ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ជីវប្រវត្តិបុគ្គលនានា
៨៧ អត្ថបទ
images/articles/276/butha_thum.jpg
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ៣២,១៦២ ដង)
ឈ្មោះ ញ៉ឹក ប៊ុនថា ជាអក្សរឡាតាំង Nhek Buntha ភេទ ស្រី សញ្ជាតិកម្ពុជា កើត​នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នៅភូមិស្វាយជ្រុំ ឃុំអូរ​ដំបង ស្រុកសង្កែ ខេត្ត​បាត់ដំបង បច្ចុប្បន្នជា បេក្ខជនបណ្ឌិតផ្នែក​ទស្សនវិជ្ជាពុទ្ធសាសនា ។បច្ចុប្បន្នមាន អាស័យដ្ឋាន # ៦៩១ វិថីព្រះមុនីវង្ស សង្កាត់​បឹងកេងកង៣ ខ័ណ្ឌចំការមន រាជធានី ភ្នំពេញ ។ លោកឪពុកឈ្មោះ ញ៉ឹក អឿ (ស្លាប់ ) និងអ្នកម្តាយឈ្មោះ ស សាលី (ស្លាប់ ) ។​​ប្រវត្តិ​ការសិក្សាកន្លងមក ពីឆ្នាំ ១៩៥៩ ដល់ ១៩៦៦ រៀននៅសាលា​បឋម​សិក្សាវត្តអន្លុងវិល ស្រុកសង្កែ ខេត្តបាត់ដំបង ​ពីឆ្នាំ ១៩៦៦ ដល់ ១៩៧០ រៀននៅ វិទ្យាល័យ នេត្រយង់ ខេត្តបាត់ដំបង ​ពីឆ្នាំ ១៩៧១ ដល់ ១៩៧៤ រៀននៅ វិទ្យាល័យ អ៊ាបឃុត ខេត្តបាត់ដំបង ពីឆ្នាំ ២០០៥ ដល់ ២០០៧ រៀនថ្នាក់ អនុបណ្ឌិតផ្នែកទស្សនវិជ្ជានិង វិទ្យាសាស្ត្រ​នយោបាយ​ នៃ​សាកលវិទ្យាល័យពហុចម្រើនវិជ្ជា នៅភ្នំពេញ ។ ពីឆ្នាំ ២០០៧ ដល់ បច្ចុប្បន្នជាបេក្ខជន បណ្ឌិត ផ្នែកទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​នៅរាជបណ្ឌិតសភាកម្ពុជា​ការ​​សិក្សាស្រាវជ្រាវ​បាន​សិក្សា​ស្រាវជ្រាវគម្ពីព្រះត្រៃបិដកខ្មែរ និងបាលី ចំនួន១១០ក្បាល អាននិងស្វែងយល់ស៊ី​ជម្រៅ ក្នុងការ​ប្រតិបត្តិធម៌​ក្នុង​ព្រះពុទ្ធសាសនា​តាមគម្ពីរ​នេះ​អស់ រយៈពេល ១០ឆ្នាំ ១៩៩០-២០០០។ បច្ចុប្បន្ន កំពុងសិក្សាស្រាវជ្រាវ លើសៀវភៅ គម្ពីរ និង ឯកសារនានា​ដែល​​ទាក់ទង​នឹងទ្រឹស្តីព្រះពុទ្ធ​សាសនា​ឋានៈតួនាទី​ដែលធ្លាប់​បាន​ទទួល​កន្លង​មករហូតដល់បច្ចុប្បន្ន។ ពីឆ្នាំ ១៩៨០ ដល់ ១៩៨៣ជាអនុប្រធាន ការិយាល័យគយ នៃ​ក្រសួង​ពាណិជ្ជកម្ម ពីឆ្នាំ ១៩៨៣ ដល់ ១៩៩០ជាប្រធាន ការិយាល័យ រដ្ឋភណ្ឌ គយ នៃក្រសួង ពាណិជ្ជកម្ម ពីឆ្នាំ ២០០១ ដល់ បច្ចុប្បន្នជាប្រធាន ក្រុមប្រឹក្សាភិបាល ជាមួយ​សមាគម​យុវជនកម្ពុជរដ្ឋ ពីឆ្នាំ ២០០១ ដល់ ២០០៥ ជាសមាជិក ពុទ្ធិកសមាគមកម្ពុជរដ្ឋ ពីឆ្នាំ ២០០៣ ដល់ បច្ចុប្បន្ន បានទទួល គោរម្យងារជា «ឧកញា» ​តាមព្រះរាជក្រិត្យ​កាលពី ​ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០០៣។ ពីឆ្នាំ ២០០៣ ដល់ បច្ចុប្បន្នជាអ្នកដឹកនាំ ការសន្ទនាធម៌ សម្រាប់​នាទីឈ្វេង​យល់​ព្រះពុទ្ទសាសនា​ ពីឆ្នាំ ២០០៥ ដល់ ២០០៧ជា អនុប្រធាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ ពីឆ្នាំ ២០០៥ ដល់ បច្ចុប្បន្ន ជាប្រធាន ក្រុមប្រឹក្សាភិបាល ជាមួយ​សមាគម​ដូនជីកម្ពុជរដ្ឋ ពីឆ្នាំ ២០០៥ ដល់ ២០៩ជាសាស្ត្រចារ្យ ឧទ្ធេសមេរៀន ផ្នែកពុទ្ធសាសនា​ ប្រគេន​ព្រះសង្ឃ ​នៅ​សាកលវិទ្យាល័យ ពុទ្ធិកសីហនុរាជភ្នំពេញ។ ពីឆ្នាំ ២០០៦ ដល់ បច្ចុប្បន្ន ជាឧត្តមប្រឹក្សា សម្តេចអគ្គមហាសង្ឃរាជ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ ពីឆ្នាំ ២០០៧ ដល់ ២០១០ជាប្រធាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ ទទួលបន្ទុក​ផ្នែក​អប់រំ​សីលធម៌ ​វប្បធម៌ខ្មែរ សន្តិភាព និងទ្រឹស្តីពុទ្ធសាសនា ។ ពីឆ្នាំ ២០០៧ ដល់ បច្ចុប្បន្ន ជាសមាជិក គណៈកម្មាធិការនៃ​បណ្តាញអន្តរ​សាសនា​ប្រចាំ​អាស៊ី​​ប៉ាស៊ីហ្វិក ​និង​ជាឯកអគ្គរាជទូតសន្តិភាព ប្រចាំអាស៊ី ប៉ាស៊ីហ្វិក[...]អានបន្ត (ដកស្រង់ពីពុទ្ធិកសមាគមកម្ពុជរដ្ឋ)ដោយសាធ្លាប់ប្រាស្រ័យទាក់ទងគ្នាកន្លងមក (rinsaro) ដកស្រង់ទាំងស្រុងចេញពី http://kbckr.blogspot.com/2010/04/blog-post_15.html ដោយ​៥០០០​ឆ្នាំ
images/articles/249/20sssaqer.jpg
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ៧៤,៨០៥ ដង)
ជាបឋម ខ្ញុំសូមជម្រាបពុទ្ធបរិស័ទថា ជីវប្រវត្តិនេះ សុជា​ខ្ញុំ​រៀបចំ​សរសេរ​ឡើង​​​ដោយ​ផ្ទាល់​ដៃ​ខ្លួន​ឯង ។ ជាធម្មតា ជីវប្រវត្តិនៃបុគ្គលម្នាក់ៗ តែង​ត្រូវ​​​បាន​សរសេរ​រៀបរាប់​ដោយ​បុគ្គល​ដទៃ ជំនួសសាមីជីវិត ។អ្នកសរសេរ​តែង​​​តែ​និយាយសរសើរ ឬអួតជំនួសម្ចាស់ជីវិត ។ ការនេះ ព្រោះហេតុអ្វី? ព្រោះ​អ្នកសរសេរ ពុំបានដឹងចិត្ត ឬ​បំណង​របស់​សាមីជីវិត​ច្បាស់​លាស់​ផង ចង់​លើក​តម្កើងនូវតម្លៃនៃជីវិតរបស់បុគ្គលដែលខ្លួនសរសេរផង ។ មូល​ហេតុ​​នេះ​​ហើយ​ ដែល​នាំ​ឲ្យ​ជីវ​ប្រវត្តិ ខុសឃ្លាតចាក​សេចក្តី​ពិត​យ៉ាង​ច្រើន ​។ សុជាខ្ញុំ មិនមែនជាអ្នកប្រាជ្ញ និងមិនមែនជាមនុស្សអស្ចារ្យ ដែលគេ​មិនអាច​បំភ្លេចបាន ក្រោយ​ពេលដែលលាចាកលោកនោះទេ ប៉ុន្តែដោយ​មិនចង់ឲ្យ​ជីវប្រវត្តិរបស់ខ្លួន ពោរ​ពេញ​ដោយ​ភាព​អំនួត ឬមិនត្រឹមត្រូវតាមសេចក្តីពិត ទើបឆ្លៀត​ឪកាស​ដែល​ខ្លួន​កំពុង​មាន​ជីវិត​នៅ​ឡើយ សរសេរ​ជីវប្រវត្តិ​នេះ​ឡើង ។ ការសរសេរនេះ ពុំមែនមានន័យថា សុជា​ខ្ញុំ​ចង់​អួត​ពី​ជីវិត​ខ្លួនឯងទេ គឺមាន​ន័យថា ខ្ញុំគោរពសច្ចធម៌ និងគោរពគណៈសិស្សគ្រប់គ្នា ។​ និយាយ​​បែប​នេះ​​ហាក់ដូចជាខ្ញុំបានដឹងច្បាស់ថា ខ្លួនឯងត្រូវស្លាប់ពេលណាអ៊ីចឹង ។ តាមពិតខ្ញុំមិនដឹងទេ គ្រាន់តែដឹងតាមព្រះពុទ្ធដីកាថា ជីវិតមិនទៀង តែ​សេចក្តី​ស្លាប់ទៀង ។ សុជាខ្ញុំ ធ្លាប់មាន​អាពាធធ្ងន់​ស្ទើរ​តែ​ដាច់​ជីវិត​ច្រើន​លើក​​ច្រើនគ្រា​មក​ហើយ បើ​មិន​សរ​សេរ​ទុក​ឲ្យហើយពិតជាហួសពេល, ដើម្បី​កុំ​ឲ្យ​គេ​យក​រឿង​មិន​ពិត​ទៅ​សូធ្យ​ភូតភរ​នៅ​មុខ​ឈា​បនដ្ឋាន​​ច្រើន​ពេក ។ ក្រោយពេលដែលសរសេររួច បើបុណ្យ​អនុគ្រោះឲ្យជីវិតខ្ញុំ​រស់បាន​ច្រើន​ឆ្នាំ​ត​​ទៅទៀត ខ្ញុំក៏​មិន​ចាំបាច់ចំណាយ​ពេលវេលាឆ្លើយ​តប​សំនួរ ​របស់​ពុទ្ធ​បរិស័ទ​ដោយច្រើន ដែល​តែង​តែ​ចង់​ដឹង​ពីប្រវត្តិរបស់​ខ្ញុំដែរ ​ហើយ​ប្រវត្តិ​ដែល​បានចារទុកក្នុងសំនេរនេះ មានសេចក្តីពិស្តារ​ជាង​​ការ​ដែល​ខ្ញុំ​ឆ្លើយ​ផ្ទាល់​មាត់ ។ សេចក្តីដូចបានបំភ្លឺមកនេះ សូមមិត្តអ្នកអានជ្រាប ។ ទាញយកសៀវភៅនេះសូមចុចត្រង់នេះ ដោយ៥០០០ឆ្នាំ
images/articles/273/Un43testitled-1.jpg
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ៦៨,១៥៤ ដង)
បុណ្យ​កាន់​បិណ្ឌ ជា​ពិធី​ដែល​គេ​ត្រូវ​ចាប់​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ ១ រោច ខែ​ភទ្របទ ដើម្បី​ឧទ្ទិស​ផល្លា​និសង្ឃ​ដល់​ជន​ដែល​ធ្វើ​មរណ​កាល​ទៅ​កាន់​បរលោក ។ ពិធី​នោះ​ត្រូវ​ធ្វើ​អស់​កាល​កន្លះ​ខែ​គត់ ។ នៅ​ខែ​ភទ្របទ មេឃ​មាន​អាកាស​អួរ​អាប់​ដោយ​ពពក​ទឹកចំនែក​ខាង​រនោច ព្រះ​ចន្ទ​ដែល​បញ្ចេញ​រស្មី​នៅ​វេលា​​យប់ ក៏​កាន់​តែ​ហោច​ទៅ ៗ ធ្វើ​ឲ្យ​វេលា​យប់​កាន់​តែ​ងងឹត​បន្តិច​ម្ដង ៗ ។ នៅ​ពេល​នោះ​ហើយ ដែល​យមរាជ (ស្ដេច​មច្ចុរាជ) ដោះ​លែង​ពួក​សត្វ​នរក​ទាំង​ឡាយ ក្នុង​ ១ ឆ្នាំ​ម្ដង ដើម្បី​ឲ្យ​ឡើង​ទៅ​រក​បង​ប្អូន កូន​ចៅ ដើម្បី​នឹង​ទទួល​កុសល​ផល​បុណ្យ ដែល​គេ​ធ្វើ​ឧទ្ទិស​ឲ្យ ។ ដោយ​សត្វ​នរក ជា​អ្នក​ខ្លាច​ពន្លឺ ទើប​អ្នក​ស្រុក​និយម​ធ្វើ​បុណ្យ​ឲ្យ​អ្នក​ទាំង​នោះ​នៅ​ខែ​ងងឹត ។ អ្នក​ខ្លះ​និយាយ​ថា តែ​ដល់​រដូវ​ហើយ សត្វ​នរក​ដែល​គេ​ដោះ​លែង​មក​ ខំ​ដើរ​រក​បង​ប្អូន​កូន​ចៅ​គ្រប់ ៧ វត្ត បើ​មិន​ឃើញ​អ្នក​ណា​ធ្វើ​បុណ្យ​ឧទ្ទិស​បញ្ជូន​ឲ្យ​ទេ នោះ​នឹង​កើត​ក្ដី​ស្រេក​ឃ្លាន​ ហើយ​នឹង​ប្រទេច​ផ្ដាសា​ដល់​ញាតិ​មិត្ត​មិន​លែង​ឡើយ ។ ការ​ដែល​គេ​ធ្វើ​បុណ្យ​ក្នុង​កន្លះ​ខែ​ក្នុង​ខែ​ភទ្របទ​នោះ គេ​ហៅ​ថា “ ​កាន់​បិណ្ឌ​” ។ ពាក្យ​ថា​បិណ្ឌ មក​ពី​ពាក្យ​បាលី​ថា “ បិណ្ឌៈ​” មាន​ន័យ​ថា “ ​ដុំ​បាយ​” ។ ក្នុង​សិលា​ចរឹក​របស់​ព្រះ​បាទ​យសោវរ្ម័ន ដែល​ទ្រង់​សោយ​រាជ​សម្បត្តិ​ក្នុង​រវាង គ.ស. ៨៨៩ ដល់ ៩១០ យើង​ដឹង​ថា នៅ​ក្នុង​អា​វាស​ជា​ច្រើន​ដែល​ព្រះ​អង្គ​ទ្រង់​បាន​កសាង គេ​តែង​ធ្វើ​ពិធី​បូជា​បាយ​បិណ្ឌ ចំពោះ​វិញ្ញាណ​ក្ខ័ន្ធ​អ្នក​ស្លាប់​ក្នុង​ចំបាំង​រាំង​ជល់ និង ចំពោះ​ខ្មោច​ដែល​គ្មាន​បង​ប្អូន​​ជា​ទី​ពឹង​ទាំង​ឡាយ​ជា​រៀង​រាល់​ខែ ។ សម័យ​សព្វ​ថ្ងៃ​បុណ្ឌ​ជា​ដុំបាយ​ដំណើប ដែល​​គេ​ចំអិន​ដោយ​ខ្ទិះ​ដូង ហើយ​លាយ ឬ បុក​ជា​មួយ​គ្រឿង​ផ្សំ​ឯ​ទៀត តាម​​ទម្លាប់​ស្រុក ។ គេ​រៀប​បាយ​បិណ្ឌ នៅ​ជុំវិញ​បាយ​បត្ត​បូរ​ បាយ​បត្ត​បូរ​ ក៏​ធ្វើ​ដូច​ជា​បាយ​បិណ្ឌ​ដែរ គ្រាន់​តែ​ពូត ​ជា​ពំនូត​ធំ ៗ មាន​កំពូល​ស្រួច​ហើយ​គ្រប​ដោយ​សាជី​ស្លឹក​ចេក និង មាន​ដោត​ទៀត​ធូប​ភ្ញី​ផ្កា​ជា​លំអ​ផង ។ តាម​ទម្លាប់​នៅ​ថ្ងស​កាន់​បិណ្ឌ​ទី ១ គេ​ដាក់​បាយ​បិណ្ឌ​តែ ១ ពំនូត​ទេ ។ ហើយ​គេ​ចេះ​តែ​ថែម ១ ថ្ងៃ ១ ដុំ លុះ​ត្រា​តែ​គ្រប់ ១៥ ដុំ ។ ប៉ុន្តែ​មាន​ស្រុក​ខ្លះ មាន​ទំនៀម​ធ្វើ​ប្លែក​ពី​នេះ ភូមិ​ខ្លះ គេ​ធ្វើ​បាយ​ធ្វើ​បាយ​បិណ្ឌ​តែ ៥ ទេ ដេល​គេ​ទុក​ជា​និមិត្ត​រូប​ព្រះ​ពុទ្ធ ទាំង ៥ ព្រះ​អង្គ​ប្រចាំ​កប្ប​យើង​នេះ ។ នៅ​ភូមិ​ខ្លះ​ទៀត, ជុំ​វិញ​ជើង​បាយ​បត្ត​បូរ ​មាន​ដាក​បាយ​កន្ទោង ៨ ផង ហើយ​កន្ទោង​និមួយ ៗ មាន​តាំង​ពី​បាយ ១ ដុំ ដល់​ ១៥ ដុំ ។ កន្ទោង​បាយ​ទាំង ៨ នោះ គេ​ទុក​បម្រុង យក​ទៅ​ដាក់​ជុំវិញ ព្រះ​វិហារ​គ្រប់​ទិស​ទាំង​ប្រាំបី ។ តាម​ទម្លាប់ ជា​ធម្មតា គេ​ត្រូវ​ទុក​បាយ​បត្តបូរ​នៅ​ទី​វត្ត​, ឯ​បាយ​បិណ្ឌ គេ​ត្រូវ​នាំ​យក​ទៅ ផ្ទះ ដើម្បី​នឹង​ប្រើ​ការ​នៅ​ពេល​ដែល​គេ​បញ្ចប់​បុណ្យ​នេះ ។ ក្រៅ​ពី​បាយ​បិណ្ឌ និង បាយ​បត្ត​បូរ គេ​មាន​ធ្វើ​ផ្កា​បិណ្ឌ ដែល​មាន​បាច់​ផ្កា ១ រាង​ដូច​សាជី​ជ្រុង ថែម​ទៀត ។ ផ្កា​បិណ្ឌ​មាន​ឆ្អឹង កណ្ដាល​ធ្វើ​អំពី​ឫស្សី កំពស់​ប្រហែល​ជា ១​ម. មាន​ស៊ក​កង់​ឈើ​មូល ៗ ជា​ថ្នាក់​រាង​ធំ​ក្រោម រៀវ​តូច​ទៅ​លើ ។ នៅ​កន្លែង​កង់​ជា​ថ្នាក់ ៗ នោះ​មាន​ដោត​ផ្កា​ញ័រ ធ្វើ​ដោយ​ស្ពាន់​ក្រាប​នឹង​ក្រដាស​គ្រប់​ពណ៌ ដោយ​នៅ​ចុង​ទង់ ធ្វើ​ដោយ​ខ្សែ​លួស តែ​កាល​ណា​មាន​ខ្យល់​បក់​មក សូម្បី​​តិច​យ៉ាង​ណា ក៏​អាច​ធ្វើ​ផ្កា​ទាំង​នោះ ឲ្យ​រញ្ជួយ​ញ័រ​ ៗ ដែរ នៅ​កំពូល​ស៊ុម ផ្កា​នោះ​មាន​រូប​ហ្ស​តូច​មួយ​ធ្វើ​ដោយ​ឈើ នៅ​លើ​ខ្នង​ហង្ស​មាន​ដោយ​ទៀន ១ ផង ។ នៅ​វត្ត​ខ្លះ ពួក​ទាយក ទាយិកា នាំ​គ្នា​ផ្លាស់​ទៀន​នេះ រាល់​យប់ ។គេ​ធ្វើ​ផ្កា​បិណ្ឌ ដើម្បី​ឧទ្ទិស​បូជា​ដល់​ប្រះ​ចូឡា​មណី​ចេតិយ នៅ​ឯ​ឋាន​ត្រៃត្រឹង្ស ដែល​ជា​ទី​តម្កល់​ព្រះ​កេសា​នៃ​ព្រះ​បរម​សាស្ដា ​ដែល​ទ្រង់​បាន​កាត់​នៅ​ពេល​ដែល​ទ្រង់​ចេញ​សាង​ព្រះ​ផ្នួស ។ ចាប់​តាំង​ពី​ថ្ងៃ​ពេញ​បូរមី ខែ​ភទ្របទ​មក ទាយក ទាយិកា នាំ​គ្នា​ទៅ​ប្រជុំ​នៅ​ទីសាលា​វត្ត ដែល​គេ​វាន​ចាត់​ចែង រៀប​ចំ​លំអរ ជា​ស្រេច​សម្រាប់​បុណ្យ ដើម្បី​ស្ដាប់​ព្រះ​សង្ឃ​សូត្រ​មន្ត និង សំដែង​ធម្មទេសនា ។ លុះ​ចប់​ធម៌​ទេសនា ហើយ​គេ​នាំ​គ្នា​ត្រឡប់​ទៅ​កាន់​ទីលំនៅ​រៀង ៗ ខ្លួន​ដល់​ថ្ងៃ​បន្ទាប់​មក​ ទើប​នាំ​គ្នា​ក្រោកពី​យប់​ទី​ប្រជុំ​នៅ​ឯ​ទី​វត្ត​ទៀត ។អ្នក​ណា​ទៅ​ដល់​វត្ត​មុន​គេ អ្នក​នោះ ទូង​ស្គរ​ជា​សញ្ញា ដល់​​អ្នក​ជើង​វត្ត​ឯ​ទៀត ។ ពេល​ឮ​សញ្ញា​ស្គរ​វត្ត​ហើយ គេ​ប្រញាប់​ប្រញាល់​នាំ​បាយ​បិណ្ឌ បាយ​បត្ត​បូរ និង ម្ហូប​ចំណី​ផ្សេង ៗ ទៅ​កាន់​វត្ត​យ៉ាង​រួសរាន់ ។ ដល់​ហើយ​នាំ​គ្នា​ដើរ​ទក្ខិណាព័ត៌​ព្រះ​វិហារ ៣ ជុំ រួច​ទើប​នាំ​គ្នា​ចូល​ទៅ​ស្ដាប់​ព្រះសង្ឃ​​ស្វាធ្យាយ​ធម៌ ។ ធម៌​ដែល​ព្រះ​សង្ឃ​សូត្រ​នៅ​ពេល​នោះ​មាន ២ យ៉ាង, ធម៌​មួយ​យ៉ាង សម្រាប់​ឧទ្ទិស​គ្រៀង​សំណែន​ដល់​ខ្មោច ធម៌​មួយ​ទៀត សម្រាប់​តឿន​ព្រះ​អាទិត្យ​ឲ្យ​រះ​ឆាប់​ឡើង ។ព្រលឹមឡើង អ្នក​វេន​រៀប​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ស្រស់​ស្រូប​ហើយ ទើប​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ យក​ទាំង​បាយ​បិណ្ឌ​ទៅ​ផង ។ ដល់​ថ្ងៃ​ជិត​ត្រង់ ទើប​នាំ​គ្នា​យក​ចង្ហាន់ ទៅ​ប្រគេន​ព្រះសង្ឃ​ឆាន់​ត្រង់​ម្ដង​ទៀត ។ គេ​ធ្វើ​ដូច្នេះ​រហូត​ដល់​គ្រប់ ១៥ ថ្ងៃ ។ ថ្ងៃ​ទី ១៥ នេះ​ហើយ​ដែល​ជា​ថ្ងៃ​សំខាន់​ជាង​គេ ។ ពិធី​ក្នុង​ព្រះ​បរម​រាជវាំងៈ នៅ​ព្រះ​បរម​រាជវាំង ព្រះ​មហាក្សត្រ​ខ្មែរ​តែង​ធ្វើ​ព្រះ​រាជកុសល​កាន់​បិណ្ឌ​ជា​ទម្លាប់​មក ចាប់​តាំង​ពី​ថ្ងៃ ១១ រោច ។នៅ​ពេល​នេះ យើង​សូម​ជូន​អំពី​ ព្រះរាជ​ពីធី​យ៉ាង​សង្ខេប, ព្រោះ​ថា​ក្រៅ​អំពី​ការរុងរឿង អធិកអធម​ក្នុង​ការ​រៀប​ចំ​ពិធី ពុំ​មាន​ទំនៀម​ប្លែក​ប៉ុន្មាន​អំពី​ទំនៀម​រាស្ត្រ​ឡើយ ។ខាង​ទំនៀម​ព្រះ​មហាក្សត្រ ធ្វើ​ផ្កា​បិណ្ឌ​ច្រើន​ជាំង​នៅ​ទី​ដទៃ ព្រោះ​គេ​ធ្វើ​ជំនួស​បាយ បត្តបូរ​យើង​ធម្មតា ។ ផ្កា​បិណ្ឌ​ដែល​ប្រើ​ក្នុង​ព្រះ​រាជ​ពីធី ក៏​មាន​រាង​ធំ​ក្រោម​ ស្រួច​លើ​ដែរ ប៉ុន្តែ​នៅ​ចន្លោះ​ផ្កា​ញ័រ​ មាន​ដោត​ក្បាច់​កញចាំង​ឆ្លាក់​ភ្ជាប់ នឹង​សាច់​អំពៅ​ព្រោះ​តែ​ម្ដង ហើយ​នៅ​ថ្នាក់​ក្រោម​បង្អស់​មាន​ដោត​ទង់​រូប​ក្រពើ និង ទង់​រូប​នាគ​ធ្វើ​ដោយ​ស្ពាន់​ក្រាប ។ ព្រះ​រាជ​ពិធី​តែង​ធ្វើ​នៅ​ក្នុង​ព្រះ​ទេវា​វិនិច្ឆ័យ, នៅ​លើ​តុ​​មួយ​គេ​តំកល់​ប្រះ​ពុទ្ធ​រូប ១ អង្គ​ដែល​គេ​បាន​អភិសេក​ពី​ឆ្នាំ​មុន​រួច​ហើយ ដល់​ថ្ងៃ​បង្ហើយ​បុណ្យ គេ​ត្រូវ​អភិសេក​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ​ថ្មី​ទៀត ។ នៅ​ថ្ងៃ​ ១១ រោច ដែល​ជា​ថ្ងៃ​ផ្ដើម​បុណ្យ ព្រះ​សង្ឃ​ចំរើន​ព្រះ​បរិត្ត​នៅ​ក្នុង​ព្រះ​ទីនាំង​ទេវា​វិនិច្ឆ័យ ។ ស្អែក​ឡើង​គឺ​ថ្ងៃ​ ១២ រោច ព្រះ​សង្ឃ​ត្រូវ​និមន្ត​តាំង​ពី​ម៉ោង ៤ ភ្លឺ​ដើម្បី​ស្វាធ្យាយ ធម៌​រហូត​ដល់​ម៉ោង ១០ ទើប​ក្រុម​សង្ឃ​ការី រៀប​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ​ការី​រៀប​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ឆាន់ ។ វេលា​រសៀល ថ្ងៃ​ដដែល ត្រូវ​វេន​ព្រះ​សង្ឃ​ដ៏​ទៃ​ទៀត ទៅ​បំពេញ​កិច្ច​ដូច​ថ្ងៃទី ១ ដែល​យើង​បាន​ពោល​រួច​មក​ហើយ ។ ថ្ងៃ ១៣ រោច ពិធី​ដែល​ធ្វើ​តាំង​ពី​រសៀល​ថ្ងៃ​នេះ ទៅ​ទល់​នឹង​ព្រឹក​ថ្ងៃ​ស្អេក​ទៀត ជា​ពីធី​ថ្វាយ​ព្រះ​រាជ​កុសល​ចំពោះ​ព្រះ​អតីត​មហាក្សត្រ​ទាំង​ឡាយ ជា​ពិសេស​គឺ​ប្រះ​រាជា ៥ ព្រះអង្គ​ដែល​ទ្រង់​សោយ​ទីវង្គត​ក្រោយ​គេ គឺ​ព្រះ​ករុណា ព្រះ​អង្គឌួង ព្រះ​ករុណា​ព្រះ​នរោត្ដម ព្រះ​ករុណា​ព្រះ​ស៊ីសុវត្ថិ ព្រះ​ករុណា​ព្រះ​មុនីវង្ស និង ព្រះ​ករុណា​ព្រះ​សុរាម្រិត ។ នៅ​ថ្ងៃ ១៤ រោច ព្រះ​ករុណា, ព្រះ​រាជវង្សានុវង្ស ស្ដេច​ចេញ​ជា​ព្រះ​រាជា​ធិបតី​ជា​មួយ នឹង​នាម៉ឺន​សព្វ​មុខ​មន្ត្រី ។បន្ទាប់​មក គេ​និមន្ត​ព្រះសង្ឃ​បង្សុកូល គឺ​ជា​ការ​ពិចារណា​ដល់​ភាព​ឥត​ខ្លឹម​សារ​នៃ​មនុស្ស​ជាតិ និង ជា​កិច្ច​​បញ្ជូន​កុសល​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ឲ្យ​បាន​រំដោះ​ផុត​ពី​ទុក្ខ​វេទនា ។ នៅ​វេលា​លោក​សង្ឃ​កំពុង​សូត្រ​គេ​យក​អំបោះ​ឆៅ​ប្រគេន​ព្រះសង្ឃ​គ្រប់​អង្គ​កាន់ ហើយ​យក​ចុង​សរសៃ​អំពោះ​ម្ខាង​ដាក់​ទៅ​ក្នុង​ផ្តិល​ទឹក​មន្ត​មួយ ។ ដែល​តម្កល់​នៅ​មុខ​ព្រះសង្ឃ​នាយក ហើយ​ចុង​ម្ខាង​ទៀត យក​ទៅ​ដាក់​ព័ទ្ធ​​ជុំវិញ​ហោព្រះ​អដ្ឋិ​ឯ​ណោះ ។ អំពោះ​នៅ​ជា​និមិត្ត​រូប​នៃ​ការ​ចម្លង​កម្លាំង​ធម៌ ខាង​សាសនា​ពី​អ្នក​រស់​នៅ​ទៅ​កាន់​អ្នក​ស្លាប់ ។ រួច​ពី​នោះ​មក ព្រះ​ករុណា​ទ្រង់​យក​បាច់​ផ្កា​ទៅ​ថ្វាយ​ចំពោះ​ព្រះ​បរម​រូប រូប​ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ​ចូល​ថ្វាយ​ផ្កា និង ថ្វាយ​បង្គំ​ព្រះ​បរម​រូប ជា​បន្ទាប់​ក្រោយ​ព្រះ​អង្គ ។ ត​មក​ទៀត ក្រុម​បារគូ​ចូល​ទៅ​​សូត្រ​ប្រសិទ្ធិពរ​ថ្វាយ​ព្រះ​បរម​រូប រូប​ចាង​ហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ ថ្វាយ​​ព្រះ​រាជ​កុសល​ចំពោះ​ព្រះ​បរម​រូប​ទៀត ដើម្បី​សូម​ព្រះ​អង្គ​បាន​ប្រកប​ដោយ​ព្រះ​សុភមង្គល​គ្រប់​យ៉ាង​ក្នុង​បរលោក ។ នៅ​ម៉ោង ៩ យប់ ព្រះ​ករុណា​ទ្រង់​យាង​មក​ជួប​ជុំ​ និង ព្រះ​រាជ​វង្សានុវង្ស ចៅ​ជិត​ចៅ​ចម ព្រម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី ម្ដង​ទៀត​ដើម្បី​ធ្វើ​ពិធី​ “ ​ប្រជុំ​បិណ្ឌ​” ។ នៅ​ឱកាស​នោះ ព្រះ​ខ័ន​ស្ដេច​ត្រាញ់​ទាំង ៤ ក៏​ត្រូវ​អញ្ជើញ​មក​តម្កល់​ក្នុង​ពិធី​នោះ​ដែរ ។ សម័យ​បុរាណ តែ​កាល​ណា​ព្រះ​រាជ​អាណាចក្រ​ត្រូវ​បាន​រីក​ធំ​ឡើង ព្រះ​ករុណា​ទ្រង់​ជ្រើស​តាំង ព្រះ​រាជ​វង្សា​នុវង្ស ១ អង្គ ជា​ស្ដេច​ត្រាញ់​ដើម្បី​គ្រប់​គ្រង​តំបន់​ដែល​នៅ​ជិត​ព្រំ​ប្រទល់ ។ កាល​នោះ មាន​តែ​ស្ដេច​ត្រាញ់​បួន​ទេ ប្រចាំ​ទិស​ទាំង​ ៤ នៃ​ព្រះ​នគរ ។ ព្រះ​អង្គ​ទ្រង់​ព្រះរាជទាន ​មកុដ ១ ព្រះ​ខ័ន ១ និង ត្រា ១ ដល់​ស្ដេច​ត្រាញ់​ទាំង​នោះ មួយ​គ្រឿង ៗ មួយ​អង្គ ។ ប៉ុន្តែ​មកុដ និង ត្រា​បាត់​បង់​អស់​ទៅ​ហើយ នៅ​សល់​តែ​ព្រះ​ខ័ន ដែល​មាន​ពួក​បាគូ​មួយ​ក្រុម នៅ​វត្ត​បារាយណ៍​ក្នុង​ខេត្ត​កំពង់​ធំ នៅ​រក្សា​ដល់​សព្វ​ថ្ងៃ​នេះ ។ ព្រះ​ខ័ន ទាំង​បួន​មាន​សភាព​ដូច​គ្នា នៅ​លើ​មុខ​ព្រះខ័ន មាន​ឆ្លាក់​មន្ត​អាគម​ផង ហើយ​នៅ​លើ​ដង​មាន​ឆ្លាក់​​រូប​សត្វ​ ៤ បែប ។ សត្វ​ទាំង​ ៤ បែប​នោះ ទំនង​ជា​តំណាង​ចតុ​ទិស​នោះ​ឯង ។ ដោយ​ហេតុ​ថា​សម័យ​មុន ពួ​ស្ដេច​ត្រាញ់​ទាំង ៤ ត្រូវ​ចូល​ខ្លួន​ទៅ រាជ​ធានី ដើម្បី​គោរព​បូជា​ចំពោះ​វិញ្ញាណ​ក្ខ័ន្ធ នៃ​បុព្វបុរស របស់​ខ្លួន ទើប​ព្រះ​ខ័ន ទាំង​បួន ដែល​ជា​តំនាង​ស្ដេច​ត្រាញ់ ក៏​ត្រូវ​យក​មក​តម្កល់ ក្នុង​រាជ​ពិធី​ថ្វាយ​ព្រះ​រាជ​កុសល​នោះ​ដែរ ។ ក្រៅ​ពី​នោះ មាន​តុ​ពីរ​ទៀត នៅ​ចំ​ពី​មុខ​កន្លែង តម្កល់​ព្រះ​បរម​រូប ។ តុ​មួយ​មាន​គ្រឿង​ប្រដាប់​សុទ្ធ​សឹង​មាស គឺ​ជា​ដង្វាយ​ថ្វាយ ព្រះ​បិតរ​ចំពោះ​ព្រះ​សព​នៃ​ព្រះ​មហាក្សត្រ ទ្រង់​រាជ្យ ។ តុ ១ ទៀត​មាន​សុទ្ធ​តែ​គ្រឿង​ប្រាក់ ជា​ដង្វាយ​សម្រាប់​ថ្វាយ​ព្រះ​បិតរ ចំពោះ​វិញ្ញាណ​ក្ខ័ន្ធ នៃ​ព្រះ​រាជ​វង្សា​នុវង្ស ។ នៅ​ជិត​តុ​នោះ មាន​តុ​មួយ​តូច​មួយ​ទៀត តម្កល់​កែវ​ទឹក​ដូង ។ កាល​ព្រះ​ករុណា​ទ្រង់​យាង ដល់​ទី​ប្រជុំ​ហើយ ព្រះ​អង្គ​ទ្រង់​ព្រះ​រាជ​ទាន​ភ្លើង​អុជ​ទៀន គោល​ទាំង​គូ ដែល​ដាក់​នៅ​ចំពោះ​ព្រះ​ភក្ត្រ ព្រះ​បរម​រូប ។ បារ​គូ ៩ នាក់ សូត្រ​ថ្វាយ​ជ័យ​រួច​ចាក់​ទឹក​ស័ង្ខ​លើ​បាត​ព្រះ​ហស្ថ​ព្រះ​រាជា ហើយ​ថ្វាយ​ស័ង្ខ រួច​ថ្វាយ​ស្លឹក​ព្នៅ​ខ្ចី ១ សន្លឹក ដែល​ព្រះ​រាជា​ទ្រង់​ទទួល​សៀត​នៅ​ព្រះ​កាណ៌​ឆ្វេង ដើម្បី​សិរី​សួស្ដី ។ បន្ទាប់​មក​ទៀត ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ សូត្រ​បួងសួង​ព្រះ​បិតរ សូម​ឲ្យ​លោក​ទ្រទ្រង់​ព្រះ​មហា​ក្សត្រ និង រាស្ត្រ​ប្រជា​ ធំ​-តូច មាន​-ក្រ ដែល​រស់​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទាំង​មូល ទោះ​ជា​ជាតិ​សាស្ត្រ​ណា​ក៏​ដោយ សូម​ឲ្យ​បាន​សេចក្ដី​សុខ ចម្រើន​ទាំង​អស់ ។ លុះ​ចប់​កិច្ច​បួងសួង​ហើយ ព្រះ​ករុណា​ទ្រង់​យាង​ថ្វាយ​បង្គំ​ព្រះ​បរម​រូប​រួច​ទើប​ទ្រង់​យាង​ចាក់​ដូង​ជា​ក្រោយ ។ ត​មក​តៀត ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី ក៏​ចូល​ម្ដង ៤ នាក់ ៗ ដូច​មុន​ដែរ ។ បន្ទាប់​មក​ទៀត, ព្រះ​មហាក្សត្រីយានី​យាង​ចាក់​ទឹក​ដូង​តែ​មួយ​ព្រះ​អង្គ​ឯង រួច​ទើប​ក្រុម​ក្សត្រី ចៅ​ជិត ចៅ​ចម និង ភរិយា​​នាម៉ឺន​សព្វ​មុខ​មន្ត្រី ចូល​ចាក់​ទឹក​ដូង ម្ដង ៤ នាក់ ៗ ជា​លំដាប់​ ។ លុះ​ចប់​ពិធី​ចាក់​ទឹក​ដូង​ហើយ គេ​និមន្ត​ព្រះ​សង្ឃ​ទេសនា រឿង​ពុទ្ធ​ប្រវត្តិ រួច​រៀប​អភិសេក​ព្រះ​ពុទ្ធ​រូប​មួយ​ព្រះ​អង្គ នៅ​ក្នុង​យប់​ជា​មួយ​គ្នា​នោះ ។ នៅ​ទី​វត្ត​ទាំង​ឡាយ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ក៏​មាន​ធ្វើ​ពិធី​ដូច​គ្នា​នេះ​ដែរ ដែល​យើង​នឹង​ជូន​សេចក្ដី​អធិប្បាយ​ទៅ​ខាង​មុខ ។ ប៉ុន្តែ សូម​កត់​សម្គាល់​ថា ពិធី​ចាក់​ទឹក​ដូង និង បិធី​អភិសេក​ព្រះ​ពុធ្ធ​រូប តែង​ធ្វើ​នៅ​ព្រះ​បរម​រាជ​វាំង ២៤ ម៉ោង មុន​ទំនៀម​រាស្ត្រ​ក្នុង​ព្រះ​នគរ​ជា​ដរាប ។ព្រះ​សង្ឃ​សូត្រ​ពុទ្ធា​ភិសេក​ទល់​ភ្លឺ ។ លុះ​ភ្លឺ​ស្រាង ៗ ហើយ ពួក​ភ្នាក់​ងារ​យក​គ្រឿង​ផ្ទុក​ក្នុង​សង្ឃឹក​ឈើ​មួយ​តូច ដែល​មាន​ភាព​ដូច​ជា​តំណាក់​ផែ រួច​សែង​យក​ទៅ​ឯង​កំពង់​ផែ ទៅ​ដល់​គេ​ផ្ទេរ​គ្រឿង​ទាំង​នោះ​ដាក់​ទៅ​ក្នុង​ក្បូន​ដើម​ចេក ។ គេ​យក​ទូក ១ មក​សណ្ដោង​អូស​រហូត​ដល់​កណ្ដល់​ទន្លេ ៤ មុខ ទើប​លែង​ក្បូន​ឲ្យ​អណ្ដែត​ទៅ​តាម​ខ្សែ​ទឹក បញ្ជូន​ទាំង​វិញ្ញាណ​ក្ខ័ន្ធ ព្រះ​បិតរ​ទៅ​ស្រុក​ទេស​វិញ​ផង ។ លុះ​ត្រឡប់​មក​វិញ ពួក​ភ្នាក់ងារ​រៀប​ធ្វើ​ពិធី​បង្សុកូល និង ប្រគេន​ចង្ហាន់​សង្ឃ​ជា​ការ​ស្រេច ។ ក្នុង​ពេល​ជា​មួយ​នឹង​ព្រះ​រាជ​ពិធី​កាន់​បិណ្ឌ​ និង ភ្ជុំ​បិណ្ឌ ក្រុម​បារគូ​ក៏​ធ្វើ​ពិធី​បូជា​ចំពោះ​ទេវរូប​នៅ​នា​យោ​ព្រះ​បញ្ចក្សេត្រ​ដែរ ។ គេ​ធ្វើ​ពិធី​អញ្ជើញ​ទេវរូប​ទាំង​នោះ​ឲ្យ​ចេញ​វស្សា​ជា​មួយ​ផង ។ ទំនៀម​រាស្ត្រៈ ថ្ងៃ​ខែ​ដាច់​ខែ​ភទ្របទ ជា​ថ្ងៃ​សំខាន់​ជាង​​គេ​ក្នុង​រដូវ​បិណ្ឌ គឺ​ជា​ថ្ងៃ​ “ ​ប្រជុំ​បិណ្ឌ​” ឬ “ ​ភ្ជុំ​បិណ្ឌ​” ។មុន​ថ្ងៃ​ភ្ជុំ​ ជា​ថ្ងៃ​ភ្ជុំ​ធំ, នៅ​គ្រប់​គ្រួសារ​ខ្មែរ​គេ​នាំ​គ្នា​ធ្វើ​នំ​អន្សម នំ​គម ដើម្បី​យក​ទៅ​វត្ត​អារម ចែក​ញាតិ​មិត្ត​ជិត​ឆ្ងាយ និង សែន​ជីដូន​ជីតា ដែល​ធ្វើ​មរណ​កាល​ទៅ​ហើយ​នោះ ។ ចំនែក​នៅ​ឯ​វត្ត គេ​រៀប​ចំ​បោស​សំអាត​តុប​តែង​សាលា​បុណ្យ​ឲ្យ​សរម្យ តាម​របៀប ព្រោះ​នៅ​វេលា​យប់​ ១៤ រោច​នោះ ព្រះ​សង្ឃ​ត្រូវ​និមន្ត​ស្វាធ្យាយ​ធម៌ និង ទេសនា​ទល់​ភ្លឺ ហើយ​គេ​មាន​ធ្វើ​ពិធី​បង្សុកូល និង អភិសេក​ព្រះ​ពុទ្ធ​រូប ដូច​ជា​យើង​បាន​ពោល​មក​ហើយ​ក្នុង​ព្រះរាជ​ពិធី ។ មាន​រឿង​ដំណាល​ថា កាល​នោះ ព្រះ​បរម​ពោធិសត្វ​ទ្រង់​មាន​សេក្ដី​តក់​ស្លុត នឹង​ជរា​ព្យាធិ និង មរណៈជា​ពន់​ពេក ទ្រង់​យាង​ចាក​ភេទ​ជា​ក្សត្រ ដើម្បី​ទៅ​ស្វែង​រក​ព្រះ​និព្វាន​ជា​ឋាន​បរម​សុខ ។ ព្រះ​អង្គ​ទ្រង់​ធ្វើ​ទុក្ខ​កិរិយា​អស់​រយៈ​កាល ៦​ ឆ្នាំ ទាល់​តែ​មាន​ប្រះ កាយ​ស្គាំង​ស្គម​យ៉ាង​ខ្លាំង ប៉ុន្តែ​ក្រោយ​បន្តិច​មក ប្រះ​អង្គ​ទ្រង់​ពិចារណា​ឃើញ​ថា ការ​ដេល​ទ្រង់​ប្រព្រឹត្ត​នេះ មិន​អាច​ធ្វើ​ឲ្យ​សម្រេច​មគ្គ​ផល​បាន​ទែ ទើប​ព្រះ​អង្គ​ចាប់​ឆាន់​ចង្ហាន់​ឡើង​វិញ ។ ត​ពី​នោះ​មក ប្រះ​អង្គ​ក៏​ព្រម​ទទួល​ចង្ហាន់​ដែល​នាង​សុជាតា​បាន​ធ្វើ​​ដោយ​ផ្ចិត​ផ្ចង់​អស់​ពី​ចិត្ត​ថ្វាយ​ព្រះ​អង្គ ។ ព្រះ​អង្គ​ទ្រង់​បាន​សម្រេច​ព្រះ​សម្ពោធិញ្ញាណ នៅ​ពេល​ដែល​ព្រះ​អង្គ​ទ្រង់​គង្គ​នៅ​ក្រោម​ដើម​ពោធិព្រឹក្ស​មួយ ប៉ុន្តែ​មុន​នឹង​ទ្រង់​បាន​ត្រាស់​ដឹង មារា​ធិរាជ​ដែល​ជា​សត្រូវ តាម​ព្យាបាទ​ព្រះ​អង្គ​ជា​យូរ​ណាស់​មក​ហើយ ហើយ​ដោយ​សេចក្ដី​ក្ដៅ​ក្រហាយ​នឹង​បំបែរ​ព្រះ​ទ័យ​ព្រះ​អង្គ​ឲ្យ​ចុះ​អំ​ពី​រតន​បល្ល័ង្ក ។ ព្រះ​បរម​សា​ស្ដា​ទ្រង់​អាង​ដល់​នាង​គង្ហីង​ព្រះ​ធរណី ជា​កស្សិណ នាង​គង្ហីង​ចាង់​ផ្នួង​សក់​ច្បូត​ចេញ​ជា​ទឹក​លិចលង់​ពល​មារ​បរា​ជ័យ​ក្នុង​ពេល​នោះ​ហោង ។ ឯ​ទំ​នៀម​ធ្វើ​បុណ្យ អភិសេក​ព្រះ​ពុទ្ធ​រូប ជា​ទំនៀម​រំឭក​ដល់​​រឿង​ពុទ្ធ​ប្រវត្តិ ត្រង់​ដែល​ព្រះ​អង្គ​ផ្ចាញ់​មារាធិរាជ​នេះ​ឯង ។ ហេតុ​នេះ​ហើយ បាន​ជា​ក្នុង​ពិធី​ពុទ្ធា​ពិសេក​មាន​ក្មេង​ព្រហ្មចារី អង្គុយ​បក​ស្រូ​វ​ភោជសាលី និង ចំអិន​មធុបាយាស ដោយ​ទឹក​ដុង និង ភ្លើង​ទៀន​ជា​តំណាង​នាង​សុជាតា ។ ដល់​ពេល​ទៀប​ភ្លឺ មាន​យវជន​ជា​ច្រើន​រូប​តំណាង​ពល​មារ ចូល​ទៅ​ធ្វើ​អាការ​ហាក់​ជា​កំហែង​ព្រះ​អង្គ ពេល​នោះ​ពួក​កុមារី​បាន​ព្រាច​នូវ​ស្រទាប់​ផ្កា​ឈូក ជា​ការ​រំឭក​ដល់​កាល​ដែល​នាង​គង្ហីង​ធរណី​ច្បូត​សក់​បង្ហូរ​ទឹក​ឲ្យ​លិច​លង់​ពល​មារ ។ ពេល​ភ្លឺ​ស្រាង ៗ ទាយក​ទាយិកា នាំ​គ្នា​ត្រឡប់​ទៅ​កាន់​ទី​លំនៅ​រៀង ៗ ខ្លួន ទៅ​សំរាក​បន្តិច ដើម្បី​នឹង​ត្រឡប់​មក​កាន់​វត្ត​វិញ នៅ​ពេល​ថ្ងៃ​ជិត​ត្រង់ ។ជិត​ដល់​ពេល​ហើយ អ្នក​ស្រុក​ជើង​វត្ត​នាំ​គ្នា​ទូល​បាយ​បត្តបូរ បាយ​បិណ្ឌ​ម្ហូប​ចំណី​ផ្សេង ៗ ដែល​ធ្វើ​ដោយ​ផ្ចិត​ផ្ចង់​ទៅ​ប្រគេន​ព្រះ​សង្ឃ ដើម្បី​ឲ្យ​បាន​ផល​ដល់​ខ្មោច​ជីដូន​ជីតា ដែល​គេ​លែង​ឲ្យ​មក​ជួប​ជុះ​ក្នុង​ពេល​នោះ ។ នៅ​ស្រុក​ខ្លះ គេ​បង្វិល​ពពិល​បំបួស ដូន​ជី​មួយ​ផង នៅ​ឱកាស​នោះ ។ ពេល​ព្រលប់​ថ្ងៃ​ដដែល អ្នក​ស្រុក​ប្រមូល​ក្រុម​ញាតិ​នៅ​ផ្ទះ​រៀង​ខ្លួន ដើម្បី​សែន​ជីដូន​ជីតា ។ គេ​ក្រាល់​កន្ទេល ១ ដាក់​សំពត់​ស​ក្រាល​ពី​លើ មាន​ខ្នើយ ១ ផង នៅ​អម​កន្ទេល​ទាំង​សង្ខាង មាន​ថាស​ចំអាប បង្អែម បាយ​បិណ្ឌ និង បាយ​បត្តបូរ ។ លុះ​រៀប​ចំ​ស្រេច​កាល​នា មនុស្ស​ចាស់​ម្នាក់​ក្នុង​គ្រួសារ អុច​ធូប​ទៀន សំបូង​សំរូង អញ្ជើញ​ជីដូន​ជីតា ញាតិ​មិត្ត ដែល​បាន​ធ្វើ​មរណ​កាល​ទៅ​នោះ ឲ្យ​អញ្ជើញ​មក​សេព​សោយ អាហារ​ភោជន​ដែល​គេ​រៀប​ជូន និង ឲ្យ​សព្ទ​សាធុការ​ពរ ដល់​កូន​ចៅ​ញាតិ​សន្ដាន​ផង ។ ថ្ងៃ​ជា​បន្ទាប់​មក គឺ​ថ្ងៃ ១ កើត​ខែ​អស្សុជ គេ​ក្រោក​តាំង​ពី​យប់​នាំ​យក​ក្បូន​ដើម​ចេក ផ្ទុក​ដោយ​ស្បៀង​អាហារ ស្រូវ​អង្ករ នំ​នែក​គ្រប់​យ៉ាង យក​ទៅ​បណ្ដែត​ឲ្យ​រសាត់​តាម​ខ្សែ​ទឹក​ហូរ ហើយ​និយាយ​ថា សូម​ឲ្យ​ជីដូន​ជីតា​អញ្ជើញ​ត្រឡប់​ទៅ​ស្រុក​ដើម​វិញ​ចុះ ។ ក្នុង​ភូមិ​ខ្លះ​នៅ​ក្បែរ​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ដដែល​នោះ គេ​មាន​ថ្វើ​ពីធី​សេន ឬ​ ថ្វាយ​ព្រះ​ភូមិ​ផង ។ គេ​រៀប​ចំ​កន្ទេល​ខ្នើយ បាយ​ទឹក និង សំណែន​ផ្សេង ៗ ដូច​ជា​សែន​ដូនតា​ពី​ល្ងាច​ដែរ រួច​គេ​អញ្ជើញ​ព្រះភូមិ ព្រះ​ធរណី ឲ្យ​មក​សេព​សោយ​ព្រម​ទាំង​សុំ​ឲ្យ​កើត​ផល្លា​នុផល​បរិបូរ​ផង ។ ជួន​កាល បន្ទាប់​ពី​ការ​សែន​ព្រេន​ និង បួសងួង​នោះ​មក កូន​ក្មេង​ដែល​នៅ​ចាំ​ក្រោម​ផ្ទះ នាំ​គ្នា​ស្រែក​ហ៊ោ​កញ្ជ្រៀវ វាយ​សរសរ​ផ្ទះ​ក្ដុងក្ដាំង បណ្ដើរ​ថា “ ​ឱ ! ព្រះ​ភូមិ​ករ ព្រះ​ធរណី យាង​មក​ឲ្យ​យើង​សុខ​សប្បាយ​ហើយ​” រួច​នាំ​គ្នា​សើច​លាន់​យ៉ាង​សប្បាយ​ទៅ ។ បន្ទាប់​មក​ទៀត កេ​យក​អំពោះ​ឆៅ​ទៅ​ចង​ដៃ​ម្ចាស់​ផ្ទះ​ប្រុស​ស្រី ចង់​សរសរ​កន្ទោង ចង​ស្នែង​គោ​ក្របី នង្គ័ល និង រនាស់ ។ អំបោះ​នេះ ជា​និមិត្ត​រូប​នៃ​សម្ពន្ឌ​មួយ​យ៉ាង​តឹង​រ៉ឹង រវាង​ភ្ញៀវ​ចូល​មក​ជួប​ជុំ និង អ្នក​ផ្ទះ ។ គេ​យក​ប្រេង ម្សៅ​ទៅ​លាប​ស្នែង​សត្វ​ពាហនៈ​ទាំង​នោះ ហើយ​សុំ​ខមា​ទោស កុំ​ឲ្យ​មាន​កម្មពៀរ ដោយ​បាន​ប្រើ និង វាយ​ដំ​សត្វ​នោះ ក្នុង​ការ​ធ្វើ​ស្រែ​ចំការ ។ រួច​អ្នក​ស្រែ​ចំការ​ នាំ​គ្នា​យក​ច្រម​ទៅ​ដោត​មួយ ៗ គ្រប់​រែស ។ ច្រម​នោះ​ធ្វើ​អំពី​ដើម​ឫស្សី​មួយ​កំណាត់ គេ​ច្រៀក​ចុង​ម្ខាង​ជា​បន្ទះ​ស្ដើង ៗ ហើយ​យក​វល្លិ៍​ក្រង​ឲ្យ​មាន​រាង​រីក​ចុង​រួម​គល់ ដូច​ជីវ​ឡាវ មាន​ដាក់​បាយ​ នំ ចំណី និង ចង​ស្លាប​មាន់​ខ្មៅ ១ នៅ​មាត់​ច្រក​នោះ​ផង ។ អ្នក​ស្រែ​យក​ច្រម​នោះ​ទៅ​ដោត​នៅ​ទិស​ឥសាន​ស្រែ ហើយ​ថយ​មក​អង្គុយ បួង​សួង​មួយ​សន្ទុះ សុំ​ឲ្យ​ធ្វើ​ស្រែ​បាន​ផល​ច្រើន ។ នៅ​កន្លែង​ខ្លះ​ទៀត គេ​យក​បាយ​បិណ្ឌ​ទៅ​ចោល​ក្នុង​ស្រែ​ដើម្បី​ឲ្យ​បាន​ផល​ច្រើន ។ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/253/____________________________________.jpg
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ៤៧,៥៦៣ ដង)
តាម​អដ្ឋកថា​សំដៅ​យក​ព្រះពុទ្ធដីកា ដែល​ព្រះពុទ្ធ​ទ្រង់​បាន​បញ្ញត្តិ​ទុក​មក​ថា​កឋិន​គឺ​ការប្រជុំ​រួម​នូវ​រូបធម៌ និង​នាមធម៌ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​អត្ថន័យ​ពីរ​យ៉ាង​គឺៈ រស់​បាន​ដោយ​កម្រ ​សម​ដូច​វិគ្គហៈ​ថា “កថតិ កិច្ឆេន ជីវតីតិ កឋិនោ“​។ ប្រែ​ថា “សភាវៈ​ឯណា​រស់​បាន​ដោយ​កម្រ សភាវៈ​នោះ​ហៅថា​កឋិន​ព្រោះ​លោក​ប្រៀបប្រដូច​ជា​ឈើ​ស្នឹង ដែល​បុគ្គល​កាត់​ចាកចេញ​ពី​ដើម ហើយ​យក​ទៅ​បោះភ្ជាប់​នឹង​ដី​រមែង​ដុះ​លូតលាស់​ឬ​រស់នៅ​បាន​ដោយ​កម្រ​យ៉ាងណា​ឯ​កិច្ច ដែល​នឹង​កើតឡើង ឬ​តាំង​ឡើង​ជា​កឋិន​ពេញទី គឺ​បាន​ដោយ​កម្រ​ពន់ពេក​ណាស់​ក៏​យ៉ាង​នោះ​ដែរ“​។ ពោល​សរសើរ​ព្រោះ​ចីវរ​ទាន ដែល​យើង​កសាង​ជា​កឋិន​នោះ ជា​ទាន​វិសេស​ជាង​ទាន​ដទៃ ដែល​ព្រះអរិយ​ទាំងឡាយ​មាន​ព្រះសម្ពុទ្ធ ជា​ប្រធាន​តែង​ពោល​សរសើរ​ថា​ជា​ទាន​ដ៏​វិសេស​អាច​រួបរួម ឬ​ក៏​សង្គ្រោះ​នូវ​អានិសង្ស​៥​យ៉ាង​របស់​ភិក្ខុ​អ្នក​ក្រាលគ្រង​មិន​ឱ្យ​ទៅ​គ្រង​នៅ​ទី​ដទៃ​បាន​។ សម​ដូច​វិគ្គហៈ​ថា​ “បញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វា កឋិតិ សង្គណ្ហាតីតិ“​។ ប្រែ​ថា​“ធម្មជាតិ​ឯណា​ក្រៀក​ទុក​ឬ​សង្គ្រោះ​នូវ​អានិសង្ស​ទាំង​៥​យ៉ាង​មិន​ឱ្យ​ទៅ​ក្នុង​ទី​ដទៃ​បាន ធម្មជាតិ​នោះ​ឈ្មោះ​ថា​កឋិន“​ ។ កឋិន​នេះ​អាច​ឱ្យ​សម្រេច​ដល់​បុគ្គល​ទាំងពីរ​ផ្នែក​គឺៈ ទាយក ឬ​ទាយិកា គឺជា​អ្នក​ឱ្យ​។ ជន​នោះ​រមែង​ទទួល​អានិសង្ស​ច្រើន ទទួល​ផល​ច្រើន ក្នុង​អនាគតកាល មាន​ការ​ទទួល​នូវ​សម្បត្តិ​ក្នុង​ឋាន​ទេវលោក​ជាដើម​ ។ បដិគ្គាហកៈ ភិក្ខុ ឬ បុគ្គល ឬ សង្ឃ ជា​អ្នកទទួល​ក្រាលគ្រង និង​អនុមោទនា​កឋិន​ត្រូវ​បាន​សម្រេច​នូវ​អានិសង្ស ៥​យ៉ាង​ពេញលេញ គ្រប់គ្រាន់ ដរាប​ដល់​រយៈកាល​នៃ​កឋិន​ខេត្ត​។ ពិធី​ដែល​ទាយក-ទាយិកា នាំ​យក​សំពត់​កឋិន​ទៅ​ប្រគេន​ចំពោះ​ភិក្ខុសង្ឃ ដែល​បាន​គង់​ចាំវស្សា អស់​មួយ​ត្រីមាស (៣ខែ) ក្នុង​អាវាស (វត្ត) ណាមួយ និង​នៅ​ពេលណា​មួយ​ក្នុង​កំណាត់ ២៩​ថ្ងៃ (ចាប់ពី​ថ្ងៃ ១​រោច ខែ​អស្សុជ​រហូតដល់​ថ្ងៃ​១៥​កើត​ពេញ​បូណ៌មី​ខែ​កត្តិក) ឱ្យ​លោក​ក្រាលគ្រង​មាន​ឈ្មោះ​ថា​“បុណ្យកឋិន“ ឬ “កឋិនទាន“​។ ដោយ៥០០០ឆ្នាំ
images/articles/246/2026-07-22_07_59_51-_New_Text_D____Notepad.jpg
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ១៣៧,៩៥៩ ដង)
សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់​ទី​១ នៃគណៈមហានិកាយ នៃ​ព្រះរាជអាណាចក្រកម្ពុជា ព្រះ​អង្គ​​ស្ដេច​ចាប់​មាន​អាពាធ​ និង​​សោយ​ព្រះ​ទិវង្គត​​នៅ​ឯ​ព្រះ​រាជ​ដំណាក់​ព្រះ​អង្គ នា​វត្ត​ឧណ្ណាលោម នា​យប់​ថ្ងៃ​​​ព្រហស្បតិ៍ ១៤​កើត ខែ​ភទ្របទ ឆ្នាំ​រកា ឯក​ស័ក ព.ស.​២៥១៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែ​​កញ្ញា ឆ្នាំ​១៩៦៩ វេលា​ម៉ោង​២០ និង​២០​នាទី​។ ក្នុង​ពេល​ដែល​សម្ដេច​ព្រះសង្ឃរាជ​សោយ​ទិវង្គត​ភ្លាម​នោះ ព្រះសង្ឃ​ច្រើន​អង្គ មាន​ព្រះ​សិរិវិសុទ្ធ ម៉ី​យ៉ាំ និង​ព្រះ​ឥន្ទមុនី ឆាយ ថន ជា​ដើម ព្រម​ទាំង​លោក ម៉ា អុក គិលានុ​បដ្ឋាក ក៏​នៅ​កំដរ​ជាមួយ​ដែរ មាន​ចិត្ត​រំជួល ញាប់ញ័រ ស្រឡាំងកាំង ស្ទើរ​ភាន់​ភាំង​​ស្មារតី បាន​ចាត់​ការ​ផ្សាយ​ដំណឹង​ទិវង្គត ដល់​ព្រះ​សង្ឃ​ក្នុង​វត្ត​ភ្លាម អង្គ​ខ្លះ​ក៏​រត់​ទៅ​ប្រគេន​ដំណឹង​នេះ​ដល់ សម្ដេច​ព្រះ​ពោធិវ័ង្ស។ ព្រះ​សិរិវិសុទ្ធ ម៉ីយ៉ាំ ក៏​ទូរស័ព្ទ​ទៅ​លោក​​វេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅ​ព្រះរាជ​ដំណាក់​ចម្ការមន ទៅ​ក្រសួង​ធម្មការ ទៅ​សាលា​​ក្រុង ទៅ​ស្នងការដ្ឋាន​ប៉ូលីស​ភ្លាម លោក​អង្គ​ខ្លះ​ក៏​យក​ដំណឹង​ទៅ​វត្ត​ឯ​ទៀត​ៗ​ក្នុង​​ក្រុង​ភ្នំពេញ។ នៅ​ម៉ោង​២១​កន្លះ នា​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ១៩៦៩ ក្រោយ​ពេល​ដែល​សម្ដេច​ព្រះ​សង្ឃ​រាជ​ទ្រង់​សោយ​​ព្រះ​ទិវង្គត​ចំនួន​១​ម៉ោង សម្ដេច​សហ​ជីវិន​ព្រះ​ប្រមុខ​រដ្ឋ​ (ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​) ទ្រង់​ស្ដេច​យាង​មក​គោរព​ព្រះ​បរម​សព ដោយ​ទ្រង់​ព្រះ​កន្សែង​ស្ដាយ​ស្រណោះ​ដល់​ព្រះ​បរម​កិច្ច​គ្រប់​យ៉ាង​ដែល​សម្ដេច​ព្រះ​សង្ឃ​រាជ​ទ្រង់​បាន​បំពេញ​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​ចំពោះ​ជាតិ និង​ចំពោះ​រាជ​បល្លង្ក ដោយ​ព្រះ​មហា​វិរិយ​ភាព​ជាប់​​មិន​ដាច់ លុះ​ត្រា​អវសាន​នៃ​ព្រះ​ជន្ម​​។ សម្ដេច​សហជីវិន​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​មាន​ព្រះ​រាជ​បន្ទូល​ថា សម្ដេច​ជា​ព្រះ​បរម​គ្រូ​នៃ​ខ្ញុំ ព្រះ​អង្គ​ទ្រង់​សោយ​ទិវង្គត ក្នុង​ពេល​កំពុង​ប្រតិបត្តិការ ហាក់​បី​ដូច​ជា​មេ​ទ័ព​បាត់​បង់​ជីវិត​ក្នុង​សមរ​ភូមិ​​។ ដំណាល​គ្នា​នេះ សម្ដេច​ព្រះ​មហាក្សត្រីយានី ជា​អម្ចាស់​ជីវិត ក៏​ទ្រង់​ចាត់​អ្នក​អង្គ​ម្ចាស់​នាយក​ក្រសួង​នានា ក្នុង​ព្រះ​បរម​រាជ​វាំង ជា​ព្រះរាជ​តំណាង​មក​ថ្វាយ​បង្គំ​ព្រះ​បរម​សព​ និង​ជា​ហូរ​ហែ​សេនា​មន្ត្រី​រាជការ​ធំ​ៗ​ក្នុង​ព្រះ​នគរ​ក៏​បាន​យាង និង​អញ្ជើញ​ដល់​​វត្ត​ឧណ្ណាលោម ក្នុង​វេលា​រាត្រី​១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​នោះ សុទ្ធ​តែ​មាន​មុខ​ស្រពោន ក្រៀមក្រំ​គ្រប់​ៗ​គ្នា ដោយ​សេចក្ដី​សោក​ស្ដាយ​ចំពោះ​សម្ដេច​ដ៏​ក្រៃលែង បាន​ចូល​មក​សម្ដែង​មរណ​ទុក្ខ សោកស្ដាយ ក្រៀមក្រំ រំជួល​ចំពោះ​ព្រះ​បរម​សព ដោយ​គ្រប់​គ្នា​ទាំង​អស់។ លំដាប់​ត​មក​ទៀត ក្នុង​ពេល​រាត្រី​នោះ​រវាង​ម៉ោង​២២-២៣ ចេះ​តែ​មាន​ពុទ្ធ​បរិស័ទ​ ទាំង​បព្វជិត ទាំង​គ្រហស្ថ និមន្ត​អញ្ជើញ​មក​កាន់​វត្ត​ឧណ្ណាលោម​រជយ​ៗ នាំ​គ្នា​ឈរ​ត្រៀបត្រា ពាស​ពេញ​ដី​បរិវេណ​ព្រះរាជ​ដំណាក់ ទាំង​អស់​លោក​អ្នក​រាជការ​ក្នុង​ក្រុង​ភ្នំពេញ មាន​លោក​អ្នក​ក្រសួង​ធម្មការ​ជា​ដើម បាន​នាំ​គ្នា​មក​ជា​លំដាប់​លំដោយ ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​ព្រះ​បរម​សព សុទ្ធ​តែ​មាន​ទឹក​មុខ​ជ្រប់​ស្រពោន​ស្ទើរ​តែ​គ្រប់​ៗ​គ្នា ខ្លះ​មាន​ជល​នេត្រ​ស្រក់​សស្រាក់​រក​ហា​និយាយ​ស្ដី​ពុំ​កើត ពេល​ជា​លំដាប់​មក​ទៀត ចេះ​តែ​មាន​ពុទ្ធ​បរិស័ទ ទាំង​គ្រហស្ថ បព្វជិត ធ្វើ​ដំណើរ​មក​កាន់​វត្ត​ឧណ្ណាលោម យ៉ាង​ណែនណាន់​តាន់តាប់​រហូត​ទាល់​តែ​ភ្លឺ។ ព្រឹក​ឡើង ថ្ងៃ​១៥​កើត ខែ​ភទ្របទ (២៦ កញ្ញា) អស់​លោក​ឥស្សរជន បាន​ប្រជុំ​តាំង​គណៈ​កម្មការ​មួយ​បណ្ដោះ​អាសន្ន​សម្រាប់​ចាត់​ការ​បុណ្យ​ព្រះ​បរម​សព​ត​ទៅ និង​​​តម្កល់​ទុក​តាម​ផ្លូវ​ការ​របស់​រាជ​រដ្ឋាភិបាល រួច​បាន​ព្រម​ព្រៀង​យក​ថ្ងៃ​១​រោច ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​១៩៦៩ ជា​កិច្ច​ធ្វើ​ទក្ខិណានុប្បទាន មាន​ទេសនា និង​វេរភត្ត រៀង​រាល់​យប់​ថ្ងៃ​ ចំនួន​៦​ខែ ក្រោម​ព្រះរាជ​ធិបតីភាព​នៃ​សម្ដេច​ព្រះ​មហាក្សត្រីយានី និង​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ រហូត​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​អង្គ នា​សម័យ​សាធារណ​រដ្ឋ​ខ្មែរ​៕​៚ ប្រភពដកស្រង់៖chuonnat.wordpress.com ដោយ៥០០០ឆ្នាំ
images/articles/245/202___wer.jpg
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ៩០,៥២១ ដង)
ខាង​ក្រោម​គឺ​ជា​វីដេអូ​ ដែល​លោកគ្រូ​អគ្គ​បណ្ឌិត ប៊ុត សាវង្ស បានសម្តែង​ប្រាប់​អំពី ជីវប្រវត្តិរបស់​ខ្លួន​ដោយ​សង្ខេប​ និង​សាច់ធម៌​ផ្សេង​ៗ ដែលខ្ញុំព្រះករុណា ខ្ញុំ​បាទ (ស្រុង ចាន់ណា) បាន​ស្រង់ចាក ខ្សែអាត់​ អាល់ប៊ុម​សម្តែងធម៌​ នៅ​រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក (សម្តែង​កាលពី​ ២៥ឆ្នាំ មុន) ។ សូម​ធ្វើការសន្តាប់​ដូច​តទៅ​៖ មើល​វីដេ​អូ​មិនឃើញ​ ចុច​ទីនេះ​ ដោយ៥០០០ឆ្នាំ
images/articles/2015/20_______________.jpg
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០២៦ (អាន: ២០,០២៩ ដង)
ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន.សែម ប្រសូតនៅថ្ងៃអាទិត្យ ៥ រោច ខែ មិគសិរ ឆ្នាំមមី ចត្វាស័ក ព.ស ២៤៨៥ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៤២ ក្នុងត្រកូល អ្នកកសិករ នៅ ភូមិវត្តបូណ៌ ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប ។ បច្ចុប្បន្ននេះគឺបរិវេណដីសណ្ឋាគារ Pansea នៅគល់ស្ពានថ្មវត្តរាជបូណ៌ ជាប់មាត់ស្ទឹង ។ ញោមប្រុស នាម ពិន.ប៉ូយ ញោមស្រីនាម យ៉ោក.សម មានបងប្អូន ៨ នាក់ ប្រុស ៦ ស្រី ២ ។ ព្រះអង្គ ជាបុត្រច្បងបង្អស់ ។ សព្វថ្ងៃនៅ សល់ប្អូនប្រុស ៤ នាក់ ប្អូនស្រី ២នាក់ ។ តាំងតែពីកុមារភាព ព្រះអង្គមានសទ្ធាជ្រះថ្លា ស្រឡាញ់ព្រះពុទ្ធសាសនាខ្លាំងណាស់ សូម្បីល្បែងធម្មតារបស់ក្មេងៗ មានលេងសី លេងហ៊ឹង ក៏ព្រះអង្គមិនចូលចិត្តដែរ គឺព្រះអង្គ មាននិស្ស័យតែរបៀបលេង បែបក្នុងពិធីសាសនា មានដូចជា លេងសូត្រធម៌ លេងធ្វើជាអាចារ្យ លេងធ្វើជាព្រះសង្ឃ ឬក៏លេងធ្វើម្ហូបអាហារ នំចំណី…ជាដើម ។ នៅឆ្នាំ ១៩៥០ ញោមប្រុស បានឱ្យចូលរៀននៅសាលាបឋមសិក្សា សៀមរាបក្រុង ។ បច្ចុប្បន្នគឺ វិទ្យាល័យ ១០មករា ។ ព្រះអង្គ បានរៀនអស់រយះពេល ៧ឆ្នាំ ។ ដល់ឆ្នាំទី ៧ ថ្នាក់សទីវកា គឺអស់ថ្នាក់ រៀនត្រឹមតែប៉ុណ្ណឹង នៅក្នុងខេត្តសៀមរាប នាសម័យនោះ ។ ព្រះអង្គបានសម្រេចចិត្ត ឈប់រៀន មកជួយធ្វើការងារ ផ្ទះសម្បែង ។ នៅឆ្នាំ ១៩៦២ ក្នុងជន្មាយុ២០ឆ្នាំ ព្រះអង្គបានចូលសាងព្រះផ្នូស ជាភិក្ខុភាវៈនៅក្នុង ព័ទ្ធសីមា វត្តរាជបូណ៌ ។ នៅឆ្នាំ ១៩៧៥ ក្រោយពេលដែល ព្រះអង្គសាងព្រះផ្នូសបាន ១៤ព្រះវស្សា សភាពការណ៍ស្រុកទេសប្រែប្រួល ត្រូវខ្មែរក្រហមចូលមក គ្រប់គ្រងប្រទេសកម្ពុជា ហើយព្រះអង្គក៏ត្រូវបានគេជម្លៀសចេញពីវត្តពីភូមិស្រុក ដូចព្រះសង្ឃ និង ប្រជាពលរដ្ធដទៃទៀតដែរ ការធ្វើដំណើរ កាលណោះគឺឆ្ពោះ ទៅទិសខាងកើតក្រុង សៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦ ទៅដល់ស្រុកជីក្រែង ដល់ផ្សារភូមិអូរ ឃុំសង្វើយ ហើយគេឱ្យចុះ ចេញពីថ្នល់ជាតិលេខ៦ ទៅតាមផ្លូវលំកាត់តាមភូមិអូរ ភូមិយាង ។ កាលនោះ ព្រះអង្គ បាននិមន្ត ទៅគង់នៅវត្តឫស្សីលក ដែលមានព្រះតេជព្រះគុណព្រះនាម លី ជាព្រះ គ្រូចៅអធិការវត្ត ។ សម័យនោះ ប្រជាពលរដ្ធ ត្រូវបានគេកំហិត ឱ្យធ្វើការ កំណត់របបអាហារ ការរស់នៅស្ថិតក្រោម ការកៀបសង្កត់ ត្រួតពិនិត្យតាមដានរាល់សកម្មភាព គ្រប់វិនាទី ។ ចំណែកព្រះសង្ឃក៏ ត្រូវក្រុមខ្មែរក្រហម បង្ខិតបង្ខំឱ្យលាចាកសិក្ខាបទ តាមកំណត់នៃច្បាប់ មហាជឿនលឿន មហាលោតផ្លោះរបស់ពពួក គេដែរ ។ មានព្រះសង្ឃជា ច្រើនរូប ត្រូវបាន ក្រុមនោះ ធ្វើទារុណកម្មតាមគ្រប់រូបភាព និងពិឃាត យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត ។ ក្រោយពីបាន លាចាកសិក្ខាបទដោយការបង្ខិតបង្ខំ ពីពួកខ្មែរក្រហមរួចមក លោកបណ្ឌិត បានអញ្ជើញ ទៅស្នាក់នៅជាមួយម្តាយធំ ដែលមានប្អូនប្រុសបង្កើតពីរនាក់ និងប្អូនស្រី ជីដូនមួយ អាស្រ័យនៅជាមួយគ្នា ។ មិនបានប៉ុន្មានផង ខ្មែរក្រហមបានយកប្អូន ប្រុសទាំងពីរ នោះទៅ សម្លាប់ចោលដោយមិនមានកំហុសអ្វីទាំងអស់ ។ សេចក្តី ក្រៀមក្រំនៅតែមានជាបន្តបន្តាប់ ព្រោះម្តាយធំគាត់មានជំងឺ ហើយបាន ទទួលអនិច្ចកម្មនៅចុង ឆ្នាំ ១៩៧៥ ។ បន្ទាប់មក លោកបណ្ឌិត បានអញ្ជើញទៅរស់នៅជាមួយអ្នកម្តាយ ការរស់ជួបជុំម្តាយ និងកូនមិនទាន់ ទាំងបានប៉ុន្មានផង ក្នុងរវាងឆ្នាំ ១៩៧៧ ត្រូវខ្មែរក្រហម ប្រមូលអ្នកជម្លៀសថ្មី ឱ្យទៅរស់នៅ មូលដ្ធានព្រៃប្រស់ ។ លោកបណ្ឌិត ត្រូវឃ្លាតពីអ្នកម្តាយម្តងទៀតដោយគេប្រាប់ថាចាស់ៗ គេនឹងបញ្ជូន ទៅតាមក្រោយ ។ លើកនេះគឺជាការ ព្រាត់ជាថ្មី ម្តងទៀត ហើយក៏ជាលើកចុងក្រោយបង្អស់ ពីព្រោះអ្នកម្តាយ ដ៏ជាគោរពស្រឡាញ់ របស់លោកបណ្ឌិត ត្រូវពួក ខ្មែរក្រហមសម្លាប់ បំបាត់ ជីវិតគ្មានសេចក្តីមេត្តាឡើយ ។ ចំណែកលោកបណ្ឌិតវិញ ការងារដែលត្រូវធ្វើក្នុង សម័យ នោះគឺគេឱ្យជា អ្នកឃ្វាលគោ ឃ្វាលក្របី អ្នកដាំស្ល និងដោយភាពវៃឆ្លាត សុភាពរាបសារ គួបផ្សំនឺងការចេះដឹងថ្នាំព្យាបាលរោគ គេក៏ដកពីកន្លែងដាំបាយ ឱ្យមកធ្វើជាគ្រូពេទ្យខ្មែរ ផ្សំថ្នាំ ប្ញស្សឈើ មើមឈើជាដើម ដើម្បីព្យាបាលអ្នកនៅក្នុងមូលដ្ឋាន ។ ព្រមទាំងគេបាន ប្រគល់រទេះ ១គ្រឿង និងមនុស្សពីរបីនាក់ទៀតសំរាប់ ជួយរកថ្នាំ ។ នៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ប្រទេសកម្ពុជាត្រូវបានរំដោះឱ្យមានសេរីភាពឡើងវិញ ដោយគុណបំណាច់របស់ រណសិរ្សសាមគ្គី សង្ក្រោះជាតិ បានមកកំចាត់ពួកខ្មែរក្រហម ឱ្យវិនាសពីទឹកដីកម្ពុជា ។ ពេលនោះហើយ ដែលលោកបណ្ឌិត មានឱកាសបានវិលត្រឡប់ ទៅភូមិកំណើតវិញ ទាំងភាពស្រងេះស្រងោច កណ្តោចកណ្តែង ចំបែងចិត្តព្រោះត្បិត បាត់បង់ ឪពុកម្តាយ បងប្អូនពូជពង្សវង្សាវតា អ្នកប្រាជ្ញបណ្ឌិត ដែលធ្លាប់ស្គាល់គ្នា ។ ឯផ្ទះ សម្បែង ទៀតសោត ក៏ត្រូវគេបំផ្លាញខ្ទេចខ្ទីអស់រលីងគ្មានសល់ទៀត ។ ចំណែកទិដ្ធភាពនៅ ក្នុងបរិវេណវត្តរាជបូណ៌ មានភាព ស្ងាត់ជ្រងំ ដុះសុទ្ធតែព្រៃ ធ្វើឱ្យកើតនូវសេចក្តីសង្វេគ រំជួលចិត្ត យ៉ាងពន់ពេក ។ កាលេនោះរណសិរ្សសង្គ្រោះជាតិកម្ពុជា បានបង្កើតឱ្យ មាន ព្រះពុទ្ធសាសនា ឡើងវិញ ។ ដោយមានសទ្ធាជ្រះថ្លា មុតមាំក្នុងព្រះពុទ្ធសាសនា លោកបណ្ឌិត បានទាក់ទងសុំ បួសនៅក្នុងវត្តភូមិស្រុកកំណើតនេះវិញ ប៉ុន្តែពុំបានការអនុញ្ញាត ។ ដោយសេចក្តីអស់សង្ឃឹម ព្រោះមិនបានសាងព្រះផ្នួសក្នុងវត្តភូមិស្រុក កំណើត លោកបណ្ឌិត ក៏សម្រេចចិត្តលាប្អូន លាបង ផ្សងព្រេងស្វែងរកទីកន្លែង សាងព្រះផ្នួស នៅឯជាយដែនខ្មែរថៃ ។ សូមបញ្ជាក់ ៖ ការដែលលោកបណ្ឌិតចេញទៅជាយដែនហ្នឹង មិនមែនទៅធ្វើបដិវត្ត តស៊ូច្បាំង នឹងនរណា ឬ ធ្វើនយោបាយនោះទេ គឺលោកបណ្ឌិតអញ្ជើញទៅ ក្នុងវត្ថុបំណងសាង ព្រះផ្នួស បួសជាបព្វជិតក្នុង ព្រះពុទ្ធសាសនា តែប៉ុណ្ណោះ ព្រោះលោកបណ្ឌិត បានតាំងចិត្ត អធិដ្ឋានថា ត្រូវធ្វើជាអ្នកបួស ក្នុងព្រះពុទ្ធសាសនា អស់មួយជីវិត ។ ដូច្នេះទាន់មានឱកាស លោកបណ្ឌិត ត្រូវតែបន្តទៅទៀត ។ ដោយព្រះអង្គសព្វព្រះហឫទ័យ ស្មោះស្មគ្រ័ និងព្រះពុទ្ធសាសនា នៅខែ មិនា ឆ្នាំ ១៩៩៨០ ព្រះតេជព្រះគុណបានឧបសម្បទា ជាភិក្ខុភាវៈជាថ្មីម្តងទៀត មាននាមបញ្ញាត្តិថា “សិរីសុវណ្ណោ” ។ សេចក្តីព្យាយាម ភាពអំណត់អត់ធន់ ភាពហ្មត់ចត់ ព្រះបញ្ញាញ្ញាណប្រតិពល ក្លៀវក្លា ចេះចាំធម៌អាថ៌ប្រស្នាវិន័យ ចេះចាំច្បាប់ផ្សេងៗច្រើន មានចំណេះដឹង និងមានចំណេះធ្វើ ក្នុងការងារសាសនា ។ ព្រះតេជព្រះគុណ គឺជាបព្វជិតមួយរូប ដែលប្រជា ពុទ្ធបរិស័ទទាំងក្នុង និង ក្រៅប្រទេស មានសទ្ធាជ្រះថ្លា ឧបត្ថម្ភគ្រាំទ្រ យ៉ាងខ្លាំងក្លា រឹងរិតតែធ្វើឱ្យព្រះពុទ្ធសាសនា រីកសាយផ្សាយចេញទៅ គួរឱ្យមានមោទនភាព ។ ព្រះអង្គបានបង្កើតឱ្យមានកម្មវិធីសិក្សា សំរាប់ព្រះសង្ឃ និងពុទ្ធបរិស័ទ យុវជនយុវតី ព្រមទាំងបានកសាងសាលា ពុទ្ធិកសិក្សា និងបានជំរុញឱ្យសមណសិស្ស សិក្សាបានដល់ ពុទ្ធិកវិទ្យាល័យ ។ ហើយព្រះអង្គកំពុងមាន គម្រោងដឹកនាំ ប្រជាពុទ្ធបរិស័ទ បង្កើតឱ្យមាន ពុទ្ធិកសាកលវិទ្យាល័យ លើទឹកដីសៀមរាបអង្គរ ដើម្បីប្រមូលធនធានមនុស្សសំរាប់ ជួយអភិវឌ្ឍន៍ សង្គមជាតិ និង ផ្សព្វផ្សាយព្រះពុទ្ធសាសនាត ទៅអនាគត ។ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! ពុទ្ធបរិស័ទ ជាទីគោរពរាប់អាន!! ទង្វើដ៍ឧដុង្គឧត្តមរបស់ព្រះអង្គ ទាំងអស់នេះហើយ នៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ១៩៩៣ ព្រះគ្រូ ត្រូវបានអតីតព្រះមហាវិរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ស្តេចទ្រង់ ព្រះរាជទាន សមណស័ក្តិ ជាព្រះមហាវិមលធម្ម រាជាគណថ្នាក់ទី ២ ។ ព្រះមហាវិមលធម្ម ព្រះអង្គបានដើរ តាមព្រះពុទ្ធដិកា ដែលទ្រង់សំដែងថា ព្រះសង្ឃ ត្រូវ មានធុរៈចម្បងៗ ពីរយ៉ាងគឺៈ គន្ធធុរៈ និង វិបស្សនាធុរៈ មេរៀននេះហើយ ដែលបណ្តាល ឱ្យព្រះអង្គ មានគោលបំណងសំខាន់ៗ បីយ៉ាងគឺ៖ ១- ការកសាងសាលាបាលី ២- ការកសាងស្ថានីយ៍វិទ្យុ ៣- ការកសាងមជ្ឈមណ្ឌលវិបស្សនា ការកសាងសាលាបាលី និងស្នាព្រះហស្ថ នៅឆ្នាំ១៩៩៣ ព្រះអង្គបានចាប់ផ្តើមជំរុញឱ្យព្រះសង្ឃមានការសិក្សា ដោយយកកុដិធ្វើជាសាលា រៀនភាសាបាលី និង សាលាធម្មវិន័យ ថ្នាក់ត្រី ទោ ឯក ។ នៅឆ្នាំ១៩៩៤ ព្រះអង្គបានបង្កើតកម្មវិធីអប់រំយុវជន យុវតី ឱ្យមកសិក្សាស្វែងយល់ អំពី ព្រះពុទ្ធសាសនា ដោយបាននិមន្ត និងអញ្ជើញ ធម្មាចារ្យជំនាញៗមកធ្វើធម្មសាកច្ឆា បុច្ឆា វិសជ្ជនា រៀងរាល់សប្តាហ៍ កម្មវិធីនោះ បានបន្តរហូតមកដល់សព្វថ្ងៃ គឺសាលាពុទ្ធិកសិក្សា ផ្នែកអប់រំសីលធម៌ និង ភាសាបរទេស ។ ព្រះអង្គបានបញ្ជូនព្រះសង្ឃ ឱ្យនិមន្តទៅបង្ហាត់បង្រៀន សិស្សានុសិស្សនៅសាលាបឋមសិក្សា ភូមិខ្នារ សាលាបឋមសិក្សា ភូមិជ្រាវ និង សាលាបឋមសិក្សាវត្តបូព៌ ។ នៅឆ្នាំ ១៩៩៥ ព្រះមហាវិមលធម្ម ព្រមដោយសេចក្តីជ្រះថ្លារបស់ ពុទ្ធបរិស័ទ បានចាប់ ផ្តើមសាងសង់ សាលាបាលី ១ខ្នង ដែលមានកំពស់ ២ជាន់ មានចំនួន ៦បន្ទប់ ។ ៤ បន្ទប់ បានបំពាក់ឧបករណ៍សំរាប់ សិក្សាភាសាបាលី និង ចំណេះដឹងទូទៅ ដែលមានកម្មវិធីតាម ក្រសួងអប់រំ ។ ១ បន្ទប់ជាបណ្ណាល័យ និងជាការិយាល័យ ។ ចំណែក ១បន្ទប់ទៀត ជា បន្ទប់សំរាប់សិក្សាផ្នែកកុំព្យូទ័រ ។ សព្វថ្ងៃនេះមាន សមណសិស្សចំនួន ២៥៨រូប កំពុង សិក្សានៅ ពុទ្ធិកវិទ្យាល័យរាជបូណ៌ ។ ក្នុងនោះ ថ្នាក់មធ្យមសិក្សាបឋមភូមិ មាន សមណសិស្សចំនួន ១៤៨ រូប ។ ថ្នាក់មធ្យមសិក្សា ទុតិយភូមិ មានសមណសិស្ស ចំនួន ១១០ រូប ។ បន្ទាប់ពីការកសាងសាលាបាលីរួចមក ព្រះអង្គកំពុងកសាង មហាកុដិ ដើម្បីឧទ្ទិសទុក ក្នុងព្រះពុទ្ធសាសនា និង ជាទីសេនាសនៈសំរាប់ សមណសិស្ស គង់នៅសិក្សារៀនសូត្រ ផងដែរ ។ ការកសាង មហាកុដិនេះត្រូវបានពុទ្ធបរិស័ទ មានសទ្ធាជ្រះថ្លា ជួយឧបត្ថម្ហ ជ្រោមជ្រែង ដោយពេលនេះសំរេចបាន ចំនួន ៧០ ភាគរយហើយ ។ ចំណែកការសាងសង់ កំផែងវត្តរាជបូណ៌ ទើបតែបានមួយជ្រុង តែប៉ុណ្ណោះ ។ ការកសាងស្ថានីយ៍វិទ្យុ បើទោះបីជាមានសាលារៀន មានកម្មវិធីធម្មសាកច្ឆា បុច្ឆា វិសជ្ជនា ឫ ការនិមន្ត ទេសនា ក្នុងពិធីបុណ្យទាន នានាក្តី ក៏ហាក់បីដូចជា ប្រជាពុទ្ធបរិស័ទភាគច្រើន មិនទាន់បាន ទទួល ការចេះដឹង សុជីវធម៌ សីលធម៌ ឬ បានយល់អំពី ព្រះពុទ្ធសាសនា បានទូលំទូលាយ នៅឡើយ ។ ដោយសារមូលហេតុនេះហើយ ដែលព្រះមហាវិមលធម្ម ចាប់ផ្តើមឈានចូលដល់ ជំហាននៃគោលបំណងទី ២ គឺ ៖ នៅឆ្នាំ២០០៧ កសាងស្ថានីយ៍វិទ្យុពុទ្ធសាសនាកម្ពុជរដ្ធ FM 106.25 MHz ដោយមានការ សហការជ្រះថ្លា ពីបណ្តាប្រជាពុទ្ធបរិស័ទ របស់យើង គ្រប់ទិសទី ទើបអាចសាងសង់ រួចរាល់ និង កំពុងដំណើរការផ្សាយជា រៀងរាល់ថ្ងៃ ហើយស្ថានីយ៍វិទ្យុរបស់យើង ទាំងអស់គ្នានេះ ត្រូវការចំណាយ ក្នុងការផ្សព្វផ្សាយជានិច្ច ដូចជា៖ ថ្លៃភ្លើង បុគ្គលិក និង ចំណាយទៅលើសម្ភារៈការិយាល័យ ជាដើម ។ ស្ថានីយ៍វិទ្យុនេះបានធ្វើឱ្យពុទ្ធបរិស័ទ មានការចេះដឹងច្រើនណាស់ ប្រៀបឧបមាដូចជា បរិស័ទមាន សាលារៀន នៅតាមផ្ទះរៀងៗខ្លួន គឺផ្ទះមួយមានសាលារៀនមួយ ។ ដូច្នេះ ស្ថានីយ៍វិទ្យុពុទ្ធសាសនាកម្ពុជរដ្ធ FM 106.25 MHz មានផលប្រយោជន៍សំខាន់ ដែល ពុទ្ធបរិស័ទគ្រប់ៗ រូប ត្រូវជួយឧបត្ថម្ភគាំទ្រ ឱ្យមាន ដំណើរការល្អប្រសើរ ជារៀងរហូត ។ គម្រោងសាងសង់ មជ្ឈមណ្ឌលវិបស្សនា កម្មដ្ធានអន្តរជាតិ ដោយវិរយភាព ពុះពារជំនះគ្រប់ឧបសគ្គ បំណងទី ១-គឺការកសាងសាលាបាលី គោលបំណងទី ២-គឺការកសាងស្ថានីយ៍វិទ្យុ បានសម្រេចជោគជ័យជាស្ថាពរ ។ ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន.សែម ព្រះអង្គមានក៏មានភាពស្ទាត់ជំនាញទាំង ទ្រឹស្តី ទាំងការ បង្ហាត់បង្រៀន សមាធិកម្មដ្ឋាន ដល់សិស្សគណ ឧបាសក ឧបាសិកា និង កំពុងមាន គម្រោងកសាងមជ្ឈមណ្ឌលវិបស្សនាអន្តរជាតិ មួយកន្លែង នៅស្រុកអង្គរធំ ដែលមាន ផ្ទៃដីជាង ៥០ ហិកតារួចហើយ ក្នុងគោលបំណងដឹកនាំ ព្រះសង្ឃ ពុទ្ធបរិស័ទ គ្រប់មជ្ឈដ្ឋាន ទាំងក្នុង និង ក្រៅប្រទេសបានសិក្សា និង បដិបត្តិធម៌ ។ ឆ្លៀតឱកាសដ៏ប្រពៃនេះ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមប្រគេន និង ជំរាបជូននូវ៖ របស់ ៤ យ៉ាងដែលព្រះមហាវិមលធម្ម សព្វព្រះហប្ញទ័យ ក្នុងមួយជីវិតគឺៈ ទី១ ព្រះអង្គសព្វព្រះហឫទ័យ នឹងរុក្ខជាតិ មានដើមឈើ ដែលដាំសំរាប់តុបតែងលំអរ ដើមឈើដាំសំរាប់យកផល និយាយឱ្យខ្លី ឱ្យតែរុក្ខជាតិ គឺព្រះអង្គស្រឡាញ់ទាំងអស់ ។ ព្រះអង្គ និង បានរៀបចំ តុបតែង សួនផ្កា និងការបណ្តុះផ្សាំ ក្នុងទីបរិវេណវត្តរាជបូណ៌ គួរជាទីមនោរម្យក្រៃលែង ។ ទី២ ព្រះអង្គសព្វព្រះហឫទ័យ នឹងសិល្បៈខ្មែរបុរាណ មានដូចជា ស្បែកតូច ស្បែកធំ ភ្លេងប្រពៃណី ភ្លេងមហោរី ភ្លេងពិណពាទ្យ គំនូរគូរវាស ដាប់ឆ្លាក់ថ្ម ឈើ ជាដើម ។ ទី៣ ព្រះអង្គសព្វព្រះហឫទ័យ នឹងវត្ថុបុរាណពិតៗ ដែលធ្វើពីស្ពាន់ ពីសំរឹទ្ធិ ពីដី ពីថ្ម ខួច ក្រឡ ព្រះពុទ្ធរូប ទេវរូប ដែលមាន អាយុរាប់រយរាប់ពាន់ឆ្នាំមកហើយ ។ ទី៤ ព្រះអង្គសព្វព្រះហឫទ័យ នឹងការសាងព្រះផ្នូសអស់មួយជីវិត ក្នុងសំណាក់ ព្រះពុទ្ធសាសនា ។ ព្រះមហាវិមលធម្ម គឺជាសមណដ៏ឆ្នើមមួយរូប ដែលកុលបុត្រទាំងឡាយ គួរយកជាគំរូ ព្រោះរាល់គោលបំណង និងការតាំងចិត្តរបស់ព្រះអង្គ គឺព្រះអង្គបានធ្វើឱ្យសម្រេចតាម សេចក្តី​ប្រាថ្នា ដោយសេចក្តី ក្លាហាន ដោយការលៈបង់ ការព្យាយាម ការអត់ធ្មត់ និង ប្រកបដោយភាព​ច្បាស់លាស់ ប្រាកដប្រជា មិនបោះបង់ នូវការសច្ចារបស់ព្រះអង្គ ទោះក្នុងកាលៈទេសៈណាក៏​ដោយ ។ សូមគោរពអរគុណ ចំពោះសម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ្ញ៉ា លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ និងប្អូនៗ ព្រមទាំង ពុទ្ធបរិស័ទទាំងអស់ ដែលបានអានយ៉ាងយកចិត្តទុកដាក់ នូវព្រះជីវប្រវត្តិសង្ខេបនេះ ដោយការយកចិត្តទុកដាក់ខ្ពស់ ក៏សូមឱ្យជួបតែពុទ្ធពរ​ទាំងឡាយបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ រួចផុតចាកទុក្ខ កុំបីឃ្លៀឃ្លាតឡើយ ។ (ដកស្រង់ពីវិទ្យុពុទ្ធសាសនាកម្ពុជរដ្ឋ) សំឡេង ដោយ​៥០០០​ឆ្នាំ
images/articles/3406/2026-07-05_07_10_23-Untitled_-_Notepad.jpg
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០២៦ (អាន: ២៣៥ ដង)
ព្រះឧត្តមមុនី អ៊ុម-ស៊ូរ ធម្មវិនយរក្ខិតោ អតីតអធិបតីរង ក្រុមជំនុំព្រះត្រៃបិដក ព្រះឧត្តមមុនី អ៊ុម-ស៊ូរ បានធ្វើមហាពលិកម្មយ៉ាងធំធេង ដើម្បីព្រះពុទ្ធសាសនារហូតដល់ថ្ងៃអវសាននៃជីវិត។ - ព្រះឧត្តមមុនី អ៊ុម-ស៊ូរ ប្រសូតនៅ ព.ស. ២៤២៤ គ.ស.១៨៨០ នាខេត្តព្រៃវែង។ - ព្រះជន្ម ១៦ ឆ្នាំ សាងបព្វជ្ជា ជាសាមណេរ, ព្រះជន្ម ២១ ឧបសម្បទា ជាភិក្ខុ ។ - ភិក្ខុ អ៊ុម-ស៊ូរ និមន្តទៅសំណាក់រៀនបរិយត្តិធម៌ តាមវត្តខេត្តនីមួយៗ ពីកន្លែងមួយ ទៅកន្លែងមួយ ឱ្យតែឮថាទីណាមានគ្រូពូកែ លោកនិមន្តទៅសុំសំណាក់សិក្សាភ្លាម រហូតដល់វត្តឧណ្ណាលោម ក្រុងភ្នំពេញ ក្នុងសំណាក់អាចារ្យ អួន និងព្រះមហាវិមលធម្ម រតន៍ ថោង ។ - ភិក្ខុ អ៊ុម-ស៊ូរ មានចំណេះដឹងជ្រៅជ្រះ ភាសាបាលីលោកចេះច្បាស់លាស់ ជាពិសេសព្រះអភិធម្ម លោកយល់អត្ថសេចក្តីជ្រាលជ្រៅណាស់, តាមការលួចដឹងខ្លះៗមកថា ក្នុងសម័យនោះអ្នកដែលជ្រៅក្នុងអភិធម្ម មានតែសម្តេចព្រះធម្មលិខិត ល្វី-ឯម នៅវត្តលង្កា និងព្រះឧត្តមមុនី អ៊ុម-ស៊ូរ នៅវត្តឧណ្ណាលោម នេះប៉ុណ្ណោះ ។ នៅវស្សាទី ១៧ ព្រះមហាវិមលធម្ម រតន៍ ថោង បានតែងតាំង ភិក្ខុ អ៊ុម-ស៊ូរ ជា ព្រះគ្រូវិមលបញ្ញា។ រហូតដល់ព.ស. ២៤៧២ ត្រូវបានតែងតាំងជាអធិបតីរង នៃក្រុមជំនុំព្រះត្រៃបិដក។ មកដល់ព.ស.២៤៨៣ ត្រូវបានឡើងសមណស័ក្តិជា ព្រះឧត្តមមុនី រាជាគណៈពិសេស ។ ព្រះឧត្តមមុនី អ៊ុម-ស៊ូរ បានទទួលអនិច្ចធម្ម នៅថ្ងៃសុក្រ ៥ កើត ខែទុតិយាសាឍ ឆ្នាំថោះ ឯកស័ក ព.ស. ២៤៨២ ត្រូវនឹងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ១៩៣៩ នៅវេលាម៉ោង ២ កន្លះ ពាក់កណ្ដាលអធ្រាត្រ ក្នុងព្រះជន្មរវាង ៥៩ ឆ្នាំ ដោយរោគាពាធ។ សូមឧទ្ទិសមហាកុសលប្រគេនចំពោះ ព្រះវិញ្ញាណក្ខន្ធព្រះសព ព្រះឧត្តមមុនី​ សូមបានទៅកាន់សុគតិភពជាភិយ្យោភាព! ដោយ ភិក្ខុអាយុវឌ្ឍនោ ស្រឿន អូន ប្រភពៈ ហ្វេសប៊ុកអាយុវឌ្ឍន / Āyuvaḍḍhana ដោយ៥០០០ឆ្នាំ
images/articles/3131/202ffgok.jpg
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០២៦ (អាន: ៨,៩៤៩ ដង)
ព្រះឧត្តមមុនី អ៊ុម ស៊ូរ ជាអ្នកប្រាជ្ញសង្ឃមួយអង្គទៀតរបស់កម្ពុជាផ្នែកខាងព្រះអភិធម្មបរមត្ថ ដែលបានបំពេញកិច្ចការងារទាំងឡាយតាមតួនាទីដើម្បីពុទ្ធសាសនា និងអក្សរសាស្ត្ររជាតិ ហើយមានព្រះកិត្តិនាមល្បីទូទៅទាំងក្នុងប្រទេស និងក្រៅប្រទេស។មិនតែប៉ុណ្ណោះថែមទាំងបានទទួលគ្រឿងឥស្សរិយយសជាច្រើនដោយសារបានបម្រើព្រះពុទ្ធសាសនា និងសង្គមជាតិ។ យោងតាមសៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរបានបង្ហាញថា កុមារ អ៊ុម ស៊ូរ កើតនៅថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ ត្រីស័ក ព.ស.២៤៣៣ គ.ស.១៨៨០ វេលាម៉ោង៦ព្រឹក នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលមានបិតានាម ទេស និងមាតានាម អ៊ុម។ កុមារនេះបានរៀនលេខអក្សរក្នុងសំណាក់បិតា រហូតដល់ចេះមើលអានសរសរបាន។ អាយុ១៦ឆ្នាំ ចូលទៅស្នាក់នៅជាមួយនឹងព្រះគ្រូធម្មរតនវង្ស ទៀង ចៅអធិការវត្តសិរីសាគរស្រុកកំពង់ត្របែក ជាមេគណខេត្តបាភ្នំ ដែលសព្វថ្ងៃខេត្តនេះត្រូវបានទៅជាស្រុកវិញ។ រៀនធម៌វិន័យបាន១វស្សា ក៏បានបព្វជ្ជាជាសាមណេរក្នុងអាយុ១៧ឆ្នាំ។ សៀវភៅដដែលបានបញ្ជាក់ថា ក្នុងភាពជាសមណេររយៈពេល៣ព្រះវស្សា បានសិក្សាគម្ពីរនានា មានព្រះអភិធម្ម៧គម្ពីរជាដើម ចារសាស្ត្រាគ្រែ៣ ទន្ទេញចាំមាត់បាតិមោក្ខ។បន្ទាប់ពីព្រះធម្មរតនវង្ស ទៀង អនិច្ចធម្មទៅ សាមណេរ ស៊ូរ ខំចម្លងសាមណេរវិន័យមកចែកគ្នាសិក្សា និងរៀនសមណធម៌ពីគ្រូអាចារ្យប៉ែន ជាឧបាសក។លុះដល់ព្រះជន្នាយុ១៩ព្រះ វស្សា ក៏បានសឹកមកជាឧបាសករក្សាឧបោសថវិញ។ បន្ទាប់ពីបានសឹកមកជាឧបាសកបានត្រឹមតែ២ឆ្នាំ គឺមកដល់អាយុ ២១ឆ្នាំពេញបរិបូរណ៍ ឧបាសក ស៊ូរ ក៏បានចូលមកឧបសម្បទាជាភិក្ខុក្នុងវត្តសិរីសាគរវិញ ដែលមានលោកគ្រូព្រហ្មសរោ ឃួន ចៅអធិការវត្តពោធិ៍លាស់ ជាព្រះឧបជ្ឈាយ៍ លោកគ្រូបញ្ញាសទ្ធម្មោ មាស ចៅអធិការវត្តសិរីសាគរ និងលោកគ្រូចន្ទកេសរោ ឃឹម វត្តពោធិ៍លាស់ ជាឧបសម្បទាចារ្យ បាននាមបញ្ញាត្តិថា ធម្មវិនយរក្ខិត ដែលប្រែថា អ្នករក្សាព្រះធម៌វិន័យ។ ព្រះអង្គបានបំពេញជាភិក្ខុរួចមក ក្នុងវស្សាទី១ រៀនបាតិមោក្ខប្រែ ចតុប្បារិសុទ្ធិសីល នៅក្នុងវត្តកំណើត។ វស្សាទី២ និមន្តចេញទៅរៀនព្រះត្រៃបិដក មូលកច្ចាយនៈនៅខេត្តកំពង់ស្ពឺ ហើយវស្សាទី៣ និមន្តមកគង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ រៀនមូលកច្ចាយនៈ។ មកដល់វស្សាទី៤និមន្តទៅរៀននៅវត្តសិរីសាគរដែលជាវត្តកំណើតវិញ និងជួយបង្ហាត់មូលច្ចាយនៈ និងធម្មបទអស់៣វស្សា។ក្នុងវស្សាទី៧ ទី៨ និងទី៩ ព្រះអង្គនិមន្តមកនៅភ្នំពេញវិញ រៀនមង្គលត្ថទីបនី វិសុទ្ធិមគ្គ គម្ពីរផ្សេងៗទៀត និងបឋមសាមន្តប្បាសាទិកា ជាដើម ពីសំណាក់អាចារ្យ អួន និងព្រះមហាវិមលធម្មថោង។ វស្សាទី១០ ដល់ទី១៦ ជាអាចារ្យបង្រៀននៅវត្តសិរីសាគរ ព្រមទាំងទទួលចំណាត់តាំងពីសម្តេចមហាសង្ឃរាជ និល ទៀង ឱ្យបង្ហាត់ធម៌ភាណវារៈដល់ភិក្ខុសាមណេរចំនួន២៨វត្តក្នុងខេត្តបាភ្នំ។ ក្នុងវស្សាទី១៧ ព្រះមហាវិមលធម្ម ថោង និមន្តឱ្យមកនៅភ្នំពេញវិញ បានតែងតាំងជាព្រះគ្រូវិមលប្បញ្ញាក្នុងឆ្នាំដែលរាជការតាំងសាលាបាលីជាន់ខ្ពស់ នៅវិហាព្រះកែវ។ ពេលនោះហើយព្រះអង្គបានជួបនឹងព្រះញាណបវរវិជ្ជា ឯម ព្រះគ្រូសង្ឃសត្ថា ជួន ណាត ព្រះគ្រូសង្ឃវិជ្ជា ហួត តាត និងអាចារ្យជាច្រើនទៀត ពិនិត្យគម្ពីរ បាលី អដ្ឋកថា ដីកា យោជនា សង្កេតរកផ្លូវបដិបត្តិឱ្យត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិនិង ពុទ្ធានុញ្ញាត ហើយព្រាងរៀបរៀងសៀវភៅជាច្រើនចែកសិស្សរៀនសូត្រ។ សមណៈសក្តិដែលបានទទួល ព,ស,២៤៦០ គ,ស,១៩១៧ បានឋានៈជាព្រះវិមលបញ្ញា។ ព,ស,២៤៣១ គ,ស,១៩១៨ ព្រះករុណាម្ចាស់ជីវិត និងរាជការប្រូតិកតូរ៉ាត៍ បង្កើតព្រះរាជបណ្ណាល័យ តម្កល់ក្បូនច្បាប់ បានតែងតាំង អាចារ្យស៊ូជាអាចារ្យផ្ទៀងផ្ទាត់ធម៌វិន័យ ហើយលោកបានយកសេចក្តីព្រាងធម៌មកបោះពុម្ពផ្សាយតាមលំដាប់។ ព,ស,២៤៧២ រាជការបង្កើតពុទ្ធសាសនបណ្ឌិត្យ ឱ្យមានក្រុមជុំនុំច្រើនរូបប្រែព្រះត្រៃបិដក ពីបាលីមកសម្រាយ បានតាំងលោកជាអធិបតីរងអ្នកចាត់ការឱ្យក្រុមជុំនុំប្រែព្រះបិដក។ ព,ស,ព្រះករុណាជាម្ចាស់ជីវិតលើត្បូងប្រទានកិត្តិយសជាព្រះឧត្តមមុនីទីរាជាគណៈពិសេស។ គ្រឿងឥស្សរិយយស ដែលទទួលបាន •មេដាយ មុនីសារភ័ណ្ឌ ពីព្រះចៅក្រុងកម្ពុជា •មេដាយ អស្សរឹទ្ធិ ពីព្រះចៅក្រុងកម្ពុជា •មេដាយ អស្សរឹទ្ធិ ពីព្រះចៅក្រុងហ្លួងព្រះបាង(ប្រទេសលាវ) •អូហ្វីស្យេដាកាដេមី ពីរាជាការបារាំងសេស •បដិញ្ញាណ អំពីទ័ពក្រុងកម្ពុជា ដោយគុណដែលលោកបានជួយឧប្ថម្ភព្រះពុទ្ធសាសនានិងការសិក្សាវិជ្ជាខ្មែរឱ្យចម្រើន។ ស្នាដៃកសាង និងការតែងនិពន្ធ សាងព្រះពុទ្ធរូបធំ១អង្គ មធ្យម២អង្គ សាងកុដិ ឧបដ្ធានសាលាចេតិយជីកស្រះក្នុងវត្តសំរោង(ស្រុកកំពង់ត្របែក)បង្ហើយព្រះវិហារសាងបល្ល័ង្កសាងព្រះត្រៃបិដក២ ចប់និងទូ២ សាងចេតិយមាសតម្កល់ព្រះសារីរិកធាតុសាងមន្ទីធម្មសភា សម្ពោធសាលាបាលី សាងចេតិយប្រាក់កំពូលលមាសដាំត្បូងតម្កល់សារីរិធាតុ និងព្រះអរហន្ត។ សាងគម្ពីរបាលីស្លឹករឹត មានមូលកច្ចាយនៈ ធម្មបទជាដើម សៀវភៅធម៌អក្សរសៀម អក្សរខ្មែរជាច្រើន មាន ១គិហិបដិបត្តិ ២វិសុទ្ធិមគ្គ ៣អភិធានប្បទីបិកា ៤សារត្ថសង្គហៈ ៥អភិធម្មត្ថសង្គហៈ ៦មិលិន្ទប្បញ្ហាភាគ១/២(បកប្រែ)៧រតនប្បភា ៨មហាវស្ស ៩អវសានកិច្ច ១០មរណានុស្សតិកម្មដ្ធាន។ ព្រះឧត្តមមុនី អ៊ុម ស៊ូ អនិច្ចធម្ម នៅវេលាយប់រំលងអធ្រាត្រម៉ោង២កន្លះ ក្នុងថ្ងៃសុក្រ ៥កើត ខែទុតិយាសាឍ ឆ្នាំថោះ ឯកស័កព,ស,២៤៨២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា គ,ស,១៩៣៩ ក្នុងជន្មាយុ៥៩ឆ្នាំនៅមហាកុដិ វត្តឧណ្ណាលោម ក្រុងភ្នំពេញ។ បញ្ជាក់ព្រះសពព្រះឧត្តមមុនី អ៊ុម ស៊ូ ជាអ្នកប្រាជ្ញធំមួយនៅក្នុងស្រុកខ្មែរ ប៉ែកខាងព្រះអភិធម្មបរមត្ថ មានកេរ្តិ៍ឈ្មោះល្បីទូទាំងក្នុងស្រុកខ្មែររហូតដល់ក្រៅប្រទេស។ លោកគឺជា ព្រះមហាថេរ១អង្គ ដែលមានភាពស្ងប់ស្ងាត់និងសន្សំសំចៃពេលវេលាណាស់ បើអ្នកណាម្នាក់មករកលោក ដើម្បីប្រាស្រ័យទាក់ទងនឹងរឿងអ្វីមួយនោះ លោកកម្រនឹងចេញជួបណស់ពីព្រោះក្នុងមួយជីវិតរបស់លោក លោកបានបូជាជីវិតដើម្បីពុទ្ធសាសនានិងអក្សរសាស្រ្ត របស់ជាតិតែប៉ុណ្ណោះ។ (ឯកសារយោង សៀវភៅមហាបុរសក្នុងព្រះពុទ្ធសាសនាខ្មែរ) ដោយ​៥០០០​ឆ្នាំ​
images/articles/3411/2026-07-05_07_29_15-99b-bsv-original-_2569_-_File_Explorer.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ២០៣ ដង)
ព្រះសុមង្គលសីលាចារ្យ ទិត-ទឹម ព្រះរាជាគណៈពិសេសសម្រាប់ចត្វា ព្រះមេគណខេត្តសៀមរាប និងជាព្រះចៅអធិការវត្តដំណាក់ សម្ភព : នៅថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស.២៤៣២ គ.ស.១៨៨៨ នៅភូមិគោកត្រាច ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។ ព្រះតេជព្រះគុណ ទិត-ទឹម លោកបានទទួលការសិក្សាព្រះត្រៃបិដកមុនដំបូងបង្អស់នៅសាលាព្រះរាជដំណាក់មុខនាគអង្គរវត្ត ខេត្តសៀមរាប ក្នុងសំណាក់ព្រះពុទ្ធវង្ស ព្រះនាម ម៉ី ជាធម្មាចារ្យបង្រៀន។ ឆ្នាំ១៩២៦ បានទទួលតំណែងជា ព្រះបាឡាត់គណ ខេត្តសៀមរាប ឆ្នាំ១៩៣១ បានទទួលតំណែងជា ព្រះមេគណ ខេត្តសៀមរាប មានងារជា “ព្រះសុមង្គលសីលាចារ្យ” ព្រះតេជព្រះគុណ ព្រះមេគណរូបនេះ លោកបានធ្វើសេចក្ដីចម្រើនឱ្យកើតមានឡើងក្នុងខេត្តសៀមរាបនេះ ទាំងផ្លូវពុទ្ធចក្រនិងអាណាចក្រគួរឱ្យសរសើរ។ ដោយហេតុដែលលោកបានចំណាយកម្លាំងកាយវាចា និងកម្លាំងចិត្តរបស់លោកបម្រើឱ្យប្រយោជន៍ជាតិនិងសាសនាដោយគ្មានសំចៃកម្លាំងនេះហើយ បានជាសរីរៈកាយរបស់លោក ក៏ត្រូវដល់នូវការទ្រុឌទ្រោមគ្រាំគ្រា និងជរាព្យាធិក៏ចេះតែកើតមានជាលំដាប់នៅដើមឆ្នាំ ព.ស.២៥០០ រោគមហារីក ក៏បានចាប់កំណើតក្នុងបំពង់កលោក ដែលបណ្ដាលឱ្យទៅជាជំងឺមួយមានទម្ងន់ធ្ងន់ គួរឱ្យតក់ស្លុតជាទីបំផុត និងបានវះកាត់ព្យាបាលជាសះស្បើយចាករោគនេះ ប៉ុន្តែបែរជាមានវិបត្តិសទ្ទសញ្ញា មានថេរដីកាមិនឮ…។ អនិច្ចធម្ម : នៅថ្ងៃអាទិត្យ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥០៤ត្រូវ​នឹងថ្ងៃទី៩ ខែកក្កដា គ.ស.១៩៦១ វេលាម៉ោង ១៤ ក្នុងជន្មាយុគម្រប់ ៧៣ឆ្នាំ ដោយរោគាពាធ។ សូមឧទ្ទិសមហាកុសលប្រគេនចំពោះ ព្រះវិញ្ញាណក្ខន្ធ ព្រះសុមង្គលសីលាចារ្យ សូមព្រះតេជព្រះគុណ បានទៅកាន់សុគតិភពជាភិយ្យោភាព! ភិក្ខុអាយុវឌ្ឍនោ ស្រឿន អូន ប្រភពៈ ហ្វេសប៊ុកអាយុវឌ្ឍន / Āyuvaḍḍhana ដោយ៥០០០ឆ្នាំ
images/articles/3408/2026-07-05_07_16_03-Mp3tag_v3_35_1______.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១៩២ ដង)
ព្រះមហាវិមលធម្ម រតន៍ ថោង ព្រហ្មបណ្ឌិត ចាងហ្វាងសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ សម្ភពនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំកុរ ចត្វាស័ក ព.ស.២៤០៥ គ.ស.១៨៦២។ ព្រះតេជព្រះគុណ បានចាប់មានអាពាធ នៅថ្ងៃ ៤រោច ខែអាសាឍ ឆ្នាំថោះ (១៨.០៧.១៩២៧)។ ព្រះអង្គអត់ចង្ហាន់ ទល់ចង្អោរ ចំនួន ១៥ថ្ងៃ ទើបព្រះអង្គទទួលអនិច្ចធម្ម នៅថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំថោះ នព្វស័ក ព.ស.២៤៧០ (០២.០៨.១៩២៧) ក្នុងព្រះជន្មាយុគម្រប់ ៦៥ឆ្នាំ ដោយរោគាពាធ។ ព្រះគុណរបស់អង្គលោកធ្ងន់ធំធេងណាស់ ក្នុងបុព្វហេតុជាតិនិងសាសនា សូម្បីដល់ដង្ហើម ចុងក្រោយហើយក៏ដោយ ក៏អង្គលោកគិតពីជាតិ និងសាសនាដែរ។ គួរយើងរាល់គ្នាដើរតាមគន្លងគំរូវីរភាពរបស់អង្គលោក ដែលជាបុព្វបុរស និងជារដ្ឋបុរសពុទ្ធសាសនានៃយើង។ សូមឧទ្ទិសមហាកុសលប្រគេន ព្រះតេជព្រះគុណ ព្រះមហាវិមលធម្ម បានទៅកាន់សុគតិភពជាភិយ្យោភាព!!!! ដោយ ភិក្ខុអាយុវឌ្ឍនោ ស្រឿន អូន ប្រភពៈ ហ្វេសប៊ុកអាយុវឌ្ឍន / Āyuvaḍḍhana ដោយ៥០០០ឆ្នាំ
images/articles/3484/2026-07-13_12_42____27-Greenshot.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ២១៥ ដង)
សម្ដេច ព្រះមហាថេរ ពីរព្រះអង្គ ដែលជាអតីតក្រុមជំនុំ ព្រះត្រៃបិដក នាទសវត្ស៦០ ដែលមានសមណស័ក្តិ ទី ថ្នាក់ទោ និង ថ្នាក់ត្រី ហើ្យមានភ័ព្វសំណាង បានរួចរស់​ជីវិត ក្រោយរបបខ្មែរក្រហម ។ ជាអតីតសិស្សបញ្ចប់សញ្ញាបត្រសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញនៅទសវត្ស៤០ ជាអាចារ្យ​សាលាបាលី នៅ ទសវត្ស៥០, ៦០ និង៧០ និងក្រោយ៧៩ បានដឹកនាំ វិស័យពុទ្ធិកសិក្សា បើកសាលាបាលី បណ្ដុះបណ្ដាល ធន​ធាន​បញ្ញវន្តសង្ឃនៅក្រុងភ្នំពេញ និងទូទាំងប្រទេសឡើងវិញ រហូតដល់ថ្ងៃអស់ព្រះជន្ម ។ -នៅឆ្នាំ១៩៧០ ព្រះតេជព្រះគុណ អ៊ុម ស៊ុម សង្ឃត្ថេរោងារដើមជា ព្រះញាណវង្ស ទីរាជ​គណ:​ថ្នាក់ត្រី ព្រះជន្ម ៥២ឆ្នាំ បួសបាន ៣២វស្សា ឡើងជា ព្រះសាសនមុនី ទី​រាជគណ: ថ្នាក់ទោ នៃ​គណ:​មហានិកាយ តទៅ ។ គង់នៅ វត្តសារ៉ាវន្តតេជោ ក្រុងភ្នំពេញ។ ឆ្នាំ១៩៩១ ឡើងជា ព្រះមង្គលទេព្វា​ចារ្យ​ ទីរាជាគណ: ថ្នាក់ឯក គណៈ:មហានិកាយ ចៅអធិការវត្តមហាមន្ត្រី ក្រុងភ្នំពេញ នៅឆ្នាំ១៩៩២ ទទួល​គោរមងារ ជា សម្ដេច ព្រះមង្គលទេព្វាចារ្យ សម្ដេចព្រះសង្ឃនាយករង គណៈមហានិកាយ និងជា អធិការពុទ្ធិកសិក្សាជាតិ។ -នៅឆ្នាំ១៩៧០ ព្រះតេជព្រះគុណ ហេង លាងហោ ងារដើម ជា ព្រះញាណសំវរ ទីរាជគណ:ថ្នាក់ចត្វា ព្រះជន្ម ៤៨ឆ្នាំ បួសបាន ២៨វស្សា ឡើងជា ព្រះឧបាលិវង្ស ទីរាជគណ: ថ្នាក់ត្រី នៃគណ:​មហា​និកាយ តទៅ ។ចៅអធិការ វត្តកែវព្រះភ្លើង ក្រុងភ្នំពេញ។ ឆ្នាំ១៩៩៣ ឡើងជា ព្រះពុទ្ធ​ឃោសា​ចារ្យ​ ទីរាជាគណ: ថ្នាក់ទោ មហានិកាយ ចៅអធិការវត្តព្រះពុទ្ធមានបុណ្យក្រុងភ្នំពេញ នៅឆ្នាំ​២០០១​ ទទួលគោ​រមងារ ជាសម្ដេច ព្រះឧត្ដមមុនី ទីសម្ដេចកិត្តិយស មហានិកាយ អគ្គាធិការរងពុទ្ធិក​សិក្សាជាតិ និងជាចាងហ្វាងសាលា ពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត (ក្រុងភ្នំពេញ) ។ ប្រភពៈ ហ្វេសប៊ុកមាតុភូមិខ្មែរ ក្រុងកម្ពុជាធិបតី ដោយ៥០០០ឆ្នាំ
images/articles/1742/0001225extd-1.png
ផ្សាយ : ២០ សីហា ឆ្នាំ២០២៦ (អាន: ៣៤,៥៨២ ដង)
ជីវ​ប្រ​វត្តិ​របស់​ឧ​បាសិកា​វិ​សា​ខា​មិគារ​មាតា​ (ដែល​​ជា​ឯ​ត​ទគ្គៈ​ផ្នែក​ខាង​ជា​អ្នក​ឲ្យ​ទាន​) កុមារភាពៈ នៅ​ថ្ងៃមួយ ពេលមេណ្ឌកសេដ្ឋីបានឮដំណឹងថាព្រះបរមសាស្តាចារ្យមួយអន្លើដោយភិក្ខុសង្ឃកំពុងធ្វើដំណើរមក កាន់ក្រុងភទ្ទិយៈ ទើប​ចាត់​ឲ្យ​កុមារី វិសាខា និង បរិវាររបស់ខ្លួន ចេញទៅទទួលព្រះពុទ្ធជាម្ចាស់នៅខាងក្រៅក្រុង ខណៈពេល ដែល​ព្រះអង្គ​កំពុង​សម្រាក​ព្រះឥរិយាបថ​នៅទីនោះកុមារី វិសាខា និង បរិវារចូលទៅក្រាបបង្គំ គាល់ ហើយអង្គុយក្នុងទីដ៏សមគួរមួយ ។ ព្រះពុទ្ធ​ទ្រង់​សម្តែង​ព្រះធម៌ទេសនា​ឲ្យពួកនាងស្តាប់ ពេលចប់ព្រះធម៌ទេសនាភ្លាម កុមារី វិសាខា ដែលមានអាយុ ៧ ឆ្នាំ​ព្រមទាំង​បរិវារ​បាន​សម្រេច​សោតាបត្តិផល​ទាំងអស់គ្នា ។ ឯមេណ្ឌកសេដ្ឋី កាល​បើ​ព្រះសាស្តា​និមន្ត​មក​ដល់​ហើយ​ទើប​ប្រញាប់​ចូល​ទៅ​គាល់​ហើយ​បាន​ស្តាប់​ព្រះធម៌ទេសនា ក៏បានសម្រេចសោតាបត្តិផលដូចគ្នា ហើយបានក្រាបអារាធនានិមន្តព្រះសាស្តាមួយអន្លើដោយព្រះភិក្ខុសង្ឃ ឲ្យ​ទទួល​អាហារ​បិណ្ឌបាតនៅផ្ទះរបស់ខ្លួនអស់រយៈពេល ១៥ ថ្ងៃចាប់តាំងពីព្រះសាស្តាទ្រង់ប្រថាប់នៅក្នុងភទ្ទិយ នគរនោះ។ ថ្លែងពីព្រះបាទបសេនទិកោសលក្រុងសាវត្ថី និង ព្រះបាទពិម្ពិសារក្រុងរាជគ្រឹះមានសម្ព័ន្ធភាពគ្នាជិតដិតដោយ សារបានព្រះរាជភគិនី (ប្អូនស្រី) នៃគ្នា និងគ្នាជាមហេសី ហើយដោយក្នុងក្រុងសាវត្ថីនៃព្រះបាទបសេនទិកោសល នោះ មិន​មាន​ត្រកូល​សេដ្ឋី​ណាៗ​មាន​ទ្រព្យសម្បត្តិ​ច្រើនឡើយថែមទាំងបានដឹងថាក្នុងក្រុងរាជគ្រឹះនៃព្រះបាទ ពិម្ពិសារនោះ មាន​សេដ្ឋី​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​រាប់​មិន​អស់​ដល់ទៅ ៥ ត្រកូលឯណោះ ។ ដូច្នេះទើបព្រះបាទ​បសេនទិកោសល​ស្តេច​យាង​មក​កាន់​ក្រុង​រាជគ្រឹះ​ចូល​បង្គំ​គាល់​ព្រះបាទ​ពិម្ពិសារ​ដើម្បី​ទូលចែងសូមព្រះរាជានុញ្ញាតព្រះរាជទានត្រកូលសេដ្ឋីមួយដើម្បីឲ្យប្តូរទៅនៅក្នុងក្រុងសាវត្ថី ឮ ។ ព្រះបាទ​ពិម្ពិសារ​ទ្រង់​ព្រះ​សណ្តាប់​ហើយ ក៏ទ្រង់តបថាការផ្លាស់​ប្តូរត្រកូលធំៗត្រឹមត្រកូលមួយក៏ដូចជាផែនដីទ្រុឌទៅហើយប៉ុន្តែដើម្បីរក្សាសម្ព័ន្ធមេត្រីភាព ព្រះអង្គ​បាន​ប្រឹក្សា​ជាមួយនឹងមហាអាមាត្យទាំងឡាយហើយ ក៏យល់ឃើញត្រូវគ្នាថាគួរតែប្តូរត្រកូល​ធនញ្ជ័យសេដ្ឋី ឲ្យ​ទៅ​នៅ​ក្នុង​ក្រុង​សាវត្ថី​ជាមួយ​នឹង​ព្រះបាទ​បសេនទិកោសល។ ធនញ្ជ័យសេដ្ឋីបានដឹកជញ្ជូនទ្រព្យសម្បត្តិមួយ អន្លើដោយបរិវារ និង សត្វ​ចិញ្ចឹម​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​សាវត្ថីជាមួយនឹងព្រះបាទបសេនទិកោសល។ ក្នុងរវាង ការ​ធ្វើដំណើរ​ចូល​ដល់​ខេត្ត​ដែន​របស់​ព្រះបាទ​បសេនទិ​កោសល និង ឈប់​សម្រាក​ពាក់​កណ្តាលផ្លូវពេលយប់ មុនចូលទីក្រុងនោះ កន្លែងបរិវេណ ភូមិប្រទេស ដែល​ស្នាក់​អាស្រ័យ​នោះ​ជា​ជ័យភូមិ​ល្អ​ណាស់ ទាំង​ខ្លួន​ឯង​ក៏ មានបរិវារមកជាមួយច្រើន បើ​ទៅកសាងផ្ទះសម្បែងក្នុងទីក្រុងនោះវានឹងចង្អៀត ទើប​បង្គំ​ទូល​សូម​ព្រះរាជានុញ្ញាត​សាងស្រុក និង ទីក្រុងនៅទីនោះតែម្តងដោយដាក់ឈ្មោះថ្មីថា ក្រុងសាកេត ដែលនៅមិនឆ្ងាយពីក្រុងសាវត្ថី ប្រមាណ ៧ យោជន៍ ។ អាពាហ៍ពិពាហ៍៖ក្នុង​ក្រុង​សាវត្ថីនោះ មានត្រកូលសេដ្ឋីមួយ ដែលគេធ្លាប់ស្គាល់ថា មិគារសេដ្ឋី ។ សេដ្ឋីនេះមានកូនប្រុសមួយឈ្មោះ បុណ្ណវឌ្ឍនកុមារ លុះ​ចម្រើន​វ័យធំឡើងល្មមរៀបការបានហើយ មាតាបិតាក៏អង្វរឲ្យកូនរៀបការដើម្បីបន្តវង្សត្រកូល តែបុណ្ណវឌ្ឍនមាណព មិនប្រាថ្នាសោះ ។ លុះដល់មាតាបិតាទទូចខ្លាំងពេក ទើបគេរកឧបាយដើម្បីគេចវេះ ដោយប្រាប់ឳពុកម្តាយថា បើសិន​បាន​ស្រ្តី​មាន​លម្អ ៥ យ៉ាង ដែលហៅថា បញ្ចពិធកល្យាណី នោះគេនឹងព្រមរៀបការភ្លាម ។ ស្រ្តីមានលម្អ ៥ យ៉ាង ១-កេសកល្យាណ ស្រ្តី ដែលមានសក់ល្អវែងដល់ចង្កេះ និង ចុងសក់បះឡើងដោយធម្មជាតិ ២-មំសកល្យាណ ស្រ្តី ដែលសាច់ល្អ គឺមានបបូរមាត់ក្រហមដូចកុលាបក្រហម និង សាច់រាបស្និទ្ធជិតល្អ ៣-អដ្ឋិកល្យាណ ឆ្អឹងល្អ គឺស្រ្តី ដែលមានធ្មេញព័ណ៌សដូចស័ង្ខ និង រាបស្មើល្អ ៤-ឆវិកល្យាណ សម្បុរល្អគឺស្រ្តី ដែលមានសម្បុរម៉ដ្ឋខៃ បើខ្មៅក៏ខ្មៅដូចផ្កាឧប្បលខៀវ បើសក៏សដូចផ្កាកណ្ណិកា ៥-វយកល្យាណ វ័យល្អគឺស្រ្តីសូម្បីតែធ្លាប់សម្រាលកូន ១០ ដងហើយ ក៏គង់សភាពនៅដូចស្រ្តីទើបតែ សម្រាលកូនម្តង ។ ដំណើរ​ស្វែង​រក​​ បញ្ចពិធកល្យាណី​ ស្ត្រី​គ្រប់​លក្ខណ៍៖ មាតាបិតាកាលបើបានស្តាប់កូនថាដូច្នេះហើយ ក៏ឲ្យអញ្ជើញព្រាហ្មណ៍អ្នកជំនាញលក្ខណៈមកសួរថាចុះស្រ្តីមាន លម្អគ្រប់ ៥ យ៉ាងដូច ដែលថាហ្នឹងមានឬទេ ? ពួកព្រាហ្មណ៍ក៏ឆ្លើយថាមានហើយក៏បញ្ជូនព្រាហ្មណ៍ទាំងនោះទៅស្វែងរកក្នុងនគរតូចធំដោយផ្តល់កម្រងផ្កា និង គ្រឿងមាសទៅជាមួយដែរ ។ ពួកព្រាហ្មណ៍ទាំងឡាយបានធ្វើដំណើរស្វះស្វែងរកតាមខេត្តក្រុងតូចធំផ្សេងៗរហូតទៅដល់ទីក្រុងសាកេត ក៏បានជួបនាង វិសាខា មានលក្ខណៈខាងក្រៅត្រឹមត្រូវតាមតម្រាស្រ្តីគ្រប់ប្រការ ខណៈពេលនាង និង ស្រ្តីបរិវារចេញមកលេងទឹកនាកំពង់ទឹកមួយ ជួនជាចៃដន្យពេលនោះភ្លៀងធ្លាក់យ៉ាងខ្លាំង ស្រ្តីជាបរិវារទាំងឡាយនាំគ្នារត់ជ្រកទឹក ភ្លៀងចូលទៅក្នុងសាលា ចំណែកឯនាង វិសាខា នៅដើរព្រងើយតាមប្រក្រតីធ្វើឲ្យពួកព្រាហ្មណ៍ទាំងនោះចម្លែកក្នុង ចិត្តថែមទាំងចង់ឃើញលក្ខណៈធ្មេញរបស់នាងផងទើបសួរទៅនាងថា ហេតុអ្វីនាងមិនរត់ដូចអ្នកផ្សេងដែរ ? នាង វិសាខា ឆ្លើយតបថា បុគ្គល ៤ ពួក នៅពេលរត់មើលទៅមិនល្អភ្នែក ១-ព្រះរាជា ព្រះអង្គទ្រង់ប្រដាប់គ្រឿងអាភរណៈ (គ្រឿងប្រដាប់កាយ) គ្រប់យ៉ាង ២-បព្វជិត អ្នកគ្រងសំពត់កាសាវពស្តុ ៣-ស្រ្តី បើរត់មិនត្រឹមតែមិនល្អមើលទេ ប៉ុន្តែថែមទាំងអាចកើតអន្តរាយនាំឲ្យដួលរបួស ឬពិការខូចសម្ផស្ស ដែលនាំឲ្យបាត់បង់តម្លៃស្រ្តី ៤-ដំរីមង្គល មានខ្លួនប្រដាប់ដោយគ្រឿងអាភរណៈសម្រាប់ដំរីគ្រប់យ៉ាង ។ ព្រាហ្មណ៍ទាំងឡាយបានឃើញបញ្ញាដ៏ឆ្លៀវឆ្លាត និង គុណសម្បត្តិបញ្ចពិធកល្យាណីគ្រប់ប្រការរបស់នាងវិសាខាហើយក៏សូមឲ្យនាងនាំទៅផ្ទះរបស់ខ្នាងដើម្បីធ្វើការស្តីដណ្តឹងនាងតាមប្រពៃណី ។ពេលបានសួរដឹងពីជាតិត្រកូល និង ទ្រព្យសម្បត្តិឃើញថាស្មើគ្នាហើយ ទើបព្រាហ្មណ៍បំពាក់កម្រងផ្កាឲ្យនាង វិសាខា ហើយកំណត់យកថ្ងៃវិវាហមង្គល ។ ឯធនញ្ជ័យសេដ្ឋីបានប្រើឲ្យជាងមាសធ្វើគ្រឿងប្រដាប់ឈ្មោះមហាលតាបសាធនៈ ដើម្បីប្រគល់ឲ្យកូនស្រី ដែល ជាគ្រឿងប្រដាប់ប្រភេទពិសេស មានប្រវែងតាំងពីក្បាលដល់ចុងជើង សម្រេចដោយមាស និង រតនៈ ផ្សេងៗមាន តម្លៃ ៩ កោដិកហាបណៈ និង ថ្លៃឈ្នួល ១ សែនកហាបណៈទៀត ។ គ្រឿងប្រដាប់នេះ ស្រ្តីដទៃៗមិនអាចពាក់បាន ទេព្រោះធ្ងន់ណាស់ ក្រៅពីនេះធនញ្ជ័យសេដ្ឋីនៅប្រគល់មាសប្រាក់របស់ប្រើប្រាស់ព្រមទាំងស្រ្តីបរិវារ និង គោដ៏ច្រើនអនេករាប់មិនអស់ជាមួយនឹងកុដុម្ពីអ្នកជំនាញការផ្នែកផ្សេងៗជាទីប្រឹក្សាជួយមើលថែនាង ៨ នាក់ទៀតផង មុននឹងបញ្ជូនកូនស្រីទៅខាងត្រកូលប្តី ។ ធនញ្ជ័យសេដ្ឋី បានអប់រំមារយាទសម្បត្តិកុលស្រ្តី ដល់កូនស្រី ១០ ប្រការ ១-ឱវាទថា កុំនាំភ្លើងចេញក្រៅផ្ទះ គឺថាកុំយកសេចក្តីមិនល្អរបស់ឪពុកក្មេកម្តាយក្មេក ឬស្វាមីចេញទៅនិយាយ ឲ្យ អ្នកក្រៅស្តាប់ (កុំបរិហារកេរ្តិ៍ត្រកូលខាងស្វាមី)។ ២-ឱវាទថា កុំយកភ្លើងខាងក្រៅចូលផ្ទះ គឺថាបើមានអ្នកស្តីនិន្ទាឪពុកក្មេកម្តាយក្មេក ឬស្វាមីយ៉ាងណាៗ កុំឲ្យនាំ រឿងទាំងនោះមកនិយាយឲ្យអ្នកផ្ទះស្តាប់ ។ ៣-ឱវាទថា ត្រូវឲ្យវត្ថុដល់អ្នកដែលគួរឲ្យប៉ុណ្ណោះ គឺថាគួរឲ្យរបស់ដល់អ្នកខ្ចីណា ដែលចេះយកមកសងវិញ ។ ៤-ឱវាទថា កុំឲ្យវត្ថុដល់អ្នក ដែលមិនគួរឲ្យ គឺថា មិនគួរឲ្យរបស់កម្ចីដល់អ្នក ដែលមិនសងវិញ ។ ៥-ឱវាទថា ឲ្យដល់អ្នក ដែលគួរ និង មិនឲ្យដល់អ្នក ដែលមិនគួរឲ្យ គឺថាពេលមានញាតិមិត្តក្រកម្សត់មក សូមឲ្យជួយ សូមពំនាក់អាស្រ័យ ពេលឲ្យទៅហើយ គេសងក្តីមិនសងក្តីក៏គួរឲ្យ ។ ៦-ឱវាទថា ឲ្យចេះអង្គុយជាសុខ គឺថាឲ្យចេះអង្គុយក្នុងកម្រិតរវាងឪក្មេក ម៉ែក្មេក និង ស្វាមី ។ ៧-ឱវាទថា ឲ្យចេះដេកជាសុខ គឺថា គួរតែដេកក្រោយឪពុកក្មេកម្តាយក្មេក និង ស្វាមី ។ ៨-ឱវាទថា ឲ្យចេះញ៉ាំជាសុខ គឺថាគួរចេះចាត់អាហារឲ្យឪពុកក្មេកម្តាយក្មេកបរិភោគហើយ ខ្លួនទើបហូបជា ក្រោយ ។ ៩-ឱវាទថា ត្រូវចេះបម្រើភ្លើង គឺថាត្រូវដឹងខ្លួនជានិច្ចថា ឪពុកក្មេកម្តាយក្មេក និង ស្វាមីប្រៀបដូចជាភ្នក់ភ្លើង ឬ នាគរាជ ដែលខ្លួនត្រូវបម្រើ ។ ១០-ឱវាទថា ត្រូវចេះគោរពទេវតាខាងក្នុង គឺថាត្រូវដឹងខ្លួនជានិច្ចថា ឪពុកក្មេក ម្តាយក្មេក និង ស្វាមីប្រៀបដូច ទេវតា ដែលខ្លួនត្រូវតែគោរព ។ រៀបចំ​គ្រឿងប្រដាប់ និង មហាលតាបសាធនៈ៖ ធនញ្ជ័យ​សេដ្ឋី​បាន​កំណត់​ឲ្យ​ពេល ៤ ខែ​ក្នុង​ការ​ចាត់​ការ​ត្រៀម​ទ្រព្យ​សម្បត្តិ​ដើម្បី​ឲ្យ​នាង វិសាខា ប្រើ​ប្រាស់​ពេល ដែល​នាង​ទៅ​នៅ​ខាង​ត្រកូល​ស្វាមី ។ គ្រាន់​តែ​គ្រឿង​ប្រដាប់មហាលតាបសាធនៈតែ​ម្យ៉ាង​ក៏​ត្រូវ​ចំណាយ​ពេល​ដល់​ទៅ ៤ ខែ ទើប​ធ្វើរួច ។ លុះ​ដល់​ពេល​កំណត់​ហើយ​ នាង វិសាខា ក៏​បាន​ចេញ​ដំណើរ​ទៅ​កាន់​ត្រកូល​ស្វាមី មួយ​អន្លើ​ដោយ​ពួក​បរិវារ និង មាស​ប្រាក់​ច្រើន​អនេក​អនន្ត​ព្រម​ទាំង​មាន​គោ ក្របី យ៉ាង​ច្រើន ដែល​បិតា​នាង​ចាត់​ឲ្យ ។ ទោះ​ជា​ដូច្នោះ​ក៏​ដោយ​គោ ក្របី មួយ​ចំនួន​ទៀត​នៅ​ទំលាយ​ក្រោល​រត់​ទៅ​តាម​ដង្ហែ​នាង ។ ទាំង​នេះ​ក៏​ព្រោះ​អានិសង្ស ដែល​នាង​បាន​សាង​ក្នុង​អតីតជាតិ គឺ​ក្នុង​កាល ដែល​នាង​សោយជាតិ​ជា​រាជធីតា​នៃ​ព្រះបាទ​កិកិ ក្នុង​សម័យ​នៃ​ព្រះពុទ្ធ​ព្រះ​នាម កស្សបៈ ។ នាង​បាន​ប្រគេន​ចង្ហាន់ និង បង្អែម​ដល់​ភិក្ខុ​ និង សាមណេរ​ឆាន់​ជា​ប្រចាំ​នៅ​ខណៈ​ពេល ដែល​ភិក្ខុ និង សាមណេរ ទាំង​នោះ​ពោល​ថា ល្មម​ហើយៗ ក៏​ដោយ​ ក៏​នាង​នៅ​តែ​មាន​បន្ទូល​ថា "លោក​ម្ចាស់​ របស់​នេះ​ឆ្ងាញ់ របស់​នេះ​គួរ​ឆាន់ ហើយ​ក៏​ប្រគេន​ថែម​ពី​លើ​ទៀត ។ ដោយ​អានិសង្ស នៃ​ការ​ប្រគេន​ថែម​នេះទើប​បណ្តាល​ឲ្យ​គោ ក្របី ទាំង​នោះ​ សូម្បី​តែ​គេ​បិទ​ទ្វារ​ក្រោលហើ​យ​ក៏​ដោយ ក៏​ពួក​វា​នៅ​តែ​ទម្លាយ​ក្រោល​ ចេញ​ទៅ​តាម​នាង​ដែរ ។ ជីវភាព​ជា​ភរិយា, កូន​ប្រសារ​ស្រី, និង ឧបដ្ឋាក​នៃ​ពុទ្ធសាសនា ទំនាស់​ជាមួយ​បិតា​ក្មេក និង អ្នក​បួស​និកាយ​អចេលកៈ ពេល​​នាង​បាន​មក​នៅ ក្នុង​ត្រកូល​ខាង​ស្វាមី​ហើយ ដោយ​អាស្រ័យ​នាង​ជា​ស្រ្តី​ធ្លាប់​បាន​ទទួល​ការ​អប់រំ​យ៉ាង​ល្អ​តាំង​តែ​ពី​ក្មេង និង ជា​ស្រ្តី​មាន​សតិ​បញ្ញា​ឆ្លៀវឆ្លាត មាន​ទឹកចិត្ត​ល្អ ចរចា​ពីរោះ ចេះ​គោរពចាស់ទុំ ទើប​នាង​បាន​ជា​ទីស្រឡាញ់ ពេញចិត្ត​របស់​មនុស្ស​ទូទៅ លើកលែង​តែ​មិគារ​សេដ្ឋី​ជា​បិតា​ក្មេក​ម្នាក់​ប៉ុណ្ណោះ ដែល​មាន​ចិត្ត​បែង​ចែក​ចំពោះ​អ្នក​បួស​ ព្រោះ​គាត់​គោរព​អចេលក៍ អាក្រាត​កាយ ។ សេដ្ឋី​ចាត់​ពួក​គេ​ថា​ជា ព្រះអរហន្ត ហើយ​ថ្ងៃ​មួយ​បាន​និមន្ត​ពួក​អចេលក៍​ទាំង​នោះ មក​ឆាន់​នៅផ្ទះ​របស់​គាត់​ ទាំង​បាន​បញ្ជា​ឲ្យ​នាង​មក​ថ្វាយ​បង្គំ​ព្រះ​អរហន្ត និង ជួយ​ចាត់​ចែង​អាហារ​បរិភោគ​ដល់​ពួក​អចេលក៍​ទាំង​នោះផង ។ ឯ​នាង វិសាខា ជា​អរិយសាវិកា​សោតាបន្ន​បុគ្គល​ម្នាក់ ត្រឹមតែ​ឮ​ពាក្យ​ថា​ព្រះ​អរហន្ត​ប៉ុណ្ណោះ នាង​ក៏​មាន​បីតិសោមនស្ស រីករាយ​ទៅ​កាន់​ផ្ទះ​បិតា​ក្មេក​ជាប្រញាប់ ។ ប៉ុន្តែ នៅ​ពេល​ឃើញ​ពួក​អចេលក៍​អាក្រាត​កាយ​ភ្លាម នាង​ក៏​តក់​ស្លុត ទើប​ពោល​ថា ពួក​ដែល​គ្មាន​សេចក្តី​អៀនខ្មាស​ទាំង​នេះ តើ​ជា​ព្រះអរហន្ត​បាន​យ៉ាង​ម៉េច​កើត! ហើយ​ក៏​បាន​ពោល តិះដៀល​សេដ្ឋី រួច​ត្រឡប់​មក​ផ្ទះ​របស់​ខ្លួន​វិញ ។ ក្រោយ​មក​ ខណៈ​ពេល ដែល​សេដ្ឋី​​ជា​បិតា​ក្មេក​កំពុង​​បរិភោគ​អាហារ និង មាន​នាង វិសាខា នៅ​បម្រើ​ប្រណិប័តន៍​ផ្ទាល់ មាន​ព្រះ​ថេរៈ​មួយ​អង្គ​ត្រាច់​បិណ្ឌបាត​ឆ្លងកាត់​មក​ឈរ​មុខ​ផ្ទះ​មិគារ​សេដ្ឋី ។ នាង វិសាខា ដឹង​ច្បាស់​ថា សេដ្ឋី​ទោះ​ជា​ឃើញ​ព្រះថេរៈ​ហើយ​ក៏​ធ្វើ​ពុត​ដូច​ជា​មិន​ឃើញ ទើប​នាង​ពោល​ទៅ​កាន់​ព្រះថេរៈ​ថា "និមន្ត​ព្រះ​គុណ​ម្ចាស់​ទៅ​ផ្ទះ​ខាង​មុខ​ទៀត​ចុះ លោក​សេដ្ឋី​កំពុង​បរិភោគ​របស់​ចាស់!" មិគារ​សេដ្ឋី​គ្រាន់តែ​ឮ​ពាក្យ​នេះ​ភ្លាម ក៏​ខឹង​ច្រឡោត​ខ្លាំង ឈប់​បរិភោគ​អាហារ រួច​បញ្ជា​ឲ្យ​អ្នក​បម្រើ​ចាប់​បណ្តេញនាង វិសាខា ចេញ​​ពី​ផ្ទះ ប៉ុន្តែ​មិន​មាន​អ្នក​ណា​ហ៊ាន​ចូល​មក​ចាប់​នាង វិសាខា ។ នាង វិសាខា ក៏បាន​ជូន​ដំណឹង​នេះ​ដល់​កុដុម្ពី​ទាំង ៨ នាក់ ដែល​ឪពុក​បញ្ជូន​មក​ជួយ​មើល​ថែ​នាង ឲ្យ​បាន​ដឹង​មុន ។ ​នៅ​ពេល ដែល​មិគារ​សេដ្ឋី​ឲ្យ​អញ្ជើញ​កុដុម្ពី​ទាំង ៨ នាក់​នោះ​មក​ដើម្បី​ប្រាប់​អំពី​ទោស​របស់​នាង វិសាខា ។ នាង វិសាខា ​ក៏​បាន​បង្ហាញ​សេចក្តី​នោះ​ថា ការ​ដែល​នាង​​និយាយ​​ថា​​ មិគារ​​សេដ្ឋី កំពុង​​បរិភោគ​​របស់​​ចាស់​​នោះ គឺមាន​ន័យ​ថា សេដ្ឋី​កំពុង​បរិភោគ​បុណ្យ​ចាស់ មិនមែន​​បរិភោគ​អាហារ​​សេស​សល់ ឬ ផ្អូម​រលួយ​ចាស់ៗ នោះទេ ។ កុដុម្ពីទាំង ៨ នាក់​ទើប​ពោល​នឹង​មិគារ​សេដ្ឋី​ថា រឿង​នេះ​នាង វិសាខា មិន​មាន​ទោសទេ ។ ពេល​សេដ្ឋី​បាន​ឮ​ពាក្យ​របស់​កូន​ប្រសា​ស្រីហើយ ក៏​បាត់​ខឹង​បាត់​គំនុំ ទាំង​ពោល​សុំទោស​នាង ហើយ​អនុញ្ញាត​ឲ្យ​នាង វិសាខា ទៅ​និមន្ត​ព្រះ​សាស្តា​មួយ​អន្លើ​ដោយ​ភិក្ខុ​សង្ឃ​មក​ទទួល​អាហារ​បិណ្ឌបាត​ក្នុង​ផ្ទះ​របស់​ខ្លួន​ទៀត ។ បាន​ឈ្មោះ​​ថា មិគារមាតា ក្នុង​ខណៈ ដែលនាងកំពុងចាត់ចែងភត្តាហារដើម្បីព្រះសាស្តា និង ភិក្ខុសង្ឃនោះ នាងបានឲ្យមនុស្សទៅអញ្ជើញមិគារសេដ្ឋី មកថ្វាយភត្តាហារផងដែរ ប៉ុន្តែ​ នៅ​ពេល​គាត់​​មក​ដល់ គាត់​មិនហ៊ាន​ចេញ​ទៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ​បរម​សាស្តា ព្រោះ​មិន​មាន​សទ្ធា​ជ្រះថ្លា ទើប​សម្ងំ​អែប​នៅក្រោយផ្ទាំងវាំងនន ។ ក្រោយពី​ព្រះ​បរមសាស្តា​បាន​សម្រេច​ភត្តកិច្ច ព្រះ​អង្គ​បាន​សម្តែង​ព្រះ​ធម៌ទេសនា ។ ចំណែក​មិគារ​សេដ្ឋី ទោះ​ជា​នៅ​ខាង​ក្រោយ​វាំងនន​មែន ប៉ុន្តែ​​គាត់​​មាន​ ឱកាស​ស្តាប់​ព្រះធម៌​រហូត​ចប់​ថែម​ទាំង​បាន​សម្រេច​សោតាបត្តិផល​ប្រកប​ដោយ​សម្មាទិដ្ឋិ ទៀត​ផង ។ រំពេច​នោះ មិគារសេដ្ឋី​ បាន​ចេញ​ពី​វាំងនន​សំដៅ​ទៅ​រក​នាង វិសាខា ហើយ​យក​មាត់​ខ្លួន​ទៅ​បឺត​ដោះ​នាង វិសាខា ជា​កូន​ប្រសា​ខ្លួន ហើយ​ប្រកាស​ប្រាប់​គេ​ឯង​ឲ្យ​ដឹង​ឮ​ថា តាំង​តែ​ពី​ពេល​នេះ​ទៅ សូម​នាង​ចូរ​ជា​មាតា​របស់​ខ្ញុំ ។ ហើយ​តាំង តែ​ពី​ពេល​នោះ​មក​នាង វិសាខា ក៏​បាន​ឈ្មោះ​ថា មិគារមាតា ។ មនុស្ស​ទូទៅ​ហៅ​នាង​ថា វិសាខា មិគារមាតា ។ គុណសម្បត្តិ​ដ៏​ប្រពៃ និង កម្លាំង​ដ៏​អស្ចារ្យ បណ្តា​ឧបាសិកា​ទាំងឡាយ នាង​ វិសាខា រាប់​ថា​ជា​អ្នក​មាន​បុណ្យ​សន្សំ​មក​តាំង​ពី​អតីតជាតិ​យ៉ាង​ពិសេស​ក្រៃលែង ជាង​ឧបាសិកា​នានា ច្រើន​ប្រការ​ដូចជា ៖ ១-ជាស្រ្តីមានវ័យល្អ គឺទោះជានាងមានអាយុច្រើន មានកូនប្រុសស្រីដល់ទៅ ២០ នាក់ ។ កូនទាំងនោះបានរៀប ការមានកូនម្នាក់ៗ ២០ ៗ នាង វិសាខា មានចៅទាំងអស់ ៤០០ នាក់ ។ ចៅទាំងនោះរៀបការមានកូនទៀតម្នាក់ៗ ២០ៗ នាងមានចៅទាំងអស់ ៨០០០ នាក់ ។ រួមទាំងអស់បាន ៨៤២០ នាក់ ដែលមានដើមកំណើតមកពីនាង វិសាខា តែម្នាក់ ។ នាងមានអាយុវែងបានឃើញកូន និង ចៅ និង ចៅទួតគ្រប់គ្នា ។ នាង វិសាខា មានអាយុវែងដល់ ១២០ ឆ្នាំ តែខណៈពេល ដែលនាងអង្គុយក្នុងចំណោមកូន, ចៅ និង ចៅ​ទួត​ទាំង​នោះ នាងក៏មានលក្ខណៈវ័យ ប្រហាក់ប្រហែលនឹងពួកគេនឹងដែរ ។ មនុស្សដទៃនឹងមិនដឹងថានរណាជានាង វិសាខា ទេ តែ​នៅ​នាង​ក្រោក​ឡើង ទើបគេដឹងបាន ព្រោះមនុស្សកម្លោះក្រមុំនៅពេល ដែលក្រោកឡើង គេក៏ក្រោកភ្លាម តែសម្រាប់នាងជាមនុស្ស ចាស់វិញ ត្រូវ​យក​ដៃ​ច្រត​ដី​រុញ​ឡើងជំនួយផង និង ត្រូវលើកគូថឡើងមុនផង នោះហើយគឺនាង វិសាខា គេដឹង ដោយអាការៈដូច្នេះ ។ ២-នាងមានកម្លាំងស្មើនឹងកម្លាំងដំរី ៥ ក្បាលរួមគ្នាសម័យមួយព្រះរាជាមានព្រះរាជប្រាថ្នាដើម្បីសាកល្បងកម្លាំង របស់នាង ទើប​ចេញ​រាជ​បញ្ជា​ឲ្យលែងដំរីច្រើនក្បាលដើម្បីឲ្យរត់ជល់នាង ។ នាង វិសាខា ឃើញដំរីរត់តម្រង់មករក នាងទើបគិតថា បើ​អញ​ទទួល​ដំរី​នេះ​ដោយ​ដៃ​ម្ខាង​ហើយរុញទៅ ដំរីនឹងមានក្តីអន្តរាយដល់ជីវិត អញក៏បាបអញ គួររក្សាជីវិតដំរីចុះ ទើប​នាង​ចាប់​ដំរី​ត្រង់​ប្រមោយ​តែ​ម្រាម​ពីរ​ប៉ុណ្ណោះ​ហើយច្រានដំរីទៅ ដំរីនោះក៏ដួលខ្ពោកតែម្តង តែមិនងាប់ ។ ដោយគុណសម្បត្តិនេះជនទាំងឡាយនៅពេលចាត់ពិធីមង្គលផ្សេងៗក្នុងផ្ទះរបស់ខ្លួនតែងតែអញ្ជើញ នាង​មក​ជា​ប្រធាន​ក្នុង​ការ​ចាត់​ការ​ពិធី​នោះៗ សូម្បីតែអាហារក៏អញ្ជើញឲ្យនាងបរិភោគមុនដែរដើម្បីជាសិរី មង្គល ។ ដោយហេតុនេះហើយ នាង​ទើប​មិន​សូវ​មាន​ពេល​មើល​ថែប្រណិប័តន៍ព្រះភិក្ខុសង្ឃ ដែលនិមន្តមកឆាន់ ក្នុងផ្ទះរបស់ខ្លួនត្រូវប្រគល់ភារៈនេះដល់កូនៗ និង ចៅៗធ្វើជំនួសវិញ ។ ទុក្ខសោក​កើត​ពី​ការ​បាត់បង់​ចៅ​សម្លាញ់ សម័យមួយ ព្រះមានព្រះភាគប្រថាប់គង់នៅក្នុងវត្តបុព្វារាម ដែលនាងសាងថ្វាយព្រះពុទ្ធជាម្ចាស់ក្នុងក្រុងសាវត្ថី ។ ខណៈនោះ ចៅ​សម្លាញ់​បំផុត​របស់ នាង វិសាខា ម្នាក់ឈ្មោះ សុទត្តី បានមរណភាព ដែលធ្វើឲ្យនាង វិសាខា យំ​សោក​ស្តាយ​គ្រាំគ្រា​ចិត្ត​ជា​ខ្លាំង​ព្រោះ​នឹក ដល់ចៅសម្លាញ់ នាងបានចូលទៅគាល់ព្រះដ៏មានព្រះភាគទាំងនៅយំបណ្តើរ ។ ព្រះពុទ្ធជាម្ចាស់ទោះជាព្រះអង្គ ជ្រាប​សព្វ​គ្រប់​ប្រការ​ហើយក៏ទ្រង់នៅសាកសួរហេតុ ដែលនាងយំថា ម្នាល វិសាខា ក្នុងក្រុងសាវត្ថីនេះនាងត្រូវការ កូនចៅប៉ុន្មាននាក់ ? បពិត្រ​ព្រះអង្គ​ដ៏ចម្រើន! នាងខ្ញុំត្រូវការកូនចៅក្នុងនគរសាវត្ថីនេះទាំងអស់ព្រះពរម្វាស់! ។ ម្នាល វិសាខា ចុះក្នុងក្រុងសាវត្ថីនេះ មាន​មនុស្ស​ស្លាប់​មួយ​ថ្ងៃ​ប៉ុន្មាននាក់ ? បពិត្រព្រះអង្គដ៏ចម្រើន! ក្នុងក្រុងនេះ មានមនុស្សស្លាប់ក្នុងមួយថ្ងៃម្នាក់ខ្លះ ពីរនាក់ខ្លះ មានថ្ងៃខ្លះក៏ ១០ នាក់ ព្រះពរម្ចាស់ ! ។ ម្នាល វិសាខា តថាគតសូមប្រាប់នាងថា សេចក្តីទុក្ខ ការសោកសៅទង្គឹះខ្សឹកខ្សួល ដែល​មនុស្ស​ទាំងឡាយ​ជួបប្រទះ​នៅក្នុងលោកនេះ ព្រោះអាស្រ័យសត្វ និង សង្ខារជាទីស្រឡាញ់ពេញចិត្ត បើមិនមានសត្វ និង សង្ខារជាទីស្រឡាញ់ហើយ សេចក្តី​ទុក្ខ ការសោកសៅទង្គឹះខ្សឹកខ្សួលទាំងនោះក៏មិនមានដែរ ពួកគេក៏នឹងមានតែសេចក្តីសុខ ដូច្នេះអ្នកប្រាថ្នាចង់បានសេចក្តីសុខ ក៏​មិន​គួរ​ប្រកាន់​យកសត្វ និង សង្ខារឲ្យជាទីស្រឡាញ់ពេញចិត្ត ។ នាង វិសាខា នៅពេលបានស្តាប់ព្រះតម្រាស់របស់ព្រះអង្គចប់ហើយ ក៏​រំសាយ​សេចក្តី​សោកសៅទៅតែដោយសារនាងមានកូន និង ចៅច្រើននាក់ពេក ក្រោយមកមិនយូរប៉ុន្មាន ចៅម្នាក់ទៀត ដែល​នាង​ប្រគល់​ភារៈ​នាទីឲ្យចាត់ការប្រណិប័តន៍ព្រះភិក្ខុសង្ឃ ដែលមក ឆាន់ឯផ្ទះនាង ក៏ដល់នូវមរណភាព នាង​ក៏​នៅ​តែ​ខូចចិត្ត​យំសោក​ស្តាយ​អាឡោះ​អាល័យចៅជាលើកទីពីរ ហើយ ព្រះពុទ្ធជាម្ចាស់ក៏ទ្រង់ទេសនាឲ្យនាងស្តាប់ដូចគ្រាមុនទៀត ។ ការ​សាង​វត្ត​បុព្វារាម​ថ្វាយ​ដល់​ព្រះ​ពុទ្ធ និយាយដល់វត្តបុព្វារាម ក៏មានហេតុ ដែលធ្វើឲ្យ នាង វិសាខា សាងថ្វាយដល់ព្រះពុទ្ធជាម្ចាស់ ។ ជាធម្មតា នាង​តែង​ទៅ​វត្ត​ពីរ​ពេល​ក្នុង​មួយ​ថ្ងៃ ។ នៅពេលទៅវត្តនាង តែងតែមិនទៅដោយដៃទទេ ។ បើវេលាព្រឹក នាងតែងមានអាហារខាទនីយៈ និង ភោជនីយៈ​ទៅ​ប្រគេន​ដល់​ភិក្ខុ សង្ឃ ។ បើវេលាល្ងាច នាងតែងមានភេសជ្ជៈអដ្ឋបាន ទៅ​ប្រគេន​ដែរ​ព្រោះ​នាង​មាន​ទម្លាប់​ដូច្នេះ​ជា​ប្រចាំ​ទើប​ជា​ហេតុ ដែល​ធ្វើ​ឲ្យ​ភិក្ខុ សាមណេរ និង ឧបាសកឧបាសិកាដឹងគ្រប់ៗគ្នា។ សូម្បីតែនាងផ្ទាល់ បើ​ថ្ងៃ​ណា​មិន​មាន​របស់​អ្វី​ទេ​ក៏​នាង​មិន​ហ៊ាន​ទៅ​​វត្ត​​ដែរ ព្រោះ​ខ្មាស​ភិក្ខុសាមណេរ ដែលតែងតែរំពៃមើលដៃនាងថាតើថ្ងៃនេះនាងបានស្អីមកវត្ត ? ហើយមុនពេលនាងត្រឡប់ទៅវិញ នាង​​តែង​​តែ​​​ដើរ​​សាកសួរសុខទុក្ខភិក្ខុសាមណេរ និង បំណងប្រាថ្នា របស់លោកផង និង សួរសុខ​ទុក្ខ​ភិក្ខុ​សាមណេរ​អាពាធ​ផង​គ្រប់ៗ​ព្រះអង្គ​​ទើប​​ត្រឡប់​​ទៅ ។ ថ្ងៃមួយនាងបានដោះ គ្រឿងប្រដាប់ មហាលតាបសាធនៈឲ្យស្រ្តីបម្រើម្នាក់កាន់ ។ ក្រោយ​ពេល​ចប់​កិច្ច​ស្តាប់​ព្រះធម៌​ទេសនា និង ដើរសួរសុខទុក្ខភិក្ខុសាមណេររួចហើយ ខណៈ​ដែល​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​នាង​បាន​ប្រើ​ឲ្យស្រ្តី​បម្រើ​យក​គ្រឿង​ប្រដាប់​មក​ពាក់ តែ​​ស្រ្តី​​បម្រើ​បាន​ភ្លេចទុកនៅសាលាស្តាប់ធម៌ ទើបនាងឲ្យស្រ្តីបម្រើត្រឡប់ទៅយកមកដោយប្រាប់ថាបើសិន ព្រះអានន្ទរើសទុក មិន​​បាច់​យក​​មក​​ទេ ឲ្យប្រគេនលោកតែម្តងទៅ ព្រោះនាងគិតថានឹងមិនប្រដាប់គ្រឿងប្រដាប់ ណា ដែលភិក្ខុសាមណេរប៉ះពាល់ហើយ ព្រោះ​ធម្មតា​ព្រះអានន្ទ​តែងតែរើសរបស់ ដែលញាតិញោមភ្លេចចោលក្នុង វត្តជានិច្ច ហើយវាក៏ដូចនឹងអ្វីដែលនាងបានគិតទុកមែន តែ​នាង​ក៏​គិត​ឃើញ​ម្យ៉ាងទៀត​ថា គ្រឿងប្រដាប់នេះនឹង មានប្រយោជន៍ដល់ព្រះថេរៈទាំងឡាយផង ដូច្នេះ​ហើយ​ទើប​នាង​សូម​ទទួល​មក​វិញ​ទៅ​លក់​ក្នុង​តម្លៃ ៩ កោដិ និង ១ សែនកហាបណៈតាមតម្លៃដើម ប៉ុន្តែ​មិន​មាន​នរណា​មាន​ទ្រព្យសម្បត្តិ​ដើម្បី​ទិញ​របស់​នេះ​សោះ​នាង​ក៏ ចេញ​លុយ​កាក់​ទិញគ្រឿងប្រដាប់នេះដោយខ្លួនឯង ហើយនាំមកទិញទីដី និង គ្រឿង​ប្រដាប់​ប្រដារ​កសាង​វត្ត​អារាម​ដើម្បី​ជា​ទី​ប្រថាប់​​គង់​នៅ​នៃ​ព្រះសាស្តា និង ជាទីនៅចាំព្រះវស្សារបស់ភិក្ខុសង្ឃសាមណេរផង ។ ព្រះពុទ្ធជា ទ្រង់​ចាត់​ឲ្យ​ព្រះមោគ្គល្លាន​មើល​ខុស​ត្រូវ​​លើ​ការ​កសាង ដែលមានលក្ខណៈជាប្រាសាទពីរជាន់ និង មានបន្ទប់ សម្រាប់ភិក្ខុសាមណេរគង់នៅ ៥០០ បន្ទប់ ប្រើ​ពេល​វេលា​កសាង​អស់ ៩ ខែ ទើបសម្រេចហើយបានដាក់នាមថា វត្តបុព្វារាម ។ នាង​ វិសាខាទូលសូម​ពរ​ប្រគេនសំពត់​សាដកដល់​ភិក្ខុ មហាឧបាសិកា វិសាខា ជាធម្មតានាងតែងតែក្រាបទូលអារាធនាព្រះពុទ្ធជាម្ចាស់ និង ភិក្ខុសង្ឃមក ឆាន់​ភត្តាហារ​នៅ​ផ្ទះ​នាង​ជា​ប្រចាំ ។ ថ្ងៃ​មួយ នៅ​ពេល ដែល​នាង​បាន​ត្រៀម​ភត្តាហារ​ស្រេច​បាច់​ហើយ​ក៏​ប្រើ​ឲ្យ​ស្រ្តី​បម្រើ​ទៅ​និមន្ត​ព្រះ​មាន​ព្រះ​ភាគ និង ភិក្ខុ​សង្ឃ​មក​​ឆាន់ ។ ស្រី​បម្រើ​តែងតែ​មក​តាម​ប្រក្រតី​ដូច​សព្វ​ដង តែ​ថ្ងៃ​នោះ​មាន​ភ្លៀងធ្លាក់​ ព្រះ​ភិក្ខុ​សង្ឃ​ក៏​នាំ​គ្នា​ស្រង់​ទឹក​អាក្រាត​កាយ​ ពេល​នាង​ស្រី​បម្រើ​មក​ឃើញ ក៏​ភ័យ​តក់​ស្លុត​ព្រោះ ជា​ស្រី​មាន​បញ្ញា​តិច​គិត​ថា​ជា​ពួក​អចេលក៍​អាក្រាត​កាយ ទើប​នាង​ប្រញាប់​ត្រឡប់​ទៅ​ប្រាប់​នាង វិសាខា ថាបពិត្រ ព្រះនាងម្ចាស់! ថ្ងៃនេះនៅឯវត្តមិនមានភិក្ខុសង្ឃនៅទេ ខ្ញុំឃើញតែពួកអចេលក៍កំពុងអាក្រាតកាយនាំគ្នាងូតទឹក នាង វិសាខា បានស្តាប់សម្តីស្រីបម្រើហើយ ក៏ដោយអាស្រ័យនាងជាព្រះអរិយបុគ្គលថ្នាក់សោតាមានបញ្ញា និង មាន​ភាព​ស្និទ្ធស្នាល​នឹង​ភិក្ខុ​សង្ឃ​ផង ទើបនាងយល់ហេតុការណ៍ថា ព្រះបរមសាស្តាទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឃមានសំពត់ប្រើប្រាស់តែ ៣ សំរាប់ប៉ុណ្ណោះ គឺចីវរ សម្រាប់​ឃ្លុំ​មួយ, សង្ឃាដិ សម្រាប់បន្ថែមមួយ និង ស្បង់មួយ ដូច្នេះពេល ដែល​ព្រះភិក្ខុ​សង្ឃ​ស្រង់​ទឹក​គឺ​មិន​មាន​សំពត់​សម្រាប់​ផ្លាស់​ប្តូរ​ទេ ក៏​ចាំបាច់ត្រូវតែអាក្រាតកាយហើយ។ ដោយ​ហេតុនេះ ក្រោយពេលភត្តកិច្ចរួចរាល់ហើយនាង វិសាខា ក៏​បាន​ក្រាប​បង្គំ​ទូល​សូម​ពរ​ដើម្បីប្រគេនសំពត់​ស្រង់ទឹក(សំពត់សាដក)ដល់ព្រះភិក្ខុសង្ឃ ព្រះបរមសាស្តាក៏ទ្រង់អនុញ្ញាតឲ្យតាមសំណូមពររបស់នាង ។ ប្រការ​នេះហើយ នាង វិសាខា ទើបក្លាយជាមនុស្សមុនដំបូងបង្អស់ ដែលបានប្រគេនសំពត់សាដកដល់ព្រះភិក្ខុសង្ឃ ។ នាង វិសាខា បានទទួលឈ្មោះថា មហាឧបាសិកា ជាកំពូលជាងឧបដ្ឋាយិកាទាំងឡាយ ដែលទំនុកបម្រុងព្រះពុទ្ធ សាសនា​ដោយ​ចតុប្បច្ច័យ ទេយ្យទានផ្សេងៗ ទាំង ដែលបានប្រគេនដល់សង្ឃជារបស់រួម និង ប្រគេនជារបស់ឯក ជនផង ។ ការ​ធ្វើ​បុណ្យ​របស់​នាង​រាប់​ថា​គ្រប់​លក្ខណៈ​ជាបុញ្ញកិរិយាវត្ថុ ដូចពាក្យ ដែលនាងបានបន្លឺក្នុងថ្ងៃ ដែល សម្ពោធឆ្លងព្រះវិហារបុព្វារាម ដែល​នាង​សាង​ថ្វាយ​នោះ​ថា “ សេចក្តីប្រាថ្នាយ៉ាងណាៗ ដែលយើងតាំងទុកហើយ ក្នុង​កាល​មុន​សេចក្តី​ប្រាថ្នា​នោះៗ​ទាំង​អស់​យើង​បាន​សម្រេច​គ្រប់​ប្រការ​ហើយ” ។ សេចក្តីប្រាថ្នាទាំងឡាយ​របស់​នាង វិសាខា ១-សេចក្តីប្រាថ្នានឹងសាងប្រាសាទ (វិហារ) ដោយឥដ្ឋថ្វាយជាវិហារទាន ២-សេចក្តីប្រាថ្នានឹងប្រគេនគ្រែ តាំង ពូក ខ្នើយ និង សេនាសនភណ្ឌ ៣-សេចក្តីប្រាថ្នានឹងប្រគេនសលាកភត្តជាភោជនាទាន ៤-សេចក្តីប្រាថ្នានឹងប្រគេនសំពត់កាសាវព័ស្ត សំពត់សម្បកឈើ ជាចីវរទាន ៥-សេចក្តីប្រាថ្នានឹងប្រគេនទឹកដោះស្រស់ ទឹកដោះខាប់ ប្រេង ទឹកអំពៅ ទឹកឃ្មុំជាភេសជ្ជទាន។ សេចក្តី​ប្រាថ្នា​ទាំងឡាយ​របស់​នាង​សម្រេច​គ្រប់​ប្រការ ដែល​ធ្វើ​ឲ្យ​នាង​ឆ្អែត​កាយ​ ឆ្អែត​ចិត្ត ក្រៃពេក ក៏​ដើរ​ព័ទ្ធ​ជុំវិញ​ប្រាសាទ​​ដែល​​ជា​​វិហារ​ទាន​ ​ព្រម​ទាំង​បាន​បន្លឺ​សម្លេង​ជា​ឧទាន​សព្ទ​ដូច​បាន​ពោល​ខាង​លើ ។ ចំណែក​ឯ​ព្រះភិក្ខុ​សង្ឃ​ទាំងឡាយ​ ពេល​​បាន​​ឃើញ​​អាកប្បកិរិយា​​របស់​​នាង​ដូច្នោះ ក៏​ចម្លែក​ចិត្ត មិន​ដឹង​ជា​នាង​កើត​អ្វី ក៏​បបួល​គ្នា​ចូល​គាល់​ព្រះ​សម្មាសម្ពុទ្ធ ដោយ​ទូល​សួរ​ថា បពិត្រ​​ព្រះអង្គ​ដ៏​​ចម្រើន! តាំង​​​ពី​យើង​ខ្ញុំ​ព្រះ​អង្គ បាន​ជួប​ និង ស្គាល់​នាង វិសាខា មក​​ជា​យូរ យើង​ខ្ញុំ​មិន​ដែល​​បាន​​ឃើញ​​នាង​​ច្រៀង​​ សម្តែង​​អាការៈ បែប​​នេះ​ពី​មុន​​ឡើយ ។ ថ្ងៃ​នេះ​ នៅ​កណ្តាល​ជំនុំ​កូន និង ចៅ, នាង​ វិសាខា បាន​ដើរ​ព័ទ្ធ​ប្រាសាទ ​ហើយ​បន្លឺ​សម្លេង​រហ៊ឹម ​ដូច​ជា​​កំពុង​ច្រៀង ។ នាង​ វិសាខា ​ប្រហែល​​ជា​មាន​ចិត្តកំរើប ឬ ក៏​នាង​វិកលចរិត ឬ យ៉ាង​ម៉េច​ទេ ព្រះអង្គ ? ព្រះពុទ្ធ​​ទ្រង់​​ត្រាស់​​ទៅ​​ភិក្ខុ​​ទាំងឡាយ​​ថា ម្នាល​ភិក្ខុ​​ទាំងឡាយ ធីតា​របស់​តថាគត​មិន​បាន​ច្រៀង ឬ វិកលចរិត ដូច​ដែល​អ្នក​ទាំងឡាយ​យល់​នោះ​ទេ តែ​​ដែល​​នាង​​មាន​​សភាព​ដូច្នោះ គឺ​​ព្រោះ​​នាង​​មាន​​បីតិសោមនស្ស ព្រោះសេចក្តី​ប្រាថ្នា​របស់​នាង ដែល​បាន​តាំង​ចិត្ត​ទុក​ហើយ បាន​សម្រេច​គ្រប់​ប្រការ នាង​​ទើប​ដើរ​​បន្លឺ​​ឧទាន​​ចេញ មក​ដោយ​ការ​ឆ្អែត​កាយ ឆ្អែតចិត្ត​ដូច្នោះ ។ ទីបំផុត ព្រះពុទ្ធ​​ក៏​ទ្រង់​ប្រកាស​លើក​សរសើរ​នាង វិសាខា ក្នុង​​តំណែង​​ជាឯតទគ្គៈ​ប្រសើរ​ជាង​ឧបាសិកា​ទាំងឡាយ ថា​ជា​កំពូល​ទាយិកា​ក្នុង​ព្រះពុទ្ធសាសនា ៕ គតិរបស់​នាង វិសាខា ព្រះនាង​វិសាខា ជាស្រ្តីមានធម៌ ដឹងច្បាស់ បានឲ្យទានហើយ បានឲ្យជាងធ្វើមហាវិហារដើម្បីសង្ឃ មានអាយុ១២០ឆ្នាំ លុះច្យុតពី​មនុស្សលោកទៅ បានទៅកើតនៅ​ក្នុង​ទេវលោក ជាន់​និម្មានរតី បានជាបជាបតី (ភរិយា) នៃទេវរាជ​ឈ្មោះ​សុនិម្មិត។ ប្រភព៖ ហ្វេសប៊ុកព្រះមង្គលសត្ថា កង ណាម៉ានី ដោយ​៥០០០​ឆ្នាំ​
images/articles/1559/teerg4xtd-1.gif
ផ្សាយ : ២០ សីហា ឆ្នាំ២០២៦ (អាន: ១៣,១៣១ ដង)
ជីវ​​ប្រវត្តិ​របស់​ព្រះ​អង្គ​ម្ចាស់​អភយ​រាជ​កុ​មារ​ (​ជា​ឧ​បាសក​ដ៏​ឆ្នើម​មួយ​រូប​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ​) ព្រះអង្គម្ចាស់ អភយរាជកុមារ (Abhaya Rāja-kumāra) គឺជាព្រះរាជបុត្ររបស់ ព្រះបាទពិម្ពិសា (Bimbisāra) ស្តេចក្រុងមគធៈ ក្នុងសម័យពុទ្ធកាល។ ទ្រង់ជាព្រះអង្គម្ចាស់មួយព្រះអង្គដែលមានតួនាទីទាំងការងាររដ្ឋ ការបង្ក្រាបក្បត់ និងជាអ្នកដែលមានទំនាក់ទំនងធម៌ដ៏ជ្រាលជ្រៅជាមួយព្រះសម្មាសម្ពុទ្ធ។ ព្រះរាជជីវប្រវត្តិ និងព្រះរាជកិច្ចសំខាន់ៗជាព្រះរាជបុត្រស្តេច៖ ទ្រង់ប្រសូតចាកព្រះនាងបទុមវតី ដែលជាស្រីអធិរាជបម្រើការកំសាន្ត ឬស្រីគណិកាដ៏ស្រស់ស្អាតមកពីទីក្រុងឧជ្ជេនី។ ការបង្ក្រាបជនក្បត់៖ ព្រះអង្គធ្លាប់បានយាងទៅបង្ក្រាបការបះបោរនៅតាមព្រំប្រទល់នគរដោយជោគជ័យ ដែលធ្វើឱ្យព្រះបាទពិម្ពិសាជាព្រះវរបិតា ពេញព្រះទ័យយ៉ាងខ្លាំង ទ្រង់ក៏បានប្រទានរង្វាន់ដ៏ស្តុកស្តម្ភ និងអនុញ្ញាតឱ្យព្រះអង្គសោយរាជ្យតស៊ូជំនួសព្រះអង្គក្នុងរយៈពេល ៧ថ្ងៃ ព្រមទាំងមាននារីរាំច្រៀងបម្រើការកំសាន្តផងដែរ។ ទាក់ទងនឹងជីវកកុមារភត្ត៖ យោងតាមគន្ថវីន័យ ព្រះអង្គម្ចាស់អភយរាជកុមារ គឺជារាជបុត្រដែលបានរកឃើញទារក ជីវក ដែលគេបោះចោលលើគំនរសម្រាម ហើយទ្រង់បានយកទារកនោះមកចិញ្ចឹមរក្សាទុកក្នុងព្រះបរមរាជវាំង រហូតទារកនោះមានឈ្មោះថា ជីវក កោមារភត្ត (វេជ្ជបណ្ឌិតជីវក)។ ទំនាក់ទំនងជាមួយព្រះពុទ្ធសាសនា (អភយរាជកុមារសុត្ដ)ការប្តូរជំនឿ៖ ដំបូងឡើយ ព្រះអង្គម្ចាស់អភយរាជកុមារ គឺជាអ្នកគោរពប្រតិបត្តិនិងជាសាវ័ករបស់លោកនិគន្ថនាដបុត្ត (មេក្រុមឈ្លូស ឬព្រះសាស្ត្រានិកាយជែន)។ សំណួរចោទប្រកាន់ព្រះពុទ្ធ៖ និគន្ថនាដបុត្ត បានប្រើឱ្យព្រះអង្គម្ចាស់អភយរាជកុមារ ចូលទៅសួរដេញដោលព្រះពុទ្ធ ដោយចោទសួរថា "តើព្រះតថាគត អាចត្រាស់សម្តែងព្រះពាក្យណាដែលមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តដល់អ្នកដទៃដែរឬទេ?" ក្នុងគោលបំណងចង់ទម្លាក់កិត្តិនាមព្រះពុទ្ធ។ ការត្រាស់ដឹង និងសុំជ្រកកោន៖ ព្រះពុទ្ធបានពន្យល់ព្រះអង្គម្ចាស់យ៉ាងពិស្តារអំពីទាក់ទងនឹងសេចក្តីពិត ប្រយោជន៍ និងកាលៈទេសៈនៃការប្រើប្រាស់ពាក្យ រួមទាំងការប្រៀបធៀបជាមួយករណីកូនក្មេងដាក់វត្ថុមានគ្រោះថ្នាក់ក្នុងមាត់ ដែលព្រះអង្គត្រូវចេះដកចេញដោយក្តីអនុគ្រោះ។ ត្រង់ចំណុចនេះ ធ្វើឱ្យព្រះអង្គម្ចាស់អភយរាជកុមារ កើតសេចក្តីជ្រះថ្លាជាខ្លាំង ក៏បានប្រកាសខ្លួនសុំយកព្រះរតនត្រ័យជាទីពឹងទីរលឹកពេញមួយជីវិត។ ព្រះ​អង្គ​ម្ចាស់​អភយ​រាជ​កុមារ​ ជា​ឧ​បាសក​មក​អំពី​ព្រះ​រាជ​ត្រ​កូល​ទ្រង់​ក៏​ជា​អ្នក​រាប់​អាន​ព្រះ​ពុទ្ធ​សាសនា​ ថែម​ទាំង​ជា​អ្នក​បាន​សម្រេច​អរិយ​ផល​ ដែល​ចាត់​ជា​សក្ខីភាព​របស់​ព្រះ​ពុទ្ធ​សាសនា​នេះ អ្នក​ដែល​រាប់​អាន​ហើយ​អាច​ពិ​សោធ​រិះ​រក​សេចក្តី​ពិត​បាន​ថា​ របស់​ពិត​ដ៏​ប្រសើរ​ដែល​មាន​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។ សម្រាប់សេចក្តីពិស្តារនៃរឿងនេះ លោកអ្នកអាចរកអាននៅក្នុងសៀវភៅ ជីវ​ប្រវត្តិ​ពុទ្ធ​ឧបាសក របស់​លោក​ម្ចាស់​ យ៉ង់ សុផាត ។ ដោយ​៥០០០​ឆ្នាំ​
images/articles/1707/2026-07-30_14_09_37-Untitled_-_Notepad.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២៦ (អាន: ១០,៣២០ ដង)
ជី​វ​ប្រ​វត្តិ​របស់​ឧគ្គគហ​បតី​ ពីររូប (បិដកលេខ ៤៨ ទំព័រ ១០៨ គហបតិវគ្គ)ឧគ្គគហបតី មានពីរនាក់ផ្សេងគ្នា គឺម្នាក់ជាសេដ្ឋីក្រុងវេសាលី ជាឯតទគ្គៈលើឧបាសកទាំងឡាយ ផ្នែកខាងថ្វាយភោជនជាទីគាប់ចិត្តរបស់ខ្លួនដល់ព្រះសង្ឃ មានព្រះពុទ្ធជាប្រមុខ ។ ម្នាក់ទៀត ជាសេដ្ឋីនៅហត្ថិគ្រាម ជាឯតទគ្គៈផ្នែកខាងឧបដ្ឋាកព្រះសង្ឃ ។ ឧគ្គគហបតី មានបុណ្យបានធ្វើទុកមកហើយក្នុងកាលមុន វិលវល់ក្នុងមនុស្សនិងទេវតាអស់ ១ សែន កប្បក្នុងពុទ្ធុប្បាទនេះ គាត់បានកើតក្នុងត្រកូលសេដ្ឋីក្រុងវេសាលី ។ ក្រោយមក ដោយរូបរាងរបស់ គាត់ខ្ពស់ស្អាត ព្រមទាំងគុណទាំងឡាយរបស់គាត់ប្រសើរខ្ពង់ខ្ពស់ទៀតទើបមាននាមប្រាកដថាឧគ្គៈ។ ឧគ្គគហបតី ជាសេដ្ឋីក្រុងវេសាលីនេះ មានធម៌អស្ចារ្យចម្លែក ៨ ប្រការ គឺ៖ ១. បានឃើញព្រះដ៏មានព្រះភាគអំពីចម្ងាយ ជាដំបូងបង្អស់ អត់មានសង្ស័យថា ព្រះពុទ្ធមែនឬមិនមែន ឡើយ មានតែចិត្តជ្រះថ្លាចំពោះព្រះដ៏មានព្រះភាគ ដោយគ្រាន់តែបានឃើញប៉ុណ្ណោះ ។ ២. មានចិត្តជ្រះថ្លាហើយ ក៏ចូលទៅអង្គុយជិតព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់សម្តែងនូវអនុបុព្វីកថា ហើយទ្រង់ប្រកាសសច្ចធម៌ ក៏បានធម្មចក្ខុគឺសោតាបត្តិផល ទាំងបានសមាទាននូវសិក្ខាបទទាំងឡាយ មានព្រហ្មចរិយៈជាគម្រប់ ៥ ( ក្រោយមកទៀតក៏បានសម្រេចនូវអនាគាមិផល ) ។ ៣. បានលះបង់ភរិយាឲ្យទៅបុរសដទៃ តាមដែលភរិយានោះឯងត្រូវការបុរសនោះជាស្វាមី ចំពោះចិត្ត របស់ឧគ្គគហបតីមិនប្រែប្រួលឡើយ ។ ៤. មិនមានចិត្តគិតថា យើងនឹងឲ្យទ្រព្យសម្បត្តិប៉ុណ្ណេះ មិនឲ្យប៉ុណ្ណោះ យើងនឹងឲ្យរបស់នេះ មិនឲ្យ របស់នោះ ដូច្នេះឡើយ គឺទ្រព្យសម្បត្តិទាំងអស់ក្នុងត្រកូល ជាសាធារណៈដល់អ្នកមានសីល មាន កល្យាណធម៌ទាំងឡាយ ដូចជារបស់សង្ឃ និង ដូចជារបស់ពួកគណៈ ។ ៥. ចូលទៅអង្គុយជិតភិក្ខុណា តែងចូលទៅអង្គុយជិតដោយគោរព មិនមែនដោយមិនគោរពនោះទេ ។ ៦. បើភិក្ខុអង្គនោះសម្តែងធម៌ឲ្យគាត់ស្តាប់ គាត់ស្តាប់ដោយគោរព មិនមែនស្តាប់ដោយមិនគោរពនោះ ទេ តែបើភិក្ខុមិនសម្តែងធម៌ទេ គាត់តែងសម្តែងធម៌ដល់ភិក្ខុអង្គនោះវិញ ។ ៧. ពួកទេវតាតែងចូលមករកគាត់ហើយប្រាប់ថា ម្នាលគហបតី ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់ សម្តែងហើយ ដោយប្រពៃ ។ គាត់បាននិយាយទៅរកពួកទេវតាវិញយ៉ាងនេះថា ម្នាលទេវតាទាំងឡាយ អ្នកទាំងឡាយ គប្បីពោលយ៉ាងនេះក្តី មិនគប្បីពោលយ៉ាងនេះក្តី ឯធម៌ពិត ព្រះដ៏មានព្រះភាគ ទ្រង់ សម្តែងហើយដោយប្រពៃមែន ។ សេចក្តីអស្ចារ្យ គឺនៅត្រង់ចិត្តរបស់គហបតីមិនបានប៉ោងឡើង ព្រោះ ហេតុបានចរចាជាមួយនឹងទេវតានោះឡើយ ។ ៨. ពិចារណារកសញ្ញោជនធម៌ជាចំណែកខាងក្រោម ៥ ដែលមិនទាន់លះបង់ក្នុងខ្លួនមិនឃើញឡើយ។ ក្នុងអដ្ឋកថា មនាបទាយីសូត្រ បានសម្តែងថា ឧគ្គគហបតី ជាសេដ្ឋីក្រុងវេសាលី មានអធ្យាស្រ័យ សំដៅដល់ព្រះអរហត្ត កាលដែលនៅជាមនុស្ស ព្រោះហេតុដូច្នោះ ទើបព្រះដ៏មានព្រះភាគត្រាស់សួរ នៅក្នុងព្រះសូត្រថា ម្នាលឧគ្គៈបំណងរបស់អ្នកបានសម្រេចហើយឬ ? ឧគ្គសុទ្ធាវាសព្រហ្ម បានសម្រេច នូវព្រះអរហត្តផលហើយ ទើបបានក្រាបទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះដ៏មានព្រះភាគ សូមទ្រង់ជ្រាប បំណងរបស់ខ្ញុំព្រះអង្គ បានសម្រេចហើយ ។ ( បិដកលេខ ៤០ ទំព័រ ៥៧ ឈ្មោះ ឧគ្គគហបតី )ឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាម មានធម៌ចម្លែកអស្ចារ្យ ៨ ប្រការ គឺ៖ ១. គាត់កំពុងតែសប្បាយរីករាយជាមួយនឹងបរិវារ ស្រវឹងស្រាក្នុងនាគវ័ន ដែលជាសួនឧទ្យានរបស់គាត់ ពេលនោះ គាត់ឃើញព្រះដ៏មានព្រះភាគជាដំបូងអំពីចម្ងាយ គាត់ក៏មានសេចក្តីជ្រះថ្លាចំពោះព្រះដ៏មានព្រះភាគ ដោយគ្រាន់តែឃើញប៉ុណ្ណោះ ទាំងការស្រវឹងស្រា ក៏ស្វាងទៅ ។ ២. មានចិត្តជ្រះថ្លាហើយ បានចូលទៅគាល់ព្រះអង្គបានស្តាប់អនុបុព្វីកថា និង​ អរិយសច្ចធម៌ ក៏បាន សម្រេចដល់អនាគាមិផល ក្នុងគ្រានោះតែម្តង ។ ៣. ចិត្តមិនប្រែប្រួលឡើយ នៅពេលប្រគល់ភរិយារបស់គាត់ឲ្យទៅបុរសដទៃ ។ ៤. គាត់ទុកទ្រព្យសម្បត្តិដ៏ច្រើនក្នុងត្រកូលរបស់គាត់ឲ្យជាសាធារណៈដល់អ្នកមានសីល មាន កល្យាណធម៌ទាំងឡាយ ។ ៥. ចូលទៅអង្គុយជិតភិក្ខុណា តែងចូលទៅអង្គុយជិតដោយគោរព បើភិក្ខុអង្គនោះ សម្តែងធម៌ឲ្យស្តាប់ ក៏ស្តាប់ដោយគោរព បើមិនសម្តែងធម៌ទេ គាត់ក៏សម្តែងដល់ភិក្ខុអង្គនោះវិញ ។ ៦. កាលដែលគាត់និមន្តព្រះសង្ឃមកហើយ ពួកទេវតាបានមកប្រាប់គាត់ថា ម្នាលគហបតី ភិក្ខុឯណោះ ជាឧភតោភាគវិមុត្ត ភិក្ខុឯណោះជាបញ្ញាវិមុត្ត ភិក្ខុឯណោះជាកាយសក្ខី ភិក្ខុឯណោះ ជាទិដ្ឋិប្បត្តៈ ភិក្ខុ ឯណោះជាសទ្ធាវិមុត្ត ភិក្ខុឯណោះជាធម្មានុសារី ភិក្ខុឯណោះជាសទ្ធានុសារី ភិក្ខុឯណោះជាអ្នកមាន សីល មានកល្យាណធម៌ ចំណែកភិក្ខុឯណោះជាបុគ្គលទ្រុស្តសីល មានធម៌ដ៏លាមក ។ ត្រង់ដែល ទេវតាទាំងឡាយមកប្រាប់នេះមិនជាអស្ចារ្យទេ ដែលអស្ចារ្យនៅត្រង់ថ្វាយចង្ហាន់សង្ឃ ដោយមិនមាន ចិត្តកើតឡើងយ៉ាងនេះថា ប្រគេនវត្ថុតិចដល់អង្គនេះ ប្រគេនវត្ថុច្រើនដល់អង្គនោះ ដូច្នេះឡើយ គឺថ្វាយ ទានមានចិត្តស្មើដោយពិត ។ ៧. មានពួកទេវតាចូលមកចរចា ក្នុងប្រធានបទដែលថា ព្រះធម៌ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់ សម្តែងហើយដោយប្រពៃ ។ សេចក្តីអស្ចារ្យនៅត្រង់ចិត្តរបស់គហបតី មិនបានប៉ោងឡើង ព្រោះហេតុ ការចរចាជាមួយនឹងទេវតាទាំងឡាយនោះ ។ ៨. ពិចារណារកសញ្ញោជនធម៌ខាងក្រោម ៥ គឺ ពួកសញ្ញោជនៈដែលលះដោយមគ្គ ៣ ខាងក្រោម បាន ដល់សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ កាមរាគៈ ១ បដិឃៈ ១ ដែលមិនទាន់លះបង់ក្នុង ខ្លួនមិនឃើញឡើយ ។ ក្នុងអដ្ឋកថាអង្គុត្តរនិកាយ ឯកនិបាត បានសម្តែងថា ឧគ្គគហបតីនេះ ជាអ្នកត្រេកអរដ៏ក្រៃលែងក្នុងការ ថ្វាយទានដល់ព្រះភិក្ខុសង្ឃ ។ ទេវតាមកក្នុងពេលរាត្រី ហើយប្រាប់ដល់លោកសេដ្ឋីថា ភិក្ខុអង្គនោះ មានវិជ្ជា ៣ អង្គនោះមានអភិញ្ញា ៦ អង្គនោះមានសីល អង្គនោះទ្រុស្តសីល ។ លោកសេដ្ឋីជ្រាបហើយ តាមដែលទេវតាបានប្រាប់ ក៏នៅតែថ្វាយទេយ្យធម៌ដោយចិត្តស្មើដដែល សូម្បីអង្គុយក្នុងសម្នាក់ព្រះ បរមសាស្តា ក៏ពោលតែគុណនោះៗ ឯង ។ ក្រោយមក ព្រះដ៏មានព្រះភាគ កាលដែលប្រថាប់នៅព្រះ ជេតពនមហាវិហារ ព្រះអង្គទ្រង់ស្ថាបនាឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាម ក្នុងតំណែងឯតទគ្គៈលើ ឧបាសកទាំងឡាយ ផ្នែកខាងឧបដ្ឋាកសង្ឃ ៕ ប្រភព៖aphirati.wordpress.com លោកអ្នកអាចរកអានបន្ថែមនៅក្នុង ​សៀវភៅ ជីវ​ប្រវត្តិ​ពុទ្ធ​ឧបាសក រៀបរៀងដោយ ភិក្ខុ​ យ៉ង់ សុផាត ដោយ​៥០០០​ឆ្នាំ​
images/articles/3514/2026-07-27_16_18_42-Home_-_File_Explorer.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ១៩១ ដង)
ការធ្វើសមាធិរបស់ព្រះតេជគុណ វេបូ សាយាដោរថ្មីៗនេះ នៅពេលដែលព្រះតេជគុណ វេបូ សាយាដោ បានចូលបរិនិព្វាន… លោកជាព្រះអរហន្ត… ការបង្រៀនរបស់លោកគឺថា លោកគ្រាន់តែបង្រៀនអនាបាណ (anapana) ប៉ុណ្ណោះ គ្មានអ្វីផ្សេងទៀតទេ។ លោកគ្រាន់តែនិយាយថា សង្កេតមើលដង្ហើមចូល… ចេញ។ គ្រាន់តែ… គ្រាន់​តែ​សង្កេត ហើយបន្តសង្កេតវា រហូតដល់អ្នក​ឈាន​ដល់គោលដៅចុងក្រោយ។ ការសង្កេត… ការសង្កេតដង្ហើម អ្នកចាប់ផ្តើមមានអារម្មណ៍នៅទីនោះ (ចំណុចក្រោមច្រមុះ)។ នោះជារឿងសំខាន់… ដំណាក់កាលនេះត្រូវតែមកដល់ នៅពេលដែលអ្នកមានអារម្មណ៍នៅទីនោះ ហើយបន្ទាប់មកអារម្មណ៍នឹងរីករាលដាលដោយស្វ័យប្រវត្តិ។ បន្ទាប់មកវារីករាលដាល… រីករាលដាល… រីករាលដាល… រីករាលដាល… នៅក្នុងរាងកាយទាំងមូល ហើយបន្ទាប់មកអារម្មណ៍ធំៗនឹងរលាយបាត់ទៅជាមួយនឹងអារម្មណ៍ល្អិតល្អន់។ អ្នកត្រូវឈានដល់ដំណាក់កាលដែលហៅថា ភង្គ (bhanga) ដែលអ្នកមានអារម្មណ៍នៅក្នុងភាគល្អិតតូចបំផុតនៃរាងកាយរបស់អ្នក ហើយដូច្នេះហើយផ្លូវទាំង​មូល​។ ផ្លូវនៅដដែល… បច្ចេកទេសនៅដដែល… ប៉ុន្តែការសង្កត់ធ្ងន់ត្រូវបានផ្តល់​ឱ្យ​តែ​លើ​អនាបាណ… អនាបាណ។ ដូច្នេះហើយ មានព្រះពុទ្ធបានរកឃើញថា បុគ្គលនេះសមស្របសម្រាប់វិធីនេះ… បុគ្គល​នោះសមស្របសម្រាប់វិធីនោះ។ សញ្ញា (saññā) ទាំងដប់នេះជាបច្ចេកទេសផ្សេង​ៗគ្នា និងជាវិធីមួយដើម្បីចាប់ផ្តើមការងារ… ប៉ុន្តែបន្ទាប់ពីឈានដល់ដំណាក់កាល​ភង្គ (bhanga) មួយចំនួន វានឹងក្លាយជាដូចគ្នាដោយស្វ័យប្រវត្តិ… មិនមានភាពខុស​គ្នាទេ។ ដូច្នេះ លោកធ្លាប់ផ្តល់បច្ចេកទេសជាក់លាក់មួយដល់បុគ្គលជាក់លាក់ម្នាក់ ទៅតាមប្រវត្តិរបស់បុគ្គលនោះ។ ឥឡូវនេះ ប្រពៃណីគឺរក្សាបច្ចេកទេសជាក់លាក់មួយ​ពី​អតីតកាលរហូតមកដល់បច្ចុប្បន្ន ហើយបច្ចេកទេសនោះដំណើរការសម្រាប់មនុស្សដែល​សមស្របនឹងវា… ប្រសិនបើវាមិនដំណើរការ… ពួកគេអាច… ពួកគេអាចយកបច្ចេកទេសផ្សេងទៀត… ប៉ុន្តែទោះបច្ចេកទេសអ្វីក៏ដោយ… វាជាចំណុចចាប់ផ្តើម​… ទីបំផុតអ្នកត្រូវតែឈានដល់ដំណាក់កាលភង្គ (bhanga) ហើយពីភង្គ អ្វីៗទាំងអស់នេះ​នឹងកើតឡើង… បន្ទាប់មកអ្នកឈានដល់ដំណាក់កាលនៃនិព្វាន (nibbana)។ ឥឡូវនេះ អនាបាណសតិ (anapana sati)… បច្ចេកទេសអនាបាណសតិគឺថា អ្នកបន្តផ្តល់សារៈសំខាន់ដល់ដង្ហើមរហូតដល់ទីបញ្ចប់… រហូតដល់ដំណាក់កាលនិព្វាន។ ចិត្ត​ក្លាយជាស្ងប់ស្ងាត់ ហើយចិត្តក៏ស្ងប់ស្ងាត់ ហើយរបៀបដែលចិត្តបំបាត់សង្ខារ (sankharas) និងរបៀបដែលអ្នកឈានដល់ដំណាក់កាលដែលអ្នកជ្រមុជទៅក្នុងដំណាក់កាលនិព្វាន… ដំណាក់កាលនិរោធ (nirodha)។ នៅពេលអ្នកដកដង្ហើមចេញ អ្នកទៅដល់ដំណាក់កាលនិរោធ ហើយនៅពេលដកដង្ហើមចូល អ្នកចេញមកវិញ… ហើយរយៈពេលនៃនិរោធ មនុស្សម្នាក់មើលមិនឃើញទេ… វាអាស្រ័យ វាអាចជាពេលប៉ុន្មានខណៈ… វាអាចជាពេលប៉ុន្មានវិនាទី… វាអាចជាពេលប៉ុន្មាននាទី… វាអាចជាពេលប៉ុន្មានថ្ងៃ។ រយៈពេលវែងបំផុតដែលយើងបានរកឃើញតាមបទពិសោធន៍​នៅប្រទេសភូមា និងអ្វីដែលយើងរកឃើញនៅក្នុងគម្ពីរគឺប្រាំពីរថ្ងៃ។ យើងមិន​បានរកឃើញមនុស្សចូលទៅក្នុងដំណាក់កាលនិរោធលើសពីប្រាំពីរថ្ងៃទេ។ ប៉ុន្តែប្រាំ​ពីរថ្ងៃគឺជារយៈពេលដ៏វែងមួយដោយខ្លួនវាផ្ទាល់។ និរោធ… អ្នកចូលទៅក្នុងនិរោធ អ្នកចេញពីនិរោធ។ អ្នកចូលទៅក្នុងដំណាក់កាលនិព្វាន អ្នកចេញពីដំណាក់កាលនិព្វាន ហើយបន្ទាប់មក នៅពេលដែលព្រះអរហន្តបាន​ឈានដល់និរោធរបស់អរហន្ត… បន្ទាប់មកអ្នកចេញមក… បន្ទាប់មកអ្នករកឃើញ​ថា ឥឡូវនេះអ្នកមិនអាចបង្កើតភាពមិនបរិសុទ្ធថ្មីៗទៀតទេ… អ្នកមិនអាចបង្កើត​សង្ខារប្រភេទណាមួយដែលនឹងនាំអ្នកទៅកាន់លោកថ្មី ដែលនឹងផ្តល់ឱ្យអ្នកនូវកំណើត​ថ្មី ហើយនោះមានន័យថា អ្នកបានចេញផុតពីវាហើយ… អ្នកបានចេញផុតពីសង្ខារ​ទាំងអស់ ពីភវសង្ខារ (bhava-sankharas) ទាំងអស់ដែលនឹងផ្តល់ឱ្យអ្នកនូវកំណើត​ថ្មី។ ដូច្នេះ ដំណើរការទាំងអស់នេះកើតឡើងនៅពេលអ្នកបន្តទៅមុខជាមួយអនាបាណសតិ… អនាបាណសតិ។” តាមរយៈកល្បជាអនេក និងពេលវេលាដែលគ្មានទីបញ្ចប់ សូមឱ្យរាល់ខណៈនៃភាពបរិសុទ្ធពីការអនុវត្តវិបស្សនា និងមេត្តា ទៅសម្រាប់ការរំដោះនៃសត្វទាំងអស់។ ពាក្យ​ប្រៀនប្រដៅ “អ្នកឃើញទេ អ្នកគិតថាការបង្រៀនរបស់ព្រះពុទ្ធមានច្រើន និងផ្សេង​ៗ​គ្នា ប៉ុន្តែតាមពិត វាគ្រាន់តែជាផ្លូវតែមួយគត់ដើម្បីរួចផុតពីទុក្ខ។ មានតែនៅពេលដែល​អ្នកយកវត្ថុសមាធិមួយដែលព្រះពុទ្ធបានផ្តល់ឱ្យ ហើយបន្តអនុវត្តវាដោយការខិតខំប្រឹងប្រែងមាំមួនរហូតដល់ទីបញ្ចប់ ទើបអ្នកអាចអះអាងដោយយុត្តិធម៌ថា ដំបូល​របស់អ្នកមិនលេចធ្លាយទៀតទេ។” ព្រះតេជគុណ វេបូ សាយាដោ ប្រភពៈ ហ្វេសប៊ុក Long Ti ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.8