អានអត្ថបទ
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ៣០,១៥៤ ដង)
រឿងនន្ទយក្ខ

|
រឿងនន្ទយក្ខ
( ចាក ម. អ. ) ( គុណនៃសមាបត្តិ ពូកែផុតក្នុងលោក ) ក្នុងកាលខ្លះ ព្រះអគ្គសាវកទាំងពីរអង្គសម្រាកសម្រាន្តព្រះឥរិយាបថ ក្នុងបោតកន្ទវិហារក៏មាន ។ នាកាលរាត្រីខាងខ្នើតព្រះចន្ទបានបញ្ចាំងរស្មីភ្លឺត្រចះឆើតឆាយជាទីនាំចិត្តរបស់សត្វទាំងឡាយឲ្យរីករាយ សប្បាយទូទៅគ្រប់ភូមិស្រុកទាំងអស់ ។
ឯព្រះសាវកទាំងពីរអង្គនោះ ព្រះសារីបុត្តដ៏មានអាយុជាព្រះធម្ម សេនាបតី ទើបនឹងកោរព្រះកេសា ( សក់ ) ថ្មី គង់ចូលសមាបត្តិជាសប្បាយក្នុងឪរាវាលស្រឡះ ។ លំដាប់នោះ នន្ទយក្ខព្រមនឹងយក្ខមួយទៀត ហោះហើរលើអាកាស បានឃើញព្រះថេរគង់ចូលសមាបត្តិក្នុងទីវាលដូច្នោះ ក៏បណ្តាលចិត្តសាហាវឃោរឃៅ អាក្រក់ក្រៃឲ្យកើតឡើង ។ ប៉ុន្តែតាមដំណឹងមកថា យក្ខនោះមានគំនុំគំគួននឹងព្រះថេរក្នុងជាតិដែលមានក្នុងកាលមុន ។ នន្ទយក្ខមានចិត្តអាក្រក់កើតឡើងហើយ ចង់វាយព្រះសីសៈព្រះថេរណាស់ ហើយនិយាយប្រាប់យក្សមួយទៀតថា សំឡាញ់អញចង់វាយក្បាលលោកនោះណាស់ ។ នែ! សំឡាញ់កុំ លោកហ្នឹងមានអំណាចណាស់វាយមួយផូងនៅដដែល ។ នន្ទយក្ខមិនអើពើនឹងសំដីឃាត់សោះ ទើបបណ្តាលឲ្យសេចក្តីឧស្សាហ៍ឲ្យកើតឡើង ហើយឈរជ្រែងលើអាកាសសំពងព្រះសីសៈព្រះថេរលាន់ឮផូង ខ្លាំងអស្ចារ្យហួសការប្រហារធម្មតា ។ ការប្រហារនោះ អាចពន្លិតចុះនូវនាគមានពូជ ៧ ឬ ៧កន្លះ ពុំនោះសោត កំពូលភ្នំដ៏ធំក៏ស្រុតចុះចូលទៅក្នុងផែនដីបានដែរ ។ ប៉ុន្តែគ្រោះល្អបានកម្លាំងសមាបត្តិជួយគាំទ្រ ព្រះសីសៈរបស់លោកពុំមានស្លាកស្នាមអ្វីឡើយ ជួនជាពេលដែលយក្ខប្រហារនោះទៀត លោកមិនទាន់ចេញពីសមាបត្តិ ។ ព្រះមហាមោគ្គល្លានមានឫទ្ធិច្រើន បានឃើញយក្ខនោះប្រហារព្រះសារីបុត្រដោយទិព្វចក្ខុ ហើយចូលទៅរកលោក ។ ព្រះមហាមោគ្គល្លានសួរថា ហៃអាវុសោសារីបុត្តលោកឈឺដែរឬទេ ? ទេ អាវុសោមោគ្គល្លាន សរីរយន្តរបស់ខ្ញុំល្មមទ្រាំបាន ល្មមឲ្យប្រព្រឹត្តទៅបានតែឈឺបន្តិចដែរ ។ គួរតែឆ្ងល់ខានពុំបាន បើសីសៈបានកម្លាំងសមាបត្តិជួយឧបត្ថម្ភហើយ ម្តេចឡើយបានជាមានសេចក្តីឈឺចាប់បន្តិចបន្តួចក្នុង ព្រះសីសៈព្រះថេរដែរ ? បានជាឈឺចាប់ព្រោះលោកប្រញាប់ចេញមកពីសមាបត្តិពេក ព្រោះថាសេចក្តីទុក្ខរមែងមិនប្រាកដខាងក្នុងសមាបត្តិទេ ដូចជាបុគ្គលដេកលក់ហើយសត្វទាំងឡាយមានមូសជាដើមខាំ លុះភ្ញាក់ឡើងលែងអ្វីនឹងមានសេចក្តីឈឺ ។ ឯនន្ទយក្សគ្រាន់តែវាយព្រះថេរហើយភ្លាម ក៏មានសេចក្តីក្តៅអន្ទះអន្ទែងដ៏ខ្លាំងក្លាកើតឡើងក្នុងសីសៈ ទើបស្រែកថា អញនេះហើយ អញឆេះហើយ ហើយធ្លាក់ដាំដូងមកពីអាកាសផែនដី ស្រាប់តែអណ្តែតភ្លើងអវិចីស្រោបពេញអត្តភាព ហើយអូសទំលាក់ទៅក្នុងនរកទាំងស្រស់ ។ គួរឆ្ងល់ម្តងទៀតហើយ ហេតុអ្វីបានជាភ្លើងអវិចីរុញគ្នាទៅនរកទាំងអត្តភាពជាយក្ខដូច្នេះ ម្តេចមិនចាំស្លាប់សិន ឆ្លើយថាបាបកម្ម ជាទិដ្ឋធម្មវេទនីយ ( សត្វសូម្បីសោយក្នុងបច្នុប្បន្ន ) ណាមានយក្ខ ត្រូវសោយនូវមហាទុក្ខទាំងអត្តភាពជាយក្សដោយកម្លាំងនៃបាបកម្ម ជាទិដ្ឋធម្មវេទនីយនោះ មិនចាំបាច់ដល់ស្លាប់ឡើយ អាចសោយទាំងរស់បានដោយឥតញញើត ។ ឯនន្ទយក្សនោះក៏ចូលទៅកើតក្នុងអនន្តរិយកម្ម ដែលត្រូវរងក្នុងភពជាលំដាប់តទៅ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ អត្តបទនេះវាយបញ្ចូលដោយ កញ្ញា ហេង សំដាណែត ។ ដោយ៥០០០ឆ្នាំ |