ថ្ងៃ អាទិត្យ ទី ២០ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
រឿងនិទានអប់រំចិត្ត
៣៨៣ អត្ថបទ
images/articles/3092/__________________.jpg
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៤ (អាន: ៧,១៨៤ ដង)
រស្មីពណ៌ក្រហមៈ ជាតំណាងកាលដែលព្រះអង្គសោយព្រះជាតិជាមហាបទុម មាណព ។ គ្រានោះ មានពស់មួយ ប្រកបដោយអសិរពឹសដ៏ពន្លឹកចឹកមាតាព្រះអង្គ ព្រះអង្គ ក៏ទ្រង់យកកាំបិតមកពុះទ្រូង លូកយកបេះដូងមកផ្សំធ្វើថ្នាំ ព្យាបាលមាតាព្រះអង្គឲ្យមាន ជីវិតឡើងវិញ ។ សេចក្តីលំអិតមានដូចតទៅនេះ៖ មានរឿងតំណាលថា ក្នុងអតីតកាល មានព្រះមហាក្សត្រមួយអង្គព្រះនាម សេនរាជ គ្រងរាជសម្បត្តិក្នុង នគរអង្គវតី មានមហេសីព្រះនាម សុមេខលារាជទេវី ជានារីទ្រង់មានរូប ឆោមក្រៃលែង ។ គ្រានោះ ព្រះពោធិសត្វច្យុតចាកឋានតុសិតមកចាប់បដិសន្ធិក្នុងព្រះឧទរ នៃព្រះរាជទេវី ។ កាលណោះ មានព្រះមហាក្សត្រមួយអង្គព្រះនាម កូជរាជ ទ្រង់បានពត៌មានពីមនុស្សទាំងឡាយថា ព្រះនាង សុមេខលារាជទេវី ទ្រង់មានព្រះរូបឆោមក្រៃលែងលើផែនដី ក៏មានព្រះទ័យស្នេហាប្រតិព័ទ្ធយ៉ាងខ្លាំងទើបទ្រង់កេណ្ឌទ័ពលើកចេញទៅព័ទ្ធ នគរអង្គវតី ហើយទ្រង់បញ្ជូនរាជទូតឲ្យទៅថ្លែងរាជសារដល់ព្រះបាទសេនរាជៗមានតម្រិះថា “ឱ! អស់រាស្ត្រប្រជាទាំងឡាយ នឹងដល់នូវសេចក្តីវិនាសអន្តរាយទាំងអាយុជីវិត ទាំងទ្រព្យសម្បត្តិក្នុង គ្រានេះជាមិនខាន” ។ ឯពួកអ្នកនគរ បានប្រមូលផ្តុំគ្នាជាពួក ជាក្រុម ចូលក្រាប បង្គំទូលសុំទទួលអាសាការពាររាជបល័្លង្ក ។ តែព្រះអង្គពុំយល់ព្រមដោយទ្រង់ខ្លាចក្រែង អន្តរាយអាយុរបស់ប្រជាជន ។ ឯពួកសេនាយោធា ក៏លើកទ័ពចេញទៅច្បាំងតាមទំនើងខ្លួន ដោយគ្មានអគ្គបញ្ជាការ ទេ ដោយក្តីស្ម័គ្រចិត្តរៀងៗខ្លួន ម្លោះហើយ ការប្រយុទ្ធឥតមានយុទ្ធសាស្ត្រ និងរបៀបរៀប រយត្រឹមត្រូវ ក៏បណ្តាលឲ្យទទួលការបរាជ័យ ។ ចំណែកឯព្រះបាទសេនរាជ បានទ្រង់ជ្រាប ព៌តមានហើយ ព្រះអង្គក៏ម្នីម្នាដោះព្រះកាយចេញពីនគរ ដោយមានព្រះអគ្គមហេសីស្វាមី ភក្តីស្ម័គ្រចិត្តទៅតាមហែព្រះអង្គផង ។ ក្សត្រាក្សត្រីទាំងពីរព្រះអង្គ ទ្រង់ឈមព្រះភ័ក្រ្តសំដៅ ទៅព្រៃហេមពាន្ត ទ្រង់ចូលព្រៃ ចេញពីព្រៃឆ្លងកាត់វាលអស់ផ្លូវសែនឆ្ងាយដរាបឆ្នេរទន្លេ គង្គាដ៏ធំមួយ ទើបទ្រង់កាប់ឈើធ្វើជាក្បូន រួចស្រេចហើយក៏ឲ្យព្រះរាជអគ្គមហេសីគង់លើ ក្បូនឈើនោះឆ្លងទៅត្រើយនាយ ។ ពេលដែលក្បូនដល់ពាក់កណ្តាលទន្លេ ស្រាប់តែមាន ខ្យល់ព្យុះអាកាសវាទមួយបក់បោកយ៉ាងខ្លាំងបណ្តាលឲ្យក្បូននោះដាច់ចំណង ក្សត្រទាំងពីរអង្គក៏ព្រាត់ទៅទីទៃពីគ្នានាគ្រានោះឯង ។ ព្រះរាជទេវីត្រូវខ្យល់រលកបក់បោកទៅដល់ត្រើយមុន ក្រឡេកមើលព្រះស្វាមីពុំឃើញ ទ្រង់ព្រះកន្សែងសោកាជាពន្លឹក ហើយត្រាច់រកតាមឆ្នេរគង្គា ជូនជាក្រឡេកមើលទៅ កណ្តាលទន្លេ ក៏បានឃើញព្រះស្វាមី លិចអណ្តែតៗ ទ្រង់ភិតភ័យតក្កមាក្រែងព្រះស្វាមីក្ស័យព្រះជន្មា ទើបព្រះនាងតាំងសច្ចកិរិយាធិដ្ឋានសុំឲ្យផ្ទៃគង្គា មានសណ្ឋានរឹងដូចប្រថពី ។ គ្រានោះគួរឲ្យអស្ចារ្យណាស់ ផ្ទៃទឹកគង្គាក៏រឹងគួរឲ្យចម្លែក ទើបព្រះនាងយាត្រាលើខ្នងទឹក ទៅរកស្វាមីនាកណ្តាលទន្លេគង្គា ស្រង់ព្រះស្វាមីពីទឹកហើយឲ្យយាត្រាតាមព្រះនាងដរាប ដល់ត្រើយ ។ ព្រះរាជាទ្រង់ស្ងើចសរសើរបុណ្យបារមីព្រះនាងដោយប្រការផ្សេងៗ ហើយ ក្សត្រាក្សត្រីយាត្រាសំដៅទៅព្រៃព្រះហេមពាន្តដើម្បីទ្រង់ផ្នួសជាតាបសឥសី ។ កាលណោះ ក្រឡាអាសនៈ នៃព្រះអមរិន្ទ សម្តែងឧណ្ហាការជាចម្លែកទើបទ្រង់បើក ទិព្វចក្ខុទតមកមើលមនុស្សលោក ក៏ទ្រង់បានជ្រាបព្រឹត្តិការហេតុសព្វគ្រប់ ទើបទ្រង់មាន ទេវបញ្ជាឲ្យវិស្សកម្មទេវបុត្រ ចុះមកនិម្មិតជាបណ្ណសាលាពីរខ្នងសម្រាប់ក្សត្រាក្សត្រីទាំងពីរៗ ក៏ទ្រង់ជ្រាបថា បណ្ណសាលានេះកើតឡើងដោយទេវានុភាព អនុគ្រោះចំពោះព្រះអង្គ ទើបស្តេចចូលទៅក្នុងបណ្ណសាលា ហើយទ្រង់ព្រះផ្នួសជាឥសីតាមប្រពៃណី ។ ព្រះមហាក្សត្រគង់នៅក្នុងបណ្ណសាលានាព្រៃហេមពាន្ត ដោយក្តីសុខជាមួយនឹងព្រះ មហេសី ដែលតែងតែយាងទៅស្វែងរកមើមឈើព្រៃសម្រាប់ធ្វើអាហារឥតមានកង្វះខាត ឡើយ ។ ព្រះរាជាតែងទ្រង់បន្លឺនូវព្រះឧទានថា សុខស្រួលណាស់នៅទីនេះ ។ ប៉ុន្តែ ក្តីសុខ ក្សេមក្សាន្តនេះ មិនបានឋិតថេរទេ មិនយូរប៉ុន្មាន ទ្រង់ក៏ប្រឈួនជាទម្ងន់ ហើយទ្រង់សោយ ទិវង្គត់ទៅ ។ ឯព្រះរាជទេវី ទ្រង់ព្រះកន្សែងសោយសោកលើសលន់ពន់ប្រមាណស្ទើរក្ស័យ ព្រះជន្មទៅជាមួយនឹងព្រះស្វាមី ។ លុះបន្ទោបង់នូវសេចក្តីសោកបានខ្លះហើយទើបព្រះនាង ថ្វាយបង្គំព្រះសព សុំខមាទោសតាមប្រពៃណីរួចហើយ ទើបព្រះនាងរៀបពិធីបូជាព្រះសព ព្រះស្វាមី ។ រាល់ទិវារាត្រី ព្រះនាងតែងតែនឹកឃើញព្រះស្វាមី ធើ្វឲ្យព្រះនាងអាឡោះ អាល័យស្ទើរតែទៅជាវិកលចរិត ។ ឯព្រះគ៌ភព្រះនាងកាន់តែចាស់ខែហើយ នៅទីបំផុត ព្រះនាងក៏ប្រសូត្រព្រះរាជបុត្រ ។ ដោយបុណ្យបារមីរបស់ព្រះរាជបុត្រ ពេលនោះក៏មានហេតុអស្ចារ្យកើតប្រាកដឡើង គឺមានផ្កាឈូកមាសយ៉ាងធំផុសឡើងទ្រព្រះរាជកុមារ ។ ព្រះនាងទតឃើញដូច្នោះ ក៏មានព្រះ ទ័យត្រេកអរយ៉ាងខ្លាំង ក៏ទ្រង់ជ្រាបថា ព្រះរាជកុមារនេះ មានបុណ្យបារមី ទើបទ្រង់តាំង នាមថា មហាបទុមកុមារ ។ លុះព្រះកុមារមានវ័យចម្រើនឡើង បានទូលសួររកព្រះបិតា ព្រះនាងក៏រៀបរាប់ប្រាប់ ព្រះរាជកុមារតាមដំណើររឿងចប់សព្វគ្រប់ ។ រៀងរាល់ថ្ងៃព្រះរាជកុមារតែងតែសុំព្រះមាតា ទៅព្រៃដើម្បីរកផលាផល និងមើមឈើជំនួសមាតា តែមាតាមិនយល់ព្រម ដោយទ្រង់យល់ ថា ព្រះរាជបុត្រនៅក្មេងពេក ។ ព្រះរាជកុមារជាមនុស្សមានប្រាជ្ញា និងប្រកបដោយកតញ្ញូតាមធម៌ ចង់តបគុណព្រះ មាតា និងខ្លាចព្រះមាតាជួបប្រទះនូវហេតុភេទណាមួយ ពេលដែលព្រះមាតាចេញទៅរក ផលាផល ព្រះរាជកុមារតែងតែលបទៅតាមពីក្រោយមិនឲ្យព្រះមាតាដឹងឡើយ រហូតកំណត់ទិសតំបន់បានគ្រប់ទីកន្លែងទើបត្រឡប់មកអាស្រមវិញ ។ នៅរសៀលថ្ងៃមួយ ព្រះ នាងកំពុងតែយាងត្រឡប់មកអាស្រមវិញ ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ទើបព្រះនាង គេចចូលជ្រកក្រោមម្លប់ឈើធំមួយ នៅដើមឈើនោះ មានអាសិរពិសមួយលូនចេញពីរន្ធឈើនោះ ក៏ចឹកចំព្រះបាទារបស់ព្រះនាងៗស្រែក ដង្ហោយហៅព្រះរាជបុត្រ ទ្រង់ព្រះកន្សែង សោយសោកអាណិតដល់ព្រះរាជបុត្រ មិនយូរប៉ុន្មាន ព្រះនាងក៏ក្ស័យព្រះជន្មដោយពិស ពស់ដ៏សាហាវនោះទៅ ។ ឯព្រះបទុមកុមារ ពេលមិនឃើញមាតាត្រឡប់មកអាស្រមតាមប្រក្រតីវិញ ក៏សង្ស័យ ថា ប្រហែលជាព្រះមាតាមានឧបសគ្គអ្វី ទើបយាត្រារត់រកព្រះមាតា ត្រាតែបានជួបប្រទះ ហើយក៏ទ្រង់ព្រះកន្សែងសោយសោកមហិមារហូតដល់បាត់ស្មារតី ។ ពេលដឹងខ្លួនឡើង ក៏ តាំងចិត្តអធិដ្ឋានបួងសួងដល់ទេវតាទាំងឡាយថា “ខ្ញុំសុខចិត្ត លះបង់ជីវិតរបស់ខ្ញុំ សូមឲ្យ តែព្រះមាតារបស់ខ្ញុំរស់រានមានជីវិតឡើងវិញចុះ ។ គ្រានោះបណ្តាលឲ្យក្តៅដល់ព្រះឥន្ទ្រាធិរាជៗក៏និម្មិតខ្លួនជាព្រាហ្មណ៍ចាស់ ចូលទៅ រកព្រះកុមារៗ ក៏សួររកថ្នាំ ។ ព្រាហ្មណ៍ចាស់ប្រាប់ថា ចូរអ្នករកសាច់បេះដូងមនុស្សរស់យក មកផ្សំ រួចបញ្ច្រកចូលទៅក្នុងមាត់មាតារបស់អ្នកមាតារបស់អ្នកនឹងរស់ឡើងវិញ ។ ពេលនោះព្រះបទុមកុមារ ក៏ងើបទៅលើអាកាស ហើយបួងសួងសុំឲ្យទេវតាទម្លាក់អាវុធចុះមក ។ អាវុធក៏ធ្លាក់ចុះមកមែនទើបព្រះកុមារ ចាប់យកកាំបិតវះកាត់យកសាច់បេះដូងចេញមកជូន ទៅតាព្រាហ្មណ៍ៗ ក៏ចាប់ដាក់ទៅក្នុងមាត់ព្រះនាង រួចសេកមន្តផ្សំផងស្រាប់តែព្រះមាតា របស់ព្រះកុមាររស់ឡើងវិញភ្លាម ហាក់ដូចជាទើបតែក្រោកពីនិន្ទ្រា ។ ចំណែកឯព្រះកុមារ វិញ ដេកដូលក្ស័យព្រះជន្មក្នុងខណៈនោះដែរ ។ ដោយអំណាចរបស់ព្រះឥន្ទ្រាធិរាជ និងកម្លាំងកត្តញ្ញូតាធម៌ ព្រះឥន្ទ្រាធិរាជក៏បានជួយស្រោចស្រង់ ព្រះរាជកុមារឲ្យមានព្រះជន្មឡើងវិញ ដូចធម្មតា ។ ព្រះវរមាតា និងព្រះ រាជបុត្រ ក៏មានព្រះទ័យសោមនស្សរីករាយក្រៃលែង ហើយនាំគ្នាត្រឡប់ទៅកាន់អាស្រម គង់នៅជាសុខក្សេមក្សាន្តដរាបដល់អស់ព្រះជន្មាយុ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/3110/756y45gdf.jpg
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៤ (អាន: ៥,០៨៦ ដង)
ព្រះសាស្ដាប្រារព្ធបុត្រឧទ្យានបាលមួយរូប ដែលនៅក្នុងទក្ខិណាគិរិជនបទ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យោ វេ សព្ពសមេតានំ ដូច្នេះជាដើម ។ បានឮមកថា ព្រះសាស្ដាកាលចេញព្រះវស្សាហើយ យាងចេញពីវត្តជេតពន ទ្រង់ត្រាច់ចារិកទៅកាន់ទក្ខិណាគិរិជនបទ ។ មានឧបាសកមួយរូបនិមន្តភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ឲ្យគង់ក្នុងឧទ្យាន ហើយរៀបចំចាត់ចែងយាគូនិងបង្អែមថ្វាយ រួចពោលថា បពិត្រលោកម្ចាស់ បើលោកម្ចាស់ប្រាថ្នានិមន្តមើលឧទ្យាន ចូរនិមន្តទៅជាមួយឧទ្យានបាលនេះចុះ រួចហើយគាត់បង្គាប់ឧទ្យានបាលថា អ្នកចូរថ្វាយផលាផលដល់លោកម្ចាស់ ។ ភិក្ខុទាំងឡាយត្រាច់ចារិកទៅ បានឃើញដើមឈើដែលត្រូវគេដកមួយកន្លែង ហើយសួរថា ដើមឈើកន្លែងនេះ ម្ដេចក៏ត្រូវគេដក មិនមានដើមឈើ តើព្រោះហេតុអ្វី ? នាយឧទ្យានបាលប្រាប់ពួកភិក្ខុថា បុត្ររបស់ឧទ្យានបាលមួយរូបកាលស្រោចទឹកដើមឈើ បានដកឡើងដោយគិតថា យើងស្រោចតាមប្រវែងឫស ដូច្នេះទើបស្រោចទឹកតាមប្រមាណឫសឈើ ព្រោះហេតុនោះ កន្លែងនេះ ទើបត្រូវដកដើមឈើ ។ ភិក្ខុទាំងឡាយទៅកាន់សំណាក់ព្រះសាស្ដា ហើយក្រាបទូលរឿងនោះដល់ព្រះអង្គ ។ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែកាលឥឡូវនេះទេ សូម្បីកាលមុន កុមារនេះក៏ប្រទូសឧទ្យានដែរ រួចហើយទ្រង់នាំយកអតីតនិទានមកសម្ដែងថា ក្នុងអតីតកាល កាលព្រះបាទវិស្សសេនសោយរាជសម្បត្តិក្នុងនគរពារាណសី ។ កាលគេប្រកាសការលេងមហោស្រព អ្នករស់នៅក្នុងឧទ្យានគិតថា យើងនឹងលេងមហោស្រព ទើបពោលនឹងពួកស្វាថា ឧទ្យាននេះមានឧបការៈច្រើនដល់ពួកអ្នក, យើងនឹងលេងមហោស្រព ៧ ថ្ងៃ, ពួកអ្នកចូរស្រោចដើមឈើក្នុងកាល ៧ ថ្ងៃនេះផង ។ ពួកស្វាទទួលថា ល្អ ។ ឧទ្យានបាលក៏ឲ្យឆ្នាំងស្បែកដល់ពួកស្វា ហើយចេញទៅ ។ ពួកស្វាកាលស្រោចទឹក បានស្រោចដើមឈើដែលនៅខ្ចីៗ (ស្មើគ្នា) ។ ពេលនោះ មេហ្វូងស្វាពោលថា នែអ្នកទាំងឡាយ ចូរបង្អង់សិន ធម្មតាទឹកជារបស់រកបានដោយក្រក្នុងកាលទាំងពួង អ្នកទាំងឡាយគប្បីរក្សាទឹក អ្នកទាំងឡាយចូរដកដើមឈើខ្ចីៗ ឲ្យដឹងប្រវែងឫសសិន ហើយស្រោយចទឹកឲ្យច្រើនលើដើមឈើដែលមានឫសវែង និងស្រោចទឹកតិចដល់ដើមឈើដែលមានឫសខ្លី ។ ពួកស្វាពោលថា ល្អ ហើយពួកខ្លះដកដើមឈើមើលឫស ពួកខ្លះស្រោចទឹក ។ ពេលនោះ ព្រះពោធិសត្វជាបុត្ររបស់ត្រកូលមួយក្នុងក្រុងពារាណសី លោកទៅកាន់ឧទ្យានដោយករណីកិច្ចឯណានីមួយ បានឃើញពួកស្វាកំពុងធ្វើយ៉ាងនោះ ទើបសួរថា នែពួកស្វា ហេតុអ្វី បានជាពួកអ្នកធ្វើយ៉ាងនេះ ? កាលពួកស្វាពោលថា មេហ្វូង (ឲ្យធ្វើ) លោកក៏ពោលថា បញ្ញារបស់មេហ្វូងរបស់ពួកលោកគង់ជាយ៉ាងនេះទៅហើយ ចុះបញ្ញារបស់ពួកលោកគង់ជាយ៉ាងណាដែរ ដូច្នេះកាលនឹងប្រកាសសេចក្ដីនោះ ទើបពោលគាថាទី ១ ថា យោ វេ សព្ពសមេតានំ, អហុវា សេដ្ឋសម្មតោ; តស្សាយំ ឯទិសី បញ្ញា, កិមេវ ឥតរា បជា។ ស្វាណា ដែលគេសន្មតថាជាសត្វប្រសើរបំផុតជាងពួកស្វា ដែលមានជាតិស្មើរគ្នានេះ ប្រាជ្ញារបស់ស្វានោះ មានតែត្រឹមប៉ុណ្ណេះ ពួកសត្វ (ស្វា) ក្រៅនេះ នឹងមានប្រាជ្ញា ដូចម្ដេចទៅ ។ ពួកស្វាស្ដាប់របស់ព្រះពោធិសត្វហើយ ពោលគាថាទី ២ ថា ឯវមេវ តុវំ ព្រហ្មេ, អនញ្ញាយ វិនិន្ទសិ; កថំ មូលំ អទិស្វាន, រុក្ខំ ជញ្ញា បតិដ្ឋិតំ។ បពិត្រអ្នកដ៏ប្រសើរ ការតិះដៀលយ៉ាងនេះ ព្រោះតែមិនដឹង បុគ្គលមិនឃើញនូវឫស ហើយគប្បីដឹងនូវដើមឈើដែលតាំងនៅស៊ប់ ដូចម្ដេចកើត ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោលគាថាទី ៣ ថា នាហំ តុម្ហេ វិនិន្ទាមិ, យេ ចញ្ញេ វានរា វនេ; វិស្សសេនោវ គារយ្ហោ, យស្សត្ថា រុក្ខរោបកា។ យើងមិនតិះដៀលពួកអ្នក ដែលជាពានរ អាស្រ័យនៅក្នុងព្រៃនេះទេ តែថាពួកជនអ្នកដាំដើមឈើ ដើម្បីប្រយោជន៍ ដល់ស្ដេចវិស្សសេនណា ស្ដេចវិស្សសេននោះ គួរគេដៀលបាន ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា វានរជេដ្ឋកោ អារាមទូសកកុមារោ អហោសិ មេហ្វូងស្វាក្នុងកាលនោះ បានមកជាកុមារប្រទូសឧទ្យានបណ្ឌិតបុរិសោ បន អហមេវ អហោសិំ ចំណែកបុរសជាបណ្ឌិត គឺតថាគតនេះឯង ។ អារាមទូសកជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៥៤) ដោយ​៥០០០​ឆ្នាំ​
images/articles/3111/FGERE34.jpg
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៤ (អាន: ៦,០២២ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធអសទិសទាន (ទានដែលឥតមានទានដទៃណាមួយប្រដូចបាន) បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា អាទិត្តស្មិំ ដូច្នេះជាដើម ។ អសទិសទាននេះមានសេចក្ដីពិស្ដារហើយក្នុងអដ្ឋកថាមហាគោវិន្ទសូត្រ ។ ក្នុងថ្ងៃទី ២ អំពីថ្ងៃថ្វាយអសទិសទាន ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា “ម្នាលអាវុសោ ព្រះបាទកោសលពិចារណាជ្រើសរើសលៃលក បានដឹងនូវបុញ្ញក្ខេត្តហើយ ទើបថ្វាយអសទិសទានដល់ព្រះអរិយសង្ឃដែលមានព្រះពុទ្ធជាប្រធាន” ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា “ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នានិយាយរឿងអ្វី ?” កាលពួកភិក្ខុទូលថា “រឿងនេះ” ទើបព្រះសាស្ដាត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ មិនជាអស្ចារ្យទេ ដែលព្រះរាជាពិចារណាលៃលកជ្រើសរើសហើយញ៉ាំងទានឲ្យតាំងនៅក្នុងបុញ្ញក្ខេត្តដ៏ប្រសើរនោះ សូម្បីបោរាណកបណ្ឌិតទាំងឡាយក៏បានពិចារណាលៃលកជ្រើសរើសហើយឲ្យមហាទានដែរ” ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកសម្ដែងថា ក្នុងអតីតកាល ព្រះរាជាព្រះនាម រោរុវមហារាជ ក្នុងរោរុវនគរ ទ្រង់មិនធ្វើទសរាជធម៌ ឲ្យកម្រើក, ទ្រង់សង្គ្រោះប្រជានុរាស្ត្រដោយសង្គហវត្ថុ ៤, ទ្រង់ឋិតនៅក្នុងឋានៈមាតាបិតាដល់មហាជន, ញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅដល់មនុស្សកំព្រា អ្នកដំណើរ វណិព្វកៈ (អ្នកពណ៌នាហើយទើបសូម) និងអ្នកស្មូម ។ ព្រះអគ្គមហេសីរបស់ព្រះរាជានោះ មានព្រះនាមថា សមុទ្ទវិជយា ព្រះនាងជាបណ្ឌិតបរិបូណ៌ដោយបញ្ញា ។ ថ្ងៃមួយ ព្រះបាទរោរុវមហារាជសម្លឹងមើលរោងទាន ទ្រង់គិតថា “បដិគ្គាហកៈទាំងឡាយជាសត្វឡេះឡោះទ្រុស្តសីលបរិភោគទានរបស់យើង, ទាននោះមិនញ៉ាំងយើងឲ្យត្រេកអរឡើយ, យើងប្រាថ្នាឲ្យទានដល់ព្រះបច្ចេកពុទ្ធដែលជាអ្នកមានសីល និងជាអគ្គទក្ខិណេយ្យបុគ្គល, តែព្រះបច្ចេកពុទ្ធទាំងនោះលោកគង់នៅក្នុងហិមវន្តប្រទេស, អ្នកណានឹងទៅនិមន្តលោកឲ្យមក, តើយើងនឹងបញ្ជូនអ្នកណាឲ្យទៅ” គិតរួច ព្រះរាជាប្រាប់សេចក្ដីនោះដល់ព្រះទេវី ។ លំដាប់នោះ ព្រះនាងសមុទ្ទវិជយាទូលព្រះរាជាថា “បពិត្រមហារាជ សូមព្រះអង្គកុំគិតឡើយ, ដោយកម្លាំងទានយើងគប្បីឲ្យ ដោយកម្លាំងសីល ដោយកម្លាំងសច្ចៈ យើងនឹងបញ្ជូនផ្កាឲ្យទៅនិមន្តព្រះបច្ចេកពុទ្ធទាំងនោះ ហើយឲ្យទានព្រមទាំងបរិក្ខារទាំងពួងដល់លោកដែលមកហើយ” ។ ព្រះរាជាទទួលថា “ប្រពៃហើយ” រួចទ្រង់ឲ្យរាជបុរសត្រាច់វាយស្គរ ស្រែកប្រកាសក្នុងនគរថា “អ្នកនគរទាំងអស់ចូរសមាទានសីល”ចំណែកព្រះរាជានិងបរិវារ អធិដ្ឋានអង្គឧបោសថរួចហើយ ញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ឲ្យគេយកស្មុគមាសដែលពេញដោយផ្កាម្លិះ ទ្រង់ចុះចាកប្រាសាទ ឋិតនៅត្រង់ព្រះលានហ្លួង ប្រតិស្ឋានអង្គទាំង ៥ លើផែនដី មានមុខបែរទៅរកទិសខាងកើត ស្ដេចថ្វាយបង្គំ ហើយត្រាស់ថា “ខ្ញុំសូមថ្វាយបង្គំព្រះអរហន្តដែលនៅក្នុងទិសខាងកើត, បើគុណយ៉ាងណាមួយរបស់ខ្ញុំមាន, សូមលោកម្ចាស់ទាំងឡាយធ្វើសេចក្ដីអនុគ្រោះខ្ញុំ និងសូមទទួលភិក្ខារបស់ខ្ញុំ” ប្រកាសរួចទ្រង់បាចផ្កា៧ក្ដាប់។ ក្នុងថ្ងៃស្អែក មិនមានព្រះបច្ចេកពុទ្ធមក ព្រោះក្នុងទិសខាងកើតមិនមានព្រះបច្ចេកពុទ្ធ ។ ក្នុងថ្ងៃទី ២ ព្រះរាជានមស្ការនូវទិសខាងត្បូង, ព្រះបច្ចេកពុទ្ធមិនមកសូម្បីអំពីទិសនោះ ។ ក្នុងថ្ងៃទី ៣ ព្រះរាជានមស្ការនូវទិសខាងលិច, ព្រះបច្ចេកពុទ្ធមិនមកសូម្បីអំពីទិសនោះ ។ ក្នុងថ្ងៃទី ៤ ព្រះរាជានមស្ការនូវទិសខាងជើង ស្ដេចនមស្ការអារាធនាថា “ព្រះបច្ចេកពុទ្ធទាំងឡាយដែលគង់នៅឧត្តរហិមវន្តប្រទេស សូមទទួលភិក្ខារបស់ខ្ញុំ “ប្រកាសរួចទ្រង់បាចផ្កា ៧ ក្ដាប់ ។ ផ្កាទាំងឡាយអណ្ដែតទៅធ្លាក់លើព្រះបច្ចេកពុទ្ធ ៥០០ អង្គ ដែលនៅនឹងញកភ្នំ នន្ទមូលក៍ ។ ព្រះបច្ចេកពុទ្ធទាំងនោះពិចារណាដឹងភាពដែលព្រះរាជានិមន្តខ្លួន, ថ្ងៃស្អែក និយាយនឹងព្រះបច្ចេកពុទ្ធ ៧ អង្គថា “ម្នាលអ្នកនិរទុក្ខទាំងឡាយ ព្រះរាជានិមន្តពួកលោក ពួកលោកចូរធ្វើសេចក្ដីសង្គ្រោះព្រះអង្គ” ។ ព្រះបច្ចេកពុទ្ធទាំង ៧ អង្គនោះហោះមកតាមអាកាស ចុះត្រង់រាជទ្វារ ។ ព្រះរាជាឃើញព្រះបច្ចេកពុទ្ធទាំងនោះហើយ ទ្រង់មានសេចក្ដីសោមនស្ស ថ្វាយបង្គំ និមន្តឲ្យឡើងកាន់ប្រាសាទ ធ្វើសក្ការៈយ៉ាងធំ ហើយថ្វាយទាន, កាលព្រះបច្ចេកពុទ្ធធ្វើភត្តកិច្ចរួចហើយ ព្រះរាជាក៏និមន្តដើម្បីប្រយោជន៍ក្នុងថ្ងៃស្អែក អស់ ៦ ថ្ងៃទៀត, ក្នុងថ្ងៃទី ៧ ព្រះរាជាចាត់ចែងទាននិងបរិក្ខារទាំងពួង រៀបចំរតនៈ ៧ ប្រការដែលឆ្នៃហើយ រៀបចំគ្រែនិងតាំងជាដើម តម្កល់ត្រៃចីវរជាដើម និងគ្រឿងប្រើប្រាស់របស់សមណៈទាំងពួង ក្នុងសំណាក់ព្រះបច្ចេកពុទ្ធទាំង ៧ អង្គ រួចពោលថា “យើងខ្ញុំសូមថ្វាយបរិក្ខារទាំងនេះដល់លោក” ដូច្នេះហើយ កាលព្រះបច្ចេកពុទ្ធធ្វើភត្តកិច្ចចប់ ព្រះរាជានិងព្រះទេវីទាំងពីរឈរនមស្ការ ។ លំដាប់នោះ ព្រះបច្ចេកពុទ្ធជាសង្ឃត្ថេរកាលធ្វើអនុមោទនាដល់ព្រះរាជានោះ ទើបពោល ២ គាថាថា អាទិត្តស្មិំ អគារស្មិំ, យំ នីហរតិ ភាជនំ; តំ តស្ស ហោតិ អត្ថាយ, នោ ច យំ តត្ថ ឌយ្ហតិ។ កាលបើផ្ទះត្រូវភ្លើងឆេះហើយ បុគ្គលនាំចេញនូវភាជន៍ណាទាន់ ភាជន៍នោះ រមែងបានជាប្រយោជន៍នៃបុគ្គលនោះ ភាជន៍ណាដែលភ្លើងឆេះក្នុងផ្ទះ នោះភាជន៍មិនបានជាប្រយោជន៍ នៃបុគ្គលនោះឡើយ ។ ឯវមាទីបិតោ លោកោ, ជរាយ មរណេន ច; នីហរេថេវ ទានេន, ទិន្នំ ហោតិ សុនីហតំ។ សត្វលោក កាលបើត្រូវជរា និងមរណៈ ឆេះយ៉ាងនេះហើយ បុគ្គលគួរតែនាំចេញនូវទ្រព្យ ដោយកាឲ្យទាន (ព្រោះ) ទ្រព្យដែលបុគ្គលបានឲ្យហើយ ឈ្មោះថានាំចេញហើយ ដោយប្រពៃ ។ ព្រះបច្ចេកពុទ្ធជាសង្ឃត្ថេរធ្វើអនុមោទនាយ៉ាងនេះហើយ ឲ្យឱវាទព្រះរាជាថា “ បពិត្រមហារាជ សូមព្រះអង្គកុំប្រមាទ” រួចហើយក៏ហោះឡើងលើអាកាស ធ្វើកំពូលប្រាសាទឲ្យញែកជាពីរ ហោះទៅចុះនៅនឹងញកភ្នំនន្ទមូលក៍ ។ សូម្បីបរិក្ខារដែលព្រះរាជាថ្វាយដល់ព្រះបច្ចេកពុទ្ធនោះ ក៏អណ្ដែតទៅជាមួយនឹងលោក ហើយធ្លាក់ចុះនៅនឹងញកភ្នំនន្ទមូលក៍នោះដែរ ។ សរីរៈរបស់ព្រះរាជានិងព្រះទេវីពេញដោយបីតិ ។ ចំណែកព្រះបច្ចេកពុទ្ធដ៏សេស កាលនឹងយាងទៅបានពោលយ៉ាងនេះថា យោ ធម្មលទ្ធស្ស ទទាតិ ទានំ, ឧដ្ឋានវីរិយាធិគតស្ស ជន្តុ; អតិក្កម្ម សោ វេតរណិំ យមស្ស, ទិព្ពានិ ឋានានិ ឧបេតិ មច្ចោ។ សត្វណា បានឲ្យទានដល់បុគ្គលអ្នកបានធម៌ បានត្រាស់ដឹងធម៌ ដោយសេចក្តីព្យាយាម គឺការប្រឹងប្រែង សត្វនោះ រមែងប្រព្រឹត្តកន្លងនូវវេតរណី របស់យមៈ (នរក) បានហើយ ចូលទៅកាន់ទីទាំងឡាយជាទិព្វ ។ ពាក្យថា រមែងប្រព្រឹត្តកន្លងនូវវេតរណី សេចក្ដីថា ត្រឹមតែជាប្រធានទេសនាប៉ុណ្ណោះ អធិប្បាយថា រមែងប្រព្រឹត្តកន្លងនូវមហានរក ៨ រណ្ដៅ និងឧស្សទនរក ១៦ រណ្ដៅ ។ ទានញ្ច យុទ្ធញ្ច សមានមាហុ, អប្បាបិ សន្តា ពហុកេ ជិនន្តិ; អប្បម្បិ ចេ សទ្ទហានោ ទទាតិ, តេនេវ សោ ហោតិ សុខី បរត្ថ។ អ្នកប្រាជ្ញទាំងឡាយពោលថា ទាននិងចម្បាំងជារបស់ស្មើគ្នា ពួកជនសូម្បីតិចគ្នា តែជាអ្នកស៊ូលះបង់ជីវិត រមែងឈ្នះជនច្រើននាក់បាន បុគ្គលណាកាលបើជឿហើយឲ្យទាន សូម្បីបន្តិចបន្តួច បុគ្គលនោះ រមែងបាននូវសេចក្តីសុខ ក្នុងលោកខាងមុខ ដោយទេយ្យវត្ថុមានប្រមាណតិចនោះ ។ ពាក្យថា ទាននិងចម្បាំងជារបស់ស្មើគ្នា សេចក្ដីថា អ្នកប្រាជ្ញទាំងឡាយពោលថា ពិតមែន ទានរមែងមិនមានដល់អ្នកដែលភ័យខ្លាចអស់, ចម្បាំងក៏រមែងមិនមានដល់អ្នកដែលភ័យខ្លាចអស់ដែរ ។ បុគ្គលរមែងលះបង់សេចក្ដីអាល័យក្នុងជីវិតហើយច្បាំង ទើបអាចច្បាំងបាន, ទាយករមែងលះបង់សេចក្ដីអាល័យក្នុងភោគៈ ទើបអាចឲ្យបាន ដូចគ្នាដែរ ព្រោះហេតុនោះ ទាននិចម្បាំងទាំងពីរនេះ ទើបជារបស់ស្មើគ្នា ។ វិចេយ្យ ទានំ សុគតប្បសត្ថំ, យេ ទក្ខិណេយ្យា ឥធ ជីវលោកេ; ឯតេសុ ទិន្នានិ មហប្ផលានិ, ពីជានិ វុត្តានិ យថា សុខេត្តេ។ ការពិចារណាសិនហើយទើបឲ្យ ព្រះសុគតទ្រង់សរសើរហើយ ពួកទក្ខិណេយ្យបុគ្គលណា មាននៅក្នុងជីវលោកនេះ ទានដែលបុគ្គលឲ្យហើយ ដល់ពួកទក្ខិណេយ្យបុគ្គលនុ៎ះ មានផលច្រើន ដូចជាពូជដែលគេសាបព្រោះក្នុងស្រែដ៏ល្អ ។ យោ បាណភូតានិ អហេឋយំ ចរំ, បរូបវាទា ន ករោតិ បាបំ; ភីរុំ បសំសន្តិ ន តត្ថ សូរំ, ភយា ហិ សន្តោ ន ករោន្តិ បាបំ។ បុគ្គលណា មិនបៀតបៀននូវពួកសត្វ មិនធ្វើនូវបាប ព្រោះ (ខ្លាច) ការតិះដៀលអំពីអ្នកដទៃ អ្នកប្រាជ្ញទាំងឡាយ តែងសរសើរនូវបុគ្គលអ្នកខ្លាចបាប មិនសរសើរនូវបុគ្គលអ្នកក្លៀវក្លាក្នុងការធ្វើបាបនោះឡើយ ដ្បិតសប្បុរសទាំងឡាយ តែងមិនធ្វើបាប ព្រោះខ្លាច (ពាក្យតំណិះដំណៀលនោះ) ។ ហីនេន ព្រហ្មចរិយេន, ខត្តិយេ ឧបបជ្ជតិ; មជ្ឈិមេន ច ទេវត្តំ, ឧត្តមេន វិសុជ្ឈតិ។ បុគ្គលចូលទៅកើតក្នុងពួកក្សត្រិយ៍ ដោយព្រហ្មចរិយធម៌ដ៏ថោកទាប បុគ្គលចូលទៅកាន់ភាពជាទេវតា ដោយព្រហ្មចរិយធម៌យ៉ាងកណ្តាល បុគ្គលបរិសុទ្ធ ដោយព្រហ្មចរិយធម៌ដ៏ឧត្តម ។ ពាក្យថា ដោយព្រហ្មចរិយធម៌ដ៏ថោកទាប សេចក្ដីថា ក្នុងពាហិរតិត្ថាយតនៈ (ពាហិរ សាសនាខ្លះ) សីលដែលវៀរចាកមេថុន ឈ្មោះថា ព្រហ្មចរិយថ្នាក់ទាប, ដោយព្រហ្មចរិយៈនោះ រមែងកើតក្នុងខត្តិយត្រកូល ។ ឧបចារជ្ឈាន ឈ្មោះថា ព្រហ្មចរិយថ្នាក់កណ្ដាល, ដោយព្រហ្មចរិយៈនោះ រមែងកើតក្នុងទេវលោក ។ សមាបត្តិ ៨ ឈ្មោះថាព្រហ្មចរិយៈថ្នាក់ឧត្តម, ដោយព្រហ្មចរិយៈនោះ រមែងកើតក្នុងព្រហ្មលោក ។ ចំណែក្នុងព្រះពុទ្ធសាសនា សីលដែលបុគ្គលសមាទានដោយការប្រាថ្នាទេវនិកាយ ឈ្មោះថា ព្រហ្មចរិយៈថ្នាក់ទាប, ការកើតឡើងនៃសមាបត្តិរបស់អ្នកមានសីលបរិសុទ្ធនោះឯង ឈ្មោះថា ព្រហ្មចរិយៈថ្នាក់កណ្ដាល, ការរក្សាសីលឲ្យបរិសុទ្ធ ហើយចម្រើនវិបស្សនា បានសម្រេចព្រះអរហត្ត ឈ្មោះថា ព្រហ្មចរិយៈថ្នាក់ឧត្តម ។ អទ្ធា ហិ ទានំ ពហុធា បសត្ថំ, ទានា ច ខោ ធម្មបទំវ សេយ្យោ; បុព្ពេវ ហិ បុព្ពតរេវ សន្តោ, និព្ពានមេវជ្ឈគមុំ សបញ្ញា។ ការឲ្យទាន ពិតជាអ្នកប្រាជ្ញសរសើរ ដោយចំណែកច្រើន ក៏មែនហើយ តែថា ចំណែកធម៌ប៉ុណ្ណោះ ប្រសើរជាងទាន ព្រោះពួកសប្បុរសអ្នកមានប្រាជ្ញា ក្នុងកាលមុន និងកាលមុនទៅទៀតបានត្រាស់ដឹងនូវនិព្វានធម៌ ។ ព្រះបច្ចេកពុទ្ធ ៦ អង្គដ៏សេសបានធ្វើការអនុមោទនាដោយគាថាមួយៗយ៉ាងនេះហើយ ចំណែកបរិក្ខារក៏អណ្ដែតទៅតាមលោកយ៉ាងនោះដែរ ។ គាថាចុងក្រោយនេះមានសេចក្ដីអធិប្បាយថា បពិត្រមហារាជ បើបុគ្គលណាមួយពោលសរសើរទានដោយប្រការយ៉ាងច្រើន ប៉ុន្តែធម្មបទប៉ុណ្ណោះ ដែលឲ្យកើតធម្មកោដ្ឋាសៈ ពោលគឺសមថៈនិងវិបស្សនានោះឯង រមែងប្រសើរក្រៃលែងជាងទាន ។ សួរថា ព្រោះហេតុអ្វី ? ឆ្លើយថា សូម្បីក្នុងកាលមុន ក្នុងកប្បនេះ សប្បុរសទាំងឡាយដែលជាអ្នកស្ងប់ មានព្រះពុទ្ធកស្សបទសពលជាដើម ឬ ក្នុងកាលមុនជាងនេះទៅទៀត មានព្រះពុទ្ធវេស្សភូទសពលជាដើម ព្រះអង្គជាអ្នកមានបញ្ញាចម្រើនសមថវិបស្សនា ហើយបានបន្លុះព្រះនិព្វាន ។ ព្រះបច្ចេកពុទ្ធទាំង ៧ អង្គ ពោលសរសើរអមតមហានិព្វាន ដល់ព្រះរាជា ដោយការអនុមោទនាយ៉ាងនេះហើយ ឲ្យឱវាទដល់ព្រះរាជាដោយសេចក្ដីមិនប្រមាទរួចហើយ ទើបទៅកាន់លំនៅរបស់ខ្លួនៗ ដោយន័យដែលបានពោលហើយនោះឯង ។ ចំណែកព្រះរាជានិងព្រះអគ្គមហេសី ទ្រង់ឲ្យទាន និងឋិតនៅរហូតដល់អស់អាយុ ក្រោយអំពីចុតិ បានកើតក្នុងឋានសួគ៌ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា “បណ្ឌិតទាំងឡាយសូម្បីក្នុងកាលមុន បានពិចារណាជ្រើសរើសហើយ ក៏ឲ្យទានដែរ” រួចទ្រង់ប្រជុំជាតកថា តទា បច្ចេកពុទ្ធា បរិនិព្ពាយិំសុ ព្រះបច្ចេកពុទ្ធទាំងឡាយក្នុងនោះបរិនិព្វានហើយ សមុទ្ទវិជយា រាហុលមាតា អហោសិ នាងសមុទ្ទវិជយា បានមកជារាហុលមាតា រោរុវមហារាជា បន អហមេវ អហោសិំ ចំណែកព្រះបាទរោរុវមហារាជ គឺតថាគតនេះឯង ។ អាទិត្តជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អដ្ឋកនិបាត អាទិត្តជាតក បិដកលេខ ៥៩ ទំព័រ ១២៨) ដោយ​៥០០០​ឆ្នាំ​
images/articles/3116/__________________.jpg
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៤ (អាន: ៤,៧៧២ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការប្រលោមលួងលោមរបស់បុរាណទុតិយិកា បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឧច្ចេ សកុណ ឌេមានដូច្នេះជាដើម ។ រឿងរ៉ាវបច្ចុប្បន្នបានពោលរួចហើយក្នុងបុប្ផរត្តជាតក (ឯកកនិបាត), រឿងរ៉ាវក្នុងអតីតនឹងមានជាក់ច្បាស់ក្នុងឥន្ទ្រិយជាតក (អដ្ឋកនិបាត) ។ ចំណែកក្នុងជាតកនេះ កាលបុរសនោះនៅមានជីវិត គាត់ក្ដៅក្រហាយភ័យតក់ស្លុតលើឈើអណ្ដោត បានឃើញក្អែកមួយដែលកំពុងហើរតាមអាកាស គាត់មិនគិតពីទុក្ខវេទនាសូម្បីដែលមានការឈឺចាប់ខ្លាំង ហៅក្អែកដើម្បីបញ្ជូនដំណឹងទៅប្រាប់ភរិយា ក៏ពោលគាថាទាំងនេះថា ឧច្ចេ សកុណ ឌេមាន, បត្តយាន វិហង្គម; វជ្ជាសិ ខោ ត្វំ វាមូរុំ, ចិរំ ខោ សា ករិស្សតិ។ ម្នាលសត្វស្លាប អ្នកនៅក្នុងទីខ្ពស់ ទៅដោយស្លាបបាន ទៅតាមអាកាសបាន សូមអ្នកប្រាប់ (ប្រពន្ធខ្ញុំ) ដែលមានភៅស្រលួតដូចដើមចេក ប្រពន្ធរបស់ខ្ញុំនោះ នឹងរលឹកខ្ញុំអស់កាលយូរ ។ ឥទំ ខោ សា ន ជានាតិ, អសិំ សត្តិញ្ច ឱឌ្ឌិតំ; សា ចណ្ឌី កាហតិ កោធំ, តំ មេ តបតិ នោ ឥទំ។ ប្រពន្ធខ្ញុំនោះ មិនដឹងនូវដាវនិងលំពែងនេះទេ ដែលគេដោតចុះហើយ នាងជាស្រីឆ្នាស តែងធ្វើនូវសេចក្ដីក្រោធ ការក្រោធរបស់នាងនោះ រមែងក្ដៅក្រហាយដល់ខ្ញុំ (ឯដាវនិងកំពែងដែលគេដោត) ក្នុងទីនេះ មិនមែនក្ដៅក្រហាយដល់ខ្ញុំទេ ។ ឯស ឧប្បលសន្នាហោ, និក្ខញ្ចុស្សីសកោហិតំ; កាសិកញ្ច មុទុំ វត្ថំ, តប្បេតុ ធនិកា បិយា។ ច្បូកដូចជាផ្កាឧប្បល និងក្រោះនោះ ចិញ្ចៀនមាស សំពត់មានសាច់ដ៏ទន់ ដែលជននាំមកអំពីដែនកាសី ខ្ញុំដាក់លើក្បាលដំណេក (ប្រពន្ធខ្ញុំ) ជាស្រីត្រូវការនឹងទ្រព្យ ចូរយកចិញ្ចឹមជីវិតឲ្យស្កប់ស្កល់ចុះ ។ បុរសនោះកាលបរិទេវនាការយំរៀបរាប់នោះឯង ក៏ធ្វើកាលកិរិយា ហើយកើតក្នុងនរក ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក កាលចប់សច្ចធម៌ ភិក្ខុដែលអផ្សុកចង់សឹកបានតាំងនៅក្នុងសោតាបត្តិផល ។ភរិយាក្នុងកាលនោះ បានមកជាភរិយាក្នុងពេលនេះ ហេតុការណ៍នោះគឺទេវបុត្រណាបានឃើញ ទេវបុត្រនោះគឺតថាគតនេះឯង ។ កាមវិលាបជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត កុម្ភវគ្គ កាមវិលាបជាតក បិដកលេខ ៥៨ ទំព័រ ១៨០) ដោយ​៥០០០​ឆ្នាំ​
images/articles/3138/20____________.jpg
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៤ (អាន: ៣,៩៥៤ ដង)
បុព្វនិទានជាដើមហេតុនៃជាតក សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្ដជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ព្រះដ៏មានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នាដើម្បីនឹងលាក់ខ្លួនសម្ងំបានបីខែ អ្នកណាមួយកុំគប្បីចូលទៅរកតថាគត លើកលែងតែភិក្ខុ ១ រូប ដែលជាអ្នកនាំយកនូវបិណ្ឌបាតទៅឲ្យ ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកាថា ព្រះករុណាព្រះអង្គ ភិក្ខុណានីមួយមិនបានចូលមករកព្រះដ៏មានព្រះភាគក្នុងទីនេះជាប្រាកដ លើកលែងតែភិក្ខុ ១ រូបដែលជាអ្នកនាំយកបិណ្ឌបាតទៅថ្វាយ ។ ក៏វេលានោះឯង សង្ឃក្នុងក្រុងសាវត្ថីបានប្ដេជ្ញាគ្នាថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ប្រាថ្នាដើម្បីនឹងសម្រាកព្រះអង្គនៅបានបីខែ ភិក្ខុណាមួយកុំគប្បីចូលទៅគាល់ព្រះអង្គ លើកលែងតែភិក្ខុ ១ រូបដែលជាអ្នកនាំយកបិណ្ឌបាត ទៅថ្វាយនោះ ភិក្ខុណាចូលទៅគាល់ព្រះអង្គ ភិក្ខុដទៃត្រូវឲ្យភិក្ខុនោះសម្តែងអាបត្ដិបាចិត្ដិយៈចេញ ។ គ្រានោះ ភិក្ខុឧបសេនវង្គន្ដបុត្រដ៏មានអាយុព្រមដោយបរិសទ្យ បានចូលទៅគាល់សម្ដេចព្រះដ៏មានព្រះភាគ ត្រង់ទីដែលព្រះអង្គគង់នៅ លុះចូលទៅដល់ហើយបាន ថ្វាយបង្គំគាល់ព្រះអង្គក្នុងទីដ៏សមគួរ ។ សេចក្ដីស្រុះស្រួលរាក់ទាក់មួយ អន្លើដោយពួកអាគ-ន្ដុកភិក្ខុនេះ ជាកិច្ច(១)ដែលព្រះពុទ្ធដ៏មានព្រះភាគទាំងឡាយ ទ្រង់ប្រព្រឹត្ដសន្សំទុកមកហើយ ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរពាក្យនេះ នឹងឧបសេនភិក្ខុវង្គន្ដបុត្រ ដ៏មានអាយុថា ម្នាលឧបសេន អ្នករាល់គ្នាល្មមធន់ទ្រាំបានដែរឬ អ្នករាល់គ្នាល្មមប្រព្រឹត្ដទៅបានស្រួលដែរឬ អ្នករាល់គ្នាដើរផ្លូវឆ្ងាយមកមិនលំបាកទេឬ ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំទាំងឡាយល្មមធន់ទ្រាំបាន បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំទាំងឡាយល្មមប្រព្រឹត្ដទៅបានស្រួល ម្យ៉ាងទៀត បពិត្រព្រះអង្គដ៏ចម្រើនយើងខ្ញុំទាំងឡាយ ដើរផ្លូវឆ្ងាយមកមិនបានលំបាកទេ ។ ក៏សម័យនោះឯង ភិក្ខុជាសទ្ធិវិហារិករបស់ឧបសេនវង្គន្ដបុត្រដ៏មានអាយុអង្គុយជិត ព្រះដ៏មានព្រះភាគ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរ ភិក្ខុនោះយ៉ាងនេះថា ម្នាលភិក្ខុ បង្សុកូលទាំងឡាយជាទីគាប់ចិត្ដរបស់អ្នកដែរឬ ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន បង្សុកូលទាំងឡាយ មិនជាទីគាប់ចិត្ដរបស់ខ្ញុំព្រះអង្គទេ ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ ក៏អ្នកប្រព្រឹត្ដបង្សុកូល (នោះ) ដើម្បីអ្វី ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន (ព្រោះ) ឧបជ្ឈាយ៍របស់ខ្ញុំព្រះអង្គប្រព្រឹត្ដបង្សុកូល ខ្ញុំព្រះអង្គក៏ត្រូវប្រព្រឹត្ដបង្សុកូលយ៉ាងនោះដែរ ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរភិក្ខុឧបសេនវង្គន្ដបុត្រដ៏មានអាយុ យ៉ាងនេះថា ម្នាលឧបសេន បរិសទ្យរបស់អ្នកនេះប្រកបដោយសេចក្ដីជ្រះថ្លា ម្នាលឧបសេន អ្នកទូន្មានបរិសទ្យដូចម្ដេច ។ ឧបសេនភិក្ខុដ៏មានអាយុក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន កុលបុត្រណាមកសូមឧបសម្បទានឹងខ្ញុំព្រះអង្គ ៗ រមែងប្រាប់កុលបុត្រនោះ យ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំជាអ្នកប្រព្រឹត្ដនៅព្រៃ ជាអ្នកប្រព្រឹត្ដបិណ្ឌបាត ជាអ្នកប្រព្រឹត្ដបង្សុកូល បើអ្នកនឹងជាអ្នកប្រព្រឹត្ដនៅព្រៃ ជាអ្នកប្រព្រឹត្ដបិណ្ឌបាត ជាអ្នកប្រព្រឹត្ដបង្សុកូលដែរ ខ្ញុំនឹងឲ្យអ្នកបានឧបសម្បទា បើអ្នកណាទទួលស្ដាប់ខ្ញុំព្រះអង្គ ៗ នឹងឲ្យអ្នកនោះបានឧបសម្បទា បើអ្នកណាមិនទទួលស្ដាប់ខ្ញុំព្រះអង្គទេ ខ្ញុំព្រះអង្គមិនឲ្យអ្នកនោះបានឧបសម្បទាទេ អ្នកណាសូមនិស្ស័យនឹងខ្ញុំព្រះអង្គ ៗ នឹងប្រាប់អ្នកនោះយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំជាអ្នកប្រព្រឹត្ដនៅព្រៃ ជាអ្នកប្រព្រឹត្ដបិណ្ឌបាត ជាអ្នកប្រព្រឹត្ដបង្សុកូល បើអ្នកឯងនឹងជាអ្នកប្រព្រឹត្ដនៅព្រៃ ជាអ្នកប្រព្រឹត្ដបិណ្ឌបាត ជាអ្នកប្រព្រឹត្ដបង្សុកូលដែរ ខ្ញុំនឹងឲ្យនិស្ស័យ ដល់អ្នកបើអ្នកណាទទួលស្ដាប់ខ្ញុំព្រះអង្គៗ នឹងឲ្យនិស្ស័យដល់អ្នកនោះ បើមិនទទួលស្ដាប់ខ្ញុំព្រះអង្គទេ ខ្ញុំព្រះអង្គមិនឲ្យនិស្ស័យដល់អ្នកនោះទេ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គរមែងណែនាំបរិសទ្យ ដោយអាការយ៉ាងនេះឯង ។ ព្រះដ៏មានព្រះភាគត្រាស់ប្រទានពរសាធុការថា ឧបសេនល្អហើយៗ ឧបសេន អ្នកណែនាំបរិសទ្យល្អពិតហើយ ឧបសេន អ្នកដឹងសេចក្ដីប្ដេជ្ញារបស់សង្ឃ ក្នុងក្រុងសាវត្ថីដែរឬទេ ។ ឧបសេនភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនបានដឹងសេចក្ដីប្ដេជ្ញារបស់សង្ឃក្នុងក្រុងសាវត្ថីទេ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលឧបសេន សង្ឃបានប្ដេជ្ញាហើយក្នុងក្រុងសាវត្ថីថា អាវុសោ ព្រះដ៏មានព្រះភាគទ្រង់ ប្រាថ្នាដើម្បីនឹងសម្ងំសម្រាកព្រះអង្គនៅអស់បីខែ ភិក្ខុណាមួយកុំគប្បីចូលទៅគាល់ព្រះអង្គ លើកលែងតែភិក្ខុ១រូប អ្នកនាំយកបិណ្ឌបាតទៅថ្វាយ ភិក្ខុណាចូលទៅគាល់ព្រះអង្គ ភិក្ខុដទៃគប្បីឲ្យភិក្ខុនោះសម្តែងអាបត្ដិបាចិត្ដិយៈចេញ ។ ភិក្ខុឧបសេន ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សង្ឃក្នុងក្រុងសាវត្ថីបាន បញ្ញត្ដដោយសេចក្ដីប្ដេជ្ញារបស់ខ្លួន ខ្ញុំព្រះអង្គទាំងឡាយនឹងមិនបញ្ញត្ដនូវហេតុដែលព្រះអង្គមិនទាន់ បានបញ្ញត្ដទេ ម្យ៉ាងទៀត នឹងមិនដកចេញនូវសិក្ខា-បទ ដែលទ្រង់បានបញ្ញត្ដទុកហើយទេ នឹងប្រព្រឹត្ដកាន់យកតាមសិក្ខាបទដែលទ្រង់បញ្ញត្ដទុកមកហើយ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ល្អណាស់ហើយឧបសេន ភិក្ខុមិនត្រូវបញ្ញត្ដនូវសិក្ខាបទដែលតថាគត មិនទាន់បានបញ្ញត្ដហើយ ម្យ៉ាងទៀតមិនត្រូវដកនូវសិក្ខាបទដែលតថាគតបញ្ញត្ដហើយ ត្រូវប្រព្រឹត្ដកាន់យកតាមសិក្ខាបទដែលតថាគតបានបញ្ញត្ដទុកហើយ ឧបសេន តថាគតអនុញ្ញាតឲ្យភិក្ខុអ្នកប្រព្រឹត្ដនៅព្រៃ អ្នកប្រព្រឹត្ដបិណ្ឌបាត នឹងប្រព្រឹត្ដបង្សុកូលចូលទៅរកតថាគតតាមសប្បាយចុះ ។ ក៏គ្រានោះឯង ភិក្ខុច្រើនរូបឈរនៅជិតក្លោងទ្វារខាងក្រៅបាននិយាយគ្នាថា យើងទាំងឡាយ ត្រូវឲ្យលោកឧបសេនវង្គន្ដបុត្រដ៏មានអាយុសម្តែងអាបត្ដិបាចិត្ដិយៈចេញ ។ វេលានោះ ឧបសេនភិក្ខុវង្គន្ដបុត្រដ៏មានអាយុព្រមទាំងបរិសទ្យ ក្រោកចេញចាកអាសនៈ ហើយថ្វាយបង្គំព្រះដ៏មានព្រះភាគធ្វើប្រទក្សិណហើយចៀសចេញទៅ ។ ភិក្ខុទាំងនោះបាននិយាយពាក្យនេះនឹងឧបសេនវង្គន្ដបុត្រដ៏មានអាយុក្នុងវេលា នោះថា អាវុសោឧបសេន អ្នកដឹងសេចក្ដីប្ដេជ្ញារបស់សង្ឃក្នុងក្រុងសាវត្ថីដែរឬ ។ ឧបសេនភិក្ខុបាននិយាយតបថា អាវុសោ ព្រះដ៏មានព្រះភាគក៏បានត្រាស់សួរខ្ញុំយ៉ាងនេះថា ម្នាលឧបសេន អ្នកបានដឹងសេចក្ដីប្ដេជ្ញារបស់សង្ឃក្នុងក្រុងសាវត្ថីទេ ខ្ញុំទូលតបថា បពិត្រព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនបានដឹងសេចក្ដី ប្ដេជ្ញារបស់សង្ឃក្នុងក្រុងសាវត្ថីទេ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលឧបសេន សេចក្ដីប្ដេជ្ញាសង្ឃបានធ្វើហើយក្នុងក្រុងសាវត្ថីថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគទ្រង់ប្រាថ្នានឹងសម្ងំសម្រាកព្រះអង្គនៅអស់បីខែ ភិក្ខុណាមួយកុំគប្បីចូលទៅគាល់ព្រះដ៏មានព្រះភាគ លើកលែងតែភិក្ខុ ១ រូប អ្នកនាំយកបិណ្ឌបាតទៅថ្វាយប៉ុណ្ណោះ ភិក្ខុណាចូលទៅគាល់ព្រះដ៏មានព្រះភាគ ភិក្ខុដទៃត្រូវឲ្យភិក្ខុនោះសម្តែងអាបត្ដិបាចិត្ដិយៈចេញ ខ្ញុំទូលតបថា បពិត្រព្រះអង្គដ៏ចម្រើន សង្ឃក្នុងក្រុងសាវត្ថី បានបញ្ញត្ដដោយសេចក្ដីប្ដេជ្ញារបស់ខ្លួន ខ្ញុំព្រះអង្គទាំងឡាយនឹងមិនបញ្ញត្ដនូវហេតុដែលព្រះអង្គមិនទាន់បានបញ្ញត្ដ ម្យ៉ាងទៀត នឹងមិនដកនូវពុទ្ធប្បញ្ញត្ដិដែលព្រះអង្គបានបញ្ញត្ដទុក ស្រេចហើយនឹងប្រព្រឹត្ដកាន់យកតាមសិក្ខាបទដែលព្រះអង្គទ្រង់បញ្ញត្ដទុកមកហើយ ម្នាលអាវុសោ ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតហើយថា ភិក្ខុទាំងឡាយណាជាអ្នកប្រព្រឹត្ដនៅព្រៃ ជាអ្នកប្រព្រឹត្ដបិណ្ឌបាត ជាអ្នកប្រព្រឹត្ដបង្សុកូល ភិក្ខុទាំងឡាយនោះចូលមករកតថាគតតាមសប្បាយចុះ ។ គ្រានោះ ភិក្ខុទាំងនោះបានពោលថា ឧបសេនភិក្ខុវង្គន្ដបុត្រដ៏មានអាយុ បានពោលពាក្យពិតមែន ភិក្ខុមិនត្រូវបញ្ញត្ដនូវសិក្ខាបទដែលព្រះអង្គមិនទាន់បានបញ្ញត្ដ ម្យ៉ាងទៀត មិនត្រូវដកនូវសិក្ខាបទដែលព្រះអង្គទ្រង់បញ្ញត្ដទុកមកហើយ ត្រូវប្រព្រឹត្ដកាន់យកតាមសិក្ខាបទដែលព្រះអង្គទ្រង់បញ្ញត្ដទុកមកហើយ ។ភិក្ខុទាំងឡាយបានឮ (ដំណឹង)ថា ឮថាព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតឲ្យភិក្ខុអ្នកប្រព្រឹត្ដនៅព្រៃ អ្នកប្រព្រឹត្ដបិណ្ឌបាត អ្នកប្រព្រឹត្ដបង្សុកូល ចូលទៅរកតថាគតតាមសប្បាយចុះ ។ ភិក្ខុទាំងនោះកាលប្រាថ្នានឹងឃើញព្រះដ៏មានព្រះភាគ ទើបលះចោលនូវសន្ថ័តទាំងឡាយ ហើយសមាទានអារញ្ញកង្គធុតង្គ បិណ្ឌបា-តិកង្គធុតង្គ និងបង្សុកូលិកង្គធុតង្ដ ។កាលព្រះមានព្រះភាគទ្រង់ចេញចាកទីពួនសម្ងំហើយ ភិក្ខុទាំងឡាយដែលជាអ្នកសមាទានធុតង្គ ព្រោះចង់ចូលគាល់ព្រះមានព្រះភាគនោះ ក៏នាំគ្នាចោលសំពត់បង្សុកូលទាំងឡាយក្នុងទីកន្លែងផ្សេងៗ ឈប់សមាទានធុតង្គ ហើយកាន់យកបាត្រនិងចីវររបស់ខ្លួនវិញ ។ ព្រះសាស្ដាយាងទៅកាន់សេនាសសៈចារិកជាមួយភិក្ខុទាំងឡាយ ទ្រង់ទតឃើញសំពត់បង្សុកូលទាំងឡាយនៅរាត់រាយពាសវាលពាសកាល ទើបទ្រង់ត្រាស់សួរភិក្ខុទាំងឡាយ ទ្រង់បានស្ដាប់រឿងនោះហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការសមាទានធុតង្គរបស់ភិក្ខុទាំងនេះ ជារបស់មិនតាំងនៅយូរអង្វែង ដូចឧបោសថកម្មរបស់ឆ្កែព្រៃដូច្នោះ ហើយទ្រង់នាំយកអតីត មកសម្ដែងថាអតីតនិទាន ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយ រាជសម្បត្តិក្នុងនគរពារាណសី, ក្នុងកាលនោះ ព្រះពោធិសត្វ ទ្រង់ជាសក្កទេវរាជ ។ក្នុងកាលនោះ មានឆ្កែព្រៃមួយរស់នៅលើផ្ទាំងថ្ម ដែលនៅនឹងច្រាំងស្ទឹងគង្គា ។ បន្ទាប់មក ជំនន់ទឹកដ៏ធំក្នុងស្ទឹងគង្គាជន់មកទល់គ្នាជុំវិញថ្មដានោះ ។ ឆ្កែព្រៃក៏ឡើងទៅដឹកលើផ្ទាំងថ្ម, ទីស្វែងរកអាហារ និង ផ្លូវដែលស្វែងរកអាហាររបស់ឆ្កែព្រៃនោះ មិនមាន ស្ទឹងក៏ពោរពេញទៅដោយទឹក ។ ឆ្កែព្រៃគិតថា “អញមិនមានកន្លែងស្វែងរកអាហារ ផ្លូវដែលនឹងទៅស្វែងរកអាហារ ក៏មិនមាន ឧបោសថកម្មជារបស់ប្រសើរជាងការដេករបស់អញដែលទំនេរ” រួចហើយក៏អធិដ្ឋានឧបោសថដោយចិត្តប៉ុណ្ណោះ សមាទានសីល ហើយដេក ។ ក្នុងកាលនោះ សក្កទេវរាជទ្រង់ពិចារណាមើល ទ្រង់ជ្រាបការសមាទានដែលទន់ខ្សោយរបស់ឆ្កែព្រៃនោះ ទ្រង់ត្រិះរិះថា អញនឹងសាកល្បងឆ្កែព្រៃនេះ ហើយទ្រង់និម្មិតខ្លួនជាពពែ យាងមកឈរសម្ដែងខ្លួនឲ្យឆ្កែព្រៃឃើញ ក្នុងទីមិនឆ្ងាយអំពីឆ្កែព្រៃនោះ ។ ឆ្កែព្រៃឃើញពពែហើយគិតថា “អញនឹងការរក្សាឧបោសថកម្មក្នុងថ្ងៃដទៃចុះ” ហើយក្រោកឡើង ស្ទុះទៅ ដើម្បីចាប់ពពែនោះស៊ី ។ ពពែរត់ទៅខាងនេះខាងនោះ មិនឲ្យឆ្កែព្រៃចាប់បាន ។ ឆ្កែព្រៃកាលមិនអាចចាប់ពពែបាន ក៏ត្រឡប់មកដេកលើផ្ទាំងថ្មវិញ ហើយគិតថា ឧបោសថកម្មរបស់អញមិនទាន់ដាច់ទេ ។ សក្កទេវរាជទ្រង់ប្រថាប់ឈរលើអាកាសដោយអានុភាពរបស់ខ្លួន ទ្រង់តិះដៀលឆ្កែព្រៃនោះថា “ប្រយោជន៍អ្វីដោយឧបោសថកម្មរបស់បុគ្គលដែលមានអធ្យាស្រ័យទន់ខ្សោយដូចអ្នកនោះ អ្នកមិនដឹងថា យើងជាសក្កទេវរាជ ទើបប្រាថ្នាស៊ីសាច់ពពែ” លុះទ្រង់តិះដៀលឆ្កែព្រៃនោះហើយ ទ្រង់ចៀសចេញទៅ ។ ព្រះសុគតទ្រង់ត្រាស់ថា បរបាណរោធា ជីវន្តោ, មំសលោហិតភោជនោ; វកោ វតំ សមាទាយ, ឧបបជ្ជិ ឧបោសថំ។ ឆ្កែព្រៃកាលរស់នៅ មានសាច់និងឈាមជាភោជន ព្រោះសម្លាប់តែអ្នកដទៃ (ហើយអួតថា) សមាទាននៅវត្តរក្សានូវឧបោសថ ។ តស្ស សក្កោ វតញ្ញាយ, អជរូបេនុបាគមិ; វីតតបោ អជ្ឈប្បត្តោ, ភញ្ជិ លោហិតបោ តបំ។ សក្កទេវរាជ បានដឹងច្បាស់នូវវត្តរបស់ឆ្កែព្រៃនោះ ហើយចូរមកដោយ (ក្លែងខ្លួន) ជារូបពពែ ឆ្កែព្រៃមានតបៈ ទៅប្រាសហើយជាសត្វផឹកនូវឈាម (នៃសត្វដទៃ) បានស្ទុះចូរទៅ (ដើម្បីខាំពពែស៊ី) ហើយទម្លាយបងនូវតបៈ ដែលខ្លួនសមាទានហើយ ។ ឯវមេវ ឥធេកច្ចេ, សមាទានម្ហិ ទុព្ពលា; លហុំ ករោន្តិ អត្តានំ, វកោវ អជការណា។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានកម្លាំងថយ ក្នុងការសមាទាន ឈ្មោះថា ធ្វើខ្លួនឲ្យរហ័ស ដូចជាឆ្កែព្រៃ (ដែលទម្លាយនូវតបៈរបស់ខ្លួន) ព្រោះហេតុតែពពែ ក៏យ៉ាងនោះឯង ។ ជាតកាវសាន ព្រះសាស្ដានាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា សក្កោ អហមេវ អហោសិំ សក្កទេវរាជក្នុងកាលនោះ គឺតថាគតនេះឯង ។ វកជាតក ចប់ ។ (វិនយបិដក មហាវិភង្គ, ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត កុម្ភវគ្គ វកជាតក) ដោយ​៥០០០​ឆ្នាំ​
images/articles/3236/2022-03-25_10_08_46-______________________-_Word.jpg
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៤ (អាន: ៤,៩១៣ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការចូលទៅកាន់ផែនដី របស់ទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យត្ថ វេរី និវសតិ ដូច្នេះជាដើម ។ កាលទេវទត្តត្រូវផែនដីស្រូប ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើង ក្នុងធម្មសភាថា ម្នាលអាវុសោ ទេវទត្តត្រូវវិនាសមួយអន្លើដោយបរិស័ទ ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នានិយាយរឿងអ្វី ? កាលភិក្ខុទាំងនោះទូលថា ដោយរឿងនេះ ទ្រង់ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទេវទត្តវិនាសមួយអន្លើដោយបរិស័ទ មិនមែនក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ក៏វិនាសដូចគ្នាដែរ ហើយព្រះអង្គនាំអតីតនិទានមកថា ៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វស្វា មានស្វា ៥០០ ជាបរិវារ រស់នៅក្នុងព្រះរាជឧទ្យាន ។ សូម្បីទេវទត្តក៏កើតក្នុងកំណើតស្វា មានស្វា ៥០០ ជាបរិវារ រស់នៅក្នុងទីនោះដែរ ។ថ្ងៃមួយ បុរោហិតទៅកាន់ឧទ្យាន មុជទឹក រួចប្រដាប់តាក់តែង ហើយចេញទៅ (ក្នុងពេលនោះ) មានស្វាឡេះឡោះមួយទៅមុន ហើយអង្គុយលើកំពូលខ្លោងទ្វាររាជឧទ្យាន (ពេលបុរោហិតមកដល់) ក៏បន្ទោរ​បង់វច្ចៈដាក់ក្បាលបុរោហិតនោះ កាលបុរោហិតងើយមើលខាងលើ ស្វាកំហូចក៏បន្ទោរ​បង់ដាក់មុខបុរោហិតថែមមួយទៀត ។ បុរោហិតត្រឡប់ហើយ គំរាមស្វាថា យើងនឹងដឹងនូវកម្មដែល​គប្បីធ្វើដល់ឯង ដូច្នេះហើយគាត់ទៅមុជទឹកម្ដងទៀត រួចចៀសចេញទៅ ។ ពួកស្វាប្រាប់ភាពដែលបុរោហិតនោះចងពៀរដល់ព្រះពោធិសត្វ ។ ព្រះមហាសត្វគិតថា ឈ្មោះ​ថា ការនៅក្នុងលំនៅរបស់សត្រូវ រមែងមិនគួរ ហ្វូងស្វាទាំងអស់ត្រូវរត់ទៅក្នុងទីដទៃ ដូច្នេះទើបញ៉ាំងពួកស្វាឲ្យប្រាប់ដល់ស្វាទាំងមួយពាន់ ។ ស្វាដែលប្រដៅក្រ កាន់យកស្វាជាបរិវាររស់ខ្លួន (មិនចេញទៅដោយគិតថា) យើងនឹងដឹងក្នុងកាលខាងក្រោយ ដូច្នេះទើបអង្គុយ​ក្នុងទីនោះឯង ។ ព្រះពោធិសត្វនាំបរិវាររបស់ខ្លួនចូលទៅកាន់ព្រៃ ។ ថ្ងៃមួយ ទាសីអ្នកបុកស្រូវម្នាក់យកស្រូវមកហាលកម្ដៅថ្ងៃ មានពពែមួយមកស៊ីស្រូវដែលទាសីនោះហាល ហើយត្រូវប្រហារដោយអង្កត់ភ្លើង ពពែមានខ្លួនឆេះរត់ទៅ ហើយត្រដុសខ្លួននឹងខ្ទមស្មៅ ដែលអាស្រ័យនឹងរោងដំរីមួយកន្លែង ។ ភ្លើងក៏ឆេះខ្ទមស្មៅ បន្ទាប់មកឆាប់ឆេះរាលដាលដល់រោងដំរី ធ្វើឲ្យខ្នងដំរីរលាក ហ្មដំរីក៏នាំគ្នាព្យាបាលដំរី ។ ចំណែកបុរោហិតកំពុងតែពិចារណាឧបាយចាប់ស្វា ។ កាលព្រះរាជាត្រាស់សួរគាត់ដែលមកបម្រើ និងដែលបានអង្គុយហើយថា នែអាចារ្យ ដំរីទាំងឡាយរបស់យើងកើតដំបៅ ហ្មដំរីមិនដឹងការព្យាបាលសោះ តើលោកមានដឹងថ្នាំយ៉ាងណានីមួយទេ ? បុរោហិតទូលថា បពិត្រមហារាជ ទូលព្រះបង្គំ ដឹង ។ ព្រះរាជាសួរថា ថ្នាំនោះឈ្មោះអ្វី ? បុរោហិតទូលថា បពិត្រមហារាជ គឺ ខ្លាញ់ស្វា ។ ព្រះរាជាសួរថា ចុះយើងនឹងបានខ្លាញ់ស្វា ក្នុងទីណា ? បុរោហិតទូលថា ស្វាជាច្រើនមានក្នុងឧទ្យាន ។ ព្រះរាជាត្រាស់ថា អ្នកទាំងឡាយចូរសម្លាប់ស្វាក្នុងឧទ្យាន ហើយនាំយកខ្លាញ់មក ។ ពួកនាយខ្នាន់ធ្នូទៅហើយ បាញ់សម្លាប់ស្វាទាំង ៥០០ ។ ស្វាដែលជាប្រធានមួយ កាលរត់ទៅ បានត្រូវគ្រាប់ព្រួញ តែមិនដួលស្លាប់ ក្នុងទីនោះទេ ហើយទៅដល់លំនៅព្រះពោធិសត្វ ទើបដួលស្លាប់ ។ ពួកស្វាប្រាប់នូវការដែលស្វានោះត្រូវប្រហារនិងស្លាប់ហើយ ដល់ព្រះពោធិសត្វថា សត្វនោះមកដល់លំនៅរបស់ពួកយើង រួចក៏ស្លាប់ទៅ ។ ព្រះពោធិសត្វទៅអង្គុយកណ្ដាលហ្វូងស្វា ហើយពោលថា ធម្មតាបុគ្គលដែលមិនធ្វើតាមឱវាទរបស់បណ្ឌិត ហើយនៅក្នុងលំនៅរបស់សត្រូវ រមែងវិនាសយ៉ាងនេះឯង ដូច្នេះហើយ លោកក៏ពោលគាថាទាំងនេះ ដោយអំណាចពាក្យជាឱវាទដល់ហ្វូងស្វាថា យត្ថ វេរី និវសតិ, ន វសេ តត្ថ បណ្ឌិតោ; ឯករត្តំ ទ្វិរត្តំ វា, ទុក្ខំ វសតិ វេរិសុ។ បុគ្គលមានពៀរ អាស្រ័យនៅក្នុងទីណា បណ្ឌិតមិនគប្បីនៅក្នុងទីនោះទេ (ព្រោះ) នៅក្នុងពួកបុគ្គលមានពៀរ មួយយប់ក្តី ពីរយប់ក្តី ជាទុក្ខ ។ ទិសោ វេ លហុចិត្តស្ស, បោសស្សានុវិធីយតោ; ឯកស្ស កបិនោ ហេតុ, យូថស្ស អនយោ កតោ។ បុគ្គលអ្នកមានចិត្តស្រាល គប្បីជាសត្រូវដល់សត្វអ្នកប្រព្រឹត្តតាម សេចក្តីមិនចម្រើន ដែលព្រាហ្មណ៍ធ្វើហើយ ដល់ហ្វូងស្វា ព្រោះហេតុតែស្វាមួយ ។ ពាលោវ បណ្ឌិតមានី, យូថស្ស បរិហារកោ; សចិត្តស្ស វសំ គន្ត្វា, សយេថាយំ យថា កបិ។ បុគ្គលល្ងង់ តែប្រកាន់ខ្លួនឯងថាជាបណ្ឌិត ហើយរក្សាពួកក្រុម ជាអ្នកលុះអំណាចចិត្តរបស់ខ្លួន រមែងដេក (ស្លាប់) ដូចស្វានេះឯង ។ ន សាធុ ពលវា ពាលោ, យូថស្ស បរិហារកោ; អហិតោ ភវតិ ញាតីនំ, សកុណានំវ ចេតកោ។ បុគ្គលល្ងង់មានកម្លាំង ជាអ្នករក្សាពួកក្រុម មិនប្រពៃទេ មិនមានសេចក្តីចម្រើន ដល់ពួកញាតិ ដូចទទាធា្នក់ មិនជាប្រយោជន៍ដល់ពួកសត្វស្លាប (ដែលជាញាតិ) ។ ធីរោវ ពលវា សាធុ, យូថស្ស បរិហារកោ; ហិតោ ភវតិ ញាតីនំ, តិទសានំវ វាសវោ។ ឯបុគ្គលមានប្រាជា្ញ មានកម្លាំង រក្សាពួកក្រុមវិញ ទើបប្រពៃ រមែងចម្រើនដល់ពួកញាតិ ដូចជាវាសវៈ ទេវរាជ (ជាប្រយោជន៍) ដល់ពួកទេវតា ក្នុងឋានត្រៃត្រិង្ស ។ យោ ច សីលញ្ច បញ្ញញ្ច, សុតញ្ចត្តនិ បស្សតិ; ឧភិន្នមត្ថំ ចរតិ, អត្តនោ ច បរស្ស ច។ បុគ្គលណាមួយឃើញថា ខ្លួនឯងមានសីលផង មានបញ្ញាផង មានសុតៈផង (បុគ្គលនោះ) តែងប្រព្រឹត្តប្រយោជន៍ដើម្បីខ្លួន និងអ្នកដទៃ ទាំងពីរ ។ តស្មា តុលេយ្យ មត្តានំ, សីលបញ្ញាសុតាមិវ; គណំ វា បរិហរេ ធីរោ, ឯកោ វាបិ បរិព្ពជេ។ ព្រោះហេតុនោះ អ្នកប្រាជ្ញ កាលបើគ្នេរគ្នាន់មើលខ្លួន មានសីល មានបញ្ញា និងសុតៈហើយ គប្បីថែរក្សាពួកក្រុម ក៏បាន គប្បីប្រព្រឹត្តនៅតែម្នាក់ឯង ក៏បាន ។ ពាក្យថា បុគ្គលល្ងង់តែប្រកាន់ខ្លួនឯងថាជាបណ្ឌិត សេចក្ដីថា បុគ្គលណាជាមនុស្សល្ងង់ តែសម្គាល់ខ្លួនថា អាត្មាអញជាបណ្ឌិត ហើយមិនធ្វើតាមឱវាទបណ្ឌិត លុះក្នុងអំណាចចិត្តរបស់ខ្លួន បុគ្គលនោះកាលលុះក្នុងអំណាចចិត្តរបស់ខ្លួនហើយ រមែងដេកស្លាប់ ដូចស្វាដែលប្រដៅក្រ ដេកស្លាប់នេះឯង ។ ព្រះមហាសត្វជាស្ដេចស្វាពោលកិច្ចដែលជាវិន័យនិងបរិយត្តិយ៉ាងនេះឯង ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា ទុព្ពចកបិ ទេវទត្តោ អហោសិ ស្វាប្រដៅក្រ ក្នុងកាលនោះ បានមកជាទេវទត្តបរិសាបិស្ស ទេវទត្តបរិសា សូម្បីបរិស័ទរបស់ស្វានោះ បានមកជាបរិស័ទរបស់ទេវទត្ត បណ្ឌិតកបិរាជា បន អហមេវ អហោសិំ ចំណែកស្ដេចស្វាដែលជាបណ្ឌិត គឺ តថាគត នេះឯង ។ កបិជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក សត្តកនិបាត កុក្កុវគ្គ បិដកលេខ ៥៩ ទំព័រ ៨៦) ថ្ងៃ អង្គារ ២ កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១១ ខែ កញ្ញា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3237/____________________________________.jpg
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៤ (អាន: ៤,១៣០ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការរួចផុតពីអហិវាតករោគ (រោគកើតអំពីខ្យល់មានពិសដូចជាពិសនៃពស់) មួយ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ជនិត្តំ មេ ភវិត្តំ មេ ដូច្នេះជាដើម ។ បានឮមកថា ក្នុងក្រុងសាវត្ថី មានអហិវាតករោគកើតឡើងក្នុងត្រកូលមួយ ។ មាតាបិតាពោលនឹងបុត្រថា នែកូន អ្នកកុំនៅក្នុងផ្ទះនេះអី ចូរទម្លាយជញ្ជាំង ហើយរត់ទៅកាន់ទីណាមួយ រក្សាជីវិត ក្នុងកាលជាខាងក្រោយ សឹមមកចុះ កំណប់ដ៏ធំមានក្នុងទីនេះឯង ចូរគាស់កំណប់នោះ រក្សាទុកដាក់ទ្រព្យ រស់នៅដោយសេចក្ដីសុខចុះ ។ បុត្រទទួលពាក្យរបស់មាតាបិតាហើយ ក៏ទម្លាយជញ្ជាំង រត់ទៅ កាលរោគស្ងប់ហើយ ទើបមកវិញ គាស់កំណប់ធំ ទុកដាក់រក្សាទ្រព្យ រស់នៅគ្រប់គ្រងផ្ទះ ។ ថ្ងៃមួយ បុរសនោះឲ្យគេកាន់សប្បិ ប្រេងជាដើម និងសំពត់ជាដើម ទៅកាន់វត្តជេតពន ថ្វាយបង្គំព្រះសាស្ដា ហើយអង្គុយ ។ ព្រះសាស្ដាធ្វើបដិសណ្ឋារៈ ហើយត្រាស់សួរថា បានឮថា អហិវាតករោគកើតឡើងក្នុងផ្ទះរបស់អ្នកឬ អ្នកធ្វើដូចម្ដេច ទើបរួចផុត ? បុរសនោះក៏ប្រាប់រឿងនោះ ។ ព្រះសាស្ដាត្រាស់ថា ម្នាលឧបាសក សូម្បីកាលមុន ពេលភ័យកើតឡើង សត្វដែលធ្វើសេចក្ដីអាល័យក្នុងទីនៅរបស់ខ្លួន មិនទៅកាន់ទីដទៃ ក៏បានដល់ការអស់ជីវិត សត្វដែលមិនធ្វើសេចក្ដីអាល័យ បានទៅកាន់ទីដទៃ ក៏បានជីវិត ដូច្នេះហើយ កាលបុរសនោះទូលអារាធនា ទើបព្រះអង្គនាំអតីតនិទានមកថា ៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលស្មូនឆ្នាំង ក្នុងស្រុកកាសី ធ្វើឆ្នាំងចិញ្ចឹមកូននិងប្រពន្ធ ។ គ្រានោះមានស្រះដ៏ធំមួយជាស្រះកើតឯង ជាប់នឹងមហាទន្លេ ក្នុងក្រុងពារាណសី ។ ក្នុងកាលដែលមានទឹកច្រើន ស្រះនោះជាផ្លូវទឹកតែមួយជាមួយនឹងទន្លេ ដល់ពេលមានទឹកតិច ក៏ដាច់ផ្សេងពីគ្នា ។ ពួកត្រីនិងអណ្ដើកដឹងថា ក្នុងឆ្នាំនេះ នឹងមានភ្លៀងបរិបូណ៌ ក្នុងឆ្នាំនេះនឹងមានភ្លៀងដាច់ ។ ពេលនោះ ពួកត្រីនិងអណ្ដើកដែលកើតក្នុងស្រះនោះដឹងថា ក្នុងឆ្នាំនេះនឹងមានភ្លៀងមិនបរិបូណ៌ ហើយក៏ចេញអំពីស្រះនោះទៅកាន់ទន្លេ ក្នុងពេលដែលទឹកនៅជាប់គ្នា ។ មានអណ្ដើកមួយមិនបានទៅទន្លេនឹងគេទេ ព្រោះគិតថា ទីនេះជាភូមិកំណើតរបស់យើង ជាទីចម្រុងចម្រើនរបស់យើង ជាទីដែលមេបាយើងធ្លាប់នៅ យើងមិនអាចលះបង់ទីនេះទេ ។ លំដាប់នោះ ក្នុងនិទាឃសម័យ (រដូវក្ដៅ) ទឹកស្រះនោះក៏រីងស្ងួត ។ អណ្ដើកនោះវារចូលទៅក្រាំងក្នុងដី ត្រង់ទីដែលពោធិសត្វជីកយកដីស្អិត ។ ពោធិសត្វគិតថា យើងនឹងយកដីស្អិត ហើយក៏ទៅកាន់ទីនោះ រួចជីកដីដោយចបធំ ទម្លាយស្នូកអណ្ដើក គាស់អណ្ដើកនោះដោយចប ហាក់ដូចជាគាស់ដុំដីស្អិត ហើយដាក់លើគោក ។ អណ្ដើកនោះរងទុក្ខវេទនា ពោលថា កាលយើងមិនលះសេចក្ដីអាល័យក្នុងទីនៅ បានជាដល់សេចក្ដីវិនាសយ៉ាងនេះ ថាហើយ កាលខ្សឹកខ្សួលបរិទេវនាការ ទើបពោលគាថាទាំងនេះថា ជនិត្តំ មេ ភវិត្តំ មេ, ឥតិ បង្កេ អវស្សយិំ; តំ មំ បង្កោ អជ្ឈភវិ, យថា ទុព្ពលកំ តថា; តំ តំ វទាមិ ភគ្គវ, សុណោហិ វចនំ មម។ ខ្ញុំនៅក្នុងភក់ដោយគិតថា ខ្ញុំកើតហើយ ខ្ញុំចម្រើនហើយ (ក្នុងទីនេះ) ភក់បានកប់សង្កត់ខ្ញុំនោះធ្វើឲ្យទុព្វលភាព បពិត្រភគ្គវៈ ខ្ញុំសូមពោលនូវហេតុនោះនឹងអ្នក អ្នកចូរស្ដាប់នូវពាក្យខ្ញុំចុះ ។ គាមេ វា យទិ វារញ្ញេ, សុខំ យត្រាធិគច្ឆតិ; តំ ជនិត្តំ ភវិត្តញ្ច, បុរិសស្ស បជានតោ; យម្ហិ ជីវេ តម្ហិ គច្ឆេ, ន និកេតហតោ សិយា។ បុគ្គលបានសេក្ដីសុខក្នុងទីណា ទោះក្នុងស្រុក ឬក្នុងព្រៃ ទីនោះហើយ ជាទីកើត ជាទីចម្រើន របស់បុរសជាអ្នកដឹង (នូវប្រយោជន៍និងមិនមែនប្រយោជន៍) បុគ្គលគប្បីរស់នៅក្នុងទីណា គប្បីទៅក្នុងទីនោះចុះ កុំគប្បីឲ្យទីដែលធ្លាប់នៅ សម្លាប់ខ្លួនបានឡើយ ។ អណ្ដើកកាលនិយាយជាមួយព្រះពោធិសត្វយ៉ាងនេះហើយ ក៏ស្លាប់ទៅ ។ ព្រះពោធិសត្វកាន់យកអណ្ដើកនោះ ហើយឲ្យអ្នកស្រុកទាំងអស់ប្រជុំគ្នា ពោលទូន្មានមនុស្សទាំងនោះយ៉ាងនេះថា អ្នកទាំងឡាយចូរមើលអណ្ដើកនេះ អណ្ដើកនេះ កាលពួកត្រីនិងអណ្ដើកដទៃទៅកាន់មហាទន្លេ មិនអាចកាត់សេចក្ដីអាល័យក្នុងទីនៅរបស់ខ្លួន មិនទៅជាមួយនឹងគេ បានវារចូលទៅដេកក្នុងទីដែលខ្ញុំយកដីស្អិត លំដាប់នោះ ខ្ញុំកាលយកដីស្អិត បានទម្លាយស្នូកវាដោយចបធំ ដាក់វានៅលើគោក ហាក់ដូចជាទម្លាក់ដុំដីស្អិត អណ្ដើកនេះរលឹកអំពើដែលខ្លួនធ្វើ រួចខ្សឹកខ្សួលដោយគាថា ២ ហើយស្លាប់ទៅ អណ្ដើកនេះធ្វើសេចក្ដីអាល័យក្នុងទីនៅ របស់ខ្លួន ក៏បានដល់សេចក្ដីស្លាប់ សូម្បីអ្នកទាំងឡាយសោត ក៏កុំដូចអណ្ដើកនេះ ចាប់តាំងអំពីពេលនេះទៅ អ្នកទាំងឡាយកុំប្រកាន់ដោយអំណាចតណ្ហា និងដោយអំណាចគ្រឿងឧបភោគថា រូបរបស់អញ សំឡេងរបស់អញ ក្លិនរបស់អញ រសរបស់អញ ផោដ្ឋព្វៈរបស់អញ បុត្ររបស់អញ ធីតារបស់អញ ពួកទាសាទាសីរបស់អញ មាសប្រាក់របស់អញ សត្វតែមួយៗ ប៉ុណ្ណោះ វិលវល់ក្នុងភពបី ។ ព្រះពោធិសត្វឲ្យឱវាទដល់មហាជនដោយទំនងដូចជាពុទ្ធលីលាយ៉ាងនេះហើយ ឱវាទនោះសាយភាយទៅក្នុងសកលជម្ពូទ្វីប តាំងនៅអស់កាល ៦០០០០ ឆ្នាំ ។ មហាជនតាំងនៅក្នុងឱវាទរបស់ព្រះពោធិសត្វ ធ្វើបុណ្យមានទានជាដើម កាលអស់អាយុ ក៏បានបំពេញក្នុងសគ្គបុរី ។ ចំណែកព្រះពោធិសត្វធ្វើបុណ្យដូចគ្នាហើយ ក៏បានបំពេញក្នុងសគ្គបុរីដែរ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលចប់សច្ចធម៌ កុលបុត្រនោះបានតាំងនៅក្នុងសោតាបត្តិផល ។ តទា កច្ឆបោ អានន្ទោ អហោសិ អណ្ដើកក្នុងកាលនោះ បានមកជាអានន្ទកុម្ភការោ បន អហមេវ អហោសិំ អ្នកធ្វើឆ្នាំង គឺតថាគតនេះឯង ។ ចប់ កច្ឆបជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត កល្យាណវគ្គ បិដកលេខ ៥៨ ទំព័រ ៨៥) ថ្ងៃសៅរ៍ ១១ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ២០ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/632/Untitled-1.jpg
ផ្សាយ : ០៥ សីហា ឆ្នាំ២០២៤ (អាន: ៣៤,២៧៦ ដង)
រឿងនាងកេសការី ( ចាក វិ. ខុ. ) ( គុណនៃការរក្សាសីល ៥ និងចំរើនអាការៈ ៣២ ) កាលព្រះ​សម្ពុទ្ធ​បរមគ្រូ​ ទ្រង់គង់នៅ​ក្នុង​ ឥសិបតនមិគ​ទាយវន​ នាក្រុង
images/articles/640/Untitled-1.jpg
ផ្សាយ : ០៥ សីហា ឆ្នាំ២០២៤ (អាន: ៤៤,៨៩៦ ដង)
រឿងកែវមក៌ត​ ( ចាក រ. វ. ) ​ ( ព្រះកែវ​មក៌ត​ ជាមក៌ត​របស់​ប្រទេស​កម្ពុជា ) ​ ព្រះ​កែវ​មក៌ត ​កើត​ឡើង​ក្នុង​ព.ស.៥០០​ កើត​ដោយ​អានុភាព​របស់​ព្រះនាគ​សេនត្ថេរ​ជា​ព្រះ​អរហន្ត ​
images/articles/649/Untitled-1.jpg
ផ្សាយ : ០៥ សីហា ឆ្នាំ២០២៤ (អាន: ២២,៤៧៦ ដង)
រឿងយមលោកនិងទេវលោក ( ចាក អ. ម. ) ( អានិសង្សនិងទោស របស់កុសលាកុសលកម្ម) កាល​ព្រះ​សម្ពុទ្ធ​​បរម​គ្រូ​ ទ្រង់​គង់​នៅ​ក្នុង​វត្ត​ជេត​ពន​ នា​ទីក្រុងសាវត្ថី​
images/articles/650/Untitled-1.jpg
ផ្សាយ : ០៥ សីហា ឆ្នាំ២០២៤ (អាន: ៣៧,៨២៤ ដង)
