អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៤២,២៩៦ ដង)
កំណើតបុណ្យផ្កាប្រាក់សាមគ្គី

|
បុណ្យផ្កាដែលធ្វើដោយមានផ្កាជាសក្ការៈនោះមានពីរបែបគឺ
១- បុណ្យផ្ការុក្ខជាតិ និងផ្កាវារីជាតិ គឺគេបេះតែផ្កាឈើ និងផ្កាឈូកថ្វាយព្រះពុទ្ធរូប។ ២- បុណ្យផ្កាប្រាក់ គឺគេសន្មតប្រាក់ថាជាផ្កាបវារណាចំពោះព្រះដើម្បីសាងថាវរវត្ថុអ្វីមួយ។ ប្រទេសកម្ពុជាយើង សម័យបុរាណពុទ្ធបរិស័ទទាំងឡាយទាំងព្រះរាជាទាំងប្រជារាស្ត្រ ទ្រង់តែងតែប្រារព្ធធ្វើបុណ្យរុក្ខជាតិ និងផ្កាវារីជាតិដោយយកផ្កាចងក្រងហើយ ហែយកទៅថ្វាយព្រះពុទ្ធនៅព្រះវិហារវត្តណាមួយដែលនៅជិត។ ព្រះរាជាតែងទ្រង់ធ្វើនៅខែវស្សា គឺនៅថ្ងៃ១៥កើតខែស្រាពណ៍ដោយទ្រង់ស្ដេចយាងទៅក្រសាលតាមបឹងតាមព្រះទីន័ង នាវា ទ្រង់ព្រះរាជបញ្ជាឲ្យបេះផ្កាឈូកស ឈូកក្រហម ព្រលិត លំចង់ ស្បង្ក័ជ យកមកថ្វាយព្រះក្នុងព្រះរាជមន្ទីរហើយទ្រង់ចាត់ឲ្យហែហមដោយក្បួនហែដ៏មហោឡារិក យកទៅថ្វាយព្រះពុទ្ធរូបគ្រប់វត្តអារាម ដែលនៅជិតព្រះបរមរាជវាំង។ តែសព្វថ្ងៃដោយគេយល់ថា វត្តអារាមនីមួយៗតែងកសាងទីសេនាសនៈ ដូច្នេះទើបនិយមយកលុយមកចងក្រងជាផ្កា រួចបានវេរប្រគេនដល់ព្រះសង្ឃ ហើយបុណ្យផ្កាប្រាក់នេះគេទុកថា ជាបុណ្យធំមួយព្រះគេបានរួមបច្ច័យ កសាងថាវរវត្ថុផ្សេងៗ ទាំងខាងពុទ្ធចក្រ និងអាណាចក្រអាចធ្វើជាប្រយោជន៍ដ៏ធំធេងសម្រាប់ធ្វើជាទីសេនាសនៈផ្សេងៗបានឈ្មោះថាធ្វើឲ្យសាសនារុងរឿងតទៅទៀតផង។ រឿងព្រះបុទុមត្ថេរ
(គម្ពីរបាលីព្រះវិន័យ) ត្រង់ភេសជ្ជករណាទិវិនិច្ឆ័យកថា ចែងពីប្រភពនៃបុណ្យផ្កាបានឮថាព្រះ មហាបទុមត្ថេរ នៅលង្កាទ្វីបកាលដែលរោគកើតឡើងដល់ព្រះរាជទេពី នៃព្រះមហាក្សត្រ ដែលស្និទ្ធស្នាលនឹងព្រះអង្គ ព្រះរាជាទ្រង់ចាត់ឲ្យស្ត្រីបម្រើម្នាក់មកសួរថ្នាំលោក ដោយសារលោកជាអ្នកកាន់វិន័យត្រឹមត្រូវមិនប្រាប់ថាចេះ ឬមិនចេះទេលោកធ្វើជាបែរទៅសួរពួកភិក្ខុថា ម្នាលអាវុសោ កាលដែលរោគដូច្នេះកើតឡើងដល់ភិក្ខុគេផ្សំថ្នាំនេះមួយៗ។ ស្ត្រីបម្រើបានឮក៏នាំដំណឹងនោះទៅទូលព្រះរាជា ព្រះរាជាបានជ្រាបក៏ចាត់ការឲ្យព្យាបាលរោគនោះដោយប្រើថ្នាំដូច្នោះក៏បានជាសះស្បើយទៅ។ កាលជាសះស្បើយហើយព្រះរាជាទ្រង់យកចីវរ១ត្រៃ និងរូបិយវត្ថុ៣០០កហាបណៈ ដាក់ក្នុងប្រអប់១ទៅតម្កល់ទុកជិតព្រះបាទាព្រះមហាបទុមត្ថេរ ហើយបវារណាថា ភន្តេ បុប្ផ បូជំ ករោថ បពិត្រព្រះករុណាម្ចាស់ដ៏ចម្រើន! ផ្កាទាំងអស់សូមព្រះករុណាម្ចាស់ចាត់ចែងផ្កាបូជាព្រះពុទ្ធរូបចុះ។ ព្រះមហាបទុមត្ថេរទទួលដោយតុណ្ហីភាពហើយគិតថា រូបិយវត្ថុមួយចំណែកនេះ ជាចំណែកអាចារ្យ លុះគិតហើយក៏ឲ្យអាចារ្យនោះទទួលយក ចំណែកនោះដោយកប្បិយវោហារសល់ពីរនោះលោកចាត់ចែងបូជាព្រះពុទ្ធរូប។ សម័យបុរាណប្រហែលជាពុទ្ធសាសនិកជនយកតម្រាប់តាមរឿងនេះហើយ បានជាគេធ្វើបុណ្យផ្ការុក្ខជាតិ និងផ្កាប្រាក់ ជាពុទ្ធបូជារួមជាមួយគ្នាជាប់ជាប្រពៃណីនៅក្នុងព្រះពុទ្ធសាសនាហើយសម័យតៗមកមានអ្នកមានសទ្ធាជ្រះថ្លាដែលត្រូវការកសាងថាវរវត្ថុផ្សេងៗ មានកុដិ ព្រះវិហារ សាលាបុណ្យ សាលារៀន ស្ពាន ស្រះជាដើមជារបស់ត្រូវចាយវាយប្រាក់ច្រើនតែបើគេមានធនធានតិចមិនអាចសាងម្នាក់ឯងបានក៏ផ្ដើមធ្វើជាបុណ្យផ្កាឡើង រួចរៃអង្គាសញាតិមិត្តឲ្យចូលប្រាក់ជួយកសាងថាវរវត្ថុនោះតាមកម្លាំងសទ្ធា។ តែតាមទម្លាប់ស្រុកខ្មែរនាសម័យបច្ចុប្បន្ន ទោះបីមានធនធានច្រើន ដែលអាចកសាងម្នាក់ឯងបានក៏ដោយតែមុននឹងធ្វើបុណ្យផ្កាគេផ្សាយដំណឹងបុណ្យនោះដល់ញាតិមិត្តជិតឆ្ងាយឲ្យជួយឧបត្ថម្ភគ្នាផង។ ជនអ្នកមានសទ្ធាជឿជាក់មុតមាំខ្លាំងក្លាប្រកបដោយអសង្ខារិកជ្រះថ្លាក៏តែងជួយចូលរួមកុសលជាច្រើន ទើបបានកំណត់បុណ្យនេះទៅ។ ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ ដោយ៥០០០ឆ្នាំ |