Reading Article
Public date : 27, Jul 2019 (10,750 Read)
ដំណើរធម៌សប្បុរសដោះស្រាយបញ្ហា

|
ដំណើរធម៌សប្បុរសដោះស្រាយបញ្ហា បានរៀបរាប់អំពីបញ្ហាមួយចំនួន ដែលត្រូវដោះស្រាយតាមប្រាជ្ញាញាណនៃអ្នកប្រាជ្ញ ។ ជីវិតមនុស្សយើងមិនអាចអត់មានបញ្ហាឯងៗទៅនោះទេ ដូច្នេះកាលបើមានបញ្ហាអ្វីមួយមកដល់ កុំចេះតែចង់មិនឲ្យមាននូវបញ្ហានោះ តែត្រូវដោះស្រាយដោយគតិធម៌របស់បណ្ឌិត គឺប្រាជ្ញាញាណនៃអ្នកប្រាជ្ញ ដោយបញ្ហាប្រៀបដូចជាសំណួរ រីឯគតិធម៌របស់បណ្ឌិតវិញ ប្រៀបដូចជាការឆ្លើយតបសំណួរ ។
ជីវិតជោគជ័យ មិនមែនព្រោះតែជីវិតអត់បញ្ហានោះទេ តាមពិតបញ្ហា ជាឧបសគ្គផ្សេងៗ បានជាប់មកជាមួយនឹងជីវិតហើយជាស្រេច ដូច្នេះគតិធម៌របស់បណ្ឌិតពិតជាចាំបាច់បំផុតសម្រាប់ជីវិតជោគជ័យ ។ ជីវិតមនុស្សមានតម្លៃក្នុងភាពជាមនុស្ស ព្រោះជា កុសលវិបាកបដិសន្ធិ និង ព្រោះជាបុញ្ញកម្មជ្ជរូប នេះគឺជាជោគជ័យដ៏ធំមួយរួចហើយស្រេច ព្រោះបានឈ្នះនូវបាបកម្មផ្សេងៗទៀតដ៏ច្រើន ហើយបុណ្យបាននាំជីវិតឲ្យកើតមកជាមនុស្ស ។ មិនត្រឹមតែប៉ុណ្ណោះ ជីវិតនៅរស់ដល់សព្វថ្ងៃ សុទ្ធតែជាជីវិតជោគជ័យ ព្រោះបុណ្យជាបច្ច័យក្នុងការរក្សាជីវិត ដោយបានរារាំងនូវសេនារបស់មច្ចុរាជ ។ ព្រោះហេតុនោះ មនុស្សត្រូវតែតស៊ូយកជោគជ័យជាទីបំផុត គឺកម្ចាត់បង់កិលេសពីសន្តាន ធ្វើជីវិតឲ្យមានតម្លៃជាភិយ្យោភាព ជាមួយនឹងការងារជាប្រយោជន៍បន្តទៀត ព្រោះថាជីវិតមានតម្លៃ និង ជីវិតទទួលជោគជ័យជាទីបំផុតបាន មិនមែនឯងៗទៅនោះទេ ត្រូវមានសម្មាទិដ្ឋិឈរខាងបុណ្យកុសល រ៉ាប់ទទួលគុណ គឺសេចក្តីល្អគ្រប់យ៉ាង និងព្យាយាមអប់រំបញ្ញា ។ ស្រង់ចាក សៀវភៅ " គតិធម៌ " រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |