អានអត្ថបទ
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ២៣,៥៥៩ ដង)
សេចក្តីអត់ធន់ ងាយសម្រេចយោជន៍គ្រប់យ៉ាង

|
រឿងទីឃាវុកុមារ
(ចាក ធ. ខុ.) (សេចក្តីអត់ធន់ ងាយសម្រេចយោជន៍គ្រប់យ៉ាង) កាលព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិក្នុងក្រុងពារាណសី ដែនកាសី ព្រះបាទទីឃិតិគ្រងរាជសម្បត្តិក្នុងក្រុងសាវត្ថីដែនកោសល ។ គ្រានោះព្រះបាទព្រហ្មទត្តលើកពលទៅវាយក្រុងសាវត្ថីបាន ។ ព្រះបាទទីឃីតិនាំព្រះអគ្គមហេសីទៅអាស្រ័យនឹងស្មូនឆ្នាំងម្នាក់ក្នុងប្រទេស១ ជាទីបំផុតដែន ។ ចំណេរមកខាងក្រោយ ព្រះអគ្គមហេសីមានព្រះរាជបុត្រ សន្មត់ព្រះនាមថា " ទីឃាវុកុមារ " ។ វេលាមួយ ព្រះបាទព្រហ្មទត្តចាប់ព្រះបាទទីឃីតិបាន ក៏ឲ្យពេជ្ឈឃាតនាំទៅសម្លាប់ គេកំពុងបណ្តើរទៅ ទីឃាវុ មកទាន់ ។ ព្រះបាទទិឃីតិទ្រង់ប្រដៅព្រះរាជបុត្រថា "នែទីឃាវុ! អ្នកកុំឃើញកាលវែងពេក ខ្លីពេក ធម្មតាពៀរមិនដែលរម្ងាប់ដោយពៀរទេពៀរតែងរម្ងាប់ដោយការមិនចង់ពៀរ " ទ្រង់ផ្តាំស្រេច ពេជ្ឈឃាតក៏សម្លាប់ទៅ ។ ថ្ងៃក្រោយ ទីឃាវុត ចូលថ្វាយខ្លួនជាខ្ញុំរាជការយ៉ាងជិតដិតនឹងព្រះបាទព្រហ្មទត្ត ។ សម័យ១ព្រះបាទព្រហ្មទត្តទ្រង់ស្តេចយាងទៅប្រពាតព្រៃ ឲ្យទីឃាវុធ្វើជានាយសារថីបររាជរថ ។ ទីឃាវុបានឳកាស ក៏ប្រឹងបររាជរថបង្ហួសទៅមុនពួកពលសេនាដោយប្រាថ្នានឹងសម្លាប់ព្រះបាទព្រហ្មទត្តនោះ ។ វេលានោះព្រះបាទព្រហ្មទត្តទ្រង់ផ្ទំលើភ្លៅទីឃាវុ ដោយសេចក្តីនឿយព្រួយព្រះកាយពល កំពុងតែផ្ទំស្កប់ ទីឃាវុចាប់ព្រះខ័នលើកឡើងប្រាថ្នានឹងសម្លាប់ តែនឹកភ្នក់ដល់បណ្តាំព្រះបិតាក៏ឈប់ទៅវិញ គ្រាន់តែស្រែកសន្ធាប់ឲ្យព្រះបាទព្រហ្មទត្តជ្រាបថាជាបុត្រព្រះបាទទីខីតិប៉ុណ្ណោះ ។ គ្រានោះក្សត្រទាំង២ព្រះអង្គទ្រង់បានឲ្យជីវិតដល់គ្នានឹងគ្នា ហើយទ្រង់ស្តេចត្រឡប់ទៅព្រះនគរ ។ ព្រះបាទព្រហ្មទត្តបង្វែរក្រុងសាវត្ថីប្រទានមកទីឃាវវិញព្រមទាំងប្រទានរាជធីតាឲ្យជាអគ្គមហេសី ។ លុះតមកខាងក្រោយ ព្រះបាទទីឃាវបានគ្រងរាជ្យជាធំក្នុងដែនទាំង២ គឺដែនកាសី និងដែនកោសល។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |