ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
រឿងនិទានអប់រំចិត្ត
៣៨៣ អត្ថបទ
images/articles/3050/54YESRFGSZDR.jpg
ផ្សាយ : ០៣ ឧសភា ឆ្នាំ២០២៦ (អាន: ៦,៩១០ ដង)
បុគ្គល​អ្នក​មិន​ពោល​ពាក្យ​មុសាវាទ​ហើយ ជា​គុណ​នឹង​ឱ្យ​រួច​អំពី​មរណ​ភ័យ​បាន ដូច​សត្វ​កិន្នរមួយ​គូរ​ញី​ឈ្មោល ដែល​មាន​សចក្ដី​មក​ក្នុង​គម្ពីរ​តេរ​សនិបាត តក្ការិយ​ជាតក ។ មាន​រឿង​ដំណាល​ថា គ្រា​កាល​នោះ​មាន​ព្រាន​ព្រៃ​ម្នាក់​នៅ​ក្នុង​ក្រុង​ពារាណសី ដើរ​ទៅ​ព្រៃ​ហេមពាន្ត​ដើម្បី​បាញ់​ម្រឹគ ព្រាន​នោះ​បាន​ចាប់​យក​សត្វ​កិន្នរ​មួយ​គូ​ញី​ឈ្មោល នាំ​មក​ថ្វាយ​ព្រះ​បាទ​ពារាណសី ៗ ទ្រង់​ត្រាស់​សួរ​ថា កិន្និរ​នេះ​មាន​គុណ​ដូច​ម្ដេច​ខ្លះ ព្រាន​ព្រៃ​ក្រាប​ទូល​ថា កិន្នរ​នេះ​ចេះ​រាំ​ផង ចេះ​ច្រៀង​ផង រាំ​ក៏​ល្អ​មើល ច្រៀង​ក៏​ពីរោះ​ស្ដាប់ មនុស្ស​យើង​ចេះ​មិន​ដូច​ឡើយ ស្ដេច​ទ្រង់​ព្រះ​សណ្ដាប់​កិត្តិគុណដូច្នោះ​ហើយ មាន​ព្រះ​ទ័យ​ត្រេក​អរ​ទ្រង់​ប្រទាន​ទ្រព្យ​សម្បត្តិ​ដល់​ព្រាន​ព្រៃ​មាន​ប្រមាណ​ច្រើន ហើយ​ទ្រង់​ត្រាស់​ប្រើ​ឱ្យ​កិន្នរ​ទាំង​ពីរ​ឱ្យ​ច្រៀង​រាំ​និង​ទត​កម្សាន្ត​ព្រះ​ទ័យ ។ ទើប​កិន្នរ​ទាំង​ពីរ​គិត​ថា កាល​យើង​ច្រៀង​ក៏​មិន​ពីរោះ​ពីសា​អ្វី​កាល​រាំ​សោត​ក៏​មិន​ល្អ​មើល​អ្វី នឹង​ទៅ​ជា​រាំ​ជា​ច្រៀង​តែ​ផ្ដេស​ផ្ដាស ទោស​មុសាវាទ​ក៏​នឹង​កើត​មាន​ដល់​យើង ព្រោះ​តែ​ពោល​ច្រើន ​ព្រោះ​តែ​ធ្វើ​ច្រើន សុទ្ធ​តែ​មិន​ពិត ។ កិន្នរ​ទាំង​ពីរ​គិត​ដូច្នោះ​ហើយ ក៏​មិន​ច្រៀង​មិន​រាំ ស្ដេច​ប្រើ​ហើយ​ប្រើ​ទៀត សត្វ​កិន្នរ​ទាំង​ពីរ​នៅ​តែ​មិន​ច្រៀង​មិន​រាំ​ទើប​ទ្រង់​ខ្ញាល់​ប្រើ​គេ​ឱ្យ​យក​ទៅ​សម្លាប់ មេ​កិន្នរ​បាន​ស្ដាប់​ព្រះ​រាជឱង្ការ​ដឹង​ថា ស្ដេច​ទ្រង់​ខ្ញាល់​នឹង​ឱ្យ​សម្លាប់​អាត្មា​ដូច្នោះ ក៏​មិន​គិត​ថា គួរ​អញ​នឹង​ពោល​ពាក្យ​ល្អ​ក្នុង​កាល​ឥឡូវ​នេះ​ចុះ មេ​កិន្នរ​គិត​ហើយ​ទើប​សូត្រ​ជា​បទ​គាថា​ថា សតំ សហស្សានំទុព្ភាសិតានំ កល្លម្បិនាគ្ឃតិសុភាសិតស្ស ទុព្ភាសិតំ សង្កមានោ កិលេសេ តស្មា តុណ្ហី កឹ បុរិសោ ន ពាល្យាតិ ប្រែ​ថា រយ​ពាន់​គុណ​ន័យ​វាចា​ជា​ទុព្ភាសិត គង់​មិន​ដល់​មួយ​ចំណិត​នៃ​វាចា​ជា​សុភាសិត កាល​បុគ្គល​ពោល​ពាក្យ​ឱ្យ​យាង​ចុះ​កាន់​គន្លង​ទុព្ភាសិត​ហើយ នឹង​បាន​សោយ​ទុក្ខ​លំបាក​និង​សៅ​ហ្មង​មិន​លែង​ឡើយ ។ ហេតុ​នោះ​បាន​ជា​កិន្នរ​ឈ្មោល​នៅ​ស្ងៀម​មិន​ច្រៀង​មិន​រាំ ព្រោះ​ខ្លាច​ទុព្ភាសិត មិន​មែន​ស្ងៀម​នៅ​ដោយ​ការ​ល្ងង់​ខ្លៅ​ទេ ។ ព្រះ​បាទ​ពារាណសី ទ្រង់​ព្រះ​សណ្ដាប់​ពាក្យ​មេ​កិន្នរ​ហើយ មាន​ព្រះ​ទ័យ​រីករាយ ក៏​ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​បង្គាប់​ឱ្យ​នាំ​មេ​កិន្នរ​ទៅ​លេង​ឯ​ព្រៃ​ហិមពាន្ត ទ្រង់​ព្រះ​បង្គាប់​ឱ្យ​យក​កិន្នរ​ឈ្មោល​ទៅ​សម្លាប់​ធ្វើ​ព្រះ​ស្ងោយ​ក្នុង​ពេល​ព្រឹក ។ កិន្នរ​ឈ្មោល​បាន​ឮ​ហើយ​នឹក​ក្នុង​ចិត្ត​ថា ទំនង​ជា​ស្ដេច​ឱ្យ​សម្លាប់​អញ​ដោយ​ពិត បើ​ដូច្នោះ​គួរ​អញ​នឹង​ពោល​ពាក្យ​ពីរោះ​ខ្លះ​ក្នុង​កាល​ឥឡូវ​នេះ​ចុះ កិន្នរ​ឈ្មោល​គិត​ហើយ ក៏​ពោល​ពាក្យ​ជា​វេយ្យាករណ៍ថា បណ្ដា​សត្វ​ទ្វេ​បាទ​ទាំង​អស់ តែង​បរិភោគ​ស្មៅ​ជា​ចំណី​មាន​ផ្ទៃ​មេឃ​ជា​ទី​ពឹង​ពំនាក់ បណ្ដា​មនុស្ស​ទាំង​អស់ មាន​សត្វ​ចិញ្ចឹម​ជា​ទី​ពឹង​ទី​ពំនាក់ ព្រោះ​ថា មនុស្ស​តែង​រស់​នៅ​បាន ក៏​អាស្រ័យ​នឹង​បញ្ចគោរសចំណែក​ខ្លួន​ខ្ញុំ​មាន​ព្រះ​អង្គ​ជា​ទី​ពឹង​ទី​ពំនាក់ ប្រពន្ធ​ខ្ញុំ​មាន​ជា​ទី​ពឹង​ទី​ពំនាក់ កាល​ខ្ញុំ​ទាំង​ពីរ​នាក់​មាន​ជីវិត​រស់​នៅ​ដរាប​ណា នឹង​មិន​បាន​លះ​ចោល​គ្នា​ដរាប​នោះ ហេតុ​ដូច្នោះ បើ​ព្រះ​អង្គ​ប្រាថ្នា​នឹង​លែង​មេ​កិន្នរ​ ឱ្យ​មេ​កិន្នរ​ឱ្យ​ទៅ​ឯ​ព្រៃ​ហិមពាន្ត ត្រូវ​តែ​ព្រះ​អង្គ​ឱ្យ​សម្លាប់​ខ្ញុំ​ឱ្យ​ហើយ​ជា​មុន​ទៅ សឹម​លែង​មេ​កិន្នរ​ឱ្យ​ទៅ​ជា​ខាង​ក្រោយ​ចុះ ។ ព្រះ​បាទ​ពារាណសី បាន​ទ្រង់​ស្ដាប់​សម្ដី​នៃ​សត្វ​ទាំង​ពីរ ពីរោះ​ដូច្នោះ ក៏​ត្រឡប់​ជា​ស្រួល​ព្រះ​ទ័យ ទ្រង់​ប្រើ​ព្រាន​ព្រៃ​ឱ្យ​នាំ​យក​កិន្នរ​ទាំង​ពីរ​ទៅ​លេង​ឯ​ព្រៃ​ហិមពាន្ត ហើយ​ទ្រង់​ហាម​មិន​ឱ្យ​អ្នក​ណា​មួយ​សម្លាប់​កិន្នរ​ទាំង​ពីរ ចាប់​ដើម​តាំង​ពីរ​ថ្ងៃ​នោះ​ទៅ សត្វ​កិន្នរ​ទាំង​ពីរ​បាន​រួច​ពី​មរណ​ភ័យ ព្រោះ​ខ្លាច​មុសាវាទ មិន​ហ៊ាន​ពោល​ពាក្យ​ទុព្ភា​សិត​តាំង​នៅ​នឹង​តែ​ក្នុង​ពាក្យ​ជា​សុភាសិត​តែ​ម្យ៉ាង សម​ដូច​បត​គាថា​ថា តស្មា មរណតោ មោក្ខំ បត្ថយន្តេន ជន្តុនា បហាយ អលិកំ សច្ចំ ភាសិតព្វំ សុធិមតា ប្រែ​ថា ជន​ជា​បណ្ឌិត​អ្នក​មាន​បញ្ញា កាល​ប្រាថ្នា​ចង់​ឱ្យ​រួច​ចាក​មរណ​ភ័យ​នោះ គប្បី​លះ​ចោល​ពាក្យ​កុហក ហើយ​ពោល​តែ​ពាក្យ​សច្ចៈ មួយ​ផ្នែក​ប៉ុណ្ណោះ ។ ព្រះ​វង្គីសត្ថេរ​លោក​ដឹង​សេចក្ដី​នេះ​ពិត​ហើយ ទើប​លោក​សម្ដែង​ជា​បទ​គាថា​ដរាប​ចូល​ក្នុង​សុភាសិត​សូត្រ​ដូច្នេះ​ថា សច្ចំ វេ អមតា វាចា ឯស ធម្មោ សនន្តនោ សច្ចេ អត្ថេ ច ធម្មេ ច អហុ សន្តោ បតិដ្ឋិតា ប្រែ​ថា វចីសច្ច​ជា​វាចា​មិន​ស្លាប់​ពិត វចីសច្ច​នេះ​ជា​ធម៌​គឺ​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​តែង​សន្សំ​ហើយ​ពី​មុនៗ អ្នក​ប្រាជ្ញ​ទាំងឡាយ​មាន​ព្រះ​ពុទ្ធ​ជា​ដើម តែង​ស្ថិត​នៅ​ក្នុង​សច្ចធម៌ គឺ​ធម៌​ជា​ប្រយោជន៍​ខ្លួន​ផង ប្រយោជន៍​អ្នក​ដទៃ​ផង តាម​ធម្មតា​មិន​ឃ្លៀង​ឃ្លាត​ឡើយ ។ ចប់​រឿង​កិន្នរ ។ ដោយ៥០០០ឆ្នាំ
images/articles/3052/644yetherte3.jpg
ផ្សាយ : ០៣ ឧសភា ឆ្នាំ២០២៦ (អាន: ៨,០៨៨ ដង)
សេចក្ដី​ថា ពុទ្ធ​ភាសិត​ដែល​ព្រះ​ពុទ្ធ​ទ្រង់​សម្ដែង​ទាំង​ប៉ុន្មាន អ្នក​ប្រាជ្ញ​តែង​រាប់​ថា​ជា​សុភា​សិតា​វាចា​ទាំង​អស់ ព្រោះ​ថា ព្រះ​អង្គ​ពោល​សំដៅ​សេចក្ដី​ក្សេម​ក្សាន្ត​គឺ​ព្រះ​និព្វាន សំដៅ​សេចក្ដី​ផុត​ចាក​វដ្ដ​ទុក្ខ គឺ​ព្រះ​និព្វាន សំដៅ​សេចក្ដី​មិន​កើត​មិន​ចាស់ មិន​ឈឺ​មិន​ស្លាប់ គឺ​ព្រះ​និព្វាន ។ បាន​ជា​ព្រះ​វង្គី​សត្ថេរ​លោក​ដឹង​សេចក្ដី​នេះ​ពិត​ហើយ ទើប​លោក​សម្ដែង​ជា​បទ​គាថា​ដូច្នេះ​ថា យំ ពុទ្ធោ ភាសតី វាចំ ខេបំ និព្វានបត្តិយា ទុក្ខស្សន្តកិរិយាយ សា វេវាចានមុត្តមា ប្រែ​ថា ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​សម្ដែង​នូវ​វាចា​ណា​ជា​ក្សេម​ក្សាន្ត វាចា​នោះ​ហើយ​ខ្ពស់​វិសេស​ផុត​ជាង​វាចា​ទាំងឡាយ​នានា ព្រោះ​សំដៅ​សេចក្ដី​ដែល​ដល់​នូវ​ព្រះ​និព្វាន ជា​ដែន​ធ្វើ​ឱ្យ​អស់​ទុក្ខ​ទៅ​បាន ។ ឯ​អ្នក​ស្ដាប់​សុភាសិត​ចំពោះ​ព្រះ​ភក្រ្ត​ហើយ បាន​លុះ​មគ្គផល​ដូច​មាន​សេចក្ដី​ទៅ​នេះ កាល​ទ្រង់​សម្ដែង​ព្រះ​ធម្ម​ចក្កប្បវត្តន​សូត្រ ព្រះ​អញ្ញាកោណ្ឌញ្ញត្ថេរ​និង​ព្រហ្ម១៨កោដិ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។ កាល​ទ្រង់​សម្ដែង​អនត្ត​លក្ខណ​សូត្រ បញ្ចវគ្គិយ​ភិក្ខុ​ទាំង៥រូប​ បាន​តម្កល់​នៅ​ក្នុង​ទី​ជា​ព្រះ​អរហន្ត ។ ថ្ងៃ​ជា​ខាង​ក្រោយ​ទៀត បុរស៥៥នាក់ មាន​យស​កុល​បុត្រ​ជា​ដើម បាន​លុះ​ព្រះ​អរហត្ត​ផល ក៏​ព្រោះ​បាន​ស្ដាប់​ទេសនា​នេះ ។ កាល​ទ្រង់​សម្ដែង​អាទិត្ត​បរិយាយ​សូត្រ ក្នុង​គយាសីស​ប្រទេស ជដិល​មួយ​ពាន់​នាក់ បាន​លុះ​ព្រះ​អរហត្ត​ផល ។ កាល​ទ្រង់​សម្ដែង​តិរោកុឌ្ឌ​សូត្រ ពួក​ជន៨ម៉ឺន៤ពាន់​នាក់​ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។ កាល​ទ្រង់​សម្ដែង​ខទិរង្គារ​ជាតក សត្វ៨ម៉ឺន៤ពាន់ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។ កាល​ទ្រង់​សម្ដែង​បារាយន​សូត្រ សត្វ១៤កោដិ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។ កាល​ទ្រង់​សម្ដែង​ព្រះ​អភិធម្ម សត្វ៨០កោដិ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។ កាល​ទ្រង់​សម្ដែង​សក្កបញ្ហាសូត្រ ទេវតា៨ម៉ឺន បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។ នៅ​មាន​ច្រើន​ជាង​នេះ ដោយ​សែន​កោដិ លើស​កម្លាំង​បញ្ញា​នឹង​រាប់​សត្វ​ទាំង​នោះ​បាន ។ គុណ​អ្នក​ស្ដាប់​សុភាសិត​ចំពោះ​ព្រះ​ភក្ត្រ​ចប់ ។ ដោយ៥០០០ឆ្នាំ
images/articles/1585/Untitled-1-Recovered.jpg
ផ្សាយ : ២៨ មីនា ឆ្នាំ២០២៦ (អាន: ២២,៩៧៨ ដង)
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្ដី​ក្រោធ ព្រះ​សាស្ដា កាល​ដែល​ព្រះអង្គ​គង់​ប្រថាប់​នៅ​អគ្គាឡវចេតិយ ទ្រង់​បាន​ប្រារព្វ​ទេវតា​មួយ​អង្គ​ដែល​មាន​បញ្ហា​ជា​មួយ​ភិក្ខុមួយរូប ព្រះអង្គ​ទ្រង់​ត្រាស់​នូវ​ព្រះធម៌​ទេសនា​នេះ​ថា <<យោ វេ ឧប្បតិតំ កោធំ>> ជា​ដើម។ ភិក្ខុ​កាប់​ដើម​ឈើ​ដែល​ទេវតា​អាស្រ័យ​នៅ សេចក្ដី​ពិស្ដារ​ថា កាល​ព្រះ​សាស្ដា​ទ្រង់​អនុញ្ញាត​នូវ​សេនាសនៈ​ដល់​
images/articles/1031/Untitled-1.jpg
ផ្សាយ : ២៦ មីនា ឆ្នាំ២០២៦ (អាន: ២៨,១៥៨ ដង)
រឿង​ទុត្ត​បុរស (ចាក ធ. ខុ.) (សេច​ក្តី​ជ្រះ​ថ្លា​ជា​មេ​បណ្តុះ​សម្បត្តិ​លោកិយ​និង​លោក​កុត្តរ) ក្នុង​កាល​ដែល​កន្លង​ទៅ​ហើយ​ ព្រះ​សម្មា​សម្ពុទ្ធ​ព្រះ​នាម​កស្សបៈ​ មាន​ព្រះ​ខី​ណា​ស្រព​ ២០​ពាន់​អង្គ​ជា​បរិវារ ស្តេច​យាង​ទៅ​កាន់​ក្រុង​ពារាណសី មនុស្ស​ទាំង​ឡាយ​បាន​កំណត់​ធនធាន​តាម​កំលាំង​ខ្លួន ចូល​គ្នា​៨​នាក់​ខ្លះ ១០​នាក់​ខ្លះ​ថ្វាយ​អាគន្តុក​ទាន​ជា​ដើម ។
images/articles/866/Untitled-1.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២៦ (អាន: ៤០,០៤៧ ដង)
រឿង​ជ្រូក​ឈ្មោះ​តច្ឆកៈ (​ ចាក​ ត​. ប. ) ( ចេះ​ស្តាប់​បង្គាប់​នាយ​ជន អាច​ញុំាង​ប្រ​យោជន៍​ឲ្យ​សម្រេច​បាន​​ ) កាល​កន្លង​ទៅ​ហើយ​ ក្នុង​ក្រុង​ពា​រាណសី​ មាន​ជាង​ឈើ​ម្នាក់​ ចូល​ទៅ​កាប់​ឈើ​ក្នុង​​ព្រៃ​ បាន​ឃើញ​ជ្រូក​ព្រៃ​តូច​មួយ​ធ្លាក់​អណ្តូង​ ក៏​រើស​យក​មក​ចិញ្ចឹម​ឲ្យ​ឈ្មោះ​ថា​ ត​ច្ឆ​កៈ ដល់​ជ្រូក​នោះ​ធំ​ឡើង​ ចេះ​ជួយ​ធ្វើ​ការ​ជាង​ឈើ​នោះ​តាម​សមត្ថ​ភាព​ រ​បស់​ខ្លួន​ មាន​ឈ្មុស​ត្រឡប់​ឈើ​ជា​ដើម​ ។​
images/articles/869/Untitled-1.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២៦ (អាន: ៣៥,០០៩ ដង)
រឿង​កុ​មារ​កូន​ស្រី​ផ្កា​មាស​ ( ចាក​ បេ​. ខុ. ) ( ពៀរ​វេ​រា​រ​បស់​សត្វ​លោក​មិន​ដែល​សាប​សូន្យ​ ) កាល​ព្រះ​សម្ពុទ្ធ​គង់​នៅ​វត្ត​ព្រះ​ជេត​ពន​ នា​ក្រុង​សាវ​ត្ថី​ កាល​នោះ​មាន​ឧ​បា​សក​ ឧ​បា​សិ​កា​ មាន​សទ្ធា​ជ្រះ​ថ្លា​នាំ​គ្នា​ធ្វើ​រោង​បា​រាំ​ក្នុង​ព្រះ​នគរ​ ហើយ​ចាត់​ចែង​ប្រ​គេន​សង្ហាន់​សង្ឃ ។ កាល​នោះ​មាន​កុ​មារ​មួយ​រូប​
images/articles/870/Untitled-1.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២៦ (អាន: ១៨,៤២៨ ដង)
រឿង​នាង​ឧ​ព្វិ​រី​ (​ ចាក​ បេ​. ខុ.​ ) (​ មិនគួរ​យំ​សោក​ស្តាយ​ ចំ​ពោះ​ជន​ដែល​បាន​ស្លាប់​បាត់​ទៅ​ហើយ )​ កាល​ព្រះ​សម្ពុ​ទ្ធ​​ប​រម​គ្រូ​ គង់​នៅ​វត្ត​ជេត​ពន​ មាន​ឧ​បា​សិ​កា​មួយ​រូប​ យំ​សោក​ស្តាយ​ស្វា​មី​ដែល​ធ្វើ​ម​រ​ណ​កាល​ទៅ​ហើយ​ ។ រាល់​តែ​ព្រឹក​ នាង​ទៅ​យំ​សោក​បោក​ខ្លួន​លើ​ផ្នូរ​ខ្មោច​​ស្វា​មី​ក្នុង​ព្រៃ​ស្ម​សាន​ អត់​បាយ​អត់​ទឹក​ ស្គម​រីង​រៃ​អស់​ទាំង​ខ្លួន​ ទោះ​បី​ញាតិ​មិត្រ​ហាម​ឃាត់​អង្វរ​យ៉ាង​ណា​ ក៏​លះ​បង់​សេចក្តី​សោក​នោះ​មិនបាន​ ។
images/articles/2864/gfdsetry.jpg
ផ្សាយ : ២៨ វិច្ឆិកា ឆ្នាំ២០២៥ (អាន: ១១,៦១៤ ដង)
ព្រះបរមសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកច្រើនទៅ ដោយការអួតមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ពហុម្បិ សោ វិកត្ថេយ្យ ដូច្នេះជាដើម ។ រឿងរបស់ភិក្ខុនោះ ដូចរឿងដែលបានពោលហើយក្នុងកាលមុននោះឯង ។ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វ​សោយ​ព្រះជាតិជាសេដ្ឋីអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ។ ភរិយារបស់ សេដ្ឋីប្រសូតបុត្ត ចំណែកទាសីរបស់​សេដ្ឋីក៏ប្រសូតបុត្តក្នុងថ្ងៃនោះដែរ ។ ក្មេងទាំងពីរ នោះ ធំឡើងជាមួយគ្នា កាលបុត្តសេដ្ឋីទៅរៀនអក្សរ​ កូនទាសីក៏កាន់ក្តារឈ្នួនទៅតាម រៀនអក្សរជាមួយបុត្តសេដ្ឋីនោះដែរ បានសរសេរ បានអានពីរ-បី​ដង​ កូនទាសីនោះ ក៏ចាំ ពាក្យនោះ ឈ្លាសវៃក្នុងវោហារដោយលំដាប់ ។ លុះធំពេញវ័យ កំលោះនោះ មាន​រូបរាង សង្ហាមានឈ្មោះថា កដាហកៈ ។ កូនទាសីនោះមាននាទីជាអ្នករក្សាឃ្លាំងក្នុងផ្ទះរបស់ សេដ្ឋី គេគិតថា មនុស្សទាំងនេះគង់នឹងមិនប្រើអញឲ្យធ្វើជាអ្នករក្សាឃ្លាំងរហូតទៅទេ ពេលឃើញទោសអ្វីបន្តិចបន្ទួច គង់នឹងវាយចាប់ចងបោះត្រា ដើម្បីជាគ្រឿង​សម្គាល់ ហើយប្រើប្រាស់ដូចជាទាសៈតទៅ នៅឯជាយដែនមានសេដ្ឋីម្នាក់ដែលជា សម្លាញ់នឹង សេដ្ឋី​នេះ បើដូច្នោះ អញកាន់សំបុត្រដែលជាពាក្យរបស់សេដ្ឋីទៅកាន់ទៅទីនោះ ប្រាប់ ថា អញជាកូនសេដ្ឋី ​កុហកសេដ្ឋី​នោះហើយ សូមធីតារបស់សេដ្ឋីនោះធ្វើជាគូគ្រង គប្បី នៅយ៉ាងសុខ ។ កូនទាសីនោះ សរសេរសំបុត្រដោយខ្លួនឯងថា ខ្ញុំបញ្ជូនកូនប្រុសខ្ញុំ ឈ្មោះនេះទៅកាន់សម្នាក់របស់លោក​ ធម្មតាសម្ព័ន្ធគ្នារវាងលោកជាមួយខ្ញុំ ខ្ញុំជា​មួយ លោកជាការសមគួរណាស់ ព្រោះហេតុនោះ សូមលោក​លើកធីតារបស់លោកឲ្យកុមារ នេះ ហើយឲ្យគេនៅទីនោះចុះ ចាំមានឱកាសខ្ញុំនឹងទៅលេងលោក ដូច្នេះ​ហើយ យកត្រា របស់សេដ្ឋី​មក​បោះ​លើសំបុត្រនោះ កាន់យកស្បៀងនិងគ្រឿងឧបភោគ និងសំពត់ជាដើម ទៅតាមការពេញចិត្ត ។ លុះទៅដល់បច្ចន្តជនបទជួបសេដ្ឋី ថ្វាយបង្គំហើយឈរក្នុង ទីដ៏សមគួរមួយ ។ ពេលនោះសេដ្ឋីសួរថា នែមាណព អ្នកមកអំពីណា? កដាហកៈឆ្លើយថា បពិត្រលោកសេដ្ឋី ខ្ញុំមកពីនគរពារាណសី ។ សេដ្ឋីសួរថា មាណពឯងជាកូនរបស់អ្នកណា ? កដាហកៈឆ្លើយថា ខ្ញុំជាបុត្តសេដ្ឋីនគរពារាណសី ។ សេដ្ឋីសួរថា មកទីនេះមានការអ្វី ? ពេលនោះកដាហកៈក៏ឲ្យសំបុត្រព្រមនឹង ពោលថា បពិត្រសេដ្ឋី លោក​​​មើល​សំបុត្រនេះហើយនឹងជ្រាប ។ សេដ្ឋីអានសំបុត្រហើយ សប្បាយចិត្តថា ពេលនេះអញនឹងរស់​នៅ​​យ៉ាងសុខសប្បាយ ចាត់ចែងលើកធីតាឲ្យ ។ សេដ្ឋីនោះមានបរិវារច្រើន កាលមានអ្នកនាំយាគូនឹង​​​រ​បស់​​បរិភោគជាដើមទៅឲ្យ ឬនាំ សំពត់ដែលអប់ដោយគ្រឿងក្រអូបចូលទៅឲ្យ កដាហកៈក៏តិះ​ដៀល​​​យា​គូ​ជា​ដើមថា ឱ អ្នកស្រុកក្រៅដាំយាគូស្អីបែបនេះ ធ្វើរបស់គួរបរិភោគស្អីបែបនេះ ដាំបាយស្អីបែប​នេះ តិះ​ដៀល​សំពត់និងកម្មករជាដើមថា ព្រោះជាមនុស្សស្រុកស្រែ ទើបមិនចេះប្រើប្រាស់ សំពត់ថ្មី ៗ មិនចេះប្រើ​ប្រាស់​គ្រឿង​ក្រអូប ​មិនចេះទ្រទ្រង់ផ្កាកម្រង ។ ព្រះបរមពោធិសត្វកាលមិនឃើញទាសៈក៏សួរថា យើងមិនបានឃើញកដាហកៈ វាទៅណា ? នាំគ្នាតាម​រកវាមើល៍ ដូច្នេះហើយប្រើឲ្យមនុស្សដើររកដោយជុំវិញ ។ បណ្តា មនុស្សទាំងនោះ បុរសម្នាក់ទៅកាន់ទី​នោះ បានឃើញកូនទាសីនោះហើយចាំបាន ។ កូន ទាសីនោះមិនបានដឹងថា មានគេឃើញខ្លួន ។ បុរសដែល​ឃើញកូនទាសីនោះ ទៅប្រាប់ សេដ្ឋីពោធិសត្វ ។ សេដ្ឋីពោធិសត្វស្តាប់រឿងនោះហើយគិតថា កដា​ហកៈ​នោះធ្វើយ៉ាង នោះមិនសមគួរឡើយ ត្រូវទៅចាប់វាមកក្រាបទូលព្រះរាជា ។ សេដ្ឋីពោធិសត្វចេញអំពី ផ្ទះទៅជាមួយបរិវារជាច្រើន ដំណឹងបានផ្សាយទូទៅថា បានឮថា លោកសេដ្ឋីទៅកាន់ បច្ចន្ត​ជន​បទ ។ កដាហកៈស្តាប់ឮថាសេដ្ឋីមក គិតថា សេដ្ឋីមកដោយរឿងដទៃក៏ទេ គឺមក ដោយរឿងអញនោះឯង ប្រសិន​​​​បើ​អញ​គេ​ច​ចេញទៅ មិនអាចត្រឡប់មកបានទៀតទេ ឧបាយនោះនៅមាន អញត្រូវទៅជួបសេដ្ឋីដែល​​​ជា​ចៅ​​ហ្វាយ​នាយ ហើយធ្វើកិច្ចរបស់ ទាសៈ ធ្វើឲ្យសេដ្ឋីអត់ទោសឲ្យទាល់តែបាន ។ ចាប់ពីពេលនោះមក កូនទាសីនោះពោល យ៉ាងនេះកណ្តាលបរិស័ទថា ពួកបុគ្គលពាលដទៃ ៗ មិនដឹងគុណមាតាបិតាព្រោះខ្លួនជា បុគ្គលពាល ពេលដែលមាតាបិតាបរិភោគ មិនមានការគោរព បរិភោគរួមជា​មួយ មាតាបិតាជានិច្ច ចំណែកយើងពេលមាតាបិតាបរិភោគតែងតែរង់ចាំលើកវត្ថុចូលទៅ លើកកន្ថោរចូល​ទៅ ពេលខ្លះក៏បក់ផ្លិតជូន ចូលទៅឈរជិតៗ លុះពោលដូច្នេះហើយ ប្រកាសកិច្ចដែលពួកទាសៈត្រូវ​ធ្វើចំពោះចៅហ្វាយនាយគ្រប់យ៉ាង រហូតដល់ការកាន់ ផ្តិលទឹកទៅកាន់ទីកំបាំងក្នុងពេលដែលចៅ​ហ្វាយនាយបន្ទោបង់ឧច្ចារៈបស្សាវៈជាដើម ។ លុះធ្វើឲ្យបរិស័ទដឹងយ៉ាងនេះហើយ ពេលដែលព្រះបរមពោធិ​សត្វមកជិតដល់បច្ចន្ត ជនបទក៏ប្រាប់សេដ្ឋីដែលជាឪពុកក្មេកថា បពិត្របិតា បានឮថា បិតារបស់ខ្ញុំមក​ដើម្បីជួប បិតា សូមបិតាបញ្ជាឲ្យគេត្រៀមខាទនីយភោជនីយាហារចុះ ខ្ញុំនឹងកាន់យកគ្រឿង បណ្ណា​ការ​ (ចេញទៅទទួលបិតារបស់ខ្ញុំ ) សេដ្ឋីពោលថា ប្រពៃហើយកូន ។ កដាហកៈកាន់បណ្ណាការធ្វើដំណើរទៅជាមួយបរិវារជាច្រើន ថ្វាយបង្គំសេដ្ឋី ពោធិសត្វហើយជូនបណ្ណា​ការ ។ ចំណែកសេដ្ឋីពោធិសត្វទទួលបណ្ណាការហើយធ្វើ បដិសណ្ឋារៈនឹងកូនទាសីនោះ ដល់វេលាបរិភោគ​អាហារពេលព្រឹកក៏ឲ្យបោះជំរំសម្រាក ហើយ ចូលទៅកាន់ទីកំបាំងដើម្បីបន្ទោបង់ឧច្ចារៈបស្សាវៈ កដាហកៈ​ឲ្យបរិវាររបស់ខ្លូន ត្រឡប់ហើយ កាន់ផ្តិលទឹកទៅកាន់សម្នាក់ព្រះបរមពោធិសត្វ ។ កាលសម្រេច​ឧទកកិច្ច ហើយ ក៏ក្រាបទៀបជើងទាំងពីរពោលថា បពិត្រលោកម្ចាស់ ខ្ញុំនឹងជូនទ្រព្យដល់លោក តាមដែលលោកត្រូវការ សូមមេត្តាកុំធ្វើយសរបស់ខ្ញុំឲ្យវិនាសឡើយ ។ ព្រះពោធិសត្វ ជ្រះថ្លាក្នុងការបរិបូណ៌ដោយវត្តរបស់កូនទាសីនោះ ក៏លួងលោមថា នែអ្នកដ៏ចម្រើន អ្នកកុំខ្លាចឡើយ អន្តរាយអំពីសម្នាក់របស់យើងមិនមានដល់អ្នកទេ ហើយចូលទៅកាន់ បច្ចន្តនគរ សក្ការៈយ៉ាងច្រើនមានដល់ព្រះមហាសត្វ ។ ចំណែកកដាហកៈ ក៏ធ្វើកិច្ចដែល ទាសៈត្រូវធ្វើដល់សេដ្ឋីពោធិសត្វរហូតគ្រប់វេលា ។ គ្រានោះ បច្ចន្តសេដ្ឋីពោលជាមួយនឹងព្រះពោធិសត្វដែលអង្គុយយ៉ាងសប្បាយក្នុងពេលមួយថា បពិត្រសេដ្ឋី ខ្ញុំឃើញ សំបុត្ររបស់លោកភ្លាម ក៏លើកកូនស្រីឲ្យកូនរបស់លោកភ្លាមដែរ ។ ព្រះមហាសត្វក៏ធ្វើ កដាហកៈឲ្យជាកូនដែរ ពោលពាក្យជាទីស្រឡាញ់ ពេញចិត្តឲ្យសេដ្ឋីត្រេកអរ តាំងពី ពេលនោះមកក៏គ្មានអ្នកណាហ៊ានសម្លឹងមើលមុខកដាហកៈឡើយ ។ ថ្ងៃមួយ ព្រះបរម ពោធិសត្វហៅធីតារបស់សេដ្ឋីមកពោលថា នែកូនស្រី មកនេះ ជួយរកចៃលើក្បាលឲ្យ ពុកបន្តិចដូច្នេះហើយ ពោលពាក្យជាទីស្រឡាញ់ដល់កូនប្រសាដែលឈររកចៃឲ្យ រួចសួរ ថា នែកូនស្រី កូនរបស់ឪពុកមិនប្រមាទក្នុងសុខទុក្ខរបស់កូនទេឬ ? អ្នកទាំងពីរនៅ ស្រឡាញ់គ្នាទេឬ ? នាងឆ្លើយថា បពិត្រលោកឪពុក បុត្ររបស់លោកឪពុកមិនមានចំណុចដទៃដែល គួរឲ្យតិះដៀលទេ គ្រាន់​តែ​រអ៊ូរទាំរឿងអាហារប៉ុណ្ណោះ ។សេដ្ឋីពោលថា នែកូនស្រី កូនពុកម្នាក់នេះ មានប្រក្រតីស៊ីរើសបន្តិច ណ្ហើយ​ចុះ ពុកនឹងឲ្យមន្តសម្រាប់​ចងមាត់វាដល់កូន កូនចូររៀនមន្តនោះឲ្យល្អ កាលកូនរបស់ពុក រអ៊ូរទាំក្នុងពេលបរិភោគ កូនចូរឈរអំពីមុខហើយ ពោលតាមដែលបានរៀនមក ហើយឲ្យធីតារបស់សេដ្ឋីរៀនគាថា​ សម្រាកនៅពីរ-បីថ្ងៃក៏ត្រឡប់ទៅនគរពារាណសីវិញ ។ ចំណែកកដាហកៈ ក៏យកខាទនីយភោជ​នីយា​ហារច្រើនសន្ធឹកសន្ធាប់ តាមព្រះបរម ពោធិសត្វទៅ ជូនទ្រព្យជាច្រើនដល់ព្រះបរមពោធិសត្វ ហើយលាត្រឡប់មកវិញ ។ ចាប់ពី ពេលដែលព្រះបរមពោធិសត្វត្រឡប់ទៅវិញហើយនោះ កដាហកៈក្អេងក្អាង យ៉ាងក្រៃលែង ។ ថ្ងៃមួយ កាលសេដ្ឋីធីតានាំភោជនមានរសប្រណីតៗចូលទៅឲ្យ កាន់ វែករង់ចាំបម្រើ កដាហកៈ​ក៏តិះដៀលអាហារ ។ សេដ្ឋីធីតាក៏សូត្រគាថានោះ តាមទំនង ដែលបានរៀន ហើយក្នុងសម្នាក់ព្រះបរមពោធិសត្វថា