អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៧៩៤ ដង)
បុគ្គលដែលជាមិត្តសម្លាញ់ក្នុងផ្លូវវិនាស

|
បុគ្គលដែលជាមិត្តសម្លាញ់ក្នុងផ្លូវវិនាស
បុគ្គលដែលជាមិត្តសម្លាញ់ក្នុងផ្លូវវិនាស មានលក្ខណៈ ៤ យ៉ាងគឺ
១-សុរាមេរយមជ្ជប្បមាទដ្ឋានានុយោគេ សាហាយោហោតិ ជាសម្លាញ់ក្នុងកិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹងគឺសុរាមេរ័យដែលជាទីតាំងនៃសេចក្ដីប្រមាទ ពិតជាលំបាកលះមែនហើយ ចំពោះអ្វីដែលធ្លាប់ជាប់ចិត្ត ធ្លាប់ញៀន ធ្លាប់ញ៉ាម ប៉ុន្តែក្នុងលោកនេះបើមានការលះបង់នូវអ្វីៗបានដោយធូរៗនោះការព្យាយាមក៏មិនមានតម្លៃអ្វីដែរ។ ស្មារតីជារបស់មានតម្លៃណាស់ គឺជាកូនសោសម្រាប់ចាក់យកនូវសួស្ដីពិតប្រាកដ មិនមែនគ្រាន់តែសរសេរពាក្យថា << សួស្ដី ឆ្នាំថ្មី >> ដាក់មុខផ្ទះ ហើយសួស្ដីចេះតែកើតមាននោះឡើយ តាមពិតមនុស្សម្នាក់ៗអាស្រ័យសេចក្ដីមិនប្រមាទ មាននូវសតិសម្បជញ្ញៈ ទើបអាចនាំមកនូវសួស្ដីឲ្យខ្លួនឯងនឹងអ្នកដទៃបាន ដូច្នេះបើយើងពិតជាស្រលាញ់ខ្លួន និងសង្គមគ្រួសាររបស់ខ្លួន ព្រមទាំងប្រជាពលលោកផង យើងត្រូវខិតខំថែរក្សាឲ្យមុតមាំក្រៃលែងនូវស្មារតីរបស់ខ្លួនឯង ថែមទាំងប្រឹងប្រែងក្នុងការបំប៉នឲ្យរីកចំរើនទៀតផង គុណតម្លៃរបស់មនុស្សដែលប្រសើរជាងសត្វតិរិច្ឆាន ដោយអាស្រ័យស្មារតី។ ២- វិកាលវិសិខាចរិយានុយោគេ សាហាយោ ហោតិ ជាសម្លាញ់ក្នុងការប្រកបរឿយៗនូវការត្រាច់ទៅតាមច្រកល្ហកខុសកាល មានមនុស្សចូលចិត្តដើរលេងយប់ ទោះបីយប់ជ្រៅក៏នៅតែដើរ មិនរក្សាផ្ទះសម្បែងទ្រព្យសម្បត្តិ មិនរក្សាប្រពន្ធកូន សូម្បីខ្លួនឯងក៏ឈ្មោះថាមិនចេះស្រលាញ់ខ្លួន ជួនកាលដើរទៅប្រទះចោរ ឬជួបសត្រូវ ម្យ៉ាងទៀត ធ្វើឲ្យអ្នកស្រុករង្កៀស ព្រោះនឹកថាជាចោរដើរលួចប្លន់ពេលយប់ ជួនកាលជាន់ដានចោរត្រូវគេចោទប្រកាន់។ បើបណ្ឌិតដឹងថាខ្លួនជាទីស្រលាញ់របស់ខ្លួនហើយ ត្រូវតែប្រឹងប្រែងថែរក្សាខ្លួនឯងឲ្យបានល្អ ការថែរក្សាខ្លួន មិនមែនស្អិតស្អាងខ្លួន ឬពួនសម្ងំក្នុងបន្ទប់លើវិមានប្រាសាទនោះទេ ការបំពេញសេចក្ដីល្អ អប់រំគុណធម៌ សន្សំសំចៃកម្លាំងឲ្យបានរឹងប៉ឹង ដើម្បីប្រកបការងារដែលប្រាសចាកទោស ឈ្មោះថាជាការគ្រប់គ្រងថែរក្សាខ្លួន។ តណ្ហារបស់បុគ្គលណាដែលទ្រុស្ដសីល មានមារយាទអាក្រក់ រមែងគ្របសង្កត់នូវបុគ្គលនោះឯង ប្រៀបដូចជាវល្លិជ្រៃដែលរួបរឹតដើមដទៃក្នុងព្រៃភ្នំ បុគ្គលនោះមិនខុសអំពីចោរដែលបំណងប្រាថ្នានឹងធ្វើនូវសេចក្ដីវិនាសឲ្យដល់អ្នកដទៃឡើយ ប៉ុន្តែនោះគឺជាចោរដែលធ្វើនូវសេចក្ដីវិនាសឲ្យដល់ខ្លួនឯង។ ៣- សមជ្ជាភិចរណេ សហាយោ ហោតិ ជាសម្លាញ់ក្នុងកិរិយាដើរមើលល្បែងមហោស្រព រូប សម្លេង ក្លិន រស ផោដ្ឋព្វះជាអន្ទាក់នៃសេចក្ដីស្លាប់ សត្វលោកគ្រប់គ្នាប្រឹងប្រែងការពារវិបត្តិភយន្តរាយ ការពារនូវសេចក្ដីស្លាប់កុំឲ្យឆាប់មកដល់ខ្លួន ប៉ុន្តែសត្វលោកស្លាប់រាប់ដងមិនអស់ឡើយ ក៏ព្រោះតែតណ្ហានៃខ្លួនឯង សត្វលោកពិតជាក្បត់ជាមួយនឹងខ្លួនឯងប្រាកដមែន។ មនុស្សយើងមិនមែនជាមនុស្សល្អឯងៗទេ គឺត្រូវអាស្រ័យការអប់រំកាយ អប់រំវាចា អប់រំចិត្ត ការអប់រំនេះក៏កុំចូលចិត្តយល់ថាងាយៗឲ្យសោះ ត្រូវដុសខាត់កិលេសរឿយៗដោយមានជំនឿមុតមាំក្នុងការដឹងនាំរបស់អ្នកប្រាជ្ញ ឧស្សាហ៍ខ្មីឃ្មាតសង្វាតសូត្ររៀន មានការមិនធ្វេសប្រហែសដោយស្មារតីប្រុងប្រយ័ត្ន កុំឲ្យបោះជំហានទី១ចូលក្នុងផ្លូវខុស បើបានជ្រុសជ្រួសប្រញាប់ដកថយ មានការបង្ហាត់ចិត្តឲ្យបានស្ងប់រម្ងាប់ក្នុងចិត្ត ការងារ និងមានវិជ្ជាជីវិតឃើញទោសកាមគុណ។ ក្នុងសាច់រឿងកុនល្ខោនល្បែងរបាំ មានការដឹងនាំអប់រំតិចតួចណាស់ ដើម្បីឲ្យអ្នកមើបានជាមនុស្សល្អនោះ ប៉ុន្តែក្នុងការមើលមហោស្រពនេះ វាបានជំនួសមកវិញនូវការខាតបង់ពេលវេលាសម្រាប់ធ្វើកិច្ចការងារល្អៗ អាចជាការខាតបង់នូវទ្រព្យសម្បត្តិ ជាពិសេសវានាំបណ្ដាលឲ្យមានចិត្តរាយមាយ រវើរវាយក្នុងរឿងកាមគុណ រីករាយភ្លើតភ្លើន រហូតដល់ហ៊ានប្រព្រឹត្តនូវអំពើសៅហ្មងច្រើនយ៉ាងទៀតផង ព្រោះបាត់បង់ស្មារតី។ កូនប្រុសស្រីគួរមានកម្មវិធីសិក្សាអប់រំ ដោយការទទួលយកនូវឱវាទល្អៗ ចំណេះដឹងដឹងបទពិសោធន៍ក្នុងឆាកជីវិត អំពីមាតាបិតា ជីដូនជីតា ក្នុងពេលសម្រាកអំពីការងារពេលថ្ងៃ ឬជាពិសេសនៅពេលបរិភោគអាហារល្ងាចរួច នេះជាប្រពៃណីអំពីបុរាណមក ឯការមើលល្បែងរបាំកុនល្ខោនជាប្រក្រតី ទូរទស្សន៍ជាប្រចាំរាល់រាត្រី បន្តភាគរឿងនេះរឿងនោះ ដោយមិនចូលចិត្តចំពោះកម្មវិធីអប់រំផ្សេងៗ វាជាការបំផ្លាញខ្លួនឯង ធ្វើឲ្យទន់ខ្សោយនូវស្មារតី ខាតបង់កម្លាំងសម្រាប់ធ្វើការងារនៅពេលថ្ងៃដាច់នូវប្រពៃណីដែលកូនប្រុសស្រីត្រូវប្រាស្រ័យសន្ទនាជាមួយចាស់ទុំ នៅពេលល្ងាចៗឬព្រលប់ៗដែលត្រូវជួបជុំគ្នា។ ៤- ជូតប្បមាទដ្ឋានានុយោគេ សហាយោ ហោតិ ជាសម្លាញ់ក្នុងកិរិយាប្រកបរឿយៗនូវល្បែងភ្នាល់ ដែលជាទីតាំងនៃសេចក្ដីប្រមាទ អ្នកលេងឈ្នះរមែងមានពៀរ អ្នកលេងចាញ់រមែងសោកស្ដាយ ក្ដៅក្រហាយដេកជាទុក្ខ អ្នកលេងល្បែងនិយាយអ្វីៗទឹកមាត់មិនប្រៃ ដោយសេចក្ដីថា គេមិនយកជាការព្រោះថាខ្លួនជាអ្នកលេងល្បែង ម្យ៉ាងទៀតបញ្ចុះតម្លៃក្រុមគ្រួសារ ដោយលំបាកក្នុងការស្ដីដណ្ដឹងកូនអ្នកដទៃ ឬអ្នកដទៃមិនមកស្ដីកូនរបស់ខ្លួន ព្រោះគេគិតថាជាពូជអ្នកល្បែង ណាមួយត្រូវទទួលការមើលងាយអំពីញាតិមិត្ត ទ្រព្យសម្បត្តិក៏ត្រូវវិនាសដោយអាស្រ័យល្បែងនោះៗ។ អ្នកលេងល្បែងាយបាត់បង់នូវគុណធម៌ណាស់ គេហ៊ានបោកប្រាស់ ហ៊ានប្រព្រឹត្តចោរកម្ម ហ៊ានសម្លាញ់មនុស្ស ហ៊ានផិតក្បត់ ។ល ។ គេហ៊ានលក់នូវសុភមង្គលក្នុងក្រុមគ្រួសារ ឲ្យទៅវង់ល្បែង ប្ដីប្រពន្ធលែងលះគ្នា។ ការងារដែលគួរធ្វើ គេលះបង់ចោល ចំណែកការងារដែលមិនគួរធ្វើ គេបែកជាប្រព្រឹត្ត ព្រោះវិបត្តិនូវស្មារតីដោយអាស្រ័យល្បែង។ សេចក្ដីមិនប្រមាទ ជាផ្លូវនៃសេចក្ដីមិនស្លាប់ សេចក្ដីប្រមាទជាផ្លូវនៃសេចក្ដីស្លាប់ ដែលអ្នកមិនប្រមាទហើយ ឈ្មោះថាមិនស្លាប់ អ្នកដែលប្រមាទហើយ ទុកដូចជាបុគ្គលដែលស្លាប់ទៅហើយ តាមពិតមនុស្សប្រមាទស្អុយជាងខ្មោចស្លាប់ព្រោះសាកសពគ្រាន់តែមិនមានវិញ្ញាណអាស្រ័យនៅប៉ុណ្ណោះ ឯបុគ្គលមាននូវសេចក្ដីប្រមាទវិញនោះ មិនមានវិញ្ញាណជាកុសលពិតមែន ប៉ុន្តែនៅមានចិត្តសន្ដានបាប វិញ្ញាណជាអកុសលជាមនុស្សខ្មោច ស្អុយអសោចិ៍បញ្ច្រាសខ្សល់។ យសស័ក្ខិរមែងចំរើនកើតមានដល់បុគ្គលដែលមានស្មារតីព្យាយាម ប្រឹងប្រែង មាននូវស្មារតី មានការងារប្រពៃ និងជាអ្នកមិនប្រមាទ។ សរុបសេចក្ដីមក អបាយមុខគ្រប់ប្រភេទណាមួយក្ដីបុគ្គលសេពនូវអបាយមុខនោះៗក្ដី សូមបុរសស្ដ្រីគេចចៀសវាង ឲ្យដូចមនុស្សដែលខ្លាចខ្មោចលង ហើយគេចចៀសវាងចាកព្រៃខ្មោចដូច្នោះដែរ។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ៥០០០ឆ្នាំ |