អានអត្ថបទ
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣៣,១៤៣ ដង)
ចិត្តយើងចិត្តគេ

|
កូនជាទីស្រឡាញ់! ការនៅរួមជាមួយអ្នកដទៃ មិនថានៅរបៀបជាភរិយាស្វាមី ជាគ្រួសារមាតាបិតាកូនប្រុសស្រី ជាញាតិមិត្តជាអ្នករួមការងារ ឬជាអ្នករួមសង្គមនោះឡើយ គឺកូនត្រូវរំពឹងដល់ចិត្តបំណង សេចក្តីប្រាថ្នារបស់អ្នកដទៃនោះៗនេះជាការសំខាន់យ៉ាងក្រៃលែង ។ នឹងនៅជាមួយគ្នាបានយូរឬមិនយូរ សុខសប្បាយឬក្តៅក្រហាយ គឺនៅត្រង់ចំណុចសំខាន់នេះឯង ការយកចិត្តគេមកប្រៀបនឹងចិត្តយើង និងយកចិត្តយើងទៅប្រៀបនឹងចិត្តគេ នេះជាកិច្ចដែលគួរធ្វើ ។
យើងធ្វើអ្វីក៏ដោយ ត្រូវរំពឹងដល់ផលប៉ះពាល់ ដែលនឹងកើតឡើងដល់អ្នកដទៃផង ពេលខ្លះយើងគិតថា យើងធ្វើហើយយើងនឹងបានផលប្រយោជន៍តែអ្នកដទៃ គេអាចក្តៅក្រហាយព្រោះការធ្វើរបស់យើងក៏មានដែរ ។ ទើបគួរជៀសវាងនូវចំណុចនេះឲ្យបាន មិនត្រូវសាងសេចក្តីសម្រេច លើសេចក្តីក្តៅក្រហាយនៃអ្នក ដទៃឡើយ អ្នកដទៃមិនពេញចិត្តឲ្យយើងទៅធ្វើឲ្យគេក្តៅក្រហាយដូចតែគ្នា ត្រូវនឹងដល់ចិត្តយើងចិត្តគេជានិច្ច ។
មនុស្សដែលគិតតែពីបាន គេហៅថា មនុស្សឃើញតែខ្លួនឯង មនុស្សឃើញតែខ្លួនឯង រមែងដើរប៉ះគេជាធម្មតា ពោលគឺប្រព្រឹត្តនូវអំពើដែលមានផលប៉ះពាល់ដល់អ្នកដទៃ ។ កូនអើយ កើតជាមនុស្សណាកូន ពេលយើងបានឆ្អែតក៏គួរនឹកដល់អ្នកដែលគេឃ្លានខ្លះផង ពេលយើងបានសុខក៏គួរគិតដល់អ្នកដែលមានទុក្ខផង ហើយពេលយើងមានបានក៏ត្រូវគិតដល់អ្នកដែលក្ររហេមរហាមផងដែរ ។ កូនគិតបានយ៉ាងនេះ កូននឹងជាអ្នកលះបង់ មើលឃើញអ្នកដទៃ យល់ចិត្តគេ ជួយគេ នឹងបានជាទីស្រឡាញ់រាប់អាននៃមនុស្សទូទៅ ។ ប្រសិនបើកូនជាមនុស្សឃើញតែពីខ្លួនឯង កូននឹងនៅតែឯង ព្រោះខ្វះការរាប់អានពីអ្នកជិតខាងជាដើម ។ ពេលកូនមានទុក្ខ មានរវល់ មិនមានអ្នកណាមកឈឺឆ្អាលឡើយ ចាំទុកណាកូនសម្លាញ់ ។ ចិត្តយើងចិត្តគេ កូនត្រូវរិះរេ គ្នាន់គ្នេរឲ្យច្បាស់
កុំតាមចិត្តពាល តាមព្រះតម្រាស់ ព្រះធម៌ល្អណាស់
កូនត្រូវបដិបត្តិ ។
ចិត្តគេចិត្តយើង បើមានះឡើង កូនត្រូវកម្ចាត់
បើចង់សុខចិត្ត កូនត្រូវហ្វឹកហាត់ រស់ដោយប្រយ័ត្ន
ទើបផុតអន្តរាយ ។
ខ្លួនជាឧបមា ចម្រើនមេត្តា ទោសារំសាយ
ឲ្យសុខខ្លួនឯង និងសត្វទាំងឡាយ សុខនៅមិនឆ្ងាយ
រកឃើញក្នុងចិត្ត ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |