ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ធម៌ជំនួយស្មារតី
១,៥៧៣ អត្ថបទ
images/articles/1489/Untitled-1-Recovered.jpg
ផ្សាយ : ២៨ សីហា ឆ្នាំ២០២៦ (អាន: ៦៨,០៩៧ ដង)
លក្ខណៈ​ព្រះពុទ្ធ​សាសនា ព្រះ​អង្គ​ទ្រង់​ត្រាស់​សំដែង​ថា ខន្តី​ជា តបធម៌​ឧត្ដម តបធម៌​គឺ​ធម៌​ជា​គ្រឿង​ដុត​បំផ្លាញ​នូវ​កិលេស​ក្នុង​សន្ដាន​ចិត្ត មនុស្ស​សម័យ​ដើម​មុន​ព្រះអង្គ​បាន​ត្រាស់​ដឹង គេ​និយម​ធ្វើ​តបធម៌​ច្រើន​បែប ច្រើន​យ៉ាងណាស់ ប៉ុន្តែ​សុទ្ធ​តែ​ជា​របៀប​ធ្វើ​ខ្លួន​ឲ្យ​លំបាក​ឥត​ប្រយោជន៍ ជា​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ខ្លាំង​ក្លា ឲ្យ​ដល់​រូប​កាយ​របស់​ខ្លួន​ឯង ដោយ​យល់ថា ធ្វើ​របៀប​នេះ​នឹង​នាំ​ឲ្យ​គេ​បាន​បរិសុទ្ធ ដល់​ទី​បំផុត​នៃ​សាសនា​ឬ​លទ្ធិ​របស់​គេ។ តាម​ពិត​កិលេស​មិន​មែន​មាន​រូប​កាយ​ជា​ប្រភព​នៃ​កំណើត​នោះ​ទេ សូម្បី​សត្វ​ក្នុង​អរូប​ភព​ក៏​​នៅ​មាន​កិលេស​ដែរ ប៉ុន្តែ​ប្រភព​ពិត​ប្រាដក​របស់​កិលេស​ គឺ​អវិជ្ជា​ដែល​មិន​ដឹង​នូវ​ក្នុង​សច្ចធម៌។អំណត់​គឺ​សេចក្ដី​អត់​ធន់​ ជា​ភ្លើង​ដុត​កំទេច​នូវ​អវិជ្ជា ព្រោះសេចក្ដី​អត់ធន់​ជា​កម្លាំង ក្នុង​ការ​ញ៉ាំង​កុសល​ធម៌​ទាំង​ពួង​ឲ្យ​សម្រេច​ ដូច​កម្លាំង​កាយ​របស់​បុរស ដែល​ញ៉ាំង​ឲ្យ​ការងារ​នោះ​ៗ​មាន​ការ ភ្ជួររាស់ជា​ដើម សម្រេច​ទៅ​បាន ។សេចក្ដី​អត់ធន់​គឺ​ជា​វិជ្ជា​មួយ​ដ៏​យ៉ាង​ខ្ពង់ខ្ពស់​បំផុត ដែល​សត្វ​លោក​មិន​ងាយ​រៀន​ចេះ ប៉ុន្តែ​បើ​បុគ្គល​ណា​ប្រកប​បាន​នូវ​វិជ្ជា​នេះ បុគ្គល​នោះ​រមែង​រួច​ផុត​អំពី​ការ​ញាប់ញ័រ ដោយ​លោក​ធម៌​ទាំង​៨ គឺ មាន​លាភ១ អត់​លាភ១ មាន​យស១ អត់​យស១ សរសើរ១ និន្ទា១ សុខ១ ទុក្ខ១។ ក្នុង​ជីវិត​ទាំង​គ្រហស្ថ ទាំង​បព្វជិត សុទ្ធ​តែ​មាន​សេចក្ដី​លំបាក ដូច្នេះ​ទើប​គ្រប់​គ្នា​ត្រូវ​ចេះ​អត់ទ្រាំ គឺ​អត់​ទ្រាំ​បំពេញ​ការងារ​តាម​តួនាទី ទាំង​ជា​ការងារ​ប្រាស​ចាក​ទោស​ផង ឲ្យ​សម្រេច​ទៅបាន ជា​ពិសេស​គឺ​អត់​ទ្រាំ​បាន​ចំពោះ​អារម្មណ៍​ក្នុង​លោក រឿង​រ៉ាវ​ផ្សេងៗ ដែល​មាន​ជា​ប្រចាំ​ក្នុង​ជីវិត ។អារម្មណ៍​ឯ​ណា​មួយ​ក្នុង​លោក អារម្មណ៍​នោះ​គេ​តែង​រៀន​គឺ​រៀន​ទទួល​យក​ស្មារតី រៀន​ទាំង​អត់​ស្រលាញ់ អត់​ស្អប់​ អត់វង្វេង អត់​ស្រវឹង អត់តក់ស្លុត និង​រៀន​លះបង់។ ចំពោះ​វិជ្ជា​ថ្នាក់​ឧត្ដម​ក្នុង​ជីវិត គឺ​វិជ្ជា​អាច​ទ្រាំ​បាន ឃើញអារម្មណ៍​ក្នុង​លោក​ទាំង​អស់ ជា​របស់​សម្រាប់​ស្រាវជ្រាវ ឃើញ​ការ​ទ្រាំ​បាន​ជា​ការ​រៀន​ចប់ ឃើញ​ការ​មិន​ជាប់​ជំពាក់​ ជា​សញ្ញា​ប័ត្រ​នៃ​ការ​ប្រឡង​ចេញ ។ដូច្នេះ​លក្ខណៈ​សំខាន់​ដែល​ត្រូវ​យល់​ដឹង គឺ​ព្រះពុទ្ធ​សាសនា​មាន​ការ​ទ្រាំ​បាន ជា​លក្ខណៈ ការ​ទ្រាំ​បាន​គឺ​ជា​ទង់​ជ័យ​ព្រះពុទ្ធ​សាសនា។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ​
images/articles/1490/Untitled-1-Recovered.jpg
ផ្សាយ : ២៨ សីហា ឆ្នាំ២០២៦ (អាន: ៧៧,៦៨៩ ដង)
ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ព្រះនិព្វាន​ជា​បរមធម៌ ស្ងប់​ពិត ប្រណីត​ពិត ផុត​ទុក្ខ​ទាំង​ពួង​ជា​លក្ខណៈ​នៃ​ទិស​ដៅ​ដែល​ត្រូវ​សម្រេច​ដល់ ជា​ផល​សម្រេច​នៃ​តបធម៌។មនុស្ស​មុន​សម័យ​ព្រះអង្គ​ត្រាស់​ដឹង គេ​ធ្វើ​តបៈ​របស់​គេ​បាន​នូវ​អត្តាបរិសុទ្ធ កាល​បើ​អត្តាបរិសុទ្ធ គេ​រមែង​​បាន​ទៅ​នៅ​ជា​មួយ​ព្រះជា​ម្ចាស់​របស់​គេ ឬ​ព្រះព្រហ្ម​របស់​គេ គេ​ចូល​ចិត្ត​ថា​មាន​បរមាត្ម័ន គឺ​ព្រលឹង​ធំ​មួយ​ដ៏​ក្រៃ​លែង សម្រាប់​អត្តាបរិសុទ្ធ​របស់​គេ​ចូល​ទៅ​ជ្រក​នៅ​ជា​មួយ លែង​វិល​ត្រឡប់​មក​កើត​ស្លាប់​ជា​បន្ត​ទៀត​ហើយ ទាំង​អស់​នេះ​ជា​ការ​យល់​ឃើញ​មិន​ពិត ជា​តួ​ទិដ្ឋិ​មួយ​យល់​ខុស ព្រោះ​ការ​ប្រកាន់​បញ្ចក្ខន្ធ។ តាម​ច្បាប់​ហេតុ​និង​ផល បាន​ដល់ កម្ម​ខ្មៅ​ឲ្យ​ផល​ខ្មៅ​ កម្ម​ស​ឲ្យ​ផល​ស ដូច្នេះ​បើ​គេ​មាន​បំណង​ចូល​ទៅ​កាន់​កំណើត​ព្រហ្ម​ គេ​ត្រូវ​ចំរើន​ព្រហ្មវិហារ៤ ឬ​កម្មដ្ឋាន​ដទៃ​ទៀត រហូត​ទាល់​តែ​បាន​សម្រេច​នូវ​ហេតុ ដែល​ឲ្យ​បដិសន្ធិ​ក្នុង​ព្រហ្ម​លោក​បាន​ ទោះ​បី​បាន​ចូល​ដល់​កំណើត​ជា​ព្រហ្ម​ក៏​ដោយ ក៏​នៅ​ជាខន្ធ ជា​សង្ខារ ធម្មតា​ ការ​មិន​ទៀង​តែង​តែ​មាន​ក្នុង​សង្ខារ​ធម៌​ជានិច្ច។ ទិស​ដៅនៃ​ការ​ប្រព្រឹត្ត​តបធម៌​ក្នុង​ព្រះពុទ្ធសាសនា មិន​មែន​ជា​កំណើត​អ្វី​ណា​មួយ​ឡើយ ព្រោះ​បាន​កំណត់​ដឹង​នូវ​សង្ខារ​ធម៌​ទាំង​ពួង ឃើញ​ថា​ជា​ទុក្ខ​ហើយ ក៏​រលត់​នូវ​ឆន្ទរាគៈ រលត់​អវិជ្ជា​រលត់​សេចក្ដី​ប្រកាន់​ក្នុង​សង្ខារ​ធម៌​ទាំង​ពួង​នោះ នេះ​ជា​ទីបំផុត​ទុក្ខ​មាន​សេចក្ដី​ស្ងប់​ដ៏​ក្រៃ​លែង​ជា​លក្ខណៈ។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ​
images/articles/1491/Untitled-1-Recovered.jpg
ផ្សាយ : ២៨ សីហា ឆ្នាំ២០២៦ (អាន: ៧៣,០៩២ ដង)
អ្នក​បួស​គឺ​ជា​អ្នក​ស្វែង​រក​សន្តិភាព​ឲ្យ​ខ្លួន​ឯង ទុក​ដាក់​ខ្លួន​ជា​មនុស្ស​ធម្មតា​ម្នាក់​ មិន​តម្កើង​ខ្លួន​ឯង​ដោយ​សារ​បាន​បួស មិន​ជំពាក់​ទាក់​ចិត្ត​នៅ​ត្រង់​ការ​គោរព​បូជា ថ្វាយ​បង្គំ​របស់​អ្នក​ដទៃ អាស្រ័យខ្លួន​ជា​អ្នក​បួស​នោះ​ទេ​ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា អ្នក​បួស​ដែល​បៀត​បៀន​បុគ្គល​ដទៃ សម្លាប់​សត្វ​ដទៃ មិន​មែន​ជា​បព្វ​ជិត មិន​មែន​ជា​សមណៈ​ឡើយ។ ដំណើរ​ជីវិតរបស់​អ្នក​បួស គឺ​ដើរ​ក្នុង​ផ្លូវ​ដ៏​ស្ងប់​ស្ងាត់ ស្ងាត់​ជ្រងំ មាន​មេត្តា មាន​ការ​មិន​បៀតបៀន មិន​មាន​ការ​អាល័យ​ជា​រុក្ខជាតិ​អម​សងខាង​ផ្លូវ មាន​សេចក្ដី​ព្យាយាម​ជា​ជើង​ដើរ​ទៅ​មាន​ការ​ឃើញ​ត្រូវ​និង​ការ​ត្រិះរិះ​ជា​ចក្ខុ​ទាំង​គូ មាន​បណ្ដាំ​របស់​ព្រះ​សម្មាសម្ពុទ្ធ​បរមគ្រូ​ជា​អ្នក​នាំ​ផ្លូវ ទ្រោល​នូវ​ប្រទីប​បំភ្លឺ​ក្នុង​ទឺងងឹត សន្តិបូរី​ជា​ដែក​ដី​ស្អាត មាន​ក្លិន​ក្រអូប ប្រាសចាក​ក្លិន​ឆ្អាប​សម្បូណ៌​ឥត​ខ្វះ​នូវ​របស់​ជា​ភោគ​ផល អ្នក​បាន​ទៅ​ដល់​មាន​តែ​សេចក្ដី​ក្សេម​ប៉ុណ្ណោះ ភ័យ​ស្រណោះ អាឡោះ​អាល័យ​បន្តិច​បន្តួច​កុំ​មាន​សោះ​ឡើយ កន្លេង​នេះ​ជា​ទិស​ដៅ ជា​ទី​បំផុត​នៃ​ផ្លូវ ដែល​អ្នក​បួស​ខំដើរ​ទៅ ទើប​បាន​ដល់។ ឈ្មោះ​ថា​បព្វ​ជិត គឺ​ជា​អ្នក​វៀរចាក​បាប​ទាំង​ពួង​ឈ្មោះ​ថា សមណៈ គឺ​ជា​អ្នក​ស្ងប់​រម្ងាប់ ដូច្នេះ​វត្ថុ​បំណង​របស់​អ្នក​បួស គឺ​វៀរចាក​បាប​ទាំង​ពួង និង​សេចក្ដី​ស្ងប់​រម្ងាប់។ អ្នក​បួស​ជា​អ្នក​ស្វែង​រក​សន្តិភាព​ឲ្យ​ជីវិត​របស់​ខ្លួន និង​ សង្គមសត្វ​លោក ជា​អ្នក​ធ្វើ​សង្គ្រាម​ជា​មួយ​សត្រូវ​គឺ​កិលេស​ក្នុង​ចិត្ត​របស់​ខ្លួន ជា​អ្នក​យក​ឈ្នះ​ខ្លួន​ឯង​ដែល​បាន​ធ្លាប់​ជា​ចោរ ឲ្យ​មក​ជា​អ្នក​បួស​ពិត​ប្រាកដ​ម្នាក់ ជាសមណៈ​ស្ថិត​នៅ​ក្នុង​មគ្គដ៏​ប្រសើរ មាន​ខន្តី​ជា​ទង់ជ័យ។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ​
images/articles/1955/Untitled-1-Recovered.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ១០,៩៦០ ដង)
សត្តា​ហ​បព្វ​ជិត​ត្ថេ​រា​ប​ទាន​ ក្នុង​ភព​មុន​ មាន​ព្រះ​សង្ឃ​របស់​ព្រះ​មាន​ព្រះ​ភាគ​ ព្រះ​នាម​វិបស្សី ដែល​ទេ​វតា​និង​មនុស្ស​ធ្វើ​សក្ការៈ​ រាប់​អាន​ហើយ ខ្ញុំ​ឯង​ក៏​ដល់​នូវ​សេច​ក្តី​វិ​នាស​ បាន​បែក​ចាក​ពួក​ញាតិ​ ខ្ញុំ​បាន​ចូល​ទៅ​កាន់​ផ្នួស​ ដើម្បី​រម្ងាប់​ទុក្ខ​ព្រួយ​ ព្រោះ​សេចក្តី​វិនាស​នោះ ខ្ញុំ​ត្រេក​អរ​ក្នុង​ផ្នួស​នោះ​ អស់​ ៧​ ថ្ងៃ​ ព្រោះ​ប្រាថ្នា​បំពេញ​កិច្ច​ក្នុង​ព្រះ​សាសនា​របស់​ព្រះ​សាស្តា ។ ក្នុង​កប្ប​ទី​ ៩១ អំពី​កប្ប​នេះ ក្នុង​កាល​នោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បួស​ ខ្ញុំ​មិន​ដែល​ស្គាល់​ ទុគ្គតិ នេះ​ជា​ផល​ នៃ​បព្វ​ជ្ជា ។ ក្នុង​កប្ប​ទី ៦៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើត​ជា​ស្តេច​ចក្រ​ពត្តិ​ ៧ ជាតិ​ ជា​ម្ចាស់​ផែន​ដី គេ​តែង​ស្គាល់ ថា ព្រះ​បាន​សុនេក្ខ​ម្មៈ ដូច​គ្នា ទ្រង់​មាន​កម្លាំង​ច្រើន ។ បដិ​សម្ភិ​ទា ៤ វិមោក្ខ​ ៨ និង​អភិ​ញ្ញា​ ៦ នេះ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ​ ទាំង​សាសនា​របស់​ព្រះ​ពុទ្ធ ខ្ញុំ​បាន​ប្រ​តិ​បត្តិ​ហើយ ។ បាន​ឮ​ថា ព្រះ​សត្តា​ហបព្វ​ជិត​ត្ថេរ​ មាន​អាយុ​ បាន​សម្តែង នូវ​គាថា​នេះ​ ដោយ​ប្រ​ការ​ដូច្នេះ ។ ចប់​ សត្តា​ហ​ប​ព្វ​ជិត​ត្ថេរា​បទាន ។ ដក​ស្រង់​ពី​ព្រះ​ត្រៃ​បដិកភាគ ៧៣ ទំព័រ ២២៦ ដោយ​៥០០០​ឆ្នាំ
images/articles/1969/2026-08-22_20_02_28-Untitled_-_Notepad.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ៣៥,២៩២ ដង)
យេីងម្នាក់ៗសុទ្ធតែអ្នកមានសទ្ធាខំប្រឹងលះបង់ ញាតិ លះបង់ទ្រព្យ លះបង់លាភយស លះបង់ការងារមកបួសរក្សាសីលជាភិក្ខុ សាមណេរ ឧបាសក ឧបាសិកាក្នុងសំណាក់ព្រះពុទ្ធសាសនា។ ចុះហេតុអ្វីបានជាយេីងមិនព្យាយាមប្រឹងលះបង់បាប គឺសេចក្តីប្រកាន់ក្រោធ ខឹងផងហេីយរឹតតែប្រឹងស្រឡាញ់ចូលចិត្តសន្សំ រក្សាការប្រកាន់ក្រោធខឹងទុកក្នុងចិត្តធ្វេីជាសត្រូវ មានបំណងបំផ្លាញខ្លួនយេីងថែមទៀត។ សត្រូវនេះឲ្យយេីងវិនាសគឺ ១ វិនាសរូបកាយអាក្រក់ ស្រអាប់ សៅហ្មង ២ វិនាសសេចក្តីសុខ ដេកកេីតទុក្ខ ក្តៅក្រហាយ ៣ វិនាសផលប្រយោជន៍ ៤ វិនាសយសសក្តិ លាភយស ៥ វិនាសញាតិ មិត្ត ភក្តិ គេស្អប់ មិនស្រឡាញ់ចូលចិត្ត ៦ វិនាសទ្រព្យសម្បត្តិ ៧ វិនាសស្លាប់ធ្លាក់អបាយ គ្រោះថ្នាក់ មានទោសច្រីន ត្រូវជាប់គុក ច្រវ៉ាក់ជាដេីម។ នេះបណ្តាលមកពីសត្រូវគឺសេចក្តីប្រកាន់ក្រោធ ខឹងនេះឯង។ ព្រះភិក្ខុ ធម្មត្ថេរោ ប្រភពៈ ហ្វេសប៊ុកពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ដោយ​៥០០០​ឆ្នាំ
images/articles/1970/2026-08-22_19_58_34-Untitled_-_Notepad.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ១២,៨៨៣ ដង)
អ្នកទាំងឡាយកេីតមកជាមនុស្ស បានដោយកម្រនិងបានយល់ព្រះធម៌របស់សប្បុរសបានដោយកម្រ ចូរអ្នកទាំងឡាយកុំចំណាយពេល ដែលនៅសល់តិចតួច ធ្វេីនូវកិច្ចការនាំឲ្យកេីតទុក្ខអត់ប្រយោជន៍​ច្រេីនរាល់ថ្ងៃខ្លាំងពេក ត្រូវរូតរះមេីលថែរបស់បានដោយកម្រឲ្យបានល្អ ឲ្យសម្រេចជាប្រយោជន៍មានតម្លៃដោយការសិក្សា ចម្រេីន ប្រតិបត្តិប្រព្រឹត្តនូវគុណធម៌ឲ្យបានត្រឹមត្រូវល្អ ត្រូវប្រឹងប្រែងព្យាយាមបណ្តុះសតិបញ្ញា ដេីម្បីមេីលឃេីញលោកនេះឲ្យច្បាស់ ហេីយរមែងឃេីញប្រយោជន៍ហេីយ គួរញ៊ាំងប្រយោជន៍ឲ្យសម្រេច។ លោកនេះ គឺកាយលោកនេះ គឺចិត្តដែលកំពុងប្រព្រឹត្តទៅរាល់ថ្ងៃនេះឯង ត្រូវមេីលឃេីញដោយបញ្ញាត្រូវថែរក្សាដោយសតិ ព្រោះសតិបញ្ញាមានតួនាទីសំខាន់ណាស់ សម្រាប់មេីលថែរក្សាកាយចិត្តនេះមិនឲ្យសៅហ្មង និងវិនាសអន្តរាយ ហេីយសតិបញ្ញានេះមានកាតព្វកិច្ចដេីម្បីធ្វេីកិច្ចការទាំងឡាយ ដែលព្រះពុទ្ធផ្តែរផ្តាំឲ្យសាវកធ្វេីគឺសីល សមាធិ បញ្ញា ឲ្យសម្រេចជាប្រយោជន៍ដ៏ធំគឺមគ្គផលព្រះនិព្វានជាទីបំផុតទុក្ខ ដោយមិនប្រមាទគឺសតិបញ្ញានេះឯង។ ព្រះភិក្ខុ ធម្មត្ថេរោ ប្រភព៖ ហ្វេសប៊ុកពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ដោយ​៥០០០​ឆ្នាំ
images/articles/2021/Untitled-1-Recovered.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ៦០,៤៧៣ ដង)
វិហារ​វិមាន​ ព្រះ​អនុ​រុទ្ធ​ត្ថេរ​សួរ​ថា ម្នាល​ទេ​វតា នាង​មាន​សម្បុរ​ដ៏​រុង​រឿង​ ។ល។ ដូច​ផ្កាយ​ព្រឹក​ កាល​នាង​កំពុង​រាំ​នោះ​សម្លេង​ទិព្វ​ទាំង​ឡាយ​ គួរ​ស្តាប់​ គួរ​រីក​រាយ​ នៃ​ចិត្ត រមែង​លាន់​ឮ​ អំពី​អវយវៈ​តូច​ធំ​ដោយ​សព្វ​គ្រប់​ កាល​ដែល​នាង​កំពុង​រាំនោះ​ ក្លិន​ទិព្វ​ទាំង​ឡាយ​ មាន​ក្លិន​ក្រអូប​ ជា​ទីរីក​រាយ​នៃ​ចិត្ត រមែង​ផ្សាយ​ចេញ​អំពី​​អវ​យវៈ​តូច​ធំ​ ដោយ​សព្វ​គ្រប់​ កាល​នាង​ងាក​កាយ គ្រឿង​ប្រ​ដាប់​ទាំង​ឡាយ​ឰ​ដ៏​ផ្នូង​សក់ក៏​ឮ​សូរ​គឹក​កង ដូច​តូរ្យ​តន្រ្តី​ប្រ​កប​ដោយ​អង្គ​ ៥ គ្រឿង​ប្រ​ដាប់​ត្រ​ចៀក​ ត្រូវ​ខ្យល់​បក់​ប៉ះ​ ក៏​កម្រើក​ដោយ​ខ្យល់​ ឮ​សូរ​គឹក​កង​ដូច​តូរ្យ​តន្ត្រី​ ប្រ​កប​ដោយ​អង្គ​ ៥ ផ្កា​កម្រង​ណា​ឰ​សិរ្សៈ​របស់​នាង​ មាន​ក្លិន​ក្រ​អូប​ ជា​ទី​រីក​រាយ​នៃ​ចិត្ត (ក្លិន​នៃ​ផ្កា​កម្រង​នោះ) រមែង​ផ្សាយ​ទៅ​សព្វ​ទិស​ ដូច​ដើម​ឪឡោក​ នាង​តែ​ធុំ​ក្លិន​ក្រអូប​នោះ តែង​ឃើញ​រូប​ ដែល​មិន​មែន​​ជា​របស់​មនុស្ស​ ម្នាល​ទេ​វតា អាត្មា​សួរ​ហើយ នាង​ចូរ​ប្រាប់​ នេះ ជា​ផល​នៃ​កម្ម​អ្វី ។ ទេវតា​ឆ្លើយ​ថា​ ប​ពិត្រ​ព្រះ​អនុ​រុទ្ធ​ដ៏​ចម្រើន​ (នាង​វិសា​ខា) ជា​សម្លាញ់​របស់​ខ្ញុំ​ បាន​ឲ្យ​ជាង​ធ្វើ​មហា​វិហារ​ទៀប​ក្រុង​សា​វត្ថី​ឧ​ទ្ទិស​ចំពោះ​សង្ឃ​ ខ្ញុំ​ជ្រះ​ថ្លា​ រីក​រាយ ចំពោះ​វិហារ​នោះ ព្រោះ​ឃើញ​នូវ​ផ្ទះ​គឺ​វិហារ​ ជា​ទី​ស្រ​ឡាញ់​នេះ ទើប​វិមាន​ដែល​ខ្ញុំ​បាន​ហើយ ដោយ​អនុ​មោទនា​ ដ៏​បរិ​សុទ្ធ​នោះ​ឯង ជា​វត្ថុ​អស្ចារ្យ​ គួរ​រមិល​មើល​ ក៏​ខ្ពស់​ទៅ​ឰ​ដ៏​អា​កាស​ អស់​១៦យោជន៍​ជុំ​វិញ ដោយ​បុញ្ញ​រឹទ្ធិ​នៃ​ខ្ញុំ​ ផ្ទះ​កំពូល​ ជា​លំនៅ​របស់​ខ្ញុំ​ ដូ​ច​គេ​ចែក​ដោយ​ចំណែក​ស្មើ​គ្នា​ រុង​រឿង​ទូ​ទៅ​អស់ ១០០​យោជន៍​ជុំ​វិញ ឯ​ស្រះ​បោ​ក្ខ​រណី ទាំង​ឡាយ របស់​ខ្ញុំ​ ក្នុង​ទី​នេះ ដែល​ពួក​ត្រី​ទិព្វ​នៅ​អា​ស្រ័យ​ហើយ មាន​ទឹក​រង​ថ្លា​ក្រាល​ដោយ​ខ្សាច់​មាស​ ដេរ​ដាស​ដោយ​ឈូក​ផ្សេង​ៗ​ ធ្លូក​ដោយ​​ឈូក​សទាំង​ឡាយ​ មាន​ក្លិន​ក្រ​អូប​ ជា​ទី​គាប់​ចិត្ត​ ដែល​ខ្យល់​បក់​ផ្សាយ​ទៅ​ ដើម​ព្រីង​ ខ្នុរ​ ត្នោត​ ដូង​ ព្រៃ​និង​ឈើ​ផ្សេង​ៗ​ ទាំង​ឡាយ​ ដុះ​ជិត​លំ​នៅ​ ខាង​ក្នុង មិន​បាច់​ដាំ​ឡើយ (​វិមាន​នោះ​)​សឹង រងំ​ដោយ​តូរ្យ​តន្រ្តី​ផ្សេង​ៗ​ គឹក​កង​ ដោយ​ពួក​ស្រី្ត​អប្សរ​ ទោះ​ជន​ណា​ ឃើញ​ ខ្ញុំ​ក្នុងការ​យល់​សប្តិ ជន​នោះ​ឯង គង់​ត្រេក​អរ ​វិមាន​បែប​នេះ ជា​ទី​អស្ចារ្យ​ គួរ​រមិល​មើល ភ្លឺ​ព្រោង​ព្រាត ដោយ​សព្វ​គ្រប់​ កើត​ឡើង ដោយ​បុញ្ញ​កម្ម​ទាំង​ឡាយរបស់​ខ្ញុំ​ បុគ្គល​គួរ​ធ្វើ​នូវ​បុណ្យ​ទាំង​ឡាយ ។ ព្រះ​អនុ​រុទ្ធ​ត្ថេរ​សួរ​ថា វិមាន​ដែល​នាង​បាន​ហើយ ដោយ​អនុ​មោ​ទនា​ ដ៏​បរិសុទ្ធ​នោះ ឯង ជា​ទី​អស្ចារ្យ​ គួរ​រមិល​មើល​ ម៉្យាង​ទៀត​ នារី​ណា​ បាន​ឲ្យ​នូវ​ទាន នាង​ចូរ​ប្រាប់​នូវ​គតិ របស់​នារី​នោះ តើ​ទៅ​កើត​ក្នុង​ទី​ណា ។ ទេវតា​ឆ្លើយ​ថា ប​ពិត្រ​លោក​ដ៏​ចម្រើន​ ស្រី​សំឡាញ់​របស់​ខ្ញុំ​ណា​បាន​ឲ្យ​ជាង​ធ្វើ​ម​ហា​វិហារ​ដើម្បី​សង្ឃ​ ស្រី​សំឡាញ់​នោះ (​គឺ​នាង​វិសាខា​) ជា​ស្រ្តី​មាន​ធម៌​ ដឹង​ច្បាស់​ បាន​ឲ្យ​ទាន​ហើយ បាន​ទៅ​កើត​ក្នុង​ទេ​វ​លោក​ជាន់​ និម្មាន​រតី បាន​ជា​បជាបតី​នៃ​​ទេ​វ​រាជ​ ឈ្មោះ​សុនិមិ្មត​ លោក​ម្ចាស់​សួរ​រក នូវ​នា​រី​ណា​ថា​ នា​រី​នោះ​ទៅ​កើត​ក្នុង​​ទី​ណា ផល​នៃ​កម្ម​របស់​នា​រី​នោះ គប្បី​គិត​ឡើយ ។ បពិត្រ​លោក​ដ៏​ចម្រើន ខ្ញុំ​បាន​ដោះ​ស្រា​យ​ តាម​សេច​ក្តី​ពិត​ មិន​ប្រែ​ប្រួល​ ព្រោះ​ហេតុ​នោះ លោក​ម្ចាស់​ចូរ​បបួល​ពួក​ជ​នដទៃ ថា អ្នក​ទាំង​ឡាយ​ ចូរ​ត្រេក​អរ​ឲ្យ​ទាន​ចំពោះ​សង្ឃ​ផង អ្នកទាំង​ឡាយ​ចូរ​មាន​ចិត្ត​ជ្រះ​ថ្លា​ ស្តាប់​ធម៌​ផង ការ​បាន​អត្ត​ភាព​ជា​មនុស្ស​ ដែល​គេ​កម្រ​បាន ដោយ​ងាយ អ្នក​ទាំង​ឡាយ ក៏​បាន​ហើយ ព្រះ​ពុទ្ធ​ មាន​សម្លេង​ដូច​ព្រហ្ម​ មាន​ព្រះ​ចម្មា​ដូច​មាស ជា​អធិ​បតី​ក្នុងផ្លូវ បាន​សម្លែង​នូវ​ទាន​ ជា​ផ្លូវ​ណា​ ទក្ខិ​ណា​ទាន (​ដែល​បុគ្គល​ឲ្យ​ហើយ​) ចំពោះ​សង្ឃ​ណា ជា​ទាន​មាន​ផល​ច្រើន​ អ្នក​ទាំង​ឡាយ​ ចូរ​ត្រេក​អរ​ឲ្យ​ទាន​ទាំង​ឡាយ (នោះ)​ចំពោះ​សង្ឃ​ (នោះ)​ ចុះ បុគ្គល​ទាំ​ង​ឡាយ​ណា​ ៨ ពួក​ដែល​សប្បុរស​ទាំង​ឡាយ សរសើរ​ហើយ បើ​រាប់​ជា​គូរ​បាន​ ៤​គូ បុគ្គល​ទាំង​ឡាយ​នោះ ជា​សាវ័ក​នៃ​ព្រះ​សុគត លោក​គួរ​ដល់​ទក្ខិណា​ទាន​ ទាំង​ឡាយ ដែល​បុគ្គល​ឲ្យ​ហើយ​ ចំពោះ​ទក្ខិ​ណេយ្យ​បុគ្គល​ទាំង​ឡាយ​នុ៎ះ​ ជា​ទាន​មាន​ផល​ច្រើន​ បុគ្គល​ ៤​ ពួក តាំង​នៅ​ក្នុង​មគ្គ​ បុគ្គល​ ៤​ ពួក​តាំង​នៅ​ក្នុង​ផល​ នេះ​ឈ្មោះ​ថា​ព្រះ​សង្ឃ​ លោក​ប្រ​តិ​បត្តិ​ត្រង់​ ប្រ​កប​ដោយ​បញ្ញា​និង​សីល​ បុណ្យ​ឲ្យ​ផល​ ក្នុង​បច្ចុប្ប​ន្ន​ ដែល​ពួក​សត្វ​ជា​មនុស្ស​ប្រាថ្នា​ នូ​វ​បុណ្យ​កាល​បូ​ជា​កាល​ធ្វើ​ បាន​ឲ្យ​ហើយ​ចំពោះ​សង្ឃ​ ជា​ទាន​មាន​ផល​ច្រើន ព្រោះ​ថា ព្រះ​សង្ឃ​នុ៎ះ ជា​ព្រះ​សង្ឃ​មាន​គុណ ធំ​ទូ​លាយ​ ព្រះ​សង្ឃ​នុ៎ះ ដូច​ជា​សាគរ​ ដែល​ទ្រ​ទ្រង់​នូវ​ទឹក​ មាន​ជម្រៅ​រាប់​មិន​បាន ពួក​សាវ័ក​អ្នក​មាន​សេចក្តី​ព្យា​យាម ប្រ​សើរ​ជាង​នរៈ​ទាំង​នេះ ជា​អ្នក​ប្រ​សើរ​មែន​ពិត​ ជា​អ្នក​ធ្វើ​នូវ​ពន្លឺ​ គឺ​ញាណ​ សម្តែង​នូវ​ធម៌​ ពួក​សត្វ​ណា​បាន​ឲ្យ​ទាន ឧ​ទ្ទិស​ចំពោះ​សង្ឃ​ (​ទាននោះ​)​ ឈ្មោះ​ថា ពួក​សត្វ​ទាំង​នោះ បាន​ឲ្យ​ល្អ​ហើយ បូជា​តូច​ ល្អ​ហើយ បូជា​ធំ ល្អ ហើយ សង្ឃ​គតា​ ទក្ខិ​ណា​ទាន​នោះ​ ដែល​បុគ្គល​ដំកល់​ទុក​ល្អ​ហើយ​ជា​ទាន មាន​ផល​ច្រើន ដែល​ព្រះ​ពុទ្ធ​ទ្រង់​ជ្រាប​ច្បាស់ នូវ​លោក ទ្រង់​ត្រាស់​សរ​សើរ​ហើយ​ថា ជន​ទាំង​ឡាយ​ណា​ កាល​រឮក​រឿយ​នូវ​បុណ្យ​ ប្រាកដ​ដូច្នោះ រមែង​កើត​សេ​ចក្តី​ត្រេក​អរ​ ត្រាច់​រង្គាត់​ទៅ​ក្នុង​លោក ជន​ទាំង​នោះ កម្ចាត់​បង់​នូវ​មន្ទិល គឺ​សេចក្តី​កំណាញ់ ព្រម​ទាំង​ឬស​ ជា​អ្នក​មិន​មាន​គេ​តិះ​ដៀល​បាន រមែង​ទៅ​កាន់​ឋាន​សួគ៌ ។ ចប់​វិហារ​វិមាន ដក​ស្រង់​ពី​ព្រះ​ត្រៃ​បិដក ភាគ ៥៥ ទំព័រ​ ៩១-៩៥ ដោយ​៥០០០​ឆ្នាំ
images/articles/2022/2026-08-22_19_49_55-Untitled_-_Notepad.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ៦៦,៧៣២ ដង)
អនេក​វណ្ណ​វិមា​ន​ ព្រះ​មោគ្គល្លាន​សួរ​ថា អ្នក​មាន​ពួក​ស្រី​អប្សរ​ហែ​ហម​​ហើយ​ឡើង​កាន់​វិមាន​ ដែល​មាន​ពណ៌​ដ៏​ច្រើន ជា​ទី​ធ្វើ​នូវ​សេចក្តី​ក្រវល់​ក្រវាយនឹង​សេចក្តី​សោក​ឲ្យ​វិនាស មាន​រូប​វិចិត្រ​ច្រើន​ប្រ​ការ​ សប្បាយ​រីក​រាយ​ ដូច​ទេ​វ​រាជ​ឈ្មោះ​សុនិ​មិ្មត​ ទេ​វបុត្រ​ ដែល​ប្រ​ហែល​ស្មើ​ដោយ​អ្នក​ ក៏​មិន​មាន​ (ចំណង់​បើ) ទេ​វ​បុត្ត​ដែល​ប្រ​សើ​រ​លើស​ដោយ​យស​ផង បុណ្យ​ផង ឫទ្ធិ​ផង​ និង​មាន​មក​ពី​ណា ពួក​ទេ​វតា​ជាន់​តាវតឹង្ស​ទាំង​អស់​ប្រ​ជុំ​គ្នា​ន​មស្ការ​អ្នក​ ដូច​ទេ​វតា​នឹង​មនុស្ស​ នមស្ការ​នូវ​ចន្ទ​ទេ​វបុត្ត​ ដែល​មាន​ស្នាម​រូប​ទន្សាយ​ក្នុង​វង់​ដូច្នោះ ស្រី​អប្សរ​ទាំង​ឡាយនេះ តែង​រាំ​ច្រៀង​ រីក​រាយ​ជុំ​វិញ​អ្នក​ អ្នក​បាន​ដល់​នូវ​ឫទ្ធិ​នៃ​ទេ​វតា ជា​បុគ្គល​មាន​អនុ​ភាព​ច្រើន​ អ្នក​កាល​កើត​ជា​មនុស្ស​ តើ​បាន​ធ្វើ​បុណ្យ​អ្វី អ្នក​មាន​អនុ​ភាព​រុង​រឿង​យ៉ាង​នេះ ទាំង​សម្បុរ​របស់​អ្នក ក៏​ភ្លឺ​ច្បាស់ សព្វ​ទិស​ តើ​ដោយ​បុណ្យ​អ្វី ។ ទេ​វបុត្ត​នោះ ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ មាន​ចិត្ត​រីក​រាយ​ ។ល។ ផល​នៃ​បុញ្ញ​កម្ម​នេះ​ថា​ បពិត្រ​លោក​ដ៏​ចម្រើន​ កាល​ជាតិ​មុន​ ខ្ញុំ​នោះ ជា​សាវ័ក​របស់​ព្រះ​ជិន​ស្រី ព្រះ​នាម​សុមេធៈ ខ្ញុំ​នៅ​ជា​បុថុជ្ជន​ មិន​ទាន់​បាន​ត្រាស់​ដឹង​សច្ចៈ ទាំង​ ៤ នៅ​ឡើយ ខ្ញុំ​នោះ​បួស​បាន ៧ វស្សា កាល​ព្រះ​ជិន​ស្រី​ ជា​សា​ស្តា​ព្រះ​នាម​សុមេធៈ ជា​តា​ទិ​បុគ្គល​ទ្រង់​ឆ្លង​អន្លង់​ទាំង​ ៤ ហើយ ទ្រង់​បរិ​និព្វាន​ ខ្ញុំ​បាន​ទៅ​ថ្វាយ​បង្គំ​ចេតិ​យ​កែវ​ ស្រោប​ដោយ​បណ្តាញ​មាស ធ្វើ​ចិត្ត​ឲ្យ​ជ្រះ​ថ្លា​ ចំពោះ​ព្រះ​ស្តូប​ ខ្ញុំ​មិន​បាន​ឲ្យ​ទានទេ ទាំង​ទេ​យ្យ​វត្ថុ​សម្រាប់​ឲ្យ​ ទាន​ក៏​មិន​មាន​ ប៉ុន្តែ​ខ្ញុំ​បាន​បបួល​ពួក​ជន​ដទៃ​ក្នុង​ការ​ឲ្យ​ទាន​ថា អ្នក​ទាំង​ឡាយ​ចូរ​បូជា​ព្រះ​ធាតុ​ របស់​ព្រះ​សាស្តា​ ជា​វត្ថុ​គួរ​ដល់​ ការ​បូជា​ចុះ ខ្ញុំ​ឮ​ថា អ្នក​ទាំង​ឡាយ​ (ច្យុត​) អំពី​មនុស្ស​នេះ​នឹង​ទៅ​កាន់​ឋាន​សួគ៌​ កុសល​កម្ម​នោះ​ឯង ដែល​ខ្ញុំ​បាន​ធ្វើ​ហើយ​ ទើប​ខ្ញុំ​បាន​សេចក្តី​សុ​ខ​ ជា​ទិព្វ​ដោយ​ខ្លួន​ឯង​ ខ្ញុំ​រីក​រាយ​ ក្នុង​កណ្តាល​ពួក​ទេ​វតា បុណ្យ​របស់​ខ្ញុំ​នោះ មិន​ចេះ​អស់​ឡើយ ។ ចប់​ អនេក​វណ្ណ​វិមាន​ ដក​ស្រង់​ពី​ព្រះ​ត្រៃ​បិដកភាគ ៥៥ ទំព័រ ១៧០-១៧១ ដោយ​៥០០០​ឆ្នាំ
images/articles/2209/Untitled-1-Recovered.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ៣៤,៧៧២ ដង)
មនុស្ស​ក្នុង​លោក អ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ក៏​មាន​ច្រើន​នាក់ ដូច​ជា​សេដ្ឋី គហបតី អ្នក​មាន​ដី​ស្រែចំការ រថយន្ត តូច ធំ មាស​ប្រាក់​ជាច្រើន និង​អ្នក​បម្រើ​ប្រុសស្រី​ទៀត​ផង បុគ្គល​នោះនៅតែ​មិន​មាន​ឱកាស​ ដើម្បី​បំពេញ​បុណ្យ​កុសល​សំរាប់​ជាទី​ពឹង​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​សភាព​កំណាញ់​រិះស្វិតស្វាញ​រហូត​អស់​ជីវិតនេះ​ហើយ​ហៅ​ថា មានសម្បត្តិ​តែ​ក្របុណ្យ។ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់​ត្រាស់​ថា ទ្រព្យ​សម្បត្តិ​ជាសត្រូវ​សំរាប់​ម្ចាស់​ទ្រព្យ​អត់​បញ្ញា។ គួរ​ពិចារណា​ឃើញ​នូវ​ទោស​នៃ​ទ្រព្យ​សម្បត្តិ​ដូច​តទៅ - ទ្រព្យសម្បត្តិ ជា​ថ្នាំ​ពិស សម្រាប់​ម្ចាស់​ទ្រព្យ​អត់​បញ្ញា - ទ្រព្យសម្បត្តិ ជាគំនរ​ភ្លើង​ដ៏​ធំ សម្រាប់​ម្ចាស់ទ្រព្យ​អត់បញ្ញា - ទ្រព្យសម្បត្តិ គឺ​ជា​អ្នក​ពិឃាត សម្រាប់​ម្ចាស់​ទ្រព្យ​អត់បញ្ញា - ទ្រព្យសម្បត្តិ ជាថ្នាំញៀន សម្រាប់ម្ចាស់ទ្រព្យអត់​បញ្ញា - ទ្រព្យសម្បត្តិ ជាចំណង​ដ៏​មាំ សម្រាប់​ម្ចាស់​ទ្រព្យ​អត់​បញ្ញា - ទ្រព្យសម្បត្តិ ជាជំងឺ​ដ៏​ធ្ងន់ សម្រាប់​ម្ចាស់ទ្រព្យ​អត់បញ្ញា - ទ្រព្យសម្បត្តិ ជាអមនុស្ស​កាច សម្រាប់ម្ចាស់​ទ្រព្យ​អត់បញ្ញា - ទ្រព្យសម្បត្តិ ជាចោរ​ដ៏កាច សម្រាប់​ម្ចាស់​ទ្រព្យ​អត់​បញ្ញា - ទ្រព្យសម្បត្តិ ជាដាវដ៏មុត សម្រាប់​ម្ចាស់​ទ្រព្យ​អត់​បញ្ញា - ទ្រព្យសម្បត្តិ ជារាត្រីអន្ធការ សម្រាប់ម្ចាស់ទ្រព្យអត់បញ្ញា សម្បត្តិ​ទាំង​ឡាយ​មិន​អាច​រួច​ផុត​អំពី​វិបត្តិ​បាន​ឡើយ។ការ​ធ្វើ​ទាន​គឺ​ជាការ​ធ្វើ​ចិត្ត​ឲ្យ​ទូលាយ​រួចផុត​អំពី​ចំណង។ ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត រៀប​រៀង​ដោយ កែវ វិមុត្ត ដោយ៥០០០ឆ្នាំ
images/articles/2248/2026-08-22_19_45_24-Untitled_-_Notepad.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ២២,១៨៩ ដង)
បុណ្យរមែងចម្រើនដល់អ្នកឲ្យ ចន្ទីសូត្រ(ស្រង់ចាកបិ. ៤៤ ទំព័រ ៦៧ ដល់ ៧១ ) សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបដ្ឋាន ទៀប​ក្រុង​រាជ​គ្រឹះ ។ គ្រានោះ នាង​ចន្ទីរាជកុមារីមានរថ ៥០០ និងកុមារី ៥០០ ហែ​ហម​ចូល​ទៅ​គាល់​ព្រះដ៏​មាន​ព្រះ​ភាគ​ លុះ​​ចូល​​ទៅ​ដល់​ថ្វាយ​បង្គំ ព្រះដ៏មាន​ព្រះភាគហើយ ប្រថាប់ក្នុងទីដ៏សមគួរ ។ លុះនាងចន្ទីរាជ​កុមារីប្រថាប់​ក្នុងទីសមគួរហើយបានក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន រាជកុមារឈ្មោះ ចុន្ទៈជាបងខ្ញុំព្រះអង្គនោះ និយាយយ៉ាងនេះថា តាមតែបុគ្គលណាក៏ដោយ ទោះស្រីក្តី បុរសក្តី ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង ហើយវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន បុគ្គលនោះលុះបែកធ្លាយរាងកាយស្លាប់ទៅ ហើយទៅកើតក្នុងសុគតិ មិនកើតក្នុងទុគ្គតិទេ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមសួរព្រះមានព្រះភាគថា បុគ្គលជ្រះថ្លាក្នុងព្រះសាស្តាមានសភាពដូចម្តេច ? លុះបែកធ្លាយរាងកាយស្លាប់ទៅបានកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ។ ជ្រះថ្លាក្នុងព្រះធម៌មានសភាពដូចម្តេច ? លុះបែកធ្លាយរាងកាយស្លាប់ទៅបានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ។ ជ្រះថ្លាក្នុងព្រះសង្ឃ មានសភាពដូចម្តេច ? លុះបែកធ្លាយរាងកាយស្លាប់ទៅបានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ។ បំពេញសីលមានសភាពដូចម្តេច ? លុះបែករាងកាយស្លាប់ទៅបានកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ម្នាលនាងចន្ទីរាប់តាំងពីពួកសត្វឥតជើងក្តី មានជើង ២ ក្តី មានជៀង ៤ ក្តី ជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តី នេវសញ្ញានាសញ្ញាក្តី ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធប្រាកដជាប្រសើរជាង ពួកសត្វទាំងនោះ ។ ម្នាលនាងចន្ទី ពួកបុគ្គលណាជ្រះថ្លាក្នុងព្រះពុទ្ធ បុគ្គលនោះឈ្មោះថា ជ្រះថ្លាក្នុងបុគ្គលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលជ្រះថ្លាក្នុងបុគ្គលដ៏ប្រសើរ ។ ម្នាលនាងចន្ទីពួគសង្ខតធម៌ក្តី អសង្ខតធម៌ក្តី ទាំងប៉ុន្មាន វិរាគធម៌ គឺជាធម៌ញុំាងសេចក្តីស្រវឹងទ្រុឌទ្រោមនាំចេញនូវសេចក្តីស្រេកឃ្លាន គាស់រំលើងនូវសេចក្តីអាល័យ ផ្តាច់បង់នូវវដ្ដៈអស់តណ្ហា ប្រាសចាកតម្រេក រលត់ទុក្ខ មិនមានគ្រឿងចាក់ដោតប្រាកដជាប្រសើរជាងពួកធម៌ទាំងនោះ ។ ម្នាលនាងចន្ទីពួកបុគ្គលណា ជ្រះថ្លាក្នុងវិរាគធម៌ពួកបុគ្គលនោះឈ្មោះថាជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ផលដ៏ប្រសើររមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ។ ម្នាលនាងចន្ទី សង្ឃក្តី គណៈក្តី ទាំងប៉ុន្មាន សង្ឃសាវ័ករបស់តថាគត បើរាប់ជាគូមាន ៤ បើរាប់រៀងជាបុគ្គលមាន ៨ សង្ឃទាំងនោះជាសង្ឃសាវ័កនៃព្រះមានព្រះភាគ ជាអ្នកគួរទទួលនូវចតុប្បច្ច័យដែលបុគ្គលឧទ្ទិសចំពោះ ហើយនាំមកបូជា គួរទទួលនូវអាគន្តុកទាន គួរទទួលនូវទានដែលបុគ្គលជឿនូវកម្ម និងផលនៃកម្មហើយបូជា គួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើជាបុញ្ញក្ខេតដ៏ប្រសើរ របស់សត្វលោកប្រាកដជាប្រសើរជាង សង្ឃឬគណៈទាំងនោះ ។ ម្នាលនាងចន្ទី ពួកបុគ្គលណាជ្រះថ្លាក្នុងព្រះសង្ឃ ពួកបុគ្គលនោះ ឈ្មោះថា ជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរ ផលដ៏ប្រសើររមែងមានដល់ពួកបុគ្គល អ្នកជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរ ។ ម្នាលនាងចន្ទី សីលដែលព្រះអរិយៈទាំងអម្បាលមាណជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុះ ជាសីលដែលអ្នកជាវិញ្ញូជនសរសើរហើយ មិនប៉ះពាល់ដល់តណ្ហា និងទិដ្ឋិ ប្រព្រឹត្តទៅដើម្បីសមាធិនេះ ប្រាកដជាប្រសើរជាងសីលទាំងនោះ ។ ម្នាលនាងចន្ទី ពួកបុគ្គលណា ជាអ្នកបំពេញក្នុងសីលដែលព្រះអរិយ់សរសើរ ពួកបុគ្គលទាំងនោះឈ្មោះថា បានបំពេញក្នុងសីលដ៏ប្រសើរ ។ បុណ្យដ៏ប្រសើររមែងចម្រើន អាយុដ៏ប្រសើរផង សម្បុរកាយដ៏ប្រសើរផង យសស័ក្តិដ៏ប្រសើរផង កេរ្តិ៍ឈ្មោះដ៏ប្រសើរផង សេចក្តីសុខដ៏ប្រសើរផង រមែងចម្រើនដល់ជនទាំងឡាយដែលដឹងច្បាស់នូវធម៌ដ៏ប្រសើរ ដែលជ្រះថ្លាក្នុងវត្តដ៏ប្រសើរ ដែលជ្រះថ្លាក្នុងព្រះពុទ្ធជាបុគ្គលដ៏ប្រសើរ លើសលប់ជាទក្ខិណេយ្យបុគ្គលរកអ្នកឯណាមួយ ឲ្យស្មើនឹងព្រះអង្គគ្មាន ដែលជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ជាធម៌រម្ងាប់បង់នូវរាគាទិកិលេស ជាធម៌នាំមកនូវសេចក្តីសុខដល់អ្នកប្រតិបត្តិ ដែលជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរជាស្រែបុណ្យ រកស្រែបុណ្យឯទៀត ឲ្យក្រៃលែងជាងគ្មាន ដែលជាអ្នកឲ្យនូវទាន់ដល់បុគ្គលដ៏ប្រសើរ ។ បុគ្គលអ្នកមានប្រាជ្ញា ដែលមានចិត្តតម្កល់ទុកក្នុងធម៌ដ៏ប្រសើរហើយ ដែលជាអ្នកឲ្យនូវទានដល់បុគ្គលដ៏ប្រសើរ តែងនឹងបានទៅហើយជាទេវតា ឬមនុស្សក៏រមែងបាននូវភាវៈជាអ្នកប្រសើរហើយរីករាយសប្បាយ ។ ដកស្រង់ចេញពីសៀវភៅ បុញ្ញបទីប រៀបរៀងដោយៈ ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ​៥០០០​ឆ្នាំ
images/articles/2249/Untitled-1-Recovered.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ១៨,៣៩២ ដង)
សុំទិញចំណែកបុណ្យបានឬទេ? (អដ្ឋកថាមនោរដបូរណីនិងអដ្ឋកថាធម្មបទ ) ក្នុងសេចក្តីខ្លឹមសារនៃរឿងរ៉ាវនេះ ទាក់ទងនឹងព្រះអនុរុទ្ធត្ថេរត្រង់វគ្គដែលកុដុម្ពីក៏ លុះស្លាប់ទៅហើយ បាន​កើតក្នុងទេវលោកសោយទិព្វសម្បត្តិដ៏ប្រណិត ។ កាលទេវកុដុម្ពីក៍ នោះចុតិចាកទេវលោកនោះ មក​កើត​ក្នុង​ត្រកូលក្រខ្សត់មួយ ដែលនៅក្នុងក្រុងពារាណសី ដោយបានមកជាមនុស្សរែកស្មៅឲ្យ​សុមន​សេដ្ឋី​ទេវ​កុដុម្ពីក៍ ត្រឡប់មកកើតជាមនុស្សក្រខ្សត់ ដោយបានទទួលការដាក់ឈ្មោះ អន្នភារៈ ត្រូវទទួលភារៈច្រូតស្មៅក្នុងគ្រឹះស្ថានរបស់សុមនសេដ្ឋី អ្នកមានចិត្តពេញប្រៀបដោយមេត្តា ករុណាបរិច្ចាគទានដល់មនុស្សកំព្រា មនុស្សអនាថា មនុស្សធ្វើដំណើរឆ្ងាយ និងមនុស្សធ្វើទានរៀងរាល់ផ្ងៃ ។ ព្រះបច្ចេកពុទ្ធឧបរិដ្ឋតាមប្រក្រតី លោកស្នាក់អាស្រ័យនៅភ្នំគន្ធមាទន៍ កាលទ្រង់ចេញចាកនិរោធសមាបត្តិ ហើយពិចារណាថា ថ្ងៃនេះយើងនឹងទៅអនុគ្រោះមនុស្សទុគ៌តក្រខ្សត់ ព្រោះដូច្នោះ ទើបព្រះពុទ្ធឧបរិដ្ឋគិតថា ថ្ងៃនេះយើងនឹងអនុគ្រោះអន្នភារៈ កាលជ្រាបថា អន្នភារៈត្រឡប់មកអំពីព្រៃហើយ ក៏ដណ្តប់ចីវរស្ពាយបាតហោះចាកភ្នំគន្ធមាទន៍ ទៅឈររងចាំនៅមាត់ទ្វារផ្ទះ របស់អន្នភារៈនោះ ចំណែកអន្នភារៈពេលឃើញ ព្រះបច្ចេកពុទ្ធឈរនៅក្បែរផ្ទះ ទើបចូលសួរថា លោកម្ចាស់បិណ្ឌបាត បានអាហារហើយឬនៅ ។ ព្រះបច្ចេកពុទ្ធទ្រង់ឆ្លើយថា ម្នាលបុរសអ្នកមានបុណ្យច្រើន អាត្មានឹងបានអំពីអ្នកដែលមានបុណ្យ អន្នភារៈនិមន្តព្រះបច្ចេកពុទ្ធឲ្យរងចាំថា សូមលោកម្ចាស់រងចាំទីនេះ មួស្របក់សិបចុះ ហើយក៏ប្រញាប់ប្រញាល់ចូលទៅ ក្នុងផ្ទះសួរភរិយាថា អាហារជាចំណែ្របស់ខ្ញុំមានឬទេ ។ នាងឆ្លើយថា អាហារជាចំណែកបងមាន អន្នភារៈមិនបង្អែបង្អង់ចេញទៅទទួលបាត្រ អំពីព្រះបច្ចេកពុទ្ធមកហើយនិយាយនឹងភរិយាថា ការដែលយើងទាំងពីរត្រូវស៊ីឈ្នួលគេ មានសភាពក្រខ្សត់ដូច្នេះ ព្រោះយើងទាំងពីរមិនធ្លាប់ធ្វើបុណ្យទុកក្នុងជាតិមុន កាលយើងគិតនឹងឲ្យទាន របស់ដែលនឹងឲ្យទានក៏មិនមាន ថ្ងៃនេះយើងបានជួបព្រះបច្ចេកពុទ្ធហើយ ទាំងអាហារដែលជាចំណែករបស់ខ្ញុំក៏មាន ចូរនាំអាហារជាចំណែករបស់ខ្ញុំ ដាក់ក្នុងបាត្រនេះចុះ ភរិយាអន្នភារៈជាមនុស្សឆ្លាត លុះស្តាប់ស្វាមីនិយាយដូច្នេះហើយក៏គិតថា ស្វាមីរបស់យើងត្រេកអរនឹងឲ្យអាហារជាចំណែករបស់ខ្លួន ចំពោះព្រះបច្ចេកពុទ្ធ យើងក៏គួររួមចំណែកនោះផង គិតដូច្នេះ ទើបនាងនាំអាហារជាចំណែកនៃខ្លួន មកដាក់បាត្ររួមជាមួយស្វាមីលុះស្រេចបាច់អន្នភារៈ បាននៃបាត្រដាក់អាហារពីរចំណែកនោះ ទៅប្រគេនព្រះបច្ចេកពុទ្ធ ហើយតាំងសេចក្តីប្រាថ្នាថា សូមឲ្យខ្ញុំទាំងពីរផុតចាកជីវិតដ៏លំបាកទុគ៌តនេះចុះ ពាក្យថាមិនមានកុំឲ្យស្គាល់ឡើយ ។ ព្រះបច្ចេកពុទ្ធឧបរិដ្ឋពោលថា ហៃបុរសអ្នកមានបុណ្យច្រើន ចុរសម្រេចដូចប្រាថ្នាចុះ អន្នភារៈចាត់ចែងក្រាលសម្ពត់ក្នុងទីដ៏សមគួរមួយ ហើយនិមន្តព្រះបច្ចេកពុទ្ធ ឲ្យគង់ឆាន់ចង្ហាន់ព្រះបច្ចេកពុទ្ធគង់ក្នុងទីនោះ លុះឆាន់ស្រេចហើយ អន្នភារៈប្រគេនទឹកសម្រាប់លាងបាត្រព្រះបច្ចេកពុទ្ធ ក៏ពោលអនុមោទនាថា សូមឥដ្ឋផងដែលអ្នកប្រាថ្នាហើយ តាំងចិត្តហើយ ចូរសម្រេចដោយឆាប់រហ័ស សូមតម្រិះត្រូវទាំងពួង របស់អ្នកចូរពេញប្រៀប ដូចព្រះច័ន្ទពេញវង់ កាលអនុមោទនាចប់ ព្រះបច្ចេកពុទ្ធក៏ធ្វើដំណើរទៅតាមផ្លូវ ក្នុងខណៈនោះទេវតា ដែលឋិតនៅលើស្វេតច្ឆត្រសុមនសេដ្ឋី បានឲ្យសាធុការ គឺបន្លឺវាចាថា សាធុ សាធុ ។ បន្លឺឡើង ៣ ដងថា ឱ! ទានដែលបូជាព្រះបច្ចេកពុទ្ធនោះ ជាទានដ៏ប្រសើរដូច្នេះ សុមនសេដ្ឋីឮសម្លេងឲ្យសាធុការបស់ទេវតា ហើយមានសេចក្តីសង្ស័យ ព្រោះមិនធ្លាប់ឮពីមុនមក ទើបសួរថា ខ្ញុំបរិច្ចាគទានមករហូតអស់កាលត្រឹមប៉ុណ្ណោះ អ្នកមិនធ្លាប់ឃើញទេឬ ទើបតែឲ្យសាធុកាក្នុងថ្ងៃនេះ ទេវតានោះឆ្លើយថា ខ្ញុំមិនបានឲ្យសាធុការក្នុងការបរិច្ចាគទានរបស់អ្នកទេ ខ្ញើឲ្យសាធុការក្នុងការបរិច្ចាគទានអាហារបិណ្ឌបាតចំពោះព្រះបច្ចេកពុទ្ធ របស់អន្នភារៈទេតើ សុមនសេដ្ឋីស្តាប់ពាក្យប្រាប់ហេតុផលហើយ ទើបគិតថារឿងនេះ ជារឿងអស្ចារ្យណាស់ យើងឲ្យទានដរាបអស់កាលប៉ុណ្ណោះ មិនអាចធ្វើទេវតានោះឲ្យបន្លឺសាធុការដល់យើងបាន ឯអន្នភារៈអាស្រ័យយើងចិញ្ចឹមជីវិត តែគេដាក់បាត្រព្រះបច្ចេកពុទ្ធត្រឹមតែម្តង អាចទទួលសាធុការអំពីទេវតា គួរតែយើងធ្វើបិណ្ឌបាតនោះ ឲ្យជារបស់យើង គិតដូច្នេះ ទើបហៅអន្នភារៈមកសួរថា ម្នាលអន្នភារៈ ថ្ងៃនេះអ្នកបានបរិច្ចាគអ្វីដល់អ្នកណា ? អន្នភារៈឆ្លើយថា បពិត្រលោកសេដ្ឋី ខ្ញុំបានដាក់បាត្រចំពោះព្រះបច្ចេកពុទ្ធដែរ ថ្ងៃនេះសេដ្ឋីសុំទិញចំណែកបុណ្យថា ម្នាលអន្នភារៈ យើងសុំទិញចំណែកបុណ្យ ដែលអ្នកធ្វើហើយថ្ងៃនេះ ដោយប្រាក់មួយកហាបណៈ អន្នភារៈបដិសេធថា ខ្ញុំមិនលក់ចំណែកបុណ្យទេ សុមនសេដ្ឋី មានបំណងនឹងបានចំណែកបុណ្យនោះ សូម្បីតែអន្នភារៈបដិសេធមិនព្រមលក់បុណ្យ ក៏នៅតែព្យាយាមសុំទិញដោយតម្លើងថ្លៃជាលំដាប់ ចាប់ពីពីរកហាបណៈឡើងរហូតដល់មួយពាន់កហាបណៈ តែអន្នភារៈមិនព្រមលក់ឲ្យ កាលលោកសេដ្ឋីឃើញថា មិនអាចនឹងសុំទិញបាន ទើបពោលថា អន្នភារៈ អ្នកមិនលក់ឲ្យក៏ហីទៅចុះ តែអ្នកទទួលប្រាក់មួយពាន់នេះរបស់យើងទុក បើអ្នកមិនលក់ ក៏សូមចែកចំណែកបុណ្យនោះឲ្យខ្ញុំខ្លះផង លោកសេដ្ឋីខ្ញុំមិនដឹងថា នឹងចែកចំណែកបុណ្យឲ្យលោកបានឬមិនបានទេ ការចែកបានឬ មិនបាន ខ្ញុំនឹងទៅសួរព្រះបច្ចេកពុទ្ធសិន អន្នភារៈក៏ប្រញាប់ប្រញាល់ជាប់តាមព្រះបច្ចេកពុទ្ធទៅ លុះទៅជួបហើយក៏ទូលសួរថា បពិត្រលោកម្ចាស់ ខ្ញុំនឹងចែកចំណែកបុណ្យ ឲ្យលោកសេដ្ឋីដែលមក សូមបានឬទេ ចំណែកបុណ្យនោះចែកបាន បុរសដ៏ចម្រើន ព្រះបច្ចេកពុទ្ធពោលដូច្នេះហើយ ក៏សម្តែងសេចក្តីឧបមាថា មានប្រទីបមួយដើមអុជនៅក្នុងផ្ទះខ្នង ក្នុងភូមិមានមួយរយគ្រួសារ អ្នកដទៃ ៗ នាំគ្នាយកប្រទីបដទៃ ៗ មកអុជបន្តអំពីប្រទីបនោះ ពន្លឺប្រទីបពីមុនអស់ទៅឬទេ បុរសដ៏ចម្រើន អន្នភារៈ ទូលឆ្លើយថា មិនអស់ទៅទេ មានតែចម្រើនក្រៃលែងច្រើនជាងមុន ព្រះបច្ចេកពុទ្ធពោលថា សេចក្តីឧបមានេះយ៉ាងណា កាលបុគ្គលឲ្យចំណែកបុណ្យដល់អ្នកដទៃ បុណ្យនោះក៏រឹងរឹតតែចម្រើនឡើងដូច្នោះដែរ អន្នភារៈជ្រាបសេចក្តីនោះហើយ ក៏ក្រាបថ្វាយបង្គំលាព្រះបច្ចេកពុទ្ធ ត្រឡប់មករកសុមនសេដ្ឋីប្រាប់ថា អ្នទទួលប្រាក់មួយពាន់កហាបណៈនេះទៅចុះ លោកសេដ្ឋីខ្ញុំមិនបានលក់ទេ តែខ្ញុំឲ្យចំណែកបុណ្យដោយសទ្ធា តែយើងសូមបូជាគុណធម៌ដល់អ្នកដោយទ្រព្យនេះ ចាប់តាំងពីថ្ងៃនោះ មកលោកសេដ្ឋីប្រាប់ថា អ្នកមិនត្រូវធ្វើការងារណា ៗ ទាំងអស់ អ្នកត្រូវការវត្ថុណា យើងនឹងឲ្យវត្ថុនោះ អ្នកចង់បានអ្វី ចូរឲ្យមនុស្សនាំយកតាមសេចក្តីពេញចិត្តចុះ ។ គុណគឺសេចក្តីល្អ ដែលបុគ្គលកសាងសន្សំហើយ កាលមានឱកាសឲ្យផល អាចជួយឲ្យមនុស្សដែលកំពុងទទួលរងទុក្ខលំបាកផុតចាកបាន សេចក្តីល្អដែលបុគ្គធ្វើហើយ តែងនាំសុខមកឲ្យដូច្នោះឯង ។ ដកស្រង់ចេញពីសៀវភៅ បុញ្ញបទីប រៀបរៀងដោយៈ ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ​៥០០០​ឆ្នាំ
images/articles/2250/Untitled-1-Recovered.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ៣២,៧៥៥ ដង)
បុណ្យកុសល ការសន្សំប្រកបដោយបញ្ញា ដែលមានកម្លាំងខ្លាំងទៅបាន មិនមែនយើងអ្នកធ្វើឲ្យខ្លាំង ធ្វើឲ្យច្រើននោះទេ មានធម៌ធ្វើឲ្យមានកម្លាំង នោះមានធម៌ ៥ យ៉ាងគឺ ពលធម៌ ៥, សទ្ធាពលៈ, សតិពលៈ, វីរិយពលៈ, សមាធិពលៈ, បញ្ញាពលៈ, បុណ្យកុសល ថ្នាក់សីល ថ្នាក់ទាន ថ្នាក់ភាវនា អាស្រ័យ ធម៌ ៥ យ៉ាងនេះដែរ បើឥតធម៌៥ យ៉ាងនេះទេ បុណ្យកុសលក៏ខ្សោយកម្លាំងដែរ ប្រៀបដូចមនុស្សសត្វ ដែលអតអាហារ តើមានកម្លាំងខ្លាំងទៅបានដែរឬទេ វាមិនអាចមានកម្លាំងទៅបានទេ យ៉ាងណាមិញ បុណ្យកុសលក៏ ដូច្នោះដែរ ។ ដកស្រង់ចេញពីសៀវភៅ បុញ្ញបទីប រៀបរៀងដោយៈ ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ​៥០០០​ឆ្នាំ
images/articles/2252/Untitled-1-Recovered.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ១៩,១៩៦ ដង)
បុណ្យ បាប ជាកម្មធាតុធំបំផុត សម្រាប់ជីវិតសត្វ​ក្នុងសកល​ពិភព​លោក ដែល​ព្រះ​សម្មា​សម្ពុទ្ធ ព្រះ​អង្គ​ទ្រង់​​មានព្រះបំណង​ឲ្យមនុស្ស​​សត្វទាំង​ឡាយ បានចេះចាំ បានយល់ន័យ​របស់ធម្មធាតុទាំងពីរនេះ យ៉ាង​ទូលំទូលាយ យ៉ាង​ត្រឹមត្រូវ ។ ព្រះបរមលោក​នាថ ទ្រង់មិន​ចង់ឲ្យ​ឃើញ​នូវសេចក្តី​ទុក្ខព្រួយ, សេចក្តី​ល្ងង់​ខ្លៅ​ របស់​សកល​មនុស្សដែល​បាន​ជួបសេចក្តីទុក្ខក្នុងជីវិត និងរបស់ពិភពលោកទេ ។ ព្រះអង្គទ្រង់ធ្វើយ៉ាងណា ក៏ពុំកើតឡើយ ក្នុងកាលណាពិភពលោកនេះ នៅតែពោរពេញទៅដោយមាយា ជារបស់លួងលោមបញ្ឆោត ។ មនុស្សទាំងឡាយនៅមានបញ្ញាទន់ខ្សោយ នៅល្ងង់ខ្លៅចំពោះជំនួបការណ៍នោះ ៗ ត្រូវធ្លាក់ជាទាសៈ និងជានុយរបស់តណ្ហាអស់កាលដ៏យូរ ។ លុះដល់ពេលណា ដួងវិញ្ញាណទាំងឡាយ មានអវិជ្ជា តណ្ហា ។ ល ។ អស់ហើយ ព្រមទាំងបានសិក្សាអំពីរឿង បុណ្យ បាប ឬច្បាប់បុណ្យ បាប តាមគោលដៅដែលព្រះភគវន្តមុនីបរមសាស្តា ទ្រង់រៀបចំទុកមកដោយត្រឹមត្រូវ ច្បាស់លាស់អស់ហើយ ។ ក្នុងពេលនោះឯង ជីវិតរបស់មនុស្សគ្រប់គ្នា ក៏បញ្ហាធំតូចចោទទៀតហើយ ។ វិញ្ញាណរបស់មនុស្សទាំងឡាយ ក៏បានជួបប្រទះនូវសេចក្តីភ្លឺស្វាង តាមកម្លាំងនៃអំណាច ជាថាពលរបស់ច្បាប់បុណ្យ បាប ឬច្បាប់នៃកម្មល្អ កម្មអាក្រក់ ដែលមនុស្សម្នាក់ ៗ ត្រូវបានទម្លាក់ចោលដោយពរពិតប្រាកដ ក្នុងទីបំផុតនៃជីវិតអន្ទោលនោះឯង ។ ដកស្រង់ចេញពីសៀវភៅ បុញ្ញបទីប រៀបរៀងដោយៈ ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ​៥០០០​ឆ្នាំ
images/articles/2283/2026-08-22_19_37_31-Untitled_-_Notepad.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ៥០,១២១ ដង)
បុណ្យ​ទាំង​អស់​សុទ្ធ​តែ​មាន​វិបាក កាល​ណា​គេ​ធ្វើ​បុណ្យ​អ្វី​ក៏​ដោយ វិបាក​របស់​បុណ្យ​រមែង​កើត​ឡើង​គ្រប់​ពេល​ដែល​គេ​ធ្វើ ព្រោះ​បុណ្យ​ជា​តួ​កម្ម វិបាក​ជា​តួ​ផល បុណ្យ បាប​និង​កម្ម ឬ កុសលកម្ម អកុសលកម្ម សម្រាប់​ប្រើ​សម្រាប់​ផ្លាស់​ប្តូរ​គ្នា​បាន ។ ដូច​នេះ មិន​មាន​កម្ម​ណា ដែល​ធ្វើក្នុង​ថ្ងៃនេះ ថ្ងៃ​ស្អែក​ឡើង ទើប​មាន​វិបាក​នោះ​ទេ ។ ក្នុង​រឿង​នេះ បើ​ជា​ធ្វើ​សេចក្តី​ប្រៀប​ធៀបឧបមា ដើម្បី​ឲ្យ​ងាយ​យល់​នោះ គ្រឿង​ប្រដាប់​ឬ​មធ្យោបាយ​ទាំង​ឡាយ​មាន រូបកាយ, ចិត្តវិញ្ញាណ, ពាក្យសម្តី, ទ្រព្យសម្បត្តិ, ។ ល ។ លោក​ទុក​ដូច​ជា​តួត្រា បោះ​ឬ​ការ​បោះ គឺ​កិរិយាចាប់នូវ​តួត្រា​សង្កត់ ឬ​ចុច ។ ស្នាម ដែល​កើត​មាន​ឡើង​ចាក​តួត្រា, ចាក​ការ​បោះ លោក​ទុក​ដូច​ជា​វិបាក ។ វិបាក​នៃបុណ្យ​បាន​ដិត​ជាស្នាម ឬ​បាន​ចុច​ជា​ចំណុច​នៅ​លើ​ ធម្ម​ធាតុមួយ ហៅថា វិញ្ញាណ ឬ ចិត្ត ។ ស្នាមនេះ ជាប់​នៅ​រហូត​អស់​រយៈកាយ​ដ៏​វែង ដ​រាប​ណាមនុស្ស​យើង​មិន​ទាន់បាន សម្រេច​ព្រះនិព្វាន ដរាប​នោះ ស្នាម​នោះមិន​បាន​មិន​រលុប​ឡើយ ។ ដោយ​អាស្រ័យ​ហេតុ​នេះ ទើប​មនុស្ស​ជិត​ស្លាប់ ម្នាក់ ៗ តែង​កើត​និមិត្ត​ទាំង​ឡាយ ៣ គឺ កម្ម, កម្មនិម្មិត, គតិនិម្មិត ។ នេះ​ព្រោះហេតុអ្វី ? ព្រោះ​ស្នាម​របស់​បុណ្យ ឬ បាប បានឲ្យ​ផល​ម្តង​ទៀត ក្នុង​ពេល​ដែ​លវិញ្ញាណ ឈប់​ទទួល​ស្គាល់​ក្នុង កិរិយា​ទាំង​ឡាយ ៥ គឺ ភ្នែគ, ត្រចៀក, ច្រមុះ, អណ្តាត, កាយ ។ ដកស្រង់ចេញពីសៀវភៅ បុញ្ញបទីប រៀបរៀងដោយៈ ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ​៥០០០​ឆ្នាំ
images/articles/2284/Untitled-1-Recovered.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ៤០,២៨៨ ដង)
ការ​មិន​គយគន់ រំពៃ​សម្លឹង​ចង់​បាន​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ មិន​ចង​ចិត្ត​គុំ​គួន​ព្យាបាទ ប្រទូស​រ៉ាយ​អ្នក​ដទៃ, មិន​យល់​ខុស​ចាក​គន្លង​ធម៌ ដោយ​សេចក្តី​មិន​លោភ មិន​ក្រោធ​ខឹង ភ្លេច​វង្វេង​ចចា​ហេតុ នេះ​ហៅ​ថា ធ្វើ​បុណ្យ​ផ្លូវ​ចិត្ត ។ចិត្តំ គុត្តំ សុខាវហំ ចិត្ត​ដែល​បុគ្គល​ទូន្មាន​បាន​ល្អ​ហើយ រមែង​ធ្វើ​ឲ្យ​ខ្លួន​ឯង និង​អ្នក​ដទៃ ទទួល​បាន​សេចក្តី​សុខ ព្រោះ​ថា​ចិត្ត​អាច​ផ្តិត​ជាប់​ទាំង​អារម្មណ៍ល្អ និង​អាក្រក់ ។ កាល​ណា​បុរស​ស្រ្តី​ទាំង​ឡាយ​អប់រំ​ចិត្ត ដោយ​ឥរិយាបថ​ទាំង ៤ ណា​មួយ បាន​ល្អ​ហើយ ពិចារណា​ឃើញ​សង្វេគ​ធម៌ មាន​បញ្ញា​ភ្លឺ​ស្វាង ឲ្យ​ជា​ចិត្ត​រួចចាក​មន្ទិល​គ្រប់​បែប​យ៉ាង ជា​ចិត្ត​គួរ​ដល់​មគ្គផល នេះ​ហៅ​ថា ធ្វើ​បុណ្យ​​ផ្លួវ​ចិត្ត​ថ្នាក់​ភាវនា ។ ដកស្រង់ចេញពីសៀវភៅ បុញ្ញបទីប រៀបរៀងដោយៈ ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ​៥០០០​ឆ្នាំ
images/articles/2285/Untitled-1-Recovered.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ៥០,៧៦៥ ដង)
ការ​​មិន​និយាយ​ភូតភរ​កុហក បោក​ប្រាស់​អ្នក​ដទៃ ដោយ​ពាក្យ​សម្តី មិន​និយាយ​ញុះញង់​ស៊ក​សៀត មិន​និយាយ​សម្តី​អាក្រក់ ទ្រគោះ​បោះបោក ជេរ​ប្រទេច មិន​និយាយ​សម្តី​ឥតប្រយោជន៍ ដោយ​សេចក្តី​មិន​លោភ មិន​ក្រោធខឹង មិន​វង្វេង​ជា​ហេតុ នេះ​ហៅ​ថា ធ្វើ​វា​ចាថ្នាក់​សីល ។ការ​ពោល​សរសើរ ព្រះគុណ​នៃ​ឧត្តម​បុរស មាន​ព្រះពុទ្ធ ព្រះធម៌ព ព្រះសង្ឃ និង​គុណ​មាតាបិតា​ជា​ដើមឬ​និយាយ​ទូន្មាន​ណែនាំ​ពន្យល់​អ្នក​ដទៃ ឲ្យ​ស្គាល់​ខុស​ត្រូវ បាប បុណ្យ គុណទោស និង​ស្គាល់​អំពើ​ដែល​ជា​ប្រយោជន៍ និង​មិន​មែន​ជា​ប្រយោជន៍ ទាំង​ជួយ​បង្ហាត់​បង្រៀន​វិជ្ជា​ល្អ​គ្រប់បែប​យ៉ាង តាម​ខ្លួន​ចេះដឹង ដែល​ជា​វិជ្ជា​ប្រាស​ចាក​ទោស មិន​លាក់​លាម​ទុក ការ​ធ្វើ​ប្រយោជន៍​ដល់​ខ្លួន និង​អ្នក​ដទៃ ដោយ​សម្តី​ទាំង​នេះ ហៅ​ថា ធ្វើ​បុណ្យ​វាចា​ថ្នាក់​ទាន ។ ពិសេស បាន​ប្រាប់​ឧបាយ​ផ្លូវ​ការ​ចិញ្ចឹម​ត្រូវ ( សម្មាអាជីវោ ) ពោល​ពាក្យ​ពេចន៍​ត្រូវ ( សម្មា​វាចា ) ការ​ជួយ​ណែនាំ​ទាំង​នោះ ត្រូវ​ប្រកប​ដោយ​មេត្តា​ករុណា ទាំង​ទី​ចំពោះ​មុខ ទាំង​ទី​កំបាំង​មុខ នេះ​ហៅថា ធ្វើ​បុណ្យ​វាចា ថ្នាក់​សីល​ផង ថ្នាក់​ទានផង ។កាល​បុរស​ស្រ្តី​ទាំង​ឡាយ ចេះ​អប់រំ​វាចា មិន​និយាយ​ពាក្យ​រោយរាយ​ឥត​ប្រយោជន៍​ក្នុងពួក​ក្រុម ហើយ​គេចចៀស​ចាក​ទៅ​រក​ទីស្ងាត់ នៅ​អប់រំ​កាយ អប់រំ​ចិត្ត ដោយ​ការ​ដេក ដើរ ឈរ អង្គុយ តាំងស្មារតី បរិកម្មភាវនា បទកម្មដ្ឋាន​ណា​មួយ​តាម​គាប់​ចិត្ត ជា​ឧបាយទប់​អារម្មណ៍​ឲ្យ​ហ្នឹងនៅតែ​មួយ ដើម្បី​ឲ្យ​បាន​ទទួល​សេចក្តី​ស្ងប់ ( សមាធិចិត្ត ) ទាំង​កម្លាំង​ឲ្យ​ពន្លឺ​ដល់​បញ្ញា នេះ​ហៅ​ថា ធ្វើ​វាចាថ្នាក់​ភាវនា ។ ដកស្រង់ចេញពីសៀវភៅ បុញ្ញបទីប រៀបរៀងដោយៈ ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ​៥០០០​ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.8
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