អានអត្ថបទ
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១៨,៩០៨ ដង)
អ្វីជា ជាតិ, ជរា, មរណៈ, សោកៈ (ភាពសោកសៅ) ?

|
អ្វីជា ជាតិ, ជរា, មរណៈ, សោកៈ (ភាពសោកសៅ) ?
ការកើត ការកើតព្រម ការចាប់កំណើត ការកើតប្រាកដនៃខន្ធទាំងឡាយ ការបានចំពោះនូវអាយតនៈទាំងឡាយណារបស់សត្វទាំងឡាយនោះ ៗ ក្នុងសត្តនិកាយនោះ ៗ នេះហៅថា ជាតិ ។ សេចក្តីចាស់គ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រីវជ្រួញ ការរួញថយនៃអាយុ ការចាស់ទុំនៃឥន្រ្ទិទាំងឡាយណារបស់សត្វទាំងឡាយនោះ ៗ ក្នុងសត្តនិកាយនោះ ៗ នេះហៅថា ជរា ។ ការច្យុតិ ការឃ្លាត ការបែកធ្លាយ ការបាត់បង់ មច្ចុ មរណៈ កាលកិរិយា ការបែកធ្លាយនៃខន្ធទាំងឡាយ ការដាក់ចុះនូវសាសព ការផ្តាច់ផ្តិលនូវជីវិតតិន្រ្ទិយណា ចាកសត្តនិកាយនោះ ៗ របស់សត្វទាំងឡាយនោះ ៗ នេះហៅថា មរណៈ ។ សេចក្តីសោក អាការសោក ភាពនៃសេចក្តីសោក ការស្ងួតស្ងប់ខាងក្នុង ការក្រៀមក្រំខាងក្នុង ការជ្រប់ស្រពោននៃចិត្ត ការតូចចិត្ត សរ គឺសេចក្តីសោករបស់បុគ្គលដែលត្រូវសេចក្តីវិនាសញាតិប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសភោគៈប៉ះពាល់ក្តី ត្រូវសេចក្តីវិនាស គឺរោគប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសសីលប៉ះពាល់ក្តី ត្រូវសេចក្តីវិនាស គឺទិដ្ឋិប៉ះពាល់ក្តី ឬ ប្រកបដោយសេចក្តីវិនាសណាមួយ ឬ ត្រូវទុក្ខធម៌ណាមួយប៉ះពាល់ហើយ នេះហៅថា សោកៈ ។ ដកស្រង់ចេញពីសៀវភៅ វត្តប្រតិបត្តិពុទ្ធសាសនិកជន រៀបរៀងដោយៈ ព្រហ្ម មេត្តា (គតិបណ្ឌិតោ) ហៅ ជយវរិន្ទ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |