អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៣៥១ ដង)
វាចាសច្ចៈ

|
ពិតខាងផ្លូវវាចា គឺមិននិយាយឲ្យលើសហួសអំពីហេតុដែលកើតមានឡើង បើហេតុនោះមានថាមាន មិនមានថាមិនមាន ល្អថាល្អ អាក្រក់ថាអាក្រក់ ខុសថាខុស ត្រូវថាត្រូវ ដូច្នេះជាដើម ហៅថាវាចាសច្ចៈ ។ បណ្ឌិតទាំងឡាយ ដែលសម្ដែងនូវសច្ចៈក្នុងបករណ៍ទាំងពួង ច្រើនសំដៅយកវាចាសច្ចៈនេះជាងសច្ចៈដទៃៗព្រោះការពិតក្ដីមិនពិតក្ដី ដែលគេអាចដឹងបានច្រើន ដឹងដោយវាចា ។
ពាក្យសម្ដីពិតនេះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សរសើរថា ជាវាចាមិនចេះស្លាប់ ទោះបីបុគ្គលអ្នកពោលនោះស្លាប់បាត់បង់ទៅហើយក៏ដោយ ឯវាចាពិតរបស់បុគ្គលនោះ នៅតែរស់រវើកព្រោះជាវាចាធ្វើឲ្យសម្រេចប្រយោជន៍គ្រប់យ៉ាង ពួកពណ្ឌិតទាំងឡាយតែងលើកតម្កើងឲ្យពរសព្ទសាធុការអស់កាលជានិច្ចដូចយ៉ាងពុទ្ធឱវាទរបស់ព្រះអរហន្តសម្មាសម្ពុទ្ធជាបរមគ្រូ ព្រះអង្គបរិនិព្វានទៅជាង ២០ សតវត្សរ៍ហើយ ឯពុទ្ធឱវាទគឺពាក្យប្រៀនប្រដៅរបស់ព្រះអង្គ ទាំងប៉ុន្មានគង់វង្សនៅដដែលឥតមានបាត់បង់ទៅណាឡើយ បើចាប់លើកគម្ពីរសាស្ត្រមើលឡើង ឬស្ដាប់អំពីសំណាក់លោកអ្នក ជាពហុស្សូតវេលាណាក៏ហាក់ដូចជាព្រះអង្គទ្រង់សម្ដែងប្រោសប្រទានក្នុងវេលានោះ ន័យនេះសមនឹងពុទ្ធភាសិតថា ពាក្យពិត ជាវាចាមិនស្លាប់ ពាក្យពិតនេះជាធម៌គឺអ្នកប្រាជ្ញទាំងឡាយ តែងសន្សំហើយក្នុងកាលមុន អ្នកប្រាជ្ញទាំងឡាយ តែងសន្សំហើយក្នុងកាលមុន អ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើម តែងស្ថិតនៅក្នុងសច្ចធម៌ព្រោះធម៌ជាប្រយោជន៍ដល់ខ្លួនផងដល់បុគ្គលដទៃផង តាមធម្មតាមិនប្រែប្រួលឡើយ ។ សត្វទាំងឡាយ ក្នុងលោកបើគ្មានសច្ចៈការពិតត្រង់នេះទេ តែងតែជួបប្រទះនឹងគំនរសេចក្ដីទុក្ខលំបាកជានិច្ច ដូចមាននិទានមួយក្នុងនេមិរាជជាតកថា មាននរកមួយមានឈ្មោះ កូដការី សត្វក្នុងនរកនោះមានពួកនាយនិរយបាល យកសន្ទូចដែកមានផ្លែកនឹងដងធំៗ ប៉ុនដើមត្នោត ថ្ពក់កាវទាញអណ្ដាតយកទៅសន្ធឹងលើផ្ទាំងដែកដែលភ្លើងឆេះក្រហម ដូចជាគេបោះសន្ធឹងស្បែកស្រស់ភ្ជាប់លើផែនដី។ សត្វនរកនោះឈឺផ្សារអន្ទះអន្ទែងបំរះរាលននៀលយំស្រែកហូរទឹកមាត់ ទឹកភ្នែកសស្រាក់ ឧបមាដូចជាត្រីដែលគេចាប់ពីក្នុងទឹកបោះទៅលើគោក ។ នៅរងទុក្ខតែយ៉ាងនេះរាប់ពាន់រាប់ហ្មឺនឆ្នាំ ពុំមានពេលណាមួយដែលសត្វនរកនេះបានស្រាកស្រាន្ដចាកសេចក្ដីទុក្ខនោះឡើយ ។ កម្មដែលនាំឲ្យធ្លាក់នរកនេះ មកអំពីជាតិមុន ជាមនុស្សគ្មានសច្ចៈ និយាយដំឡើងថ្លៃទំនិញច្រើនហួសហេតុ មិនសមនឹងវត្ថុរបស់ខ្លួន ព្រោះឃើញការចំណេញខ្លាំងពេកដូចមានសេចក្ដីថា បុគ្គលបានវាយថ្លៃលក់របស់ ហើយវាយថ្លៃកោងអាក្រក់វេរ ព្រោះហេតុចង់បានទ្រព្យ ឯពាក្យសម្ដី ទន់ភ្លន់ ផ្អែមពិរោះ ដើម្បីបិទបាំងអំពោះកោងវៀចវេររបស់ខ្លួន ដូចជាមនុស្សដែលអែបខ្លួនពួនចាំបាច់សត្វ អ្នកដែលអាក្រក់វេរដូច្នេះ រមែងមិនមានអ្វីពឹងផ្អែកកុំឲ្យធ្លាក់នរកបានឡើយ កាលបើស្លាប់ហើយក៏តែងតែត្រូវសន្ទូចថ្ពក់អណ្ដាតក្នុងនរកនេះ។
ដកស្រង់ចេញពីសៀវភៅ ត្រៃកូដធម៌ ដោយ៥០០០ឆ្នាំ |