Sunday, 20 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
ADVISE
១,៥៧៣ អត្ថបទ
images/articles/2648/tex567tpic.jpg
Public date : 30, Jul 2026 (36,833 Read)
ដឹងខ្លួនថាកំពុងវង្វេង គឺល្អណាស់ ល្អត្រង់ចេះសាកសួររកផ្លូវត្រូវ តែបើកំពុងវង្វេងហើយ ដឹងខ្លួនថា ខ្លួនឯងជាអ្នកចេះដឹងបែបហ្នឹងប្រាកដជាជួបគ្រោះថ្នាក់ ។ តើយើងមានចិត្តចង់ស្តាប់អ្នកដែលអស់កិលេស​និយាយ​ឲ្យ​យើងស្តាប់ដែរឬទេ ? អ្នកដែលអស់កិលេស គឺអ្នកដែលស្គាល់ផ្លូវរួចផុតចាកទុក្ខ ។ តើយើង​មាន​ដឹងខ្លួនថាយើងកំពុងតែវង្វេងក្នុងវដ្តសង្សារដែរឬទេ ? បើដឹងខ្លួនថាកំពុងវង្វេងយើងប្រាកដជាចូល​ចិត្តស្តាប់ ចូលចិត្តសិក្សានូវព្រះពុទ្ធដីកា តាមរយៈព្រះត្រៃបិដក និងពិចារណាតាមអដ្ឋកថា មិនខានឡើយ ។ ក្នុងពាលវគ្គ ( វគ្គទី ៥ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ៖ យោ ពាលោ មញ្ញតី ពាល្យំ បណ្ឌិតោ វាបិ តេន សោ ពាលោ ច បណ្ឌិតមានី ស វេ ពាលោតិ វុច្ចតិ ។ អ្នកណាជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួនថាជាពាល អ្នកនោះនឹងទៅជាបណ្ឌិតបានខ្លះ ដោយហេតុដែលដឹងខ្លួនថាជាពាលនោះឯង ចំណែកបុគ្គលណា ជាមនុស្សពាល មានសេចក្តីប្រកាន់ថាខ្លួនជាបណ្ឌិត អ្នកនោះ ឈ្មោះថាជាមនុស្សពាល​ដោយពិត ។ ដកស្រង់ចេញពី សៀវភៅ​សិក្សា​ព្រះ​សូត្រ​ភាគ​ទី​១១ ដោយ៥០០០ឆ្នាំ
images/articles/3089/2026-07-19_16_15_59-Greenshot.jpg
Public date : 29, Jul 2026 (7,791 Read)
ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស មានអាយុ ៨ ម៉ឺនឆ្នាំ ពួកនាងកុមារិកា មានអាយុ ៥០០ ឆ្នាំ ទើបល្មមឲ្យមានប្តី ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ នឹងមានអាពាធតែ ៣ យ៉ាង គឺចំណង់ក្នុងអាហារ ១ បរិភោគអាហារមិនបាន ១ សេចក្តីគ្រាំគ្រារាងកាយ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលដែលពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ជម្ពូទ្វីបនេះ នឹងជាទ្វីបស្តុកស្តម្ភធំទូលាយ មានស្រុក និគម រាជធានី (តៗគ្នា) មួយរយៈមាន់ហើរធ្លាក់ ។ ម្នាលភិក្ខុទាំងឡាយ កាលបើ ពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ជម្ពូទ្វីបនេះនឹងពេញដោយមនុស្ស (រកចន្លោះគ្មាន) ដូចអវីចិនរក ពុំនោះសោត ដូចព្រៃបបុរ ឬព្រៃរាំងភ្នំ ។ ម្នាលភិក្ខុទាំងឡាយ កាលបើ ពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ក្រុងពារាណសីនេះ នឹងប្រែឈ្មោះ ជាកេតុមតីរាជធានីវិញ ជារាជធានីស្តុកស្តម្ភ ធំទូលាយ មានជនក៏ច្រើន មានមនុស្សកុះករ និងមានភិក្ខាហារ ដ៏សម្បូណ៍ ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស មានអាយុ ៨ ម៉ឺនឆ្នាំ ក្នុងជម្ពូទ្វីបនេះ នឹងមាននគរ ៨ ម៉ឺន ៤ ពាន់ មានកេតុមតីរាជធានីឯង ជាប្រធាន ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស មានអាយុ ៨ ម៉ឺនឆ្នាំ នឹងមានព្រះរាជា (១ព្រះអង្គ) ព្រះនាម សង្ខៈ ទ្រង់កើតឡើង ក្នុងកេតុមតីរាធានី ជាស្តេចចក្រពត្តិ ទ្រង់ជា ធម្មិកធម្មរាជ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង ៤ ជាទីបំផុត ជាស្តេចឈ្នះសង្រ្គាម ទ្រង់មានជនបទដល់នូវថិរភាព ទ្រង់បរិបូណ៌ ដោយរ័តន៍ ៧ ប្រការ ។ ឯរ័តន៍ទាំង ៧ ប្រការរបស់ព្រះបាទសង្ខៈនោះ គឺ ចក្ករ័តន៍ ១ ហត្ថិរ័តន៍ ១ អស្សរ័តន៍ ១ មណិរ័តន៍ ១ ឥត្ថីរ័តន៍ ១ គហបតិរ័តន៍ ១ រាប់បរិនាយករ័តន៍ ១ ផង ជាគម្រប់ ៧ ។ ឯព្រះបាទសង្ខៈនោះ នឹងមានព្រះរាជបុត្រ ច្រើនជាងពាន់ សុទ្ធសឹងក្លៀវក្លា អង់អាច សង្កត់សង្កិននូវពួកសេនារបស់ស្តេចដទៃបាន ។ ព្រះបាទសង្ខៈនោះ ទ្រង់ត្រួតត្រា គ្រប់គ្រង នូវផែនដី ដែលមានសាគរជាទីបំផុត ដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្រ្តាវុធទេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ព្រះមានព្រះភាគ ទ្រង់ព្រះនាមមេត្តេយ្យៈ នឹងកើតឡើងក្នុងលោក ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ទ្រង់បរិបូណ៌ដោយវិជ្ជានិងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាសើ្ម ទ្រង់ទូន្មាននូវបុរសដែលគួរទូន្មាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ជ្រាបច្បាស់នូវចតុរារិយសច្ច ទ្រង់មានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោលហើយ ដូចជាតថាគត ដែលឆ្ងាយចាកកិសេស ត្រាស់ដឹងញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះខ្លួនឯងបរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយ សីលាទិគុណ ឥតមានបុគ្គលណាស្មើ ទូន្មាននូវបុរសដែលគួរទូន្មាន ជាសាស្តានៃ ទេវតា និងមនុស្សទាំងឡាយ ជ្រាបច្បាស់នូវចតុរារិយសច្ច មានដំណើរទៅ កាន់ត្រៃភព ខ្ជាក់ចោលហើយ ដែលកើតឡើងក្នុងលោក ក្នុងកាលឥឡូវ នេះដែរ ។ ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ ទ្រង់បានត្រាស់ដឹង បាន ធ្វើឲ្យជាក់ច្បាស់នូវព្រះនិញ្វនចំពោះព្រះអង្គ ហើយញុំាងលោកនេះ ព្រម ទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេពនិងមនុស្សដ៏សេស ឲ្យត្រាស់ដឹងផង ដូចតថាគត ដែលបានត្រាស់ដឹងហើយ ធ្វើឲ្យជាក់ច្បាស់នូវព្រះនិញ្វន ចំពោះខ្លួនឯង ហើយញុំាងលោកនេះព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេសឲ្យត្រាស់ដឹងផង ក្នុងកាលឥឡូវនេះដែរ ។ ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ នឹងទ្រង់សម្តែងធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ទាំងទ្រង់ប្រកាសព្រហ្មចរិយធម៌ ព្រមទាំង អត្ថ និងព្យព្ជានៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ដូចតថាគតដែលសម្តែងធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថនិងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក្នុងកាលឥឡូវ នេះដែរ ។ ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ នឹងគ្រប់គ្រងនូវភិក្ខុសង្ឃ ច្រើនពាន់ ដូចតថាគតដែលគ្រប់គ្រងនូវភិក្ខុសង្ឃច្រើនរយ ក្នុងកាលឥឡូវ នេះដែរ ។ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះបាទសង្ខៈ ទ្រង់ត្រាស់ បង្គាប់ឲ្យលើកប្រាសាទ ដែលព្រះបាទមហាបនាទៈឲ្យកសាង ហើយទ្រង់ ប្រថាប់នៅ (ក្នុងប្រាសាទនោះ) ទ្រង់លះបង់ (ប្រាសាទនោះ) ឲ្យជាទាន ដល់ពួកសមណព្រាហ្មណ៍ កបណៈ (មនុស្សកំព្រា) អទ្ធិកៈ (អ្នកដំណើរ) វណិព្វកៈ (អ្នកនិយាយសរសើរហើយសូម) និងពួកយាចក (ស្មូម) រួចទ្រង់ ដាក់ព្រះកេសានិងព្រះមស្សុ ទ្រង់ស្លៀកដណ្តប់កាសាវព័ស្រ្ត ចេញចាក រាជាគារស្ថាន ចូលទៅកាន់ផ្នួស ក្នុងសម្នាក់នៃព្រះមេត្តេយ្យៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ។ កាលព្រះបាទសង្ខៈនោះ ទ្រង់ព្រះផ្នួសយ៉ាងនេះ ហើយ ទ្រង់គេចចេញទៅតែមួយព្រះអង្គឯង ឥតមានសេចក្តីប្រមាទឡើយ មានសេចក្តីព្យាយាម ជាគ្រឿងដុតនូវកិលេស មានព្រះហឫទ័យបែរ ឆ្ពោះ ទៅរកព្រះនិញ្វន ពួកកុលបុត្រ ដែលចេញចាកផ្ទះ ទៅបួសក្នុងភាពជា បុគ្គលមិនមានផ្ទះដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ពុំយូរ ប៉ន្មាន ក៏ព្រះសង្ខត្ថេរ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចារ្យ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ក៏សម្រាក សម្រាន្តនៅដោយឥរិយាបថទាំង ៤ ។ (សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ ចក្កវត្តិសូត្រ បិដកលេខ ១៨ ទំព័រ ១៥២-១៥៦) ដោយ​៥០០០​ឆ្នាំ​
images/articles/828/2026-07-29_18_30_20-yearsorg_-_sftp___yearsd62_214_79_36_-_FileZilla.jpg
Public date : 29, Jul 2026 (46,888 Read)
រឿង​សោម​ទត្ត​ព្រា​ហ្ម​ណ៍ ( ចាក​ ម​. វា. ) (គុណ​នៃ​ការ​បូ​ជា​ប្រ​យោជន៍​​ ចំ​ពោះ​មិត្ត​សំ​ឡាញ់) កាល​​ព្រះ​សម្ពុទ្ធ​ប​រម​គ្រូ​ ព្រះ​អ​ង្គ​ប​រិ​និ​ពា្វន​ទៅ​យូរ​ហើយ​ ក្នុង​ក្រុង​សាវ​ត្ថី​មាន​ព្រា​ហ្មណ៍​ពីរ​រូប​ឈ្មោះ​​ សោម​ព្រាហ្មណ៍​១ សោម​ទត្ត​​ព្រាហ្ម​ណ៍​១​ ជា​សំ​ឡាញ់​នឹង​គ្នា​ ។ ព្រាហ្មណ៍​ទាំង​ពីរ​រូប​នេះ​ជា​អ្នក​ចូល​ចិត្ត​លេង​បា​ស្កា​ភ្នាល់​គ្នា​ដាក់​គ្រឿង​អ​លង្ការ និង​​ សំ​លៀក​បំ​ពាក់​ ។​ថ្ងៃ​មួយ​សោម​ព្រាហ្ម​ណ៍​លេង​ចាញ់ ត្រូវ​បាន​សំ​លៀក​បំ​ពាក់​ និង​ ចិញ្ចៀន​ទៅ​សោម​ទត្ត​ព្រាហ្ម​ណ៍​ទាំង​អស់​​ នៅ​សល់​តែ​ខោ​ខ្លី​មួយ​ ក៏​មិន​ហ៊ាន​ទៅ​​ផ្ទះ​ខ្លាច​ប្រ​ពន្ធ​រក​រឿង​ឈ្លោះ​ប្រ​កែក ។ ឯ​សោម​ទត្ត​ព្រាហ្ម​ណ៍​ កាល​បើ​ដល់​ពេល​ទៅ​ផ្ទះ​ ក៏​ប​បួល​សោម​ព្រាហ្មណ៍​ទៅ​ផ្ទះ សោម​ព្រាហ្ម​ណ៍​ប្រ​កែក​មិន​ព្រម​ទៅ​ដាច់​អ​ហង្ការ​ទើប​សោម​ទត្ត​ព្រាហ្មណ៍​សួរ​ថា​ ម្នាល​សំឡាញ់​ ហេតុ​អ្វីបាន​ជា​​សំ​ឡាញ់​មិន​ទៅ​ផ្ទះ​ អ្នក​ឈឺ​ចិត្ត​​នឹង​លេង​ចាញ់​ខ្ញុំ​ឬ ?