ខ្ពង់ខ្ពស់ជាទីបំផុត ជាប្រក្រតីដោយ អសម្មោហសម្បជញ្ញ ក្នុងការទ្រទ្រង់សង្ឃាដី បីបាត្រ និងដណ្តប់ចីវរ ដូចបុរសដែលមានករុណាឃើញមនុស្សអនាថាដេកនៅក្នុងសាលាសម្រាប់មនុស្សអនាថាមានដៃជើងកំបុត មានទឹករងៃ និងឈាម ទាំងពួកដង្កូវ ហូរចេញអំពីដំបៅ មានរុយក្បាលខៀវទំបឺតដំបៅ ទើបបានស្វែងរកសំពត់រុំមុខដំបៅ និងថ្នាំ ព្រមទាំងអំបែងដាក់ថ្នាំទៅប្រគល់ឲ្យដល់ពួកគេទាំងនោះ ក្នុងចំនួនវត្ថុទាំងនោះ សូម្បីសំពត់ដែលមានសាច់ម៉ដ្ឋក៏ធ្លាក់ដល់ពួកគេខ្លះ ដែលមានសាច់គ្រោតគ្រាតធ្លាក់ដល់ពួកគេខ្លះ ដែលមានទ្រង់ទ្រាយមិនស្អាតក៏ធ្លាក់ដល់ពួកគេខ្លះ សូម្បីត្រឡោកដូងដាក់ថ្នាំដែលមានទ្រង់ទ្រាយស្អាត ក៏ធ្លាក់ដល់ពួកគេខ្លះ ដែលមានទ្រង់ទ្រាយមិនស្អាតក៏ធ្លាក់ដល់ពួកគេខ្លះ ពួកគេនឹងមិនត្រេកអរ ឬទោមនស្សក្នុងវត្ថុទាំងនោះ ព្រោះពួកគេមានសេចក្តីត្រូវការសំពត់ត្រឹមតែបិតដំបៅប៉ុណ្ណោះ និងត្រឡោកដូងត្រឹមតែប្រើដាក់ថ្នាំប៉ុណ្ណោះ ដូច្នោះ ។
គប្បីជ្រាបការវិនិច្ឆ័យក្នុងការឆាន់ ជាដើម (ដូចតទៅនេះ)៖
បទថា អសិតេ សេចក្តីថា ក្នុងការឆាន់បិណ្ឌបាត ។
បទថា បីតេ សេចក្តីថា ក្នុងការផឹកទឹកបបរជាដើម ។
បទថា ខាទិតេ សេចក្តីថា ក្នុងការទំពាស៊ីនូវខាទនីយៈដែលធ្វើដោយម្សៅជាដើម ។
បទថា សាយិតេ សេចក្តីថា ក្នុងការទទួលរសមានស្ករអំពៅជាដើម ។
ក្នុងការឆាន់ជាដើមនោះ ប្រយោជន៍ទាំង ៨ យ៉ាង ដែលព្រះពុទ្ធត្រាស់ទុកដោយន័យមានជាអាទិថា នេវ ទវាយ (មិនមែនដើម្បីលេង) ឈ្មោះថា ប្រយោជន៍ អ្នកសិក្សាគប្បីជ្រាប សាត្ថកសម្បជញ្ញ ដោយអំណាចនៃប្រយោជន៍នោះ ។ ក៏បុគ្គលណាមានសេចក្តីមិនសប្បាយ ព្រោះភោជនណា ភោជននោះជាអសប្បាយសម្រាប់បុគ្គលនោះ ចំណែកភោជនណាបានមកដោយការធ្វើនូវនិមិត្តជាដើម ហើយកាលណាលោកឆាន់ភោជនណាអកុសលធម៌ទាំងឡាយចម្រើនឡើង កុសលធម៌ទាំងឡាយសាបសូន្យទៅ ។ ភោជននោះ ជាអសប្បាយតែម៉្យាងប៉ុណ្ណោះ ។ តែភោជនក្រៅពីនេះជាសប្បាយ ។
អ្នកសិក្សាគួរយល់ សប្បាយសម្បជញ្ញ ដោយអំណាចនៃភោជនដែលជាសប្បាយនោះ នឹងគប្បីជ្រាប គោចរសម្បជញ្ញ ដោយមិនលះបង់កម្មដ្ឋានឡើយ ។ មិនមាននរណាឈ្មោះថា ជាអត្តា ក្នុងខាងក្នុងជាអ្នកបរិភោគ មានតែការទទួលបាត្រ ធម្មតាដោយការផ្សាយទៅនៃវាយោធាតុដែលកើតពីកិរិយារបស់ចិត្ត មានប្រការដូចដែលពោលមកហើយប៉ុណ្ណោះ មានតែការលូកដៃចុះក្នុងបាត្រធម្មតា ដោយការផ្សាយទៅនៃវាយោធាតុ ដែលកើតអំពីកិរិយារបស់ចិត្តប៉ុណ្ណោះ មានតែការពូតដុំបាយ ការលើកដុំបាយឡើង និងការបើកមាត់ទទួល ដោយការផ្សាយទៅនៃវាយោធាតុ ដែលកើតពីកិរិយារបស់ចិត្តប៉ុណ្ណោះ មិនមានអ្នកណាយកកូនសោរ និងគ្រឿងយន្តបើកឆ្អឹងចង្កា មានតែការដាក់ពំនូតបាយក្នុងមាត់ ការឲ្យធ្មេញខាងលើធ្វើនាទីជំនួសអង្រែ ការឲ្យធ្មេញខាងក្រោមធ្វើនាទីជំនួសត្បាល់ និងការឲ្យអណ្តាតធ្វើនាទីជំនួសដៃដោយការផ្សាយទៅនៃវាយោធាតុដែលកើតពីកិរិយារបស់ចិត្តប៉ុណ្ណោះ ។
ដោយហេតុនេះ ទឹកមាត់ចំនួនតិចតួចចុងអណ្តាត ក្នុងបណ្តាចុងនិងគល់នោះ (ហើយ) ទឹកមាត់ចំនួនច្រើនត្រង់គល់អណ្តាត ក៏នឹងលាយឡំពំនួតបាយនោះ ពំនូតបាយនោះនឹងប្រមៀលទៅមកដោយដៃគឺ អណ្តាត ក្នុងត្បាល់ គឺ ធ្មេញ (ថ្កាម) ក្រោម សើមទៅដោយទឹកមាត់គឺស្មេស៍ បុកយ៉ាងល្អិតដោយអង្រែ គឺធ្មេញ (ថ្កាម) លើ ឈ្មោះថា នរណាៗ នឹងយកស្លាបព្រា ឬវែកស៊កចូលទៅខាងក្នុង (មាត់) មិនមាន (ពំនូតបាយ) ចូលទៅបានព្រោះវាយោធាតុនោះឯង ពំនូតបាយដែលចូលទៅហើយ នរណាៗ ឈ្មោះថា នឹងឲ្យបញ្ឈប់ទុកធ្វើឲ្យ (ដូច) ជាគំនរចំបើងទុកមិនមាន តែនឹងបញ្ឈប់ទុកបានដោយអំណាចវាយោធាតុប៉ុណ្ណោះ ដែលបញ្ឈប់ទុកហើយ នរណាៗ ឈ្មោះថានឹងតាំងចង្រ្កាន បង្កាត់ភ្លើងបបរឲ្យរលួយមិនមាន តែនឹងរលួយបានព្រោះតេជោធាតុប៉ុណ្ណោះ ដែលរលួយហើយៗ នរណាៗ ឈ្មោះថា នឹងយកឈើច្រត់កៀរចេញទៅខាងក្រៅក៏មិនមាន វាយោធាតុប៉ុណ្ណោះ នឹងដឹកនាំចេញទៅ ដោយហេតុយ៉ាងនេះ វាយោធាតុនាំ (ពំនូតបាយ) ចូលទៅផង ឲ្យឈប់នៅផង ឲ្យរមៀលទៅមកផង ឲ្យរលាយទៅផង ឲ្យនាំចេញទៅផង ឲ្យឈប់នៅផង ឲ្យប្រមៀលទៅមកផង ឲ្យរលាយទៅផង ឲ្យនាំ (កាក) ចេញទៅផង បឋវីធាតុទ្រទ្រង់ទុកផង ឲ្យប្រមៀលទៅមកផង ឲ្យរលាយផង អាបោប្រមូលផ្គុំផង រក្សាទុកឲ្យស្រស់ផង តេជោធាតុនឹងរំលាយនូវអាហារដែលចូលទៅខាងក្នុងហើយ អាកាសធាតុជាប្រហោង វិញ្ញាណធាតុនឹកដល់ដោយអាស្រ័យការប្រកបគ្នា ដោយប្រពៃក្នុងធាតុនោះៗ អ្នកសិក្សាយល់សម្មោហសម្បជញ្ញៈ ក្នុងសម្បជញ្ញបព្វៈ ដោយការពិចារណា ដែលប្រព្រឹត្តទៅហើយ ដូចដែលពណ៌នាមកនេះចុះ ។
ស្រង់ចាក សៀវភៅ អដ្ឋកថាសតិប្បដ្ឋានសូត្រ
ដោយ៥០០០ឆ្នាំ
images/articles/850/Untitled-1.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១៦,៣០៥ ដង)
អកុសលកម្មបថគន្លង ឬផ្លូវនៃអំពើជាអកុសល ហៅថា អកុសលកម្មបថ មាន ១០ យ៉ាង គឺ កាយកម្ម អំពើដែលសំរេចដោយកាយ មាន ៣ យ៉ាង វចីកម្ម អំពើដែលសំរេចដោយវាចា មាន ៤ យ៉ាង មនោកម្ម អំពើដែលសំរេចដោយចិត្ដមាន៣ យ៉ាង រួមត្រូវជា ១០ យ៉ាង ។
កាយកម្មមាន ៣ យ៉ាង
១ -បាណាតិបាតោ ករិយាសម្លាប់សត្វដោយកាយរបស់ខ្លួនឬប្រើគេឲ្យសម្លាប់ដោយវាចា ។
២ -អទិន្នាទានំ កិរិយាលាក់ឆក់លួច ដណ្តើមទ្រព្យគេ ដោយកាយរបស់ខ្លួនឬប្រើឲ្យគេលួចលាក់ឆក់ដណ្តើមដោយវាចា ។
៣ - កាមេសុ មិច្ឆាចារា កិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ គឺធ្វើនូវមេថុនសេវនៈនិងស្រ្តីឬបុរសដែលមានគេហួងហែងរក្សា ។
វចីកម្ម ៤ យ៉ាង
១ -មុសាវាទោ កិរិយាពោលនូវពាក្យកុហក ។
២ -បិសុណាវាចា កិរិយាពោលនូវពាក្យញុះញង់ បំបែកបំបាក់ អ្នកដទៃ។
៣ -ផរុសវាចា កិរិយាពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម ។
៤ -សម្ផប្បលាបោ កិរិយាពោលនូវពាក្យរោយរាយឥតប្រយោជន៍។
មនោកម្ម ៣ យ៉ាង
១ -អភិជ្ឈា ចិត្តសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបម្រុងនឹងឲ្យបានជារបស់ខ្លួន ។
២ -ព្យាបាទោ ចិត្តចងគំនុំគុំកួនប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាស ។
៣ -មិច្ឆាទិដ្ឋិ គំនិតយល់ខុស ហើយប្រកាន់ឡើងថាត្រូវ ។
អង្គនៃកុសលកម្មបថអង្គនៃ បាណាតិបាត អទិន្នាទាន កាមេសុមិច្ឆាចារ និង មុសាវាទ មានដូចពោលក្នុងនិច្ចសីលខាងដើមនោះហើយ ។
បិសុណាវាចា មានអង្គ ៤
១ -ភិន្ទិតព្វោ បរោ អ្នកដែលមានរូប គឺខ្លួនគប្បីញុះញង់ បំបែក។
២ -ភេទនបុរេក្ខារតា គិតនឹងញុះញង់បំបែក អ្នកដទៃ។
៣ -តជ្ជោ វាយាមោ ព្យាយាមនឹង ញុះញង់បំបែក អ្នកដទៃនោះ។
៤ -តស្ស ទត្ថវិជាននំ ញ៉ាំងអ្នកនោះឲ្យដឹងច្បាស់នូវដំណើរ ដែលខ្លួន ញុះញង់នោះ។
ផរុសវាចា មានអង្គ ៣
១ -អក្កោសិតព្វោ បរោ អ្នកដទៃមានរូបគឺខ្លួនគប្បីជេរប្រទេច ។
២ -កុប្បិតចិត្តំ ចិត្តខឹងរន្ធត់។
៣ -អក្កោសនា បានជេរប្រទេចគេ។
សម្ផប្បលាបៈ មានអង្គ ២
១ - ភារតយុទ្ធសិតាហរណាទិនិរត្ថកថា ពាក្យឥតប្រយោជន៍ មានរឿងចំបាំង នៃមហាភាតរនិងរឿងរាមណ៍លួចនាំនាងសិតាទៅតាមជាដើម ។
២ -តថារូបកថាកថនំ បានពោលនូវពាក្យឥតប្រយោជន៍ មានសភាពដូច្នោះ ។
អភិជ្ឈា មានអង្គ២
១ -បរភណ្ឌំ ទ្រព្យជារបស់អ្នកទៃ ។
២ -អត្តនោ បរិណាមនំ គិតចង់បង្អោនទ្រព្យរបស់អ្នកដទៃនោះឲ្យបានមកជាទ្រព្យរបស់ខ្លួនដោយកលឧបាយផ្សេងៗ ។
ព្យាបាទៈ មានអង្គ២
១ -បរសត្តោ អ្នកដទៃក្រៅពីខ្លួន។
២ -តស្ស តំ វិនាសចិន្តា គិតគំកួនប្រុងនឹងឲ្យអ្នកនោះដល់នូវសេចក្តី វិនាសដោយហេតុនោះៗ ។
មិច្ចាទិដ្ឋិ មានអង្គ២
១ - វត្ថុនោ ច គហិតាការវិបរិតតា ចិត្តប្រែប្រួលដោយអាការខុសអំពីព្រះរតនត្រ័យជាដើម ។
២ -យថា ច នំ គណ្ហាតិ តថាភាវេន តស្សូបដ្ឋានំ គំនិតដែលយល់ខុសនោះឃើញខុសយ៉ាងណា ក៏ប្រកាន់សេចក្តីខុសនោះថាជាត្រូវវិញ ។
អកុសលកម្មបថ ១០ ប្រការ ដូចបានពោលមកហើយនេះ ទោះត្រង់បទណាក្តី បើលុះព្រមដោយអង្គនោះៗ ទើបត្រូវទោស ដល់អ្នក ប្រព្រឹត្តខុស អ្នកនោះនឹងបាននូវសេចក្តីទុក្ខ សេចក្តីវិនាសក្នុងលោកនេះ និងបរលោកនាយ បើទុកជាមិនទាន់ឲ្យផល ឲ្យឃើញ ច្បាស់ ក្នុងលោកនេះ លុះដល់ទៅក្នុងបរលោកនាយ ក៍គង់នឹងឲ្យផលដល់អ្នកនោះពុំខានឡើយ បើមិនទាន់ព្រមដោយអង្គនោះៗ គឺថាបើនៅខ្វះ អង្គណាមួយនោះ ក៏មិនទាន់បានឈ្មោះថាមានទោសក្នុងអកុសលកម្មបថដល់អ្នកដែលប្រព្រឹត្តខុសនៅឡើយ ។ អកុសលកម្មបថ ១០ ប្រការ ព្រមទាំងអង្គ ចប់ដោយសង្ខេបតែប៉ុណ្ណេះ ។
កុសលកម្មបថគន្លងឬផ្លូវនៃអំពើជាកុសល ហៅថា កុសលកម្មបថ កុសលកម្មបថមាន ១០ យ៉ាង គឺ កាយកម្ម អំពើដែល សំរេចដោយកាយមាន ៣ យ៉ាង, វចីកម្ម អំពើដែលសំរេចដោយវាចាមាន៤យ៉ាង មនោកម្ម អំពើដែលសំរេចដោយចិត្ដមាន ៣ យ៉ាង រួមត្រូវជា១០យ៉ាង ។
កាយកម្មមាន ៣ យ៉ាង
១ -បាណាតិបាតា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងគឺសម្លាប់សត្វ ។
២ -អទិន្នាទានា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬ វាចា ។
៣ -កាមេសុ មិច្ឆាចារា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
វចីកម្ម មាន ៤ យ៉ាង
១ -មុសាវាទា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យ កុហក។
២ -បិសុណាយ វាចាយ វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យញុះញង់បំបែកបំបាក់អ្នកដទៃ។
៣ -ផរុសាយ វាចាយ វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យអាក្រក់មានពាក្យទ្រគោះបោះបោកជេរប្រទេចអ្នកដទៃជាដើម ។
៤ -សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យរោយរាយឥតប្រយោជន៍ ។
មនោកម្ម ៣យ៉ាង
១ -អនភិជ្ឈា មិនមានចិត្តសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានជារបស់ខ្លួន។
២ -អព្យាបាទោ មិនមានចិត្តចងគំនំគុំកួនប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាស ។
៣ -សម្មាទិដ្ឋិ គំនិតយល់ឃើញត្រូវពិត ដោយប្រកាន់ឡើងថាជាត្រូវមែន។
អ្នកឯណាបានប្រព្រឹត្ដត្រូវតាមកុសលកម្មបថទាំង១០ប្រការ ដូចបានពោលមកហើយនេះ អ្នកនោះ នឹងបានសេចក្ដីសុខ សេចក្ដីចំរើន ក្នុងលោកទាំងពីរ គឺក្នុងលោកនេះ និងបរលោកនាយជាប្រាកដ ។ កុសលកម្មបថ ១០ ប្រការ ចប់ដោយសង្ខេបតែប៉ុណ្ណេះ ។
ប្រភពស្រង់ចាកៈគេហទំព័រវត្តសង្ឃារាម
ដោយ៥០០០ឆ្នាំ