អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ១៨,៥១៣ ដង)
កំណើតបុណ្យបូជាព្រះចន្ទសំពះព្រះខែ

|
មានប្រជាពុទ្ធបរិស័ទទាំងឡាយ នាំគ្នាប្រារព្ធរាល់ឆ្នាំដោយមានជំនឿឬរំលឹកខួបអង្គនៃព្រះសម្មាសម្ពុទ្ធបរមគ្រូកាលនៅជាពោធិសត្វ ។ កាលដែលព្រះអង្គយោនយកកំណើតកើតជាសត្វទន្សាយ ដល់ថ្ងៃពេញបូណ៌មីវេលារាត្រី ព្រះចន្ទពេញវង់មានពន្លឺល្អសោភា ព្រះអង្គក្រលេកមើលព្រះចន្ទហើយមានសេចក្ដីជ្រះថ្លាប្រកបដោយករុណាចិត្តព្រះអង្គនឹកគិតដូច្នេះថាបើអ្នកណាត្រូវការសាច់របស់អញ អាត្មាអញ នឹងបំពេញជីវិតជាទានក្នុងកាលឥឡូវនេះ ។
អស្ចារ្យណាស់គ្រាន់តែនឹកគិតប៉ុណ្ណោះ ក៏ក្ដៅដល់អាសនៈព្រះឥន្ទស្ដេចទ្រង់អាវជ្ជនាកា ឃើញទន្សាយព្រះពោធិសត្វ មានករុណាជ្រះថ្លាចង់បំពេញទាន ក៏ហោះចុះមកនិម្មិតធ្វើជា ព្រាហ្មណ៍ចាស់ជរាម្នាក់ហើយមកកាន់សំណាក់ទន្សាយពោធិសត្វរួចបានពោលថាខ្ញុំដើរផ្លូវឆ្ងាយអត់ឃ្លានគ្មានអាហារបរិភោគមកយូរថ្ងៃហើយជីវិតរបស់ខ្ញុំនឹងក្ស័យក្នុងថ្ងៃនេះហើយបើមិនបានអ្វីនោះ! ធ្វើដូចម្ដេចនឹងបានអាហារបរិភោគអ្ហេះ?
ពោធិសត្វឆ្លើយថាបើអ្នកត្រូវការចូលរកឧសបង្កាត់ភ្លើងឲ្យឆេះទៅចុះ! ខ្ញុំនឹងលោតចូលក្នុងភ្លើងរួចអ្នកនឹងបានសាច់ខ្ញុំបរិភោគ។ ព្រាហ្មណ៍ចាស់តបថាខ្ញុំអរគុណណាស់ ហើយក៏រកឧសបង្កាត់ភ្លើងជាគំនរយ៉ាងធំរួចហើយ ទន្សាយពោធិសត្វ រលាស់ខ្លួនយ៉ាងស្អាតលោតចូលទៅក្នុងភ្លើង ស្រាប់តែភ្លើងនោះរលត់អស់ទៅសូម្បីតែរោមមួយសរសៃក៏មិនឆេះផង ។ ហេតុដ៏អស្ចារ្យនេះហើយដែលនាំព្រាហ្មណ៍ចាស់ ស្ងើចសរសើរហើយឥន្ទព្រាហ្មណ៍ ក៏ហោះទៅយកថ្មកែវសិលាមួយដុំទៅគូសវាសភ្ជាប់រូបទន្សាយពោធិសត្វក្នុងវង់ព្រះចន្ទនោះទៅ ។ អាស្រ័យហេតុនេះហើយទើបបានជាអ្នកខ្លះយល់ថាមើលទៅឃើញហាក់ដូចជារូបទន្សាយនៅរង្វង់ព្រះចន្ទ ។ ដោយមានហេតុដូចបានពោលមកនេះហើយបានជាអ្នកកាន់ព្រះពុទ្ធសាសនានាំគ្នាគោរពបូជាព្រះចន្ទសំពះព្រះខែជាប់តមកដល់សព្វថ្ងៃនេះ ។ ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ ដោយ៥០០០ឆ្នាំ |