អានអត្ថបទ
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១២,៦៥០ ដង)
រឿងប្រេតញីស៊ីកូនម្តង៥

|
រឿងប្រេតញីស៊ីកូនម្តង៥
(បេ. ខុ.) (ការស្បថទាំងបំពាន មានផលដូចសម្បថ) កាលអង្គសម្តេចព្រះបរមសាស្តា ទ្រង់គង់សម្រេចសម្រាន្តព្រះឥរីយាបថក្នុងក្រុងសាវត្ថី មានប្រេតញីមួយរូបស៊ីកូនឯងម្តង៥ ។ កាលពីអតីតជាតិ ប្រេតញីនោះជាស្រ្តីមួយរូបដែលត្រូវជាភរិយាកុដុម្ពីម្នាក់ក្នុងក្រុងសាវត្ថីនោះដែរ តែនាងជាស្រ្តីអាឥតកូនម្នាក់សោះ ។ ថ្ងៃមួយពួកញាតិទាំងឡាយនិយាយទៅកាន់កុដុម្ពីនោះថា ភរិយារបស់អ្នកឯងជាស្រ្តីអាឥតកូនមួយសោះ ចូរឯងរកភរិយាដទៃមកក្រែងមានកូន នឹងបានតពូជពង្សវង្សត្រកូលទៅទៀត ។ ឯភរិយាក៏និយាយទៅកាន់កុដុម្ពីនោះដែរថាខ្ញុំជាស្រ្តីអាគ្មានកូនទេ ពង្សវង្សត្រកូលមុខជានឹងត្រូវរលត់ផុតត្រឹមនេះហើយ ដើម្បីបន្តពូជរបស់អ្នកឯងឲ្យបានវែងឆ្ងាយ ចូរអ្នករកភរិយាមួយមកទៀតចុះ ។ កុដុម្ពីដោយឃើញថាភរិយារបស់ខ្លួនយល់ព្រមឲ្យយកប្រពន្ធមួយទៀត ក៏ទៅស្តីដណ្តឹងនាងកុមារិកាម្នាក់មកជាភរិយា ។ ភរិយាក្រោយនេះនៅរួមជាមួយកុដុម្ពីមិនយូរប៉ុន្មាន គភ៌ក៏កើតប្រាកដឡើង ។ ឯស្រ្តីអាបានឃើញនាងកុមារិកានោះមានគភ៌ដូច្នោះបែរជាគិតថា" នាងនេះមានកូន អំណេះទៅនឹងត្រូវបានជាមេផ្ទះធំត្រួតលើអញពុំខាន ធម្មតាមនុស្សដែលនៅក្រោមអំណាចអ្នកដទៃ ពុំដែលសប្បាយចិត្តក្នុងកាលណាម្តងឡើយ បើដូច្នេះគួរអញធ្វើឧបាយណាមួយ ដើម្បីពន្លូតគភ៌នាងនេះចេញ " ។ គិតហើយនាងក៏បានជួលបរិព្វាជកម្នាក់ដែលប៉ិនប្រសប់ខាងផ្សំថ្នាំសម្រាប់ពន្លូតគភ៌ ។ លុះបរិព្វាជកផ្សំថ្នាំរួចយកមកឲ្យនាងបានទាំងផ្តាំថា " ចូរនាងយកថ្នាំនេះដាក់លាយនឹងបាយឲ្យស៊ី គភ៌នឹងរលូតធ្លាក់ហើយ " ស្រ្តីនោះធ្វើតាមបណ្តាំបរិព្វាជកក៏បានសម្រេចដូចបំណងមែន ។ កាលដែលគភ៌ធ្លាក់ផុតទៅ នាងកុមារិកានោះ ក៏និយាយរឿងរ៉ាវប្រាប់ដល់ស្វាមី ម្តាយ និងញាតិទាំងអស់របស់ខ្លួន អំពីគំនិតអាឃដព្យាបាទរបស់ស្ត្រីអានោះ ឯពួកញាតិបានស្តីបន្ទោសស្រីអានោះជាច្រើន តែស្រីអានោះជជែកពុំព្រមទទួលសារភាពថាខ្លួនបានធ្វើអំពើអាក្រក់ដូច្នោះឡើយ ហ៊ានស្បថទាំងបំពានថា បើនាងបានធ្វើអំពើអាក្រក់ដូច្នោះមែន សូមឲ្យធ្លាក់រងទុក្ខវេទនាក្នុងនរក រួចពីនោះមកកើតជាប្រេតស៊ីតែកូនឯង សូមឲ្យអត់បាយក្រហាយទឹក ឲ្យមានខ្លួនធំក្លិនស្អុយរុយរោមជានិច្ច ។ ដោយអំណាចបាបកម្ម ដ៏គួរឲ្យខ្ពើមរអើមនេះ លុះរំលាយកាយទៅ ស្រ្តីនោះក៏ធ្លាក់ទៅសោយទុក្ខក្នុងនរក រួចបានត្រឡប់ពីនរកមកកើតជាប្រេតញីអាស្រ័យនៅក្បែរភូមិនោះ ។ កាលនោះមានព្រះថេរះ៨អង្គគង់ចាំវស្សាក្នុងជនបទមួយលុះចេញវស្សាក៏និមន្តចូលទៅក្រុងសាវត្ថីដើម្បីនមស្សការព្រះបរមគ្រូ បានចេញពីផ្លូវចូលទៅសំណាក់អាស្រ័យក្នុងព្រៃរបោះមួយកន្លែង ដ៏ប្រកបដោយម្លប់សែនត្រជាក់មានទឹកថ្លាឆ្វង់មើលយល់ដី ។ ឯប្រេតញីនោះបានសំដែងកាយឲ្យព្រះថេរះទាំងឡាយនោះឃើញ ទើបព្រះសង្ឃត្ថេរះ៧អង្គទៀតបានឃើញហើយសូត្រជាបទគាថាថា " នាងគ្មានសំពត់ស្លៀក មានខ្លួនអាក្រក់ មានក្លិនស្អុយ អសោច មានរុយរោមពេញទាំងខ្លួន មកនៅអាស្រ័យក្នុងព្រៃនេះ ព្រោះធ្វើកម្មដូចម្តេច? នាងប្រេតនោះ តបនឹងថេរះដីការបស់ព្រះសង្ឃត្ថេរ អំពីអំពើអាក្រក់លាមក ដែលខ្លួនបានធ្វើ ដោយបញ្ជាក់ថា ខ្ញុំធ្លាក់ទៅសោយទុក្ខក្នុងនរក រួចបានមកកើតជាប្រេតក្នុងទីនេះ ក្នុងវេលាព្រឹកខ្ញុំរលូតកូន៥មកហើយខ្ញុំស៊ីអស់ទៅ វេលារសៀលរលូត៥ទៀត ស៊ីអស់ទៀតទៅ ទុកជាខ្ញុំស៊ីដូច្នេះ ក៏នៅតែពុំអាចចំអែតផ្ទៃខ្ញុំម្ចាស់បាន ក្នុងចិត្តខ្ញុំម្ចាស់វិញ មានសេចក្តីស្រេកឃ្លាន ក្តៅក្រហល់ក្រហាយ ពុំដែលបានអាហារ ដ៏មានរសជាតិទទួលទានម្តងណាឡើយ ដូចព្រះអង្គបានជ្រាបស្រាប់ហើយ ខ្លួនខ្ញុំធំក្លិនអសោចិ មានរុយរោមពេញទាំងខ្លួន ។ ព្រះថេរះដណ្តឹងសួរទៀតថានាងធ្វើកម្មដូចម្តេច បានជាត្រូវត្រឡប់ស៊ីកូនឯងវិញ ? នាងប្រេតទូលតបថា បពិត្រព្រះករុណាម្ចាស់ ! កាលបីអតីតជាតិ ខ្ញុំម្ចាស់នេះជាស្រ្តីអារួមស្វាមីជាមួយនាងកុមារិកាម្នាក់ជាប្រពន្ធចុង ក្រោយមកនាងកុមារិកាមានគភ៌ ខ្ញុំម្ចាស់មានចិត្តឬស្យាច្រណែនឈ្នានីសព្យាយាមធ្វើឲ្យគភ៌របស់នាងនោះរលូតត្រាតែសម្រេចដូចបំណង ។ ឯមាតាស្វាមី ព្រមទាំងញាតិបានស្តីជេរបន្ទោសខ្ញុំម្ចាស់បានធ្វើឲ្យគភ៌នាងរលូតមែន សូមឲ្យខ្ញុំស៊ីតែកូនឯងក្នុងមួយថ្ងៃដប់កុំឲ្យសល់ខាន ឲ្យរុយរោមពេញទាំងខ្លួន មានក្លិនស្អុយអសោចិអស់កាលជានិច្ច ។ រីអំណោយផលនៃអំពីមុសាវាទ និងសម្បថទាំងបំពាបំពាននោះ បានធ្វើឲ្យខ្ញុំម្ចាស់ទៅសោយទុក្ខក្នុងនរក រួចពីនរកមក ទើបបានជាប្រេតនេះ ដូចព្រះអង្គបានឃើញនេះឯង ។ ទូលពុទ្ធដិកាព្រះសង្ឃត្ថេររួចហើយ បានផ្តាំថា សូមព្រះករុណាមេត្តានិមន្តទៅប្រាប់កុដុម្ពីនោះឲ្យថ្វាយទានដល់ព្រះករុណាម្ចាស់ផង ហើយសូមឲ្យឧទ្ទិសផ្សាយកុសលផលបុណ្យមកចែកខ្ញុំម្ចាស់ទទួលទានផង ដើម្បីឲ្យឆាប់បានរំដោះអំពីប្រេវិស័យនេះ ។ ព្រះមហាថេរទាំងឡាយ ទ្រង់មានព្រះទ័យប្រកបដោយមេត្តាក៏បាននិមន្តទៅផ្ទះកុដុម្ពីនោះ អធិប្បាយរៀបរាប់អំពីបណ្តាំរបស់ប្រេតញីកុដុម្ពី ក៏បានចាត់ចែងថ្វាយទានឧទ្ទិសផលដល់ប្រេតញីនោះ ដោយសទ្ធាជ្រះថ្លាដ៏ក្រៃលែង ត្រាតែនាងប្រេតនោះបានរំដោះចាកទុក្ខ បានសោយសុខសម្បត្តិដ៏សែនមនោរម្យ ។ ឯនាងប្រេត ក៏សំដែងកាយឲ្យកុដុម្ពីនោះឃើញច្បាស់ក្នុងខណះនោះឯង ។ ព្រះមហាថេរះទាំងឡាយនាំយករឿងរ៉ាវនេះ ទៅក្រាបទូលព្រះបរមសាស្តា ព្រះអង្គទ្រង់សំដែងបញ្ចាក់អំពីកម្មដ៏អកុសលនោះ លុះចប់មហាជនក៏បានសម្រេចនូវអរិយធម៌គ្រប់ៗគ្នា ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |