Reading Article
Public date : 27, Jul 2019 (11,340 Read)
ទីពឹង

|
នៅក្នុងព្រះសាសនានេះ កាលដែលពុទ្ធបរិស័ទបានស្គាល់ថា ជីវិតជាប្រក្រតី គឺចិត្ត ចេតសិក រូប ដូច្នេះហើយក៏ជាការចាប់ផ្តើមស្គាល់ខ្លួនឯងថាជាអ្វី ។ ការស្គាល់ខ្លួនឯងតាមសេចក្តីពិត ដល់កម្រិតគឺត្រូវរលត់តណ្ហាអស់មិនមានសល់ ព្រោះខ្លួនយើងដោយបរមត្ថ គឺចិត្ត ចេតសិក រូប ដែលអត់ត្រូវការអ្វីពីលោកនេះ ទាំងដែលមិនហួងហែងខ្លួនឯងអ្វីទាំងអស់ ។
នេះជាចំណុចដែលមានធម៌ជាទីពឹង គឺមានសតិប្បដ្ឋានជាទីពឹង ដែលឈ្នះនូវសេចក្តីទុក្ខទាំងពួងបានព្រោះការអស់ទៅនៃតណ្ហា ។ បើមិនមានសតិថ្នាក់សតិប្បដ្ឋាននោះទេ ការសិក្សាចំពោះចិត្ត ចេតសិក រូប ក៏មិនមានដែរ បើមិនមានការសិក្សាចំពោះបរមត្ថទាំងបី នេះទេតណ្ហាមិនរលត់ឡើយ ហើយពិតជាមិនមានទីពឹង ។ សត្វលោក គិតតែពីប្រាថ្នាត្រូវការឲ្យខ្លួនឯងបានអ្វីៗគ្រប់យ៉ាង តាមដែលចង់បាន នេះជាវង្វេងក្នុងលោក ។ ព្រះសម្មាសម្ពុទ្ធ ត្រាស់សម្តែងឲ្យរកខ្លួនឯង តាមរយៈនៃសតិប្បដ្ឋាន កាយ វេទនា ចិត្ត ធម៌ គ្រាន់តែជាធម៌ដែលបច្ច័យតាក់តែង ធម៌ទាំងនេះមិនមែនជាសត្វហើយក៏ជាធម៌អត់ត្រូវការអ្វីទាំងអស់ មិនទាំងហួងហែងខ្លួនឯងទៀតផង ព្រោះគ្រាន់តែជាផលនៃបច្ច័យផ្សេងៗ ប៉ុណ្ណោះ ។ តាមពិត ដោយបរមត្ថធម៌ លោភៈដែលត្រូវការប្រាថ្នាអ្វីៗនោះ ក៏ជាតួសភាវធម៌ដែរ តែថាសភាវលោភៈ នេះជាអវិជ្ជាមូល ទើបមានវោហារពោលថា សត្វលោកវង្វេង ស្វែងរករបស់ក្នុងលោក ជាប់នៅក្នុងលោក មិនស្គាល់ខ្លួនឯង ថាជាអ្វីតាមពិត ។ ការខ្វល់នឹងខ្លួនឯង ដើម្បីឲ្យបានអ្វីក្នុងលោកនេះក្តី ខ្វល់ដើម្បីឲ្យខ្លួនឯងចេញចាកលោកនេះក្តី នេះជាសភាវលោភៈ ប្រកបដោយទិដ្ឋិ ជានាមធម៌មួយបែបដែលមានឆន្ទៈ ជាតណ្ហាឆន្ទៈប្រកបជាមួយផងដែរ ។ ចំណែក កត្តុកម្យតាឆន្ទៈ ដែលប្រព្រឹត្តទៅជាមួយនឹងសតិថ្នាក់ សតិប្បដ្ឋាន គឺជាឆន្ទៈដែលញ៉ាំងវីរយៈឲ្យរលឹកសិក្សា ចំពោះកាយ វេទនា ចិត្ត ធម៌ ហើយរលត់តណ្ហា ដែលជាការសម្រេចនូវទីពឹងហ្នឹងឯង ។ ឆន្ទៈជាឥទ្ធិបាទធម៌ រមែងញ៉ាំងវីរយៈឲ្យប្រព្រឹត្តទៅក្នុងការសម្លឹងសភាវធម៌ ដែលជាការងាររំលត់តណ្ហា អស់ការខ្វាយខ្វល់ ជាទីពឹង ។ ដូច្នេះ កិច្ចសិក្សាការពិត ដោយសតិរលឹកដឹងចំពោះចិត្ត ចេតសិក រូប ប្រព្រឹត្តទៅ ដោយឆន្ទៈដ៏បរិសុទ្ធ មានការភ្ញាក់រលឹកសព្វកាល សិក្សាទាំងយប់ទាំងថ្ងៃ ប្រព្រឹត្តទៅរកការអស់តណ្ហា ។ ទីពឹងពិតប្រាកដ
ចិត្តចេតសិករូបគ្មានត្រូវការអ្វី គួរតែប្រុសស្រីសម្លឹងពិនិត្យ
លះកាត់តណ្ហាជាទីពឹងពិត មិនមានជាប់ចិត្តនៅក្នុងលោកីយ៍ ។ ស្រង់ចាកពីសៀវភៅ " ព្រះថេរីគាថា ភាគ២ " រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |