អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៣៧,០៨៤ ដង)
ធម៌ ៥ យ៉ាង ជាទីប្រាថ្នា ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក

|
ព្រះពុទ្ធឱវាទ សម្តែងប្រារព្ធចំពោះអនាថបិណ្ឌិកគហបតី
សុត្តន្តបិដក អង្គុត្តរនិកាយ បញ្ចកនិបាត ( បិ. ៤៤ ទំ. ៩៥-៩៨ ) គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី ធម៌ ៥ យ៉ាង ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ?
ម្នាលគហបតី ! (១) អាយុ ជាទីប្រាថ្នា ជាទីត្រកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក, ( ២ ) ពណ៌សម្បុរ ជាទីប្រាថ្នា ជាទីត្រកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក, ( ៣ ) សុខ ជាទីប្រាថ្នា ជាទីត្រកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក, ( ៤ ) យស ជាទីប្រាថ្នា ជាទីត្រកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក, ( ៥ ) ជាទីប្រាថ្នា ជាទីត្រកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក ។ ម្នាលគហបតី ! ធម៌ទាំង ៥ យ៉ាងនេះឯ ជាទីប្រាថ្នា ជាទីត្រកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក ។ ម្នាលគហបតី តថាគតមិនពោលនូវការបានចំពោះធម៌ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោកទាំង ៥ ព្រោះ ការបន់ស្រន់ ឬព្រោះការប្រាថ្នាទេ ។ ម្នាលគហបតី បើការបានចំពោះនូវធម៌ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោកទាំង ៥ នេះ នឹងមានហើយ ព្រោះការបន់ស្រន់ ឬ ព្រោះការប្រាថ្នា នរណាមួយ ក្នុងលោកនេះ អាចញុំាងនរណាឲ្យសាបសូន្យបាន ។ ម្នាលគហបតី អរិយសាវក អ្នកប្រាថ្នានូវអាយុ មិនគួរបន់ស្រន់ ឬមិនគួរត្រេកអរនឹងអាយុ ឬក៏ព្រោះហេតុនៃអាយុឡើយ, ម្នាលគហបតី បដិបទាប្រព្រឹត្តទៅ ដើម្បីបាននូវអាយុវែង ដែលអរិយសាវកអ្នកប្រាថ្នានូវអាយុគប្បីប្រតិបត្តិ ដ្បិតថា បដិបទាមានកិរិយាប្រព្រឹត្តទៅ ដើម្បីបាននូវអាយុ អរិយសាវកនោះ បានប្រតិបត្តិហើយ ប្រព្រឹត្តទៅ ដើម្បីបាននូវអាយុ ។ អរិយសាវកនោះ ជាអ្នកបានអាយុជាទិព្ធ ឬអាយុជារបស់មនុស្ស ។ ម្នាលគហបតី អរិយសាវក អ្នកប្រាថ្នាពណ៌សម្បុរ មិនគួរដើម្បីបន់ស្រន់ ឬត្រេកអរនឹងពណ៌សម្បុរ ឬក៏ព្រោះហេតុតែពណ៌សម្បុរទេ ។ ម្នាលគហបតី បដិបទាមានកិរិយាប្រព្រឹត្តទៅ ដើម្បីបានពណ៌សម្បុរ ដែលអរិយសាវកអ្នកប្រាថ្នាពណ៌សម្បុរ គប្បីប្រតិបត្តិ ដ្បិតថា បដិបទាមានកិរិយាប្រព្រឹត្តទៅដើម្បីបានពណ៌សម្បុរ, អរិយសាវកនោះ ប្រតិបត្តិហើយប្រព្រឹត្តទៅ ដើម្បីបានពណ៌សម្បុរមែន ។ អរិយសាវកនោះ ជាអ្នកបានពណ៌សម្បុរទិព្ធ ឬជារបស់មនុស្ស ។ ម្នាលគហបតី អរិយសាវក អ្នកប្រាថ្នាសេចក្តីសុខ មិនគួរដើម្បីបន់ស្រន់ ឬត្រេកអរនឹងសេចក្តីសុខ ឬក៏ហេតុតែសេចក្តីសុខទេ ។ ម្នាលគហបតី បដិបទាមានកិរិយាប្រព្រឹត្តទៅ ដើម្បីបានសេចក្តីសុខ ដែលអរិយសាវកអ្នកប្រាថ្នាសេចក្តីសុខ គប្បីប្រតិបត្តិ ដ្បិតថា បដិបទាមានកិរិយាប្រព្រឹត្តទៅដើម្បីបានសេចក្តីសុខ, អរិយសាវកនោះ ប្រតិបត្តិហើយប្រព្រឹត្តទៅ ដើម្បីបានពរសេចក្តីសុខ ។ អរិយសាវកនោះ ជាអ្នកបានសេចក្តីសុខទិព្ធ ឬជារបស់មនុស្ស ។ ម្នាលគហបតី អរិយសាវក អ្នកប្រាថ្នាយសសក្កិ មិនគួរដើម្បីបន់ស្រន់ ឬត្រេកអរនឹងយសសក្កិ ឬក៏ហេតុតែយសសក្កិទេ ។ ម្នាលគហបតី បដិបទាមានកិរិយាប្រព្រឹត្តទៅ ដើម្បីយសសក្កិ ដែលអរិយសាវកនោះ ប្រតិបត្តិហើយប្រព្រឹត្តទៅ ដើម្បីបានយសសក្កិមែន ។ អរិយសាវកនោះ ជាអ្នកបានយសសក្កិទិព្ធ ឬជារបស់មនុស្ស ។ ម្នាលគហបតី អរិយសាវក អ្នកប្រាថ្នាស្ថានសួគ៌ មិនគួរដើម្បីបន់ស្រន់ ឬត្រេកអរនឹងស្ថានសួគ៌ ឬក៏ហេតុតែស្ថានសួគ៌ទេ ។ ម្នាលគហបតី បដិបទាមានកិរិយាប្រព្រឹត្តទៅ ដើម្បីបានទៅកើតក្នុងស្ថានសួគ៌ អរិយសាវកអ្នកប្រាថ្នាស្ថានសួគ៌ គប្បីប្រតិបត្តិ ដ្បិតថា បដិបទាមានកិរិយាប្រព្រឹត្តទៅដើម្បីបានស្ថានសួគ៌, អរិយសាវកនោះ ប្រតិបត្តិហើយប្រព្រឹត្តទៅ ដើម្បីបានស្ថានសួគ៌មែន ។ អរិយសាវកនោះ ជាអ្នកបានទៅកើតស្ថានសួគ៌ ។ " អ្នកប្រាជ្ញទាំងឡាយ តែងសរសើរសេចក្តីមិនប្រមាទក្នុងបុញ្ញកិរិយាវត្ថុទាំងឡាយ ព្រោះប្រាថ្នានូវសេចក្តីត្រេកអរ គឺអាយុ ពណ៌សម្បុរ យសសក្កិ កិត្តិស័ព្ទ ស្ថានសួគ៌ ត្រកូលខ្ពស់ដ៏លើសលប់ ត ៗ ទៅ ។ អ្នកប្រាជ្ញ មិនមានសេចក្តីប្រមាទរមែងបានសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងបច្ចុប្បន្ននេះ ១ ប្រយោជន៍ក្នុងបរលោក ១, អ្នកមានប្រាជ្ញាដែលហៅថា បណ្ឌិត ព្រោះបាននូវប្រយោជន៍ " ។ ដកស្រង់ចេញពីសៀវភៅ ព្រហ្មចរិយធម៌ រៀបរៀងដោយៈ ព្រហ្ម មេត្តា (គតិបណ្ឌិតោ) ហៅ ជយវរិន្ទ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |