Reading Article
Public date : 11, Mar 2022 (1,676 Read)
ដូចម្តេចហៅថា ព្រាហ្មណ៍?

|
ពិចារណា៖ ដូចម្តេច ហៅថា ព្រាហ្មណ៍?
បុគ្គលមិនមានកង្វល់ មិនមានសេចក្តីប្រកាន់មាំ ទើបតថាគតពោលថា ជាព្រាហ្មណ៍។ បុគ្គលណា កាត់បង់នូវសំយោជនៈទាំងអស់ ហើយមិនបានតក់ស្លុត ដោយតណ្ហា តថាគត ពោលនូវបុគ្គលនោះ ដែលជាអ្នកកន្លងបង់ នូវសេចក្តីចំពាក់ ជាអ្នកប្រាសចាកកិលេស ថាជាព្រាហ្មណ៍។ បុគ្គលណា កាត់បង់នូវខ្សែរឹត គឺការចងគំនុំ និងព្រ័ត្រ គឺតណ្ហា និងទី-ត គឺកិលេស គ្រឿងស្ទាក់ គឺទិដ្ឋិ ព្រមទាំងទិដ្ឋានុស័យចេញបាន តថាគត ពោលនូវបុគ្គលនោះ ដែលមានបង្គោល គឺអវិជ្ជាដកចេញហើយ អ្នកត្រាស់ដឹង នូវចតុរារិយសច្ច ថាជាព្រាហ្មណ៍។ បុគ្គលណា មិនបានប្រទូស្ត អត់សង្កត់ នូវពាក្យជេរ និងការវាយដំ និងចំណងបាន តថាគត ពោលនូវបុគ្គលនោះ ដែលមានអធិវាសនក្ខន្តីជាកំឡាំង មានពួកពល គឺខន្តី ថាជាព្រាហ្មណ៍។ បុគ្គលណា មិនមានសេចក្តីក្រោធ មានធុតង្គវត្ត មានសីលគុណ មិនប៉ោងដោយរាគាទិក្កិលេស មិនមានពុតត្បុត មានសរីរៈតាំងនៅក្នុងទីបំផុត តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា មិនជាប់ ក្នុងកាមទាំងឡាយ ដូចទឹកមិនជាប់លើស្លឹកឈូក ឬដូចគ្រាប់ស្ពៃ មិនជាប់លើចុងនៃដែកស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ក្នុងលោកនេះ ដឹងច្បាស់នូវការអស់ទៅ នៃទុក្ខរបស់ខ្លួន តថាគត ពោលនូវបុគ្គលនោះ ដែលមានភារៈដាក់ចុះហើយ ប្រាសចាកកិលេសហើយ ថាជាព្រាហ្មណ៍។ បុគ្គលណា ជាអ្នកប្រាជ្ញ មានប្រាជ្ញាជ្រាលជ្រៅ ឈ្លាសវៃ ក្នុងមគ្គ និងមិនមែនមគ្គ មានប្រយោជន៍ដ៏ខ្ពស់សម្រេចហើយ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា មិនច្រឡំដោយបុគ្គលទាំងពីរពួក គឺគ្រហស្ថ និងបព្វជិត មិនបានជាប់នៅក្នុងអាល័យ គឺកាមគុណ ទាំងមិនមានសេចក្តីប្រាថ្នា តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ដាក់ចុះនូវអាជ្ញា ក្នុងពួកសត្វ អ្នកដែលនៅមានសេចក្តីតក់ស្លុត គឺតណ្ហា មានសេចក្តីខ្ជាប់ខ្ជួន គឺមិនមានតណ្ហា មិនសំឡាប់ដោយខ្លួនឯង មិនប្រើអ្នកដទៃឲ្យសំឡាប់ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា មិនខឹង ក្នុងពួកសត្វដែលខឹង មានសេចក្តីត្រជាក់ ទៅលើពួកសត្វ ដែលមានអាជ្ញាក្នុងខ្លួន ជាអ្នកមិនមានសេចក្តីប្រកាន់ក្នុងពួកបុគ្គល ដែលមានសេចក្តីប្រកាន់ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ រាគៈ ទោសៈ មានះ និងសេចក្តីលុបគុណ របស់បុគ្គលណា ជ្រុះចេញហើយ បីដូចជាគ្រាប់ស្ពៃ ធ្លាក់អំពីចុង នៃដែកស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ពោលវាចាឥតទោស ជាវាចាញុំាងបុគ្គលឲ្យស្គាល់ប្រយោជន៍ ជាវាចាពិត ទាំងមិនបានធ្វើបុគ្គលណាមួយ ឲ្យចំពាក់ដោយវាចាណាឡើយ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា មិនបានបង្អោនរបស់វែង ឬខ្លី តូចឬធំ ល្អឬអាក្រក់ ដែលគេមិនបានឲ្យ ក្នុងលោកនេះ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា មិនមានសេចក្តីប្រាថ្នា ក្នុងលោកនេះ និងលោកខាងមុខ តថាគត ពោលនូវបុគ្គល ដែលមិនមានសេចក្តីប្រាថ្នា ជាអ្នកប្រាសចាកកិលេសនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា មិនមានសេចក្តីអាល័យ ជាអ្នកដឹងច្បាស់ មិនមានសេចក្តីសង្ស័យ តថាគត ពោលនូវបុគ្គល ដែលបានសម្រេច នូវល្វែងនៃព្រះនិព្វាននោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ក្នុងលោកនេះ កន្លងបង់ នូវសេចក្តីចំពាក់ទាំងពីរ គឺបុណ្យ និងបាបចេញបានហើយ តថាគត ពោលនូវបុគ្គល ដែលមិនមានសោក ប្រាសចាកធូលី គឺកិលេស ជាអ្នកបរិសុទ្ធស្អាតនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ឥតមានមន្ទិលសៅហ្មង ជាបុគ្គលស្អាតផូរផង់ មិនល្អក់ដោយកិលេស មានតម្រេកក្នុងភពអស់ហើយ ដូចព្រះចន្ទប្រាសចាកមន្ទិល តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ឆ្លងផុតនូវផ្លូវវៀច ផ្លូវផុង ដែលនាំសត្វ ឲ្យអន្ទោលទៅ នាំសត្វឲ្យវង្វេងនេះ បានដល់ត្រើយ គឺព្រះនិព្វាន ជាអ្នកដុតបង់នូវកិលេស ឥតមានតណ្ហា ឥតមានសេចក្តីសង្ស័យ ឥតមានប្រកាន់អ្វីបន្តិចបន្តួច ហើយបរិនិព្វាន តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ក្នុងលោកនេះ លះបង់នូវកាមទាំងឡាយចេញបាន ហើយបួសជាបុគ្គលមិនមានផ្ទះ តថាគត ពោលនូវបុគ្គល ដែលមានកាម និងភពអស់ហើយនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ក្នុងលោកនេះ លះបង់នូវតណ្ហាចេញបាន ហើយបួស ជាបុគ្គលមិនមានផ្ទះ តថាគត ពោលនូវបុគ្គល ដែលមានកាម [បើជាតណ្ហា ទើបគួរ។] និងភពអស់ហើយនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា លះបង់នូវធម៌ ជាគ្រឿងប្រកប គឺកាមគុណ៥ ជារបស់មនុស្ស និងធម៌ ជាគ្រឿងប្រកប គឺកាមគុណ ៥ ជារបស់ទិព្វ តថាគត ពោលនូវបុគ្គល ដែលប្រាសចាកធម៌ ជាគ្រឿងប្រកបទាំងអស់នោះ ថាជាព្រាហ្មណ៍។ បុគ្គលណា លះបង់នូវតម្រេក (ក្នុងកាមគុណ ៥ផង) នូវសេចក្តីអផ្សុកផង ជាអ្នកត្រជាក់ត្រជំ មិនមានកិលេស គ្របសង្កត់នូវខន្ធលោកទាំងអស់បាន ជាអ្នកមានព្យាយាម តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ដឹងនូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ដោយប្រការទាំងពួង តថាគត ពោលនូវបុគ្គល ដែលមិនចំពាក់ (ក្នុងអារម្មណ៍) មានដំណើរល្អ អ្នកត្រាស់ដឹង នូវចតុរារិយសច្ចនោះ ថាជាព្រាហ្មណ៍។ ទេវតា គន្ធព និងមនុស្សទាំងឡាយ មិនដឹងនូវគតិរបស់បុគ្គលណា តថាគត ពោលនូវបុគ្គលនោះ ដែលជាអ្នកមានអាសវៈអស់ហើយ ជាអរហន្ត ថាជាព្រាហ្មណ៍។ បុគ្គលណា មិនមានកង្វល់ គឺកិលេស ក្នុងអតីត អនាគត និងបច្ចុប្បន្នទេ តថាគត ពោលនូវបុគ្គល ដែលមិនមានកង្វល់ មិនមានសេចក្តីប្រកាន់នោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ជាឧសភៈ (អស់អាច) ជាអ្នកប្រសើរ អ្នកមានសេចក្តីព្យាយាម អ្នកស្វែងរកគុណដ៏ធំ អ្នកមានជ័យជំនះ អ្នកមិនមានសេចក្តីញាប់ញ័រ (ដោយតណ្ហា) អ្នកលាងបង់នូវកិលេស អ្នកត្រាស់ដឹង នូវចតុរារិយសច្ច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ដឹងនូវខន្ធ ដែលខ្លួនអាស្រ័យនៅ ក្នុងភពមុនផង ឃើញសួគ៌ និងអបាយផង ដល់នូវការអស់ទៅ នៃជាតិផង តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ (សុតន្តបិដក មជ្ឈិមនិកាយ ភាគទី២៥) ដោយ៥០០០ឆ្នាំ
|