អានអត្ថបទ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ២៧,៧៨៩ ដង)
កំណើតសត្វ ៤ យ៉ាង

|
សូមញាតិញោម បងប្អូនប្រុសស្រី មិត្តអ្នកអានទាំងឡាយ សិក្សាអំពីកំណើតសត្វឲ្យបានដឹងជាមុនសិន ។
តាមពិតកំណើតសត្វលោកមានច្រើនប្រភេទណាស់ ដូចដែលព្រះដ៏មានបុណ្យរបស់យើងត្រាស់ថា (សត្តា-អនន្ហា) ប៉ុន្តែក្នុងបញ្ហានេះដែរ ព្រះអង្គក៏ទ្រង់បានបំព្រួញ ឲ្យខ្លីមកដើម្បីឲ្យយើងទាំងអស់គ្នាងាយស្រួលសិក្សា គឺមានត្រឹមតែ ៤ ប្រភេទប៉ុណ្ណោះ គឺ៖ ទី១. អណ្ឌជៈ សំដៅយកសត្វទាំងឡាយណា ដែលមកអាស្រ័យក្នុងស៊ុត ហើយចោះទំលាយសំបកស៊ុតចេញមក ដូចជាៈ សត្វចាប លលក មាន់ ទា ជាដើម ។ ទី២. ជលាពុជៈ សំដៅយកសត្វទាំងឡាយណា ដែលសម្រាលចេញពីផ្ទៃមេ ឬផ្ទៃម្តាយដូចជា សត្វមនុស្ស គោ ក្របី ឆ្កែ ឆ្មា ដំរី សេះ ជាដើម ។ ទី៣. សំសេទជៈ សំដៅយកសត្វទាំងឡាយណា ដែលកើតមកពីត្រីស្អុយ សាកសព ឬក្នុងវត្ថុជូរផ្អូម ជាដើម ដូចជា សត្វដង្កូវ ។ល។ ទី៤. ឧបបាតិកៈ សំដៅយកសត្វទាំងឡាយណា ដែលកើតឡើងឯងៗ ដូចជា ទេវតា នរក ប្រេត ជាដើម ។ បើសង្កេតលើមាតិការធម៌ខាងដើមចាប់ពីមាតិកាទី ១ រហូតដល់ទី ៣ ខ្ញុំជឿជាក់ថាញាតិញោមបងប្អូនប្រុសស្រី មិត្តអ្នកអានពិតជាមិនឆ្ងល់ទេ ប៉ុន្តែរឿងដែលអាថ៌កំបាំង ហើយគួរឲ្យងឿងឆ្ងល់នោះ គឺមាតិកាធម៌ទី ៤ គឺ កំណើតសត្វទី ៤ ដូច្នេះ សូមឆ្លៀតឱកាសលើកយកកំណើតសត្វទី ៤ មកអធិប្បាយដូចតទៅៈ អធិប្បាយកំណើតសត្វទី ៤ នៅក្នុងព្រះអដ្ឋកថា បានសម្តែងថា បណ្តាសត្វទាំងឡាយ សត្វប្រភេទមួយកើតឡើងដោយចោះសំបកស៊ុតចេញ ប្រភេទមួយកើតឡើងដោយអាស្រ័យវត្ថុស្មោកគ្រោក ប្រភេទមួយកើតឡើងដោយសារការសម្រាលចេញពីផ្ទៃមេ ឬផ្ទៃម្តាយ ។ តែសម្រាប់សត្វឧបបាតិកៈ កំណើត គឺសំដៅដល់សត្វដែលកើតឡើងដោយពុំអាស្រ័យហេតុ ដូចសត្វ ៣ ប្រភេទខាងលើឡើយ ។ សត្វពួកនេះ វេលាកើតក៏កើតឡើងឯងៗ មានរូបកាយធំឡើងភ្លាមៗ ។ សេចក្តីអធិប្បាយយ៉ាងនេះ យើងគប្បីយល់ចូលចិត្តថា ឧបបាតិកៈកំណើត គឺជាកំណើតប្រភេទមួយ ដែលកើតឡើងដោយមិនចាំបាច់មេបាឲ្យកំណើតឡើយ ។ អាស្រ័យទៅលើពុទ្ធភាសិតច្រើនកន្លែង ស្តែងឲ្យឃើញថា ពួកទេវតានិងពួកនរក សុទ្ធតែជាឧបបាតិកៈកំណើត ។ ![]() ម៉្យាងទៀត ក្នុងអដ្ឋកថាដដែលមានតួយ៉ាងថា ពួកទេវតាជាឧបបាតិកៈកំណើតនេះ បានដល់ទេវតាចាតុម្មមហារាជិការហូតដល់ទេវតាជាន់ខ្ពស់ៗឡើងទៅជាលំដាប់ ។ ចំណែកភុម្មទេវតា គឺទេវតាដែលស្ថិតនៅលើផែនដីនេះ រមែងប្រព្រឹត្តទៅបានទាំង ៤ កំណើត ហើយលោកបានបញ្ជាក់បន្ថែមថា មនុស្សខ្លះក៏ជាឧបបាតិកៈកំណើតដែរ (ដូចជានាងចិញ្ចាជាដើម) ។ ក្នុងសេចក្តីនេះ ខ្ញុំមិនបានអធិប្បាយឲ្យពិស្តារទេ បើមិត្តអ្នកអានចង់យល់ច្បាស់ អំពីរឿងឧបបាតិកៈកំណើតនេះ សូមនិមន្តនិងអញ្ជើញតាមដាននៅក្នុងអគ្គញ្ញសូត្រទៀតចុះ ។ ស្រង់ចេញពីសៀវភៅ " តើនរកមានដែរឬទេ? " រៀបរៀងដោយ ភិក្ខុ វជិរប្បញ្ញោ សាន-សុជា ដោយ៥០០០ឆ្នាំ |