អានអត្ថបទ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២១,៤៨៨ ដង)
ពុទ្ធានុស្សតិ

|
ពុទ្ធានុស្សតិ
សទ្ធាចរិតស្បបុរិមា ឆ អនុស្សតិយោ សម្រាប់បុគ្គលដែលជាសទ្ធាចរិត កម្មដ្ឋានដែលសមគួរគឺ អនុស្សតិ ៦ ខាងដើម (ពុទ្ធានុស្សតិ ធម្មានុស្សតិ សង្ឃានុស្សតិ សីលានុស្សតិ ចាគានុស្សតិ ទេវតានុស្សតិ) កាលបើព្រះយោគាវចរកុលបុត្រ អ្នកប្រកបដោយសេចក្ដីជ្រះថ្លា មានប្រាថ្នាដើម្បីចម្រើននូវពុទ្ធានុស្សតិ ជាលំដាប់ដំបូងគប្បីចូលទៅកាន់ទីដែលស្ងាត់កំបាំង សម្ងំនៅក្នុងសេនាសនៈសមគួរហើយ រលឹកដល់ព្រះគុណរបស់ព្រះមានព្រះភាគ យ៉ាងនេះថា ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតោ លោកវិទូ អនុត្តរោ បុរិសទម្មសារថិ សត្ថា ទេវមនុស្សានំ ពុទ្ធោ ភគវាតិ។
តទៅនេះជាន័យក្នុងការរលឹកក្នុងគុណទាំងនោះ។ (គឺ) រលឹក (ប្រកប ឥតិបិ ទុកគ្រប់បទ) ថា សោ ភគវា ឥតិបិ អរហំ (សូម្បីព្រោះហេតុយ៉ាងនេះ ព្រះមានព្រះភាគអង្គនេះ ជាព្រះអរហន្ត) សោ ភគវា ឥតិបិ សម្មាសម្ពុទ្ធោ (សូម្បីព្រោះហេតុយ៉ាងនេះ ព្រះមានព្រះភាគអង្គនោះ ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ) ។បេ។ សោ ភគវា ឥតិបិ ភគវា (សូម្បីព្រោះហេតុយ៉ាងនេះ ព្រះមានព្រះភាគអង្គនោះ ជាព្រះភគវា)។ (ពាក្យថា ឥតិបិ នោះ) មានអធិប្បាយថា "ព្រះហេតុនេះៗ"។ បណ្ឌិតរមែងរលឹកថា ក្នុងបទទាំងនោះ ព្រះមានព្រះភាគអង្គនោះ បានព្រះនាមថា អរហំ ព្រោះហេតុ (៥ ន័យ) នេះមុន គឺ អារកត្តា ព្រោះភាពជាអារកៈ (អ្នកឆ្ងាយ) ១ អរីនំ អរានញ្ច ហតត្តា ព្រោះភាពដែលទ្រង់កំចាត់អរិ (សត្រូវ) ទាំងឡាយចេញបាន ១ និងព្រោះទ្រង់ទំលាយអរៈ (កាំ) ទាំងឡាយចេញបាន ១ បច្ចយាទីនំ អរហត្តា ព្រោះភាពជាអរហៈ (អ្នកគួរទទួល) ទក្ខិណាវត្ថុទាំងឡាយមានបច្ច័យជាដើម ១ បាបករណេ រហាភាវា ព្រោះភាពមិនមានរហៈ (ទីកំបាំង) ក្នុងការធ្វើបាប ១។ល។ អារកត្តា ហតត្តា ច កិលេសារីន សោ មុនិ ហតសំសារចក្ការោ បច្ចយាទីន ចារហោ ន រហោ ករោតិ ចាចានិ អរហំ តេន វុច្ចតីតិ។ ព្រះមានព្រះភាគអង្គនោះ ព្រះនាមថា អរហំ ព្រោះភាពដែលទ្រង់ឆ្ងាយចាកកិលេស ១ ព្រោះភាពដែលទ្រង់កំចាត់ អរិ គឺកិលេសទាំងឡាយចេញ ១ ព្រះអង្គជាអ្នកទំលាយនូវកាំនៃសង្សារចក្ក ១ ជាអ្នកគួរដល់ទក្ខិណាវត្ថុទាំងឡាយមានបច្ច័យ ជាដើម ១ ទ្រង់មិនធ្វើបាបទាំងឡាយក្នុងទីកំបាំង ១ ព្រោះហេតុនោះ ទើបព្រះមានថា អរហំ ដោយប្រការទាំងពួង ដូចពណ៌នាមកដូច្នោះឯង។ ដកស្រង់ចេញពីសៀវភៅ កម្មដ្ឋាននិទ្ទេស រៀបរៀងដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ៥០០០ឆ្នាំ |