រឿងនាងសុភទ្ទ្រា ( ចាក វិ. ខុ. ) ( គុណនៃការធ្វើសង្ឃគតាទក្ខិណាទាន ) កាល​ព្រះ​សម្ពុទ្ធ​បរម​គ្រូ គង់នៅ​ក្នុង​វត្ត​ជេតពន នាក្រុងសា​វត្ថី។ កាល​នោះ​មាន​កុដុម្ពិ​ក៍​ម្នាក់ ជា​ញោម​ឧបដ្ឋា​កព្រះ​រេវត​ត្ថេរ នៅក្នុង​នាឡន្ត​គ្រាម ។ កុដុម្ពិ​ក៍​​​នោះ មាន​កូន​ស្រី​ពីរ​នាក់ ឈ្មោះ​ភទ្រ្ទា​ ១. សុភទ្ទ្រា ១. នាង​ភទ្ទ្រា មាន​​ស្វា​មី ទៅ​នៅក្នុង​ត្រ​កូល​មាតា​បិតា​ក្មេក ប៉ុ​ន្តែ​នាង​ជា​ស្ត្រី​អា​ឥត​កូន​ នាង​បាន​និ​យាយ​នឹង​ស្វា​មី​ថា​ ខ្ញុំ​មាន​ប្អូន​ស្រី​មួយ​ឈ្មោះ​សុភទ្ទ្រា ខ្ញុំ​នឹង​នាំ​មក​ជា​ភ​រិ​យារបស់​អ្នក ដើម្បីឱ្យ​បាន​បុត្រ​ ។ បុរស​ជា​ស្វា​មី​ព្រម​ទទួល​តាម​ពាក្យ​របស់​នាង​ ។ ឯនា​ង​ភ​ទ្ទ្រា ជា​ស្ត្រី​មាន​សទ្ធា​មុត​មាំ​ក្នុង​ព្រះ​ពុទ្ធ​សាស​នា បាន​រំ​ឭក​ដាស់​តឿន នាង​សុ​ភទ្ទ្រា​ជា​ប្អូន ឱ្យ​ខំ​ធ្វើ​ទាន​រក្សា​សីល បំ​ពេញ​ការ​កុ​សល​​គ្រប់​បែប​យ៉ាង ​។ នាង​សុ​ភ​ទ្ទ្រា ក៏​ខំ​ប្រតិ​បត្តិ​តាម​ឱវា​ទ​ រប​ស់​បង ។ថ្ងៃ​មួយ​ នាង​បាន​និម​ន្ត​ព្រះរេ​វត​ត្ថេរ ព្រម​ទាំង​ភិ​ក្ខុ​ដទៃ​ទៀត​ជាគំ​រប់​ ៨ ​អង្គ​ មក​ថ្វាយ​សង្ឃ​ទាន​ ក្នុង​គេហ​ស្ថាន​របស់​នាង ។​ ព្រះ​រេវត​ត្ថេរ​ លោក​មាន​ព្រះ​ទ័យ​ករុ​ណា ចង់​ឱ្យនាង​សុភ​ទ្ទ្រា​បាន​បុណ្យ​ច្រើន​ លោក​ក៏​នាំ​ភិក្ខុ​សង្ឃ​ទាំង​ ៧ ​អង្គ​ ឡើង​គង់​លើ ​អាស​នៈហើយ​ប្រាប់​ថា ​នាង​ចូរ​ថ្វាយ​ទាន​ដល់​សង្ឃ​ចុះ ​។ នាង​សុភ​ទ្ទ្រា ក៏​លើក​ភោជន​ហារ​ ទៅ​ប្រគេន​ព្រះសង្ឃ​ទាំង ​៨ អង្គ​ បាន​តាំង​ចិត្ត​ចំពោះ​សង្ឃ​តែ​ម្យ៉ាង លុះ​ឆាន់​ហើយ​ព្រះ​រេវត​ត្ថេរ បាន​ធ្វើ​ភត្តា​នុមោ​ទនា​រួច​ ក៏​និមន្ត​ទៅ ​អារា​មវិ​ញទៅ​ ។ ចំណែក​ ខាង​នាង​សុភ​ទ្ទ្រា ដល់​អស់​អាយុ​ បាន​ទៅកើ​តក្នុង​ស្ថា​ន និ​ម្មាន​រតី ​។​ ឯ​នាង​ភទ្ទ្រាជា​បង ដែល​ជា​អ្នក​ពេញចិត្ត​ក្នុង​ការ​ធ្វើ​ទាន ដល់អ​ស់អា​យុ ​បាន​ទៅកើ​តជា​បាទ​ប​រិ​ច្ចារិ​កា របស់​ព្រះឥ​ន្ទ្រ​ នា​ស្ថាន​ត្រៃ​ត្រឹង្ស ​។ ក្នុង​ពេល​នោះ​នាង​សុភ​ទ្ទ្រា​ទេវ​ធីតា​ បាន​រំ​ពឹង​មើល​បុព្វ​កម្ម​របស់ខ្លួន​ ឃើញ​ថា​ដែល​បាន​មក​កើត​ក្នុង ស្ថាន​និម្មា​នរ​តីនេះ​ ដោយ​សា​ឱវាទ​របស់​នាងភ​ទ្ទ្រា​ជាប​ង ​។ ​ទើប​នាង​នឹក​រក​នាង​ភទ្ទ្រា ​ក៏ឃើញ​ក្នុង​ស្ថាន​ត្រៃ​ត្រឹង្ស​ មាន​យស​ស័ក្តិ​ទាប​ជាង​នាង​ នាង​ មាន​ចិត្ត​អាណិត​បង​ខ្លាំង​ណាស់ ​ទើប​ហោះ​ចុះ​ទៅស្ថាន​ត្រៃ​ត្រឹង្ស​ ចូល​ទៅ​ក្នុង​ប្រាសាទ​នាង​ភទ្ទ្រា​ទេវ​ធីតា ។ នាង​ភទ្ទ្រា​ទេវធី​តានោះ ​មិន​ស្គាល់​ជា​ប្អូនរបស់​ខ្លួន​ឡើយ ​ទើប​សួរ​ថា ​ម្នាល​នា​ងមា​ន​តេជៈ​ច្រើន ​ថ្កើង​រុង​រឿង​ដោយ​ពន្លឺ​រស្មី​ គ្រប់​ដណ្តប់​នូវ​ពួក​ទេវតា​ក្នុង​ជាន់​ត្រៃ​តឹង្ស ​។ ​នាង​មក​ពីស្ថាន​ណា ? បាន​ធ្វើបុណ្យ​ដូច​ម្តេច​ពីជាតិ​មុន​ ? ។​ នាង​សុ​ភទ្ទ្រាទេ​វ​ធី​តា​ប្រាប់​ថា បពិត្រ​អ្នក​បង ខ្ញុំមក​ពីស្ថាន​និម្មានរ​តី កាល​​ពី​ជាតិ​មុន ខ្ញុំ​ត្រូវ​ជា​ប្អូន​បង្កើត​របស់​អ្នកបង​ ដែល​ខ្ញុំ​មាន​តេជៈរុ​ង​រឿង​យ៉ាង​នេះ ​ដោយ​សា​ឱ​វា​ទ​របស់​អ្នក​បង ។ នាង​ភទ្ទ្រា​សួរ​ទៀត​ថា​ ម្នាល​នាង​ទេព​ធីតា ​នាង​បាន​ធ្វើ​បុណ្យ​អ្វី​ បាន​មាន​បុណ្យ​ស័ក្ត​ធំជា​ងយើង​ ? យើង​ កាល​នៅស្ថាន​មនុស្ស បាន​ធ្វើបុណ្យ​ច្រើន​ណាស់ ហេតុ​អ្វី​ក៏​មាន​ស័ក្តិ​តូច​ដូច្នេះ ? ។ នាង​សុភទ្ទ្រា​ប្រាប់​ថា ​អ្នកបង​ធ្វើ​ទាន​ច្រើន​មែន ប៉ុន្តែ​បាន​ធ្វើតែ​បុគ្គ​លិក​ទាន ឯ​ខ្លួន​ខ្ញុំ​បាន​ធ្វើ​ទាន​ តែចំ​ពោះព្រះស​ង្ឃ ៨ អង្គ ទាន​នោះ​ឈ្មោះ​ថា​សង្ឃ​ទាន ​ព្រោះ​ខ្ញុំ​តាំង​ចិត្ត​ចំពោះ​សង្ឃ​តែ​ម្យ៉ាង​ បានជា​ខ្ញុំមាន​ស័ក្តិ​ធំជាង​អ្ន​កបង​ ។ និ​យាយ​ដូច្នេះ​ហើយ​ ក៏​លា​នាង​ភទ្ទ្រា​ត្រឡប់​ទៅស្ថាន​របស់​ខ្លួន​វិញ ​។ ថ្ងៃ​មួយ​ ព្រះ​មោគ្គ​ល្លាន​និមន្ត​ទៅ​ស្ថាន​ត្រៃ​ត្រឹង្ស​ បាន​ជ្រាប​ប្រវត្តិ​របស់​នាង​ទាំង​ពីរ​ អំ​ពី​សំណាក់​ព្រះ​ឥន្ទ្រ​ហើយ ក៏​ចុះមក​ស្ថាន​មនុស្ស​វិញ នាំ​ដំណើរ​នោះ ​ទៅ​ក្រាប​ទូលដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ព្រះ​ដ៏មាន​ព្រះ​ភាគ​ ទ្រង់​ប្រា​រព្ធ​នូវ​រឿង​នោះ ​ឱ្យ​ជាហេតុ​ហើយ ទើប​សំ​ដែងនូវ​ អានិ​សង្ឃ​នៃ​សង្ឃ​គ​តា​ទក្ខិ​ណា​ទាន​ ជា​ភិ​យ្យោ​ភាព​តទៅ​ ។​ វាយ​អត្ថបទ​ដោយ ខ្ញុំ​ព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ។ ដក​ស្រង់​ចេញ​ពី​សៀវ​​ភៅ​​ប្រ​ជុំនិទានជាតកភាគ១ របស់ព្រះបាឡាត់ឧត្តមលិខិត សុង ស៊ីវ សិទ្ធ​ត្ថោ ​​គ្រូបង្រៀនបាលីនៅវត្តលង្កា រាជធានីភ្នំពេញ ។ អរព្រះ​គុណ​ព្រះ​ភិក្ខុ​ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្ត​កល្យាណ​មិត្ត​ខ្សាច់​ពោយ​​និងលោកអាចារ្យ ចយ ធិន ដែល​បាន​ផ្តល់​សៀវ​ភៅ​ប្រ​ជុំ​និទា​ន​ជាតក​នេះ។​ ដោយ៥០០០ឆ្នាំ
images/articles/651/Untitled-1.jpg
ផ្សាយ : ០៥ សីហា ឆ្នាំ២០២៤ (អាន: ៤០,៤៨៩ ដង)
រឿងនាងរជ្ជុមាលា ( ចាក វិ. ខុ. ) ( ការមិនប្រទូស្ត ជាសិរីក្នុងលោក ) កាល​ព្រះ​សម្ពុទ្ធ​ គង់​នៅ​ក្នុង​វត្ត​ជេត​ពន នា​ក្រុង​សាវ​ត្ថី ​។ កាល​នោះ​មាន​កុ​មា​រី​ ម្នាក់​ជា​កូន​របស់​ទាសី​
images/articles/3238/45trteryrtyew4343.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២៤ (អាន: ៥,៨៨៧ ដង)
ព្រះសាស្ដាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធអសទិសទាន ត្រាស់ ធម្មទេសនានេះ មានពាក្យថា ទូរេ អបស្សំ ថេរោវា ដូចនេះជាដើម ។ រឿងរ៉ាវជាបច្ចុប្បន្ននិទាននោះ បានពោលពិស្ដារហើយក្នុងសិវិជាតក ក្នុង អដ្ឋកនិបាតនោះឯង ។ ក្នុងកាលនោះ ព្រះបាទបសេនទិកោសល ទ្រង់ថ្វាយបរិក្ខារគ្រប់យ៉ាង ក្នុងថ្ងៃទី ៧ ទូលសូមនូវការអនុមោទនា ។ ព្រះសាស្ដាមិនបានត្រាស់អ្វីឡើយ ស្ដេចទៅកាន់វិហារ ។ ព្រះរាជាទ្រង់យាងទៅកាន់វិហារកក្នុងវេលានៃភោជនគឺបុគ្គលគប្បីបរិភោគក្នុងវេលាព្រឹក (ក្នុងវេលាអាហារពេលព្រឹក) ហើយត្រាស់សួរថា បពិត្រព្រះអង្គដ៏ចម្រើន ព្រោះហេតុអ្វី ព្រះអង្គទើបមិនធ្វើការអនុមោទនា ? ព្រះសាស្ដាត្រាស់ថា បពិត្រមហារាជ ព្រោះបរិសទ្យមិនបរិសុទ្ធ ហើយទ្រង់សម្ដែងព្រះធម្មទេសនាដោយព្រះគាថាថា ន វេ កទរិយា ទេវលោកំ វជន្តិបុគ្គលកំណាញ់ស្វិតស្វាញមិនបានទៅកាន់ទេវលោកទេ ជាដើម ។ ព្រះរាជាទ្រង់ជ្រះថ្លាបានបូជាព្រះតថាគតដោយសំពត់ឧត្តរាសង្គៈ (សំពត់ដណ្ដប់) ដែលជាសីវេយ្យកពស្ត្រមានតម្លៃ ១ សែន ហើយស្ដេចត្រឡប់ ទៅព្រះនគរ ។ ក្នុងថ្ងៃស្អែក ភិក្ខុទាំងឡាយសន្ទនាគ្នា ក្នុងសាលាធម្មសភាថា ម្នាលអាវុសោទាំងឡាយ ព្រះរាជាក្នុងដែនកោសល ទ្រង់ថ្វាយអសទិសទាន ហើយនៅមិនឆ្អែតស្កប់ស្កល់ ដោយទានសូម្បីមានសភាពដូច្នោះ កាលព្រះ ទសពលទ្រង់សម្ដែងធម៌ហើយ បានថ្វាយសំពត់​សីវេ​យ្យកៈដែលមានតម្លៃ ១ សែនទៀត ម្នាលអាវុសោទាំងឡាយ រហូតវេលាដែលទ្រង់ថ្វាយទាននៅមិនឆ្អែតស្កប់ស្កល់ព្រះទ័យឡើយ ។ ព្រះសាស្ដាស្ដេចមកហើយ ត្រាស់សួរថា ម្នាល ភិក្ខុទាំងឡាយ ឥឡូវនេះ ពួកអ្នកសន្ទនាគ្នាដោយរឿងអ្វី ? កាលភិក្ខុទាំងនោះ ក្រាបទូលហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដែលឈ្មោះថា ពាហិរភណ្ឌ គឺជាទានដែលបុគ្គលឲ្យហើយដោយល្អ បោរាណកបណ្ឌិតទាំងឡាយធ្វើជម្ពូទ្វីបទាំងអស់ឲ្យជាទីទួល ហើយឲ្យទានបរិច្ចាគទ្រព្យ ៦ សែន រាល់ ៗ ថ្ងៃ នៅមិនឆ្អែតស្កប់ស្កល់ដោយពាហិរទានឡើយ ហើយត្រាស់ទៀតថា អ្នកឲ្យរបស់ដែលជាទីស្រឡាញ់ រមែងបានរបស់ដែលជាទីស្រឡាញ់ ដូច្នេះ បណ្ឌិតទាំងឡាយទើបបានឆ្កៀលហើយនូវភ្នែកទាំង ២ ឲ្យដល់យាចកដែលមកដល់ចំពោះមុខ ហើយទ្រង់នាំអតីតនិទានមកសម្ដែងថា ៖ ក្នុងអតីតកាល ព្រះបាទសិវិមហារាជ សោយរាជ្យសម្បត្តិក្នុងអរិដ្ឋបុរនគរ ក្នុងដែនសិវិរដ្ឋ ព្រះមហាសត្វទ្រង់កើតជាព្រះឱរស របស់ព្រះបាទសិវិមហារាជនោះ ។ ព្រះញាតិវង្សទាំងឡាយ បានថ្វាយព្រះនាមថា សិវិកុមារ ។ ព្រះរាជកុមារចម្រើបវ័យហើយ បានទៅកាន់នគរតក្កសិលា សិក្សាសិល្បសាស្ត្រចប់ សព្វគ្រប់ហើយ ត្រឡប់មកសម្ដែងសិល្បសាស្ត្រថ្វាយព្រះរាជបិតាទត ហើយបានទទួលព្រះរាជទានយសជាមហាឧបរាជ ក្នុងវេលាបន្តបន្ទាប់មក កាលព្រះ រាជបិតាទ្រង់ចូលទីវង្គតហើយ ក៏បានជាព្រះរាជា ទ្រង់លះការលុះក្នុងអគតិ មិនញ៉ាំងនូវទសរាជធម៌ឲ្យកម្រើក សោយរាជ្យសម្បត្តិប្រកបដោយធម៌ ទ្រង់បានឲ្យសាងសាលទានទុក ៦ កន្លែង គឺត្រង់ទ្វារព្រះនគរ ៤ កន្លែង កណ្ដាលព្រះនគរ ១ កន្លែង និងត្រង់ទ្វារព្រះរាជនិវេសន៍ ១ កន្លែង ហើយទ្រង់ញ៉ាំង មហាទានឲ្យប្រព្រឹត្តទៅ ដោយទ្រង់បរិច្ចាគទ្រព្យ ៦ សែន រាល់ ៗ ថ្ងៃ ។ ក្នុងថ្ងៃ អដ្ឋមី ចាតុទ្ទសី បន្នរសី គឺថ្ងៃ ៨ ១៤១៥ ព្រះរាជាស្ដេចយាងទៅកាន់រោងទាន ទ្រង់ត្រួតពិនិត្យមើលការឲ្យទាន ជាព្រះរាជករណីយកិច្ចជាប្រចាំ ។ គ្រាមួយ ជាថ្ងៃពេញបូរមី មានតិថី ១៥ កើត ក្នុងពេលព្រឹក ព្រះបាទសិវិ ប្រថាប់លើរាជបល្ល័ង្កខាងក្រោមសមុស្សិតស្វេតច្ឆត្រ ទ្រង់ត្រិះរិះដល់ទានដែល ព្រះអង្គបានបរិច្ចាគ មិនបានឃើញពាហិរវត្ថុណាមួយដែលព្រះអង្គនៅធ្លាប់ឲ្យ ឡើយ ទើបទ្រង់ព្រះចិន្តាថា ពាហិរវត្ថុដែលឈ្មោះថា យើងនៅមិនបានបរិច្ចាគ មិនមាន ពាហិរទាននៅមិនបានញ៉ាំងយើងឲ្យត្រេកអរឡើយ យើងប្រាថ្នានឹងឲ្យអជ្ឈត្តិកទានឱហ៎្ន! ក្នុងថ្ងៃនេះ វេលាដែលយើងទៅរោងទាន យាចកណានីមួយប៉ុណ្ណោះ កុំសូមពាហិរវត្ថុឡើយ គប្បីកាន់យកនូវឈ្មោះនៃអជ្ឈត្តិកទានចុះពិតមែន ប្រសិនបើអ្នកណានីមួយ គប្បីកាន់យកនូវឈ្មោះនៃសាច់បេះដូង របស់យើងសោត យើងនឹងពុះទ្រូងដោយច្បូក នាំយកបេះដូងដែលជាទីហូរចេញនៃដំណក់ឈាមហើយឲ្យ បីដូចជា កាលដកឡើងនូវបទុមជាតិទាំងដើម ចេញអំពីទឹកដ៏ថ្លាដូច្នោះ បើអ្នកណាមួយ ចេញមាត់សូមសាច់ក្នុងសរីរៈរបស់យើង យើងនឹងពន្លះសាច់ក្នុងសរីរៈហើយឲ្យ បីដូចជាកាលឆូតនូវចន្ទន៍ក្រហម ដោយសត្រាសម្រាប់ឆូតដូច្នោះ ប្រសិនបើអ្នកណាសូមលោហិត យើងនឹងចូល ទៅក្នុងយន្តមុខ (អាវុធ) ញ៉ាំងភោជនដែលមនុស្សនាំចូលទៅហើយឲ្យពេញ ហើយឲ្យនូវលោហិត ។ ម្យ៉ាងទៀត ប្រសិនបើអ្នកណាមួយនិយាយនឹងយើងថា ការងារក្នុងផ្ទះរបស់ខ្ញុំមិនប្រព្រឹត្តទៅ ព្រះអង្គចូរធ្វើនូវការងារនៃទាសៈ ក្នុងផ្ទះ របស់ខ្ញុំ ដូច្នេះ យើងនឹងលះការតែងខ្លួនជាក្សត្រ ធ្វើខ្លួនឲ្យតាំងនៅក្នុងចំណែកខាងក្រៅតំណែង ហើយប្រកាសខ្លួនធ្វើការងាររបស់ទាសៈ ។ បើអ្នកណាសូមកែវភ្នែករបស់យើង យើងឆ្កៀលកែវភ្នែកទាំងគូឲ្យ ហាក់បីដូចជាកាលនាំចេញ នូវសាច់ត្នោត ដូច្នោះ ។ ព្រះរាជាទ្រង់ត្រិះរិះតទៅទៀតថា យំកិញ្ចិ មានុសំ ទានំ អទិន្នំ មេ ន វិជ្ជតិ យោបិ យាចេយ្យ មំ ចក្ខុំ ទទេយ្យំ អវិកម្បិតោ ។ ទានណាមួយជារបស់មនុស្ស ទាននោះ គឺអញមិនដែលឱ្យហើយ មិនមានឡើយ បើមានយាចកណាមកសូមភ្នែកអញ អញនឹងមិនញាប់ញ័រ ត្រូវតែឱ្យ (ដល់យាចកនោះ) ។ ដូចនេះហើយ ទ្រង់ស្រងដោយទឹកក្រអូប ១៦ ក្អម ទ្រង់ប្រដាប់តាក់តែងហើយដោយគ្រឿងអលង្ការទាំងពួង សោយព្រះក្រយាហារ ដែលមានរសដ៏ប្រណីតផ្សេងៗ ហើយស្ដេចប្រថាប់លើដំរីមង្គល ដែលប្រដាប់តាក់តែងហើយ ស្ដេចបានទៅកាន់រោងទាន ។ សក្កទេវរាជទ្រង់ជ្រាបអធ្យាស្រ័យរបស់ព្រះមហាសត្វ ទើបត្រិះរិះថា ថ្ងៃនេះ ព្រះបាទសិវិរាជទ្រង់ត្រិះរិះថា នឹងឆ្កៀលព្រះនេត្រព្រះរាជទានដល់យាចក ដែលមកដល់ចំពោះមុខ ព្រះអង្គនឹងអាចព្រះរាជទាន ឬមិនអាច ? កាលនឹងទ្រង់សាកល្បងព្រះបាទសិវិ ទើបទ្រង់ក្លែងភេទជាព្រាហ្មណ៍ចាស់ជរា មានភ្នែកងងឹត ក្នុងវេលាព្រះរាជាស្ដេចទៅកាន់រោងទាន បានឈរក្នុងទីខ្ពស់ មួយ លាតនូវដៃថ្វាយជយមង្គលដល់ព្រះរាជា ។ ព្រះរាជាឲ្យបញ្ឈប់ដំរីចំពោះ មុខព្រាហ្មណ៍នោះ ហើយត្រាស់សួរថា ម្នាលព្រាហ្មណ៍ លោកនិយាយអ្វី ? លំដាប់នោះ សក្កទេវរាជត្រាស់ថា បពិត្រមហារាជ លោកសន្និវាសទាំងអស់ ផ្សាយទៅដោយកិត្តិសព្ទ ដែលទៅហើយក្នុងចំណែកខាងលើ អស់កាលជានិច្ច ព្រោះអាស្រ័យអធ្យាស្រ័យ បង្អោនទៅក្នុងទានរបស់ព្រះអង្គ ចំណែកខ្ញុំព្រះ ករុណាជាមនុស្សខ្វាក់ ព្រះអង្គមានព្រះនេត្រទាំងពីរ ដូចនេះហើយ កាលនឹង ទូលសុំកែវភ្នែក ទើបត្រាស់ព្រះគាថាទី ១ ថា ទូរេ អបស្សំ ថេរោវ ចក្ខុំ យាចិតុមាគតោ កនេត្តា ភវិស្សាម ចក្ខុំ មេ ទេហិ យាចិតោ។ ខ្ញុំព្រះអង្គជាបុគ្គលចាស់ជរា មើលមិនឃើញឆ្ងាយ មកដើម្បីសុំនូវព្រះនេត្រ ខ្ញុំព្រះអង្គជាអ្នកមានភ្នែកម្ខាង កាលបើខ្ញុំសុំហើយ សូមព្រះអង្គប្រទាននូវព្រះនេត្រដល់ខ្ញុំព្រះអង្គ ។ បណ្ដាបទទាំងនោះ បទថា ទូរេ សេចក្ដីថា នៅឆ្ងាយអំពីទីនេះ ។ បទថា ថេរោ សេចក្ដីថា ជាមនុស្សចាស់ អ្នកចូលដល់សេចក្ដីគ្រាំគ្រាព្រោះជរា ។ បទថា ឯកនេត្តា សេចក្ដីថា សូមព្រះអង្គទ្រង់ព្រះរាជទានព្រះនេត្រ ១ ដល់ខ្ញុំ ខ្ញុំព្រះករុណាជាអ្នកមានភ្នែកម្ខាង នឹងមានទាំងពីរខាងបានដោយវិធីនេះ ។ ព្រះមហាសត្វទ្រង់ស្ដាប់ពាក្យនោះហើយ បានត្រិះរិះថា យើងអង្គុយគិត លើប្រាសាទ ឥឡូវមកទាន់ពេលតែម្ដង នេះជាលាភរបស់យើង មនោរថរបស់យើង នឹងដល់ទីបំផុតក្នុងថ្ងៃនេះពិត យើងនឹងបរិច្ចាគទានដែលមិនធ្លាប់ បរិច្ចាគក្នុងកាលមុន ហើយទ្រង់មានព្រះហឫទ័យរីករាយសោមនស្ស ត្រាស់ ព្រះគាថាទី ២ ថា កេនានុសិដ្ឋោ ឥធ មាគតោសិ វនិព្ពក ចក្ខុបថានិ យាចិតុំ សុទុច្ចជំ យាចសិ ឧត្តមង្គំ យមាហុ នេត្តំ បុរិសេន ទុច្ចជំ។ នែស្មូម អ្នកណាប្រាប់អ្នក ទើបអ្នកមកក្នុងទីនេះ បម្រុងសុំនូវភ្នែកទាំងឡាយ ជនទាំងឡាយពោលនូវភ្នែកណា ថាជារបស់ដែលបុរសលះបានដោយក្រ អ្នកសុំនូវភ្នែក ជាអវយវៈដ៏ខ្ពង់ខ្ពស់នោះ ដែលគេលះបានដោយក្រក្រៃលែង ។ ក្នុងព្រះគាថានោះ ព្រះបាទសិវិរាជ ត្រាស់ហៅសក្កទេវរាជថា វនិព្វកៈ ។ បទថា ចក្ខុបថានិ នេះ ជាឈ្មោះនៃចក្ខុទាំងពីរខាង ។ បទថា យមាហុសេចក្ដីថាបណ្ឌិតទាំងឡាយពោលដួងភ្នែកណាដែលបុរសលះបានដោយក្រ ។ ខាងមុខអំពីនេះទៅ គប្បីជ្រាបសម្ព័ន្ទគាថាងាយៗ ដោយន័យដែលមក ហើយក្នុងព្រះបាលីដូចតទៅ ព្រាហ្មណ៍ទូលតបថា យមាហុ ទេវេសុ សុជម្បតីតិ មឃវាតិ នំ អាហុ មនុស្សលោកេ តេនានុសិដ្ឋោ ឥធ មាគតោស្មិ វនិព្ពកោ ចក្ខុបថានិ យាចិតុំ។ ពួកទេវតាបានពោលនូវទេវតាវិសេសណា ថាសុជម្បតិ ក្នុងទេវលោក ពួកជនបានពោលនូវទេវតាវិសេសនោះថាមឃវៈ ក្នុងមនុស្សលោក ខ្លួនខ្ញុំជាស្មូម ដែលទេវតាវិសេសនោះប្រាប់ ទើបមកក្នុងទីនេះបម្រុងសុំព្រះនេត្រទាំងឡាយ ។ វនិព្ពតោ មយ្ហ វនិំ អនុត្តរំ ទទាហិ តេ ចក្ខុបថានិ យាចិតោ ទទាហិ មេ ចក្ខុបថំ អនុត្តរំ យមាហុ នេត្តំ បុរិសេន ទុច្ចជំ។ ខ្លួនខ្ញុំជាស្មូម ការសូមជាកិច្ចឧត្តម របស់ខ្ញុំ កាលបើខ្ញុំសូមព្រះនេត្រទាំងឡាយ សូមព្រះអង្គប្រទាន ពួកជនបានពោលនូវភ្នែកណា ថាជារបស់ដែលបុរសលះបានដោយក្រ សូមព្រះអង្គប្រទាននូវព្រះនេត្រដ៏ប្រសើរនោះដល់ខ្ញុំព្រះអង្គ ។ ព្រះបាទសិវិត្រាស់តបថា យេន អត្ថេន អាគច្ឆិ យមត្ថមភិបត្ថយំ តេ តេ ឥជ្ឈន្តុ សង្កប្បា លភ ចក្ខូនិ ព្រាហ្មណ។ ខ្លួនអ្នកមកដោយប្រយោជន៍ណា ប្រាថ្នានូវប្រយោជន៍ណា ម្នាលព្រាហ្មណ៍ អ្នកចូរបាននូវភ្នែកទាំងឡាយ ។ ឯកំ តេ យាចមានស្ស ឧភយានិ ទទាមហំ ស ចក្ខុមា គច្ឆ ជនស្ស បេក្ខតោ យទិច្ឆសេ ត្វំ តទតេ សមិជ្ឈតុ។ កាលបើ អ្នកសូមភ្នែកមួយ យើងនឹងឲ្យភ្នែកទាំងពីរ កាលជនកំពុងមើល សូមអ្នកនោះជា បុគ្គលមានភ្នែកទៅចុះ អ្នកប្រាថ្នានូវរបស់ណា របស់នោះចូរសម្រេចដល់អ្នក ។ បណ្ដាបទទាំងនោះ បទថា វនិព្វតោ បានដល់ យាចក ។ បទថា វនិំ សេចក្ដីថា ការសូម ។ បទថា តេ តេ សេចក្ដីថា សេចក្ដីត្រិះរិះដើម្បីត្រូវការរបស់ នោះរបស់លោកចូរសម្រេច ។ បទថា ស ចក្ខុមា សេចក្ដីថា អ្នកនោះ ចូរជាអ្នកមានចក្ខុដោយចក្ខុរបស់យើងទៅចុះ ។ បទថា យទិច្ឆសេ ត្វំ តទតេ សមិជ្ឈតុ សេចក្ដីថា លោកប្រាថ្នា វត្ថុណាអំពីយើង សូមវត្ថុនោះចូរសម្រេចដល់លោកចុះ ។ ព្រះរាជាត្រាស់ត្រឹមតែប៉ុណ្ណេះ ហើយទ្រង់ត្រិះរិះថា ការដែលយើងនឹង ឆ្កៀលភ្នែកឲ្យដល់ព្រាហ្មណ៍ក្នុងទីនេះឯង ជាការមិនសមគួរ ទើបនាំព្រាហ្មណ៍ ទៅក្នុងបុរី ហើយប្រថាប់លើរាជាសនៈ ត្រាស់បង្គាប់ឲ្យហៅពេទ្យឈ្មោះសីវកៈ មក ហើយត្រាស់ថា អ្នកចូរជម្រះភ្នែករបស់យើងឲ្យស្អាត ។ សំឡេងគឹកកងបានមានក្នុងនគរទាំងមូលថា បានឮថា ព្រះរាជារបស់យើង មានព្រះរាជបំណងនឹងឆ្កៀលព្រះនេត្រទាំងពីរ ព្រះរាជទានដល់ព្រាហ្មណ៍ ។ លំដាប់នោះ រាជវល្លភៈទាំងឡាយ (អ្នកស្និទ្ធស្នាលនឹងព្រះរាជា) មានសេនាបតីជាដើមផង អ្នកនគរទាំងឡាយផង ស្រីស្នំទាំងឡាយផង មកប្រជុំគ្នា កាលនឹងក្រាបទូលឃាត់ទានរបស់ព្រះរាជា បានពោលគាថាទាំងឡាយ ៣ ថា មា នោ ទេវ អទា ចក្ខុំ មា នោ សព្ពេ បរាករិ ធនំ ទេហិ មហារាជ មុត្តា វេឡុរិយា ពហូ។ បពិត្រព្រះសម្មតិទេព សូមទ្រង់កុំប្រទាននូវព្រះនេត្រ សូមទ្រង់កុំលះបង់ នូវពួកយើងទាំងអស់គ្នាឡើយ បពិត្រមហារាជ សូមទ្រង់ប្រទាននូវព្រះរាជទ្រព្យ គឺកែវមុត្តា និងកែវវិទូរ្យដ៏ច្រើន វិញចុះ ។ យុត្តេ ទេវ រថេ ទេហិ អាជានីយេ ចលង្កតេ នាគេ ទេហិ មហារាជ ហេមកប្បនវាសសេ។ បពិត្រសម្មតិទេព សូមទ្រង់ប្រទាននូវរថ ដែលទឹមដោយសេះអាជានីយ ដែលប្រថាប់ហើយ បពិត្រមហារាជ សូមព្រះអង្គប្រទាននូវដំរីទាំងឡាយ ប្រកបដោយគ្រឿងប្រដាប់ក្បាល គឺបណ្តាញមាសវិញចុះ ។ យថា តំ សិវយោ សព្ពេ សយោគ្គា សរថា សទា សមន្តា បរិកិរេយ្យុំ ឯវំ ទេហិ រថេសភា។ វទាំងពួងព្រមទាំងខ្សែ ព្រមទាំងរាជរថចោមរោមព្រះអង្គដោយជុំវិញ គ្រប់កាល ដោយប្រការៈណា បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ សូមព្រះអង្គប្រទានដោយប្រការៈនោះចុះ ។ បណ្ដាបទទាំងនោះ បទថា បរាករិ ប្រែថា លះបង់ហើយ អធិប្បាយថា អ្នកដែនសិវិទាំងឡាយនាំគ្នាក្រាបទូលដោយសេចក្ដីប្រាថ្នាដូចគ្នាថា កាលព្រះអង្គព្រះរាជទានព្រះនេត្រហើយ ព្រះអង្គនឹងគ្រប់គ្រងរាជសម្បត្តិមិនបាន មនុស្សដទៃនឹងគ្រប់គ្រងជំនួស កាលជាយ៉ាងនេះ ខ្ញុំព្រះករុណាទាំងឡាយ នឹង ឈ្មោះថា ជាអ្នកដែលព្រះអង្គលះបង់ហើយ ។ បទថា ប្រែថា បរិកិរេយ្យុំ គប្បីឡោមព័ទ្ធ ។ បទថា ឯវំ ទេហិ សេចក្ដីថា អ្នកដែនសិវិទាំងឡាយនឹងគប្បីចោមរោមព្រះអង្គអ្នកព្រះនេត្រមិនវិកល ដោយវិធីយ៉ាងណា សូមព្រះអង្គព្រះរាជទានដោយវិធីយ៉ាងនោះចុះ គឺព្រះអង្គចូរព្រះរាជទានត្រឹមតែទ្រព្យដល់ ព្រាហ្មណ៍ប៉ុណ្ណោះ កុំព្រះរាជទានព្រះនេត្រទាំងពីរឡើយ ព្រោះកាលព្រះអង្គ ព្រះរាជទានព្រះនេត្រទាំងពីរហើយ ប្រជារាស្ត្រអ្នកដែនសិវិទាំងឡាយ នឹងមិន ចោមរោមព្រះអង្គតទៅ ។ លំដាប់នោះ ព្រះរាជាបានត្រាស់ព្រះគាថាទាំងឡាយ ៣ ថា យោ វេ ទស្សន្តិ វត្វាន អទានេ កុរុតេ មនោ ភូម្យំ សោ បតិតំ បាសំ គីវាយំ បដិមុញ្ចតិ។ បុគ្គលណាពោលថាអាត្មាអញនឹងឲ្យ ហើយធ្វើនូវចិត្ត ក្នុងការមិនឲ្យវិញ បុគ្គលនោះ ឈ្មោះថាយកអន្ទាក់ដែលធ្លាក់លើផែនដីមកពាក់ឰដ៏ក ។ យោ វេ ទស្សន្តិ វត្វានំ អទានេ កុរុតេ មនោ បាបា បាបតរោ ហោតិ សម្បត្តោ យមសាធនំ។ បុគ្គលណាពោលថាអាត្មាអញនឹងឲ្យ ហើយធ្វើនូវចិត្តក្នុងការមិនឲ្យវិញ បុគ្គលនោះ ឈ្មោះថាជាបុគ្គលលាមកក្រៃលែងជាងបុគ្គលលាមក ហើយដល់នូវឋាននរកជាទីសម្រេចរបស់យមរាជ ។ យញ្ហិ យាចេ តញ្ហិ ទទេ យំ ន យាចេ ន តំ ទទេ ស្វាហំ តមេវ ទស្សាមិ យំ មំ យាចតិ ព្រាហ្មណោ។ ស្មូមសូមនូវរបស់ណា បុគ្គលគួរតែឲ្យនូវរបស់នោះ មិនសូមនូវរបស់ណា មិនត្រូវឲ្យរបស់នោះទេ ព្រាហ្មណ៍សូមនូវរបស់ណានឹងអាត្មាអញ អាត្មាអញនោះនឹងឲ្យនូវរបស់នោះឯង ។ បណ្ដាបទទាំងនោះ បទថា បដិមុញ្ចតិ សេចក្ដីថា ឲ្យចូលទៅ ។ បទថា បាបា បាបតរោសេចក្ដីថា រមែងឈ្មោះថា ជាបុគ្គលអាក្រក់លាមកជាងបុគ្គលអាក្រក់លាមក ។ បទថា សម្បត្តោ យមសាធនំ សេចក្ដីថា រមែងជាអ្នកឈ្មោះថាដល់ឧស្សទនរក ដែលជាស្ថានទីមានអាជ្ញានៃស្ដេចយមរាជដោយពិត ។ បទថា យញ្ហិ យាចេ សេចក្ដីថា ព្រះបាទសិវិត្រាស់ថា បើយាចកគប្បីសូមរបស់ណា សូម្បីទាយកក៏ត្រូវឲ្យរបស់នោះ ក៏ព្រាហ្មណ៍នេះសូមចក្ខុនឹងយើង មិនមែនសូមទ្រព្យមានកែវមុក្តាជាដើម យើងនឹងឲ្យចក្ខុដល់ព្រាហ្មណ៍ប៉ុណ្ណោះ ។ លំដាប់នោះ កាលអាមាត្យទាំងឡាយ កាលទូលសួរព្រះរាជាថា ព្រះអង្គ នឹងព្រះរាជទានព្រះនេត្រ ព្រោះប្រាថ្នាអ្វី ? ទើបពោលគាថាថា អាយុំ នុ វណ្ណំ នុ សុខំ ពលំ នុ កិំ បត្ថយានោ នុ ជនិន្ទ ទេសិ កថញ្ហិ រាជា សិវិនំ អនុត្តរោ ចក្ខូនិ ទជ្ជា បរលោកហេតុ។ បពិត្រព្រះអង្គជាធំជាងជន ព្រះអង្គប្រាថ្នានូវរបស់អ្វី គឺអាយុ ឬពណ៌សម្បុរ ឬសេចក្តីសុខ ឬក៏កម្លាំង ទើបព្រះអង្គប្រទាន (ព្រះនេត្រ) ព្រះរាជាទ្រង់ប្រសើរជាងជន អ្នកនៅក្នុងដែនសិវិទាំងឡាយ មិនសមបើប្រទានព្រះនេត្រទាំងឡាយ ព្រោះហេតុនៃប្រយោជន៍ក្នុងបរលោក ។ បណ្ដាបទទាំងនោះ បទថា បរលោកហេតុ សេចក្ដីថា បពិត្រមហារាជ ឈ្មោះថាបុរសជាបណ្ឌិតដូចព្រះអង្គ ចាំបាច់លះឥស្សរិយយសជាចំណែកបច្ចុប្បន្នហើយ ព្រះរាជទានព្រះនេត្រ ព្រោះហេតុនៃបរលោកឬ ? លំដាប់នោះ ព្រះរាជាកាលនឹងត្រាស់តបអាមាត្យទាំងនោះ ទើបត្រាស់ ព្រះគាថា ថា ន វាហមេតំ យសសា ទទាមិ ន បុត្តមិច្ឆេ ន ធនំ ន រដ្ឋំ សតញ្ច ធម្មោ ចរិតោ បុរាណោ ឥច្ចេវ ទានេ រមតេ មនោ មម។ អញមិនមែនឲ្យចក្ខុនេះ ព្រោះយសទេ មិនមែនប្រាថ្នាកូន មិនមែនប្រាថ្នាទ្រព្យ មិនមែនប្រាថ្នានូវដែនទេ ធម៌គឺប្រវេណីនៃការឲ្យទានជាផ្លូវបុរាណ ដែលពួកសប្បុរសធ្លាប់ប្រព្រឹត្តមកហើយ ចិត្តរបស់អញតែងរីករាយក្នុងការឲ្យ ដោយប្រការដូច្នេះឯង ។ បណ្ដាបទទាំងនោះ បទថា ន វាហំ កាត់បទជា ន វេ អហំ ។ បទថា យសសា សេចក្ដីថា ព្រោះហេតុនៃយសដែលជាទិព្វ ឬជារបស់មនុស្ស ក៏រកមិនបាន ។ បទថា ន បុត្តមិច្ឆេ សេចក្ដីថា យើងមិនមែនប្រាថ្នាបុត្រ មិនប្រាថ្នាទ្រព្យ មិនប្រាថ្នាដែន ព្រោះផលនៃចក្ខុទាននេះឡើយ តែថាអំពើនេះ ឈ្មោះថា បោរាណកមគ្គ ដែលសប្បុរសគឺបណ្ឌិតទាំងឡាយ ដែលជាព្រះសព្វញ្ញុពោធិសត្វ សន្សំមកហើយ គឺសន្សំដល់ព្រមហើយ ។ ពិតមែន ព្រះពោធិសត្វ មិនបំពេញនូវបារមីទាំងឡាយហើយ ឈ្មោះថា អាចដើម្បីបន្លុះសព្វញ្ញុតញ្ញាណលើពោធិបល្ល័ង្ក មិនមានឡើយក៏ឯយើងបំពេញបារមីទាំងឡាយ ប្រាថ្នាឲ្យបានជាព្រះពុទ្ធ ។ បទថា ឥច្ចេវ ទានេ រមតេ មនោ មម សេចក្ដីថា ព្ររាជាត្រាស់ថា ព្រោះហេតុនេះ ចិត្តរបស់យើងទើបត្រេកអរស៊ប់ហើយ ក្នុងទានប៉ុណ្ណោះ ។ សូម្បីព្រះសម្មាសម្ពុទ្ធ កាលទ្រង់សម្ដែងចរិយាបិដក ដល់ព្រះធម្មសេនាបតីសារីបុត្រ ដើម្បីសម្ដែងថា សព្វញ្ញុតញ្ញាណប៉ុណ្ណោះជាទីស្រឡាញ់ជាងព្រះនេត្រទាំងពីររបស់យើង ទើបត្រាស់ថា ន មេ ទេស្សា ឧភោ ចក្ខូ អត្តានំ មេ ន ទេស្សិយំ សព្ពញ្ញុតំ បិយំ មយ្ហំ តស្មា ចក្ខុំ អទាសហំ។ ភ្នែកទាំងពីរ មិនជាទីស្អប់ របស់តថាគតទេ តថាគតមិនមែនស្អប់ខ្លួនរបស់តថាគតទេ សព្វញ្ញុតញ្ញាណជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតឲ្យនូវភ្នែក ។ កាលអាមាត្យទាំងឡាយ បានស្ដាប់ព្រះតម្រាស់របស់ព្រះមហាសត្វហើយ មិនអាចនឹងទូលឃាត់ ត្រូវអង្គុយស្ងៀម ព្រះមហាសត្វបានត្រាស់នឹង សីវិកពេទ្យដោយគាថាថា សខា ច មិត្តោ ច មមាសិ សីវិក សុសិក្ខិតោ សាធុ ករោហិ មេ វចោ ឧទ្ធរិត្វា ចក្ខូនិ មមំ ជិគីសតោ ហត្ថេសុ ឋបេហិ វនិព្ពកស្ស។ ម្នាលពេទ្យឈ្មោះសីវិកៈ ខ្លួនអ្នកជាសំឡាញ់ ជាមិត្តរបស់យើង អ្នកមានវិជ្ជាពេទ្យសិក្សាល្អហើយ ចូរធ្វើតាមសំដីរបស់យើង ដោយប្រពៃចុះ កាលយើងកំពុងប្រាថ្នា អ្នកចូរឆ្កៀលនូវភ្នែកទាំងឡាយ (របស់យើង) ហើយដាក់លើដៃរបស់ស្មូមចុះ ។ ព្រះគាថានេះមានអត្ថាធិប្បាយថា ម្នាលសីវិកពេទ្យ អ្នកជាសំឡាញ់ និង ជាមិត្ររបស់យើង អ្នកមានវិជ្ជាពេទ្យដែលសិក្សាមកល្អហើយ ចូរធ្វើតាមរបស់ យើងឲ្យសម្រេចប្រយោជន៍ កាលយើងពិចារណាគឺថាសម្លឹងមើលនោះឯង អ្នកចូរឆ្កៀលនូវភ្នែកទាំងឡាយរបស់យើង ដូចជាសាច់ត្នោត ហើយដាក់ទុកក្នុងដៃ ទាំងឡាយរបស់យាចកនេះចុះ ។ លំដាប់នោះ សីវិកពេទ្យទូលនឹងព្រះរាជាថា ដែលឈ្មោះថាការឲ្យភ្នែកជាទាន ជាកម្មធ្ងន់ សូមព្រះសម្មតិទេព ចូរពិចារណាឲ្យល្អ ។ ព្រះរាជាត្រាស់ថា ម្នាលសីវិកពេទ្យ យើងពិចារណាល្អហើយ លោកកុំធ្វើឲ្យយឺតយូរឡើយ កុំនិយាយច្រើននឹងយើងឡើយ ។ សីវិកពេទ្យគិតថា ការដែលពេទ្យអ្នកមានការសិក្សាល្អដូចយើង នឹងយកសត្រាដាក់ចុះព្រះនេត្ររបស់ព្រះរាជា មិនសមគួរឡើយ ។ ពេទ្យនោះទើបត្រដុសឱសថផ្សេងៗ យកផ្កាឧប្បលខៀវលាយលម្អិត​ឱសថ​ ហើយថ្វាយឲ្យទ្រង់ជូតព្រះនេត្រខាងស្ដាំ ព្រះនេត្រក៏ប្រែប្រួល ទុក្ខវេទនា ក៏កើតឡើង ។ ពេទ្យក្រាបទូលថា បពិត្រមហារាជ សូមព្រះអង្គចូរកំណត់ព្រះទ័យចុះ ការធ្វើព្រះនេត្រឲ្យជាប្រក្រតី ជាភារៈរបស់ខ្ញុំព្រះករុណា ។ ព្រះរាជាត្រាស់ថា ម្នាលពេទ្យ អ្នកចូរកុំធ្វើដំណើរយឺតយូរឡើយ ។ ពេទ្យទើប ផ្សំឱសថបង្អោនចូលទៅថ្វាយ ឲ្យទ្រង់ជូតព្រះនត្រខាងឆ្វេងទៀត ព្រះនេត្រក៏ របេះចាករណ្ដៅភ្នែក ទុក្ខវេទនាដ៏ខ្លាំងរមែងកើតឡើង ។ ពេទ្យក្រាបទូលថា បពិត្រមហារាជ សូមព្រះអង្គកំណត់ព្រះទ័យចុះ ការធ្វើព្រះនេត្រឲ្យជាប្រក្រតី ជាភារៈរបស់ខ្ញុំព្រះករុណា ។ ម្នាលពេទ្យ អ្នកចូរកុំធ្វើដំណើរយឺតយូរឡើយ ។ ក្នុងវារៈទី ៣ ពេទ្យនោះផ្សំឱសថឲ្យខ្លាំងជាងមុន ហើយបង្អោនថ្វាយ ។ ព្រះនេត្រវិលទៅហើយដោយកម្លាំងនៃឱសថ របូតចាកហើយពីរណ្ដៅព្រះនេត្រ ព្យួរសំយុងចុះដោយសរសៃ ។ ពេទ្យនោះទើបក្រាបទូលទៀតថា បពិត្រព្រះអង្គ ជាធំជាជន សូមព្រះអង្គកំណត់ព្រះទ័យពិចារណាចុះ ការធ្វើព្រះនេត្រឲ្យជា ប្រក្រតីជាភារៈរបស់ខ្ញុំព្រះករុណា ។ ព្រះរាជាត្រាស់ថា អ្នកចូរកុំធ្វើដំណើរឲ្យយឺតយូរឡើយ ។ ទុក្ខវេទនាមានប្រមាណដ៏ក្រៃលែង ក៏កើតឡើងលោហិត ហូរចេញព្រះភូសាទទឹកហើយដោយលោហិត ។ នាងស្នំនិងពួកអាមាត្យទាំងឡាយ ក្រាបចុះទៀបព្រះបាទនៃព្រះរាជា នាំគ្នាទួញសោក បរិវេទនាការដ៏ធំថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គកុំឲ្យនូវព្រះនេត្រទាំងឡាយឡើយ ។ ព្រះរាជាទ្រង់អត់សង្កត់នូវទុក្ខវេទនា ត្រាស់ថា ម្នាលពេទ្យ អ្នកកុំធ្វើឲ្យយឺតយូរ ឡើយ ។ ពេទ្យ​នោះពោលថា សាធុ ទេវៈ ប្រពៃហើយ ព្រះអង្គ ហើយទ្រនូវព្រះនេត្រដោយដៃឆ្វេង ចាប់សត្រាកាត់សរសៃដែលតភ្ជាប់នឹងភ្នែកដោយដៃស្ដាំ កាន់យកព្រះនេត្រដាក់ទុកលើព្រះហស្ដរបស់ព្រះមហាសត្វ ។ ព្រះរាជាទតព្រះនេត្រខាងស្ដាំដោយព្រះនេត្រខាងឆ្វេង ទ្រង់អត់​សង្កត់​នូវទុក្ខវេទនា ត្រាស់ហៅព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍ អ្នកចូរមក ហើយត្រាស់ថា ភ្នែក​គឺ​សព្វញ្ញុតញ្ញាណប៉ុណ្ណោះ ជាទីស្រឡាញ់ជាងភ្នែករបស់យើង ដោយរយនៃគុណ ដោយពាន់នៃគុណ ដោយសែននៃគុណ សូមចក្ខុទានរបស់យើងនេះ ចូរជាបច្ច័យ នៃសព្វញ្ញុតញ្ញាណនោះចុះ ហើយបានព្រះរាជទានព្រះនេត្រដល់ព្រាហ្មណ៍ ។ ព្រាហ្មណ៍នោះលើកឡើងនូវព្រះនេត្រនោះ ដាក់ទុកក្នុងភ្នែករបស់ខ្លួន ។ ដោយអានុភាពនៃព្រះបាទសិវិនោះ ភ្នែកនោះក៏បានប្រតិស្ឋានទុក ហាក់ដូចជា ផ្កាឧប្បលខៀវដែលរីកហើយ ។ ព្រះមហាសត្វបានឃើញភ្នែកនោះរបស់ព្រាហ្មណ៍នោះ ដោយព្រះនេត្រខាងឆ្វេង ហើយទ្រង់ព្រះតម្រិះថា ឱ! អក្ខិទាន គឺយើងបានឲ្យហើយដោយល្អ ទ្រង់សោយបីត ដែលជ្រួតជ្រាបទៅខាងក្នុង ព្រះហឫទ័យជានិច្ច ទើបបានព្រះរាជទានព្រះនេត្រឆ្វេងទៀត ។ សក្កទេវរាជ ក៏ប្រតិស្ឋានសូម្បីព្រះនេត្រឆ្វេងនោះក្នុងភ្នែករបស់ព្រះអង្គ ហើយស្ដេចចេញចាកព្រះរាជនិវេសន៍ កាលមហាជនកំពុងក្រឡេកមើលនោះឯង បានចេញចាកព្រះនគរ ទៅកាន់ទេវលោក ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់ ១ គាថាកន្លះថា ចោទិតោ សិវិរាជេន សីវិកោ វចនំករោ រញ្ញោ ចក្ខូនុទ្ធរិត្វា ព្រាហ្មណស្សូបនាមយិ សចក្ខុ ព្រាហ្មណោ អាសិ អន្ធោ រាជា ឧបាវិសិ។ ពេទ្យឈ្មោះសីវិកៈ លុះព្រះរាជាទ្រង់ព្រះនាមសិវិ តឿន (យ៉ាងនេះហើយ) ក៏ធ្វើតាមព្រះបន្ទូល ហើយឆ្កៀលនូវព្រះនេត្រទាំងពីររបស់ព្រះរាជា បង្អោនទៅឲ្យព្រាហ្មណ៍ ចំណែកព្រាហ្មណ៍ក៏ទៅជាបុគ្គលមានភ្នែក ព្រះរាជាទៅជាបុគ្គលខ្វាក់ ។ មិនយូរប៉ុន្មានឡើយ ព្រះនេត្ររបស់ព្រះរាជាក៏ដុះឡើង កាលដុះឡើង មិនបានដល់ភាពជារណ្ដៅ ពេញដោយដុំសាច់ដែលទៅខាងលើ ហាក់បីដូជា ឆ្នុកសំពត់កម្ពល ភ្នែកទាំងឡាយបានមានហើយ ហាក់ដូចជារូបវិចិត្តកម្ម ទុក្ខវេទនា ក៏ដាច់សូន្យទៅ ។ គ្រានោះ ព្រះមហា​សត្វប្រថាប់នៅលើប្រាសាទពីរបីថ្ងៃ ទ្រង់ត្រិះរិះថា ប្រយោជន៍អ្វីដោយរាជសម្បត្តិរបស់មនុស្សខ្វាក់ ព្រោះហេតុនោះ យើងនឹងប្រគល់រាជសម្បត្តិ ដល់អាមាត្យទាំងឡាយ ហើយទៅកាន់ឧទ្យាន បួសហើយ យើងនឹងសមណធម៌ចុះ ដូចនេះហើយ ត្រាស់បង្គាប់ឲ្យអាមាត្យទាំងឡាយចូលគាល់ ត្រាស់ប្រាប់សេចក្ដីនោះ ដល់អាមាត្យទាំងនោះ ហើយបញ្ជាថា កប្បិយការកៈម្នាក់ប៉ុណ្ណោះ សម្រាប់ឲ្យរបស់របរ មានទឹកលុបមុខជាដើម នឹងនៅក្នុងសំណាក់យើង អ្នកទាំងឡាយចូរចងនូវខ្សែទុកក្នុងទីធ្វើ សរីរកិច្ចដល់យើង ហើយត្រាស់ហៅនាយសារថីមកបញ្ជាថា អ្នកចូរទឹមរថ ។ ចំណែកអាមាត្យទាំងឡាយ មិនឲ្យព្រះអង្គទៅដោយរថ នាំព្រះអង្គទៅដោយ សុវណ្ណសីវិកា (គ្រែស្នែងមាស) ហើយឲ្យប្រថាប់នៅជិតច្រាំងនៃស្រះបោក្ខរណី ចាត់ចែងកម្លាំងថែរក្សា ហើយទើបត្រឡប់ទៅ ។ ព្រះរាជាប្រថាប់លើបល្ល័ង្ក ទ្រង់ពិចារណាដល់ទានរបស់ព្រះអង្គ ។ ក្នុងខណៈនោះ អាសនៈរបស់ស្ដេច សក្កៈមានអាការៈក្ដៅ ។ ស្ដេចសក្កៈនោះ ពិចារណាមើលបានឃើញនូវហេតុនោះ ទ្រង់ត្រិះរិះថា យើងនឹងឲ្យពរដល់សិវិមហារាជ ហើយនឹងធ្វើព្រះនេត្រឲ្យប្រក្រតី ដូចនេះហើយ ស្ដេចមកត្រង់ច្រាំងនៃស្រះបោក្ខរណីនោះ ស្ដេចយាងទៅយាងមក ក្នុងទីមិនឆ្ងាយពីព្រះមហាសត្វ ។ ព្រះសាស្ដាកាលទ្រង់ប្រកាសសេចក្ដីនោះ ទើបត្រាស់ថា តតោ សោ កតិបាហស្ស ឧបរូឡ្ហេសុ ចក្ខុសុ សូតំ អាមន្តយី រាជា សិវីនំ រដ្ឋវឌ្ឍនោ។ តអំពីនោះមក ប្រមាណពីរបីថ្ងៃ លុះដល់ព្រះនេត្រទាំងពីរដុះឡើង ព្រះរាជា ជាអ្នកញ៉ាំងដែនឲ្យចម្រើនដល់ពួកជនអ្នកសិវិ ។ យោជេហិ សារថិ យានំ យុត្តញ្ច បដិវេទយ ឧយ្យានភូមិំ គច្ឆាម បោក្ខរញ្ញោ វនានិ ច។ ទ្រង់ត្រាស់បង្គាប់នាយសារថីថា នែនាយសារថី អ្នកចូរទឹមយាន លុះទឹមហើយចូរប្រាប់យើង យើងនឹងទៅកាន់ទីឧទ្យាន ដែលមានស្រះបោក្ខរណីនិងព្រៃព្រឹក្សា ។ សោ ច បោក្ខរណីតីរេ បល្លង្កេន ឧបាវិសិ តស្ស សក្កោ បាតុរហុ ទេវរាជា សុជម្បតិ។ ព្រះបាទសិវិនោះ ទ្រង់បានចូលទៅគង់ពែនភ្នែន ប្របឆ្នេរស្រះបោក្ខរណី ទេវរាជឈ្មោះសក្កៈ ជាសុជម្បតិ ក៏មកដល់ចំពោះព្រះអង្គ ។ ចំណែកសក្កទេវរាជ ដែលព្រះមហាសត្វទ្រង់ស្ដាប់សំឡេងនៃព្រះបាទ ហើយត្រាស់សួរថា អ្នកណាហ្នឹង ? ទើបត្រាស់ព្រះគាថាថា សក្កោហមស្មិ ទេវិន្ទោ អាគតោស្មិ តវន្តិកេ វរំ វរស្សុ រាជីសិ យំ កិញ្ចិ មនសិច្ឆសិ។ ខ្ញុំជាទេវរាជឈ្មោះសក្កៈ ជាធំជាងទេវតា មកក្នុងសំណាក់ព្រះអង្គ បពិត្រសេ្តចឥសី ព្រះអង្គប្រាថ្នាក្នុងព្រះទ័យចំពោះពរណាមួយ សូមត្រេកអរនឹងពរនោះចុះ ។ កាលសក្កទេវរាជត្រាស់យ៉ាងនេះហើយ ព្រះរាជាបានត្រាស់ព្រះគាថាថា បហូតំ មេ ធនំ សក្ក ពលំ កោសោ ចនប្បកោ អន្ធស្ស មេ សតោ ទានិ មរណញ្ញេវ រុច្ចតិ។ បពិត្រសក្កៈ ទ្រព្យនិងពលរបស់ខ្ញុំមានច្រើនហើយ ទាំងឃ្លាំងរបស់ខ្ញុំ មិនមែនមានតិចទេ កាលបើខ្ញុំនៅតែខ្វាក់ ក្នុងកាលឥឡូវនេះ ខ្ញុំពេញចិត្តចំពោះសេចក្តីស្លាប់តែម្យ៉ាង ។ បណ្ដាបទទាំងនោះ បទថា មរណញ្ញេវ រុច្ចតិ សេចក្ដីថា បពិត្រទេវរាជ ឥឡូវនេះ សេចក្ដីស្លាប់តែម្យ៉ាងប៉ុណ្ណោះ ដែលខ្ញុំពេញចិត្តព្រោះភាពជាមនុស្សខ្វាក់ភ្នែក សូមព្រះអង្គចូរឲ្យសេចក្ដីស្លាប់ដល់ខ្ញុំចុះ ។ អានបន្ត
images/articles/2293/Untitled-1-Recovered.jpg
ផ្សាយ : ០៨ កក្តដា ឆ្នាំ២០២៤ (អាន: ៧៨,២១៦ ដង)
រឿង សេះឈ្មោះបណ្ឌវៈ ក្នុងអតីតកាល បានមានព្រះរាជា​ទ្រង់​ព្រះនាម​ថា សាមៈ ក្នុងក្រុងពារាណសី។ ព្រះពោធិសត្វបានជាអមាត្យ​អ្នក​បង្រៀន​អត្ថនិងធម៌​របស់ព្រះរាជាអង្គ​នោះ។ ក៏​ព្រះរាជា​ទ្រង់មានសេះ​មង្គល ឈ្មោះបណ្ឌវៈ។ អ្នកគង្វាល​សេះ​របស់​ព្រះអង្គ​ឈ្មោះ គិរិទត្ត ជាមនុស្សខ្ចក។ សេះឃើញ​អ្នក​គង្វាល​សេះ​នោះ​ចាប់​ខ្សែបង្ហៀរ (ដឹក) នាំមុខ​ហើយ ក៏សម្គាល់​ថា "អ្នកគង្វាល​សេះនេះ
images/articles/1214/Untitled-1-Recovered.jpg
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៤ (អាន: ៤៩,៥៦៣ ដង)
រឿង​តាបស​ដាច់​ឈាន (ចាក មុ. ឯ.) ក្នុង​អតីតកាល ព្រះ​បាទ​​ព្រហ្មទត្ត សោយ​រាជ្យ​ក្នុង​នគរ​ពារាណសី កាល​នោះ​ព្រះ​ពោធិសត្វ សោយ​ព្រះ​ជាតិ​នា​ត្រកូល​ព្រាហ្មណ៍​មហាសាល​ក្នុង​ដែន​កាសី​ កាល​ចំរើន​វ័យ​ហើយ​ បាន​សិក្សា​ដល់​ទី​បំផុត​នៃ​វិជ្ជា​ក្រោយ​មក​លះ​កាម​គុណ​ចេញ​បួស​ជា​តាបស បាន​សម្រេច​ឈាន​នឹង​អភិញ្ញាណ​ស្ថិត​នៅ​ក្នុង​ព្រៃ​ហេមពាន្ត ។
images/articles/509/image.jpeg
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៤ (អាន: ២៧,០៨៧ ដង)
អំពីមលធម៌៨យ៉ាង ដែលមានពុទ្ធភាសិតក្នុងគម្ពីរធម្មបទ ខុទ្ទកនិកាយ ត្រង់មលវគ្គ ដូច​មាន​មាតិការៀបរៀងក្នុងទីនេះគឺ៖ ១. អសជ្ឈាយមលា មន្តា មន្តទាំងឡាយ មានការមិនស្វាធ្យាយជាមិន្ទិល។
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.57
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