​ សោម​ព្រាហ្ម​ណ៍​ថា​មិន​មែន​ឈឺ​ចិត្ត​ដូច​សំ​ឡាញ់​ទេ​ ប៉ុន្តែ​ប្រ​ពន្ធ​ខ្ញុំបើ​មិន​ឃើញ​ចិ​ញ្ចៀន​ពាក់​នៅ​ដៃ​​ខ្ញុំ​ទេ​មុខ​ជា​រក​រឿង​ឈ្លោះ​នឹង​ខ្ញុំ​ជា​ប្រា​កដ​ ខ្ញុំ​មិន​ចង់​ឲ្យ​​មាន​ការ​ឈ្លោះ​ប្រ​កែក បាន​ជា​ខ្ញុំ​មិន​ព្រម​ទៅ​ផ្ទះ​ ។ សោម​ទត្ត​ព្រាហ្ម​ណ៍​ឮដូច្នោះ​ហើយ​ ក៏​ឲ្យ​​សំ​លៀក​បំ​ពាក់​និង​ចិញ្ជៀន​ទៅ​សោម​ព្រាហ្ម​ណ៍​វិញ​ ហើយ​នាំ​គ្នា​ទៅ​ផ្ទះ​រៀង​ខ្លួន​ទៅ ។ ចំ​ណែក​សោម​ទត្ត​ព្រាហ្ម​ណ៍​ជា​ម​នុស្ស​ខិល​ខូច​ ប្រ​ព្រឹត្ត​កា​មេ​សុ​មិ​ច្ឆា​ចារ​នឹង​កូន​ប្រ​ពន្ធ​អ្នក​ដ​ទៃ​ ព្រះ​រា​ជា​បាន​ទទួល​ប​ណ្តឹង​ពី​អ្នក​ប្តឹង​ ហើយ​ចាត់​ឲ្យ​​រាជ​បុ​រស​ទៅ​ចាប់​ខ្លួន​សោម​ទ​​ត្ត​ព្រាហ្ម​ណ៍​មក​ធ្វើ​ទោស​ លុះ​សោម​ទត្ត​ព្រាហ្ម​ណ៍​មក​ដល់​ព្រះ​រា​ជា​ទត​ឃើញ​រូប​ភាព​ជា​ម​នុស្ស​ខ្ពង់​ខ្ពង់​ ហើយ​ទ្រង់​រំ​លឹក​ប្រ​ដៅ​ឲ្យ​​ឈប់​ធ្វើ​អំ​ពើ​នោះ​ទៀត​​ ទ្រង់​លែង​ឲ្យ​​រួច​ខ្លួន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។ សោម​ទត្ត​ព្រាហ្ម​ណ៍​មិន​ព្រម​លះ​បង់​អំ​ពើ​នោះ​ នៅ​តែ​ប្រ​ព្រឹត្ត​ធ្វើ​ដ​ដែល​ ព្រះ​រា​ជា​ហៅ​មក​ឃាត់​អស់​វា​រៈ​៣​ ដង​មិន​ព្រម​តាម​សោះ​​ ដល់​​គ្រប់​៤​​ ដង​ទ្រង់​ក្រោធ​ពិ​រោធ​ជា​ខ្លាំង​ឲ្យ​​រាជ​បុ​រស​យក​ទៅ​សម្លាប់ ។ ពួក​រាជ​បុ​រស​ចាប់​ចង​ស្លាប​សេក​ប​ណ្តើរ​អា​​ក្រោស​គ្រប់​ច្រក​ល្ហក​ក្នុង​ទី​ក្រុង​ក៏​បាន​ឮ​ដល់​សោម​ព្រាហ្ម​ណ៍​ៗ​ រត់​មក​មើល​ឃើញ​ស្គាល់​ជា​សំ​ឡាញ់​អ្នក​ឲ្យ​​ប្រ​យោជ​ន៍​ដល់​ខ្លួន​​​ក្នុង​ពេល​ដែល​​លេង​បា​ស្កា​ចាញ់​ ក៏​និ​យាយ​អង្វរ​រាជ​បុ​រស​ឲ្យ​​ឈប់​ចាំ​នៅ​ទី​នោះ​សិន​ កុំ​អាល​យក​ទៅ​សម្លាប់​ចាំ​ទៅ​សូម​ទោស​ព្រះ​រា​ជាសិន​ រាជ​បុ​រស​ព្រម​ចាំ​ ។ សោម​ព្រាហ្មណ៍​ទៅ​ទួល​សូម​ទោស​ព្រះ​រា​ជា​ៗ​ ទ្រង់​តុណ្ហី​ភាព​ស្ងៀម​ពុំ​មាន​ព្រះ​រាជ​​ឳង្កា​​ថា​​ដូច​ម្តេច​ឡើយ​ ។ សោម​ព្រាហ្ម​ណ៍​ថ្វាយ​​បង្គំ​លា​ត្រ​ឡប់​មក​វិញ​ឲ្យ​​រាជ​បុរស​ដោះ​លែង​សោម​​​ទត្ត​ព្រាហ្ម​ណ៍​ ហើយ​ឲ្យ​​ចង​ខ្លួន​យក​ទៅ​សម្លាប់​វិញ​(​ឳ! គួរ​ឲ្យ​​ស្ងើច​ណាស់​មិត្ត​សំឡាញ់​មាន​សភាព​បែប​នេះ​មាន​តិច​ពេក​ក្នុង​លោក​ ស្ទើរ​តែ​គ្មាន​សោះ​ ។ អ្នក​មាន​មិត្ត​សំ​ឡាញ់ទាំង​ឡាយ​ក្នុង​លោក​ គួរ​តែ​យក​តម្រាប់​តាម​សោម​ព្រាហ្ម​ណ៍​នេះ​គ្រប់​គ្នា​​​ កុំ​សម្លាប់​មិត្ត​ក្នុង​វេលា​មាន​អា​សន្ន​ឡើយ​)​ ។ ពួក​រាជ​បុ​រស​ទាំង​ឡាយ​ ដោះ​លែង​សោម​ទត្ត​ព្រាហ្ម​ណ៍​ហើយ​ ចង​សោម​ព្រាហ្ម​ណ៍​យក​ទៅ​សម្លាប់​ចោល​ទៅ​ ។ ដួង​វិ​ញ្ញាណ​ដ៏​ប​រិ​សុទ្ធ​រ​បស់​សោម​ព្រាហ្មណ៍​ ក៏​អ​ណ្តែត​ក្នុង​ប្រ​តិ​ស្ថាន​ក្នុង​វិមាន​មាស​កណ្តាល​ហ្វូង​នៃ​ពួក​នារី​ទាំង​ឡាយ​ នា​ស្ថាន​ទេវ​លោក​សោយ​ទិព្វ​សម្បត្តិ​ជា​សុខ​ក្សេម​ក្សាន្ត ។ ចំ​ណែក​សោម​ទត្ត​ព្រាហ្ម​ណ៍​កាល​បើ​រាជ​បុ​រស​សម្លាប់​សម្លាញ់​ហើយ​ ក៏​យំ​សោក​បោក​ខ្លួន​ប្រាណ​អា​ណិត​អា​សូរ​ក្រៃ​លែង​​ លុះ​ប​ន្ទោ​បង់​នូវ​ការ​យំ​សោក​ហើយ​ រៀប​ធ្វើ​ជើង​ថ្ក​បូ​ជា​សព្វ​រើស​ឆ្អឹង​សម្លាញ់​យក​ទៅ​ទុក​នៅ​ផ្ទះ​រ​បស់​ខ្លួន​ ធ្វើ​ទក្ខិ​ណា​នុ​ប្ប​ទាន​ផ្សាយ​កុសល​ទៅ​ឲ្យ​អស់​វា​រៈ​បី​ថ្ងៃ ។ ឯ​សោម​ទេវ​បុត្ត​​​ បាន​រំ​លឹក​ឃើញ​សោម​ទត្ត​ព្រាហ្ម​ណ៍​ដែល​ជា​សម្លាញ់​ បាន​ធ្វើ​ទាន​ឧ​ទ្ទិស​កុសល​ចំ​ពោះ​ខ្លួន​ហើយ​ ក៏​ចុះ​ពី​ទេវ​លោក​មក​និ​ម្មិត​ជា​មា​ណព​​ដើរ​ចូល​ទៅ​ផ្ទះ​សោម​ទត្ត​ព្រាហ្ម​ណ៍​ និ​យាយ​សព្វ​គ្រប់​តាម​ដំ​ណើរ​រឿង​រ​បស់​ខ្លួន​ ទើប​នាំ​សោម​ទត្ត​ព្រាហ្ម​ណ៍​ទៅ​ស្ថាន​​ទេវ​លោក​ដោយ​ឫទ្ធិ​រ​បស់​ខ្លួន​ ប្រ​គល់​ទិព្វ​សម្បតិ្ត​ឲ្យ​​ ៧ ថ្ងៃ​ ហើយ​នាំ​មក​ម​នុស្ស​លោក​វិញ​ ។ សោម​ទត្ត​ព្រាហ្ម​ណ៍​ខំ​ធ្វើ​បុណ្យ​ទាន​គ្រប់​យ៉ាង​ដោយ​ចង់​បាន​ទិព្វ​សម្បតិ្ត​​ដូច​​សោម​​ទេវ​បុត្ត​​ តែង​គិត​ដល់​កំ​ហុស​រ​បស់​ខ្លួន​ថា​ កាល​ពី​ដើម​អញ​មាន​សម្បត្តិ​ច្រើន​មិន​គិត​ធ្វើ​បុណ្យ​ទាន​គិត​​តែ​ស៊ី​ចាយ​សប្បាយ​វិ​នាស​សម្បត្តិ​អស់​ ធ្លាក់​ខ្លួន​ជា​អ្នក​ក្រ​ ពេល​នេះ​ធ្វើ​ម្តេច​ហ្ន​! នឹង​បាន​ទ្រព្យ​ធ្វើ​បុណ្យ​ទាន​ឲ្យ​​អស់​ចិត្ត​នឹង​គេ​ ការ​គិត​យ៉ាង​នេះ​យូរ​ៗ​ទៅ ក៏​បណ្តាល​ទៅ​ជា​រោគ​ស្គម​លឿង​ដេក​នៅ​​លើ​កន្ទេល​ដើរ​ទៅ​ណា​មិន​រួច​ ។ សោម​ទេវបុត្រ​ដឹង​ដូច្នេះ​ហើយ​ មាន​ប្រា​ថ្នា​ចង់​អោយ​ទិព្វ​សម្បត្តិ​ ប៉ុន្តែ​យល់​ថា​ម​នុស្ស​លោក​ប្រើ​ប្រាស់​ទិព្វ​សម្បត្តិ​មិន​បាន​ឡើយ​ ទើប​យក​កែវ​ម​ណី​ជោតិ​មួយ​ដុំ​មក​ឲ្យ​​ កែវ​នេះ​អាច​សម្រេច​សេច​ក្តី​ប្រា​ថ្នា​គ្រប់​យ៉ាង​ ។ សោម​ទត្ត​ព្រាហ្ម​ណ៍​បាន​កែវ​អ​នុ​ភាព​នោះ​ហើយ សប្បាយ​ចិត្ត​ ជា​រោគ​ទាំង​ពួង​ គិត​ជា​ចំ​ណាយ​ធ្វើ​បុណ្យ​ទាន​តែ​ម្យ៉ាង​ដ​រាប​អស់​អា​យុ​បាន​ទៅ​កើត​ស្ថាន​ទេវ​លោក​ សោយ​ទិព្វ​សម្បត្តិ​ជា​សុខ​ក្សេម​ក្សាន្ត​ជា​មួយ​សោម​ទេវ​បុត្ត​ជា​សម្លាញ់អស់​កាល​ជា​យូរ​អង្វែង ៕ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និ​ទាន​ជា​តក​​ ដោយ​៥០០០​ឆ្នាំ​
images/articles/837/2026-07-29_17_07_52-Greenshot.jpg
Public date : 29, Jul 2026 (15,097 Read)
អនុ​ស្ស​តិ​ បុគ្គ​ល​​ដែល​មាន​ប្រ​ក្រ​តី​ចម្រើន​សតិ​ប្បដ្ឋាន​ តែង​មាន​ចិត្ត​បង្អោន​ទៅ​រក​សេច​ក្តី​ស្ងប់​ស្ងាត់​ ក្នុង​ព្រះ​ហឫទ័យ​នៃ​ព្រះ​អរហន្ត​ទាំង​ឡាយ​ ។​ ព្រះ​អរហន្ត​ទាំង​ឡាយ​ មិន​មាន​ភ័យ​ មិន​មាន​កង្វល់​ មិន​ប្រកាន់​ មិន​ជាប់​ជំពាក់​ មិន​អាល័យ​ មិន​ត្រូវ​ការ​ដោយ​តណ្ហា​សូម្បី​តែ​ជីវិត​រស់​នៅ​ មាន​ព្រះ​ហឫទ័យ​ស្អាត​បរិសុទ្ធ​អស់​កាល​ជា​និច្ច​ទល់​នឹង​បរិ​និព្វាន​ ។ ព្រះ​ហឫទ័យ​ដ៏​ស្ងប់​ត្រ​ជាក់​និង​ភ្លឺ​ស្វាង​ត្រចះ​ត្រចង់​ដោយ​ពន្លឺ​បញ្ញា​ ព្រម​ដោយ​ព្រះ​ហឫទ័យ​ករុ​ណា​ចំពោះ​សត្វ​លោក​ ប្រាដក​ដូច​ជា​រមណីយ​ដ្ឋាន​នៃ​ចិត្ត​ ពុទ្ធ​បរិស័ទ​រមែង​រីក​រាយ​ដោយ​បីតិ​ បស្សទ្ធិ​ សុខ​ស្ងប់​ដ៏​សែន​មនោ​រម្យ​ក្រៃ​លែង​ ។ ធម្ម​ជាតិ​ចិត្ត​ តែង​តែ​ធ្លាក់​ចុះ​ក្នុង​កាម ​ដោយ​កាម​វិតក្កៈ​ តែង​ជាប់​ជំពាក់​ តែង​ខ្វាយ​ខ្វល់​ក្នុង​រឿង​ផ្សេងៗ​ ដូច្នេះ​ការ​ងារ​ដែល​ពុទ្ធ​បរិស័ទ​អាច​ហ្វឹក​ហាត់​អប់​រំចិត្ត​ ឲ្យ​ចិត្ត​ ចេះ​បង្អោន​ទៅ​រក​សេច​ក្តី​ស្ងប់​ស្ងាត់​ក្នុង​ព្រះ​ហឫ​ទ័យ​ នៃ​ព្រះ​អរហន្ត​បាន​ គឺ​ជា​ការ​ប្រពៃ​ក្រៃ​លែង​ ប្រៀប​ដូច​រាជ​ហង្ស​ ដែល​មិន​ត្រេក​អរ​នឹង​ស្រះ​ទឹក​ក្នុង​ភូមិ​ត្រ​កូល​ចណ្ឌាល​ ព្រោះ​ស្រះ​នោះ​ស្មោក​គ្រោក​មិន​ស្អាត​ តែង​រាជ​ហង្ស​ រមែង​ត្រេក​អរ​ចំពោះ​ស្រះ​បោក្ខ​រណី ​ក្នុង​ដែន​ដី​នៃ​ព្រៃ​ហិមពាន្ត​ ដូច្នោះ​ឯង​ ។ ក្នុង​បិដក​លេខ​ ៤៦​ ទំព័រ​ ១២-១៥ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សម្តែង​ចំពោះ​ព្រះ​សក្យ​មហា​នាម​ថា​ បពិត្រ​​មហា​នាម​ ក្នុង​សម័យ​ណា​ អរិយ​សាវ័ក​រលឹក​រឿយ​ៗ​នូវ​គុណ​នៃ​ព្រះ​តថា​គត​... រលឹក​រឿយ​ៗ​នូវ​គុណ​ព្រះ​ធម៌​... រលឹក​រឿយ​ៗ​នូវ​គុណ​នៃ​ព្រះ​សង្ឃ​ ក្នុង​សម័យ​នោះ​ អរិយ​សាវ័ក​នោះ​ គឺ​មិន​ត្រូវ​រាគៈ​ រួប​រឹត​ចិត្ត​បាន​ឡើយ​ ទាំង​ដែល​ក្នុង​សម័យ​នោះ​ ចិត្ត​របស់​អរិយ​សាវ័ក​នោះ​ រមែង​ជា​ចិត្ត​ត្រង់​ព្រោះ​ប្រារព្ធ​នូវ​គុណ​នៃ​ព្រះ​តថា​គត​... ព្រោះ​ប្រា​រព្ធ​នូវ​គុណ​នៃ​ព្រះ​ធម៌​... ព្រោះ​ប្រា​រព្ធ​នូវ​គុណ​នៃ​ព្រះ​សង្ឃ​ ។ បពិត្រ​មហា​នា​ម​ លុះ​អរិយ​សាវ័ក​មា​ន​ចិត្ត​ត្រង់​ហើយ​ រមែង​បាន​នូវ​ការ​ដឹង​អត្ថ​ បាន​នូវ​ការ​ដឹង​ធម៌​ បាន​នូវ​សេច​ក្តី​រីក​រាយ​ប្រ​កប​ដោយ​ធម៌​ កាល​បើ​មាន​សេច​ក្តី​រីក​រាយ​ហើយ​ បីតិ​ក៏​កើត​ឡើង​ កាល​បើ​ចិត្ត​ប្រ​កប​ដោយ​បីតិ​ហើយ​ នាម​កាយ​ក៏​ស្ងប់​រម្ងាប់​ លុះ​នាម​កាយ​ស្ងប់​រម្ងាប់​ហើយ​ រមែង​ទទួល​នូវ​សេច​ក្តី​សុខ​ កាល​បើ​មាន​ សេច​ក្តី​សុខ​ហើយ​ ចិត្ត​ក៏​រមែង​តម្កល់​មាំ​ ។​ បពិត្រ​មហា​នាម​ អរិយ​សាវ័ក​នោះ​ ហៅ​ថា​ជា​អ្នក​ដល់​នូវ​ការ​ស្ងប់​រម្ងាប់ក្នុង​ពួក​សត្វ​ដែល​ប្រាសចាក​ការ​ស្ងប់​រម្ងាប់​ ជា​អ្នក​មិន​ចង្អៀត​ចង្អល់​ ជា​អ្នក​សម្រេច​នូវ​ធម្ម​ស្សោតៈ​គឺ​វិបស្សនា​ចម្រើន​ពុទ្ធា​នុ​ស្សតិ​... ចម្រើន​ធម្ម​នុស្ស​តិ​... ចម្រើន​សង្ឃា​នុស្ស​តិ​កម្ម​ដ្ឋាន​ ។ ក្នុង​ការ​ដែល​ពុទ្ធ​បរិស័ទ​ បង្អោន​ចិត្ត​ទៅ​រក​សេចក្តី​ស្ងប់​ស្ងាត់​ក្នុង​ព្រះ​ហឫទ័យ​នៃ​ព្រះ​អរហន្ត​ ដូច​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សម្តែង​ហើយ​ សន្តាន​ចិត្ត​នៃ​ពុទ្ធ​បរិស័ទ​រមែង​មាន​ដូច​តទៅ​ ៖ មិន​ត្រូវ​រាគៈ​រួប​រឹត​ មិន​ត្រូវ​ទោសៈ​រួប​រឹត​ ព្រោះ​ប្រា​រព្ធ​នូវ​គុណ​ព្រះ​ពុទ្ធ​ ព្រះ​ធម៌​ ព្រះ​សង្ឃ​ ។ កាល​ដែល​ចិត្ត​ត្រង់​ហើយ​ រមែង​បាន​នូវ​ការ​ដឹង​អត្ថ​គឺ​សេច​ក្តី​នៃ​ព្រះ​ពុទ្ធ​ដីកា​ និង​បាន​នូវ​សេច​ក្តី​រីក​រាយ​ប្រ​កប​ដោយ​ធម៌​ គឺ​បាន​នូវ​បីតិ​បា​មោ​ជ្ជ​ក្នុង​បា​លី​និង​អត្ថ​កថា ។ ធម៌​ ៥​ យ៉ាង​ កើត​ជា​មួយ​ចិត្ត​ដែល​បង្អោន​ទៅ​រក​ព្រះ​ហឫ​ទ័យ​ដ៏​ស្ងប់​នៃ​ព្រះ​អរហន្ត​នោះ​គឺ៖ ១- បោ​មោ​ជ្ជ រី​ក​រាយ​យ៉ាង​ស្រទន់​ ២- បី​តិ​ រីក​រាយ​ឆ្អែត​​កាយ​ឆ្អែត​ចិត្ត​ ៣- បស្ស​ទ្ធិ ស្ងប់​រម្ងាប់​ការ​ក្រវាយ​ក្រ​វល់​ ៤- សុខ​ សុខ​ស្ងប់​ក្នុង​ចិត្ត​ ៥- សមា​ធិ​ ឯ​កគ្គ​តា​ធ្វើ​ឲ្យ​ចិត្ត​តម្កល់​មាំ​ ។ នៅ​មាន​គុណ​ជាតិ​ ៣​ យ៉ាង​ទៀត​គឺ​៖ ១- វិស​មគ​តាយ​ បជាយ សម​ប្ប​ត្តោ​ វិហ​រតិ​ ជាអ្នក​ដល់​នូវ​ការ​ស្ងប់​រម្ងាប់​ ក្នុង​ពួក​សត្វ​ដែល​ប្រាស​ចាក​ការ​ស្ងប់​រម្ងាប់​ ។ ២- សព្យា​បជ្ឈា​យ​ បជាយ​ អព្យា​បជ្ឈោ​វិហរតិ​ ជាអ្នក​មិន​ចង្អៀត​ចង្អល់​ ក្នុង​ពួក​សត្វ​ដែល​មាន​សេច​ក្តី​ចង្អៀត​ចង្អល់​ ។ ៣- ធម្ម​ស្សោតំ សមា​បន្នោ​ ជា​អ្នក​សម្រេច​នូវ​ ធម្ម​ស្សោតៈ​ គឺ​វិបស្ស​នា​ ។ ស្រង់​ចាក​ពី​សៀ​វភៅ​ " ព្រះ​ថេរី​គា​ថា​ ភាគ​២ " រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/839/Untitled-1.jpg
Public date : 29, Jul 2026 (13,103 Read)