ពហុម្បិ សោ វិកត្ថេយ្យ, អញ្ញំ ជនបទំ គតោ; អន្វាគន្ត្វាន ទូសេយ្យ, ភុញ្ជ ភោគេ កដាហកា។ ទាសៈឈ្មោះកដាហកៈនោះ ទៅកាន់ជនបទដទៃ ពោលអួតនូវពាក្យច្រើន សេដ្ឋី ជាម្ចាស់មកតាម ( ម្តងទៀត ) គប្បីប្រទូស្តមិនខាន ម្នាលកដាហកៈ អ្នកចូរបរិភោគនូវ ភោគៈទាំងឡាយទៅ ។ បណ្ណាបទទាំងនោះ បទថា ពហុម្បិ សោ វិកត្ថេយ្យ អញ្ញំ ជនបទំ គតោ សេចក្តីថា អ្នកណាទៅកាន់ជនបទដទៃអំពីជាតិភូមិរបស់ខ្លួន ក្នុងទីដែលមិនមានអ្នកដឹង កំណើតរបស់ខ្លួន អ្នកនោះគប្បីរអ៊ូរទាំ គឺ ពោលអួតនូវពាក្យច្រើនក៏បាន ។ បទថា អន្វាគន្ត្វាន ទូសេយ្យ សេចក្តីថា ព្រោះបានទៅធ្វើកិច្ចរបស់ទាសៈ តាមផ្លូវឲ្យចៅហ្វាយនាយហើយ ទើបអ្នករួចផុតអំពីការវាយដោយរំពាត់ផ្តៅ ដែលនឹង លាត់ស្បែកខ្នងឡើង​ថា​ជាទាសៈ និងការបោះត្រាធ្វើជាគ្រឿងសម្គាល់ ប្រសិនបើអ្នកនៅ តែចចេសធ្វើអាក្រក់ទៀត សេដ្ឋីជា​ម្ចាស់នឹងមកតាមប្រទូស្តមិនខាន គឺតាមមកដល់ ផ្ទះនេះ ហើយគប្បីប្រទូស្ត ធ្វើឲ្យដល់នូវសេចក្តីអន្តរាយម្តងទៀត ដោយការវាយនឹងរំពាត់ផ្តៅ ការបោះត្រាធ្វើជាគ្រឿងសម្គាល់ជាទាសៈ និងដោយការប្រកាសកំណើតក៏បាន ហេតុនោះ កដាហកៈអើយ អ្នកចូរលះបង់ការប្រព្រឹត្តិមិនល្អនេះ ហើយបរិភោគនូវភោគៈ ទាំងឡាយទៅ កុំធ្វើឲ្យភាពជាទាសៈរបស់ខ្លួនបា្រកដឡើង ហើយត្រូវក្តៅក្រហាយស្តាយ ក្នុងកាលជាខាងក្រោយឡើយ នេះជាការអត្ថាធិប្បាយរបស់សេដ្ឋី ។ ចំណែកដសេដ្ឋីធីតាមិនដឹងសេចក្តីនោះ មិនយល់ន័យក្នុងគាថានោះ ពោលបាន តាមគន្លងព្យញ្ជនៈតាមការរៀនប៉ុណ្ណោះ ។ កដាហកៈគិតថា សេដ្ឋីប្រាប់រឿងអាក្រក់របស់ អញហើយ ពិតជាប្រាប់រឿងទាំងអស់ដល់នាងនេះមិនខាន ចាប់តាំងពីពេលនោះមក ឈប់តិះដៀលអាហារទៀត លះបង់មានះ​ចោល បរិភោគអាហារតាមមានតាមបាន ក្រោយអំពីចុតិក៏ទៅតាមយថាកម្ម ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាៈតទា កដាហកោ វិកត្ថកភិក្ខុ អហោសិ កដាហកៈក្នុងកាលនោះ បានមកជាភិក្ខុដែលច្រើនទៅដោយការអួតក្នុងកាលឥឡូវនេះ ។ពារាណសិសេដ្ឋិ បន អហមេវ អហោសិំ ចំណែកពារាណសីសេដ្ឋី គឺ តថាគត នេះឯង ៕ ចប់ កដាហកៈជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកកនិបាត កុសនាឡិវគ្គ បិដកលេខ ៥៨ ទំព័រ ៥៥) ដោយ៥០០០ឆ្នាំ
images/articles/2863/jhgfd.jpg
ផ្សាយ : ២៨ វិច្ឆិកា ឆ្នាំ២០២៥ (អាន: ១១,៦៨៨ ដង)
(សេចក្ដីលោភតែងញ៉ាំងបុគ្គលឲ្យវិនាស) ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុនីឈ្មោះថុល្លនន្ទា បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យំ លទ្ធំ តេន តុដ្ឋព្វំ ដូច្នេះ ជាដើម ។ សេចក្តីពិស្តារថា ឧបាសកម្នាក់នៅក្នុងនគរសាវត្ថី បវារណាខ្ទឹមចំពោះភិក្ខុនីសង្ឃ ហើយ ផ្តាំអ្នកចម្ការថា ប្រសិនបើអ្នកព្រះនាងម្ចាស់ទាំងឡាយមកយកខ្ទឹម ចូរប្រគេនមួយ អង្គ ពីរ-បីកញ្ចប់ចុះ ។ ចាប់ពីពេលនោះមក ភិក្ខុនីទាំងឡាយត្រូវការខ្ទឹម ក៏នាំគ្នាទៅកាន់ ផ្ទះឧបាសកនោះខ្លះ ទៅកាន់ចម្ការខ្លះ លុះដល់ថ្ងៃមហោស្រពមួយ ខ្ទឹមក្នុងផ្ទះរបស់ឧបាសកនោះអស់ទៅ ។ ភិក្ខុនីឈ្មោះ ថុល្លនន្ទា មួយអន្លើដោយបរិវារទៅកាន់ផ្ទះ ឧបាសកនោះ ហើយពោលថា នែអ្នកមានអាយុ អាត្មាត្រូវការខ្ទឹម ។ អ្នកបម្រើពោលថា បពិត្រអ្នកនាងម្ចាស់ ខ្ទឹមនៅផ្ទះមិនមានទេ អស់ហើយ និមន្តទៅចម្ការចុះ ទើបនាំគ្នាទៅ ចម្ការជញ្ជូនខ្ទឹមទៅដោយមិនស្គាល់ប្រមាណ ។អ្នកចាំចម្ការពោលទោសថា ព្រោះហេតុ អ្វី ទើបភិក្ខុនីទាំងឡាយ នាំគ្នាជញ្ជូនខ្ទឹមយកទៅដោយមិនស្គាល់ប្រមាណយ៉ាងនេះ ពួក ភិក្ខុនីដែលមានសេចក្តីប្រាថ្នាតិច បានស្តាប់ពាក្យរបស់អ្នកចាំចម្ការហើយ ពោលទោស ភិក្ខុនីទាំងនោះ ។ ពួកភិក្ខុលុះបានឮអំពីភិក្ខុនីទាំងនោះ ក៏នាំគ្នាពោលទោស ហើយ ក៏ក្រាបទូលរឿងនោះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះមានព្រះភាគទ្រង់តិះដៀលភិក្ខុនី ឈ្មោះថុល្លនន្ទាហើយ ទ្រង់សម្តែងធម៌ដ៏សមគួរដល់រឿងនោះ ដល់ភិក្ខុនីទាំងឡាយ ដោយន័យមានជាអាទិ៍ថា ម្នាលភិក្ខុទាំងឡាយ ធម្មតាបុគ្គលអ្នកមានសេចក្តីប្រាថ្នាច្រើន មិនជាទីស្រឡាញ់ មិនជាទីត្រេកអរ មិនជាទីចម្រើនចិត្ត សូម្បីដល់មាតាបិតាបង្កើត មិនអាចនឹងញ៉ាំងអ្នកដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាបាន មិនអាចញ៉ាំងអ្នកដែលជ្រះថ្លា ហើយឲ្យរឹងរឹតតែជ្រះថ្លាបានឡើងទេ មិនអាចញ៉ាំងលាភដែលមិនទាន់កើតឲ្យកើត ឬ លាភដែលកើតហើយ ក៏មិនអាចធ្វើឲ្យឋិតថេរគង់វង្សបាន ចំណែកអ្នកដែលប្រាថ្នាតិច រមែងញ៉ាំងលាភដែលមិនទាន់កើតឲ្យកើត លាភដែលកើតហើយក៏ធ្វើឲ្យឋិតថេរគង់វង្ស បាន ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែពេលនេះប៉ុណ្ណោះ​ទេ ដែល ភិក្ខុនីឈ្មោះថុល្លនន្ទាមានសេចក្តីប្រាថ្នាច្រើននោះ សូម្បីក្នុងកាលមុនក៏ធ្លាប់មានសេចក្តីច្រើនដែរ ហើយទ្រង់នាំយករឿងក្នុងអតីត មកសម្តែងដូចតទៅថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វបដិ​សន្ធិក្នុងត្រកូលព្រាហ្មណ៍ កាលចម្រើនវ័យហើយ មាតាបិតារៀប ចំឲ្យមានភរិយាដែលមានជាតិត្រកូលស្មើគ្នា មានធីតាបីនាក់ ឈ្មោះ នន្ទា នន្ទវតី សុន្ទរីនន្ទា កាលធីតាទាំងនោះមានស្វាមីគ្រប់គ្នាហើយ ព្រះពោធិ​សត្វក៏ធ្វើកាលកិរិយាទៅ កើតជាសត្វហង្សមាស ហើយមានញាណរលឹកជាតិបានទៀត​ផង ហង្សមាសនោះធំ ឡើងហើយ ឃើញអត្តភាពដែលពេញបរិបូណ៌ដោយរោមដែលជាមាស ក៏គិតថា អញ ចុតិ​មក​អំពីទីណាហ្ន៎ ទើបមកកើតក្នុងទីនេះ ក៏ដឹងថា មកអំពីមនុស្សលោក ពិចារណា តទៅទៀតថា ព្រាហ្ម​ណី​និងពួកធីតារបស់អញ នៅមានជីវិតឬហ្ន៎ ? ក៏បានដឹងថា ទីទ័លក្រ ត្រូវស៊ីឈ្នួលគេចិញ្ចឹមជីវិតយ៉ាងលំបាក ទើបគិតថា រោមទាំងឡាយក្នុងសរីរៈ របស់អញជាមាសទាំងអស់ អញនឹងឲ្យ​រោម​អំពីសរីរៈនេះដល់នាងទាំងនោះ ម្តងមួយៗ ដោយហេតុនោះ ភរិយានិងធីតាទាំងបី របស់អញនឹងរស់នៅដោយមិនលំបាក គឺរស់នៅ ដោយសុខសប្បាយ ។ សុវណ្ណហង្សក៏ហើរទៅកាន់ទីនោះ ទំលើ​ត្បាល់​ជាន់ ។ ព្រាហ្ម​ណី និងធីតាឃើញព្រះមហាសត្វហើយក៏សួរថា បពិត្រអ្នកដ៏ចម្រើន តើអ្នកមកអំពីទីណា ? ហង្សមាសពោធិសត្វឆ្លើយថា យើងជាបិតារបស់អ្នកទាំងឡាយ ស្លាប់ទៅកើតជា ហង្សមាសមកដើម្បី​ជួប​អ្នកទាំងឡាយ តាំងពីពេលនេះទៅអ្នកទាំងឡាយមិនបាច់ទៅស៊ី ឈ្នួលអ្នកដទៃ ដើម្បីចិញ្ចឹមជីវិតដោយ​លំបាកទៀតទេ យើងនឹងឲ្យរោមដល់អ្នកទាំង ឡាយម្តងមួយៗ ចូរយកទៅលក់ចិញ្ចឹមជីវិតតាមសប្បាយចុះ ជម្រុះរោមទុកឲ្យមួយ ហើយទើបហើរទៅ ។ ហង្សមាសនោះមកជាចន្លោះៗ រលាស់ជម្រុះ​រោម​ឲ្យម្តងមួយដោយ ទំនងនេះ ព្រាហ្មណីនិងកូនៗ បានធូរធារឡើងៗ ចិញ្ចឹមជីវិតដោយសុខស្រួល មាន​ សេចក្តីសុខសប្បាយគ្រប់គ្នា ។ ថ្ងៃមួយព្រាហ្មណីប្រឹក្សាជាមួយកូនៗថា នែនាងទាំង ឡាយ ធម្មតាសត្វតិរច្ឆានស្គាល់ចិត្តបានដោយលំបាក ពេលខ្លះ បិតារបស់កូនមិនមកទី នេះ ពួកយើងនឹងធ្វើដូចម្តេច ឥឡូវនេះ ពេលដែលបិតារបស់កូនឯងមក ពួកយើងនាំគ្នា ចាប់ដករោមឲ្យអស់ចុះ ។ ពួកកូនស្រីនាំគ្នានិយាយថា ធ្វើយ៉ាងនោះ បិតារបស់ពួកខ្ញុំនឹង លំបាក ម្នាក់ៗក៏មិនយល់ព្រម ប៉ុន្តែនាងព្រាហ្មណីព្រោះតែមានសេចក្តីប្រាថ្នាធំ ថ្ងៃមួយ ពេលដែលស្តេចហង្សមាសមកក៏និយាយថា បពិត្រអ្នកជាម្ចាស់ មកនេះសិន លុះស្តេច ហង្សមាសចូលទៅជិតក៏ចាប់ដោយដៃទាំងពីរ ដករោមអស់ ប៉ុន្តែព្រោះចាប់ដកយក ដោយកម្លាំងល្មោភ ព្រះពោធិសត្វមិនបានឲ្យដោយសុទ្ធចិត្ត រោមទាំងនោះទើបដូចជា រោមកុកទាំងអស់ ។ ព្រះមហាសត្វមិនអាចនឹងត្រដាងស្លាបហើរទៅបាន ព្រាហ្មណីក៏ ចាប់ហង្សមាស​យក​ទៅដាក់ក្នុងពាងធំដើម្បីចិញ្ចឹមថែទាំ រោមដែលដុះឡើងថ្មីរបស់ហង្ស មាសនោះ ក្លាយជាពណ៌សទាំង​អស់ ។ ហង្សនោះលុះរោមដុះឡើងគ្រប់គ្រាន់ ហើយ ក៏លោតឡើងហើរទៅលំនៅរបស់ខ្លួនភ្លាម ហើយក៏មិនបានមកទៀតឡើយ ។ ព្រះបរមសាស្តា ទ្រង់នាំយករឿងក្នុងអតីតនេះមកសម្តែងហើយ ទើបទ្រង់ត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែពេលនេះប៉ុណ្ណោះទេ ដែលថុល្លនន្ទាមានសេចក្តី ប្រាថ្នាច្រើន សូម្បីក្នុងកាលមុនក៏មានសេចក្តីប្រាថ្នាច្រើនដែរ ហើយព្រោះតែមានសេចក្តី ប្រាថ្នាច្រើន ទើបត្រូវវិនាសចាកមាស ពេលនេះព្រោះហេតុតែខ្លួនមានសេចក្តីប្រាថ្នា ច្រើននោះឯង នឹងត្រូវសាបសូន្យសូម្បីតែខ្ទឹម ព្រោះហេតុនោះ តាំងពីពេលនេះទៅ​នឹង​ មិនបានសូម្បីតែឆាន់ខ្ទឹម សូម្បីភិក្ខុនីដ៏សេសទាំងឡាយ ព្រោះអាស្រ័យថុល្លនន្ទានោះ ក៏នឹងមិនបានឆាន់​ខ្ទឹមដូចថុល្លនន្ទាដែរ (ទ្រង់បញ្ញត្តសិក្ខាបទថា ភិក្ខុនីណាមួយទំពាស៊ីខ្ទឹម ត្រូវអាបត្តិបាចិត្តិយ) ហេតុនោះ សូម្បីនឹងបានច្រើនក៏ត្រូវស្គាល់ ប្រមាណ ប៉ុន្តែបើបានតិច ក៏គប្បីត្រេកអរពេញចិត្តតាមដែលបានប៉ុណ្ណោះ មិនគួរប្រាថ្នា ឲ្យក្រៃលែងឡើងឡើយ ហើយទ្រង់ត្រាស់ព្រះគាថានេះថា យំ លទ្ធំ តេន តុដ្ឋព្ពំ, អតិលោភោ ហិ បាបកោ; ហំសរាជំ គហេត្វាន, សុវណ្ណា បរិហាយថា។ ទ្រព្យណា ដែលបុគ្គលបានមកហើយ បុគ្គលគប្បីត្រេកអរដោយទ្រព្យនោះ ព្រោះ ថាសេចក្តីល្មោភហួសជារបស់លាមក (ដូចនាងព្រាហ្មណី) ក៏សាបសូន្យ ចាកមាស ព្រោះចាប់ស្តេចហង្ស ។ បណ្តាបទទាំងនោះ បទថា តុដ្ឋព្វំ ប្រែថា គប្បីត្រេកអរ ។ ព្រះបរមសាស្តា លុះទ្រង់ត្រាស់ព្រះធម្មទេសនានេះហើយ ទ្រង់តិះដៀលដោយ អនេកបរិយាយ ហើយទ្រង់បញ្ញត្តសិក្ខាបទថា យា បន ភិក្ខុនី លសុណំ ខាទេយ្យ, បាចិត្តិយំ ភិក្ខុនីណា ឆាន់ខ្ទឹមត្រូវអាបត្តិបាចិត្តិយៈ (បិដកលេខ ៥ ទំព័រ ១៥៦) ដូច្នេះហើយ ទ្រង់​ប្រជុំជាតកថាតទា ព្រាហ្មណី អយំ ថុល្លនន្ទា អហោសិ ព្រាហ្មណីក្នុងកាលនោះ បានមកជា​ថុល្លន​ន្ទាភិក្ខុនី ។តិស្សោ ធីតរោ ឥទានិ តិស្សោយេវ ភគិនិយោ ធីតាទាំងបីបានមកជា បងប្អូនស្រីក្នុងកាលឥឡូវនេះ ។សុវណ្ណហំសរាជា បន អហមេវ អហោសិំ ចំណែកសុវណ្ណហង្សគឺ តថាគតនេះឯង ។ ចប់ សុវណ្ណហំសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អសម្បទានវគ្គ បិដកលេខ ៥៨ ទំព័រ ៦០) ដោយ៥០០០ឆ្នាំ
images/articles/2937/cvfic.jpg
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២៥ (អាន: ៨,៥៧៧ ដង)
ចូឡសុវជាតក (បិដកខ្មែ៛ថា ចុល្លសុវករាជជាតក) ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធវេរញ្ជកណ្ឌ (វិនយបិដកលេខ ១ ទំព័រ ១) បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សន្តិ រុក្ខា ដូច្នេះជាដើម ។ កាលព្រះសាស្ដាគង់នៅចាំវស្សាក្នុងស្រុកវេរញ្ជា ហើយយាងតាមលំដាប់មកដល់ក្រុងសាវត្ថី ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ព្រះតថាគតជា ខត្តិយសុខុមាលជាតិ ជាពុទ្ធសុខុមាលជាតិ ទ្រង់ប្រកបដោយឥទ្ធានុភាពច្រើន កាលនៅចាំវស្សាអស់ ៣ ខែដោយការនិមន្តរបស់វេរញ្ជព្រាហ្មណ៍ ទ្រង់មិនបានភិក្ខាសូម្បីតែមួយថ្ងៃអំពីសម្នាក់ព្រាហ្មណ៍នោះ ដោយអំណាចនៃមារបង្វិលចិត្ត ទ្រង់លះសេចក្ដីល្មោភក្នុងអាហារ ទ្រង់ញ៉ាំងព្រះជន្មឲ្យប្រព្រឹត្តទៅដោយអាហារសម្រាប់សេះមួយនាឡិអស់ ៣ ខែ ស្ដេចមិនយាងទៅក្នុងទីដទៃ សេចក្ដីប្រាថ្នាតិច និងសេចក្ដីសន្តោសរបស់ព្រះតថាគត អស្ចារ្យណាស់ ។ ព្រះសាស្ដាយាងមកហើយសួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី ។ កាលភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការលះសេចក្ដីល្មោភក្នុងអាហារ ក្នុងកាលឥឡូវនេះ របស់តថាគត មិនជាអស្ចារ្យទេ សូម្បីក្នុងកាលមុន កាលតថាគតកើតក្នុងកំណើតសត្វតិរច្ឆាន ក៏លះសេចក្ដីល្មោភក្នុងអាហារដែរ ដូច្នេះហើយ ព្រះអង្គទើបនាំអតីតនិទានមក ។ រឿងរ៉ាវសូម្បីទាំងអស់ អ្នកសិក្សាគប្បីឲ្យពិស្ដារដោយន័យដំបូងនោះឯង ។ (សេ្តចហង្សនិយាយនឹងសេ្តចសេកថា) សន្តិ រុក្ខា ហរិបត្តា, ទុមា នេកផលា ពហូ; កស្មា នុ សុក្ខេ កោឡាបេ, សុវស្ស និរតោ មនោ។ ដើមឈើទាំងឡាយច្រើនណាស់ ដែលមានស្លឹកខៀវ មានផ្លែជាអនេក ព្រោះហេតុអ្វីហ្ន៎ បានជាសេកនេះ មានចិត្តរីករាយជានិច្ច តែនឹងដង្គត់ឈើពុកស្ងួត ។ (សេ្តចសេកនិយាយតបវិញថា) ផលស្ស ឧបភុញ្ជិម្ហា, នេកវស្សគណេ ពហូ; អផលម្បិ វិទិត្វាន, សាវ មេត្តិ យថា បុរេ។ យើងបានចូលទៅបរិភោគផ្លែឈើនោះ រាប់ដោយឆ្នាំច្រើនជាអនេក ទោះបីយើងដឹងថា ឈើនោះ មិនមានផ្លែហើយ ការមេត្រីនោះ ក៏នៅដូចដើម ។ (ស្តេចហង្សនិយាយថា) សុក្ខញ្ច រុក្ខំ កោឡាបំ, ឱបត្តមផលំ ទុមំ; ឱហាយ សកុណា យន្តិ, កិំ ទោសំ បស្សសេ ទិជ។ សត្វស្លាបទាំងឡាយ តែងលះបង់នូវដើមឈើដែលពុកស្ងួត ជ្រុះស្លឹកអស់ មិនមានផ្លែ ហើយហើរទៅ ម្នាលអ្នកជាទ្វិជាតិ អ្នកសម្គាល់ឃើញទោស (ក្នុងការលះចោលនោះ) ដូចម្តេច ។ (សេ្តចសេកនិយាយថា) យេ ផលត្ថា សម្ភជន្តិ, អផលោតិ ជហន្តិ នំ; អត្តត្ថបញ្ញា ទុម្មេធា, តេ ហោន្តិ បក្ខបាតិនោ។ ពួកសត្វណា មានសេចក្តីត្រូវការដោយផ្លែ ហើយគប់រកនូវដើមឈើ លុះដឹងថា មិនមានផ្លែ ក៏លះចោលនូវដើមឈើនោះ ពួកសត្វស្លាបនោះ ឈ្មោះថាមានប្រាជ្ញាគិតតែប្រយោជន៍ផ្ទាល់ខ្លួន មានប្រាជ្ញាមិនល្អ រមែងញ៉ាំងចំណែកនៃសេចក្តីរាប់អានឲ្យវិនាស ។ (ស្តេចហង្សនិយាយថា) សាធុ សក្ខិ កតំ ហោតិ, មេត្តិ សំសតិ សន្ថវោ; សចេតំ ធម្មំ រោចេសិ, បាសំសោសិ វិជានតំ។ ម្នាលបក្សី សេចក្តីមេត្រី សេចក្តីជួបជុំ និងសេចក្តីស្និទ្ធស្នាល ដែលអ្នកបានធ្វើហើយ ជាការប្រពៃណាស់ បើអ្នកពេញចិត្តធម៌នេះ អ្នកនឹងបានជាទីសរសើរនៃពួកវិញ្ញូជន ។ សោ តេ សុវ វរំ ទម្មិ, បត្តយាន វិហង្គម; វរំ វរស្សុ វក្កង្គ, យំ កិញ្ចិ មនសិច្ឆសិ។ មា្នលសេក អ្នកមានស្លាបជាយាន ហើរទៅតាមអាកាស យើងឲ្យពរដល់អ្នក ម្នាលបក្សី បើអ្នកមានចិត្តប្រាថ្នានូវពរណានីមួយ ចូរទទួលយកពរនោះចុះ ។ (សេ្តចសេកនិយាយថា) អបិ នាម នំ បស្សេយ្យំ, សបត្តំ សផលំ ទុមំ; ទលិទ្ទោវ និធិំ លទ្ធា, នន្ទេយ្យាហំ បុនប្បុនំ។ ខ្ញុំសូមឲ្យបានឃើញនូវដើមឈើនោះ មានស្លឹក និងផ្លែឡើងវិញដូចដើម ខ្ញុំគប្បីរីករាយរឿយ ៗ ដូចមនុស្សកម្សត់ បានកំណប់ទ្រព្យ ។ (អភិសម្ពុទ្ធគាថា) តតោ អមតមាទាយ, អភិសិញ្ចិ មហីរុហំ; តស្ស សាខា វិរូហិំសុ, សីតច្ឆាយា មនោរមា។ លំដាប់នោះ ព្រះឥន្ទបានយកទឹកអម្រឹត មកស្រោច នូវឈើដុះលើផែនដី ដើមឈើនោះ មានមែកលូតលាស់ត្រសាយត្រសុំ មានម្លប់ដ៏ត្រជាក់ ជាទីរីករាយនៃចិត្ត ។ (ស្តេចសេកនិយាយថា) ឯវំ សក្ក សុខី ហោហិ, សហ សព្ពេហិ ញាតិភិ; យថាហមជ្ជ សុខិតោ, ទិស្វាន សផលំ ទុមំ។ បពិត្រសក្កៈ កាលបើយ៉ាងនេះ សូមឲ្យព្រះអង្គបានសេចក្តីសុខ ព្រមទាំងពួកញាតិទាំងអស់ ឲ្យដូចជាខ្ញុំដែលបានសេចក្តីសុខ ព្រោះឃើញនូវដើមឈើដ៏ប្រកបដោយផ្លែ ក្នុងថ្ងៃនេះ ។ (អភិសម្ពុទ្ធគាថា) សុវស្ស ច វរំ ទត្វា, កត្វាន សផលំ ទុមំ; បក្កាមិ សហ ភរិយាយ, ទេវានំ នន្ទនំ វនំ។ ព្រះឥន្ទបានឮពាក្យសេកហើយ ក៏ធ្វើនូវឈើនោះ ឲ្យមានផ្លែ រួចក៏ចៀសចេញទៅកាន់នន្ទនវនឧទ្យាន នៃទេវតាទាំងឡាយ ជាមួយនឹងភរិយា ។ សូម្បីបញ្ហានិងពាក្យតបបញ្ហា សូម្បីអត្ថសេចក្ដី អ្នកសិក្សាគប្បីជ្រាបតាមន័យដំបូងនោះឯង ចំណែកក្នុងជាតកនេះ ខ្ញុំនឹងពណ៌នាបទដែលលំបាកប៉ុណ្ណោះ ។ បទថា ហរិបត្តា សេចក្ដីថា ដេរដាសដោយស្លឹកពណ៌ខៀវ ។ បទថា កោឡាបេ សេចក្ដីថា ដែលមិនមានខ្លឹម កាលខ្យល់បក់ មានសំឡេងដូចគេសំពង ។ បទថា សុវស្ស សេចក្ដីថា ព្រោះហេតុអ្វី ស្ដេចសេកសុវរាជដ៏មានអាយុមានចិត្តត្រេកអរស៊ប់នឹងដើមឈើ ដែលមានសភាពបែបនោះ ។ បទថា ផលស្ស សេចក្ដីថា ផ្លែដើមឈើនោះ។ បទថា នេកវស្សគណេ សេចក្ដីថា ជាច្រើនឆ្នាំ ។ បទថា ពហូ សេចក្ដីថា សូម្បីអស់កាលច្រើនរយឆ្នាំ មិនមែន ២ ឆ្នាំ មិនមែន ៣ ឆ្នាំ គឺច្រើន ។ បទថា វិទិត្វាន សេចក្ដីថា សេកសុវរាជកាលប្រកាសសេចក្ដីនោះទើបពោលថា បពិត្រស្ដេចហង្ស ឥឡូវនេះ សូម្បីខ្ញុំដឹងថា ដើមឈើនេះមិនមានផ្លែ មេត្រីភាពជាមួយនឹងដើមឈើនោះក្នុងកាលមុនយ៉ាងណា មេត្រីភាពនោះ ពួកខ្ញុំនឹងមិនទម្លាយមេត្រីភាពនោះ ព្រោះថាអ្នកដែលទម្លាយមេត្រីភាព ឈ្មោះថា ជាមនុស្សមិនល្អ ជាអសប្បុរស ។ បទថា អបិ នាម នំ សេចក្ដីថា បពិត្រស្ដេចហង្ស បើសេចក្ដីប្រាថ្នារបស់ខ្ញុំគប្បីបាន ពរដែលលោកឲ្យ គប្បីសម្រេច ខ្ញុំចង់ឃើញដើមឈើនេះមានស្លឹក មានផ្លែម្ដងទៀត បន្ទាប់មក ខ្ញុំដែលជាសត្វកម្សត់បានកំណប់នេះ នឹងគប្បីត្រេកអរនឹងដើមឈើនោះរឿយៗ កាលបានឃើញដើមឈើនោះ ខ្ញុំនឹងមានចិត្តរីករាយ ។ បទថា អមតមាទាយ សេចក្ដីថា ឋិតនៅដោយអានុភាពរបស់ខ្លួន កាន់យកទឹកទន្លេគង្គា មកស្រោច ។ ក្នុងជាតកនេះ មានអភិសម្ពុទ្ធគាថា ២ មួយអន្លើដោយគាថាទាំងឡាយនេះ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា សក្កោ អនុរុទ្ធោ អហោសិ ស្ដេចសក្កៈក្នុងកាលនោះ បានមកជា អនុរុទ្ធ សុវរាជា បន អហមេវ អហោសិំ ស្ដេចសេកសុវរាជ គឺ តថាគត នេះឯង ។ ចប់ ចូឡសុវជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៤២) ថ្ងៃច័ន្ទ ៩ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០ ថ្ងៃទី ២៣ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨ ដោយ ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/2938/zaxtpic.jpg
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២៥ (អាន: ១០,៨០៤ ដង)
ព្រះសាស្ដាកាលសេ្ដចគង់នៅជេតពន ទ្រង់ប្រារព្ធលោលភិក្ខុ (ភិក្ខុល្មោភ) មួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឥទានិ ខោម្ហិ ដូច្នេះជាដើម ។ រឿងនៃសេចក្ដីល្មោភរបស់ភិក្ខុនោះមានពិស្ដារជាច្រើនហើយ ។ ចំណែកព្រះសាស្ដាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សល្មោភឬ ? លោលភិក្ខុទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពិតមែន ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន អ្នកក៏ជាមនុស្សល្មោភដែរ ហើយបានដល់នូវការអស់ជីវិត ព្រោះភាពជាមនុស្សល្មោភ ដូច្នេះហើយ ព្រះអង្គនាំអតីតនិទានមកថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វព្រាប អាស្រ័យនៅនឹងកំប្រោងក្នុងរោងបាយ របស់សេដ្ឋីក្រុងពារាណសី ។ លំដាប់នោះ មានក្អែកមួយ ជាសត្វលោភនឹងត្រីនិងសាច់ បានធ្វើមេត្រីភាពជាមួយនឹងព្រាបពោធិសត្វនោះ ហើយនៅក្នុងទីនោះដែរ ។ ថ្ងៃមួយ ក្អែកនោះឃើញត្រីនិងសាច់ជាច្រើន គិតថា យើងបរិភោគត្រីនិងសាច់នេះ ដូច្នេះហើយ ទើបដេកដកដង្ហើមធំក្នុងកំប្រោងនោះឯង ។ កាលដល់វេលាស្វែងរកចំណី ព្រាបពោលនឹងក្អែកនោះថា នែសម្លាញ់ ចូរមក យើងនឹងទៅរកចំណី ។ ក្អែកពោលថា ខ្ញុំឈឺពោះ សូមដេកហើយ អ្នកចូរទៅចុះ ។ កាលព្រាបពោធិសត្វទៅហើយ ក្អែកគិតថា បច្ចាមិត្តជាសត្រូវរបស់យើងទៅហើយ ឥឡូវនេះ យើងនឹងបរិភោគត្រីនិងសាច់តាមសេចក្ដីប្រាថ្នា ដូច្នេះហើយ ទើបពោលគាថាទី ១ ថា ឥទានិ ខោម្ហិ សុខិតោ អរោគោ, និក្កណ្ដកោ និប្បតិតោ កបោតោ; កាហាមិ ទានី ហទយស្ស តុដ្ឋិំ, តថា ហិ មំ មំសសាកំ ពលេតិ។ ឥឡូវនេះ អញបានសុខ មិនមានរោគ មិនមានសត្រូវដូចបន្លា (ព្រោះ) ព្រាបហើរចេញទៅហើយ ឥឡូវនេះ អញនឹងធ្វើនូវសេចក្តីត្រេកអរនៃចិត្ត ព្រោះថាសាច់ និងអន្លក់ រមែងញ៉ាំងអញ ឲ្យមានកម្លាំង ។ បណ្ដាបទទាំងនោះ បទថា និប្បតិតោ សេចក្ដីថា ចេញទៅហើយ ។ បទថាកបោតោ បានដល់ បារាវតៈ សត្វព្រាប ។ បទថា កាហាមិ ទានី សេចក្ដីថា ឥឡូវនេះ យើងនឹងធ្វើ ។ បទថា តថា ហិ មំ មំសសាកំ ពលេតិ សេចក្ដីថា ពិតមែន សាច់ និងអន្លក់ដ៏សេសរមែងធ្វើកម្លាំងដល់យើង