ឧបោសថសីល ៣យ៉ាង

|
ឧបោសថសីល មាន៣យ៉ាងគឺៈ ១. បកតិឧបោសថ ឧបោសថតាមធម្មតា។ កាលនៃបកតិឧបោសថនេះ មាន៨ថ្ងៃក្នុងមួយខែគឺ ជុណ្ហបក្ខ (បក្សខ្នើត) ៤ថ្ងៃ កាលបក្ខ (បក្សរនោច) មាន៤ថ្ងៃ បក្សខ្នើត ៤ថ្ងៃគឺ ៥កើត ៨កើត ១៤កើត ១៥កើត។ បក្សរនោច ៤ថ្ងៃគឺ ៥រោច ៨រោច ១៤រោច ១៥រោច។ ថ្ងៃនៃបកតិឧបោសថនេះ ក្នុងសម័យពុទ្ធកាល មានតែ៦ថ្ងៃ។ ថ្ងៃ៥កើត និង៥រោច ជាកាលនៃការស្តាប់ធម៌ទេសនាក្នុងពេលនោះ ក្រោយមកព្រះសង្គាហកត្ថេរទាំងឡាយ លោកលើកឡើងរាប់បញ្ចូលជាថ្ងៃឧបោសថ ទើបបកតិឧបោសថមាន ៨ថ្ងៃក្នុងមួយខែ។ ឧបនីហរណកបក្ខ បានដល់បក្សនៃការរក្សាបកតិឧបោសថ ជុណ្ហកបក្ស មាន៤ថ្ងៃ កាលបក្ស មាន ៤ថ្ងៃ។ បដិជគ្គនកបក្ខ បានដល់បក្សនៃការរក្សានូវបាដិជាគរុបោសថ ជុណ្ហកបក្ស មាន ៥ថ្ងៃ កាលបក្ស មាន ៦ថ្ងៃ។ អាចារ្យដទៃពោលថា ខែ៣ គឺ អាសាធ ១ កត្តិក ១ ផល្គុណ ១ ជាបាដិហារិយបក្ខ។ សេចក្តីសម្រេចក្នុងគម្ពីរ មង្គលត្ថទីបនី បានបញ្ជាក់អំពីឧបោសថ ដែលមានក្នុងសម័យពុទ្ធកាលថា កាលនៃបកតិឧបោសថ ក្នុងមួយខែមាន ៨ថ្ងៃ។ កាលនៃបដិជាគរុបោសថ ក្នុងមួយខែមាន ១១ថ្ងៃ។ ខែប្រកបដោយរដូវភ្លៀងទាំងអស់ ជាកាលនៃបាដិហារិយុបោសថ។ ថ្ងៃដែលត្រូវរក្សាឧបោសថសីល ដែលព្រះសម្មាសម្ពុទ្ធទ្រង់បានកំណត់ហើយនោះ ពិតជាមានប្រយោជន៍ ហេតុដូច្នេះ ពុទ្ធបរិស័ទដែលជាអ្នកស្រឡាញ់ព្រះពុទ្ធសាសនា ដើម្បីកុំឲ្យធម៌វិន័យនៃព្រះពុទ្ធបរមគ្រូជាម្ចាស់សាបសូន្យ គួរតែគោរពប្រតិបត្តិតាមកាលកំណត់នៃថ្ងៃឧបោសថ ដែលព្រះអង្គទ្រង់ត្រាស់សំដែងហើយ។ បុគ្គលកាលរក្សានូវបដិជាគរុបោសថ ១ខែមាន ១១ថ្ងៃ។ ឯបុគ្គលរក្សានូវបាដិហារិយុបោសថ ត្រូវរក្សាឧបោសថសីលគ្រប់ថ្ងៃនៃឧបោសថទាំងអស់ តាមបាដិហារបក្ស មិនបានលះបង់នូវថ្ងៃឧបោសថ សូម្បីតែមួយថ្ងៃឡើយ ហើយត្រូវប្រកបដោយខែជារដូវភ្លៀង ៤ខែផង។ (ប្រភពដកស្រង់) |