នៅ​ក្នុង​ព្រះ​សាសនា​នេះ​ កាល​ដែល​ពុទ្ធ​បរិស័ទ​បាន​ស្គាល់​ថា​ ជី​វិត​ជា​ប្រ​ក្រតី​ គឺ​ចិត្ត​ ចេត​សិក​ រូប​ ដូច្នេះ​ហើយ​ក៏​ជា​ការ​ចាប់​ផ្តើម​ស្គាល់​ខ្លួន​ឯង​ថា​ជា​អ្វី​ ។ ការ​ស្គាល់​ខ្លួន​ឯង​តាម​សេច​ក្តី​ពិត​ ដល់​កម្រិត​គឺ​ត្រូវ​រលត់​តណ្ហា​អស់​មិន​មាន​សល់​ ព្រោះ​ខ្លួន​យើង​ដោយ​បរមត្ថ​ គឺ​ចិត្ត​ ចេ​ត​សិក​ រូប​ ដែល​អត់​ត្រូវ​ការ​អ្វី​ពី​លោក​នេះ​ ទាំង​ដែល​មិន​ហួង​ហែង​ខ្លួន​ឯង​អ្វី​ទាំង​អស់​ ។ នេះ​ជា​ចំណុច​ដែល​មាន​ធម៌​ជា​ទី​ពឹង​ គឺ​មាន​សតិ​ប្ប​ដ្ឋាន​ជា​ទី​ពឹង​ ដែល​ឈ្នះ​នូវ​សេច​ក្តី​ទុក្ខ​ទាំង​ពួង​បាន​ព្រោះ​ការ​អស់​ទៅ​នៃ​តណ្ហា ។ បើ​មិន​មាន​សតិ​ថ្នាក់​សតិ​ប្ប​ដ្ឋាន​នោះ​ទេ​ ការ​សិក្សា​ចំពោះ​ចិត្ត​ ចេត​សិក​ រូប​ ក៏​មិន​មាន​ដែរ​ បើ​មិន​មាន​ការ​សិក្សា​ចំពោះ​បរមត្ថ​ទាំង​បី​ នេះ​ទេ​តណ្ហា​មិន​រលត់​ឡើយ​ ហើយ​ពិត​ជា​មិន​មាន​ទី​ពឹង​ ។​ សត្វ​លោក​ គិត​តែ​ពី​ប្រាថ្នា​ត្រូវ​ការ​ឲ្យ​ខ្លួន​ឯង​បាន​អ្វី​ៗ​គ្រប់​យ៉ាង​ តាម​ដែល​ចង់​បាន​ នេះ​ជា​វង្វេង​ក្នុង​លោក​ ។ ព្រះ​សម្មា​សម្ពុទ្ធ​ ត្រាស់​សម្តែង​ឲ្យ​រក​ខ្លួន​ឯង​ តាម​រយៈ​នៃ​សតិ​ប្ប​ដ្ឋាន​ កាយ​ វេ​ទនា​ ចិត្ត​ ធម៌​ គ្រាន់​តែ​ជា​ធម៌​ដែល​បច្ច័យ​តាក់​តែង​ ធម៌​ទាំង​នេះ​មិន​មែន​ជា​សត្វ​ហើយ​​ក៏​ជា​ធម៌​អត់​ត្រូវ​ការ​អ្វី​ទាំង​អស់​ មិន​ទាំង​ហួង​ហែង​ខ្លួន​ឯង​ទៀត​ផង​ ព្រោះ​គ្រាន់​តែ​ជា​ផល​នៃ​បច្ច័យ​ផ្សេង​ៗ​ ប៉ុណ្ណោះ​ ។ តាម​ពិត​ ដោយ​បរមត្ថ​ធម៌​ លោភៈ​ដែល​ត្រូវ​ការ​ប្រាថ្នា​អ្វី​ៗ​នោះ​ ក៏​ជា​តួ​សភា​វធម៌​ដែរ​ តែ​ថា​សភា​វ​លោភៈ​ នេះ​ជា​អវិ​ជ្ជា​មូល​ ទើប​មាន​វោ​ហារ​ពោល​ថា​ សត្វ​លោក​វង្វេង​ ស្វែង​រក​របស់​ក្នុង​លោក​ ជាប់​នៅ​ក្នុង​លោក​ មិន​ស្គាល់​ខ្លួន​ឯង​ ថា​ជា​អ្វី​តាម​ពិត​ ។ ការ​ខ្វល់​នឹង​ខ្លួន​ឯង​ ដើម្បី​ឲ្យ​បាន​អ្វី​ក្នុង​លោក​នេះ​ក្តី​ ខ្វល់​ដើម្បី​ឲ្យ​ខ្លួន​ឯង​ចេញ​ចាក​លោក​នេះ​ក្តី​ នេះ​ជា​សភា​វ​លោ​ភៈ​ ប្រ​កប​ដោយ​ទិ​ដ្ឋិ​ ជា​នាម​ធម៌​មួយ​បែប​ដែល​មាន​ឆន្ទៈ ជា​តណ្ហា​ឆន្ទៈ​ប្រ​កប​ជា​មួយ​ផង​ដែរ​ ។ ចំណែក​ កត្តុកម្យតាឆន្ទៈ ដែលប្រព្រឹត្ត​ទៅ​ជា​មួយ​នឹង​សតិ​ថ្នាក់​ សតិ​ប្ប​ដ្ឋាន​ គឺ​ជា​ឆន្ទៈ​ដែល​ញ៉ាំង​វីរយៈ​ឲ្យ​រលឹក​សិក្សា​ ចំពោះ​កាយ​ វេ​ទនា​ ចិត្ត​ ធម៌​ ហើយ​រលត់​តណ្ហា​ ដែល​ជា​ការ​សម្រេច​នូវ​ទី​ពឹង​ហ្នឹង​ឯង​ ។ ឆន្ទៈ​ជា​ឥ​ទ្ធិ​បាទ​ធម៌​ រមែង​ញ៉ាំង​វីរយៈ​ឲ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​ការ​សម្លឹង​សភាវ​ធម៌​ ដែល​ជា​ការ​ងារ​រំលត់​តណ្ហា​ អស់​ការ​ខ្វាយ​ខ្វល់​ ជា​ទី​ពឹង​ ។ ដូច្នេះ​ កិច្ច​សិក្សា​ការ​ពិត​ ដោយ​សតិ​រលឹក​ដឹង​ចំពោះ​ចិត្ត​ ចេ​ត​សិក​ រូប​ ប្រព្រឹត្ត​ទៅ​ ដោយ​ឆន្ទៈ​ដ៏​បរិ​សុទ្ធ​ មាន​ការ​ភ្ញាក់​រលឹក​សព្វ​កាល​ សិក្សា​ទាំង​យប់​ទាំង​ថ្ងៃ​ ប្រព្រឹត្ត​ទៅ​រក​ការ​អស់​តណ្ហា ។ ទី​ពឹង​ពិត​ប្រា​កដ ចិត្ត​ចេតសិក​រូប​គ្មាន​ត្រូវ​ការ​អ្វី​ គួរ​តែ​ប្រុស​ស្រី​សម្លឹង​ពិនិត្យ លះ​កាត់​តណ្ហា​ជា​ទី​ពឹង​ពិត​ មិន​មាន​ជាប់​ចិត្ត​នៅ​ក្នុង​លោកីយ៍ ។ ស្រង់​ចាក​ពី​សៀ​វភៅ​ " ព្រះ​ថេរី​គា​ថា​ ភាគ​២ " រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/829/2026-07-29_18_24_41-yearsorg_-_sftp___yearsodFileZilla.jpg
Public date : 29, Jul 2026 (13,355 Read)
រឿង​បុ​រស​ចាញ់​បោក​ចោរ (​ ​ចាក​ ម. វា.​ ) (កុំ​ជឿ​ពាក្យ​មិត្ត​សំឡាញ់​ ដូច​ជឿ​ពាក្យ​ឪ​ពុក​ម្តាយ) កាល​ពី​ព្រេង​នាយ​ មាន​បុ​រស​ពីរ​នាក់​ជា​សំឡាញ់​នឹង​គ្នា​ ដល់​ពេល​ខាង​ក្រោយ​មក​ បុ​រស​ម្នាក់ទាល់​ក្រ​រក​អ្វី​ចិញ្ចឹម​ជី​វិត​មិន​បាន​ ក៏​រត់​ចូល​ទៅ​ក្នុង​ព្រៃ​ប្រ​ព្រឹត្ត​ធ្វើ​​ចោរ​កម្ម​ ពួក​រាជ​បុ​រស​ចាប់​បាន​យក​ទៅ​​ដាក់​គុក​អស់​​ ១២ ឆ្នាំ​ ។ ថ្ងៃ​មួយ​បុ​រស​ជា​សំ​ឡាញ់​ដើរ​ទៅ​ក្បែរ​គុក​​ ឃើញ​បុ​រស​នោះ​មាន​រូប​ស្គម​ជាប់​ច្រ​វាក់​នៅ​ក្នុង​គុក​ ក៏​សុំ​អ្នក​រក្សា​គុក​ចូល​ទៅ​សួរ​ ។ បុ​រស​ជាប់​គុក​ថា​ខ្ញុំ​មក​នៅ​ទី​នេះ​ចំ​នួន​ ១២​ ឆ្នាំ​ហើយ មិន​ដែល​បាន​អា​ហារ​ឆ្អែត​ម្តង​ទេ​ ខ្ញុំ​ស្រេក​ឃ្លាន​ណាស់​ សូម​សំ​ឡាញ់​ឯង​ជួយ​សុំ​អ្នក​រក្សា​គុក​ឲ្យ​​ខ្ញុំ​ចេញ​ទៅ​រក​ទទួល​ទាន​អា​ហារ​ឲ្យ​បាន​ឆ្អែត​ហើយ​ ខ្ញុំ​ត្រ​ឡប់​មក​វិញ​ភ្លាម​ ។ បុ​រស​ជា​សំ​ឡាញ់​ឮ​ដូ​ច្នេះ​ហើយ​ មាន​ចិត្ត​មេត្តា​ក​រុ​ណា​អា​ណិត​ដ​រាប​រ​ហូត​ដល់​ស្រក់​ហូរ​ទឹក​ភ្នែក​រ​ហាម​ ក៏​ដើរ​ទៅ​ថ្វាយ​​បង្គំ​អ្នក​រក្សា​គុក​សុំ​ប្តូរ​ឲ្យ​​បុ​រស​នោះ​ចេញ​ទៅ​រក​អា​ហារ​ប​រិ​ភោគ​ ។ អ្នក​រក្សា​គុក​និ​យាយ​ថា​ បើ​ដូ​ច្នោះ​ យើង​ត្រូវ​ដាក់​ច្រ​វាក់​អ្នក​ឯង​នៅ​ក្នុង​គុក​នេះ​ ទម្រាំ​សំឡាញ់​អ្នក​ឯង​ត្រ​ឡប់​មក​វិញ​ទើប​យើង​លែង​ ។ បុ​រស​នោះ​ក៏​ព្រម​ចូល​ទៅ​ក្នុង​គុក​ឲ្យអ្នក​រក្សា​គុក​ដោះ​លែង​​ សម្លាញ់ចេញ​​ពី​ច្រ​វាក់ ហើយ​ឲ្យគេ​​យក​ច្រ​វាក់​មក​ដាក់​ខ្លួន​ ។ បុ​រស​ចោរ​កាល​បើ​បាន​រួច​ពី​គុក​ច្រ​វាក់ហើយ​ ក៏​ដើរ​ទៅ​ស៊ី​ផឹក​តាម​អំ​ពើ​ចិត្ត​ខ្លួន​ ឥត​នឹក​នា​ដល់​សំឡាញ់​ដែល​ទៅ​ធា​នា​ខ្លួន​នៅ​ក្នុង​គុក​ឡើយ​ ។ បុ​រស​អ្នក​ធា​នា​ កាល​បើ​មិន​ឃើញ​សំ​ឡាញ់​មក​វិញ​ហើយ​ ក៏​នៅ​ជាប់​គុក​ច្រ​វាក់​អស់​ ១២​ ឆ្នាំ​មិន​ដែល​បរិ​ភោគ​អា​ហារ​ឆ្អែត​ម្តង​ឡើយ មាន​រូប​កាយ​ស្គាំង​ស្គម​ ដេក​ខ្លោច​ផ្សា​នៅ​ក្នុង​គុក​នោះ​ឯង ។ ស​ម័យ​មួយ​ព្រះ​រា​ជា​ក្នុង​ន​គរ​នោះ​ មាន​ព្រះ​រាជ​បុត្រ​មួយ​ព្រះ​អង្គ​ទើប​ប្រ​សូត្រ​ថ្មីៗ មាន​ព្រះ​ទ័យ​សោ​មនស្ស​​ចំ​ពោះ​ព្រះ​រាជ​បុត្រ​ ក៏​ត្រាស់​​បង្គាប់​ឲ្យ​​រាជ​បុរស​ឲ្យ​អភ័យ​ដល់​សត្វ​ជើង​ពីរ​ជើង​បួន​ទាំង​ឡាយ​​​ឲ្យ​​រួច​ពី​ចំ​ណង​ទ្រុង​គុក​ច្រ​វាក់​ទាំង​អស់ ។​ អ្នក​រក្សា​គុក​​ក៏​លែង​ចោរ​​ទាំង​អស់​ក្នុង​គុក​ឲ្យ​រួច​ខ្លួន​ត្រ​ឡប់​​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​ ចោរ​ទាំង​ឡាយ​សប្បាយ​ចិត្ត​ចេញ​ទៅ​ផ្ទះ​អស់​ទៅ​ នៅ​សល់​តែ​បុ​រស​ចាញ់​បោក​ចោរ​ជា​សំឡាញ់​មិន​ព្រម​ចេញ​ឡើយ​ ។ អ្នក​រក្សា​គុក​ឃើញ​ហើយ​សួរ​ថា​ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ព្រម​ចេញ​ទៅ​នឹង​គេ​​ ។​​ បុ​រស​នោះ​ថា​ខ្ញុំ​មិន​ហ៊ាន​ចេញ​ទៅ​ក្នុង​វេលា​ថ្ងៃ​ទេ​ខ្មាស​គេ​ណាស់​ ចាំ​យប់​ស្ងាត់​បាន​ខ្ញុំ​ចេញ​ ។​​ ដល់​វេ​លា​យប់​ស្ងាត់​បុ​រស​នោះ​ចេញ​ពី​គុក​ហើយ​មិន​ដឹង​ជា​ដើរ​ទៅ​ណា ព្រោះ​ឃ្លាន​អា​ហារ​ខ្លាំង​ពេក ទើប​នឹក​ឃ់ញ​ថា​នៅ​ទី​នេះ​មាន​ព្រៃ​ស្ម​សាន​នៅ​ជិត​ ក៏​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ស្ម​សាន​នោះ​ ឃើញ​សព​ខ្មោច​នៅ​ស្រស់ៗ ក៏​រើស​កាំ​បិត​នៅ​ក្បែរ ជើង​ថ្ករ​អោយ​យក​សាច់​ខ្មោច​ ហើយ​រើស​ដាក់​ក្នុង​អំ​បែង​ល​លា​ដ៏​ក្បាល​យក​ល​លា​ដ៏​ក្បាល​ខ្មោច​បី​មក​ដម្កល់​ធ្វើ​ច​ង្រ្កាន​ស្ងោ​សាច់​ខ្មោច​នោះ​ធ្វើ​ជា​​អា​ហារ​ ពេល​ដែល​កំ​ពុង​ស្ងោ​នោះ​បាន​យក​ស្លឹក​ឈើ​មក​ស្លៀក​ស្រាត​យក​ខោ​ទៅ​បាំង​ខ្យល់​ ។ កាល​នោះ​មាន​ទេវ​តា​មួយ​រូប​នៅ​លើ​ដើម​ឈើ​ក្បែរ​ទី​នោះ​ ឃើញ​ប្លែក​ដូច​នេះ​ក៏​សួរ​ថា​ អ្នក​ជា​អ្វី​មាន​មុខ​ក្រៀម​ក្រំ​មក​ចំ​អិន​សាច់​ខ្មោច​ស៊ី​ដូច្នេះ អ្នក​យក​ខោ​បាំង​ធ្វើ​អ្វី​? បុ​រស​នោះ​ប្រាប់​តាម​ដំ​ណើរ​រឿង​រ​បស់​ខ្លួន​សព្វ​គ្រប់​ ហើយ​ប្រាប់​ទៀត​ថា​ដែល​ខ្ញុំ​យក​ខោ​​បាំង​នេះ​ជា​កិច្ច​រ​បស់​ខ្ញុំ​ ព្រោះ​ថា​ខ្យល់​ជា​ស​ភា​វៈ​ឥត​វិ​ញ្ញាណ​ ឥត​ខ្លួន​ប្រាណ​ចេះ​តែ​បក់​តាម​ធម្មតា​ ប៉ុ​ន្តែ​ខ្យល់​នេះ​មិន​ចេះ​ឲ្យ​ទោស​ដល់​បុ​គ្គល​ណា​ឡើយ​ ដែល​ខ្ញុំ​បាំង​​នេះ​គឺ​បាំង​ខ្យល់​ពាក្យ​សំ​ដី​រ​បស់​បុគ្គល​ពាល​ កុំ​ឲ្យ​បក់​ផាត់​ដល់​ខ្លួន​ខ្ញុំ​ទៀត ដែល​ខ្ញុំ​លំ​បាក​មក​ស៊ី​សាច់​ខ្មោច​ដូ​ច្នេះ​ ក៏​ព្រោះ​តែ​ជឿ​ខ្យល់​ដែល​ផ្សាយ​ចេញ​ពី​មាត់​ពាល​នោះ​ឯង​ ។ ទេវ​តា​ស្តាប់​សព្វ​គ្រប់​ហើយ​ មាន​សេច​ក្តី​អា​ណិត​អា​សូរ​ដោយ​យល់​ឃើញ​ថា​ បុ​រស​នេះ​ជា​ប​ណ្ឌិត​ប្រា​កដ​ក្នុង​លោក​ ទើប​ហៅ​បុ​រស​នោះ​ឲ្យ​ស្លៀក​សំ​ពត់​ទិព្វ​ ប​រិ​ភោគ​អា​ហារ​ទិព្វ​ ហើយ​នាំ​បុ​រស​នោះ​ទៅ​ស្រែក​ឃោ​សនា​សរ​សើរ​គុណ​ធម៌ ឲ្យ​លាន់​ឮ​ពេញ​ទេវ​ទ​ហ​ន​គរ​ ដោយ​ឫទ្ធិ​រ​បស់​ខ្លួន​ ។ ព្រះ​រា​ជា​ក្នុង​នគរ​នោះ​ឮ​ហើយ​ទ្រង់​មាន​ព្រះ​ទ័យ​រំភើប​ញាប់ញ័រ​ជា​ខ្លាំង​ ទើប​ឲ្យ​​រាជ​អា​មាត្យ​នាំ​បុរសនោះ​ចូល​គាល់​​ ទ្រង់​ត្រាស់​សូរ​បាន​ជ្រាប​ដំ​ណើរ​រឿង​សព្វ​គ្រប់​ ក៏​បន្លឺ​ព្រះ​សូរសី​ហ​នាថ​ថា​ បុ​រស​មាន​គុណ​ធម៌​បែប​នេះ​មិន​ងាយ​រក​បាន​ក្នុង​លោក​ យើង​មិន​ដែល​បាន​ជួប​ប្រ​ទះ​សោះ​ឡើយ​ បុ​រស​នេះ​គួរ​ជា​ទី​គោ​រព​បូ​ជា​របស់​ទេវ​តា​ និង​ម​នុស្ស​ទាំង​ឡាយ ឥ​ឡូវ​នះ​យើង​សូម​បូ​ជា​រាជ​សម្បត្តិ​ចំ​ពោះ​បុរស​នេះ​ អ្នក​ទាំង​ឡាយ​ចូល​រៀប​ចាត់​ចែង​រាជា​ភិ​សេក​ដល់​បុ​រស​នេះ​ចុះ ។ ពួក​ម​ហា​មាត្រ​ទាំង​ឡាយ​ ក៏​ចាត់​ចែង​រៀប​ពិ​ធី​រា​ជា​ភិ​សេក​បុ​រស​នោះ​ឲ្យស្តេច​សោយ​រាជ្យ​ក្នុង​នគរ​នោះ​ទៅ​ ។ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និ​ទាន​ជា​តក​ ដោយ​៥០០០​ឆ្នាំ​
images/articles/833/2026-07-29_18_05_26-yearsorg_-fFileZilla.jpg
Public date : 29, Jul 2026 (15,705 Read)
រឿង​​នាង​​វេស្សា​មិត្តា​ (​ ចាក​ ម. វា. ) (​ ទី​ពឹង​ទាំង​ពួង​ក្នុង​លោក​មិន​ស្មើ​ទី​ពឹង​ព្រះ​រត​ន​ត្រ័យ​ឡើយ​​ ) កាល​កន្លង​ទៅ​ហើយ​ មាន​ព្រះ​រា​ជា​មួយ​ព្រះ​អង្គ​ព្រះ​នាម​កោសម្ពិក​រាជ ព្រះ​អគ្គ​ម​ហេ​សី​ព្រះ​នាម​វេស្សា​មិត្តា​ សោយ​រាជ​សម្បត្តិ​ក្នុង​ក្រុង​ស​ម្ពិយ ។​ ថ្ងៃ​មួយ​ព្រះ​នាង​វេ​ស្សា​មិត្តា​បាន​ស្តាប់​ធ៌មព្រះ​សម្ពុទ្ធ​កើត​សេចក្តី​ជ្រះ​ថ្លា​ ថ្វាយ​ខ្លួន​ជា​ឧ​បាសិ​កា​ យក​ព្រះ​រត​ន​ត្រ័យ​ជា​ទី​ពឹង​រំ​លឹក​ស្មើ​ដោយ​ជី​វិត​ តែង​ទំ​នុក​បំ​រុង​ភិក្ខុ​សង្ឃ​ដោយ​បច្ច័យ​ទាំង​បួន​ពុំ​ដែល​ដាច់​ ។ ចំ​ណេរ​កាល​ខាង​ក្រោយ​មក​​ មាន​ស្តេច​បច្ច​ន្ត​រាជ​​មួយ​អង្គ​ប្រា​ថ្នា​ចង់​បាន​រាជ​សម្បត្តិ​ លើក​ទ័ពមក​បម្រុង​ឡោម​ចាប់​ព្រះ​បាទ​កោស​ម្ពិក​រាជៗ ទ្រង់​ជ្រាប​ហើយ​ ក៏​លើក​ទ័ព​ ទៅ​ច្បាំង​យក​ព្រះ​អគ្គ​ម​ហេ​សី​ទៅ​ជា​មួយ​ផង​ រៀប​ចំ​ព្រះ​ពន្លា​ស្នាក់​ទ័ព​នៅ​ឆ្ងាយ​ពី​ស​មរ​ភូមិ​ ទុក​ព្រះ​ម​ហេ​សី​ឲ្យ​នៅ​ក្នុង​ទី​នោះ​​ ហើយ​ទ្រង់​មាន​ព្រះ​រាជ​ឳង្កា​ប្រាប់​ព្រះ​នាង​ជា​អគ្គ​ម​ហេ​សី​ថា​ បើ​ឃើញ​លើក​ទង់​ក្រ​ហម​ ឲ្យ​នាង​រត់​ទៅ​ពួន​នៅ​ទី​ណា​ឲ្យ​បាន​សុខ​ចុះ គឺ​បង​ចាញ់​ពួក​បច្ចា​មិត្រ​ហើយ​ ទ្រង់​មាន​ព្រះ​រាជ​ឳ​ង្កា​ដូច្នោះ​ហើយ​ស្តេច​យាង​ទៅ​កាន់​ទី​ស​មរ​ភូមិ​ច្បាំង​ជាមួយ​ស្តេច​បច្ចន្ត​រាជ ក៏​ប​រា​ជ័យ​ចាញ់​ស្តេច​បច្ចន្ត​រាជ​ ទើប​ប្រាប់​ឲ្យ​សេនា​លើក​ទង់​ក្រ​ហម​ ស្តេច​បច្ចន្ត​រាជ​ក៏​ចាប់​ព្រះ​អង្គ​ធ្វើ​គត់​ទៅ​ ។ ឯនាង​វេស្សា​មិត្តា​ជា​ព្រះ​អគ្គម​ហេ​សី​ ត្រូវ​ពួក​ទាហាន​ខាង​ស្តេច​បច្ច​ន្ត​រាជ​ចាប់​បាន​នាំយក​ទៅ​ថ្វាយ​ស្តេច​បច្ច​ន្ត​រាជៗ ទត​ឃើញ​​ព្រះ​រូប​ឆោម​ល្អស្រស់​ ក៏​និ​យាយ​លួង​លោម​នាង​ដើម្បី​ធ្វើ​ម​ហេ​សី ព្រះ​នាង​មិន​ព្រម​ទ្រង់​មាន​ព្រះ​សុ​វណ្ណិយ​ថា​ ខ្ញុំ​ជា​ស្រ្តី​មាន​យស​ស័ក្តធំ​ដោយ​សារ​ព្រះ​ស្វា​មី​ខ្ញុំ​ព្រះ​រាជ​ទាន​ឲ្យ​ ឥ​ឡូវ​ព្រះ​​​អង្គ​សម្លាប់​ស្វា​មី​ខ្ញុំ​ ហើយ​ឲ្យ​ខ្ញុំ​រីក​រាយ​ជាមួយ​ព្រះ​អង្គ​ដូច​ម្តេច​កើត​ ខ្ញុំ​មាន​សេចក្តី​ក្រោធ​ចំ​ពោះ​ព្រះ​អង្គ​តែ​ម្យ៉ាង​ ។ ព្រះ​បាទ​ប​ច្ច​ន្ត​រាជ​ទ្រង់​ព្រះ​សណ្តាប់​​ហើយ​ ក្រោធ​ពិ​រោធ​ជា​ខ្លាំង​ បង្គាប់​ឲ្យ​អា​មាត្យ​ដុត​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ​ ហើយ​បង្គាប់​ឲ្យ​នាង​ចូល​ទៅ​ក្នុង​ភ្លើង​ ព្រះ​នាង​មិន​ព្រម​ចូល​ ទ្រង់​មាន​ព្រះ​សុ​វណ្ណិយ​​តប​ថា​ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​អា​ក្រក់​ផុត​ជាង​ជន​ទាំង​ពួង​ក្នុង​លោក​ សម្លាប់​ស្វា​មី​គេ​ហើយ​ ដុត​សម្លាប់​ម​ហេ​សី​គេ​ទៀត​​ ខ្ញុំ​គ្មាន​សត្រូវ​នឹង​ព្រះ​អង្គ​ទេ​ មិន​គួរ​អ្នក​ណា​ធ្វើ​ទោស​បាន​ឡើយ​ ។ ព្រះ​បាទ​បច្ចន្តរាជ​ឲ្យ​អា​មាត្យ​ចង​បោះ​ទៅ​ក្នុង​ភ្លើង​ ។ ក្នុង​ពេល​ដែល​គេ​ចាប់​ចង​ព្រះ​នាង​វេស្សា​មិត្តា​​​ ទ្រង់​រំពឹង​ថា​អត្មា​អញ​គ្មាន​អ្វី​ជា​ទី​ពឹង​ទេ​ មាន​តែ​ព្រះ​រត​ន​ត្រ័យ​ទាំង​បី​ជា​ទី​ពឹង​ដ៏​ប្រ​សើរ​របស់​អញ​ គិត​ដូច្នេះ​ហើយ​នាង​រំ​ពឹង​ក្នុង​ព្រះ​ទ័យថា​ ពុ​ទ្ធំ ស​រណំ​ គ​ច្ឆា​មិ​ ធម្មំ ស​រណំ គច្ឆា​មិ​ សង្ឃំ សរណំ គច្ឆា​មិ​ ដូច្នេះ​ពុំ​ដែល​ដាច់​​ ។​ ដោយ​គុណា​នុ​ភាព​ព្រះ​រតន​ត្រ័យ​ភ្លើង​ឥត​មាន​ក្តៅ​ដល់​ព្រះ​នាង​ឡើយ​ ទោះ​បី​នៅ​ក្នុង​គំ​នរ​រងើក​ភ្លើង​ធំ​ដល់​ម្ល៉ោះ​ ក៏​ហាក់​ដូច​ជា​នៅ​ក្នុង​ត្របក​ឈូក​ ។ ព្រះ​បាទបច្ច​ន្ត​រាជ​ទត​ឃើញ​អស្ចារ្យ​ដូច្នោះ​ហើយ​ ក៏​ស្ទុះ​ទៅ​យក​នាង​ពី​គំ​នរ​ភ្លើង​ហើយ​ថ្វាយ​បង្គំ​នាង​ធ្វើ​ជា​មាតា​បង្កើត​ ទំ​នុក​បំ​រុង​នាង​សព្វ​គ្រប់​ឥតមាន​​ខ្វះ​ ។ ព្រះ​នាង​វេស្សា​មិត្តា​ទ្រង់​រំលឹក​ទូ​ន្មាន​ព្រះ​បាទ​បច្ចន្ត​រាជ​និង​ម​ហា​ជន​ឲ្យ​ធ្វើ​ទាន​រក្សា​សីល​គ្រប់ៗគ្នា ដល់​ព្រះ​នាង​អស់​អា​យុ​ បាន​ទៅ​កើត​ក្នុង​ទេវ​លោក​ប​រិ​បូណ៍​ដោយ​សម្បត្តិ​យ៉ាង​អស្ចារ្យ​ ឯ​ពួក​ម​ហា​ជន​ដែល​ប្រ​តិ​បត្តិ​តាម​នាង​ ដល់​អស់​​អាយុ​​ក៏​បាន​ទៅ​កើត​ទេវ​លោក​ដែរ​ ៕ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​​ប្រ​ជុំ​និទាន​ជាតក ដោយ​៥០០០​ឆ្នាំ​
images/articles/830/2026-07-29_18_13_39-yearsorg_-_sftp___yearsd62_214_79_36_-_FileZilla.jpg
Public date : 29, Jul 2026 (12,288 Read)
ដំ​ណើរ​ធម៌​សប្បុ​រស​ដោះ​ស្រាយ​បញ្ហា​​ បាន​រៀប​រាប់​អំពី​បញ្ហា​មួយ​ចំនួន​ ដែ​ល​ត្រូវ​ដោះ​ស្រាយ​តាម​ប្រាជ្ញា​ញាណ​នៃ​អ្នក​ប្រាជ្ញ​ ។​ ជីវិត​មនុស្ស​យើង​មិន​អាច​អត់​មាន​បញ្ហា​ឯង​ៗ​ទៅ​នោះ​ទេ​ ដូច្នេះ​កាល​បើ​មាន​បញ្ហា​អ្វី​មួយ​ម​ក​ដល់​ កុំ​ចេះ​តែ​ចង់​មិន​ឲ្យ​មាន​នូវ​បញ្ហា​នោះ​ តែ​ត្រូវ​ដោះ​ស្រាយ​ដោយ​គតិ​ធម៌​របស់​បណ្ឌិត​ គឺ​ប្រា​ជ្ញា​ញាណ​នៃ​អ្នក​ប្រា​ជ្ញ​ ដោ​យ​បញ្ហា​ប្រៀប​ដូច​ជា​សំណួរ​ រី​ឯ​គតិ​ធម៌​របស់​បណ្ឌិត​វិញ​ ប្រៀប​ដូច​ជា​ការ​ឆ្លើយ​តប​សំណួរ​ ។​ ជី​វិត​ជោគ​ជ័យ​ មិន​មែន​ព្រោះ​តែ​ជី​វិត​អត់​បញ្ហា​នោះ​ទេ​ តាម​ពិត​​បញ្ហា​ ជា​ឧ​បសគ្គ​ផ្សេង​ៗ​ បាន​ជាប់​មក​ជា​មួយ​នឹង​ជី​វិត​ហើយ​ជា​ស្រេច​ ដូច្នេះ​គតិ​ធម៌​របស់​បណ្ឌិត​ពិ​ត​ជា​ចាំ​បាច់​បំ​ផុត​សម្រាប់​ជី​វិត​ជោគ​ជ័យ​ ។ ជី​វិត​មនុស្ស​មាន​តម្លៃ​ក្នុង​ភាព​ជា​មនុស្ស​ ព្រោះ​ជា​ កុសល​វិ​បាកបដិ​សន្ធិ​ និង​ ព្រោះ​ជា​បុញ្ញ​កម្ម​ជ្ជ​រូប​ នេះ​គឺ​ជា​ជោ​គ​ជ័យ​ដ៏​ធំ​មួយ​រួច​ហើយ​ស្រេច​ ព្រោះ​បាន​ឈ្នះ​នូវ​បាប​កម្ម​ផ្សេងៗ​ទៀត​ដ៏​ច្រើន​ ហើយ​បុណ្យ​បាន​នាំ​ជី​វិត​ឲ្យ​កើត​មក​ជា​មនុស្ស​ ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ជីវិត​នៅ​រស់​ដល់​សព្វ​ថ្ងៃ​ សុទ្ធ​តែ​ជា​ជី​វិត​ជោ​គ​ជ័យ​ ព្រោះ​បុណ្យ​ជា​បច្ច័យ​ក្នុង​ការ​រក្សា​ជីវិត​ ដោយ​បាន​រា​រាំង​នូ​វ​សេ​នា​របស់​មច្ចុ​រាជ​ ។​ ព្រោះ​ហេតុ​នោះ​ មនុស្ស​ត្រូវ​តែ​តស៊ូ​យក​ជោគ​ជ័យ​ជា​ទី​បំផុត​ គឺ​កម្ចាត់​បង់​កិ​លេស​ពី​សន្តាន​ ធ្វើ​ជីវិត​ឲ្យ​មាន​តម្លៃ​ជា​ភិ​យ្យោ​ភាព​ ជា​មួយ​នឹង​ការ​ងា​រ​ជា​ប្រ​យោ​ជន៍បន្ត​ទៀត​ ព្រោះ​ថា​ជីវិត​មាន​តម្លៃ​ និង​ ជីវិត​ទទួល​ជោគជ័យ​ជា​ទី​បំផុត​បាន​ មិន​មែន​ឯង​ៗ​ទៅ​នោះ​ទេ​ ត្រូវ​មាន​សម្មា​ទិដ្ឋិ​ឈរ​ខាង​បុណ្យ​កុសល​ រ៉ាប់​ទទួល​គុណ​ គឺ​សេច​ក្តី​ល្អ​គ្រប់​យ៉ាង​ និង​ព្យា​យាម​អប់​រំ​បញ្ញា​ ។​ ស្រង់​ចាក​ សៀវ​ភៅ​ " គតិ​ធម៌ " រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ​ ប៊ុត-សាវង្ស​ ។ ​ដោយ​៥០០០​ឆ្នាំ​
images/articles/831/Untitled-1.jpg
Public date : 29, Jul 2026 (57,535 Read)
ក្នុង​ធម្ម​បទដ្ឋ​កថា​ បកិណ្ណ​ក​វគ្គ​ ក្នុង​រឿង​បុព្វ​កម្ម​របស់​ព្រះ​អង្គ​ ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​ថា​ ម្នាលភិក្ខុ​ទាំង​ឡាយ​ ក្នុង​កាល​នោះ​ តថា​គត​ជា​សង្ខ​ព្រាហ្មណ៍​ តថា​គត​បាន​ដក​ស្មៅ​ ក្នុង​លាន​ព្រះ​ចេតីយ​នៃ​ព្រះ​ប​ច្ចេក​ពុទ្ធ​ ព្រះ​នាម​ សុសិមៈ​ ដោយ​ផល​នៃ​បុញ្ញ​កម្ម​នោះ​ ជន​ទាំង​ឡាយ​ទើប​ធ្វើ​ផ្លូវ​ ៨​​ យោជន៍​ឲ្យ​រាប​ស្មើ​ដោយ​ល្អ​ ប្រា​ស​ចាក​បន្លា​និង​ដង្គត់​ ។​ តថា​គត​ចាក់​ខ្សាច់​កៀរ​ឲ្យ​ស្មើ​ក្នុង​លាន​ព្រះ​ចេតីយ​នោះ​ ដោយ​ផល​នៃ​បុញ្ញ​កម្ម​នោះ​ ជន​ទាំង​ឡាយ​ទើ​ប​ចាក់​ខ្សាច់​កៀរ​ឲ្យ​ស្មើ​ក្នុង​ផ្លូវ​ ៨​​ យោជន៍​ ។​ តថា​គត​ ធ្វើ​ការ​បូ​ជា​ដោយ​ផ្កា​ឈើ​ព្រៃ​ចំពោះ​ព្រះ​ចេតីយ​នោះ​ ដោយ​ផល​នៃ​បុញ្ញ​កម្ម​នោះ​ ជន​ទាំង​ឡាយ​ទើប​រោយ​ផ្កា​ឈើ​មាន​ពណ៌​ផ្សេង​ៗ​ នៅ​តាម​ផ្លូវ​ចម្ងាយ​ ៨​​ យោជន៍​ ទន្លេ​គង្គា​ក្នុង​ទី​ប្រមាណ​មួយ​យោជន៍​ ដេរដាស​ទៅ​ដោយ​ផ្កា​បទុម​ ៥​ ពណ៌​ ។​ តថា​គត​បាន​ប្រោះ​ព្រំ​ក្នុង​ទី​លាន​ព្រះចេ​តីយ​នោះ​ ដោយ​ទឹក​ក្នុង​ល័ក្ក​ចាន់​ ដោយ​ផល​នៃ​បុញ្ញ​កម្មនោះ​ ភ្លៀង​បោ​ក្ខ​រ​ព័ស៌​ធ្លាក់​ចុះ​នៅ​ក្នុង​ក្រុង​វេសា​លី​ ។ តថា​គត​បាន​លើក​ទង់​ផ្ទាំង​សំពត់​ឡើង​ និង​ចង​ឆត្រ​ទុក​ក្នុង​ព្រះ​ចេតីយ​នោះ​ ដោយ​ផល​នៃ​បុញ្ញ​កម្ម​នោះ ចក្ក​ក្រ​វាឡ​ទាំង​មូល​ទើ​ប​ហាក់​ដូច​ជា​មាន​មហោ​ស្រព​ជា​មួយ​គ្នា​ ដោយ​ទង់​ជ័យ​ ទង់​ផ្ទាំង​សំពត់​ និង​ឆត្រ​រួត​ រហូត​ដល់​អកនិដ្ឋ​ព្រហ្ម​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ព្រោះ​ហេតុ​ដូច្នោះ​ឯង​ ទើប​ការ​បូ​ជា​នេះ​កើត​ឡើង​ដល់​តថា​គត​មិន​មែ​ន​ដោយ​ពុទ្ធា​នុភាព​ ឬ​ដោយ​អនុ​ភាព​នៃ​ពួក​នាគ​ ទេ​វតា​ ឥន្ទ​ព្រហ្ម​នោះ​ក៏​មិន​មែន​ដែរ​ តែ​នេះ​កើត​ឡើង​ដោយ​អនុ​ភាព​នៃ​ការ​បរិច្ចាគ​មាន​ប្រមាណ​តិច​ នៅ​ក្នុង​អតី​តកាល​ ។​ រួ​ច​ហើយ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​​ទ្រង់​ត្រាស់​នូវ​ព្រះគា​ថា​៖ មត្តា​សុខ​បរិ​ច្ចាគា​ បស្សេ​ ចេ​ វិបុលំ​ សុខំ​ ចជេ​ ​ មត្តា​សុខំ ធីរោ​ សម្បស្សំ វិបុលំ​ សុខំ​ ។ បើ​ឃើ​ញ​សេចក្តី​សុខ​ដ៏​ធំ​ទូ​លាយ​ ព្រោះ​លះ​បង់​សេច​ក្តី​សុខ​ល្មម​ប្រមាណ​ អ្នក​មាន​ប្រាជ្ញា​ កាល​ឃើ​ញ​សុខ​ធំ​ទូ​លាយ​ គប្បី​លះ​សុខ​ល្មម​ប្រ​មាណ​ចេញ ។ អដ្ឋ​កថា​ បណ្តា​បទ​ទាំង​នោះ​ បទថា​ មត្តា​សុខបរិច្ចាគា​ ដោយ​សេចក្តី​ថា​ ព្រោះ​លះ​សុខ​តិច​តួច​ល្មម​ប្រ​មាណ​ ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ មត្តា​សុខំ​ ។​ សុខ​ដ៏​ធំ​ទូលាយ​ បាន​ដល់​សុខ​គឺ​ព្រះ​និព្វាន​ ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ វិបុលំ សុខំ​ ដោយ​សេចក្តី​ថា​ បើ​បុគ្គល​បាន​ឃើញ​នូវ​សេចក្តី​សុខ​ដ៏​ធំ​ទូ​លាយ​នោះ​ ។ ដែល​ឈ្មោះ​ថា​ សុខ​ល្មម​ប្រមាណ​ រមែង​កើត​ឡើង​ដល់​បុគ្គល​ គឺ​អ្នក​ដែល​ចាត់​ចែង​ឲ្យ​គេ​រៀប​ចំ​ភោ​ជន​មួយ​ថាស​ ហើយ​បរិភោគ​ ។​ ចំណែក​ដែល​ឈ្មោះ​ថា​ និព្វាន​សុខ​ ជា​សុខ​ដ៏​ធំ​ទូលាយ​ រមែង​កើត​ឡើង​ដល់​បុគ្គល​ដែល​ជា​អ្នក​លះ​សុខ​ល្មម​ប្រ​មាណ​នោះ​ចេញ​ហើយ​ ធ្វើ​ឧ​បោសថ​ផង​ ឲ្យ​ទាន​ផង​ ។​ ព្រោះ​ហេតុ​នោះ​ បើ​បុគ្គល​ឃើ​ញ​សុខ​ដ៏​ធំទូ​លាយ​ ព្រោះ​មក​អំពី​លះ​បង់​នូ​វ​សុខ​ល្ម​ម​ប្រ​មាណ​នោះ​ កាល​បើ​ដូច្នោះ​ បណ្ឌិត​កាល​ឃើញ​សុខ​ដ៏​ធំទូលាយ​ គប្បី​លះ​សុខ​ល្ម​ម​ប្រ​មាណ​ចេញ ។​ ស្រង់​ចាក់​សៀវ​ភៅ " គតិ​ធម៌ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត​-សាវង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/838/2026-07-29_16_55_09-Greenshot.jpg
Public date : 29, Jul 2026 (15,827 Read)
នៅ​ក្នុង​ជី​វិត​គ្រប់​ព្រះ​អង្គ​ គ្រប់​គ្នា​ មិន​មាន​ធម៌​អ្វី​ នៅ​ពេល​ណា​ កន្លែង​ណា​ ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ ទ្រង់​មិន​បាន​ត្រាស់​ក្នុង​សតិ​ប្ប​ដ្ឋាន​នោះ​ទេ​ ព្រះ​អង្គ​ទ្រង់​ត្រាស់​ឲ្យ​ដឹង​នូវ​ធម៌​ទាំង​ពួង​ដោយ​ពាក្យ​ថា​ បជា​នា​តិ​ ។ នៅ​ក្រុង​ញូ​ដេ​លី​ នៃ​ប្រ​ទេស​ឥ​ណ្ឌា​សព្វ​ថ្ងៃ​ មាន​កន្លែង​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​សម្តែង​សតិ​ប្ប​ដ្ឋាន​សូត្រ​ ពុទ្ធ​បរិ​ស័ទ​តែង​ថ្វាយ​បង្គំ​នម​ស្ការ​ ឯ​ចំណែក​សតិ​ប្ប​ដ្ឋាន​គឺ កាយ វេ​ទនា​ ចិត្ត​ ធម៌​ ដែ​ល​ជា​ទី​តាំង​នៃ​សតិ​រលឹក​សិក្សា​ មាន​គ្រប់​ព្រះ​អង្គ​ គ្រប់​គ្នា​ គ្រប់​ពេល​វេ​លា​ គ្រប់​កន្លែង​ ។​ សតិ​រលឹក​ដឹង​ ស្គាល់​ធម៌​ដែល​កំពុង​ប្រាកដ​​ គឺ​ជា​ការ​នម​ស្ការ​ព្រះ​សម្មា​សម្ពុទ្ធ​ដ៏​សំខាន់​ក្រៃ​លែង​ ជា​ង​ការ​សូត្រ​ធម៌​នមស្ការ​និង​ការ​ថ្វាយ​បង្គំ​ដោយ​កាយ​ទៅ​ទៀត​ ។ " អ្នក​ចម្រើន​សតិ​ប្ប​ដ្ឋាន​ " ពាក្យ​នេះ​គ្រាន់​តែ​ជា​វោ​ហារ​ប៉ុណ្ណោះ​ ដោយ​បរមត្ថ​ គឺ​សតិ ​ថ្នាក់​សតិ​ប្ប​ដ្ឋាន​ កើត​ឡើង​ដោយ​មាន​បច្ច័យ​គ្រប់​គ្រាន់​ ។ បច្ច័យ​យ៉ាង​សំខាន់​នៃសតិ​​ថ្នាក់​សតិ​ប្ប​ដ្ឋាន​មាន​ ២​ ចំណុច​ដូច​តទៅ​ : ១- ក្នុង​ជីវិត​ប្រ​ក្រ​តី​ មាន​ធម៌​បរមត្ថ​ គឺ​រូប​ធម៌​ និង​នាម​ធម៌​ ស្រេច​ស្រាប់​ ដែល​ព្រះ​អង្គ​ត្រាស់​ប្រាប់​ឲ្យ​សិក្សា​ ឲ្យ​ឃើ​ញ​ ឲ្យ​ដឹង​ថា​ជា​តួ​ធម៌​ ពោល​គឺ​មិន​មែន​ដឹង​ធម៌​អ្វី​ដទៃ​ទៀត​ឡើយ ។ ធម៌​ដែល​ត្រូវ​ដឹង​ គឺ​ធម៌​ពួក​កាយ​ ពួក​វេ​ទនា​ ពួក​ចិត្ត​ ពួ​ក​ធម៌​ គ្រប់​ព្រះ​អង្គ​ គ្រប់​គ្នា​មាន​ហើយ​ គ្រប់​ទ្វារ​ទាំង​ ៦ មាន​ទ្វារ​ភ្នែក​ជា​ដើម​ ។​ ត្រូវ​ស្តាប់​ឲ្យ​រឿយ​ៗ​ ស្តាប់​ហើយ​ស្តាប់​ទៀត​ យល់​ឡើង​ៗ​ ធម៌​ដែល​គប្បី​ដឹង​គឺ​ខណៈ​នេះ​ឯង​ ។ ២- សិក្សា​សង្កេត​ពិ​និត្យ​ចំពោះ​តួ​ធម៌​ពិត​ៗ​ កុំ​ឲ្យ​មាន​តែ​បញ្ហា​បរិយត្តិ​ គឺ​ត្រូវ​ឃើញ​លក្ខ​ណៈ​នៃ​សភា​វធម៌​ដោយ​បញ្ញា​ដ៏​ប្រ​ពៃ​ ។ តាម​ពិត​ ចំណុច​មួយ​នេះ​ក៏​នៅ​លើ​បច្ច័យ​ដូច​គ្នា​ដែរ​ ព្រោះ​យោ​និ​សោ​មន​សិ​ការ​ ដែល​ជា​តួ​សិក្សា​សង្កេត​ពិនិត្យ​ ត្រូវ​តាក់​តែង​ដោយ​ការ​សន្សំ​បុណ្យ​ ។​ ស្តាប់​ធម៌​ជា​មួយ​គ្នា​ តែ​ផល​សម្រេច​ខុស​គ្នា​ ត្រង់​នេះ​គឺ​ យើង​ត្រូវ​យល់​ដល់​តួ​យោ​និសោម​នសិការ​ មា​ន​តិច​ មា​ន​ច្រើន​ មាន​ខ្លាំង​ មាន​ខ្សោយ​ តាម​ឧ​បនិស្ស័យ​បុណ្យ​បារមី​រៀង​ៗ​ខ្លួន​ ។ ដោយ​បរមត្ថ​ អ្នក​ចម្រើន​សតិ​ប្ប​ដ្ឋាន​អត់​មាន​ទេ​ ដូច្នេះ​ទើប​អត់​មាន​ចាប់​ផ្តើម​អ្វី​ទាំង​អស់​ ក្រៅ​ពី​ស្តាប់​ព្រះ​ធម៌​​ឲ្យ​យល់​ថា​ ធម៌​ទាំង​ពួង​គឺ​នាម​រូប​ មិន​គួរ​ប្រ​កាន់​ថា​ជា​ខ្លួន​និង​ថា​ជា​របស់​ខ្លួន​ឡើយ​ ។​ ការ​ដែល​បាន​ស្តាប់​យល់​ហើយ​ ក៏​ជា​បច្ច័យ​ឲ្យ​សតិថ្នាក់​សតិ​ប្ប​ដ្ឋាន​កើត​ឡើង​ បញ្ញា​ដឹង​ច្បាស់​ជា​តួ​បរិញ្ញា​ ប្រ​ព្រឹត្ត​ទៅ​ក្នុង​ការ​កំណត់ដឹង​នូវ​រូប​ធម៌​ នាម​ធម៌​តាម​សេច​ក្តី​ពិត​ ។ ទាំង​ពីរ​ចំណុច​នេះ​ ទី​ ១ ហៅថា​ បរតោ​ឃោសៈ គឺ​ជា​បរតោ​ឃោសៈ​ ដ៏​ល្អ​និង​កម្រ​បំផុត​ ព្រោះទាក់​ទង​នឹង​ការ​ត្រាស់​ដឹង​នៃ​ព្រះ​សម្មា​សម្ពុទ្ធ​ , ទី​ ២​ ហៅ​ថា​ យោ​និ​សោមនសិការ​ ។ កា​ល​ណា​​បើ​ទាំង​ពីរ​ចំណុច​នេះ​បាន​ជា​បច្ច័យ​នៃ​សតិ​ប្ប​ដ្ឋាន​ហើយ ទើប​បាន​ជា​ឧ​បការ​ដល់​សតិ​ប្ប​ដ្ឋាន​ប្បដិ​បត្តិ​នោះ​ៗ​ សូម្បី​រូបជ្ឈាន​ ដែល​បាន​បទដ្ឋាន​នៃ​វិបស្សនា​ ក៏​ត្រូវ​តែ​មាន​ចំណុច​ពីរ​នេះ​ជា​ដាច់​ខាត​ ។ យោ​និ​សោ​មន​សិការ​ មា​ន​តាំង​ពី​កុសល​ថ្នាក់​ស្តាប់​រហូត​ដល់​កុសល​ថ្នាក់​វិបស្ស​នា​និង​អរិយ​មគ្គ​ ។​ យោ​និ​សោ​មន​សិការ​នេះ​ ដែល​អា​ច​សម្រេច​ដល់​ថ្នាក់​វិបស្សនា​ទៅ​បាន​ ក៏​ត្រូវ​អាស្រ័យ​បរតោ​ឃោសៈ​ ដ៏​អស្ចារ្យ​គឺ​ព្រះ​ធម៌​ទេស​នា​របស់​ព្រះ​សម្មា​សម្ពុទ្ធ​នោះ​ឯង​ ។ ក្នុង​ មិគ​ជា​លសូត្រ​ គម្ពីរ​ឧ​ទាន​ បដិក​លេខ​ ៥២ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ប្រ​កាស​ថា​ កល្យាណ​មិត្ត​ជា​ប្រធាន​ដ៏​សំខាន់​ដែល​នាំ​ឲ្យ​មាន​សីល​ មាន​កថា​វត្ថុ​ មាន​ព្យា​យាម​ និង​មាន​បញ្ញា​ចាក់​ធ្លុះ​ ។​ ព្រះ​សម្មា​សម្ពុទ្ធ​ ជា​កំពូល​កល្យា​ណ​មិត្ត​នៃ​ពុទ្ធ​បរិស័ទ​ ព្រោះ​ព្រះ​អង្គ​បាន​ប្រ​កាស​ឲ្យ​សត្វ​លោក​បាន​ស្តាប់​ថា​នេះ​ជា​ទុក្ខ​ នេះ​ជា​ការ​រលត់​ទុក្ខ​ ។ កាយ​ វេ​ទនា​ ចិត្ត​ធម៌​ ដែល​មិន​ទៀង​គឺ​ជា​ទុក្ខ​ សត្វ​បុគ្គល​ជា​អ្នក​មាន​ទុក្ខ​ដទៃ​ទៀត​មិន​មាន​ឡើយ​ ការ​កំណត់​ដឹង​ទុក្ខ​មិន​មែន​ជា​សត្វ​ គ្រាន់​តែ​ជា​សង្ខារ​ធម៌​ នេះ​គឺ​បរិ​ញ្ញា​ជា​តួ​កំណត់​ដឹង​ ។ បរិញ្ញា​នេះ​ ហៅ​ថា​ បហាន​បរិញ្ញា​ ។ អវិជ្ជា​រលត់​អស់​ ទុក្ខ​រមែង​មិន​មាន​ ការ​មិន​កើត​ឡើង​នៃ​ទុក្ខ​ គឺ​ព្រះ​និ​ព្វាន​ ។​ ​ការ​ជាក់​ច្បាស់​នូវ​ព្រះ​និ​ព្វាន​រៀង​ៗ​ខ្លួន​ ដោយ​បច្ច​វេក្ខ​ណ​ញ្ញាណ​ ។ ស្រង់​ចាក​ពី​សៀ​វភៅ​ " ព្រះ​ថេរី​គា​ថា​ ភាគ​២ " រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/842/Untitled-1.jpg
Public date : 29, Jul 2026 (19,598 Read)
លាភ និង​ អលាភ ធម្ម​តា​អ្នក​ជំនួញ​ តែង​ស្ថិត​នៅ​ក្រោម​ស្ថាន​ភាព​ពីរ​យ៉ាង​គឺ​ ខាត និង​ ចំណេញ ។ ជា​ទូទៅ​ គេ​តែង​សប្បាយ​រីក​រាយ​នៅ​ពេល​គេ​បាន​លាភ​ គឺ​ការ​ចំណេញ​ ឬ​ថា​ការ​បាន​នូវ​ទ្រព្យ​សម្បត្តិ​ ហើយ​ទាស់​ចិត្ត​ទៅ​នឹង​ការ​បាត់​បង់​លាភ ។ នៅ​ក្នុង​ពិភព​លោក​ ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​ប្រ​កួត​ប្រជែង​ និង​ច្របូក​ច្របល់​នេះ​ មនុស្ស​លោក​តែង​ត្រូវ​ការ​នូវ​សេច​ក្តី​សុខ​ណា​មួយ​ ដែលញ៉ាំង​ចិត្ត​ ឬ​ហឫទ័យ​របស់​គេ​ឲ្យ​រីក​រាយ​ ។ ការ​បាន​នូវ​លាភ​ ឬ​ទ្រព្យ​សម្បត្តិ​ គឺ​កើត​ឡើង​ដោយ​សារ​បុណ្យ​ ដែល​ធ្លាប់​សន្សំ​ទុក​ក្នុង​អតី​ត​កាល​ រួម​ជាមួយ​នឹង​សេច​ក្តី​ប្រឹង​ប្រែង​នា​ពេល​បច្ចុប្បន្ន​ ។ ចំណុច​ល្អ​នៃ​ការ​បានលាភកាលបើ​មាន​លាភ​ ឬ​ទ្រព្យ​សម្បត្តិ​យើង​អាច​ធ្វើអ្វី​ៗ​ ដែល​ទាក់​ទង​ទៅ​នឹង​ការ​ចំណាយ​ធន​ធាន​បានដោយ​ងាយ​ស្រួល​ ដូច​ជា៖ ១. ចិញ្ចឹម​ជីវិត​ខ្លួន​​ឯង​ មាតា​បិតា បុត្រ​ ភរិយា​ ឬ​ទាស​កម្មករ​ដែល​នៅ​ជា​មួយ​ខ្លួន​ ។ ២. ចាយ​ទ្រព្យ​ដើម្បី​ការ​ពារ​ទ្រព្យ​ គឺ​ចាយ​ដោយ​ការ​វៃឆ្លាត​ ដើម្បី​ដោះ​ខ្លួន​ឯង​ឲ្យ​រួច​ពី​សេច​ក្តី​អន្ត​រាយ​ផ្សេងៗ​ ដូច​ជា​អន្ត​រាយ​ព្រោះ​ភ្លើង​ព្រោះ​ទឹក​ ឬ​ក៏​អន្ត​រាយ​ព្រោះ​ចោរ​ជា​ដើម​ ។ ៣. ចាត់​ចែង​សម្រាប់​ជួយ​សង្រ្គោះ​ញាតិ​ និង​ទុក​សម្រាប់​ទទួល​ភ្ញៀវ​ ដែល​មក​ពី​ចម្ងាយ​... (​សំដៅ​ដល់​ពលី​ ៥​ យ៉ា​ង​ មាន​ពលី​ញាតិ​ជា​ដើម​) ។ ៤. ចាត់​ចែង​បរិ​ច្ចាគ​ធ្វើ​ទាន​ ដល់​សមណ​ព្រាហ្ម​ណ៍​ អ្នក​មាន​សីល​ជា​ទី​ស្រ​ឡាញ់​ ។ លាភ ឬ​ទ្រព្យ​សម្ប​ត្តិ​ អាច​ប្រើ​ប្រាស់​ឲ្យ​បា​ន​ជា​ប្រ​យោជន៍​ច្រើ​ន​យ៉ាង​ទៀត​ ដែល​ទាក់​ទង​ទៅ​នឹង​ការ​ចំណាយ​ធន​ធាន​ ដូច​ជា​ការ​បង់​ថ្លៃ​សា​លា​ជា​ដើម​ ។ គុណ​វិបត្ត​នៃ​ការ​មាន​លាភ​លាភ​សក្ការៈ​ ឬ​ទ្រព្យ​សម្ប​ត្តិ​ អាច​នាំ​ឲ្យ​បា​ន​សម្រេច​ប្រ​យោជន៍​ ដូច​ដែល​បាន​រៀបរាប់​មក​ខាង​លើ​ក៏​ពិត​មែន​ហើយ​ តែ​ក៏​អាច​សម្លាប់​នូវ​ម្ចាស់​វា​ ដែល​ល្ងង់​ខ្លៅ​បាន​ផង​ដែរ​ ព្រោះ​លាភ ឬ​ទ្រព្យ​សម្ប​ត្តិ​មិន​អាច​ជួយ​មនុស្ស​ អស់​នូវ​ការ​សៅហ្មង​បា​ន​ឡើយ​ បើ​បាត់​បង់​ស្មា​រតី​ហើយ​ មនុស្ស​យើង​មុខ​ជា​ សៅ​ហ្មង​ដោយ​សារ​តែ​លាភ​ ឬ​ទ្រព្យ​សម្ប​ត្តិ​ដោយ​ពិត​ប្រាកដ​ ។ មនុស្ស​ជា​ច្រើន​ កាល​នៅ​មិន​ទាន់​សម្បូរ​លាភ​ ឬ​ទ្រព្យស​ម្បត្តិ​ មិន​ទាន់​ភ្លើត​ភ្លើន​ប៉ុ​ន្មាន​ទេ​ លុះ​តែ​បាន​លាភ​ ឬ​ទ្រព្យ​សម្ប​ត្តិ​កើត​ឡើង​ ក៏​ស្រាប់​តែ​បែក​គំនិត​ទៅ​ក្នុង​រឿង​ផ្សេងៗ​ ដូច​ជា​ ស្រី ស្រា​ ល្បែង​ និង​បាប​មិត្ត​ជា​ដើម​ ដោយ​គេ​យល់​ថា​ ទាល់​តែ​ហ៊ឺ​ហា​សប្បាយ​ចាយ​វាយ​ ទើប​ជីវិត​មាន​ន័យ​ ។ គំហើយ​ដ៏​ឆោត​ល្ងង់​ របស់​សត្វ​ទាំង​ឡាយ​ បាន​បង្កើត​ឲ្យ​គេ​នូវ​គំនិត​ថា​ របស់​ផ្សេង​ៗ​ ដែល​ជា​គ្រឿង​បម្រើ​សេច​ក្តី​សប្បាយ​របស់​ខ្លួន​ ឬ​ដែល​ខ្លួន​យក​មក​ប្រើ​ដើ​ម្បី​បម្រើ​សេចក្តី​សប្បាយ​នោះ​ ជា​គំនិត​ដែល​ត្រឹម​ត្រូវ​ តែ​គំនិត​សច្ច​ធម៌​វិញ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើ​ញ​ច្បាស់​ថា សត្វ​លោក​ទេ​តើ​ ដែល​យក​ខ្លួន​ឯង​ទៅ​បម្រើ​របស់​ទាំង​នោះ​ ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ការ​បម្រើ​តណ្ហា​របស់​ខ្លួន​​​​​​ឯង​ ។ មនុស្ស​ជា​ច្រើន​យល់​ថា​ មាន​ប្រាក់​មាន​អ្វី​ៗ​ទាំង​អស់​ ហើយ​ដោះ​ស្រាយ​បញ្ហា​អ្វី​ក៏​បាន​ ប៉ុន្តែ​គេ​មិន​បាន​ដឹង​ទាល់​តែ​សោះ​ថា​ប្រាក់​ខ្លួន​វា​ផ្ទាល់​ ក៏​នាំ​នូវ​បញ្ហា​មក​ជា​មួយ​ដែរ​ ដូច្នេះ​ប្រ​សិន​បើ​គេ​ប្រើប្រាស់​ ដោយ​ប្រាស​ចាក​សតិ​ស្មា​រតី​ហើយ​ គេ​មុខ​ជា​នឹង​ស្រវឹង​តាំង​ពី​ពេល​ដែល​មិន​ទាន់​ត្រូវ​ស្រា​ម្ល៉េះ​ ។ លាភ​តែ​សម្លាប់​បុគ្គល​ពាល​ចំពោះ​អ្នក​ប្រាថ្នា​ចេញ​ចាក​ទុក្ខ​ ដូច​ជា​ភិក្ខុ​សាម​ណេរ​ជា​ដើម​ បើ​ជា​អ្នក​ធ្ងន់​ក្នុង​លាព​ហើយ មិនអាច​គេច​ចេញ​ផុត​ពី​សេច​ក្តី​ទុក្ខ​បាន​ឡើយ​ គឺនាំ​មក​តែ​ការ​កង្វល់​ និង​ការ​ហួង​ហែង​ រហូត​ដល់​មាន​ការ​ច្រណែន​ឈ្នា​នីស​ ព្រម​ទាំង​ឈាន​ចូល​ទៅ​ដល់​ ការ​ឈ្លោះ​ប្រ​កែក​គ្នា​ថែម​ទៀត​ផង​ ។ លាភ​ដែល​កើត​ឡើង​ចំពោះ​ ភិក្ខុ​ឬ​សាមណេរ​ ដែ​ល​ជា​អ្នក​ធ្ងន់​ក្នុង​លាភ​នោះ​ គឺ​កើ​ត​ឡើង​ដើម្បី​សម្លាប់​បុគ្គល​នោះ​ឯង​ ដូច​ជា​ចេក​ដែល​ចេញ​ផ្លែ​ ដើម្បី​សម្លាប់​តែ​ខ្លួន​ឯង​ ឬ​ដូច​ឫ​ស្សី​ ដែល​ចេញ​ផ្លែ​ដើម្បី​សម្លាប់​ខ្លួន​ឯង​ ពុំ​នោះ​សោត​ ដូ​ច​ជា​សេះ​អស្សតរ​ ដែល​មាន​ផ្ទៃ​ដើម្បី​សម្លាប់​ខ្លួន​របស់​វា​ ដូច​ដែល​​ព្រះ​មាន​ព្រះភាគ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំង​ឡាយ​ថា ផលំ វេ​ កទលី ហន្តិ ផលំ វេឡុំ​ ផលំ នឡំ​ សក្ការោ​ កាបុរសំ ហន្តិ គព្ភោ អស្ស​តរី​ យថា ។ផ្លែ​ចេក​តែ​សម្លាប់​ដើម​ចេក​ ផ្លែ​ឫស្សី​តែង​សម្លាប់​ដើមឫស្សី​ ផ្លែ​បបុស​តែង​សម្លាប់​ដើម​បបុស​ សក្ការៈ​តែង​សម្លាប់​បុរស​អាក្រក់​ ដូច​ជា​គភ៌​តែង​សម្លាប់​មេ​សេះ​អស្សតរ ។ ត្រូវ​ចេះ​តស៊ូ​នឹង​ការ​អត់​លាភមនុស្ស​ដែល​អាច​អត់​ទ្រាំ​ ចំពោះ​ការ​អត់​លាភ​ ឬ​ការ​ដែល​បាត់​បង់​លាភ​ទៅ​វិញ​បាន​នោះ​ ក៏​ត្រូវ​តែ​ជាមនុស្ស​ចេះ​ដឹង​ក្នុង​ធម្មជាតិ​ដែលនៅ​ជុំ​វិញជី​វិត​ ឃើ​ញ​ថា​ជីវិត​គឺ​យ៉ាង​ហ្នឹង​ឯង​ ជួន​មាន​លាភ ជួន​ក៏​បាត់​លាភ​ ជា​រឿង​ធម្ម​តា ។ ការ​ដែល​មនុស្ស​យើង​ ចេះ​តែ​កើត​ទុក្ខ​ទោ​មនស្ស​ ព្រោះ​ការ​ដែល​បាត់​បង់​លាភ​ទៅ​ព្រោះ​គេ​គិត​ថា​ បញ្ហា​នេះ​មិនមែន​ជា​រឿង​ធម្មតា​ តែ​កាល​បើ​បាន​យល់​ច្បាស់​ថា​ ការ​មាន​លាភ​ និង​ការ​អត់​លាភ​ គឺ​ជា​របស់​គូ​គ្នា​ហើយ​នោះ​ មិ​ន​មាន​រឿង​អ្វី​ដែល​ត្រូវ​លំបាក​ចិត្ត​នោះ​ឡើយ​ គឺ​អាច​ទទួល​បាន​គ្រប់​ករណី ។ កាល​បើ​លាភ​កើត​ឡើង​ ក៏​មិន​ត្រេក​អរ​ភ្លើត​ភ្លើន​ រហូត​បាត់​បង់​ស្មា​រតី​ ហើយ​ត្រូវ​ចេះ​ប្រើ​ប្រាស់​លាភ​នោះ ឲ្យ​បាន​ជា​ប្រ​យោ​ជន៍​ដល់​ខ្លួន​ឯង​និង​អ្នក​ដទៃ​ ហើយ​ព្រម​ទាំង​ចេះ​ប្រើ​ប្រាស់​ ឲ្យ​សម​ជា​ម្ចាស់លាភ​ទាំង​នោះ​ មិន​ឲ្យ​លាភ​សក្ការៈ​ មាន​អំណាច​លើ​ឧ​ត្តម​គតិ​របស់ខ្លួន​ឡើយ​ ហើយ​ត្រូវ​ដឹង​ថា​លាភ​ដែល​កើត​ឡើង​នោះ​ វា​មិន​មែន​ចេះ​តែ​កើត​ឡើង​រហូត​ដោយ​មិន​ដាច់​ខ្សែ​នោះ​ទេ​ វា​គង់​តែ​លែង​កើត​ ឬ​បាត់​បង់​ទៅ​វិញ​មិ​ន​ខាន​ យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​ទុក​ជា​មុន​ ។ មនុស្ស​ជា​ច្រើន​ ឃើ​ញ​តែ​គុណ​តម្លៃ​នៃ​ទ្រព្យសម្ប​ត្តិ​ តែ​តិ​ច​គ្នា​ណាស់​ដែល​ឃើញ​ទោស​របស់​ទ្រព្យ​សម្ប​ត្តិ​ ព្រោះ​តែ​គេ​សម្លឹង​ឃើញ​តែ​ផ្នែក​ល្អ​របស់​ទ្រព្យ​យ៉ាង​នេះ​ឯង​ ទើប​ពេល​ដែល​ទ្រព្យ​វិ​នាស​បាត់​បង់​ទៅ​ លទ្ធ​ផល​ដែល​គេ​ទទួល​បាន​ គឺ​ទុក្ខ​តូច​ចិត្ត​ ។ដើម្បី​ការ​ពា​រ​នូវ​សេច​ក្តី​ទុក្ខ​តូច​ចិត្ត​ មិនឲ្យ​កើត​ឡើង​ នៅ​ពេល​ដែល​ទ្រព្យ​វិនាស​ទៅ​ទើប​ព្រះ​មាន​ព្រះភាគ​ ទ្រង់​ត្រាស់​សម្តែង​នឹង​ភិក្ខុ​ទាំង​ឡាយ​ ដូច្នេះ​ថា៖ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ទោស​ ៥​ យ៉ាង​រមែង​មាន​ នៅ​ក្នុង​ភោ​គៈ ទាំង​ឡាយ ។ ទោស​ ៥​ យ៉ាង​ គឺ​អ្វី​ខ្លះ ? គឺ​ ភោ​គៈ ជា​សា​ធារណៈ​ដល់​ភ្លើង​ ១ ភោគៈ ជា​សាធារណៈ​ដល់​ទឹក ១ ភោ​គៈ ជា​សា​ធារណៈ​ដល់​ព្រះ​រាជា​ ១ ភោ​គៈ ជា​សា​ធារណៈ​ដល់​ចោរ​ ១​ ភោ​គៈ​ ជា​សាធារណៈដល់​អ្នក​ទទួល​មត៌ក​ ដែល​មិន​ជា​ទី​ស្រឡាញ់​ ១ ... ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អានិសង្ស​ ៥​ យ៉ាង​រមែង​មាន​នៅ​ក្នុង​ទ្រព្យ​សម្បត្តិ​... គឺ​អាស្រ័យ​ភោ​គៈ ហើយ​ ញ៉ាំង​ខ្លួន​ឲ្យ​សុខ​ ឲ្យ​ឆ្អែត​ រក្សា​ខ្លួន​ឲ្យសុខ​សប្បាយ​ ១​ ញ៉ាំង​មា​តា​និង​បិតា​ឲ្យ​សុខ​ ឲ្យ​ឆ្អែត​ រក្សា​មាតា​បិតា​ឲ្យសុខ​សប្បាយ​ ១​ ញ៉ាំង​កូន​ប្រពន្ធ​ ខ្ញុំទាសៈ​ និង​បុរស​កម្មករ​ឲ្យ​សុខ​ ឲ្យ​ឆ្អែត​ រក្សា​កូន​ប្រពន្ធ​ ខ្ញុំ​ទាសៈ និង​បុរស​កម្មករ​ ឲ្យ​សុខ​សប្បាយ​ ១​ ញ៉ាំង​មិត្ត​និង​អាមាត្យ​ឲ្យ​សុខ​ ឲ្យ​ឆ្អែត​ រក្សា​មិត្ត​ អាមាត្យ​ បាន​សុខ​សប្បាយ​ ១ ។ តម្កល់​ទុក​នូវ​ទាន​ មាន​ផល​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សមណ​ព្រាហ្ម​ណ៍​ ជា​ទាន​ឲ្យ​នូវ​អារម្មណ៍​ដ៏​ល្អ​ប្រសើរ​ល្អ​ មាន​ផល​ជា​សុខ​ ប្រព្រឹត្ត​ទៅ​ដើម្បី​ស្ថានសួគ៌​ ១ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អានិសង្ស​ ៥​ យ៉ាង​នេះ​ រមែង​មាន​ក្នុង​ភោគៈ​ទាំង​ឡាយ ។ កាល​បានសម្លឹង​ឃើញ​ ទោស​និង​អានិសង្ស​យ៉ាង​នេះ​ហើយ​ យើង​នឹង​ទៅ​ជា​មនុស្ស​មាន​ឧ​បេក្ខា​ក្នុង​ការ​បាន​លាភ​ និង​ការ​អត់​លាភ ។ ការ​ដែល​មិន​បាន​សិក្សា​ អំពី​សភាព​ធម្ម​តា​នៃ​ជី​វិត​ ហើយ​ភ្ញាក់​ផ្អើល​ទៅ​ក្នុង​រឿង​បន់​ស្រន់​ អង្វរ​ក​អំពី​វត្ថុ​ស័ក្តិ​សិទ្ធិ​ផ្សេងៗ​ រមែង​មិន​រួច​ចាក​ អំពី​សេចក្តី​អន្ត​រាយ​ឡើយ​ ព្រោះ​សត្វ​លោក​ប្រព្រឹត្ត​ទៅ​តាម​កម្ម​ ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើហើយ​ (កម្មុនា​ វត្តគី លោកោ​) ។ មាន​តែ​ការ​យល់​ដឹង​ អំពី​រឿង​របស់​ជី​វិត​ប៉ុណ្ណោះ​ ទើប​អាច​តស៊ូ​នឹង​ការ​អត់​លាភ​បាន ។ នៅ​ពេល​បាន​ជួប​លាភ ​ គួរ​បាន​ជ្រាប​ថា​មិន​ទៀង​ ព្រោះ​លាភ​ដូច​ទឹក​ភ្លៀង​ ជួន​ក៏​រាំង​មិ​ន​ប្រាកដ​ ។ ជួន​បាន​ដូច​បំណង​ ជួន​ក៏​បង់​ខ្លួន​កំសត់ រឿង​បាន​និង​រឿង​អត់ សត្វ​ប្រាកដ​ជួប​គ្រប់​គ្នា​ ។ បើ​លាភ​កើត​ឡើង​ពិត​ ត្រូវ​មាន​ចិត្ត​គិត​ជ្រះ​ថ្លា​ ធ្វើទាន​ក្នុង​សាសនា​ ឬ​ក៏​ថា​សង្រ្គោះ​ញាតិ ។ បើ​បាន​មិន​លះ​បង់​ ជួយ​ស្រោច​ស្រង់​ជន​ឯ​ទៀត​ បាន​នោះ​ពិត​ចោ​ល​ម្សៀត​ ព្រោះ​ខ្វះ​ញាតិ​រស់​អាស្រូវ ។ គួរ​ធ្វើបុណ្យ​ឲ្យ​ហើយ​ ទាន់​នៅ​ឡើយ​ទ្រ​ព្យ​គង់​នៅ​ ពេល​ទ្រព្យ​វិ​នាស​ទៅ​ ក្រែង​អស់​ផ្លូវ​ខា​ន​ធ្វើទាន​ ។ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ ​" រលក​លោក​ធម៌ " រៀប​រៀង​ដោយ ភិក្ខុវជិរប្បញ្ញោ​ សាន-សុជា ។ ដោយ​៥០០០​ឆ្នាំ​
images/articles/439/1.jpg
Public date : 29, Jul 2026 (45,880 Read)
​បទសូត្រដាក់ទង់ព្រះពុទ្ធសាសនា -ជាតិយើងអ្នកកាន់សាសនា ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី ទ្រង់មានឆពណ្ណរង្សី គឺព្រះរស្មីទាំងប្រាំមួយពណ៌ ។ -ផ្សាយចេញពីព្រះកាយទ្រង់ រុងរឿងឫទ្ធិរុងប្រសើរបវរ ឆ្វៀលឆ្វាត់កាយឆើតឆាយល្អ ទាំងប្រាំមួយពណ៌ស្រស់ល្អសោភា ។ -កំណើតនៃព្រះរស្មី កើតដោយបារមីនៃព្រះភគវា ធ្វើទានឥតមានរួញរា កាលដែលនៅជាព្រះពោធិសត្វ ។ -រស្មីពណ៌ខៀវនោះណា កាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់ ឲ្យទានដល់ឥន្ទព្រាហ្មណ៍ពិត កាលនៅជាក្សត្រនាមស្រីពិរាស្រ្ត ។ -រស្មីពណ៌លឿងភ្លឺថ្លា កាលដែលទ្រង់អារសាច់ផែធ្វើមាស បិតពុទ្ធរូបភ្លឺល្អឱភាស ព្រះឥន្ទជាងមាសទ្រង់វៃបណ្ឌិត ។ -រស្មីក្រហមនោះណា កាលដែលមាតាពស់ខាំស្លាប់ពិត បទុមស៊ូប្តូរជីវិត កាត់បេះដូងបិតធ្វើថ្នាំមាតា ។ -រស្មីពណ៌សសុទ្ធសាធ កាលដែលព្រះបាទវេស្សន្តរក្សត្រា ឲ្យទានដំរីសសោភា កាលព្រះប្រាថ្នារកពោធិញ្ញាណ ។ -រស្មីពណ៌ដូចជើងហង្ស កាលមាតាទ្រង់យក្សចាប់យកបាន វិជ្ជាធរអារសាច់ខ្លួនប្រាណ ឲ្យយក្សសាមាន្យស៊ីប្តូរជីវិត ។ -រស្មីពណ៌ផ្លេកពណ្ណរាយ កាលជាទន្សាយឈ្មោះសោមបណ្ឌិត ឲ្យទានសាច់ឈាមជីវិត ដល់ឥន្ទព្រាហ្មណ៍ពិតថាអត់អាហារ ។ -រស្មីពណ៌លឿងក្រហម សហង្សបាទព្រមភ្លឺផ្លេកអស្ចារ្យ ត្រូវជាប្រាំមួយប្រការ ក្មេងចាស់កុមារចូរចាំទុកអើយ ។ (ព្រះរាជនិពន្ធដោយសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ព.ស ២៥០០ គ.ស ១៩៤៧) បទសូត្រលើកទង់ព្រះពុទ្ធសាសនា ១.សូមមើលទង់ជ័យ ឆព្វណ្ណរង្សី ដែលមានរស្មីភ្លឺស្រស់ល្អ ខៀវលឿងក្រហម ព្រមទាំងពណ៌ស ហង្សបាទនិងពណ៌ដ៏ភ្លឺផ្លេក ។ ២.ប្រទេសតូចធំ បានស្ម័គ្រស្មាគម ជំនុំគ្នាច្រើនអនេក ព្រមយករស្មី ព្រះពុទ្ធគួរត្រេក ប្រសើរពន់ពេកក្រៃកន្លង។ ៣.ធ្វើជាសញ្ញា ទង់ជ័យសាសនា នៃព្រះសម្ពុទ្ធធំចម្បង ចូរយើងរាល់គ្នា យកចិត្តចាំចង នឹកដល់ព្រះអង្គជាអម្ចាស់ ។ ៤.ទោះជាតិផ្សេងគ្នា ក៏ត្រូវដឹងថា សុទ្ធសឹងតែជាពុទ្ធសាសន៍ ចូរយើងសាមគ្គី ទាំងក្មេងទាំងចាស់ ប្រឹងប្រែងឲ្យណាស់គ្រប់ៗគ្នា ។ ៥.សូមសាសនាពុទ្ធ ថ្កុំថ្កើងបំផុត រុងរឿងវិសុទ្ធថ្លៃថ្លា ហើយមានជ័យជោគ ផ្សាយពេញលោកា ដោយជនជ្រះថ្លាច្រើនសែនលាន ។ ៦.មានចិត្តស្នេហា គោរពបូជា ចំពោះព្រះធម៌ដ៏កល្យាណ ទាំងមនុស្សទេវតា ស្នេហាគ្រប់ប្រាណ ប្រាថ្នាចង់បានសេចក្តីសុខ ។ ៧.យើងខេមរៈជាតិ នាំគ្នាខ្មីឃ្មាត កាន់ធម៌នឹងបានផុតទុក្ខ រួបរួមសាមគ្គី ពីនេះទៅមុខ យើងនឹងបានសុខក្សេមក្សាន្តត្រាណ។ ៨.ព្រមព្រៀងប្រព្រឹត្ត កាន់ធម៌សុចរិត ឆ្ពោះទៅកាន់ឋាននិព្វាន ជាទីផុតទុក្ខ បានសុខក្សេមក្សាន្ត ជាតិយើងនឹងបានសោយសុខា ។ (ព្រះរាជនិពន្ធដោយសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ព.ស ២៥០០ គ.ស ១៩៤៧ ទាញយកជា PDF 1 2 ដោយ៥០០០ឆ្នាំ
images/articles/440/2020-07-22_10_53_22-buddha_khmer_-_Google_Search.jpg
Public date : 29, Jul 2026 (31,017 Read)
បទសារភញ្ញ ​សូមថ្វាយបង្គំ ព្រះសម្ពុទ្ធ ប្រសើរបំផុត ក្នុងលោកា ជាគ្រូនៃមនុស្ស និងទេព្តា ទ្រង់ត្រាស់ទេសនា ប្រដៅសត្វ ចង្អុលឲ្យដើរ ផ្លូវកណ្តាល មាគ៌ាត្រកាល អាចកម្ចាត់ ទុក្ខភ័យចង្រៃ ឲ្យខ្ចាយខ្ចាត អាចកាត់សង្សារទុក្ខបាន ។ សាសនាព្រះអង្គ នៅសព្វថ្ងៃ សត្វមាននិស្ស័យ ពីបូរាណ ប្រឹងរៀនប្រឹងស្តាប់ ចេះចាំបាន កាន់តាមលំអាន បានក្តីសុខ ឥតមានសុខណា ស្មើក្តីស្ងប់ បញ្ចប់ត្រឹមសុខ ឃ្លាតចាកទុក្ខ តាំងពីលោកនេះ តទៅមុខ ក្តីសុខនឹងមាន ព្រោះធម៌ស្ងប់ ។ ខ្ញុំសូមបង្គំ ឆ្ពោះព្រះធម៌ ព្រះសង្ឃបវរ ទាំងសព្វគ្រប់ រួមជាត្រៃរ័ត្ន គួរគោរព ជាម្លប់ត្រជាក់ នៃលោកា ព្រះរូបព្រះធាតុ នៃព្រះពុទ្ធ វិសុទ្ធតាងអង្គ ព្រះសាស្តា សូមគុណត្រៃរ័ត្ន ជួយខេមរា ឲ្យបានសុខា តរៀងទៅ ៕ ទាញយក PDF ដោយ៥០០០ឆ្នាំ
images/articles/424/2026-07-29_09_26_50-Copying___.jpg
Public date : 29, Jul 2026 (54,159 Read)
សម្តី​នៅ​ក្នុង​លោក​នេះ មាន ៣ គឺ៖ ១. គូថភាណី សម្តី​ស្អុយ​ដូច​លាមក ២. បុប្ផភាណី សម្តី​ក្រអូប​ដូច​ផ្កា ៣. មធុភាណី សម្តី​ផ្អែម​ដូច​ទឹក​ឃ្មុំ ការ​និយាយ​ដោយ​កុហក​ដោយ​ដឹង​ខ្លួន ព្រោះ​ហេតុ​តែ​ខ្លួន និង​អ្នក​ដទៃ ឬ​ព្រោះ​​ហេតុ​សំណូក​បន្តិចបន្តួចក្តី នេះ​ហៅ​ថា សម្តី​ស្អុយ​ដូច​លាមក ។ មិន​​ពោល​ពាក្យ​កុហក ដោយ​ដឹងខ្លួន ព្រោះ​ហេតុ​តែ​ខ្លួន និងអ្នកដទៃ ឬ​ព្រោះ​​ហេតុ​សំណូក​បន្តិច​បន្តួច​ក្តី នេះ​ហៅ​ថា សម្តី​ក្រអូប​ដូចផ្កា ។ ការ​លះបង់​នូវ​វាចា​អាក្រក់ ពោល​តែ​សម្តី​ដែល​ឥតទោស ជា​សុខ​ដល់​ត្រចៀក គួរ​ជា​ទី​ស្រឡាញ់ ជ្រាប​​ចូល​ទៅ​ក្នុង​​ដួងចិត្ត ជា​សម្តី​​អ្នក​​ក្រុង​​ដែល​ជា​ទី​ពេញ​ចិត្ត​នៃ​ជន​ច្រើន​ ជា​ទីគាប់ចិត្តនៃជនច្រើននេះហៅថា​សម្តី​ផ្អែម​ដូច​ទឺក​ឃ្មុំ ។ ( អង្គុត្តរនិកាយ​ តិកនិបាត ) ដោយ៥០០០ឆ្នាំ
images/articles/425/2020-07-22_09_16_38-buddhist_converstion_-_Google_Search.jpg
Public date : 29, Jul 2026 (58,082 Read)
ធម៌​ ១០​ ជា​អាហារ​នៃ​ធម៌​ ១០​ ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក ។ធម៌ទាំង ១០ យ៉ាង ជាអាហារនៃធម៌ទាំង ១០ នេះ ដែលជាទីប្រាថ្នា ជា​ទី​ត្រេក​អរ ជាទីគាប់ចិត្ត បុគ្គល​បាន​ដោយ​កម្រក្នុងលោក, ធម៌ទាំង ១០ នោះ គឺ ៖ ១. អនាលស្យំ ឧដ្ឋានំ ភោគានំ អាហារោ សេចក្តីមិនខ្ជិល សេចក្តី​ព្យាយាម​ ជាអាហាររបស់ភោគៈ ២. មណ្ឌនា វិភូសនា វណ្ណស្ស អាហារោ ការប្រដាប់ ការតាក់តែង ជាអាហារ​របស់ពណ៌សម្បុរ ៣. សប្បាយកិរិយា អារោគ្យស្ស អាហារោ ការធ្វើនូវសេចក្តីសប្បាយ ជាអាហារ​របស់​ភាព​មិន​មាន​​រោគ ៤. កល្យាណមិត្តតា សីលានំ អាហារោ សភាពមិត្តល្អ ជាអាហាររបស់សីល ៥. ឥន្ទ្រិយសំវរោ ព្រហ្មចរិយស្ស អាហារោ ការសង្រួមឥន្ទ្រិយ ជា​អាហារ​របស់ព្រហ្មចរិយៈ ៦. អវិសំវាទនា មិត្តានំ អាហារោ ការមិនពោលពាក្យខុស ជាអាហាររបស់មិត្តទាំងឡាយ ៧. សជ្ឈាយកិរិយា ពាហុសច្ចស្ស អាហារោ ការ​ធ្វើ​នូវ​កិរិយា​ស្វាធ្យាយ​ ជាអាហារ របស់​ភាព​ជា​អ្នក​​ចេះដឹងច្រើន ៨. សុស្សូសា បរិបុច្ឆា បញ្ញាយ អាហារោ ការស្តាប់ ការសាកសួរ ជា​អាហាររបស់បញ្ញា ៩. អនុយោគោ បច្ចវេក្ខណា ធម្មានំ អាហារោ ការប្រកបរឿយៗ ការ​ពិចារណា ជា​អាហារ​របស់​ធម៌​​ទាំងឡាយ ១០. សម្មាបដិបត្តិ សគ្គានំ អាហារោ សេចក្តីប្រតិបត្តិល្អ ជា​អាហារ​របស់​ឋានសួគ៌ ( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៨ ) ធម៌​ ១០​ នាំ​ឲ្យ​អន្តរាយ​ដល់​ធម៌​ ១០​​ ដែល​ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក ។ ធម៌​ ១០​ យ៉ាង នាំ​ឲ្យ​អន្តរាយ​ដល់​ធម៌​ ១០​​ យ៉ាងនេះ ដែល​ជា​ទី​ប្រាថ្នា​ ជា​ទី​ត្រេក​អរ ជាទីគាប់ចិត្ត បុគ្គល​កម្រ​​បាន​ក្នុង​លោក, ធម៌ ១០ យ៉ាងនោះ គឺ ៖ ១. អាលស្យំ អនុដ្ឋានំ ភោគានំ បរិបន្ថោ ការខ្ជិល និង​ការ​មិន​ប្រឹង​ប្រែង​ នាំឲ្យអន្តរាយដល់ភោគៈ ២. អមណ្ឌនា អវិភូសនា វណ្ណស្ស បរិបន្ថោ ការមិនប្រដាប់ មិន​តាក់​តែង​ នាំឲ្យអន្តរាយដល់ពណ៌​សម្បុរ ៣. អសប្បាយកិរិយា អារោគ្យស្ស បរិបន្ថោ ការ​ធ្វើ​នូវ​សេចក្តី​មិន​សប្បាយ​​ នាំ​ឲ្យ​អន្តរាយ​ដល់​ភាព​មិន​​មានរោគ ៤. បាបមិត្តតា សីលានំ បរិបន្ថោ មិត្តលាមក នាំឲ្យអន្តរាយដល់សីល ៥. ឥន្ទ្រិយាសំវរោ ព្រហ្មចរិយស្ស បរិបន្ថោ ការមិនសង្រួមនូវឥន្ទ្រិយ នាំ​ឲ្យ​អន្តរាយ​ដល់​ព្រហ្មចរិយៈ​ ៦. វិសំវាទនា មិត្តានំ បរិបន្ថោ ការពោលពាក្យខុស នាំឲ្យអន្តរាយដល់​ពួក​មិត្ត ៧. អសជ្ឈាយកិរិយា ពាហុសច្ចស្ស បរិបន្ថោ ការ​ធ្វើ​នូវ​សេចក្តី​មិន​ស្វាធ្យាយ​ នាំឲ្យអន្តរាយ ដល់​ភាព​​ចេះដឹងច្រើន ៨. អស្សុស្សុសា អបរិបុច្ឆា បញ្ញាយ បរិបន្ថោ ការមិនប្រុងស្តាប់ មិន​សាកសួរ នាំ​ឲ្យ​អន្តរាយ​ដល់​បញ្ញា ៩. អននុយោគោ អប្បច្ចវេក្ខណា ធម្មានំ បរិបន្ថោ ការ​មិន​ប្រកប​រឿយៗ​ ការមិនពិចារណា នាំឲ្យ​អន្តរាយ​ដល់ធម៌ទាំងឡាយ ១០. មិច្ឆាបដិបត្តិ សគ្គានំ បរិបន្ថោ សេចក្តីប្រតិបត្តិខុស នាំឲ្យអន្តរាយ ដល់ឋានសួគ៌ ( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៧ ) ធម៌​ ១០​ ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក ។ ធម៌ ១០ យ៉ាងនេះ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែល​បុគ្គល​បាន​ដោយ​កម្រ ក្នុង​លោក, ធម៌ទាំង ១០ យ៉ាងនោះ គឺ ៖ ១. ភោគា ភោគៈ ២. វណ្ណោពណ៌សម្បុរ ៣. អារោគ្យំការមិនមានរោគ ៤. សីលានិសីល ៥. ព្រហ្មចរិយំព្រហ្មចរិយៈ ៦. មិត្តាមិត្ត ៧. ពាហុសច្ចំសភាពជាអ្នកចេះដឹងច្រើន ៨. បញ្ញា បញ្ញា ៩. ធម្មោ ធម៌ [ លោកុត្តរធម៌ ៩ ] ១០. សគ្គា ឋានសួគ៌ ( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៦ ) អរិយសាវ័ក​ ​ចម្រើន​ដោយ​ធម៌​ ១០ ធនេន ធញ្ញេន ច យោធ វឌ្ឍតិ បុត្តេហិ ទារេហិ ចតុប្បាទេហិ ច ស ភោគវា ហោតិ យសស្សី បូជិតោ ញាតីហិ មិត្តេហិ អថោបិ រាជុភិ ។ បុគ្គល​ណា​ក្នុង​លោក​នេះ​ ចម្រើន​ដោយ​ទ្រព្យ​ផង​ ដោយ​ស្រូវ​ផង​ ដោយ​កូន​​ផង​ ដោយ​ប្រពន្ធ​ផង​ ដោយ​សត្វ​​ជើង​ ៤​ ផង​ បុគ្គល​នោះ​ឈ្មោះ​ថា​ មាន​ភោគៈ​ មាន​យស​ដែល​ពួក​ញាតិ​ និង​មិត្ត​ ព្រម​ទាំង​ស្តេច​បូជា​ហើយ ។ សទ្ធាយ សីលេន ច យោធ វឌ្ឍតិ បញ្ញាយ ចាគេន សុតេន ចូភយំ សោ តាទិសោ សប្បុរិសោ វិចក្ខណោ ទិដ្ឋេវ ធម្មេ ឧភយេន វឌ្ឍតិ ។ បុគ្គល​ណា​ ក្នុង​លោក​នេះ​ ចម្រើន​ដោយ​សទ្ធា​ផង​ ដោយ​សីល​ផង​ ដោយ​បញ្ញា​ផង​ ដោយ​ចាគៈ​ផង​ ដោយ​សុតៈ​​ទាំង​ពីរ​ផង​ បុគ្គល​បែប​នោះ​ ហៅ​ថា​ សប្បុរស​ ជា​អ្នក​ពិចារណា​ឃើញច្បាស់​ រមែង​ចម្រើន​ដោយ​ហេតុ​ទាំង​ពីរ​ ក្នុង​​បច្ចុប្បន្ន​នេះ​ឯង​ ។ ( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៩-៣០០ ) កថាវត្ថុ​ ១០​ ឋានៈ​ដែល​គួរ​សរសើរ​ ១០ ហេតុដែលគួរនិយាយ លោកហៅថា កថាវត្ថុ, កថាវត្ថុនោះ មាន ១០ គឺ ១. អប្បិច្ឆកថានិយាយអំពីសេចក្តីប្រាថ្នាតិច ២. សន្តុដ្ឋិកថានិយាយអំពីសេចក្តីសន្តោស ៣. បវិវេកកថានិយាយអំពីសេចក្តីស្ងប់ស្ងាត់ ៤. អសំសគ្គកថានិយាយអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ៥. វីរិយារម្ភកថា និយាយអំពីប្រារព្ធសេចក្តីព្យាយាម ៦. សីលកថានិយាយអំពីសីល ៧. សមាធិកថា និយាយអំពីសមាធិ ៨. បញ្ញាកថានិយាយអំពីបញ្ញា ៩. វិមុត្តិកថា និយាយអំពីវិមុត្តិ ១០. វិមុត្តិញ្ញាណទស្សនកថា និយាយអំពីវិមុត្តិញ្ញាណទស្សនៈ ( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៨២ ) អភិណ្ហប្បច្ចវេក្ខណៈ​ ១០ អភិណ្ហប្បច្ចវេក្ខណៈ បានដល់ ធម៌ដែលបព្វជិតគប្បីពិចារណារឿយៗ, អភិណ្ហប្បច្ចវេក្ខណៈនោះ មាន ១០ យ៉ាង គឺ ៖ ១. វេវណ្ណិយម្ហិ អជ្ឈូបគតោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត គប្បី​​ពិចារណា​រឿយៗ ថា​ អាត្មា​អញ​​កាន់​យក​នូវ​ភេទ​ដ៏​ប្លែក​ អំពី​​ភេទ​​របស់​​គ្រហស្ថ ២. បរប្បដិពទ្ធា មេ ជីវិកាតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​គប្បី​ពិចារណារឿយៗ ថា ការ​ប្រព្រឹត្ត​​ចិញ្ចឹមជីវិត របស់​អាត្មាអញ​ប្រព្រឹត្ត​ជាប់​ដោយបុគ្គលដទៃ ៣. អញ្ញោ មេ​ អាកប្បោ ករណីយោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​គប្បី​ពិចារណា​រឿយៗ ថា អាកប្បកិរិយា​ផ្សេង​អំពី​គ្រហស្ថ​ អាត្មាអញគួរធ្វើ ៤. កច្ចិ នុ ខោ មេ អត្តា សីលតោ ន ឧបវទតីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិត​គប្បី​ពិចារណា​​រឿយៗ​ ថា​ អាត្មាអញ​​មិន​តិះ​ដៀល​ខ្លួន​ឯង ដោយសីលធម៌បានទេឬ ? ៥. កច្ចិ នុ ខោ មំ អនុវិច្ច វិញ្ញូ សព្រហ្មចារី សីលតោ ន ឧបវទន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិត​គប្បី​ពិចារណារឿយៗ ថា ពួក​សព្រហ្មចារី ជាវិញ្ញូជន គយគន់មើលហើយ មិនតិះដៀលអាត្មាអញ ដោយ​សីលធម៌បានទេឬ ? ៦. សព្វេហិ មេ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិតគប្បី​ពិចារណារឿយៗ ថា ការ​ព្រាត់​ប្រាស​និរាស​ចាកសត្វ និងសង្ខារទាំងអស់ ដែល​ជា​ទី​ស្រឡាញ់ ជាទីគាប់ចិត្ត នៃ​អាត្មា​អញតែងមានជាធម្មតា ៧. កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​​គប្បី​ពិចារណារឿយៗ ថា អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មាន​កម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាគ្រឿងរលឹក​ឃើញ អាត្មា​អញ​នឹង​ធ្វើ​នូវ កម្ម​ណា ល្អ ឬអាក្រក់ អាត្មាអញ​គង់​នឹង​បាន​ជា​អ្នក​ទទួល​យក​នូវ​ផល នៃ​កម្ម​នោះ​ពុំ​​ខានឡើយ ៨. កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិត​គប្បី​ពិចារណា​រឿយៗ​ ថា យប់និងថ្ងៃទាំងឡាយ ចេះតែកន្លងទៅៗ តើអាត្មាអញ បានធ្វើដូចម្តេចខ្លះហើយ ? ៩. កច្ចិ នុ ខោហំ សុញ្ញាគារេ អភិរមាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​គប្បី​ពិចារណា​រឿយៗ ថា អាត្មាអញ​មាន​សេចក្តី​អភិរម្យ​ ត្រេកអរក្នុងផ្ទះដ៏ស្ងាត់ខ្លះដែរឬទេ ? ១០. អត្ថិ នុ ខោ មេ ឧត្តរិមនុស្សធម្មា អលមរិយញ្ញាណទស្សនវិសេសោ អធិគតោ សោហិ បច្ឆិមេ កាលេ សព្រហ្មចារីហិ បុដ្ឋោ ន មង្កុ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិតគប្បីពិចារណា​រឿយៗ ថា ឧត្តរិមនុស្សធម៌ គឺ ធម៌ជារបស់មនុស្សដ៏ប្រសើរក្រៃលែង មាន​ដល់​អាត្មាអញដែរឬ ធម៌​ដ៏​វិសេស ដែល​គួរនឹងឃើញ ដោយប្រាជ្ញាដ៏ប្រសើរ អាត្មាអញបានត្រាស់ដឹងហើយឬ អាត្មា​អញ​នោះ​ សព្រហ្មចារី​ទាំង​ឡាយ​សួរ​ក្នុង​កាលជាទីបំផុត ( មរណសម័យ ) នឹងមិនអឹមអៀមទេឬ ? ( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ១៨៨ ដល់ ១៩០ ) សេចក្តីពន្យល់ វេវណ្ណិយំពាក្យថា​ វេវណ្ណិយំ​ ( អ្នក​មាន​ភេទ​ដ៏​ប្លែក )​ គឺ​ មាន​រូប​ប្លែក​ផ្សេង ៗ​ នោះ​ មាន​​ ២​ យ៉ាងគឺ មាន​រូប​ប្លែក​ផ្សេង​ដោយ​​សរីរៈ​ ១​ មាន​​រូប​​ប្លែក​​ផ្សេង​​ដោយ​​បរិក្ខារ​ ១ ។ បណ្តា​រូប​ប្លែក​ផ្សេង​ទាំង​ ២​ យ៉ាង​នោះ​ ការ​​មាន​​រូប​​ប្លែក​​ផ្សេង​​ដោយ​​​សរីរៈ​ គប្បី​ជ្រាប​ដោយ​ការ​កោរ​សក់​ និង​ពុក​មាត់ ។​ ក៏​​កាល​​មុន​​នឹង​​បួស​ សូម្បី​​ស្លៀក​​សំពត់​ ក៏​ត្រូវ​ប្រើ​សំពត់​សាច់​​ល្អិត​ ជ្រលក់​ពណ៌​ផ្សេងៗ​ សូម្បី​​​បរិភោគ​​ក៏​ត្រូវ​​បរិភោគ​​អាហារ​ឆ្ងាញ់ៗ​ ដាក់​លើ​ភាជន៍​មាស​ និង​ប្រាក់​ សូម្បី​​ដេក​ ឬ​​អង្គុយ​​ក៏​​ត្រូវ​ដេក​ ឬ​អង្គុយ​លើ​ទី​ដេក​ ទី​អង្គុយ​យ៉ាង​​ល្អ​ប្រណីត ​ក្នុង​​បន្ទប់​ស្រស់​ស្អាត ​សូម្បី​ផ្សំ​ថ្នាំ​ក៏​ត្រូវ​ប្រើ​ទឹក​ដោះ​​ថ្លា​ ទឹក​ដោះ​ខាប់​ជា​ដើម​ ប៉ុន្តែ​​​ចាប់​​តាំង​​ពី​​បួស​​ហើយ​ ចាំ​បាច់​ត្រូវ​ស្លៀក​សំពត់​កាត់​ដាច់​ ដេរ​ភ្ជាប់ ជ្រលក់​ដោយទឹក​អម្ចត់ ចាំបាច់ត្រូវឆាន់តែបាយលាយគ្នាក្នុងបាត្រដែក ឬ​បាត្រដី ចាំបាច់​ត្រូវ​ដេក​លើ​គ្រែដែលក្រាលដោយកម្រាល​ស្មៅជាដើម ក្នុង​សេនាសនៈ​មាន​គល់​ឈើ​ជា​ដើម ចាំបាច់ត្រូវអង្គុយលើកន្លែងមួយ និង​កន្ទេល​ផែងជាដើម ចាំ​បាច់​ត្រូវ​ផ្សំ​ថ្នាំដោយទឹកមូត្រស្អុយជាដើម ។ គប្បី​ជ្រាប​ភាពប្លែកផ្សេងគ្នាដោយបរិក្ខារ ក្នុង​សេចក្តីនេះដោយប្រការ ដូច្នេះ ។ ក៏បព្វជិតកាលពិចារណាយ៉ាងនេះ រមែង​លះបង់កោបៈ គឺសេចក្តីខឹងក្រោធ និងមានះ គឺសេចក្តីប្រកាន់​ចោល​បាន ។ បរប្បដិពទ្ធា​ មេ​ ជីវិកាពាក្យថា បរប្បដិពទ្ធា មេ ជីវិកា សេចក្តីថា បព្វជិត​គប្បី​ពិចារណា​យ៉ាង​នេះ​ថា ការចិញ្ចឹមជីវិតដោយបច្ច័យ ៤ ចាំបាច់ត្រូវអាស្រ័យនឹងអ្នកដទៃ ឥរិយាបថ​ក៏សមគួរ អាជីវៈ ការចិញ្ចឹមជីវិតក៏បរិសុទ្ធ ជា​អ្នក​គោរព​កោត​ក្រែង​​ក្នុង​បិណ្ឌបាត ឈ្មោះថា ជាអ្នកបរិភោគមិនពិចារណាក្នុងបច្ច័យ ៤ ក៏ទេ ។ អញ្ញោ​ មេ​ អាកប្បោ​ ករណីយោពាក្យថា អញ្ញោ មេ អាកប្បោ ករណីយោ សេចក្តីថា បព្វជិត​គប្បី​ពិចារណា​ថា អាកប្បកិរិយាដើរឯណារបស់​ពួកគ្រហស្ថ គឺ​ការ​ឈាន​ជើង​ដោយ​មិនកំណត់ ការអើត-ក អាត្មាអញ​គប្បី​ធ្វើ​អាកប្បកិរិយា​ឲ្យ​ប្លែក​ផ្សេង​អំពី​អាកប្បកិរិយារបស់គ្រហស្ថនោះ យើងគប្បីមានឥន្ទ្រិយស្ងប់រម្ងាប់ មាន​ចិត្តស្ងប់ស្ងាត់ សម្លឹងមើលតែមួយជួរនឹម ឈានជើងសន្សឹមៗ ( មិន​ឈាន​ជើង​វែងពេក ) គប្បីដើរទៅ ដូចនាំរទេះផ្ទុកទឹកទៅក្នុងទីមិនរាបស្មើ ។ ព្រោះ​ថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមានអាកប្បកិរិយាសមគួរ សិក្ខា ៣ រមែងបរិបូណ៌ ។ សីលតោ​ ន​ ឧបវទតិពាក្យថា សីលតោ ន ឧបវទតិ បានដល់ មិនតិះដៀលខ្លួនឯង ព្រោះ​សីល​ជា​បច្ច័យយ៉ាងនេះថា សីលរបស់អាត្មា​អញមិនបរិបូណ៌ ។ ព្រោះថា បព្វជិត​កាល​ពិចារណាយ៉ាងនេះ រមែងញ៉ាំងហិរិ សេចក្តីខ្មាសបាប ឲ្យ​កើត​ឡើង​ខាង​​ក្នុង ។ ហិរិនោះ ក៏ឲ្យសម្រេចសេចក្តីសង្រួមក្នុងទ្វារទាំង ៣ ។ សេចក្តី​សង្រួម​ក្នុងទ្វារទាំង ៣ រមែងជាចតុប្បារិសុទ្ធិសីល បព្វជិត​ដែល​តាំង​នៅ​ក្នុង​ចាតុប្បារិសុទ្ធិសីល ហើយចម្រើនវិបស្សនា រមែង​សម្រេច​ព្រះអរហត្តបាន ។ អនុវិច្ច​ វិញ្ញូ​ សព្រហ្មចារីពាក្យថា អនុវិច្ច វិញ្ញូ សព្រហ្មចារី សេចក្តីថា ពួក​សព្រហ្មចារី​អ្នក​ប្រព្រឹត្ត​ព្រហ្មចរិយៈរួមជាមួយនឹងអ្នកជាបណ្ឌិត គយគន់ពិចារណាមើលហើយ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឱត្តប្បៈ សេចក្តី​ខ្លាច​បាប​ខាង​ក្រៅ រមែងតាំងឡើង ។ ឱត្តប្បៈនោះ រមែង​ឲ្យ​សម្រេច​សេចក្តី​សង្រួម​ក្នុង​ទ្វារ​ទាំង ៣ ។ ព្រោះហេតុនោះ ទើបគួរជ្រាប​សេចក្តីបន្តមកទៀត ( គឺ​រមែង​ញ៉ាំង​ចាតុប្បារិសុទ្ធិសីលឲ្យបរិសុទ្ធ … សេចក្តីដ៏សេស ដូចពាក្យថា សីលតោ ន ឧបវទតិ ) ។ នានាភាវោ​ វិនាភាវោពាក្យថា នានាភាវោ វិនាភាវោ សេចក្តីថា ភាវៈផ្សេងៗ ព្រោះកើត ព្រោះ​ព្រាត់ប្រាស ព្រោះស្លាប់ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឈ្មោះ​ថា មិនមានអាការ គឺសេចក្តីប្រមាទក្នុងទ្វារទាំង ៣ ។ មរណស្សតិ ការ​​រលឹកដល់សេចក្តីស្លាប់ ក៏ជាការតម្កល់ទុកហើយដោយល្អ ។ តស្ស​ ទាយាទោ​ ភវិស្សាមិពាក្យថា តស្ស ទាយាទោ ភវិស្សាមិ បានដល់ អាត្មាអញជាទាយាទ គឺ​ជាអ្នកទទួលផលដែលកម្មនោះឲ្យហើយ, ព្រោះថា បព្វជិត​កាល​ពិចារណា​យ៉ាងនេះ រមែងមិនធ្វើបាបទាំងពួង ។ កថម្ភូតស្ស​ មេ​ រត្តិន្ទិវា​ វីតិបតន្តិពាក្យថា​ កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តិ សេចក្តីថា យប់ និងថ្ងៃកន្លងទៅ ផ្លាស់ប្តូរទៅ អាត្មាអញយ៉ាងដូចម្តេច​ហើយ គឺ​អាត្មា​អញ​កំពុង​ធ្វើ​វត្តប្បដិបត្តិ​ ឬមិនទាន់បានធ្វើទេ បានទន្ទេញពុទ្ធវចនៈ ឬ​មិន​ទាន់​បាន​ទន្ទេញ​ទេ បាន​ធ្វើកិច្ចក្នុងយោនិសោមនសិការ ឬក៏មិនទាន់បានធ្វើទេ ។ ព្រោះថា បព្វជិត​កាល​ពិចារណាយ៉ាងនេះ សេចក្តីមិន​ប្រមាទ រមែង​បរិបូណ៌ ។ សុញ្ញាគារេ​ អភិរមាមិពាក្យថា សុញ្ញាគារេ អភិរមាមិ សេចក្តីថា អាត្មាអញ​នៅ​តែ​ម្នាក់​ឯង​គ្រប់​ឥរិយាបថ ក្នុងទីស្ងាត់ ញ៉ាំងសេចក្តី​ត្រេកអរឲ្យកើតឡើងហើយឬនៅ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ កាយវិវេក រមែងបរិបូណ៌ ។ ឧត្តរិមនុស្សធម្មោពាក្យថា ឧត្តរិមនុស្សធម្មា សេចក្តីថា ធម៌ទាំងឡាយ មានឈានជាដើម របស់ឈានលាភី និងព្រះអរិយៈ ជា​មនុស្សដ៏ក្រៃលែង ជា​មនុស្ស​ឧត្តម​ខ្ពង់​ខ្ពស់ ឬធម៌ទាំងឡាយដ៏ក្រៃលែង ដ៏ប្រសើរជាងមនុស្សធម៌ ពោលគឺ​កុសល-កម្មបថ​ ១០ មាន គឺ មាន​នៅ​ក្នុង​សន្តាន​របស់​អាត្មា​អញ​ហើយ​ឬ​នៅ ។ បុដ្ឋោ,​ ន​ មង្កុ​​ ភវិស្សាមិពាក្យ​ថា​ បុដ្ឋោ​ បាន​ដល់​ ត្រូវ​មិត្ត​​សព្រហ្មចារី​​សួរ​​ដល់​​គុណ​វិសេស​​ដែល​​ខ្លួន​​សម្រេច ។ ពាក្យ​​ថា​ ន​ មង្កុ​ ភវិស្សាមិ​ បាន​ដល់​ អាត្មា​អញ​នឹង​មិន​ជា​​អ្នក​​អឹម​អៀម​ ឱន-​ក​ចុះ អស់​អំណាច​ ។​ ព្រោះ​ថា​ បព្វជិត​​កាល​​ពិចារណា​​យ៉ាង​​នេះ​ រមែង​មិន​ឈ្មោះ​ថា​ ស្លាប់​​ដោយ​ឥត​អំពើ ៕ ដោយ៥០០០ឆ្នាំ
images/articles/3202/__________________________________________.jpg
Public date : 28, Jul 2026 (5,106 Read)
ពិចារណា​៖ ដូចម្តេច​ ហៅថា​ ព្រាហ្មណ៍​? បុគ្គល​មិនមានកង្វល់ មិនមានសេចក្តីប្រកាន់មាំ ទើប​តថាគតពោលថា ជាព្រាហ្មណ៍។ បុគ្គលណា កាត់បង់នូវសំយោជនៈ​ទាំងអស់ ហើយមិន​បានតក់ស្លុត ដោយតណ្ហា តថាគត ពោលនូវបុគ្គលនោះ ដែលជាអ្នកកន្លងបង់ នូវសេចក្តី​ចំពាក់ ជាអ្នកប្រាសចាកកិលេស ថាជាព្រាហ្មណ៍។បុគ្គលណា កាត់បង់នូវខ្សែរឹត គឺការចង​គំនុំ និងព្រ័ត្រ គឺតណ្ហា និងទី ត គឺកិលេស គ្រឿងស្ទាក់ គឺទិដ្ឋិ ព្រមទាំងទិដ្ឋានុស័យចេញ​បាន តថាគត ពោលនូវបុគ្គលនោះ ដែលមានបង្គោល គឺអវិជ្ជាដកចេញហើយ អ្នកត្រាស់​ដឹង នូវចតុរារិយសច្ច ថាជាព្រាហ្មណ៍។ បុគ្គលណា មិនបានប្រទូស្ត អត់សង្កត់ នូវពាក្យជេរ និង​ការវាយដំ និងចំណងបាន តថាគត ពោលនូវបុគ្គលនោះ ដែលមាន​អធិវាសនក្ខន្តី​ជាកំឡាំង មានពួកពល គឺខន្តី ថាជាព្រាហ្មណ៍។ បុគ្គលណា មិនមានសេចក្តីក្រោធ មាន​ធុតង្គវត្ត មានសីលគុណ មិនប៉ោងដោយរាគាទិក្កិលេស មិនមានពុតត្បុត មាន​សរីរៈ​តាំងនៅក្នុងទីបំផុត តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។បុគ្គលណា ​មិនជាប់ ក្នុង​កាមទាំងឡាយ ដូចទឹកមិនជាប់លើស្លឹកឈូក ឬដូចគ្រាប់ស្ពៃ មិនជាប់​លើចុង​នៃដែក​ស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ក្នុងលោកនេះ ដឹងច្បាស់​នូវការអស់ទៅ នៃទុក្ខរបស់ខ្លួន តថាគត ពោលនូវបុគ្គលនោះ ដែលមាន​ភារៈ​ដាក់ចុះហើយ ប្រាសចាកកិលេសហើយ ថាជាព្រាហ្មណ៍។ បុគ្គលណា ជាអ្នកប្រាជ្ញ មាន​ប្រាជ្ញាជ្រាលជ្រៅ ឈ្លាសវៃ ក្នុងមគ្គ និងមិនមែនមគ្គ មានប្រយោជន៍ដ៏ខ្ពស់​សម្រេចហើយ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា មិនច្រឡំដោយបុគ្គលទាំង​ពីរ​ពួក គឺគ្រហស្ថ និងបព្វជិត មិនបានជាប់នៅក្នុងអាល័យ គឺកាមគុណ ទាំងមិនមាន​សេចក្តី​ប្រាថ្នា តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ដាក់ចុះនូវអាជ្ញា ក្នុង​ពួកសត្វ អ្នកដែលនៅមានសេចក្តីតក់ស្លុត គឺតណ្ហា មានសេចក្តីខ្ជាប់ខ្ជួន គឺមិនមាន​តណ្ហា មិនសំឡាប់ដោយខ្លួនឯង មិនប្រើអ្នកដទៃ​ឲ្យសំឡាប់ តថាគត ពោលនូវបុគ្គលនោះ ថា​ជាព្រាហ្មណ៍។បុគ្គលណា មិនខឹង ក្នុងពួកសត្វដែលខឹង មានសេចក្តីត្រជាក់ ទៅលើ​ពួក​សត្វ ដែលមានអាជ្ញាក្នុងខ្លួន ជាអ្នកមិនមានសេចក្តីប្រកាន់ក្នុងពួកបុគ្គល ដែលមានសេចក្តី​ប្រកាន់ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ រាគៈ ទោសៈ មានះ និងសេចក្តី​លុបគុណ របស់បុគ្គលណា ជ្រុះចេញហើយ បីដូចជាគ្រាប់ស្ពៃ ធ្លាក់អំពីចុង នៃ​ដែកស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ពោលវាចាឥតទោស ជាវាចា​ញុំាងបុគ្គលឲ្យស្គាល់ប្រយោជន៍ ជាវាចាពិត ទាំងមិនបាន​ធ្វើបុគ្គលណាមួយ ឲ្យ​ចំពាក់​ដោយវាចាណាឡើយ តថាគត ពោលនូវបុគ្គលនោះ ថាជា​ព្រាហ្មណ៍។ បុគ្គលណា មិនបាន​បង្អោនរបស់វែង ឬខ្លី តូចឬធំ ល្អឬអាក្រក់ ដែលគេមិនបានឲ្យ ក្នុងលោកនេះ តថាគត​ ពោល​នូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា មិនមានសេចក្តីប្រាថ្នា ក្នុងលោកនេះ និងលោកខាងមុខ តថាគត ពោលនូវបុគ្គល ដែលមិនមានសេចក្តីប្រាថ្នា ជាអ្នក​ប្រាសចាក​កិលេសនោះ ថាជា​ព្រាហ្មណ៍។ បុគ្គលណា មិនមានសេចក្តីអាល័យ ជាអ្នកដឹងច្បាស់ មិនមាន​សេចក្តីសង្ស័យ តថាគត ពោលនូវបុគ្គល ដែល​បានសម្រេច នូវ​ល្វែងនៃ​ព្រះនិព្វាននោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ក្នុងលោកនេះ កន្លងបង់ ​នូវសេចក្តី​ចំពាក់ទាំងពីរ គឺបុណ្យ និងបាប​ចេញបានហើយ តថាគត ពោលនូវបុគ្គល ដែល​មិនមានសោក ប្រាសចាកធូលី គឺកិលេស ជាអ្នកបរិសុទ្ធស្អាតនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ឥតមានមន្ទិលសៅហ្មង ជាបុគ្គលស្អាតផូរផង់ មិនល្អក់ដោយកិលេស មាន​តម្រេកក្នុងភពអស់ហើយ ដូចព្រះចន្ទប្រាសចាកមន្ទិល តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ឆ្លងផុតនូវផ្លូវវៀច ផ្លូវផុង ដែលនាំសត្វ ឲ្យអន្ទោលទៅ នាំសត្វ​ឲ្យវង្វេងនេះ បានដល់​ត្រើយ គឺព្រះនិព្វាន ជាអ្នកដុតបង់នូវកិលេស ឥតមានតណ្ហា ឥតមាន​សេចក្តីសង្ស័យ ឥតមានប្រកាន់អ្វីបន្តិចបន្តួច​ ហើយបរិនិព្វាន តថាគត​ ពោលនូវ​បុគ្គលនោះ ថាជា​ព្រាហ្មណ៍។ បុគ្គលណា ក្នុងលោកនេះ លះបង់នូវកាមទាំងឡាយចេញ​បាន ហើយបួសជាបុគ្គលមិនមានផ្ទះ តថាគត ពោលនូវបុគ្គល ដែលមានកាម និងភព​អស់ហើយនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ក្នុងលោកនេះ លះបង់នូវតណ្ហាចេញបាន ហើយបួស ជាបុគ្គលមិនមានផ្ទះ តថាគត ពោលនូវបុគ្គល ដែលមានកាម [បើជាតណ្ហា ទើបគួរ។] និងភពអស់ហើយនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា លះបង់នូវធម៌ ជាគ្រឿង​ប្រកប គឺកាមគុណ៥ ជារបស់មនុស្ស និងធម៌ ជាគ្រឿងប្រកប គឺកាមគុណ ៥ ជារបស់ទិព្វ តថាគត ពោលនូវបុគ្គល ដែលប្រាសចាកធម៌ ជាគ្រឿងប្រកបទាំងអស់នោះ ថាជាព្រាហ្មណ៍។ បុគ្គលណា លះបង់នូវតម្រេក (ក្នុងកាមគុណ ៥ផង) នូវ​សេចក្តី​អផ្សុកផង ជាអ្នកត្រជាក់ត្រជំ​ មិនមានកិលេស គ្របសង្កត់នូវខន្ធលោកទាំងអស់បាន ជាអ្នក​មានព្យាយាម តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ដឹងនូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ដោយប្រការ​ទាំង​ពួង តថាគត ពោលនូវបុគ្គល ដែល​មិនចំពាក់ (ក្នុងអារម្មណ៍) មានដំណើរល្អ អ្នកត្រាស់ដឹង នូវចតុរារិយសច្ចនោះ ថាជាព្រាហ្មណ៍។ ទេវតា គន្ធព និងមនុស្សទាំងឡាយ មិនដឹងនូវគតិរបស់បុគ្គលណា តថាគត ពោលនូវបុគ្គលនោះ ដែល​ជាអ្នកមានអាសវៈ​អស់ហើយ ជាអរហន្ត ថាជាព្រាហ្មណ៍។ បុគ្គលណា មិនមានកង្វល់ គឺកិលេស ក្នុងអតីត អនាគត និងបច្ចុប្បន្នទេ តថាគត ពោលនូវបុគ្គល ដែលមិនមានកង្វល់ មិនមានសេចក្តី​ប្រកាន់នោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ជាឧសភៈ (អស់អាច) ជាអ្នកប្រសើរ អ្នកមាន​សេចក្តីព្យាយាម អ្នកស្វែងរកគុណដ៏ធំ អ្នកមានជ័យជំនះ អ្នកមិនមានសេចក្តី​ញាប់ញ័រ (ដោយតណ្ហា) អ្នកលាងបង់នូវកិលេស អ្នកត្រាស់ដឹង នូវចតុរារិយសច្ច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ដឹងនូវខន្ធ ដែលខ្លួនអាស្រ័យនៅ ក្នុងភពមុនផង ឃើញសួគ៌ និងអបាយផង ដល់នូវការអស់ទៅ នៃជាតិផង តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ (សុតន្តបិដក មជ្ឈិម​និកាយ​ ភាគទី​២៥) ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.5