ដោយពិត អធិប្បាយថា សាច់និងអន្លក់រមែងធ្វើឧស្សាហៈដល់យើង ហាក់ដូចជានិយាយថា ចូរក្រោកឡើងបរិភោគចុះ ។ ក្នុងកាលដែលចុងភៅចម្អិនត្រីនិងសាច់ហើយ ចេញពីរោងបាយ ដើម្បីឲ្យញើសហូរចេញពីសរីរៈ ក្អែកនោះ ក៏ពួនសម្ងំនៅនឹងភាជនៈអាហារ ធ្វើសំឡេងឲ្យលាន់ឮថា កិរិ កិរិ ។ នាយចុងភៅមកដោយរហ័ស ចាប់ក្អែកដកស្លាបទាំងអស់ ហើយកុកខ្ញីនិងម្ទេសស្រស់ជាមួយនឹងគ្រាប់ស្ពៃ ច្របល់ដោយទឹកដោះជូរនិងខ្ទឹម រួចលាបសរីរៈទាំងអស់ ត្រដុសចាក់នឹងដុំក្រួស ចងកក្អែកនោះដោយអំបោះ ហើយបោះទៅក្នុងកំប្រោង រួចក៏ចេញទៅ ។ ព្រាបមកហើយ ឃើញក្អែកនោះ កាលសើចចំអក ទើបពោលថា កុកនោះដូចម្ដេច មកដេកក្នុងកំប្រោងរបស់សម្លាញ់នៃយើង សម្លាញ់របស់យើងនោះកាចណាស់ គេមកហើយនឹងគប្បីសម្លាប់អ្នក ដូច្នេះហើយ ក៏ពោលគាថាទី ២ ថា កាយំ ពលាកា សិខិនី, ចោរី លង្ឃិបិតាមហា; ឱរំ ពលាកេ អាគច្ឆ, ចណ្ឌោ មេ វាយសោ សខា។ នេះជាកុកអ្វី ជាសត្វមានកំប៉ោយ ជាចោរ មានមេឃជាបិតា នែនាងកុក នាងចូរមកខាងអាយ ក្អែកជាសម្លាញ់របស់ខ្ញុំកាច ។ គាថានោះ មានសេចក្ដីដូចដែលពោលហើយក្នុងខាងក្រោយនោះឯង ។ ក្អែកស្ដាប់ពាក្យនោះហើយ ពោលគាថាទី ៣ ថា អលញ្ហិ តេ ជគ្ឃិតាយេ, មមំ ទិស្វាន ឯទិសំ; វិលូនំ សូទបុត្តេន, បិដ្ឋមណ្ឌេន មក្ខិតំ។ អ្នកមិនគួរសើចនឹងខ្ញុំ ព្រោះឃើញខ្ញុំ (ដល់នូវសេចក្តីទុក្ខ) យ៉ាងនេះ ដែលត្រូវកូនអ្នកគ្រួ ដកស្លាបប្រឡាក់ដោយម្សៅម៉ត់ ។ បណ្ដាបទទាំងនោះ បទថា អលំ នេះ ជានិបាតចុះក្នុងអត្ថបដិសេធ ។ បទថាជគ្ឃិតាយេ សេចក្ដីថា សើច ។ ក្អែកពោលថា ឥឡូវនេះ លោកឃើញខ្ញុំដែលដល់សេចក្ដីទុក្ខបែបនេះហើយ កុំសើចអី សូមលោកកុំធ្វើការសើចចំអកក្នុងកាលនេះឡើយ ។ ព្រាបនោះកាលនឹងសើចចំអក ទើបពោលគាថាទី ៤ ទៀតថា សុន្ហាតោ សុវិលិត្តោសិ, អន្នបានេន តប្បិតោ; កណ្ឋេ ច តេ វេឡុរិយោ, អគមា នុ កជង្គលំ។ អ្នកមានខ្លួនងូតស្អាត ស្រលាបដោយល្អ ឆ្អែតស្កប់ស្កល់ ដោយបាយ និងទឹក អ្នកមានកែវពៃទូរ្យព្ធដ៏ក នឹងទៅកាន់នគរកជង្គលៈឬ ។ បណ្ដាបទទាំងនោះ បទថា កណ្ឋេ ច តេ វេឡុរិយោ នេះ ព្រាបសំដៅយកអំបែងនោះ ពោលថា សូម្បីកែវពៃទូរ្យនិងកែវមណីដែលលោកប្រដាប់ត្រង់ក លោកមិនបានសម្ដែងដល់យើងអស់កាលប្រមាណប៉ុណ្ណេះ ។ បទថា កជង្គលំ សេចក្ដីថា ក្រុងពារាណសីនោះឯង ព្រាបពោលថា កជង្គលៈ ក្នុងទីនេះ ។ ព្រាបសួរថា លោកចេញអំពីទីនេះ នឹងទៅខាងក្នុងនគរឬ ។ លំដាប់នោះ ក្អែកក៏ពោលគាថាទី ៥ ថា មា តេ មិត្តោ អមិត្តោ វា, អគមាសិ កជង្គលំ; បិញ្ឆានិ តត្ថ លាយិត្វា, កណ្ឋេ ពន្ធន្តិ វដ្ដនំ។ សត្វជាមិត្ត ឬជាសត្រូវរបស់អ្នក កុំទៅកាន់នគរកជង្គលៈឡើយ ពួកជនក្នុងនគរនោះ បានបោចរោមហើយចងប្រឡៅត្រង់ក ។ បណ្ដាបទទាំងនោះ បទថា បិញ្ឆានិ បានដល់ ស្លាប ។ បទថា តត្ថ លាយិត្វា សេចក្ដីថា មនុស្សក្នុងនគរពារាណីនោះ ដកហើយ ។ បទថា វដ្ដនំ បានដល់ ក្បឿង ។ ព្រាបស្ដាប់ពាក្យនោះហើយ ពោលគាថាចុងក្រោយថា បុនបាបជ្ជសី សម្ម, សីលញ្ហិ តវ តាទិសំ; ន ហិ មានុសកា ភោគា, សុភុញ្ជា ហោន្តិ បក្ខិនា។ ម្នាលសម្លាញ់ អ្នកនឹងដល់នូវអំពើយ៉ាងនេះទៀត ព្រោះមារយាទរបស់អ្នកតែយ៉ាងហ្នឹង ភោគៈទាំងឡាយរបស់មនុស្ស មិនមែងសត្វស្លាប បរិភោគបានទេ ។ បណ្ដាបទទាំងនោះ បទថា បុនបាបជ្ជសី សេចក្ដីថា អ្នកនឹងដល់សេចក្ដីទុក្ខបែបនេះទៀត ។ បើសីលមារយាទរបស់អ្នកនៅតែបែបនេះ ។ ព្រាបពោធិសត្វឲ្យឱវាទ ដល់ក្អែកយ៉ាងនេះហើយ មិនអាចនឹងនៅក្នុងទីនោះទៀត ទើបទទះស្លាប ហើរទៅកាន់ទីដទៃ ។ ចំណែកក្អែកក៏ដល់នូវការអស់ជីវិតក្នុងទីនោះឯង ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ និងប្រជុំជាតក ក្នុងកាលទីបញ្ចប់នៃសច្ចៈ លោលភិក្ខុបានតាំងនៅក្នុងអនាគាមិផល ។ តទា លោលកាកោ លោលភិក្ខុ អហោសិ ក្អែកលោ្មភក្នុងកាលនោះ បានមកជាលោលភិក្ខុ កបោតោ បន អហមេវ អហោសិំ ចំណែកព្រាប គឺ តថាគត នេះឯង ។ ចប់ កបោតកជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ចកនិបាត អឌ្ឍវគ្គ បិដកលេខ ៥៩ ទំព័រ ៣២) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2940/___________________________________________________.jpg
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២៥ (អាន: ៧,៨៤៣ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧក្កណ្ឋិតភិក្ខុ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឧភយំ មេ ន ខមតិ ដូច្នេះជាដើម ។ ព្រះសាស្ដាកាលសម្ដែង (ទោសរបស់មាតុគ្រាម) ទើបត្រាស់ថា ធម្មតាមាតុគ្រាម ជារបស់ដែលគេរក្សាមិនបាន តែងធ្វើបាបកម្ម ហើយបញ្ឆោតស្វាមីដោយឧបាយកលយ៉ាងណាមួយ ដូច្នេះហើយ ព្រះអង្គនាំអតីតនិទានមកថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ក្នុងនគរពារាណសី (ក្នុងកាលនោះ) ព្រះពោធិសត្វកើតក្នុងត្រកូលគហបតី ក្នុងដែលកាសី កាលចម្រើនវ័យធំហើយ ក៏កាន់យកភាពជាឃរាវាស ។ ភរិយារបស់ព្រះពោធិសត្វនោះជាស្ត្រីទ្រុស្តសីល បានប្រព្រឹត្តអនាចារ (ការប្រព្រឹត្តខុសបែបបទប្រពៃណី) មួយអន្លើដោយគាមភោជក (មេស្រុក) ។ ព្រះពោធិសត្វបានដឹងរឿងនោះ កាលនឹងតាមដានចាប់ ទើបប្រព្រឹត្ត (ដូចជាគ្មានរឿងអ្វី) ។ ក្នុងគ្រានោះ ក្នុងកាលខាងចុងនៃរដូវភ្លៀង កាលពូជទាំងឡាយត្រូវនាំចេញទៅ ជាកាលនៃសេចក្ដីស្រែកឃ្លាន ជាកាលដែលសន្ទូងកាន់យកគភ៌ ។ អ្នកស្រុកទាំងអស់រួមគ្នាកាន់យកគោចាស់មួយអំពីដៃរបស់មេស្រុក មកបរិភោគដោយពោលថា ចាប់ពីពេលនេះទៅ ២ ខែទៀត ពួកយើងច្រូតកាត់ហើយ នឹងឲ្យស្រូវដល់លោក ។ ក្នុងថ្ងៃមួយ មេស្រុកសម្លឹងមើលឱកាស ពេលដែលព្រះពោធិសត្វចេញទៅក្រៅ គាត់ក៏ចូលមកផ្ទះរបស់ព្រះពោធិសត្វ ។ ក្នុងខណៈដែលអ្នកទាំងពីរកំពុងដេកជាសុខនោះឯង ព្រះពោធិសត្វចូលមកតាមទ្វារស្រុក បែរមុខមកកាន់ផ្ទះ រួចដើរទៅ ។ ស្ត្រីនោះ បែរមុខទៅកាន់ទ្វារស្រុក ក៏ឃើញព្រះពោធិសត្វ គិតថា នោះជាអ្នកណា ហើយក្រោកឈរត្រង់ធរណីទ្វារ បានដឹងថា ជាព្រះពោធិសត្វ ដូច្នេះហើយ ទើបប្រាប់ដល់មេស្រុក មេស្រុកភិតភ័យនឹងញ័រខ្លួន ។ លំដាប់នោះ នាងប្រាប់គាត់ថា លោកកុំភ័យអី ខ្ញុំមានឧបាយមួយ កាលមុន ពួកយើងបានបរិភោគសាម់គោអំពីដៃរបស់លោក លោកចូរធ្វើហាក់ដូចជាមកទាមទារតម្លៃនៃសាច់ ហើយខ្ញុំចូលកាន់ជង្រុក ឋិតនៅត្រង់ទ្វារជង្រុក ចំណែកលោកឋិតនៅកណ្ដាលផ្ទះហើយពោលទាររឿយៗថា ក្មេងក្នុងផ្ទះរបស់យើងឃ្លានហើយ ចូរឲ្យតម្លៃសាច់ រួចខ្ញុំទើបពោលថា មិនមានស្រូវ ដូច្នេះហើយ នាងក៏ចូលក្នុងជង្រុក ហើយអង្គុយនៅត្រង់ទ្វារជង្រុក ។ ចំណែកមេស្រុកឈរនៅកណ្ដាលផ្ទះពោលថា ចូរឲ្យតម្លៃសាច់ ។ នាងដែលអង្គុយត្រង់ទ្វារ ជង្រុកពោលថា ស្រូវមិនមានក្នុងជង្រុក កាលច្រូតហើយ ខ្ញុំនឹងឲ្យ លោកចូទៅសិនចុះ ។ ព្រះពោធិសត្វចូលផ្ទះហើយ ឃើញកិរិយារបស់អ្នកទាំងពីរនោះ ដឹងថា នេះជាឧបាយកលរបស់ស្រីអាក្រក់នេះ ដូច្នេះហើយ ក៏ហៅមេស្រុក រួចពោលថា នែមេស្រុក កាលយើងបរិភោគសាច់គោចាស់របស់លោក យើងបានពោលថា ចាប់ពីពេលនេះទៅ ពីរខែទៀត យើងនឹងឲ្យស្រូវ ឥឡូវនេះ មិនទាន់បានកន្លងកន្លះខែផង ព្រោះហេតុអ្វី បានជាលោកមកទារស្រូវ លោកមិនមែនមកដោយហេតុនេះទេ ប្រាកដជាមកដោយហេតុដទៃ យើងមិនពេញចិត្តនឹងកិរិយារបស់លោក ចំណែកស្រីនេះ ជាអ្នកប្រព្រឹត្តអនាចារ មានធម៌ដ៏លាមក ដឹងហើយថា ស្រូវមិនមានក្នុងជង្រុក ឥឡូវនេះ នាងចូលក្នុងជង្រុក ហើយពោលថា ស្រូវមិនមាន ហើយលោកពោលថា ចូរឲ្យ យើងមិនពេញចិត្តនឹងអំពើរបស់អ្នកទាំងពីរឡើយ ដូច្នេះហើយ កាលប្រកាសសេចក្ដីនោះ ទើបពោលគាថាទាំងនេះថា ឧភយំ មេ ន ខមតិ, ឧភយំ មេ ន រុច្ចតិ; យាចាយំ កោដ្ឋមោតិណ្ណា, នទស្សំ ឥតិ ភាសតិ។ ហេតុទាំងពីរយ៉ាងមិនគួរដល់យើង ហេតុទាំងពីរយ៉ាង យើងមិនពេញចិត្តទេ ស្រីនេះចុះកាន់ជង្រុកហើយនិយាយថា ខ្ញុំមិនសងដូច្នេះ ។ តំ តំ គាមបតិ ព្រូមិ, កទរេ អប្បស្មិ ជីវិតេ; ទ្វេ មាសេ សង្គរំ កត្វា, មំសំ ជរគ្គវំ កិសំ; អប្បត្តកាលេ ចោទេសិ, តម្បិ មយ្ហំ ន រុច្ចតិ។ ម្នាលម្ចាស់ស្រុក ព្រោះហេតុនោះ បានជាយើងនិយាយនឹងអ្នក កាលបើជីវិតលំបាកតិច (ប្រព្រឹត្តទៅយ៉ាងនេះ កាលយើងកាន់យក) នូវសាច់ អ្នក (បានឲ្យ) នូវគោចាស់ស្គមហើយធ្វើនូវការកំណត់ពីរខែ ឥឡូវនេះ មកតឿនទារក្នុងកាលដែលមិនទាន់ដល់កំណត់ ក៏អំពើនោះ យើងមិនពេញចិត្តឡើយ ។ បណ្ដាបទទាំងនោះ បទថា តំ តំ គាមបតិ ព្រូមិ សេចក្ដីថា នែអ្នកជាប្រធាននៃស្រុក ព្រោះហេតុនោះ យើងសូមពោលនឹងលោក ។ បទថា កទរេ អប្បស្មិ ជីវិតេ សេចក្ដីថា ធម្មតាជីវិតរបស់យើងលំបាក ស្វិតស្វាញ សៅហ្មង ត្រដាប​ត្រដួសផង តិចតួច ស្ដួចស្ដើងផង ជីវិតរបស់យើងប្រព្រឹត្តក្នុងសភាពបែបនេះ ។ បទថា ទ្វេ មាសេ សង្គរំ កត្វា, មំសំជរគ្គវំ កិសំ សេចក្ដីថា កាលយើងកាន់យកសាច់ អ្នកក៏ឲ្យគោចាស់ គឺគោយ៉ាងកញ្ចាស់ ស្គម ខ្សោយគ្មានកម្លាំង ហើយធ្វើការកំណត់ពេលសងតម្លៃអស់ ២ ខែថា កន្លងទៅ ២ ខែ គប្បីសងតម្លៃ ។ បទថា អប្បត្តកាលេ ចោទេសិ សេចក្ដីថា កាលមិនទាន់ដល់វេលា អ្នកក៏មកទារ ។ បទថា តម្បិ មយ្ហំ ន រុច្ចតិ សេចក្ដីថា ចំណែកស្រីអាក្រក់មានធម៌ដ៏លាមក ទ្រុស្តសីលនេះ កាលដឹងថា ស្រូវមិនមានក្នុង​ជង្រុកហើយ ធ្វើដូចជាមិនដឹង ចុះកាន់ជង្រុក ឋិតនៅត្រង់ទ្វារជង្រុក ហើយពោលថា ខ្ញុំមិនឲ្យដូច្នេះ អ្នកទាមទារខុសកាល ហេតុទាំងពីរនេះ យើងមិនពេញចិត្តទេ ។ ព្រះពោធិសត្វកាលពោលយ៉ាងនេះហើយ ក៏ចាប់សក់មេស្រុកនោះទាញឲ្យដួលនៅកណ្ដាលផ្ទះ ហើយជេរប្រទេចដោយពាក្យជាដើមថា អ្នកឯងហ៊ានប្រទូស្តនឹងភរិយាដែលគេគ្រប់គ្រងរក្សា ដោយសម្គាល់ថា យើងជាមេស្រុក ដូច្នេះហើយ ព្រះពោធិសត្វក៏វាយមេស្រុក ធ្វើឲ្យខ្សោយ រួចចាប់កអូសបណ្ដេញចេញអំពីផ្ទះ ហើយមកចាប់សក់ស្រីអាក្រក់នោះអូសចេញពីជង្រុក វាយគម្រាមថា ប្រសិនបើនាងធ្វើបែបនេះទៀត នាងនឹងបានដឹងខ្លួន ។ ចាប់ពីពេលនោះមក មេស្រុកមិនហ៊ានសូម្បីតែសម្លឹងផ្ទះនោះ សូម្បីស្រីអាក្រក់នោះ ក៏មិនអាចនឹងប្រព្រឹត្តកន្លង សូម្បីដោយចិត្ត ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ឧក្កណ្ឋិតភិក្ខុបានតាំងនៅក្នុងសោតាបត្តិផល ។ តទា គាមភោជកោ ទេវទត្តោ មេស្រុកក្នុងកាលនោះ បានមកជាទេវទត្ត និគ្គហការកោ គហបតិ បន អហមេវ អហោសិំ គហបតីដែលសង្កត់សង្កិនមេស្រុក គឺតថាគតនេះឯង ។ គហបតិជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត រុហកវគ្គ បិដកលេខ ៥៨ ទំព័រ ៩៩) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/1907/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២៥ (អាន: ២៥,៣៨៨ ដង)
រឿង​នាង​លតា (គុណ​នៃ​ការ​រក្សា​ឧបោសថសីល តាំង​ពី​ក្មេង​ដរាប​ដល់​ចាស់) កាល​ព្រះសម្ពុទ្ធ​បរមគ្រូ គង់​នៅ​ក្នុង​ជេតវនមហាវិហារ ជា​អារាមរបស់​អនាថ បណ្ឌិត​សេដ្ឋី​នាក្រុងសាវត្ថី។ កាល​នោះ​មាន​ធីតា​ម្នាក់​ឈ្មោះនាង​លតា ជា​កូន​របស់ សាវត្ថីឧបាសក។ នាង​លតា​ធីតា​នោះ​ជាស្ត្រី​មាន​ប្រាជ្ញា​ឈ្លាសវៃ ចេះ​ដឹង​នូវ​ច្បាប់ ព្រះពុទ្ធសាសនា​ជាច្រើន​មាតាបិតា​បាន​រៀប​ឲ្យ​មាន​គូស្វាមី​ភរិយា
images/articles/898/Untitled-1.jpg
ផ្សាយ : ១៨ កក្តដា ឆ្នាំ២០២៥ (អាន: ២៦,៧៤០ ដង)
រឿង​សីល​វរាជ​កុមារ ( ចាក​ ម. ឯ.​ ) (​ ការ​មិន​ប្រ​ទុស្តតប​ តែង​មាន​ជ័យ​ជំ​នះ​ជា​ផល ) កាល​កន្លង​ទៅ​ហើយ​ ព្រះ​បាទ​ព្រហ្ម​ទត្ត​សោយ​រាជ្យ​សម្បត្តិ​ក្នុង​នគរ​ពា​រាណសី​ កាល​នោះ​ព្រះ​ពោធិ​សត្វ​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​រាជ្យ​បុត្រ​ ព្រះ​នាម​សីល​វ​កុ​មារ​ កាល​ទ្រង់​មាន​ព្រះ​ជន្ម​វស្សា​ ១៦​ ឆ្នាំ​ ទ្រង់​បាន​ទៅ​ដល់​ទី​បំ​ផុត​នៃ​ការ​សិក្សា​វិជ្ជា​ទាំង​ពួង​ លុះ​អំ​ណេះ​អំ​ពី​ព្រះ​រាជ​បិតា​ទីវង្គត​ទៅ​
images/articles/917/Untitled-1.jpg
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២៥ (អាន: ១៦,០២០ ដង)
រឿង​សច្ចវា​ទិ​នី​ ( ចាក​ ម. អ. ) ( និយាយពាក្យ​ពិត​ គង់​បាន​ទៅ​កើត​ក្នុង​ស្ថាន​ទេវ​លោក ) ពី​ដើម​មាន​ស្រ្តី​ម្នាក់​ មិន​បាន​ឲ្យ​ទា​ន មិនបាន​ធ្វើ​ការ​បូ​ជា​ មិនបាន​ស្តាប់​ធម៌ទេ​ក្នុង​មួយ​ជាតិ​នេះ​ គ្រាន់​តែ​រក្សា​ពាក្យ​សច្ចប៉ុណ្ណោះ​ លុះ​ស្លាប់​ទៅ​
images/articles/918/Untitled-1.jpg
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២៥ (អាន: ១៨,១៨២ ដង)
រឿង​សមុទ្ទទេវតា ( ចាក​ ស​​. តិ. ) ( សេចក្តី​លោភ​នាំ​សត្វ​ឲ្យ​ហួង​ហែង​ហួស​ហេតុ ) កាល​ពុទ្ធ​សម័យ​ព្រះ​សម្ពុទ្ធ​ប​រម​គ្រូ​ ទ្រង់​រំ​លឹក​ដាស់​តឿនឧ​បនន្ទ​ភិក្ខុ​ ដែល​មាន​សេចក្តី​​លោភ​គ្រប​សង្កត់​ គឺ​ធម្មតា​រ​បស់​ភិក្ខុ​ឧប​នន្ទ តែ​ដល់​រដូវ​ចូល​វស្សា​ហើយ លោក​ដើរ​ចូល​ទៅ​ចូល​វស្សា​ផ្ញើ​គ្រប់​វត្ត​ ដែល​លោក​អាច​ទៅ​បាន​​។
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.03