អានអត្ថបទ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១៧,៣៨៩ ដង)
ការសាកសួរអំពីព្រះចន្ទ និងព្រះអាទិត្យ

|
បិដក៖ លុះព្រះបាទបាយាសិរាជញ្ញៈ គង់ក្នុងទីដ៏សមគួរហើយ ទើបមានព្រះឱង្ការនឹងព្រះកុមារកស្សបដ៏មានអាយុយ៉ាងនេះថា បពិត្រព្រះកស្សបដ៏ចម្រើន ខ្ញុំតែងនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមានដោយហេតុនេះ ។
ព្រះកុមារកស្សប ថ្វាយព្រះពរថា បពិត្ររាជញ្ញៈ អាត្មាភាពបានឃើញបានឮបុគ្គលដែលធ្លាប់និយាយយ៉ាងនេះ យល់យ៉ាងនេះហើយ តែមិនសមបើបុគ្គលនេះ និយាយយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈកំណើតមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដូច្នេះសោះ បពិត្ររាជញ្ញៈ បើដូច្នេះ អាត្មាភាពនឹងទូលសួរ មហាបពិត្រ ក្នុងដំណើរនេះ ប្រស្នានេះពេញព្រះទ័យនៃមហាបពិត្រយ៉ាងណា សូមមហាបពិត្រព្យាករណ៍ប្រស្នានោះ យ៉ាងនោះចុះ បពិត្ររាជញ្ញៈ ចុះទ្រង់សំគាល់ដំណើរនោះថាដូចម្តេច ព្រះចន្ទនិងព្រះអាទិត្យនេះ នៅក្នុងលោកនេះ ឬនៅក្នុងលោកដទៃ ជាទេវតា ឬជាមនុស្ស ។ ព្រះបាទបាយាសិរាជញ្ញៈ តបថា បពិត្រព្រះកស្សបដ៏ចម្រើន ព្រះចន្ទនិងព្រះអាទិត្យនេះ នៅក្នុងលោកដទៃ មិនមែននៅក្នុងលោកនេះទេ ជាទេវតា មិនមែនជាមនុស្សទេ ។ ព្រះកុមារកស្សប ថ្វាយព្រះពរថា ឱរាជញ្ញៈ បើតាមបរិយាយនេះ សូមមហាបពិត្របែរព្រះយោបល់យល់ឃើញយ៉ាងនេះវិញថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អធ្វើអាក្រក់មាន ដោយហេតុនេះ ។ អដ្ឋកថា ៖ ពាក្យថា ឥមេ ភោ កស្សប ចន្ទិមសុរិយា មានសេចក្តីថា ព្រះបាយាសិនោះ ត្រូវព្រះថេរសាកសួរហើយ គិតថា សមណៈនេះ លើកយកព្រះចន្ទនិងព្រះអាទិត្យមកឧបមាមុន ប្រាកដជាបុគ្គលដែលអ្នកដទៃគ្របសង្កត់ដោយបញ្ញាមិនបាន ដូចជាព្រះចន្ទនិងព្រះអាទិត្យ ប្រសិនបើយើងឆ្លើយតបថា ព្រះចន្ទនិងព្រះអាទិត្យមាននៅក្នុងលោកនេះ សមណៈនេះ នឹងធ្វើឲ្យយើងភ្ញាក់ (ឲ្យទាល់) ដោយបញ្ហាកម្មជាដើមថា ព្រះចន្ទនិងព្រះអាទិត្យទាំងនោះ អាស្រ័យនូវអ្វី មានទំហំប៉ុនណា មានកំពស់ប៉ុន្មាន យើងពិតជាមិនអាចចងទុក (គ្របសង្កត់) នូវលោកបាន (ដូច្នេះ គួរ) តែឆ្លើយថា មាននៅក្នុងលោកដទៃប៉ុណ្ណោះ ព្រោះហេតុដូច្នោះ ទើបព្រះបាទបាយាសិរាជញ្ញៈ ឆ្លើយតបយ៉ាងនេះ ។ (ម៉្យាងទៀត) ព្រះមានព្រះភាគទ្រង់បានត្រាស់ទុកសុធាភោជនីយជាតក អស់កាលមិនយូរប៉ុន្មាន មុនបាយាសិរាជញ្ញសូត្រនោះ ។ ក្នុងសុធាភោនីយជាតកនោះ ព្រះចន្ទជាចន្ទទេវបុត្រ ព្រះអាទិត្យជាសុរិយទេវបុត្រ ។ ជាតក ឬព្រះសូត្រដែលព្រះមានព្រះភាគទ្រង់ត្រាស់ទុកហើយនោះ មនុស្សនៅក្នុងទ្វីបបានដឹងទូទៅគ្រប់គ្នា ។ ដោយហេតុនេះ ព្រះបាទបាយាសិនោះគិតថា យើងមិនអាចពោលថា ទេវបុត្រទាំងឡាយដែលនៅអាស្រ័យជាប្រចាំ ក្នុងឋានព្រះចន្ទ និងព្រះអាទិត្យមិនមាននោះទេទើបបានជាឆ្លើយតបថា ព្រះចន្ទនិងព្រះអាទិត្យនោះជា (ឋាន) ទេវតាមិនមែនជាមនុស្ស ។ យោបល់អ្នករៀបរៀង ៖ មនុស្សជាច្រើនធ្លាប់សួរខ្ញុំថា សព្វថ្ងៃអ្នកវិទ្យាសាស្រ្តបានទៅដល់ភពព្រះចន្ទហើយ ប៉ុន្តែគេមិនបានប្រទះឃើញវិមានទេវតាណាមួយឡើយ តើលោកម្ចាស់មានយោបល់យ៉ាងណាដែរអំពីបញ្ហានេះ ? ខ្ញុំគិតថា រឿងនេះមិនមែនជាបញ្ហាដែលនិយាយពីរបីម៉ាត់ចប់ទេ បើទុកជាខ្ញុំខំបកស្រាយច្រើនយ៉ាងណា ក៏មិនសង្ឃឹមថា លោកអ្នកអានសុទ្ធតែទទួលជឿតាមដែរ សូម្បីតែពុទ្ធបរិស័ទដែលធ្លាប់ជឿថា មានទេវតា ឬនរក តាមរយៈការស្តាប់ធម៌ទេសនា ឬតាមរយៈសាសនាផ្សេងៗ បើគេសួរបញ្ជាក់ថា " មែន ឬមិនមែន " អ្នកទាំងនោះប្រាកដជាមានការស្ទាក់ស្ទើរក្នុងចិត្តខ្លះមិនខាន ព្រោះអ្វី ? មូលហេតុតែមួយគត់ គឺ " មិនដែលឃើញ " ។ ម៉្យាងទៀត នេះគឺជាមេរៀនទស្សនៈដ៏ជ្រាលជ្រៅបំផុត មិនមែនសម្រាប់សាមញ្ញជនគិតឃើញបានត្រឹមត្រូវឡើយ ហើយក៏ជាបញ្ហាដែលមនុស្សក្នុងសកលលោកនាំគ្នាគិតត្រិះរិះយ៉ាងយកចិត្តទុកដាក់ ទើបនាំឲ្យកើតមានសាសនាច្រើនរហូតរាប់មិនអស់ដូចសព្វថ្ងៃ ។ ដំបូងខ្ញុំចង់សួរត្រឡប់ទៅវិញថា តាមដែលឮមក ទេវតាមិនមែន មានតែនៅក្នុងឋានព្រះចន្ទ ឬឋានសួគ៌ទេ សូម្បីនៅក្នុងឋានមនុស្សក៏មានដែរដូចជា គេហទេវតា (ទេវតារក្សាផ្ទះ ) អារក្ខទេវតា (ទេវតារក្សាខ្លោងទ្វារ) រុក្ខទេវតា (ទេវតានៅអាស្រ័យដើមឈើ ) ជាដើម តើលោកអ្នកបានឃើញហើយឬនៅ ? នេះក៏ជាអាថ៌កំបាំងដែរមែនទេ ? ឆ្លើយតបទៅនឹងបញ្ហានេះ ខ្ញុំសូមមិននិយាយថា '' ទេវតា មាន ឬមិនមាន " ប៉ុន្តែដើម្បីឲ្យមានពន្លឺក្នុងរឿងនេះ ខ្ញុំគ្រាន់តែជួយបង្ហាញនូវគន្លឹះខ្លះៗ សម្រាប់លោកអ្នកធ្វើការសិក្សាស្រាវជ្រាវដូចខាងក្រោមៈ ១. លោកអ្នកត្រូវព្យាយាមអានសៀវភៅនេះឲ្យចប់ ព្រោះក្នុងសៀវភៅនេះ មានឧទាហរណ៍ពន្យល់ដ៏ច្រើនអំពីលោកនេះ និងលោកដទៃ ។ ២. លោកអ្នកគួរស្វែងរកសៀវភៅ តើនរកមានដែរឬទេ ? ដែលខ្ញុំបានរៀបរៀងបោះពុម្ពផ្សាយក្នុង ព.ស ២៥៤៦ មកអានបន្ថែម ព្រោះក្នុងនោះ បានពន្យល់អំពីកំណើតសត្វក្រោយពេលស្លាប់ ។ ៣. លោកអ្នកត្រូវសិក្សាព្រះអភិធម្មកម្រិតមូលដ្ឋាន យ៉ាងហោចឲ្យបានចេះយល់ស្គាល់ដឹងត្រឹមកាមាវចរចិត្ត ៥៤ ដួង ព្រោះក្នុងនោះបានពន្យល់អំពីទីកើតនៃចិត្តខ្លះៗ ។ ៤. លោកអ្នកត្រូវព្យាយាមស្តាប់ ឬអានសៀវភៅណាដែលពាក់ព័ន្ធនឹងទ្រឹស្តីកម្មផល ឲ្យបានច្រើន ។ ស្រង់ចេញពីសៀវភៅ " តើជាតិក្រោយមានដែរឬទេ? " រៀបរៀងដោយ ភិក្ខុ វជិរប្បញ្ញោ សាន-សុជា ដោយ៥០០០ឆ្នាំ |