អានអត្ថបទ
ផ្សាយ : ០៩ សីហា ឆ្នាំ២០២១ (អាន: ៩,៨២៧ ដង)
វត្តមួយនៅលើចង្កេះភ្នំក្រាំងដីមាស

|
វត្តធម្មវ័នគឺជាវត្តមួយនៅលើចង្កេះភ្នំក្រាំងដីមាស ស្ថិតនៅខាងជើងក្រុងកំពង់ឆ្នាំងប្រមាណជិត២គីឡូម៉ែត្រ ក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ គេអាចធ្វើដំណើរឡើងទៅលើទីធ្លាវត្តបានដោយថ្មើរជើង ម៉ូតូ ឬរថយន្ត ដែលគេអាចគយគន់ និងផ្តិតយករូបភាពទេសភាពចំការត្នោត ទេសភាពរុក្ខជាតិនៅលើកំពូលភ្នំ ទេសភាពដងទន្លេសាប ទេសភាពភ្នំនាងកង្រីជាដើម និងសំណង់ស្នាដៃគូប្លង់កសាងរបស់ព្រះចៅអធិការ។
វត្តធម្មវ័ននេះគឺជាវត្តមួយមានការរីកចំរើនជាងគេបំផុតនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ដោយពុទ្ធបរិស័ទគ្រប់ខេត្តក្រុងនៅទូទាំងប្រទេសបានចូលរួមកសាងសមិទ្ធិផលនានានៅក្នុងវត្ត ព្រោះតែព្រះចៅអធិការវត្ត និងព្រះសង្ឃកាន់ព្រះវិន័យបានយ៉ាងតឹងរឹងតាមគន្លងបញ្ញត្តិព្រះពុទ្ធសាសនា ដែលវត្តនេះស្ថិតនៅចង្កេះភ្នំក្រាំងដីមាស ខេត្តកំពង់ឆ្នាំង។ ព្រះចៅអធិការវត្តធម្មវ័ន ព្រះនាម យឹម ទូច ព្រះជន្មាយុ៤២វស្សានិងជាធម្មធរគណខេត្តកំពង់ឆ្នាំង បានមានសង្ឃដីការនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា នេះថា៖វត្តធម្មវ័នត្រូវបានក្រសួងធម្មការប្រកាសទទួលស្គាល់នៅឆ្នាំ២០០៤ ដែលនៅមុនឆ្នាំ២០០៤គ្រាន់តែជា អាស្រមតូចមួយប៉ុណ្ណោះ។ ចំណែកព្រះអង្គបានមកគង់ជាព្រះចៅអធិការក្នុងវត្តនេះ ចាប់ពីឆ្នាំ២០០៣មកដល់សព្វថ្ងៃមានរយៈពេលជាង១១ឆ្នាំហើយ ព្រះអង្គបានបួសជាសង្ឃតាំងព្រះជន្ម១៧ព្រះវស្សាមក។ព្រះសង្ឃគង់នៅក្នុងវត្តនេះមាន ចំនួនជាង៧០អង្គ បានចេញទៅរៀនជាង៥០អង្គ គង់នៅក្នុងវត្តបច្ចុប្បន្ន២៤អង្គ។ សមិទ្ធិផលដែលពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទមកពីខេត្តផ្សេងៗបានចូលរួមកសាងមាន ព្រះវិហារមួយបច្ចុប្បន្នកសាងបានជាង៨០%ហើយ,កសាងចេតី៥កន្លែង កសាងកុដិចំនួន៣១កុដិ,កសាងសាលាឆាន់ ៣កន្លែង សាលាឆាន់ធំជាងគេដែលកំពុងកសាងឈ្មោះតាវតឹងសភា និងកសាងបាន ៦០% ប៉ុណ្ណោះ ។ ចំណែកប្រាសាទតម្កល់ព្រះពុទ្ធរូប២៨អង្គជាកន្លែងដាំដើមពោធិព្រឹក្សយកមកពីប្រទេសឥណ្ឌាដែលបានកសាងរួចហើយ ។ ទន្ទឹមនេះដែរបច្ចុប្បន្នកំពុងសាងសង់សាលាពុទ្ធិកសិក្សាមួយកន្លែងដែលមានកំពស់៣ជាន់កសាងបាន២០%ហើយ និងមហាកុដិមួយកន្លែងទៀតកំពុងសាងសង់សំរាប់សង្ឃជាន់ខ្ពស់គង់នៅរៀនសូត្រ ដោយឡែកផ្លូវបេតុងប្រវែងជាង៤០០ម៉ែត្រក្នុងវត្តក៍កំពុងកសាងដែរ។សមិទ្ធិផលទាំងអស់ ដែលពុទ្ធបរិស័ទបានចូលរួមកសាងជាមួយព្រះចៅអធិការ គឺមានទឹកប្រាក់ចំណាយសរុបអស់ប្រមាណជាង១លានដុល្លាហើយ ។ ព្រះចៅអធិការ យឹម ទូច បានមានសង្ឃដីការអោយដឹងទៀតថា៖ការកសាងសមិទ្ធិផលទាំងអស់ខាងលើនេះ គឺជាការចូលរួមប្រគេនបច្ច័យរបស់ពុទ្ធបរិស័ទទាំងអស់ក្នុងពិធីបុណ្យផ្សេងៗ និងប្រាក់មួយចំនួនទៀតជា បច្ច័យផ្ទាល់ខ្លួនព្រះអង្គដែលបានមកពីការសំដែងធម៌ទេសនាតាមខេត្តនានា ព្រះអង្គបានយកមកបញ្ចូលក្នុងការកសាងនេះទាំងអស់។ ![]() វត្តធម្មវ័នក៍ត្រូវបានប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង និងក្រៅខេត្តចាត់ទុកថាជារមណីយដ្ឋានវប្បធម៌ធម្មជាតិ មួយ ព្រោះថាទីតាំងវត្តធម្មវ័នស្ថិតនៅលើចង្កេះភ្នំក្រាំងដីមាស មានខ្យល់ដ៍បរិសុទ្ធ មានដើមឈើខ្ពស់ៗមានម្លប់ត្រឈឹងត្រឈៃ ដែលអាចអោយអ្នកទេសចរណ៍ទៅកំសាន្តលេងយ៉ាងសប្បាយរីករាយ។ទន្ទឹមនោះដែរគេអាចមើលឃើញទេសភាពវាលស្រែ ចំការដើមត្នោត ទេសភាពដងទន្លេសាបនារដូវទឹកតំឡើង និងដងភ្នំនាងកង្រី និងទេសភាពផ្សេងៗជាច្រើនទៀតផង ដែលអាចធ្វើអោយអារម្មណ៍អ្នកទៅលេងកំសាន្តទីនោះបានស្រស់ស្រាយចិត្ត និងបំបាត់បាននូវទុកកង្វល់ផងទាំងឡាយ៕ ដកស្រង់ពី ខេមប៉ុស្តិ៍ ដោយ៥០០០ឆ្នាំ |